Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

វាជារឿងពិតមួយដែលថា «និស្សិតពេទ្យមិនដែលគិតថាខ្លួនឯងអាចក្លាយជាសហគ្រិនមួយរូបឡើយ»ហើយដើម្បីឆ្លើយតបនឹងផ្នត់គំនិតនេះ ជោគជ័យនៃម្ចាស់ពាន់រង្វាន់សហគ្រិនវ័យក្មេងឆ្នើមមួយរូបក្នុងឆ្នាំ២០១៧នេះ គឺ លោកទន្តបណ្ឌិត ទិត ហុងយឺ នាយកមន្ទីរពេទ្យ ទន្តសាស្ត្ររំចង់ ពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់។ គួរបញ្ជាក់ផងដែរថា លោកទន្តបណ្ឌិតបានបញ្ចប់ការសិក្សាផ្នែកទន្តបណ្ឌិតក្នុងឆ្នាំ១៩៩៥នៃមហាវិទ្យាល័យទន្តវទនសាស្ត្រ និងបានបន្តការសិក្សាផ្នែកដាំបង្គោលធ្មេញ និងបញ្ចប់ថ្នាក់អនុបណ្ឌិតជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ Frankfurt ក្នុងប្រទេសអាឡឺម៉ង់ (២០១៤)។    ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលមួយរូប លោកបានមើលឃើញពីចន្លោះខ្វះខាតតាំងពីពេលទើបចាប់ផ្តើមរួចទៅហើយ ជាក់ស្តែងណាស់ អុ្នកជំងឺមិនត្រូវការតែសេវាថែទាំ ឬព្យាបាលបែបបច្ចេកទេសនោះទេ ពួកគាត់ត្រូវការនូវអារម្មណ៍មួយពេញលេញតាមរយៈការបំពេញសេវាកម្មផ្សេងៗបន្ថែម។  ហេតុដូចនេះ លោកបានធ្វើការវិវឌ្ឍខ្លួន ពីអ្នកបច្ចេកទេសទៅជាសហគ្រិនដែលមានភាពជោគជ័យម្នាក់ក្នុងវិស័យសុខាភិបាល ជាពិសេសផ្នែកទន្តសាស្រ្តផ្ទាល់ ដោយលោកបានធ្វើឲ្យរំចង់មានភាពរីកលូតលាស់ទាំងគុណភាពនៃការព្យាបាល ក៏ដូចជាសេវាកម្មដោយមានការគាំទ្រពីសំណាក់ប្រជាជនទាំងក្នុង និងក្រៅប្រទេស។   សម្រាប់និស្សិតពេទ្យដែលមានបំណងបង្កើតនូវស្ថាប័នផ្តល់សេវាសុខភាពឯកជនមួយដែលមានសក្តានុពលនៅថ្ងៃអនាគត តើពួកគេគួរតែត្រៀមនូវអ្វីខ្លះ?    ខិតខំសិក្សាមុខវិជ្ជាដែលជាជំនាញរបស់ខ្លួន  ការសិក្សាក្នុងវិស័យសុខាភិបាល មិនមែនជារឿងងាយស្រួលដូចជាជំនាញដទៃទៀតនោះទេ គឺវាទាមទារឲ្យ និស្សិតយកចិត្តទុកដាក់ខ្ពស់ មានការតាំងចិត្ត និងការខិតខំស្រាវជ្រាវរបកគំហើញថ្មីៗពីជំនាញរបស់ខ្លួន ហើយការសិក្សាទ្រឹស្តីត្រូវដើរស្របគ្នានឹងការអនុវត្តជាក់ស្តែង។ ទាំងនេះក៏ជាគ្រឹះនៃការកសាងអាជីវកម្មផងដែរ ដូច្នេះត្រូវតែធ្វើវាឲ្យរឹងមាំ។   ការប្រើពេលវេលាឲ្យមានតម្លៃលើការសិក្សាជំនាញ ការទាញយកពេលវេលាមកប្រើប្រាស់ឲ្យបានត្រឹមត្រូវ ការហ្វឹកហាត់បន្ថែមលើចំណេះជំនាញឯកទេស និងមិនត្រូវបណ្តែតបណ្តោយពេលវេលាឲ្យកន្លងហួសនោះទេ។ បន្ថែមពីនោះផងដែរ ប្អូនៗមិនគួរបណ្តែតបណ្តោយសុខភាពថមថយឡើយ ដូចជាការឧស្សាហ៍ទទួលទានជាតិអាល់កុលច្រើន ការបរិភោគអាហារមិនបានត្រឹមត្រូវជាដើម។    ការរៀនភាសាបរទេសបន្ថែម មិនថាជាភាសាបារាំង ឬក៏អង់គ្លេសនោះទេ គឺសុទ្ធតែមានប្រយោជន៍ដល់ការសិក្សាជំនាញមួយនេះ ដោយហេតុថារាល់មេរៀនមានភាសាបរទេសស្ទើរគ្រប់ផ្នែក។ ម្យ៉ាងវិញទៀត ការចេះភាសាច្បាស់អាចឲ្យយើងមានសមត្ថភាពគ្រប់គ្រាន់ស្រាវជ្រាវអត្ថបទជំនាញខ្លួនដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាជាឱកាសទទួលបានការសិក្សាបន្តនៅក្រៅប្រទេស ដោយធ្វើឡើងតាមការប្រលងជាភាសាបរទេស។   ចៀសវាងការបើកអាជីវកម្មផ្ទាល់ខ្លួនក្រោយបញ្ចប់ការសិក្សាភ្លាមៗ ទ្រឹស្តី និងបទពិសោធន៍ដែលទទួលបានពីការសិក្សា គឺមិនទាន់គ្រប់គ្រាន់នោះទេ ហើយនិស្សិតទើបបញ្ចប់ការសិក្សាថ្មីៗក៏មិនទាន់មានភាពឯករាជ្យលើការងារបច្ចេកទេសដែរ។ ដូច្នេះហើយ ការទទួលយកបទពិសោធន៍បន្ថែមតាមរយៈការងារនៅស្ថាប័នណាមួយជាជម្រើសដ៏ល្អ(អាចមានរយៈពេល២ ទៅ៥ឆ្នាំ) ដើម្បីឲ្យខ្លួនឯងបានយល់ដឹងពីដំណើរប្រតិបត្តិការនៃអាជីវកម្មមួយជាពិសេសនៅត្រង់ប្រតិបត្តិការប្រចាំថ្ងៃរួមមានចំណាយ ចំណូល និងកត្តាផ្សេងៗទៀត។    សម្រាប់អ្នកដែលបានត្រៀមខ្លួនរួចរាល់វិញ តើរំចង់ មានគន្លឹះអ្វីពិសេសចង់ចែករំលែកជូនដល់ពួកគាត់ដែរឬទេ? ការចាប់ផ្តើមអាជីវកម្មពិតជាសំខាន់ ហើយក៏មិនមានភាពងាយស្រួលនោះដែរ ជាពិសេសសម្រាប់វិស័យសុខាភិបាលដែលទាមទារឲ្យមានការទទួលបានទំនុកចិត្តពីអ្នកជំងឺ ប៉ុន្តែជាមួយនឹងគន្លឹះ២ខាងក្រោមនេះ ៖  ១ ទិញយកបេះដូងនៃអតិថិជន ៖ បង្កើនទំនុកចិត្តដល់អតិថិជនដោយបម្រើសេវាកម្មស្របតាមតម្រូវការរបស់ពួកគាត់ ហើយការដែលធ្វើបែបនេះបាន អតិថិជនប្រៀបបាននឹងបងប្អូន ឬមិត្តភក្តិដែលរាប់អានគ្នាច្រើនឆ្នាំ ដែលតែងតែនឹកឃើញដល់គ្នាជានិច្ច។ ២ ស្មារតីបំពេញការងារជាក្រុម ៖ ក្រៅពីខ្លួនអ្នកផ្ទាល់ធ្វើការដុសខាត់នូវចំណេះដឹង និងជំនាញរបស់ខ្លួនហើយ បុគ្គលិកគ្រប់រូបគ្រប់ជាន់ថ្នាក់គួរតែបម្រើការងារដោយដើរសំដៅលើលើទស្សនវិស័យ និងគោលដៅរួម ជាមួយនឹងមានភាពរឹងមាំ ទំនុកចិត្ត និងជំនឿជាក់ ព្រមទាំងឲ្យតម្លៃគ្នាទៅវិញទៅមក។ ជាក់ស្តែងណាស់ រំចង់បានប្រមូលផ្តុំនូវក្រុមការងារដែលមានស្មារតីជាក្រុមសហការគ្នាបំពេញនូវតម្រូវការរបស់អតិថិជន។   លោកទន្តបណ្ឌិតក៏បានបន្ថែមនូវអនុសាសន៍ដែរថា «ការសិក្សាគឺមិនមានទីបញ្ចប់នោះទេ មិនថាក្នុងរូបភាពផ្សេងៗជាការអានសៀវភៅ ស្រាវជ្រាវឯកសារ ចូលរួមវគ្គសិក្សាខ្លី ឬកម្មវិធីសិក្ខាសាលានានា សុទ្ធសឹងតែជាចំណេះបន្ថែម សុទ្ធតែជួយជំរុញដល់ការអភិវឌ្ឍលក្ខណៈជាបុគ្គល ដើម្បីជាប្រយោជន៍នៃសហគមន៍ និងប្រទេសជាតិទាំងមូល»។ ជាក់ស្តែង រំចង់ក៏មាននូវមានក្លឹបសិក្សាជារៀងរាល់សប្តាហ៍ ដែលគ្រូពេទ្យទាំងអស់ធ្វើការប្រជុំពិភាក្សា និងចូលរួមចែករំលែកបទពិសោធន៍ ឬចំណេះដឹងថ្មីៗ ពីគ្នាទៅវិញទៅមកផងដែរ។    ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ជាការរួមចំណែកមួយក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល តាមរយៈការផ្តល់ជាមគ្គទេសក៍ដល់អ្នកដែលមានបំណងចូលសិក្សាផ្នែកសុខាភិបាលនោះ យើងខ្ញុំសូមនាំមកជូននូវព័ត៌មានខ្លឹមៗពីមុខវិជ្ជា និងស្ថាប័នសិក្សាដែលអាចជ្រើសរើសបានដូចខាងក្រោម ៖   នៅតាមសាកលវិទ្យាល័យនីមួយៗទាំងស្ថាប័នរដ្ឋ និងឯកជន ក៏អាចមាននូវមហាវិទ្យាល័យជាច្រើនក្នុងនោះមានដូចជា៖ -មហាវិទ្យាល័យវេជ្ជសាស្ត្រ (ការសិក្សាជាទូទៅ៦ឆ្នាំ) ឯកទេស ឬវេជ្ជសាស្រ្តទូទៅ (ការសិក្សា៨ឆ្នាំ) -មហាវិទ្យាល័យឱសថសាស្ត្រ (ការសិក្សាជាទូទៅ៥ឆ្នាំ) -មហាវិទ្យាល័យទន្តវទនសាស្រ្ត (ការសិក្សាជាទូទៅ៧ឆ្នាំ) ឬទន្តគិលានុដ្ឋាក (ការសិក្សា៤ឆ្នាំ) -បរិញ្ញាប័ត្រគិលានុបដ្ឋាក ឬឆ្មប (ការសិក្សាជាទូទៅ៤ឆ្នាំ) -បរិញ្ញាប័ត្ររងគិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍ ការព្យាបាលដោយចលនា  បច្ចេកទេសវិទ្យុសាស្ត្រ (ការសិក្សាជាទូទៅ៣ឆ្នាំ) បន្ថែមពីលើនេះ យើងខ្ញុំក៏សូមបង្ហាញអំពីទីតាំងនៃសាកលវិទ្យាល័យនានានៃវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមានទាំងនៅរាជធានីភ្នំពេញ និង តាមបណ្តាខេត្តមួយចំនួនដែរ៖‌ ១.សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ មានទីតាំងនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅសាកលវិទ្យាល័យនេះមានមហាវិទ្យាល័យ៖ វេជ្ជសាស្រ្តទូទៅ ឯកទេស ឱសថសាស្ត្រ ទន្តវទនសាស្រ្ត ... ព័ត័មានបន្ថែម៖ www.uhs.edu.kh ២.សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត គឺជាផ្នែកមួយនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានទីតាំងនៅបណ្តោយផ្លូវ ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន  រាជធានីភ្នំពេញ។ ប៉ុន្តែនៅសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រនេះមានត្រឹមថ្នាក់បរិញ្ញាប័ត្រ និងបរិញ្ញាប័ត្ររងតែប៉ុណ្ណោះ។  ព័ត៌មានបន្ថែម៖ https://www.uhs.edu.kh/tsmc/index.php ៣.វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ដែលមានទីតាំងនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានមហាវិទ្យាល័យវេជ្ជសាស្ត្រ ឱសថសាស្ត្រ ទន្តវទនសាស្ត្រ និងមានសាលាថែទាំវេជ្ជសាស្ត្រ គិលានុបដ្ឋាក គិលានុបដ្ឋាក-ឆ្មប ឆ្មប បច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្រ្ត។ ព័ត៌មានបន្ថែម៖ www.insti-sante.edu.kh ៤.សាកលវិទ្យាល័យន័រតុន ជាគ្រឹះស្ថានឧត្តមសិក្សាឯកជនដែលមានទីតាំងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ។ មានមហាវិទ្យាល័យ ៖ វេជ្ជសាស្ត្រ ឱសថសាស្ត្រ ទន្តវទនសាស្ត្រ គិលាបនុដ្ឋាកឧត្តម និងអ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ។ ព័ត៌មានបន្ថែម៖ http://www.norton-u.com/faculty-of-health-sciences.nu ៥.សាកលវិទ្យាល័យចេនឡា ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលមានទីតាំងស្ថិតនៅសង្កាត់ផ្សារដើមគ ខណ្ធទួលគោក រាជធានីភ្នំពេញ។ មានមហាវិទ្យាល័យថែទាំវេជ្ជសាស្ត្រ គិលាបនុដ្ឋាក ឆ្មប បច្ចេកទេសមន្ទីរពិសោធន៍។ ព័ត៌មានបន្ថែម៖ https://www.facebook.com/chenlauniversity/ ៦.សាកលវិទ្យាល័យអន្តរជាតិ ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលមានទីតាំងនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មានមហាវិទ្យាល័យ រោគកុមារ វេជ្ជសាស្ត្រទូទៅ ឱសថសាស្រ្ត ទន្តវទនសាស្ត្រ និងមហាវិទ្យាល័យថែទាំវេជ្ជសាស្ត្រ គិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍វេជ្ជសាស្ត្រ។ ព័ត៌មានបន្ថែម៖ www.iu.edu.kh ៧.សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលមានទីតាំងនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មានមហាវិទ្យាល័យ វេជ្ជសាស្ត្រ ឱសថសាស្ត្រ ទន្តវទនសាស្ត្រ និងមហាវិទ្យាល័យថែទាំវេជ្ជសាស្ត្រ គិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍។ ព័ត៌មានបន្ថែម៖ http://fhs.puthisastra.edu.kh/index.php/en/ ៨.សាកលវិទ្យាល័យឡាយហ្វ Life ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលមានទីតាំងនៅសង្កាត់០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ មានមហាវិទ្យាល័យថែទាំវេជ្ជសាស្ត្រ គិលាបនុដ្ឋាក ឆ្មប។  ព័ត៌មានបន្ថែម៖ www.lifeun.edu.kh ៩.វិទ្យាស្ថានវិទ្យាល័យអាស៊ី ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលមានទីតាំងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ មានមហាវិទ្យាល័យថែទាំវេជ្ជសាស្ត្រ គិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍។  ព័ត៌មានបន្ថែម៖ www.ais-edu.com ១០.វិទ្យាស្ថានបូលីណូ ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ នៃសាកលវិទ្យាល័យអន្តរជាតិ សាខាខេត្តកំពង់ឆ្នាំង ដែលមានទីតាំងចំនួនពីរ កន្លែង គឺ ភូមិអូរូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានមហាវិទ្យាល័យវេជ្ជសាស្ត្រទូទៅ ឱសថសាស្ត្រ ទន្តវទនសាស្ត្រ ទន្តគិលាបនុដ្ឋាក គិលានុបដ្ឋាក ឆ្មប។ ព័ត៌មានបន្ថែម៖ https://www.facebook.com/iukampongchhnang/ លោកអ្នកក៏អាចផ្តល់ជូននូវព័ត៌មានបន្ថែម ប្រសិនបើយើងខ្ញុំមានចន្លោះខ្វះខាតត្រង់ចំណុចណា… Photo Credit : Theap Socheat ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

នាពេលបច្ចុប្បន្ន ស្របពេលដែលប្រជាជនកម្ពុជាហាក់ដូចជាបាត់បង់ទំនុកចិត្តលើវិស័យសុខាភិបាលក្នុងប្រទេស ដែលជាហេតុនាំឲ្យមានលំហូរអ្នកជំងឺទៅក្រៅប្រទេសកាន់តែច្រើនឡើងៗ ប្រទេសកម្ពុជាក៏បាន និងកំពុងពង្រឹងបន្ថែមលើគុណភាពនៃវិស័យមួយនេះទាំងផ្នែកសាធារណៈក៏ដូចជាផ្នែកឯកជនផងដែរ។ ដើម្បីជាការរួមចំណែកមួយក្នុងការផ្តល់ ក៏ដូចជាកសាងទំនុកចិត្តដល់អ្នកជំងឺឡើងវិញ គ្លីនិកឯកជនពិតជាដើរតួសំខាន់ និងផ្តើមចេញពីពួកគាត់ផ្ទាល់ក្នុងការផ្លាស់ប្តូរនូវផ្នត់គំនិតបែបនោះ។    លោកទន្តបណ្ឌិត ទិត ហុងយឺ ដែលជានាយកនៃមន្ទីរពេទ្យទន្តសាស្រ្តរំចង់ បានចូលរួមបង្ហាញពីគន្លឹះមួយចំនួនដែលមន្ទីរពេទ្យរបស់លោកខិតខំប្រឹងប្រែង ដើម្បីផ្តល់សេវាកម្មដែលអាចទុកចិត្តបានដែលមិនត្រឹមតែលទប់ស្កាត់ការស្វែងរកសេវាទន្តសាស្រ្តនៅក្រៅប្រទេសរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងទទួលបានទំនុកចិត្តពីអតិថិជនអន្តរជាតិផងដែរ។ លោកទន្តបណ្ឌិតបានបញ្ជាក់ថា អ្វីដែលជាចំណុចសំខាន់នោះគឺ «ត្រូវកែតម្រូវរាល់គ្រប់ចន្លោះខ្វះខាតនោះដោយផ្តើមចេញពីបុគ្គលដែលជាអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលផ្ទាល់»តាមរយៈ   • ការពង្រឹងចំណេះដឹង និងជំនាញបន្ថែម ៖ ជាមួយនឹងការវិវឌ្ឍនៃប្រភេទជំងឺកាន់តែច្រើនជាមួយបច្ចេកវិទ្យាក្នុងការព្យាបាលកាន់តែទំនើប អ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលគ្រប់រូបគួរតែខិតខំសិក្សាបន្ថែមលើទាំងការកកើតឡើងនៃជំងឺថ្មីៗ ក៏ដូចជាការបច្ចេកទេសព្យាបាលតាមជំនាញផ្សេងៗគ្នា។   • ការពង្រឹងស្តង់ដាបច្ចេកទេសនៃការព្យាបាល ៖ អ្នកជំងឺតែងតែចង់បានការព្យាបាលមួយដែលមានភាពច្បាស់លាស់ និងស្របតាមស្តង់ដាមួយ ហើយវាជាផ្នែកមួយដែលធ្វើឲ្យជំងឺមានភាពប្រសើរឡើង និងមានទំនុកចិត្តមួយកម្រិតផងដែរ។ បន្ថែមពីលើនេះ ការរក្សាអនាម័យ ជាពិសេសលើឧបករណ៍ព្យាបាល ដែលងាយប្រឈមមុខនូវហានិភ័យខ្ពស់  និងគួររៀបចំកន្លែងឲ្យមានបរិយាកាសល្អជាផ្នែកទាក់ទាញអារម្មណ៍អ្នកជំងឺឲ្យមានភាពស្រស់ស្រាយ និងឆាប់ជាសះស្បើយផងដែរ។   • ការពង្រឹងលើសេវាកម្ម និងទំនាក់ទំនងល្អជាមួយអ្នកជំងឺ ៖ ក្រៅពីបច្ចេកទេសក្នុងការព្យាបាល ការយកចិត្តទៅលើការផ្តល់សេវាកម្មដែលបុគ្គលិកមានភាពរួសរាយ និងការផ្តល់ភាពកក់ក្តៅដល់អ្នកជំងឺ គឺធ្វើយ៉ាងណាឲ្យពួកគាត់មានភាពពេញចិត្តប្រៀបដូចជាគ្រូសារតែមួយ។     លោកទន្តបណ្ឌិតក៏បានបន្ថែមផងដែរថា «ការផ្តល់គុណភាព បច្ចេកទេស និងស្តង់ដានៃការព្យាបាល ជាផ្នែកមួយដែលចូលរួមក្នុងការចែករំលែកទុក្ខលំបាករបស់ប្រជាជន កាត់បន្ថយការទទួលសេវានៅក្រៅប្រទេស ដោយបន្ថយការចំណាយ បង្កើនសេដ្ឋកិច្ចគ្រួសារក៏ដូចជាសង្គមជាតិដែរ»។  លោកទន្តបណ្ឌិតក៏បានផ្តល់នូវអនុសាសន៍ដ៏មានអត្ថន័យខ្លឹមសារថា «ភាពជោគជ័យ គឺកើតចេញពីបុគ្គលម្នាក់ៗ ជាក់ស្តែង ក្នុងវិស័យសុខាភិបាលរបស់យើង ដរាបណាបុគ្គលជាអ្នកប្រកបវិជ្ជាជីវៈម្នាក់ៗមានសក្តានុពល ហើយធ្វើការងាររួមគ្នាជាធ្លុងមួយ នោះវិស័យមួយនេះនឹងមានភាពរឹងមាំ និងរីកចម្រើនដូចប្រទេសដទៃទៀតដែរ»។    ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ជាការពិតណាស់រៀនពេទ្យតែមួយមុខគឺរវល់ខ្លាំងណាស់ ចុះមានពេលឯណាទៅគិតពីរឿងដទៃទៀតនោះ ខំរៀនតែពេទ្យឲ្យពូកែទៅបានហើយ។ តើអ្នកធ្លាប់បានគិតពីពាក្យមួយឃ្លានេះដែរឬទេ? នៅក្នុងសម័យកាលនេះបើសិនជាអ្នកចេះតែមួយជំនាញនោះអ្នកប្រហែលជាមានការលំបាកបន្តិចហើយដើម្បីចូលចុះជាមួយអ្នកដទៃក្នុងសង្គម។ ប្រាកដជាមានអ្នកអានមួយចំនួនមិនយល់ស្របជាមួយនឹងការនិយាយបែបនេះទេ។ ប៉ុន្តែបើអ្នកជានិស្សិតពេទ្យ ហើយចង់ធ្វើខ្លួនឲ្យបានកាន់តែប្រសើរជាងនេះទៅទៀត អ្នកគួរតែអភិវឌ្ឍនូវជំនាញរាងជាអក្សរ T (T-shaped skills)។ តើអ្វីទៅជា T-shaped skills?    T-shaped skills គឺសំដៅលើជំនាញ២ដែលរួមមាន ជំនាញឯកទេស (Specialization skill) និងជំនាញទូទៅ (Generalization skill)។ នៅត្រង់ចំណុចនេះមានន័យថា ជួរឈរនៃអក្សរ T គឺសំដៅលើជំនាញឯកទេសពោលគឺការរៀនពេទ្យនេះតែម្ដង យើងត្រូវខិតខំប្រឹងប្រែងសម្រួចនូវជំនាញមួយនេះឲ្យបានច្បាស់ ព្រោះថាវាគឺជាជំនាញគោលរបស់យើង។ រីឯជួរដេកនៃអក្សរ T សំដៅលើជំនាញទូទៅគឺការរៀនសូត្រស្រូបយកនូវចំណេះដឹងទូទៅឲ្យបានច្រើន។ ចំពោះអត្ថបទនេះ យើងនឹងផ្តោតសំខាន់តែទៅលើជំនាញទូទៅទេ។ ខាងក្រោមនេះគឺជាការរៀបរាប់បន្ថែមទាក់ទងនឹងជំនាញទូទៅ ហើយយើងត្រូវធ្វើដូចមេ្តចខ្លះទើបអាចធ្វើពង្រឹងនូវជំនាញមួយនេះបាន។ 1. ការចូលរួមក្នុងសកម្មភាពសង្គម៖ និស្សិតពេទ្យយើងមួយចំនួនធំពុំសូវមានការចូលរួមក្នុងសកម្មភាពសង្គមនោះទេ ព្រោះពួកគេមិនចង់ចំណាយពេលវេលារបស់ពួកគេទៅធ្វើអ្វីក្រៅពីខិតខំរៀនពេទ្យទេ។ ផ្ទុយទៅវិញ ការចូលរួមនៅក្នុងសកម្មភាពសង្គមផ្សេងៗបានផ្ដល់ជាផលប្រយោជន៍ជាច្រើនដល់យើង។ ក្រៅពីជំនាញដែលអ្នកបានរៀននៅសាលា អ្នកអាចអនុវត្តផ្ទាល់នូវជំនាញផ្សេងៗដូចជាជំនាញក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ ការផ្លាស់ប្ដូរព័ត៌មាននិងបទពិសោធន៍ និងការចាប់យកឱកាសផ្សេងៗ។ អ្នកគួរតែចូលរួមក្នុងកម្មវិធីផ្សេងៗ ឬការធ្វើការងារស្ម័គ្រចិត្តមួយចំនួនដើម្បីស្គាល់មនុស្សឲ្យបានច្រើន បង្កើនទំនាក់ទំនង និងប្រមូលយកនូវបទពិសោធន៍ជីវិតក៏ដូចជាចំណេះដឹងផ្សេងៗជាច្រើនទៀត។ 2. ការអាន៖ និស្សិតពេទ្យយើងមួយចំនួនដូចជាមានភាពស្មោះស្ម័គ្រខ្លាំងជាមួយសៀវភៅពេទ្យ ពួកគេពុំដែលចំណាយពេលខ្លះដើម្បីអានសៀវភៅផ្សេងក្រៅពីសៀវភៅពេទ្យឡើយ។ តើមាននិស្សិតពេទ្យប៉ុន្មានភាគរយដែលអានសៀវភៅក្រៅពីសៀវភៅពេទ្យ? អ្នកគួរតែចំណាយពេលវេលាមួយចំនួនដើម្បីអាននូវអត្ថបទផ្សេងៗ ចំណេះដឹងទូទៅ ព័ត៌មានក្នុងនិងក្រៅប្រទេស និងសៀវភៅអភិវឌ្ឍខ្លួនឯង (Self-improvement books) មួយចំនួន ដើម្បីពង្រឹងនូវចំណេះដឹងទូទៅ និងជំនាញទន់ (Soft Skill) របស់អ្នក។ ឧទាហរណ៍ តើអ្នកធ្លាប់អង្គុយជុំគ្នាជាមួយមិត្តភក្តិរបស់អ្នកហើយពួកគេចាប់ផ្តើមជជែកពីនេះពីនោះមិនចេះចប់ រីឯអ្នកវិញបានត្រឹមអង្គុយចាំស្ដាប់ពួកគេនិយាយគ្នាដោយមិនបានបញ្ចេញយោបល់សូម្បីតែមួយម៉ាត់ទេ? មូលហេតុនោះគឺអ្នកមិនចេះអ្វីក្រៅពីពេទ្យឡើយ ហើយពួកគេក៏មិនងាយប្តូរប្រធានបទទៅជជែកពីពេទ្យដែរ ព្រោះថាពួកគេពុំមានចំណេះដឹងអំពីពេទ្យនោះទេ។ ដូច្នេះក្នុងករណីនេះអាចសបញ្ជាក់បានថាចំណេះដឹងទូទៅក៏បានដើរតួនាទីយ៉ាងសំខាន់សម្រាប់និស្សិតពេទ្យដែរ។ សរុបមកវិញ វាគឺជាការល្អមួយដែលអ្នកអាចផ្តោតអារម្មណ៍ខិតខំរៀននូវមុខវិជ្ជាពេទ្យនេះឲ្យបានពូកែ ក៏ប៉ុន្តែអ្នកក៏មិនគួរមើលរំលងហើយមិនយកពេលវេលាខ្លះដើម្បីទទួលយកការយល់ដឹងអំពីបញ្ហាក្រៅពីពេទ្យដែរ។     

Share

