Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការសិក្សាថ្មីនេះធ្វើឡើងពីក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Karolinska នៃប្រទេសស៊ុយអែត ដោយបានបង្កើតវិធីសាស្រ្តថ្មី និងមានតម្លៃថោកសម្រាប់កំណត់អត្តសញ្ញាណដុំមហារីកប្រភេទកាច និងសម្រួលដល់ការព្យាបាលឲ្យបានត្រឹមត្រូវ។ ជាទូទៅលក្ខណៈរបស់កោសិកាមហារីកមានភាពខុសប្លែកគ្នាទៅតាមចំនួនចម្លងនៃក្រូម៉ូសូម ឬហ្សែន ដែលមាននៅក្នុងក្រូម៉ូសូម ១គូៗ (genome) ដែលគេឲ្យឈ្មោះវាថា Copy Number Alterations ឬ CNAs។ ដូច្នេះនៅពេលកោសិកាមហារីកដែលមានប្រភេទ CNAs ច្រើន នោះត្រូវបានចាត់ទុកថាជាដុំសាច់កាចដែលលូតលាស់លឿននិងទាមទារការព្យាបាលជាបន្ទាន់។ ដោយសារវត្តមានខុសប្លែកគ្នានៃ CNAs នោះហើយទើបអ្នកស្រាវជ្រាវបានបង្កើតវិធីសាស្រ្តថ្មីមួយមានឈ្មោះថា CUTseq ដែលអាចចាប់បាននូវចំនួន និងប្រភេទរបស់ CNAs ក្នុងផ្នែកផ្សេងៗនៃដុំមហារីក។ គួរបញ្ជាក់ផងដែរ CUTseq ជាអង់ស៊ីមម្យ៉ាងដែលអាចញែក DNA នៃដុំមហារីកទៅជាចំណែកតូចៗដើម្បីអាចកំណត់បានពីប្រភេទ CNAs តាមរយៈលេខបាកូដដែលមាននៅលើម៉ូលេគុលនីមួយៗរបស់DNA និងត្រូវបានពិនិត្យដោយប្រើប្រាស់មីក្រូស្កុប។ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន Karolinska លោក Nicola Crosetto ក៏បានបន្ថែមថា “CUTseq នឹងផ្ដល់ការរំពឹងទុកខ្ពស់សម្រាប់វិធីសាស្រ្តធ្វើរោគវិនិច្ឆ័យលើដុំមហារីក ជាពិសេសជំងឺមហារីកប្រភេទកាចដើម្បីស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ”។ ឯកសារយោង៖ https://www.sciencedaily.com/releases/2019/10/191018080615.htm https://www.scilifelab.se/news/new-method-facilitates-identification-of-aggressive-tumors/ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សារធាតុរំអិលដែលជាស្លេស្ម ឬសម្បោរ តែងកើតមានឡើងនៅរាល់ពេលផ្លូវដង្ហើមរបស់កូនតូចមានការចម្លងរោគ។ បើទោះបីស្លេស្មទាំងនោះអាចជួយទប់ទល់ និងចាប់មេរោគដែលបង្កនោះចេញមកក្រៅ ប៉ុន្តែវាបានផ្ដល់ភាពរំខានដល់ដំណកដង្ហើម និងប៉ះពាល់ដល់ការគេងរបស់ពួកគាត់ទៅវិញ។ ដោយហេតុថាទារក ឬក្មេងតូចៗមិនអាចខ្ជាក់ស្លេស្មដោយខ្លួនឯងនោះទើបទាមទារឲ្យយើងជាឪពុកម្តាយជួយយកស្លេស្ម ឬសម្បោរទាំងនោះចេញ។ ជាក់ស្តែងការបឺតស្លេស្ម ក៏ត្រូវមានដំណាក់កាលក្នុងការអនុវត្តរួមជាមួយសម្ភារមួយចំនួនដែលលោកអ្នកអាចស្វែងយល់បានតាមរយៈអត្ថបទខាងក្រោម៖ អំពីការបឺតស្លេស្ម ឬសម្បោរ ការបឺតសម្បោរ គឺជាការយកសារធាតុរាវ ឬសម្បោរចេញពីក្នុងច្រមុះ មាត់ បំពង់ក ដោយប្រើនូវឧបករណ៍មួយដែលមានឈ្មោះថា Bulb syringe (ស៊ឺរ៉ាំងដែលមានក្បាលជាអំពូលជ័រ) ឬកាតេទែសម្រាប់បឺត (បំពង់ជ័រស្តើងដែលអាចបត់បែនបាន)។ ការបឺតសម្បោរគួរតែត្រូវធ្វើមុនញ៉ាំអាហារដើម្បីឲ្យគាត់ដកដង្ហើមបានស្រួល និងញ៉ាំអាហារបានច្រើន។ កាតេទែបឺតស្លេស្ម ភាគច្រើនត្រូវបានប្រើដោយវេជ្ជបណ្ឌិត គិលានុបដ្ឋាក និងអ្នកជំនាញព្យាបាលដោយចលនាព្រោះវាទាមទារម៉ាស៊ីន និងជំនាញក្នុងការប្រើប្រាស់។ សម្រាប់ Bulb syringe វិញ ឪពុកម្តាយ និងអាណាព្យាបាលរួមទាំងបុគ្គលិកសុខាភិបាលសុទ្ធតែអាចប្រើបាន។ ពេលណាអ្នកគួរបឺតសម្បោរឲ្យកូនអ្នក ការតឹងច្រមុះបណ្តាលមកពីសម្បោរច្រើន អាចធ្វើឲ្យកូនតូចពិបាកក្នុងការដកដង្ហើម ធ្វើឲ្យគាត់មួម៉ៅ ជាពិសេសពេលគាត់គេង និងញ៉ាំអាហារ។ ដូច្នេះអ្នកគួរបឺតសម្បោរឲ្យគាត់នៅពេល៖ • ក្មេងតូចដែលមិនអាចក្អកបញ្ចេញស្លេស្មមកក្រៅបាន • សំឡេងក្រតៗនៃសម្បោរ • ពិបាកដកដង្ហើម • ទារកឡើងស្វាយនៅជុំវិញភ្នែក មាត់ ក្រចកដៃ ក្រចកជើង • កូនអ្នកហាក់ដូចជារញ៉ាំរញ៉ូវ ឬយំមិនឈប់ទោះជាលួងយ៉ាងណាក៏ដោយ • ដកដង្ហើមញាប់ ឬបេះដូងដើរញាប់ • ស្លាបច្រមុះបើកធំពេលដកដង្ហើមចូល • ស្បែកនៅទ្រូង ក ចន្លោះឆ្អឹងជំនីររបស់គាត់ផតចូលពេលដកដង្ហើមម្តងៗ។ របៀបនៃការបឺតសម្បោរ សម្ភាររៀបចំក្នុងការបឺតសម្បោរមានដូចជា៖ សេរ៉ូមប្រៃ Bulb syringe ក្រណាត់ ឬក្រដាសទន់ ដែលរបៀបនៃការបឺតស្លេស្មមានដំណាក់កាលដូចខាងក្រោម៖ ១. ត្រូវច្របាច់ខ្យល់ឲ្យអស់ពីអំពូលជ័រ “Bulb syringe” និងនៅច្របាច់ជាប់ ២. ដាក់ផ្នែកខាងចុងរបស់វាចូលក្នុងច្រមុះទារក ៣. ប្រលែងដៃច្របាច់អំពូលចេញឲ្យខ្យល់ធាក់ចូលដែលនេះធ្វើឲ្យសម្បោរចេញពីច្រមុះចូលក្នុងអំពូលជ័រ ៤. ច្របាច់សម្បោរចេញដាក់លើក្រដាស ៥. បឺតម្ខាងទៀតដោយធ្វើដូចគ្នា ៦. បើសិនសម្បោរខាប់ពេក អាចពង្រាវជាមួយសេរ៉ូមប្រៃដោយបន្តក់សេរ៉ូមប្រៃខ្លះចូលច្រមុះគាត់ ៧. ជូតសម្បោរដែលប្រឡាក់លើច្រមុះទារកឲ្យបានស្អាត ចៀសវាងរលាកស្បែកនៅបរិវេណនោះ ៨. ក្នុងការបឺតសម្បោរ អាចធ្វើបានយ៉ាងច្រើនត្រឹម ៤ដងប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីការពារការរលាកច្រមុះ។ ក្រោយបឺតសម្បោរហើយ ត្រូវលាង Bulb syringe ឲ្យបានស្អាតជាមួយទឹកក្តៅឧណ្ហៗលាយជាមួយសាប៊ូ។ អង្រួន ឬក្រឡុក bulb បន្ទាប់មកច្របាច់ bulb ឲ្យច្រើនដងក្នុងទឹកសាប៊ូដើម្បីឲ្យសម្បោរដែលនៅសល់ចេញឲ្យអស់។ ចុងក្រោយលាងជាមួយទឹកស្អាត ២ទៅ៣ដងជាការស្រេច។ បញ្ហាដែលអាចកើតមានពេលបឺតស្លេស្ម • បឺតខ្លាំងពេកអាចធ្វើឲ្យច្រមុះរបស់គាត់ហើម ឬហូរឈាមតិចតួច ដោយអ្នកអាចយកសំឡីខ្ទប់ • បើបឺតសម្បោរ ៣០នាទីក្រោយញ៉ាំអាហារ នោះកូនតូចរបស់អ្នកអាចក្អួត • ការបឺតសម្បោរអាចធ្វើឲ្យកូនលោកអ្នកមានអារម្មណ៍ស្រេ្តស ប៉ុន្តែអាការៈនោះអាចបាត់ទៅវិញបន្ទាប់ពីរយៈពេល ២ ទៅ៣នាទី នៅពេលដែលសម្បោរត្រូវបានបឺតចេញ និងបានសម្រួលដល់ការដកដង្ហើមឡើងវិញ។   សញ្ញាដែលត្រូវស្វែងរកជំនួយពីវេជ្ជបណ្ឌិត • ក្មេងក្អកមកមានឈាមស្រស់ • សម្បោរមានលាយឡំទៅដោយឈាម • ក្រោយបឺតសម្បោរហើយ មានឈាមហូរមិនឈប់ • នៅតែពិបាកដកដង្ហើម បើទោះបីជាបឺតសម្បោរហើយក៏ដោយ • សម្បោរកាន់តែច្រើន • សម្បោរប្តូរពណ៌ • សម្បោរកាន់តែខាប់ទៅៗ បើទោះជាយើងបានបន្តក់សេរ៉ូមប្រៃចូលច្រមុះគាត់ហើយក៏ដោយ • ក្តៅខ្លួន (កម្តៅរាងកាយលើសឬស្មើ ៣៨អង្សា) • បបូរមាត់ ឬក្រចកប្តូរពណ៌ទៅជាក្រម៉ៅ។ សម្បោរ និងការតឹងច្រមុះអាចជាទៅវិញដោយឯកឯងក្នុងអំឡុងពេល៤ ទៅ៥ថ្ងៃព្រោះថាភាគច្រើនវាបង្កដោយមេរោគផ្តាសាយ។ បើពួកគាត់អាចលេងធម្មតា ញ៉ាំធម្មតា ផឹកធម្មតា នោះអាចបន្តការព្យាបាល និងតាមដាននៅផ្ទះបាន។ បើក្មេងអាយុក្រោម៦ខែ អាចឲ្យគាត់បៅដោះឲ្យបានច្រើន ហើយបើលើសពី៦ខែ អាចឲ្យគាត់ផឹកទឹក ឬទឹកផ្លែឈើឲ្យបានច្រើន ព្រោះវាអាចធ្វើឲ្យស្លេស្ម ឬសម្បោររបស់គាត់ទន់ និងងាយធ្លាក់ចេញមកក្រៅបាន។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺបម្រែបម្រួលសម្ពាធក្នុងត្រចៀក ពាក្យបច្ចេកទេសហៅថា Ear barotrauma គឺជាការបម្រែបម្រួលរវាងសម្ពាធមជ្ឈដ្ឋានខាងក្រៅត្រចៀកជាមួយសម្ពាធមជ្ឈដ្ឋានខាងក្នុងត្រចៀក។ ជាក់ស្តែង នាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ជំងឺនេះមានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់ចំពោះអ្នកដែលនាំភ្ញៀវទេសចរ កីឡាករហែលទឹក និងអ្នកធ្វើការនៅលើយន្តហោះពិសេសអ្នកដែលធ្វើការនៅកន្លែងខ្ពស់។ មូលហេតុបង្ក និងកត្តាប្រឈម មូលហេតុចម្បងភាគច្រើននៃការឈឺត្រចៀក (Ear barotrauma) គឺបង្កពីការរលាក ឬស្ទះ និងមានបញ្ហាទៅលើបំពង់ Eustachian tube ដែលវាស្ថិតនៅផ្នែកខាងក្រោយក្រអូមមាត់ ពេលណាដែលវារលាកនោះទើបបង្កឲ្យមានជំងឺ Ear barotrauma កើតឡើង។ ដោយឡែក បុគ្គលដែលងាយប្រឈមនឹងបញ្ហាគឺអ្នកជ្រមុជទឹក ឬលិបទឹកដែលមានជម្រៅជ្រៅលើសពី ២ម៉ែត្រ អ្នកជំងឺអាល្លែកហ្ស៊ីច្រមុះ អ្នកជំងឺរីកសាច់ច្រមុះ អ្នកជំងឺដុះសាច់បំពង់ក ឬរលាកបំពង់កផ្នែកខាងក្រោយញឹកញាប់ អ្នកឧស្សាហ៍ផ្តាសាយ និងបុគ្គលដែលធ្វើការនៅកន្លែងខ្ពស់ដូចជាអ្នកបម្រើការលើយន្តហោះជាដើម។ ជំងឺនេះត្រូវបានបែងចែកជា ៥កម្រិតរួមមាន៖ • កម្រិត ១៖ ជុំវិញក្រដាសត្រចៀកចាប់ផ្តើមរលាក និងមានលក្ខណៈក្រហម • កម្រិត ២៖ ក្រដាសត្រចៀកទាំងមូលចាប់ផ្តើមរលាក និងក្រហម • កម្រិត ៣៖ ក្រដាសត្រចៀកចាប់ផ្តើមប៉ោង ឬផតចូលក្នុង • កម្រិត ៤៖ ផ្នែកខាងក្រោយក្រដាសត្រចៀកមានឈាម និងមានការឈឺចាប់ខ្លាំង • កម្រិត ៥៖ ក្រដាសត្រចៀករហែក ឬធ្លាយ  ពិសេសមានការឈឺចាប់ខ្លាំង។ រោគសញ្ញា ជំងឺនេះអាចមានអាការៈឈឺចាប់ខ្លាំងក្នុងត្រចៀកហើយបណ្តាលឲ្យធ្ងន់ត្រចៀក ហ៊ឹងត្រចៀក ហូរឈាមតាមត្រចៀក  និងវិលមុខតែម្តង។ ការធ្វើរោគវិនិច្ឆ័យ ជាដំបូងគ្រូពេទ្យនឹងធ្វើការពិនិត្យលើសញ្ញាគ្លីនិកដោយធ្វើការសាកសួរលម្អិតពីប្រវត្តិការងារ ឬប្រវត្តិជំងឺបន្ទាប់មកអ្នកជំងឺនឹងតម្រូវឲ្យធ្វើរោគវិនិច្ឆ័យដោយប្រើ Otoscope ឆ្លុះចូលក្នុងរន្ធត្រចៀកដើម្បីឲ្យដឹងពីកម្រិតនៃជំងឺ Ear barotrauma និងសភាពក្រដាសត្រចៀក។ វិធីសាស្រ្តព្យាបាល ការព្យាបាលធ្វើឡើងបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ ពិសេសការព្យាបាលទៅតាមកម្រិតនៃការប៉ះពាល់នីមួយៗ។ ប្រសិនបើជំងឺនេះស្ថិតនៅកម្រិតទី៥ ក្រដាសត្រចៀកធ្លាយ នោះការព្យាបាលគឺធ្វើដោយផ្ទាល់នៅក្នុងត្រចៀក ករណីនេះផងដែរ អ្នកជំងឺនឹងត្រូវព្យាបាលដោយការប្រើប្រាស់ថ្នាំ រួមផ្សំជាមួយការប្រើថ្នាំបន្តក់អង់ទីប៊ីយ៉ូទិកដើម្បីការពារកុំឲ្យឆ្លងមេរោគ។ ប្រសិនបើអ្នកជំងឺពុំទទួលបានការព្យាបាលទាន់ពេលវេលា ឬព្យាបាលមិនបានត្រឹមត្រូវនោះ ផលប៉ះពាល់ធ្ងន់អាចនឹងកើតមានឡើងដូចជា ធ្លាយក្រដាសត្រចៀក  ការស្តាប់មានការថយចុះ និងហ៊ឹងត្រចៀក។ វិធីសាស្រ្តការពារ • ចំពោះអ្នកធ្វើដំណើរ ឬអ្នកធ្វើការនៅលើយន្តហោះត្រូវចេះរបៀបការពារខ្លួន៖ នៅពេលដែលយន្តហោះកំពុងហោះឡើងត្រូវទំពារស្ករកៅស៊ូ ឬយកម្រាមដៃបិទច្រមុះ រួចលេបទឹកមាត់ និងជាពិសេសនៅពេលយន្តហោះចុះត្រូវប្រើ Valsalva maneuver គឺយកម្រាមដៃបិទច្រមុះឲ្យជិត ហើយបិទមាត់និងផ្លុំខ្យល់ម្តងបន្តិចៗរហូតទាល់តែមានខ្យល់រត់ដល់ត្រចៀក។ អនុវត្តបែបនេះឲ្យបានច្រើនដងពេលយន្តហោះចុះ គឺអាចការពារពីជំងឺ Ear barotrauma បាន។ • ចំពោះអ្នកដែលនាំភ្ញៀវទេសចរងូតទឹក ឬអ្នកកីឡាហែលទឹកត្រូវការពារខ្លួនកុំឲ្យត្រចៀកប៉ះផ្ទាល់ជាមួយទឹក ដោយប្រើឧបករណ៍បិទត្រចៀក ឬយកដៃខ្ទប់ច្រមុះ ហើយលោតបែរខ្នងទៅមុន ឬអ្នកដែលលិបទឹកក្នុងជម្រៅជ្រៅគឺត្រូវប្រើ Valsalva maneuver  ដូចគ្នាដែរ តែធ្វើនៅពេលកំពុងលិបចូលទៅទីជ្រៅ។ ប្រសិនបើអ្នកមាននូវអាការៈដូចដែលបានរៀបរាប់ខាងលើ អ្នកត្រូវមកប្រឹក្សា និងពិនិត្យសុខភាពឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យជំនាញ ត្រចៀក ច្រមុះ និងបំពង់កដើម្បីទទួលបានការព្យាបាលមួយត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព ចំណាយថវិកាតិច