Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការស្គាល់ពីការស្ត្រេសលើសកម្រិត ជីវិតយើងមិនថាក្នុងដំណាក់កាលណានោះទេ ទាំងវ័យសិក្សា ធ្វើការងារ និងធ្វើជំនួញ គឺពោរពេញទៅដោយបទពិសោធន៍ថ្មីៗ និងការស្រាវជ្រាវ ពេលកំណត់យកកិច្ចការ និងការទាមទារផ្សេងៗ។ ចំពោះបុគ្គលភាគច្រើន របៀបរស់នៅបែបនេះអាចធ្វើឲ្យមានអារម្មណ៍ថប់បារម្ភ និងស្ត្រេស។ ទោះជាយ៉ាងណាក៏ដោយស្ត្រេសមិនមែនតែងតែអាក្រក់នោះទេ។ ប្រសិនបើវាស្ថិតនៅក្នុងកម្រិតមួយតិច វាអាចជួយជម្រុញឲ្យអ្នកធ្វើអ្វីមួយឲ្យអស់ពីសមត្ថភាពស្របពេលដែលអ្នកស្ថិតនៅក្រោមសម្ពាធ។ ប៉ុន្តែនៅពេលដែលអ្នករស់នៅក្នុងភាពអាសន្នយូរ ចិត្ត និងរាងកាយរបស់អ្នកអាចរងការប៉ះពាល់ពីវា ហើយអ្នកអាចចាប់ផ្តើមបាត់បង់នូវភាពម្ចាស់ការលើខ្លួនឯង។ ស្ត្រេស គឺជាការប្រមូលផ្ដុំគ្នា។ សញ្ញាដំបូងនៃការស្ត្រេសអាចមានដូចជាឈឺក្បាល ឆាប់ខឹងធ្វើទុក្ខក្រពះ ឬការគេងមិនបានលក់ស្រួល។ នៅពេលអ្នករៀនសម្គាល់សញ្ញាដំបូងនៃភាពស្ត្រេស អ្នកនឹងដឹងថារោគសញ្ញាទាំងនេះ គឺជាវិធីមួយដែលរាងកាយព្យាយាមប្រាប់អ្នកឲ្យបន្ថយល្បឿន និងរកវិធីដើម្បីបំបាត់ការស្ត្រេស។ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ចំពោះសញ្ញាទាំងនេះទេ ស្រេ្តស និងជំងឺថប់បារម្ភរបស់អ្នកអាចបន្តកើតឡើង និងបណ្តាលឲ្យមានការរំខានយ៉ាងធ្ងន់ធ្ងរលើផ្លូវចិត្ត ផ្លូវកាយ ការសិក្សានិងសង្គម។ ស្ត្រេសអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នក សមត្ថភាពក្នុងការប្រមូលផ្តុំស្មារតី ឬការប្រាស្រ័យទាក់ទង ហើយវាអាចមានផលប៉ះពាល់អវិជ្ជមានដល់ប្រព័ន្ធភាពស៊ាំរបស់អ្នកដែលធ្វើឲ្យអ្នកងាយនឹងមានជំងឺ។ អ្វីដែលជាដំណឹងល្អនោះ គឺថា…អ្នកអាចការពារខ្លួនអ្នកបានដោយដឹងពីសញ្ញា និងរោគសញ្ញានៃស្ត្រេស និងការចាត់វិធានការ ដើម្បីកាត់បន្ថយផលប៉ះពាល់របស់វា។ ភាពខុសគ្នារវាងជំងឺថប់បារម្ភ និងស្ត្រេស ស្ត្រេស គឺជាភាពប្រក្រតីនៃការឆ្លើយតបខាងរាងកាយដែលអ្នកមាន នៅពេលអ្នកប្រឈមមុខនឹងបញ្ហាមួយ។ ជំងឺថប់បារម្ភ គឺជាការបញ្ចូលគ្នានៃលក្ខខណ្ឌផ្សេងៗ និងមានភាពស្រដៀងគ្នាទៅនឹងការភ័យខ្លាច។ ជារឿយៗ វាកើតឡើងភ្លាមៗដោយពុំអាចកំណត់ពីមូលហេតុបាន។ ចំពោះមនុស្សមួយចំនួន ការព្រួយបារម្ភ និងការថប់បារម្ភអាចនឹងក្លាយទៅជាបញ្ហាដ៏ធំធេង និងរំខានដល់គុណភាពនៃជីវិតរបស់ពួកគេ។ ការព្រួយបារម្ភច្រើនហួសប្រមាណ និងយូរអង្វែងអាចបង្ហាញពីជំងឺថប់បារម្ភ ហើយវានឹងទាមទារឲ្យមានការការព្យាបាលខុសៗគ្នា។ ផលប៉ះពាល់ទូទៅនៃការស្ត្រេស ស្ត្រេសអាចប៉ះពាល់ដល់គ្រប់ទិដ្ឋភាពនៃជីវិតរបស់យើង។ អ្នកអាចមានរោគសញ្ញាផ្នែកផ្លូវចិត្ត ផ្នែកឥរិយាបថ ផ្នែករាងកាយ និងផ្នែកអារម្មណ៍។ ខណៈពេលដែលរោគសញ្ញាទាំងនេះជាទូទៅច្រើនកើតមានក្នុងពេលដែលស្ត្រេស ប៉ុន្តែចំពោះអ្នកដែលមានជំងឺថប់បារម្ភអាចនឹងជួបប្រទះបញ្ហាទាំងនេះទោះបីជាគ្មានវត្តមានស្ត្រេសក៏ដោយ។ ទៅលើរាងកាយរបស់អ្នក៖ ឈឺក្បាល ឈឺសាច់ដុំ ឈឺទ្រូង អស់កម្លាំង ការផ្លាស់ប្តូរចំណង់ផ្លូវភេទ ឈឺក្រពះ បញ្ហានៃការគេង ឈឺជាញឹកញាប់។ ទៅលើអារម្មណ៍របស់អ្នក៖ ថប់បារម្ភ ការនៅមិនស្ងៀម ខ្វះការលើកទឹកចិត្ត ឬការផ្តោតអារម្មណ៍ ឆាប់ខឹង ភាពក្រៀមក្រំ ឬការធ្លាក់ទឹកចិត្ត ភ្លេចច្រើន អារម្មណ៍គ្មានសុវត្ថិភាព។ ទៅលើអាកប្បកិរិយារបស់អ្នក៖ ញ៉ាំច្រើន ឬមិនឃ្លាន ភាពងាយនឹងផ្ទុះកំហឹង ការប្រើប្រាស់គ្រឿងញៀនឬគ្រឿងស្រវឹង ការផ្ដាច់ខ្លួនពីសង្គម ការដេកច្រើនពេកឬតិចពេក មានបញ្ហាផ្នែកទំនាក់ទំនង ការយំចំពោះរឿងបន្តិចបន្តួច(ព្រោះពួកគេមិនអាចគ្រប់គ្រងខ្លួនឯងបាន) ការគេចវេសឬការព្យាយាមពន្យាពេលមិនព្រមធ្វើអ្វីមួយ។ វិធីគ្រប់គ្រងការស្ត្រេស ការគ្រប់គ្រងស្ត្រេស គឺជាជំនាញដ៏សំខាន់មួយ ហើយវាគឺមានតម្លៃក្នុងការចំណាយពេលវេលា ដើម្បីរកវិធីបន្ថយស្ត្រេសដែលល្អបំផុតសម្រាប់អ្នក។ ការយកចិត្តទុកដាក់លើគំនិត និងរាងកាយរបស់អ្នកអាចជួយអ្នកក្នុងការគ្រប់គ្រងកម្រិតស្ត្រេសរបស់អ្នក និងជួយអោយអ្នកមានម្ចាស់ការលើខ្លួនឯង។ ខាងក្រោមនេះ គឺជាការផ្តល់យោបល់មួយចំនួន៖ • ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ • បរិភោគអាហារដែលល្អសម្រាប់សុខភាព (ស្ករ និងអាហារកែច្នៃអាចធ្វើឲ្យស្ត្រេសកាន់តែអាក្រក់) • ហាត់ប្រាណឲ្យបានទៀងទាត់ អ្នកគួរធ្វើនូវការហាត់ប្រាណណាដែលអ្នកចូលចិត្តដែលអនុញ្ញាតឲ្យអ្នកបញ្ចេញភាពតានតឹងបាន • រៀនពីបច្ចេកទេសដកដង្ហើម ដើម្បីបំបាត់ភាពតានតឹង • យកចិត្តទុកដាក់លើគំនិតអវិជ្ជមានរបស់អ្នក • ការសមាធិ • រកទីកន្លែងស្ងប់ស្ងាត់ ដើម្បីសិក្សា • អនុវត្តការនិយាយថា «ទេ» ចំពោះស្ថានភាព និងអ្នកដែលបន្ថែមភាពស្ត្រេសទៅលើជីវិតរបស់អ្នក • ម៉ាស្សា • និយាយជាមួយមិត្តភក្តិ ឬនរណាម្នាក់ដែលអ្នកទុកចិត្ត • កំណត់ការទទួលជាតិកាហ្វេអ៊ីនរបស់អ្នក • ជៀសវាងការប្រើគ្រឿងស្រវឹង ឬគ្រឿងញៀនដទៃទៀត ដើម្បីកាត់បន្ថយភាពស្ត្រេសរបស់អ្នក • គ្រប់គ្រងពេលវេលា និងថាមពលរបស់អ្នក។ អ្នកអាចផ្តល់អាទិភាពការងារដែលអ្នកត្រូវធ្វើដោយមិនត្រឹមតែផ្អែកលើពេលវេលានោះទេ អ្នកត្រូវគិតពីថាមពលរបស់អ្នកសម្រាប់ភារកិច្ចនោះដែរ។ • សើច! មើលភាពយន្តកំប្លែង ឬព្យាយាមសាកល្បងLaugh Yoga។ • ចំណាយពេលវេលា ដើម្បីសំរាកលំហែកាយ ភាពសប្បាយ និងធ្វើអ្វីដែលជាចំណូលចិត្តរបស់អ្នក។  ការទទួលយកជំនួយ មនុស្សភាគច្រើនតែងតែមានអារម្មណ៍ថាពួកគេអាចមានលទ្ធភាពដោះស្រាយអ្វីគ្រប់យ៉ាង។ ប្រសិនបើការព្រួយបារម្ភ និងស្ត្រេសហួសកម្រិតអាចជះឥទ្ធិពលដល់គុណភាពនៃជីវិតរបស់អ្នក នោះវាគឺជាពេលដែលត្រូវទទួលយកជំនួយហើយ។ គ្រូពេទ្យផ្នែកសុខភាពផ្លូវចិត្តអាចផ្ដល់នូវជម្រើសនៃការព្យាបាលផ្សេងៗដែលអាចជួយអ្នកឲ្យមានការធូរស្បើយ។ វាមានឯកសារជាច្រើនដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីរបៀបដែលស្ត្រេស និងការថប់បារម្ភអាចប៉ះពាល់ដល់អ្នក។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

