Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ធ្លាប់ដែរឬទេ នៅពេលដែលអ្នកមិនបានធ្វើអ្វីសោះ តែមានអារម្មណ៍ថាល្ហិតល្ហៃក្នុងខ្លួន ហើយមិនមានកម្លាំងធ្វើអ្វី?ច្បាស់ណាស់ជាធម្មតា មានសកម្មភាពមួយចំនួនដូចជា ការធ្វើលំហាត់ប្រាណធ្ងន់ធ្ងរ ឬការបំពេញការងារខ្លាំងក្លា អាចធ្វើឲ្យថាមពលក្នុងខ្លួនរបស់អ្នកថយចុះ។ ប៉ុន្តែ នៅពេលដែលអ្នកមិនបានធ្វើរឿងទាំងនោះហើយបែរជាអស់កម្លាំងដូចគ្នា ក៏មិនមានអ្វីខុសប្រក្រតីដែរ​​​​​​​​ព្រោះថាមពលរបស់អ្នក ក៏ជាប់ទាក់ទងផងដែរទៅនឹងទម្លាប់ប្រចាំថ្ងៃមួយចំនួនទៀត។ ខាងក្រោមជាទម្លាប់៦យ៉ាង ដែលទាមទារឲ្យអ្នកគិតគូរឡើងវិញ ដោយសារវាជាមូលហេតុបំផ្លាញនូវ ថាមពលអ្នកទាំងមិនដឹងខ្លួនជារៀងរាល់ថ្ងៃ។ ១ ចំណាយពេលលើគ្រឿងអេឡិចត្រូនិច   ច្បាស់ណាស់បុគ្គលភាគច្រើនតែងតែយកពេលវេលាដែលនៅសល់បន្ទាប់ពីការសិក្សា ឬការងារដ៏នឿយហត់ជាពិសេសនាពេលល្ងាចតែម្តង ធ្វើអ្វីដើម្បីជាការកម្សាន្តដូចជាការមើលទូរទស្សន៍ ឬចំណាយពេលលើប្រព័ន្ធអេឡិចត្រូនិច (ទូរស័ព្ទ ថេបប្លេត) ជាដើម។ ប៉ុន្តែអ្នកប្រហែលមិនដឹងទេថាសកម្មភាពទាំងនោះ រឹតតែធ្វើឲ្យអ្នកមានអារម្មណ៍ល្ហិតល្ហៃទៅវិញ។ យកល្អគួរមានការសម្រាកដោយគេងរយៈពេលខ្លី ឬធ្វើលំហាត់ប្រាណបន្តិចបន្តួចសម្រាប់បង្កើនកម្លាំងរបស់អ្នកសារជាថ្មី។ ២ មិនបង្គ្រប់ជាតិទឹកក្នុងខ្លួន កង្វះជាតិទឹកធ្វើឲ្យរាងកាយរបស់អ្នកចុះខ្សោយ។ មនុស្សមួយចំនួនតែងតែយកភេសជ្ជៈប្រភេទកាហ្វេអីុន  ឬមានជាតិស្ករ  មកបំពេញថាមពលរបស់ខ្លួន ដោយមើលរំលងនូវអត្ថប្រយោជន៍របស់ទឹក។ ការពិតភេសជ្ជៈប្រភេទខាងលើអាចត្រឹមជួយបំពេញកម្លាំងថាមពលតែមួយរយៈតែប៉ុណ្ណោះ ប៉ុន្តែវាមិនបានធ្វើឲ្យរាងកាយមានស្ថេរភាពនោះទេ យកល្អគួរទម្លាប់ញ៉ាំទឹកមួយកែវពេញនៅពេលព្រឹក ហើយបន្តបន្ថែមសារជាតិទឹកឲ្យបានពេញមួយថ្ងៃ។ ៣ មិនញ៉ាំអាហារមានថាមពល ទម្លាប់ញ៉ាំអាហារគ្មានជីវជាតិដូចជា អាហារធ្វើឲ្យធាត់ ជាតិផ្អែម ប្រៃ ឬញ៉ាំអាហារចៀនជាញឹកញាប់  ហើយមិនទៀងទាត់ពេលវេលាទៀតនោះ មិនត្រឹមធ្វើឲ្យអ្នកឡើងគីឡូ ឬបង្កជាជំងឺទូទៅផ្សេងទេ វាថែមទាំងអាចធ្វើឲ្យយើងបាត់បង់ថាមពលកម្លាំងរាងកាយរួមជាមួយដែរ។  អ្នកគួរចាប់ផ្តើមជ្រើសរើសយកអាហារដែលផ្តល់ ជាសុខភាពនៃកម្លាំងរាងកាយ ដូចជាពពួក គ្រាប់ធញ្ញជាតិ  បន្លែ ផ្លែឈើ និងសណ្តែកជាដើម។ ៤ មិនបញ្ចប់កិច្ចការ មានកិច្ចការងារច្រើន ដូចជាមានដុំថ្មសង្កត់លើស្មា ដែលអាចស្រូបយកនូវថាមពលរបស់អ្នកជារៀងរាល់ថ្ងៃ។ អ្នកប្រហែលជាមានអារម្មណ៍គិតច្រើនស្រេ្តស ដែលជាហេតុមិនអាចផ្តោតការគិតបានត្រឹមត្រូវ នោះកម្លាំងថាម​ពលរាងកាយក៏ថយចុះទៅតាមនោះដែរ។ សម្រាប់ការគ្រប់គ្រងការងារទាំងនោះ អ្នកគួរតែធ្វើការជ្រើសយកការងារណាដែលមានសារសំខាន់ជាងគេ មកបំពេញ និងត្រូវកំណត់ពេលវេលាឲ្យបានជាក់លាក់ ម៉្យាងវិញទៀត ត្រូវមានគម្រោងផែនការជារៀងរាល់ថ្ងៃសម្រាប់ធ្វើការងារ។   ៥ នៅជុំវិញអ្នកដែលទុទិដ្ឋិនិយម មិត្តភក្តិ ឬអ្នករួមការងារ ដែលមានតែគំនិតទុទិដ្ឋិនិយមអាចជាដើមចមធ្វើឲ្យអ្នកអស់កម្លាំង  ដែលប្រហែលជាអ្នកមិនបានចាប់អារម្មណ៍  ឬបានដឹងពីមុនមក។   ពួកគេអាចធ្វើឲ្យអ្នកធុញទ្រាន់  បាក់ទឹកចិត្ត និងអស់សង្ឃឹមក្នុងជីវិត ដូច្នេះអ្នកគួររៀនរក្សាគម្លាតពីបុគ្គលប្រភេទនេះឲ្យបានច្រើន។ ៦ ខ្វះការគ្រប់គ្រងស្រេ្តស ការមើលរំលងនូវអារម្មណ៍តានតឹងរបស់អ្នក អាចបង្កជាហានិភ័យកាន់តែខ្លាំង។ យកល្អ អ្នកមិនគួរគេចវេសនោះទេ តែត្រូវរកមធ្យោបាយក្នុងការដោះស្រាយបញ្ហានានា ព្រោះថាវាក៏ជាកត្តាមួយរួមចំណែកក្នុងការបាត់បង់នូវថាមពលរាងកាយរបស់អ្នក។ ជឿជាក់ថា សឹងតែគ្រប់គ្នាមានទម្លាប់ណាមួយ ឬច្រើនដូចបានរៀបរាប់ខាងលើ ហើយក៏ដល់ពេលដែលត្រូវគិតពិចារណាកាត់បន្ថយ ឬបោះចោលនូវទម្លាប់ទាំងនោះដែរ ប្រសិនបើអ្នកមិនចង់ល្ហិតល្ហៃជារៀងរាល់ថ្ងៃដូចជាអ្នកមានជំងឺនោះ។ យ៉ាងណាមិញ ប្រសិនបើអ្នករកឃើញថាភាពអស់កម្លាំង មិនបាត់ទៅណាក្រោយបោះបង់ទម្លាប់មិនល្អខាងលើអ្នកក៏គួរស្វែងរកការពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតដើម្បីរកមូលហេតុរបស់វា និងប្រាកដថាវាមិនមែនជាសញ្ញានៃជំងឺណាមួយ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

ប្រភេទហ្វូមលាងមុខម៉្យាងដែលមានសារធាតុសកម្មជា Benzoyl peroxide ត្រូវបានគេប្រើប្រាស់សម្រាប់សម្អាត និងព្យាបាលជំងឺមុនកម្រិតស្រាល និងមធ្យមដែលមាននៅលើផ្ទៃមុខ ហើយជាទូទៅវាត្រូវបានគេប្រើប្រាស់កំឡុងពេលព្យាបាលជំងឺមុនតាមវិធីសាស្រ្តផ្សេងទៀត។​ ចំពោះប្រភេទខ្លះនៃហ្វូមនេះ គឺត្រូវការវេជ្ជបញ្ជាសម្រាប់ប្រើប្រាស់ និងមួយចំនួនទៀតអាចរកបានដោយខ្លួនឯងតាមឱសថស្ថាននានាដែលត្រូវពិនិត្យឲ្យច្បាស់លាស់ពីព័ត៌មានលើសម្បកប្រអប់ថ្នាំ ឬសុំការពិគ្រោះជាមួយឱសថការី។ សកម្មភាពរបស់ហ្វូម៖ ពពួក Benzoyl peroxide មានមុខងារប្រឆាំងនឹងពពួកបាក់តេរីប្រភេទ Propionibacterium ដែលបង្កជាជំងឺមុនរួមជាមួយសកម្មភាព ម៉្យាងទៀតដែលហៅថា Keratolytic (ធ្វើឲ្យស្បែកដែលមានមុនមានសភាពស្ងួត ហើយរបកចេញ)។ នៅពេលប្រើប្រាស់សារធាតុ Benzoylperoxide វាត្រូវបានស្រូបតាមស្បែក រួចមានការបំលែងទៅជា Benzoic acid និងបញ្ចេញចោលតាមរយៈទឹកនោមក្រោមទម្រង់ជា Benzoate។ ការប្រើប្រាស់ហ្វូម៖ • មុនប្រើប្រាស់ត្រូវក្រឡុកដបហ្វូមឲ្យសព្វ • ផ្សើមផ្ទៃមុខរបស់អ្នក ជាពិសេសតំបន់ដែលមានមុន • លាបហ្វូមក្នុងបរិមាណតិចតួច ទៅលើតំបន់ស្បែកដែលមានមុន រួចធ្វើការដុសដោយថ្នមៗរយៈពេល ១០ ទៅ ២០វិនាទី • ធ្វើការលាងចេញដោយទឹកក្តៅឧណ្ហៗ និងតប់ផ្ទៃមុខរហូតដល់ស្ងួត • អនុវត្តការប្រើប្រាស់ ម្តង ឬ ២ដង ក្នុងមួយថ្ងៃ។ ចំណាំ៖ • ពេលប្រើប្រាស់លើកទីមួយ អ្នកត្រូវធ្វើតេស្តដើម្បីដឹងថាស្បែកមុខអាចមានប្រតិកម្មជាមួយសារធាតុណាមួយនៃហ្វូម ដែលវាអនុញ្ញាតឲ្យអ្នកសម្រេចចិត្តថាតើគួរប្រើប្រាស់បន្តឬយ៉ាងណា។​ ដោយត្រូវ សាកល្បងលាបហ្វូមលើតំបន់ដែលមានមុនខ្លះ ក្នុងរយៈពេល ៣ថ្ងៃ។ ប្រសិនបើសង្កេត ឃើញមានសញ្ញាប្រតិកម្មនានាដូចជា រលាក ឬស្បែកមុខឡើងក្រហម អ្នកត្រូវបញ្ឈប់ការប្រើប្រាស់។ • ចៀសវាងការប្រើប្រាស់ប៉ះពាល់ដល់ភ្នែក​ ច្រមុះ​   មាត់  និងស្បែកដែលមានរបួស  ព្រោះវាអាចធ្វើឲ្យមានរលាក។ ប្រសិនករណីនេះកើត​ឡើងអ្នកគួរប្រញាប់លាងទឹកឲ្យបានឆាប់។ ផលរំខាន៖ • ផលរំខានដែលអាចកើតឡើងញឹកញាប់មានដូចជា