និងជាសះស្បើយ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត សុខ ដាលី ឯកទេសត្រចៀក ច្រមុះ និងបំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួង អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការព្យាបាលជំងឺតាមបែបបុរាណនៅប្រទេសកម្ពុជាត្រូវបានអនុវត្តធ្វើឡើងតាំងពីសម័យអង្គរ ហើយវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយរហូតមកដល់បច្ចុប្បន្ននេះ។ ជារឿយៗ វាត្រូវបានអនុវត្តដោយគ្រូឱសថបុរាណដែលគេហៅថា “គ្រូខ្មែរ” ដែលតែងតែជាអ្នកដែលត្រូវបានគេស្គាល់នៅក្នុងសង្គម។ ការអនុវត្តការព្យាបាលបែបបុរាណនៅតែជាការពេញនិយមសម្រាប់ប្រជាជន ដែលរស់នៅក្នុងតំបន់ជនបទ។ ទោះបីជាយ៉ាងណាក៏ដោយការចងក្រងឯកសារអំពីការអនុវត្តការព្យាបាលទាំងនេះគឺមិនទាន់ បានរៀបចំបានត្រឹមត្រូវនោះទេ។ ការស្រាវជ្រាវនេះ មានគោលបំណងក្នុងការធ្វើការអង្កេតលើម៉ូដែលការព្យាបាលជំងឺបែបបុរាណដែលត្រូវបានអនុវត្តដោយគ្រូឱសថបុរាណ នៅខេត្តកោះកុង ប្រទេសកម្ពុជា។ ក្នុងអំឡុងខែមេសា ឆ្នាំ២០១៨ គ្រូឱសថបុរាណចំនួន ៤ រូប ដែលរស់នៅក្នុងខេត្តកោះកុង ត្រូវបានធ្វើការសម្ភាសបែបស៊ីជម្រៅទៅលើ ៤ ចំណុច ដែលរួមមាន ការអង្កេតអំពីប្រភេទខុសៗគ្នានៃការអនុវត្តការព្យាបាលជំងឺបែបបុរាណ ការយល់ដឹងរបស់សហគមន៍ វិធីនៃការអនុវត្ត និងបទដ្ឋានសង្គម ដែលពាក់ព័ន្ធនឹងការអនុវត្តការព្យាបាលជំងឺបែបបុរាណ។ បច្ចេកទេសនៃការជ្រើសរើសគ្រូឱសថបុរាណត្រូវបានធ្វើឡើងដោយសំណាកបែប Snowball សម្រាប់ការស្រាវជ្រាវនេះ។ បច្ចេកទេសនៃការជ្រើសរើសគ្រូសំណាកបែប Snowball នេះ គឺតែងតែត្រូវបានគេយកមកអនុវត្តនៅក្នុងការសិក្សាស្រាវជ្រាវបែបគុណភាព ក្នុងការធ្វើការជ្រើសប្រភេទសំណាកអ្នកចូលរួមណាដែលមានការលំបាកក្នុងការស្វែងរក។ បន្ទាប់ពីបានប្រមូលទិន្នន័យរួចហើយតាមរយៈការសម្ភាស ដោយប្រើសំណួរបែបសំណួរបើក និងការថតចម្លងទុកទិន្នន័យត្រូវបានរៀបចំឡើងវិញ និងចែកចំណាត់ថ្នាក់តាមវិធីសាស្ត្រ Theme-wise ជាមួយនឹងសម្រង់ឃ្លាប្រយោគដែលពាក់ព័ន្ធ។ បន្ទាប់មកយើងធ្វើការកំណត់លេខកូដ ដោយផ្អែកលើគោលបំណងនៃការស្រាវជ្រាវ។ គោលគំនិតណាដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាត្រូវបានបញ្ចូលទៅក្នុង Sub-theme ឬ Theme ជាមួយគ្នាបន្ទាប់មក លេខកូដចំពោះ Theme នីមួយៗត្រូវបានកំណត់។ បន្ទាប់ពីធ្វើការដាក់លេខកូដរួចហើយ ទិន្នន័យទាំងនោះត្រូវបានបកប្រែទៅជាភាសាអង់គ្លេស ហើយធ្វើការវិភាគបែប Thematic analysis។ លទ្ធផលនៃការសិក្សាបានបង្ហាញថាគ្រូឱសថបុរាណធ្វើការអនុវត្តការព្យាបាលជំងឺតាមម៉ូដែលអសាសនា និងម៉ូដែលសាសនា។ គ្រូឱសថបុរាណអនុវត្តការព្យាបាលជំងឺឲ្យអ្នកជំងឺនៅក្នុងគេហដ្ឋានរបស់ខ្លួន។ ការព្យាបាលជំងឺដោយបាលីភ្ជាប់ជាមួយនឹងការប្រើប្រាស់រុក្ខជាតិឱសថត្រូវបានអនុវត្តយ៉ាងទំលំទូលាយ។ គ្រូឱសថបុរាណធ្វើការសូត្របាលីទៅតាមសៀវភៅគម្ពីរនៅក្នុងដំណើរការនៃការព្យាបាល ដោយទាមទារយ៉ាងខ្លាំងនូវជំនឿ ឬការជឿរបស់អ្នកជំងឺ ដើម្បីឲ្យការព្យាបាលមានប្រសិទ្ធភាព។ គ្រូឱសថបុរាណពេលខ្លះ គាត់ធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺតាមរយៈការធ្វើការទំនាក់ទំនងជាមួយដួងព្រលឹងស័ក្តិសិទ្ធិ។ ការព្យាបាលជំងឺរបស់អ្នកជំងឺនៅតាមគេហដ្ឋានផ្អែកលើបទពិសោធន៍រយៈពេលយូររបស់គ្រូឱសថបុរាណ ក្នុងការព្យាបាលជំងឺ ជាមួយនឹងការប្រើប្រាស់រុក្ខជាតិឱសថនៅក្នុងតំបន់។ តម្លៃនៃការព្យាបាលជំងឺគឺអាស្រ័យលើស្ថានភាពជំងឺ។ សរុបរួម ការព្យាបាលជំងឺតាមបែបបុរាណគឺត្រូវបានអនុវត្តជាទូទៅសម្រាប់ការថែទាំសុខភាពជាបឋមនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា ជាពិសេសនៅក្នុងចំណោមប្រជាជនដែលមានកម្រិតជីវភាពទាប។ ការអង្កេតទៅលើម៉ូដែលនៃការព្យាបាលជំងឺបែបបុរាណគួរតែត្រូវបានបន្តធ្វើ ដើម្បីឲ្យយល់អំពីយន្តការនៃការព្យាបាលជំងឺឲ្យកាន់តែស៊ីជម្រៅជាងនេះ។ អ្នកនិពន្ធដែលជានិស្សិត និងសាស្ត្រាចារ្យមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ ប្រទេសកម្ពុជា៖ កែវ សំអែល ពា ពិដោរ នី ច័ន្ទសីហា សឿន សុវណ្ណនេត្រ តាន់ គីមចេង លី មល្លិកា ជា ស៊ីន  អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ចំពោះអ្នកជំងឺដែលបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីក អាចប្រឈមនឹងអាការៈអស់កម្លាំង បាត់បង់ចំណង់អាហារ ស្រកទម្ងន់ ការផ្លាស់ប្តូររសជាតិ ចង្អោរ ដំបៅមាត់ ឬបំពង់ក និងពិបាកដកដង្ហើមជាដើម។ ជាក់ស្ដែង របបអាហារ និងការរក្សាទម្ងន់នឹងជួយអ្នកជំងឺមហារីកឲ្យរក្សាបាននូវថាមពល និងកម្លាំង ហើយវាថែមទាំងជួយដល់ការព្យាបាលមហារីករបស់ពួកគេឲ្យកាន់តែល្អប្រសើរឡើងផងដែរ។ សំណួរ៖ តើគួរគ្រប់គ្រងបញ្ហាមួយចំនួនដែលកើតមានឡើងអំឡុងពេលព្យាបាលមហារីកដោយរបៀបណា? ចម្លើយ៖ ការគ្រប់គ្រង និងដំណោះស្រាយអាចមានផ្សេងៗគ្នាទៅតាមបញ្ហាដែលកើតមានដូចជា៖ ១. ការថយចុះចំណង់អាហារ • គួរទទួលទានអាហារតិចៗឲ្យបានញឹកញាប់ និងអាហារសម្រន់ដែលសម្បូរដោយកាល់ឡូរី និងប្រូតេអុីនខ្ពស់។ • ធ្វើឲ្យរាល់អាហារដែលអ្នកញ៉ាំអាចរាប់បាន ដោយត្រូវកាត់បន្ថយអាហារមានកាល់ឡូរីទាប និងជាតិទឹក ឧទាហរណ៍ អ្នកអាចញ៉ាំស៊ុបប្រភេទក្រែម ជំនួសប្រភេទស៊ុបជាទឹកធម្មតា។ • ទទួលទាននៅពេលអ្នកឃ្លានខ្លាំង៖ ប្រសិនអ្នកមានថាមពលច្រើន