    វ័យកាន់តែចាស់អ្នកអាចសង្កេតឃើញថាឪពុកម្តាយរបស់អ្នកកាន់តែមានការផ្លាស់ប្តូរក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគាត់មិនថាចំណង់ចំណូលចិត្ត និងរបៀបបរិភោគ។ ក្នុងចំណោមការផ្លាស់ប្តូរទាំងនោះការថយចុះនូវការទទួលទានអាហារ គឺជាបញ្ហាដែលគួរឲ្យបារម្ភមួយ ខណៈដែលសារជាតិចិញ្ចឹមពីអាហារមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងសុខភាពរបស់មនុស្សចាស់។ ខាងក្រោម គឺជាមូលហេតុដែលជួបញឹកញាប់បំផុតក្នុងការធ្វើឲ្យមនុស្សចាស់ពិបាកក្នុងការទទួលទានអាហារ និងគន្លឹះក្នុងការដោះស្រាយ។ 01. បញ្ហាសុខភាពមាត់ធ្មេញ៖ ធ្វើឲ្យពិបាកក្នុងការទំពារ និងលេបអាហារ ឬអាចសូម្បីបង្កឲ្យមានការឈឺចាប់ទៀតផង ដែលជាហេតុធ្វើឲ្យពួកគាត់បាត់បង់ចំណង់ក្នុងការបរិភោគអាហារ។ -ជម្រើសអាហារល្អ គឺអាហារទន់មានជាតិទឹកនិងកាត់ជាដុំតូចៗជាឧទាហរណ៍ជំនួសឲ្យបន្លែឆៅគួរយកវាមកចម្អិនឲ្យទន់ជំនួសសាច់បន្ទះដោយសាច់ ចិញ្ច្រាំរីឯសាច់ត្រីជាជម្រើសល្អបំផុត។ការបន្ថែមទឹកស្រូបឬទឹកជ្រលក់សម្រាប់មុខម្ហូបអាចបន្ថែមនូវជាតិទឹកបាន។ចាំបាច់ផងដែរក្នុងការទៅពិនិត្យមាត់ធ្មេញជាមួយទន្តបណ្ឌិតឲ្យបានទៀងទាត់ ដើម្បីទទួលការព្យាបាល និងថែទាំបានល្អ។ 02. បញ្ហាគំហើញថយចុះ៖ មនុស្សចាស់ច្រើនជួបប្រទះនឹងបញ្ហាភ្នែកដូចជាម៉្ញូប ឬឡើងបាយភ្នែកជាដើម ដែលធ្វើឲ្យពួកគាត់មើលអាហារមិនបានច្បាស់ និងកាត់បន្ថយចំណង់អាហារតាមរយៈរូបភាព។ - ជម្រើសអាហារល្អ គឺ អាហារដែលមានពណ៌ស្រស់ (ដូចជាបន្លែគ្រប់មុខជាដើម) និងរៀបចំដាក់ចានដែលមានពណ៌ឆ្លុះជាមួយអាហារដើម្បីឲ្យពួកគាត់អាចបែងចែក និងឃើញអាហារបានល្អ។ 03. ការថយចុះនៃសមត្ថភាពដឹងក្លិននិងរសជាតិ៖ក្លិននិងរសជាតិមានសារសំខាន់ក្នុងការបង្កើតនូវចំណង់អាហារដូចនេះការថយចុះនៃសមត្ថភាពនេះជាមួយនឹងវ័យជាមូលហេតុនៃការថយចុះនៃការបរិភោគ។ - ជម្រើសអាហារល្អ គឺ អាហារដែលមានបន្ថែមគ្រឿងផ្សំបង្កើនរសជាតិ និងក្លិន (គ្រឿងទេស រុក្ខជាតិ ឬបន្លែមានរសជាតិ និងក្លិនប្រហើរ) រួមជាមួយនឹងការប្រើវិធីសាស្ត្រផ្សេងៗដែលអាចបង្កើនក្លិន និងរសជាតិ។ ការបន្ថែមស្ករ អំបិល ឬប័រដើម្បីបង្កើនរសជាតិមិនមែនជាដំណោះស្រាយ ល្អឡើយ។ 04. ផលរំខាននៃថ្នាំមួយចំនួន៖ ផលរំខាននៃថ្នាំមួយចំនួនអាចទាក់ទងនឹងចំណង់នៃការបរិភោគតាមរយៈការធ្វើឲ្យមានអាការៈទល់លាមក រាកក្អួតចង្អោរ ស្ងួតមាត់ ឬធ្វើឲ្យមានរសជាតិមិនល្អនៅក្នុងមាត់។ - ជម្រើសល្អ គឺ ទៅជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញសុខភាពទាក់ទងនឹងការប្រើប្រាស់ថ្នាំ និងដំបូន្មានផ្សេងៗដើម្បីកាត់បន្ថយផលរំខាន ក៏ដូចជាសម្រួលលើការប្រើប្រាស់ថ្នាំនិងរបបអាហារ។ 05.   ការទល់លាមក៖ ការរំលាយអាហារនឹងប្រព្រឹត្តទៅយឺតជាងមុននៅពេលវ័យកាន់តែច្រើន។បញ្ហាញឹកញាប់មួយដែលបង្កដោយការទល់លាមកគឺជាអារម្មណ៍ឆ្អែត និងតឹងណែនពោះ។ - ជម្រើសល្អ គឺ ការផ្តល់នូវអាហារសម្បូរដោយកាកសរសៃ និងសារធាតុរាវឲ្យបានច្រើន។ គួរលើកទឹកចិត្តឲ្យពួកគាត់ធ្វើសកម្មភាពឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ព្យាយាមកាត់បន្ថយការប្រើថ្នាំបញ្ចុះ និងគួរទៅជួបជាមួយនឹងអ្នកជំនាញបើបញ្ហានេះនៅបន្តយូរ ឬកើតមានញឹកញាប់។ 06. ការតមអាហារជ្រុល៖ ដោយសារស្ថានភាពជំងឺប្រចាំកាយ និងសុខភាពល្អ ឪពុកម្តាយចាស់ៗរបស់យើងអាចនឹងព្យាយាមតមអាហាររហូតអាចធ្វើឲ្យមានកង្វះនូវសារជាតិចិញ្ចឹមទៅវិញ ដែលពេលនោះពួកគាត់នឹងបាត់បង់នូវថាមពល ក៏ដូចជាធ្វើឲ្យមេតាបូលីសក្នុងខ្លួនកាន់តែ ថយចុះ។ - ជម្រើសល្អ គឺ ជួបពិគ្រោះជាមួយនឹងអ្នកជំនាញសុខភាពដើម្បីទទួលបានដំបូន្មានទាក់ទងនឹងរបបអាហារសមរម្យ និងប្រកបដោយសុខភាព។   07. បញ្ហាធ្លាក់ទឹកចិត្ត៖ ការបារម្ភនឹងជំងឺប្រចាំកាយ និងបញ្ហាផ្សេងៗ រួមជាមួយភាពឯកកានៅវ័យចំណាស់ (ការបាត់បង់សមាជិកគ្រួសារ ឬដៃគូ)ជាហេតុធ្វើឲ្យពួកគាត់លែងមានចំណូលចិត្តក្នុងការបរិភោគអាហារ។   - ជម្រើសល្អ គឺ បង្កើនបរិយាកាសក្នុងពេលទទួលទានដោយផ្លាស់ប្តូរកន្លែង និងព្យាយាមកំដរពួកគាត់យ៉ាងហោចណាស់មួយថ្ងៃម្តងក្នុងពេលអាហារ។ អ្នកក៏អាចហៅសមាជិកគ្រួសារ បងប្អូន មិត្តភក្តិ ឬអ្នកជិតខាងឲ្យចូលរួមអាហារឲ្យបានញឹកញាប់ (អាចគ្រាន់ជាការពិសាតែ ឬអាហារសម្រន់)។ កាន់តែប្រសើរ គឺជំរុញឲ្យពួកគាត់ចូលរួមសកម្មភាពសង្គមមនុស្សចាស់ឲ្យបានច្រើនដើម្បីកាត់បន្ថយភាពធុញថប់ និង ភាពឯកា។ អ្នកត្រូវស្វែងរកមូលហេតុដែលធ្វើឲ្យឪពុកម្តាយជាទីស្រឡាញ់ ឬមនុស្សចាស់នៅក្នុងគ្រួសាររបស់អ្នកមិនចង់បរិភោគអាហារដើម្បីចៀសវាងកង្វះសារជាតិចិញ្ចឹមសម្រាប់សុខភាព។ ករណីដែលវិធីខាងលើមិនផ្តល់លទ្ធផល អ្នកគួរនាំពួកគាត់ទៅជួបវេជ្ជបណ្ឌិតដើម្បីកំណត់មូលហេតុ និងប្រាកដថាវាមិនជាប់ពាក់ព័ន្ធនឹងជំងឺណាមួយ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

