Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី១១ ខែតុលានេះ ក្រុមហ៊ុនខេមាគ្លូប៊ល បានប្រារព្ធពិធីអបអរសាទរសមិទ្ធិផល ៣ឆ្នាំនៃ មន្ទីរពហុព្យាបាលអន្តរជាតិខេមា និងបានប្រកាសពីផែនការពង្រីកអាជីវកម្មរបស់ខ្លួនតាមរយៈការចុះហត្ថលេខាជាផ្លូវការជាមួយនិងដៃគូវិនិយោគថ្មី អុី.អិម.អាយ.អេ (EMIA) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ក៏ដូចជាដៃគូយុទ្ធសាស្រ្តនៅក្នុងស្រុក និងក្រៅប្រទេសមួយចំនួនទៀតក្នុងគោលដៅពង្រីកគុណភាព និងពង្រីកវិសាលភាពនៃសេវាពិគ្រោះ ស្រាវជ្រាវ វិភាគ ព្យាបាល និងថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជា។  បើគិតចាប់ពីចុងឆ្នាំ ២០១៦ មកដល់ពេលនេះគឺមានរយៈពេល ៣ឆ្នាំហើយ ដែល មន្ទីរពហុព្យាបាលអន្តរជាតិខេមា ជាសាខាទី២ មានទីតាំងនៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានដាក់ឲ្យដំណើរការជាផ្លូវការនិងបានសម្រេចបាននូវសម្មិទ្ធិផលជាច្រើនក្នុងការផ្ដល់សេវាកម្មវេជ្ជសាស្រ្តផ្នែកព្យាបាលរបួសនិងសង្រ្គោះបន្ទាន់ ផ្នែកសម្ភពនិងរោគស្រ្តី ផ្នែកជំងឺកុមារ ផ្នែកជំងឺទូទៅ ជំងឺឆ្លង និងជំងឺមិនឆ្លង (ដូចជាជំងឺទឹកនោមផ្អែម ជំងឺសួត ជំងឺបេះដូងនិងសរសៃឈាម ជំងឺមហារីក) ផ្នែកវះកាត់ ផ្នែកព្យាបាលជំងឺធ្ងន់ ផ្នែកស្ដារនិតិសម្បទាវេជ្ជសាស្រ្ត ផ្នែកពិនិត្យសុខភាព ផ្នែកថែទាំសុខភាពតាមផ្ទះ និងមណ្ឌលធ្វើរោគវិនិច្ឆ័យ ចូលរួមជួយលើកកម្ពស់គុណភាព និងស្ដង់ដាអនុវត្តឲ្យបានកាន់តែខ្ពស់ថែមមួយកម្រិតទៀតក្នុងការផ្ដល់សេវាថែទាំសុខភាពរបស់កម្ពុជាយើង។  លោកវេជ្ជបណ្ឌិត សោម លក្ខិណា និងលោកវេជ្ជបណ្ឌិត អ៊ុំ សុភាព ដែលជាសហស្ថាបនិកនៃ មន្ទីរពហុព្យាបាលអន្តរជាតិខេមា ទាំង ២សាខា បានរំលឹកឡើងវិញថា មន្ទីរពហុព្យាបាលទាំងពីរនេះត្រូវបានបង្កើតឡើងដោយសារតែលោកនិងមិត្តភក្តិមួយចំនួនតែងមានក្ដីស្រមៃចង់ឃើញសេវាថែទាំសុខភាពរបស់កម្ពុជា មានភាពរីកចម្រើន រឹងមាំ មានគុណភាព និងស្ដង់ដាខ្ពស់ដូចនៅក្នុងបណ្ដាប្រទេសមានការអភិវឌ្ឍនៅក្នុងតំបន់ និងក្នុងពិភពលោក។  នាឱកាសជាមួយគ្នានេះផងដែរ មន្ទីរពហុព្យាបាលក៏បានចុះហត្ថលេខាជាមួយដៃគូយុទ្ធសាស្រ្តជាបន្តបន្ទាប់នៅក្រោមសក្ខីភាពរបស់អ្នកដែលបានចូលរួមទាំងអស់។ ដោយនៅក្នុងនោះ លោក ម៉ៅ សាវិន តំណាងប្រចាំនៅកម្ពុជានៃដៃគូវិនិយោគថ្មី អុី.អិម.អាយ.អេ (EMIA) បានធ្វើការគាំទ្រយ៉ាងពេញទំហឹងនូវទស្សនវិស័យរបស់សហស្ថាបនិកក្រុមហ៊ុន ខេមាគ្លូប៊ល ហើយទុនវិនិយោគនេះនឹងជួយជំរុញឲ្យ ក្រុមហ៊ុនខេមាគ្លូប៊ល អាចពង្រីកសាខារបស់ខ្លួនទៅតាមតំបន់យុទ្ធសាស្រ្តថ្មីៗទៀតនៅក្នុងប្រទេសកម្ពុជា។  2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ធ្លាប់ចាប់អារម្មណ៍ទេ៎? ឲ្យតែថ្ងៃណាក្រោកពីគេងយឺត មិនញ៉ាំអាហារពេលព្រឹកប្រញាប់ប្រញាល់រៀបចំខ្លួនចេញពីផ្ទះ ដឹងតែមានអារម្មណ៍ថា ថ្ងៃហ្នឹងមិនមែនជាថ្ងៃរបស់ខ្លួនឯង ហើយក៏មិនមានអារម្មណ៍ល្អក្នុងការបំពេញកិច្ចការងាររបស់ខ្លួនទាល់តែសោះ។ តាមការពិតទៅពេលដែលយើងចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងទម្លាប់ល្អ រយៈពេលក៏ដូចជាម៉ោងដែលនៅសេសសល់ក្នុងថ្ងៃនោះ ក៏នឹងអាចប្រព្រឹត្តបានរលូនដោយសារតែសុខភាពផ្លូវចិត្តរបស់យើងមានលក្ខណៈស្រស់ថ្លា និងរឹងមាំ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញសកម្មភាពផ្សេងៗផងដែរ។ ដោយហេតុថាអ្វីដែលយើងធ្វើ ឬជួបប្រទះនៅពេលព្រឹក ពិតជាមានឥទ្ធិពលចំពោះអារម្មណ៍ សកម្មភាព និងការគិតរបស់យើងពេញមួយថ្ងៃ ទើបយើងគួរតែរៀនបង្កើតនូវទម្លាប់ពេលព្រឹកងាយៗខាងក្រោមនេះជាមួយគ្នា… នៅឲ្យឆ្ងាយពីបច្ចេកវិទ្យា ការប្រើអុិនធើណែតឆែកមើលសារ ឬសារអេឡិចត្រូនិចនៃការងារភ្លាមៗក្រោយពេលភ្ញាក់ពីគេងធ្វើឲ្យអ្នកចាប់ផ្តើមមានប្រតិកម្មចំពោះអ្វីៗដែលនឹងកើតមាន ជាជាងគ្រប់គ្រងស្ថានការណ៍ឲ្យបានល្អ ហើយក៏បារម្ភ និងមានទុក្ខព្រួយក្នុងចិត្តច្រើនជាងស្ងប់សុខនៅក្នុងចិត្ត។ អ្នកគួរតែឃ្លាតឆ្ងាយពីបច្ចេកវិទ្យាយ៉ាងហោចណាស់ ១ម៉ោងក្រោយពីដំណេក ដើម្បីអាចតាំងអារម្មណ៍បានល្អ។ ផ្តល់ជាតិទឹកដល់សារពាង្គកាយ អាចញ៉ាំទឹកមួយកែវពេលព្រឹក ឬ ទឹកក្រូចឆ្មារលាយជាមួយទឹកក្តៅឧណ្ហៗ ដែលនឹងជួយសម្អាតសារធាតុពុល ផ្តល់នូវវីតាមីន C ធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លាជួយឲ្យស្រកទម្ងន់ ព្រមទាំងជំរុញដល់ដំណើរការដុត និងរំលាយអាហារផងដែរ។ នឹកគិតបែបសុទិដ្ឋិនិយម និងការដឹងគុណ ចំណាយពេលប្រមាណ ១នាទី ញញឹម ហើយនឹកគិតដល់អ្វី ឬនរណាម្នាក់ដែលអ្នកដឹងគុណនិងមានអំណរចំពោះវត្តមានរបស់វា