គ្លីនិក តូច យ៉ាន ឯកទេសព្យាបាលជម្ងឺឬសដូងបាត  ព្យាបាលដោយ បច្ចេកទេសវិទ្យាសាស្រ្តថ្មីទំនើប "ចាក់និងលេបថ្នាំពេទ្យសម័យ មិនបាច់វៈកាត់ មិនបាច់សំរាកពេទ្យ" ព្យាបាលដោយវេជ្ជបណ្ឌិត តូច យ៉ាន ជំនាញព្យាបាលជម្ងឺឬសដូងបាតបទពិសោធន៍ ១៤ ឆ្នាំមកហើយ ព្យាបាលជាអ្នកជម្ងឺជា ជាង ៧. ០០០ នាក់ទន្ទឹមនោះត្រូវបានអង្គការវាយតំលៃគុណភាព WQC (World quality Commitment)ប្រគល់ពានរង្វាន់ មាស ចំនួន២ឆ្នាំជាប់គ្នា ៖ ១_ពានរង្វាន់មាស ឆ្នាំ២០១៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ ២_ពានរង្វាន់ផ្លាកទីន២០១៧ នៅទីក្រុងFrankfurt ប្រទេសអាឡឺម៉ង់ ។   -ការព្យាបាលដោយ ចាក់និងលេបថ្នាំពេទ្យ មិនវៈកាត់ មិនសំរាកពេទ្យ ~ ធានាព្យាបាលជាគ្រប់ប្រភេទជម្ងឺឬសដូងបាត ទោះបីដុះ (៥០ ឬ ៦០ ឆ្នាំ ) ហើយក្តីឬ កំពុងទុំហូរឈាមក្តី។ ~ ព្យាបាលរយៈពេលខ្លី (៣ទៅ៥ថ្ងៃយ៉ាងយូរបំផុត ធានាមិនដុះវិញ)។ ~ ព្យាបាលរួចមាន ប័ណ្ណធានារាប់រង ជូនអ្នកជម្ងឺ ធានាជូនមួយជីវិត។ ~ បើមានអ្នកជម្ងឺស្ត្រី មានអ្នកគ្រូពេទ្យពិនិត្យ និង ព្យាបាលជូន។ ~ ក្នុងរយៈពេលព្យាបាលអ្នកជម្ងឺ ពុំមានការឈឺចាប់ អាចដេក, ដើរ, ឈរ, អង្គុយ, ហូបចុក, លក់ដូរ, ធ្វើការងារបានដូចធម្មតា មិនបាច់សំរាកពេទ្យ ។ ~ពិនិត្យ, ពិគ្រោះ,ថតជម្ងឺឬសដូងបាតជូនតំលៃ $៥ ឬ ២០.០០០រៀលមួយនាក់ ~ចំពោះអ្នកនៅបណ្ដាខេត្ត, ក្រុងឆ្ងាយគ្លីនិកមានកន្លែងឲ្យស្នាក់នៅ ៣ឬ៥ថ្ងៃ ដោយពុំគិតប្រាក់ទេ ។   -គ្មានអ្នកណាដឹងពីការលំបាក ការឈឺចាប់ ជាជាងអ្នកជម្ងឺខ្លួនឯងនោះទេ។   -មនុស្សយើងមិនត្រូវកំណាញ់ស្វិតពីសុខភាព អាយុជីវិតខ្លួនឯងពេកទេ ព្រោះពេលស្លាប់ទៅ គ្មានអ្នកណាយកអ្វីទៅជាមួយបានឡើយ។       -ជីវិតយើងមានតំលៃលើសមាស លើសពេជ្រ រាប់លានដង រាប់មិនអស់ហេតុដូចម្តេច បានជាយើងមិនខំថែរក្សា ការពារវាដូច មាសដូចពេជ្រផង?      ទីកន្លែងព្យាបាលៈ ផ្ទះលេខប16 ,18 ផ្លូវលេខ 16 ក្នងបុរីពិភពថ្មីវ៉េងស្រេង ភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ័ពោធិសែនជយ័ រាជធានី ភ្នំពេញ       លោកលោកស្រីទូរស័ព្ទពិភាក្សាពិគ្រោះជម្ងឺជាមួយ លោកវេជ្ជបណ្ឌិត តូច យ៉ាន បានតាមរយៈ ថូលព្រី 1800 20 1989 ឬ តាម ទូរស័ព្ទលេខ 012 855 922 , 097 97 97 882, ,070 855 922 , 016 955 822. សូមអរគុណ

Share

រៀនពេទ្យ គឺជាមុខវិជ្ជាដ៏លំបាកបំផុតមួយ ព្រោះថាវា គឺជាការសិក្សាពីវិធីក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការបង្ការជំងឺជាដើម។ ដោយសារតែការចងចាំគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងជំនាញមួយនេះ ដូច្នេះហើយស្មាតហ្វូនឬថេប្លេតបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការព្យាបាលក៏ដូចជាក្នុងការសិក្សាវិជ្ជាពេទ្យមួយនេះ ដែលអនុញ្ញាតឲ្យនិស្សិតពេទ្យ និងគ្រូពេទ្យអាចចូលទៅទាញចូលទិន្នន័យនិងព័ត៌មានដែលមានលក្ខណៈត្រឹមត្រូវនិងទាន់សម័យ ការគណនាផ្សេងៗ និងឯកសារយោង។ ស្មាតហ្វូន គឺជាផ្នែកមួយដែលមិនអាចខ្វះបាននៃវេជ្ជសាស្ត្រសម័យទំនើប។ ខាងក្រោមនេះគឺជាការជ្រើសរើសយក App សិក្សាល្អៗទាំង៦ដែលនិស្សិតពេទ្យនិងគ្រូពេទ្យគួរមាននៅក្នុងស្មាតហ្វូន។ Medscape សម្រាប់ iOS, Android លក្ខណៈពិសេសនៃ App មួយនេះគឺមានដូចជាព័ត៌មានវេជ្ជសាស្ត្រ ព័ត៌មានទាក់ទងនឹងថ្នាំ ការធ្វើបទបង្ហាញគ្លីនិកនិងព្យាបាល។ ព័ត៌មាននៅក្នុងកម្មវិធីមួយនេះមានភាពត្រឹមត្រូវនិងអាចយកជាការបាន អ្នកអាចបន្តការសិក្សាផ្នែកវេជ្ជសាស្ត្រជាមួយនឹងព័ត៌មានដ៏ច្រើនលើសលុបជាមួយនឹង App មួយនេះ។ VIDAL សម្រាប់ iOS, Android App មួយនេះត្រូវបានប្រើជាភាសាបារាំង និងជាApp ដែលស្ទើរតែគ្រប់គ្រូពេទ្យទាំងអស់បាននឹងកំពុងតែប្រើប្រាស់នូវកម្មវិធីមួយនេះ។ គេប្រើ App មួយនេះដើម្បីសិក្សាអំពីថ្នាំ មានដូចជាធាតុផ្សំរបស់វា ការព្យាបាលសម្រាប់ជំងឺណា កម្រិតនៃការប្រើថ្នាំ ផលប៉ះពាល់នៃថ្នាំ បំរាមសម្រាប់អ្នកប្រើប្រាស់ជាដើម។ Medicalcul សម្រាប់ Android App នេះមានលក្ខណៈពិសេសប្លែកពី App ដែលបានរៀបរាប់ខាងលើ។ និស្សិតពេទ្យយើងច្រើនប្រើកម្មវិធីមួយនេះដើម្បីគណនានូវរូបមន្តផ្សេងៗក្នុងវេជ្ជសាស្ត្រ ព្រោះថាវាមានភាពងាយស្រួលនិងចំណេញពេលវេលា។ ភាពងាយស្រួលនោះគឺអ្នកគ្រាន់តែចុចយករូបមន្តមួយណាដែលអ្នកត្រូវការ ហើយបញ្ចូលទិន្នន័យទៅតាមតារាងដែលបានបង្ហាញក្នុងកម្មវិធីនេះ រួចហើយវានឹងធ្វើការគណនាភ្លាមៗ និងបន្ថែមពីនេះទៅទៀតវាក៏បានបង្ហាញពីរូបមន្តក្នុងការគណនានៅខាងក្រោម ដូច្នេះអ្នកអាចរំលឹកពីរូបមន្តរបស់វាបានទៀតផង។ MedCalc សម្រាប់ iOS App នេះមានលក្ខណៈដូចគ្នាទៅនឹង App ខាងលើដែរ ហើយអ្វីដែលខុសគ្នានោះគឺApp មួយនេះសម្រាប់អ្នកដែលប្រើ iOS។ គេប្រើកម្មវិធីនេះដើម្បីគណនារូបមន្តផ្សេងៗក្នុងវេជ្ជសាស្ត្រ ហើយវាមានរូបមន្តជាច្រើនដែលអ្នកអាចធ្វើការស្រាវជ្រាវបន្ថែម។ Uptodate សម្រាប់ iOS, Android នេះគឺជា App ដែលកំពុងតែពេញនិយមខ្លាំងក្នុងចំណោមនិស្សិតពេទ្យក៏ដូចជាគ្រូពេទ្យ។ លក្ខណៈពិសេសនៃ App នេះគឺព័ត៌មានថ្មីៗដែលមិនចេះរីងស្ងួតទាក់ទងនឹងវេជ្ជសាស្ត្រ។ កម្មវិធីនេះត្រូវបានគេបញ្ចូលនូវអត្ថបទពេទ្យទាក់ទងនឹងការព្យាបាលជំងឺ ការប្រើប្រាស់ថ្នាំ ការបង្ការជំងឺ និងមានជាច្រើនទៀត។ រីឯអត្ថបទដែលត្រូវបានបញ្ចូលទៅក្នុងកម្មវិធីមួយនេះគឺសុទ្ធតែជាអត្ថបទពីការសិក្សាថ្មីដែលមានលក្ខណៈត្រឹមត្រូវ ទាន់សម័យ និងអាចយកជាឯកសារយោងបាន។ Healthogo សម្រាប់ iOS, Android  Healthogo មានលក្ខណៈពិសេសរបស់សម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាពិសេសនៅក្នុងប្រទេសកម្ពុជាយើងតែម្តង។ និស្សិតពេទ្យអាចទទួលបន្ថែមនូវចំណេះដឹងផ្សេងៗដែលអាចទុកចិត្តបាននៅក្នុងវិស័យសុខាភិបាលទាំងចំណេះដឹងបច្ចេកទេស ចំណេះដឹងនៃសុខភាពទូទៅ ព័ត៌មានសុខភាព ការសិក្សា ការងារ និងការធ្វើអាជីវកម្ម ព្រមទាំងឱកាសជាច្រើនផ្សេងទៀតផងដែរ។ សម្រាប់វេជ្ជបណ្ឌិតដែលមានគ្លីនិកឯកជនវិញ គឺអាចក្លាយជាសមាជិកមួយរូបនៃហេលស៍ថាម ប្រូ និងធ្វើការបង្ហាញនូវសក្តានុពលនៃស្ថាប័នរបស់ខ្លួនតាមរយៈការបង្កើតទំព័រអាជីវកម្ម ព្រមទាំងចែករំលែកនូវចំណេះដឹង ក៏ដូចជាបទពិសោធន៍របស់ខ្លួនផងដែរ។ ទាំងនិស្សិតពេទ្យ និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលគ្រប់រូប ក៏អាចចូលរួមក្នុង«វេទិកាសុខភាព» ដោយធ្វើការឆ្លើយតបនឹងចម្ងល់ផ្សេងៗអំពីបញ្ហាសុខភាព និងចែករំលែកដំបូន្មានល្អៗដល់សាធារណជនផងដែរ។ ប្រសិនបើមានAppណាដែលធ្លាប់បានប្រើប្រាស់ ហើយគិតថាមានអត្ថប្រយោជន៍ពិសេសសម្រាប់និស្សិតពេទ្យ និងពេទ្យនោះ សូមជួយធ្វើការណែនាំបន្ថែមផង ដើម្បីជាការចែករំលែកដល់អ្នកនៅក្នុងវិជ្ជាជីវៈដូចគ្នា...

