Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ពិធីប្រពៃណីចូលឆ្នាំចិនបានកន្លងផុតទៅ អត្ថបទប្រចាំសប្តាហ៍នៅតែបន្ដរៀបរៀងជូនប្រិយមិត្តជានិច្ចចង់ដឹងទេថា អត្ថបទទាំងនោះមានអ្វីខ្លះនោះ? តោះ!ចូលអានទាំងអស់គ្នា...   ជំងឺស្ទះសរសៃឈាមសួតអាចត្រូវព្យាបាលមួយជីវិតឬទេ? លោកវេជ្ជបណ្ឌិត  ពិត សារដ្ឋ ឯកទេសផ្នែកជំងឺបេះដូង និងសរសៃឈាមបម្រើការនៅមជ្ឈមណ្ឌលបេះដូងមន្ទីរពេទ្យកាល់ម៉ែត បានមានប្រសាសន៍ថា  «ជំងឺស្ទះសរសៃឈាមសួតគឺជាជំងឺដែលកើតឡើងដោយការស្ទះនៃផ្នែកណាមួយ ឬមែកធាងណាមួយរបស់សរសៃឈាមសួតដែលជាសរសៃឈាមមានមុខងារសម្រាប់នាំឈាមខ្មៅចេញពីថតបេះដូងខាងស្ដាំចូលទៅក្នុងសួត ដើម្បីធ្វើបណ្ដូរឧស្ម័ន…»  តើស្ថានភាពសេវាកម្មសុខាភិបាលនៅកម្ពុជាដើរដល់កម្រិតណាហើយ? សេវាកម្មសុខាភិបាលនៅកម្ពុជា ត្រូវបានប្រជាជនកម្ពុជាជាច្រើនមើលរំលង ពោលគឺអ្នកមធ្យមទៅស្វែងរកការព្យាបាលនៅប្រទេសវៀតណាម ឬប្រទេសថៃ រីឯអ្នកមានជីវភាពធូរធារព្យាបាលនៅសិង្ហបុរី និងប្រទេសជាច្រើនផ្សេងៗទៀត ដោយភាគច្រើនគិតថាសេវាកម្មសុខាភិបាលនៅប្រទេសកម្ពុជានៅមានកម្រិត ទាំងសមត្ថភាពវេជ្ជបណ្ឌិត ទាំងបច្ចេកវិទ្យា ទាំងសេវាកម្ម។ យើងតែងតែលឺការរអ៊ូរទាំនេះនោះទាក់ទងនឹងសេវាកម្មមួយនេះ សំណួរសួរថា «តើស្ថានភាពសេវាកម្មសុខាភិបាលនៅកម្ពុជាដើរដល់កម្រិតណាហើយ? ការអះអាងខាងលើ មានភាពពិតជាក់ស្តែងប៉ុណ្ណាដែរ?»   របបអាហារមិនល្អអាចជាដើមចមនៃជំងឺ METABOLIC SYNDROME «Metabolic Syndrome ជាបណ្តុំនៃរោគសញ្ញាដូចជា លើសទម្ងន់ (ធាត់នៅក្បាលពោះ៖ Abdominal obesity) បូករួមជាមួយលើសសម្ពាធឈាម មានការកើនឡើងកូឡេស្តេរ៉ុល៖ Dyslipidemia (កើនឡើងជាតិទ្រីគ្លីសេរីត ឬការថយចុះ HDL) និងកើនឡើងកម្រិតជាតិស្ករក្នុងឈាម (Impaired glucose tolerance)» នេះបើយោងតាមប្រសាសន៍របស់ វេជ្ជបណ្ឌិត លីវ ឈិញ ឯកទេសជំងឺបេះដូងនៅមជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាអគ្គលេខាធិការនៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា។ លោកក៏បានបញ្ជាក់ផងដែរថា ប្រសិនបុគ្គលម្នាក់ស្តែងចេញជាការលើសទម្ងន់ រួមជាមួយនឹងសញ្ញាមួយទៀតអាចជាលើសសម្ពាធឈាម ឬលើសជាតិស្ករ ខ្លាញ់ នោះគេអាចសន្មតថារាងកាយកំពុងតែប្រឈមទៅនឹងជំងឺ Metabolic Syndrome... ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការពិនិត្យរកសញ្ញាដំបូងនៃជំងឺការស្វែងរកការពិនិត្យជំងឺជាប្រចាំមានសារសំខាន់អាចជួយការពារខ្លួនអ្នកពីជំងឺមហារីកពោះវៀនធំដោយគេអាចធ្វើការកាត់ចេញនូវដុំដែលអាចបង្កជាមហារីក (Precancerous polyps) បានឆាប់រហ័ស នៅពេលឱកាសនៃការជាសះស្បើយនៃជំងឺស្ថិតក្នុងកម្រិតទាប។ វិធីសាស្រ្តក្នុងការពិនិត្យ ការពិនិត្យរកវត្តមានជំងឺមហារីកពោះវៀនធំរួមបញ្ចូលវិធីសាស្រ្តដូចជា ការពិនិត្យលាមក (FecalOccult Blood Test: FOBT) និងការថតឆ្លុះ ពោះវៀនធំ (Colonoscopy)៖ •ចំពោះ FOBT៖ ត្រូវបានធ្វើឡើងដោយវេជ្ជបណ្ឌិតដើម្បីពិនិត្យរកមើលដានឈាមក្នុងលាមករបស់អ្នកជំងឺ ដោយសារដុំមហារីកពោះវៀនធំអាចបញ្ចេញនូវឈាម ដែលមិនអាចមើល នឹងភ្នែកទទេបាន។ វិធីសាស្រ្តនេះមិនអាចអនុវត្ត បានទេ អំឡុងពេលមករដូវ មានជំងឺរាក និងជំងឺរលាកពោះវៀនធំ។  •ចំពោះការឆ្លុះពោះវៀនធំ (Colonoscopy)៖ ធ្វើឡើងដោយការស៊កបំពង់ថ្លាដែលមានភ្ជាប់ជាមួយកាមេរ៉ា ចូលទៅក្នុងចុងពោះវៀនធំ ទៅកាន់ពោះវៀនធំ។  វិធីសាស្រ្តនេះអាចអនុញ្ញាតឲ្យវេជ្ជបណ្ឌិតពិនិត្យផ្នែកខាងក្នុងនៃពោះវៀនធំ ​និងចុងពោះវៀនធំ ដើម្បីកំណត់រក និងអាចធ្វើការ កាត់ចេញនូវ Polyps ឬដុំមហារីកសម្រាប់ការ ពិនិត្យជាបន្ត។ បន្ថែមពីវិធីសាស្រ្តទាំងពីរខាងលើ ការពិនិត្យក៏អាច​ធ្វើទៅបានតាមរយៈ៖ 1.Double-contrast barium enema (ការ​- ពិនិត្យ​ពោះវៀនធំដោយ X-ray) 2.Flexible sigmoidoscopy (ការពិនិត្យ ដោយការឆ្លុះបែប endoscopic) 3.Computerized tomography (CT) colonography  ការពិនិត្យគួរធ្វើឡើងនៅពេលណា? •នៅប្រទេសអឺរ៉ុប៖ ការពិនិត្យរកមើលជំងឺ មហារីកពោះវៀនធំត្រូវបានណែនាំចំពោះបុរស និងស្រ្តី ចាប់ពីអាយុ ៥០ ឬច្រើនជាងនេះ ដែលអាច ធ្វើឡើងរយៈពេលចន្លោះពី ១ ទៅ២ឆ្នាំម្តង រហូតដល់អាយុ ៧៤ឆ្នាំ។ ការពិនិត្យបែប FOBT និងការ ឆ្លុះពោះវៀនធំ (Colonoscopy) នឹងត្រូវធ្វើឡើងចំពោះអ្នកជំងឺដែលមានលទ្ធផល FOBT វិជ្ជមាន។ •នៅប្រទេសសិង្ហបុរី ជំងឺមហារីកពោះវៀន ធំកើតមានឡើងស្ថិតក្នុងលំដាប់ទី ១ក្នុងចំណោមជំងឺមហារីកទាំងអស់ ដូច្នេះបុគ្គលដែលមានអាយុ ចាប់ពី ៥០ ឆ្នាំឡើងទៅត្រូវបានណែនាំឲ្យធ្វើការពិនិត្យដោយវិធីសាស្រ្ត៖ FOBT ក្នុងមួយឆ្នាំម្តង វិធីសាស្រ្ត Flexible sigmoidoscopy ធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង ការថតឆ្លុះ (Colonoscopy) រៀងរាល់ ១០ឆ្នាំម្តង និងវិធីសាស្រ្ត Double-contrast barium enema ធ្វើឡើងរៀងរាល់ ៥ ទៅ ១០ឆ្នាំម្តង។ •ការពិនិត្យរកសញ្ញាដំបូងនៃជំងឺឲ្យបានទាន់ពេលវេលា និងជាប្រចាំគួរធ្វើឡើងចំពោះបុគ្គលដែលប្រឈមទៅនឹងកត្តាហានិភ័យដូចជា៖ 1. អ្នកមានប្រវត្តិជំងឺមហារីកពោះវៀនធំ ឬមានដុំPolyps 2. មានប្រវត្តិសមាជិកគ្រួសារដែលមានជំងឺមហារីកពោះវៀនធំ ឬមានដុំ Polyps (ជំងឺកើតឡើង លើគ្រួសារជំនាន់ទី ១ នៅអាយុតិចជាង ៦០ឆ្នាំ ឬសមាជិកគ្រួសារជំនាន់ទី ២ នៅគ្រប់វ័យ)។ គួរបញ្ជាក់ផងដែរ សមាជិកគ្រួសារជំនាន់ទី ១ រួមបញ្ចូល ឪពុកម្តាយ បងប្អូនបង្កើត ឬកូន 3. សមាជិកគ្រួសារមានប្រវត្តិជំងឺរលាកប្រព័ន្ធ រំលាយអាហារ (Inflammatory Bowel Disease) 4. អ្នកមានតំណពូជគ្រួសារដែលមានរោគសញ្ញានៃជំងឺមហារីកពោះវៀនធំ។ ការការពារជំងឺមហារីកពោះវៀនធំ ជំងឺមហារីកពោះវៀនធំអាចការពារបាន ដរាបណាការការពារត្រូវបានធ្វើឡើងឆាប់រហ័ស ដែលជាវិធីសាស្រ្តជួយបន្ថយនូវឱកាសនៃការកើតមានឡើង នៃជំងឺមហារីក។ តាមរយៈវិធីសាស្រ្តការពារជំងឺមហារីក នោះតួលេខករណីជំងឺមហារីកលើប្រជាជននឹងមានការថយចុះដែលនាំឲ្យអត្រាមរណៈបណ្តាលមកពីជំងឺមហារីកក៏ត្រូវបានថយចុះផងដែរ។ ការការពារជំងឺមានអ្វីខ្លះ? 