Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

កម្មវិធី Vitafoods Asia ក្នុងឆ្នាំ 2017 បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការជោគជ័យជាលើកដំបូងរបស់ខ្លួនក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីដំណើរការរយៈពេលជាង៦ឆ្នាំក្នុងទីក្រុងហុងកុង ដែលជាព្រឹត្តិការណ៍លើកទី៧...   ប្រទេសសិង្ហបុរី  ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧-កម្មវិធីVitafoods Asia ជាកម្មវិធីតែមួយគត់ដែលផ្តោតទៅលើឧស្សាហកម្ម ផលិតអាហារូបត្ថម្ភ អាហារ និងភេសជ្ជៈដែលមានតួនាទីជួយដល់អ្នកជំងឺ និងអាហារបំប៉ននានា ក្នុងទ្វីបអាស៊ី បានប្រកាសថាកម្មវិធីលើកក្រោយរបស់ខ្លួននឹងត្រូវប្រារព្ធធ្វើនៅប្រទេសសិង្ហបុរី  ដែលរំពឹងថានឹងធំជាងមុន២ដង។ កម្មវិធីនេះនឹងប្រារព្ធធ្វើនៅថ្ងៃទី៥ និងទី៦ខែកញ្ញាខាងមុននេះជាលើកដំបូងនៅលើទឹកដីសិង្ហបុរី  ក្នុងSands Expo and Convention Centre at Marina Bay Sands។    ទីក្រុងថ្មី ឱកាសថ្មី  រាជរដ្ឋាភិបាលប្រទេសសិង្ហបុរីខិតខំប្រឹងប្រែង ដើម្បីឲ្យមានការលូតលាស់សមត្ថភាពស្រាវជ្រាវទៅលើឧស្សាហកម្ម វិទ្យាសាស្រ្តចំណីអាហារ វិទ្យាសាស្រ្តជីវឱសថ គីមីវិទ្យា និងវិស្វកម្ម ក្នុងពេលថ្មីៗនេះ ដើម្បីទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ។ ឧស្សាហកម្មដែលមានការប្រមូលផ្តុំនូវផលិតផល ច្នៃប្រឌិត ក្នុងប្រទេសសិង្ហបុរី ដែលសុទ្ធតែជាក្រុមហ៊ុនអាហារដែលធំជាងគេរួមមាន BASF, CP Kelco, DSM, Fuji, Ingredion, and Nestlé ដែលត្រូវបានជ្រើសរើស ដើម្បីរៀបចំមជ្ឈមណ្ឌល R&D និងមានការិយាល័យក្នុងទីក្រុងនៃតំបន់អាស៊ីអាគ្នេយ៍។   លោកChris Lee ដែលជានាយកគ្រប់គ្រង នៃInforma Exhibitions’ Global Health & Nutrition Network នៃសហភាពអឺរ៉ុប បានមានប្រសាសន៍ថា កាលពី២-៣ឆ្នាំមុន សិង្ហបុរីបានក្លាយជាទិសដៅធំបំផុតសម្រាប់ការបង្កើតថ្មីនៃឧស្សាហកម្មអាហារ និងបានជម្រុញឲ្យVitafoods Asia ក្លាយជាកម្មវិធីមួយដែលមិនអាចបំភ្លេច។ កម្មវិធីក្នុងឆ្នាំនេះរឹតតែការចាប់អារម្មណ៍ខ្លាំងពីសំណាក់ឧស្សាហកម្មផលិតអាហារូបត្ថម្ភនានា ហើយអ្នកចូលរួមទាំងឡាយនឹងអាចឃើញពីភាពអស្ចារ្យគ្រឿងផ្សំ វត្ថុធាតុដើម ផលិតផលសម្រេច និងសេវាកម្ម ដែលមានគុណភាពល្អពីសំណាក់ក្រុមហ៊ុនល្បីៗជាច្រើន។ ក្រុមការងារត្រូវបានលើកទឹកចិត្តឲ្យមានការចូលរួមឲ្យមានច្រើន  ហើយពួកយើងនឹងនាំមកជូនលោកអ្នកនូវកម្មវិធីដែលកាន់តែប្រសើរជាងមុន។  ពេលនេះឈានមកដល់កម្មវិធីលើកទី៧ហើយ ដែល Vitafoods Asia នឹងនាំមកជូននូវវិស័យធំៗចំនួន៤គឺ គ្រឿងផ្សំ និងវត្ថុធាតុដើម (Ingredients & Raw Materials) កិច្ចសន្យា ការផលិត និងស្លាកសញ្ញាឯកជន(Contract & Private Label) សេវាកម្ម និងសម្ភារៈ(Services & Equipment) និងម៉ាកផលិតផលសម្រេច(Branded Finished Products) អ្នកចូលរួមអាចមើលការតាំងពិពណ៌ណ៍ពីផលិតផល និងសេវាកម្មដែលមានក្រុមហ៊ុនចូលរួមជាង២០០ជុំវិញពិភពលោក។ អ្នកទស្សនាភាគច្រើនសម្លឹងរកប្រទេសធំៗ១០ ដូចជា៖ អូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ ហុងកុង ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់និងសហរដ្ឋអាមេរិកជាដើម។  ក្រៅពីពង្រីកចំណេះដោយផ្សារភ្ជាប់ទៅនឹងការរកឃើញថ្មីៗ ជាពិសេសឱកាសនៃការភ្ជាប់ទំនាក់ទំនង អ្នកចូលរួមក៏អាចរៀនពីTrends និងចំណេះដឹងថ្មីៗពីអ្នកជំនាញតាមរយៈកម្មវិធីVitafoods Asia និងសន្និបាទផ្សេងៗទៀតដូចជា Global Market Theatre, Inspiration Showcase និងTasting Bar។ អំពី Vitafoods Asia Vitafoods Asia គឺជាផ្នែកមួយនៃInforma Exhibitions’ Global Health & Nutrition Network (GHNN) ដែលនាំមកជូននូវបណ្តុំព្រឹត្តការណ៍ ប្រព័ន្ធផ្សព្វផ្សាយតាមបែបឌីជីថល និងការបោះពុម្ពផ្សាយសម្រាប់ទីផ្សារ ក្រុមហ៊ុនផលិត និងការបង្កើតរូបមន្តនៃការអាហារូបត្ថម្ភ និងអាហារបំប៉ន អាហារ ឬភេសជ្ជៈសុខភាព និងផលិតផលថែរក្សាសុខភាពផ្សេងៗទៀត។  សម្រាប់ព័ត៌មានបន្ថែមអំពី Vitafoods Asia, សូមចូលទៅកាន់ www.vitafoodsasia.com. ភ្ជាប់ទំនាក់ទំនងជាមួយ with Vitafoods Asia តាមរយៈ Facebook: https://www.facebook.com/vitafoodsasia LinkedIn: https://www.linkedin.com/grp/home?gid=7431442 Twitter: https://twitter.com/vitafoodsasia © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

យោងតាមតួលេខនៃការស្រង់ស្ថិតិក្នុងឆ្នាំ២០១០ដែលធ្វើឡើងដោយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ១១%នៃប្រជាជនកម្ពុជាមានកើតជំងឺលើសសម្ពាធឈាម ហើយទិន្នន័យដដែលនេះបានបង្ហាញផងដែរថា ក្នុងចំណោមអ្នកជំងឺ ១សែននាក់ មាន១០០នាក់ស្លាប់ដោយសារជំងឺ Stroke និង១៣០នាក់ស្លាប់ដោយសារជំងឺស្ទះសរសៃឈាម បេះដូង។ នេះបង្ហាញឲ្យឃើញថា ជំងឺលើសសម្ពាធឈាមជាកង្វល់មួយ ដែលត្រូវគិតគូដល់ដើម្បីការពារប្រជាជនកម្ពុជាពីវា។ ដូចនេះហើយ ក្នុងលេខថ្មីនេះ មិត្តអ្នកអាននឹងជ្រាបកាន់តែលម្អិតពីជំងឺមួយនេះពី លោកវេជ្ជបណ្ឌិត ថេង យូដាលីន វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកាល់ម៉ែត្រ ដែលជាអតីតនិស្សិត ថ្នាក់វិទ្យាសាស្ត្រវេជ្ជសាស្ត្រទូទៅ(ឆ្នាំ១៩៩៨ដល់២០០៤) និងថ្នាក់វិទ្យាសាស្ត្រឯកទេសវេជ្ជសាស្រ្ត(ឆ្នាំ២០០៤ដល់២០០៧) នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាអតីតនិស្សិតឯកទេសជំងឺ សរសៃឈាមបេះដូង និងជំងឺសរសៃឈាម(ឆ្នាំ២០០៧ដល់២០១០)ពីប្រទេសបារាំង។ ជំងឺលើសសម្ពាធឈាម សំដៅលើសម្ពាធឈាមSystole (សម្ពាធឈាមខាងលើ) លើសឬស្មើនឹង 140mmHg និងសម្ពាធឈាមDiastole(សម្ពាធឈាមខាងក្រោម) លើសឬស្មើនឹង 80mmHg។ ឯរោគសញ្ញានៃជំងឺនេះវិញ គឺមិនមានទេ ដែលជាទូទៅគេហៅវាថាជាSilent Killerពោលគឺអ្នកជំងឺមកជួបគ្រូពេទ្យដោយសារបញ្ហាផ្សេង ហើយក៏ត្រូវបានរកឃើញថាមានបញ្ហាលើសសម្ពាធឈាមនេះជាមួយ។ ចំពោះអ្នកជំងឺមួយភាគតូច យើងអាចសង្កេតឃើញមានរោគសញ្ញាមួយចំនួនដូចជា តឹងក ឈឺក្បាល ឈាមច្រមុះ និងវិលមុខជាដើម។ មូលហេតុនៃជំងឺនេះ គឺមិនមានទេ ប៉ុន្តែមានកត្តាមួយចំនួនដែលអាចបង្កើនការប្រឈមរបស់អ្នកជំងឺក្នុងការកើតជំងឺលើសសម្ពាធឈាមនេះ ដូចជា ការពិសាប្រៃ ធាត់ ការជក់បារី អ្នកជំងឺទឹកនោមផ្អែម និងអ្នកដែលមានគ្រួសារមានប្រវត្តិជំងឺនេះ។ យ៉ាងណាមិញ ជំងឺនេះអាចបង្ការមិនឲ្យកើតបាន។ ចំពោះអ្នកដែលធាត់ គាត់ត្រូវបន្ថយបែបបទនៃការហូបចុករបស់ពួកគាត់ឲ្យស្ថិតនៅកម្រិតសមរម្យព្រម ទាំងកាត់បន្ថយការបរិភាគអាហារដែលសម្បូរជាតិខ្លាញ់ ជាពិសេសខ្លាញ់ ជ្រូក។ ម្យ៉ាងទៀតបរិមាណអំបិលប្រចាំថ្ងៃក៏ត្រូវតែកំណត់ដែរ ដោយអ្នកអាចញ៉ាំបានត្រឹមតែមួយស្លាបព្រាកាហ្វេប៉ុណ្ណោះក្នុងមួយថ្ងៃ។ ម្យ៉ាងទៀត អ្នកត្រូវបញ្ឈប់ការជក់បារី និងត្រូវបន្ថយបរិមាណគ្រឿងស្រវឹងឲ្យទាប។ ចំពោះការព្យាបាលវិញ ក្នុងករណីជំងឺស្ថិតក្នុងកម្រិតស្រាលនៅឡើយគ្រូពេទ្យនឹងឲ្យគាត់តមអាហារដែលមានជាតិប្រៃ ជាតិខ្លាញ់ បញ្ឈប់ការជក់បារីបន្ថយបរិមាណគ្រឿងស្រវឹងឲ្យនៅទាប ព្រមទាំងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ ប្រសិនបើ សម្ពាធឈាមរបស់អ្នកជំងឺស្ថិតនៅក្នុងស្ថានភាពមួយដែលល្អ ហើយអាចគ្រប់គ្រងបាននោះ គ្រូពេទ្យនឹងមិនចាំបាច់ឲ្យពួកគាត់ប្រើប្រាស់ថ្នាំទេ។ ប៉ុន្តែចំពោះប្រជាជនកម្ពុជាយើង អ្នកជំងឺដែលបានមកជួបនឹងគ្រូពេទ្យ ភាគច្រើនមានលេចឡើងនូវផលវិបាកណាមួយរួចទៅហើយ ឬក៏កម្រិតសម្ពាធឈាមខ្ពស់ ដែលតម្រូវឲ្យគ្រូពេទ្យត្រូវព្យាបាលគាត់ដោយការប្រើប្រាស់ថ្នាំ។ គួរបញ្ជាក់ផងដែរថា ជំងឺនេះគឺមិនអាចព្យាបាលឲ្យជាដាច់បានទេ បើទោះបីជាសម្ពាធឈាមរបស់អ្នកជំងឺបានត្រឡប់មកកម្រិតធម្មតាវិញក៏ដោយ ពោលគឺការព្យាបាលត្រូវធ្វើមួយជីវិត ដោយសារតែគ្រូពេទ្យមិនត្រឹមតែព្យាបាលលើកម្រិតសម្ពាធឈាមឡើងលើសធម្មតាទេតែត្រូវការពារអ្នកជំងឺពីផលវិបាកដែលនឹងអាចកើតមានចំពោះអ្នកជំងឺដោយសារតែការលើសសម្ពាធឈាមនេះថែមទៀតផង។ ផលវិបាកនៃជំងឺនេះទៀតសោតប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវទេ នោះគាត់អាចប្រឈមនឹងផលប៉ះពាល់មួយចំនួនដូចជា៖ •ភ្នែក៖ អាចឲ្យពិការភ្នែក •បេះដូង៖ អាចបណ្តាលឲ្យសាច់បេះដូងក្រាស់ បេះដូងរីកធំ បេះដូងខ្សោយ និងត្បៀតសរសៃឈាមបេះដូងជាដើម •តម្រងនោម៖ អាចមានវត្តមានជាតិសាច់ក្នុងទឹកនោមតិច(micro album inuria) បន្ទាប់មកគឺវត្តមានជាតិសាច់ក្នុងទឹកនោមច្រើន (macro albuminuria) និងទីបំផុតបណ្តាលឲ្យខូចតម្រងនោមតែម្តង •ក្បាល៖ ឲ្យStroke(ដាច់សរសៃឈាមខួរក្បាល ឬត្បៀតសរសៃឈាមខួរក្បាល) •សរសៃឈាមផ្សេងៗ៖ រីកឬប៉ោងសរសៃឈាម ត្បៀតសរសៃឈាមក្រហម នៅជើង(Peripheral artery disease) © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