ឬគេ ព្រោះថាការញញឹមនឹងនាំឲ្យមានការផលិតចេញនូវអ័រម៉ូនដែលធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ស្របពេលដែលការរំលឹកដឹងអាចនឹងកាត់បន្ថយស្ត្រេស និងនាំឲ្យមានអារម្មណ៍ល្អ។ រៀបចំគ្រែ ឬកន្លែងគេង វានឹងផ្តល់នូវអារម្មណ៍ថា អ្នកបានសម្រេចកិច្ចការមួយ ហើយអារម្មណ៍មោទនភាពក្នុងការសម្រេចការងារបែបនេះ នឹងជួយជំរុញទឹកចិត្តក្នុងការបំពេញកិច្ចការងារជាបន្តបន្ទាប់។ ធ្វើលំហាត់ប្រាណ លំហាត់ប្រាណងាយៗ យោគៈ ឬសកម្មភាពណាក៏ដោយ ឲ្យតែធ្វើឲ្យអ្នកមានថាមពលនិងឫកពារហ័សរហួន គួរតែត្រូវបានធ្វើក្នុងរយៈពេលសមល្មម (១០-២០នាទី) ហើយអាចធ្វើការឆ្លាស់នូវប្រភេទ ក៏ដូចជាសកម្មភាពទាំងនោះក៏បានដែរ។ រៀបចំខ្លួនឲ្យបានស្អាតបាត សកម្មភាពតូចៗតែសំខាន់ ចំពោះអនាម័យសម្ផស្ស និងសុខភាពរបស់អ្នក ពិតជាមិនអាចរំលងបានឡើយ ព្រោះការរៀបចំខ្លួនបានល្អប្រៀបនឹងការកសាងនូវទំនុកចិត្តដល់ខ្លួនឯងហើយជាលទ្ធផល អ្នកនឹងមានអារម្មណ៍ល្អសម្រាប់ថ្ងៃថ្មីរបស់អ្នក។ ញ៉ាំអាហារពេលព្រឹក ដែលល្អចំពោះសុខភាព អាហារពេលព្រឹក ជាអាហារដែលសំខាន់ជាងគេ ដូចនេះហើយ វាគួរតែមានសារធាតុចិញ្ចឹមទាំងនេះ (ប្រូតេអុីន ខ្លាញ់ល្អ គ្រាប់ធញ្ញជាតិ…) ដើម្បីឲ្យរាងកាយមានថាមពលព្រមទាំងផ្លូវចិត្តរឹងមាំល្អក្នុងការផ្ចង់អារម្មណ៍ និងបំពេញការងារ។ មានគម្រោងកិច្ចការដែលត្រូវបំពេញ ចំណាយពេលប៉ុន្មាននាទី រៀបចំនូវគម្រោងកិច្ចការដែលត្រូវបំពេញក្នុងមួយថ្ងៃហើយរៀបចំដាក់អាទិភាពលើកិច្ចការទាំងនោះ។ ទម្លាប់នេះនឹងបង្ការការគិត ឬរកនឹកសារឡើងវិញនូវអ្វីដែលត្រូវធ្វើ ហើយក៏ផ្តល់នូវអារម្មណ៍ដែលមានគោលដៅប្រចាំថ្ងៃដល់អ្នកផងដែរ។  ធ្វើសមាធិ សកម្មភាពនេះនឹងជួយត្រៀម ក៏ដូចជាហ្វឹកហាត់ចិត្ត និងអារម្មណ៍ ដែលនឹងមានឥទ្ធិពលលើប្រតិកម្មរបស់អ្នកចំពោះរឿងរ៉ាវគ្រប់យ៉ាងដែលនឹងកើតមានឡើង។ ការសមាធិអាចជាការអង្គុយចុះនៅកន្លែងដែលស្ងប់ស្ងាត់ បិទភ្នែក ហើយផ្តោតលើដង្ហើមចេញ និងចូល ប្រមាណ ៥នាទី ហើយគិតស្រមៃដល់រូបភាពដែលអ្នកនឹងត្រូវធ្វើក្នុងថ្ងៃនេះ រួចបើកភ្នែកសន្ធឹងដៃឡើងលើ ហើយងើបឡើង។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជាមួយនឹងការរីកចម្រើន និងទំនើបកម្មនៃសង្គមសព្វថ្ងៃមិនថានៅក្នុងវិស័យណាមួយនោះទេ គឺធ្វើឡើងក្នុងគោលបំណងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ដោយឡែកភាពងាយស្រួលនោះមួយផ្នែកពិតជាបានផ្ដល់ផលវិជ្ជមានពិតមែន ប៉ុន្តែមួយផ្នែកទៀតកំពុងតែបង្កជាវិបត្តិប៉ះពាល់យ៉ាងខ្លាំងទៅលើសុខភាពរបស់ប្រជាពលរដ្ឋ។ ជាក់ស្ដែង ប្រជាពលរដ្ឋពិសេសបុគ្គលមានវ័យចំណាស់ភាគច្រើន កំពុងប្រឈមទៅនឹងជំងឺរ៉ាំរ៉ៃមួយប្រភេទ ហៅថា ជំងឺលើសសម្ពាធឈាម ដែលបណ្តាលមកពីការអនុវត្តខុសក្នុងការរស់នៅប្រចាំថ្ងៃ បូករួមទាំងកត្តាចំណីអាហារ និងកង្វះលំហាត់ប្រាណ ឬចលនាផ្សេងៗជាដើម។  ដោយសង្កេតឃើញពីកំណើនឥតឈប់ឈរនៃអត្រាជំងឺលើសសម្ពាធឈាម មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី (SGMC) បានរៀបចំកម្មវិធីកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ “ការការពារ និងគ្រប់គ្រងជំងឺលើសសម្ពាធឈាម” ដែលបានប្រព្រឹត្តិនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ នៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីផ្ទាល់។ កិច្ចពិភាក្សាដ៏ស្និទ្ធស្នាល ចាប់ពីម៉ោង ១១ព្រឹក រហូតដល់ ១រសៀលនេះ មានការចូលរួមពីសំណាក់វេជ្ជបណ្ឌិតជាវាគ្មិន ៣រូប រូមមាន Dr. Mean Veasna, Dr. Yin Setheka និង Dr. Kuch Chhoamdalin និងបណ្ដាក្រុមអ្នកសារពត៌មានមកពីស្ថាប័ននានា ក្នុងមានគោលបំណងបញ្រ្ជាប និងផ្សព្វផ្សាយដល់សហគមន៍ឲ្យបានស៊ីជម្រៅពីលក្ខណៈនៃជំងឺលើសសម្ពាធឈាម កត្តាបង្ក រួមទាំងការការពារ និងគ្រប់គ្រងផងដែរ។  កិច្ចសំណេះសំណាលនេះ ធ្វើឡើងដោយចាប់ផ្ដើមពីការធ្វើបទបង្ហាញទៅលើជំងឺលើសសម្ពាធឈាម ពីសំណាក់ Dr. Mean Veasna ដែលលោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា “ជំងឺលើសសម្ពាធឈាមជាឃាតករសម្លាប់ប្រជាជនជារៀងរាល់ថ្ងៃ ដែលបានជាប់ចំណាត់ថ្នាក់លេខ ១ ហើយច្រើនកើតលើបុគ្គលដែលរស់នៅក្នុងទីក្រុងជាជាងនៅតាមជនបទ។ ស្ថិតក្នុងដំណាក់កាលដំបូង ជំងឺលើសសម្ពាធឈាមនៅមិនទាន់ចេញជារោគសញ្ញាជាក់លាក់ណាមួយនោះទេ ប៉ុន្តែអ្នកជំងឺអាចត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺលើសសម្ពាធឈាមតាមរយៈការវាស់សម្ពាធឈាមជាចៃដន្យនៅពេលពួកគាត់បានទៅពិនិត្យសុខភាព។” បន្ថែមពីនោះលោកវេជ្ជបណ្ឌិតក៏បានសង្កត់ធ្ងន់ទៅលើសារប្រយោជន៍នៃការធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័សតាមរយៈការបង្ហាញ និងពន្យល់ជាក់ស្ដែងពីវិធីសាស្រ្តវាស់សម្ពាធឈាមជាមួយម៉ាស៊ីនដែលធានាពីភាពជាក់លាក់នៃលទ្ធផលតម្លៃលេខរបស់សម្ពាធឈាម ក៏ដូចជាវិធីសាស្រ្តការពារ និងការគ្រប់គ្រងផងដែរ។ បន្តពីការធ្វើបទបង្ហាញ កិច្ចពិភាក្សាក៏បានបើកឱកាសដល់ក្រុមអ្នកសារពត៌មានធ្វើការសាក់សួរយ៉ាងលម្អិតបន្ថែមទាក់ទិនទៅនឹងប្រធានបទខាងលើ ដែលទទួលបានការបកស្រាយយ៉ាងច្បាស់លាស់ពីសំណាក់វេជ្ជបណ្ឌិតប្រចាំ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី (SGMC) ទាំង ៣រូប។  រយៈពេល ២ម៉ោងពេញនៃកិច្ចពិភាក្សានេះមានលក្ខណៈល្អប្រសើរ និងមានការចូលរួមចោទជាសំណួរយ៉ាងច្រើនលើសពីការរំពឹងទុក ហើយជាចុងបញ្ចប់នៃកម្មវិធី វេជ្ជបណ្ឌិតទាំង ៣រូប ក៏សូមធ្វើការផ្ដាំផ្ញើទៅកាន់ប្រជាពលរដ្ឋទាំងអស់ឲ្យចាប់ផ្តើមរៀបចំផែនការថែរក្សាសុខភាពចាប់ពីថ្ងៃនេះតទៅដោយធ្វើការផ្លាស់ប្ដូររបៀបរបបរស់នៅជារៀងរាល់ថ្ងៃ ដោយងាកមករកការបរិភោគអាហារសុខភាព ការធ្វើលំហាត់ប្រាណរួមទាំងការពិនិត្យសុខភាពឲ្យបានជាទៀងទាត់តាមការណែនាំរបស់វេជ្ជបណ្ឌិត។   គួរបញ្ជាក់ផងដែរ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី (SGMC) បានបង្កើតឡើងតាំងពីឆ្នាំ ២០១៧ និងត្រូវបានទទួលស្គាល់ពីក្រសួងសុខាភិបាល មន្ទីរពាណិជ្ជកម្ម ក៏ដូចជាក្រសួងសេដ្ឋកិច្ច ដែលផ្ដល់សេវាកម្មវេជ្ជសាស្រ្តពីសំណាក់វេជ្ជបណ្ឌិតមកពីប្រទេសសិង្ហបុរីផ្ទាល់ រួមទាំងវេជ្ជបណ្ឌិតជាដៃគូមកពីបណ្តាប្រទេសដទៃទៀត។  2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

នាពេលបច្ចុប្បន្នជំងឺសើស្បែកដែលបង្កដោយប៉ារ៉ាស៊ីត អាចចោទជាបញ្ហាមួយចំនួនហើយបញ្ហាទាំងនោះមានច្រើនក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅតំបន់ត្រូពិច (Southern Asia) អាមេរិក និងប្រទេសអាហ្វ្រិកផងដែរ។ ជំងឺ Cutaneous Larva migrans ភាគច្រើនកើតឡើងលើកុមារជាងមនុស្សពេញវ័យពីព្រោះកុមារចូលចិត្តលេងដីខ្សាច់ និងដេកលើដីខ្សាច់ជាដើម។ និយមន័យ ជំងឺសើស្បែកដែលបង្កដោយប៉ារ៉ាស៊ីត ឬពាក្យបច្ចេកទេសហៅថា Cutaneous Larva migrans គឺជាជំងឺមួយដែលបង្កឡើងដោយពពួកប៉ារ៉ាស៊ីតម្យ៉ាងដែលជាពពួកព្រូន Hookworm មានលក្ខណៈជាព្រូនដែលរស់នៅក្រោមស្បែក។ មូលហេតុចម្បង និងកត្តាប្រឈម មានមូលហេតុចម្បងជាច្រើនដែលបង្កឲ្យមានជំងឺសើស្បែកពីពពួកប៉ារ៉ាស៊ីត តែកត្តាសំខាន់ដែលបណ្តាលឲ្យមានជំងឺនេះគឺពពួកប៉ារ៉ាស៊ីតដែលរស់នៅក្នុងពោះវៀនសត្វឆ្កែ ឆ្មា សត្វព្រៃ ហើយពងរបស់វានឹងវិវឌ្ឍទៅជាដង្កូវដែលរស់នៅក្នុងដីក្តៅ ឬដីខ្សាច់សើម។ ដោយឡែកការចម្លងនេះកើតឡើងនៅពេលដែលស្បែកប៉ះផ្ទាល់ទៅនឹងដីខ្សាច់ និងដង្កូវចូលទៅក្នុងស្បែកដែលមិនបានការពារជាធម្មតាមានដូចជាជើងប្រអប់ជើង គូទ ឬខ្នងជាដើម។ ក្រៅពីមូលហេតុចម្បងខាងលើ ក៏មានកត្តាជំរុញ ឬប្រឈមមួយចំនួនទៀតដែលធ្វើឲ្យមានបញ្ហានេះកើតឡើងរួមមាន៖ • ចំណង់ចំណូលចិត្ត និងមុខរបរដែលពាក់ព័ន្ធនឹងការទំនាក់ទំនងជាមួយដីខ្សាច់ក្តៅ ឬដីខ្សាច់សើម • កុមារដែលចូលចិត្តលេងដីខ្សាច់ ឬអ្នកដើរលេងតាមឆ្នេរខ្សាច់ • ការធ្វើដំណើរទៅតំបន់ត្រូពិចជាដើម។ល។ រោគសញ្ញា និងរោគវិនិច្ឆ័យ ជាទូទៅ ជំងឺ Cutaneous Larva migrans នេះអាចលេចចេញជារោគសញ្ញាសម្គាល់ខុសពីធម្មតាដូចជា៖ រមាស់ និងកន្ទួលក្រហមដោយមានរាងដូចពស់។ ដោយឡែកចំពោះជំងឺសើស្បែកបង្កដោយពពួកប៉ារ៉ាស៊ីតនេះអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការពិនិត្យទៅលើរោគសញ្ញាគ្លីនិក។ ម៉្យាងវិញទៀតយើងអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការពិនិត្យឈាម និងលាមក [Stool examination and Complete blood count (CBC)] ដើម្បីដឹងបន្ថែម និងឲ្យកាន់តែច្បាស់ថាពិតជាបង្កឡើងពីពពួកប៉ារ៉ាស៊ីត។ ការព្យាបាល និងផលវិបាក ជាទូទៅ ប្រសិនបើលោក លោកស្រី ឬអាណាព្យាបាលកុមារដែលមានបញ្ហាដូចបានរៀបរាប់ខាងលើត្រូវប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យឯកទេសសើស្បែក ឬគ្រូពេទ្យជំនាញដើម្បីមកព្យាបាលឲ្យបានចំចំណុច និងត្រឹមត្រូវ។ លើសពីនេះ យើងក៏អាចព្យាបាលបញ្ហានេះបានដោយការប្រើប្រាស់ថ្នាំ Albendazole បានផងដែរ។ ប្រសិនបើមិនបានទទួលការព្យាបាលទាន់ពេលវេលា និងមិនត្រឹមត្រូវនោះទេវានឹងផ្តល់ផលវិបាកអាចឲ្យមានការបង្ករោគនៅលើស្បែក និងរលាកសួតដោយកម្រ (Loeffler’s syndrome)។ វិធីសាស្រ្តការពារ ដោយហេតុថានាពេលបច្ចុប្បន្ន បញ្ហានេះកើតឡើងនៅប្រទេសកម្ពុជាច្រើន