របកស្បែកខ្លាំង រមាស់ រលាក និងស្បែកឡើងក្រហមដែលអាចកើតឡើងពេលប្រើដំបូង (អាចកាត់បន្ថយចំនួនថ្ងៃនៃការប្រើប្រាស់ ប្រសិនមានបញ្ហាទាំងនោះកើតឡើង)។ • ករណីកម្រអាចមានដូចជា កន្ទួលរមាស់ និងហើម  (ជាពិសេសនៅនឹង មុខ អណ្តាត និងបំពង់ក)មានអាការៈវិលមុខខ្លាំង និងពិបាកដកដង្ហើម។ ការប្រុងប្រយ័ត្ន៖ • ចៀសវាងនៅក្រោមពន្លឺថ្ងៃរយៈពេលយូរព្រោះសារធាតុរបស់ហ្វូមអាចធ្វើឲ្យស្បែករបស់អ្នកមានប្រតិកម្ម។ អ្នកអាចការពារដោយប្រើប្រាស់ក្រែមការពារកម្តៅថ្ងៃ និងកាត់បន្ថយការប៉ះពាល់ពន្លឺថ្ងៃផ្ទាល់ ដោយពាក់អាវការពាររាល់ពេលចេញទៅខាងក្រៅ។ • មិនគួរត្រូវបានប្រើចំពោះស្រ្តីដែលមានផ្ទៃពោះបើក្នុងករណីចាំបាច់ ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិត។ • រាយការណ៍ពីប្រភេទឱសថដែលអ្នកកំពុង ប្រើប្រាស់ដល់វេជ្ជបណ្ឌិត ព្រោះវាអាចមានប្រតិកម្មជាមួយ Benzoyl peroxide បើទោះបីអន្តរកម្មរវាងថ្នាំទាំងនោះ មិនទាន់ត្រូវបានកំណត់ច្បាស់នៅឡើយ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

ទំនាក់ទំនងស្នេហាជាមួយនឹងកីឡាករបាល់ទាត់ ឬអ្នកស្នេហាវិស័យកីឡានេះប្រៀបបាននឹងការព្រមព្រៀងគ្នារវាងពេលវេលានៅជាមួយនឹងពេលដែលដៃគូរបស់អ្នក ចំណាយលើការហ្វឹកហាត់ ការប្រកួត និងការធ្វើកិច្ចការសាលាផងដែរ។ ក្រៅពីជាសង្សាររបស់អ្នក គេក៏មានសមាជិកមួយរូបនៅក្នុងក្រុមរបស់គេដែរ ហេតុនេះហើយអ្នកត្រូវត្រៀមចិត្តជាមុនថាពេលវេលាទំនេររបស់គេទាំងអស់ នឹងមិនអាចចំណាយលើរូបអ្នករហូតនោះទេ។ យ៉ាងណាមិញ មានម្ចាស់ស្នេហ៍ជាកីឡាករបាល់ទាត់ក៏ជារសជាតិសេ្នហាដ៏រ៉ូមែនទិកមួយបែបផងដែរ​។ ប៉ុន្តែដើម្បីឲ្យជីវិតស្នេហារបស់អ្នកទាំងពីរមានក្តីសុខនោះ អ្នកគួរតែអនុវត្តតាមវិធីសាស្រ្តមួយចំនួនដូចខាងក្រោម ៖​ · ធ្វើជាអ្នកគាំទ្រមួយរូប ៖ ការផ្តល់កម្លាំងចិត្ត និងចាំគាំទ្រគ្នាទៅវិញទៅមក ជាគន្លឹះមួយដែលធ្វើឲ្យទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរកាន់តែស្អិតរមួត និងផ្អែមល្អែម។ ប្រសិនបើអ្នកទំនេរចំថ្ងៃប្រកួតរបស់គេ អ្នកគួរតែចំណាយពេលទៅគាំទ្រគេ ហើយនិយាយសរសើរអំពីការលេងរបស់គេ។ ប៉ុន្តែ​បើអ្នកមិនមានពេលទេ គ្រាន់តែផ្ញើរសារ ឬCALLមកលើកទឹកចិត្តដល់គេក៏បាន នោះគេនឹងមានថាមពលដ៏អស្ចារ្យសម្រាប់ការប្រកួតមិនខាន។ · សិក្សាពីកីឡាប្រភេទនេះ ​៖ វាជារឿងធម្មតាដែលមិត្តនារីភាគច្រើនមិនបានយល់ដឹងពីច្បាប់ផ្សេងៗក្នុងកីឡា តែវានឹងមិនជាបញ្ហាអ្វីធំដុំនោះទេក្នុងសម័យនេះ ប្រសិនបើអ្នកមានបំណងចង់យល់ដឹង។ ព័ត៌មានគ្រប់យ៉ាងដែលអ្នកចង់ដឹងមាននៅក្នុងប្រព័ន្ធអ៊ិនធឺណែត ដែលអ្នកគ្រាន់តែចំណាយពេលប៉ុន្មាននាទី ដើម្បីស្វែងយល់ពីច្បាប់ទូទៅដូចជាមុខងាររបស់កីឡាករ គ្រាប់បាល់ដែលស៊ុតចូល ឬកំហុសធំៗដែលត្រូវទទួលពិន័យ ជាដើម។ បើមិនដូច្នោះទេ អ្នកក៏អាចធ្វើការសាកសួរពីដៃគូរបស់អ្នកផងដែរ គេនឹងរឹតតែសប្បាយចិត្ត ពេលអ្នកដឹងថាអ្នកចាប់អារម្មណ៍។ · ដឹងពីកាលវិភាគនៃការហាត់ និងប្រកួតរបស់គេ៖ ​ការដឹងថាពេលណាគេត្រូវហ្វឹកហាត់អាចឲ្យអ្នករៀបចំពេលដើរលេងជាមួយគ្នាបានដោយមិនចាំបាច់បារម្ភថា គេនឹងបដិសេធនោះទេ។ វានឹងរឹតតែពិសេស ប្រសិនបើអ្នកអាចកំដរគេទៅហាត់ ហើយញ៉ាំអាហារជាមួយគ្នា បន្ទាប់ពីចប់ម៉ោងហ្វឹកហាត់ ឬប្រកួត ព្រោះថាពេលដែលលេងកីឡា គេក៏បានប្រើប្រាស់ថាមពលច្រើនហើយក៏អស់កម្លាំងណាស់ដែរ។ · ទទួលស្គាល់ការពិត ៖ ត្រង់នេះសំដៅដល់ការពិតដែលថាអ្នកនឹងមិនជាអាទិភាពទីមួយរបស់គេគ្រប់ពេលទេ។ ចំណុចនេះហាក់ដូចជាពិបាកជាងគេបន្តិច ព្រោះថាក្នុងនាមជាម្ចាស់ចិត្តរបស់នរណាម្នាក់ យើងតែងតែចង់ឲ្យគេគិតដល់អ្នកមុនគេ។ ប៉ុន្តែបើអ្នកសម្រេចចិត្តថាតភ្ជាប់ចំណងស្នេហាជាមួយកីឡាករហើយ អ្នកត្រូវបើកចិត្តឲ្យទូលាយ ហើយទទួលស្គាល់វា។ · រាប់អានជាមួយនឹងមិត្តរួមក្រុមរបស់គេ ព្រមជាមួយនឹងគ្របង្វឹក ៖ ប្រសិនបើអ្នកមានពេលទៅមើលគេហ្វឹកហាត់ និងប្រកួតញឹកញាប់ អ្នកនឹងមានឱកាសបានជួបនឹងពួកគេមិនខាន។ អ្នកអាចចាប់ផ្តើមជាមួយនឹងគ្រូបង្វឹក និងសមាជិកជម្រើស១១នាក់ដំបូងរួចសឹមបែររកកីឡាករបម្រុង។ ក្រោយពីបានរាប់អានគ្នាហើយ អ្នកនឹងមិនមានអារម្មណ៍ទើសទាល់ ឬអផ្សុកនោះទេ ពេលកំដរម្ចាស់ស្នេហ៍ម្តងៗ។ ម្យ៉ាងអ្នកក៏អាច រាប់អានជាមួយនឹងមិត្តស្រីរបស់កីឡាករផ្សេងៗផងដែរ ហើយអ្នកក៏អាចមានគ្នាជជែកដែរ។ · បង្ហាញឲ្យគេឃើញ ៖ ក្នុងនាមជាម្ចាស់ស្នេហ៍តែមួយគត់របស់គេ អ្នកក៏គួរធ្វើអ្នកគាំទ្រផ្គាប់មុខមួយរូបរបស់គេដែរ។ ព្យាយាមបង្ហាញពីការគាំទ្ររបស់អ្នកតាមដែលអាចធ្វើបាន ប៉ុន្តែក៏មិនគួរហួសហេតុពេកនោះដែរ។ អ្វីដែលពិសេសជាងគេ ហើយមិនគួររំលងនោះ គឺការពាក់អាវដែលជាឯកសណ្ឋានក្រុមរបស់គេ ហើយបើអាចទៅរួច អ្នកក៏គួរអាវដែលមានឈ្មោះរបស់គេផងដែរ។   «ចំណងស្នេហាជាមួយកីឡាករអាចជាការងារមួយលំបាក ព្រោះគេនឹងមិនមានច្រើនសម្រាប់អ្នកនោះទេ តែអ្នកត្រូវចាំថា អ្នកនៅតែមនុស្សទីមួយដែលគេគិតដល់គ្រប់ពេល។ ប៉ុន្តែប្រសិនបើអ្នកយល់ថាមិនអាចទ្រាំបាននោះ កុំធ្វើបាបខ្លួនឯងអី...» © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

Sanofi ជាក្រុមហ៊ុនចែកចាយឱសថ និងផ្គត់ផ្គង់ផលិតផលថែរក្សាសុខភាពឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានវត្តមាននៅលើទឹកដីអាណាចក្រអច្ឆិរយរយៈពេលជាង១០ឆ្នាំមកហើយ គឺចាប់ពីឆ្នាំ1992 ដោយបានធ្វើការចែកចាយផលិតផលរបស់ខ្លួនទៅកាន់២៥ខេត្ត-ក្រុងនៅក្នុងប្រទេសកម្ពុជា។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនSanofi បានដំណើរការប្រតិបត្តិការរបស់ខ្លួនជាមួយនឹងអាជីវកម្ម និងសកម្មភាពជាច្រើន (អាជីវកម្ម វ៉ាក់សាំង សម្ភារៈទ្រទ្រង់ និងផ្គត់ផ្គង់ថ្នាំពេទ្យ)​ ហើយក៏បានលក់ចេញនូវផលិតផលរបស់ខ្លួនក្នុងបរិមាណមួយគួរឲ្យកត់សម្គាល់។ លោក Nguyen Thi Ngoc Minh ប្រធានប្រតិបត្តិពាណិជ្ជកម្មនៃ​Sanofi Cambodia ក៏បានផ្តល់កិត្តយសចូលរួមចែករំលែកនូវយុទ្ធសាស្រ្ត ក៏ដូចជាបទពិសោធន៍របស់លោកផ្ទាល់ជាមួយនឹង Sanofi Cambodia ដែលមានអត្ថន័យខ្លឹមសារដូចខាងក្រោម ៖ គួរបញ្ជាក់ផងដែរថា លោក Nguyen Thi Ngoc Minh ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ព្រមទាំងទំនុកចិត្តក្នុងតំណែងរបស់ខ្លួន បានបំពេញកិច្ចការជាមួយ Sanofi Cambodia រយៈពេល១០ឆ្នាំមកហើយ។ លោកបានជម្រាបជូនហេលស៍ថាមថា«រយៈពេលកន្លងមកដែលខ្ញុំបាននៅជាមួយSanofi