និយាយពីរឿងរៀនពេទ្យ កាលវិភាគនៅសាលាមមាញឹកហើយ ក៏មិនអាចមិនស្វ័យសិក្សាបានដែរ ព្រោះថាមានមេរៀន ឬចំណុចខ្លះត្រូវការនូវព័ត៌មានបន្ថែម ដែលទាមទារការអាន និងសិក្សាស្រាវជ្រាវច្រើន ជាពិសេសគឺការអានឯកសារ និងសៀវភៅដែលពាក់ព័ន្ធនឹងមុខវិជ្ជាសិក្សារបស់ខ្លួន។ ដូចដែលពាក្យដែលគេតែងនិយាយតគ្នាថា «អានច្រើនមិនដែលចេះតិច» !!!​  ហេតុដូចនេះហើយ បន្ថែមពីលើឯកសារក៏ដូចមេរៀនដែលទទួលបានពីសាស្រ្តាចារ្យនៅឯសាលា ក៏នៅមានឯកសារជាច្រើនទៀតដែលមិត្តៗនិស្សិតពេទ្យអាចធ្វើការស្វែងយល់ និងសិក្សាជាលក្ខណៈស្វ័យសិក្សា ឬក្រុម ដើម្បីពង្រីកចំណេះដឹង និងពង្រឹងនូវសមត្ថភាពរបស់ខ្លួន។ តាមរយៈតំណនេះ សៀវភៅពេទ្យ  មិត្តៗអាចធ្វើការទាញយកបណ្តុំនៃឯកសារជាច្រើនដោយមិនចាំបាច់ចំណាយប្រាក់ ក្រៅពីតម្លៃអ៊ិនធឺណែតនោះទេ... ប្រភព ៖ ទំព័រហ្វេសប៊ុកបន្ទប់ពិគ្រោះជំងឺកុមារ វត្តអង្គតាម៉ិញ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

  មិនមែនជាអ្នកជោគជ័យអីទេ...គ្រាន់តែថ្ងៃមុន scrollទៅឃើញអត្ថបទអនឡាញនៅលើMeddybear  គេនិយាយពីគន្លឹះដែលជួយឲ្យការសិក្សាផ្នែកសុខាភិបាលបានជោគជ័យ និយាយឲ្យខ្លី ហើយស្រួលស្តាប់ទៅ គឺអានលេងៗ ក៏គិតថាគួរជាទីចាប់អារម្មណ៍ និងគួរឲ្យចែករំលែក... វាជារឿងពិតដែលថារៀនអីក៏មិនងាយដែរ សំខាន់ឆន្ទៈយើងក្នុងការរៀន...ហើយខាងក្រោមនេះ គ្រាន់តែជាចំណុចគោលខ្លះៗជាគន្លឹះសម្រាប់គ្រប់គ្នាដែលកំពុង ឬនឹងចូលសិក្សាផ្នែកសុខាភិបាលនេះតែប៉ុណ្ណោះ...ចង់ដឹងថា គេណែនាំយ៉ាងណាខ្លះ? តាមដានជាមួយគ្នា... •គ្រប់គ្រងពេលវេលាឲ្យបានល្អ៖ មុខវិជ្ជានៃជំនាញពេទ្យនៅតាមស្ថាប័ន បានគ្របដណ្តប់លើពេលវេលាអ្នកច្រើនរួចទៅហើយ ដូច្នេះ អ្វីដែលត្រូវគិតគូរឲ្យបានដិតដល់មុនគេ ដើម្បីអាចក្លាយខ្លួនជានិស្សិតពេទ្យដែលលេចធ្លោមួយរូប គឺត្រូវរៀនចេះគ្រប់គ្រងនិងបែងចែកពេលវេលារបស់អ្នកឲ្យបានល្អ។  •បង្កើតមិត្តឲ្យបានច្រើន៖ គួរចាប់ផ្តើមមានទំនាក់ទំនងឲ្យបានច្រើន និងកាន់តែឆាប់កាន់តែល្អ ជាមួយសិស្សច្បងដែលមានបទពិសោធន៍ច្រើនជាងអ្នក។ អ្នកអាចសិក្សាពីកំហុសរបស់ពួកគេជាមុន ជាជាងប្រព្រឹត្តកំហុសនោះមកលើខ្លួនឯង។  •កុំភ្លេចឲ្យតម្លៃសុខភាពជាធំ៖  កំឡុងពេលដ៏មមាញឹកនៃការសិក្សា អ្នកត្រូវលះបង់នូវកម្លាំងកាយ និងកម្លាំងចិត្តដើម្បីអាចប្រមូលផ្តុំអារម្មណ៍ទៅលើការសិក្សា។ បើទោះបី វាជាអ្វីដែលអ្នកត្រូវធ្វើដោយខានមិនបាន អ្នកក៏មិនត្រូវភ្លេចពីសុខភាពផ្ទាល់ខ្លួននោះឡើយ។   •គោរពកាតព្វកិច្ចរបស់ខ្លួន៖ ក្លាយខ្លួនជាគ្រូពេទ្យម្នាក់ ជារឿងដ៏អស្ចារ្យ និងសំខាន់បំផុតចំពោះបុគ្គលម្នាក់ៗ។ អ្នកត្រូវគោរព និងឲ្យតម្លៃគោលការណ៍នៃការសិក្សាជំនាញពេទ្យ និងវិជ្ជាជីវៈនេះជាចម្បងហើយកិច្ចការដែលមិនជាប់ទាក់ទងនឹងមុខវិជ្ជាពេទ្យគួរតែទុកដោយឡែកមួយរយៈពេលធំ នោះអ្នកនឹងអាចប្រមូលអារម្មណ៍បានពេញលេញលើមុខជំនាញអ្នក។  •យកសៀវភៅធ្វើជាមិត្តឲ្យបានញឹកញាប់៖ ចាប់ផ្តើមបណ្តុះទឹកចិត្ត ក្នុងការអានសៀវភៅឲ្យបានច្រើន។ វាជាវិធីសាស្រ្តដ៏ល្អបំផុត ក្នុងការក្តាប់បានចំណេះដឹង និងព៌ត៍មានឲ្យបានកាន់តែច្រើន ដើម្បីអាចសង្គ្រោះជីវិតមនុស្សដែលនឹងស្ថិតនៅក្នុងដៃរបស់អ្នកហើយត្រូវធ្វើឲ្យការអាននោះក្លាយជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។  •បង្ហាញសមត្ថភាពរបស់អ្នក៖ មុខជំនាញវេជ្ជសាស្រ្តមានលក្ខណៈ ដូចទៅនឹងមុខជំនាញផ្សេងទៀត ដែលវាជាកន្លែងដែលអ្នកអាចស្រូបបាននូវបទពិសោធន៍ក្នុងជីវិតយ៉ាងច្រើន។ អ្នកគួរចាប់ឱកាស ដើម្បីរៀន និងបង្ហាញសមត្ថភាពឲ្យគេស្គាល់ឲ្យបានកាន់តែច្រើនបូករួមនឹងការសាកល្បងធ្វើនូវអ្វីដែលថ្មី ដែលអ្នកគិតថាវាជាអ្វីដែលគួរត្រូវរៀនបន្ថែម។  •ជ្រើសរើសជំនាញឲ្យបានឆាប់៖ ចាប់ផ្តើមសម្រេចចិត្តក្នុងការជ្រើសរើសជំនាញឯកទេសណាមួយដែលអ្នកនឹងចង់បាន ពីព្រោះអ្នកនឹងមានពេលវេលាយ៉ាងច្រើនដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពរបស់អ្នកទៅលើជំនាញនោះ។  •សុំយោបល់ទាក់ទងនឹងជំនាញ៖ មុនពេលសម្រេចចិត្តជ្រើសរើសជំនាញ យកល្អគួរមានការពិភាក្សា និងសុំយោបល់ពីអ្នកដែលកំពុងតែបំពេញជំនាញនោះ ឬអាចទៅស្វែងយល់ដោយផ្ទាល់នៅតាមមន្ទីរពេទ្យ។ សកម្មភាពនេះអាចជាជំនួយក្នុងការសម្រេចចិត្តរបស់អ្នក។  •ចូលរួមក្នុងការសរសេរ៖ វាអាចជាបន្ទុក បើអ្នកគិតគូរពីការសរសេរអត្ថបទ កំឡុងពេលសិក្សា។ យ៉ាងណាមិញ បើចង់ឲ្យជំនាញរបស់អ្នកកាន់តែមានន័យ អ្នកគួរចាប់ផ្តើមសរសេរអ្វីដែលបានយល់ដឹង ឬក៏អាចចូលរួមសរសេរជាមួយអ្នកដទៃទៀតដែលធ្លាប់បានសរសេរពីមុនរួចមកហើយ ដើម្បីទទួលបានជាបទពិសោធន៍។  (អាចចាប់ផ្តើមនៅត្រង់នេះជាមួយហេលស៍ថាម បង្កើតអត្ថបទផ្ទាល់ខ្លួន  ) •មានឱកាសសម្រាក ត្រូវតែសម្រាក   “សំណាងល្អទាំងអស់គ្នា”... គិតម៉េចដែរ?ប្រាកដជាមានចំណុចខ្លះយល់ស្រប ហើយចំណុចខ្លះក៏រាងប្លែកបន្តិចទៅ...តែកុំភ្លេចណា៎...«ខ្លួនឯងជាខ្លួនឯង» Be who you are, and be yourself!!! ប្រភព៖ https://www.meddybear.net/ten-ways-to-be-a-good-medical-student/ 