  ស្រស់ស្អាតជាក្តីប្រាថ្នារបស់មិត្តនារីគ្រប់រូបមិនថាស្ថិតក្នុងវ័យណាកាលៈទេសៈណា។ភាពស្រស់ស្អាតទាំងនោះមិនត្រឹមតែចោទសំខាន់ទៅលើផ្ទៃមុខនោះទេ តែភាពទន់រលោងរបស់សរសៃសក់ក៏ជាចំណុចសំខាន់នៃការបង្ហាញពីសម្រស់ផងដែរ។ ដោយហេតុនេះ ហេលស៍ថាម សូមណែនាំ វិធីសាស្ត្រថែរក្សាសក់ប្រកបដោយសុវត្ថិភាពខាងក្រោម៖ ផ្តល់សំណើមជាប្រចាំ៖   តាមពិតទៅការថែរក្សាសក់របស់អ្នក វាក៏ដូចជាការថែរក្សាស្បែកដែរ ការផ្តល់សំណើមដល់សក់ គឺពិតជាសំខាន់ ដើម្បីឲ្យ ប្រាកដថាវាអាចរក្សាបាននូវសុខភាពល្អ និងមិនងាយខូច។ ដោយហេតុថាសក់មនុស្សវ័យចំណាស់មានសភាពស្តើង ហើយផុយស្រួយជាងធម្មតា។ ម៉ាស្សាស្បែកក្បាល៖   ម៉ាស្សា ឬត្រដុសស្បែកក្បាល អាចជួយបង្កើនចលនាឈាមរត់នៃស្បែកជុំវិញលលាដ៍ក្បាលរបស់អ្នកដែលនឹងជំរុញការភ្ញោចគល់សក់។ ការកើននូវចលនាឈាមរត់នេះទៀតសោតនឹងនាំយកនូវចំណីអាហារមកចិញ្ចឹមស្បែកក្បាលព្រមទាំងបង្កើនការដុះលូត-លាស់នៃសក់ក្បាលបានមួយកម្រិតទៀតផង។ ផ្សើមសក់៖  ផ្សើមសក់ជាមួយទឹកត្រជាក់នឹងមិនការពារសក់របស់អ្នកពីភាពស្ងួតបាននោះទេ ប៉ុន្តែវានឹងបិទគល់សក់ដើម្បីការពារការបំផ្លាញផ្សេងៗ។លោកអ្នកគួរប្រយ័ត្នផងដែរចំពោះការលាងឬផ្សើមសក់ជ្រុលហួសហេតុព្រោះវាអាចបំផ្លាញដល់ប្រេងធម្មជាតិដែលមានសារសំខាន់ក្នុងការរក្សាទ្រង់ទ្រាយសក់របស់អ្នក។ យកល្អអ្នគ្រាន់តែលាងសម្អាតសក់រៀងរាល់ថ្ងៃ ព្រមទាំងចៀសវាងសិតសក់កំឡុងពេលសក់សើម ព្រោះវាធ្វើឲ្យសក់អ្នកផុយ និងឆាប់ជ្រុះ។ ផលិតផលសម្រាប់សក់៖  ចៀសឲ្យឆ្ងាយពីសាប៊ូកក់សក់ និងផលិតផលសម្រាប់សក់ណា ដែលមានផ្ទុកសារធាតុគ្រោះថ្នាក់ ដូចជា SodiumLauryl Sulphate ជាដើម។ សារធាតុទាំងនេះ បំផ្លាញសក់របស់អ្នក ហើយអាចក្លាយជាជាតិពុលជ្រាបចូលក្នុងរាងកាយទៀតផង។ ដើម្បីទទួលបានប្រសិទ្ធភាព អ្នកគួរសួរទៅកាន់ឱសថការី ឬអ្នកជំនាញខាងសើស្បែក ពីផលិតផលដែលល្អប្រើបំផុត។ ស្វែងរកផលិតផលធម្មជាតិ មានរួមបញ្ចូលទាំងសារធាតុសរីរាង្គជាជម្រើសដ៏ល្អ។ចំពោះជែលលាបសក់ឬផលិតផលលេងម៉ូតសក់មួយចំនួនគួរតែត្រូវបានលាងជម្រះចេញមុនពេលអ្នកចូលគេង។ ត្រូវចាំថា ភាពស្អិតនៃស្ព្រៃយន៍បាញ់សក់ និងជែលអាចជ្រាបទៅដល់ស្បែកក្បាល និងផ្ចិតរន្ធញើស ករណីរក្សាវាក្នុងរយៈពេលយូរ។ សាប៊ូកក់សក់៖  សម្រាប់សក់ស្តើងគួរប្រើសាប៊ូ និងក្រែមបន្ទន់សក់ ដែលជួយបង្កើនកម្រាស់សក់។សាប៊ូបង្កើនកម្រាស់សក់ ជាទូទៅមានផ្ទុកសារធាតុផ្សំដូចជា ប្រូតេអ៊ីន ដែលនឹងគ្របដណ្តប់ការពារសក់ នឹងធ្វើឲ្យភ្លឺរលោង។ ទោះជាយ៉ាងណាក៏ដោយ ការផ្តល់សំណើមគឺសំខាន់ ចៀស-វាងក្រែមបន្ទន់សក់ដែលមានកម្រិតខ្លាំងពេកព្រោះវាអាចបន្ថយទម្ងន់សក់ និងមើលទៅសក់ហាក់ដូចជាមានជាតិប្រេងច្រើន។ ការលេងម៉ូតសក់៖  ប្តូរម៉ូតសក់ញឹកញាប់ ហាក់ដូចជាការសម្លាប់សក់ខ្លួនឯងដូច្នេះដែរ។ នៅពេលធ្វើម៉ូតសក់ អ្នកគួរព្យាយាមចៀសវាង ផ្លុំសំងួតសក់ពេលវាកំពុងសើមជោគ ដោយទុកសក់ឲ្យស្ងួតតាមធម្មតា ពូតនឹងដៃ និងជូតដោយកន្សែងជាមុនសិន។ ការធ្វើម៉ូតសក់វែងដោយការចងតឹងពេក ជាមួយកៅស៊ូចងសក់ ជាការដាក់សម្ពាធដល់ស្បែកក្បាលនិងជាមូលហេតុនៃការដាច់សក់។ របបអាហារ៖  ទម្លាប់រស់នៅប្រចាំថ្ងៃ រួមជាមួយនឹងរបបអាហារ មានផលប៉ះពាល់ក្នុងផ្នែកដ៏ធំលើសុខភាពសក់។ ព្យាយាមបង្កើនបរិមាណអាហារសម្បូរប្រូតេអុីន ដូចជា ស៊ុត សណ្តែកសៀង សណ្តែកខៀវ និងសាច់។ អាហារសម្បូរជាតិដែក វីតាមីនA វិតាមីនB និងសារធាតុរ៉ែ វានឹងធានាឲ្យសក់របស់អ្នកទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់តាមតម្រូវការ។ ចាំថា ការជក់បារីនឹងធ្វើឲ្យសក់អ្នកងាយជ្រុះ និងឆាប់ក្លាយជាស្កូវ។ ជម្រើសត្រឹមត្រូវ រួមជាមួយការអនុវត្តដ៏ត្រឹមត្រូវ នឹងផ្តល់ឲ្យអ្នកនូវភាពស្រស់ស្អាតបែបធម្មជាតិ… © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អ្នកជំនាញបានបញ្ជាក់ថា ភាពឯកោគឺអាចបណ្តាលឲ្យស្លាប់លឿនជាងអ្នកមានជំងឺធាត់ទៅទៀត ហើយវាគួរតែត្រូវបានចាត់ទុកថាជាហានិភ័យនៃសុខភាពសាធារណៈ។    អ្នកដែលមានទំនាក់ទំនងសង្គមមិនល្អអាចបង្កើនហានិភ័យនៃការឆាប់ស្លាប់ដល់ទៅ៥០%ប្រៀបធៀបទៅនឹងអ្នកដែលមានទំនាក់ទំនងសង្គមល្អ នេះបើយោងតាមការបង្ហាញរបស់ការសិក្សាអំពីភាពឯកោ។   អ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិកបានសង្កេតទៅលើការសិក្សាចំនួន២១៨ដែលស្ដីអំពីផលប៉ះពាល់សុខភាពនៃភាពឯកោ និងការផ្ដាច់ទំនាក់ទំនងពីសង្គម។   ពួកគេបានរកឃើញថាការផ្ដាច់ទំនាក់ទំនងពីសង្គមបានបង្កើនហានិភ័យនៃការស្លាប់របស់មនុស្សម្នាក់រហូតដល់ពាក់កណ្ដាលនេះបើប្រៀបធៀបទៅនឹងអ្នកមានជំងឺធាត់ដែលហានិភ័យនៃការស្លាប់របស់ពួកគេមានត្រឹមតែ៣០%តែប៉ុណ្ណោះ។   វេជ្ជបណ្ឌិត Julianne Holt-Lunstad ដែលជាអ្នកដឹកនាំនិងជាសាស្ត្រចារ្យផ្នែកចិត្តវិទ្យានៅសកលវិទ្យាល័យ Brigham Young University បាននិយាយថា «ការផ្សារភ្ជាប់ជាមួយអ្នកដទៃក្នុងសង្គមត្រូវបានគេចាត់ទុកថាជាតម្រូវការដ៏ចម្បងរបស់មនុស្ស ហើយវាក៏សំខាន់ចំពោះសុខុមាលភាពនិងការរស់រានមានជីវិតដែរ។»   «ឧទាហរណ៍ជាក់ស្តែងមួយបានបង្ហាញថា ទារករស់នៅក្នុងមណ្ឌលថែទាំដែលពួកគេខ្វះទំនាក់ទំនងទៅនឹងសង្គមខាងក្រៅគឺមានបញ្ហាជាមួយនឹងការលូតលាស់និងស្លាប់ជារឿយៗ ហើយជាការពិតណាស់ការផ្តាច់ឆ្ងាយពីសង្គមឬការឃុំឃាំងឲ្យនៅតែម្នាក់ឯងត្រូវបានប្រើជាទម្រង់មួយនៃការធ្វើទណ្ឌកម្ម។» ប៉ុន្តែបច្ចុប្បន្ននេះមានការកើនឡើងនៃចំនួនប្រជាជនអាមេរិកដែលមានបញ្ហាទាក់ទងនឹងការផ្ដាច់ឆ្ងាយពីសង្គមនេះ។   អារម្មណ៍ឯកាគឺអាចធ្វើឲ្យយើងមានអារម្មណ៍អាក្រក់ទាំងផ្លូវកាយនិងផ្លូវចិត្ត ហើយចំពោះអ្នកដែលឯកាវិញ ភាគច្រើនតែងតែមានរោគសញ្ញាអាក្រក់ជាងអ្នកដែលមិនឯកា