1. ធ្វើការពិនិត្យរកវត្តមានដំបូងនៃជំងឺមហារីកពោះវៀនធំ (តាមការរៀបរាប់ខាងលើ) 2. ការធ្វើពលកម្មរាងកាយ ត្រូវបានណែនាំយ៉ាងផុសផុលសម្រាប់ការពារជំងឺមហារីកពោះវៀនធំដែលរួមមាន៖ ការធ្វើលំហាត់ប្រាណជាប្រចាំអាចកាត់បន្ថយបាន ២០% ពីការប្រឈមនៃជំងឺ​​  3. រក្សាស្ថេរភាពទម្ងន់រាងកាយ ហើយចៀសវាងការលើសទម្ងន់ 4. ទទួលទានរបបអាហារសុខភាព​  •អនុវត្តរបបអាហារមានជាតិធាត់ទាប ​ និងមានជាតិសរសៃខ្ពស់ •ទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន •ចៀសវាងអាហារប្រភេទ Fast Food សាច់ធ្វើឲ្យធាត់ សាច់ក្រហម និងសាច់ដែលបានកែច្នៃ •កាត់បន្ថយការប្រើប្រាស់ស៊ុត និងប្រេងក្នុងការចម្អិនអាហារ •ជំនួសការចៀនអាហារ ដោយចំហុយ 5. ហាមជក់បារី 6. ចៀសវាងទទួលទានកម្រិតអាល់កុលលើស។ សព្វថ្ងៃជំងឺមហារីកពោះវៀនធំពុំមានវ៉ាក់ស៊ាំងការពារនោះទេ ដូច្នេះអ្នកគួរធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិតពីវិធីសាស្រ្តក្នុងការពិនិត្យរកមើលសញ្ញាដំបូងនៃជំងឺទៅតាមស្ថានភាពអាយុ និងប្រវត្តិរបស់សមាជិកគ្រួសារ។ មួយផ្នែកទៀត ការប្រកាន់ខ្ជាប់នូវការរស់នៅល្អ ក៏ជាវិធីសាស្រ្តមួយដែលអាចឲ្យអ្នកធ្វើការប្រយុទ្ធប្រឆាំងទៅនឹងជំងឺមហារីកពោះវៀនធំផងដែរ។ បកស្រាយដោយ ៖​ វេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក ចំពោះកូនក្មេង និងមហារីកទូទៅដែលសព្វថ្ងៃជាប្រធានផ្នែក​មហារីកនៅ​មន្ទីរពេទ្យសាកលវិទ្យាល័យអន្តរ​ជាតិសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការស្រាវជ្រាវថ្មីៗបានបង្ហាញថាការប្រើប្រាស់ក្នុងកម្រិតខ្ពស់នូវវីតាមីន B6 និង B12 មានទំនាក់ទំនងជាមួយនឹងការកើនឡើងនៃមហារីកសួតចំពោះបុរសជក់បារី។  “ការប្រឈមត្រូវបានបញ្ជាក់ថាមានការកើនឡើងចំពោះបុរសដែលប្រើប្រាស់ច្រើនជាង ២០ មីលីក្រាមនៃ B6 និង ៥៥ មីក្រូក្រាមនៃ B12 ក្នុងមួយថ្ងៃ អស់រយៈពេល១០ឆ្នាំ។ បុរសដែលជក់បារី និងប្រើប្រាស់វីតាមីន B6 និង B12 តែឯង (មិនមែនប្រភេទវីតាមីនចម្រុះ ឬរបបអាហារ) ក្នុងកម្រិតដែលលើសនេះ អាចវិវឌ្ឍជាមហារីកសួតដល់ទៅ ៣០ ទៅ ៤០% បើធៀបនឹងអ្នកមិនប្រើប្រាស់។ ដោយឡែក ពុំមានការរកឃើញនូវកត្តាប្រឈមកើតចំពោះស្រ្តីឡើយ” នេះបើតាមការរាយការណ៍ពី  The Ohio State University Comprehensive Cancer Center, Fred Hutchinson Cancer Research Center និងNational Taiwan University ចុះនៅថ្ងៃទី ២២ខែសីហា ឆ្នាំ ២០១៧ កន្លងទៅនេះ តាមរយៈ Journal of Clinical Oncology ។ ការសិក្សានេះត្រូវបានធ្វើឡើងលើបុរសអាយុពី ៥០ ទៅ៧៦ឆ្នាំ លើសពី ៤៤,០០០នាក់ ដែលបានប្រើប្រាស់វីតាមីន B ក្នុងកម្រិតខ្ពស់ និងជក់បារីតាំងពី ១០ឆ្នាំមុន។គួរបញ្ជាក់ម្តងទៀតថា ការកើនឡើងនៃការប្រឈមនេះត្រូវបានបកស្រាយថា អាចកើតមានតែចំពោះបុរសដែលមានប្រវត្តិជក់បារី និងប្រើប្រាស់វីតាមីនB សុទ្ធក្នុងកម្រិតខ្ពស់ជាងកម្រិតអនុញ្ញាតដែលណែនាំឲ្យប្រើប្រាស់របស់សហរដ្ឋអាមេរិក (the U.S. Recommended Dietary Allowance) ជាច្រើនដងក្នុងរយៈពេលយូរឆ្នាំតែប៉ុណ្ណោះ។ ការពិត ការស្រាវជ្រាវក៏បានរកឃើញផងដែរថា បុរសដែលបញ្ឈប់ការជក់បារីបានយ៉ាងតិច ១០ឆ្នាំ ហើយនៅមានការប្រើប្រាស់វីតាមីន B ក្នុងកម្រិតខ្ពស់ ពុំមានការប្រឈមខ្ពស់ទៅនឹងមហារីកសួតឡើយ ឬអាចនិយាយបានថា អត្រាប្រឈមរបស់ពួកគេគឺមានប្រហែលនឹងបុរសដែលមិនធ្លាប់ជក់បារីតែម្តង។  ទោះយ៉ាងណាក៏ដោយ មានភាពខ្វែងគ្នាមួយចំនួនទាក់ទងនឹងលទ្ធផលនៃការស្រាវជ្រាវ ដោយក្នុងនោះការសិក្សាមួយចំនួនទៀតបែរជាបានបង្ហាញថាវីតាមីន B6 អាចកាត់បន្ថយការប្រឈមនឹងមហារីកសួត ស្របពេលការសិក្សាខ្លះទៀតបានបង្ហាញថា ពុំមានទំនាក់ទំនងណាមួយត្រូវបានរកឃើញរវាង B12 ជាមួយកត្តាប្រឈមនឹងមហារីកឡើយ។ ម្យ៉ាងទៀត មានប្រភពពីគ្រូពេទ្យបានបញ្ជាក់ផងដែរថា ការទទួលទាននូវវីតាមីន B12ច្រើនជាងកម្រិតណែនាំមិនត្រឹមមិនអាចទទួលបានអត្ថប្រយោជន៍បន្ថែមណាមួយឡើយ តែបរិមាណដែលលើសនោះក៏មិនត្រូវបានស្រូបចូលផងដែរ ដែលមានន័យថារាងកាយរបស់យើងនឹងធ្វើការបញ្ចេញវាចោលតាមរយៈទឹកនោមដោយឯកឯង។ រីឯ ប្រភពពីគេហទំព័ររបស់ NIH បានឲ្យដឹងថារាងកាយរបស់យើងធ្វើការស្រូបវីតាមីន B12 ក្នុងទម្រង់គ្រាប់ថ្នាំសម្រាប់លេបយ៉ាងមានកម្រិតបំផុត ឬអាចនិយាយបានថា មានត្រឹមតែ ១០មីក្រូក្រាមក្នុង ៥០០មីក្រូក្រាមនៃ B12 ប៉ុណោះដែលអាចត្រូវបានស្រូបចូលដោយរាងកាយរបស់អ្នកមានសុខភាពល្អធម្មតា។ វាពិតជាមានការពិបាកក្នុងការបកស្រាយអំពីភាពខ្វែងគ្នានៃលទ្ធផលពីការសិក្សានីមួយៗខាងលើនេះបើតាមអ្នកជំនាញពី Memorial Sloan Kettering Cancer Center ក៏ប៉ុន្តែសារសំខាន់រួមពីការអង្កេតរបស់ the Ohio State និងការសិក្សាជាច្រើនទៀតគឺ ការឈប់ជក់បារីជាវិធីល្អបំផុតក្នុងការការពារមហារីកសួតប្រសិនបើអ្នកជាបុរសនិងត្រូវការប្រើប្រាស់វីតាមីន B ទាំងនេះ។ ក្រៅពីនោះអ្នកត្រូវគោរពតាមកម្រិតណែនាំប្រចាំថ្ងៃឲ្យបានត្រឹមត្រូវ ដែលក្នុងនោះចំពោះបុរសចាប់ពី ៥១ឆ្នាំឡើងគឺ ១,៧ មីលីក្រាមនៃវីតាមីន B6 និង ២,៤ មីក្រូក្រាមនៃវីតាមីន B12។ ជាពិសេស អ្នកគួរធ្វើការពិនិត្យសុខភាពឲ្យបានទៀងទាត់ និងស្វែងរកការណែនាំពីអ្នកជំនាញសុខភាព ឬវេជ្ជ-បណ្ឌិតរបស់អ្នកជាមុនដើម្បីទទួលបានការប្រើប្រាស់ក្នុងកម្រិតដែលត្រឹមត្រូវសម្រាប់អ្នកផ្ទាល់។ ប្រភពយោង៖ http://ascopubs.org/doi/abs/10.1200/JCO.2017.72.7735 https://www.medscape.com/viewarticle/884611 https://www.health.harvard.edu/cancer/b-vitamins-may-raise-risk-of-lung-cancer-in-men-who-smoke https://ods.od.nih.gov/factsheets/VitaminB12-HealthProfessional/ https://www.drugs.com/news/could-common-vitamin-supplements-raise-lung-cancer-risk-66756.html ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អ្វីជានិយមន័យនៃ Metabolic Syndrome? ជាបណ្តុំនៃរោគសញ្ញាដូចជា លើសទម្ងន់ (ធាត់នៅក្បាលពោះ៖ Abdominal obesity) បូករួមជាមួយលើសសម្ពាធឈាម មានការកើនឡើងកូឡេស្តេរ៉ុល៖ Dyslipidemia (កើនឡើងជាតិទ្រីគ្លីសេរីត ឬការថយចុះ HDL) និងកើនឡើងកម្រិតជាតិស្ករក្នុងឈាម (Impaired glucose tolerance)។ ប្រសិនបុគ្គលម្នាក់ស្តែងចេញជាការលើសទម្ងន់ រួមជាមួយនឹងសញ្ញាមួយទៀតអាចជាលើសសម្ពាធឈាម ឬលើសជាតិស្ករ ខ្លាញ់ នោះគេអាចសន្មតថារាងកាយកំពុងតែប្រឈមទៅនឹងជំងឺ Metabolic Syndrome។ ម៉្យាងទៀតជំងឺ Metabolic Syndrome ក៏អាចជាផលវិបាកនៃជំងឺរ៉ាំរ៉ៃមួយចំនួន (a cluster of risk factor)ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ឬជំងឺសរសៃបេះដូងជាដើម ដែលភាគរយនៃជំងឺគឺកើតឡើងទៅតាមកំណើននៃអាយុ។ បន្ថែមពីនោះនិយមន័យនៃជំងឺ Metabolic Syndromeក៏ត្រូវបានគេហៅឈ្មោះ ៥ប្រភេទទៀតផងដែរដូចជា Syndrome X ឬInsulin resistance ឬDeadly Quartet ឬ Reaven’s Syndromes។   មូលហេតុបង្កជំងឺ  មូលហេតុចម្បងដែលបណ្តាលឲ្យមានជំងឺ Metabolic Syndrome គឺជាប់ទាក់ទងជាមួយជីវភាពរស់នៅរបស់បុគ្គលជាពិសេសអ្នកដែលមានវ័យចំណាស់ដូចជា៖ •អ្នកមិនធ្វើលំហាត់ប្រាណ •អ្នកបរិភោគអាហារច្រើន •អ្នកចូលចិត្តបរិភោគអាហារដូចជាពពួក Fast Food…….. •ប្រវត្តិគ្រួសារមានជំងឺធាត់ជាដើម។   ជំងឺបង្កមកពី Metabolic Syndrome ជំងឺដែលបណ្តាលមកពី Metabolic Syndromeមានដូចជា៖ •ជំងឺរឹងសរសៃឈាម •ជំងឺលើសជាតិអាស៊ីត •ជំងឺទឹកនោមផ្អែម •ជំងឺបេះដូង (ជំងឺស្ទះសរសៃឈាមបេះដូង៖ myocardial infarction និងជំងឺស្លោកបេះដូង៖ ischemic heart disease)។ ភាគច្រើនជំងឺដែលតែងស្តែងឡើងជាញឹកញាប់គឺជំងឺទឹកនោមផ្អែមជំងឺលើសសម្ពាធឈាម និងជំងឺសរសៃឈាមបេះដូង។  រោគសញ្ញា សញ្ញាដំបូងដែលអាចកំណត់សម្គាល់បានគឺអ្នកជំងឺ៖ •ចាប់ផ្តើមលើសទម្ងន់ ធាត់ (ភាគច្រើននៅលើពោះ) ដោយរង្វាស់នៅលើពោះចំពោះបុរសលើសពី ៩០ ស.ម ចំណែកស្រ្តីគឺលើសពី ៨០ ស.ម •ស្បែកឡើងពណ៌ក្រម៉ៅ ឬមានដុំពកពណ៌ខ្មៅដុះនៅលើស្បែកជាពិសេសនៅត្រង់តំបន់កដែលតែងជួបជាញឹកញាប់ •គេងស្រម៉ុក។ ការធ្វើរោគវិនិច្ឆ័យ ក្នុងករណីលេចឡើងនូវសញ្ញានៃ Metabolic Syndrome គេអាចចាប់ផ្តើមធ្វើរោគវិនិច្ឆ័យដោយ៖ •ធ្វើតេស្ត Body Scan ដើម្បីអាចដឹងពី BMI ៖ដែលកម្រិត BMI លើសពី ២៣ អាចចាត់ទុកថាមានបញ្ហាលើសទម្ងន់ និងលើសពី ២៨ អាចសន្មតថាមានជំងឺធាត់ (រង្វាស់សម្រាប់តំបន់អាស៊ី) •ធ្វើការពិនិត្យលើអ្នកដែលមានបញ្ហាគេងស្រម៉ុក (Obstruction Sleep Apnea) •ពិនិត្យឈាម៖ ដើម្បីកំណត់ពីកម្រិតជាតិស្ករខ្លាញ់ និងអាស៊ីតអ៊ុយរិច។  វិធីសាស្រ្តព្យាបាល ១. គួរផ្លាស់ប្តូររបៀបរស់នៅប្រចាំថ្ងៃដោយត្រូវ៖ •ធ្វើលំហាត់ប្រាណយ៉ាងតិច ៣០នាទី ជារៀងរាល់ថ្ងៃ ឬអាចរហូតដល់ ៦០ ទៅ ៩០នាទី •បញ្ឈប់ការបរិភោគលើសកម្រិត ជាពិសេសជាតិផ្អែមនិងខ្លាញ់ •កាត់បន្ថយអាហារជាភេសជ្ជៈ ឬប៊ីយែរ ដែលជាដើមចមធ្វើឲ្យធាត់នៅតំបន់ពោះ និងឡើងជាតិទ្រីគ្លីសេរីត •គួរពិសាអាហារដែលសម្បូរទៅដោយជាតិសរសៃ បន្លែមានពណ៌បៃតង និងកាត់បន្ថយអាហារពពួក Fast Food។ ២. គ្រប់គ្រងស្ថានភាពជំងឺដែលបង្ក ដោយប្រើប្រាស់ឱសថដូចជា៖ •ឱសថ Fenofibrate, Niacin, Omeg-3 fattyacids ដើម្បីបញ្ចុះជាតិខ្លាញ់ដែលលើស (Triglyceride) •ចំពោះអ្នកមានកម្រិតជាតិស្ករលើសត្រូវទទួលការព្យាបាលដូចទៅនឹងអ្នកជំងឺទឹកនោមផ្អែម •ចំពោះអ្នកលើសឈាម ត្រូវព្យាបាលដូចអ្នកជំងឺលើសសម្ពាធឈាម។   វិធីសាស្រ្តការពារ វិធីសាស្រ្តក្នុងការការពារខ្លួនពីជំងឺ Metabolic Syndrome បុគ្គលទូទៅគួរតែ៖ •ធ្វើលំហាត់ប្រាណយ៉ាងតិច ៣ថ្ងៃក្នុងមួយសប្តាហ៍ (ម្តង ៣០នាទី)តែត្រូវជួបពិនិត្យជាមួយគ្រូពេទ្យមុនពេលជ្រើសរើសប្រភេទលំហាត់ប្រាណ •កាត់បន្ថយអាហារមានជាតិផ្អែម និងភេសជ្ជៈ •ចាប់យករបបអាហារដែលមានជាតិសរសៃ •ចំពោះមនុស្សក្នុងវ័យចំណាស់គួរប្រើប្រាស់ឱសថ Omega 3 ជាប្រចាំដើម្បីការពារពីបញ្ហាសរសៃឈាមរឹង។ គួរបញ្ជាក់ផងដែរ គ្រប់អ្នកជំងឺ ឬបុគ្គលទូទៅទាំងអស់គួរធ្វើការពិនិត្យពីកម្រិតបេះដូងជាមុនសិន រាល់មុនពេលចាប់ផ្តើមធ្វើលំហាត់ប្រាណ ដោយហេតុថាការហាត់ប្រាណដែលលើសកម្រិតអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពទៅវិញ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត លីវ ឈិញ ឯកទេសជំងឺបេះដូងនៅមជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាអគ្គលេខាធិការនៃសមាគម គ្រូពេទ្យបេះដូងកម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការកំណត់រកមូលហេតុនៃជំងឺគ្រុនក្តៅនឹងមានភាពងាយស្រួល នៅពេលជំងឺកើតមានភ្លាមៗ  និងស្រួចស្រាវ រួមជាមួយរោគសញ្ញាច្បាស់លាស់ដែលផ្តល់ជាការកំណត់រកមើលកត្តាបង្កឲ្យបានជាក់លាក់។ យ៉ាងណាមិញវានឹងមានភាពពិបាកប្រសិនរោគសញ្ញាគ្រុនក្តៅកើតមានយូរ និង មិនដឹងពីមូលហេតុបង្កពិតប្រាកដ។ អ្វីគួរធ្វើសម្រាប់ផ្តល់ឲ្យអ្នកជំងឺ?   