Share

និយមន័យ ជំងឺរលាកសួតចំពោះកុមារគឺជាការបង្ករោគស្រួចស្រាវទៅលើសាច់សួតរបស់កុមារ ដែលអាចឲ្យកុមារបាត់បង់ជីវិតបាន ប្រសិនបើមិនព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ។ជាធម្មតាសួតរបស់កុមារត្រូវបានការពារយ៉ាងល្អដោយប្រព័ន្ធការពារពីធម្មជាតិ។ នៅពេលដែលប្រព័ន្ធការពារនេះខូច ឬ ចុះខ្សោយ បូកផ្សំការប្រឈមមុខនឹងមេរោគកាចសាហាវ ឬ បន្ទុកមេរោគច្រើនវានឹងបណ្តាលឲ្យមេរោគអាចជ្រាបចូលក្នុងសាច់សួតនឹងបង្កទៅជាជំងឺរលាកសួត ដែលភាគច្រើនគឺឆ្លងតាមផ្លូវដង្ហើម។ រោគសញ្ញា រោគសញ្ញាដែលក្មេងតែងតែជួបប្រទះជាញឹកញាប់៖ • ក្តៅខ្លួន • ដកដង្ហើមញាប់ ឬ ពិបាកដកដង្ហើម • ក្អក • ឈឺទ្រូង • ឈឺពោះ។ លើសពីនេះនៅមានរោគសញ្ញាមួយចំនួនដែលត្រូវបានតាមដានឃើញដោយគ្រូពេទ្យ៖ • ថយចុះសំឡេងដង្ហើម • ចង្វាក់ដង្ហើមញាប់ • លឺសូរសំឡេងដូចអំបិលផ្ទុះពេលស្តាប់សួត • វិបត្តិដង្ហើមដូចជា ឡើងស្វាយ ផើតផតច្រមុះផតទ្រូង….. មូលហេតុ និងកត្តាប្រឈម មូលហេតុនៃជំងឺរលាកសួតលើកុមារ ភាគច្រើនបណ្តាលមកពី ពពួកអតិសុខុមប្រាណ ដូចជា បាក់-តេរី វីរុស ផ្សិត និងពពួកប៉ារ៉ាស៊ីត។ ជំងឺរលាកសួតនេះផងដែរមានភាពខុសៗគ្នាទៅតាមអាយុ ជាឧទាហរណ៍ ចំពោះទារកទើបនឹងកើតអាចបង្កឡើងដោយ Streptococcusក្រុមB, Gram negative bacilli, Listeria, Streptococcus pneumonia។ រីឯមួយចំនួនតូចអាចបណ្តាលមកពីមូលហេតុផ្សេងទៀតដូចជា ការឈ្លក់ចំណីអាហារ ឬអាស៊ីតក្រពះ ការស្លាក់របស់រឹង ការឈ្លក់ទៅនឹងពពួកអុីដ្រូកាបូនដូចជាប្រេងកាតជាដើម។ មានកត្តាជាច្រើនដែលជម្រុញឲ្យកុមារប្រឈមនឹងការកើតជំងឺនេះ រួមមាន៖ • កត្តាកុមារផ្ទាល់៖ ប្រព័ន្ធភាពស៊ាំចុះខ្សោយ ខ្វះអាហារូបត្ថម្ភ មិនបានបៅដោះម្តាយ និងមានផ្ទុកមេរោគអេដស៍។ • កត្តាខាងក្រៅ៖ ខ្យល់ ឬបរិយាកាសកខ្វក់ ការស្នាក់នៅប្រមូលផ្តុំអនាធិបតេយ្យ និងកុមារដែលឳពុកម្តាយជក់បារី។ ការធ្វើរោគវិនិច្ឆ័យ ចំពោះការធ្វើរោគវិនិច្ឆ័យជំងឺរលាកសួតលើកុមារជាដំបូង ត្រូវពឹងផ្អែកទៅលើរោគសញ្ញា ដូចបានរៀបរាប់ខាងលើ រួមជាមួយការពិនិត្យអមវេជ្ជសាស្រ្តសំខាន់ៗដូចជា៖ • ការរាប់គ្រាប់ឈាម (អេម៉ូក្រាម) • ការថតសួតដោយកាំរស្មីអុិច • ការបណ្តុះមេរោគក្នុងឈាម • ការពិនិត្យមើលទឹកក្នុងស្រោមសួត ប្រសិនបើមាន • ការធ្វើតេស្តសេរ៉ូឡូហ្ស៊ី រកមេរោគមួយចំនួន ដូចជា Mycoplasma pneumonia។ ការព្យាបាល ជាទូទៅ ការព្យាបាល ត្រូវពឹងផ្អែកទៅលើភាពធ្ងន់ធ្ងររបស់ជំងឺ៖ • បើសិនជាកុមារមានសញ្ញាធ្ងន់ធ្ងរដូចជា ឡើងស្វាយ ពិបាកដកដង្ហើមឬដកដង្ហើមញាប់ ផតទ្រូងមិនបៅឬមិនទទួលទានអាហារ ក្អួត បាត់បង់ជាតិទឹកខ្លាំង មានប្រកាច់ ឬបាត់បង់ស្មារតី កុមារដាច់ខាតត្រូវតែសម្រាកពេទ្យ ដើម្បីទទួលការមើលថែ តាមដាន និង ព្យាបាលឲ្យបានដិតដល់។     • ប៉ុន្តែ ប្រសិនបើកុមារគ្មានសញ្ញាធ្ងន់ធ្ងរដូចខាងលើ កុមារអាចសម្រាកព្យាបាលនៅផ្ទះបាន ដោយគ្រាន់តែប្រើប្រាស់ឱសថ ឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា។ ករណីដែលកុមារមិនបានទទួលការព្យាបាល ឬព្យាបាលមិនទាន់ពេលវេលា កុមារនឹងប្រឈមជាមួយការដក់ខ្ទុះក្នុងស្រោមសួត ដែលអាចបង្កផលវិបាកមួយចំនួនទៀត ដូចជា រលាកស្រោមខួរក្បាល រលាកសន្លាក់មានខ្ទុះ និងរលាកឆ្អឹងសាច់ដុំ។ វិធីបង្ការ • អនុវត្តក្បួនអនាម័យឲ្យបានខ្ជាប់ខ្ជួន • ចៀសវាងការនៅប្រមូលផ្តុំគ្នាជាមួយក្មេងឈឺ • ទទួលទានអាហារមានជីវជាតិគ្រប់គ្រាន់ • ចាក់ថ្នាំបង្ការឲ្យបានត្រឹមត្រូវ • ត្រូវពិគ្រោះជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ និងមិនត្រូវប្រើឱសថដោយខ្លួនឯង។ ក្មេងតូចៗងាយនឹងឆ្លងជំងឺបំផុត ហេតុដូចនេះ ចាំបាច់ត្រូវនាំកុមារទៅទទួលថ្នាំបង្ការ ឲ្យបានគ្រប់មុខទៅតាមកម្មវិធីជាតិ។ ប្រសិនបើមានរោគសញ្ញាដូចជា ក្អក ក្តៅ ហត់ ត្រូវនាំកុមារទៅជួបជាមួយវេជ្ជបណ្ឌិត ឬកន្លែងផ្តល់សេវាសុខាភិបាលឲ្យបានលឿន។ ម៉្យាងវិញទៀត ជំងឺរលាកសួត គឺជាជំងឺដែលអាចព្យាបាលឲ្យជាសះស្បើយ បើកុមារទទួលការពិនិត្យ ព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលា។ បកស្រាយដោយ  ៖ លោកវេជ្ជបណ្ឌិត ណយ ពិសី គ្រូពេទ្យជំងឺកុមារទូទៅ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                               

Share

វាអាចជាប្រធានបទគូរឲ្យខ្មាសអៀនមួយ! ប៉ុន្តែមានស្ត្រីជាច្រើនទទួលរង​នូវ​ផលរំខានទាំងនេះ  ហើយគួរ​ឲ្យធុញខ្លាំងណាស់  ប្រសិនបើវាកើតមានចំពោះអ្នក។ តាមធម្មតាវាគ្រាន់តែជាផលរំខានដូចទៅនឹងការមករដូវដូច្នេះឯង  ប៉ុន្តែពេល​ខ្លះវាក៏អាចជារោគសញ្ញានៃបញ្ហាធ្ងន់ធ្ងរបានដែរ។ តាមរយៈអត្ថបទខ្លីនេះ វានឹងអាចជួយអ្នកឲ្យដឹងថា តើអ្វីទៅដែលធ្វើឲ្យអ្នកមានអារម្មណ៏ថាដូចជាមានស្រមោចខាំតំបន់ពិសេសរបស់អ្នក។ តើអ្វីទៅជាជម្រើសក្នុងការព្យាបាល? ប៉ុន្តែដូចសព្វមួយដងវាជាការល្អបំផុតដែលអ្នកគួរទៅ ជួបគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលដ៏ត្រឹមត្រូវមួយ។ បញ្ហាទាំង ៥នោះមាន៖ ១. ការរលាកទ្វារមាសដោយបាក់តេរី (BV) BV​ អាចជាមូលហេតុញឹកញាប់ជាងគេ ដែលបណ្តាល ឲ្យអ្នករមាស់បរិវេណ​ទ្វារមាស ដែលបណ្តាលមកពីអតុល្យភាពនៃបាក់តេរីល្អ (ថយចុះ) និងបាក់​តេរីអាក្រក់  (កើនឡើង) និងការបំរែបំរួលនៃកម្រិតជាតិអាស៊ីត  pHនៅទ្វារមាសស្ត្រី។ វាអាចស្រដៀងនឹងការឆ្លងដោយមេរោគផ្សិត ប៉ុន្តែប្រសិនបើមានធ្លាក់ស ហើយឆ្អាបដូចត្រីនោះ ប្រាកដណាស់គឺ BV។ ចំពោះការព្យាបាលវិញ លោកអ្នកអាចសាកសួរអំពីពពួកប៊្រីប៊ីយ៉ូទីក (Prebiotic) ក្រុមនេះមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ២. ការឆ្លងដោយមេរោគផ្សិត ដូចBVដូច្នេះដែរ  មេរោគផ្សិតបណ្តាលមកពីអតុល្យភាពនៃកម្រិតអាស៊ីត pH។ វាអាចកើតមានដោយសារតែក្រោយការប្រើថ្នាំផ្សៈ ការរួមភេទ ស្ត្រេសការតមអារហា  (ស្ត្រីមានជំងឺទឹកនោមផ្អែម មានអត្រាខ្ពស់)។  បន្ថែមលើការរមាស់ អ្នកអាចសម្គាល់ឃើញមានការធ្លាក់សរាងខាប់។ ការដែលល្អ​នោះគឺ វាងាយស្រួលក្នុងការព្យាបាលណាស់។ការព្យាបាលស្តង់ដាគឺប្រើថ្នាំប្រឆាំងមេរោគផ្សិត ដូចជា Fluconazole ជាដើម ដែលអាចគ្រប់គ្រងរោគសញ្ញាក្នុងរយៈពេល២ទៅ៣ថ្ងៃបុ៉ណ្ណោះ។ ដើម្បីគ្រប់គ្រងកុំឲ្យជំងឺនេះលាប់ឡើងវិញ ស្ត្រីគួរប្រើ  LadyBalance®ដែលអាចជួយឲ្យអ្នកជាសះ ស្បើយ ផុតពីមេរោគនេះ ដោយវាទៅជួយមេរោគល្អ (សតិសុខុមប្រាណ) ដើម្បីប្រឆាំងពីការយាយីនៃមេរោគអាក្រក់នេះពេលក្រោយ។ ៣. ការរលាកស្បែក ការក្រហាយស្បែកនេះអាចបណ្តាលមកពីការប្រើផលិតផលមួយចំនួនដូចជា សាប៊ូ ស្រោមអនាម័យ ទឹករំអិល ទឹកអប់ជាដើម បន្ថែមលើ​ការរមាស់ អ្នកអាចសម្គាល់ផងដែរថាវាឡើងក្រហម ហើម និងឡើង​កន្ទួល។​ វាក៏អាចបណ្តាលមកពីការកោររោមផងដែរ ប្រសិនបើអ្នកងាយនឹងអាល្លែហ្ស៊ី សូម​ ប្រើផលិតផល ដើម្បីបន្ថយអាល្លែហ្ស៊ីដូចជា សាប៊ូកក់សក់ ហ្វូមកោរ សាប៊ូបន្ទន់សម្លៀកបំពាក់ជាដើម សូមចៀសវាងការប្រើផលិតផល ដែលបណ្តាលឲ្យរលាកដូចជាសាប៊ូដុសខ្លួន សារធាតុគីមី ឬទឹករំអិលដែលធ្វើឲ្យរលាក។ ៤. ជំងឺស្បែក ឬជំងឺស្បែករបកក្រហម បញ្ហាស្បែកតំណរពូជទាំង ២នេះអាចបណ្តាលឲ្យតំបន់ពិសេសរបស់ស្ត្រីឡើងក្រហម និងរមាស់ ហើយវាអាចឡើងរោលដូចនឹងការរលាកសំឡីអនាម័យ​ដូច្នេះដែរ។ ប្រសិនបើអ្នកឃើញមានអាការៈបែបនេះ ការប្រើផលិតផលដែលមាន steroid ស្រាលដូចជា hydrocortisone ឬលាងសម្អាត​ដោយ​ទឹក​អង្ករ អាចជួយបន្ថយការរំខានទាំងនេះបាន។ ៥. ការឆ្លងជំងឺកាមរោគ ទំព័រសុខភាពស្ត្រី (ស.ស) មិនគួរប្រាប់អ្នកពីបញ្ហានេះម្តងទៀតនោះទេ។ ប៉ុន្តែការរួមភេទដែលមិនបាន ការពារអាចបណ្តាលឲ្យអ្នកឆ្លងនូវជំងឺធ្ងន់ធ្ងរបាន ដូច្នេះអ្នកត្រូវតែការពារខ្លូនអ្នកនៅពេលរួមភេទជានិច្ច។ មេរោគខ្លះអាចធ្វើឲ្យរូងនាគរបស់អ្នករមាស់បានដូចជា ជំងឺ Chlamydiaជំងឺស្វាយ ជំងឺ Trichomoniasis និងជំងឺប្រមេះទឹកបាយជាដើម។ វាអាច​​បណ្តាលឲ្យអួលៗ អាចឈឺពើតៗ និងអាចធ្វើឲ្យឈឺ និងក្រហាយខ្លាំង​នៅតំបន់​ពិសេស​នោះ។ ប្រសិនបើអ្នកមានបញ្ហារមាស់ដោយអមជាមួយនឹង រោគសញ្ញានៃជំងឺកាមរោគទាំងនេះដូចជា ក្រហាយខ្លាំង នោមឈឺ ធ្លាក់សររមាស់ធំក្លិនខ្លាំង ឈឺនៅពេលរួមភេទ អ្នកគួរតែទៅជួបវេជ្ជបណ្ឌិតជំនាញរោគស្ត្រី ជាប្រញាប់ ដើម្បីធ្វើរោគវិនិច្ឆ័យរកជំងឺកាមរោគ។ ប្រសិនបើវា​ជាជំងឺ​កាមរោគ វេជ្ជបណ្ឌិតរបស់អ្នកអាចប្រើថ្នាំសម្លាប់មេរោគដោយចាក់ លេប ឬថ្នាំ​ប្រឆាំងនឹងវីរុស ប្រសិនបើវាជាជងឺប៉េស៕ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

ស្នាមជ្រីវជ្រូញជាដំណើរបែបធម្មជាតិមួយដែលកើតមានឡើងដោយសារតែស្រទាប់កូឡាជែន(collagen) និង អេឡាស្ទីន(elastin) ក្នុងជាលិកាភ្ជាប់នៃស្បែកប្រែក្លាយជាទន់ខ្សោយ និងលែងដំណើរការ ព្រោះតែមានការផ្លាស់ប្តូរក្នុង fibro blasts ដែលផលិត collagen និង elastin ។ មូលហេតុផ្សេងទៀតដែលបង្កជាស្នាមជ្រួញនៅលើផ្ទៃមុខមានដូចជា ការទទួលរងកម្តៅព្រះអាទិត្យ​ច្រើនពេក បរិយាកាសមិនល្អ ការប្រើប្រាស់ឱសថមួយចំនួន ភាពតប់ប្រមល់ការស្រកទម្ងន់ភ្លាមៗ ការបាត់បង់វីតាមីន E ជាដើម។ វាបានក្លាយជាកង្វល់របស់មនុស្សប្រុសស្រីនិងជាពិសេសមិត្តនារីដែលស្រលាញ់ភាពស្រស់ស្អាត គឺប្រាកដជាមិនចង់ឲ្យផ្ទៃមុខរបស់ខ្លួនមាននូវស្នាមជ្រួញអស់ទាំងនោះនោះទេ។ ប្រសិនបើអ្នកក៏មានកង្វល់ចំពោះបញ្ហានេះដែរ អត្ថបទរបស់ ហេលស៍ថាម មួយនេះនឹងជាដំណោះស្រាយដ៏មានគុណប្រយោជន៍របស់អ្នក។ ប្រេងអូលីវ ៖ ប្រេងអូលីវ គឺជាប្រេងម៉ាស្សាដ៏អស្ចារ្យមួយសម្រាប់ស្បែករបស់អ្នក ដោយសារតែវាជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាវីតាមីន A និង Eដែលប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់ដែលបំផ្លាញស្បែក។   វិធីធ្វើ និងប្រសិទ្ធភាព ការលាបប្រេងអូលីវជាទៀងទាត់ត្រង់ស្បែកដែលរងផលប៉ះពាល់ នឹងផ្តល់​សំណើម ជួសជុល   ព្រមទាំងបង្កើតកោសិកាស្បែកផងដែរ។ នៅពេលដែលប្រេងដែលជ្រាបចូលជ្រៅទៅក្នុងស្បែក វានឹងបង្កើតជារបាំងការពាររយៈពេលវែង ហើយរក្សាសំណើម។​ មិត្តអ្នកអានក៏ អាចធ្វើការលាយពីរបីដំណក់នៃទឹកឃ្មុំជាមួយប្រេងអូលីវចំនួនមួយពីរបីដំណក់ រួមជាមួយ និងគ្លីសេរីន។ ម៉ាស្សាល្បាយនេះចូលទៅក្នុងស្បែកឲ្យបានពីរដងជារៀងរាល់ថ្ងៃ។ ប្រសិទ្ធភាពរបស់​វា គឺលុបបំបាត់ចោលនូវកោសិកាដែលបានងាប់និងជួយរឹតបន្តឹងស្បែកដែលយារធ្លាក់។ អ្នកក៏អាចធ្វើការម៉ាស្សាជាមួយនឹងប្រេងដូង ប្រេងអាល់ម៉ុនឬប្រេងវីតាមីន E ដែលបង្ការ ឬកាត់បន្ថយភាព ជ្រីវជ្រួញ។ ប្រទាលកន្ទុយក្រពើ ៖ ប្រទាលកន្ទុយក្រពើមាន​ផ្ទុកនូវអាស៊ីតម៉ាលិក ដែលជួយកាត់បន្ថយស្នាមជ្រីវជ្រួញ ដោយការសម្រួលដល់ភាពយឺតនៃ​ស្បែករបស់អ្នក។ វិធីធ្វើ និងប្រសិទ្ធភាព កាត់ស្លឹកប្រទាលកន្ទុយក្រពើពីដើម ហើយយកជ័រចេញ ហើយយកជ័រនោះទៅលាបលើស្បែក បន្ទាប់មកទុកវាចោល​រយៈ​ពេលពី 15 ទៅ  20 នាទ ី រួចធ្វើការលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ ជម្រើសមួយទៀតគឺ ធ្វើការលាយ​ស្លជែលនេះ មួយស្លាបព្រាកាហ្វេជាមួយនឹងថ្នាំគ្រាប់វីតាមីន E ។ លាបល្បាយនេះត្រង់កន្លែងដែលមានស្នាមជ្រីវជ្រួញ ទុកវាចោល​រយៈ​ពេល​កន្លះម៉ោង ហើយសឹមលាងវាចេញជាមួយទឹកក្តៅឧណ្ហៗ។ ខ្ញី ៖  ខ្ញីមានប្រសិទ្ធភាពខ្លាំងជាងគេក្នុងការប្រឆាំង​នឹងភាពជ្រីវជ្រួញ   ដោយសារតែវាសំបូរដោយសារធាតុដែលប្រឆាំងនឹងអុកស៊ីតកម្ម។ លើសពីនេះ​ទៅទៀត​ វាជួយទប់ស្កាត់ការបំបែកElastin។     វិធីធ្វើ និងប្រសិទ្ធភាព លាយខ្ញីឈូសមួយចឹប ជាមួយនឹងទឹកឃ្មុំមួយស្លាបព្រា។  ធ្វើការទទួលទានល្បាយនេះ ជារៀងរាល់ព្រឹក ឬផឹកតែខ្ញីពីរដង ជារៀងរាល់ថ្ងៃ។ ចេក ៖ ចេកសម្បូរនូវវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលប្រយុទ្ធប្រឆាំងនឹងមូលហេតុនៃភាពជ្រីវជ្រួញ និងស្នាមផ្សេងៗ។ប្រើប្រាស់វិធីនេះពីរដងក្នុងមួយសប្តាហ៍ នឹង​ធ្វើឲ្យ​ស្បែកមើលទៅក្មេងខ្ចី និងព្យាបាលស្នាមជ្រួញតាមបែបធម្មជាតិ។ វិធីធ្វើ និងប្រសិទ្ធភាព ប៉ន់ចេកទុំពីរផ្លែចូលគ្នាឲ្យម៉ដ្ឋ ហើយធ្វើការបិតត្រង់កន្លែងដែលមានស្នាម-ជ្រួញ  ដោយទុកវាចោលឲ្យបានយ៉ាងហោចណាស់មួយម៉ោងកន្លះ រួចសឹមលាងវាចេញជាមួយទឹកក្តៅឧណ្ហៗ។ អ្នកក៏គួរប្រើផលិតផលផ្តល់ សំណើមដល់ ស្បែកអមជាមួយផង។ លោកអ្នកក៏អាចលាយចេកដែលប៉ន់ហើយ ជាមួយនឹងផ្លែប៊័រ រួមជាមួយទឹកឃ្មុំបន្តិចផងដែរ។ លាបវានៅលើ ស្បែក ហើយទុកវាចោលប្រមាណ 20 នាទី និងបន្ទាប់មកលាងវាចេញ។ ការ៉ុត  ៖ ការ៉ុតមានផ្ទុកនូវបរិមាណច្រើននៃវីតាមីន Aដែលជម្រុញការផលិតនៃ collagen និងជួយ​រក្សា​ឲ្យស្បែករលោង។ វិធីធ្វើ និងប្រសិទ្ធភាព ស្ងោរការ៉ុតធំចំនួនពីរឬបីរហូតដល់ក្លាយជាទន់។ លាយជាមួយទឹកឃ្មុំ​ឲ្យមានជាតិទឹកតិចៗ ហើយធ្វើការលាបផ្ទាល់ទៅលើផ្ទៃមុខ។ទុកវាចោលរយៈពេលប្រមាណមួយ​ម៉ោងកន្លះ ហើយលាងវាចេញ​ជាមួយ​ទឹកក្តៅ​ឧណ្ហៗ។ ជម្រើសមួយទៀតដែលមានប្រសិទ្ធភាពដូចគ្នា គឺការលាយចូលគ្នានូវបរិមាណស្មើគ្នានៃទឹកការ៉ុត និងទឹកឃ្មុំ ជារៀងរាល់ព្រឹកនិងល្ងាចដោយធ្វើការទុកវាប្រហែល 10 នាទីសិនមុនពេល​លាងវាចេញ។ ដូចគ្នានេះផងដែរ ប្រិយមិត្តអាចដាក់បញ្ចូលទាំងការ៉ុតឆៅក្នុងរបបអាហាររបស់អ្នក។ ទឹកក្រូចឆ្មារ  ៖   ទឹកក្រូចឆ្មារ គឺសម្បូរទៅដោយ​អាស៊ីតស៊ីត្រិច ដែលមាននាទីក្នុងការច្រឹប និងកម្ចាត់កោសិកាស្បែកដែលងាប់។ វាធ្វើការជា​ភ្នាក់ងារ​លាងសំអាតមួយនិងភ្នាក់ងារធ្វើឲ្យជាលិកា​រួញស្វិត ដែលនឹងជួយបន្ថយស្នាមជាំ ក៏ដូចជា​ស្នាមជ្រួញ និងស្នាមផ្សេងៗដែលជាសញ្ញាណនៃភាពចំណាស់ ដូចជារង្វង់ខ្មៅងងឹតជាដើម។ វិធីធ្វើ និងប្រសិទ្ធភាព ធ្វើការត្រដុសទឹកក្រូចឆ្មារ​ថ្នមៗ ចូលទៅក្នុងស្បែកមុខ ហើយទុកវាចោល​រយៈពេលប្រមាណ 5 ឬ 10 នាទី ហើយលាងមុខ​ជាមួយនឹងទឹក។ ធ្វើបែបនេះពីរទៅបីដងក្នុងមួយ​ថ្ងៃ។ មិនដូច្នោះទេ លោកអ្នកអាចលាយមួយស្លាប​​ព្រាកាហ្វេៗនៃយ៉ាអួ ទឹកឃ្មុំ ប្រេងវីតាមីន E និងក្រូចឆ្មារ។  លាបវាទៅលើផ្ទៃមុខ  ហើយទុកវារយៈ​ពេល 15 ទៅ 20 នាទីមុនពេលលាងវាចេញ។ ម្នាស់ ៖ ផ្លែម្នាស់មានអង់ស៊ីមដែលលើកកម្ពស់ដល់​ការបត់បែន ឬភាពយឺតនៃស្បែក និងផ្តល់សំណើម​លើស្បែក ព្រមទាំងជួយបំបាត់ចោលនូវកោសិកាស្បែកដែលងាប់ផងដែរ។ ផ្លែឈើប្រភេទនេះក៏​សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ  និងវីតាមីនដែលជួយបង្កើនសុខភាពស្បែក។ វិធីធ្វើ និងប្រសិទ្ធភាព ចៀរយកសាច់ម្នាស់ ហើយជូតនៅលើតំបន់ស្បែកដែលមានស្នាមជ្រួញទាំងនោះ ដោយទុកវាឲ្យទៅជាស្ងួតក្នុងរយៈពេល​ប្រមាណ 20 នាទីហើយសឹមធ្វើការលាងជា​មួយទឹក​ក្តៅ ឬត្រជាក់។ ហើយធ្វើការលាបទឹកម្នាស់លើស្បែកជារៀងរាល់ថ្ងៃក្នុងថិរវេលាប្រាំនាទីមុនពេលលាងចេញ។ នេះគឺជាវិធីប្រកបដោយ ប្រសិទ្ធភាពក្នុងការព្យាបាលរង្វង់ខ្មៅនៅជុំវិញភ្នែក។ ទឹក ៖  ទឹកស្អាត គឺជារូបមន្តតាមបែបធម្មជាតិមួយទៀតដែលមានភាពងាយស្រួល និង​មាន​​ប្រសិទ្ធភាពបំផុតសម្រាប់ការព្យាបាលស្នាមជ្រីវជ្រួញលើស្បែក។ ទឹករក្សាជាតិទឹកក្នុងសារពាង្គកាយ និងរក្សាកម្រិតសំណើមនៅក្នុងស្បែក។ នៅពេលដែលរាងកាយខ្វះជាតិទឹក ស្បែក​របស់អ្នក​នឹង​មើល​ទៅចាស់។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

