Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជំងឺពកក គឺជាការរីកធំជាងធម្មតានៃក្រពេញទីរ៉ូអុីត ស្ថិតនៅកផ្នែកខាងមុខ និងខាងក្រោម។ បច្ចុប្បន្ន ពកកហាក់មានសន្ទុះកើនឡើងខ្លាំង ដោយសង្កេតឃើញអ្នកជំងឺមកទទួលការព្យាបាលជាបន្តបន្ទាប់។ ស្ទើរតែគ្រប់បុគ្គលទាំងអស់សុទ្ធតែអាចប្រឈមនឹងជំងឺពកក ហើយអាចវិវឌ្ឍធ្ងន់ធ្ងរដូច្នេះគ្រប់គ្នាចាំបាច់ត្រូវស្វែងយល់បន្ថែមឲ្យបានកាន់តែច្បាស់។ មូលហេតុចម្បង ប្រមាណ៨០% នៃអ្នកជំងឺពកកបណ្តាលមកពីកង្វះជាតិអុីយ៉ូត ដូចជាមិនសូវទទួលទានអាហារមានជាតិអុីយ៉ូតច្រើន ឬរស់នៅតំបន់មាត់ទន្លេដែលមានទឹកឡើងស្រកញឹកញាប់ តំបន់ភ្នំខ្ពស់ៗ និងតំបន់ទឹកកក ដោយហេតុថាតំបន់ទាំងនេះពុំសូវសម្បូរអាហារដែលមានជាតិអុីយ៉ូតច្រើន។ ក្រៅពីមូលហេតុចម្បងនេះ ពកកអាចកើតមកពីការរំញោចឲ្យមានការបញ្ចេញជាតិអុីយ៉ូតច្រើន (Graves’ disease) ហួសប្រមាណដែលអាចធ្វើឲ្យក្រពេញទីរ៉ូអុីតរីកធំ។ មូលហេតុមួយទៀតគឺ autoimmune ធ្វើឲ្យមានការប៉ះពាល់ខូចខាតក្រពេញទីរ៉ូអុីត និងមានការបញ្ចេញមិនបានគ្រប់គ្រាន់។ ករណីដោយឡែកផ្សេងទៀតជំងឺពកកអាចកើតមានដោយតំណពូជពីម្តាយឪពុកទៅកូនៗជំនាន់ក្រោយ ការទទួលទានឱសថមួយចំនួន ស្ត្រីមានផ្ទៃពោះ ស្ត្រីអស់រដូវ និងអ្នកមានជំងឺមហារីកនៅក្រពេញទីរ៉ូអុីត។ រោគសញ្ញា ជាទូទៅ អាការៈចម្បងដែលគួរឲ្យកត់សម្គាល់នៃអ្នកជំងឺពកក គឺការលេចឡើងនូវដុំហើមផ្នែកខាងក្រោមនិងខាងមុខនៃក ការមានអារម្មណ៍តឹងណែនក ស្អកក ក្អក ពិបាកលេបអាហារ ពិបាកដកដង្ហើម និងចលនាឡើងចុះនៃដុំពេលប៉ះក្នុងពេលអ្នកជំងឺលេបទឹកមាត់។ ការធ្វើរោគវិនិច្ឆ័យ ដំបូងគ្រូពេទ្យឯកទេសនឹងពិនិត្យលើដុំនៅកផ្នែកខាងមុខនិងខាងក្រោមដោយដាក់ដៃទៅសង្កត់លើដុំ និងតម្រូវឲ្យអ្នកជំងឺលេបទឹកមាត់បណ្តើរបន្ទាប់មកសង្កេតឃើញដុំធ្វើចលនាឡើងចុះតាមការលេប ដែលអាចបញ្ជាក់ថាអ្នកជំងឺកំពុងប្រឈមនឹងពកក។ ម៉្យាងទៀតអ្នកជំងឺអាចនឹងត្រូវធ្វើរោគវិនិច្ឆ័យឲ្យកាន់តែច្បាស់តាមរយៈការថតអេកូបន្ថែម។ វិធីសាស្ត្រព្យាបាល ការព្យាបាលជំងឺពកកត្រូវបានបែងចែកជា ២ប្រភេទដោយផ្អែកលើលក្ខណៈនៃដុំពក រួមមាន៖ • ដុំពកស្មើសាច់ល្អ ឬក្រពេញទីរ៉ូអុីតរីកធំស្មើសាច់នោះការព្យាបាលសមស្របគឺតម្រូវឲ្យអ្នកជំងឺប្រើថ្នាំ • ដុំពកប្រភេទ nodular ដែលអាចជាដុំសាច់ដុំទឹក ឬដុំសាច់លាយទឹក នោះអ្នកជំងឺនឹងតម្រូវឲ្យធ្វើការវះកាត់។ ផលវិបាក ប្រសិនអ្នកជំងឺពុំទទួលបានការព្យាបាលទាន់ពេលវេលា នោះក្រពេញទីរ៉ូអុីតនឹងកាន់តែរីកធំឡើងៗ បង្កជាដុំបន្តបន្ទាប់ទៀតយូរទៅអាចសង្កត់លើបំពង់អាហារ បំពង់ខ្យល់ ធ្វើឲ្យពិបាកលេប ពិបាកដកដង្ហើម និងបាត់បង់ទម្រង់ក ឬសម្ផស្សខាងក្រៅ។ បើវាជាពកកមានជាតិពុលវិញអ្នកជំងឺអាចប្រឈមនឹងអាការៈទន់ដៃ ទន់ជើង ឆាប់ហត់ និងពិបាកក្នុងការប្រកបការងារ។ វិធីសាស្រ្តការពារ ទទួលទានអាហារមានជាតិអុីយ៉ូតគ្រប់គ្រាន់ដូចជាគ្រឿងសមុទ្រ រុក្ខជាតិដុះតាមមាត់សមុទ្រ ធ្វើយ៉ាងណាធានាឲ្យមានជាតិអុីយ៉ូតគ្រប់តាមតម្រូវការដើម្បីកុំឲ្យក្រពេញទីរ៉ូអុីតធ្វើការខ្លាំងពេកដែលជាមូលហេតុបង្កជាជំងឺពកកនិងអាចការពារខ្លួនអ្នក ចៀសផុតពីជំងឺពកកដោយសុវត្ថិភាព។ ប្រសិនអ្នកសង្ស័យ ឬកំពុងមានជំងឺពកក សូមមកទទួលការប្រឹក្សានិងព្យាបាលពីគ្រូពេទ្យឯកទេសត្រចៀក ច្រមុះ បំពង់កឲ្យបានឆាប់រហ័សដើម្បីបញ្ចៀសនូវហានិភ័យដែលអាចនឹងកើតមាននៅពេលអនាគត។ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ូ រដ្ឋា ឯកទេសត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រក្បាល និងក មានតួនាទីជាប្រធានបច្ចេកទេសនៃមន្ទីរពេទ្យព្រះអង្គឌួង ជាអនុប្រធានមន្ទីរសំរាកព្យាបាលលុច្ស និងជាប្រធានសមាគមជាតិ ត្រចៀក ច្រមុះបំពង់ ក វះកាត់ ក្បាលនិងក កម្ពុជា អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បើសិនអ្នកមិនទាន់បានធ្វើល្អគ្រប់គ្រាន់សម្រាប់ផ្ទៃមុខអ្នកទេនោះយ៉ាងហោចណាស់អ្នកគួរចៀសវាងទង្វើដែលផ្តល់សម្ពាធដល់ស្បែកមុខរបស់អ្នកជារៀងរាល់ថ្ងៃនិងទីបំផុតការខូចខាតមួយចំនួនធំលើផ្ទៃមុខគឺមិនអាចកែខៃឲ្យបានដូចដើមឡើយបើទោះបីជាអ្នកធ្វើការថែទាំ និងបំប៉នដិតដល់ឡើងវិញក៏ដោយ។ ស្វែងយល់នូវទង្វើប្រចាំថ្ងៃដែលអាចជះឥទ្ធិពលអាក្រក់ដល់ស្បែកមុខរបស់អ្នកនៅពេលនេះនិងធ្វើការចៀសវាងដើម្បីកាត់បន្ថយការខូចខាតដែលពិបាកកែខៃនៅពេលក្រោយ៖ ១. មិនលាបក្រែមការពារកម្តៅថ្ងៃ UVA ជាកាំរស្មីគួរឲ្យខ្លាច បើទោះវាមិនធ្វើឲ្យស្បែកប្រែពណ៌ តែអាចផ្តល់ផលយ៉ាងអាក្រក់ដូចជាធ្វើឲ្យជ្រីវជ្រួញ និងបង្កជំងឺមហារីកជាដើម។ UVA មានសមត្ថភាពឆ្លងកាត់កញ្ចក់ និងពពក ដែលមានន័យថា ទោះអ្នកនៅក្នុងម្លប់ ឬក្នុងឡានក៏អ្នកអាចរងឥទ្ធិពលពីកាំរស្មីនេះបានដែរ។ អ្នកពិតជាត្រូវលាបក្រែមការពារកម្តៅ ដែលអាចការពារទាំង UVA និង UVB ព្រមទាំងមានអានុភាពការពារយ៉ាងតិច ៣០ (SPF 30) ជាចាំបាច់។ ជាទូទៅសារធាតុការពារកាំរស្មីត្រូវបានលាយបញ្ចូលក្នុងផលិតផលថែរក្សាស្បែកផ្សេងៗរួចជាស្រេចដែលផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់។ ២. មិនគេងឲ្យបានគ្រប់គ្រាន់ បើអ្នកអាចលៃពេលគេងបានអ្នកមិនគួរខ្ជះខ្ជាយពេលវេលារីករាយនៅពេលយប់ ហើយធ្វើបាបខ្លួនឯងនៅពេលព្រឹកនោះទេ ព្រោះវាមិនត្រឹមអាក្រក់ចំពោះសុខភាពទូទៅ ខួរក្បាល និងធ្វើឲ្យធាត់នោះទេ តែវាអាក្រក់បំផុតសម្រាប់ស្បែក។ ពេលអ្នកគេងមិនត្រឹមជាពេលដែលកោសិកាធ្វើការជួសជុលនិងផលិតកោសិកាថ្មីៗ ក៏ដូចជាជម្រុះកោសិកាចាស់ តែក៏ជាពេលដែលស្បែកទទួលបានសារធាតុចិញ្ចឹមពីផលិតផលដែលអ្នកប្រើផងដែរ។ ចំណាំ៖ អ្នកត្រូវសម្អាតកន្លែងគេង ពិសេសស្រោមខ្នើយឲ្យបានទៀងទាត់និងបើអាច គួរទម្លាប់គេងផ្ងារជាជាងផ្កាប់មុខ ឬផ្តេកលើខ្នើយបើមុខអ្នកកំពុងកើតមុនឬងាយនឹងកើតមុន។ ៣. នៅមុខពន្លឺនៃឧបករណ៍អេឡិចត្រូនិច ពន្លឺទាំងនេះមិនត្រឹមជាហេតុផលដែលធ្វើឲ្យអ្នកពិបាកគេង និងបំផ្លាញស្បែកមុខរបស់អ្នកដោយមិនផ្ទាល់តែវាក៏អាចបំផ្លាញស្បែកដោយផ្ទាល់ជាមួយនឹងកាំរស្មី UV ដែលចេញពីឧបករណ៍អេឡិចត្រូនិចផងដែរ។ កាំរស្មីនេះ អាចបំផ្លាញដល់ការស្តុកទុកនៃកូឡាជែនលើផ្ទៃមុខ ដែលជាមូលហេតុសំខាន់មួយធ្វើឲ្យស្បែកមុខចាស់មុនវ័យ។ ដូចនេះ អ្នកគួរតែកាត់បន្ថយការប្រើប្រាស់ឧបករណ៍ទាំងនោះ បើសិនមិនចាំបាច់។ ៤. និយាយទូរស័ព្ទច្រើនពេក ក្រៅពីឥទ្ធិពលអាក្រក់នៃពន្លឺចេញពីឧបករណ៍អេឡិចត្រូនិចដូចដែលរៀបរាប់ខាងលើ ទូរស័ព្ទត្រូវបានដឹងថាជាសម្ភារមិនស្អាត ដែលមានដិតជាប់ជាមួយនឹងមេរោគជាច្រើន ព្រមទាំងនៅជិតអ្នកជាងគេសឹងតែគ្រប់ពេលវេលា។ ប្រសិនបើអ្នកតែងតែត្រូវការនិយាយទូរស័ព្ទច្រើន ការនិយាយដោយផ្អឹបទូរស័ព្ទនឹងត្រចៀកផ្ទាល់គួរតែត្រូវបានកាត់បន្ថយ បើអ្នកមិនចង់កើតមុន ឬបញ្ហាស្បែកផ្សេងៗទៀត។ ៥. ចូលចិត្តយកដៃប៉ះមុខ ត្រូវចាំថា ដៃរបស់អ្នកក៏ជាភ្នាក់ងារនាំយកមេរោគរាប់មិនអស់ មកលើមុខរបស់អ្នកផងដែរ។ ដូចនេះអ្នកគួរកាត់បន្ថយយកដៃប៉ះមុខនិងចៀសវាងអេះ ឬញេចមុនដោយខ្លួនឯង ពិសេសបើមុនមិនទាន់បែកពីព្រោះទោះអ្នកបានលាងដៃស្អាតក៏មិនអាចធានាថាមិននាំឲ្យឆ្លងរោគពេលញេច ដែលធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរនិងបង្កស្នាមដែរ។ ៦. ញ៉ាំមិនត្រឹមត្រូវ អ្នកគួរចៀសវាងទម្លាប់មិនល្អចម្បងៗក្នុងការញ៉ាំមួយចំនួន ដែលអាក្រក់ចំពោះស្បែកមុខរួមមាន៖ • ស្ករ៖ ស្ករអាចបំផ្លាញដល់ស្រទាប់កូឡាជែនដែលនាំឲ្យស្បែកងាយចាស់ ជ្រីវជ្រួញជាងវ័យ។ ក្រៅពីនោះ ស្ករថែមទាំងអាចបង្កការរលាកដែលជាមូលហេតុមួយនៃការកើតមុនផងដែរ។ • អាល់កុល ឬស្រា៖ វាជាមូលហេតុនៃការខ្វះសំណើមរបស់ស្បែក និងបង្កការរលាកដែលនាំឲ្យកើតមុន ព្រមទាំងធ្វើឲ្យជាតិពុលក្នុងខ្លួនកើនឡើង ជាហេតុនាំឲ្យស្បែកស្រអាប់ និងមានបញ្ហាផ្សេងៗផងដែរ។ • បារី៖ បារីមានផ្ទុកជាតិពុលធ្វើឲ្យស្បែករបក និងនាំឲ្យសរសៃឈាមរួមតូចធ្វើឲ្យស្បែកមិនអាចទទួលការចិញ្ចឹមបានល្អ ជាលទ្ធផលបង្កឲ្យមានការលេចឡើងជាភាពជ្រីវជ្រួញ និងយារធ្លាក់។ ៧. លាងសម្អាតមុខមិនបានត្រឹមត្រូវ ការសម្អាតមុខមិនបានត្រឹមត្រូវអាចធ្វើឲ្យខូចខាតដល់ស្បែកមុខតាំងពីជំហានដំបូង ដូចនេះអ្នកត្រូវប្រាកដថា អ្នកធ្វើការសម្អាតមុខជារៀងរាល់ថ្ងៃពិសេសមុនពេលចូលគេង សម្អាតគ្រឿងតុបតែងមុខដោយប្រើផលិតផលសមស្របនឹងស្បែកមុខ មិនប្រើប្រាស់ទឹកក្តៅ ឬត្រជាក់ពេក និងមិនខាត់ស្បែកមុខ ក៏ដូចជាលុបលាងមុខញឹកញាប់ពេកជាដើម។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការពន្យល់លម្អិតចំពោះបញ្ហារលូតកូនជាពិសេសនៅត្រីមាសដំបូង គឺមិនទាន់បានជាក់លាក់នៅឡើយ ប៉ុន្តែគេបានសង្កេតឃើញមានកត្តាមួយចំនួនតាមរយៈបទពិសោធន៍កន្លងមក។ ចង់ដឹងថាអាចមានមូលហេតុបែបណាខ្លះដែលបណ្តាលឲ្យការពពោះឈានដល់ការរលូតអ្នកអាចស្វែងយល់តាមរយៈករណីសិក្សាដូចខាងក្រោម៖ សំណួរ៖ ហេតុអ្វីបានជាមានផ្ទៃពោះជិត ៧សប្តាហ៍ហើយ តែអំប្រ៊ីយ៉ុងមិនលូតលាស់? ចម្លើយ៖ ប្រមាណជា ២០ ទៅ ៣០ភាគរយនៃការមានផ្ទៃពោះអាចបញ្ចប់ទៅវិញដោយសារទារកនៅក្រៅស្បូនជាហេតុបណ្តាលឲ្យទារកត្រូវរលូត។ បច្ចុប្បន្នក៏មិនទាន់មានតេស្ត ឬវិធីសាស្រ្តណាមួយច្បាស់លាស់ដែលអាចបង្ហាញអំពីមូលហេតុពិតប្រាកដនៃបញ្ហានេះដែរ។ តាមរយៈបទពិសោធន៍កន្លងមកភាគច្រើននៃបញ្ហានេះកើតមានឡើងនៅត្រីមាសដំបូងចំណែកមូលហេតុដែលទំនងអាចកើតមានឡើងនោះគឺបណ្តាលមកពីភាពមិនប្រក្រតីនៃក្រូម៉ូសូម។ ភាពមិនប្រក្រតីនៃក្រូម៉ូសូមអាចកើតមានឡើងនៅពេលមេជីវិតរបស់បុរស (Sperm) ដែលបង្កើតបានជាស៊ុត រួចបន្តវិវឌ្ឍជាអំប្រ៊ីយ៉ុងមានចំនួនក្រូម៉ូសូមមិនត្រឹមត្រូវ(ខ្វះឬលើស) ឬអាចមានភាពមិនប្រក្រតីកើតឡើងក្នុងអំឡុងពេលចែកកោសិកា ដែលបណ្តាលឲ្យចំណែកក្រូម៉ូសូមទទួលបានមានចំនួនខ្វះខាត ឬចម្លងមិនបានត្រឹមត្រូវ។ ជាលទ្ធផល អំប្រ៊ីយ៉ុងមិនអាចលូតលាស់បន្ត និងមិនអាចបន្តពពោះទៀតបាន។ ការពន្យល់លម្អិតចំពោះមូលហេតុដែលអាចនឹងកើតឡើង គឺមិនទាន់មានលក្ខណៈច្បាស់លាស់នៅឡើយទេ។ ខណៈពេលដែលការសិក្សាមួយចំនួនបានកំពុងព្យាយាមស្វែងយល់អំពីកត្តាបង្កខាងក្រៅមានដូចជា ការប្រើប្រាស់អាស៊ីតហ្វូលិក ឬការបញ្ចាំងកាំរស្មី ដែលអាចប៉ះពាល់ដល់ក្រូម៉ូសូម ប៉ុន្តែនៅមិនមានភស្តុតាងដែលអាចបញ្ជាក់ពីទំនាក់ទំនងនេះនៅឡើយ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តី Women-Baby’s Center Anna អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម​ ប្រូ លេខ​ ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

