Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

នៅពេលអ្នកក្លាយជាស្រ្តីមានផ្ទៃពោះហើយ ជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកអាចមានការផ្លាស់ប្តូររួមមាន ត្រូវបន្ថែមនូវការទទួលទានពពួកវីតាមីនចម្រុះ អាហារបំប៉នជាដើម។ ផ្ទុយទៅវិញ ប្រសិនអ្នកចូលចិត្តទទួលស្រា ឬអាហារជប៉ុន (Sushi) នោះអ្នកត្រូវតាំងចិត្តបញ្ឈប់ពួកវាសម្រាប់កូនក្នុងផ្ទៃរបស់អ្នក។ ខាងក្រោមនេះជាវិធីសាស្រ្ត ដើម្បីទប់ស្កាត់នូវផលវិបាក ក៏ដូចជារោគសញ្ញាអវិជ្ជមានផ្សេងៗនៃការមានផ្ទៃពោះ… ១. កាត់បន្ថយសារជាតិកាហ្វេអ៊ីន ប្រសិនបើការទទួលកាហ្វេ ជាជម្រើសទីមួយដែលអ្នកត្រូវការនៅពេលព្រឹក ដើម្បីជាការលើកទឹកចិត្តក្នុងសកម្មភាពប្រចាំថ្ងៃមួយផ្នែកធំរបស់អ្នកនោះ អ្នកត្រូវចាប់ផ្តើមកាត់បន្ថយសារជាតិកាហ្វេអ៊ីន ដោយទទួលទានត្រឹមពាក់កណ្តាលនៃបរិមានដែលអ្នកបានទទួលទានរាល់ដងនៅពេលព្រឹកបានហើយ។ សូមបន្តបន្ថយបរិមាណនោះជាបន្តបន្ទាប់ និងចំពោះអ្នកទទួលទានតែក៏ត្រូវធ្វើដូចគ្នាផងដែរ ដោយហេតុថា សារជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ តែ និងភេសជ្ជៈផ្សេងៗទៀត បានជះឥទ្ធិពលមិនល្អដល់សុខភាពកូនក្នុងផ្ទៃ។ ២. ទទួលទានខ្ញី  ការក្អួតចង្អោរ និងវិលមុខតែងកើតមានចំពោះស្រ្តីមានផ្ទៃពោះ។ ជំនួសឲ្យការទទួលទានផលិតផលសម្រេចអំពីខ្ញីផ្សេងៗ ដូចជា នំរសជាតិខ្ញី ជាដើម លោកអ្នកអាចទទួលទានទឹកតែខ្ញី ដោយគ្រាន់តែដាក់ចំណិតខ្ញីស្រស់ទៅក្នុងទឹកក្តៅដាំពុះជាការស្រេច ព្រោះវាជាឱសថធម្មជាតិមួយល្អ ដែលមិនប៉ះពាល់ដល់កូនក្នុងផ្ទៃរបស់អ្នក ហើយអ្នកក៏អាចទទួលវាដោយជីបម្តងបន្តិចៗពេញមួយថ្ងៃផងដែរ។ ៣. បង្កើតការចងចាំល្អៗ  ជាមួយនឹងសកម្មភាពងាយៗដែលអ្នកអាចធ្វើបានក្នុងការបន្សល់ទុកនូវការចងចាំល្អក្នុងអំឡុងពេលមានផ្ទៃពោះរបស់អ្នក ដោយសាកល្បងកត់ត្រានូវចំណុចកំណត់សម្គាល់ផ្សេងៗ ហើយធ្វើការថតរូបរាងគភ៌របស់អ្នក ជាមួយអ្វីដែលអ្នកបានសរសេរពីលើ ឬអាចសរសេរនៅក្រោយរូបថតក៏បាន។ អ្នកនឹងរីករាយក្នុងការសម្លឹងមើលរូបទាំងនោះនៅពេលក្រោយ។ នេះជាការចងចាំដ៏ល្អមួយសម្រាប់ទុកជូនកូនអ្នកក្រោយពេលដែលគេចាប់កំណើត និងប្រៀបបាននឹងការរឹតចំណងភាពស្និទ្ធស្នាលរវាងអ្នក និងកូនផងដែរ។ ៤. នៅកន្លែងដែលមានក្លិនក្រអូបប្រហើរ  ទំនាក់ទំនងក្លិន និងញាណរបស់ស្ត្រីមានផ្ទៃពោះ គឺមានការទទួលដឹងបានល្អ និងឆាប់រហ័ស។ ជាការពិតណាស់ ក្លិនក្រអូបប្រហើរបានធ្វើឲ្យអារម្មណ៍របស់ស្រ្តីមានការធូរស្រាលពីការធុញថប់ និងមានអារម្មណ៍ស្រស់ស្រាយ។ ហេតុនេះហើយ អ្នកគួរជ្រើសរើសក្លិនផ្កានានាដែលចូលចិត្តមកដាក់ក្នុងបន្ទប់ដេក ឬកន្លែងដែលអ្នកធ្វើការ។ ៦. បំបាត់អាការៈហើមជើង  ការហើមជើង ឬនៅសរីរាង្គនានានៅពេលមានផ្ទៃពោះ ជាអ្វីដែលស្ត្រីស្ទើរគ្រប់រូបបានជួបប្រទះ។ ការសម្រាកឲ្យបានច្រើនតាមដែលអាចធ្វើបានជាការប្រសើរបំផុត។ យ៉ាងណាមិញ អ្នកគួរតែទៅពិនិត្យជាមួយឆ្មប ឬគ្រូពេទ្យរបស់អ្នកឲ្យបានទៀងទាត់ ដើម្បីធ្វើឱ្យប្រាកដថាវាគ្មានអ្វីធ្ងន់ធ្ងរជាងធម្មតា និងមិនមានអ្វីគួរឲ្យបារម្ភ។  ៧. កាត់បន្ថយការរមាស់លើស្បែក  ស្ថានភាពស្បែកក៏មានការផ្លាស់ប្តូរផងដែរចំពោះស្ត្រី មានដូចជាការឡើងក្រហម រមាស់ ឬកន្ទួលអុជៗ។  ការប្រើ Cocoa butter និងប្រេងវីតាមីន E(Vitamin E oil) មកលាបពេញរាងកាយ គឺពិតជាមានប្រសិទ្ធភាពក្នុងការបង្ការ និង គ្រប់គ្រងបញ្ហារមាស់។ បន្ថែមពីលើនេះ អ្នកក៏គួររក្សាសីតុណ្ហភាពត្រជាក់ដោយការស្អំដុំទឹកកក ឬប្រើប្រាស់កង្ហារផងដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖   នាងខ្ញុំអាយុ ២៧ឆ្នាំ រស់នៅខេត្តកណ្តាល។ នាងខ្ញុំចង់ជម្រាបសួរថា ជំងឺរលាកអញ្ចាញធ្មេញ គួរទទួលការព្យាបាលបែបណា និងត្រូវរក្សាអនាម័យយ៉ាងដូចម្តេចខ្លះ? ចម្លើយ ៖  ដំបូងយើងត្រូវដឹងអំពីស្ថានភាពរបស់ការរលាកអញ្ចាញជាមុនសិនថាវាស្ថិតនៅកម្រិត ស្រាល កណ្តាល ឬធ្ងន់ធ្ងរ ដើម្បីធ្វើការព្យាបាលបានត្រឹមត្រូវទៅតាមកម្រិតនីមួយៗជាមួយនឹងទន្តបណ្ឌិតជំនាញ។ ជាទូទៅ ទន្តបណ្ឌិត នឹងធ្វើការសម្អាតយកជាតិកំបោរដែលកប់នៅកធ្មេញ (ដែលជាមូលហេតុនៃការរលាកអញ្ចាញ) ចេញ និងផ្តល់នូវដំបូន្មានផ្សេងៗទាក់ទងនឹងការធ្វើអនាម័យមាត់ធ្មេញ និងប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់។ ការតាមដានក្រោយពីការព្យាបាលសម្រាប់ការរលាកអញ្ចាញក៏សំខាន់ផងដែរ ដែលយ៉ាងហោចណាស់ត្រូវធ្វើឡើងរាល់ ៦ខែម្តង ដើម្បីមើលពីភាពត្រឹមត្រូវនៃការដុសសម្អាតធ្មេញរបស់អ្នកជំងឺ (សម្អេកធ្មេញ) ព្រមទាំងអប់រំបន្ថែមអំពីការធ្វើអនាម័យមាត់ធ្មេញ និងអញ្ចាញបន្ថែមទៀត។ អនាម័យទូទៅសម្រាប់មាត់ធ្មេញគឺការដុសសម្អាតធ្មេញតាមវិធីត្រឹមត្រូវ និងជាប្រចាំ (៣ដងក្នុងមួយថ្ងៃ) ការប្រើសរសៃអំបោះទាក់កាកសំណល់នៅចន្លោះធ្មេញ និងច្រាសតូចៗ (interdental brush) សម្រាប់ដុសនៅចន្លោះធ្មេញជាដើម។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ យិន ស៊ីថន នាយិកាមន្ទីរព្យាបាលធ្មេញ ប្រាយស្មាល និងជាប្រធានគ្រប់គ្រងគ្លីនិកទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺលើសសម្ពាធឈាមជាការធ្វើរោគវិនិច្ឆ័យ  ផ្អែកលើការវាស់សម្ពាធឈាមយ៉ាងតិចពីរដងក្នុងមួយសប្ដាហ៍ដោយវេជ្ជបណ្ឌិត រកឃើញថាបុគ្គលនោះមានសម្ពាធឈាមខាងលើ (Systolic blood pressure) ធំជាង ឬស្មើ១៤០មីលីម៉ែត្របារ៉ត និងសម្ពាធឈាមខាងក្រោម (Diastolic blood pressure) ធំជាង ឬស្មើ៩០មីលីម៉ែ្រតបារ៉ត។ លើសសម្ពាធឈាម ត្រូវបានចែកចេញជាពីរប្រភេទគឺ Primary ឬ Essential hypertension និង Secondary hypertension ដែលជាការលើសសម្ពាធឈាមបង្កពីជំងឺផ្សេងៗ។ មូលហេតុនិងកត្តាប្រឈម រហូតមកដល់បច្ចុប្បន្ន