លោក វ៉េង រតនា​ មូលហេតុក្នុងការជ្រើសរើសយកអាជីពជាគ្រូពេទ្យ និស្សិតវ័យក្មេងមួយរូបនេះបាននិយាយថាការសង្គ្រោះជីវិត និងយកអាសាអ្នកដទៃជារឿងមួយដែលសប្បាយចិត្តសម្រាប់ខ្លួន។ ដូចគ្នានោះដែរ ដោយគិតពីអនាគតគ្រួសារនិងសង្គមផងដែរលោកក៏សម្រេចចិត្តបន្តថ្នាក់ឯកទេសបេះដូងនេះព្រោះតែនៅប្រទេសកម្ពុជាយើងមានគ្រូពេទ្យឯកទេសបេះដូង និងមានកន្លែងសម្រាប់ថែទាំព្យាបាលជំងឺនេះហើយប៉ុន្តែប្រជាជនខ្មែរយើងមិនបានយល់ដឹងពីបញ្ហាជំងឺបេះដូងច្រើននៅឡើយ និងមិនបាន​ដឹងពីសមត្ថភាពគ្រូពេទ្យក្នុងប្រទេសយើងអាចធ្វើបានដូចពេទ្យនៃប្រទេសជិតខាងដែរដោយសព្វថ្ងៃយើងអាចធ្វើការឆ្លុះសរសៃឈាមបេះដូង ដាក់ថ្មបេះដូង វះកាត់បេះដូង និងព្យាបាលចង្វាក់បេះដូងមិនប្រក្រតី ។ល។ ដូច្នេះលោកសង្ឃឹមថាលោកអាចព្យាបាល​ និងចែករំលែកព័ត៌មានផ្សេងៗជូនពួកគាត់ជាច្រើន។​  ពេលសាកសួរពីលក្ខណៈសម្បត្តិរបស់គ្រូពេទ្យរតនាបានរៀបរាប់ថាដើម្បីក្លាយជាគ្រូពេទ្យម្នាក់លោកត្រូវមានភាពអត់ធ្មត់ឧស្សាហ៍ព្យាយាមក្នុងការងារ និងការសិក្សាព្រោះត្រូវការរៀនយូរឆ្នាំហើយលោកបានបញ្ជាក់ផងដែរថាវាពិតជាលំបាកព្រោះវាទាក់ទងនឹងអាយុជីវិតរបស់មនុស្សដែលទាំងនេះសុទ្ធតែជាឧបសគ្គដែលនិស្សិតពេទ្យ និងគ្រូពេទ្យគ្រប់រូបត្រូវប្រឈម។ ប៉ុន្តែរតនានៅតែនិយាយយ៉ាងម៉ឺងម៉ាត់ថា “ទោះជាមិនបានគេងគ្រប់គ្រាន់ធ្វើការច្រើនម៉ោង និងគ្មានពេលជាមួយគ្រួសារច្រើនក៏ដោយក៏ខ្ញុំពេញចិត្តធ្វើការងារនេះដែរព្រោះគ្មានគ្រូពេទ្យណាចង់ឲ្យអ្នកជំងឺស្លាប់ដោយគ្មានមូលហេតុណាមួយនិងឈរឱបដៃមើលនោះទេ ដូច្នេះពួកយើងក៏ទាមទារនូវការគោរពពីអ្នកជំងឺផងដែរ”។ និយាយពីការបង្កើនចំណេះដឹងរបស់ខ្លួនក្នុងការត្រៀមខ្លួនជាគ្រូពេទ្យឯកទេសនាពេលអនាគតនេះរតនា បានប្រាប់ផងដែរថាក្រៅពីការសិក្សានៅក្នុងថ្នាក់ការអនុវត្តន៍នៅមន្ទីរពេទ្យគឺជារឿងមួយសំខាន់ហើយខ្លួនលោកបានតាំងចិត្តយ៉ាងមុតមាំថា “ធ្វើអ្វីក៏ធ្វើពោលគឺខ្ញុំមិនបោះបង់ឱកាសដែលគេផ្តល់ឲ្យទេព្រោះនេះជាពេលវេលាដ៏ល្អដែលខ្ញុំអាចឆ្លៀតចាប់យកបទពិសោធន៍ល្អៗសម្រាប់ការងាររបស់ខ្ញុំហើយក្រៅពីនេះខ្ញុំក៏បានធ្វើការសិក្សាស្រាវជ្រាវឯកសារថ្មីៗ​​ និងពិភាក្សាការងារជាមួយមិត្តភក្តិនៅពេលទំនេរដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក”។​​​​ ពេលចូលដល់សំណួរពីកន្លែងធ្វើការនាពេលអនាគតវិញនិស្សិតឯកទេសវ័យក្មេងរបស់យើងមួយរូបនេះបានឆ្លើយតបថាពេលបញ្ចប់ការសិក្សាហើយខ្លួននឹងត្រៀមចូលបម្រើការងារដោយមិនគិតថានៅខេត្តឬទីក្រុងទេសំខាន់គឺរូបលោកចង់ធ្វើការឲ្យអស់ពីចំណេះរបស់ខ្លួន និងសង្ឃឹមថាមានអ្វីគ្រប់គ្រាន់អាចជួយអ្នកជំងឺបានប្រសើរ។ ជាចុងក្រោយ រតនាចង់ឲ្យប្រជាជនទាំងអស់ស្វែងយល់ពីជំងឺបេះដូងឲ្យបានច្រើនជាងនេះ ​ព្រោះជំងឺនេះជាឃាតករលេខ១ក្នុងពិភពលោក ដែលបណ្តាលឲ្យមានអត្រាមរណៈច្រើនជាងគេ។ ដូចនេះសូមប្រជាជនទាំងអស់មកទទួលការព្យាបាល ឲ្យបានឆាប់ដើម្បីឲ្យគ្រូពេទ្យអាចជួយលោកអ្នកបានទាន់ពេលវេលា ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