Share

សៀវភៅហោប៉ៅស្តីពី«ការថែទាំព្យាបាលក្នុងមន្ទីរពេទ្យសម្រាប់កុមារ» នេះ គឺសម្រាប់វេជ្ជបណ្ឌិត គិលានុប្បដ្ឋាក/យិកា និងមន្រ្តីសុខាភិបាលផ្សេងៗទៀត ដែលទទួលខុសត្រូវក្នុងការថែទំាព្យាបាលកុមារតូចៗ ប្រើប្រាស់នៅមន្ទីរពេទ្យបង្អែកកម្រិត១ ដែលនេះជាការបោះពុម្ពផ្សាយលើកទីពីរ ដោយអង្គការសុខភាពពិភពលោក។ គួរបញ្ជាក់ផងដែរថា សៀវភៅនេះសម្រាប់ប្រើប្រាស់ថែទាំព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យ និងអ្នកជំងឺមកពិគ្រោះជំងឺខាងក្រៅនៅមន្ទីរពេទ្យតូចៗដែលមានមន្ទីរពិសោធន៍ និងឱសថសារវ័ន្ត ហើយក៏អាចប្រើប្រាស់តាមសេវាសុខាភិបាលមួយចំនួនទៀត ដែលកុមារឈឺត្រូវបានទទួលឲ្យសំរាកព្យាបាលផងដែរ។ សម្រាប់ការទាញយក សូមចុចត្រង់នេះ សៀវភៅហោប៉ៅស្តីពី«ការថែទាំព្យាបាលក្នុងមន្ទីរពេទ្យសម្រាប់កុមារ ប្រភព ៖ ទំព័រហ្វេសប៊ុក Medicine © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការជ្រើសរើសជំនាញឯកទេស បន្ទាប់ពីការសិក្សាអស់រយៈពេល៦ឆ្នាំ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មិនមែនជារឿងដែលពិបាកខ្លាំង ឬងាយស្រួលនោះដែរ។ លោកវេជ្ជបណ្ឌិត អ៊ុន កែវសិលា ជានិស្សិតម្នាក់ ក្នុងចំណោមពីរនាក់ ដែលបានជាប់អាហារូបករណ៍ជំនាញឯកទេស ក្រពះ ពោះវៀន ថ្លើម ទៅសិក្សានៅប្រទេសបារាំង ក្នុងឆ្នាំ២០១៥- ២០១៦។ លោកវេជ្ជបណ្ឌិត បានសិក្សានៅទីក្រុងលីយ៉ង់ នៅសាកលវិទ្យាល័យ Claude Bernard Lyon1 រយៈពេល១ឆ្នាំ។ សព្វថ្ងៃលោកវេជ្ជបណ្ឌិត សិលា បម្រើការនៅមន្ទីពេទ្យព្រះកុសមៈ និងនៅមន្ទីរពេទ្យសូរិយាផងដែរ ជំនាញក្រពះ ពោះវៀន និងថ្លើម។   អ្វីដែលជួយក្នុងការសម្រេចជ្រើសរើសជំនាញមួយត្រូវតាមចំណង់ចំណូលចិត្ត? លោកវេជ្ជបណ្ឌិត សិលាបានប្រាប់ពីការរើសជំនាញមួយនេះថា សម្រាប់លោកវេជ្ជបណ្ឌិតផ្ទាល់ ពេលនោះលោកវេជ្ជបណ្ឌិបានចុះកម្មសិក្សា រយៈពេល១ ទៅ២ខែ ដើម្បីទៅសិក្សាស្វែងយល់បន្ថែមនៅមន្ទីរពេទ្យផ្ទាល់ ក៏ដូចជាដើម្បីសង្កេតមើលថា យើងពេញចិត្តនឹងជំនាញដែរឬទេ ហើយបើយើងយល់ថាយើងពិតជាស្រលាញ់ជំនាញមួយណាហើយអាចកំណត់ផ្លូវតទៅមុខទៀត ចៀសវាងការសម្រចដែលខុសពីចំណូលចិត្តខ្លួនឯង ដែលទោះជាចង់បកក្រោយបន្ទាប់ពីរើសហើយនោះ ក៏ពិបាកដែរ។ លោកសិលាបង្ហាញឲ្យដឹងថា ពេលដំបូងលោកក៏មិនជាសូវស្រលាញ់ជំនាញមួយនេះទេ​​ ដោយហេតុថាវាមិនស្អាត មានក្អួតចង្អោរ រាគ មានរាគឈាម មានក្លិនស្អុយ តែបន្ទាប់ពីបានឃើញពីទុក្ខលំបាក់របស់អ្នកជំងឺ និងការជួយព្យាបាលគាត់ហើយ លទ្ធផលដែលធ្វើឲ្យអ្នកជំងឺបានជាសះស្បើយ ជាកត្តាជំរុញទឹកចិត្តខ្ញុំឲ្យចាប់ផ្តើមស្រលាញ់ខាងជំនាញនេះ ហើយម្យ៉ាងវិញទៀតឯកទេសនេះមានការអភិវឌ្ឍតទៅមុខទៀតតាមការវិវឌ្ឍនៃឧបករណ៍ ឬម៉ាស៊ីនក្នុងការព្យាបាល។»  អ្វីដែលគួរត្រៀម ដើម្បីបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស? លោកវេជ្ជបណ្ឌិត សិលា បានចែករំលែកបទពិសោធន៍មួយចំនួន  ពីការសិក្សារបស់លោកនៅប្រទេសបារាំងដែរថា ៖ «មុនពេលទៅបន្តការសិក្សានៅប្រទេសបារាំង យើងត្រូវត្រៀមខ្លួនឲ្យបានល្អ តួយ៉ាងយើងត្រូវមានកំរិតការសិក្សាល្អនៅសាលា ហើយអ្វីដែលសំខាន់គឺ ត្រូវមានកំរិតភាសាបារាំងល្អ ក្នុងលក្ខខណ្ឌកំណត់មួយ។» លោកវេជ្ជបណ្ឌិត ក៏បានបន្តឲ្យដឹងថា យើងត្រូវមានពិន្ទុភាសាបារាំងខ្ពស់ ដើម្បីជាប់អាហារូបករណ៍ មួយនេះដែលឧបត្ថម្ភគាំទ្រទាំងស្រុងដោយរដ្ឋាភិបាលបារាំង។  អ្វីដែលទទួលបានអំឡុងពេលសិក្សានៅបរទេស? លោកវេជ្ជបណ្ឌិត សិលា បានឲ្យដឹងផងដែរថា អាហារូបករណ៍ដែលលោកទទួលបាន គឺរួមបញ្ចូលទាំងថ្លៃការសិក្សា និងទទួលបានប្រាក់ខែគោលប្រហែល ១៤០០អឺរ៉ូ ដែលអាចរ៉ាប់រងការហូបចុក និងស្នាក់នៅផងដែរ។ ចំពោះការស្នាក់នៅ លោកសិលា ទទួលបានការអនុញ្ញាតឲ្យស្នាក់នៅក្នុងមន្ទីរពេទ្យ ដែលចំណាយអស់តិចជាង ការស្នាក់នៅខាងក្រៅ (ដោយការស្នាក់នៅក្នុងមន្ទីរពេទ្យអស់ត្រឹមតែ ១០០អឺរ៉ូ បើគិតជាលុយដុល្លារអាមេរិចប្រហែល ១២០ ហើយបើស្នាក់នៅខាងក្រៅត្រូវអស់ប្រហែល៥០០ ទៅ៦០០ឯណោះ)។  អ្វីជាផលវិបាកដែលជួបប្រទះអំឡុងពេលសិក្សានៅបរទេស? ចំពោះការសិក្សានៅប្រទេសបារាំង លោកវេជ្ជបណ្ឌិត សិលាបានរៀបរាប់ឲ្យដឹងពីផលវិបាកមួយចំនួន តួយ៉ាងគឺ ភាសាតែម្តង។ លោកបានបញ្ជក់ថា «ចំពោះការសិក្សានៅទីនោះមានការលំបាកខ្លាំង ដោយសារតែនៅទីនោះមានតែនៅមន្ទីរពេទ្យ និងនៅសាលាប៉ុណ្ណោះដែលប្រើប្រាស់ភាសាបារាំង ដូច្នេះបើទោះបីជាយើងរៀនបានច្រើនប៉ុណ្ណា ពេលដែលយើងទៅដល់ទីនោះ យើងមានអារម្មណ៍ថាពិបាកស្តាប់ ដោយសារភាគច្រើនគេនិយាយគ្នា ប្រើគ្រៀមភាសា ដូចនេះត្រូវចំណាយពេល ២ទៅ៣ខែដើម្បីបន្សាំខ្លួន។» មួយវិញទៀតនោះ លោកសិលាក៏បានលើកឡើងពីបញ្ហាអាកាសធាតុផងដែរ ដោយពេលលោកសិលាទៅដល់ដំបូង គឺក្នុងខែ១០ នៅទីនោះគឺចាប់ផ្តើម ត្រជាក់ ចុះដល់១០អង្សាសេ ដូច្នេះវាមានការលំបាកបន្តិចដែរ។ រឿងមួយទៀតផងដែរនោះគឺ ចំណីអាហារហូបចុក ព្រោះនៅបារាំង គេមិនបានហូបបាយដូចយើងឡើយ ហើយលោកវេជ្ជបណ្ឌិតប្រៀបធៀបថា បើទោះម្ហូបនៅទីនោះឆ្ងាញ់ ប៉ុណ្ណាក៏ដោយក៏មិនដូចនៅស្រុកខ្មែរដែរ។  ជាចុងក្រោយ ដូចដែលយើងដឹងហើយថា ការបន្តការសិក្សានៅកំរិតជាន់ខ្ពស់ និងជាពិសេសគឺការសិក្សាអប់រំនៅបរទេស ជាការប្រសើរ មួយដែលក្នុងការលើកកម្ពស់ និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងជាពិសេសផ្នែកសុខាភិបាលតែម្តង។ លោកវេជ្ជបណ្ឌិត សិលាបានបញ្ជាក់ពីការយល់ដឹង យ៉ាងទូលំទូលាយបន្ទាប់ពីបានទទួលការសិក្សានៅប្រទេសបារាំងថា «អ្វីដែលពិសេសនោះគឺ ពេលដែលយើងទៅដល់ខាងក្រៅ យើងបានឃើញ បានដឹងរឿងរ៉ាវជាច្រើនដែលយើងអត់ដឹង ព្រោះមានបច្ចេកទេស មួយចំនួនដែលរហូតមកដល់សព្វថ្ងៃនេះ យើងមិនទាន់ឃើញប្រើនៅស្រុកយើងនៅឡើយទេ។» លោកសិលាក៏បានផ្តល់យោបល់មួយចំនួន ដល់សិស្សនិស្សិតដែល ចង់បន្តការសិក្សាទៅប្រទេសបារាំងផងដែរថា អ្វីដែលគួរត្រៀមសំខាន់ បំផុតនោះគឺត្រូវមានភាសាបារាំងល្អ។ បើយើងចេះខ្លាំង ទំនាក់ទំនងបានល្អ ការងារផ្សេងៗ ក៏ធ្វើឲ្យមានភាពងាយស្រួល ជាងមុនដែរ។ លោកសិលាក៏បានបន្ថែមផងដែរថា បើនិយាយពីរឿងអាកាសធាតុ ចំណីអាហារ ដូចជាមិនមែនជា បញ្ហាចោទខ្លាំងនោះទេ ព្រោះទៅបានតែមួយរយៈយើងនឹងទម្លាប់បាន។ មួយវិញទៀត ចំពោះបច្ចេកទេស ក៏យើងរៀនបានខ្លះដែរ តែបើកាលណាភាសាយើងទៅអត់រួចហើយ គឺមិនអាច ទៅរួចឡើយ ជាពិសេសចំពោះការទំនាក់ទំនងគ្នា ជាចំបាច់គឺជាមួយអ្នកជំងឺផ្ទាល់តែម្តង។  © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

ក្នុងជីវិតជានិស្សិតពេទ្យ និងពេទ្យ ប្រាកដណាស់ គឺធ្លាប់ស្គាល់ច្បាស់ពាក្យថា«យាម»…គ្រាន់តែតិច និងច្រើន… អារម្មណ៍ពេលគេងយាម ដំបូងៗលក្ខណៈថា ទីស្ងាត់តែចិត្តមិនស្ងប់ ភ្នែកបិទតែចិត្តនៅបើក…ប្លែកកន្លែងមធ្យម ងំចេះតែគិតផ្តេសផ្តាស។ លុះក្រោយមក បានតែជាង១ខែ ក៏អាចបន្សាំខ្លួនបាន…អស់រយៈកាលប៉ុន្មានឆ្នាំមកនេះ មិនហ៊ាននិយាយថាជាអ្នកជំនាញ ឬមានបទពិសោធន៍អ្វីច្រើននោះទេ គ្រាន់តែនិយាយទៅតាមអ្វីដែលធ្លាប់បានឆ្លងកាត់កន្លងមក… បើគេចមិនបានហើយ អ្វីដែលត្រូវធ្វើនោះ គឺស្វែងយល់ពីទង្វើដែលគួរធ្វើ និងមិនគួរធ្វើ ដើម្បីឲ្យពេលវេលានោះមានតែរឿងល្អៗ និងភាពសប្បាយរីករាយ…ហើយខាងក្រោមនេះ ជាDos និង Don’ts សម្រាប់ពេលទៅយាមនៅមន្ទីរពេទ្យ… Dos មានភាពរួសរាយរាក់ទាក់ជាមួយនឹងបុគ្គលិកនៅទីនោះ ៖ ជាពិសេស នៅឆ្នាំដំបូងដែលត្រូវចុះស្តារ អ្នកត្រូវតែមានទំនាក់ទំនងល្អជាមួយគ្រប់គ្នានៅទីនោះ ហើយត្រូវចាំថាអ្នកទៅទីនោះ ដើម្បីរៀនសូត្រ មិនមែនដើម្បីមានបញ្ហា ឬបង្កជម្លោះជាមួយនរណាម្នាក់ឡើយ។ ការរាប់អាន និងបង្កើតចំណងមិត្តភាពជាមួយពួកគាត់ ប្រសើរជាងធ្វើឲ្យពួកគាត់ស្អប់អ្នក។ មានចិត្តចង់ជួយជានិច្ច ៖ ដរាបណាអ្នកមានចិត្តចង់ធ្វើការ និងចង់ចេះចង់ដឹងនោះ នឹងមានការងារច្រើនណាស់សម្រាប់សាកល្បង និងសិក្សា ហើយវាក៏ជាឱកាសសម្រាប់អភិវឌ្ឍជំនាញរបស់អ្នកផងដែរ។ មិនយល់មិនច្បាស់ ត្រូវសួរ ៖ ជាថ្មីម្តងទៀត ត្រូវតែចាំក្នុងចិត្តថា មូលហេតុចម្បងដែលអ្នកនៅទីនោះ គឺដើម្បីរៀនសូត្រ។ ពេលវេលាដែលត្រូវចំណាយនៅទីនោះ នឹងបង្រៀនអ្នកនូវបទពិសោធន៍ក្នុងការអនុវត្តជាក់ស្តែងដែលមិនអាចរកបាននៅក្នុងសៀវភៅ ឬឯកសារនោះទេ។ បន្ថែមពីលើអ្វីដែលអ្នកបានរៀនពីសាស្រ្តាចារ្យនៅសាលា អ្នកនឹងអាចពង្រឹងជំនាញរបស់អ្នកបន្ថែមទៀត ជាមួយនឹងបទពិសោធន៍នៅក្នុងមន្ទីរពេទ្យ។ យកអាហារមកជាមួយ ៖ ការធ្វើការងារនៅមន្ទីរពេទ្យ គឺបង្កឲ្យមានភាពនឿយហត់ ហេតុនេះហើយ អាហារគឺជាអ្វីដែលមិនអាចខ្វះបាន មិនថាសម្រាប់ខ្លួនអ្នក បុគ្គលិក និងមិត្តភក្តិនោះទេ។ អាហារនឹងជួយបង្កើនថាមពល ក៏ដូចជាភាពស្និទ្ធស្នាល។ មានស្មារតីរឹងមាំ ៖ ជាពិសេស នៅពេលយប់…កុំស្លន់ស្លោ និងគិតផ្តេសផ្តាស។ បើដឹងថាខ្លួនឯងខ្លាច ចៀសវាងការទៅណាមកណាតែម្នាក់ឯង យកល្អបបួលមិត្តភក្តិនៅបានជាគ្នា ក្នុងករណីដែលគិតថាមានអ្វីមិនស្រួល។ Don’ts កុំពាក់ព័ន្ធនឹងបញ្ហាលុយកាក់ ៖ សូមរំលឹកខ្លួនឯងថា អ្នកគ្រាន់តែជានិស្សិត ដែលនៅទីនោះដើម្បីចុះអនុវត្តនូវទ្រឹស្តីបានទទួលពីសាលា មិនមែនដើម្បីរកប្រាក់ចំណូលនោះឡើយ។ សូមចៀសវាងដាច់ខាតនូវការទទួលយកប្រាក់កាសពីអ្នកជំងឺ ឬក្រុមគ្រួសាររបស់អ្នកជំងឺ។ កុំរអ៊ូរទាំនៅចំពោះមុខអ្នកជំងឺ ៖ ក៏ដឹងថា…អ្នកមានភាពហត់នឿយ ដែលមានកិច្ចការងារត្រូវបំពេញច្រើន ហើយជួនកាលក៏ត្រូវគេងមិនគ្រាន់ដោយសារតែមានអ្នកជំងឺចូលមកពាក់កណ្តាលយប់ទៀត តែទោះជាយ៉ាងណាក៏ដោយ គឺត្រូវតែរក្សាជំហរខ្លួនឯងឲ្យបាន និងចេះបិទបាំងនូវអារម្មណ៍អវិជ្ជមានរបស់អ្នក។ ត្រូវតែធ្វើល្អ និងផ្តល់នូវការសេវាថែទាំ ក៏ដូចជាព្យាបាលដែលល្អប្រសើរបំផុតជូនដល់អ្នកជំងឺ។ ហាមលួចគេច ៖ កុំប្រើលេសយាមយប់ ដើម្បីដើរដាច់យប់ឲ្យសោះ។ អ្វីដែលសំខាន់ គឺគួរចៀសវាងការចេញពីពេទ្យពេលយប់ជ្រៅ ប្រសិនបើមិនមានភារៈចាំបាច់នោះទេ ព្រោះថាសន្តិសុខ និងសុវត្ថិភាពនាពេលយប់ គឺមិនល្អឡើយ។ ម្យ៉ាងទៀត ហាមដាច់ខាតនូវការលេងសើចចំពោះកាតព្វកិច្ចមួយនេះ។ សូមបញ្ជាក់ផងដែរថា នេះគ្រាន់តែជាមតិយោបល់ខ្លះៗប៉ុណ្ណោះ…អាចនឹងមានចំណុចមួយចំនួនដែលមិនបានលើកឡើង តែក៏សង្ឃឹមថាចំណុចខាងលើនឹងបានជាជំនួយខ្លះដល់មិត្តអ្នកអានជាពិសេសអ្នកដែលត្រូវឆ្លងកាត់បទពិសោធន៍មួយនេះ… ហើយក៏មិនភ្លេចអរគុណដល់មិត្តរបស់ខ្ញុំម្នាក់ ដែលជានិស្សិតពេទ្យ ហើយតែងតែផ្តល់ជាមតិយោបល់ និងចែករំលែកនូវបទពិសោធន៍របស់គេជានិច្ច...បើគ្មានគេ អត្ថបទមួយនេះ និងមួយចំនួនទៀត ក៏ប្រហែលជាមិនអាចមានវត្តមាននៅទីនេះបានដែរ...អរគុណ!!!