មិនទាន់អាចកំណត់បាននូវមូលហេតុច្បាស់លាស់ ដែលបណ្ដាលឲ្យមានជំងឺនេះឡើយ។ ប៉ុន្តែមានកត្តារួមផ្សំមួយចំនួន អាចជាហានិភ័យខ្ពស់ក្នុងការបង្កឲ្យមានជាជំងឺលើសឈាម ដូចជា ការជក់បារី ការលើសទម្ងន់ មិនសូវធ្វើលំហាត់ប្រាណការទទួលទានអាហារប្រៃ និងគ្រឿងស្រវឹងញឹកញាប់ច្រើនស្ត្រេស មនុស្សចាស់ ឬមានតំណពូជ។ ក្រៅពីនេះ វាអាចកើតឡើងជាជំងឺបន្ទាប់បន្សំពីជំងឺផ្សេងទៀតរួមមាន ជំងឺទឹកនោមផ្អែម ខ្សោយបេះដូង លើសជាតិខ្លាញ់ ឬខ្សោយតម្រងនោម ជាដើម។ រោគសញ្ញាសង្ស័យនៃជំងឺ ជាទូទៅ អ្នកជំងឺលើសសម្ពាធឈាមមួយភាគធំក្នុងដំណាក់កាលដំបូង ពុំមានស្ដែងចេញនូវរោគសញ្ញាជាក់លាក់ណាមួយឡើយដែលគេអាចហៅជំងឺនេះថាជា «ឃាតកលាក់មុខ»។ ប៉ុន្តែ ក្នុងនោះក៏មានអ្នកជំងឺមួយចំនួនអាចមានអាការៈផ្សេងៗដូចជាឈឺក្បាល ថប់ទ្រូង រួយកញ្ជឹងក ហ៊ឹងត្រចៀក បែកញើស និងឈាម ច្រមុះជាញឹកញាប់ ដែលអាចឲ្យអ្នកជំងឺចាប់អារម្មណ៍ថាខ្លួនមានជំងឺលើសសម្ពាធឈាម។   ការធ្វើរោគវិនិច្ឆ័យសមស្រប ជាក់ស្តែង ដោយសារជំងឺលើសសម្ពាធឈាមមិនមាននូវរោគសញ្ញាជាក់លាក់ណាមួយនោះឡើយ ដូចនេះការធ្វើរោគវិនិច្ឆ័យភាគច្រើនប្រទះឃើញនៅពេលដែលអ្នកជំងឺមកធ្វើការពិនិត្យសុខភាពទូទៅ។ គួរបញ្ជាក់ថា ការវាស់សម្ពាធឈាមលើកដំបូងមិនអាចកំណត់នូវរោគវិនិច្ឆ័យបានទេ ព្រោះពេលខ្លះអ្នកជំងឺអាចឡើងសម្ពាធឈាមដោយសារជួបគ្រូពេទ្យ ដែលគេហៅថា «White coathypertension»។ ការកំណត់រោគវិនិច្ឆ័យសមស្របធ្វើឡើងដោយការវាស់សម្ពាធឈាមរបស់អ្នកជំងឺឲ្យបានយ៉ាងតិចពីរដងក្នុងមួយសប្ដាហ៍ ឬឲ្យអ្នកជំងឺតាមដានសម្ពាធឈាមនៅផ្ទះដោយខ្លួនឯង ដោយប្រើប្រាស់ឧបករណ៍វាស់សម្ពាធឈាម២៤ម៉ោង ពេលថ្ងៃម៉ាស៊ីនវាស់រៀងរាល់មួយម៉ោងម្ដង និងពេលយប់វាស់រាល់២ម៉ោងម្តង (24h Blood Pressure Monitor) ទើបអាចកំណត់នូវរោគវិនិច្ឆ័យច្បាស់​លាស់បាន។ ការព្យាបាលត្រឹមត្រូវ អ្នកជំងឺត្រូវបានណែនាំឲ្យទទួលការព្យាបាលតាមដានឲ្យបានត្រឹមត្រូវ និងលេបថ្នាំឲ្យបានទៀងទាត់។ ក្រៅពីនេះ ត្រូវកែតម្រូវនូវរបបអាហារប្រចាំថ្ងៃ ដូចជា ការតមប្រៃ ការធ្វើលំហាត់ប្រាណជាប្រចាំ និងកាត់បន្ថយនូវកត្តាហានិភ័យផ្សេងៗ។ ដោយឡែក សម្រាប់អ្នកដែលស្ថិតក្នុងការប្រឈម ឬត្រៀមនឹងកើតមានជំងឺនេះ ពុំចាំបាច់ប្រើប្រាស់ថ្នាំលើសសម្ពាធឈាមឡើយគ្រាន់តែកែប្រែរបបអាហារ និងហាត់ប្រាណឲ្យបានត្រឹមត្រូ វពេលខ្លះសម្ពាធឈាមរបស់គាត់អាចនឹងត្រឡប់មកសភាពធម្មតាវិញ។ ផលវិបាកទៅអនាគត ក៏ព្រោះតែជំងឺនេះអាចសម្លាប់មនុស្សដោយពុំដឹងខ្លួន ដូចនេះ ប្រសិនបើមិនមានការព្យាបាល ត្រឹមត្រូវ វាអាចស្ដែងចេញជាផលវិបាកធំៗមួយចំនួនដូចជា ជំងឺគាំងបេះដូង  ខ្សោយបេះដូង ដាច់សរសៃឬស្ទះសរសៃឈាមខួរក្បាល ហើយបើមានការលើសសម្ពាធឈាមរយៈពេលយូរ វានឹងបង្កឲ្យមានជំងឺស្ទះសរសៃឈាម ខ្សោយតម្រងនោម និងប៉ះពាល់ដល់ភ្នែកជាដើម។ ការការពារជំងឺលើសសម្ពាធឈាម បុគ្គលគ្រប់រូបគួរគប្បីបញ្ចៀសខ្លួនពីកត្តាប្រឈមដូចបានរៀបរាប់ខាងលើ ដោយផ្លាស់ប្តូរទម្លាប់នៃការពិសាអាហារប្រៃ មកសាបបន្តិចវិញបន្ថយ ឬបញ្ឈប់ការទទួលទានគ្រឿងស្រវឹង កាត់បន្ថយស្ត្រេស សម្រកទម្ងន់ និងធ្វើលំហាត់ប្រាណ យ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃ និង៥ថ្ងៃក្នុងមួយសប្តាហ៍។ អ្នកជំងឺលើសសម្ពាធឈាមទាំងអស់ត្រូវពិនិត្យ និងតាមដានជាប្រចាំតាមការណាត់ជួបរបស់គ្រូពេទ្យឯកទេស ក៏ដូចជាលេបថ្នាំឲ្យបានទៀងទាត់។  បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ច័ន្ទ សុខា ឯកទេសបេះដូង និងសរសៃឈាម នៃមន្ទីរពេទ្យកាល់ម៉ែត ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អ្វីជាជំងឺស្ទះសរសៃឈាមសួត? ជំងឺស្ទះសរសៃឈាមសួត គឺជាជំងឺដែលកើតឡើងដោយការស្ទះនៃផ្នែកណាមួយ ឬមែកធាងណាមួយរបស់សរសៃឈាមសួតដែលជាសរសៃឈាមមានមុខងារសម្រាប់នាំឈាមខ្មៅចេញពីថតបេះដូងខាងស្ដាំចូលទៅក្នុងសួត ដើម្បីធ្វើបណ្ដូរឧស្ម័ន។ មូលហេតុបង្ក ជាទូទៅ ជំងឺស្ទះសរសៃឈាមសួត បង្កឡើងដោយមូលហេតុធំៗមួយចំនួន រួមមាន៖ •ផលវិបាកនៃជំងឺរលាកសរសៃឈាមខ្មៅនៅជើង ឬហៅថា Deep venous thrombosis •ផលវិបាកដែលកើតឡើងក្រោយការវះកាត់ ជាពិសេសទៅលើការវះកាត់ជើង ត្រគាក ឬបាក់បែកឆ្អឹង •អ្នកជំងឺរ៉ាំរ៉ៃដែលគេងលើគ្រែ ឬកន្ទេលយូរ(bedridden patient ) បង្កឲ្យកើតមានជាកំណកឈាម រួចកំណកឈាមនោះអណ្ដែតចូលទៅក្នុងសួត •កើតឡើងក្រោយការសម្រាលកូន ទាំងការសម្រាលតាមបែបធម្មជាតិ ឬវះកាត់ •អ្នកដែលមានជំងឺមហារីក •អ្នកជំងឺដែលមានបញ្ហាកំណកឈាមពីកំណើត។ កត្តាប្រឈម មនុស្សមួយចំនួនអាចនឹងប្រឈម ប្រសិនបើគាត់៖ •ជក់បារី •ធាត់លើសទម្ងន់ •អ្នកពុំសូវធ្វើពលកម្ម ឬកីឡា •ទទួលទានសុរាច្រើន •ធ្វើដំណើរផ្លូវឆ្ងាយ ឬប្រើរយៈពេលអង្គុយយូរលើសពី៤ម៉ោង •មានតំណពូជ នៃជំងឺនេះ។ រោគសញ្ញា អ្នកជំងឺស្ទះសរសៃឈាមសួតអាចនឹងមានរោគសញ្ញាដូចជាហត់ភ្លាមៗ ចុកទ្រូង បេះដូងដើរញាប់ខុសប្រក្រតី អាចមានក្អកធ្លាក់ឈាម និងមានអាការៈដូចជាខ្យល់ចាប់ ងងឹតមុខ ឬឈានដល់ការសន្លប់បាត់ស្មារតីតែម្ដង។ ការធ្វើរោគវិនិច្ឆ័យ ក្រៅពីរោគសញ្ញាគ្លីនិកខាងលើ ការធ្វើរោគវិនិច្ឆ័យក៏ត្រូវពឹងផ្អែកទៅលើតេស្ដអមវេជ្ជសាស្ត្រមួយចំនួនដូចជា ការវាស់អគ្គីសនីបេះដូង (ECG) អេកូបេះដូងដែលបង្ហាញពីការរីកធំ ឬប៉ោងឡើង នៃថតបេះដូងខាងស្ដាំ រួមជាមួយការកើនឡើងនៃសម្ពាធឈាមសួត។ ការធ្វើអេកូសរសៃឈាមដែលអាចឲ្យឃើញពីការរលាក ឬស្ទះសរសៃឈាមខ្មៅជាពិសេសនៅជើង។ ពិនិត្យឈាមមើលទៅលើសម្ពាធខ្យល់ក្នុងសួត (Arterial Blood Gas) និងអង់ស៊ីមម៉្យាងឈ្មោះថា ដេឌីមែរ (D-Dimer enzyme) ដែលការកើនឡើងនៃអង់ស៊ីមនេះនាំឲ្យមានការសង្ស័យខ្ពស់ទៅលើជំងឺស្ទះសរសៃឈាមសួត ការថតសួត (Chest X-ray) សំខាន់លើសពីនេះ រូបភាពវេជ្ជសាស្រ្ដ ស៊ីធីស្គេន (CT-scan) គឺជាមធ្យោបាយបញ្ជាក់នូវរោគវិនិច្ឆ័យយ៉ាងជាក់លាក់បំផុត។  ការព្យាបាល ការព្យាបាលតម្រូវឲ្យអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ ដោយគ្រូពេទ្យនឹងប្រើប្រាស់ឱសថប្រភេទជាថ្នាំចាក់ និងថ្នាំគ្រាប់ពង្រាវឈាម ក៏ដូចជារំលាយកំណកឈាមដែលស្ទះនោះ។ អំឡុងពេលនៃការព្យាបាល អ្នកជំងឺត្រូវបានហាមមិនឲ្យងើប ឈរ ឬ ដើរ រហូតដល់គ្រូពេទ្យបញ្ជាក់ថាឈាមរាវល្អ ទើបអាចធ្វើចលនាបាន។ បន្ទាប់ពីចេញពីមន្ទីរពេទ្យ អ្នកជំងឺត្រូវបន្តប្រើប្រាស់ថ្នាំគ្រាប់ពង្រាវឈាមឲ្យបានទៀងទាត់ជាចាំបាច់គ្រប់រយៈពេល៦ខែ និងត្រឡប់មកតាមដានតាមការណាត់ជួបរបស់គ្រូពេទ្យ។ ប្រសិនបើមានការកើតសារជាថ្មីឡើងវិញ បន្ទាប់ពីការកើតលើកទីមួយអ្នកជំងឺនឹងត្រូវប្រើប្រាស់ថ្នាំមួយជីវិត។ ផលវិបាក ជំងឺស្ទះសរសៃឈាមសួត ត្រូវបានចែកចេញជាពីរកម្រិត៖ •កម្រិតធ្ងន់ (Massive pulmonary embolism) អ្នកជំងឺមានអត្រាស្លាប់ខ្ពស់ ។ •កម្រិតមធ្យម ឬ តិចតួច ភាពជោគជ័យនៃការព្យាបាល មានច្រើន ប៉ុន្តែ ដោយឡែកក្នុងករណីដែលអ្នកជំងឺមិនបានតាមដាន ឬទទួលការពិនិត្យត្រឹមត្រូវ វាអាចនឹងវិវឌ្ឍទៅរកការស្ទះសរសៃឈាមធ្ងន់ធ្ងរ ឫ ការខ្សោយបេះដូងផ្នែកខាងស្ដាំជាអចិន្ត្រៃយ៍ ឬការស្ទះសរសៃឈាមសួតរ៉ាំរ៉ៃដែលបណ្ដាលឲ្យមានការកើនឡើងសម្ពាធឈាមក្នុងសួតជាអចិន្ត្រៃយ៍ ( post embolic -pulmonary hypertension)។ វិធីបង្ការ វិធីសាស្រ្ដក្នុងការការពារ គឺគួរគប្បីលុបបំបាត់នូវកត្តាប្រឈម តួយ៉ាងដូចជា បញ្ឈប់ការជក់បារី ឬទទួលទានសុរា គ្រប់គ្រងលើតុល្យភាពទម្ងន់ក៏ដូចជាហាត់ប្រាណឲ្យបានទៀងទាត់ ត្រូវងើបធ្វើចលនារាល់ពីរទៅបួនម៉ោងម្ដង  ក្នុងពេលធ្វើដំណើរផ្លូវឆ្ងាយ រីឯអ្នកដែលទើបវះកាត់រួច ឫអ្នកមានជំងឺរុំារ៉ៃគេងនៅកន្ទេល (bedridden patient) គ្រូពេទ្យគួរឲ្យប្រើប្រាស់នូវថ្នាំការពារកំណកឈាម ។   សុខភាព ជារឿងសំខាន់ ដូចនេះ សូមធ្វើការថែរក្សាសុខភាព ដោយធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ កាត់បន្ថយការទទួលទានគ្រឿងស្រវឹង និងងាកមករករបបអាហារសុខភាពវិញ។ បើមានបញ្ហាសុខភាពណាមួយខុសប្រក្រតី គួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលខ្លួនទុកចិត្ត   មុនពេលដែលស្ថានភាពជំងឺវិវឌ្ឍទៅរកសភាពធ្ងន់ធ្ងរ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត  ពិត សារដ្ឋ ឯកទេសផ្នែកជំងឺបេះដូង និងសរសៃឈាមបម្រើការនៅមជ្ឈមណ្ឌលបេះដូងមន្ទីរពេទ្យកាល់ម៉ែត ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សេវាកម្មសុខាភិបាលនៅកម្ពុជា ត្រូវបានប្រជាជនកម្ពុជាជាច្រើនមើលរំលង ពោលគឺអ្នកមធ្យមទៅស្វែងរកការព្យាបាលនៅប្រទេសវៀតណាម ឬប្រទេសថៃ រីឯអ្នកមានជីវភាពធូរធារព្យាបាលនៅសិង្ហបុរី និងប្រទេសជាច្រើនផ្សេងៗទៀត ដោយភាគច្រើនគិតថាសេវាកម្មសុខាភិបាលនៅប្រទេសកម្ពុជានៅមានកម្រិត ទាំងសមត្ថភាពវេជ្ជបណ្ឌិត ទាំងបច្ចេកវិទ្យា ទាំងសេវាកម្ម។ យើងតែងតែលឺការរអ៊ូរទាំនេះនោះទាក់ទងនឹងសេវាកម្មមួយនេះ សំណួរសួរថា «តើស្ថានភាពសេវាកម្មសុខាភិបាលនៅកម្ពុជាដើរដល់កម្រិតណាហើយ? ការអះអាងខាងលើ មានភាពពិតជាក់ស្តែងប៉ុណ្ណាដែរ?» ព័ត៌មានល្អមិនសូវមានអ្នកចាប់អារម្មណ៍ ពេលមានបញ្ហាគ្រប់គ្នានាំគ្នាចែករំលែក បន្ថែមមតិយោបល់មិនចេះចប់ ទាំងនេះបានកើតឡើងស្ទើរតែជាទម្លាប់ទៅហើយ មិនមែនតែចំពោះតែក្នុងវិស័យសុខាភិបាលប៉ុណ្ណោះទេ។ ព្យបាលបានល្អមិនសូវមានអ្នកសរសើរ ពេលមានបញ្ហាម្នាក់ៗនាំគ្នាបន្ទោស ទាំងពេលខ្លះរឿងហេតុនៅមិនទាន់ដឹងច្បាស់នៅឡើយ។ តើមានប្រជាជនកម្ពុជាប៉ុន្មាននាក់ ដែលដឹងថាសេវាព្យាបាលរបស់គ្រូពេទ្យណា គ្លីនិកណា មន្ទីរពេទ្យណាដែលល្អ សម្រាប់ឯកទេសនីមួយៗ? តើប្រជាជនកម្ពុជាប៉ុន្មាននាក់បានឆ្លងកាត់ការព្យាបាលល្អពីគ្រូពេទ្យទាំងនោះ? តើមានប៉ុន្មាននាក់ដែលធ្លាប់ចែករំលែក លើកទឹកចិត្ត សរសើរសេវាកម្មទាំងនោះ? ជាការពិតណាស់ មនុស្សមានល្អ មានអាក្រក់ ក្នុងវិស័យណាក៏ដោយមិនថាក្នុងប្រទេសឬក្រៅប្រទេស តែងមានល្អ មធ្យម និងខ្សោយ ដូចគ្នានឹងសេវាកម្មសុខាភិបាលនៅកម្ពុជាផងដែរ។ កន្លងមក តើអ្នកប្រើមធ្យោបាយអ្វីខ្លះដើម្បីសម្រេចថាគួរទៅព្យាបាលនៅកន្លែងណាមួយ? តើសេវាកម្មសុខាភិបាលនៅកម្ពុជាពិតជាអន់មែន ឬអ្នកមិនដែលដឹង មិនដែលស្គាល់ មិនដែលព្យាយាមស្វែងយល់ពីព័ត៌មានសុខភាពនានា? ជាទូទៅ ការសួរមិត្តភក្តិ បងប្អូន តែងតែជាជម្រើសទី១ ពេលអ្នកមានអាការៈផ្សេងៗ ហើយក៏ជាជម្រើសទី១ ក្នុងការសម្រេចចិត្តថាគួរទៅណាដើម្បីពិគ្រោះ និងព្យាបាលផងដែរ។ ជារឿយៗ យើងសង្កេតឃើញថា ដោយប្រជាជនខ្មែរមិនសូវស្គាល់ពីសេវាព្យាបាលនៅស្រុកខ្មែរ អមជាមួយនឹងព័ត៌មានទាក់ទងនឹងបញ្ហាពេទ្យនៅស្រុកខ្មែរជាច្រើនដែលបានចែកចាយពាសពេញបណ្តាញសង្គម ធ្វើឲ្យភាគច្រើនណែនាំទៅព្យាបាលនៅបរទេស ហើយបរិបទកាន់តែមានសន្ទុះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យប្រជាជនកម្ពុជាប្រាក់ជាច្រើនសម្រាប់ការព្យាបាលនៅបរទេស បើទោះបីជាជំងឺមួយចំនួនធំអាចទទួលការព្យាបាលនៅកម្ពុជាក៏ដោយ។ តើស្ថានការណ៍នឹងវិវឌ្ឍដល់កម្រិតណាទៀត? គ្រូពេទ្យល្អៗ គ្លីនិកល្អៗ មន្ទីរពេទ្យល្អៗ គួរតែទទួលបានការទទួលស្គាល់ ការកោតសរសើរពីប្រជាជនខ្លួន ហើយប្រជាជនខ្មែរគួរតែចូលរួមក្នុងបេសកកម្មមួយនេះ តាមរយៈការចូលរួមដាក់ពិន្ទុ និងចែករំលែកបទពិសោធល្អ អាក្រក់ផ្សេងៗ ដែលទទួលបានពីសេវាព្យាបាលនៅកម្ពុជា ដើម្បីអាចឲ្យប្រជាជនខ្មែរផ្សេងៗទៀតងាយស្រួលក្នុងការសម្រេចចិត្តជ្រើសរើសសេវាព្យាបាលដែលល្អនៅប្រទេសរបស់ខ្លួន។ ម្យ៉ាងទៀត ប្រជាជនខ្មែរក៏គួរតែមានទំនួលខុសត្រូវលើសុខភាពរបស់ខ្លួនអ្នក តាមរយៈការអានចំណេះដឹង ព័ត៌មានសុខភាពជាប្រចាំ ទទួលទានអាហារឲ្យបានត្រឹមត្រូវ រក្សាអនាម័យ និងហាត់ប្រាណឲ្យបានទៀងទាត់។ ស្របជាមួយការវិវឌ្ឍលើបច្ចេកវិទ្យាពាសពេញសាកលលោក បញ្ហាទាំងអស់ខាងលើត្រូវបានរួមបញ្ចូលក្នុងកម្មវិធីទូរស័ព្ទមួយដែលមានឈ្មោះថា Healthogo ដែលប្រជាជនកម្ពុជាគ្រប់រូបអាចស្វែងរកសេវាព្យាបាលនានានៅកម្ពុជា តាមឈ្មោះ តាមឯកទេស ដោយមើលលើពិន្ទុនិងមតិយោបល់ផ្សេងៗ ដែលគ្លីនិកនីមួយៗទទួលបានពីអ្នកជំងឺកន្លងមក ហើយលោកអ្នកក៏អាចចូលរួមដាក់ពិន្ទុល្អ ឬអាក្រក់លើគ្លីនិកដែលលោកអ្នកបានទទួលសេវាកម្មផងដែរ។ សម្រាប់ការទាញយកកម្មវិធីទូរស័ព្ទ ៖ -iOS: https://goo.gl/eWcxcu -Android: https://goo.gl/3Aoqmi ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