ប្រសិនអ្នកជំងឺសូមឲ្យអ្នកធ្វើការព្យាបាលដើម្បី​បញ្ចុះកម្តៅ អ្នកត្រូវ៖ •កំណត់ថា៖  -សីតុណ្ហភាពរាងកាយត្រូវបានវាស់ច្បាស់លាស់៖  ដើម្បីដឹងថាវាជាជំងឺគ្រុនក្តៅ  ឬមិនមែន  -ត្រូវបញ្ជាក់ថាវាមិនទាមទារការសង្គ្រោះបន្ទាន់៖ ដោយហេតុថាអាចនឹងមានករណីខ្លះដែលតម្រូវឲ្យធ្វើការពិនិត្យព្យាបាលនៅមន្ទីរពេទ្យ។ធ្វើការពិគ្រោះយោបល់ពីស្ថានភាពរបស់អ្នកជំងឺ ប្រសិនស្ថានភាពជំងឺមិនទាមទារការសង្គ្រោះបន្ទាន់។          •មិនត្រូវធ្វើតាមការចង់បានរបស់អ្នកជំងឺដែលទាមទារការព្យាបាលដោយប្រើប្រាស់ថ្នាំផ្សះ(Antibiotique) ពីព្រោះឱសថនេះតម្រូវឲ្យមានការអនុញ្ញាតពីវេជ្ជបណ្ឌិត។ ម៉្យាងទៀត ឱសថAntibiotique មិនមានប្រសិទ្ធភាពក្នុងការបញ្ចុះកម្តៅ (Antipyretique) នោះទេ ដោយការប្រើប្រាស់មិនត្រឹមត្រូវ អាចប្រឈមទៅនឹងភាពស៊ាំនៃបាក់តេរីចំពោះឱសថ។ ណែនាំ និងផ្តល់ឲ្យនូវឱសថបញ្ចុះកម្តៅ អំឡុងពេលពិគ្រោះយោបល់ដែលអាចជា៖ •ឱសថ Paracétamol៖ មានឈ្មោះជា Doliprane (Théraplix) ឬ Efferalgan (UPSA) ក្រោមទម្រង់ជាគ្រាប់ (ឱសថដាក់ទឹកពុះ) ក្នុងកម្រិត ៥០០ មីលីក្រាម។ •L’acide  acétylsalicylique៖ មានឈ្មោះជា Aspirine Bayer ស្ថិតក្នុងទម្រង់ជាឱសថគ្រាប់ ៥០០ មីលីក្រាម ឱសថ Aspirine UPSA ៥០០ មីលីក្រាម ជាទម្រង់ដាក់ទឹកពុះ (effervescents) ឱសថ Aspégic ឱសថ Catalgine ដែលមានទម្រង់ជាកញ្ចប់ ៥០០មីលីក្រាម។  •ណែនាំពីការប្រើប្រាស់ឱសថ ក្នុងរយៈពេល៤ម៉ោងម្តង ដើម្បីទទួលបានប្រសិទ្ធភាពក្នុងការបញ្ចុះកម្តៅ៖ កម្រិតប្រើប្រាស់សម្រាប់មនុស្សពេញវ័យ៖  -Paracétamol៖ ៣ ក្រាម ក្នុងរយៈពេល ២៤ម៉ោង  -L’acide acétylsalicylique៖ ៦ ក្រាម ក្នុងរយៈពេល ២៤ម៉ោង •ឱសថ Paracétamol៖ ត្រូវបានប្រើប្រាស់ញឹកញាប់ ជាងការប្រើប្រាស់ឱសថ Aspirine ដោយវាផ្តល់ផលរំខានតិចតួចដែលអាចគ្រប់គ្រងបាន ប៉ុន្តែក៏មិនត្រូវធ្វើការធ្វេសប្រហែស ដោយហេតុថា៖ -ការប្រើប្រាស់លើសប្រសិទ្ធភាពព្យាបាល(> ៣ ក្រាម/២ ម៉ោង)  អាចបណ្តាលឲ្យមានការពុលថ្លើម (Hépato-toxique) -ការប្រើប្រាស់លើសកម្រិត អាចបង្កឲ្យខូចខាតកោសិកាថ្លើមស្រួចស្រាវ (Cytolyse hépatique)ដែលតម្រូវឲ្យធ្វើការព្យាបាលនៅមន្ទីរពេទ្យ។ •ឱសថ Aspirineមិនត្រូវប្រើប្រាស់ចំពោះ៖ -អ្នកមានជំងឺដំបៅក្រពះ ពោះវៀន -អ្នកកំពុងព្យាបាលដោយឱសថប្រឆាំងកំណកឈាម ដូចជា Héparine ឬ Antivitamines K -ស្រ្តីមានផ្ទៃពោះក្នុងត្រីមាសទី ៣។ •ត្រូវប្រើដោយប្រុងប្រយ័ត្នចំពោះ៖ -អ្នកខ្សោយតម្រងនោម -ស្រ្តីមករដូវច្រើន -អ្នកជំងឺហឺត។ •មិនត្រូវបានណែនាំឲ្យប្រើចំពោះអ្នកកំពុងព្យាបាលដោយ៖ -ឱសថ Anti-inflammaoires non stéroïdiens (Indocid, Feldéne, Profénid, Voltaréne…) -ឱសថ Corticoïdes (Betnesol, Célesténe, Célestamine, Cortancyl, Solupred…) -ឱសថ Uricosuriques (Bénémide, Désuric…) -ឱសថ Méthoexate ក្នុងកម្រិតលើសពី ១៥មីលីក្រាម ក្នុងមួយសប្តាហ៍ (Methotrexate, Ledertrexate)។ •ករណីសង្គ្រោះបន្ទាន់ រោគសញ្ញាគ្រុនក្តៅអាចបណ្តាលមកពីករណីធ្ងន់ធ្ងរដូចជា៖ -រលាកស្រោមខួរ (Méningites) ដែលស្តែងចេញជាអាការៈគ្រុនក្តៅ ជាមួយឈឺក្បាល និងក្អួតចង្អោរ -មេរោគក្នុងឈាម (Septicémies) រួមជាមួយរោគសញ្ញារងាញាក់ -Chocs septiques ជាមួយរាងកាយឡើងពណ៌ និងចង្វាក់ដង្ហើមញាប់ -ជំងឺគ្រុនចាញ់ ដែលអាចលេចឡើងបន្ទាប់ពីត្រឡប់មកពីតំបន់ដែលមានជំងឺ -គ្រុនក្តៅចំពោះស្រ្តីមានផ្ទៃពោះ។ អ្នកជំងឺត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ប្រសិនរោគសញ្ញាបានស្តែងចេញដូចទៅនឹងករណីខាងលើ។ ឯកសារយោងដកស្រង់ចេញពីសៀវភៅ៖ Le  vademecum de la Médication officinale ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ស្លាកស្នាម គឺជាបញ្ហាចម្បងសម្រាប់មនុស្សគ្រប់រូបបន្ទាប់ពីពួកគាត់ជាសះពីរបួសការរលាក ឬបន្ទាប់ពីជំងឺនៅលើស្បែកផ្សេងៗ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ បញ្ហាស្នាមនៅលើមុខដែលបណ្តាលមកពីបញ្ហាមុន រលាក ឬជាំ អាចធ្វើឲ្យមានការប៉ះពាល់ខ្លាំងដល់ការរស់នៅ និងអារម្មណ៍របស់មនុស្សគ្រប់គ្នា។ ជាក់ស្តែងមានវិធីជាច្រើនដែលអាចជួយបំបាត់ស្លាកស្នាមលើមុខបានដែលក្នុងនោះរួមមាន៖ •ការលាបថ្នាំ •ការភៀលមុខ (Clinical Peeling) •ការអ៊ុតមុខ •ការប្រើប្រាស់ឡេស៊ែ ជាដើម។ ក្នុងចំណោមវិធីទាំងអស់ខាងលើ ការភៀលមុខគឺជាវិធីសាស្ត្រមួយត្រូវបានចាប់អារម្មណ៍  និងពេញនិយមស្ទើរតែជុំវិញពិភពលោក។ តើអ្វីជាការភៀលមុខ? ការភៀលមុខ គឺជាការប្រើប្រាស់នូវប្រភេទទឹកថ្នាំម៉្យាង ក្នុងគោលបំណងដើម្បីបណ្តុះ និងជម្រុះចោលនូវស្លាកស្នាម និងកម្ទេចកម្ទីកោសិកាចាស់ៗនៅលើផ្ទៃមុខ ដោយបង្កើតឲ្យមានការផលិតកូឡាជែននិងភាពរលាស់នៃស្បែក ជាលទ្ធផលស្បែកមានសភាពភ្លឺរលោង និងក្មេងជាងវ័យ។ តើការភៀលមុខមានតួនាទីអ្វីខ្លះ? ការប្រើប្រាស់វិធីសាស្ត្រភៀលមុខ គឺផ្តោតសំខាន់លើការព្យាបាល៖ •ស្លាកស្នាមក្រោយពីជំងឺមុន •ស្លាកស្នាមនៃជំងឺផ្សេងៗដូចជា ជាំ អាចម៍រុយLentigen, Periorbital, Hyperpigmentation, Facial Melanosis។ •ស្លាកស្នាមដែលបណ្តាលមកពី ការប៉ះជាមួយពន្លឺព្រះអាទិត្យ ភាពជ្រីវជ្រួញ និងការរីកនៃរន្ធរោម។ តើការភៀលមុខមានប៉ុន្មានប្រភេទ? ជាទូទៅការភៀលមុខ ត្រូវបានបែងចែកជា៣ប្រភេទដោយផ្អែកទៅតាមកម្រិតនៃការលាក៖ •ការភៀលមុខកម្រិតស្រាល (Superficial Peel) •ការភៀលមុខកម្រិតមធ្យម (Medium-depthPeel) •ការភៀលមុខកម្រិតខ្លាំង (Deep Peel)។ ទឹកថ្នាំដែលត្រូវបានប្រើដើម្បីភៀលមុខអាចមានដូចខាងក្រោម៖ •Glycolic acid •TCA (Trichloroactic acid) •Phenol •α-hydroxy acid •Pyruvic acid។ ក្រោយភៀលមុខត្រូវធ្វើដូចម្តេច? ស្បែកដែលភៀលរួច គួរត្រូវបានថែរក្សាឲ្យបានដិតដល់ និងគោរពតាមការណែនាំរបស់គ្រូពេទ្យជំនាញរួមមាន៖ •ហាមប៉ះពន្លឺថ្ងៃក្តៅខ្លាំង២-៣ថ្ងៃ •ហាមអេះឬបកស្លាកស្នាមដែលរបក •និងគួរប្រើប្រាស់ឡេការពារកម្តៅថ្ងៃមុនពេលចេញក្រៅ។ ការភៀលមុខ ទាមទារត្រូវការគ្រូពេទ្យជំនាញត្រឹមត្រូវ និងប្រុងប្រយ័ត្នខ្ពស់ដើម្បីអាចចៀសផុតនូវផលវិបាកដូចជាការរលាកជ្រុល ឬយូរ ការឆ្លងមេរោគ និងមិនជាសះស្បើយ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត គា ហង្សសុវណ្ណ ឯកទេសផ្នែកស្បែក នៃអេសវី គ្លីនិកនិងឡេស៊ែ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

គ្រុនឈាម ជាជំងឺមួយប្រភេទ ឆ្លងមកមនុស្សតាមរយៈមូសខ្លាញីមានផ្ទុកមេរោគគ្រុនឈាម ហើយមានហានិភ័យខ្ពស់ ពិសេសចំពោះក្មេងក្រោម៥ឆ្នាំ។ ដោយហេតុថាជំងឺនេះគ្មានវ៉ាក់សាំង និងមិនមានការព្យាបាលជាក់លាក់ ដូច្នេះមានតែការការពារ និងបំបាត់មូសខ្លាទេ ទើបជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព។ស្វែងយល់បន្ថែមជាមួយ ហេលស៍ថាមលើ២ចំណុចការពារកូនៗរបស់លោកអ្នក  និងខ្លួនអ្នកពីជំងឺគ្រុនឈាមដោយជោគជ័យ៖ រៀបចំផ្ទះ បរិវេណជុំវិញក៏ដូចជានៅក្នុងផ្ទះ ជារឿងចម្បងមិនគួរមើលរំលង។ អ្នកត្រូវប្រាកដថា ទីធ្លាត្រូវបានបោសសម្អាតជាប្រចាំ រាល់សំរាមផ្សេងៗគួរដុតចោលរាល់ថ្ងៃ។ ចំពោះទ្វារ ឬបង្អួច ត្រូវដាក់សំណាញ់ល្អិតៗឬកញ្ចក់ ដើម្បីចៀសវាងសត្វល្អិតផ្សេងៗ ជាពិសេសកុំឲ្យមូសចូល។  ក្រៅពីនេះ ត្រូវឧស្សាហ៍លាងសម្អាតវត្ថុដែលអាចដក់ទឹកបានរួមមាន ថូផ្កា ធុងទឹក ទឹកដក់នៅសំបកកង់ ទឹកថ្លុកនៅក្រោមផ្ទះ ឬជិតៗផ្ទះអ្នក និងត្រូវលាងពាងទឹកឲ្យបានស្អាតជានិច្ច ដើម្បីកុំឲ្យមានដង្កូវទឹក។ ប្រើឧបករណ៍ការពារ •មុង៖  ក្មេងតូចមិនអាចដឹងថាខ្លួនពួកគេមានមូសខាំ ឬយ៉ាងណាទេ ដូច្នេះទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់។ ទោះបីបរិស្ថានជុំវិញផ្ទះអ្នកស្អាត តែអ្នកក៏ត្រូវទម្លាប់ឲ្យកូនៗលោកអ្នកគេងនៅក្នុងមុងជានិច្ច និងត្រូវប្រាកដថាមុងមិនរហែកធ្លុះធ្លាយ ឬ ចន្លោះប្រហោង។ •សម្លៀកបំពាក់៖  ការស្លៀកពាក់ត្រឹមត្រូវជាការការពារមួយបន្ថែមទៀត ជ្រើសរើសសម្លៀកបំពាក់វែងៗ (ខោជើងវែង អាវដៃវែង)ហើយក្រាស់ៗ។ មិនតែប៉ុណ្ណោះ អាចប្រើ ស្រោមជើង និងស្រោមដៃ នៅពេលគេង ទោះនៅក្នុងមុងក៏ដោយ។ •ថ្នាំមូស៖   អាចប្រើថ្នាំបាញ់មូស ឬធូបមូសនៅក្នុងផ្ទះ បន្ទប់គេង ក្រោមគ្រែ និងទីកន្លែងងងឹតឬកន្លែងដែលអាចជាប្រភពនៃសត្វមូស។   គួរបញ្ជាក់ថា ថ្នាំមូសមិនត្រូវបាញ់នៅផ្នែកណាមួយនៃរាងកាយ ឬលើសម្លៀកបំពាក់ទេ។ •ជែល បន្ទះបិត ឬខ្សែដៃ៖  ដោយសារបច្ចេកវិទ្យាកាន់តែទំនើប រឹតតែការការពារកាន់តែមានជម្រើសច្រើន។ ជាក់ស្តែង ក្មេងៗអាចប្រើប្រាស់ជាជែលលាបលើរាងកាយ បន្ទះបិតលើសម្លៀកបំពាក់ ឬខ្លួន  និងខ្សែដៃមាននូវទឹកថ្នាំការពារមូសផងដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ នាងខ្ញុំអាយុ ៣២ឆ្នាំ ទម្ងន់៥២គីឡូក្រាម កម្ពស់១ម៉ែត្រ៦៣ ជាបុគ្គលិកធនាគារ។ ដោយសារកាលពីកូនទី១ និងទី២មានទម្រង់បញ្ច្រាស ហើយត្រូវបានសម្រាលដោយការវះកាត់។ នាងខ្ញុំមានបំណងនឹងយកកូនមួយទៀត ហេតុនេះហើយ នាងខ្ញុំចង់សួរថាតើកូនទី៣របស់ខ្ញុំនឹងត្រូវការសម្រាលដោយវះកាត់ទៀត ឬយ៉ាងណា? បើដូច្នេះ តើវានឹងមានផលប៉ះពាល់អ្វីដែរឬទេ? ចម្លើយ ៖ ការវះកាត់ជាបន្តបន្ទាប់តែងបណ្តាលឲ្យមានហានិភ័យច្រើនជាងការវះកាត់លើកដំបូង។ ការសិក្សាបានបង្ហាញថា ហានិភ័យនឹងកើនឡើងក្រោយសម្រាលដោយវះកាត់លើកទី៣ ហើយការសម្រាលកូនបែបធម្មជាតិក៏មិនត្រូវបានណែនាំផងដែរ បន្ទាប់ពីស្រ្តីទទួលបានការវះកាត់៣លើករួចមកហើយ។ ស្រ្តីដែលធ្លាប់ធ្វើការវះកាត់ពេលសម្រាលច្រើនដង អាចមានការប្រឈមនឹងហានិភ័យដូចជា៖ 1.    មានសម្លាកលើកោសិកាស្បូន និងសរីរាង្គនៅក្បែរ។ 2.    បង្កជារបួសនៅប្លោកនោម និងពោះវៀន។ ប្លោកនោមដែលមានបញ្ហា តែងស្តែងចេញឡើង នៅពេលការវះកាត់ត្រូវបានអនុវត្តជាបន្តគ្នា។ ហានិភ័យនោះ ជាលទ្ធផលដែលបានមកពីការភ្ជាប់គ្នានៃប្លោកនោម និងស្បូនបន្ទាប់ពីធ្វើការវះកាត់រួច។ ការបិតភ្ជាប់គ្នានោះក៏អាចបង្កឲ្យមានបញ្ហាស្ទះពោះវៀនផងដែរ។ 3.    ការហូរឈាមធ្ងន់ធ្ងរ។ 4.    មានបញ្ហាលើសុក អាចជា សុកចាក់ជ្រៅ ក្នុងស្រទាប់ស្បូន (placenta accreta) និងសុកស្ថិតនៅផ្នែកក្រោមខុសធម្មតានៃស្បូន (placenta previa)។ ជារួម ការវះកាត់ពេលសម្រាល និងសម្រាល តាមបែបធម្មជាតិបង្កជាហានិភ័យ ក៏ដូចជាអត្ថប្រយោជន៍រៀងៗខ្លួន។ ការសម្រេចចិត្ត ដើម្បីជ្រើសរើសវិធីសាស្រ្តសម្រាប់ការសម្រាលណាមួយ បន្ទាប់ពីធ្លាប់ធ្វើការវះកាត់រួចមកហើយនោះអាចជារឿងស្មុគស្មាញ ដូចនេះ អ្នកគួរតែប្រឹក្សាជាមួយវេជ្ជបណ្ឌិតមានជំនាញ ដើម្បីកំណត់ឲ្យបានជាក់លាក់ថាអ្នកស័ក្តិសមជាមួយការសម្រាលបែបធម្មជាតិ (VBAC) ឬតាមបែបវះកាត់។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេស ផ្នែកសម្ភព និងរោគស្រ្តីនៃ Anna Women and Baby’s Centre ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ស្របពេលជាមួយនឹងបម្រែបម្រួលផ្នែកសរីរៈជាច្រើនដែលអាចកើតមាននៅអំឡុងពេលអស់រដូវរបស់ស្ត្រី ការផ្លាស់ប្តូរដែលកើតឡើងដោយសារតែការវិវឌ្ឍនៃភាពចាស់ជរា ក៏ចូលរួមធ្វើឲ្យជីវិតរបស់ស្ត្រីអស់រដូវទទួលរងការផ្លាស់ប្តូរកាន់តែខ្លាំងផងដែរ។ ជាក់ស្តែង ស្ត្រីប្រហែល ៧៣%បានរាយការណ៍អំពីរោគសញ្ញាកង្វល់មួយចំនួនដែលកើតមានក្នុងអំទ្បុងពេលអស់រដូវ ដោយក្នុងនោះរោគសញ្ញាដែលកើតទ្បើងញឹកញាប់បំផុតគឺ ការក្តៅក្រហាយនិងរលាកទ្វារមាស។ រោគសញ្ញាដទៃទៀតរួមមានឆាប់ខឹង ទុក្ខព្រួយ បែកញើសពេលយប់ ញ័របេះដូងរវើរវាយ ស្បែកជ្រីវជ្រួញ ពុកឆ្អឹង ថយប្រព័ន្ធភាពសុំា និងខ្សោយសាច់ដុំ។ ចំពោះផលវិបាករយៈពេលយូរអាចជាការបង្កឲ្យស្ទះសរសៃឈាមបេះដូងបញ្ហាសន្លាក់ឆ្អឹង កោសិកាភ្ជាប់ និងបញ្ហាប្រព័ន្ធសរសៃប្រសាទ។ ដោយឡែក ផលរំខានជាច្រើននៃអ័រម៉ូនជំនួសដែលជាទូទៅត្រូវបានប្រើប្រាស់ក្នុងការព្យាបាលអាការៈរោគរបស់ស្ត្រីអស់រដូវ ធ្វើឲ្យតម្រូវការនៃអាហារបំប៉នមានការកើនទ្បើង។ ក្នុងនោះផងដែរ ជាមួយនឹងមុខងារជាច្រើនរបស់ isoflavones ក្នុងសណ្តែកសៀង Lycopene ធាតុចម្រាញ់ពីតែបៃតង និងវីតាមីន C  ធ្វើឲ្យសារធាតុទាំងនេះមានសារសំខាន់យ៉ាងខ្លាំងចំពោះស្ត្រីអស់រដូវ។ 1. Isoflavones ពីសណ្តែកសៀង Isoflavones គឺជា flavonoids ដ៏សំខាន់ដែលបានរកឃើញនៅក្នុងបន្លែ ជាពិសេសនៅក្នុងសណ្តែកសៀង។ សកម្មភាពប្រឆាំងអ័រម៉ូន estrogen របស់ Isoflavones នៅក្នុងកោសិកាបន្តពូជជាលទ្ធផលអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកដែលបង្កឡើងដោយអ័រម៉ូន (សុដន់ ស្បូន ក្រពេញប្រូស្តាត) ស្របពេលដែលសកម្មភាពដូចនឹងអ័រម៉ូនestrogen របស់វាទៅលើកោសិកាដទៃទៀតអាចជួយរក្សាលំនឹងឆ្អឹង ព្រមទាំងទម្រង់ជាតិខ្លាញ់ក្នុងឈាមផងដែរ។ ការប្រើប្រាស់សណ្តែក Isoflavones ត្រូវបានគេរកឃើញក្នុងការកាត់បន្ថយភាពញឹកញាប់នៃអាការៈក្តៅក្រហាយ ក៏ដូចជាភាពធ្ងន់ធ្ងរនៃអាការៈក្តៅក្រហាយខ្លាំងផងដែរ។ សណ្តែកIsoflavones ក៏អាចជួយផងដែរ ក្នុងការពង្រីកសរសៃឈាមដែលសម្របសម្រួលដល់អ្នកជំងឺគ្រោះថ្នាក់ដោយសារសរសៃឈាមបេះដូង។ 2. ធាតុចម្រាញ់ពីតែបៃតង ធាតុចម្រាញ់តែបៃតងសម្បូរទៅ epigallocatechin-3- gallate (EGCG) ដែលមានសកម្មភាពជាធាតុប្រឆាំងអុកស៊ីតកម្មប្រហែល ២៥-១០០ដង ល្អជាងវីតាមីនE និង C ។ តែបៃតងត្រូវបានយកមកសិក្សាយ៉ាងទូលំទូលាយលើមនុស្សសត្វ និង មន្ទីរពិសោធន៍។ លទ្ធផលគឺ តែបៃតងអាចជួយដល់ការព្យាបាលជំងឺរឹងសរសៃឈាមកូឡេស្តេរ៉ុលខ្ពស់ មហារីក ទឹកនោមផ្អែម និងថ្លើម។អ្នកស្រាវជ្រាវគ្លីនិកបង្ហាញថា តែបៃតងជួយបង្កើនមេតាប៉ូលីស និង ជួយបំផ្លាញជាតិខ្លាញ់ ថែមទាំងជួយសម្រកទម្ងន់ទៀតផង។ តែបៃតង ក៏អាចជួយក្នុងការការពារជំងឺ Parkinson ការថយចុះការយល់ដឹង និងជំងឺពុកឆ្អឹងផងដែរ។  ក្រៅពីនោះEGCG ក៏អាចការពារ ភាពខុសប្រក្រតី ដែលបង្កឡើងដោយការកាត់ក្រពេញអូវែ (ovariectomyinduced bladder dysfunction) ផងដែរ។ 3. កាល់ស្យូម តម្រូវការនៃកាល់ស្យូមនឹងកើនឡើងនៅពេលស្ត្រីឈានចូលវ័យអស់រដូវ។ កាល់ស្យូមផ្តល់ផលប្រយោជន៍ជាច្រើនចំពោះជំងឺលើសឈាម មហារីកពោះវៀនធំ លើសទម្ងន់ និងក្រួសក្នុងតម្រងនោមបើទោះបីជាឥទ្ធិពល និងយន្តការទាំងនោះមិនទាន់ត្រូវបានគេរកឃើញយ៉ាងពេញលេញក៏ដោយ។ដូច្នេះ ការទទួលទានជាតិកាល់ស្យូមពី ១២០០ទៅ ១៥០០ មីលីក្រាមក្នុងមួយថ្ងៃចំពោះស្ត្រីអស់រដូវត្រូវបានណែនាំ។ ទោះជាយ៉ាងណា ស្ត្រីអាចទទួលទានកាល់ស្យូមជារៀងរាល់ថ្ងៃក្រោយពីអស់រដូវ ក្នុងចន្លោះពី ៧០០ ទៅ ១២០០ មីលីក្រាមអាស្រ័យលើសង្គមរស់នៅរបស់ពួកគេផ្ទាល់។ កាល់ស្យូម ក៏ជួយបង្កើនឥទ្ធិពលនៃការធ្វើលំហាត់ប្រាណលើ BMD ចំពោះស្ត្រីក្រោយអស់រដូវផងដែរ ក៏ប៉ុន្តែ អត្ថប្រយោជន៍នេះអាចសង្កេតឃើញមានតែចំពោះអ្នកដែលទទួលទានកាល់ស្យូមប្រចាំថ្ងៃលើសពី ១000 មីលីក្រាមតែប៉ុណ្ណោះ។ ការផ្លាស់ប្តូរធំបំផុតទាក់ទងនឹងការថយចុះនៃដង់ស៊ីតេឆ្អឹងខ្នង និងកាល់ស្យូមឆ្អឹងសរុប កើតមានឡើងក្នុងរយៈពេល ៥ ឆ្នាំដំបូងបន្ទាប់ពីអស់រដូវ។ ដូច្នេះ៥ ឆ្នាំដំបូងបន្ទាប់ពីការរាំងរដូវគឺមានសារសំខាន់ក្នុងការប្រើប្រាស់ផលិតផលកាល់ស្យូមបន្ថែម។ 4.Lycopene ស្ត្រីរាំងរដូវងាយរងឥទ្ធិពលពីសកម្មភាពរបស់រ៉ាឌីកាល់សេរីយ៉ាងខ្លាំង ហេតុនេះ ពួកគេត្រូវការសារធាតុប្រឆាំងអុកស៊ីតកម្មឲ្យបានគ្រប់គ្រាន់ ដើម្បីអាចកាត់បន្ថយប្រតិកម្មអុកស៊ីតកម្ម និងកាត់បន្ថយជំងឺដែលទាក់ទងទៅនឹងភាពចាស់ជរា។ ក្រៅពីជាសារធាតុប្រឆាំងអុកស៊ីតកម្ម Lycopene ក៏មានសកម្មភាពជីវសាស្រ្តផ្សេងទៀតដូចជា ការគ្រប់គ្រងការរីកសាយនៃដុំមហារីក កាត់បន្ថយការខូចខាតនៃ DNA របស់កោសិកា និងរក្សាគម្លាតទំនាក់ទំនងរវាងកោសិកា។ លើសពីនេះទៅទៀតវាអាចជួយកាត់បន្ថយដំណើរនៃការរលាកផងដែរ។ ការទទួលទាន Lycopene ប្រចាំថ្ងៃ អាចកាត់បន្ថយការឈឺឆ្អឹង បង្កើនជាតិកាល់ស្យូម B3 និងវីតាមីន A D និង K ចំពោះស្ត្រីក្រោយអស់រដូវ។ដូច្នេះ Lycopene អាចបន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបានទៀតផង។ Lycopene ក៏មានប្រយោជន៍ផងដែរចំពោះជំងឺមហារីកក៏ដូចជាអាចការពារស្បែកប្រឆាំងនឹង UV ដែលជួយកាត់បន្ថយការវិវឌ្ឍនៃភាពជ្រីវជ្រួញរបស់ស្បែកទៀតផង។ 5.  វីតាមីនC សារជាតិប្រឆាំងអុកស៊ីតកម្មជួយកាត់បន្ថយរោគសញ្ញា និងធ្វើឲ្យសុខមាលភាពទូទៅកាន់តែប្រសើរឡើង។ ធាតុប្រឆាំងអុកស៊ីតកម្មដូចជាវីតាមីនCអាចជួយបង្កើនមុខងារផ្នែកសរសៃឈាមចំពោះស្ត្រីក្រោយអស់រដូវដែលមានកង្វះអ័រម៉ូនអឺស្ត្រូសែន។ វីតាមីនC ក៏ដើរតួនាទីក្នុងការសំយោគកូឡេស្តេរ៉ុល ការស្រូបជាតិដែក និងបង្កើនការដឹកនាំរបស់សេលេនីញ៉ូមនៅក្នុងឈាម។ លទ្ធផលលើស្បែកទាក់ទងនឹងកង្វះវីតាមីនC គឺការផលិតមិនបានល្អនៃសារធាតុកូឡាជែនរបស់ស្បែក ដែលច្រើនបង្ហាញឡើងជាដំណើររីកធំ (Enlargement) និងងាប់នៃកោសិកាស្បែកស្រទាប់ខាងលើ (keratosis) របស់គល់រោមដែលជាទូទៅកើតមាននៅលើដើមដៃ ព្រមទាំងភាពរួញនៃរោមដែលត្រូវបានហៅថា corkscrew hairs។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មនុស្សគ្រប់រូបមានបេះដូង ដែលជាសរីរាង្គមួយមានតួនាទីច្របាច់នាំឈាមទៅចិញ្ចឹមគ្រប់ផ្នែកនៃដងខ្លួននៅពេលកន្ត្រាក់ ជាលទ្ធផលឲ្យឈាចេញតាមសរសៃឈាមក្រហម ដែលជាប្រភេទឈាមសម្បូរដោយអុកស៊ីសែន និងសារជាតិចិញ្ចឹម។ ជាក់ស្តែងសារពាង្គកាយទាំងអស់របស់មនុស្ស ត្រូវការជាចាំបាច់នូវសារធាតុ២យ៉ាងនេះ សូម្បីតែបេះដូង និងសរសៃឈាមខ្លួនឯងផ្ទាល់។ នៅពេលផ្នែកផ្សេងៗនៃរាងកាយប្រើប្រាស់អុកស៊ីសែន   និងសារជាតិចិញ្ចឹមអស់ ឈាមក្រហមនឹងក្លាយជាឈាមខ្មៅ ដែលឈាមនេះត្រូវត្រឡប់ឡើងទៅបេះដូង និងទៅសួតវិញ តាមរយៈសរសៃឈាមវ៉ែន។ គ្រប់ផ្នែកនៃសារពាង្គកាយមនុស្សសុទ្ធតែមានសរសៃឈាមវ៉ែន ហើយសរសៃឈាមវ៉ែនដែលងាយទទួលរងការខូចខាតជាងគេ  គឺបណ្តាសរសៃឈាមវ៉ែនដែលនៅនឹងជើង។ ជាទូទៅ សរសៃឈាមវ៉ែននៅនឹងជើងមាន២ជំពូកធំៗរួមមាន៖ •សរសៃឈាមវ៉ែនដែលនៅជ្រៅៗជាប់នឹងឆ្អឹង៖ សរសៃឈាមនេះមិនសូវមានចោទជាបញ្ហាខ្សោយនោះទេ •សរសៃឈាមវ៉ែនដែលនៅនឹងសើស្បែក៖ សរសៃឈាមងាយបណ្តាលឲ្យខ្សោយនិងវិវឌ្ឍទៅជាជំងឺខ្សោយសរសៃឈាមវ៉ែនរ៉ាំរ៉ៃភាគច្រើនបំផុត។ មូលហេតុនៃជំងឺ ធម្មជាតិតម្រូវឲ្យមានកត្តាជាច្រើនដែលឲ្យឈាមអាចឡើងពីជើងត្រឡប់ទៅបេះដូងវិញបាន សំខាន់ជាងគេនោះគឺ ការកន្ត្រាក់របស់សាច់ដុំកំភួនជើង មានន័យថា ធម្មជាតិតម្រូវឲ្យមនុស្សដើរ ដើម្បីឲ្យឈាមឡើងបន្តិចម្តងៗទៅកាន់បេះដូង ដូច្នេះរាល់កត្តាបង្កទាំងអស់ដែលប្រឆាំងនឹងធម្មជាតិកំណត់ខាងលើ នឹងបង្កជាជំងឺខ្សោយសរសៃឈាមវ៉ែនរ៉ាំរ៉ៃ។ កត្តាទាំងនោះរួមមាន ៖ -មនុស្សចាស់  -កត្តាតំណពូជ -អ្នកដំណើរតាមយន្តហោះរយៈពេលយូរ  -អ្នកប្រឈមជាមួយកម្តៅថ្ងៃខ្លាំង  -អ្នកចូលចិត្តស្លៀករឹតខ្លាំងពេក  -អ្នកធ្វើការក្នុងការិយាល័យពុំសូវបានដើរ ឬអ្នកឈរយូរ  -អ្នកចូលចិត្តញ៉ាំអាហារសម្បូរខ្លាញ់  -អ្នកមានបញ្ហាឆ្អឹងជើងដែលគាត់ដើរពុំរួច -អ្នកលើសទម្ងន់  -ស្ត្រីដែលប្រើប្រាស់ថ្នាំពន្យារកំណើត  -ស្ត្រីមានផ្ទៃពោះ  -អ្នកធ្លាប់មានប្រវត្តិកើតជំងឺនេះជាដើម។  តាមការសិក្សាស្រាវជ្រាវ វាជាប្រភេទជំងឺដែលមានការវិវឌ្ឍយឺត មិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតភ្លាមៗនោះទេ ប៉ុន្តែវាបានប៉ះពាល់យ៉ាងខ្លាំងដល់រាងកាយរបស់អ្នកជំងឺរហូតដល់ជាង៥០% ប៉ះពាល់ដល់សង្គម៥០% និងប៉ះពាល់ដល់អារម្មណ៍ធ្ងន់ធ្ងរ។ រោគសញ្ញាជាក់ស្តែង ជំងឺខ្សោយសរសៃឈាមវ៉ែនរ៉ាំរ៉ៃ មិនសូវជាមានរោគសញ្ញាធ្ងន់ធ្ងរទេ អ្នកជំងឺភាគច្រើនអាចមានអារម្មណ៍ហាក់ដូចជាធ្ងន់ៗជើង ចុកក្នុងកំភួនជើង ឬហើមនៅប្រអប់ជើង រមួលក្រពើ រមាស់ ស្ពឹកៗជើងញឹកញាប់។ ជំងឺនេះត្រូវបានបែងចែកជាដំណាក់កាលចាប់ពី០រហូតដល់ដំណាក់កាលទី៦ ដែលដំណាក់កាល០ ជើងគាត់ធម្មតាស្អាតគ្រាន់តែអាចមានសញ្ញាសង្ស័យ   ដំណាក់កាល១អាចមានចេញជាសញ្ញាខៀវៗនៅជើង  ដំណាក់កាល២អាចចេញមកសរសៃអង្កាញ់ៗហើយដំណាក់កាលបន្តទៀតអាចចេញជាដំបៅពិសេសនៅភ្នែកជើង វានឹងមិនជាសះស្បើយទេ ប្រសិនបើមិនធ្វើការវះកាត់យកសរសៃឈាមដែលខូចនោះចេញ។ ការធ្វើរោគវិនិច្ឆ័យ គ្រូពេទ្យនឹងតម្រូវឲ្យអ្នកជំងឺធ្វើអេកូដើម្បីរករោគវិនិច្ឆ័យពីជំងឺខ្សោយសរសៃឈាមវ៉ែននេះ  គ្រាន់តែនៅដំណាក់កាល០ និងដំណាក់កាលទី១ ការធ្វើអេកូមិនអាចមានលទ្ធភាពឃើញនោះទេ ដូច្នេះដើម្បីឲ្យដឹងពិតប្រាកដ  ត្រូវមើលលើទម្លាប់ប្រចាំថ្ងៃ និងការងារក៏ដូចជាមុខរបររបស់ពួកគាត់។ ការធ្វើអេកូបង្ហាញថា ឈាមដែលឡើងទៅហើយរត់ត្រឡប់មកវិញ បង្កឲ្យសរសៃឈាមវិវឌ្ឍជាអង្កាញ់ៗ អាចនឹងទៅជាកកឈាម ពេលនោះគាត់អាចប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ ព្រោះឈាមដែលកកនោះ អាចនឹងរំកិលទៅកាន់សរសៃឈាមជ្រៅៗ រហូតដល់សរសៃឈាមនៅសួត ធ្វើឲ្យស្ទះសរសៃឈាមនៅសួត (Pulmonary Embolism) ដែលអាចប៉ះពាល់ដល់អាយុជីវិតភ្លាមៗ។ វិធីក្នុងការព្យាបាល អ្នកជំងឺខ្សោយសរសៃឈាមវ៉ែនទាមទារ ធ្វើរោគវិនិច្ឆ័យឲ្យបានលឿនបំផុត ពោលគឺតាំងពីដំណាក់កាលដំបូង។  ដោយឡែក វិធីសាស្រ្តក្នុងការព្យាបាលមានច្រើនយ៉ាង៖ •ការព្យាបាលដោយប្រើប្រាស់ថ្នាំសម្រួលឲ្យឈាមឡើងទៅបេះដូង និងសួត បានស្រួល ព្រមទាំងជួយកាត់បន្ថយការវិវឌ្ឍរបស់ជំងឺខ្សោយសរសៃឈាមនេះ។ •ប្រសិនបើដំណាក់កាលខ្សោយនោះចាប់ពីកម្រិតទី២ទៅ ការព្យាបាល គឺអាចធ្វើការវះកាត់ដកសរសៃឈាមនោះចេញ ឬការប្រើកាំរស្មី ឬការចាក់ថ្នាំបញ្ចូលក្នុងសរសៃឈាមដើម្បីឲ្យសរសៃឈាមស្វិតមកវិញ។ •ការព្យាបាលមួយប្រភេទទៀតគឺឲ្យអ្នកជំងឺពាក់ស្រោមជើងដែលផលិតដោយអ្នកជំនាញខាងវេជ្ជសាស្ត្រ។ ស្រោមជើងប្រភេទនេះ អាចពាក់បានសូម្បីតែអ្នកដែលកំពុងមានផ្ទៃពោះ ហើយមានការបែងចែកជាជំពូកផ្សេងៗនៃស្រោមជើងទៅតាមកម្រិតនៃការរឹតរបស់ស្រោមជើង និងដំណាក់កាលនៃជំងឺ។ ការការពារ ដើម្បីចៀសវាងពីជំងឺខ្សោយសរសៃឈាមវ៉ែនរ៉ាំរ៉ៃត្រូវប្តូររបៀបក្នុងការរស់នៅ ហើយកាត់បន្ថយនូវរាល់ហានិភ័យដែលបានរៀបរាប់ខាងលើ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត សុខ ផាង ឯកទេសបេះដូង សរសៃឈាម នៅមជ្ឈមណ្ឌលបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