នៅពេលដែលពួកគេមានបញ្ហាសុខភាព។   ការស្ទង់មតិថ្មីមួយដោយ Granset បានរកឃើញថាមនុស្សចាស់ជិត៣ភាគ៤នៅក្នុងចក្រភពអង់គ្លេសគឺមានភាពឯកោ ហើយភាគច្រើនមិនសូវនិយាយទៅកាន់នរណាម្នាក់អំពីអារម្មណ៍របស់ពួកគេទេ។   ពួកគេក៏បានរកឃើញថាប្រហែលជា៧០%បាននិយាយថាមិត្តភក្តិជិតស្និទ្ធនិងក្រុមគ្រួសាររបស់ពួកគេនឹងមានភាពភ្ញាក់ផ្អើលប្រសិនបើពួកគេនិយាយថាពួកគេមានភាពឯកា។   ការិយាល័យស្ថិតិជាតិថ្មីៗនេះបានបង្ហាញថាចក្រភពអង់គ្លេសគឺជាប្រទេសដែលឯកាជាងគេនៅអឺរ៉ុប។ ហើយបើយោងទៅតាមការធ្វើយុទ្ធនាការបញ្ចប់ភាពឯកា ចក្រភពអង់គ្លេសបានចំណាយប្រាក់ដល់ទៅ ២៦លានដុល្លារក្នុងមួយឆ្នាំសម្រាប់ការចំណាយទាក់ទងនឹងបញ្ហាសុខភាព។    លោកស្រី Holt-Lunstad បានបន្ថែមថា «មានភស្តុតាងជាក់លាក់ដែលអាចបញ្ជាក់ថាភាពឯកា និងការផ្តាច់ទំនាក់ទំនងពីសង្គមបានបង្កើនហានិភ័យនៃការស្លាប់មុនអាយុ ហើយកម្រិតនៃហានិភ័យមានសភាពលើសលុបពីសូចនាករសុខភាពទៅទៀត។»   «ជាមួយនឹងការកើនឡើងនៃចំនួនមនុស្សចាស់ ផលប៉ះពាល់ទៅលើសុខភាពសាធារណៈគឺត្រូវបានរំពឹងទុកថានឹងមានការកើនឡើង។»   «ជាការពិតណាស់ នាពេលបច្ចុប្បន្នមានប្រទេសជាច្រើននៅជុំវិញពិភពលោកបានបង្ហាញថាយើងកំពុងតែប្រឈមមុខនឹង “ការរីករាលដាលនៃភាពឯកា”។»   លោកស្រីបានបានលើកឡើងថា យើងគួរតែផ្តល់អាទិភាពបន្ថែមទៀតទៅលើការសិក្សាស្រាវជ្រាវ និងធនធានឯទៀតដើម្បីដោះស្រាយបញ្ហាភាពឯកា ដូចជាជំនាញសង្គមសម្រាប់កុមារនៅក្នុងសាលាជាដើម។   © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ក្រួសក្នុងទឹកប្រមាត់ត្រូវបានជួបប្រទះយ៉ាងញឹកញាប់ដែលក្នុងនោះវាអាចកើតមានលើប្រហែលជា ១៥%នៃប្រជាជនលើពិភពលោក។សំណាងល្អ ជាង ៨០% នៃអ្នកជំងឺដែលមានក្រួសក្នុងប្រមាត់ មិនមានលេចចេញជារោគសញ្ញាអ្វីឡើយ ហើយក្រួសអាចនៅក្នុងខ្លួនអ្នកជំងឺរហូតដល់ ២០ឆ្នាំដោយមិនបង្កជារោគសញ្ញា ឬផលវិបាកអ្វីឡើយ ស្របពេលដែលប្រហែល ៥%នៃអ្នកដែលមានលេចចេញជារោគសញ្ញា អាចប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ ឬរហូតអាចប៉ះពាល់ដល់អាយុជីវិត ប្រសិនមិនមានការរកឃើញ និងព្យាបាលបានទាន់ពេលវេលា។ រោគសញ្ញា ធម្មតាក្រួសក្នុងថង់ទឹកប្រមាត់ នឹងមិនបង្កឲ្យជារោគសញ្ញាណាមួយឡើយ ក៏ប៉ុន្តែវាអាចចេញជារោគសញ្ញាបាននៅពេលក្រួសនោះរំកិលដល់កន្លែងមាត់រន្ធរបស់វា និងធ្វើឲ្យស្ទះច្រកចេញរបស់ទឹកប្រមាត់។ រោគសញ្ញា ដែលលេចចេញភាគច្រើនគឺការឈឺចុកចាប់នៅក្នុងពោះផ្នែកខាងក្រោមឆ្អឹងជំនីខាងស្តាំឬក៏ឈឺនៅចុងដង្ហើម។ការឈឺចាប់នេះមានលក្ខណៈពិសេសដែលអាចឲ្យវេជ្ជបណ្ឌិតធ្វើការកំណត់សម្គាល់បានគឺការឈឺចាប់ខ្លាំងរហូតធ្វើឲ្យអ្នកជំងឺអត់ដង្ហើមភ្លាមដើម្បីបន្ថយការឈឺនៅពេលយើងប្រាប់អ្នកជំងឺឲ្យដកដង្ហើមចូលជ្រៅដែលធ្វើឲ្យសន្ទះទ្រូងសង្កត់ថ្លើមនិងថង់ទឹកប្រមាត់ធ្លាក់ចុះក្រោមប៉ះជាមួយដៃដែលយើងសង្កត់នៅក្រោមឆ្អឹងជំនីរបស់អ្នកជំងឺ។គួរបញ្ជាក់ថា ប្រសិនបើអ្នកជំងឺមានលេចចេញជារោគសញ្ញាលើសពី ៦ ម៉ោង ត្រូវប្រយ័ត្នព្រោះអ្នកជំងឺលេចចេញជារោគសញ្ញានៃផលវិបាកហើយ។ មូលហេតុ និងកត្តាជំរុញ ទឹកប្រមាត់ផ្សំឡើងពីសារធាតុជាច្រើនដែលសំខាន់ៗរួមមាន ទឹក អំបិលអាស៊ីត biliary អំបិល biliary និងកូឡេស្តេរ៉ុល។ក្នុងចំណោមនោះ សារធាតុដែលអាចបង្កជាក្រួសបានគឺ ពពួកសារធាតុខ្លាញ់ កូឡេស្តេរ៉ុល និងbilirubin non conjugated ដែលជាសារធាតុរបស់ទឹកប្រមាត់ផ្ទាល់។ដូចនេះប្រសិនជាមានការកើនឡើងរបស់សារធាតុណាមួយក្នុងចំណោមសារធាតុទាំងពីរឬការថយចុះនៃធាតុសម្រាប់រំលាយគឺអាស៊ីត biliary (កាលណាវាមានចំនួនគ្រប់គ្រាន់ នោះកូឡេស្តេរ៉ុល និង bilirubin មិនអាចករជាក្រួសបានទេ) នាំឲ្យកើតជាក្រួសក្នុងទឹកប្រមាត់បាន។ កត្តាជំរុញមួយចំនួន ក៏អាចនាំឲ្យកើតមានជាក្រួសក្នុងទឹប្រមាត់ផងដែរដូចជា៖ •កត្តាអាយុ ដែលជាទូទៅគេសង្កេតឃើញថា អ្នកដែលមានអាយុចាប់ពី ២០ឆ្នាំឡើងទៅអាចប្រឈមនឹងការកើតមានក្រួសក្នុងទឹកថង់ប្រមាត់ហើយវាមានអត្រាខ្ពស់បំផុតលើអ្នកមានអាយុចន្លោះពី ៦០ទៅ ៧០ឆ្នាំ។ •កត្តាមួយចំនួនដែលធ្វើឲ្យអ្នកជំងឺមិនអាចបរិភោគបានដែលធ្វើឲ្យថង់ទឹកប្រមាត់មិនដំណើរការ ដូចជាជំងឺដុំសាច់នៅបំពង់អាហារដែលធ្វើឲ្យអ្នកជំងឺលេបអាហារមិនបាន ឬត្រូវអត់អាហាររយៈពេលយូរ។   •ថ្នាំមួយចំនួនដែលទាក់ទងជាមួយអ័រម៉ូនជាពិសេសអ័រម៉ូនអឺស្ត្រូសែនរបស់ស្ត្រីអាចបង្កឲ្យថង់ទឹកប្រមាត់មិនសូវដំណើរការនិងជំរុញឲ្យមានការកើតក្រួសក្នុងទឹកប្រមាត់។ •កត្តាផ្សេងទៀតដូចជា ការធាត់លើសទម្ងន់ ការចូលចិត្តញ៉ាំស្ករ និងខ្លាញ់ច្រើនជាដើម ក៏ធ្វើឲ្យការកន្ត្រាក់របស់ថង់ទឹកប្រមាត់មានការថយចុះដូចគ្នាផងដែរ។ •កត្តាទាក់ទងនឹងវេជ្ជសាស្ត្រមួយចំនួនដូចជាការប៉ះពាល់ដល់ពោះវៀនតូច(ផ្នែកខាងក្រោមគេបង្អស់ដែលតភ្ជាប់ទៅនឹងពោះវៀនធំ)នាំឲ្យខ្វះអាស៊ីត biliaryសម្រាប់ទៅរំលាយខ្លាញ់និងបង្កឲ្យមានការកកើតជាក្រួសដោយសារនេះជាកន្លែងសម្រាប់ស្រូបអាស៊ីត biliary (ធាតុនៃទឹកប្រមាត់) យកទៅប្រើប្រាស់ឡើងវិញ។ ការធ្វើរោគវិនិច្ឆ័យ ដោយសារមិនមានរោគសញ្ញា ក្រួសក្នុងថង់ទឹកប្រមាត់ភាគច្រើនត្រូវបានរកឃើញដោយចៃដន្យដោយការពិនិត្យអេកូ។ អេកូជាវិធីសាស្ត្រដែលល្អបំផុតក្នុងការរុករកក្រួសក្នុងថង់ទឹកប្រមាត់ ហើយវាមានតម្លៃសមរម្យ និងងាយស្រួលសម្រាប់អ្នកជំងឺ។ ការព្យាបាលក្រួសក្នុងទឹកប្រមាត់ ចំពោះអ្នកដែលមិនមានលេចចេញជារោគសញ្ញា គឺមិនតម្រូវឲ្យមានការព្យាបាលឡើយ។ ដោយឡែក  បើអ្នកជំងឺលេចចេញជារោគសញ្ញា