នរណាក៏ប្រាថ្នាឲ្យស្បែករបស់ខ្លួនមានភាពស្រស់ស្អាត និងភាពទាក់ទាញដែរហើយក៏មនុស្សជាច្រើននាក់បានប្រើប្រាស់វិធីសាស្ត្រផ្សេងៗដើម្បីឲ្យស្បែករបស់ខ្លួនមានសុខភាពល្អដូចជាការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ក្រែមការពារពន្លឺព្រះអាទិត្យ  ឬក្រែមប្រឆាំងភាពជ្រីវជ្រួញជាដើម។ ជឿជាក់ថា លោកអ្នកក៏បាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងហើយ ប៉ុន្តែតើលោកអ្នកបានដឹងឬនៅថា តើធ្វើបែបណាទើបដឹងថាស្បែករបស់អ្នកមានសុខភាពល្អ?តើដឹងឬទេថាតើមានសញ្ញាណអ្វីខ្លះដែលសរបញ្ជាក់ថាស្បែកអ្នកមិនមានបញ្ហាអ្វីនោះ? ខាងក្រោមនេះ ជាសញ្ញាណទាំង៦នៃស្បែកដែលអ្នកគួរចាប់អារម្មណ៍ ដើម្បីប្រាកដចិត្តថាលទ្ធផលនៃការប្រឹងប្រែងទាំងនោះបានដូចចិត្តប្រាថ្នាដែរឬទេ… ១. ស្បែកមានសំណើម៖  ស្បែកដែលមានសុខភាពល្អ គឺជាស្បែកមានសំណើមគ្រប់គ្រាន់ ដែលគ្រាន់តែក្រលេកមើលទៅ ប្រៀបដូចជាមានជីវិត និងដង្ហើមស្រស់បស់ ឬក៏និយាយម្យ៉ាងទៀតថា មើលហើយក៏មិនចង់បែរចេញ និងចង់ប៉ះ ដែលផ្ទុយពីស្បែកស្ងួត មើលទៅប្រៀបបាននឹងរុក្ខជាតិដែលរៀបនឹងបាត់បង់ជីវិតទៅនោះ។ ប៉ុន្តែ ប្រសិន បើអ្នកមានស្បែកស្ងួត សូមទទួលទានទឹកបន្ថែមឲ្យបានគ្រប់គ្រាន់ (៤ទៅ៨កែវ ឬ១ទៅ២លីត្រក្នុងមួយថ្ងៃ) ព្រោះថាទឹកបានជួយរក្សាស្បែកឲ្យមានសុខភាពល្អ តាមរយៈការផ្តល់សំណើមពីខាងក្នុង ដើម្បីឲ្យស្បែកចៀសផុតពីភាពស្ងួត និងភាពស្តើង។ ២. ស្បែកមិនឡើងក្រហម ឬរលាក៖ គ្រាន់តែមើលពីខាងក្រៅទៅ ក៏អាចនិយាយបានថាស្បែកនេះប្រាកដជាមិនប្រក្រតីមិនខាន ប្រសិនបើស្បែករបស់អ្នកមានសភាពឡើងពណ៌ក្រហមបែបស្រដៀងនឹងការរលាក។ ហើយការស្រាវជ្រាវក៏បានបង្ហាញថា ស្បែកមុខដែលងាយនឹងឡើងក្រហម អាចជារោគសញ្ញានៃការរលាកស្បែក (ការឡើងសរសៃក្រហមតូចៗនៅច្រមុះ ថ្ពាល់...) ហើយស្ថានភាពផ្សេងទៀតនៃការរលាកមានដូចជា ការឡើងកន្ទួលតូចៗលើស្បែកមុខ បូករួមសភាពក្រហមផងដែរ។ ៣. ស្បែកមានភាពតឹងណែន៖  មានកត្តាជាច្រើនដែលបណ្តាលឲ្យស្បែករបស់អ្នកក្លាយជាយឺតឬយារ និងបាត់បង់ភាពតឹងណែន ព្រមទាំងមិនមានសុខភាពល្អ រួមមានដូចជាការឈានចូល វ័យចំណាស់ សារធាតុគីមីដែលមាននៅក្នុងផលិតផលប្រើប្រាស់មួយចំនួន បរិស្ថានជុំវិញ។ល។ដូចនេះហើយ សូមមានការប្រុងប្រយ័ត្នចំពោះការជ្រើសរើសផលិតផលថែរក្សាស្បែកយកមកប្រើប្រាស់ និងពិតជាមិនអាចភ្លេចបាននូវការទទួលទានអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់  និងត្រឹមត្រូវ  ទៅតាមប្រភេទ  ព្រមទាំងសភាពស្បែករបស់អ្នក។ ៤. ស្បែកគ្មានស្នាមអុជខ្មៅ៖  ការចំណាយពេលច្រើនក្រោមពន្លឺព្រះអាទិត្យដោយមិនបានការ-ពារនោះ  ធ្វើឲ្យស្បែករបស់អ្នកប្រឈមការកើតមានស្នាមអុជខ្មៅ នេះជាអ្វីដែលគ្មាននរណាម្នាក់ ប្រាថ្នាចង់កើតមានឡើយ។ ហេតុនេះហើយរាល់ពេលដែលអ្នកចេញទៅក្រៅក្រោមកម្តៅថ្ងៃខ្លាំង និងរយៈពេលយូរ សូមការពារស្បែករបស់អ្នកពីការប៉ះពាល់ផ្ទាល់ខ្លាំងតាមរយៈការបិទបាំងដោយក្រែមការពារកម្តៅថ្ងៃរៀងរាល់២ទៅ៣ម៉ោងម្តង ឬសម្លៀកបំពាក់វែងៗ និងមួក ជាដើម។ ៥. ស្បែកគ្មានភាពជ្រីវជ្រួញ៖  រឿងជ្រីវជ្រួញ មិនថានរណាៗក៏មិនអាចចៀសផុតដែរ នៅពេលវ័យកាន់តែចាស់។ ប៉ុន្តែប្រសិនបើអ្នកប្រព្រឹត្តនូវទង្វើ ឬសកម្មភាពខ្លះដែលជះឥទ្ធិពលអវិជ្ជមាន ដល់ស្បែកនោះ សភាពជ្រីវជ្រួញនឹងឆាប់កើតមានលើអ្នកជាងអ្នកដទៃ ជាក់ស្តែង ប្រសិនបើអ្នកជក់បារីជាប្រចាំ នោះនឹងមានការថយចុះនៃចរន្តឈាមទៅចិញ្ចឹមស្បែក ហើយក៏ជាហេតុបង្កឲ្យស្បែកឆាប់ជ្រួញផងដែរ។ ៦. ស្បែកមិនមានមុន៖  មិនមាននរណាចង់ឲ្យមុនកើតមានលើស្បែក ជាពិសេសនៅលើមុខរបស់ខ្លួនឡើយ ហើយមូលហេតុបង្ករបស់វានោះគឺពេលដែលរន្ធញើសស្ទះដោយវត្តមាននៃខ្លាញ់។ប្រសិនបើចង់ឲ្យស្បែកស្អាត   និងមានសុខភាពល្អជានិច្ចនោះ ពិតជាមិនអាចរំលងនូវការធ្វើឲ្យស្បែកអ្នកមានភាពស្អាតបាត និងអនាម័យល្អនោះទេ។ ករណីដែលស្បែករបស់អ្នកមានបញ្ហាអ្វីមួយ អ្នកក៏មិនគួរមើលរំលងនោះដែរ អ្នកគួរគប្បីជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសស្បែក ដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា។ នៅពេលស្បែករបស់អ្នកមានសុខភាពល្អស្រាប់ អ្នកនឹងមានភាពរីករាយ ហើយក៏រីករាយជាងការដែលតុបតែងបន្ថែមច្រើន ដើម្បីបិទបាំងការពិតនៃស្បែកដែរ។ កុំភ្លេចមើលថែទាំសុខភាពស្បែករបស់ខ្លួនឲ្យបានល្អ!!! ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