Cambodia ជាពេលវេលាដ៏មានអត្ថន័យសម្រាប់ខ្ញុំ ដោយខ្ញុំកាន់តែមានទំនុកចិត្តលើការងារ ព្រមទាំងនៅតែបន្តមានភាពសាទរចំពោះការងារមួយនេះ។ ជាក់ស្តែង ខ្ញុំបានរៀនសូត្រច្រើនតាមរយៈការបំពេញនូវគម្រោង ក៏ដូចជាកិច្ចការជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃ ហើយខ្ញុំក៏នៅតែមានភាពរីករាយនិងរំភើបចំពោះការងាររបស់ខ្ញុំជានិច្ច»។   ជាមួយនឹងសាខាទាំងក្នុង និងក្រៅប្រទេសជាច្រើន Sanofi Cambodia មានការផ្គត់ផ្គង់ផលិតផលច្រើនដោយរួមមានទាំងផលិតផលសម្រាប់ការព្យាបាល​​ និងបង្ការ (វ៉ាក់សាំង)។ សម្រាប់ឱសថវិញ​ Sanofi ក៏មានផ្គត់ផ្គង់ផលិតផលសម្រាប់ជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែមជាដើម ព្រមទាំងផលិតផលសម្រាប់ដោះស្រាយបញ្ហាសុខភាពដែលងាយកើតមានញឹកញាប់ដូចជា​ អាការៈឈឺក្បាល (Doliprane)​ ឬអាហារបំប៉នដែលមានសារធាតុកាល់ស្យូម (Calcium Corbiere)​ ផងដែរ។ លោក Minh ក៏បានបន្ថែមទៀតថា កង្វល់ដែល Sanofi Cambodia ជួបប្រទះ គឺដោយសារតែជោគជ័យក្នុងពេលប៉ុន្មានឆ្នាំកន្លងមក ធ្វើឲ្យSanofi សោយសុខជាមួយនឹងជោគជ័យនោះ ជាហេតុធ្វើឲ្យដំណើរប្រតិបត្តិការហាក់ដូចជាមានការថយចុះ និងអន់ថយ ហើយទីផ្សារទៀតសោតក៏មានការធ្លាក់ចុះ នូវសក្តានុពលទាបជាងដៃគូប្រកួតប្រជែងរបស់ខ្លួនផងដែរ។ យ៉ាងណាមិញ Sanofi Cambodia ក៏មិនព្រងើយកន្តើយ ចំពោះការធ្លាក់ចុះនូវសក្តានុពលរបស់ខ្លួននេះដែរ ដោយបានសើរើ ក៏ដូចជាគិតគូរឡើងវិញទៅលើកត្តាបង្កភាពជោគជ័យ(KPI) សម្រាប់គម្រោង និងផែនការដែលកំពុងដំណើរការ ដោយបង្កើនភាពស្និទ្ធស្នាលរវាងសមាជិក និងបុគ្គលិកក្នុងក្រុមហ៊ុនតាមរយៈការធ្វើការទំនាក់ទំនង និងពិភាក្សាគ្នា ដើម្បីស្វះស្វែងរកដំណោះស្រាយ ឬរៀនសូត្រពីអ្វីដែលថ្មី និងអាចជាប្រយោជន៍សម្រាប់ការអភិវឌ្ឍរបស់ក្រុមហ៊ុនផ្ទាល់។  ចំពោះដំណើរការប្រតិបត្តិ ជាពិសេសការដឹកនាំនៅក្នុងក្រុមហ៊ុនវិញ គឺមិនអាចចៀសផុតពីបញ្ហានៃភាពស្មុគស្មាញនោះឡើយ។ អ្វីដែលSanofi បាន និងកំពុងធ្វើការចល័ត ឬផ្លាស់ប្តូរក្រុមការងារតាមផ្នែកផ្សេងៗ ដើម្បីឲ្យយល់កាន់តែច្បាស់ និងឈានទៅរកការយល់ព្រមដោយពេញចិត្តចំពោះទំនួលខុសត្រូវ និងកាតព្វកិច្ចដែលខ្លួនត្រូវទទួលបន្ទុក។ ជាមួយគ្នានេះផងដែរ Sanofi ក៏កំពុងធ្វើការបន្ថែមនូវសក្តានុពល ក៏ដូចជាធ្វើការអភិវឌ្ឍលទ្ធភាព និងសមត្ថភាពរបស់ថ្នាក់ដឹកនាំក្នុងក្រុមហ៊ុន ដើម្បីត្រៀមខ្លួនរួចរាល់ក្នុងការបំពេញកិច្ចការងារ​ ឬដោះស្រាយបញ្ហាជាមួយនឹងមិត្តរួមការងារ និងអតិថិជនរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។   នាពេលបច្ចុប្បន្ននេះ Sanofi Cambodia ធ្វើការគិតគូរចំពោះអតិថិជន និងអ្នកប្រើប្រាស់ចុងក្រោយ ដោយត្រៀមធ្វើការនាំចូលនូវបច្ចេកវិទ្យាប្លែកថ្មី ជាមួយនឹងទំនាក់ទំនងទៅកាន់អតិថិជនឲ្យបានកាន់តែជិតស្និទ្ធ និងទូលំទូលាយជាងមុន ដោយធ្វើការវិវឌ្ឍលើទំព័រហ្វេសប៊ុក ឬគេហទំព័រជាដើម។ ទន្ទឹមនឹងគ្នានេះផងដែរ Sanofi Cambodia ក៏កំពុងជួសជុលការិយាល័យរបស់ខ្លួន ដើម្បីរៀបចំបន្ទប់ និងកន្លែងកាន់តែទូលាយជាងមុនសម្រាប់ការហ្វឹកហាត់ និងបំពេញការងាររបស់បុគ្គលិកផ្ទាល់តែម្តង។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

រោគសញ្ញាជំងឺដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង រោគសញ្ញារមួលក្រពើជាសញ្ញាបឋមថាអ្នកមានជំងឺទាក់ទងនឹងអាកាសធាតុក្តៅខ្លាំង ដែលអ្នកអាចវិវត្តទៅជាជំងឺអស់កំលាំងល្ហិតល្ហៃ ឬសន្លប់ដោយសារកំដៅខ្លាំង។ ខាងក្រោមនេះជារោគសញ្ញាគួរយល់ដឹង៖ ជំងឺអស់កម្លាំងល្ហិតល្ហៃដោយកម្តៅខ្លាំង  o បែកញើសខ្លាំង o ខ្សោយកម្លាំង o ខ្លួនត្រជាក់ ស្លេក ស្បែកស្អិត  o ជីពចរដើរញាប់ o ចង្អោរ ឬក្អួត o ដួល  ដំណោះស្រាយ៖ o ប្តូរទៅកន្លែងត្រជាក់ o ដាក់ខ្លួនដេក និងដោះសំលៀកបំពាក់ o ជូតកន្សែងត្រជាក់លើខ្លួនប្រាណជុំវិញ o ក្រេបទឹកសន្សឹមៗ o បើមានក្អួត និងបន្តរហូតបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ជំងឺដួលសន្លប់ដោយកម្តៅខ្លាំង o សីតុណ្ហភាពខ្លួនលើសពី៣៩.៥អង្សាសេ o ស្បែកក្តៅ ក្រហម ឬស្ងួត o ជីពចរដើរញាប់ o អាចបាត់បង់ស្មារតី ដំណោះស្រាយ៖ o ប្តូរអ្នកជំងឺទៅកន្លែងត្រជាក់ o បញ្ទុះកំដៅខ្លួនជាមួយកន្សែងត្រជាក់ ឬងូតទឹក o មិនត្រូវផ្តល់ទឹក o បញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ការពារសុខភាពពេលអាកាសធាតុក្តៅខ្លាំង នៅកន្លែងត្រជាក់៖ រក្សាខ្លួនឲ្យត្រជាក់ដើម្បីជៀសវាងជំងឺ  • ជ្រកក្រោមម្លប់ឲ្យបានច្រើន (ម្លប់ដើមឈើ ម្លប់អាគារ ឬក្នុងម៉ាស៊ីនត្រជាក់) • កុំជ្រើសរើសកង្ហាជាអទិភាពទី១ • ជៀសវាងនៅក្រោមថ្ងៃផ្ទាល់ • ស្លៀកពាក់សំលៀកបំពាក់ ស្តើង ស្រាល និងមានពណ៌ភ្លឺ (ស លឿង បៃតង ។ល។) • ងូតទឹកត្រជាក់ ឬទឹកធម្មតាឲ្យបានញឹកញាប់ • តាមដានក្រុមមនុស្សងាយរងគ្រោះ២ដងក្នុង១ថ្ងៃ (ក្មេងអាយុក្រោម៥ឆ្នាំ វ័យលើស៦៥ឆ្នាំ ស្រ្តីមានផ្ទៃពោះ ជនមានជំងឺរ៉ាំរ៉ៃ រក្សាជាតិទឹកជានិច្ទ៖ ពីព្រោះខ្លួនអ្នកបានបាត់បង់ជាតិទឹកច្រើនតាមរយៈញើស ហើយអាចឲ្យអ្នកខ្សោះជាតិទឹកខ្លាំង • ផឹកទឹកឲ្យបានច្រើន ជាងពេលធម្មតា • មិនត្រូវរងចាំដល់អ្នកស្រេកទឹកទេ • ផឹកទឹក២ទៅ៤កែវរៀងរាល់ម៉ោងនៅពេលកំពុងធ្វើការក្រោមពន្លឺថ្ងៃ និងពេលហាត់ប្រាណ • ជៀសវាងពិសារស្រា និងទឹកដែលមានកំហាប់ជាតិស្ករខ្ពស់ • ជួយរំលឹកអ្នកផ្សេងទៀតឲ្យឧស្សាហ៍ផឹកទឹក  • ទឹកត្រូវតែដាំពុះជានិច្ច ដើម្បីជៀសវាងជំងឺរាក រាកមូល ឬអាសន្នរោគ តាមដានព័ត៌មាន៖ តាមដានព័ត៌មានអាកាសធាតុ និងសុខភាព ដែលមានប្រភពច្បាស់លាស់ដើម្បីការពារសុខភាពអ្នកឲ្យបានល្អ ជាពិសេសតាមដានព័ត៌មានអំពីអាកាសធាតុក្តៅខ្លាំងដើម្បីរៀបចំសកម្មភាពបានត្រឹមត្រូវ។ (ប្រភពពីទំព័រហ្វេសបុករបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥)  © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