អ្នកគួរតែការពារខ្លួន ក៏ដូចជាកុមារដូចពាក្យស្លោកមួយបានពោលថា "ការពារគឺប្រសើរជាងព្យាបាល"។ វិធីល្អបំផុតដើម្បីការពារមិនឲ្យមានបញ្ហាស្បែកដែលបង្កដោយប៉ារ៉ាស៊ីត (ព្រូនក្រោមស្បែក) រួមមាន៖ • ចៀសវាងនៅជិតគ្នាដោយផ្ទាល់រវាងស្បែកទទេនឹងដី នៅកន្លែងដែលមានហានិភ័យនៃការឆ្លង • គេង ឬអង្គុយនៅលើឆ្នេរខ្សាច់ ត្រូវប្រើកន្សែង ឬកម្រាលមកក្រាលជាមុនសិន • ត្រូវពាក់ស្បែកជើងពេលអ្នកដើរលើឆ្នេរខ្សាច់ ឬនៅកន្លែងដែលអ្នកសង្ស័យថាមានលាមកសត្វ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ សេង ឯកទេសសើស្បែក និងកាមរោគនៃ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការវិលត្រឡប់មកវិញនៃទេសចរណ៍សុខភាព Healthtime Check-up Tour ក្រោមប្រធានបទថ្មី "Going Back to School" ដោយមានការសហការពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងចូលរួមគាំទ្រដោយទឹកបរិសុទ្ធ Vital ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា ផលិតផលស្ករបៀម កុកស៊ីល ផលិតផល Co Plaster ក្រុមហ៊ុន Brainscan Cambodia និង Mega Wecare ដែលនឹងធ្វើឡើងក្នុងថ្ងៃច័ន្ទ ទី១៤ ខែតុលានេះ ក្នុងបរិវេណនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលហៅកាត់ថា CJCC ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច។ ចូលរួមដោយសេរី និងឥតគិតថ្លៃជាមួយនឹងទេសចរណ៍សុខភាព Healthtime ដោយទទួលបាននូវការពិគ្រោះយោបល់ និងពិនិត្យសុខភាពបឋមពីបណ្តាគ្លីនិក/មន្ទីរពេទ្យល្បីៗ និងពោរពេញដោយបទពិសោធន៍ ដូចជា គ្លីនិកឯកទេស អេគីប មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម គ្លីនិកឯកទេសភ្នែក ម៉េង រ័ត្ននីន និងគ្លីនិកស្បែក ប៊ីស៊ី ព្រមជាមួយការអប់រំណែនាំអំពីសុខភាព ការទស្សនាការតាំងបង្ហាញផលិតផលសុខភាពនានា ការចូលរួមសកម្មភាពកម្សាន្ត និងជាពិសេសគឺការចូលរួមសកម្មភាពសប្បុរសធម៌ តាមរយៈការបរិច្ចាគឈាមផងដែរ។ ដូចនេះ នៅចាំអីទៀត! ធ្វើការចុះឈ្មោះជាមុនតាមរយៈ https://forms.gle/5JDzTxJ1Rekf1io5A ឬទំនាក់ទំនងផ្ទាល់មកកាន់ ០៧៧ ៨៨៨ ០៧៥/ ០៦៩ ៨៨៨ ៩៥៩។

Share

ឪពុកម្តាយគ្រប់រូបតែងប្រាថ្នាចង់ឲ្យកូនរបស់ពួកគេលូតលាស់ធំធាត់ប្រកបដោយសុខភាពល្អ ទាំងផ្នែករាងកាយ និងបញ្ញាស្មារតី។ ក្នុងចំណោមការលូតលាស់ផ្នែកកាយសម្បទា កម្ពស់របស់កុមារក៏ជាចំណុចមួយដែលលោកអ្នកគួរយកចិត្តទុកដាក់ដោយការលូតលាស់នេះមានទំនាក់ទំនងមួយផ្នែកធំទៅនឹងហ្សែន រួមទាំងទម្លាប់ក្នុងការបរិភោគ និងការរស់នៅប្រចាំថ្ងៃរបស់កុមារផងដែរ។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដែលលោកអ្នកអាចអនុវត្តដើម្បីឲ្យកូនលូតកម្ពស់លឿនតាមបែបធម្មជាតិ៖ ១. ទម្លាប់ញ៉ាំអាហារដែលល្អសម្រាប់សុខភាព ការញ៉ាំអាហារដែលផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ ជាផ្នែកមួយសំខាន់ដែលកុមារគួរតែទទួលបានជាប្រចាំដើម្បីការលូតកម្ពស់របស់ពួកគេ។ សារពាង្គកាយរបស់កុមារ ជាពិសេសឆ្អឹង ត្រូវការសារធាតុចិញ្ចឹមចាំបាច់ដើម្បីធានាដល់ការលូតលាស់។ ក្នុងចំណោមសារធាតុជាច្រើន ប្រូតេអុីនជាចំណែកមួយដែលចូលរួមក្នុងការធ្វើឲ្យឆ្អឹងលូតលាស់បានល្អ ដោយលោកអ្នកអាចផ្តល់ឲ្យកូនបានតាមរយ:ការឲ្យពួកគេបរិភោគអាហារមួយចំនួនដូចជា ស៊ុត និងសណ្តែកសៀង។ល។ លើសពីនេះទៅទៀត អ្នកត្រូវធានាថា កូនអ្នកទទួលបាននូវវីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់ ពីអាហារដែលពួកគេបរិភោគប្រចាំថ្ងៃដូចជា មើមការ៉ុត ផ្លែស្វាយ និងស្ពៃ Spinach។ ២. ធ្វើលំហាត់ប្រាណ ក្រៅពីជួយការពារកុមារពីជំងឺធាត់ ការធ្វើលំហាត់ប្រាណទៀងទាត់ក៏ជាផ្នែកមួយដែលអាចជួយឲ្យឆ្អឹង និងសាច់ដុំលូតលាស់បានល្អផងដែរ។ ប្រភេទកីឡាមួយចំនួនដែលអាចជួយដល់ការលូតលាស់ឆ្អឹងរួមមានការហែលទឹក យូហ្គា និងការហាត់ពត់ពេនខ្លួនជាដើម។ ៣. សម្រាកឲ្យបានគ្រប់គ្រាន់ នៅពេលកុមារគេង  សារពាង្គកាយរបស់គេផលិតនូវអ័រម៉ូនដែលមានតួនាទីជួយក្នុងការលូតលាស់ (Growth Hormone) ដែលជាមូលហេតុក្មេងគួរតែគេងឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ តាមការសិក្សា កុមារតូចៗ (អាយុចន្លោះ ១ទៅ៣ឆ្នាំ) ត្រូវការគេងចំនួន ១២ទៅ១៤ម៉ោងក្នុងមួយថ្ងៃ រីឯកុមារអាយុចន្លោះ ៥ទៅ១២ឆ្នាំ ត្រូវការគេងពី ១០ទៅ១១ម៉ោងក្នុងមួយថ្ងៃ។ ៤. ឥរិយាបថឈរ ឬអង្គុយត្រឹមត្រូវ លោកអ្នកគួរតែព្យាយាមបង្រៀន និងលើកទឹកចិត្តឲ្យកូនៗមានទម្លាប់ក្នុងការឈរ ឬអង្គុយឲ្យបានត្រឹមត្រូវចៀសវាងក្នុងការអង្គុយ ឬឈរកោងខ្នងដែលជាប្រការមួយផ្តល់ផលប៉ះពាល់ដល់ការលូតលាស់របស់ឆ្អឹងកងខ្នង។ ក្រៅពីអាចជួយដល់ការលូតលាស់របស់ឆ្អឹង ទម្លាប់ទាំងនេះជាឥរិយាបថមួយដែលល្អសម្រាប់កុមារ និងអាចបង្កើននូវទំនុកចិត្តឲ្យពួកគេផងដែរ។ ៥. ញ៉ាំទឹកដោះគោដែលមានផ្ទុកជាតិកាល់ស្យូម កាល់ស្យូមដើរតួនាទីសំខាន់ក្នុងការធ្វើឲ្យឆ្អឹងលូតលាស់បានល្អ និងមានទម្រង់ត្រឹមត្រូវ។ បន្ថែមពីលើចំណីអាហារ ទឹកដោះគោជាប្រភពកាល់ស្យូមមួយសំខាន់ ហេតុនេះហើយលោកអ្នកគួរបង្កើតទម្លាប់ឲ្យកូនញ៉ាំទឹកដោះគោជាប្រចាំ ដើម្បីធានាបាននូវបរិមាណកាល់ស្យូមគ្រប់គ្រាន់ដែលចាំបាច់សម្រាប់ការលូតលាស់ឆ្អឹងរបស់ពួកគេ។ ដើម្បីឲ្យកូនលូតកម្ពស់បានល្អ លោកអ្នកគួរតែចាប់ផ្តើមសាកល្បងអនុវត្តតាមការណែនាំដែលយើងបានរៀបរាប់ខាងលើជាប្រចាំបន្តិចម្តងៗ នោះវានឹងក្លាយជាទម្លាប់ ដែលអាចផ្តល់ឲ្យកូនអ្នកនូវសុខភាពល្អ និងការលូតលាស់ឆ្អឹងប្រកបដោយភាពត្រឹមត្រូវផងដែរ៕ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការក្អក គឺជាសកម្មភាពរ៉េផ្លិកដើម្បីបញ្ចេញស្លេស្មឬវត្ថុអ្វីមួយចេញពីបំពង់ក ដូចជាធូលី ឬផ្សែងផ្សេងៗ។ អាការៈក្អក មាន២ប្រភេទគឺក្អកស្រួចស្រាវ និងក្អករ៉ាំរ៉ៃ។ ក្អកស្រួចស្រាវ ជាការក្អកកើតឡើងភ្លាមៗ ហើយជាទូទៅកើតមានក្នុងរយៈពេល ២ ទៅ៣សប្តាហ៍ ឯក្អករ៉ាំរ៉ៃ ជាការក្អករយៈពេលយូរអាចលើសពី ៣សប្តាហ៍។ តើអាការៈក្អកអាចបណ្តាលមកពីអ្វីខ្លះ? ១. ករណីក្អកស្រួចស្រាវ មូលហេតុអាចបង្កមកពី៖ • ការបង្ករោគ ដូចជា៖ - រលាកបំពង់ក (Pharyngite, Laryngite) - រលាកត្រចៀក - រលាកប្រហោងឆ្អឹង - រលាកទងសួត - រលាកសួត - រលាកស្រោមសួត • បញ្ហាអាល្លែកហ្ស៊ី អាចជាជំងឺហឺត (ក្អកញាប់ហើយភាគច្រើននៅពេលយប់) • ជំងឺបេះដូងខាងឆ្វេង ទាក់ទងនឹងជំងឺហើមសួត • ការស្រូបចូលនៃធូលីដីឬផ្សែងមិនល្អ។ មូលហេតុទាំងនេះ តែងកើតមានញឹកញាប់ និងងាយក្នុងការធ្វើរោគវិនិច្ឆ័យ។ ប៉ុន្តែបើបញ្ហាក្អករបស់អ្នក មិនអាចធ្វើរោគវិនិច្ឆ័យបានតាមរោគសញ្ញាទេ គ្រូពេទ្យនឹងធ្វើការថតសួតដើម្បីរកមើលថាតើមានបញ្ហាបង្ករោគនៅនឹងទងសួតដែលអាចមានវត្តមានដុំសាច់ មានស្ទះរបស់ពីខាងក្រៅ ឬជាវិបត្តិដំណកដង្ហើម ឬការបង្ករោគនៅនឹងសួតអាចជា៖ - ជំងឺរលាកសួត - មហារីកសួត - ឬជំងឺនៅមេយ៉ាស្តាំងដែលអាចមានវត្តមានដុំសាច់សង្កត់ ឬនៅស្រោមសួតប្រសិនបើអ្នកជំងឺក្អកពេលបន្លាស់ប្តូរទីតាំង។ ២. ករណីក្អកស្លេស្មរ៉ាំរ៉ៃ ភាគច្រើនទាក់ទងនឹងការរលាកទងសួតរ៉ាំរ៉ៃ ដោយសារតែការជក់បារី។ អ្នកត្រូវប្រុងប្រយ័ត្នចំពោះ៖ • បើការក្អកមានការកើនឡើងខ្លាំងចំពោះអ្នកដែលជក់បារីច្រើន នោះវាអាចជាសញ្ញានៃជំងឺមហារីកទងសួត • ស្លេស្មមានការកើនឡើងខ្លាំង ហើយបូកផ្សំជាមួយនឹងមានការបង្ករោគបន្ថែម (ការរីកធំនៃទងសួត) • ក្អកខ្លាំងនៅពេលបរិភោគអាហារ អាចជាជំងឺទាក់ទងនឹងការលេបដូចជា មហារីកបំពង់ក ការឆ្លងគ្នារវាងបំពង់អាហារនិងបំពង់ខ្យល់ (Fustule oeso-trachéale) ក្លនលូនក្រពះ (Hernie hiatale)។ ៣. ករណីក្អកស្ងួតរ៉ាំរ៉ៃ មូលហេតុអាចទាក់ទងនឹង • ជំងឺនៅបំពង់ក រលាកត្រចៀករ៉ាំរ៉ៃ ឬរលាកប្រហោងឆ្អឹងរ៉ាំរ៉ៃ • ជំងឺមហារីកទងសួត • ជំងឺនៅកូនថង់សួត (Pathologie interstitielle pulmonaire) • ជំងឺក្រិនសួត ឬ ជំងឺ Granulomatoses pulmonaires • ជំងឺហើមសួតនិងបេះដូងខ្លាំង • ជំងឺមហារីក ឬជំងឺរបេងដែលសាយភាយខ្លាំង • ជំងឺរលាកស្រោមសួតរ៉ាំរ៉ៃ • សារធាតុដែលស្រូបចូលក៏អាចជាមូលហេតុដែរអាចជាការរលាកដោយផ្ទាល់នៅកន្លែងដែលប៉ះនឹងសារធាតុនោះ ឬអាចជាការអាល្លែកហ្ស៊ី (ហឺត) ឬអាល្លែកហ្ស៊ីនៅកូនថង់សួត • ជំងឺទាក់ទងនឹងសរសៃប្រសាទ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨២ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អ្នកស្រាវជ្រាវមកពី University of Michigan Rogel Cancer Center បានរាយការណ៍ពីសញ្ញាណនៃលទ្ធផលដំបូងបន្ទាប់ពីការធ្វើតេស្តគ្លីនិកទៅលើឱសថថ្មីមួយសម្រាប់ជំងឺមហារីកលំពែង។ តេស្តគ្លីនិកដំណាក់កាលដំបូងនេះ ត្រូវបានគេពិសោធទៅលើឱសថ AZD1175 ដែលបង្កើតឡើងដើម្បីទប់ស្កាត់អង់ស៊ីមម្យ៉ាងឈ្មោះថា Wee1 ដែលមានសមត្ថភាពទៅជួសជុល DNA របស់កោសិកាមហារីកឲ្យរស់ឡើងវិញ បើទោះបីបានធ្វើការព្យាបាលដោយការបាញ់កាំរស្មី និងឱសថគីមីក៏ដោយ។ ជាក់ស្ដែងការព្យាបាលដោយកាំរស្មីអុិច និងថ្នាំគីមីដែលមានឈ្មោះថា Gemcitabine គឺជាវិធីសាស្រ្តព្យាបាលស្តង់ដាសម្រាប់ជំងឺមហារីកលំពែង។ វិធីសាស្រ្តទាំងពីរមានសមត្ថភាពទៅបំផ្លាញ DNA របស់កោសិកាមហារីក យ៉ាងណាមិញ កោសិកាមហារីកលំពែងបែរជាមានឥទ្ធិពលខ្លាំងក្លាក្នុងការជួសជុលភាពខូចខាតទាំងនោះឡើងវិញដែលជាហេតុធ្វើឲ្យប្រសិទ្ធភាពនៃការព្យាបាលត្រូវបានថយចុះ។ ដូច្នេះដើម្បីរារាំងសមត្ថភាពកោសិកាមហារីកពីការការពារខ្លួនពីឥទ្ធិពលរបស់កាំរស្មីអុិច និងថ្នាំគីមីទើប AZD1775 ត្រូវបានបង្កើតឡើងពីសំណាក់អ្នកស្រាវជ្រាវ។ តេស្តខាងលើត្រូវបានធ្វើឡើងចំពោះអ្នកជំងឺមហារីកលំពែងចំនួន ៣៤ រូប ដោយតម្រូវឲ្យពួកគេប្រើប្រាស់ឱសថ AZD1775 បន្ថែមទៀតស្របពេលទទួលបានការព្យាបាលដោយថ្នាំគីមី Gemcitabine។ គោលដៅនៃការសិក្សា គឺដើម្បីកំណត់ពីកម្រិតដូសខ្ពស់បំផុតនៃ AZD1775 ដែលអាចយកមកប្រើប្រាស់បានក្នុងពេលជាមួយគ្នា។ ដំណើរការនៃការពិសោធបានបង្ហាញពីលទ្ធផលល្អច្រើនជាងការរំពឹងទុកទៅលើការពន្យារជីវិតរស់របស់អ្នកជំងឺដោយអត្រារស់ជាមធ្យមឃើញមានកើនឡើងដល់ទៅ ២២ខែ បើប្រៀបធៀបទៅលើការប្រើប្រាស់ឱសថ Gemcitabine តែមួយមុខដោយអត្រាអាយុរស់មានត្រឹមតែ ១២ ទៅ១៤ខែប៉ុណ្ណោះ។ ការបន្ថែមឱសថ AZD1175 ជាមួយការព្យាបាលតាមកាំរស្មីអុិច និងថ្នាំគីមី អាចផ្ដល់ផលវិជ្ជមានទៅលើអត្រានៃអាយុរស់របស់អ្នកជំងឺ ដែលគួរតែត្រូវបានធ្វើការសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅបន្តទៀត នេះបើយោងតាមប្រសាសន៍របស់អ្នកដឹកនាំផ្នែកស្រាវជ្រាវ Kyle Cuneo។ ម្យ៉ាងទៀតប្រសិនការសិក្សាកាន់តែមានភាពជាក់លាក់នោះវាអាចកាត់បន្ថយភាពស៊ាំរបស់កោសិកាមហារីកទៅលើវិធីសាស្រ្តព្យាបាលទាំងពីរ (កាំរស្មីអុិច និងឱសថគីមី)។ គួរបញ្ជាក់ផងដែរ ជំងឺមហារីកលំពែង មានសមត្ថភាពអាចរីករាលដាលទៅកាន់ផ្នែកផ្សេងៗក្នុងរាងកាយដែលអត្រារស់បាន ៥ឆ្នាំ មានត្រឹមតែ ៩% តែប៉ុណ្ណោះ ចំណែកការស្រាវជ្រាវខាងលើកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ ដែលទាមទារឲ្យមានការសិក្សាវិភាគជាច្រើនទៀត។ ប្រភពយោង៖ https://www.sciencedaily.com/releases/2019/08/190814113934.htm អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

“ខ្ញុំប្រហែលជាមិនត្រូវចំណាយប្រាក់ និងពេលវេលាច្រើនយ៉ាងនេះ ឬត្រូវឈឺ និងពិបាកក្នុងខ្លួនដល់ម្លឹង ឬត្រូវធ្វើឲ្យមនុស្សជាទីស្រឡាញ់បារម្ភដល់ថ្នាក់នេះ ឬសរុបមក អ្វីៗនឹងប្រសើរជាងនេះ ប្រសិនបើខ្ញុំបានដឹងមុនពីបញ្ហាសុខភាពរបស់ខ្ញុំ ឬបានមកជួបគ្រូពេទ្យឲ្យបានលឿនជាងនេះឬតាំងពីមិនទាន់មានរោគសញ្ញាណាមួយតែម្តង” យើងប្រហែលជានឹងស្តាយក្រោយបែបនេះប្រសិនបើយើងចាំរហូតដល់យើងឈឺថ្កាត់ ឬស្ថិតក្នុងសភាពធ្ងន់ធ្ងរទៅហើយទើបទៅជួបជាមួយគ្រូពេទ្យនោះ។ ជាទូទៅ មនុស្សភាគច្រើនមិនបានចាត់ទុកការត្រួតសុខភាពជាប្រចាំជាផ្នែកមួយនៃការរស់នៅឡើយអមជាមួយនឹងការមិនទាន់យល់ច្បាស់ពីអត្ថប្រយោជន៍នៃការពិនិត្យសុខភាពផង យើងកាន់តែកម្រជួបករណីពិនិត្យសុខភាពនៅពេលដែលមិនទាន់ឈឺថ្កាត់ខ្លាំងណាស់ ជាពិសេសចំពោះអ្នកដែលស្ថិតក្នុងវ័យក្មេងនៅឡើយ ឬចន្លោះវ័យ ២០ ទៅ ៣៥ឆ្នាំតែម្តង។ ពិតណាស់ យើងម្នាក់ៗរមែងចង់រីកចម្រើន និងជោគជ័យមិនថាលើការសិក្សា និងអាជីពការងារ មុខរបររកស៊ីជាដើមដើម្បីតាមឲ្យទាន់ការរីកចម្រើននៃសង្គមដែលខ្លួនកំពុងរស់នៅ ដែលជាហេតុធ្វើឲ្យយើងរវល់មមាញឹកជាខ្លាំង និងមើលរំលងនូវបញ្ហាជាច្រើនរួមទាំងបញ្ហាសុខភាពផងដែរជាពិសេសនៅពេលដែលយើងគ្មានការរំខានអ្វីទាំងអស់ពីរោគសញ្ញា។ ម្យ៉ាង បើទោះជាយើងមានពេល ប្រហែលការពិនិត្យ ឬថែទាំសុខភាពមិនបានស្ថិតនៅលើបញ្ជី ឬ checklist របស់យើងដែរ ជំនួសមកវិញយើងនឹងអាចជ្រើសយកការចំណាយពេលលើការកម្សាន្ត ការទំនាក់ទំនងខាងក្រៅ ឬតាមបណ្តាញសង្គមច្រើនជាង។  ជាក់ស្តែង សកម្មភាព ឬទម្លាប់រស់នៅរបស់យើងភាគច្រើន រួមមានការរស់នៅក្នុងមជ្ឈដ្ឋានដែលមិនល្អបរិសុទ្ធ សារធាតុគីមីសារធាតុពុល ឬកខ្វក់ និងជាពិសេសការរស់នៅជាមួយនឹងភាពតានតឹង និងស្ត្រេស ការបរិភោគអាហារមិនសុវត្ថិភាព ការមិនហាត់ប្រាណបានទៀងទាត់ជាដើមហាក់ដូចជាមិនអំណោយផលដល់សុខភាពស្រាប់ទៅហើយ បូករួមជាមួយនឹង ការកើតមានឡើងនៃជំងឺថ្មីៗ និងកាចសាហាវជាច្រើន កត្តាទាំងអស់នេះកាន់តែធ្វើឲ្យយើងបង្កើនការប្រឈមទៅនឹងជំងឺជាច្រើនដោយមិនដឹងខ្លួន។ ដូចនេះ គួរតែដល់ពេលហើយដែលយើងទាំងអស់គ្នា ទាំងចាស់ និងក្មេង បុរស និងស្ត្រី គួរយកចិត្តទុកដាក់លើការតាមដាន និងថែទាំសុខភាព និងបញ្ជូលវាក្នុងកតាព្វកិច្ចដែលត្រូវតែធ្វើដើម្បីខ្លួនឯង និងក្រុមគ្រួសារ។  ប្រសិនបើអ្នកនៅតែមិនទាន់ប្រាកដចិត្ត ខាងក្រោមនេះជាមូលហេតុដែលអ្នកគួរចាប់ផ្តើមពិនិត្យសុខភាពឲ្យបានទៀងទាត់៖ 1. កាត់បន្ថយហានិភ័យនៃជំងឺកាចសាហាវ គួរឲ្យខ្លាចបំផុតនោះគឺ ជំងឺកាចសាហាវ និងរ៉ាំរ៉ៃជាច្រើន