ក្រោយពីត្រឡប់ពីធ្វើការ ឬមកពីរៀនវិញ តែងតែអស់កម្លាំង មិនចង់ធ្វើអ្វីក្រៅអំពីទម្រេតខ្លួនឲ្យបានបន្តិច ក៏អស់ចិត្តដែរ។ ប្រាកដទេថាការធ្វើបែបនេះ ជួយឲ្យអ្នកមានថាមពលឡើងវិញ?បន្ទាប់ពីបំពេញការងារ ឬសិក្សាពេញមួយថ្ងៃហើយក៏ដោយ អ្នកនៅមានកិច្ចការផ្សេងទៀតជាច្រើនដែលត្រូវធ្វើបន្ថែមដូចជា ធ្វើកិច្ចការសាលា បង្ហើយការងារមួយចំនួន ឬរៀបគម្រោងនានាសម្រាប់ថ្ងៃស្អែក។ ហេតុនេះ អ្នកត្រូវប្រាកដថាអ្នកមានថាមពលគ្រប់គ្រាន់ ក្នុងការបំពេញការងារទាំងនោះ។      មិនត្រឹមតែអាហារទេដែលផ្តល់ឲ្យអ្នកនូវថាមពល លំហាត់ប្រាណក៏ជួយអ្នកបានដូចគ្នា  បើចង់ដឹងច្បាស់ពីហេតុផល និងប្រភេទលំហាត់ប្រាណនានា សូមធ្វើការតាមដានជាមួយ ហេលស៍ថាម ដូចខាងក្រោម៖ ហេតុអ្វីបានជាការហាត់ប្រាណអាចផ្តល់ថាមពលដល់រាងកាយ? មនុស្សភាគច្រើនតែងគិតថាឲ្យតែហាត់ប្រាណរួច ដឹងតែអស់កម្លាំង បើមិនតិចក៏ច្រើនដែរ ហើយអ្នកអាចជាម្នាក់ដែលគិតបែបនេះ។ ពិសេសគឺបន្ទាប់ពីត្រឡប់មកពីធ្វើការ ឬពីសាលា ដោយយល់ថាខ្លួនឯងអស់កម្លាំងស្រាប់ទៅហើយ បើទៅហាត់ប្រាណទៀតរឹតតែហត់។ ហេតុផល២យ៉ាង អាចប្តូរការគិតរបស់អ្នកបាន ដែលបង្ហាញយ៉ាងជាក់លាក់ថាលំហាត់ប្រាណអាចផ្តល់ថាមពលដោយផ្ទាល់រួមមាន៖ • បង្កើនកម្រិត Endorphins ដែលជាអ័រម៉ូនធម្មជាតិ ត្រូវបានបញ្ចេញនៅរាល់ពេលអ្នកធ្វើលំហាត់ប្រាណ ផ្តល់ឲ្យអ្នកមានអារម្មណ៍មានថាមពល និងស្វាហាប់ជាងមុន បង្កើនការផ្តោតអារម្មណ៍ក្នុងការធ្វើអ្វីផ្សេងៗ និងផ្តល់ឲ្យអ្នកនូវការត្រៀមខ្លួនជាមួយនឹងដំណោះស្រាយបញ្ហានានា បន្ទាប់ពីការហាត់ប្រាណសមស្រប ព្រោះ Endorphinsជួយជំរុញថាមពលរាងកាយអ្នកប្រកបដោយប្រសិទ្ធភាព។ • បង្កើនសុខភាពបេះដូងសរសៃឈាមឲ្យដំណើរការបានល្អ ផ្តល់ឲ្យអ្នកនូវការធ្វើកិច្ចការបានច្រើនជាងមុន និងប្រសើរបំផុតជារៀងរាល់ថ្ងៃ។ នៅពេលដែលអ្នកហាត់ប្រាណជាប្រចាំ ពិសេសនៅពេលល្ងាចបន្ទាប់ពីអ្នកមកដល់ផ្ទះត្រឹមតែ១៥នាទីឬ៣០នាទីនោះ អ្នកនឹងអាចបញ្ចប់កិច្ចការនៅពេលយប់តាមគម្រោងរបស់អ្នកដោយជោគជ័យ។ ហើយអ្នកនឹងគេងលក់ស្រួល ស្ងប់ហើយមានអារម្មណ៍ថាគេងឆ្អែត  ផ្ទុយពីការគេងច្រើនតែនៅតែអស់កម្លាំង។ ហេតុផលនៃការហាត់ប្រាណជាប្រចាំ ទោះជានៅពេលព្រឹក ឬល្ងាចគឺ អ្នកនឹងមានថាមពលច្រើនជាងធម្មតា ហើយមិនឆាប់អស់កម្លាំងទោះជាអ្នកធ្វើការ ឬសិក្សាពេញមួយថ្ងៃក៏ដោយ។ ប្រភេទកីឡាដែលមានប្រសិទ្ធភាពបំផុត? ការហាត់ប្រាណជាប្រចាំពិតជាសំខាន់ ប៉ុន្តែការជ្រើសរើសប្រភេទកីឡាសមស្រប និងរយៈពេលហាត់ គឺកាន់តែសំខាន់ដើម្បីឲ្យអ្នកទទួលបានអត្ថប្រយោជន៍តាមការរំពឹងទុក។ ភាគច្រើននៃប្រភេទលំហាត់ប្រាណដែលផ្តល់ថាមពលដល់អ្នកបាន ជាលំហាត់ប្រាណដែលប្រើដង្ហើម(aerobic) មានន័យថាប្រើប្រាស់អុកស៊ីហ្សែនដើម្បីភ្ញោចទៅបេះដូង និងប្រព័ន្ធដំណកដង្ហើមដូចជា ការរត់ត្រឹកៗ ដើរ ធាក់កង់ ឬហែលទឹក។ ប៉ុន្តែត្រូវចាំថា គ្រប់សកម្មភាពរបស់អ្នកសុទ្ធតែអាចជាការហាត់ប្រាណ តួយ៉ាង  ក្រោយត្រឡប់មកដល់ផ្ទះល្ងាច  អ្នកអាចធ្វើសកម្មភាពនានា ដែលតម្រូវឲ្យអ្នកដើរទៅមកៗនៅក្នុងផ្ទះ  ឬជុំវិញផ្ទះ ដូចជាការស្រោចទឹកផ្កាឬដំណាំផ្សេងៗ នេះវាក៏ជាឱកាសក្នុងការផ្តល់ថាមពលពីធម្មជាតិបៃតងនៃផ្ទះអ្នកបានផងដែរ។ ម៉្យាង អ្នកអាចហាត់ប្រាណជាលក្ខណៈការធ្វើចលនាដៃជើង ការលើកដៃជើង ឬពត់ខ្លួនអមជាមួយបទភ្លេងដែលអ្នកចូលចិត្តវាពិតជាឱសថទិព្វផ្តល់ថាមពលដ៏អស្ចារ្យដល់អ្នក បន្ទាប់ពីហត់នឿយនឹងកាងារដ៏មមាញឹករបស់អ្នក។ ចំពោះរយៈពេលនៃការចាប់ផ្តើមដ៏ល្អបំផុតគឺ ត្រឹម១០នាទីឡើងទៅ១៥នាទីឬ៣០នាទី និងយ៉ាងហោចណាស់ក៏៣ដងក្នុងមួយសប្តាហ៍ដែរ។ វាគឺជាការសម្រេចចិត្តរបស់អ្នក ថាតើអ្នកនៅបន្តគេងមើលទូរទស្សន៍ ឬទូរស័ព្ទបន្ទាប់ពីអ្នកទៅដល់ផ្ទះទៀត ឬយ៉ាងណា? បើអ្នកក៏ដឹងខ្លួនឯងហើយថា ធ្វើបែបនេះ អ្នកមិនមានអារម្មណ៍ទៅធ្វើកិច្ចសាលា បង្ហើយការងារ ឬធ្វើគម្រោងសម្រាប់ស្អែក ដែលអ្នកតែងតែប្រាប់ខ្លួនឯងរាល់ថ្ងៃថានឹងធ្វើ។ ផ្លាស់ប្តូររបៀបរបបរស់នៅរបស់អ្នក គឺជាការផ្លាស់ប្តូរជីវិតរបស់អ្នកដូច្នោះដែរ… © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

មិនថាយ៉ាងណា បញ្ហាមុខខ្លាញ់រងើមនៅតែធ្វើឲ្យមនុស្សជាច្រើនពិបាកចិត្តមិនតិចទេសំខាន់ពេលកាន់តែពិបាកចិត្តមុខក៏កាន់តែខ្លាញ់ថែមទៀត ហេតុអ្វី? ហើយគួរធ្វើដូចម្តេចទៅ?ស្បែកមុខប្រេងជាបញ្ហាមួយដែលអាចកើតមានលើមនុស្សគ្រប់វ័យ ជាពិសេសវ័យជំទង់។ វាអាចបង្កបញ្ហាលើផ្ទៃមុខដូចជា មុន ជាំ និងបញ្ហាផ្សេងៗទៀតជាច្រើន   បើទោះបីជាប្រេងនៅលើស្បែកមាននាទីជួយការពារស្បែក ផ្តល់សំណើម  និងប្រឆាំងជាមួយភាពចាស់តាមវ័យក៏ដោយ។  បើដូច្នេះតាមដានជាមួយហេលស៍ថាម អំពីដំណោះស្រាយប្រកបដោយភាពវៃឆ្លាតទៅលើស្បែកមុខប្រេងរបស់អ្នក។ ផ្លាស់ប្តូររាល់ទម្លាប់មិនល្អប្រចាំថ្ងៃដែលជាកត្តាជំរុញឲ្យស្បែកមុខឡើងប្រេង៖ • គេងឲ្យបានគ្រប់គ្រាន់ ព្រោះថាប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់នោះនឹងធ្វើឲ្យអ្នកឆាប់អស់កម្លាំង  និងក្លាយជាមូលហេតុនៃការបញ្ចេញប្រេងលើស្បែកកើនឡើង។ • កាត់បន្ថយស្រេ្តស ព្រោះកាលណាស្ត្រេស រាងកាយអ្នកនឹងបង្កើនអ័រម៉ូនអង់ដ្រូសែនដែលជាមូលហេតុចម្បងបង្កឲ្យស្បែកបញ្ចេញប្រេងច្រើនជាងធម្មតា។ • ជ្រើសរើសផលិតផលថែរក្សាស្បែកឲ្យបានត្រឹមត្រូវ និងស័ក្តិសមជាមួយស្បែកមុខរបស់អ្នក ។ • លាងសម្អាតមុខ ២ទៅ៣ដងក្នុងមួយថ្ងៃ ចៀសវាងលាងញឹកញាប់ពេកធ្វើឲ្យស្បែកស្ងួតខ្លាំង និងជាហេតុផលធ្វើឲ្យស្បែករឹតតែបញ្ចេញប្រេងច្រើនជាងធម្មតា។ • បន្ថយការបរិភោគប្រៃ អាហារដែលសម្បូរដោយខ្លាញ់ ស្ករ តែចាស់ កាហ្វេបារី ភេសជ្ជៈដែលមានអាល់កុលច្រើនពេក និងប្រភេទអាហារកំប៉ុងហើយប្តូរមកបរិភោគប្រភេទបន្លែពណ៌បៃតង ទឹកផ្លែឈើស្រស់ៗ និងរក្សាការញ៉ាំទឹកឲ្យបានយ៉ាងហោចណាស់៨កែវក្នុងមួយថ្ងៃ។ • កាត់បន្ថយពីការប៉ះពាល់ផ្ទាល់នៃស្បែកពីពន្លឺព្រះអាទិត្យ ដោយសារតែពន្លឺព្រះអាទិត្យអាចធ្វើឲ្យស្បែកអ្នកស្ងួតដែលជំរុញឲ្យក្រពេញខ្លាញ់បង្កើនការផលិតកាន់តែច្រើន។ • ប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេស ពីការបញ្ឈប់ ឬប្តូរការប្រើថ្នាំពន្យារកំណើត និងប្រភេទថ្នាំបង្កើនការបញ្ចេញអ័រម៉ូនមួយចំនួន ព្រោះថាថ្នាំទាំងនោះធ្វើឲ្យរាងកាយបាត់បង់ជាតិទឹក និងបង្កើនការផលិតខ្លាញ់ទ្វេដង។ ក្រៅពីការផ្លាស់ប្តូរទម្លាប់ទាំងនេះ លោកអ្នកគួរធ្វើការថែរក្សាស្បែកមុខដោយវិធីធម្មជាតិ ដើម្បីឲ្យអ្នកទទួលបានលទ្ធផលកាន់តែប្រសើរ៖ • ប្រទាលកន្ទុយក្រពើ៖ កាត់ប្រទាលកន្ទុយក្រពើជាពីររួចចៀរយកផ្នែកសម្បកចេញ បន្ទាប់មកយកសាច់ប្រទាលបិតលើផ្ទៃមុខ ទុកឲ្យស្ងួតប្រហែល១០ទៅ១៥នាទីសឹមលាងសម្អាតចេញជាមួយទឹកស្អាត។   លោកអ្នកអាចអនុវត្តវិធីនេះ១ទៅ២ដងក្នុងមួយថ្ងៃ អាចជួយរក្សាជាតិទឹក និងផ្តល់សំណើម លើផ្ទៃមុខនិងបន្ថយការផលិតប្រេងលើស្បែក។ • យ៉ាអួ៖ មិនត្រឹមតែសម្រាប់ញ៉ាំ លោកអ្នកអាចប្រើយ៉ាអួលាបឲ្យសព្វលើផ្ទៃមុខ  ទុកចោលប្រហែល១៥នាទី  បន្ទាប់មកលាងជាមួយនឹងទឹកស្អាត ដែលលោកអ្នកអាចអនុវត្តបានម្តងក្នុងមួយថ្ងៃដើម្បីសម្រួលការផលិតប្រេងលើស្បែក។ • ត្រសក់៖ ចិតត្រសក់ជាចំណិតស្តើងៗ ហើយបិតលើផ្ទៃមុខរបស់អ្នក ទុកចោលមួយយប់ រួចលាងសម្អាតដោយទឹកក្តៅឧណ្ហៗនៅពេលព្រឹកបន្ទាប់ ជារៀងរាល់ថ្ងៃ អាចបន្ថយការផលិតខ្លាញ់ដោយប្រសិទ្ធភាព។ ដល់ពេលហើយដែលអ្នកត្រូវផ្លាស់ប្តូរទម្លាប់អាក្រក់ៗទាំងនោះចោល ហើយបង្កើនការថែរក្សាបន្ថែម អញ្ចឹងទោះមុខខ្លាញ់រងើមប៉ុណ្ណាក៏គ្មានបញ្ហាទៀតដែរ…