និងឃ្លានខ្លាំងនៅពេលព្រឹកអ្នកគួរញ៉ាំអាហារពេលព្រឹកឲ្យបានច្រើន ហើយអាចទទួលទានអាហារបន្ទាប់បន្សំ និងអាហារសម្រន់បន្តឲ្យបានពេញមួយថ្ងៃ។ ២. អស់កម្លាំង (ចុះខ្សោយ) • ជ្រើសរើសអាហារងាយៗដូចជា អាហារក្លាសេ ឬអាហារស្រាប់ដើម្បីជួយឲ្យការរៀបចំអាហារកាន់តែងាយស្រួល និងធ្វើឲ្យអ្នកមានថាមពលក្នុងការញ៉ាំ។ • ទុកឲ្យគ្រួសារ ឬមិត្តភក្តិជួយធ្វើអាហារដែលអ្នកចូលចិត្ត ឬចេញទៅញ៉ាំនៅខាងក្រៅ និងត្រូវកុម៉្មង់តិច ឬតែពាក់កណ្តាល។ • ជ្រើសរើសប្រភេទអាហារទន់ៗ ឬមានជាតិទឹកដែលតម្រូវឲ្យប្រើកម្លាំងតិចក្នុងការទំពារ ឬលេប។ ៣. ការផ្លាស់ប្តូររសជាតិ • ព្យាយាមលាងសម្អាតមាត់របស់អ្នកជាមួយនឹងម្សៅសូដា និងទឹក (១/៤ស្លាបព្រាក្នុងទឹកមួយពែង) មុនពេលទទួលទានអាហារ។ • សាកល្បងភ្លក់អាហារដែលមានរសជាតិស្រាលៗដូចជា ល្បាយដំឡូងបារាំង (mashed potatoes) នំបុ័ង និងប័រ បង្អែមមានក្រែមច្រើន (pudding) ធញ្ញជាតិប្រភេទក្តៅ (hot cereals) បាយ ផាស្តា ឬគុយទាវ និងទឹកដោះគោ។ • សាកល្បងប្រឡាក់សាច់ជាមួយទឹកស៊ីអុីវ ឬទឹកផ្លែឈើផ្អែម។ • ប្រសិនអ្នកជក់បារី សូមបញ្ឈប់ការជក់ នោះវានឹងធ្វើឲ្យរសជាតិអាហាររបស់អ្នកកាន់តែប្រសើរ និងអាចជួយឲ្យឡើងគីឡូ រួមទាំងអនុគ្រោះដល់ការព្យាបាលឲ្យបានកាន់តែល្អ។ ៤. ពិបាកទំពារ ឬលេប • ចៀសវាងអាហារដែលមានជាតិអាស៊ីត ក្តៅពេក ឬត្រជាក់ពេក ហឹរពេករឹង ឬស្ងួតពេក។ • សម្រាប់អ្នកមានដំបៅមាត់ អាចជ្រើសរើសអាហារទន់ មានជាតិក្រែមដូចជា ស៊ុបប្រភេទក្រែម (cream soups) បង្អែមធ្វើពីទឹកដោះគោ និងស៊ុត (custard) បង្អែមមានក្រែមច្រើន (pudding) បង្អែមតៅហ៊ូ ទឹកដោះគោក្រឡុក និងធញ្ញជាតិប្រភេទក្តៅ (hot cereals)។ • លេបថ្នាំបំបាត់ការឈឺចាប់មុនពេលទទួលទានអាហារ តាមវេជ្ជបញ្ជាគ្រូពេទ្យរបស់អ្នក។ • សម្រាប់អ្នកមាត់ស្ងួត អាចញ៉ាំអាហារទន់ និងមានជាតិទឹកដូចជា សាំងវិចដែលមានសម្បកនំបុ័ង និងគ្រឿងផ្សំទន់ៗ ផាស្តាជាមួយទឹកជ្រលក់សម្ល ស៊ុតចៀន សាឡាដប៉េងប៉ោះ ឈីសពណ៌សធ្វើពីទឹកដោះគោ  សាឡាដផ្លែឈើនិងនំបុ័ងអាំងបែបបារាំង។ • ញ៉ាំទឹកពី ៨-១០ កែវជារៀងរាល់ថ្ងៃ ហើយកាត់បន្ថយការទទួលទានកាហ្វេ តែ និងភេសជ្ជៈកូកាព្រោះវាធ្វើឲ្យកាន់តែស្ងួត។ ៥. ចង្អោរ • ទទួលទានជាតិទឹកតិចៗឲ្យបានញឹកញាប់ជាប្រចាំថ្ងៃ ក្នុងកម្រិត ៨-១០ កែវជារៀងរាល់ថ្ងៃហើយជម្រើសដ៏ល្អគឺ ភេសជ្ជៈដែលមានជាតិខ្ញី ទឹកស៊ុប ឬការ៉េមផ្លែឈើ។ • ញ៉ាំអាហារប្រភេទម្សៅស្ងួតរាល់ ១-២ម៉ោងម្តងតាមដែលអាចទៅរួច ដោយអ្នកអាចសាកល្បងនំស្រួយ នំបុ័ងអាំង នំបុ័ងដុត ធញ្ញជាតិបែបស្ងួត បាយ ឬដូណាត់។ • លេបថ្នាំបំបាត់អាការៈចង្អោរតាមវេជ្ជបញ្ជាគ្រូពេទ្យ។ អនុវត្តតាមការណែនាំខាងលើ នោះអ្នកនឹងមានអារម្មណ៍កាន់តែប្រសើរ! បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកកុមារនៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

រាងកាយ ជាចាំបាច់ត្រូវការវីតាមីនជាច្រើនប្រភេទសម្រាប់ការទ្រទ្រង់ និងលូតលាស់។ ជាក់ស្ដែងវីតាមីនទាំងនោះមួយផ្នែកមានសមត្ថភាពផលិតដោយខ្លួនឯងនៅក្នុងរាងកាយ ចំណែកមួយផ្នែកទៀតទាមទារយកពីខាងក្រៅតាមរយៈចំណីអាហារ។ តួយ៉ាង វីតាមីន C គឺជាប្រភេទវីតាមីនម៉្យាងដែលសម្បូរនៅក្នុងប្រភេទអាហារដូចជាផ្លែក្រូច ប៊ឺរី ដំឡូង ប៉េងប៉ោះ បន្លែ ឬស្ពៃស្រស់ៗជាច្រើន ដែលគួរទទួលទានឲ្យបានជាប្រចាំ។ បន្ថែមពីវត្តមាននៅក្នុងរបបអាហារខាងលើ វីតាមីនប្រភេទនេះ ក៏ត្រូវបានផលិតឡើងជាឱសថបំប៉ន ក្រោមទម្រង់ជាថ្នាំគ្រាប់ ឬទំពារ ដើម្បីបំពេញភាពខ្វះខាតណាមួយទៅតាមបុគ្គលម្នាក់ៗផងដែរ។ លក្ខណៈឱសថ វីតាមីន C ឬអាស៊ីតអាស្កូប៊ិច ជាសារធាតុបំប៉នដែលមានសុវត្ថិភាព និងប្រសិទ្ធភាពមួយ ដែលមិនត្រឹមតែប្រើប្រាស់សម្រាប់ជាជំនួយនៅពេលមានជំងឺផ្ដាសាយប៉ុណ្ណោះទេ វាក៏ជាវីតាមីនម៉្យាងដែលចាំបាច់សម្រាប់ការលូតលាស់ និងមុខងាររបស់សារពាង្គកាយ ក៏ដូចជាថែរក្សាដំណើរការរបស់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយទៀតផង។ បន្ថែមពីនោះ វាក៏ត្រូវបានសង្កេតឃើញឲ្យប្រើប្រាស់ក្នុងករណីជំងឺមួយចំនួនដូចជា៖ • ជំងឺសរសៃឈាមបេះដូង • បញ្ហាសុខភាពអំឡុងពេលពពោះ • សុខភាពភ្នែក • ភាពជ្រីវជ្រួញនៃស្បែក ជាដើម។ ដោយឡែក ក្នុងករណីកង្វះវីតាមីន C ក្នុងរាងកាយអាចធ្វើឲ្យប្រឈមទៅនឹងបញ្ហាសុខភាពធ្ងន់ធ្ងរឈ្មោះថា Scurvy ដែលបង្ហាញចេញជារោគសញ្ញាដូចជាចុះខ្សោយ ស្លេកស្លាំង ស្នាមជាំលើស្បែក ឬការហូរឈាមនៅនឹងអញ្ចាញជាដើម។ របៀប និងកម្រិតប្រើប្រាស់ គួរប្រើប្រាស់ឱសថតាមការណែនាំពីសំណាក់វេជ្ជបណ្ឌិតជំនាញ ដោយកម្រិតជាទូទៅសម្រាប់មនុស្សពេញវ័យគឺបុរស ៩០មិល្លីក្រាម និងស្រ្តី ៧៥ មិល្លីក្រាមក្នុងមួយថ្ងៃ។ ដោយឡែក ចំពោះស្រ្តីមានផ្ទៃពោះត្រូវទទួលទានវីតាមីន C ក្នុងកម្រិត ១២០មិល្លីក្រាម និង១៣០មិល្លីក្រាមសម្រាប់ស្រ្តីកំពុងបំបៅដោះកូន។ ផលរំខានឱសថ ផលរំខានរបស់វីតាមីន C អាចកើតមាន ឬប្រែប្រួលទៅតាមកម្រិតនៃការប្រើប្រាស់ថ្នាំ។ ក្នុងករណីនេះដែរក៏អាចបណ្តាលឲ្យអ្នកជំងឺមួយចំនួនមានអាការៈធីងធោង ងងុយគេង រាក ក្អួតចង្អោរ ឈឺក្បាល និងចង្វាក់បេះដូងលោតមិនទៀងទាត់ ឬញាប់។ល។ ប៉ុន្តែប្រសិនអាការៈខាងលើនៅតែបន្តស្តែងចេញ និងមានលេចចេញនូវរោគសញ្ញាដទៃទៀត អ្នកត្រូវប្រឹក្សាជាមួយអ្នកជំនាញជាបន្ទាន់។ លើសពីនេះប្រសិនបើអ្នកជំងឺប្រើប្រាស់ឱសថនេះច្រើនលើសពី ២០០០មិល្លីក្រាមក្នុងមួយថ្ងៃនោះវាអាចបណ្តាលឲ្យមានការប្រឈមនឹងបញ្ហាក្រួសក្នុងតម្រងនោម និងជំងឺតម្រងនោមផ្សេងៗទៀត។ អន្តរកម្មឱសថ ការប្រើប្រាស់ឱសថច្រើនក្នុងពេលតែមួយ អាចបង្កើនឬបន្ថយប្រសិទ្ធភាពឱសថ និងបង្កើនហានិភ័យនៃផលរំខានរបស់ឱសថណាមួយ។ ជាក់ស្តែងវីតាមីន C ត្រូវបានណែនាំឲ្យប្រើប្រាស់ដាច់ដោយឡែកពីឱសថមួយចំនួនដូចជា៖ • អាលុយមីញ៉ូម • ការព្យាបាលដោយប្រើគីមី • ឱសថពពួកអឺស្រ្តូហ្សែន (Estrogen) • ឱសថក្នុងក្រុម Protease inhibitors • ឱសថ Statins និង Niacin • ឱសថក្នុងក្រុម Warfarin ៖ដូចជាឱសថ Coumadin និង Jantoven។ ដើម្បីចៀសវាងហានិភ័យ និងផលរំខានដែលកើតមានពីអន្តរកម្មឱសថ អ្នកគួរពិគ្រោះយោបល់ ឬប្រាប់ទៅកាន់វេជ្ជបណ្ឌិតក្នុងករណីអ្នកកំពុងប្រើប្រាស់ឱសថផ្សេងទៀត មុននឹងសម្រេចចិត្តប្រើប្រាស់ឱសថនេះ។ បម្រុងប្រយ័ត្ន ការប្រើប្រាស់វីតាមីន C ក៏ទាមទារនូវការប្រុងប្រយ័ត្នផងដែរក្នុងករណី៖ • ចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះ អាចប្រើប្រាស់តែក្នុងករណីចាំបាច់ និងស្ថិតក្នុងកម្រិតមួយច្បាស់លាស់មិនឲ្យលើសពី ២០០០ មិល្លីក្រាម ក្នុងមួយថ្ងៃ ពិសេសត្រូវស្ថិតក្រោមការអនុញ្ញាតពីគ្រូពេទ្យជាមុនសិន • អ្នកជំងឺទឹកនោមផ្អែម  ជំងឺភ្លេចភ្លាំង ជំងឺមហារីក បញ្ហាបេះដូង (គាំងបេះដូង ចុកទ្រូង ឬខ្សោយបេះដូង) សម្ពាធឈាមឡើងខ្ពស់ និងបញ្ហាតម្រងនោមសុទ្ធតែទាមទារការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញ ឬឱសថការីមុនសម្រេចចិត្តប្រើប្រាស់ឱសថនេះ • វីតាមីន C អាចបាត់បង់ប្រសិទ្ធភាពក្នុងករណីប្រើប្រាស់សារធាតុអាល់កុល និងសារធាតុញៀនស្របពេលជាមួយគ្នា។ គួរបញ្ជាក់ផងដែរសម្រាប់ វីតាមីន C ដែលកំពុងពេញនិយម និងត្រូវបានណែនាំឲ្យប្រើប្រាស់យ៉ាងច្រើន នោះមានឈ្មោះដូចជា៖ Laroscorbine effervescent, Vitascorbol effervescent និង Nat C ជាដើម។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

គ្រេច ឬថ្លោះក អាចជាការឈឺចាប់បែបសាមញ្ញ និងកើតឡើងនៅទីតាំងជាក់លាក់ ហើយភាគច្រើនតែងបាត់ទៅវិញដោយខ្លួនឯង។ យ៉ាងណាមិញអ្នកក៏គួរដឹងពីគន្លឹះមួយចំនួនសម្រាប់ណែនាំដល់អ្នកដែលត្រូវការជំនួយដើម្បីអាចសម្រាលអាការៈឈឺចាប់នោះឲ្យបានកាន់តែឆាប់រហ័ស។ អ្វីគួរដឹង? អាការៈគ្រេច ឬថ្លោះក បណ្តាលមកពីការកន្រ្តាក់នៃសាច់ដុំធំមួយដែលស្ថិតនៅផ្នែកចំហៀងនៃក ហើយតែងកើតមានឡើងក្នុងករណី៖ • នៅពេលព្រឹក និងភ្លាមៗពេលងើបពីដំណេក។ វាជាការឈឺចាប់ធម្មតាដែលបណ្តាលមកពីទីតាំងគេងនៅពេលយប់មិនបានល្អ ឬធ្វើកាយវិការខុសប្រក្រតីណាមួយ • សម្រាប់កុមារ៖ សញ្ញាថ្លោះក អាចជាប់ពាក់ព័ន្ធនឹងជំងឺរលាកត្រចៀក ឬឈឺទ្រូងជាដើម • ប្រសិន ការឈឺចាប់កើតមានជាប្រចាំ និងកាន់តែខ្លាំងឡើងបន្តិចម្ដងៗថែមទាំងមានរួមបញ្ចូលសញ្ញាដូចជា ឈឺក្បាល ឬវិលមុខទៀតនោះ វាអាចជាករណីធ្ងន់ធ្ងរ ឬបញ្ហាសរសៃប្រសាទណាមួយ។ អ្វីគួរធ្វើ? ដើម្បីកាត់បន្ថយការឈឺចាប់បណ្ដាលមកពីអាការៈគ្រេច ឬថ្លោះក អ្នកអាចណែនាំវិធីសាស្រ្តណាមួយដូចខាងក្រោម៖ • ស្អំកន្លែងឈឺចាប់ ដោយប្រើកន្សែងជ្រលក់ទឹកក្ដៅឧណ្ហៗ ឬងូតទឹកក្ដៅឧណ្ហៗ • ប្រើប្រាស់ឱសថប្រភេទជាក្រែមសម្រាប់លាប ដូចជា Décontractyl baume ឬ Algésal suractivé • ឬអាចប្រើប្រាស់ឱសថក្រោមទម្រង់ជាគ្រាប់ រួមមាន៖ - Décontractyl (Synthélabo) ២៥០mg៖ សម្រាប់មនុស្សពេលវ័យ ដោយអាចលេបម្ដង ២ គ្រាប់ បីដងក្នុងមួយថ្ងៃ - Ibuprofène ២០០mg៖ អាចលេបម្ដង២គ្រាប់ បីដងក្នុងមួយថ្ងៃ • ចំពោះឧបករណ៍រុំក អាចផ្ដល់ឲ្យអ្នកជំងឺបានប្រសិនពួកគេទាមទារចង់ប្រើប្រាស់ ប៉ុន្តែមិនអាចធានាបានពីប្រសិទ្ធភាពនោះទេ។ ប្រសិនអាការៈថ្លោះក នៅតែអូសបន្លាយជាប្រចាំ អ្នកគួរណែនាំឲ្យអ្នកជំងឺទៅទទួលការពិនិត្យពីសំណាក់វេជ្ជបណ្ឌិតឯកទេស។ ប្រភពយោង៖ Le vademecum de la Médication officinale អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

នេះជាសំណួរដ៏ពេញនិយមចំពោះសុភាពនារីមួយចំនួនតូច ហើយពេលខ្លះមានអារម្មណ៍ច្រណែនចំពោះសុភាពនារីផ្សេងទៀតដែលមិនធ្លាប់ស្គាល់សោះថាតើការឈឺចាប់នេះមានរសជាតិបែបណា។ ចង់ដឹងថាតើមកពីមូលហេតុអ្វីឲ្យពិតប្រាកដ និងអាចបង្កជាហានិភ័យចំពោះសុខភាពដែរឬទេ? ចម្លើយទាំងនេះមានក្នុងករណីសិក្សារបស់មិត្តអ្នកអានយើងម្នាក់ដែលតែងកើតមានបញ្ហានេះដូចគ្នា៖ សំណួរ៖ នាងខ្ញុំមានអាយុ ២៤ឆ្នាំ កម្ពស់ ១ម៉ែត្រ៥៥ ទម្ងន់៤៥គីឡូក្រាមសព្វថ្ងៃជានិស្សិត។ អំឡុងពេលមករដូវម្តងៗខ្ញុំតែងមានអាការៈចុកពោះខ្លាំង ពិបាកក្នុងការទ្រាំ ពេលខ្លះលេបថ្នាំបំបាត់ការឈឺចាប់តែមិនបាត់ហើយអាការៈបែបនេះកើតឡើងជារៀងរាល់ខែ។ តើអាការៈបែបនេះអាចប៉ះពាល់ទៅថ្ងៃក្រោយដែរឬទេ? បណ្តាលមកពីមូលហេតុអ្វី? មានវិធីការពារដែរឬទេ? ចម្លើយ៖ ភាសាបច្ចេកទេសវេជ្ជសាស្រ្តដែលត្រូវបានប្រើប្រាស់សម្គាល់លក្ខខណ្ឌឈឺចាប់ក្នុងអំឡុងពេលមករដូវនេះគឺ Dysmenorrhea។ មូលហេតុចម្បងដែលបណ្តាលឲ្យមានការឈឺចាប់គឺបណ្តាលមកពីបម្រែបម្រួលសារធាតុម៉្យាងដែលមានលក្ខណៈដូចអ័រម៉ូនឈ្មោះថា prostaglandins ដែលមានតួនាទីក្នុងការកន្រ្តាក់ជញ្ជាំងស្បូន ដើម្បីបង្ហូរកម្រាស់ឈាមរដូវចេញមកក្រៅ។ ប្រសិនបើកម្រិត prostaglandins កើនឡើងខ្ពស់ នោះការឈឺចាប់នឹងកើនឡើងបន្ថែមជាមួយការឈឺរមួលមួយកម្រិតទៀត។ ការឈឺចាប់នេះអាចប្រែប្រួលពីស្រ្តីម្នាក់ទៅស្រ្តីម្នាក់ទៀត ដែលជាទូទៅការឈឺនេះនឹងកាន់តែមានភាពធូរស្រាលនៅពេលស្ត្រីមានវ័យកាន់តែចាស់ ឬបន្ទាប់ពីសម្រាលបុត្ររួច។ តាមពិត មានលក្ខខណ្ឌមួយចំនួនតូចទៀតដែលអាចបណ្តាលឲ្យមានការឈឺចាប់នេះផងដែរ ដែលជាទូទៅ ការព្យាបាលទៅលើឫសគល់នៃបញ្ហាទាំងនោះអាចបញ្ឈប់រោគសញ្ញាឈឺចាប់បាន។ លក្ខខណ្ឌបង្កទាំងនោះរួមមាន៖ • Endometriosis៖ ជាការឡើងក្រាស់នៃភ្នាសស្បូនខាងក្រៅតួស្បូនតួយ៉ាងដូចជានៅដៃស្បូនដែលបណ្តាលឲ្យមានការឈឺចាប់រ៉ាំរ៉ៃ និងធ្ងន់ធ្ងរ ជាងការឈឺចាប់នៃការមករដូវធម្មតា។ • Uterine fibroids៖ មានលក្ខណៈជាការលូតលាស់ប្រភេទកោសិកាមិនមែនមហារីកនៅតាមជញ្ជាំងស្បូន ដែលអាចបណ្តាលឲ្យមានការឈឺចាប់ត្រង់ទីតាំងដែលមានបញ្ហាតែម្តង។ • Adenomyosis៖ ជាលក្ខខណ្ឌដែលកើតមាននៅពេលដែលភ្នាសតួស្បូនចាប់ផ្តើមរីករាលដាលចូលក្នុងជញ្ជាំងស្បូន។ • Pelvic inflammatory disease៖ ជាប្រភេទជំងឺរលាកតំបន់អាងត្រគាកដែលជាការបង្ករោគនៅនឹងសរីរាង្គបន្តពូជ បណ្ដាលមកពីបាក់តេរីតាមរយៈការរួមភេទ។ • Cervical stenosis៖ កើតឡើងនៅពេលមាត់ស្បូនរួមតូចដែលបង្អាក់ដល់លំហូរឈាមរដូវ បង្កឲ្យមានការឈឺចាប់កាន់តែខ្លាំងដោយសារការកើនឡើងសម្ពាធក្នុងតួស្បូន។ ករណីភាគច្រើន ការឈឺរមួលក្នុងអំឡុងពេលមករដូវជាសញ្ញាណវិជ្ជមានបែបធម្មជាតិនៃប្រតិកម្មរបស់រាងកាយចំពោះការដាច់ចេញនៃភ្នាសស្បូន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការឈឺចាប់នេះបានរំខានចំពោះសកម្មភាពប្រចាំថ្ងៃ ឬប្រសិនបើកម្រិតនៃការឈឺចាប់កាន់តែខ្លាំងឡើងៗ ជាពិសេសបន្ទាប់ពីអ្នកមានអាយុលើសពី ២៥ ឆ្នាំ អ្នកចាំបាច់ជួបប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តីនៃ Women-Baby’s Center Anna អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សីតុណ្ហភាពក្នុងខ្លួនរបស់យើងប្រែប្រួលពេញមួយថ្ងៃ ដោយវានឹងចុះទាបបំផុតនៅម៉ោង៦ព្រឹក ហើយឡើងខ្ពស់បំផុតនៅចន្លោះម៉ោង ៤ទៅ ម៉ោង៦រសៀល។ សីតុណ្ហភាពខ្លួនរបស់យើងអាចចាត់ទុកថាធម្មតាគឺស្ថិតនៅក្រោម ៣៨អង្សាសេ។ អាការៈក្តៅខ្លួន គឺជាការឡើងកម្តៅខ្លួនលើសពីសីតុណ្ហភាពធម្មតាតាមរយៈការបញ្ជារបស់ខួរក្បាល ដែលការឡើងកម្តៅនេះជាទូទៅគឺជាការឆ្លើយតបទៅនឹងការឆ្លងរោគណាមួយ។ បញ្ហាក្តៅខ្លួនមិនមែនជាជំងឺទេតែវាជាប្រតិកម្មនៃរាងកាយយើងក្នុងការការពារខ្លួន ហើយនេះជាការបញ្ជាក់ថា ខ្លួនប្រាណរបស់យើងកំពុងពន្យឺតការលូតលាស់ និងការបង្កើនចំនួនរបស់មេរោគ តែកំពុងបង្កើនចំនួនគោលិកាឈាមដែលប្រឆាំងជាមួយនឹងការបង្ករោគ។ ការក្តៅខ្លួនលើកុមារ បញ្ហាក្តៅខ្លួនកើតលើកុមារតូចៗអាយុពី ២ខែ ទៅ៣៦ខែ ដែលមិនត្រូវបានគេស្គាល់ពីមូលហេតុច្បាស់លាស់ ៧៦%ត្រូវបានគេញែកចេញថាជាការបង្កឡើងដោយវីរុស។ វីរុសភាគច្រើនជា វីរុសបង្ករោគនៅនឹងប្រព័ន្ធដង្ហើម (Adénovirus) វីរុសបង្កជំងឺស្អូច (Roséole) វីរុស Entérovirus និងវីរុស Paréchovirus។ ការក្តៅខ្លួនលើមនុស្សពេញវ័យ • ករណីក្តៅខ្លួនខ្លាំង រួមផ្សំជាមួយនឹងគ្រុនញាក់អាចជាការបង្ករោគដោយបាក់តេរីនៅផ្លូវទឹកប្រម៉ាត់ (រលាកផ្លូវទឹកប្រម៉ាត់) ផ្លូវបង្ហូរទឹកនោម ឬផ្លូវដង្ហើម។ • ករណីក្តៅខ្លួនខ្លាំង ក្រោយធ្វើដំណើរទៅតំបន់ត្រូពិច អាចជាជំងឺគ្រុនចាញ់ • ករណីក្តៅខ្លួនខ្លាំង មានលក្ខណៈជាពីរដំណាក់កាល អាចជាជំងឺគ្រុនឈាម • ករណីក្តៅខ្លួនខ្លាំង រួមផ្សំជាមួយនឹងការបែកញើសពេលយប់ អាចជាជំងឺរបេង ឬជំងឺដែលមិនទាក់ទងនឹងការបង្ករោគដូចជាមហារីកកូនកណ្តុរ • ករណីក្តៅខ្លួនខុសធម្មតា ចំពោះមនុស្សវ័យក្មេងអាចជាជំងឺអេដស៍។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ថ្ងៃទី26 ខែតុលា ឆ្នាំ2019 រាជធានីភ្នំពេញ៖ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) បានប្រារព្ធកម្មវិធីនៃខែផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកសុដន់ (Breast Cancer Awareness Month) តាមរយៈការរៀបចំកម្មវិធី Pink Talk ក្រោមប្រធានបទ៖ ការរកឃើញរោគសញ្ញាទាន់ពេលវេលាអាចជួយសង្គ្រោះជីវិតបាន ដែលជាយុទ្ធនាការសុខភាពអន្តរជាតិប្រចាំឆ្នាំដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់។ កម្មវិធីនេះគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីពិភាក្សាបែបអប់រំផ្សេងៗ ដែលមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ខិតខំបង្កើតឡើង ដើម្បីផ្ដល់ព័ត៌មានមូលដ្ឋានពីសុខភាព ប៉ុន្តែមានសារសំខាន់ជូនដល់ប្រជាជនកម្ពុជា។ កម្មវិធីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ដំបូងរបស់មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) នៅក្នុងប្រទេសកម្ពុជា មានរៀបចំកិច្ចពិភាក្សា និងការធ្វើបទបង្ហាញអំពីការរកឃើញរោគសញ្ញាទាន់ពេលវេលា ដោយវេជ្ជបណ្ឌិតសាស្ត្រាចារ្យ Thay Sovannara ប្រចាំ SGMC ដែលជាគ្រូពេទ្យប្រចាំគ្រួសារនិងអ្នកជំនាញឯកទេសផ្នែកសុខភាពស្ត្រី រួមជាមួយគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺ តាមរយៈការស្វែងយល់អំពីមូលហេតុនៃជំងឺ វិធីសាស្រ្តបង្ការ និងការរកឃើញរោគសញ្ញាទាន់ពេលវេលា និងវិធីសាស្រ្តព្យាបាល។  