-
May 11, 2018
|
-
6 years ago
|
-
3K views
Isoflavones អាចរក្សាកម្រិតរបស់អឺស្ត្រូសែនឲ្យនៅក្រោមការគ្រប់គ្រងបានដោយវាអាចបញ្ចេញសកម្មភាពជាអឺស្ត្រូសែនខ្សោយនៅពេលអឺស្ត្រូសែនរាងកាយចុះទាប និងអាចរារាំងទៅវិញនូវឥទ្ធិពលរបស់អឺស្ត្រូសែននៅពេលអឺស្ត្រូសែនរបស់រាងកាយយើងមានកម្រិតខ្ពស់។ ក្នុងករណីរបស់ស្ត្រីត្រៀមអស់រដូវ ដែលជាទូទៅមានការកើនឡើងនូវកម្រិតអឺស្ត្រូសែនក្នុងរាងកាយ នោះ Isoflavones នឹងធ្វើការរារាំងឥទ្ធិពលរបស់វាទៅលើកោសិកា។ រីឯក្នុងករណីស្ត្រីក្រោយពីអស់រដូវ ដែលជាទូទៅមានការថយចុះនៃអឺស្ត្រូសែនក្នុងខ្លួន នោះ Isoflavones ដើរតួដូចជាអឺស្ត្រូសែន ជាមួយនឹងឥទ្ធិពលស្រាលអឺស្ត្រូសែនក្នុងរាងកាយ។ គួរបញ្ជាក់ថា Isoflavones ២ប្រភេទដែលរកឃើញច្រើនបំផុតនៅក្នុងផលិតផលពីសណ្តែកសៀងគឺ Genistein និង Daidzein ដែលអត្ថប្រយោជន៍របស់វានឹងត្រូវបានលើកយកមកពិភាក្សាដូចខាងក្រោម៖
1. ឥទ្ធិពលធ្វើឲ្យឆ្អឹងរឹងមាំ
ការសិក្សាលើប្រជាជានអាស៊ី បានរកឃើញថា ស្ត្រីក្រោយអស់រដូវដែលបានទទួលទានអាហារសម្បូរដោយ Isoflavone មានដង់ស៊ីតេរ៉ែក្នុងឆ្អឹងខ្ពស់បើធៀបនឹងអ្នកដែលមិនសូវបានទទួលទាន។ក្រៅពីនោះ ការសិក្សារយៈពេលខ្លីលើរាងកាយមនុស្ស បានបង្ហាញថា Isoflavones អាចបន្ថយការបាត់បង់ឆ្អឹងចំពោះស្ត្រីក្រោយអស់រដូវដែលជាទូទៅអាចបាត់បង់ឆ្អឹងជារៀងរាល់ឆ្នាំក្នុងអត្រាពី ១,៥ ទៅ ៣%។ ឥទ្ធិពលក្នុងការការពារនេះក្នុងរយៈពេលច្រើនឆ្នាំ អាចបន្ថយនូវការប្រឈមមុខនឹងជំងឺពុកឆ្អឹង និងអត្រានៃការបែកបាក់ឆ្អឹងបាន។
2. សកម្មភាពប្រឆាំងអុកស៊ីតកម្ម
សកម្មភាពប្រឆាំង អុកស៊ីតកម្មរបស់ Isoflavoneពីសណ្តែកសៀងត្រូវបានសង្កេតឃើញនៅក្នុងមន្ទីរពិសោធន៍ភាគច្រើនថាអាចបង្កើនភាពធន់នៃLDL ទៅនឹងប្រតិកម្មអុកស៊ីតកម្មដែលកើតមានក្នុងខ្លួន និងការការពារកោសិកាខួរក្បាល បើតាមការពិសោធណ៍លើកណ្តុរឈ្មោលដែលមានបញ្ហាស្ទះសរសៃឈាមខួរក្បាល និងកណ្តុរញីដែលបានកាត់យកអូវែចេញ។ ម្យ៉ាងទៀត ការការពារការបាត់បង់ម៉ាស់សាច់ដុំក៏ត្រូវបានបង្ហាញផងដែរពីការប្រឆាំងអុកស៊ីតកម្ម ការពារការងាប់របស់កោសិកាសាច់ដុំ ស្របពេលដែលការស្វិតសាច់ដុំជាបញ្ហាដែលកើនឡើងជាបន្តបន្ទាប់ចំពោះមនុស្សវ័យចំណាស់ មានជីវិតមិនសូវសកម្ម ឬអ្នកដែលមានរបួសរយៈពេលយូរ។
3. សកម្មភាពប្រឆាំងនឹងការធាត់លើសទម្ងន់
ការធាត់លើសទម្ងន់ និងជំងឺទឹកនោមផ្អែម ជាបញ្ហាខុសប្រក្រតីទាក់ទងនឹងសារធាតុចិញ្ចឹមក្នុងរាងកាយរបស់យើង និងភាគច្រើនមានទំនាក់ទំនងទៅនឹងការប្រឈមនឹងជំងឺសរសៃឈាមបេះដូងមួយចំនួនដែលអាចបង្កឲ្យមានបញ្ហាសុខភាព និងគ្រោះថ្នាក់ដល់ជីវិត។ Isoflavoneត្រូវបានជឿថាអាចមានសកម្មភាពលើរេសិបទ័ររបស់អឺស្ត្រូសែន ដែលជាលទ្ធផលធ្វើឲ្យមានការថយចុះនូវការប្រមូលផ្តុំជាតិខ្លាញ់ និងការចែកចាយរបស់ជាលិកាខ្លាញ់។ ការសិក្សាមួយដែលបានបោះពុម្ពលើព្រឹត្តិបត្រព័ត៌មាន Nutrition នៅឆ្នាំ ២០១៣ ក៏បានបញ្ជាក់អំពីអត្ថប្រយោជន៍របស់Isoflavone ក្នុងការសម្រកទម្ងន់ និងការគ្រប់គ្រងជាតិស្ករក្នុងឈាមផងដែរ។
