- Sep 13, 2019 |
- 5 years ago |
- 10.6K views
លក្ខណៈសម្គាល់សំខាន់ៗនៃជំងឺរលាកទងសួតលើកុមារ
ការរលាកទងសួត គឺជាប្រភេទជំងឺឆ្លងកើតមានឡើងញឹកញាប់ចំពោះក្មេងតូច និងទារក ដោយសារមានការរលាក និងស្ទះក្នុងទងសួត (Bronchiole) ដែលភាគច្រើនបង្កឡើងពីវីរុស។ ជាធម្មតារយៈពេលនៃជំងឺរលាកទងសួត គឺនៅអំឡុងខែត្រជាក់។ ជំងឺរលាកទងសួត ចាប់ផ្តើមជាមួយនឹងរោគសញ្ញាប្រហាក់ប្រហែលទៅនឹងជំងឺផ្តាសាយ ប៉ុន្តែវាអាចវិវឌ្ឍទៅជាក្អក ឮសំឡេងពេលដកដង្ហើម និងពេលខ្លះពិបាកដកដង្ហើម។ សញ្ញានៃការរលាកទងសួតអាចស្ថិតនៅពីច្រើនថ្ងៃទៅច្រើនសប្តាហ៍ ឬរហូតដល់មួយខែ។ កុមារភាគច្រើនបានធូរស្រាលដោយការសម្រាកព្យាបាលនៅផ្ទះ និងមានភាគរយតិចបំផុតដែលទាមទារឲ្យមានការព្យាបាលនៅមន្ទីរពេទ្យ។ លក្ខណៈនៃជំងឺ ការរលាកដែលប៉ះពាល់ផ្នែកនៃសួតត្រង់ bronchioles ត្រូវបានហៅថាជាជំងឺរលាកទងសួត។ Bronchioles មានលក្ខណៈតូច បំពង់មែកធាងដែលដឹកនាំខ្យល់ចេញចូលពីសួត។ នៅពេលបំពង់នេះ ត្រូវបានឆ្លងមេរោគ វាឡើងហើម និងពេញដោយស្លេស្ម ដែលធ្វើឲ្យពិបាកក្នុងការដកដង្ហើម។ ជំងឺរលាកទងសួតជាធម្មតាប៉ះពាល់ដល់ក្មេងអាយុក្រោម ២ឆ្នាំ ដែលអាចជាដោយខ្លួនឯងចំពោះក្មេងភាគច្រើន ប៉ុន្តែកុមារខ្លះដែលមានជំងឺនេះត្រូវការជួបប្រឹក្សាជាមួយគ្រូពេទ្យជាចាំបាច់។ ការចម្លងរោគ មូលហេតុចម្បងនៃការរលាកទងសួតគឺបណ្ដាលមកពីវីរុសមានឈ្មោះថា respiratory syncytial virus ឬ RSV។ វីរុសប្រភេទនេះរស់នៅក្នុងដំណក់ទឹកល្អិតៗ ដែលមាននៅក្នុងខ្យល់ពេលអ្នកជំងឺក្អក ឬកណ្តាស់ដែលអាចសាយភាយបានយ៉ាងងាយស្រួលពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀត។ រោគសញ្ញា ជាទូទៅ ការរលាកទងសួត ចាប់ផ្តើមដូចជាជំងឺផ្តាសាយដែរ ដែលកុមារតែងលេចឡើងនូវអាការៈដូចខាងក្រោម៖ • តឹងច្រមុះ ឬហៀរសម្បោរ • ក្អកដែលមានលក្ខណៈស្រាល • ក្តៅខ្លួនលើសពី៣៨ អង្សាសេ • ថយចុះចំណង់អាហារ។ នៅពេលការរលាកទងសួតកាន់តែវិវឌ្ឍធ្ងន់ធ្ងរ កុមារអាចលេចឡើងនូវសញ្ញាបន្ថែមរួមមាន៖ • ដកដង្ហើមញាប់ ឬមានបញ្ហាដង្ហើម៖ ចំពោះទារក សញ្ញាដំបូងអាចជាការផ្អាកដង្ហើមក្នុងរយៈពេលពី ១៥វិនាទី ឬ២០វិនាទី • ឮសំឡេងពេលដកដង្ហើម (ជាធម្មតាមានរយៈពេល៧ថ្ងៃ) • ក្អកធ្ងន់ធ្ងរ (រហូតដល់១៤ថ្ងៃ ឬយូរជាងនេះ) • មានបញ្ហាក្នុងការញ៉ាំ និងផឹក (ដោយសារសញ្ញាផ្សេងៗ)។ ការព្យាបាល ការព្យាបាលសំខាន់បំផុតនៃជំងឺរលាកទងសួត គឺត្រូវប្រាកដថាទារក ឬកូនរបស់អ្នកទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ដោយគ្រូពេទ្យ ឬគិលានុបដ្ឋាកត្រូវបឺតស្លេស្មចេញពីច្រមុះកូនអ្នក ឬផ្តល់ខ្យល់មានសំណើម ឬអុកស៊ីសែនសម្រាប់ការដកដង្ហើម។ គួរបញ្ជាក់ថាគ្រូពេទ្យនឹងមិនផ្តល់ថ្នាំអង់ទីប៊ីយ៉ូទិកទេ ព្រោះការរលាកទងសួតបង្កឡើងពីវីរុស ហើយអង់ទីប៊ីយ៉ូទិកមិនមានប្រសិទ្ធភាពសម្លាប់វីរុសបានឡើយ។ ការថែទាំទារក ជាការពិតណាស់ គន្លឹះមួយចំនួនដែលឪពុកម្តាយគួរអនុវត្តដើម្បីជួយដល់កូនៗពីជំងឺរលាកទងសួតនេះរួមមាន៖ • ត្រូវប្រាកដថាកូនអ្នកទទួលបានជាតិទឹកគ្រប់គ្រាន់ • ប្រើប្រាស់ឧបករណ៍ផ្តល់សំណើមក្នុងបន្ទប់គេងរបស់កូនអ្នក • បើកូនអ្នកមិនស្រួលដោយសារក្តៅខ្លួន អ្នកអាចព្យាបាលដោយប្រើប៉ារ៉ាសេតាម៉ុល ឬ Ibuprofen • ចៀសវាងការប្រើ Aspirin ចំពោះក្មេងអាយុតិចជាង ១៨ឆ្នាំ • សម្អាតច្រមុះកូនអ្នកជាមួយសូលុយស្យុងសេរ៉ូមប្រៃ • បើកូនអ្នកមានអាយុលើសពី១ឆ្នាំ អាចផ្តល់អាហារក្តៅឧណ្ហៗ សារធាតុរាវថ្លាដើម្បីសម្រួលបំពង់ក និងជួយកាត់បន្ថយស្លេស្ម • ឲ្យកូនអ្នកគេងកើយខ្នើយបើពួកគេអាយុលើសពីមួយឆ្នាំ (មិនត្រូវប្រើខ្នើយទេបើកូនអ្នកអាយុក្រោម ១ឆ្នាំ) • គួរគេងក្នុងបន្ទប់ជាមួយកូនអ្នក ដូច្នេះ អ្នកនឹងអាចដឹងភ្លាមៗប្រសិនពួកគេពិបាកដកដង្ហើម • មិនអនុញ្ញាតឲ្យមាននរណាម្នាក់ជក់បារីនៅក្បែរកូនអ្នកឡើយ។ ការការពារ អ្នកអាចកាត់បន្ថយឱកាសដែលកូនអ្នកនឹងកើតជំងឺរលាកទងសួតដោយ៖ • លាងសម្អាតដៃអ្នក និងដៃកូនរបស់អ្នកឲ្យបានញឹកញាប់ជាមួយសាប៊ូដុំ និងទឹក ឬប្រើអាល់កុលជូតដៃ • នៅឲ្យឆ្ងាយពីមនុស្សពេញវ័យ ឬក្មេងដែលឈឺ • ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយជាប្រចាំចំពោះអ្នក និងកូនតូចរបស់អ្នក។ ជំងឺរលាកទងសួតអាចលាប់ឡើងវិញ ហើយការបង្ករោគអាចកើតឡើងលើសពីម្តងអំឡុងពេលជាមួយគ្នាក្នុងរដូវកាលនៃជំងឺផ្លូវដង្ហើម ហើយអ្នកជំងឺខ្លះអាចមានការបង្ករោគពីវីរុសពីរផ្សេងគ្នាក្នុងពេលតែមួយ។ បន្ថែមពីនោះ គ្រប់អ្នកជំងឺរលាកទងសួតត្រូវរក្សាគម្លាតឲ្យនៅដាច់ដោយឡែកពីអ្នកជំងឺផ្សេងទៀតដែលមាន និងគ្មានជំងឺរលាកទងសួត។ ប្រសិនបើចាំបាច់ អ្នកជំងឺដែលបង្កពីវីរុសដូចគ្នាអាចនៅបន្ទប់ជាមួយគ្នា ទោះជាយ៉ាងណាក៏ដោយបម្រុងប្រយ័ត្នគួរតែត្រូវបានអនុវត្តជានិច្ច។ ការវិវឌ្ឍ គួរបញ្ជាក់ដែរថា កុមារដែលធ្លាប់មានជំងឺរលាកទងសួតអាចនឹងពិបាកដកដង្ហើម ឬដកដង្ហើមឮម្តងទៀតក្នុងកម្រិតតែ៥០% ប៉ុណ្ណោះ។ ម៉្យាងទៀតគេនៅមិនទាន់ច្បាស់ថា តើវីរុសអាចបង្កឲ្យមានជំងឺហឺតបន្ថែមទៀត ឬកុមារដែលមានជំងឺហឺតអាចប្រឈមខ្ពស់ទៅនឹងជំងឺរលាកទងសួតឬយ៉ាងណា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត វ៉ាន សុខជា ឯកទេសរោគកុមារ សញ្ញាបត្រពីប្រទេសបារំាងនិងអូស្ត្រាលី បម្រើការនៅមន្ទីរពេទ្យកុមារជាតិ និងជាប្រធានមន្ទីរសំរាកព្យាបាលរោគកុមារ ម៉ាក់ស៊ីឃែរ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share