ស្នេហាពេលខ្លះប្រៀបបាននឹងអព្ភូតហេតុម្យ៉ាង ហើយជួនកាលក៏កើតមានដោយចៃដន្យ ក្នុងពេលវេលា ឬទីកន្លែងមួយដែលមិត្តអ្នកអានបុរសនារីនឹកស្មានមិនដល់។ ប្រសិនបើគូស្នេហ៍ឬរូបអ្នកផ្ទាល់ត្រូវចាកចេញពីគ្នា? ចាកចេញនេះមិនសំដៅដល់ការបែកផ្លូវគ្នានោះទេ គឺពេលដែលត្រូវឃ្លាតឆ្ងាយផ្លូវកាយមួយរយៈដោយសារមូលហេតុខ្លះ... តើអ្នកយល់ថាមានបញ្ហាលំបាកមែនឬទេ? សូមកុំបារម្ភ!!! រីករាយជាមួយនឹងអត្ថបទនេះ លោកអ្នកនឹងអាចយល់ដឹងពី គន្លឹះដ៏មានគុណប្រយោជន៍សម្រាប់ចំណងស្នេហ៍របស់អ្នក ៖   · ចាត់ទុកចម្ងាយជាឱកាសល្អ ៖ មានគូសេ្នហ៍ជាច្រើនបានចាត់ទុកស្នេហាប្រភេទនេះជាឱកាសមួយដ៏ល្អសម្រាប់ឲ្យគូស្នហ៍បានចំណាយពេលច្រើនជាមួយគ្រួសារ និងមិត្តភក្តិ ហើយក៏ទំនាក់ទំនងទៀតសោតក៏បានល្អប្រសើរជាងមុន មានពេលវេលាកាន់តែច្រើនសម្រាប់ខ្លួនឯង ដើម្បីដោះស្រាយបញ្ហាជាបុគ្គល និងធ្វើកិច្ចការដែលខ្លួនចូលចិត្ត ក៏ដូចជាសម្រេចគោលដៅរបស់ខ្លួន។ លោកអ្នកក៏គួរគិតដូចជាពូកគេដែរ វាការពិតដែលថាអ្វីក៏ដោយក៏មានគុណសម្បត្តិ និងគុណវិបត្តិ គ្រាន់តែមួយណាមានច្រើនជាង។ ហេតុនេះហើយ ព្យាយាមរក្សាទុកចំណុចល្អរបស់វានៅក្នុងចិត្តឲ្យបានច្រើន... · កសាងក្តីរំពឹងឲ្យបានច្បាស់ ៖  គូស្នេហ៍ណាក៏មានបំណងរក្សាចំណងនៃក្តីស្រលាញ់របស់ខ្លួនដូចគ្នា ហើយរឹតតែខ្លាំងក្លាទៀតសម្រាប់គូស្នេហ៍ដែលស្ថិតនៅឆ្ងាយពីគ្នា។ ដោយសារតែ កាយមិនជិតគ្នា ដូចនេះហើយអ្នកត្រូវរៀបចំកាលវិភាគឲ្យបានច្បាស់លាស់ ក្នុងរវាងពេលដែលត្រូវទាក់ទងគ្នាតាមមធ្យោបាយផ្សេងៗ និងពេលដែលត្រូវជួបមុខគ្នា។ បច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះក៏បានសម្រួលច្រើនដល់អ្នកផងដែរ ទោះបីកាយមិនក្បែរគ្នា ឲ្យតែមានចិត្តស្មោះ នោះវានឹងដូចពាក្យដែលតែងនិយាយតៗគ្នាថា «ពេលស្រលាញ់ នៅឆ្ងាយដូចនៅជិត តែបើអស់ចិត្ត នៅជិតដូចនៅឆ្ងាយ»។ · មានគោលដៅច្បាស់លាស់ ៖​ ដៃគូស្នេហាដែលយល់ព្រមទទួលយកការឃ្លាតពីគ្នាមួយរយៈ ភាគច្រើនបានព្រមព្រៀងគ្នា ដោយបានគិតគូរពីគោលដៅទៅពេលអនាគតជាមួយគ្នា ហើយក៏បានធ្វើការសន្យាគ្នាថានឹងព្យាយាមសម្រេចរួមគ្នា។ · ធ្វើការទាក់ទងគ្នាជារៀងរាល់ថ្ងៃ​៖ ដូចដែលបានលើកឡើងខាងលើដែរ បច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះបានសម្រួលទំនាក់ទំនងរវាងមនុស្សម្នាក់ៗនៅទូទាំងពិភពលោក ហើយមធ្យោបាយទាំងនោះទៀតសោតរួមមានការជួបមុខតាមរយៈអេក្រង់ឧបករណ៍អេឡិចត្រូនិច ឬការសរសេរសារផ្ញើរឆ្លើយឆ្លបគ្នាជាដើម។ តែមិនប្រាកដថាអ្នកត្រូវនិយាយគ្នាជារៀងរាល់ថ្ងៃនោះទេ។ យ៉ាងណាមិញ ការទាក់ទងតាមបែបបុរាណតាមរយៈការផ្ញើរសំបុត្រ ឬលិខិតជូនពរ អាចនឹងបង្ហាញពីទំហំចិត្តនឹក និងស្រលាញ់របស់អ្នកបានតែស៊ីជម្រៅទៀតផង។ បើសិនជាអាច កុំភ្លេចឆ្លៀតផ្ញើរជូនកាដូ​មួយចំនួនជាការជូនពរ ឬអបអរក្នុងឱកាសពិសេសផង។ · ជួបគ្នាឲ្យបានទៀងទាត់ ៖ អារម្មណ៍ពេលនឹកមិនដូចជាអារម្មណ៍ពេលបែក ហើយក៏រឹតតែមិនដូចអារម្មណ៍ពេលជួបដែរ។ ហេតុនេះហើយ មិនថាការងារមមាញឹកយ៉ាងណានោះទេ អ្នកគួររៀបចំពេលវេលាខ្លះសម្រាប់ការជួបមុខគ្នាផ្ទាល់ដោយកំណត់ឲ្យបានច្បាស់ថាគួរតែជួបនៅពេលណា? ហើយដៃគូខាងណាគួរទៅរកខាងណា? · មានទំនុកចិត្តចំពោះគ្នា ៖ ប្រច័ណ្ឌជាបញ្ហាចម្បងដែលគូស្នេហ៍ដែលមិននៅក្បែរគ្នាតែងជួបប្រទះដោយសារតែដៃគូម្ខាងៗ នឹងចំណាយពេលច្រើននៅជាមួយនឹងអ្នកដទៃជាជាងនៅជាមួយនឹងម្ចាស់ចិត្តរបស់ខ្លួន ដូចជាទៅញ៉ាំអាហារ ធ្វើដំណើរកំសាន្ត។ល។ ដើម្បីបង្វែរចិត្តរបស់អ្នកមិនឲ្យគិតពីការសង្ស័យថាគូស្នេហ៍មានថ្មីនោះ អ្នកត្រូវតែនិយាយជាមួយគ្នាពីអារម្មណ៍ដែលមានចំពោះគ្នាឲ្យបានញឹកញាប់ ហើយកត្តាដែលត្រូវប្រកាន់ខ្ជាប់ជានិច្ច គឺទុកចិត្តលើគ្នាជានិច្ច។ តែក៏មិនបានន័យថាបិទភ្នែក បិទច្រមុះ ងប់ជឿលើគេទាំងស្រុងរហូតនោះដែរ។ · បង្ហាញខ្លួនក្នុងឱកាសពិសេស ៖ នរណាក៏ដោយក៏តែងតែចង់បានភាពកក់ក្តៅ និងភាពផ្អែមល្អែមពីមនុស្សជាទីស្រលាញ់របស់ខ្លួនដែរ​ ហើយក៏ចង់ឃើញវត្តមានម្ចាស់បេះដូងក្នុងថៃ្ងពិសេសផងដែរ។ វាជាកម្លាំងចិត្តមួយដែលកត្តាផ្សេងៗមិនអាចប្រៀបផ្ទឹមបាន ហើយក៏ជាសញ្ញាណមួយបញ្ជាក់យ៉ាងស៊ីជម្រៅថាអ្នកពិតជាស្រលាញ់ និងយកចិត្តទុកដាក់ចំពោះគេជានិច្ច។   «មិនខុសពីអាយុទេ ចម្ងាយក៏អាចត្រឹមតែជាតួលេខដែរ...ស្នេហារបស់មនុស្សពីរនាក់នឹងអាចស្ថិតស្ថេរបានយូរអង្វែង ដរាបណាគូស្នេហ៍មានការយោគយល់ និងជាពិសេសទុកចិត្តលើគ្នាទៅវិញទៅមក ហើយមិនថាកាយនៅឆ្ងាយពីគ្នាដល់កម្រិតណា ចិត្តស្នេហាដែលមាននឹងនៅជាអមតៈ។ ជឿទេ??? ស្នេហ៍ស្មោះអាចឲ្យមនុស្សពីរនាក់ទាក់ទងគ្នា ហើយមានអារម្មណ៍ថានៅក្បែរគ្នាគ្រប់ពេលគ្រប់វិនាទី មិនថាស្ថិតក្នុងរយៈចម្ងាយប៉ុណ្ណានោះទេ» © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

ក្រពេញទីរ៉ូអុីត ជាផ្នែកមួយនៃប្រព័ន្ធអង់ដូគ្រីនក្នុងរាងកាយរបស់មនុស្សទូទៅ ដែលមានទីតាំងស្ថិតនៅតំបន់ផ្នែកខាងក្រោយនៃបំពង់កដោយស្ថិតនៅខាងមុខនិង សងខាងនៃបំពង់ខ្យល់។ ដំណើរការនៃក្រពេញនេះ គឺរ៉ាប់រងក្នុងការបញ្ចេញនូវអ័រម៉ូនចំនួនពីរប្រភេទ គឺ Triiodothyronine (T3) និងThyroxin(T4) ដែលការបញ្ចេញនោះទាមទារឲ្យមានវត្តមាននៃសារជាតិអុីយ៉ូត ដែលបានមកពីប្រភពចំណីអាហារ។ បន្ថែមពីនេះ បរិមាណកម្រិតនៃការបញ្ចេញអ័រម៉ូនទាំងពីរ ច្រើនឬតិចវាស្ថិតនៅក្រោមការបញ្ជាពី អ័រម៉ូនម៉្យាងទៀតហៅថា TSH ReleasingHormone (TRH)ដែលបញ្ជេញដោយផ្នែកមួយនៃខួរក្បាលហៅថាHypothalamus។ ជាទូទៅមុខងាររបស់ប្រពេញទីរ៉ូអុីតគឺគ្រប់គ្រងនូវការធ្វើមេតាប៉ូលីស ក្នុងរាងកាយ(គ្រប់គ្រងការបំលែងថាមពលក្នុងរាងកាយ)ហើយវាក៏សម្រួលនូវមុខងារមួយចំនួនទៀតដូចជា ការដកដង្ហើម ចង្វាក់បេះដូង ប្រព័ន្ធខួរក្បាល កម្តៅរាងកាយ និងមុខងារផ្សេងទៀត។ ភាពលើស ឬខ្វះនៃអ័រម៉ូនទាំងពីរក្នុងចរន្តឈាម ជាសញ្ញាណមិនល្អដែលបណ្តាលឲ្យមានជំងឺពីរប្រភេទ គឺ Hypothyroidism(ការខ្វះ)និងHyperthyroidism(ការលើស) ដែលអាចកើតឡើងលើកុមារផងដែរ។ Hypothyroidism និយមន័យ ជាការថយចុះនៃការបញ្ចេញបរិមាណអ័រម៉ូនទីរ៉ូអុីត ដែលមិនគ្រប់គ្រាន់សម្រាប់តម្រូវការរបស់សារពាង្គកាយ។ គេសង្កេតឃើញមានមូលហេតុ ២ ប្រភេទចំពោះជំងឺHypothyroidism តួយ៉ាងដូចជា៖ • Congenital Hypothyroidism៖ ជាប្រភេទជំងឺHypothyroidismកើតលើកុមារដែលទើបនឹងកើត ដែលច្រើនកើតឡើងដោយសារតែម្តាយពុំទទួលបានសារជាតិអុីយ៉ូតគ្រប់គ្រាន់ក្នុងកំឡុងពេលពពោះ។ ម្យ៉ាងវិញទៀតវាអាចបណ្តាលមកពីការលូតលាស់ខុសប្រក្រតី នៃប្រពេញទីរ៉ូអុីតដែលអាចស្តែងចេញជាAthyreosis(គ្មានការលូតលាស់នៃក្រពេញទីរ៉ូអុីត)Hypoplastic(ក្រពេញលូតលាស់ខ្លាំងខុសធម្មតា) និងEctopic (ក្រពេញស្ថិតនៅខុសទីតាំង)។ យ៉ាងណាមិញ គេមិនទាន់អាចធ្វើការសន្និដ្ឋានច្បាស់លាស់ចំពោះមូលហេតុនៃការប្រែប្រួលទាំងនោះនៅឡើយ តែវាអាចបង្កឡើងពីមុខងាររបស់ហ្សែននៃរាងកាយរបស់កុមារមួយចំនួន។ • Acquired Hypothyroidism៖ ជាទូទៅ ករណីនេះអាចកើតឡើងចំពោះកុមារដែលមានវ័យចាប់ពី៦ ទៅ ១២ ឆ្នាំ ដែលបណ្តាលមកពីភាពខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំរបស់កុមារដែលឲ្យឈ្មោះថាHashimoto’sthyroiditisដោយប្រព័ន្ធភាពស៊ាំនៃរាងកាយធ្វើការប្រឆាំង ទៅនឹងក្រពេញទីរ៉ូអុីត បង្កឲ្យមានការរលាក និងបាត់បង់សមត្ថភាពក្នុងការបញ្ចេញអ័រម៉ូនទីរ៉ូអុីត។   រោគសញ្ញា រោគសញ្ញា និងផលវិបាកនៃជំងឺ Hypothyroidism នេះគឺមានភាពខុសគ្នាពីកុមារម្នាក់ ទៅម្នាក់ទៀត។ ចំពោះករណីកង្វះអ័រម៉ូនទីរ៉ូអុីតពីកំណើតកុមារអាចប្រឈមនឹងរោគសញ្ញាមួយចំនួនដូចជា ការថយចុះនៃការលូតលាស់ទម្រង់មុខខុសធម្មតា(coarse facialfeatures)អណ្តាតរីកធំក្រាស់ ស្បែកស្ងួត មិនសូវរវាសរវៃ ផ្ចិតលៀន និងសមត្ថភាពបញ្ញាចុះខ្សោយ។ ចំណែករោគសញ្ញាដែលមានជាទូទៅចំពោះកុមារអាចជា៖ • ឡើងទម្ងន់ខ្លាំង • អស់កម្លាំង • ទល់លាមក • លូតលាស់យឺត • យឺតយ៉ាវនៃភាពពេញវ័យ។ ការធ្វើរោគវិនិច្ឆ័យ • តាមដានសភាពកុមារទើបនឹងកើត៖ ជាវិធីសាស្រ្តអាចចាប់បានសញ្ញានៃជំងឺ Hypothyroidism មុនពេលស្តែងចេញជារោគសញ្ញា ដែលតែងតែអនុត្តចំពោះករណី Congenital Hypothyroidism។ • ពិនិត្យមុខងាររបស់ក្រពេញទីរ៉ូអុីត៖ ប្រសិនបើការពិនិត្យវិជ្ជមាន ត្រូវបន្តធ្វើតេស្តបន្ថែមទៀតដែលជាការកំណត់ឲ្យកាន់តែច្បាស់ ដូចជារកកម្រិតអ័រម៉ូនthyroxine (T4), free T4 និង thyroid-stimulating hormone (TSH) នៅក្នុងឈាម។ • ថតក្រពេញទីរ៉ូអុីត (thyroid ultrasonography ឬ radionuclide scan)៖ ធ្វើការចាក់បញ្ចូល ឬលេបសារធាតុ Radioactiveទៅក្នុងខ្លួន ដោយរង់ចាំរយៈពេល ៦ ទៅ ២៤ ម៉ោង នោះសារធាតុ Radioactive នឹងទៅប្រមូលផ្តុំនៅក្រពេញទីរ៉ូអុីតដើម្បីបញ្ជូនរូបភាពទៅកាន់ម៉ាស៊ីនដើម្បីធ្វើការពិនិត្យពីការលូតលាស់របស់ក្រពេញ ថាតើវាស្ថិតនៅខុសទីតាំង ឬមានទំហំខុសធម្មតា។   ការព្យាបាល គ្មានវិធីសាស្រ្តដើម្បីព្យាបាលឲ្យជាសះស្បើយនោះទេ តែអ្នកជំងឺអាចតម្រូវឲ្យប្រើប្រាស់នូវអ័រម៉ូនទីរ៉ូអុីតជាថ្នាំជំនួស (synthetic thyroxin T4)ដែលវាជាមធ្បោបាយព្យាបាលដែលមានសុវត្ថិភាព   និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងស្ថានភាពជំងឺ។ បន្ថែមពីការព្យាបាលនោះផងដែរ កុមារត្រូវតែទទួលបានការ តាមដានយ៉ាងម៉ត់ចត់ចំពោះការវិវឌ្ឍរបស់ជំងឺ និងប្រសិទ្ធភាពរបស់ថ្នាំ។ Hyperthyroidism និយមន័យ ចំពោះកុមារ ជំងឺ Hyperthyroidism អាចកើតឡើងមិនសូវជាញឹកញាប់ ប៉ុន្តែវាជាជំងឺដែលគ្រោះថ្នាក់ដល់ជីវិតមួយ ដែលស្តែងឡើងដោយការបញ្ចេញនូវអ័រម៉ូនទីរ៉ូអុីតច្រើនខុសធម្មតាចូលទៅក្នុងចរន្តឈាម។  កុមារអាចមានជំងឺនេះតាំងពីវ័យជាទារកក្នុងផ្ទៃពោះដោយឆ្លងពីម្តាយហើយវាកើតឡើងដោយសារតែម្តាយមានផ្ទុកនូវជំងឺម្យ៉ាង ដែលអង្គបដិបក្ខក្នុងខ្លួនមានសកម្មភាព ខ្លាំងធ្វើការភ្ញោចឲ្យមានការបញ្ចេញនូវអ័រម៉ូនទីរ៉ូអុីតច្រើនខុសធម្មតា(Gra-ves disease)។ ម៉្យាងវិញទៀត វាអាចបង្កឡើងដោយសារការរលាកនូវក្រពេញទីរ៉ូអុីត ពីពពួក បាក់តេរី (Acute thyroiditis)ឬ វីរុស (Subacute thyroiditis) ផងដែរ។ រោគសញ្ញា ជំងឺអាចបង្កជារោគសញ្ញាដូចជា៖ • បាត់បង់ចំណង់អាហារ • មួម៉ៅ • សម្ពាធឈាមឡើងខ្ពស់ • បេះដូងលោតញាប់ • ក្បាលតូច • ស្រកទម្ងន់ • អស់កម្លាំង។ ការធ្វើរោគវិនិច្ឆ័យ • ពិនិត្យមុខងារក្រពេញទីរ៉ូអុីត៖ ជាទូទៅគេត្រូវពិនិត្យមើលនូវកម្រិតនៃអ័រម៉ូន Triiodothyronine (T3) និង Thyroxine T4និង Thyroid stimulating hormone (TSH) នៅក្នុងឈាម។ • ថតក្រពេញទីរ៉ូអុីត (Thyroid ultrasonography ឬ radionuclidescan)៖ ជាវិធីសាស្រ្តដើម្បីដឹងថា តើវាអាចមានការប្រែប្រួលរបស់ក្រពេញទីរ៉ូអុីត ឬអាចមានការរលាកជាដើម។ ការព្យាបាល • ប្រើប្រាស់ថ្នាំប្រភេទ Antithyroid ដូចជា Methimazole ឬ Propylthiouracil។កំឡុងពេលប្រើប្រាស់ថ្នាំត្រូវមានការតាមដានឲ្យបានញឹកញាប់ ដើម្បីចៀសវាងបញ្ហានានាដែលអាចបង្កឡើងដោយសារប្រភេទថ្នាំទាំងនោះ។ • ការព្យាបាលការរលាកក្រពេញទីរ៉ូអុីតដោយពពួកបាក់តេរីអាចប្រើប្រាស់នូវពពួកថ្នាំផ្សះតាមការចាក់ ឬលេប ចំណែកការបង្កដោយពពួកវីរុស គឺអាចជាទៅវិញដោយខ្លួនវា តែអាចព្យាបាលសម្រន់ការឈឺចាប់ ដោយពពួកថ្នាំបំបាត់ការឈឺចាប់នានា។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ហួត យុវលាភ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ប្រសិនបើយើងធ្វើការសួរយុវវ័យ១០នាក់នោះ ក្នុងនោះយ៉ាងហោចណាស់ក៏មាន៨នាក់ដែរ ដែលចូលចិត្តស្តាប់តន្រ្តី ជាពិសេសពេលដែលគេមានបញ្ហាស្រ្តេស ឬសម្ពាធពីជីវិត ស្នេហា ការសិក្សា ឬការងារផ្សេងៗ។ ដោយហេតុថាពួកគេយល់ថា វានឹងជួយឲ្យគេមានអារម្មណ៍ធូរស្រាលក៏ដូចជាស្រស់ថ្លាឡើងវិញ ប៉ុន្តែគេប្រហែលជាមិនបានជ្រាបពីគុណប្រយោជន៍មហាសាលនៃតន្រ្តីនោះទេ។ នេះជាមូលហេតុដែលនាំឲ្យយើងធ្វើការចែករំលែកនូវភាពអស្ចារ្យនេះជូនដល់ប្រិយមិត្តអ្នកអានឲ្យបានដឹង ៖​ ·បំបាត់ការឈឺចាប់ ៖ តន្រ្តីពិតជាចូលរូមចំណែកក្នុងការបំបាត់ការឈឺចាប់មែន មិនថាកម្រិតស្រាល​ ឬធ្ងន់នោះទេ។ នៅក្នុងមន្ទីរពេទ្យ មួយចំនួន តន្រ្តីត្រូវបានប្រើប្រាស់សម្រាប់ កាត់បន្ថយតម្រូវការថ្នាំក្នុងពេលការប្រសូតបុត្រ បន្ថយការឈឺចាប់ក្រោយការវះកាត់ និង​ ជួយដល់ការប្រើថ្នាំសន្លប់ក្នុងការពេលវះកាត់ផងដែរ។ វាធ្វើទៅបាន ដោយសារវាបង្កើត​ប្រតិកម្មតប ដែលផ្តល់ឲ្យអ្នកជម្ងឺនូវលទ្ថភាពក្នុងការគ្រប់គ្រងខ្លួនឯង ហើយវាក៏ធ្វើឲ្យរាងកាយបញ្ចេញនូវអង់ដូហ្វីន ដែលប្រឆាំងនឹងការឈឺចាប់  ម្យ៉ាងចម្រៀងដែលស្លូ(មួយៗ) ជួយបន្ថយល្បឿននៃការដកដង្ហើម និងចង្វាក់បេះដូង។ ·កាត់បន្ថយសម្ពាធឈាម ៖ ការស្រាវជា្រវរបស់American Society of Hypertension បានបង្ហាញថា ការស្តាប់តន្រ្តីរៀងរាល់ព្រឹក និងល្ងាច នឹងជួយកាត់បន្ថយសម្ពាធឈាម ហើយរក្សាវាឲ្យនៅទាប។ ·ជាឱសថសម្រាប់បេះដូង ៖​ តន្រ្តីជាមិត្តដ៏ល្អរបស់បេះដូង។ ​ជាក់ស្តែង ល្បឿននៃចង្វាក់បេះដូងនឹងប្រែប្រួលទៅតាមប្រភេទនៃបទចម្រៀងដែលគេស្តាប់។ ​ ·បង្កើនល្បឿននៃការជាសះស្បើយពីជម្ងឺដាច់សរសៃឈាមខួរក្បាល ៖ ការសិក្សាបានលើកឡើងថា