- Mar 13, 2018 |
- 7 years ago |
- 4.8K views
“ជំងឺមហារីកក្រពេញអូវែ” ជាមូលហេតុមួយនៃការស្លាប់របស់ស្រ្តី
ជំងឺមហារីកក្រពេញអូវែ ជាជំងឺកើតមានជាញឹកញាប់ក្នុងលំដាប់ទី ៨ ដែលជាមូលហេតុនៃការស្លាប់របស់ស្រ្តីក្នុងពិភពលោកក្នុងកម្រិត ៣.៧% នេះបើយោងទៅតាមប្រភព GLOBOCAN ឆ្នាំ ២០១២ ដោយឡែកចំពោះស្រ្តីនៅក្នុងប្រទេសកម្ពុជា ក៏កំពុងប្រឈមទៅនឹងជំងឺស្ថិតក្នុងលេខរៀងទី ៨ ផងដែរ ជាមួយអត្រាការស្លាប់គឺ ៣.៦%។ អ្វីជាមហារីកក្រពេញអូវែ? អូវែ ជាក្រពេញបន្តពូជរបស់ស្រ្តីមួយគូ សម្រាប់ផលិត និងបង្កើតជាអូវុល (ស៊ុត) ក៏ដូចជាអ័រម៉ូនស្រ្តី។ ចំពោះជំងឺមហារីកក្រពេញអូវែ ជាជំងឺដែលកោសិកាអូវែម្ខាង ឬទាំងពីរលូតលាស់ក្នុងលក្ខខណ្ខមិនអាចគ្រប់គ្រងបាន ហើយបង្កជាដុំមហារីក (malignant tumors)។ ភាគច្រើននៃជំងឺ (៩០%) ត្រូវបានបែងចែកជាប្រភេទ“epithelial” ដែលកើតចេញពីផ្ទៃខាងលើនៃអូវែ (ovarian carcinoma)ចំណែកមួយប្រភេទទៀតជំងឺអាចស្តែងចេញមកពីកោសិកាស៊ុត(germ cell tumors) ឬកោសិកាដែលនៅជុំវិញ (Stromal cells tumors)។ មូលហេតុ និងកត្តាប្រឈម សព្វថ្ងៃមូលហេតុជំងឺមហារីកក្រពេញអូវែនៅមិនទាន់ត្រូវបានយល់ច្បាស់នៅឡើយ ដោយគេអាចត្រឹមធ្វើការសន្និដ្ឋានលើកត្តាប្រឈមមួយចំនួនតែប៉ុណ្ណោះ យ៉ាងណា មិញកត្តាប្រឈមនោះនៅមិនមែនជាមូលហេតុពិតប្រាកដជាក់លាក់នោះទេ។ គ្រប់ស្រ្តីទាំងអស់ តែងមានហានិភ័យប្រឈមទៅនឹងជំងឺមហារីកក្រពេញអូវែក្នុងអំឡុងពេលជីវិតរស់នៅហើយចំពោះវត្តមានកត្តាប្រឈមតិចឬច្រើនសុទ្ធតែអាចបង្កើនឱកាសក្នុងការកកើតជាជំងឺ ប៉ុន្តែមិនមែនមានន័យថាជំងឺត្រូវតែកើតមានឡើងនោះទេ ដែលជាហេតុស្រ្តីគ្រប់រូបគួរធ្វើការកត់សម្គាល់ពីរោគសញ្ញាឲ្យបានឆាប់រហ័ស និងឲ្យបានទាន់ពេលវេលា។ •ចំពោះជំងឺមហារីកប្រភេទ Epithelial តែងកើតលើស្រ្តីក្នុងវ័យចំណាស់ក្នុងអត្រាប្រហែល៥០% នៅអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ប៉ុន្តែស្រ្តីក្នុងវ័យក្មេងក៏អាចរងប៉ះពាល់បានដែរ។ •ចំពោះដុំមហារីកបង្កពីស៊ុត (Germ cell tumors) តែងកើតមានជាញឹកញាប់លើស្រ្តីក្នុងវ័យក្មេង។ កត្តាប្រឈមដែលអាចគ្រប់គ្រងបាន 1. ការមានផ្ទៃពោះយឺត 2. ចំនួនកូនដែលស្ត្រីបានផ្តល់កំណើត។ ចំពោះស្រ្តីដែលមិនធ្លាប់ធ្វើការសម្រាលកូនអាចប្រឈមទៅនឹងការកើតជំងឺមហារីកក្រពេញអូវែខ្ពស់ជាង ២ដងបើប្រៀបធៀបទៅនឹងស្រ្តីដែលធ្លាប់ផ្តល់កំណើត។ កត្តាប្រឈមដែលមិនអាចគ្រប់គ្រងបាន 