រមួលក្រពើមិនត្រឹមតែអាចកើតមានឡើងនៅពេលអ្នកហាត់កម្លាំងជើងហួសកម្រិត ឬនៅពេលហែលទឹកប៉ុណ្ណោះទេ អាការៈនេះក៏អាចលេចឡើងនៅពេលអ្នកកំពុងគេងលង់លក់ស្កប់ស្កល់ទៅហើយក៏ថាបាន ដែលទាមទារឲ្យមានការប្រុងប្រយ័ត្ន។ អ្វីគួរដឹង? រមួលក្រពើនៅពេលយប់ ជាការឈឺចាប់មួយដែលអាចបង្កភាពភ័យខ្លាច ព្រោះវាកើតឡើងនៅពេលអ្នកជំងឺកំពុងគេង។ ការកើតឡើងបែបនេះ អាចប៉ះពាល់ដល់គុណភាពរបស់ដំណេក ជាពិសេសចំពោះមនុស្សវ័យចំណាស់តែម្តង។ ការសង្ស័យទៅលើមូលហេតុដូចជា ការបាត់បង់ជាតិទឹក សូដ្យូម កាល់ស្យូមឬបណ្តាលមកពីឱសថណាមួយ នៅមិនទាន់បានជាក់លាក់ និងជោគជ័យនៅឡើយ ដូចនេះទើបអាការៈបែបនេះ អាចចាត់ទុកថាមានភាពពិបាកក្នុងការព្យាបាល។ អ្វីគួរធ្វើ? នៅពីក្រោយអាការៈរមួលក្រពើនៅពេលយប់ អាចបង្កប់នូវមូលហេតុណាមួយ ដែលមានតែការពិគ្រោះជាមួយវេជ្ជបណ្ឌិតទេទើបជាការប្រសើរ ប៉ុន្តែអំឡុងពេលជាមួយគ្នាអ្នកដែលជាឱសថការីអាចណែនាំដល់ពួកគេរួមមាន៖ • ការបន្ថយសម្ពាធទៅលើចុងជើង ដោយគួរដាក់វត្ថុអ្វីមួយកល់ ដើម្បីកាត់បន្ថយទម្ងន់របស់ភួយមកលើជើងនៅពេលគេង • គួរធ្វើលំហាត់ប្រាណដោយទាញសន្ធឹងភ្លៅ និងកំភួនជើងឲ្យបានជាប្រចាំនៅពេលថ្ងៃ • អាចណែនាំឲ្យប្រើប្រាស់ឱសថ Quinine ក្រោមទម្រង់មានឈ្មោះ Quinine Vitamine C Grand (៤០មិល្លីក្រាមក្នុង ១គ្រាប់) ឬQuinisedine (៨០មិល្លីក្រាមក្នុង ១គ្រាប់) ដែលការប្រើប្រាស់គឺ ៤គ្រាប់នាពេលល្ងាច ឬអាចចែកជាពីរៗគ្រាប់សម្រាប់លេប ២ពេលក្នុងមួយថ្ងៃ។ បម្រុងប្រយ័ត្ន • ឱសថ Quinine អាចមានប្រសិទ្ធភាពសម្រាប់អាការៈរមួលក្រពើ ប៉ុន្តែមិនអាចចៀសផុតពីផលរំខាននានា ដូចជាវិលមុខ ឬស្រវាំងភ្នែកនោះទេ • ហាមប្រើប្រាស់ចំពោះអ្នកមានវិបត្តិចង្វាក់បេះដូង • មិនគួរណែនាំឲ្យប្រើប្រាស់សម្រាប់ស្រ្តីមានផ្ទៃពោះ និងកំពុងបំបៅដោះកូនឡើយ។ ប្រភពយោង៖ Le vademecum de la Médication officinale អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មនុស្សជាច្រើនរមែងយល់ច្រឡំថាបញ្ហាប្រឈមផ្នែកអារម្មណ៍ដូចជាភាពតានតឹងនិងស្មុគស្មាញកើតមានចំពោះតែមនុស្សពេញវ័យតែប៉ុណ្ណោះ ប៉ុន្តែកុំភ្លេចថាកុមារក៏អាចមានបញ្ហាបែបនេះដែរ។ នេះជាបញ្ហាដែលឪពុកម្តាយមិនត្រូវមើលរំលង និងគប្បីយកចិត្តទុកដាក់ចំពោះកូនៗដោយហេតុថាការបណ្តោយឲ្យកូនៗមានអារម្មណ៍តានតឹងរយៈពេលយូរអាចបណ្តាលឲ្យមានផលវិបាកជាជំងឺផ្លូវចិត្តនាពេលអនាគត។ អត្ថបទនេះនឹងផ្តល់ជាគន្លឹះសម្រាប់ លោកប៉ាអ្នកម៉ាក់ធ្វើការលើកទឹកចិត្តកូននៅពេលពួកគេមានអារម្មណ៍តានតឹង។ នៅក្នុងដំណាក់កាលនៃការលូតលាស់របស់កុមារ ពួកគេចៀសមិនរួចនឹងប្រឈមមុខជាមួយភាពសោកសៅ អារម្មណ៍មិនល្អ គំនិតអវិជ្ជមានកើតចេញពីមជ្ឈដ្ឋាននានាជុំវិញខ្លួន។ អារម្មណ៍ទាំងនេះជាទូទៅនឹងបាត់ទៅវិញដោយឯកឯង ក្នុងរយៈពេលខ្លីដោយសារកុមារអាចបង្វែរចំណាប់អារម្មណ៍របស់គេទៅលើរឿងដទៃទៀត។ ប៉ុន្តែប្រសិនបើលោកអ្នកសង្កេតឃើញថាកូនៗ មានអារម្មណ៍សោកសៅជាច្រើនសប្តាហ៍ជាប់ៗគ្នា មានគំនិតអវិជ្ជមានខ្លាំងខុសពីធម្មតា បាត់បង់នូវចំណង់ក្នុងការធ្វើអ្វីមួយ ផ្លាស់ប្តូរឥរិយាបថ ដូចជានៅស្ងៀមស្ងាត់ដាច់ដោយឡែក ឬមិនសូវមានភាពស្វាហាប់ដូចរាល់ដង ដល់ពេលដែលត្រូវយកចិត្តទុកដាក់ចំពោះពួកគាត់ហើយ។   ជាដំណោះស្រាយចំពោះបញ្ហានេះ វាទាមទារពេលវេលាមួយចំនួន និងការអត់ធ្មត់ព្យាយាមរបស់ឪពុកម្តាយជួយលើកទឹកចិត្តកូនៗ តាមរយៈ៖ • ការអប់រំផ្លូវចិត្ត៖ ឪពុកម្តាយត្រូវចំណាយពេលវេលាពន្យល់កូនៗថាអាការៈនៃភាពតានតឹងក្នុងអារម្មណ៍ជាបញ្ហាចៀសមិនរួចក្នុងដំណើរជីវិតហើយមនុស្សគ្រប់រូបមានវិធីផ្សេងៗគ្នាក្នុងការដោះស្រាយបញ្ហានេះ។ ការលើកទឹកចិត្តឲ្យកូនៗនិយាយដោយបើកចំហពីអារម្មណ៍ ការលំបាករបស់គេនឹងបង្ហាញថាលោកអ្នកពិតជាយល់យ៉ាងជាក់ច្បាស់ពីបញ្ហារបស់ពួកគេ។ ការណ៍នេះនឹងធ្វើឲ្យកូនៗរបស់លោកអ្នកមានភាពធូរស្រាល និងមានទំនុកចិត្តឡើងវិញ។ • ការយកចិត្តទុកដាក់៖ ការយកចិត្តទុកដាក់របស់ឪពុកម្តាយជាកត្តាសំខាន់ ដែលលោកអ្នកអាចផ្ដល់បានតាមរយៈការសួរនាំ និងយកចិត្តទុកដាក់ស្តាប់ពួកគេទាក់ទងនឹងសកម្មភាពប្រចាំថ្ងៃនៅសាលារៀន ឬទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនជាដើម។ ការធ្វើបែបនេះ អាចធ្វើឲ្យកូនទទួលបានអារម្មណ៍នៃការស្រលាញ់យកចិត្តទុកដាក់គ្រប់គ្រាន់ មិនមានអារម្មណ៍ថាខ្លួនឯងឯកោ។ • ការផ្តល់ជំនួយ៖ ឪពុកម្តាយត្រូវជួយកូនស្វែងរកឫសគល់នៃបញ្ហាតានតឹងក្នុងចិត្តរបស់ពួកគេហើយផ្តល់ជាយោបល់ ឬជម្រើសនៃដំណោះស្រាយប្រកបដោយភាពយោគយល់ និងទន់ភ្លន់ចំពោះកូន។ លោកអ្នកគួរតែបង្ហាញថាការរីករាយនឹងជួយពួកគេគ្រប់បែបយ៉ាង ចៀសវាងការបង្គាប់បញ្ជាពួកគេឲ្យធ្វើអ្វីៗតាមលោកអ្នក។ • ការលើកទឹកចិត្តឲ្យចូលរួមសកម្មភាពផ្សេង៖ ការចូលរួមក្នុងសកម្មភាពសង្គម សកម្មភាពកម្សាន្ត ឬសកម្មភាពផ្សេងៗទៀតអាចជួយកាត់បន្ថយនូវអារម្មណ៍តានតឹងបានយ៉ាងមានប្រសិទ្ធភាព។ ឪពុកម្តាយគួរណែនាំកូនៗ ឬចូលរួមជាមួយពួកគេអនុវត្តសកម្មភាពងាយៗជាប្រចាំថ្ងៃដូចជាការលេងកីឡា ការជួបជុំគ្នាជាលក្ខណៈគ្រួសារ ដំណើរកម្សាន្តនាចុងសប្តាហ៍ជាដើមដែលសកម្មភាពទាំងនេះអាចជាជំនួយមួយផ្នែកជួយឲ្យកូនៗមានអារម្មណ៍ស្រស់ថ្លាឡើងវិញ។ • ការចៀសវាងអាកប្បកិរិយាអវិជ្ជមាន៖ ឪពុកម្តាយមិនគួរប្រើប្រាស់អាកប្បកិរិយាមួយចំនួនដូចជាការគំហកកំហែង ការគំរាម ការស្តីបន្ទោស ការបង្ខិតបង្ខំ ឬការសួរនាំដដែលៗទៅកាន់ពួកគេ។ ទង្វើបែបនេះមិនត្រឹមតែមិនអាចជួយដល់ពួកគេប៉ុន្តែថែមទាំងបង្កនូវភាពអវិជ្ជមានកាន់តែខ្លាំងឡើង ដោយកូនៗនឹងកាន់តែមានអារម្មណ៍មិនល្អចំពោះឪពុកម្តាយ ក៏ដូចជាចំពោះខ្លួនឯង ហើយពួកគេនឹងអាចប្រឈមមុខនឹងបញ្ហាផ្លូវចិត្ត។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺភ្នែកឡើងបាយ (Cataract) នៅតែដើរតួនាទីលេខមួយនៃមូលហេតុបង្កឲ្យមានភាពពិការភ្នែកនៅលើពិភពលោក នេះបើយោងតាមការសិក្សាមួយឈ្មោះ Global Causes Of Blindness and Distance Vision Impairment 1990-2020: a Systematic review and meta-analysis ដែលធ្វើឡើងដោយចំណាយថវិការបស់វិទ្យាស្ថាន Brien Holden Vision Institute របស់ប្រទេសអូស្រ្តាលី។ តាមរយៈការសិក្សានេះមានប្រជាជនប្រមាណជាង ៣៦លាននាក់មានភាពពិការភ្នែកនៅឆ្នាំ ២០១៥ ដែលក្នុងនោះមាន ១២.