ដោយសារតែស្ត្រីគ្រប់រូប មិនថាវ័យណាក៏ដោយ ក៏អាចនឹងកើតជំងឺមហារីកសុដន់បានដែរនោះ ទើបមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ស្នើសុំឲ្យស្ត្រីដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងអញ្ជើញទៅធ្វើការប្រឹក្សាយោបល់និងត្រូវធ្វើការពិនិត្យរកជំងឺមហារីកសុដន់នេះឲ្យបានយ៉ាងតិចម្ដងក្នុងមួយឆ្នាំ។ ការពិនិត្យរកជំងឺមហារីកសុដន់ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីដែលមានវ័យចាប់ពី ៥០ឆ្នាំឡើងទៅ។ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) មានឧបករណ៍ពិនិត្យសុដន់ (mammograms)ដែលពិនិត្យជូននៅក្នុងតម្លៃសមរម្យដើម្បីជួយស្ត្រីកម្ពុជាឲ្យទទួលបានការពិនិត្យជំងឺបានទាន់ពេលវេលា ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជាដើម។ ជំងឺមហារីកសុដន់គឺជាជំងឺដ៏កាចសាហាវលំដាប់ថ្នាក់ទីបីចំពោះស្ត្រីនៅក្នុងប្រទេសកម្ពុជា ដែលបានសម្លាប់ស្ត្រីដែលមានជំងឺនេះប្រមាណជា ៨% ក្នុងមួយឆ្នាំ។ ទោះបីយ៉ាងណាអត្រានៃការរស់រានមានជីវិតកើនឡើងខ្ពស់ផងដែរ នៅពេលយើងរកឃើញរោគសញ្ញាទាន់ពេលវេលាតាមរយៈការពិនិត្យសុដន់។ លោកស្រីវេជ្ជបណ្ឌិត Thay ក៏បានពិភាក្សា និងឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងកត្តាហានិភ័យដែលអាចបង្កើតឱកាសនាំឲ្យមានជំងឺមហារីកសុដន់ រោគសញ្ញា និងសញ្ញាសំខាន់ៗ របៀបការពារជំងឺមហារីកសុដន់ និងវិធីត្រួតពិនិត្យដោយខ្លួនឯង។ លោកស្រីបានសង្កត់ធ្ងន់អំពីសារសំខាន់នៃការពិនិត្យជំងឺមហារីកសុដន់ជាប្រចាំ ការត្រួតពិនិត្យសុដន់ដោយខ្លួនឯងជារៀងរាល់ខែ និងការរក្សារបៀបរស់នៅប្រកបដោយសុខភាពល្អផងដែរ។ លោកស្រីវេជ្ជបណ្ឌិត Thay Sovannara មានប្រសាសន៍ថា  “នៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខភាព និងសុខមាលភាពរបស់អ្នកជំងឺ និងមនុស្សគ្រប់គ្នា។ កម្មវិធីផ្សេង ដូចជាកិច្ចពិភាក្សា Pink Talk នេះជួយយើងទាំងអស់គ្នាឲ្យយល់ដឹងអំពីជំងឺមហារីកសុដន់ វិធីការពារ ក៏ដូចជាកាត់បន្ថយហានិភ័យផ្សេងៗនៃជំងឺនេះផងដែរ។” លោកស្រីបានបន្តទៀតថា “ខែនៃការយល់ដឹងអំពីជំងឺមហារីកសុដន់ គឺជា ពេលវេលាដ៏ល្អ ក្នុងការរំឭកឲ្យស្ត្រីនៅក្នុងគ្រួសាររបស់យើងធ្វើការត្រួតពិនិត្យស្វែងរករោគសញ្ញានៃជំងឺនេះ។ យើងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានរៀបចំកម្មវិធីនេះឡើង និងកម្មវិធីផ្សេងៗទៀតនៅក្នុងសហគមន៍ ក៏ដូចជាធានាឲ្យមានជម្រើសថែរក្សាអាយុជីវិតសម្រាប់មនុស្សជាទីស្រឡាញ់ ព្រមទាំងគ្រួសារ និងមិត្តភិក្តរបស់អ្នកផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ក្រុមហ៊ុន Two Way Public Relations ជាន់ទី 2 លេខ 5 អគារ Rise ផ្លូវលេខ 282 បឹងកេងកង 1 រាជធានីភ្នំពេញ ប្រទេសកម្ពុជា hello@twowaypr.com www.twowaypr.com                       ព័ត៌មានអំពីមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា ដែលជាសមាជិកនៃគ្រួសារ DrMap នៃមជ្ឈមណ្ឌលវេជ្ជសាស្រ្តត្រូវបានបង្កើតឡើងដោយមានគោលដៅចម្បងក្នុងការផ្ដល់នូវបទដ្ឋានវេជ្ជសាស្រ្តប្រកបដោយឧត្តមភាពរបស់ប្រទេសសិង្ហបុរីជូនដល់ប្រជាជនកម្ពុជា។ ដោយផ្អែកទៅលើជំនឿថាមនុស្សគ្រប់រូបស័ក្តិសមនឹងទទួលបាននូវការថែទាំផ្នែកវេជ្ជសាស្ត្រដែលប្រកបដោយគុណភាព និងអាចជឿទុកចិត្តបានខ្ពស់ យើងអនុវត្តនូវវិធីសាស្រ្តគ្រប់ជ្រុងជ្រោយដែលផ្ដល់នូវសេវាកម្មថែទាំសុខភាពគុណភាពខ្ពស់និងសុខុមាលភាពបែបវេជ្ជសាស្ត្រ។ ប្រកបដោយទឹកចិត្តល្អប្រពៃ និងមានលក្ខណៈបុគ្គលដោយផ្អែកលើការព្យាបាលវេជ្ជសាស្រ្ត ដំណើរការ និងស្តង់ដាដែលផ្អែកលើភស្តុតាងបញ្ជាក់ច្បាស់លាស់ យើងធ្វើការព្យាបាល និងធ្វើរោគវិនិច្ឆ័យជំងឺព្រមទាំងផ្ដល់ជូនអ្នកជំងឺរបស់ខ្លួននូវមធ្យោបាយដើម្បីទទួលបានសុខភាព និងសុខុមាលភាពល្អប្រសើរ។ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សម្រាប់អ្នកដែលចង់ស្រកទម្ងន់នោះ បរិមាណកាល់ឡូរីតិចជាង ឬស្មើ២,០០០កាល់ឡូរីក្នុងមួយថ្ងៃជាជម្រើសដ៏ប្រសើរបំផុតសម្រាប់អ្នក។ ក្នុងនោះផងដែរ អ្នកក៏ត្រូវតែប្រាកដថារបបអាហារនោះ មានរាប់បញ្ចូលទាំងបន្លែ ផ្លែឈើ ប្រូតេអុីនផលិតផលទឹកដោះគោ គ្រាប់ធញ្ញជាតិ និងប្រេងធម្មជាតិ។ ខាងក្រោមនេះ ជាបរិមាណនៃក្រុមអាហារនីមួយៗដែលអ្នកគួរតែដាក់បញ្ចូលក្នុងគម្រោងនៃរបបអាហារប្រមាណ២,០០០កាល់ឡូរីក្នុងមួយថ្ងៃរបស់អ្នក៖ ប្រភេទអាហារ៖ បន្លែ និងផ្លែឈើ បរិមាណ៖ បន្លែ ៦០០-៧០០ក្រាម និងផ្លែឈើ ៣០០-៤០០ក្រាម សារធាតុចិញ្ចឹម៖ ជាតិសរសៃ វីតាមីន និងជាតិរ៉ែ ប្រភេទអាហារ៖ ប្រូតេអុីន បរិមាណ៖ ១៤០-១៥០ក្រាម ប្រភព៖ សាច់សត្វ សាច់ត្រី គ្រឿងសមុទ្រ ស៊ុត ផលិតផលសណ្តែក ក្រុមបន្លែមានកួរ គ្រាប់រុក្ខជាតិ សណ្តែកដី ប្រភេទអាហារ៖ ប្រេងធម្មជាតិ បរិមាណ៖ ២០-៣០ក្រាម ប្រភព៖ ប្រេងចម្រាញ់ចេញពីរុក្ខជាតិ ដូចជាប្រេងអូលីវ ប្រេងសណ្តែក ប្រភេទអាហារ៖ គ្រាប់ធញ្ញជាតិ បរិមាណ៖ ១៦០-១៧០ក្រាម ប្រភព៖ អង្ករ អង្ករសម្រូប គ្រាប់ធញ្ញជាតិចម្អិនរួច នំប៉័ង សារធាតុចិញ្ចឹម៖ ជាតិសរសៃ វីតាមីនB ជាតិដែក សារធាតុប្រឆាំងអុកស៊ីតកម្ម… ប្រភេទអាហារ៖ ផលិតផលទឹកដោះគោ បរិមាណ៖ ២-៣ កែវ សារធាតុចិញ្ចឹម៖ ប៉ូតាស្យូម ម៉ាញេស្យួម កាល់ស្យូម វីតាមីនA, B12, D ប្រូតេអុីន… ប្រភព៖ ប៊័រ ទឹកដោះគោ យ៉ាអ៊ួ ទឹកសណ្តែក ***អាហារដែលគួរតែមានជាប្រចាំនៅក្នុងទូរទឹកកករបស់អ្នក • ស៊ុត • ត្រី • សាច់ • នំប៉័ង • អង្ករសម្រូប • ដំឡូងជ្វា • ផ្លែឈើ • ស្ពៃបៃតង (ប្រូខូលី) • បន្លែស្លឹកបៃតង • ប៊័រសណ្តែកដី • ប្រេងអូលីវសុទ្ធ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

