-
Dec 19, 2017
|
-
6 years ago
|
-
16.4K views
ជំងឺស្ត្រូក(stroke)ជាជំងឺសរសៃឈាមខួរក្បាលបណ្តាលមកពីកង្វះឈាមទៅចិញ្ចឹមខួរក្បាលដែលធ្វើឲ្យខូចកោសិកាខួរក្បាល។ ជំងឺនេះត្រូវបានបែងចែកជាពីរធំៗ រួមមាន Ischemic stroke គឺជាការស្ទះសរសៃឈាមខួរក្បាល និង Hemorrhagic stroke គឺជាការដាច់សរសៃឈាមខួរក្បាល។ ជាទូទៅអ្នកជំងឺ Ischemic stroke មានអត្រាខ្ពស់ជាងអ្នកជំងឺ Hemorrhagic stroke ។ ប៉ុន្តែសម្រាប់អ្នកជំងឺ Hemorrhagic strokeមានការប្រឈមនឹងការបាត់បង់ជីវិតខ្ពស់ជាង។ខាងក្រោមនេះគឺជាការយល់ដឹងខ្លះៗអំពីជំងឺ Hemorrhagic stroke៖
មូលហេតុ និងកត្តាជំរុញ
មូលហេតុចម្បងនៃHemorrhagic strokeភាគច្រើនបណ្តាលមកពីជំងឺលើសឈាមនិងមួយចំនួនទៀតបណ្តាលមកពីជំងឺសរសៃឈាមពីកំណើតដូចជាជំងឺប៉ោងសរសៃឈាម(Aneurysm)និងជំងឺដុំសរសៃឈាម(Arterio-venous malformation)។ ដោយឡែក មានកត្តាជំរុញមួយចំនួនទៀត ដែលអាចបណ្តាលឲ្យមាន Hemorrhagic stroke ដូចជា អាយុ (ភាពផុយស្រួយនៃសរសៃឈាមអាចនឹងកើនឡើងទៅតាមអាយុ) ការពិសាស្រាច្រើនហួសកម្រិត ការជក់បារី ការប្រើប្រាស់ថ្នាំប្រឆាំងកំណកឈាមជាដើម ។
រោគសញ្ញា
ជាទូទៅរោគសញ្ញានៃជំងឺស្ត្រូកមានដូចជាការឈឺក្បាលការវិលមុខការក្អួតចង្អោរការចុះខ្សោយនូវការកម្រើកសាច់ដុំ(ទន់មួយចំហៀងខ្លួន ដៃជើង មុខ) ការពិបាកក្នុងការនិយាយស្តី ការប្រកាច់ ការបាត់បង់ស្មារតី (សន្លឹម ឬសន្លប់)។
រោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យត្រូវបានធ្វើឡើងដោយផ្អែកលើប្រវត្តិជំងឺរបស់អ្នកជំងឺការពិនិត្យរោគសញ្ញាប្រព័ន្ធប្រសាទ និងការថតរូបភាពវេជ្ជសាស្ត្រដូចជា Scanner ឬ MRI ។
គួរបញ្ជាក់ថាScannerមានភាពឆាប់រហ័សអាចឲ្យយើងដឹងថាមានឈាមកកក្នុងខួរក្បាលតែមិនអាចបញ្ជាក់ពីការស្ទះសរសៃឈាមខួរក្បាលក្នុងរយៈពេលថ្មីៗដំបូងបានទេ។ MRI អាចធ្វើរោគវិនិច្ឆ័យ Ischemic stroke បានទោះជាស្ថិតក្នុងរយៈពេលដំបូងក៏ដោយ។
ការព្យាបាល
ការព្យាបាលជំងឺស្ត្រូកដែលមានឈាមកកក្នុងខួរក្បាលគឺអាស្រ័យទៅលើទំហំឈាមនិងសញ្ញាគ្លីនិករបស់អ្នកជំងឺ។ការព្យាបាលដោយវះកាត់ ត្រូវធ្វើឡើងក្នុងករណី៖
•អ្នកជំងឺស្ថិតក្នុងសភាពសន្លប់(GCS ពី8-12)