តើលោកអ្នកធ្លាប់មានការឈឺចាប់ និងមានឈាមក្រហមស្រស់បន្តិចបន្តួចនៅពេលបន្ទោបង់ឫទេ ? ប្រជាជនទូទៅតែងតែយល់ថា រាល់រោគសញ្ញាដែលកើតមាននៅតំបន់ទ្វារលាមកសុទ្ធតែជាជំងឺឫសដូងបាត។ ប៉ុន្តែការពិតទៅ មានជំងឺផ្សេងៗទៀតជាច្រើនក្រៅពីជំងឺឫសដូងបាត។ រោគសញ្ញាខាងលើនេះ អាចបណ្ដាលមកពីមូលហេតុជាច្រើនដែលក្នុងចំណោមនោះការដាច់រលាត់ទ្វារលាមកគឺជាមូលហេតុដែលជួបញឹកញាប់ជាងគេ ។ តើការដាច់រលាត់ទ្វារលាមក (Fissure anale) ជាអ្វី? Fissure anale គឺជាការដាច់រលាត់ស្បែកនៃច្រកទ្វារលាមកដែលបង្កឲ្យមានការឈឺចាប់ខ្លាំង និងមានឈាមក្រហមស្រស់បន្តិចបន្តួចនៅពេលបន្ទោបង់។ ជំងឺនេះអាចកើតមានលើមនុស្សប្រុសស្រី គ្រប់វ័យ សូម្បីតែកូនក្មេងតូចៗ ។ មូលហេតុនៃការដាច់រលាត់ទ្វារលាមកមូលហេតុសំខាន់ៗមាន៣គឺ៖  ១- លាមករឹង  ២- រាករូសខ្លាំង  ៣-ស្ត្រីទើបនឹងសម្រាលរួច។ មូលហេតុកម្រផ្សេងៗទៀតមានដូចជា ជំងឺកាមរោគ របេង មហារីកបាត រលាកពោះវៀនរ៉ាំរ៉ៃ (Maladie de Cronh) ។ល។ តើវាជាជំងឺធ្ងន់ធ្ងរដែរឫទេ? ភាគច្រើននៃជំងឺនេះ មិនមែនជាជំងឺធ្ងន់ធ្ងរនោះទេ និងអាចព្យាបាលជាសះស្បើយ។ ក៏ប៉ុន្តែអាចកើតមានឡើងវិញ ប្រសិនបើលោកអ្នកមានបញ្ហាក្នុងការបន្ទោបង់ទៀត។ ប្រសិនបើជំងឺនេះទើបតែកើតមាន វាអាចនឹងជាសះស្បើយយ៉ាងងាយ។  ប៉ុន្តែក្នុងករណីដែលលោកអ្នកមានអាការៈបែបនេះជាប់មករហូតចាប់ពីពីរខែឡើងទៅ យើងហៅថាជាការរលាត់ដាច់រ៉ាំរ៉ៃដែលតម្រូវឲ្យមានការព្យាបាលត្រឹមត្រូវ។ ការធ្វើរោគវិនិច្ឆ័យ ដោយសារតែរោគសញ្ញាមានភាពស្រដៀងគ្នារវាងជំងឺផ្សេងៗ នៅនឹងបាត ការធ្វើរោគវិនិច្ឆ័យតម្រូវឲ្យមានការសាកសួរយ៉ាងល្អិតល្អន់គួបផ្សំនឹងការពិនិត្យយ៉ាងម៉ត់ចត់។ រោគសញ្ញាសំខាន់ៗរួមមាន៖ •ឈឺចាប់ ឬ ក្រហាយផ្សាពេលកំពុង និងបន្ទាប់ពីបន្ទោបង់ •មានឈាមពណ៌ក្រហមស្រស់បន្តិចបន្តួចតាមបាតពេលបន្ទោបង់ •រមាស់ទ្វារលាមក។ វិធីព្យាបាល ១. ការព្យាបាលដោយថ្នាំ ការព្យាបាលដោយថ្នាំ គឺជាជម្រើសទីមួយសម្រាប់ការរលាត់ដាច់ថ្មីៗក៏ដូចជារ៉ាំរ៉ៃ។ គោលការណ៍ដែលសំខាន់ជាងគេបំផុតក្នុងការព្យាបាលជំងឺនេះ គឺព្យាបាលមូលហេតុនៃជំងឺ (លាមករឹង រាករូសកាមរោគ របេង ។ល។)។ ហើយក៏មានថ្នាំលាបជួយឲ្យឆាប់សះស្បើយ និងថ្នាំលេបបំបាត់ការឈឺចាប់។ ២. ការវះកាត់ ការព្យាបាលអាចឈានទៅដល់ការវះកាត់ក្នុងករណី៖ •ជំងឺរ៉ាំរ៉ៃមិនជាសះស្បើយ បន្ទាប់ពីការព្យាបាលដោយការប្រើថ្នាំ •ការដាច់រលាត់ដែលបង្ករោគ ឬក្លាយជាបូស •មានរោគសញ្ញាដែលសង្ស័យថាជាជំងឺមហារីកបាត។ វិធីបង្ការកុំឲ្យកើតជំងឺនេះ វិធីការពារ គឺការបរិភោគបន្លែផ្លែឈើទឹកស្អាតឲ្យបានច្រើន និងហាត់ប្រាណ ដើម្បីបង្ការលាមករឹង ឬរាក។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ថាវ ស៊ីដានីន ឯកទេសថ្លើម ក្រពះ ពោះវៀន និងឫសដូងនៃគ្លីនិក អេគីប ដែលបានបញ្ចប់ការសិក្សានៅប្រទេសបារាំង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ចុងសប្ដាហ៍ទី២បានឈានមកដល់ ...តោះចង់ដឹងទេថា អត្ថបទណាខ្លះដែលមានចំណាត់ថ្នាក់ល្អជាងគេនោះ ចូលរួមអានទាំងអស់គ្នា …. ស្វែងយល់អំពីក្រពេញទីរ៉ូអ៊ីត (Thyroid gland) យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស ក្រពេញអ័រម៉ូន និង ទឹកនោមផ្អែម (មន្ទីរពេទ្យព្រះកុសុមៈ) បានឲ្យដឹងថា «ទីរ៉ូអ៊ីត (Thyroid gland) គឺជាឈ្មោះក្រពេញបញ្ចេញមួយដែលមានរូបរាងដូចមេអំបៅ ស្ថិតនៅផ្នែកខាងមុខនៃគល់ករបស់មនុស្សយើង»។ ក្រពេញនេះមានតួនាទីបញ្ចេញនូវអ័រម៉ូនដែលមានតួនាទីសំខាន់នៅក្នុងការធ្វើដំណើរការមេតាបូលីសនៅក្នុងសរីរាង្គយើង។ អ័រម៉ូននេះមានឈ្មោះថាអ័រម៉ូនទីរ៉ូអ៊ីត(Thyroid hormone) ទៅតាមឈ្មោះរបស់ក្រពេញ... ភាសាស្នេហាដែលមានតែអ្នកក្នុងវិស័យសុខាភិបាលទើបយល់!!! ស្នេហាជាច្បាប់ធម្មជាតិដែលមិនថាអ្នកនៅក្នុងវិស័យណា ឋានៈណា ប្រទេសណា វ័យណា នោះទេ គឺសុទ្ធតែមិនអាចចៀសវាងបាន គ្រាន់តែមានរសជាតិ និងសាច់រឿងផ្សេងៗពីគ្នា…ក្នុងនោះផងដែរអ្នកនៅក្នុងវិស័យសុខាភិបាលខ្លះក៏តែងតែចូលចិត្តប្រើពាក្យបច្ចេកទេសមកប្រើប្រាស់ដើម្បីបង្ហាញពីក្តីស្រលាញ់របស់ខ្លួនចំពោះមនុស្សជាទីស្រលាញ់។ តែ…បើនិយាយជាមួយអ្នកនៅក្នុងវិស័យដូចគ្នា មិនអីនោះទេ តែបើអ្នកផ្សេងនោះ កុំភ្លេចបកប្រែ ឬពន្យល់ប្រាប់គេផង មិនអញ្ចឹងទេ ប្រាកដជាស្វីតតែឯងមិនខាន…ថ្ងៃមុន ទំនេរក៏searchលេងៗ ហើយក៏បានដូចចិត្តមែន…ឃ្លាខាងក្រោមនេះ ទម្រាំតែយល់ គឺថា…យកឲ្យបងប្រុស(មោទនភាពក្នុងនាមជាប្អូនរបស់វេជ្ជបណ្ឌិតមួយរូប XD) តោះ! អ្នកណាខ្លះអានយល់? ធ្លាប់ដែលនិយាយទៅកាន់នរណាអត់ហ្នឹង? អាចអានបានជាការកម្សាន្តជាមួយគ្នា.. កូនដំបូងអាយុទើបតែបាន១ខែកន្លះ ហើយត្រូវទៅធ្វើការទៀត គួរធ្វើបែបណា? នាងខ្ញុំអាយុ ១៨ឆ្នាំ រស់នៅខេត្តតាកែវ។ នាងខ្ញុំទើបតែមានកូនដំបូងអាយុទើបតែបាន១ខែកន្លះហើយនាងខ្ញុំត្រូវទៅធ្វើការ។ ដូច្នេះ នាងខ្ញុំមិនអាចបំបៅដោះកូនបានដិតដល់ទេ។ តើនាងខ្ញុំអាចឲ្យកូនរបស់ខ្ញុំបៅទឹកដោះគោបានដែរឬទេ?  ហើយវាអាចមានផលប៉ះពាល់អ្វីខ្លះ ចំពោះកូនរបស់ខ្ញុំ ប្រសិនបើគាត់ទើបតែមានអាយុតិចបែបនេះ? នេះជាសំនួររបស់ប្រិយមិត្តដែលបានសាកសួរមកកាន់ លោកវេជ្ជបណ្ឌិត ចង់ដឹងថាចម្លើយបែបណានោះសូមចុចទៅលើចំណងជើងរបស់អត្ថបទ …. ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

គោលបំណងនៃការធ្វើលំហាត់ប្រាណតែងតែខុសៗពីគ្នាអាស្រ័យលើបុគ្គលម្នាក់ៗ អ្នកខ្លះចង់បានរាងស្អាត ខ្លះក៏ចង់បានសាច់ដុំហាប់ណែន ស្របពេដែលអ្នកខ្លះទៀត ហាត់ប្រាណដើម្បីភាពរឹងមាំ និងធូរស្រាលនៃសុខភាពផ្លូវចិត្តរបស់ខ្លួន។ ជាការពិតណាស់ លំហាត់ប្រាណទៀងទាត់មានគុណប្រ-យោជន៍មិនតិចនោះទេ ក្នុងនោះរួមមានដូចជា កាត់បន្ថយស្ត្រេស រំសាយអារម្មណ៍ទុក្ខសោក សម្រួលដល់ដំណេកជាដើម។ ជាទូទៅ ដើម្បីឲ្យទទួលបានផលវិជ្ជមានចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្ដដូចដែលបានរៀបរាប់ខាងលើ គឺគួរតែជាលំហាត់ប្រាណបែបអេរ៉ូប៊ិក (aerobic exercise) នៅទីធ្លាខាងក្រៅ ដែលអាចឲ្យអ្នករករាយជាមួយនឹងធម្មជាតិក្នុងពេលជាមួយគ្នាផងដែរនោះ។ ខាងក្រោមនេះ ជាលំហាត់ប្រាណ៤យ៉ាងដែលលោកអ្នកអាចធ្វើបាន ប្រសិនបើអ្នកមានបំណងពង្រឹងទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក… លំហាត់ប្រាណបែបអេរ៉ូប៊ិក