Share

ដូចជារៀងរាល់ខែដែរ កិច្ចសន្ទនាពាណិជ្ជកម្មដែលត្រូវបានសហការ និងរៀបចំឡើងដោយផាកកាហ្វេនិងវិទ្យាស្ថានអភិវឌ្ឍន៍ វិស័យអប់រំក៏ត្រូវបានរៀបចំឡើងជាថ្មីនាថ្ងៃទី៣១ខែ កក្កដា ឆ្នាំ២០១៧ ក្រោមប្រធានបទស្ដីអំពី«តើត្រូវត្រៀមអ្វីខ្លះ បើចង់បើកអាជីវកម្ម?»។ សម្រាប់កិច្ចសន្ទនាលើកនេះផងដែរ យើងឃើញមានវត្តមាននៃវាគ្មិនកិត្តិយសពីររូបអញ្ជើញចូលរួម គឺ លោក អ៊ីវ គឹមសួរ អគ្គនាយក និងជាគ្រូបង្វឹកផ្នែកអាជីវកម្ម (Master License) ក្រុមហ៊ុន Action Coach Cambodia និងលោក សោម សម្បត្តិ អគ្គនាយកនៃក្រុមហ៊ុន ខេមបូឌាន ខេមិខល សឹបផ្លាយ (ខាំ ផែន)។  ចំពោះប្រធាននៃកិច្ចសន្ទនានេះ លោក អ៊ីវ គឹមសួរ បានចែករំលែកអំពីជំហានទាំង៩យ៉ាងក្នុងការកសាងអាជីវកម្មឲ្យមានភាពរីកចម្រើនរួមមាន៖  -ចក្ខុវិស័យ -បេសកកម្ម -វប្បធម៌ -គោលដៅដ៏ឆ្លាតវៃក្នុងការចាប់យកអាជីវកម្ម   -រចនាសម្ព័ន្ធរបស់ក្រុមហ៊ុន   -កិច្ចសន្យាមុខតំណែង  -សន្ទស់នៃការវាស់វែងលទ្ធផល  -ការគ្រប់គ្រងជាប្រព័ន្ធ  -របៀបក្នុងការរៀបចំគ្រប់គ្រងដោយsoftware។ ចំណែកឯវាគ្មិនមួយរូបទៀត លោក សោម សម្បត្តិ លោកបានបង្ហាញជូន ៥ចំណុចដែលសហគ្រិនគប្បីពិចារណា ក្នុងការកសាងអាជីវកម្មរបស់ខ្លួនឲ្យមានសក្តានុពលរួមមាន៖ -ការអភិវឌ្ឍផលិតផល  -ការបង្កើតចំណូលនៃការលក់ដើម្បីប៉ះប៉ូវលើចំណាយដែលមានជាប្រចាំ  -ការគ្រប់គ្រងហិរញ្ញវត្ថុ  -ការគ្រប់គ្រងធនធានមនុស្ស  -ការគ្រប់គ្រងទូទៅ ។ គួរបញ្ជាក់ផងដែរថា កិច្ចសន្ទនាពាណិជ្ជកម្មបែបនេះក៏នឹងត្រូវបានរៀបចំឡើងជារៀងរាល់ខែតាមប្រធានបទផ្សេងៗផងដែរ ។ សូមកុំភ្លេចចូលរួមតាមដានទាំងអស់គ្នាថាតើសម្រាប់ខែបន្ទាប់…ប្រសិនបើលោកអ្នកមានបំណងចង់ចូលរួមក្នុងសិក្ខាសាលាបន្ទាប់ទៀតនោះ សូមធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ 012 232 823 ឬក៏ 077 676 423 ក្នុងការកក់សំបុត្រចូលរួម។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បើមានគេសួរថា«ហេតុអ្វីបានជារៀនពេទ្យ?» តើអ្នកនឹងឆ្លើយតបដូចម្តេចវិញ? ព្រោះប៉ាម៉ាក់ចង់ឲ្យរៀន? ព្រោះគិតថានឹងរកប្រាក់បានច្រើន?ព្រោះមិនដឹងរៀនអ្វី?ព្រោះគិតថាជាមុខរបរតែមួយគត់ ដែលគេយកប្រាក់មកឲ្យ ហើយអរគុណអ្នកទៀត?ព្រោះគិតថាធ្វើពេទ្យមិនខ្លាចខ្វះចំណូល បើទោះមិនធ្វើការឲ្យគេ?ឬហេតុផលផ្សេងទៀត? សម្រាប់ខ្ញុំ…គឺមានហេតុផលរបស់ខ្ញុំច្បាស់ណាស់!!! ហើយរាល់ពេលដែលមានគេសួរខ្ញុំ ខ្ញុំក៏មិនដែលរួញរានឹងឆ្លើយប្រាប់គេដែរ… រឿងរ៉ាវរាងវែងឆ្ងាយ តែនឹងព្យាយាមសង្ខេបតាមដែលអាចធ្វើបាន…កាលពីតូច ចូលចិត្តណាស់ មើលរឿងភាគជាពិសេសរឿងបែបស៊ើបអង្កេត និងរឿងពេទ្យអីហ្នឹង ហើយរាល់ពេលដែលមើលរឿងទាំងនោះហើយ ក៏តែងតែងប្រាប់ប៉ាម៉ាក់ថា កូនចង់ក្លាយមេធាវី កូនចង់ក្លាយជាគ្រូពេទ្យ កូនចង់ក្លាយជាប៉ូលិស…និយាយទៅ ផ្លាស់ប្តូររហូត!!!លក្ខណៈថា ឃើញគេឡូយ ក៏ចង់ឡូយដូចពួកគាត់ដែរ…ទាំងដែលភ្លេចគិតទៅថា ជីវិតពិតមិនដូចជារឿងដែលគេបញ្ចាំងក្នុងកុននោះទេ… ចាំបានថា មានរឿងហុងកុងមួយដែលនិយាយជីវិតជាគ្រូពេទ្យមួយដែលទាក់ចិត្តខ្ញុំជាងគេ ហើយគោលដៅរបស់ខ្ញុំក៏ត្រូវបានសម្រួចចាប់ពីពេលនោះមក…ក៏សំណាងម្យ៉ាងដែរ ដែលខ្ញុំមានអ៊ំជាពេទ្យស្រាប់ ហេតុនេះហើយ រាល់ពេលដែលចេញពីរៀន គឺដឹងតែទៅគ្លីនិករបស់គាត់ ចាំសង្កេតមើលរាល់សកម្មភាពរបស់គាត់…ទឹកចិត្តចង់ក្លាយជាគ្រូពេទ្យក៏ត្រូវបានបណ្តុះបន្ថែមឡើងទៀត…អារម្មណ៍ជាក្មូយរបស់ពេទ្យអស្ចារ្យប៉ុណ្ណឹងហើយ ចុះទម្រាំអារម្មណ៍ជាពេទ្យទៀតនោះ? កាលនោះ សូម្បីតែប៉ាម៉ាក់ក៏គាំទ្រឲ្យខ្ញុំរៀនពេទ្យ ហើយគាត់ក៏បាននិយាយដែរថា«មិនថាចំណាយប៉ុណ្ណា គឺត្រូវតែឲ្យកូនរៀនពេទ្យទាល់តែចប់»។ ពាក្យមួយឃ្លានេះ ខ្ញុំចំាគ្មានថ្ងៃភ្លេចទេ… ខ្ញុំមិនទុកវាត្រឹមតែជាក្តីសុបិន្ត ហើយចាំឲ្យវាក្លាយជាការពិតនោះទេ…គឺខ្ញុំបានរៀបគម្រោងយ៉ាងច្បាស់លាស់ ដើម្បីប្រលងចូលរៀនឲ្យបាន…ដោយសារតែឆន្ទៈ និងជំនឿចិត្ត ខ្ញុំក៏បានក្លាយជានិស្សិតផ្នែកវេជ្ជសាស្រ្ត ហើយសព្វថ្ងៃក៏ជាវេជ្ជបណ្ឌិតមួយរូបដែរ… ចាប់តាំងពីឈានចូលវិជ្ជាជីវៈមួយនេះមក មានរឿងរ៉ាវជាច្រើនដែលខ្ញុំបានឆ្លងកាត់ ហើយប្រាកដណាស់ គឺមានទាំងរឿងវិជ្ជមានដូចដែលខ្ញុំធ្លាប់បានឃើញក្នុងរឿង និងរឿងអវិជ្ជមានដែលមិនធ្លាប់បានគិតដល់ជាច្រើនទៀត…គ្រូពេទ្យដូចគ្នាប្រាកដជាបានយល់អារម្មណ៍នេះច្បាស់ហើយ!!! ប៉ុន្តែ…មានថ្ងៃមួយដែលខ្ញុំចាំមិនភ្លេចរហូតមក… ចាំថា…ថ្ងៃហ្នឹង ខ្ញុំត្រូវយាមនៅពេទ្យ ហើយតាំងពីព្រឹកមក គឺមានតែរឿងកាពុលមុខកើតមានមិនចេះឈប់…ព្រឹកឡើង ត្រូវទៅប្រជុំយឺត ព្រោះឡានបែកកង់…ថ្ងៃឡើង ត្រូវគ្រួសារអ្នកជំងឺស្តីបន្ទោសនៅចំពោះអ្នកជំងឺជាច្រើន លើការមកយឺត ហើយក៏បានថតរូបផុសផងដែរ (គាត់មិនបានដឹងទេថា ខ្ញុំមកយឺតព្រោះតែអ្វី?ទាំងដែលរាល់ថ្ងៃ ខ្ញុំតែងតែមកដល់មុនគេជានិច្ច…មកយឺត ព្រោះរវល់ប្រជុំ ហើយទើបតែទើបញ៉ាំបាយហើយ) ខ្ញុំក៏មិនបាននិយាយស្តីតបតដែរ…ព្រោះក៏ដឹងថា ខ្លួនឯងជាអ្នកខុស… ល្ងាចឡើង ដោយសារតែអត់ងងុយពេក ខ្ញុំក៏សម្ងំគេងមួយសន្ទុះ ហើយក៏មានសម្លេងគោះទ្វារ…ខ្ញុំប្រឹងបើកភ្នែកព្រឹមៗមើល ហើយក៏ឃើញស្រមោលនៃអ៊ំស្រីម្នាក់ដើរចូលមកដោយមានថង់ដាក់អ្វីម្យ៉ាង…ការពិតទៅ គាត់ជាអ្នកជំងឺម្នាក់របស់ខ្ញុំ ហើយលឺថាគាត់រស់នៅខេត្តឯណោះទេ…សម្តី និងទឹកមុខរបស់គាត់ក្នុងខណៈនោះ មិនដែលត្រូវបានបំភ្លេចពីការចងចាំរបស់ខ្ញុំឡើយ…គាត់ដើរមកជិតខ្ញុំ ហើយនិយាយថា«លោកគ្រូពេទ្យ! ខ្ញុំសូមអរគុណលោកគ្រូច្រើនសម្រាប់ការមើលថែទាំខ្ញុំរហូតមក ហើយហេតុអ្វីបានជាលោកគ្រូពេទ្យឥលូវស្គមម្ល៉េះ? ហើយមើលទៅទឹកមុខក៏ស្លេកស្លាំងទៀត…នៅបែបនេះម៉េចនឹងកើតទៅ? អ្នកជំងឺឃើញ ម៉េចនឹងទុកចិត្តលោកគ្រូទៅ? នេះ!!! ជាស៊ុបមាន់ខ្មៅ ខ្ញុំបានរំងាស់ជូនលោកគ្រូ…ត្រូវតែញ៉ាំឲ្យអស់ណា៎!!!