Share

ជាធម្មតា កុមារតែងនឹងទទួលបានការចាក់ថ្នាំបង្ការដែលធ្វើឡើងស្របទៅនឹងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការដល់កុមារ ដោយក្នុងនោះ រួមមានវ៉ាក់សាំង៧មុខតំណាងដោយអក្សរកាត់ដូចជា BCG, HBV, OPV, DTP-Hib, PCV, MRនិង JE។ ប៉ុន្តែ តើលោកអ្នកដឹងទេថាវ៉ាក់សាំងទាំងនេះផលិតពីអ្វី? ហើយត្រូវប្រើប្រាស់យ៉ាងដូចម្ដេច? និងមានអត្ថប្រយោជន៍អ្វីខ្លះ?ដូចនេះ ដើម្បីយល់ដឹងកាន់តែស៊ីជម្រៅទៅលើប្រភេទវ៉ាក់សាំងនីមួយៗ សូមលោកអ្នកធ្វើការតាមដាននៅក្នុងអត្ថបទខាងក្រោមនេះ… 1.  វ៉ាក់សាំងបង្ការជំងឺរបេង (BCG Vaccine) វ៉ាក់សាំងបង្ការជំងឺរបេងដែលមានពាក្យកាត់ថា“BCG” ត្រូវបានឲ្យទៅទារកនៅថ្ងៃដំបូងបន្ទាប់ពីកើត ក្នុងគោលបំណងបង្ការការចម្លងនៃមេរោគMycobacterium tuberculosis (TB) ទៅលើទារកដែលទើបនឹងកើត។ វ៉ាក់សាំងនេះ មានផ្ទុកនូវបាក់តេរីដែលមានជីវិត តែមានភាពទន់ខ្សោយ (attenuated)ដែលចូលទៅភ្ញោចប្រព័ន្ធការពារឲ្យផលិតអង់ទីក័រ និងមិនបង្កទៅជាជំងឺទៅលើកុមារដែលមានសុខភាពល្អនោះទេ។ ប្រភេទបាក់តេរីដែលប្រើប្រាស់ក្នុងការផលិតវ៉ាក់សាំងនេះមានឈ្មោះថា Mycobacterium bovis  ដែលជាប្រភេទបាក់តេរីបង្កជាជំងឺរបេងទៅលើតែសត្វប៉ុណ្ណោះ។ ចំពោះផលរំខាន គឺច្រើនឃើញមានជាការឡើងរឹង និងអាចមានពងទឹកនៅជុំវិញបរិ-វេណដែលចាក់ថ្នាំបង្ការ។ 2.   វ៉ាក់សាំងបង្ការជំងឺរលាកថ្លើមប្រភេទB (HBV) វ៉ាក់សាំងនេះត្រូវបានដាក់ឲ្យប្រើប្រាស់ ដើម្បីការពារប្រឆាំងទៅនឹងវីរុសរលាកថ្លើមប្រភេទB ដែលជាមូលហេតុចម្បងនៃជំងឺរលាកថ្លើម និងអាចវិវឌ្ឍទៅជាជំងឺមហារីកឬជំងឺក្រិនថ្លើមជាដើម។ វ៉ាក់សាំងនេះមានផ្ទុកនូវប្រូតេអុីនមួយប្រភេទ ដែលស្ថិតនៅផ្ទៃខាងលើនៃវីរុសរលាកថ្លើមប្រភេទB ឬហៅថា“HBsAg” ដែលផលិតឡើងតាមវិធីសាស្រ្ដ Recombinant DNA Technology ដោយធ្វើការចាក់បញ្ចូលនូវDNAរបស់វីរុសចូលទៅក្នុងកោសិកាមេរោគដទៃទៀត ដែលការធ្វើបែបនេះនាំឲ្យវីរុសបាត់បង់នូវឥទ្ធិពលដែលអាចបង្កទៅជាជំងឺ។ យើងក៏អាចឃើញមានផលរំខានតិចតួច បន្ទាប់ពីកុមារចាក់វ៉ាក់សាំងនេះរួចដោយឃើញមានការឡើងក្រហម និងឈឺនូវត្រង់កន្លែងដែលចាក់ផងដែរ។ 3.  វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង (OPV) OPV គឺជាវ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងដែលមានទម្រង់ជាថ្នាំបន្តក់តាមមាត់ ហើយវាជាប្រភេទវ៉ាក់សាំងដែលមានផ្ទុកនូវមេរោគមានជីវិត (alive vaccine) តែពុំមានលទ្ធភាពបង្កជាជំងឺឡើយ។ វ៉ាក់សាំងនេះក៏ត្រូវបានហាមប្រាមមិនឲ្យប្រើប្រាស់ទៅលើអ្នកជំងឺដែលមានប្រព័ន្ធការពារចុះខ្សោយ ដោយត្រូវប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងដែលមានទម្រង់ជាថ្នាំចាក់(IPV)ជំនួសវិញ ព្រោះថាវ៉ាក់សាំងដែលមានទម្រង់ ជាថ្នាំចាក់ត្រូវបានផលិតឡើងដោយមេរោគដែលត្រូវបានបង្អាក់សកម្មភាព (inactivated vaccine) រួចទៅហើយ។ 4.  វ៉ាក់សាំងDTP-Hib DTP-Hib ជាប្រភេទវ៉ាក់សាំងដែលរួមបញ្ចូលគ្នា ដែលអក្សរកាត់ទាំងនោះសំដៅទៅលើ៖ •  Diphtheria (ជំងឺខាន់ស្លាក់) •  Tetanus (ជំងឺតេតាណុស) •  Pertussis (ជំងឺក្អកមាន់) •  Hemophilus influenza B វ៉ាក់សាំងទាំងបួនប្រភេទនេះត្រូវបានផលិតឡើងក្រោមវិធីសាស្រ្តតែមួយដោយធ្វើការដកយកនូវប្រូតេអុីន ឬសារជាតិពុល(Toxin)របស់បាក់តេរី រួចបង្អាក់សកម្មភាពរបស់វាដោយសារធាតុគីមី ដែលត្រូវបានគេហៅថា “Toxoid”។Toxoid អាចធ្វើឲ្យរាងកាយមនុស្សផលិតប្រព័ន្ធការពារប្រឆាំងនឹងមេរោគតែមិនអាចបង្កជាជំងឺនោះទេ ហើយជាទូទៅបន្ទាប់ពីចាក់វ៉ាក់សាំងនេះរួចក្មេងអាចមានអាការៈក្ដៅខ្លួនកម្រិតស្រាល ដែលវាមិនបង្កទៅជាគ្រោះថ្នាក់ទេ។ 5.  វ៉ាក់សាំងបង្ការជំងឺរលាកសួត (PCV) PCV គឺជាវ៉ាក់សាំងដែលផលិតឡើងដោយការសំយោគនៃស្ករ (Polysaccharides) ដែលបានមកពីផ្ទៃខាងលើនៃបាក់តេរី PneumoccocalPneumonia រួមជាមួយនឹងប្រូតេអុីន (nontoxic protein) ដែលបានមកពីបាក់តេរីដទៃទៀត ដើម្បីជម្រុញនូវការផលិតប្រព័ន្ធការពារប្រឆាំងទៅនឹងមេរោគ Pneumoccocus ដែលបង្កទៅជាជំងឺរលាកសួត។ យើងអាចឃើញមានផលរំខានដូចជា ការឡើងក្រហម ឈឺ ហើម ឬរមាស់តិចតួច រួចវានឹងបាត់ទៅវិញនៅ២ទៅ៣ថ្ងៃបន្ទាប់។ 6.  វ៉ាក់សាំងបង្ការជំងឺកញ្រ្ជឹល និងស្អូច (MR Vaccine) MR ជាវ៉ាក់សាំងពីរដែលរួមបញ្ចូលគ្នាដោយប្រើប្រាស់ក្នុងការបង្ការជំងឺកញ្រ្ជឹល (Measles) និងជំងឺស្អូច (Rubella) ។ វាមានផ្ទុកនូវវីរុសស្អូច និងកញ្រ្ជឹលដែលមានភាពទន់ខ្សោយមិនអាចបង្កជាជំងឺបាន តែវាអាចចូលទៅភ្ញោចប្រព័ន្ធការពារមនុស្សឲ្យផលិតអង់ទីក័រ។ ដោយសារតែវ៉ាក់សាំងនេះជាប្រភេទវ៉ាក់សាំង ដែលមានផ្ទុកនូវវីរុសមានជីវិតដូច្នេះវាត្រូវបានហាមឃាត់ មិនឲ្យប្រើប្រាស់ទៅលើអ្នកជំងឺដែលមានប្រព័ន្ធការពារចុះខ្សោយនោះទេ។ 7.  វ៉ាក់សាំងបង្ការជំងឺរលាកស្រោមខួរ (JE Vaccine) វ៉ាក់សាំងបង្ការជំងឺរលាកស្រោមខួរ JE ត្រូវបានណែនាំឲ្យប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៣០មកម្ល៉េះ ដើម្បីប្រឆាំងការចម្លងនៃវីរុស Japanese encephalitis ដែលបង្កទៅជាជំងឺរលាកស្រោមខួរយ៉ាងធ្ងន់ធ្ងរ។ វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយមានផ្ទុកនូវវីរុសដែលមានជីវិត (alive vaccine) និងអនុញ្ញាតឲ្យប្រើប្រាស់ទៅលើក្មេងដែលមានអាយុយ៉ាងតិចពីរខែ។ វ៉ាក់សាំងនេះក៏ពុំមានភាពខុសគ្នាជាមួយនឹងវ៉ាក់សាំងផ្សេងទៀតដែរ ដោយវាអាចនឹងបង្កជាផលរំខានតិចតួចដូចជាក្ដៅខ្លួន ឈឺសាច់ដុំ ឬឈឺក្បាលជាដើម។ចំពោះការប្រើប្រាស់វ៉ាក់សាំងទាំង៧មុខនេះ គឺត្រូវគោរពតាមប្រតិទិនកម្មវិធីជាតិសម្រាប់ផ្ដល់ថ្នាំបង្ការដល់កុមារដែលមាននៅក្នុងតារាងខាងក្រោមនេះ… © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ                              