មិនបង្ហាញរោគសញ្ញាគួរឲ្យកត់សម្គាល់ណាមួយនៅដំណាក់កាលដំបូងៗឡើយ ដូចនេះមានតែការត្រួតពិនិត្យដោយបច្ចេកទេស និងវិនិច្ឆ័យដោយវេជ្ជបណ្ឌិតទេទើបអាចបញ្ចៀស ឬកាត់បន្ថយហានិភ័យដែលមើលមិនឃើញទាំងនោះបាន។ ដោយឡែក មានជំងឺមួយជាច្រើនផងដែរ ដែលមិនកើតឡើងក្នុងពេលតែយប់ឡើយ តែវាជាលទ្ធផលនៃសកម្មភាព ឬកត្តារស់នៅដែលធ្វើឡើងម្តងហើយម្តងទៀតរយៈពេលជាច្រើនឆ្នាំ ហើយកត្តាទាំងនោះអាចត្រូវបានអ្នកមើលរំលង ប៉ុន្តែអ្នកនឹងអាចរកវាឃើញហើយរកវិធានការបំបាត់វាចោលនៅពេលអ្នកបានពិគ្រោះ និងតាមដានជាមួយនឹងវេជ្ជបណ្ឌិត។ 2. បង្កើនឳកាសក្នុងការព្យាបាលជាសះស្បើយ ការតាមដានសុខភាពទៀងទាត់មិនត្រឹមជួយក្នុងការរកឃើញនូវកត្តាប្រឈមទាន់ពេលវេលា តែវាក៏បង្កើនឳកាសក្នុងការទទួលការព្យាបាលបានឆាប់រហ័ស និងទាន់ពេលវេលាដែលអាចជួយសង្គ្រោះអាយុជីវិតអ្នក ក្នុងករណីរកឃើញជំងឺនៅដំណាក់កាលដំបូងៗផងដែរ។  3. កាត់បន្ថយការចំណាយ សំដៅដល់ទាំងការចំណាយទាំងពេលវេលា ទាំងថវិការ កម្លាំងកាយ និងកម្លាំងចិត្តដែលអាចនឹងត្រូវកើនលើសពីទ្វេដងប្រសិនបើការរកឃើញជំងឺយឺតពេល ដែលការពិតវាគួរតែត្រូវបានរកឃើញតាំងពីដំបូង ឬសឹងតែតាំងពីយើងអាចទប់ស្កាត់មិនឲ្យវាកើតមានឡើងបាន។  4. ស្រាយចម្ងល់ និងការព្រួយបារម្ភលើសលប់ សម័យនេះ យើងសឹងតែអាចរក និងសួរគ្រប់យ៉ាងដោយគ្រាន់តែមានប្រព័ន្ធអុីនធឺណែត វាលឿន និងសម្បូរបែប ក៏ប៉ុន្តែវាក៏អាចធ្វើអ្នកកាន់តែភ័យខ្លាចនិងបារម្ភ ជាមួយនឹងលទ្ធផលជាច្រើនទៅវិញ។ ជាមួយនឹងចម្លើយជាច្រើន តើមួយណាជាចម្លើយរបស់យើងទៅ? នៅតែការទៅជួបពិគ្រោះផ្ទាល់ជាមួយគ្រូពេទ្យទើបយើងអាចបានចម្លើយ និងដឹងថាតើយើងត្រូវការដំណោះស្រាយឬទេ? ឬដំណោះស្រាយបែបណា? 5. ទទួលបានដំបូន្មានមិនត្រឹមតែទាក់ទងនឹងជំងឺ តែក៏រួមទាំងការរស់នៅផងដែរ នេះហើយជាមូលហេតុសាមញ្ញមួយដែលការទៅជួបជាពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតធ្វើឲ្យយើងចំណេញ។ ក្រៅពីស្រាយចម្ងល់ឬដោះស្រាយបញ្ហាសុខភាពហើយ យើងនៅអាចទទួលបានដំបូន្មានល្អៗ និងអាចទុកចិត្តបាន ជាពិសេសគឺត្រូវនឹងស្ថានភាពរបស់យើងផ្ទាល់ផងដែរ(ឧ គីឡូ មុខរបរ ជំងឺប្រចាំកាយ ប្រវត្តិគ្រួសារ ជាដើម)  មិនថាទាក់ទងនឹងការឡើងទម្ងន់ ការស្រកទម្ងន់ ការពិបាកគេង ការបរិភោគ ឬធ្វើលំហាត់ប្រាណ ការប្រើប្រាស់ឳសថជាដើម។ ដំបូន្មានផ្ទាល់ខ្លួនបែបនេះជាគុណតម្លៃដែលយើងមិនអាចរកបានទេតាមរយៈការអានអត្ថបទ ឬមើលវីដេអូអប់រំជារួម ឬស្វែងរកតាមអ៊ីនធឺណែត។  សរុបមក វាពិតជាមិនលឿនពេកទេ ក្នុងការតាមដានសុខភាព តាំងពីយើងនៅមានសុខភាពល្អ តែវាមានតែធ្វើឲ្យយើងចំណេញទាំងពេលបច្ចុប្បន្ន និងទៅអនាគត។  ប្រសិនបើអ្នកចង់ចាប់ផ្តើមទម្លាប់នឹងការទទួលការពិនិត្យសុខភាព កុំភ្លេចចូលរួមនៅក្នុងកម្មវិធី ទេសចរណ៍សុខភាពHealthtime Check-up Tour ដែលមានផ្តល់នូវការពិនិត្យសុខភាពបឋមចល័តដោយឥតគិតថ្លៃ ព្រមទាំងសកម្មភាពសុខភាពជាច្រើនទៀត។ ដើម្បីទទួលបានដំណឹងអំពីកម្មវិធីនៅលើកក្រោយ សូមតាមដាននៅលើទំព័រហ្វេសប៊ុក Healthogo, by Healthtime  កម្មវិធីបន្ទាប់នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩៖ ទេសចរណ៍សុខភាព Healthtime Check-up Tour "Going Back to School" 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ក្រៅពីថែរក្សាសម្ផស្ស សុភាពនារីទាំងឡាយក៏តែងតែមានការព្រួយបារម្ភចំពោះបញ្ហាសុខភាពនៅតំបន់ពិសេស របស់ខ្លួន។ ក្នុងនោះបន្ថែមពីលើការថែទាំដោយការស្លៀកពាក់ប្រកបដោយផាសុកភាព និងការលាងសម្អាតប្រកបដោយអនាម័យ មិត្តនារីក៏ចាំបាច់ត្រូវយកចិត្តទុកដាក់ចំពោះរបបអាហាររបស់ខ្លួនផងដែរ។ ពពួកប្រូប៊ីយ៉ូទិច និងយ៉ាអ៊ួធម្មជាតិ ក្រុមអាហារដែលមានប្រូប៊ីយ៉ូទិចពីធម្មជាតិ គឺពិតជាមានគុណប្រយោជន៍ក្នុងការថែរក្សាសុខភាពទ្វារមាសរបស់មិត្តនារី។ ចំណែកឯយ៉ាអ៊ួធម្មជាតិវិញក៏ប្រៀបបានជារនាំងការពារបញ្ហាឆ្លងរោគផ្សេងៗ ព្រមទាំងប្រយុទ្ធប្រឆាំងនឹងជំងឺមួយចំនួនផងដែរ។ ផ្លែប៊័រ ជាមួយនឹងបិរមាណច្រើននៃប៉ូតាស្យូម និង វីតាមីនB6 ផ្លែប៊័រជាជំនួយដ៏ល្អក្នុងការផលិតទឹករំអិលធម្មជាតិសម្រាប់ការពារភាពស្ងួតនៅតំបន់ទ្វារមាស។ ដំឡូងជ្វា ដំឡូងជ្វាសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមជាច្រើនរួមមានវីតាមីនA C និង B សារធាតុសរសៃ ម៉ាញេស្យូម និងប៉ូតាស្យូមដែលជួយពង្រឹងសុខភាពទ្វារមាស ក៏ដូចជាបង្កើននូវសារធាតុប្រឆាំងអុកស៊ីតកម្ម។ គ្រាប់ល្ពៅ និងគ្រាប់ធញ្ញជាតិ ជាមួយនឹងវីតាមីនE និងសារធាតុស័ង្កសី ការទទួលទានគ្រាប់ល្ពៅនឹងជួយឲ្យមិត្តនារីមានវដ្ដរដូវទៀងទាត់ និងមិនមានបញ្ហារំខាន ឬរមាស់នៅតំបន់ពិសេសរបស់ខ្លួន។ ម្យ៉ាងទៀត វាក៏បង្ការបញ្ហាស្ងួត និងអាការៈឈឺចាប់ពេលមករដូវផងដែរ។ ខ្ទឹមស ខ្ទឹមសមិនត្រឹមតែបង្ការបញ្ហាធ្លាក់ស រមាស់ និងក្លិនមិនល្អប៉ុណ្ណោះទេ វាក៏ជួយការពារទ្វារមាសពីការឆ្លងមេរោគ ជាពិសេសមេរោគផ្សិតទៀតផង។ ផលិតផលសណ្តែក សារធាតុដែលមាននៅក្នុងផលិតផលសណ្តែក ជំរុញដំណើរផលិតទឹករំអិលធម្មជាតិ និងការពារអាការៈឈឺចាប់ក្នុងពេលមករដូវ។ បន្លែបៃតង បរិមាណដ៏ច្រើននៃវីតាមីនA និងC នៅក្នុងបន្លែបៃតងជួយជំរុញដំណើរចលនាក្នុងឈាម បង្ការពីមេរោគឆ្លងនិងការពារបញ្ហាស្ងួតនៅតំបន់ទ្វារមាស។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣​​ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ស្របពេលដែលអ្នកខ្លះប្រាថ្នាចង់ស្រកគីឡូ តែមិនស្រកសោះនោះ ក៏មានអ្នកខ្លះទៀតប្រាថ្នាចង់បានគីឡូបន្ថែម តែក៏មិនងាយដូចចិត្តប៉ងដែរ។ ហេតុនេះហើយ ទើបអត្ថបទនេះនឹងណែនាំអ្នកអំពីប្រភេទអាហារដែលល្អចំពោះសុខភាព ហើយជួយបំពេញក្តីប្រាថ្នានៃការឡើងគីឡូរបស់អ្នកផងដែរ… ទឹកដោះគោ៖ ទទួលទាន ១ទៅ២កែវ ពេលញ៉ាំអាហារសម្រន់ ឬមុន និងក្រោយពេលហាត់ប្រាណ វានឹងជួយបន្ថែមប្រូតេអុីនទៅក្នុងរាងកាយអ្នក។ ភេសជ្ជៈក្រឡុកដោយខ្លួនឯង៖ រូបមន្តភេសជ្ជៈដែលមានជាតិប្រូតេអុីនជាច្រើនដែលអ្នកអាចសាកល្បងបាននៅផ្ទះរួមមានក្រឡុកផ្លែឈើដែលអ្នកចូលចិត្ត បន្លែបៃតងលាយចូលគ្នា។ល។ ពពួកគ្រាប់ធញ្ញជាតិ៖ គ្រាប់អាល់ម៉ុន គ្រាប់ស្វាយចន្ទី ប៊័រសណ្តែកដី (មិនមានជាតិស្ករសិប្បនិម្មិត)។ល។ សុទ្ធតែអាចញ៉ាំបានជាលក្ខណៈអាហារសម្រន់។ សាច់៖ បន្ថែមប្រូតេអុីន ដែលនឹងជួយបង្កើនសាច់ដុំ ដោយការទទួលទានសាច់ដែលមានគុណភាពល្អ។ ត្រីសាល់ម៉ុន៖ សាល់ម៉ុន និងប្រភេទត្រីដែលមានខ្លាញ់ច្រើន ជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា-៣ និងប្រូតេអុីន។ ផ្លែប៊័រ៖ អាចញ៉ាំរួមជាមួយនឹងផ្លែឈើផ្សេង ឬញ៉ាំសុទ្ធតែម្តងក៏បាន ព្រោះវាពោរពេញទៅដោយសារធាតុចិញ្ចឹម និងខ្លាញ់ល្អ។ ផ្លែឈើក្រៀម៖ ជាមួយនឹងកាល់ឡូរី សារធាតុសរសៃល្អចំពោះសុខភាព និងសារធាតុប្រឆាំងអុកស៊ីតកម្ម វាបន្ថែមនូវសារធាតុចិញ្ចឹម និងកាល់ឡូរីច្រើនទៅក្នុងរបបអាហារអ្នក។ ស៊ុត៖ ញ៉ាំស៊ុតច្រើនរឹតតែល្អ ជាពិសេសអ្នកព្យាយាមហាត់ប្រាណយកសាច់ដុំ ហើយគួរតែញ៉ាំទាំងអស់តែម្តង (ដោយមិនបែងចែកយកតែស៊ុតសទេ)។ សូកូឡា៖ វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុចិញ្ចឹម ក៏ដូចជាកាល់ឡូរីជាច្រើន ដែលនឹងជួយឲ្យគីឡូអ្នកឡើងស្រឺតៗ។ ប្រេង និងខ្លាញ់ធម្មជាតិ៖ ប្រេងអូលីវ ប្រេងដូង…ឲ្យតែប្រេងដែលចម្រាញ់ចេញពីធម្មជាតិ សុទ្ធតែល្អសម្រាប់អ្នក។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ​ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បញ្ហាក្លិនមាត់ អាចជាប់ពាក់ព័ន្ធនឹងកត្តាបង្កជាច្រើន។ ជាក់ស្ដែង ក្រៅពីណែនាំឲ្យធ្វើការជួបពិគ្រោះជាមួយទន្តពេទ្យ អ្នកក៏អាចផ្ដល់ជាគន្លឹះផ្សេងទៀតសម្រាប់ពួកគេដើម្បីបំបាត់បញ្ហានេះ និងបង្កើនទំនុកចិត្តឡើងវិញ។ អ្វីគួរដឹង? ករណី ៩០% នៃបញ្ហាក្លិនមាត់ អាចបណ្តាលមកពីសំណល់អាហារ ឈាម កោសិកាក្នុងមាត់ ឬបាក់តេរី ដែលកើតមានឡើងនៅក្នុងលក្ខខណ្ឌដូចជា៖ - ដង្កូវស៊ីធ្មេញ ជំងឺនៅបណ្ដូលធ្មេញ រលាកអញ្ចាញធ្មេញ ការដាក់ធ្មេញមិនបានល្អ និងស្ងួតមាត់ជាដើម - ជំងឺនៅប្រព័ន្ធរំលាយអាហាររួមមាន រលាកក្រពះ ឬរលាកបំពង់អាហារ - មហារីកបំពង់កដំណាក់កាលចុងក្រោយ។ អ្វីគួរធ្វើ? សម្រាប់បញ្ហាក្លិនមាត់ភាគច្រើន (៩០%) ត្រូវបានណែនាំឲ្យជួបពិគ្រោះជាមួយទន្តពេទ្យ ប៉ុន្តែស្របពេលជាមួយគ្នាអ្នកក៏អាចណែនាំនូវគន្លឹះខ្លះៗដូចជា៖ - ជំនួសច្រាសដុសធ្មេញធម្មតាទៅជាប្រភេទច្រាសដើរដោយម៉ាស៊ីនដែលមានមុខងារអាចបាញ់ទឹកបាន (Waterpeek) ឬអាចប្រើប្រាស់សរសៃអំបោះទាក់ធ្មេញដែលមានសារធាតុសម្លាប់មេរោគប្រភេទ Corsodyl (Smithkline Beecham) - ប្រើប្រាស់ថ្នាំដុសធ្មេញដែលរួមផ្សំទៅដោយ ស័ង្កសី និងក្លរ ឬអាចលេបថ្នាំស័ង្កសី (Rubozine) ៣គ្រាប់ក្នុងមួយថ្ងៃ។ ប្រសិនបញ្ហាក្លិនមាត់មិនជាប់ពាក់ព័ន្ធនឹងសុខភាពមាត់ធ្មេញ អាចណែនាំអ្នកជំងឺឲ្យទៅពិនិត្យជាមួយវេជ្ជបណ្ឌិតជំនាញទូទៅ។   ចំណាំ៖ សូមកុំច្រឡំបញ្ហាក្លិនមាត់នេះ ទៅនឹងអ្នកជំងឺទឹកនោមផ្អែមបណ្តាលមកពីកង្វះអាំងស៊ុយលីនដែលអាចឲ្យមានក្លិនដូចទៅនឹងទឹកថ្នាំលាងក្រចកចេញតាមច្រមុះ។ ប្រភពយោង៖ Le vademecum de la Médication officinale អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top