នៅពេលអ្នកក្លាយជាស្រ្តីមានផ្ទៃពោះហើយ ជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកអាចមានការផ្លាស់ប្តូររួមមាន ត្រូវបន្ថែមនូវការទទួលទានពពួកវីតាមីនចម្រុះ អាហារបំប៉នជាដើម។ ផ្ទុយទៅវិញ ប្រសិនអ្នកចូលចិត្តទទួលស្រា ឬអាហារជប៉ុន (Sushi) នោះអ្នកត្រូវតាំងចិត្តបញ្ឈប់ពួកវាសម្រាប់កូនក្នុងផ្ទៃរបស់អ្នក។ ខាងក្រោមនេះជាវិធីសាស្រ្ត ដើម្បីទប់ស្កាត់នូវផលវិបាក ក៏ដូចជារោគសញ្ញាអវិជ្ជមានផ្សេងៗនៃការមានផ្ទៃពោះ… ១. កាត់បន្ថយសារជាតិកាហ្វេអ៊ីន ប្រសិនបើការទទួលកាហ្វេ ជាជម្រើសទីមួយដែលអ្នកត្រូវការនៅពេលព្រឹក ដើម្បីជាការលើកទឹកចិត្តក្នុងសកម្មភាពប្រចាំថ្ងៃមួយផ្នែកធំរបស់អ្នកនោះ អ្នកត្រូវចាប់ផ្តើមកាត់បន្ថយសារជាតិកាហ្វេអ៊ីន ដោយទទួលទានត្រឹមពាក់កណ្តាលនៃបរិមានដែលអ្នកបានទទួលទានរាល់ដងនៅពេលព្រឹកបានហើយ។ សូមបន្តបន្ថយបរិមាណនោះជាបន្តបន្ទាប់ និងចំពោះអ្នកទទួលទានតែក៏ត្រូវធ្វើដូចគ្នាផងដែរ ដោយហេតុថា សារជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ តែ និងភេសជ្ជៈផ្សេងៗទៀត បានជះឥទ្ធិពលមិនល្អដល់សុខភាពកូនក្នុងផ្ទៃ។ ២. ទទួលទានខ្ញី  ការក្អួតចង្អោរ និងវិលមុខតែងកើតមានចំពោះស្រ្តីមានផ្ទៃពោះ។ ជំនួសឲ្យការទទួលទានផលិតផលសម្រេចអំពីខ្ញីផ្សេងៗ ដូចជា នំរសជាតិខ្ញី ជាដើម លោកអ្នកអាចទទួលទានទឹកតែខ្ញី ដោយគ្រាន់តែដាក់ចំណិតខ្ញីស្រស់ទៅក្នុងទឹកក្តៅដាំពុះជាការស្រេច ព្រោះវាជាឱសថធម្មជាតិមួយល្អ ដែលមិនប៉ះពាល់ដល់កូនក្នុងផ្ទៃរបស់អ្នក ហើយអ្នកក៏អាចទទួលវាដោយជីបម្តងបន្តិចៗពេញមួយថ្ងៃផងដែរ។ ៣. បង្កើតការចងចាំល្អៗ  ជាមួយនឹងសកម្មភាពងាយៗដែលអ្នកអាចធ្វើបានក្នុងការបន្សល់ទុកនូវការចងចាំល្អក្នុងអំឡុងពេលមានផ្ទៃពោះរបស់អ្នក ដោយសាកល្បងកត់ត្រានូវចំណុចកំណត់សម្គាល់ផ្សេងៗ ហើយធ្វើការថតរូបរាងគភ៌របស់អ្នក ជាមួយអ្វីដែលអ្នកបានសរសេរពីលើ ឬអាចសរសេរនៅក្រោយរូបថតក៏បាន។ អ្នកនឹងរីករាយក្នុងការសម្លឹងមើលរូបទាំងនោះនៅពេលក្រោយ។ នេះជាការចងចាំដ៏ល្អមួយសម្រាប់ទុកជូនកូនអ្នកក្រោយពេលដែលគេចាប់កំណើត និងប្រៀបបាននឹងការរឹតចំណងភាពស្និទ្ធស្នាលរវាងអ្នក និងកូនផងដែរ។ ៤. នៅកន្លែងដែលមានក្លិនក្រអូបប្រហើរ  ទំនាក់ទំនងក្លិន និងញាណរបស់ស្ត្រីមានផ្ទៃពោះ គឺមានការទទួលដឹងបានល្អ និងឆាប់រហ័ស។ ជាការពិតណាស់ ក្លិនក្រអូបប្រហើរបានធ្វើឲ្យអារម្មណ៍របស់ស្រ្តីមានការធូរស្រាលពីការធុញថប់ និងមានអារម្មណ៍ស្រស់ស្រាយ។ ហេតុនេះហើយ អ្នកគួរជ្រើសរើសក្លិនផ្កានានាដែលចូលចិត្តមកដាក់ក្នុងបន្ទប់ដេក ឬកន្លែងដែលអ្នកធ្វើការ។ ៦. បំបាត់អាការៈហើមជើង  ការហើមជើង ឬនៅសរីរាង្គនានានៅពេលមានផ្ទៃពោះ ជាអ្វីដែលស្ត្រីស្ទើរគ្រប់រូបបានជួបប្រទះ។ ការសម្រាកឲ្យបានច្រើនតាមដែលអាចធ្វើបានជាការប្រសើរបំផុត។ យ៉ាងណាមិញ អ្នកគួរតែទៅពិនិត្យជាមួយឆ្មប ឬគ្រូពេទ្យរបស់អ្នកឲ្យបានទៀងទាត់ ដើម្បីធ្វើឱ្យប្រាកដថាវាគ្មានអ្វីធ្ងន់ធ្ងរជាងធម្មតា និងមិនមានអ្វីគួរឲ្យបារម្ភ។  ៧. កាត់បន្ថយការរមាស់លើស្បែក  ស្ថានភាពស្បែកក៏មានការផ្លាស់ប្តូរផងដែរចំពោះស្ត្រី មានដូចជាការឡើងក្រហម រមាស់ ឬកន្ទួលអុជៗ។  ការប្រើ Cocoa butter និងប្រេងវីតាមីន E(Vitamin E oil) មកលាបពេញរាងកាយ គឺពិតជាមានប្រសិទ្ធភាពក្នុងការបង្ការ និង គ្រប់គ្រងបញ្ហារមាស់។ បន្ថែមពីលើនេះ អ្នកក៏គួររក្សាសីតុណ្ហភាពត្រជាក់ដោយការស្អំដុំទឹកកក ឬប្រើប្រាស់កង្ហារផងដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖   នាងខ្ញុំអាយុ ២៧ឆ្នាំ រស់នៅខេត្តកណ្តាល។ នាងខ្ញុំចង់ជម្រាបសួរថា ជំងឺរលាកអញ្ចាញធ្មេញ គួរទទួលការព្យាបាលបែបណា និងត្រូវរក្សាអនាម័យយ៉ាងដូចម្តេចខ្លះ? ចម្លើយ ៖  ដំបូងយើងត្រូវដឹងអំពីស្ថានភាពរបស់ការរលាកអញ្ចាញជាមុនសិនថាវាស្ថិតនៅកម្រិត ស្រាល កណ្តាល ឬធ្ងន់ធ្ងរ ដើម្បីធ្វើការព្យាបាលបានត្រឹមត្រូវទៅតាមកម្រិតនីមួយៗជាមួយនឹងទន្តបណ្ឌិតជំនាញ។ ជាទូទៅ ទន្តបណ្ឌិត នឹងធ្វើការសម្អាតយកជាតិកំបោរដែលកប់នៅកធ្មេញ (ដែលជាមូលហេតុនៃការរលាកអញ្ចាញ) ចេញ និងផ្តល់នូវដំបូន្មានផ្សេងៗទាក់ទងនឹងការធ្វើអនាម័យមាត់ធ្មេញ និងប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់។ ការតាមដានក្រោយពីការព្យាបាលសម្រាប់ការរលាកអញ្ចាញក៏សំខាន់ផងដែរ ដែលយ៉ាងហោចណាស់ត្រូវធ្វើឡើងរាល់ ៦ខែម្តង ដើម្បីមើលពីភាពត្រឹមត្រូវនៃការដុសសម្អាតធ្មេញរបស់អ្នកជំងឺ (សម្អេកធ្មេញ) ព្រមទាំងអប់រំបន្ថែមអំពីការធ្វើអនាម័យមាត់ធ្មេញ និងអញ្ចាញបន្ថែមទៀត។ អនាម័យទូទៅសម្រាប់មាត់ធ្មេញគឺការដុសសម្អាតធ្មេញតាមវិធីត្រឹមត្រូវ និងជាប្រចាំ (៣ដងក្នុងមួយថ្ងៃ) ការប្រើសរសៃអំបោះទាក់កាកសំណល់នៅចន្លោះធ្មេញ និងច្រាសតូចៗ (interdental brush) សម្រាប់ដុសនៅចន្លោះធ្មេញជាដើម។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ យិន ស៊ីថន នាយិកាមន្ទីរព្យាបាលធ្មេញ ប្រាយស្មាល និងជាប្រធានគ្រប់គ្រងគ្លីនិកទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top