វាមិនត្រឹមតែហៅត្រលប់ការចងចាំមកវិញនោះទេ វាថែមទាំងចូលរួមចំណែកក្នុងការធ្វើឲ្យជាសះស្បើយឡើងវិញផងដែរ។​ ·ជំនួយដល់អាការៈឈឺក្បាល ៖​ តន្រ្តីជួយអ្នកដែលឈឺក្បាលកាត់បន្ថយភាពខ្លាំង ភាពញឹកញាប់ និងរយៈពេលនៃអាការៈឈឺក្បាល។​ ·បង្កើនសន្ទុះនៃប្រព័ន្ធស៊ាំ ៖  អ្នកវិទ្យាសាស្រ្តបានពន្យល់ថា មានប្រភេទបទចម្រៀងមួយចំនួនដែលអាចបង្កើតឲ្យមានបទពិសោធន៍វិជ្ជមានលើផ្លូវអារម្មណ៍ ដែលនឹងបង្កើនសន្ទុះនៃអរម៉ូនក្នុងប្រព័ន្ធស៊ាំ។ ហើយវានឹងកាត់បន្ថយកត្តាផ្សេងៗដែលបណ្តាលឲ្យកើតមានជម្ងឺទៀតផង។ ការស្តាប់ និងច្រៀងតាមចម្រៀងទាំងនោះ ក៏កាត់បន្ថយករទីសូលនៃអរម៉ូនដែលពាក់ព័ន្ធនឹងស្រ្តេសផងដែរ។ ·បង្កើនភាពវៃឆ្លាត ល្បឿននៃការសិក្សារៀនសូត្រ និង IQ ៖ អ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា ការស្តាប់ចម្រៀង និងរៀនលេងឧបករណ៍តន្រ្តី ពិតជាជួយឲ្យមនុស្សរៀនឆាប់ចេះមែន។ ·បង្កើនការចងចាំ ៖ ការសិក្សាបណ្តើរ ស្តាប់ចម្រៀងបណ្តើរ ក៏ចូលរួមចំណែកក្នុងការបង្កើនល្បឿនក៏ដូចជាសមត្ថភាពនៃការចងចាំផងដែរ​(តែត្រូវរើសបទចម្រៀងដែលមានតែសាច់ភ្លេង បើមិនដូច្នោះទេ អ្វីដែលអ្នកនឹងចងចាំ នឹងក្លាយជាពាក្យពេចន៍ក្នុងចម្រៀង មិនមែនមេរៀននោះទេ)។ ·បង្កើនសមត្ថភាពកីឡា ៖ តន្រ្តីក៏ជួយបង្កើនចលនានៃរាងកាយផងដែរ​ ហើយវានឹងជួយឲ្យការលេងកីឡាផ្សេងៗកាន់តែល្អប្រសើរតាមរយៈ ការកាត់បន្ថយភាពនឿយហត់ បង្កើនអារម្មណ៍សម្រើប ការឆ្លើយតបនឹងការសម្រាកផ្នែកសរីរៈ​វិទ្យា និងបង្កើនល្បឿននៃប្រព័ន្ធដំណើរការ។ ·បង្កើនប្រសិទ្ធភាពការងារ ៖ ការបំពេញកិច្ចការងារប្រភេទណាក៏ដោយ ឲ្យតែមានភ្ជាប់ជាមួយនឹងបទចម្រៀងដែលត្រូវចិត្តរបស់អ្នក​ នោះអ្នកមិនងាយនឹងមានអារម្មណ៍ថានឿយហត់ឡើយ។ ·ជំនួយដល់ដំណេក៖ បទចម្រៀងបែកក្លាសិក(Classic) ជាមធ្យោបាយដ៏មានសុវត្ថិភាព ថោក និងងាយស្រួលដែលជួយប្រឆាំងនឹងការគេងមិនលក់។ ការស្រាវជ្រាវបានបង្ហាញការស្តាប់ចម្រៀងរយៈពេល៤៥នាទីមុនពេលចូលគេង​នឹងជួយឲ្យអ្នកគេងលក់ស្រួលពេញមួយយប់តែម្តង។ ដោយសារតែវាកាត់បន្ថយសកម្មភាពមិនប្រក្រតីនៃប្រព័ន្ធប្រសាទ កាត់បន្ថយការថប់អារម្មណ៍ សម្ពាធឈាម ចង្វាក់បេះដូង​ និងចង្វាក់ដង្ហើម ដែលនឹងធ្វើឲ្យសាច់ដុំមានពេលសម្រាក​ និងពង្វាងខួរក្បាលពីការគិតផ្សេងៗ។ ·រំងាប់អារម្មណ៍ទុក្ខសោក ៖ តន្រ្តីពិតជាមានសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ និងស្មារតីរបស់មនុស្ស។ ប្រសិនបើមានអារម្មណ៍ទុក្ខសោក កុំព្យាយាមស្តាប់បទកំសត់ ព្រោះវាធ្វើឲ្យអ្នកចូលតួទៅក្នុងសាច់រឿងនៅក្នុងនោះ ដែលធ្វើឲ្យស្ថានភាពកាន់តែពិបាកទៀត។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

សម្រាប់កីឡាករបាល់ទាត់ សម្ភារៈគ្រប់គ្រាន់ជាផ្នែកមួយសំខាន់ផងដែរ។ អ្នកអាចនឹងមិនត្រូវការវាទាំងអស់ ពេលដែលអ្នកគ្រាន់តែលេងវាជាលក្ខណៈសប្បាយរីករាយ ឬប្រកួតលេងៗជាមួយមិត្តភក្តិ។ ប៉ុន្តែប្រសិនបើក្នុងការប្រកួតលក្ខណៈជាក្រុមក្នុងកន្លែងធ្វើការ ឬសាលារៀន ដើម្បីដណ្តើមយកជ័យជំនះ និងមុខមាត់នោះ គ្រូបង្វឹកនឹងមិនអនុញ្ញាតឲ្យអ្នកចូលលេងឡើយ បើអ្នកមិនមានសម្ភារៈគ្រប់គ្រាន់នោះ។ សម្ភារៈមិនត្រឹមតែបង្ហាញពីការរៀបចំ និងទំនួលខុសត្រូវរបស់អ្នកប៉ុណ្ណោះទេ វាក៏អាចឲ្យអ្នកលេងដោយអស់ពីលទ្ធភាព ដោយមិនចាំបាច់បារម្ភពីគ្រោះថ្នាក់ ឬរបួសអ្វីនោះឡើយ...   ស្បែកជើង ៖ កីឡាករបាល់ទាត់គួរតែពាក់ស្បែកជើងការ៉ាំប៉ុង(Cleats) ឬស្បែកជើងបាល់ទាត់ធម្មតា ហើយស្បែកជើងបាល់ទាត់ក៏ត្រូវបានរចនាឡើងជាពិសេសជាមួយនឹងបាតដ៏ពិសេស។ ស្បែកជើងទាំងនោះជួយដល់ទំនាញនៅលើស្បែក ដែលជួយបង្កើនសមត្ថភាពរបស់កីឡាករឲ្យមានលំនឹងឈរបានល្អ។ ស្រោមជើង ៖ ស្រោមជើងមានប្រវែងវែង និងការពារខ្មងជើង។ ប្រដាប់ការពារខ្មង ៖ វាជួយការពារខ្មងជើងរបស់កីឡាករ ដែលជាកន្លែងដែលងាយនឹងត្រូវបានទាត់​ចំ ឬរងរបួសជាងគេ។ អ្នកគួររកជាវមួយណាដែលមានទំហំល្មមនឹងជើងរបស់អ្នក និងមានកម្រាស់ក្រាស់ល្មម ហើយម្យ៉ាងក៏គួរស៊ីនឹងស្រោមជើងផងដែរ។ បាល់ ៖ បើអ្នកមានបាល់ផ្ទាល់ខ្លួន ក៏ងាយស្រួលដល់ការហ្វឹកហាត់ដោយខ្លួនឯងដែរ។ ដោយបាល់មានទំហំខុសៗពីគ្នា ដែលត្រូវបានផលិតឡើងសម្រាប់អ្នកលេងក្នុងវ័យខុសគ្នា។ ទឹក ឬភេសជ្ជៈប៉ូវកម្លាំង ៖ កីឡាករត្រូវការជាតិទឹកច្រើន ហើយត្រូវតែទទួលទានទឹកច្រើនទាំងក្នុងពេលប្រកួត និងហាត់ ដើម្បីបំបាត់នូវភាពនឿយហត់។ មិនថាជាទឹកបរិសុទ្ធ ឬទឹកកម្លាំងសម្រាប់កីឡាករនោះទេ អ្នកគួរតែត្រៀមវាទុកសម្រាប់ទទួលទាន។ កម្តៅសាច់ដុំ​ និងសន្លាក់ ៖ អ្នកមិនអាចទៅដល់ក៏ចូលលេងភ្លាមនោះទេ ព្រោះអ្នកងាយនឹងប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ជាពិសេសរមួលសាច់ដុំ ឬឈឺចុកសន្លាក់ជាដើម។ រក្សាភាពរឹងមាំ ៖ បើអ្នកមានសុខភាពមិនល្អ គួរតែកុំចូលលេងអី ដើម្បីចៀសវាងរបួសធ្ងន់ធ្ងរ ឬភាពនឿយហត់។ កុំប្រឹងហួសកម្រិតពេក ត្រូវគិតពីលទ្ធភាព និងលក្ខខណ្ឌសុខភាពរបស់ខ្លួន។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ទឹកចិត្តស្រលាញ់មិនអាចបញ្ជាក់បានតាមតែពាក្យបីម៉ាត់ថា«អាយលបយូ» ដែលគេតែងនិយមនិយាយនោះទេ ហើយក៏មិនគួរបង្ហាញតែក្នុងឱកាស ឬថ្ងៃណាមួយពិសេសនោះដែរ។ យ៉ាងណាមិញ ប្រសិនបើអ្នកបានបំពេញកាតព្វកិច្ចជាម្ចាស់ចិត្តដ៏ល្អម្នាក់ជាប្រចាំ និងជារៀងរាល់ថ្ងៃហើយ សម្រាប់ថ្ងៃពិសេសប្រចាំឆ្នាំរបស់មនុស្សម្នាក់ៗ លោកអ្នកក៏គួរតែត្រៀមនូវអ្វីដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នក ដើម្បីបន្ថែមនូវកម្រិតនៃភាពផ្អែមល្អែមដល់ចំណងស្នេហារបស់អ្នក និងគេបានមួយកម្រិតទៀត។ និយាយដល់ចំណុចនេះ មិត្តអ្នកអានខ្លះប្រហែលជាចម្ងល់ និងមានការរារែកចិត្តថាមិនដឹងគួរជូនកាដូបែបណា ឬធ្វើរឿងអ្វីខ្លះ សម្រាប់ម្ចាស់បេះដូងរបស់អ្នកហើយមែនទេ? កុំបារម្ភអីណា...