4. សកម្មភាពប្រឆាំងនឹងជំងឺទឹកនោមផ្អែម
Isoflavones ពីសណ្តែកសៀងអាចមានអត្ថប្រយោជន៍ចំពោះជំងឺទឹកនោមផ្អែមដោយសារសកម្មភាពដូចនឹងអឺស្ត្រូសែនរបស់វា និងការការពារការបង្កើតជាគ្លុយកូសដោយសារការធ្វើប្រតិកម្មរបស់ជាតិខ្លាញ់ ក៏ដូចជាការរារាំងការស្រូបយកជាតិស្ករពីពោះវៀនផងដែរ ដែលជាលទ្ធផលធ្វើឲ្យមានការថយចុះនៃជាតិស្ករក្នុងឈាមក្រោយពីញ៉ាំអាហាររួច។
5. សកម្មភាពលើប្រព័ន្ធសរសៃឈាមនិងបេះដូង
Isoflavone មានលក្ខណៈជីវសាស្ត្រយ៉ាងខ្លាំងក្នុងការធ្វើឲ្យមានការរីកឡើងនៃសរសៃឈាមអាកទែរ បន្ថយកូឡេស្តេរ៉ូលក្នុងឈាម និងរារាំងការកករឹងនៃសរសៃ
ឈាមលើសត្វស្វាញីដែលអស់រដូវ។ Isoflavones អាចរារាំងផងដែរលើការស្អិតជាប់នៃកោសិកា និងបំផ្លាញសកម្មភាពនៃសារធាតុមួយចំនួនក្នុងរាងកាយដូចជា cytokines និង platelet derived growth factor ដែលជះឥទ្ធិពលដល់ការកកើតនៃដំបៅ។ ម្យ៉ាងទៀត សមត្ថភាពក្នុងការប្រឆាំងអុកស៊ីតកម្មរបស់វាក៏អាចបន្ថយរាលដាលនៃប្រតិកម្ម peroxidation របស់ជាតិខ្លាញ់ផងដែរ។
6. សកម្មភាពលើស្បែក
បញ្ហាស្បែកជាច្រើនត្រូវបានសង្កេតឃើញថាអាចកើតមានឡើងចំពោះស្ត្រីអស់រដូវដែលក្នុងនោះមានមួយចំនួនហាក់ដូចជាមានទំនាក់ទំនងជាចម្បងទៅនឹងភាពចាស់ជរា និងការប៉ះពាល់ជាមួយពន្លឺថ្ងៃ ព្រមទាំងខ្លះទៀតគឺជាលទ្ធផលនៃការថយចុះអ័រម៉ូនអឺស្ត្រូសែនក្នុងរាងកាយ។ Isoflavone ត្រូវបានបង្ហាញមានប្រសិទ្ធភាពបន្ថយភាពជ្រីវជ្រួញ ក៏ដូចជាអាចការការពារស្បែកប្រឆាំងនឹងមហារីក និងជំងឺរលាកស្បែក Erythremia ដែលបង្កដោយកាំរស្មី UV។
7. សកម្មភាពលើការរួមនៃទ្វារមាស
ការរួមនៃទ្វារមាស ជាបញ្ហារួមមួយក្នុងចំណោមស្រ្តីអស់រដូវជាច្រើន ដោយវានាំមកជាមួយនូវរោគសញ្ញារួមមានដូចជា ភាពស្ងួត រមាស់ ធ្លាក់ស រលាក និងឈឺចាប់ពេលរួមភេទ។ ក្នុងការសិក្សាដែលបានចុះផ្សាយក្នុង Journal of Obstetrics & Gynaecology នៅឆ្នាំ ២០១៦ បានបង្ហាញថា Isoflavones ពីសណ្តែកសៀងអាចជួយសម្រួលអាការៈនៃការរួមរបស់ទ្វារមាសបាន។
8. សកម្មភាពលើមុខងារនៃការគិត
ការសិក្សាមួយដែលបានចុះផ្សាយក្នុងព្រឹត្តិបត្រព័ត៌មាន Menopause នៅក្នុងឆ្នាំ ២០១៥បានបង្ហាញអំពីឥទ្ធិពលវិជ្ជមាននៃ Isoflavones របស់សណ្តែកសៀង លើមុខងារក្នុងការរៀនសូត្រ ការគិត ក៏ដូចជាការចងចាំ ចំពោះស្រ្តីក្រោយអស់រដូវ។
Isoflavone ពីសណ្តែកសៀងដែលត្រូវបានប្រើប្រាស់ដោយប្រជាជនអាស៊ីជាច្រើនជំនាន់មកហើយនោះគឺជាសមាសធាតុថ្មីមួយចំពោះពិភពលោក ហើយត្រូវបានលើកយកមកពិភាក្សា និងសិក្សាលើសត្វ និងមនុស្សជាបន្តបន្ទាប់ ដើម្បីធ្វើការស្វែងរកឥទ្ធិពលវិជ្ជមានផ្សេងៗទៀតរបស់វាទៅលើសុខភាព។
©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share