នោះការព្យាបាលនឹងត្រូវធ្វើឡើង។ វិធីសាស្ត្រដែលល្អបំផុតគឺ ការវះកាត់ដោយចោះយកថង់ទឹកប្រមាត់ចេញ បើអ្នកជំងឺមិនទាន់លេចចេញជាផលវិបាកធ្ងន់ធ្ងរ។ ចំពោះឱសថរំលាយក្រួស ពុំសូវបង្ហាញប្រសិទ្ធភាពគួរឲ្យកត់សម្គាល់ឡើយ ដែលតាមវេជ្ជសាស្ត្របែបបារាំង មិនណែនាំឲ្យប្រើប្រាស់វិធីនេះមកព្យាបាលឡើយ តែចំពោះវេជ្ជសាស្ត្របែបអង់គ្លេស គេអាចសាកល្បងបានក្នុងករណីក្រួសមានទំហំតូច ចំនួនតិច និងសម្រាប់តែក្រួសដែលកើតតែពីខ្លាញ់ប៉ុណ្ណោះ ហើយវានឹងលេចឡើងនូវប្រសិទ្ធភាពនៅពេលដែលប្រើចាប់ពី ២ទៅ៣ឆ្នាំឡើងទៅ។ ផលវិបាកនៃការកើតក្រួសក្នុងទឹកប្រមាត់ ជាទូទៅ ក្រួសក្នុងថង់ទឹកប្រមាត់អាចរំកិល ឬមានចលនាបានលុះត្រាតែក្រួសនោះស្រាល និងអណ្តែត បានន័យថានៅពេលដែលថង់ទឹកប្រមាត់មានការកន្ត្រាក់ ឬច្របាច់ ពេលនោះក្រួសអាចរំកិលទៅបិទមុខផ្លូវដែលហូររបស់ទឹកប្រមាត់ជាបន្តបន្ទាប់ ធ្វើឲ្យមានការស្ទះ និងលេចចេញជាផលវិបាកដូចជា៖ • ជំងឺរលាកថង់ទឹកប្រមាត់ (Cholecystitis)៖  ជាបញ្ហាជួបញឹកញាប់ជាងគេ ដែលកើតឡើងដោយសារក្រួសធ្លាក់ចុះមកដល់មាត់ច្រករបស់ថង់ទឹកប្រមាត់ នាំឲ្យថង់ទឹកប្រមាត់ស្ទះមិនអាចច្របាច់ទឹកប្រមាត់ចេញបាន។ ផលវិបាកនេះអាចលេចចេញជាបាតុភូតពីរគឺ ទី១ ការរីកធំនៃថង់ទឹកប្រមាត់ ដែលបង្កឲ្យអ្នកជំងឺមានការឈឺចាប់ ទី២ការរលាកនៃថង់ទឹកប្រមាត់ដែលធ្វើឲ្យហើមជុំវិញបរិវេណនៃថង់ទឹកប្រមាត់ដែលងាយស្រួលធ្វើឲ្យមេរោគជ្រៀតចូលរួចបង្កឲ្យមានរោគសញ្ញាដូចជាក្តៅខ្លួននិងញាក់ជាដើមដែលតម្រូវឲ្យមានការកាត់យកថង់ទឹកប្រមាត់ចេញ។បើសិនជាទុករយៈពេលយូរដោយពុំមានការព្យាបាលថង់ទឹកប្រមាត់អាចមានជាខ្ទុះនិងអាចធ្លាយដែលចុងក្រោយអាចធ្វើឲ្យរលាកស្រោមពោះ។មធ្យោបាយទី១នៃការព្យាបាលគឺការប្រើប្រាស់ថ្នាំផ្សះ(ដោយសារមានការឆ្លងមេរោគជ្រៀបមកពីពោះវៀន) ថ្នាំបំបាត់ការឈឺចាប់ និងបន្ទាប់មកប្រសិនបើគាត់ទទួលយកការវះកាត់បាន វេជ្ជបណ្ដិតនឹងធ្វើការវះកាត់។ • ជំងឺរលាកផ្លូវទឹកប្រមាត់ (ANGIOCHOLITIS) ៖  ជាផលវិបាកដែលធ្ងន់ធ្ងរជាងគេនៃជំងឺក្រួសក្នុងប្រមាត់។អត្រាស្លាប់ស្ទើរតែ១00%បើមិនមានការព្យាបាលទាន់ពេលវេលា។វាកើតឡើងនៅពេលដែលក្រួសតូចៗរបូតធ្លាក់មកស្ទះក្នុងផ្លូវទឹកប្រមាត់។ បាតុភូតនេះនឹងបង្កើតបានជារោគសញ្ញាដូចជា ខាន់លឿង ការឈឺចាប់ក្រោមឆ្អឹងជំនីខាងស្តាំ ឬចុងដង្ហើម និងការឡើងកម្តៅ ឬញាក់។ • រលាកលំពែងស្រួចស្រាវ (Acute pancreatitis)៖  កើតឡើងក្នុងករណីក្រួសបន្តធ្លាក់ទៅក្រោម និងស្ទះដល់ផ្លូវចេញមកក្រៅរួម (ចេញមកក្នុងពោះវៀន) រវាងផ្លូវទឹកប្រមាត់ និងផ្លូវចេញនៃសារធាតុរបស់លំពែងដែលអាចបង្កជាបាតុភូតពីរទៀតគឺ ការបិទផ្លូវលំពែង ដែលធ្វើឲ្យចេញជារោគសញ្ញានៃការរលាកលំពែង និងជួនកាលវាអាចស្ទះទាំងផ្លូវលំពែងនិងផ្លូវទឹកប្រមាត់រួមគ្នាតែម្តង។ក្នុងករណីរលាកលំពែងគឺតម្រូវឲ្យមានការព្យាបាលដោយថ្នាំនិងការតាមដានព្រោះក្រួសមាន ទំហំតូច និងអាចរបូតធ្លាក់ចេញមកដោយមិនបាច់មានការព្យាបាលដោយ Endoscopy។ក្នុងករណីចាំបាច់ បើរោគសញ្ញានៅតែមិនធូរស្រាល ឬក្រួសសនៅតែមិនរបូតចេញ ការព្យាបាលដោយ Endoscopy នឹងត្រូវធ្វើឡើង។ ការការពារការកកើតជាក្រួសក្នុងទឹកប្រមាត់ ដោយសារក្រួសក្នុងទឹកប្រមាត់កើតច្រើនពាក់ព័ន្ធនឹងកត្តាអាយុ ដូចនេះវាពិបាកនឹងធ្វើការការពារ ប៉ុន្តែយើងអាចកាត់បន្ថយនូវកត្តាប្រឈមមួយចំនួនបានដូចជា ការបន្ថយទម្ងន់ ចៀសវាងអាហារស្ករ និងខ្លាញ់ច្រើនជាដើម។ ក្រួសក្នុងថង់ទឹកប្រមាត់ គឺជាជំងឺមួយដែលសម្បូរវាកើតមានលើប្រជាជនទូទៅ(ប្រហែល១៥%)។ជាសំណាងល្អ៨០%នៃអ្នកជំងឺមិនមានលេចចេញជា រោគសញ្ញា និងផលវិបាកឡើយ។ ប៉ុន្តែចំពោះអ្នកដែលលេចចេញជារោគសញ្ញាេះ គឺអាចប្រឈមនឹងផលវិបាកដែលអាចគ្រោះថ្នាក់ដល់អាយុជីវិត ដូចនេះពេលដែលចាប់ផ្តើមមានរោគសញ្ញាពាក់ព័ន្ធជាមួយក្រួសក្នុងប្រមាត់អ្នកជំងឺគប្បីមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសដើម្បីទទួលយកដំបូន្មានអំពីការព្យាបាល ឬតាមដានឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត គី វុត្ថា ប្រធានផ្នែក ថ្លើម ក្រពះ ពោះវៀន នៃមន្ទីរពេទ្យកាល់ម៉ែត ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

   កិច្ចការងារមួយដែលនឹងសម្រេចទៅបានដោយជោគជ័យ ទាមទារជាចាំបាច់នូវការប្រមូលផ្តុំស្មារតីក្នុងការប្រកបការងារឲ្យមូល   ប៉ុន្តែវាមិនងាយដូចជាមាត់និយាយនោះទេ  ព្រោះថានៅជុំវិញខ្លួនមនុស្សយើងរាល់ថ្ងៃនេះ គឺពោរពេញទៅដោយកត្តាផ្សេងៗជាច្រើន ជាពិសេសសំឡេងរំខានដែលចាប់ទាញចំណាប់អារម្មណ៍របស់យើង ជាហេតុនាំឲ្យបែកអារម្មណ៍។   សម្រាប់អ្នកដែលមានការប្តេជ្ញាចិត្តមុតមាំ និងស្មារតីខ្ពស់ វាអាចនឹងជារឿងមួយងាយស្រួលសម្រាប់ពួកគេក្នុងការរក្សាស្មារតីឲ្យនៅមូលនឹងការងារ។ ចំណែកឯអ្នកដែលងាយនឹងត្រូវទទួលរងការរំខានវិញ វាប្រហែលជាកិច្ចការមួយពិបាកបន្តិច តែសូមកុំព្រួយបារម្ភអ្វី...សូមសាកល្បងធ្វើតាមគន្លឹះ១១យ៉ាងខាងក្រោមនេះ...   ១.បិទរាល់ឧបករណ៍ដែលបង្កសំឡេងរំខាន  មជ្ឈដ្ឋាននៅជុំវិញខ្លួនជាកត្តាសំខាន់បំផុត វាមានឥទ្ធិពលជាងគេទៅលើស្មារតីរបស់យើងម្នាក់ៗ ហេតុដូច្នេះហើយ ធ្វើយ៉ាងណាបរិយាកាសដែលអ្នកប្រកបកិច្ចការ ជាបរិយាកាសដែលស្ងប់ស្ងាត់ដោយមិនមានសំឡេងរំខានពីទូរទស្សន៍ វិទ្យុ ឬឧបករណ៍តន្រ្តីផ្សេងៗ។   ២.សរសេរ «អារម្មណ៍ស្ងប់» ហើយដាក់នៅជិតខ្លួន  សរសេរបែបនេះ ហើយដាក់ក្រដាសនោះនៅកន្លែងណាដែលងាយនឹងមើលឃើញជាងគេ។ រាល់ពេលដែលអ្នកក្រឡេកឃើញវា អ្នកត្រូវទម្លាក់ស្មាចុះ ដោយប្រាកដថាមាត់មិនមានទំពារអ្វី ហើយរក្សាការគិតឲ្យស្ងប់។   ៣.