-
Dec 19, 2019
|
-
4 years ago
|
-
3.4K views
បាក់តេរីមិនសុទ្ធតែអាក្រក់ចំពោះរាងកាយនោះទេ ព្រោះថារាងកាយមនុស្សយើងត្រូវការវត្តមានទាំងបាក់តេរីអាក្រក់ និងល្អសម្រាប់តុល្យភាពនៃដំណើរការណាមួយជាពិសេសប្រព័ន្ធរំលាយអាហារ។ ជាក់ស្ដែងប្រភេទបាក់តេរីដែលល្អទាំងនោះមាឈ្មោះថា ប្រូប៊ីយ៉ូទិច ដែលកំពុងត្រូវបានប្រើប្រាស់ក្នុងស្ថានភាពជាច្រើនក្រោមទម្រង់ជាឱសថ ឬនៅក្នុងផលិតផលអាហារដូចជាយាអ៊ួជាដើម។
ប្រភេទប្រូប៊ីយ៉ូទិច
មានបាក់តេរីមួយចំនួនដែលត្រូវបានគេកំណត់ថាជាពពួកប្រូប៊ីយ៉ូទិច ហើយមានមុខងារដោយឡែកទៅតាមប្រភេទនីមួយៗក្នុងនោះរួមមាន៖
• Lactobacillus៖ ជាប្រភេទប្រូប៊ីយ៉ូទិចសាមញ្ញដែលសម្បូរនៅក្នុងយាអ៊ួ និងអាហារផ្អាប់ផ្សេងទៀត។ ភាគច្រើនវាត្រូវបានប្រើប្រាស់សម្រាប់អាការៈរាក ថែមទាំងជំនួយដល់ការបំបែកឡាក់តូស និងស្ករនៅក្នុងទឹកដោះគោ។
• Bifidobacterium៖ អាចរកបាននៅក្នុងផលិតផលប្រចាំថ្ងៃ ដែលវាអាចជួយសម្រួលរោគសញ្ញានៃជំងឺផ្នែកប្រព័ន្ធរំលាយអាហារ (Irritable Bowel Syndrome)។
• Saccharomyces Boulardii៖ ជាប្រូប៊ីយ៉ូទិចប្រភេទផ្សិត ដែលអាចប្រឆាំងនឹងជំងឺរាក និងបញ្ហាទូទៅនៃមុខងាររំលាយអាហារ។
សកម្មភាពឱសថ
ប្រសិទ្ធភាពរបស់ប្រូប៊ីយ៉ូទិចត្រូវបានប្រើប្រាស់សម្រាប់ការពារពីស្ថានភាព ២យ៉ាងរួមមាន៖
១. ទៅលើដំណើរការរបស់ប្រព័ន្ធរំលាយអាហារ៖ ជាទូទៅប្រព័ន្ធរំលាយអាហារត្រូវមានតុល្យភាពរវាងបាក់តេរីល្អ និងអាក្រក់។នៅក្នុងករណីបាក់តេរីអាក្រក់មានច្រើនលើសលុប នោះអាចធ្វើឲ្យមុខងាររបស់ប្រព័ន្ធរំលាយអាហារមិនអាចធ្វើការសម្អាតបាក់តេរី និងជាតិពុលអាក្រក់ចេញបានអស់នោះនាំឲ្យលេចឡើងនូវអាការៈរំខាននានា។ ដូច្នេះគេអាចប្រើប្រាស់ប្រូប៊ីយ៉ូទិចសម្រាប់ព្យាបាលផលរំខានដូចជា ជំងឺរាក ឈឺ ឬហើមពោះ រលាកពោះវៀនធំ និងជំងឺឆ្លងបណ្តាលមកពី Helicobacter Pylori។ល។
២. ទៅលើប្រព័ន្ធភាពស៊ាំ៖ នៅពេលប្រព័ន្ធភាពស៊ាំដែលជារបាំងមួយដ៏សំខាន់សម្រាប់ការពាររាងកាយត្រូវបានចុះខ្សោយ អាចឲ្យលេចចេញរោគសញ្ញាអាល្លែកហ្ស៊ី រលាកសន្លាក់ឆ្អឹង និងជំងឺឆ្លងនៅប្រព័ន្ធរំលាយអាហារ និងស្បែកផងដែរ។ បន្ថែមពីនោះ ការស្រាវជ្រាវក៏បានបង្ហាញពីប្រសិទ្ធភាពរបស់ប្រូប៊ីយ៉ូទិចទៅលើប្រព័ន្ធបន្តពូជ ជំងឺមាត់ធ្មេញ សួត ស្បែក និងការពារទៅលើជំងឺធាត់ និងទឹកនោមផ្អែមប្រភេទ១ និង២ទៀតផង។
កម្រិត និងការប្រើប្រាស់
ជាទូទៅ ការប្រើប្រាស់ និងកម្រិតរបស់ឱសថប្រូប៊ីយ៉ូទិច គឺត្រូវបែងចែកជា២៖
កុមារ៖
• ចំពោះកុមារក្រោមអាយុ ៣ឆ្នាំដែលមានបញ្ហារាក ប្រសិនបើចង់ប្រើប្រាស់ត្រូវទៅពិគ្រោះ និងមកពិនិត្យជាមួយគ្រូពេទ្យជំនាញសិន
• ចំពោះកុមារអាយុលើសពី ៣ឆ្នាំដែលមានបញ្ហារាក ប្រសិនបើប្រើប្រាស់ជាមួយឱសថប្រភេទគ្រាប់ អាចលេបម្តង ២គ្រាប់ (២ ទៅ៣ដងក្នុងមួយថ្ងៃ)
និងឱសថជាម្សៅប្រើប្រាស់ម្តង ១កញ្ចប់៣ ទៅ៤ដងក្នុងមួយថ្ងៃ។
មនុស្សពេញវ័យ៖
• ចំពោះឱសថគ្រាប់អាចប្រើប្រាស់ម្តង ២គ្រាប់ (២ ទៅ៤ដងក្នុងមួយថ្ងៃ) និងឱសថជាម្សៅប្រើប្រាស់ម្តង ១កញ្ចប់ អាចប្រើបាន ៣ ទៅ៤ដងក្នុងមួយថ្ងៃ។
ផលរំខានឱសថ
ប្រូប៊ីយ៉ូទិច អាចនឹងបង្កផលរំខាននានាដោយអ្នកអាចសង្កេតឃើញរួមមាន៖
• រាក
• ក្អក
• អស់កម្លាំង
• ឈឺក្បាល
• រមួលក្រពើ
• ហើមពោះ
• ហើមមុខ និងបបូរមាត់
• តឹងទ្រូង ឬចង្វាក់បេះដូងលោតញាប់
• ពិបាកដកដង្ហើម
• ប្រតិកម្មអាល្លែកហ្ស៊ី ស្តែងចេញជាកន្ទួលរមាស់នៅលើមុខ មាត់ អណ្តាត និងស្បែកជាដើម។
ដោយឡែក ប្រសិនបើអ្នកមានផលរំខានខាងលើកើតឡើង និងធ្ងន់ធ្ងរ អ្នកគួរប្រាប់ ឬជួបពិគ្រោះជាបន្ទាន់ជាមួយវេជ្ជបណ្ឌិតជំនាញ។
អន្តរកម្មឱសថ
ឱសថ ប្រូប៊ីយ៉ូទិច អាចថយប្រសិទ្ធភាព និងធ្វើឲ្យប្រព័ន្ធភាពសុំារបស់អ្នកចុះខ្សោយកាលណាប្រើប្រាស់រួមគ្នាជាមួយឱសថផ្សេងៗទៀតដូចជា៖
•ឱសថស្ថិតក្នុងក្រុម Steroids ( prednisone,dexamethasone,methylprednisolone)
• ពពួកថ្នាំមានវេជ្ជបញ្ជា ឬគ្មានវេជ្ជបញ្ជាពិសេសថ្នាំពពួក OTC
• ប្រតិកម្មទៅនឹងទឹកដោះគោ ឬផលិតផល lactose
• ពពួកវីតាមីន និងផលិតផលឱសថផ្សេងៗទៀត។
បម្រុងប្រយ័ត្ន
ការប្រើប្រាស់ ប្រូប៊ីយ៉ូទិច ក៏ទាមទារនូវការប្រុងប្រយ័ត្នផងដែរក្នុងករណី៖
• អ្នកដែលធ្លាប់មានអាល្លែកហ្ស៊ីជាមួយឱសថផ្សេងៗ
• អ្នកដែលមានប្រព័ន្ធចុះខ្សោយ និងអ្នកមានបញ្ហា ពោះវៀនតូច សុទ្ធតែទាមទារការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញ ឬឱសថការីមុនសម្រេចចិត្តប្រើប្រាស់ឱសថនេះ
• ការប្រើប្រាស់ចំពោះទារក និងកុមារក្រោមអាយុ៣ឆ្នាំ ត្រូវទាមទារមានការពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិន
• ការប្រើប្រាស់ចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូនត្រូវប្រើក្នុងករណីចាំបាច់បំផុត និងស្ថិតក្រោមការអនុញ្ញាតរបស់វេជ្ជបណ្ឌិតតែប៉ុណ្ណោះ។
គួរបញ្ជាក់ថាផលិតផលប្រូប៊ីយ៉ូទិចដែលត្រូវបានប្រើប្រាស់ជាឱសថមាននៅក្រោមឈ្មោះដូចជា Nature’s Bounty, Bioflor® និង Enterogermina ជាដើម។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៦
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share