ខ្ញុំដឹងថា លោកគ្រូត្រូវម៉ោងយាមយប់នេះ ទើបខ្ញុំឲ្យកូនជូនមកបន្តិច…» ពេលនោះ ទឹកភ្នែករលីងរលោង មិនដឹងនិយាយអ្វី តែដឹងត្រឹមថាកម្លាំងចិត្តឡើងខ្លាំង… ជាគ្រូពេទ្យ នៅពេទ្យច្រើនជាងនៅផ្ទះ ហើយពេលវេលានៅជាមួយអ្នកជំងឺក៏ច្រើនជាងនៅជាមួយគ្រួសារ...ថ្វីត្បិតថា មានថ្ងៃខ្លះ ពិបាកនឹងទទួលយកក៏ដោយ ត្រូវប្រឈមនឹងរឿងជាច្រើនក៏ដោយ តែក៏នៅមានពេលខ្លះ ដែលយើងទទួលបានកម្លាំងចិត្តពីអ្នកជំងឺផងដែរ…ស្នាមញញឹមរបស់អ្នកជំងឺ ជាអ្វីដែលយើងចង់ឃើញ ហើយយើងក៏អាចញញឹមដោយរីករាយ នោពេលដែលឃើញពួកគេមានសុខភាពល្អ មិនចាំបាច់ដល់ថ្នាក់មានអ្វីមកតបស្នងក៏បាន… បញ្ជាក់ ៖ នេះជាអ្វីដែលខ្ញុំបានរកឃើញនៅក្នុងកំណត់ហេតុរបស់បងប្រុសខ្ញុំដោយចៃដន្យ(តែគាត់ក៏បានអនុញ្ញាតឲ្យចែករំលែកដែរ)…ពេលនេះ ទើបយល់អារម្មណ៍របស់គាត់ថាបែបណា? គ្រប់គ្នាចេះតែបន្ទោសថា គាត់មិនដែលមានពេលឲ្យគ្រួសារ…តែ ខ្ញុំនៅតែស្ញប់ស្ញែងគាត់រហូតមក

Share

ការដឹកនាំប្រកបដោយប្រសិទ្ធភាព គឺជាផ្នែកមួយនៃកត្តាជំរុញដ៏សំខាន់បំផុតនៅពីក្រោយការបំពេញការងារ។ ក្រុមហ៊ុនដែលទទួលបានភាពជោគជ័យ តែងតែជ្រើសរើសយកអ្នកដឹកនាំដែលមានជំនាញផ្សេងៗគ្នាសម្រាប់តំណែងសំខាន់ៗក្នុងក្រុមហ៊ុនរបស់ពួកគេ។ នាយកប្រតិបត្តិនៃក្រុមហ៊ុនគឺមាន ការយល់ដឹងខ្ពស់ចំពោះចំណុចនេះ ហើយពួកគេតែងតែស្វែងរកអ្នកដែលមានឥរិយាបថល្អ និងមានលក្ខណៈសម្បតិ្តជាអ្នកដឹកនាំដ៏អស្ចារ្យ។    តើលក្ខណៈសម្បតិ្តនៃអ្នកដឹកនាំដ៏ល្អម្នាក់មានអ្វីខ្លះ? តើបុគ្គលិកលក្ខណៈបែបណាខ្លះដែល CEO ម្នាក់ៗត្រូវការសម្រាប់អ្នកដឹកនាំរបស់ពួកគេ? មានការសិក្សាជាច្រើនបានធ្វើឡើង ដើម្បីបកស្រាយពីភាពជាអ្នកដឹកនាំ ហើយនៅក្នុងការសិក្សាទាំងនេះមានការរកឃើញស្រដៀងគ្នាមួយចំនួន បានលេចឡើង។    ខាងក្រោមនេះ គឺជាបុគ្គលិកលក្ខណៈជាអ្នកដឹកនាំទាំង ៥ដែល CEO ឲ្យតម្លៃខ្ពស់បំផុត៖   1. ជំនាញដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព អ្នកដឹកនាំជារឿយៗតែងតែប្រឈមនឹងការលំបាកក្នុងការសម្រេចចិត្ត និងដោះស្រាយបញ្ហាជាដើម។ អ្នកដឹកនាំដ៏ល្អចេះសួរនូវសំណួរបានចំគោលដៅ ប្រមូលចងក្រងព័ត៌មាន ផ្តល់ជាជម្រើសផ្សេងៗ និងចេះការវិភាគយ៉ាងម៉ត់ចត់ដើម្បីដោះស្រាយបញ្ហាដែលពួកគេកំពុងតែប្រឈម។ ការបង្ហាញពី សមត្ថភាពរបស់អ្នកក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវ ខណៈពេលដែលអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដែលមានសម្ពាធខ្លាំង នឹងបញ្ជាក់ កាន់តែច្បាស់ ពីភាពជាអ្នកដឹកនាំរបស់អ្នកទៅកាន់ CEO។    2. ការផ្តោតសំខាន់ទៅលើលទ្ធផល អ្នកដឹកនាំល្អបង្កើតចក្ខុវិស័យ។ ផ្ទុយទៅវិញ ចំពោះអ្នកដឹកនាំដ៏អស្ចារ្យ ពួកគេយកចក្ខុវិស័យនេះមកអនុវត្ត និងធ្វើតាមចក្ខុវិស័យនោះរហូតដល់ ទទួលបានលទ្ធផលដ៏ពិតប្រាកដមួយ។ ទីមួយត្រូវមានចក្ខុវិស័យ និងទីពីរនោះ គឺការបង្វែរនូវចក្ខុវិស័យនោះឲ្យទៅជាលទ្ធផល។ អ្នកត្រូវផ្តោតសំខាន់ទៅលើ លទ្ធផលចុងក្រោយ ចំណាយពេលក្នុងការចូលរួម ដើម្បីកំណត់ផែនការអាទិភាព និងការសម្រេចឲ្យបាននូវលទ្ធផលទាំងនោះ។    3. គាំទ្រ និងជួយអ្នកដទៃ នៅក្នុងភ្នែករបស់នាយកប្រតិបត្តិ អ្នកដឹកនាំគំរូម្នាក់ គឺជាអ្នកដែលចេះគាំទ្រ និងយកចិត្តទុកដាក់ពីអ្នកដទៃ។ វាហាក់ដូចជាសាមញ្ញបន្តិចមែន ប៉ុន្តែ វាពិតជាមានសារៈសំខាន់ណាស់ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុនមួយ។ អ្នកដឹកនាំប្រភេទនេះនឹងធានាឲ្យបានថាបុគ្គលិកម្នាក់ៗនឹងពេញចិត្ត ក្នុងការចូលរួមសកម្មភាពផ្សេងៗរបស់ក្រុមហ៊ុន មានភាពរីករាយ ធ្វើការប្រកបដោយផលិតភាព និងផ្តោតសំខាន់ទៅលើការសម្រេចឲ្យបានលទ្ធភាពល្អៗ ជាជាងការអង្គុយចាំភាពព្រួយបារម្ភ ភ័យខ្លាច ឬមានអារម្មណ៍អវិជ្ជមាន។   4. លើកទឹកចិត្តឲ្យបុគ្គលិកបញ្ចេញទស្សនៈខុសៗគ្នារបស់ពួកគេ ប្រសិនបើអ្នកអាចទុកភាពអាត្មានិយម ប្រកាន់យកតែគំនិតរបស់អ្នកមួយឡែកសិន ហើយយកចិត្តទុកដាក់ស្ដាប់នូវទស្សនៈ និងគំនិតរបស់អ្នកដទៃ នោះវាអាចបញ្ជាក់បានថាអ្នកមាននូវលក្ខណៈសម្បតិ្តជាអ្នកដឹកនាំដ៏អស្ចារ្យមួយ។ នៅពេលដែលជ្រើសរើសយកគំនិតល្អៗពីក្នុងចំណោមគំនិតទាំងអស់ ហើយនៅដំណាក់កាលចុងក្រោយនោះ គឺការសម្រេចចិត្ត ប៉ុន្តែដំណើរការនេះគួរតែរួមបញ្ចូលការវាយតម្លៃដោយស្មោះត្រង់តាមវិធី និងជម្រើសខុសៗគ្នា។    5. អ្នកត្រូវចងចាំថាតំណែងរបស់អ្នកអាចបាត់បង់ អ្នកប្រហែលជាធ្លាប់បានឮពាក្យមួយឃ្លានេះ «Walk the talk» វាមានន័យថាការបង្ហាញនូវអ្វីដែលអ្នកបាននិយាយដោយសកម្មភាពរបស់អ្នក។ វាពិតជាសំខាន់ណាស់សម្រាប់អ្នកដឹកនាំដ៏ល្អមួយ។ ដើម្បីធ្វើឲ្យនាយកប្រតិបតិ្តមានការចាប់អារម្មណ៍ទៅលើអ្នក អ្នកត្រូវតែមានភាពជឿជាក់លើ ការងាររបស់អ្នក និងតែងតែមានទស្សនវិស័យនៅជាប់ខ្លួនជានិច្ច។ វាមិនជាបញ្ហានោះទេក្នុងការមិនយល់ស្របជាមួយគំនិតអ្នកដទៃ ហើយបង្ហាញ មតិផ្ទុយគ្នាពីគេ ប៉ុន្តែលុះត្រាតែអ្នកពេញចិត្តនឹងក្រុមហ៊ុនរបស់អ្នកដែរ ហើយកាលដែលអ្នកធ្វើដូច្នេះគឺដើម្បីតែក្រុមហ៊ុនល្អ បើមិនដូច្នោះទេ អ្នកប្រហែលជាមិនស័ក្តិសមនឹងតំណែងជាអ្នកដឹកនាំថ្មីនេះទេ។   CEO ដែលមានជំនាញមួយរូប គឺតែងតែមានចិត្តគំនិតបើកចំហក្នុងការស្វែងរកអ្នកដឹកនាំដ៏ល្អសម្រាប់ក្រុមហ៊ុនរបស់ពួកគេ។ ប្រសិនបើអ្នកមាន បុគ្គលិកលក្ខណៈនៃអ្នកដឹកនាំដ៏អស្ចារ្យទាំង៥នេះ នោះអ្នកនឹងមានឱកាសច្រើន។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share
Top