- Dec 13, 2019 |
- 4 years ago |
- 2.7K views
ប្រទេសម៉ាឡេស៊ី បន្តពង្រីកទីផ្សារនៅកម្ពុជាតាមរយៈ ការចុះអនុស្សារណៈនៃការយោគយល់ជាមួយធនាគារកាណាឌីយ៉ា
រាជធានីភ្នំពេញថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩៖ វិស័យសុខាភិបាលម៉ាឡេស៊ីកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយកម្មវិធីទេសចរណ៍សុខាភិបាលឆ្នាំ២០២០ (MyHT2020) ដល់ប្រជាជនកម្ពុជា។ ក្រុមប្រឹក្សាទេសចរណ៍សុខាភិបាលម៉ាឡេស៊ី (MHTC) ជាទីភ្នាក់ងារស្ថិតក្រោមបទប្បញ្ញត្តិនៃក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី ដែលមានភារកិច្ចក្នុងការជួយសម្របសម្រួល និងលើកកម្ពស់វិស័យទេសចរណ៍សុខាភិបាលនៅក្នុងប្រទេសម៉ាឡេស៊ីបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់(MoU) ជាមួយនឹងធនាគារកាណាឌីយ៉ា នៅសណ្ឋាគាររ៉ូសវូដ រាជធានីភ្នំពេញ។ តាមរយៈ អនុស្សារណៈនៃការយោគយល់នេះអតិថិជនរបស់ធនាគារកាណាឌីយ៉ានឹងទទួលបាននូវកញ្ចប់ទេសចរណ៍សុខាភិបាលដ៏គួរឲ្យទាក់ទាញដើម្បីដើរទស្សនាប្រទេសម៉ាឡេស៊ីដែលជាអ្នកជំនាញថែទាំសុខភាពលំដាប់ពិភពលោកប្រចាំឆ្នាំ២០២០។ ដោយឡែក ប្រទេសម៉ាឡេស៊ីគឺជា “អ្នកជំនាញថែទាំសុខភាព” ដែលក្លាយជាទិសដៅទេសចរណ៍សុខាភិបាលលំដាប់ពិភពលោកដ៏ជោគជ័យនៅក្នុងរយៈពេលដ៏ខ្លី និងត្រូវបានទទួលស្គាល់ដោយអ្នកជំងឺ និងជំនាញការក្នុងវិស័យនេះចំនួន ១.២ លាននាក់នៅទូទាំងពិភពលោក។ប្រទេសនេះត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិដោយអង្គការ International Living សហរដ្ឋអាមេរិកជា “ប្រទេសដ៏ល្អបំផុតនៅក្នុងពិភពលោកសម្រាប់វិស័យសុខាភិបាល” ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ និងជា “ទិសដៅប្រចាំឆ្នាំ” សម្រាប់ទេសចរណ៍សុខាភិបាលទទួលស្គាល់ដោយក្រុមហ៊ុន InternationalMedical Travel Journal ចក្រភពអង់គ្លេស ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ ដោយផ្អែកទៅលើលក្ខណៈវិនិច្ឆ័យទាំងនេះ៖ គុណភាព ងាយស្រួលទទួលសេវាកម្ម និងតម្លៃសមរម្យ។ នាឱកាសនេះដែរ លោកស្រី Yazmin Azman ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមប្រឹក្សាទេសចរណ៍សុខាភិបាលម៉ាឡេស៊ី (MHTC) បានមានប្រសាសន៍ថា“យើងមានបំណងអញ្ជើញអ្នកធ្វើដំណើរស្វែងរកសេវាកម្មថែទាំសុខភាពទាំងអស់ឲ្យមកទទួលយនូវបទពិសោធន៍សេវាកម្មថែទាំសុខភាពចាប់តាំងពីដើមដល់ចប់ប្រកបដោយភាពរលូននៅតំបន់សុខុមាលភាពរបស់ប្រទេសម៉ាឡេស៊ីព្រមទាំងអាចទស្សនាកម្សាន្តនៅទឹកដីធម្មជាតិដ៏បវរនាឱកាសកម្មវិធី MyHT2020 នេះ។ សេវាកម្មថែទាំសុខភាពមានគុណភាពខ្ពស់លំដាប់ពិភពលោក តម្លៃសមរម្យនិងមានភាពងាយស្រួលរបស់យើងគឺជាគុណតម្លៃដ៏ល្អទាក់ទាញធានាដល់អ្នកធ្វើដំណើរស្វែងរកសេវាកម្មថែទាំសុខភាពដែលបានមករកសេវាកម្មនេះនៅក្នុងប្រទេសរបស់យើង។ MHTC បានកំណត់យកធនាគារកាណាឌីយ៉ាធ្វើជាដៃគូដែលមានគុណតម្លៃផ្នែកទំនុកចិត្តនិងភាពល្អឥតខ្ចោះផ្នែកសេវាកម្មអតិថិជនដូចគ្នាក្នុងការលើកកម្ពស់ MyHT2020 នាពេលខាងមុខនេះ។ ធនាគារកាណាឌីយ៉ា គឺជាធនាគារក្នុងស្រុកដ៏ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដោយមានសាខាចំនួន ៦០សាខា នៅទូទាំងប្រទេសកម្ពុជា មានទីស្នាក់ការស្ថិតនៅក្នុងរាជធានីភ្នំពេញ ដែលជាទីក្រុសំខាន់មួយ និងមានសាខានានានៅគ្រប់បណ្ដាខេត្តទាំងអស់។ ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ធនាគារក្នុងការបម្រើសេវាកម្មជូនអតិថិជនដែលមានកំណើនយ៉ាងឆាប់រហ័សឲ្យបានកាន់តែល្អប្រសើរធនាគារកាណាឌីយ៉ាផ្ដល់ជូននូវសេវាកម្មមានគុណតម្លៃបន្ថែម និងកម្មវិធីជាច្រើនទៀត។ លោក Raymond Sia Say Guan អគ្គនាយកនៃធនាគារកាណាឌីយ៉ាបានមានប្រសាសន៍ថា“ធនាគារកាណាឌីយ៉ាពិតជាមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការធ្វើជាដៃគូជាមួយនឹងវិស័យសុខាភិបាលម៉ាឡេស៊ីដើម្បីផ្ដល់ជូនអតិថិជនរបស់យើងនូវកញ្ចប់សេវាកម្មទេសចរណ៍សុខាភិបាលប្រកបដោយគុណភាពខ្ពស់ តាមរយៈការប្ដេជ្ញាចិត្តចំពោះជំហរហិរញ្ញវត្ថុរឹងមាំរបស់អតិថិជនយើងក៏មានចំណាប់អារម្មណ៍ចំពោះការផ្ដល់ជូនអតិថិជនរបស់យើងនូវសេវាកម្មថែទាំសុខភាពគុណភាពខ្ពស់នៃវិស័យសុខាភិបាលម៉ាឡេស៊ី”។ ប្រទេសម៉ាឡេស៊ីគឺមានភាពលក្ខណៈខុសប្លែកពីប្រទេសផ្សេងទៀតដោយសារតែដំណើរការផ្ដល់ជូនសេវាកម្មថែទាំសុខភាពម៉ាឡេស៊ីតាំងពីដើមរហូតដល់ប្រកបដោយភាពរលូន ពោលគឺចាប់តាំងពីពេលដែលអតិថិជនមកដល់ប្រទេសម៉ាឡេស៊ីរហូតដល់ពេលត្រឡប់ទៅវិញតែម្ដង។ បន្ទប់រង់ចាំសេវាកម្មសុខាភិបាលម៉ាឡេស៊ី មានទីតាំងស្ថិតនៅព្រលានយន្តហោះអន្តរជាតិកូឡាឡាំពួរ (KLIA) KLIA2 និងព្រលានយន្តហោះអន្តរជាតិប៉េណាំងសេវាកម្មទទួលដល់ច្រកចុះពីយន្តហោះ សេវាកម្មត្រួតពិនិត្យរហ័សនៅផ្នែកអន្តោប្រវេសន៍ និងគយ ព្រមទាំងមានសេវាកម្មជួយយកឥវ៉ាន់ផងដែរ។ សេវាកម្មបកប្រែគឺមានផ្ដល់ជូនតាមការស្នើសុំជាមុនដើម្បីសម្រួលដល់ ការប្រាស្រ័យទាក់ទងយ៉ាងងាយស្រួលជូនអ្នកជំងឺដែលត្រូវការសេវាកម្មបកប្រែ។ គួរបញ្ជាក់ផងដែរថា ប្រព័ន្ធសុខាភិបាលប្រទេសម៉ាឡេស៊ីគឺត្រូវបានធ្វើនិយ័តកម្មយ៉ាងតឹងរ៉ឹងដោយក្រសួងសុខាភិបាលម៉ាឡេស៊ីយោងតាមច្បាប់ស្ដីពីសុខាភិបាលសាធារណៈ និងសេវាកម្មបរិក្ខារ (ឆ្នាំ1998) ដែលស្ដែងឲ្យឃើញនូវសុវត្ថិភាពរបស់អ្នកជំងឺ ហើយសេវាកម្មព្យាបាលគឺមានតម្លៃសមរម្យ។ ជាមួយនឹងប្រព័ន្ធសុខាភិបាលម៉ាឡេស៊ីដ៏ល្អឥតខ្ចោះអ្នកធ្វើដំណើរស្វែងរកសេវាកម្មថែទាំសុខភាពអាចទទួលបាននូវសេវាកម្មថែទាំសុខុមាលភាពនៅក្នុងទឹកដីធម្មជាតិស្រស់បំព្រងបង្កប់នូទេសភាពដ៏ស្រស់ត្រកាលនៃប្រទេសម៉ាឡេស៊ី។ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