រៀបចំកន្លែងឲ្យមានសណ្តាប់ធ្នាប់ អ្វីដែលអ្នកមិនគួរមើលរំលង គឺការរៀបចំកន្លែងដែលអ្នកអង្គុយធ្វើការ។ សណ្តាប់ធ្នាប់ពីបរិយាកាសខាងក្រៅមាននាទីយ៉ាងសំខាន់ក្នុងការជួយបុគ្គលម្នាក់ៗឲ្យប្រមូលផ្តុំអារម្មណ៍ ដូច្នេះហើយ ត្រូវរៀបចំទីកន្លែងទាំងនោះឲ្យមានភាពទាក់ទាញ សណ្តាប់ធ្នាប់ ហើយអ្វីដែលមិនអាចខ្វះបាន គឺពន្លឺគ្រប់គ្រាន់។   ៤.កាត់បន្ថយការធ្វើកិច្ចការច្រើនក្នុងពេលតែមួយ កុំទម្លាប់ជឿជាក់ថា មនុស្សដែលឆ្លៀតធ្វើកិច្ចការងារច្រើនយ៉ាងក្នុងពេលតែមួយចំណេញឲ្យសោះ ថ្វីត្បិតថាអ្នកបានចំណេញពេលវេលាពិតមែន តែប្រសិទ្ធភាព និងគុណភាពនៃលទ្ធ-ផលការងារមិនដូចចិត្តឡើយ។ ដូចនេះហើយ អ្នកគួរចៀសវាងការធ្វើសកម្មភាពពីរក្នុងពេលតែមួយដូចជា កុំនិយាយទូរស័ព្ទស្របពេលលាងចាន ឬពិនិត្យអ៊ីម៉ែលស្របពេលស្តាប់ទូរស័ព្ទ ជាដើម។   ៥.បិទសំឡេងរោទិ៍ចេញពីទូរស័ព្ទ  សំឡេងដែលបន្លឺចេញពីទូរស័ព្ទដៃជាប្រភពដ៏ចម្បងមួយនៃការរំខាន ដែលងាយនឹងកើតឡើងជាងគេ ហើយវាក៏ជាដើមចងដែលធ្វើឲ្យអារម្មណ៍ច្រួលច្រាល និងមួរម៉ៅ។   ៦.ទុកពេលវេលាសម្រាប់ខ្លួនឯង វាជារឿងមួយល្អដែលអ្នកបានរៀបចំបញ្ជីនៃកិច្ចការងារដែលត្រូវធ្វើជាប្រចាំថ្ងៃ  ប៉ុន្តែអ្នកមិនគួរប្រញាប់ធ្វើវាទាំងអស់ក្នុងរយៈពេលមួយថ្ងៃពេញនោះទេ។ ខួរក្បាលមនុស្សក៏មិនខុសពីគ្រឿងអេឡិចត្រូនិចដែរ វាត្រូវការពេលសម្រាកខ្លះ ដើម្បីប្រមូលផ្តុំ ក៏ដូចជាបង្កើនថាមពលឡើងវិញ។   ៧.ប្រើប្រាស់អ៊ីនធឺណែតសម្រាប់តែក្នុងករណីចាំបាច់ អ្នកគួរតែប្រើប្រាស់អ៊ីនធឺណែតសម្រាប់តែការស្រាវជ្រាវរកព័ត៌មានសំខាន់ៗ ឬធ្វើការទំនាក់ទំនងចាំបាច់ប៉ុណ្ណោះ ហើយកុំព្យាយាមការចុចចូលបន្តពីតំណមួយទៅតំណមួយទៀត ឬការរកមើលនេះមើលនោះដោយគ្មានគោលដៅ។   ៨.បិទសារអេឡិចត្រូនិចពេលខ្លះ ប្រសិនបើអ្នកធ្វើការងារច្រើនជាមួយនឹងសារអេឡិចត្រូនិច អ្នកក៏គួរកាត់បន្ថយពេលវេលាខ្លះជាមួយនឹងវា។   ៩.បញ្ឈប់ការរាប់ចំនួន ចៀសវាងការសម្លឹងមើលនាឡិកា កិច្ចសន្យា របាយការណ៍ធនាគារ និងរបស់ផ្សេងៗជាច្រើនទៀតដែលពាក់ព័ន្ធនឹងចំនួន ដើម្បីឲ្យខួរក្បាល និងការគិតរបស់អ្នកបានផ្តោតលើកិច្ចការងារផ្សេងទៀត។   ១០.ធ្វើលំហាត់ប្រាណ វាជាការពិតដែលគេនិយាយតៗគ្នា ការសម្រាកជារឿយៗជួយឲ្យខួរ-ក្បាលស្រឡះល្អ និងអាចប្រមូលផ្តុំស្មារតីបានល្អ  ប៉ុន្តែវាក៏ត្រូវមានកម្រិតផងដែរ។   ១១.កុំផ្តោតតែលើការងារ មិនថាមានការងារសំខាន់ប៉ុណ្ណាត្រូវធ្វើនោះទេ អ្នកក៏ត្រូវមានចន្លោះ ពេលខ្លះសម្រាប់ធ្វើការងារខ្លះដើម្បីខ្លួនឯង ហើយរំដោះខ្លួនពីការខំប្រឹងប្រែងហួសកម្រិតនោះ។ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពការងារ អ្នកគួរមានភាពឆ្លាតវៃក្នុងការផ្លាស់ប្តូរការគិតរបស់ខ្លួនចំពោះរឿងណាដែលសំខាន់ និងមានប្រយោជន៍សម្រាប់ខ្លួន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ជំងឺរលាកខ្នែងពោះវៀន ដែលត្រូវបានយល់ច្រលំ និងហៅថា​ពោះវៀនដុះខ្នែងនោះ មិនជាជំងឺធ្ងន់ធ្ងរទេ តែតម្រូវឲ្យមានព្យាបាលភ្លាមៗ បើតាមការបកស្រាយរបស់លោកស្រីវេជ្ជបណ្ឌិតកែវ បូនី។ និយមន័យ រលាកខ្នែងពោះវៀន (Appendicitis) គឺជាការរលាកស្រួចស្រាវរបស់ក្រពេញខ្នែងពោះវៀន ដែលស្តែងចេញជាលទ្ធផលគឺជាការឈឹចុកចាប់នៅក្នុងពោះ អមដោយការមិនចង់ហូបចំណី និងភាពតឹងឆ្អល់ណែនពេញពោះ។ ជាទូទៅ គេឲ្យរោគវិនិច្ឆ័យតាមការជាក់ស្តែង និងអមដោយទៅពិនិត្យអេកូ (Ultrasound) និងការស្កេន (C.T scan)។ ក្រុមមនុស្សដែលប្រឈមនឹងជំងឺ ការរលាកខ្នែងពោះវៀននេះ អាចកើតមានគ្រប់វ័យ ជាពិសេសគឺយុវជនអាចមានរហូតដល់ ៥%។ ការរលាកខ្នែងពោះវៀននេះអាចរួមផ្សំជាមួយជំងឺមួយចំនួនទៀត ដូចជាដុំមហារីកនៅផ្នែកលើពោះវៀនធំ Carcinoids, cancer, Villous aderiomas, diverticula, និងរួមជាមួយ ជំងឹគ្រុន ឬដំបៅពោះវៀន (Cronh’s disease or Ulcer active colitis with pancolitis)។ មូលហេតុបង្ក មូលហេតុរបស់រលាកខ្នែងពោះវៀន គឺច្រើនមកពីការស្ទះបំពង់ក្រពេញខ្នែងពោះវៀននេះតែម្តង ប៉ុន្តែជួនកាលអាចបណ្តាលមកពីដមលាមក ចំណីអាហារដែលរឹងជាមួយគ្រាបើត្របែក ... ដង្កូវព្រូនដែលស្ទះក្នុងក្រពេញខ្នែងពោះវៀននោះ ធ្វើឲ្យក្រពេញខ្នែងពោះវៀននេះរីកធំ​ តឹងមេរោគរីកសាយភាយពេញឈាម ខ្នែងពោះវៀនរីកធំសង្កត់លើសរសៃឈាម បណ្តាលឲ្យរលាកបើពុំបានព្យាបាល (Ischemia, necrosis, gangrene) អាចធ្វើឲ្យខ្នែងពោះវៀនដែលរលាកនេះធ្លាយបាន ឬបង្កទៅជាដុំបូស​ Perforation or appendiceal abscess…. ការធ្វើរោគសញ្ញា  រោគសញ្ញារបស់រលាកខ្នែងពោះវៀនដំបូង គឺមានការឈឺចុកចាប់នៅចុងដង្ហើម និងតំបន់ជុំវិញផ្ចិតដែលរួមផ្សំជាមួយការក្អួតចង្អោរយ៉ាងខ្លាំង បន្ទាប់មករយៈពេល ២-៣ម់ោងក្រោយការឈឺចាប់នោះស្ថិតនៅខាងក្រោមថ្ងាសខាងស្តាំ (right lower quadrant) ។ ការឈឺចាប់នេះ នៅចំចំណុចម៉ាកបួរណី (Mc burney’s point)  គ្រូពេទ្យធ្វើរោគវិនិច្ឆ័យបានយ៉ាងងាយដែលពេលនោះអ្នកជំងឺមានកម្តៅខ្ពស់ជាង៣៨អង្សា បើពិនិត្យគ្រាប់ឈាមឃើញមានគ្រាប់ឈាមស ដែលពេលនោះអ្នកជំងឺមានការទល់លាមក ជួនកាលរាគ​ដែលធ្វើឲ្យមានការភ័ន្តច្រលំក្នុងការរករោគវិនិច្ឆ័យ តាមសញ្ញាជាក់ស្តែង ដែលពេលនេះតម្រូវឲ្យធ្វើអេកូ ឬ C.T scan។ បើពុំមានការព្យាបាលភ្លាមៗនោះទេ ការរលាកខ្នែងពោះវៀននេះ អាចបណ្តាលឲ្យធ្លាយពេញពោះ ធ្វើឲ្យរលាកស្រោមពោះវៀន ក្រោយពេលវះកាត់រួចក្តី