លំហាត់ប្រាណប្រភេទអេរ៉ូប៊ិកជាសកម្មភាពទាំងឡាយណាដែលជំរុញក៏ដូចជាបង្កើនចង្វាក់បេះដូង និងដង្ហើមតែមិនខ្លាំងក្លាដល់ថ្នាក់លោកអ្នកមិនអាចបន្តហាត់យូរនោះឡើយ រួមមានដូចជា ការហាត់ប្រាណតាមចង្វាក់ភ្លេង ការជិះកង់ ការរត់ការឡើងភ្នំជាដើម។ តាមការស្រាវជ្រាវបានបង្ហាញថា  លំហាត់ប្រាណប្រភេទនេះពិតជាមានផលវិជ្ជមានខ្លាំងក្លាចំពោះរាងកាយ។ជាក់ស្តែង នៅពេលដែលចង្វាក់បេះដូងអ្នកកើនឡើង ហើយដំណើរឈាមរត់កើនឡើងផងនោះកម្រិតអង់ដូហ្វីន (Endorphins) របស់អ្នកនឹងកើនឡើងផងដែរ។ អង់ដូហ្វីន នឹងជួយបំបាត់ការឈឺចាប់ និងរំសាយដល់អារម្មណ៍សោកសៅរបស់អ្នក។អ្នកជំនាញបានណែនាំឲ្យអ្នកធ្វើលំហាត់ប្រាណបែបនេះឲ្យបានយ៉ាងតិច៣០នាទីម្តង ហើយធ្វើឲ្យបាន២-៣ ដង ក្នុងមួយសប្តាហ៍។ គួរបញ្ជាក់ផងដែរថា សកម្មភាពកាន់តែមានការប្រកួតប្រជែងខ្លាំង គុណប្រយោជន៍ចំពោះសុខភាពផ្លូវចិត្តរបស់អ្នកក៏រឹតតែប្រសើរផងដែរ។ លំហាត់ប្រាណជាមួយធម្មជាតិ លំហាត់ប្រាណនៅខាងក្រៅ ក៏ត្រូវបានអ្នកខ្លះហៅថា «លំហាត់ប្រាណបៃតង ឬធម្មជាតិ» ហើយក៏ត្រូវបានគេទទួលស្គាល់ថា ជួយកាត់បន្ថយស្ត្រេស និងពង្រឹងភាពជាម្ចាស់ការ ព្រមទាំងការគ្រប់គ្រងលើខ្លួនឯង។ ការហាត់ប្រាណនៅខាងក្រៅជាមួយនឹងខ្យល់អាកាសបរិសុទ្ធ និងទេសភាពស្រស់ស្អាតបូករួមនឹងក្លិនក្រអូបបែបធម្មជាតិ ពិតជាល្អចំពោះរាងកាយ និងចិត្តពិតមែន។ប៉ុន្តែត្រូវប្រាកដថា អ្នកហាត់នៅមជ្ឈដ្ឋានដែលមានបរិស្ថានបរិសុទ្ធ នោះទើបសួតរបស់អ្នកអាចស្រូបយកខ្យល់អាកាសស្រស់បស់ និងជួយលាងសម្អាតសារពាង្គកាយរបស់អ្នក។ ស្របពេលជាមួយគ្នាចិត្តរបស់អ្នកនឹងបញ្ចេញចោលនូវការព្រួយបារម្ភផងទាំងពួង ហើយក៏ផ្តោតទៅលើសម្រស់នៃធម្មជាតិដែលនៅជុំវិញខ្លួនអ្នកវិញ។ ជាឧទាហរណ៍ការជិះកង់តាមដងព្រៃដែលមានទេសភាពស្រស់ស្អាត ការរត់ត្រឹកៗ ហាត់ប្រាណនៅជុំវិញស្ទឹង ឬបឹងជាដើម។ ការហែលទឹក ការហែលទឹកមិនត្រឹមតែជួយសម្រួលដល់សាច់ដុំរបស់អ្នកប៉ុណ្ណោះទេចលនានៃការហែលទៀតសោតក៏ជួយសម្រួលដល់ផ្លូវចិត្តរបស់អ្នកផងដែរមិនថាជាការហែលទឹកក្បាច់ណាមួយឡើយព្រោះវាសុទ្ធតែមានគុណប្រយោជន៍ចំពោះសុខភាពផ្លូវចិត្តអ្នកដូចគ្នា។ វានឹងរឹតតែពិសេស ប្រសិនបើអ្នកហែលនៅក្នុងទឹកបែបធម្មជាតិដូចជាសមុទ្រ បឹង ឬអាងហែលទឹកខាងក្រៅ (outdoor pool) ដោយហេតុថាអ្នកនឹងអាចបានរីករាយនឹងការគយគន់នូវទេសភាពដ៏ស្រស់បំព្រងនៅជុំវិញខ្លួន រួមទាំងមានភាពជិតស្និទ្ធជាមួយនឹងធម្មជាតិពិតៗទៀតផង។ លំហាត់ប្រាណជាក្រុម ពេលខ្លះ ការធ្វើសកម្មភាពតិចតួចជាមួយនឹងមិត្តសម្លាញ់ ឬមនុស្សជាទីស្រឡាញ់ ក៏អាចជួយសម្រាលអារម្មណ៍ស្មុគស្មាញ និងកាត់បន្ថយការព្រួយបារម្ភផងដែរព្រោះថាការរីករាយនឹងលំហាត់ប្រាណពិតជាជួយរំញោចដល់អារម្មណ៍វិជ្ជមាន និងភាពរីករាយនៅក្នុងចិត្តបានពិតមែន។ការចូលជាសមាជិកនៃក្រុមកីឡាប្រភេទណាមួយក៏ជាជម្រើសល្អផងដែរ។ សមូហភាពក្នុងការលេងជាក្រុម សាមគ្គីភាពចូលរួមការប្រកួតមិត្តភាព និងការជួយគាំទ្រគ្នាទៅវិញទៅមក ជាចំណែកមួយក្នុងការបន្ថយនូវស្ត្រេសពីជីវិតប្រចាំថ្ងៃ តាមរយៈការសហការគ្នាសម្រេចនូវគោលដៅរួម។ ការធ្វើលំហាត់ប្រាណជាក្រុមនេះ ជួយឲ្យអ្នកមានអារម្មណ៍ថាជីវិតយ៉ាងហោចណាស់ក៏កំពុងមានគោលដៅមួយច្បាស់លាស់ និងមានថាមពលក្នុងការតស៊ូសម្រេចវាឲ្យបានផងដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

នាពេលបច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជាយើង បញ្ហាផ្លូវចិត្តហាក់ដូចជាមានសញ្ញាណមួយគួរឲ្យកត់សម្គាល់ ជាក់ស្តែង គេឃើញមានអ្នកជំងឺជាង៥០០នាក់ជារៀងរាល់ថ្ងៃ រង់ចាំទទួលសេវាផ្លូវចិត្តជាប្រចាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី) នេះបើយោងតាមសង្ឃដីការបស់ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព គង់នៅវត្តគល់ទទឹងនិងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក្នុងនោះមានជំងឺផ្លូវចិត្ត២កើតមានច្រើនជាងគេ គឺ«ជំងឺធ្លាក់ទឹកចិត្ត» និង«ថប់បារម្ភ»។ ព្រះតេជគុណបានបញ្ជាក់ផងដែរថា ជំងឺធ្លាក់ទឹកចិត្តនេះអាចជាជំងឺលាក់មុខ ដែលពីមុនមិនសូវមានការបើកចំហក្នុងការផ្តល់នូវសេវាពិគ្រោះ និងប្រឹក្សាយោបល់ ឬដោយសារតែសង្គមបច្ចុប្បន្ននេះ មនុស្សម្នាក់មានភាពសម្ភារៈនិយម ហើយចេះតែចង់បានខ្លាំង ដល់ពេលមិនបានដូចចិត្តប្រាថ្នាក៏ស្រាប់តែបាក់ទឹកចិត្តតែម្តង ទើបថ្មីៗនេះ ហាក់ដូចជាអ្នកកើតមានបញ្ហានេះច្រើន។ ដើម្បីជាការចែករំលែកអំពីការយល់ឃើញ និងគន្លឹះខ្លះៗអំពីទំនាក់ទំនងរវាង«ផែនការជីវិត» និង«ជំងឺធ្លាក់ទឹកចិត្ត» ព្រះភិក្ខុ គូ សុភាព ក៏បានផ្តល់កិត្តិយសផ្តល់នូវបទសម្ភាសន៍ជាមួយនឹងក្រុមការងារហេលស៍ថាម ដោយបានបកស្រាយនូវចម្ងល់ជុំវិញបញ្ហានេះដែលរួមមានដូចខាងក្រោម៖ «ការធ្លាក់ទឹកចិត្ត» ប្រៀបបាននឹងអ្វី? វាបង្កមកពីកត្តាអ្វីខ្លះដែរ? មនុស្សដែលធ្លាក់ទឹកចិត្ត ជាមនុស្សដែលរស់នៅក្នុងពេលយប់ដោយមិនមានពន្លឺអ្វីសោះ  មើលអ្វីក៏មិនឃើញ មើលអ្វីក៏មិនយល់ ដែលជាទូទៅបណ្តាលមកពីការបាត់បង់អ្វីដែលជាទីស្រឡាញ់និងក្តីសង្ឃឹមរបស់ខ្លួន ហេតុនេះហើយ «ការធ្លាក់ទឹកចិត្ត» ប្រៀបបាននឹងពេលយប់ងងឹតស្លុប មិនមានភ្លើង ឬពន្លឺបំភ្លឺ ឬប្រៀបបាននឹងដើមឈើ ឬផ្កាដែលខ្វះជាតិទឹកហើយស្វិតស្រពោន  ឬឧបមាដូចមនុស្សដែលសឹងតែបាត់បង់ព្រលឹងវិញ្ញាណរស់នៅមើលឃើញពិភពលោកនេះងងឹតសូន្យឈឹងគ្មានខ្លឹមសារ។ កតា្តបង្កនៃជំងឺផ្លូវចិត្តដ៏គួរឲ្យព្រួយបារម្ភមួយនេះ រួមមាន៖ •កត្តាបុគ្គល៖ ការបែកបាក់គ្រួសារ ការបាត់បង់មនុស្សជាទីស្រឡាញ់ ជំងឺរ៉ាំរ៉ៃ ការបាត់ភាពកក់ក្ដៅក្នុងគ្រួសារ ការងារមិនបានដូចបំណងប្រឡងធ្លាក់ រកស៊ីខាត ចាញ់បោកគេ និងជួបបញ្ហាជីវិតបន្តបន្ទាប់គ្នា ការចូលចិត្តស្ដីបន្ទោសខ្លួនឯង។ •កត្តាសង្គម៖ សម្ពាធការងារខ្លាំង បញ្ហាហិរញ្ញវត្ថុ ការប្រណាំងប្រជែងគ្នាគ្មានចេះស្កប់ស្កល់ ការគំរាមកំហែងផ្លូវកាយផ្លូវចិត្ត  សេចក្ដីប្រាថ្នាហួសពីសមត្ថភាពរបស់ខ្លួន សង្គ្រាម ភាពចលាចលផ្នែកនយោបាយជាដើម។ •កត្តាជីវសាស្ត្រ៖ ការប្រើប្រាស់ថ្នាំព្យាបាលជំងឺមហារីកដែលបង្កឲ្យមានបម្រែបម្រួលកោសិកាក្នុងខួរក្បាល។ តើវាច្រើនកើតមានចំពោះក្រុមមនុស្សបែបណាដែរ?