ហេលស៍ថាម ក៏បានធ្វើការសម្រិតសម្រាំងយកប្រភេទកាដូដ៏មានតម្លៃ និងអត្ថន័យខ្លឹមសារដែលអ្នកអាចធ្វើការពិចារណា ពេលធ្វើការសម្រេចជ្រើសរើសកាដូសម្រាប់ជូនទៅកាន់ម្ចាស់ចិត្តរបស់អ្នក ៖   ម្ហូបដែលគេចូលចិត្ត ៖ ថ្វីត្បិតថាការចម្អិនដោយផ្ទាល់មាត់មានលក្ខណៈរ៉ូមែនទិក និងផ្អែមល្អែមជាងកពិតមែន តែប្រសិនបើលោកអ្នកមិនជឿជាក់លើថ្វីដៃធ្វើម្ហូបរបស់ខ្លួនទេ គួរកុំខ្ជះខ្ជាយពេលវេលាអី។ ជាគូសេ្នហ៍នឹងគ្នា ចំណង់ចំណូលចិត្តរបស់គ្នាជាពិសេសប្រភេទម្ហូបអាហារ ជារឿងដែលមិនអាចមើលរំលងឡើយ។ ប្រសិនបើក្នុងថ្ងៃពិសេស ហើយអាចទទួលទានអាហារដែលខ្លួនពេញចិត្ត និងចង់ញ៉ាំានោះ នរណាមិនសប្បាយចិត្ត? កំណត់ត្រាពេលវេលាផ្អែមល្អែម៖ ភាពរ៉ូមែនទិក និងភ្ញាក់ផ្អើលនឹងមានកាន់តែខ្លាំងទៀត ប្រសិនបើអ្នកអាចចំណាយពេលខ្លះក្នុងការរៀបចំវីដេអូ ឬសៀវភៅមួយ ដែលកត់ត្រានូវពេលវេលាកន្លងមកដែលអ្នកទាំងពីរបាននៅចំណាយជាមួយគ្នា (អាចជ្រើសយករូបថតណាដែលបង្កប់នូវអត្ថន័យ និងអនុស្សាវរីយ៍ជ្រាលជ្រៅដែលបានដក់ជាប់ក្នុងចិត្តរបស់អ្នក ហើយសរសេរបន្ថែមនូវទឹកចិត្ត ក៏ដូចជាអារម្មណ៍ដែលខ្លួនមានចំពោះគេ)។ វាមិនត្រឹមតែបង្ហាញពីជម្រៅបេះដូងរបស់អ្នកទេ វាថែមទាំងបង្កប់នូវភាពស្មោះត្រង់ និងអត់ធ្មត់របស់អ្នកផងដែរ។ របស់បញ្ចាំចិត្ត៖ វាអាចជាគ្រឿងអលង្ការ (ចិញ្ចៀន ខ្សែក ខ្សែដៃ...)ដែលមានឆ្លាក់ឈ្មោះ ឬសញ្ញាផ្សេងៗដែលបញ្ជាក់អំពីចំណងស្នេហ៍របស់អ្នកទាំងពីរ។ ហើយវាក៏អាចជាបន្តោងសោរ ឬវត្ថុផ្សេងទៀតដែលអ្នកគិតថានឹងធ្វើឲ្យគេនឹកឃើញដល់អ្នក រាល់ពេលដែលមើលឃើញវា។​ ម្យ៉ាងវិញទៀត វាក៏កាន់តែពិសេសថែមមួយកម្រិតទៀត ប្រសិនបើអ្នកអាចធ្វើវាឡើងដោយដៃផ្ទាល់តែម្តង។ របស់គូស្នេហ៍៖ វាអាចនឹងស្រដៀងនឹងរបស់បញ្ចាំចិត្ត តែរបស់គូស្នេហ៍គឺចាំបាច់ថា អ្នក និងគេប្រើប្រាស់វត្ថុដូចគ្នាជាគូនឹងគ្នា។ ភាគច្រើនជាអាវយឺត គ្រឿងអលង្ការ កែវទឹក ស្រោមទូរស័ព្ទ។ល។ វត្ថុបែបនេះ អ្នកដទៃគ្រាន់តែឃើញហើយ គឺដឹងថាអ្នកមានដៃគូស្នេហាហើយ។ របស់ដែលគេទទូចចង់បាន៖ វាហាក់ដូចជាចាស់គំរិលបន្តិច ដោយសារតែអ្នកប្រហែលជាជួបប្រទះនឹងរូបភាពបែបនេះច្រើននៅក្នុងរឿងភាគស្នេហាផ្សេងៗ ប៉ុន្តែវានៅតែជាទង្វើមួយដែលនាំនូវភាពសប្បាយរីករាយ និងរំភើបចិត្តដល់គេ ដោយសារតែគេមិនត្រឹមតែបានកាដូពីមនុស្សជាទីស្រលាញ់នោះទេ ហើយក៏បានទទួលរបស់ដែលខ្លួនប្រថ្នាចង់បានជាយូរផងដែរ។   ពិធីជប់លៀងជាមួយនឹងមិត្តភក្តិរបស់គេ៖  កុំព្យាយាមទាមទារពេលវេលានៅតែពីរនាក់ ហើយខកខានពេលដែលត្រូវមានកម្មវិធីជាមួយនឹងក្រុមគ្រួសារ ឬមិត្តភក្តិរបស់គេ។​ អ្នកអាចនឹងក្លាយជាដៃគូស្នេហាម្នាក់ដែលអាត្មានិយម ហើយប្រៀបបាននឹងឈ្លើងទាមជាប់នឹងគ្នា រកតែបេះមិនចេញ។ បើគេមានកម្មវិធីជប់លៀងជាមួយនឹងមិត្តរួមការងារ មិត្តរួមថ្នាក់ ឬក្រុមគ្រួសារ អ្នកក៏អាចកំដរគេទៅជាមួយគ្នា ឬក៏ពេលខ្លះរួមសហការជាមួយនឹងពួកគេ ដើម្បីរៀបចំទស្សនីយភាពភ្ញាក់ផ្អើលសម្រាប់រូបគេផងដែរ។ ទង្វើបែបនេះក៏អាចនឹងបន្ថែមក្រេឌីតក៏ដូចជាពិន្ទុដល់ខ្លួនអ្នកក្នុងនាមជាសង្សារល្អមួយរូបផងដែរ។ ពេលវេលា៖ ដៃគូស្នេហាខ្លះក៏មិនទាមទារអ្វីច្រើនក្រៅពីពេលវេលាមួយរយៈដែលអាចចំណាយនៅជាមួយគ្នាតែពីរនាក់ទៅកាន់កន្លែងដែលខ្លួនចូលចិត្ត ធ្វើរឿងដែលខ្លួនចង់ធ្វើ។ វាពិតជារឿងដែលគួរឲ្យអន់ចិត្ត និងសោកស្តាយបំផុតប្រសិនបើនៅក្នុងថ្ងៃដ៏ពិសេសតែមួយប្រចាំឆ្នាំរបស់ខ្លួន តែមិនមានវត្តមានមនុស្សពិសេសនៅក្បែរ។​​ បើទោះជាជួបគ្នារាល់ថ្ងៃ ឬស្រលាញ់គ្នាខ្លាំងយ៉ាងណា ក៏គង់តែមានអារម្មណ៍អន់ចិត្តនឹងគ្នាដែរ។   «ពេលខ្លះ លោកអ្នកអាចនឹងលឺគេនិយាយពីនេះពីនោះថាកាដូខ្លះមិនគួរជូនគ្នានោះទេដោយសារតែអាចនឹងធ្វើឲ្យចំណងស្នេហ៍បែកបាក់ ប៉ុន្តែប្រសិនបើអ្នកទាំងពីរនាក់ពិតជាស្រលាញ់គ្នាដោយស្មោះ ហើយជាគូព្រេងនឹងគ្នាពិតមែននោះ កាដូអ្វីក៏ដោយក៏នៅតែប្រផ្នូលល្អ និងនាំមកនូវរឿងល្អៗដល់ទំនាក់ទំនងរបស់អ្នកទាំងពីរដែរ។ មានតែអ្នកចង់បែកទេ ដែលប្រឹងរកលេសនេះរកលេសនោះ ហើយក៏ចាប់ផ្តើមបន្ទោសរឿងគ្រប់យ៉ាង ឲ្យតែខ្លួនឯងបានរួចខ្លួន។ យ៉ាងណាក៏ដោយ កុំដោយសារតែពាក្យសម្តីរបស់គេ ធ្វើឲ្យខ្លួនឯងពិបាក...ស្នេហាពិត សំខាន់លើទឹកចិត្តស្មោះត្រង់ឲ្យគ្នា...មិនចឹងហី???តែអ្នកក៏មិនអាចបោះបង់អបិយជំនឿចោលទាំងស្រុងដែរ» © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

«មានគូស្នេហ៍ខ្លះមានសំណាង និងភព្វព្រេងវាសនាបានរួមរស់ជាមួយគ្នា មិនត្រឹមតែក្នុងឈ្មោះជាគូសង្សារប៉ុណ្ណោះទេ តែក៏បានឈានដល់រសជាតិជីវិតជាមិត្ត១០០ឆ្នាំ​ដែលបានក្រាបក្បាលដល់កន្ទេលសំពះផ្ទឹម ដោយមានការទទួលស្គាល់ជាផ្លូវការពីសំណាក់ក្រុមគ្រួសារទាំងសងខាង។ ទំនាក់ទំនងក្នុងនាមជាសង្សារ និងប្តីប្រពន្ធមានចំណុចច្រើនដែលមានលក្ខណៈខុសប្លែកពីគ្នា ដែលអ្នកត្រូវយកចិត្តទុកដាក់​​  និងគិតដល់។ ក្នុងនាមគូស្វាមីមួយរូប អ្នកត្រូវតែមានចរិតឫកពារមទម្យ និងចាស់ចិត្តចាស់គំនិត ព្រមទាំងមានភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីប្រឈមនឹងបញ្ហាជាច្រើនដែលអាចនឹងកើតមាន។ ចំណងអាពាហ៍ពិពាហ៍នាំអ្នកទៅកាន់ពិភពថ្មីមួយ ហើយអ្នកខ្លួនឯងផ្ទាល់ត្រូវតែត្រៀមខ្លួនរូចជាស្រេច ក្នុងការប្រឈមនឹងរឿងរ៉ាវផ្សេងៗនៅក្នុងជីវិតក្រោយអាពាហ៍ពិពាហ៍ជាមួយនឹងដៃគូជីវិតរបស់អ្នក។» ហេលស៍ថាម នឹងធ្វើការបង្ហាញត្រួសៗនូវចំណុច៩យ៉ាង ដែលអ្នកតែត្រៀមចិត្តត្រៀមកាយ ៖   បញ្ហាហិរញ្ញវត្ថុ​ ៖ ខុសស្រលះពីជីវិតនៅលីវ ក្រោយពីរៀបការហើយ អ្នកត្រូវធ្វើការប្រឹក្សាក៏ដូចជាពិភាក្សាជាមួយនឹងដៃគូរបស់អ្នកជាមុនសិន មុននឹងសម្រេចចិត្តធ្វើការចំណាយលើអ្វីមួយ។ ដោយសារតែអ្នកទាំងពីរនឹងត្រូវរ៉ាប់រងនូវកាតព្វកិច្ចធំៗជាច្រើនទៀតនាពេលអនាគត ជាពិសេសការទិញផ្ទះ និងការកសាងគ្រួសារថ្មីមួយទៀត ដែលទាមទារឲ្យអ្នកត្រូវមានផែនការត្រឹមត្រូវ ជាពិសេសការបម្រុងទុកនូវហិរញ្ញវត្ថុរបស់អ្នក។ ការសន្សំសំចៃ ជាកិច្ចការមួយដែលចាំបាច់ជាងគេ ហើយអ្នកត្រូវតែគ្រប់គ្រងចំណាយ ​និងចំណូលរបស់ខ្លួនឲ្យបានម៉ត់ចត់។ ម្យ៉ាងវិញទៀត អ្នកត្រូវតែមានភាពស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក ដោយចៀសវាងដាច់ខាងនូវការលាក់លៀម ឬកិបគេងប្រាក់។         ការយោគយល់គ្នា ៖  អ្នកគួរតែមានការស្វែងយល់ពីដៃគូរបស់អ្នកឲ្យបានច្បាស់ ឲ្យដូចជាស្គាល់ខ្លួនឯង ហើយត្រូវតែចាំគាំទ្រគេគ្រប់កាលៈទេសៈទាំងអស់។ បើទោះជាអ្នកបានចំណាយពេលយូរគ្រាន់ ដើម្បីធ្វើការស្វែងយល់ពីគ្នាយូរគ្រាន់ហើយ​ មុននឹងរៀបការក៏ដោយ ជីវិតក្រោយអាពាហ៍ពិពាហ៏ជាឱកាសដែលអ្នកនឹងធ្វើការរៀនសូត្រពីគ្នាបានពេញលេញ។ អ្នកត្រូវតែធ្វើការមនុស្សម្នាក់ដែលនឹងស្ថិតនៅក្រោយពីខ្នងជានិច្ច មិនថាក្នុងពេលបែបណា អ្នកនឹងឈរនៅខាងគេ​ហើយផ្តល់កម្លាំងចិត្តដល់គេជានិច្ច។ ការកសាងគ្រួសារថ្មី ៖ ការកសាងគ្រួសារត្រង់នេះ គឺសំដៅដល់ការមានបុត្រសម្រាប់បន្តពូជពង្សវង្សត្រកូល។ អ្នកគួរតែសម្រេចចិត្តយកកូន នៅពេលមួយដែលអ្នកទាំងពីរត្រៀមខ្លួនរួចរាល់។ អ្នកមិនត្រូវគេចតែខ្លួនឯង ហើយសម្រេចចិត្តតែម្នាក់ឯងនោះទេ។ ដោយសារតែការមានបុត្រនឹងបង្កើននូវកាតព្វកិច្ច និងទំនួលខុសត្រូវដ៏ច្រើនលើសលប់ដែលអ្នកនឹងត្រូវរ៉ាប់រង ហេតុនេះហើយអ្នកត្រូវធ្វើការសម្រេចចិត្តជាមួយនឹងប្តី ឬប្រពន្ធរបស់អ្នក ដោយធ្វើការគិតគូរក៏ដូចជាពិចារណាឲ្យបានល្អិតល្អន់។ ការសម្រេចចិត្ត ៖ អ្នកទាំងពីរត្រូវមានទំនួលខុសត្រូវ និងចំណែកស្មើគ្នាក្នុងការសម្រេចចិត្ត។ ហើយអ្វីដែលអ្នកត្រូវចៀសវាងដាច់ខាតនោះ គឺមិនត្រូវធ្វើសម្រេចចិត្តលើរឿងអ្វីមួយដែលដៃគូរបស់អ្នកមិនយល់ព្រមនោះទេ ព្រោះថាការផ្តល់សិទ្ធិស្មើគ្នារវាងអ្នកទាំងពីរអាចជាគន្លឹះមួយដែលនាំឲ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នកបានស្ថិតស្ថេរ។ ជាមួយគ្នានេះដែរ​ អ្នកមិនគួរលំអៀង ឬសម្របតាមគេ១០០% ឬគ្រប់ពេលនោះទេ ហើយក៏មិនគួរដាច់អហិង្កាប្រកែកថាខ្លួនឯងគិតត្រូវរហូតនោះដែរ គឺអ្នកត្រូវធ្វើចិត្តជាកណ្តាល មិនរឹងរូសពេក ហើយក៏មិនស្រួលពេក។ បើអ្នកធ្វើចិត្តខ្លាំងពេកនោះ ទៅថ្ងៃមុខគេនឹងមានអារម្មណ៍ថាគេមិនស្មើអ្នក ហើយបើស្រួលពេក គេនឹងយល់ថាអ្នកងាយនឹងធ្វើបាប ឬអូសទាញ ហើយក៏បង្កជារឿងមិនល្អទៅអនាគតផងដែរ។ គ្រួសារថ្មី  ​និងធំជាងមុន​ ៖ ក្រោយពីរៀបការហើយ មិនត្រឹមតែអ្នកទាំងពីរប៉ុណ្ណោះទេ ដែលមានការផ្លាស់ប្តូរ សូម្បីតែគ្រួសារទាំងសងខាងរបស់អ្នកក៏ត្រូវរួមរស់ជាមួយគ្នាដែរ។ អ្នកត្រូវបើកចិត្តឲ្យទូលាយក្នុងការចុះសម្រុងនឹងគ្រួសារគេ​ ហើយគេក៏ត្រូវចុះសម្រុងដូចគ្នាជាមួយនឹងគ្រួសាររបស់អ្នក។ វាអាចនឹងមានការឈ្លោះប្រកែក ឬទាស់ទែងគ្នាដំបូង តែក្រោយមក អ្នកនឹងអាចសម្របខ្លួន ហើយធ្វើការបន្ស៊ាំខ្លួនជាមិនខាន។ ការសម្របខ្លួន ៖ ស្រដៀងនឹងចំណុចខាងលើដែរ បើទោះជាអ្នកទាំងពីរធ្លាប់បានសិក្សាពីគ្នាហើយ មុនពេលរៀបការហើយក៏ដោយ ការរួមរស់ក្នុងជីវិតជាប្តីប្រពន្ធ នឹងតម្រូវឲ្យអ្នករស់នៅក្បែរគ្នា ហើយជិតស្និទ្ធិជាងមុន។ នៅពេលដែលអ្នកសម្រេចចិត្តថានឹងចែករំលែកពាក់កណ្តាលជីវិតរបស់អ្នកជាមួយនឹងនរណាម្នាក់នោះ អ្នកត្រូវតែត្រៀមខ្លួនរួចជាស្រេចជាមួយនឹងការសម្របខ្លួន ក៏ដូចជារៀបចំខ្លួនឲ្យរួចរាល់ ដើម្បីឲ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នកមានក្តីសុខក្សេមក្សាន្តជារៀងរហូត។ ពេលខ្លះ មានរបស់មួយចំនួនដែលអ្នកត្រូវលះបង់ ដើម្បីដៃគូរបស់អ្នក ហើយអ្នកក៏មិនគួរស្តាយក្រោយដែរ។ ការផ្តល់ពេលវេលាឲ្យគ្នា ៖ ការផ្តល់ពេលវេលាសម្រាប់សា្វមី ឬភរិយារបស់អ្នកជាកាតព្វកិច្ចមួយដ៏ចាំបាច់ផងដែរ។ ប្រសិនបើអាពាហ៍ពិពាហ៍របស់អ្នកត្រូវបានរៀបចំឡើងដោយឳពុកម្តាយនោះ អ្នកចាំបាច់ត្រូវចំណាយពេលវេលាច្រើនជាមួយគ្នា ដើម្បីធ្វើការស្វែងយល់ពីគ្នា។ វាអាចនឹងមានភាពទើសទាល់ច្រើន ដោយសារតែអ្នកទាំងពីរជាមនុស្សថ្មីចំពោះគ្នា ដូចនេះហើយ មានតែពេលវេលានៅជាមួយគ្នាទេ ដែលជួយឲ្យអ្នកអាចបន្ស៊ាំខ្លួន និងចុះសម្រុងនឹងគ្នារហូតដល់អ្នកទាំងពីរប្រាកដក្នុងចិត្តថា មិនថាមានអ្វីកើតឡើង អ្នកនឹងរួមរស់ជាមួយគ្នា និងធ្វើដំណើរឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងទាំងអស់គ្នា។  បើទោះជាមានការមមាញឹកនឹងការងារ ឬការប្រកបរកស៊ីក៏ដោយ ពេលវេលាសម្រាប់អ្នកទាំងពីរ និងក្រុមគ្រួសារត្រូវតែមានច្រើន ជាពិសេសការទទួលទានអាហារជុំគ្នា។ អ្នកអាចនឹងមើលរំលងឱកាសមួយចំនួន តែអ្នកត្រូវចាំថាសុភមង្គលមិនមែនកើតមានដោយឯកឯងនោះទេ អ្នកត្រូវរួមដៃគ្នាបង្កើតពេលវេលាល្អៗជាមួយគ្នាឲ្យបានច្រើន។ ការរៀបចំផែនការ ៖ ការរៀបចំគម្រោង ឬផែនការផ្សេងៗក៏ដើរតួនាទីសំខាន់ផងដែរ។ មុននឹងសម្រេចថាធ្វើកិច្ចការអ្វីមួយ អ្នកត្រូវតែមានផែនការច្បាស់លាស់ មិនថារឿងតូចតាច ឬធំនោះទេ។ ជាក់ស្តែង សូម្បីតែការទិញវត្ថុអ្វីម្យ៉ាង ឬគម្រោងដំណើរកំសាន្តទៅកន្លែងណាមួយក៏ដោយ។ អ្វីៗគ្រប់យ៉ាងត្រូវតែបានត្រៀមរួចស្រេចជានិច្ច។ អ្នកទាំងពីរត្រូវតែធ្វើការពិភាក្សាជាមួយគ្នា ហើយជ្រើសរើសជម្រើសមួយដែលល្អសម្រាប់ទាំងអស់គ្នា។ ​ប្រសិនបើអ្នកទើបតែជួយប្រទះនឹងឫកពាថ្មីប្លែករបស់ដៃគូ ដែលអ្នកមិនធ្លាប់បានឃើញពីមុនមក អ្វីដែលអ្នកអាចធ្វើបាន គឺប្រើប្រាស់ពេលវេលា ដើម្បីធ្វើការសម្របខ្លួន ដែលវាទាមទារនូវការអត់ធ្មត់ និងការតាំងចិត្ត។ ក្នុងករណីមានបញ្ហាអ្វី អ្នកក៏ត្រូវតែនិយាយចេញមក ដើម្បីស្វែងរកដំណោះស្រាយជាមួយគ្នា ជាជាងការលាក់ទុក ហើយគុំគួនក្នុងចិត្ត។        «សរុបសេចក្តីមក គូស្វាមីភរិយាថ្មីមួយគួប្រៀបបាននឹងគូកនក្នុងការប្រកួតប្រជែងមួយ ហើយពានរង្វាន់ធំ គឺសុភមង្គល។ ហេតុនេះហើយ អ្នកទាំងពីរត្រូវចាប់ដៃគ្នា រួមទាំងកាយ និងចិត្ត ដើរឆ្ពោះទៅកាន់គោលដៅរបស់ខ្លួន។ បើទោះជាមានរឿងហេតុអ្វីកើតឡើងក៏ដោយ ក៏ត្រូវតែគាំទ្រ និងលើកទឹកចិត្តគ្នាជានិច្ច…» © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរក៏បានកន្លងផុតទៅ បន្សល់នូវការចងចាំមិនអាចភ្លេចបានរបស់សុភាពបុរសមួយរូប​ ដែលមាននិស្ស័យបានជួបនឹងនារីម្នាក់ដែលបានឆក់យកបេះដូងរបស់គាត់ ជាមួយនឹងមន្តស្នេហ៍នៃភាពទាក់ទាញ(Just the way she is…)  ក្នុងរាត្រីដែលពួកគេបានទៅលេងកម្សាន្តនឹងល្បែងជះទឹកនៅឯផាប់ស្រ្តីត (Pub Street) ទីប្រជុំដែលអ្នកដែលទៅលេងសៀមរាបមិនអាចរំលងបាន… បន្ទាប់ពីបានជួបភក្រ្តលើកដំបូងហើយនោះ ដោយមិនទាន់ទាំងបានស្គាល់ឈ្មោះគ្នាផង បុរសម្នាក់នោះក៏បានតែងនិពន្ធនូវបទចម្រៀងមួយបទរ៉ាយរ៉ាប់យ៉ាងក្បោះក្បាយពីរឿងរ៉ាវដែលបានកើតឡើងក្នុងខណៈនោះ លាយឡំនឹងវាចាផ្អែមល្អែមដែលបង្ហាញពីអារម្មណ៍ពិតដែលមាននៅក្នុងចិត្តទាំងអំបាលម៉ាន…សង្ឃឹមថាតួឯកស្រីនឹងបានឃើញ ក៏ដូចជាស្តាប់លឺ ហើយបើសិនជាអាចក៏ចង់បន្តនិស្ស័យទៀតផងងដែរ... វីដេអូចម្រៀងនៃការច្រៀងផ្ទាល់ អមដោយភ្លេងហ្គីតារបស់គាត់ក៏កំពុងត្រូវបានបណ្តាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចូលទស្សនា និងចែកចាយបន្ត ដើម្បីជួយសម្រេចនូវក្តីប្រាថ្នារបស់គាត់ក្នុងការស្វែងរកcrushដែលបានទើបបានម្តងផងដែរ… ចង់ដឹងថាមានអត្ថន័យយ៉ាងណាខ្លះ? កុំភ្លេចចុចមើលណា៎…ហើយក៏ជួយshareម្នាក់មួយផង ក្រែងលោចំណងស្នេហ៍នេះអាចនឹងចាប់កំណើតបាន… ប្រភព៖ ទំព័រហ្វេសប៊ុក V2 Resturant © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ...

Share
Top