៦ លាននាក់ដោយសារជំងឺភ្នែកឡើងបាយ ៧.៤ លាននាក់ដោយសារកំហុសកំណុំ និង ២.៩លាននាក់ដោយសារជំងឺទឹកដក់ក្នុងភ្នែក។ និយមន័យ បាយភ្នែក (Cataract) គឺជាការឡើងស្រអាប់នៃកែវភ្នែកធម្មជាតិរបស់ភ្នែក (Lens) ដែលកែវនេះជាធម្មតាថ្លា។ មូលហេតុបង្ក មានមូលហេតុជាច្រើនដែលបង្កឲ្យមានបាយភ្នែកនេះរួមមាន៖ - កត្តាអាយុ៖ កើនឡើងនៃអាយុអាចជាមូលហេតុសំខាន់មួយនៃជំងឺបាយភ្នែក ហើយក៏ជាមូលហេតុដែលយើងមិនអាចបង្ការបាននិងគ្មានអ្នកណាម្នាក់អាចគេចផុតទេ។ ដូច្នោះ ទោះជាគ្មានមូលហេតុផ្សេងក៏ដោយឲ្យតែអាយុចាស់ (ជាទូទៅលើសពី៥០ឆ្នាំ) សុទ្ធតែអាចមានបាយភ្នែកគ្រប់ៗគ្នា។ ឧទាហរណ៍ ស្រដៀងគ្នាដូចក្នុងករណីសក់ស្កូវអ្នកណាក៏មានសក់ស្កូវដែរគ្រាន់តែអ្នកខ្លះឆាប់មានស្កូវ ហើយអ្នកខ្លះអាយុច្រើនបន្តិចទើបមាន។ - ការប្រើប្រាស់ថ្នាំមួយចំនួន៖  • ក័រទីកូស្តេរ៉យ (Corticosteroids)  • ហ្វេណូត្យាហ្សីន (Phenothiazines)  • ម៉ាយអូទិច (Miotics)  • អាមីញ៉ូដារ៉ូន (Amiodarone)  • ស្តាទីន (Statins)។ - ការប៉ះទង្គិចទៅលើគ្រាប់ភ្នែក ឬប៉ះលើកែវភ្នែកផ្ទាល់៖ ភាគច្រើនកើតអំឡុងពេលធ្វើការងារ គ្រោះថ្នាក់ចរាចរណ៍ ឬការប៉ះពាល់ជាមួយសារធាតុគីមីដូចជា បាសជាដើម។ ក្នុងករណីកម្រមួយចំនួនអាចបង្កឡើងពេលធ្វើការវះកាត់ផ្នែកផ្សេងនៃគ្រាប់ភ្នែក (វះបាតភ្នែកនិងចាក់ថ្នាំចូលក្នុងភ្នែក)។ - ប្រឈមជាមួយកាំរស្មី៖ ការសិក្សាបង្ហាញថា កាំរស្មីមួយចំនួនអាចបង្កឲ្យឡើងបាយភ្នែកបានដែរដូចជាកាំរស្មីអ៊ុលត្រាវ៉ាយអូឡេត (Ultraviolet radiation) ពីពន្លឺព្រះអាទិត្យ។ - ជំងឺទឹកនោមផ្អែម និងជំងឺប្រចាំកាយ៖ ការកើនឡើងជាតិស្ករក្នុងឈាមរុំារ៉ៃអាចបណ្តាលឲ្យអ្នកមានជំងឺទឹកនោមផ្អែមហើយក៏ជាកត្តាមួយដែលធ្វើឲ្យមានជំងឺភ្នែកឡើងបាយលឿនជាងអ្នកធម្មតាផងដែរ។ - ឡើងបាយពីកំណើត៖ បាយភ្នែកពីកំណើតគឺជាបាយដែលកើតលើទារកតាំងពីកំណើតតែម្តង។ ច្រើនកើតឡើងមកជាមួយភាពមិនធម្មតាមកពីកំណើតមួយចំនួនដូចជា ជំងឺទ្រីសូមី២១ ម្តាយកើតស្អូចពេលមានផ្ទៃពោះជាដើម។ តែក្នុងករណីខ្លះក៏មិនមានឃើញមានភាពមិនធម្មតាផ្សេងទៀតមកជាមួយ។ - កង្វះអាហារូបត្ថម្ភ៖ កង្វះចំណីអាហារមិនត្រូវបានបង្ហាញថាជាមូលហេតុបង្កឲ្យកើតជំងឺភ្នែកឡើងបាយនោះទេ ប៉ុន្តែការសិក្សាមួយចំនួនបានបង្ហាញថាការបរិភោគសារធាតុ Lutein និង Zeazanthin ដែលមាននៅក្នុងបន្លែ Spinach, Kale និង broccoli អាចកាត់បន្ថយកត្តាប្រឈមនៃការឡើងបាយភ្នែក។ ការញុំាវីតាមីន A, C, E, niacin, B1, B2, Beta carotene មិនមានផលប្រយោជន៍ដល់ជំងឺភ្នែកឡើងបាយទេ។ - សម្ពាធទឹកក្នុងភ្នែកកើនឡើង៖ ការឡើងសម្ពាធទឹកខ្លាំងក្នុងជំងឺទឹកដក់ក្នុងភ្នែកអាចឲ្យមានការងាប់កោសិការបស់កែវភ្នែកដែលធ្វើឲ្យកែវភ្នែកឡើងស្រអាប់។ រោគសញ្ញា រោគសញ្ញាធំៗដែលយើងតែងតែជួបញឹកញាប់ចំពោះអ្នកជំងឺភ្នែកឡើងបាយរួមមាន៖ ថយចុះគំហើញសន្សឹមៗចាញ់ពន្លឺខ្លាំងខុសពីធម្មតាមើលឃើញពណ៌ស្រលេតជាងមុន ភ្នែកក្លាយជាម៉្ញូបខ្លាំង និងអាចមើលឃើញបែកជាពីរពេលមើលភ្នែកតែម្ខាង។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យជំងឺភ្នែកឡើងបាយគឺធ្វើឡើងដោយវេជ្ជបណ្ឌិតឯកទេសភ្នែក ឬគ្រូពេទ្យដែលមានជំនាញទាក់ទងជាមួយភ្នែក តាមរយៈការធ្វើតេស្តគំហើញ ការពិនិត្យជាមួយម៉ាស៊ីន Slit Lamp និងជួនកាលគេអាចរកឃើញដោយចៃដន្យនៅពេលអ្នកជំងឺមកពិនិត្យសរសៃបាតភ្នែក។ ការព្យាបាល ការព្យាបាលដែលមានប្រសិទ្ធភាព និងត្រឹមត្រូវតែមួយគត់គឺការបកបាយភ្នែក (ឬវះកាត់ភ្នែកឡើងបាយ) ដោយដាក់បញ្ចូលវិញនូវកែវភ្នែកសិប្បនិម្មិត។ ប្រសិនបើបាយភ្នែកនៅកម្រិតដំបូងអាចប្រើវ៉ែនតាជំនួយមុននឹងឈានដល់ការវះកាត់។ ដោយសារតែការបកបាយភ្នែកជាមធ្យោបាយតែមួយក្នុងការព្យាបាលជំងឺនេះ ដូច្នេះសូមមើលការបកស្រាយពីដំណើរការនៃការវះកាត់ និងផលវិបាកផ្សេងៗដែលអាចកើតមានសម្រាប់អ្នកជំងឺគួរតែយល់ដឹង។ - អ្នកជំងឺគួរត្រៀមខ្លួនបែបណាមុនពេលវះកាត់៖ ការវះកាត់ភ្នែកឡើងបាយ (បកបាយភ្នែក) ជាការវះកាត់សាមញ្ញមួយដែលគ្រូពេទ្យភ្នែកធ្វើញឹកញាប់បំផុតហើយចំណាយពេលប្រហែលជា ១៥ ទៅ២០នាទី ឬយូរជាងនេះបន្តិចក្នុងករណីឡើងបាយដែលមានជំងឺភ្នែកផ្សេងៗមកជាមួយ (Pathological Cataracts)។ ដូច្នេះ អ្នកជំងឺត្រូវការសុខភាពផ្លូវកាយល្អ មានសម្ពាធឈាមធម្មតា កម្រិតជាតិស្ករធម្មតា នោះការវះកាត់អាចប្រព្រឹត្តទៅបានដោយរលូន។ គួរបញ្ជាក់ផងដែរថា ការបកបាយភ្នែកអ្នកជំងឺមិនចាំបាច់បង្អត់អាហារ ឬភេសជ្ជៈមុនពេលវះកាត់នោះទេ ព្រោះការវះកាត់គឺមិនតម្រូវឲ្យដាក់ថ្នាំសណ្តំឲ្យសន្លប់ទេ គ្រូពេទ្យគ្រាន់តែចាក់ថ្នាំស្ពឹកប្រហែល ៥មិល្លីលីត្រនៅខាងក្រោមភ្នែក ឬអាចប្រើជាប្រភេទថ្នាំបន្តក់ ហើយការវះកាត់មិនមានការឈឺចាប់អ្វីទាំងអស់។ - វិធីសាស្រ្តក្នុងការវះកាត់៖ • ការវះកាត់ដោយបើកមុខរបួសធំ៖ ជាការវះកាត់ដែលគេកម្រប្រើណាស់សព្វថ្ងៃ លើកលែងតែក្នុងករណីពិសេសមួយចំនួនដូចជាបាយភ្នែកដែលមានការខូចខាតខ្សែព្យួររបស់ស្រោមកែវ (Zonular dialysis) ជាដើម • ការវះកាត់ដោយបើកមុខរបួសតូច៖ ជាការវះកាត់ដែលងាយស្រួល ប្រើពេលខ្លី ចំណាយថវិកាតិចហើយជាប្រភេទវះកាត់ដែលនៅតែពេញនិយមសព្វថ្ងៃ • ការវះកាត់ដោយបើកមុខរបួសតូចដោយប្រើម៉ាស៊ីន៖ ជាការវះកាត់ដែលកំពុងពេញនិយមប្រើរយៈពេលខ្លី របួសឆាប់សះល្អអ្នកជំងឺឆាប់ទទួលបានគំហើញឡើងវិញ តែទាមទារឲ្យមានម៉ាស៊ីនទំនើប និងមានតម្លៃថ្លៃផងដែរ។ ផលវិបាក យើងដឹងហើយថាគ្រប់ការវះកាត់សុទ្ធសឹងតែអាចមានផលវិបាកគ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ។ យ៉ាងណាមិញការវះកាត់ភ្នែកឡើងបាយអាចចាត់ទុកបានថាជាការវះកាត់ដែលមានផលវិបាកតិចតួចបំផុត បើប្រៀបធៀបជាមួយនឹងការវះកាត់ផ្សេងៗ។ ប៉ុន្តែយ៉ាងណាផលវិបាកពីការវះកាត់ក៏មិនអាចចៀសផុតទោះជាការវះកាត់ធ្វើឡើងដោយគ្រូពេទ្យឯកទេសភ្នែកដែលមានបទពិសោធន៍ច្រើនយ៉ាងណាក៏ដោយ។ - ផលវិបាកអំឡុងពេលវះកាត់ • ការរហែកស្រោមកែវភ្នែកផ្នែកខាងក្រោយ (Posterior capsule rupture with or without vitreous loss)៖ ផលវិបាកដែលជួបច្រើនក្នុងដំណើរការវះកាត់ភ្នែកឡើងបាយ តែជាទូទៅគេអាចកែខៃឲ្យមកល្អវិញ និងមិនមានផលប៉ះពាល់លើគំហើញក្រោយការវះកាត់ឡើយ • ដាច់ខ្សែព្យួរស្រោមកែវភ្នែក (Zonular dehiscence)៖ ជាទូទៅផលវិបាកនេះអាចកើតឡើងក្នុងករណីភ្នែកដែលមានខ្សែព្យួរនេះដាច់មុនពេលវះកាត់បណ្តាលមកពីការប៉ះទង្គិច។ ដូច្នេះក្នុងករណីនេះទាមទារឲ្យគ្រូពេទ្យមានការប្រុងប្រយ័ត្នខ្ពស់ និងជ្រើសរើសវិធីវះកាត់ដែលសមស្របទៅនឹងស្ថានភាពភ្នែក • ធ្លាក់បំណែករបស់បាយចូលផ្នែកខាងក្រោយនៃភ្នែក (Loss of nuclear fragment posteriorly)៖ គេអាចជួបផលវិបាកនេះនៅក្នុងការវះកាត់មុខរបួសតូចដោយប្រើម៉ាស៊ីន។ ដូច្នេះ ទាមទារឲ្យគ្រូពេទ្យមានការស្ទាត់ជំនាញក្នុងការប្រើប្រាស់ម៉ាស៊ីន។ ករណីនេះ ប្រសិនបើបំណែកនោះតូចអាចទុកនៅក្នុងនោះបានដោយរង់ចាំឲ្យរលាយបាត់ដោយខ្លួនឯងតែបើធំគ្រូពេទ្យត្រូវធ្វើការវះកាត់ជាលើកទីពីរដោយវះកាត់ដល់ផ្នែកខាងក្រោយនៃភ្នែកដើម្បីយកបំណែកនោះចេញ • ការផ្ទុះបែកសរសៃឈាមភ្លាមៗ (Choroidal hemorrhage)៖ ផលវិបាកដែលអាក្រក់បំផុតក្នុងការវះកាត់ភ្នែកឡើងបាយ តែគេកម្រជួបណាស់ ភាគច្រើនគេជួបនៅលើអ្នកជំងឺមានសម្ពាធឈាមខ្ពស់។ ដូច្នេះហើយបានជាការវះកាត់ភ្នែកឡើងបាយតម្រូវឲ្យអ្នកជំងឺមានសម្ពាធឈាមធម្មតា។ - ផលវិបាកក្រោយពេលវះកាត់ • ការចម្លងរោគចូលភ្នែក (Postoperative endophthalmitis)៖ ផលវិបាកដែលធ្ងន់ធ្ងរមួយអាចធ្វើឲ្យអ្នកជំងឺពិការភ្នែកបាន។ ជាទូទៅច្រើនកើតឡើងនៅថ្ងៃទី៣ ដល់ ២១ បន្ទាប់ពីការវះកាត់ ដែលអ្នកជំងឺមានរោគសញ្ញាដូចជាឈឺចុកចាប់ភ្នែកខ្លាំងថយគំហើញខ្លាំង ភ្នែកឡើងក្រហម ហើមខ្លាំង និងចាញ់ពន្លឺថ្ងៃ។ បើអ្នកជំងឺមានសញ្ញាទាំងអស់នេះត្រូវប្រញាប់មកជួបគ្រូពេទ្យភ្នែកជាបន្ទាន់ដើម្បីពិនិត្យនិងព្យាបាលឲ្យទាន់ពេលវេលា • ហើមកញ្ចក់ភ្នែក (Corneal edema) • ឡើងសម្ពាធក្នុងភ្នែក (Elevated intraocular pressure) • មុខរបួសមិនជិតល្អ (Wound leak)៖ ករណីនេះតម្រូវឲ្យគ្រូពេទ្យធ្វើការដេរមុខរបួសឲ្យបានជិតល្អវិញ បើពុំនោះទេនឹងអាចនាំឲ្យមានការចម្លងរោគចូលក្នុងភ្នែក • ការហើមបាតភ្នែកមានសណ្ឋានជាគីស (Cystoid macular edema)៖ ការហើមនេះអាចបាត់ទៅវិញដោយការប្រើប្រាស់ថ្នាំបន្តក់បំបាត់រលាកជាច្រើនសប្តាហ៍ ឬច្រើនខែ • របើកបាតភ្នែក (Retinal detachment)៖ ផលវិបាកធ្ងន់ធ្ងរមួយដែលអាចឲ្យអ្នកប្រឈមជាងគេគឺអ្នកជំងឺដែលមានភ្នែកម៉្ញូបខ្លាំង (លើសពី៦០០ដឺក្រេ) និងការរេចរឹលរបស់សរសៃបាតភ្នែក (Lattice degeneration) • កញ្ចក់ភ្នែកចុះខ្សោយ (Corneal decompensation)៖ កត្តាដែលប្រឈមឲ្យមានផលវិបាកនេះមានដូចជា ការខូចរូបរាងរបស់កោសិកាស្រទាប់ខាងក្នុងរបស់កញ្ចក់ភ្នែក (endothelial dystrophy) ជំងឺទឹកនោមផ្អែម ការប៉ះទង្គិចលើកញ្ចក់ភ្នែកស្រទាប់ខាងក្នុងអំឡុងពេលវះកាត់ ការវះកាត់ដែលប្រើរយៈពេលយូរ (Long Phaco time/power or long irrigation time) និងការដាក់កែវសិប្បនិម្មិតនៅបន្ទប់មុខនៃភ្នែក (ACIOL)។ វិធីសាស្រ្តការពារ ថ្វីត្បិតតែភ្នែកឡើងបាយមិនអាចចៀសផុតចំពោះមនុស្សមានវ័យចំណាស់ប៉ុន្តែមានកត្តាមួយចំនួនដែលគួរប្រកាន់ខ្ជាប់ដើម្បីពន្យារការកើតភ្នែកឡើងបាយ និងបញ្ចៀសពីការឡើងបាយដែលមិនមែនបណ្តាលមកពីវ័យដូចជា៖ • ការបរិភោគអាហារដែលមានតុល្យភាព និងមានជីវជាតិគ្រប់គ្រាន់ • ចៀសវាងការជក់បារី • ប្រើវ៉ែនតាការពារកម្តៅថ្ងៃជាប្រចាំពេលចេញទៅក្រៅ • ប្រើវ៉ែនតាការពារពេលធ្វើការងារដែលប្រឈមនឹងការប៉ះទង្គិច • ចៀសវាងការប្រើឱសថផ្តេសផ្តាសទោះជាស្ថិតក្នុងទម្រង់លេបក្តី ឬបន្តក់ក្តី • ជួបជាមួយគ្រូពេទ្យឯកទេសភ្នែករាល់ពេលមានបញ្ហាភ្នែក • ព្យាបាលជំងឺទឹកនោមផ្អែមឲ្យបានត្រឹមត្រូវដើម្បីឲ្យជាតិស្ករក្នុងឈាមស្ថិតក្នុងកម្រិតធម្មតា។ - ចំណុចគួរចងចាំ • គ្មាននរណាម្នាក់អាចចៀសផុតពីជំងឺភ្នែកឡើងបាយនោះទេ ព្រោះវាជាជំងឺកើតឡើងតាមអាយុ • ការវះកាត់ភ្នែកឡើងបាយជាជម្រើសតែមួយគត់ដែលត្រឹមត្រូវ និងមានប្រសិទ្ធភាព ហើយគ្មានថ្នាំលេបឬបន្តក់ណាអាចព្យាបាលភ្នែកឡើងបាយបានទេ • ការវះកាត់ភ្នែកឡើងបាយគឺប្រើរយៈពេលតិច មានការឈឺចាប់តិចតួចនិងសុវត្ថិភាព • ក្រោយការវះកាត់អ្នកជំងឺអាចមើលឃើញសារឡើងវិញយ៉ាងឆាប់រហ័ស។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ហម ឆេងអុី ឯកទេសចក្ខុរោគនៃគ្លីនិកភ្នែកភ្នំពេញ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ពេលដែលអាកាសធាតុប្រែប្រួល ជាពិសេសក្នុងរដូវធ្លាក់ខ្យល់ សុខភាពស្បែករបស់យើងគ្រប់គ្នា ងាយនឹងប្រែប្រួលទៅតាមហ្នឹងដែរ។ ក្នុងនោះ អ្វីដែលជាទីបារម្ភជាងគេ គឺស្បែកមុខរបស់ខ្លួន ដែលជាចំណុចទាក់ទាញមួយដ៏សំខាន់ក្នុងចំណោមភាពស្រស់ស្អាត ក៏ដូចជាសម្រស់របស់យើងម្នាក់ៗ។ ដើម្បីការពារអំពីផលរំខានផ្សេងៗពីអាកាសធាតុនារដូវធ្លាក់ខ្យល់ មិត្តអ្នកអានអាចធ្វើការសាកល្បងនូវវិធីងាយៗខាងក្រោមនេះ… រក្សាជាតិទឹកក្នុងខ្លួន មិនថានៅក្នុងរដូវណា ឬអាកាសធាតុបែបណានោះទេ សារធាតុទឹកនៅក្នុងខ្លួន ពិតជាសំខាន់ទាំងសម្រាប់សុខភាពក្នុងខ្លួន និងសម្រស់នៃរូបរាងកាយខាងក្រៅ ហើយយើងរឹតតែត្រូវការបន្ថែមទៀត នៅក្នុងរដូវរំហើយដើម្បីការពារបញ្ហាស្បែកស្ងួត ក៏ដូចជាបញ្ហាស្បែកផ្សេងៗទៀត។ ប្រើប្រាស់គ្រីមផ្តល់សំណើមជានិច្ច បន្ថែមពីការទទួលទានទឹក ស្បែកមុខក៏ត្រូវការគ្រីមផ្តល់សំណើមផងដែរដើម្បីកុំឲ្យស្បែកឡើងស្ងួត ឬបែកស្រកា ហើយក៏គួរតែប្រើប្រាស់ឲ្យញឹកញាប់ជាងធម្មតា ជាពិសេសនៅជុំវិញរង្វង់ភ្នែក។ ប្រើប្រាស់គ្រីមការពារកម្តៅថ្ងៃ ថ្វីត្បិតថាអាកាសធាតុប្រែជាត្រជាក់ តែពន្លឺនៃកម្តៅព្រះអាទិត្យនៅតែអាចបំផ្លាញសុខភាពស្បែកមុខយើងបានហេតុនេះហើយ មុនពេលចេញទៅក្រៅម្តងៗ កុំភ្លេចលាបគ្រីមការពារកម្តៅថ្ងៃឲ្យសោះ។ រក្សាអនាម័យស្បែកមុខ ចៀសវាងដាច់ខាតការយកដៃមិនស្អាតទៅប៉ះផ្ទៃមុខ ព្រោះខ្យល់បក់តែងតែនាំមកនូវធូលីដី និងរបស់មិនល្អផ្សេងៗមកជាប់នឹងស្បែកជាពិសេសដៃ និងមុខរបស់អ្នក។ កាត់បន្ថយការប៉ះនឹងខ្យល់ខ្លាំង បើសិនជាអាច រាល់ពេលធ្វើដំណើរចេញក្រៅ អាចពាក់ម៉ាស់ ឬប្រើកន្សែងបិទបាំងផ្នែកខ្លះនៃមុខដើម្បីកាត់បន្ថយការប៉ះផ្ទាល់ទៅនឹងខ្យល់ច្រើន ក៏ដូចជាខ្យល់បក់ខ្លាំងពេក។ កុំប្រើប្រាស់គ្រឿងសម្អាងច្រើនពេក ក្នុងករណីចៀសវាងមិនប្រើមិនបាន អ្នកគួរតែប្រើប្រាស់វាតិចៗបានហើយដោយផាត់តែផ្នែកដែលចាំបាច់ខ្លាំងដើម្បីកុំឲ្យរន្ធស្បែកមានការកកស្ទះខ្លាំងពេក។ ប្រើប្រាស់គ្រីមសម្រាប់ភ្នែក គួរតែប្រើទាំងពេលថ្ងៃ និងពេលយប់ ព្រោះពេលមានខ្យល់ធ្លាក់ច្រើនទោះបីជាអ្នកពាក់វ៉ែនតាការពារកម្តៅក៏ដោយ ក៏ភាគច្រើនអ្នកតែងតែសម្លឹងដោយភ្នែកព្រឹមៗជាញឹកញាប់ ដែលជាហេតុនាំឲ្យភ្នែកកើតមានស្នាមជ្រួញផងដែរ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការសម្អាតធ្មេញជាប្រចាំឲ្យបានត្រឹមត្រូវ អាចជួយអ្នកចៀសផុតពីបញ្ហាក្លិនមាត់ និងជួយសម្អាតបាក់តេរីមួយចំនួនទៀតផង។ យ៉ាងណាមិញ តើអ្នកបានសម្អាតធ្មេញបានគ្រប់ជ្រុងជ្រោយហើយឬនៅ? បើគិតថានៅខ្វះខាតករណីខាងក្រោមអាចប្រាប់អ្នកពីចំណុចបន្ថែមទៀតដើម្បីអនាម័យមាត់ធ្មេញឲ្យកាន់តែមានប្រសិទ្ធភាព។ សំណួរ៖ ខ្ញុំមានអាយុ ៤៥ឆ្នាំ ភេទប្រុស រស់នៅខេត្តកែប។ ខ្ញុំបាទមានចម្ងល់ចង់សាកសួរលោកទន្តបណ្ឌិតថា តើមានវិធីប្រសើរអ្វីដើម្បីកុំឲ្យកើតមានបាក់តេរីនៅលើអណ្តាតដែលបណ្តាលឲ្យមានក្លិនមាត់មិនល្អ? តើខ្ញុំចាំបាច់ត្រូវប្រើប្រភេទច្រាសសម្អាតអណ្តាតពិសេសប្រភេទណាមួយឬទេ? ចម្លើយ៖ ក្លិនមាត់មិនល្អមិនមែនបណ្តាលមកពីបាក់តេរីនៅលើអណ្តាតតែប៉ុណ្ណោះទេ វាអាចបណ្តាលមកពីកង្វះអនាម័យមាត់ធ្មេញផងដែរ។ ដូច្នេះយើងត្រូវធ្វើអនាម័យមាត់ធ្មេញឲ្យបានល្អដោយដុសសម្អាតធ្មេញឲ្យបានត្រឹមត្រូវដោយការប្រើច្រាសដុសអណ្តាត ការប្រើខ្សែទាក់ចន្លោះធ្មេញ និងប្រើទឹកខ្ពុរមាត់ដែលគ្មានជាតិអាល់កុលដើម្បីសម្លាប់បាក់តេរីដែលមាននៅក្នុងមាត់។ បកស្រាយដោយ៖ ទន្តបណ្ឌិត សុខ ជា អគ្គនាយកមន្ទីរព្យាបាលមាត់ធ្មេញសុខ ជា និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជាមធ្យម ស្រ្តីមួយរូបបាត់បង់ឈាមរដូវក្នុងបរិមាណពី៣០ ទៅ៥០ មិល្លីលីត្រ ជារៀងរាល់ខែក្នុងអំឡុងថ្ងៃមករដូវរបស់ខ្លួន។ ចំពោះករណីដែលមានរដូវរហូតដល់លើសពី៧ ថ្ងៃ ហើយបាត់បង់បរិមាណពី ៦០ទៅ៨០ មិល្លីលីត្រនោះ អាចជាសញ្ញាណមួយនៃការមករដូវច្រើនហើយ។ យ៉ាងណាមិញសូមធ្វើការអានបន្តនូវសំណួរចម្លើយខ្លីៗខាងក្រោមទាក់ទិននឹងបញ្ហានេះ ដើម្បីធ្វើការស្វែងយល់បន្ថែមទាំងអស់គ្នា… តើការមករដូវកម្រិតណា ទើបរាប់ថាជាការមករដូវច្រើន? «ការមករដូវច្រើន» សំដៅដល់រយៈពេលយូរនៃថ្ងៃមករដូវប្រចាំខែរបស់ស្រ្តី ដែលអាចមានរយៈពេលលើសពី ៧ ទៅ៨ថ្ងៃ ដោយមានការបាត់បង់ឈាមរដូវលើសពី ៨០មិល្លីលីត្រ។ តើធ្វើបែបណាទើបអាចដឹងថា ស្រ្តីម្នាក់មករដូវច្រើន ឬធម្មតា? អ្នកអាចសម្គាល់មើលតាមរយៈសញ្ញាណសំខាន់ៗរួមមានដូចជា៖ • ឈាមរដូវហូរច្រើនរហូតត្រូវផ្លាស់ប្តូរសំឡីអនាម័យ រៀងរាល់១ម៉ោងម្តង • ត្រូវប្រើប្រាស់ចំនួនសំឡីអនាម័យច្រើនទ្វេដង • ថ្ងៃមករដូវវែងរហូតដល់លើសពី ៧ថ្ងៃ • ដុំឈាមរដូវធ្លាក់ច្រើន និងមានទំហំធំជាងប្រក្រតី • ឈាមរដូវហូរច្រើនរហូតដល់ធ្វើឲ្យអ្នកពិបាកក្នុងការបំពេញកិច្ចការងារប្រចាំថ្ងៃ • មានអាការៈឈឺចុកលើពោះ • តែងតែអស់កម្លាំងល្ហិតល្ហៃ ពិបាកដកដង្ហើម។ល។ តើអាចបង្កផលប៉ះពាល់អ្វីខ្លះ ដល់សុខភាពរបស់ស្ត្រី? ដោយសារតែការបាត់បង់ឈាមរដូវច្រើន ស្រ្តីងាយប្រឈមនឹង៖ • អាការៈនឿយហត់ អស់កម្លាំង វិលមុខ ស្លេកស្លាំង • ការបាត់បង់ជាតិដែក • ការឈឺចុកចាប់លើពោះ • ការរំខានដល់ការងារប្រចាំថ្ងៃ • អារម្មណ៍តប់ប្រមល់។ល។ តើអ្វីខ្លះអាចជាមូលហេតុពីក្រោយការមករដូវច្រើន? • ករណីស្រាប់តែមករដូវច្រើន៖ អាចជាបញ្ហាកូនក្រៅស្បូន ការរលូតកូន បញ្ហាអ័រម៉ូនការប្រើប្រាស់ថ្នាំមួយចំនួន។ល។ • ករណីមករដូវច្រើនតែក្នុងថ្ងៃទីមួយ៖ អាចជាបញ្ហាទូទៅដែលកើតមានចំពោះស្ត្រី តែក្នុងករណីវាមកច្រើនលើសលប់ពេកនោះ វាអាចមកពីបម្រែបម្រួលដោយសារមធ្យោបាយពន្យារកំណើត បម្រែបម្រួលដោយការប្រើប្រាស់ថ្នាំមួយចំនួន ។ • ករណីមករដូវច្រើនជាប្រចាំ ហើយមានការឈឺចាប់៖ អាចជាបញ្ហាអ័រម៉ូន បញ្ហាលំហូរឈាម ជំងឺមហារីកមួយចំនួន វ័យជិតអស់រដូវ ឬអាការៈក្រោយសម្រាលកូន។ល។ យ៉ាងណាមិញ ដើម្បីកំណត់អំពីមូលហេតុច្បាស់លាស់ អ្នកត្រូវទទួលការពិនិត្យ និងប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេសជាមុនសិន។ តើពេលណា ទើបគួរជួបប្រឹក្សាជាមួយវេជ្ជបណ្ឌិត? ក្នុងករណីដូចខាងក្រោមនេះ សូមប្រញាប់ជួបប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេស៖ • ឈាមរដូវច្រើនក្នុងកម្រិតដែលអ្នកត្រូវផ្លាស់ប្តូរសំឡីអនាម័យរៀងរាល់ម៉ោង • មានអាការៈឈឺចុកខ្លាំង ដោយសារតែការហូរឈាមរដូវច្រើន។ វេជ្ជបណ្ឌិតនឹងធ្វើការពិនិត្យលើស្ថានភាពរាងកាយ ប្រវតិ្តសុខភាព និងកត់ត្រានូវរោគសញ្ញារបស់អ្នក ព្រមទាំងអាចធ្វើតេស្តសុខភាពមួយចំនួនផងដែរដើម្បីស្វែងរកអំពីមូលហេតុពិតប្រាកដ ក៏ដូចជាណែនាំនូវដំណោះស្រាយ និងការព្យាបាលដែលមានប្រសិទ្ធភាពបំផុតសម្រាប់អ្នក។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម​ ប្រូ លេខ ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ដើម្បីរក្សាសុខភាពឲ្យបានល្អ ការពារអ្នកពីជំងឺមិនឆ្លងនានា ដូចជាជំងឺបេះដូង ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរុំារ៉ៃយើងត្រូវចៀសវាងពីកត្តាហានិភ័យចម្បង ៤រួមមាន៖ ការប្រើប្រាស់ថ្នាំជក់ របបអាហារមិនត្រឹមត្រូវ កង្វះការហាត់ប្រាណ និងសេពគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់។ តើយើងត្រូវធ្វើដូចម្តេចដើម្បីការពារគ្រួសារអ្នកពីការកើតជំងឺមិនឆ្លង? ១. មិនជក់បារី ឬស្រូបផ្សែងបារីដោយអចេតនា៖ ផ្សែងបារីមានសារធាតុគីមី ៧០០០ប្រភេទ ក្នុងនោះ ៧០ប្រភេទបណ្តាលឲ្យកើតជំងឺមហារីក ជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម។ មធ្យោបាយដើម្បីទប់ទល់ចំណង់បារី៖ នេះគឺជាមធ្យោបាយទាំង៥ ដើម្បីដោះស្រាយនៅពេលចង់ជក់បារីខ្លាំង៖ • ប្រកាស៖ និយាយខ្លាំងៗម្តងហើយម្តងទៀតថាខ្ញុំឈប់ជក់បារីហើយ • ពន្យារពេល៖ ភាគច្រើនចំណង់ដែលធ្វើឲ្យចង់ជក់បារីខ្លាំងនឹងបាត់ទៅវិញក្នុងរយៈពេល ៣ ទៅ៥នាទី • ដកដង្ហើមវែងៗ៖ ២ ទៅ៣ដងធ្វើឲ្យអ្នកមានភាពធូរស្បើយ • ផឹកទឹក៖ ក្រេបទឹកតិចៗ ១ ទៅ២កែវ អាចជួយបំបែកអារម្មណ៍អ្នកពីចំណង់បារី • ធ្វើអ្វីផ្សេងៗទៀត៖ ដើម្បីបន្លប់ចិត្តអ្នកឲ្យភ្លេចបារីដូចជា ពលកម្ម ការងារផ្ទះ ងូតទឹក លេងកីឡា ទំពារស្ករកៅស៊ូ ស្តាប់វិទ្យុ ទូរស័ព្ទ ឬទៅលេងផ្ទះមិត្តភក្តិ អានកាសែត ទស្សនាវដ្តី និងធ្វើការបន្ធូរបន្ថយអារម្មណ៍។ ២. បរិភោគអាហារប្រកបដោយសុខភាព បរិភោគអាហារឲ្យបានច្រើនប្រភេទផ្សេងៗគ្នា៖ • ពពួកបន្លែក្នុងស្រុកតាមរដូវកាល យ៉ាងហោចណាស់ចំនួនបីពណ៌ទៅក្នុងចានម្ហូបអាហារ (ពណ៌ក្រហម លឿងបៃតង ស្វាយ និងស) គ្រាប់ធញ្ញជាតិ ផ្លែឈើនិងសាច់ (សត្វ ត្រី)…. • បរិភោគអាហារស្រស់ជារៀងរាល់ថ្ងៃជួយឲ្យកុមារនិងមនុស្សធំទទួលបាននូវអាហារូបត្ថម្ភសំខាន់ៗគ្រប់គ្រាន់ • ចៀសវាងពីការបរិភោគអាហារដែលមានជាតិស្ករ ខ្លាញ់ និងអំបិលខ្ពស់ដែលអាចនាំឲ្យឡើងទម្ងន់និងប៉ះពាល់ដល់សុខភាព (លើសទម្ងន់ និងជំងឺធាត់) • ការបរិភោគអាហារដែលសម្បូរដោយជីវជាតិច្រើនមុខជួយឲ្យកុមារ និងមនុស្សធំមានសុខភាពល្អ។ ៣. សូមកាត់បន្ថយការបរិភោគស្ករ • មនុស្សពេញវ័យគួរបរិភោគស្ករតិចជាង ១២ស្លាបព្រាកាហ្វេ (៥០ក្រាម) ក្នុងមួយថ្ងៃ • កុមារអាយុ ៤ ទៅ១២ឆ្នាំ ការបរិភោគគួរកំណត់ត្រឹម ៨ ទៅ១២ ស្លាបព្រាកាហ្វេ (៣០ ទៅ៥០ក្រាម) ក្នុងមួយថ្ងៃ • ត្រូវប្រយ័ត្នចំពោះជាតិស្ករនៅក្នុងអាហារ និងភេសជ្ជៈកែច្នៃដូចជា នំបុ័ង ទឹកជ្រលក់ ទឹកស្រោចពីលើអាហារ ទឹកស៊ុប និងគ្រឿងស្រវឹងផ្សេងៗ • ត្រូវជ្រើសរើសទឹកបរិសុទ្ធជំនួសឲ្យភេសជ្ជៈដែលមានជាតិស្ករ • ជ្រើសរើសអាហារសម្រន់ដូចជា ផ្លែឈើស្រស់ជំនួសឲ្យអាហារដែលមានជាតិស្ករ ទឹកផ្លែឈើ នំខេក និងសូកូឡា។ ៤. ត្រូវមានភាពសកម្មផ្នែករាងកាយ៖ ត្រូវធ្វើកាយវប្បកម្ម (សកម្មផ្នែករាងកាយ) តាមរយៈលំហាត់ប្រាណ៖ ៤.១ ប្រសិនបើអ្នកមិនមានភាពសកម្មផ្នែករាងកាយទេ វាមិនយឺតពេលទេក្នុងការចាប់ផ្តើមធ្វើការហាត់ប្រាណ និងកាត់បន្ថយភាពដែលអង្គុយច្រើននៅ នឹងមួយកន្លែង • ចូរស្វែងរកសកម្មភាពកីឡាណាដែលមានភាពសប្បាយរីករាយ • ចូរបង្កើនការចូលរួមរបស់អ្នកក្នុងការហាត់ប្រាណបន្តិចម្តងៗ • ចូរមានសកម្មភាពសមាជិកគ្រួសារនៅក្នុងផ្ទះ និងក្រៅផ្ទះ • ចូរព្យាយាមអង្គុយក្នុងរយៈពេលខ្លីក្នុងសកម្មភាពប្រចាំថ្ងៃរបស់អ្នក។ ៤.២ ត្រូវមានភាពសកម្មផ្នែករាងកាយឲ្យបានរាល់ថ្ងៃតាមវិធីច្រើនយ៉ាង • ដើរឲ្យបានច្រើនដូចជា ដើរផ្សារ ចុះពីឡានក្រុង • ប្រើប្រាស់ជណ្តើរជើងជំនួសជណ្តើរយន្ត។ ៤.៣ ត្រូវធ្វើសកម្មភាពហាត់ប្រាណកម្រិតមធ្យមឲ្យបានយ៉ាងតិច ១៥០ នាទីជារៀងរាល់សប្តាហ៍ • ការហាត់ប្រាណជាផ្នែកមួយនៃទម្លាប់ទូទៅរបស់អ្នក • រៀបចំទៅជួបមិត្តភក្តិដើម្បីធ្វើការហាត់ប្រាណជាមួយគ្នា • ធ្វើការហាត់ប្រាណនៅពេលសម្រាកជាមួយមិត្តរួមការងារ • ការសម្អាត ថែសួន ដើរ និងរាំសុទ្ធតែជាឧបករណ៍នៃការហាត់ប្រាណកម្រិតមធ្យម។ ៤.៤ ប្រសិនបើអាចត្រូវធ្វើការហាត់ប្រាណកម្រិតខ្លាំងជាទៀងទាត់ ដើម្បីអត្ថប្រយោជន៍បន្ថែមចំពោះសុខភាព និងភាពរឹងមាំផ្នែករាងកាយ • ការហាត់ប្រាណកម្រិតខ្លាំងអាចធ្វើឡើងដោយការហាត់កីឡាដូចជា លេងបាល់ទាត់ វាយសី បាល់ទះ និងការហាត់ប្រាណ រត់ ឬហែលទឹក • ចូលរួមក្រុម ឬក្លឹបដើម្បីលេងកីឡាដែលអ្នកចូលចិត្ត • ដើរ ឬជិះកង់ទៅធ្វើការជំនួសឲ្យការជិះឡាន ឬយានយន្តផ្សេងៗ។ ៤.