ហេតុអ្វី? តើវាអាចបង្កផលប៉ះពាល់អ្វីខ្លះដល់ការរស់នៅរបស់មនុស្សម្នាក់ៗ? យុវវ័យ និងមនុស្សវ័យកណ្តាល ព្រោះជាវ័យដែលកំពុងតែចង់មានចង់បាន ចង់មានសេរីភាព មិនចង់នៅក្នុងគំនាបពីគ្រួសារហើយជាញឹកញាប់ចូលចិត្តប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ។លុះដល់ពេលដែលចង់បានខ្លាំង ហើយមិនបានដូចចិត្ត ក៏ចាប់ផ្តើមបាក់ទឹកចិត្ត និយាយរួមទៅគឺជាវ័យដែលចង់បានខ្លាំង ហើយក៏ប្រឹងប្រែងខ្លាំងបំផុត។ ចំពោះបុគ្គល គឺវានឹងធ្វើឲ្យអ្នកជំងឺស្រងូតស្រងាត់  លែងចង់ចូលរួមសកម្មភាពសង្គម លែងស្រស់ស្រាយ ហើយក្លាយជាមនុស្សអសកម្ម គឺប៉ះពាល់ដល់ការសិក្សា ការប្រកបការងារ ឬរបររកស៊ី សុខភាពផ្លូវកាយ និងធ្ងន់ធ្ងរទៅលើសុខភាពផ្លូវចិត្ត ចូលចិត្តនៅតែម្នាក់ឯង ហើយពេលខ្លះក៏លែងចង់រស់ផងដែរ។ តើ«ផែនការជីវិត» អាចជាមូលហេតុបង្កនៃបញ្ហាធ្លាក់ទឹកចិត្តរបស់បុគ្គលមួយរូបឬទេ? ប្រាកដណាស់ គឺអាច…ប្រសិនបើអ្នករៀបចំ មិនព្រមទទួលយកការពិត ព្រោះអ្វីៗមិនមែនសុទ្ធតែអាចកើតតាមផែនការទាំងស្រុងនោះទេ។បើបាត់ឱកាសពេលនេះ  ត្រូវតែចេះត្រៀមចិត្តទទួលយកឱកាសពេលក្រោយ កុំកើតទុក្ខនឹងរឿងដែលបានកន្លងហួសទៅហើយបើមិនដូច្នោះទេ គឺដើរមិនបានឆ្ងាយនោះទេ ជាមួយនឹងសម្ពាយទុក្ខព្រោះតែរឿងដែលហួសហើយនោះ។ជាធម្មតាដំណើរនៃជីវិតគឺមានឆ្វេងមានស្តាំមានថ្ងៃមានយប់មានផ្លូវស្មើផ្លូវខូងហើយក៏តែងតែមានឧបសគ្គឬរឿងចៃដន្យកើតឡើងដែលនឹកស្មានមិនដល់ បើទោះបីជាលទ្ធផលបែបណាក៏ដោយ ត្រូវតែហ៊ានទទួលស្គាល់ចំពោះលទ្ធផលដែលយើងបានប្រឹងប្រែង មានសមត្ថភាពប៉ុណ្ណា សប្បាយចិត្តប៉ុណ្ណឹង ហើយចាំក្នុងចិត្តជានិច្ចថា«អ្វីៗមិនអាចដូចចិត្ត និងការគិតរបស់យើងរហូតនោះទេ»។ តើបុគ្គលម្នាក់គួរធ្វើបែបណាចំពោះផែនការជីវិតរបស់ខ្លួន ដើម្បីចៀសវាងបាននូវបញ្ហាធ្លាក់ទឹកចិត្ត និងការប៉ះពាល់ខ្លាំងដល់ផែនការដែលបានព្រាងទុក? ត្រូវប្រមូលសាងសមត្ថភាព  ដើម្បីសម្រេចគោលដៅមួយហ្នឹង ហើយប្រាកដណាស់ សម្រាប់គោលដៅខ្លះ អ្នកខ្លួនឯងតែម្នាក់ គឺមិនពេញលេញនោះទេ ទាល់តែមានមនុស្សជុំវិញខ្លួនលើកទឹកចិត្ត និងផ្តល់មតិយោបល់បន្ថែម។ ជាក់ស្តែង នៅក្នុងព្រះពុទ្ធសាសនា ក៏មានបង្ហាញនូវកត្តា៤សំខាន់ដែលរួមចំណែកធ្វើឲ្យមានភាពជោគជ័យដែរក្នុងជីវិតរួមមាន ៖ •ជ្រើសរើសការងារដែលខ្លួនឯងផ្ទាល់ពេញចិត្តពិតប្រាកដ •តស៊ូព្យាយាមឲ្យអស់លទ្ធភាព មិនថាលំបាកលំបិនយ៉ាងណា •មិនអស់សង្ឃឹមនោះទេ ទោះបីការងារមិនទាន់បានផលភ្លាមក៏ដោយ •មានភាពឆ្លាតវាងវៃក្នុងការមានទំនាក់ទំនងល្អ។ អ្វីដែលសំខាន់ទៀតនោះ គឺប្រសិនបើចង់ធ្វើអ្វីមួយពិតប្រាកដ ឬមានគោលដៅច្បាស់លាស់មួយហើយ  ត្រូវតែមានបំណងដែលមានពេលវេលាកំណត់ផង ទើបអ្នកតស៊ូប្រឹងប្រែងឲ្យអស់ពីលទ្ធភាពតាមកាលកំណត់នោះ។ ក្នុងករណីដែលផែនការជីវិតមិនបានសម្រេចហើយក៏ធ្លាក់ទឹកចិត្តម្តង តើបុគ្គលនោះគួរធ្វើបែបណាខ្លះ ដើម្បីយកឈ្នះលើបញ្ហាផ្លូវចិត្តមួយនេះបាន? •សូមកុំនៅម្នាក់ឯង កុំបិទបាំងឲ្យសោះ ចូររកមនុស្សដែលអ្នកទុកចិត្តរំសាយនូវទុក្ខសោកដែលមានក្នុងចិត្ត •បន្ថយសម្ពាធការងារប្រចាំថ្ងៃ ដោយសម្រាកឲ្យបានច្រើន •ផ្លាស់ប្តូរបរិយាកាស តាមរយៈការដើរកម្សាន្តទៅកន្លែងថ្មី ប្លែក •ទទួលការផ្តល់កម្លាំងចិត្តពីក្រុមគ្រួសារ មនុស្សជាទីស្រលាញ់  និងមិត្តភក្តិ •រកអ្នកជំនាញដែលផ្តល់ថ្នាំរំងាប់អារម្មណ៍ឬការប្រឹក្សាផ្សេងៗ តែមិនគួរពឹងផ្អែកលើថ្នាំច្រើននោះទេ •ស្តាប់ធម៌ ធ្វើសមាធិ ធ្វើចិត្តឲ្យនឹងនរ។ រវាងការសម្រេចឲ្យខាងតែបាននូវផែនការជីវិតនិងគុណភាពជីវិត តើមួយណាសំខាន់ជាង? តាមការពិតទៅ គឺសំខាន់ដូចគ្នា។ ជីវិតនីមួយៗ ប្រសិនបើបានទាំង២គឺល្អមែនទែន…តែជាក់ស្តែងក៏មិនអាចបាន១០០%នោះទេ តែត្រូវតែព្រម ទទួលស្គាល់ការពិត ហើយប្រឹងទៅមុខទៀត បើគោលដៅមិនបានដូចចិត្តទាំងស្រុងហើយ យ៉ាងហោចណាស់ក៏ត្រូវរីករាយនឹងគុណភាពជីវិតដែរ។ ជាចុងក្រោយ តើព្រះតេជគុណមានសារអ្វីចែករំលែកជូនដល់មិត្តអ្នកអានជាពិសេសអ្នកមានបញ្ហាធ្លាក់ទឹកចិត្តដែរឬទេ? «បើថ្ងៃនៅតែរះ ជីវិតនៅតែបន្ត កុំអាលអស់សង្ឃឹមអី»!!! បញ្ហាអ្វីក៏គង់តែអាចដោះស្រាយបានទេ ឲ្យតែអ្នករឹងមាំ ហ៊ានប្រឈមមុខនឹងវា និងហ៊ានរកជំនួយពីអ្នកដទៃ។ បញ្ហាណាដោះស្រាយបាន ក៏ដោះទៅ រឿងណាដោះមិនបាន មានតែព្រមតាមហ្នឹងទៅ… អត្ថបទដោយ៖ ព្រះភិក្ខុ គូ សុភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ទីរ៉ូអ៊ីត (Thyroid gland) គឺជាឈ្មោះក្រពេញបញ្ចេញមួយ​ដែលមានរូបរាងដូចមេអំបៅ ស្ថិតនៅផ្នែកខាងមុខនៃគល់ករបស់មនុស្សយើង។ ក្រពេញទីរ៉ូអ៊ីតមានតួនាទីបញ្ចេញនូវអ័រម៉ូនដែលមានតួនាទីសំខាន់នៅក្នុងការធ្វើដំណើរការមេតាបូលីសនៅក្នុងសរីរាង្គយើង​។ អ័រម៉ូននេះមានឈ្មោះថាអ័រម៉ូនទីរ៉ូអ៊ីត(Thyroid hormone) ទៅតាមឈ្មោះរបស់ក្រពេញ។ អ័រម៉ូននេះ មានតួនាទីសំខាន់ៗចូលរួមក្នុងដំណើរការដូចជា ៖ -  ការរក្សាកំដៅក្នុងខ្លួន -  ចង្វាក់បេះដូង -  ប្រព័ន្ធប្រសាទខួរក្បាល និងប្រព័ន្ធសរសៃប្រសាទតាមផ្នែកផ្សេងៗ -  ការកន្ត្រាក់នៃសាច់ដុំ -  កម្រិតជាតិខ្លាញ់ -  ទម្ងន់ខ្លួនមនុស្ស -  រដ្តរដូវ ។ល។ ប្រសិនបើការបញ្ចេញបរិមាណអ័រម៉ូនទីរ៉ូអ៊ីតខុសពីប្រក្រតី វាអាចបណ្តាលឲ្យកម្រិតនៃអ័រម៉ូននេះក្នុងឈាម ខុសប្រក្រតីដែរ ពោលគឺអាច ឡើងខ្ពស់ ឬចុះទាប ។ អាការរោគដែលបណ្តាលមកពីកម្រិតអ័រម៉ូនទីរ៉ូអ៊ីតឡើងខ្ពស់ (Hyperthyroidism) មានដូចជា ៖ -  ភាពថប់បារម្ភ -  ឆាប់ខឹង ឆេវឆាវ មួម៉ៅ -  ស្រកទំងន់ -  ញ័រដើមទ្រូង មានអារម្មណ៍ថាបេះដូងលោតញាប់ ជីពចរដើរញាប់ -  ញ័រចុងដៃ ចុងជើង -  ងាយបែកញើស និងឆាប់ចាញ់កម្តៅ -  ជ្រុះសក់ -  រាគរូសញឹកញាប់ -  វដ្តរដូវមិនទៀង យឺតយ៉ាវ -  លៀនគ្រាប់ភ្នែក   អាការៈរោគដែលបណ្តាលមកពីកម្រិតអ័រម៉ូនទីរ៉ូអ៊ីតចុះទាប (Hypothyroidism) មានដូចជា ៖ - ហេវហត់អស់កម្លាំង - ហើមមុខ ត្របកភ្នែក - ស្បែកស្ងួត សក់ និងក្រចកផុយស្រួយ ជ្រុះសក់ - ឡើងទម្ងន់ - បេះដូងដើរយឺតខុសប្រក្រតី - ទល់លាមក - ពិបាកក្នុងការទទួលទានដំណេក - ឆាប់ចាញ់ត្រជាក់ - ឈឺចាប់តាមសាច់ដុំ និងសន្លាក់ - មានអាការហើមខ្លួន - រដូវមកញឹកញាប់ និងច្រើន អាការៈរោគនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត មានដូចជា ៖ - មានដុំពកនៅផ្នែកដើមក ផ្នែកខាងមុខ - សម្លេងស្អក - ឡើងកូនកណ្តុរនៅបរិវេណក - ពិបាកក្នុងការលេបអាហារ - ពិបាកក្នុងការដកដង្ហើម - ឈឺចាប់នៅខាងក្នុងបំពង់ក និង​ក - ក្អកជាប់ជាប្រចាំ ដែលមិនមែនកើតឡើងដោយសារផ្តាសាយ ឬបញ្ហាសួតដទៃ   សរុបសេចក្តីមក ក្រពេញទីរ៉ូអ៊ីត និងអ័រម៉ូនទីរ៉ូអ៊ីត ពិតជាមានសារសំខាន់បំផុតនៅក្នុងដំណើរការផ្សេងៗរបស់សរីរាង្គមនុស្សយើង។ រាល់បញ្ហាដែលនាំឲ្យមានការប្រែប្រួលកម្រិតអ័រម៉ូននេះក្នុងឈាម ឬមានដុំនៅតំបន់ក្រពេញទីរ៉ូអ៊ីតនេះ គឺពិតជាចាំបាច់នៅក្នុងការពិនិត្យ តាមដាន និងព្យាបាល។ ប្រសិនបើមានបញ្ហាទាក់ទងទៅនឹងក្រពេញ ក៏ដូចជាអ័រម៉ូនទីរ៉ូអ៊ីត សូមបងប្អូលប្រជាពលរដ្ឋទាំងអស់ អញ្ជើញស្វែងរកការពិនិត្យនិងប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការថែទាំដ៏សមស្រប។ បកស្រាយដោយលោកវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស ក្រពេញអ័រម៉ូន និង ទឹកនោមផ្អែម (មន្ទីរពេទ្យព្រះកុសុមៈ) ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

កន្លែងហាត់ប្រាណ អាចជាកន្លែងមួយដែលងាយមានការប្រឈមនឹងការរងរបួសផ្សេងៗដោយប្រការណាមួយក្នុងអំឡុងពេលហាត់ ហេតុនេះហើយ វាពិតជាមានសារសំខាន់ណាស់ក្នុងការដឹងពីបច្ចេកទេសផ្សេងៗសម្រាប់ការផ្តល់ជំនួយភ្លាមៗ ឬសង្គ្រោះបឋម  ដែលអាចនឹងជាគុណប្រយោជន៍មិនថាសម្រាប់ខ្លួនអ្នក ឬមនុស្សដែលអ្នកស្គាល់នោះទេ។  ខាងក្រោមនេះ គឺវិធីសាស្រ្តមួយចំនួនដែលអ្នកគួរតែយល់ដឹង ដើម្បីយ៉ាងហោចណាស់ អ្នកបានដឹងថាប្រសិនបើមានរបួសបែបណាមួយកើតឡើង តើអ្នកគួរ ឬមិនគួរធ្វើបែបណា ទើបអាចបង្ការបញ្ហាធ្ងន់ធ្ងរបាន? 1. អាការៈរមួលក្រពើ •បញ្ឈប់រាល់សកម្មភាពដែលអ្នកកំពុងធ្វើប្រសិនបើអ្នកមានអារម្មណ៍ឈឺចាប់។  ការឈឺចុកចាប់នៃរាងកាយ ពេលធ្វើលំហាត់ប្រាណ មានន័យថា«មានអ្វីមួយដែលខុសប្រក្រតី»។ សូមអង្គុយចុះ ដើម្បីឲ្យតំបន់ដែលរងផលប៉ះពាល់ពីការរមួលនោះបានសម្រាក •អង្អែលតំបន់រមួលនោះថ្នមៗ ដើម្បីការពារការហើម ហើយពិនិត្យមើលថា តើអាចធ្វើចលនាបានឬទេ នៅកន្លែងដែលរងផលប៉ះពាល់? •ប្រើប្រភេទថង់កម្តៅម៉ាស្សានៅលើកន្លែងរមួលនោះ ដើម្បីកុំឲ្យមានផលរំខានពីការរលាក •ប្រើប្រភេទថង់ទឹកត្រជាក់ ដើម្បីកាត់បន្ថយការហើម ហើយពិនិត្យបន្ថែមទៀត •ប្រើប្រាស់ថ្នាំបន្ថយការឈឺចាប់ បើអ្នកមិនអាចទ្រាំទ្រជាមួយការឈឺចាប់ពីការហើម និងរមួលសាច់ដុំ •បើអ្នករមួលក្រពើនៅជើង (កំភួនជើង) អ្នកគួរលើកជើងឲ្យបានខ្ពស់បន្តិច ដើម្បីឲ្យមានចរន្តឈាមនៅតំបន់ដែលរងផលប៉ះពាល់នោះរត់បានល្អ និងអាចឲ្យមានការថយចុះនៃការរលាកសាច់ដុំ។ បញ្ជាក់ ៖ សូមសម្រាកឲ្យបានគ្រប់គ្រាន់ និងជាសះស្បើយល្អ មុននឹងបន្តការធ្វើលំហាត់ប្រាណទៀត។ 2. សង្គ្រោះបឋមសម្រាប់ការរងរបួសធ្ងន់ធ្ងរ •ត្រូវប្រាដកថាជនរងគ្រោះនៅទីមានសុវត្ថិភាពល្អ •ទូរស័ព្ទទៅកាន់អ្នកជំនួយផ្នែកសង្រ្គោះឲ្យបានឆាប់រហ័ស •យកចិត្តទុកដាក់ចំពោះជនរងគ្រោះជាពិសេសលើផ្លូវដង្ហើម ដោយធ្វើឲ្យផ្លូវដង្ហើមស្រឡះល្អ (គ្មានការកកស្ទះបំពង់ខ្យល់ដោយស្លេស្ម ឬរបស់ផ្សេងៗ) •ក្នុងករណីហូរឈាម អ្នកចាំបាច់ត្រូវទប់ស្កាត់ការហូរឈាមដោយប្រើក្រណាត់ស្អាត (ទប់ស្កាត់ការបាត់បង់ឈាមច្រើន) ហើយដាក់អ្នករបួសឲ្យនៅស្ងៀម និងត្រូវធានាថាមានសុវត្ថិភាពរហូតដល់ជនរងគ្រោះលែងប្រឈមនឹងបញ្ហាណាមួយ •ផ្តល់បច្ចេកទេសនៃការសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ (ប្រសិនបើអ្នកចេះ) ដើម្បីចៀសវាងShock រហូតដល់មានអ្នកជំនួយផ្នែកវេជ្ជសាស្ត្រមកដល់កន្លែងកើតហេតុ។ 3. បច្ចេកទេសសង្គ្រោះជីវិតនៅកន្លែងហាត់ប្រាណ •បើជនរងគ្រោះសន្លប់ សកម្មភាពចម្បងដែលអ្នកគួរធ្វើ គឺរក្សាផ្លូវដង្ហើមឲ្យបានស្រឡះ និងតាមដានលើការដកដង្ហើម •ប្រសិនបើមានដង្ហើមធម្មតា អ្នកត្រូវប្រាកដថាអ្នករបួសនៅទីតាំងសុវត្ថិភាព និងមានដង្ហើមជានិច្ច •ករណីពិបាកដកដង្ហើម អ្នកគួរប្រើបច្ចេកទេសសង្គ្រោះបឋមដោយការសង្កត់ទ្រូង និងផ្តល់ខ្យល់ទៅក្នុងបំពង់ដង្ហើម ព្រោះថាខ្យល់អុកស៊ីសែនដែលបានផ្តល់នោះ ត្រូវបានផ្ទុកក្នុងឈាម ហើយបេះដូងនឹងច្របាច់ឈាមដែលផ្ទុកអុកស៊ីសែនទៅចិញ្ចឹមកោសិកានានាក្នុងសរីរាង្គកាយបានឆាប់រហ័ស។ (សូមកុំអនុវត្ត ប្រសិនបើអ្នកមិនចេះពីវិធីសាស្រ្តត្រឹមត្រូវ)។ មនុស្សគ្រប់រូបគួរតែសិក្សារៀនសូត្រពីវិធីងាយៗតែមានប្រសិទ្ធភាពខ្លះពីអ្នកជំនាញសង្គ្រោះបឋមព្រោះវាពិតជាអាចឲ្យអ្នកជួយជីវិតជនរងគ្រោះពីករណីណាមួយដែលនឹងកើតមានឡើងចំពោះមុខអ្នកបាន។ យ៉ាងណាមិញ សម្រាប់ករណីរបួសឬគ្រោះថ្នាក់នៅកន្លែងហាត់ប្រាណនេះ  អ្នកក៏អាចចៀសវាងបានដោយ ការជ្រើសរើសកន្លែង និងសម្ភារៈហាត់ប្រាណត្រឹមត្រូវតាមបច្ចេកទេស មានគ្រូបង្វឹកតាមក្បួនខ្នាត អមជាមួយនឹងបរិយាកាសអំណោយផលផងដែរ៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top