លោកប៉ា អ្នកម៉ាក់គ្រប់រូបតែងមានកង្វល់ចំពោះកូនៗជាទីស្រលាញ់របស់ខ្លួន ពាក់ព័ន្ធនឹងការអភិវឌ្ឍផ្នែកស្មារតី និងចិត្តគំនិត ហើយតែងតែព្យាយាមរិះរកវិធីអប់រំពួកគេដើម្បីឲ្យកូនក្លាយជាបុគ្គលដែលមានចិត្តគំនិតល្អប្រសើរ។ ការបណ្តុះកូនឲ្យមានចិត្តគំនិតល្អប្រសើរតាំងពីកុមារភាពទៅនឹងក្លាយជាប្រយោជន៍ដ៏ល្អសម្រាប់ពួកគេនាថ្ងៃអនាគត។ ដើម្បីជាជំនួយដល់លោកប៉ាអ្នកម៉ាក់ទាំងឡាយ យើងនឹងលើកយកនូវគន្លឹះ ៧ ចំណុចជួយឲ្យកុមារមានចិត្តគំនិតល្អប្រសើរ៖ ១. ធ្វើជាគំរូរបស់កូន ដោយសារតែឪពុកម្តាយជាអ្នកដែលជិតស្និទ្ធ និងមានទំនាក់ទំនងស្អិតរមួតនឹងកូនជាងគេ ដូច្នេះការចូលរួមចំណែកពីលោកអ្នកជារឿងមួយសំខាន់។ ឪពុកម្តាយប្រៀបដូចជាកញ្ចក់ឆ្លុះសម្រាប់កុមារ ដោយសារស្ថិតនៅក្នុងវ័យនេះ កុមារអាចរៀនសូត្រចេះចាំបានយ៉ាងងាយនូវរាល់សកម្មភាព មិនថាជាកាយវិការ ពាក្យសម្តី ទម្លាប់ ឬអាកប្បកិរិយាផ្សេងៗ។ មាតាបិតាគួរគប្បីបង្ហាញនូវទម្លាប់ ឬអាកប្បកិរិយាល្អៗឲ្យកូនៗអនុវត្តតាម។ ២. លើកសរសើរនៅពេលជោគជ័យ ជាជាងផ្តោតទៅលើថាតើកូនរបស់លោកអ្នកជោគជ័យ ឬមិនជោគជ័យលើរឿងអ្វីមួយ ឪពុកម្តាយគួរតែសាកល្បងលើកសរសើរ លើកទឹកចិត្តចំពោះការព្យាយាម និងប្រឹងប្រែងរបស់ពួកគេ។ នេះមិនត្រឹមតែជួយកូនៗក្នុងការជំនះឧបសគ្គ ថែមទាំងអាចជួយបណ្តុះគំនិត ពង្រឹងស្មារតីក្លាហានដែលជាកត្តាជំរុញឲ្យមានភាពជោគជ័យក្នុងជីវិត។ ៣. យកចិត្តទុកដាក់លើសកម្មភាព និងអាកប្បកិរិយាកូនៗ ការសង្កេតដោយយកចិត្តទុកដាក់លើសកម្មភាព និងអាកប្បកិរិយាកូនៗរបស់លោកអ្នកមានសារៈសំខាន់មិនត្រឹមតែធ្វើឲ្យឪពុកម្តាយមានឱកាសស្វែងយល់ពីកូនៗនោះទេ ថែមទាំងធ្វើឲ្យកុមារមានភាពក្លាហានក្នុងការបង្ហាញពីគំនិតនិងអារម្មណ៍របស់ពួកគេ។ កុមារតែងបង្ហាញអារម្មណ៍របស់គេតាមរយៈអាកប្បកិរិយា និងពាក្យសម្តី។ ដូច្នេះនៅពេលពួកគេមានកាយវិការ ឬសម្តីប្លែកខុសពីធម្មតា វាអាចជាសញ្ញាបង្ហាញថាកុមារមានបញ្ហាណាមួយដែលត្រូវការជំនួយការណែនាំ ឬការលើកទឹកចិត្ត។ ឪពុកម្តាយត្រូវព្យាយាមចំណាយពេលវេលាស្វែងយល់ សួរសំណួរនិងស្តាប់ពួកគេឲ្យបានច្រើន មិនថាជាចំណង់ចំណូលចិត្ត សកម្មភាព តម្រូវការ ឬបញ្ហាដែលពួកគេជួបប្រទះ។ ៤. បង្កើតទម្លាប់ល្អក្នុងការរស់នៅ ការបរិភាគអាហារមានតុល្យភាព ការសម្រាកបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណទៀងទាត់ជាគន្លឹះសំខាន់ ដែលវាមិនត្រឹមតែ ជួយឲ្យកុមារលូតលាស់ផ្នែករាងកាយ និងបង្កើតទម្លាប់ល្អសម្រាប់ខ្លួនគេតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍនូវបញ្ញាស្មារតីរបស់កុមារផងដែរ។ ឪពុកម្តាយគួរតែផ្តល់និងលើកទឹកចិត្តឲ្យកូនបរិភោគអាហារទាំងឡាយណាដែលផ្តល់ផលល្អដល់សុខភាព រួមទាំងចំណាយពេលធ្វើសកម្មភាពផ្សេងៗដូចជាលេងកីឡា ធ្វើដំណើរកម្សាន្តនានា ចូលរួមសកម្មភាពផ្សេងៗ និងណែនាំពួកគេឲ្យមានទម្លាប់គេងល្អ។ ៥. ផ្តល់បរិយាកាសរស់នៅល្អ ការផ្តល់ឲ្យកុមារនូវបរិយាកាសរស់នៅប្រកបដោយក្តីស្រលាញ់ ភាពកក់ក្តៅ ការជឿជាក់ និងការយល់ចិត្តក៏ជាកត្តាមួយសំខាន់ដែរ។ កុមារមួយចំនួនដែលរស់នៅក្នុងស្ថានភាពខ្វះភាពកក់ក្តៅ ខ្វះភាពស្និទ្ធស្នាល បាត់បង់ទំនុកចិត្ត អាចបណ្តាលឲ្យពួកគេមិនអាច គ្រប់គ្រងអារម្មណ៍បាន និងក្លាយជាកុមារមានបញ្ហាផ្នែកស្មារតី។ កុមារមួយចំនួនត្រូវធំធាត់មកប្រឈមមុខនឹងស្ថានភាពបែបនេះតែម្នាក់ឯង ជាហេតុបណ្តាលឲ្យមានបញ្ហាក្នុងការលូតលាស់ចិត្តគំនិតរបស់ពួកគេ។  ៦. ផ្តល់ឱកាសសម្រាប់កូនៗអ្នក ការផ្តល់ឱកាសឲ្យកូនរបស់លោកអ្នកមានឯករាជ្យភាពខ្លះ ក៏ជាកត្តាដ៏ចាំបាច់មួយសម្រាប់ពង្រឹងចិត្តគំនិតរបស់កុមារ។ នៅពេលកូនៗជួបបញ្ហា ឪពុកម្តាយអាចជួយពួកគេស្វែងយល់ពីបញ្ហានោះ ហើយបង្រៀនឲ្យពួកគេចេះរកដំណោះស្រាយ។ លោកអ្នកគួរតែសាកល្បងផ្តល់ឱកាសឲ្យពួកគេអាចសម្រេចចិត្តដោយខ្លួនឯងបាន។ឋ កាលណាពួកគេមានសេរីភាពក្នុងការគិត ពេលនោះផ្លូវចិត្តរបស់ពួកគេក៏មានភាពរឹងមាំផងដែរ។ ៧. ពិគ្រោះជាមួយគ្រូពេទ្យឯកទេស ឬអ្នកជំនាញចិត្តសាស្ត្រ ប្រសិនបើលោកអ្នកសង្ស័យថាកូនមានបញ្ហាផ្លូវចិត្តលោកអ្នកគួរតែស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យឯកទេស ឬអ្នកជំនាញផ្នែកចិត្តសាស្ត្រដើម្បីទប់ស្កាត់ និងព្យាបាលបញ្ហានេះ។ ផលវិបាកនៃការប៉ះពាល់ផ្លូវចិត្តរបស់កុមារនឹងបណ្តាលឲ្យកុមារមានគំនិតអវិជ្ជមានចំពោះខ្លួនឯង មានឥរិយាបថមិនល្អនៅសាលារៀន ក៏ដូចជាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ឪពុកម្តាយមានតួនាទីសំខាន់ណាស់ក្នុងការធានាការលូតលាស់ផ្នែកចិត្តគំនិត និងស្មារតីរបស់កូនៗខ្លួន។ ការយកចិត្តទុកដាក់ថែរក្សាសុខភាពចិត្តគំនិតរបស់កូននៅវ័យកុមារភាព នឹងផ្តល់ផលល្អដល់ពួកគេនាថ្ងៃអនាគត។ គន្លឹះ ៧ចំណុចខាងលើអាចជួយឲ្យលោកប៉ាអ្នកម៉ាក់ទាំងឡាយស្វែងយល់ អនុវត្តតាម និងកែប្រែប្រសិនបើការប្រព្រឹត្តនាពេលកន្លងមកមានកំហុសឆ្គង។  អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top