ច្រើនមានស្អិតស្រោមពោះវៀនទៀត ដែលពេលនោះអ្នកជំងឺអាចជួបប្រទះ និងវិបត្តិវះហើយវះទៀត។ ការព្យាបាល ការព្យាបាលរបស់រលាកខ្នែងពោះវៀននេះ គឺមានតែការវះកាត់យកចេញតែប៉ុណ្តោះ​ដែលរួមផ្សំនិងការចាក់ថ្នាំព្យាបាលដោយថ្នាំផ្សះមួយចំនួន។ ការបង្ការ ការបង្ការជំងឺនេះ គឺគួរតែកុំពិសារចំណីអាហារ ឬផ្លែឈើដែលមានគ្រាប់រឹង លេបចូលក្នុងពោះ គួរតែទំលាក់សត្វល្អិត រៀងរាល់បីខែម្តង។ បើមានការឈឺចាប់ក្នុងពោះ មានការក្អួតចង្អោរ​ ឬក្តៅខ្លួន ឆាប់រួសរាន់ទៅមន្ទីរពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យព្យាបាលច្បាស់លាស់​ និងធ្វើការព្យាបាលឲ្យបានច្បាស់លាស់ និងធ្វើការព្យាបាលឲ្យទាន់ពេលវេលា ពីព្រោះរលាកខ្នែងពោះវៀននេះ អាចធ្វើរោគវិនិច្ឆ័យច្រលំមួយចំនួនដូចជា៖ -រលាកតាមបំពង់រំលាយអាហារ gastro-intestinal disease, ការពុលអាហារ -រលាកផ្លោកនោម និងបំពង់អួររ៉ែតទែ -រលាកឌីវ៉ែទីគុល diverticuilitis -រលាក ឬបូសនៅផ្លោកលាមក perirectal abscen។   *បើសិនជាស្ត្រី អាចមានការភ័ន្តច្រលំមួយចំនួនដូចជា៖ -ចុក ឬបែកដុំគីសដៃស្បូន rupture of an ovarian cyst -កូនក្រៅស្បូន ectopic pregnancy -ជំងឺមហារីកស្បូនជាដើម     ហេតុដូចនេះហើយ អ្នកជំងឺបើមានសញ្ញារៀបរាប់ជូនខាងលើនេះ គួរតែទៅជួបគ្រូពេទ្យឲ្យបានដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា៕ បកស្រាយដោយ លោកស្រីវេជ្ជបណ្ឌិត កែវ បូនី អតីតគ្រូពេទ្យព្យាបាលសង្រ្គោះបន្ទាន់ ឆ្លុះក្រពះ ពោះវៀន ថ្លើម នៅមន្ទីរពេទ្យព្រះកុសុមៈ ។ បច្ចុប្បន្ន ធ្វើការនៅគ្លីនិកផ្ទាល់ខ្លួន ពិនិត្យព្យបាល ជំងឺថ្លើម A B C​ ទាចទឹកឆ្លុះក្រពះ ពោះវៀន និងព្យាបាលសន្លាក់ផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ការក្លាយជាម្តាយម្នាក់ គឺពិតជាការប្រពៃណាស់ចំពោះអ្នកមានផែនការណ៍គ្រួសារច្បាស់លាស់។ ប៉ុន្ តែបើសិនអ្នកមិនបានទៅពិនិត្យសុខភាពមុនយកកូននោះទេ អ្នកអាចប្រឈមមុខនឹងបញ្ហាជាច្រើន ថែមទាំងអាចប្រឈមមុខនឹងវិបត្តិផ្លូវចិត្តទៀតផង។ ដូចនេះ ការពិនិត្យរកភាពមិនប្រក្រតីមុនយកកូន ជាកិច្ចការចាំបាច់មួយរបស់អនាគតម្តាយគ្រប់រូប។ ឧទាហរណ៍ដូចជា ការពិនិត្យរកម្រិតជាតិស្ករក្នុងឈាមជាដើម។ ការខ្វះ ឬលើសកម្រិតជាតិស្ករក្នុងឈាម គឺសុទ្ធតែជាបញ្ហាចោទឡើងទាំងអស់។   លោកវេជ្ជបណ្ឌិតឯកទេស ទូច ឃុន​​ នាយករងមន្ទីរពេទ្យ ព្រះកុសុមៈ និងជាប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ បានលើកឡើងថា ផលប៉ះពាល់មានច្រើនចំពោះស្ត្រីដែលមានផ្ទៃពោះដែលមានជំងឺទឹកនោមផ្អែមហើយមិនបានធ្វើការបញ្ចុះជាតិស្ករឲ្យបានត្រឹមត្រូវទេនោះ ផលប៉ះពាល់នឹងកើតមានចំពោះម្តាយខ្លួនឯង ព្រមទាំងទារកពេលធំឡើងដូចជា៖  •គ្រោះថ្នាក់ចំពោះម្តាយ ៖ ឧស្សាហ៍រលូតកូន គ្រោះថ្នាក់ពេលសម្រាលកូន ដូចជាព្រាយក្រឡាភ្លើង ហើយពី១០ទៅ៦០%ភាគរយនៃម្តាយមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ មានការប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែមនៅពេលខាងមុខ។ •ចំពោះទារក ៖ ទារកមានក្បាលធំពិបាកក្នុងការសម្រាល ទារកអាចស្លាប់ក្នុងផ្ទៃ ជួនកាលអាចស្លាប់ពេលកើតភ្លាម ឬកើតបានប៉ុន្មានថ្ងៃ ទារកកើតមកមានភាពមិនប្រក្រតីមានការចុះជាតិស្ករច្រើន។ នៅពេលទារកសម្រាលមក ចូរប្រយ័ត្នចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមមានផ្ទៃពោះ។ នៅពេលដែលធំឡើង អាចកើតជំងឺទឹកនោមផ្អេមប្រភេទទី២ ឬមានជំងឺធាត់ជាដើម។ ដូចនេះ ត្រូវធ្វើយ៉ាងណាកុំឲ្យកូនធាត់ខ្លាំងពេក៕ ស្វែងយល់បន្ថែម៖  ជំងឺទឹកនោមផ្អែមលើស្រ្តីមានផ្ទៃពោះ (Gestational Diabetes) ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

   ដូចដឹងស្រាប់ហើយថា វ៉ែនតាក៏អាចចាត់ទុកថាជាគ្រឿងលម្អមួយដែលជាទូទៅអ្នកពាក់ស្ទើរពេញមួយថ្ងៃ ហើយក៏មិនមែនពាក់តែមួយថ្ងៃពីរដែរ ដូចនេះការជ្រើសរើសរមែងត្រូវប្រិតប្រៀងបន្តិចជារឿងធម្មតា ព្រោះវាមិនត្រឹមតែជាជំនួយដល់គំហើញ តែក៏ជះឥទ្ធិពលដល់ជំនឿចិត្តរបស់អ្នកដូចគ្នា។   ដូចគេនិយាយថារើសវ៉ែនតាមិនសំខាន់ សំខាន់រើសយ៉ាងម៉េច? ពីអ្នកគ្រប់គ្រងរបស់ហាងវ៉ែនតា OWNDAYS, លោក Simonបានផ្តល់ជាគំនិតល្អៗមួយចំនួនក្នុងការជ្រើសរើសវ៉ែនតាដ៏ស័ក្តិសមសម្រាប់លោកអ្នក ក៏ដូចជាផ្តល់ជាតម្រុយខ្លះៗទាក់ទងនឹងការជ្រើសរើសលេនមកប្រើជំនួសផងដែរ។   តើវ៉ែនតាមួយដែលមានគុណភាពល្អត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ? វ៉ែនតាមួយដែលមានគុណភាពល្អត្រូវមានទម្ងន់ស្រាល និងងាយស្រួលពាក់ ទោះបីជាត្រូវពាក់យូរក៏ដោយ តួយ៉ាងដងវ៉ែនតា OWNDAYS AIR Ultemនិងងាយបត់បែន។ សារធាតុនេះត្រូវបានគេប្រើប្រាស់សម្រាប់ផលិតយានអវកាស និងគ្រោងយន្តហោះ ព្រមទាំងសម្ភារៈវេជ្ជសាស្រ្តមួយចំនួនទៀតផង។   បន្ថែមពីនេះ OWNDAYS ក៏មានប្រើប្រាស់កញ្ចក់ ( aspheric) ដែលមានសន្ទស្សន៍ខ្ពស់ មើលបានទំហំធំជាងមុន មិនមានភាពស្រពិចស្រពិល ហើយស្រាលជាងកញ្ចក់ធម្មតា( spherical) ។   តើប្រភេទវ៉ែនតាបែបណាដែលគួរពាក់? ប្រភេទវ៉ែនតាដែលគួរពាក់ គឺអាស្រ័យទៅលើភាពចាំបាច់ និងតម្រូវការនៃអ្នកពាក់ ដូចជាប្រភេទសម្រាប់ម៉្ញូបជាដើម (ម៉្ញូបជិត និងម៉្ញូបឆ្ងាយ)។ រីឯរចនាម៉ូតនៃវ៉ែនតាក៏គួរតែប្រែប្រួលឲ្យស័ក្តិសមនឹងកាលៈទេសៈដែលអ្នកនឹងទៅចូលរួមផងដែរ ជាក់ស្តែងដូចជា ពណ៌រាងក្រម៉ៅសម្រាប់កម្មវិធីធំៗ និងផ្លូវការ ហើយពណ៌ស្រស់ៗសម្រាប់កម្មវិធីធម្មតា។   