៥ មនុស្សវ័យក្មេងដែលស្ថិតក្នុងការសិក្សា គប្បីចូលរួមក្នុងការហាត់ប្រាណកម្រិតមធ្យម ឬខ្លាំងឲ្យបានយ៉ាងតិច ៦០នាទីក្នុងមួយថ្ងៃ • ត្រូវលើកទឹកចិត្តមនុស្សវ័យក្មេងឲ្យចូលរួមក្នុងសកម្មភាពកីឡា និងការហាត់ប្រាណសម្រាប់ការកម្សាន្ត • ត្រូវផ្តល់ឲ្យយុវវ័យនូវបរិស្ថានប្រកបដោយសុវត្ថិភាព និងគាំទ្រការហាត់ប្រាណ • ណែនាំយុវវ័យឲ្យដឹងអំពីប្រភេទនៃការហាត់ប្រាណឬកីឡាផ្សេងៗនៅសាលា និងនៅផ្ទះ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈ អនុប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការសិក្សាថ្មីរបស់ក្រុមអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Minnesota នៃប្រទេសអាមេរិក អាចនឹងរកឃើញនូវភាពល្អប្រសើរនៃការផ្សំគ្នារវាងចំនួន និងជម្រៅនៃការសង្កត់ទ្រូងពេលធ្វើ Cardio-Pulmonary Resuscitation (CPR)។ ការស្វែងរកថ្មីនេះ បានផ្សាយចេញនៅ JAMA Cardiology ដោយបានណែនាំថាការសង្កត់ទ្រូងចំនួន ១០៧ ដងក្នុង ១នាទី ហើយមានជម្រៅ ៤,៧សមក្នុងរយៈពេល ៥ នាទីដំបូងនៃការធ្វើ CPR អាចជួយសង្គ្រោះអ្នកជំងឺបានច្រើននៅពេលដែលក្រុមអ្នកសង្គ្រោះបញ្ហាគាំងបេះដូងដែលសិ្ថតនៅក្រៅមន្ទីរពេទ្យ។ លើសពីនេះទៅទៀតការរកឃើញថ្មីនេះ ហាក់ដូចជាមិនមានការប្រែប្រួលប្រសិទ្ធភាពទៅតាមអាយុ ភេទ ចង្វាក់បេះដូង ឬការប្រើប្រាស់ឧបករណ៍ក្នុងពេលធ្វើ CPR នោះឡើយ តែការប្រើប្រាស់ឧបករណ៍រួមជាមួយនឹងការអនុវត្តរួមគ្នានៃចំនួននិងជម្រៅនៃការសង្កត់បានបង្កើនប្រសិទ្ធភាពគួរឲ្យកត់សម្គាល់។ សព្វថ្ងៃនេះ នៅប្រទេសអាមេរិក មានចំនួន ៣០០ ០០០ ករណីនៃការគាំងបេះដូងក្រៅមន្ទីរពេទ្យបានកើតឡើងជារៀងរាល់ឆ្នាំ។ ក្រុមអ្នកវិទ្យាសាស្ត្របានកត់សម្គាល់ឃើញថា នៅពេលធ្វើCPR បើត្រឹមតែ ២០% នៃចំនួនការសង្កត់ទ្រូងត្រូវបានអនុវត្តក៏អាចធ្វើឲ្យការរស់រាន្តមានជីវិតផ្នែកប្រព័ន្ធប្រសាទមានការកើនឡើងរហូតដល់ ៦%។ ការសិក្សានេះបានធ្វើឡើងលើអ្នកជំងឺគាំងបេះដូងនៅក្រៅមន្ទីរពេទ្យចំនួន ៣៦០០ នាក់។ អត្រានៃការសង្កត់ទ្រូង និងជម្រៅនៃការសង្កត់ ត្រូវបានទុកជាផ្នែកមួយនៃការសិក្សាគ្លីនិកដោយក្រុម NIH Resuscitation Outcomes Consortium ដោយមានការប្រើប្រាស់ឧបករណ៍ Impedance Threshold Device (ITD)។ ឯកសារយោង៖ https://www.sciencedaily.com/releases/2019/09/190918121204.htm អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺ Vestibular neuritis ជាពាក្យបច្ចេកទេសសំដៅដល់ការចុះខ្សោយប្រព័ន្ធ Vestibular នៃត្រចៀកផ្នែកខាងក្នុងភ្លាមៗ ដោយជាទូទៅឈឺចាប់តែម្ខាងប៉ុណ្ណោះ។ នាពេលបច្ចុប្បន្នក្នុងប្រទេសកម្ពុជា ជំងឺនេះអាចចោទជាបញ្ហាមួយចំនួនផងដែរ នៅក្នុងផ្នែកត្រចៀក ច្រមុះ និងបំពង់ក ហើយក៏មិនមានស្ថិតិណាបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយទេ។ ដោយឡែក ជំងឺ Vestibular neuritis នេះច្រើនកើតចំពោះបុរស និងស្រ្តីដូចគ្នា ហើយជាទូទៅច្រើនកើតលើអ្នកដែលមានអាយុ ៣០ ទៅ៤០ឆ្នាំឡើងទៅ។ មូលហេតុ និងកត្តាជំរុញ ចំពោះជំងឺ Vestibular neuritis មិនមានមូលហេតុដែលបង្កឲ្យកើតច្បាស់លាស់នៅឡើយទេ ប៉ុន្តែដោយមានការសិក្សាស្រាវជ្រាវនិងតាមការសន្និដ្ឋានមួយដ៏ចម្បងគឺបណ្តាលមកពីពពួកវីរុស។ ក្រៅពីមូលហេតុចម្បងខាងលើក៏មានកត្តាជំរុញមួយចំនួនដូចជា កត្តាសរសៃឈាម និងការឆ្លើយតបរបស់អង់ទីក័រដែលអាចធ្វើឲ្យមានបញ្ហានេះកើតឡើងផងដែរ។ រោគសញ្ញា ជាទូទៅ ប្រព័ន្ធ Vestibular គឺជាអ្នករ៉ាប់រងក្នុងការជូនព័ត៌មានទៅកាន់ខួរក្បាលដើម្បីរក្សាលំនឹង ប៉ុន្ដែនៅពេលប្រព័ន្ធនេះរងការរលាក នោះអាចលេចចេញជារោគសញ្ញាសម្គាល់ខុសពីធម្មតាដូចជា៖ វិលមុខខ្លាំងរយៈពេលយូរ ក្អួត ចង្អោរ មិនមានប៉ះពាល់ដល់ការស្តាប់ និងពុំមានរោគសញ្ញាប្រព័ន្ធប្រសាទផ្សេងៗទៀតឡើយ។ ការធ្វើរោគវិនិច្ឆ័យ ចំពោះជំងឺនេះគេអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការពិនិត្យទៅលើរោគសញ្ញាគ្លីនិក។ ម៉្យាងវិញទៀតយើងអាចពិនិត្យបានតាមរយៈតេស្តនៃការស្តាប់ការធ្វើតេស្តមើលគ្រាប់ភ្នែក និងពេលខ្លះត្រូវការធ្វើ MRIបន្ថែមទៀតដែរ។ វិធីសាស្រ្តព្យាបាល នៅពេលអ្នកជំងឺបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺ Vestibular neuritis គ្រូពេទ្យនឹងធ្វើការព្យាបាលដោយការប្រើប្រាស់ថ្នាំ និងការធ្វើចលនាជាដើម។ គួរបញ្ជាក់ថា ករណីនេះការព្យាបាលតម្រូវឲ្យទៀងទាត់ និងត្រឹមត្រូវព្រោះអ្នកជំងឺមិនអាចទ្រាំទ្រនឹងរោគសញ្ញារបស់ជំងឺនេះបានឡើយ។ លើសពីនេះទៀតផលវិបាកមួយចំនួនដែលអាចនឹងកើតមានដូចជាធីងធោង វិលមុខ និងមានបញ្ហាការមើលរបស់ភ្នែក។ វិធីសាស្រ្តការពារ តួយ៉ាង ដោយសារតែជំងឺនេះមិនមានមូលហេតុច្បាស់លាស់ ដូច្នោះពុំមានវិធីសាស្រ្តណាមួយដើម្បីការពារនោះឡើយ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំងអស់មានអាការៈវិលមុខខ្លាំង សូមប្រញាប់ស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវជាមួយវេជ្ជបណ្ឌិតឯកទេសដើម្បីទទួលបានប្រសិទ្ធភាព និងសុវត្ថិភាព។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត សេង ឡុង​ ឯកទេសត្រចៀក ច្រមុះ និងបំពង់កនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ​ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top