•ទំហំនៃដុំឈាមកកលើសពី ៣៥ សម³
•ទីតាំងនៃដុំឈាមនៅរាក់ (ជាទូទៅតិចជាងមួយសង់ទីម៉ែត្រពីឆ្អឹង)។
បន្ថែមពីនោះគឺមានការព្យាបាលនិងហ្វឹកហាត់ដោយចលនានៅពេលដែលអ្នកជំងឺស្ថិតក្នុងស្ថានភាពនឹងនរជាពិសេសចំពោះអ្នកជំងឺដែលមានការចុះខ្សោយនូវការកម្រើកសាច់ដុំ (ទន់មួយចំហៀងខ្លួន ដៃ ជើង មុខ) ការពិបាកក្នុងការនិយាយស្តីជាដើម។
គួរបញ្ជាក់ថាក្នុងករណីដែលមិនបានទទួលការព្យាបាលបានទាន់ពេលវេលាអ្នកជំងឺអាចប្រឈមខ្ពស់ទៅនឹងការបាត់បង់លទ្ធភាពពលកម្ម ឬបាត់បង់ជីវិត។
ការការពារកុំឲ្យមានជំងឺ Hemorrhagic stroke យើងមិនអាចការពារមិនឲ្យកើតមាន ជំងឺ Hemorrhagic stroke បាន ១០០% ទេ តែយើងអាចធ្វើការកាត់បន្ថយនូវការប្រឈមទៅនឹងជំងឺ Hemorrhagic stroke តាមរយៈ ៖
•ការកាត់បន្ថយ Stress
•ការហាត់ប្រាណទៀងទាត់ និងជាប្រចាំ
•ការគ្រប់គ្រងលើសម្ពាធឈាមឲ្យបានត្រឹមត្រូវចំពោះអ្នកដែលមានជំងឺលើសឈាមដោយប្រើប្រាស់ថ្នាំនិងតាមដានឲ្យបានជាប់លាប់ ការបញ្ឈប់ការជក់បារី និងពិសាស្រា។
• ការតាមដានឲ្យបានត្រឹមត្រូវចំពោះអ្នកជំងឺដែលបានប្រើប្រាស់ថ្នាំទាក់ទងទៅនឹងកំណកឈាម។ក្នុងករណីមានអាការៈ ឬការសង្ស័យអំពីការប្រឈមនឹងជំងឺស្ត្រូក ត្រូវបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យជាបន្ទាន់ដើម្បីពិនិត្យ និងព្យាបាល ព្រោះការយឺតយ៉ាវអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកជំងឺបាន។ នៅមន្ទីរពេទ្យកាល់ម៉ែត មានក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺស្ត្រូក (Stroke Unit),ផ្នែកវះកាត់ប្រព័ន្ធប្រសាទ, ផ្នែកប្រពោធនកម្មប្រព័ន្ធប្រសាទ (Neuro-ICU), និងថតរូបភាពវេជ្ជសាស្ត្រ (Scanner និង MRI), ផ្នែកព្យាបាលដោយចលនា និងមានបន្ទប់វះកាត់ដែលបំពាក់ដោយសម្ភារៈ បរិក្ខារទំនើប ដែលរួមគ្នាជាប្រព័ន្ធមួយដើម្បីផ្តល់ការព្យាបាលកម្រិតស្តង់ដាអន្តរជាតិដល់អ្នកជំងឺស្ត្រូកទោះជាប្រភេទដាច់សរសៃឈាម ឬស្ទះសរសៃឈាមខួរក្បាលក៏ដោយ ។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឈុន វីរៈបញ្ញា វេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ផ្នែកវះកាត់ប្រព័ន្ធប្រសាទ ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share