1. កត្តាហ្សែន៖ ប្រវត្តិគ្រួសារដែលមានជំងឺមហារីកក្រពេញអូវែ ឬមហារីកសុដន់ ដោយអ្នកជំងឺ ១០% ត្រូវបានរកឃើញមានវត្តមានការប្រែប្រួលហ្សែនពីកំណើតដែលជាដើមចមនៃជំងឺមហារីកក្រពេញអូវែ។ 2. មានប្រវត្តិផ្ទាល់ខ្លួនចំពោះជំងឺមហារីកសុដន់ក្រពេញអូវែ ស្បូន ឬមហារីកពោះវៀនធំ 3. វ័យចំណាស់ 4. ការចាប់ផ្តើមវដ្តរដូវក្នុងវ័យក្មេងពេក 5. វ័យក្រោយអស់រដូវយឺត 6. មិនអាចបង្កកំណើតបាន 7. កោសិកាស្បូនដុះមិនធម្មតា (Endometriosis) 8. ជាតិសាសន៍៖ ស្រ្តីស្បែកសមានហានិភ័យខ្ពស់ប្រឈមទៅនឹងជំងឺក្នុងកម្រិត ៣០% ទៅ៤០% ច្រើនជាងស្រ្តីដែលមានស្បែកខ្មៅ។ ដំណាក់កាលនៃជំងឺ ជំងឺមហារីកក្រពេញអូវែត្រូវបានចែកចេញជា ៤ដំណាក់កាល៖ •ដំណាក់កាលទី I៖ មហារីក ស្ថិតក្នុងសភាពមានកម្រិតលើក្រពេញអូវែម្ខាង ឬសងខាង •ដំណាក់កាលទី II៖ មហារីកបានរាលដាលចេញក្រៅក្រពេញអូវែ និងលូតលាស់ទៅកាន់អាងត្រគាក •ដំណាក់កាលទី III៖ មហារីកបានរាលដាលចេញពីអាងត្រគាក និងអាចស្តែងចេញនៅក្នុងប្រព័ន្ធទឹករងៃផ្នែកខាងលើនៃពោះ •ដំណាក់កាលទី IV៖ មហារីកបានរាលដាលដល់សរីរាង្គដែលនៅឆ្ងាយ ដូចជានៅក្នុងថ្លើម និងសួត។ រោគសញ្ញានៃជំងឺ ជំងឺមហារីកក្រពេញអូវែក្នុងកម្រិតដំបូង កម្រនឹងស្តែងចេញជារោគសញ្ញា ដែលរោគសញ្ញាទាំងនោះតែងកើតឡើងនៅពេលជំងឺឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ រោគសញ្ញា និងសញ្ញាណនៃជំងឺមហារីកក្រពេញអូវែ អាចបង្កភាពភ័ន្តច្រឡំទៅនឹងបម្រែបម្រួលនៃរាងកាយ (ការប្រែប្រួល ដោយសារវ័យចំណាស់ របបអាហារ ឥទ្ធិពលនៃវ័យក្រោយអស់រដូវ ។ល។) ដែលធ្វើឲ្យការពិនិត្យនៅដំណាក់កាលដំបូងអាចនឹងមានភាពពិបាក។ រោគសញ្ញានៃជំងឺមហារីកក្រពេញអូវែរួមមាន៖ 1. សម្ពាធនៅពោះ ហើម ឬតឹងពោះ 2. ឈឺចាប់នៅតំបន់អាងត្រគាក 3. ពិបាករំលាយអាហារជាប្រចាំ បញ្ហាក្រពះ មានខ្យល់ ឬចង្អោរ 4. ប្រែប្រួលការបន្ទោរបង់ (ទល់លាមក) 5. បត់ជើងតូចញឹកញាប់ 6. មិនសូវឃ្លាន ឬឆាប់ឆ្អែត 7. ស្រកទម្ងន់ 8. វដ្តរដូវប្រែប្រួល 9. ឈឺខ្នង 10. ចុះខ្សោយ។ ក្នុងករណីរោគសញ្ញាដែលមិនអាចពន្យល់បានកើតមានសឹងតែរៀងរាល់ថ្ងៃអស់រយៈពេល ២ទៅ ៣សប្តាហ៍ វាអាចជាប់ពាក់ព័ន្ធទៅនឹងមូលហេតុដែលចាំបាច់ត្រូវតែយកចិត្តទុកដាក់ និងស្វែងរកការប្រឹក្សាជាមួយអ្នកជំនាញឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេងនិងមហារីកទូទៅ ដែលសព្វថ្ងៃជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share
