- Sep 05, 2019 |
- 5 years ago |
- 4.5K views
កំហុសឆ្គងទាំង ៦យ៉ាងរបស់ឪពុកម្តាយដែលរារាំងភាពជោគជ័យរបស់កូនៗ
ការចិញ្ចឹមបីបាច់ថែរក្សាកូនជាកាតព្វកិច្ចរបស់លោកប៉ាអ្នកម៉ាក់គ្រប់ៗរូប តែវាមិនមែនជារឿងងាយស្រួលនោះទេ។ ក្រោយពេលមានបុត្រធីតា លោកប៉ាអ្នកម៉ាក់តែងតែមានការព្រួយបារម្ភពីអនាគតរបស់កូនៗហើយខិតខំស្វែងរកវិធីសាស្ត្រផ្សេងៗក្នុងការបង្ហាត់បង្រៀនពួកគេដើម្បីធានាថាពួកគេទទួលបាននូវភាពជោគជ័យទៅថ្ងៃអនាគត។ លោកអ្នកប្រាកដជាមានការនឿយហត់ ហើយមិនយូរមិនឆាប់វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាធុញទ្រាន់ក្នុងការមើលថែ និងអប់រំប្រៀនប្រដៅពួកគេ ដោយចៀសមិនផុតពីការមានកំហុសឆ្គងផ្សេងៗដោយអចេតនា។ ជាក់ស្ដែងកំហុសឆ្គងមួយចំនួនដែលអាចជះឥទ្ធិពលមិនល្អដល់ភាពជោគជ័យ និងការអភិវឌ្ឍរបស់កូនៗរបស់អ្នកដូចជា៖ ១. បារម្ភហួងហែងខ្លាំងពេក ឪពុកម្តាយគ្រប់ៗរូបតែងតែស្រលាញ់ថ្នាក់ថ្នមកូននិងហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីពួកគេ។ ប៉ុន្តែប៉ាម៉ាក់ខ្លះទម្រើសកូនខ្លាំងជ្រុលពេកដោយមិនហ៊ានបណ្តោយឲ្យកូនធ្វើកិច្ចការងារអ្វីមួយដែលគ្មានជំនួយពីពួកគេឡើយ។ ឧ. ការធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឲ្យ ការស្លៀកពាក់ ងូតទឹក...ឬការសម្រេចចិត្តក្នុងការងារតូចៗ។ ប្រសិនបើលោកអ្នកតែងតែឈរចាំមើលគ្រប់គ្រងកូនគ្រប់ពេលនោះ វាអាចជាមូលហេតុមួយដែលធ្វើឲ្យកូនគ្មានភាពឯករាជ្យ គ្មានភាពជឿជាក់លើខ្លួនឯង និងគ្មានជំហររឹងមាំ។ ហេតុនេះបានជាធ្វើឲ្យកូនរបស់លោកអ្នកប្រែក្លាយជាមនុស្សដែលមិនអាចសម្រេចការងារអ្វីមួយដោយខ្លួនឯងបានឡើយ។ ២. ចូលចិត្តប្រៀបធៀប ឪពុកម្តាយខ្លះចូលចិត្តប្រៀបធៀបកូនរបស់ខ្លួនទៅនឹងកូនអ្នកដទៃ តែនេះមិនមែនជាចំណុចល្អក្នុងការអប់រំកូននោះទេ។ ការអប់រំបែបនេះអាចនឹងធ្វើឲ្យកុមារក្លាយជាមនុស្សម្នាក់ដែលមានសម្ពាធផ្លូវចិត្ត និងគិតច្រើន។ ពួកគេនឹងបាត់បង់នូវទំនុកចិត្តលើខ្លួនឯងថែមទាំងទទួលបាននូវអារម្មណ៍មួយថាខ្លួនឯងមានសមត្ថភាពមិនគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការ និងមានភាពរារែកក្នុងការសម្រេចចិត្ត។ ទម្លាប់បែបនេះនឹងជះឥទ្ធិពលអាក្រក់ដល់ពួកគេទៅថ្ងៃអនាគត។ ៣. ស្រែកគំហក និងប្រើអំពើហិង្សា ការស្រែកគំហក និងប្រើអំពើហិង្សាអាចផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់កុមារ។ ប្រសិនបើអ្នកមានទម្លាប់និយាយខ្លាំងៗ ឬស្រែកគំហកដាក់កូន អ្នកគួរកែទម្លាប់ទាំងនេះចេញព្រោះវាអាចធ្វើឲ្យក្មេងមានជំងឺបាក់ស្បាត ដែលអាចឈានទៅរកជំងឺបាក់ទឹកចិត្ត និងខ្លាចគេទៅថ្ងៃមុខ។ ៤. មិនធ្វើជាគំរូល្អ ក្មេងងាយនឹងទទួលរងនូវឥទ្ធិពលពីមនុស្សធំតាមរយៈទង្វើ និងទម្លាប់របស់ពួកគេព្រមទាំងបរិស្ថាននៅជុំវិញខ្លួនរបស់ក្មេងផងដែរ។ ក្មេងមិនអាចបែងចែកដោយខ្លួនឯងថា ទង្វើណាជះឥទ្ធិពលល្អ ឬអាក្រក់ឡើយ។ ដោយឡែក កូនដែលពូកែកុហកជាលទ្ធផលបានពីប៉ាម៉ាក់ដែលពូកែកុហក។ លោកប៉ាអ្នកម៉ាក់ដែលមិនបានដើរតួនាទីជាមេគ្រួសារ ឬមេផ្ទះដែលមានទំនួលខុសត្រូវនឹងមិនអាចមានឱកាសទទួលបានកូនដែលមានសមត្ថភាពអាចគ្រប់គ្រងការងារមួយប្រកបដោយទំនួលខុសត្រូវនោះទេ។ ៥. មិនចំណាយពេលវេលាជាមួយកូន ក្មេងត្រូវការការថ្នាក់ថ្នម ភាពស្និទ្ធស្នាល និងទំនាក់ទំនងល្អពីប៉ាម៉ាក់ ដើម្បីឲ្យការលូតលាស់ផ្នែកបញ្ញាស្មារតី និងសារពាង្គកាយបានល្អប្រសើរ។ ឪពុកម្តាយខ្លះមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការនៅជាមួយកូននោះទេ ខ្លះទៀតទុកកូនចោលឲ្យលេងតែម្នាក់ឯង ឬមើលស្មាតហ្វូន...ទាំងនេះសុទ្ធតែជាមូលហេតុដែលធ្វើឲ្យកូនក្លាយជាក្មេងមិនចេះមាត់ក មិនសូវចូលចិត្តមានទំនាក់ទំនងជាមួយអ្នកដទៃ និងខ្វះភាពកក់ក្តៅ។ ហេតុដូចនេះ កូនរបស់អ្នកអាចនឹងក្លាយជាមនុស្សឯកោ និងពិបាកចូលចំណោមក្នុងសង្គមនៅពេលដែលពួកគេធំឡើង។ ៦. បិទសិទ្ធិសេរីភាពរបស់កូន កុមារគ្រប់រូបទទួលបាននូវសិទ្ធិសេរីភាពក្នុងការសម្រេចចិត្តដោយគ្មានការគាបសង្កត់ពីមនុស្សពេញវ័យ។ ដោយឡែក ប៉ាម៉ាក់មួយចំនួនតែងគិតថាកាលបើយើងបើកសិទ្ធិឲ្យកូនធ្វើអ្វីតាមចិត្ត នោះជាទម្លាប់មិនល្អដែលអាចធ្វើឲ្យកូនក្លាយជាក្មេងទម្រើស។ នេះជាទស្សនៈមួយដែលមិនត្រឹមត្រូវនោះទេក្មេងគួរតែទទួលបានសិទ្ធិនេះយ៉ាងពេញលេញដើម្បីឲ្យពួកគេក្លាយជាក្មេងដែលមានទំនុកចិត្តលើខ្លួនឯង។ ដូច្នេះ ប្រសិនបើលោកអ្នកមានទម្លាប់ក្នុងការចិញ្ចឹមកូនដូចដែលយើងបានរៀបរាប់ខាងលើ លោកអ្នកគួរតែព្យាយាមកែប្រែទម្លាប់ទាំងនេះចេញដើម្បីកាត់បន្ថយការរងសម្ពាធផ្លូវចិត្ត និងចៀសវាងការបង្កើតនូវទម្លាប់មិនល្អរបស់ក្មេង។ កុមារដែលមិនរងការប៉ះទង្គិចផ្លូវចិត្តនឹងអាចក្លាយជាមនុស្សពេញវ័យដែលមានភាពជោគជ័យក្នុងឆាកជីវិត។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨២ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share