តើវ៉ែនតាប្រភេទណាស័ក្តិសមបំផុតសម្រាប់មនុស្សម្នាក់ៗ? រាល់ពេលដែលលោកអ្នកជ្រើសរើសវ៉ែនតា អ្នកគប្បីកំណត់ចំណាំអំពីទំហំនៃដង ប្រសើរជាងជ្រើសរើសម៉ូត និងរូបរាង ពីព្រោះទំហំត្រឹមត្រូវធ្វើឲ្យអ្នកពាក់មានផាសុកភាព។   តើពេលណាទើបដឹងថាគួរជ្រើសរើសការពាក់លេន ឬពាក់វ៉ែនតា? ឆ្លើយតបនឹងសំណួរខាងលើ ភាពខុសគ្នារវាងការពាក់វ៉ែនតា និងការពាក់លេន គឺអាស្រ័យទៅលើញាណនៃភ្នែក ថាតើភ្នែកសមស្របនឹងលេន ឬវ៉ែនតាកម្រិតណា ពីព្រោះមនុស្សមួយចំនួនអាចពាក់វ៉ែនតាបាន តែមិនអាចពាក់លេនបាន។   ចំណុចគួរដឹងទាក់ទងនឹងការជ្រើសរើសពាក់លេន៖ •  សម្រាប់អ្នកដែលមានកម្រិតដឺក្រេភ្នែកខ្ពស់ ការពាក់លេនគឺស័ក្តិសមជាងការពាក់វ៉ែនតាដោយសារតែលេនផ្តល់ភាពងាយស្រួល និងមើលទៅស្រស់ស្អាតជាជាងការពាក់វ៉ែនតាដែលមានកញ្ចក់ក្រាស់ៗ។ •  ផ្ទុយទៅវិញ លោកអ្នកមិនអាចពាក់លេនពេញមួយថ្ងៃបានទេពីព្រោះវានឹងធ្វើឲ្យភ្នែកអ្នកមានសភាពស្ងួត និអាចផ្តល់ផលប៉ះពាល់ដល់សុខភាពភ្នែក។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

  ធ្លាប់តែជិះម៉ូតូ ឬបើកឡានទៅមកពីកន្លែងទៅកន្លែងមួយ ហើយប្រាកដណាស់ គឺមានភាពធុញទ្រាន់ខ្លាំងនឹងភាពកកស្ទះចរាចារណ៍…ក្រលេកមកមើលអ្នកជិះកង់វិញ អារម្មណ៍ប្លែកម្យ៉ាង ត្រង់ថាងាយស្រួលបត់បែទៅណាមកណាក៏លឿន ហើយអ្វីដែលពិសេស គឺមិនបាច់អស់លុយថ្លៃសាំងនុះអី…   តាមការពិតទៅ ក្រៅពីហេតុផលខាងលើ និងចំណូលចិត្ត  មានមូលហេតុជាច្រើនដែលនាំឲ្យការជិះកង់ត្រូវបានទទួលការពេញនិយមខ្លាំងបែបនេះ ហើយជឿជាក់ថា អត្ថបទនេះនឹងអាចធ្វើជម្រុញចិត្តអ្នកឲ្យជ្រើសរើសកង់មួយមកជិះនៅថ្ងៃណាមួយ   ដោយសារវាអាចធ្វើឲ្យជីវិតរបស់អ្នកផ្លាស់ប្តូរយ៉ាងច្រើន…   ១ ធ្វើឲ្យអ្នកក្មេងជាងមុន ការជិះកង់ជាប្រចាំអាចប្រឆាំងនឹងភាពជ្រីវជ្រួញរបស់ស្បែក ដោយវាជម្រុញចលនាឈាមរត់ បង្កើនការដឹកជញ្ជូនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកោសិកា ស្របពេលដែលសារធាតុពុលក្នុងខ្លួនត្រូវបានបញ្ចេញចោល។ វាក៏បង្កើតជាមជ្ឈដ្ឋានដ៏ប្រសើរសម្រាប់ការផលិតកូឡាជែនដែលជួយឲ្យស្បែកហាប់ណែននិងស្រស់ថ្លា។   ២ រាងស្អាត និងសាច់ហាប់ណែន ការធាក់កង់តម្រូវឲ្យប្រើសាច់ដុំជាច្រើនកន្លែង ដូចជាភ្លៅ  ដើមដៃ  ក្បាលពោះជាដើម ដូច្នេះក្រោយពីការធាក់កង់លេង   លោកអ្នកក៏អាចទទួលនូវរូបរាងរឹងមាំ និងស្រស់ស្អាត។   ៣ ជម្រុញសមត្ថភាពខួរក្បាល ការជិះកង់អាចជម្រុញឲ្យមានការផលិតកោសិកាខួរក្បាលដែលមាននាទីសម្រាប់ការចងចាំ និងជាទូទៅវាខូចខាតចាប់ពីអាយុ៣០ឆ្នាំ។ ការបង្កើនចលនាឈាមរត់   និងផ្តល់អុកស៊ីហ្សែនដល់កោសិកាខួរក្បាល   ធ្វើឲ្យមានការកកើត និងមានសកម្មភាពឡើងវិញនៃប្រព័ន្ធទទួលរបស់សរសៃប្រសាទ។   ៤ ជម្រុញសមត្ថភាពធ្វើការ តាមរយៈការសិក្សាមួយទៅលើបុគ្គលិក២០០នាក់ ដែលជិះកង់   ឬធ្វើលំហាត់ប្រាណមុនមកធ្វើការអាចបង្កើនប្រសិទ្ធភាពការងារ និងគ្រប់គ្រងទំហំនៃការងាររបស់ពួកគេបានយ៉ាងប្រសើរ ហើយថែមទាំងបង្កើនទឹកចិត្តជាមួយនឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងស្រេ្តសបានទៀតផង។   ៥ បង្កើនភាពច្នៃប្រឌិត មិនថាអ្នកជានរណា ភាពច្នៃប្រឌិតជាគន្លឹះមួយនៃការរស់នៅ។ ត្រូវអរគុណដល់ដំណើរនៃការនាំអុកស៊ីហ្សែនទៅកាន់ខួរក្បាលត្រង់ផ្នែកដែលទទួលខុសត្រូវគុណភាពនៃការគិតបែបច្នៃប្រឌិត។   ៦ រស់បានកាន់តែយូរ ការជិះកង់បង្កើនចលនារបត់ឈាមទៅកាន់បេះដូង ធ្វើឲ្យបេះដូងមានដំណើរការល្អ   ការពារបញ្ហាគាំងបេះដូង   ព្រមទាំងពង្រឹងសមត្ថភាពសួតបានទៀតផង។ ក្រៅពីនោះ វាក៏អាចកាត់បន្ថយអត្រាប្រឈមនឹងជំងឺទឹកនោមផ្អែម មហារីក ការឡើងសម្ពាធឈាម និងជំងឺលើសទម្ងន់បានទៀតផង។   ៧ អ្នកអាចជួយគេបានកាន់តែច្រើន មានកម្មវិធីប្រមូលមូលនិធិសប្បុរសធម៌ជាច្រើនត្រូវធ្វើឡើងក្រោមរូបភាពជាការជិះកង់ជាក្រុម ដែលមានន័យថាអ្នកមិនត្រឹមតែជិះកង់ដើម្បីខ្លួនឯង តែក៏ដើម្បីអ្នកដទៃ និងពិភពលោកផងដែរ។   ៨ ជួបមនុស្សថ្មីៗបង្កើតមិត្តភាព ការជិះកង់ អាចបង្កើនឱកាសក្នុងការស្គាល់មនុស្សថ្មីៗ ធ្វើឲ្យទំនាក់ទំនងសង្គមរបស់អ្នកកាន់តែប្រសើរ ដែលជាលទ្ធផលនៃការបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីនដែលសម្របសម្រួលអារម្មណ៍ភ័យខ្លាច និងស្ទាក់ស្ទើរ។   ចង់ដឹងពីផលចំណេញនៃការជិះកង់ផ្សេងៗទៀតទេ? មានច្រើនសន្ធឹកទៀត មិនថាសប្បាយចិត្ត សន្សំលុយមិនបាច់ចាក់សាំង មិនបាច់អស់ថ្លៃផ្ញើ   ចោរក៏មិនសូវចង់បាន   ងាយស្រួលជិះ   មិនខ្លាចស្ទះចរាចរណ៍ ត្រជាក់ដោយខ្យល់ធម្មជាតិ អ្វីដែលពិសេសជាងនេះ   មិនបំពុលបរិស្ថាន ជួយផែនដីឲ្យនៅតែស្រស់ស្អាត និងគួរឲ្យចង់រស់នៅថែមទៀតផង…គឺថា…ចំណេញពេកក្រៃហ្មងហា៎…   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

សេចក្តីប្រកាសពីក្រសួងសុខាភិបាលស្តីពីការផ្តល់ជូនព័ត៍មានជាចាំបាច់អំពីប្រតិកម្មរំខានរបស់ឱសថផ្សេងៗ និងផលិតផលគ្រឿងសំអាង មកមណ្ឌលព័ត៍មានឱសថ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ដើម្បីជាដំណោះស្រាយនូវរាល់បាតុភូតអសកម្មទាំងឡាយដែលទាក់ទងនឹងសុវត្ថិភាពអ្នកជំងឺ និងអ្នកប្រើប្រាស់ ។  សម្រាប់អត្ថន័យ និង ខ្លឹមសារទាំងស្រុង សូមពិិនិត្យមើលសេចក្តីជូនដំណឹងខាងលើ... បញ្ជាក់ ៖ គួរបញ្ជាក់ផងដែរថា នេះជាសេចក្តីប្រកាសពីប៉ុន្មានឆ្នាំកន្លងក៏ពិតមែន តែសេចក្តីខ្លឹមសារ និងអត្ថន័យ​ គឺពិតជាគុណប្រយោជន៍សម្រាប់វិស័យសុខាភិបាល © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​  

Share
Top