Share

ជាមួយនឹងវត្តមានក្នុងការបម្រើនូវសេវាសុខាភិបាលជូនដល់អតិថិជនជាតិ និងអន្តរជាតិអស់រយៈពេលជាង៥ឆ្នាំកន្លងមក គ្លីនិក ព្រីនសេសបាននាំមកជូនអតិថិជនរបស់ខ្លួននូវសេវាសុខាភិបាលក្នុងកម្រិតមិនចាញ់ពីសេវាដែលអ្នកជំងឺភាគច្រើនយល់ខុសថាមានតែនៅក្រៅប្រទេស។​ ជាមួយនឹងគោលជំហរដ៏រឹងមាំក្នុងការបម្រើដល់អតិថិជនគ្រប់ជាន់ថ្នាក់ វណ្ណៈបុណ្យសក្តិឲ្យស្មើៗគ្នា ជាមួយនឹងពាក្យស្លោកខ្លីតែមានអត្ថន័យខ្លឹមសារ«គុណភាព សុវត្ថិភាព ក្រមសីលធម៌វិជ្ជាជីវៈ»វេជ្ជបណ្ឌិតដែលបម្រើការក្នុងគ្លីនិក ព្រីនសេសសុទ្ធតែមានវិជ្ជាជីវៈខ្ពស់ និងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យវេជ្ជសាស្រ្តទាំងក្នុងប្រទេស និងក្រៅប្រទេស។ គួរបញ្ជាក់ផងដែរថា លោកនាយកប្រកបដោយភាពប៉ិនប្រសប់ និងវិជ្ជាជីវៈច្បាស់លាស់នៃគ្លីនិក ព្រីនសេសផ្ទាល់ ក៏ជាវេជ្ជបណ្ឌិតមួយរូបដែលបានបម្រើការងារ និងជាសាស្ត្រាចារ្យជាន់ខ្ពស់ ក្នុងវិស័យសុខាភិបាលនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្តែង ក្រោយពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលក្នុងឆ្នាំ១៩៩១ភ្លាម លោកក៏បានបម្រើការងារដំបូងជាមួយនឹងអ៊ុនតាក់ រួចក៏បានចូលបង្រៀនក្នុងសាលាដែលលោកវេជ្ជបណ្ឌិតបានបញ្ចប់ការសិក្សា និងបន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសថៃ រួចទើបបម្រើការងារជាមួយនឹងអង្គការអន្តរជាតិក្នុងការរៀបចំកម្មវិធីសិក្សា និងការចុះបង្រៀនដល់ក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យមួយចំនួនផងដែរ។ សព្វថ្ងៃផ្ទាល់ លោកវេជ្ជបណ្ឌិត អ វឌ្ឍនៈ ជានាយកនៃគ្លីនិក ព្រីនសេស។ គ្លីនិក ព្រីនសេសមានបម្រើនូវសេវាសុខាភិបាលទូទៅដែលលោកអ្នកពិតជាអាចជឿទុកចិត្តបានពីកម្រិតនៃគុណភាពបាន ជាច្រើនដែលរួមមានដូចជា ផ្នែករោគស្រ្តី ផ្នែកបេះដូង ក្រពះ-ពោះវៀន ផ្នែកវះកាត់ ផ្នែកត្រចៀក-ច្រមុះ បំពង់ក ភ្នែក និងផ្នែកផ្លូវចិត្តជាដើម។ ក្រៅពីការតុបតែង និងរចនាទាំងខាងក្នុង​​ និងក្រៅប្រកបដោយភាពទាក់ទាញ និងអនាម័យខ្ពស់ហើយ គ្លីនិក ព្រីនសេស មានវេជ្ជបណ្ឌិតឯកទេសជាច្រើនរូបដែលបានសុទ្ធតែបានបញ្ចប់ការសិក្សាពីក្រៅប្រទេស ដែលរួមមានប្រទេសបារាំង ប្រទេសអាមេរិច ប្រទេសចិនជាដើម ។ អ្វីដែលរឹតតែពិសេសនោះ គឺថាក្រុមគ្រូពេទ្យទាំងអស់ដែលបម្រើការនៅក្នុងគ្លីនិកនេះ គឺមានទំនោរធ្វើការងារជាក្រុម ដោយហេតុថាពួកគាត់មានការយល់ឃើញថា ម្នាក់ៗមានឯកទេសផ្ទាល់ខ្លួនក៏ពិតមែន​តែក៏មិនប្រាកដថាខ្លួនឯងល្អឥតខ្ចោះនោះដែរ ហេតុនេះហើយចាំបាច់ត្រូវមានការរៀនសូត្រពីបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីបំពេញកិច្ចការងារ ក៏ដូចជាបម្រើសេវាជូនដល់អតិថិជនឲ្យបានឌិតដល់ និងប្រកបដោយប្រសិទ្ធភាព។ ម្យ៉ាងទៀត ពួកគាត់ក៏មិនភ្លេចពីស្វ័យសិក្សាជាមួយនឹងឯកសារដែលមានប្រភពគួរទុកចិត្ត​ និងមានការទទួលស្គាល់ជាលក្ខណៈសកល តាមរយៈការអានសៀវភៅ ឬធ្វើការស្រាវជ្រាវតាមរយៈប្រព័ន្ធអ៊ីនធឺណែតផងដែរ។ លោកនាយកបានបន្តទៀតថា «ចំណុចដែលយើងតែងតែផ្តោតការយកចិត្តទុកដាក់ខ្លាំងជាងគេនោះ គឺការធ្វើរោគវិនិច្ឆ័យទៅលើអ្នកជំងឺ ព្រោះថាមុនចាប់ផ្តើមធ្វើការព្យាបាល យើងចាំបាច់ត្រូវដឹងជាមុនសិនថាតើអ្នកជំងឺកើតមានជំងឺអ្វី​​ នោះទើបយើងជាវេជ្ជបណ្ឌិតជំនាញអាចធ្វើផ្តល់ជូននូវការព្យាបាលបានត្រឹមត្រូវទៅតាមរោគសញ្ញា ក៏ដូចជាសភាពរបស់អ្នកជំងឺ»។ សម្រាប់ការព្យាបាល គ្លីនិក ព្រីនសេស មានវេជ្ជបណ្ឌិតតាមឯកទេស តាមផ្នែកដែលបានរៀបរាប់ខាងលើ ដែលលោកអ្នកមិនចាំបាច់ព្រួយបារម្ភថាពិបាកនឹងត្រូវស្វែងរកនៅកន្លែងណាផ្សេងនោះទេ ហើយការព្យាបាលទៀតសោត គឺធ្វើឡើងទៅតាមក្បួនវិធីតាមបែបវេជ្ជសាស្រ្តដែលធានាជូននូវសុវតិ្ថភាពជូនដល់លោកអ្នក។ រីឯការផ្តល់ឱសថវិញ វេជ្ជបណ្ឌិតទាំងអស់នៃគ្លីនិក ព្រីនសេស ចាំបាច់ត្រូវគោរពក្បូនច្បាប់ត្រឹមត្រូវដោយមានកម្រិត ​និងបរិមាណដែលបានកំណត់រួចជាស្រេច ហើយដាច់ខាតមិនធ្វើការបំពានច្បាប់នោះឡើយ។  ផ្ទុយពីគំនិតក្នុងការចង់ឲ្យអ្នកជំងឺចាយប្រាក់ច្រើនទៅលើថ្លៃថ្នាំ ក្នុងនាមជាវេជ្ជបណ្ឌិតដែលបានប្រលូកក្នុងវិស័យវេជ្ជសាស្រ្តជាច្រើនឆ្នាំ លោកវេជ្ជបណ្ឌិតវឌ្ឍនៈ​ ក៏បានបញ្ជាក់ដែរថា «ការសរសេរពីវិធីនៃការប្រើប្រាស់ថ្នាំនីមួយៗមិនថាថ្នាក់ជាតិ ឬអន្តរជាតិនោះទេ គឺសុទ្ធតែត្រូវបានឆ្លងកាត់ការប្រជុំពិភាក្សាពីសំណាក់អ្នកជំនាញការមកពីច្រើនទីកន្លែង និងមានឯកទេសច្បាស់លាស់យ៉ាងម៉ត់ចត់រួចហើយ ហេតុនេះហើយ យើងមិនអាចតាមតែចិត្តចង់បានចំនេញច្រើនហើយផ្តល់ជូននូវវេជ្ជបញ្ជាដែលប្រាសចាកពីនោះទេ។» និយាយដល់ត្រង់បញ្ហាប្រាក់ចំនេញ លោកក៏បានបន្ថែមផងដែរថា​ «យើងត្រូវការប្រាក់ចំនូលសម្រាប់ធ្វើការផ្គត់ផ្គង់គ្លីនិក និងជីវិតក៏ពិតមែនតែយើងមិនអាចយកប្រាក់មកលុបពីលើបច្ចេកទេសនោះទេ វាជាកំហុសឆ្គងដ៏ធំក្នុងវិស័យវេជ្ជសាស្រ្ត»។ ដូចដែលបានបញ្ជាក់ស្រាប់នៅក្នុងពាក្យស្លោកប្រចាំគ្លីនិក គឺគ្រូពេទ្យ និងបុគ្គលិករបស់គ្លីនិក ព្រីនសេស គ្រប់រូបចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ប្រចាំខ្លួន ដើម្បីមានទំនាក់ទំនងក៏ដូចជាការប្រាស្រ័យទាក់ទងល្អជាមួយនឹងអតិថិជន។  មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់មិនប្រថុយក្នុងការទទួលអ្នកជំងឺដែលមិនត្រូវនឹងឯកទេសរបស់ខ្លួនឡើយ ប្រសិនបើមានសភាពដែលគាត់មិនអាចធ្វើការព្យាបាលបាន គឺធ្វើការផ្ទេរទៅកាន់អ្នកដែលមានជំនាញត្រឹមត្រូវឲ្យទាន់ពេលវេលា ដោយមិនទុកឲ្យធ្លាក់ដំណាក់កាលធ្ងន់ធ្ងរ ឬចុងក្រោយនោះឡើយ។ លក្ខណៈដ៏ល្អឯករបស់គ្លីនិក ព្រីនសេស មួយទៀតនោះ គឺមានឯកសារពីសភាពសុខភាពរបស់អ្នកជំងឺម្នាក់ៗយ៉ាងច្បាស់ ហើយក៏មានតម្កល់ទុកសម្រាប់ជាព័ត៌មានយ៉ាងត្រឹមត្រូវ។​ ងាកត្រលប់មកឧបសគ្គក្នុងការបើកដំណើរការវិញ លោកនាយកក៏បានបង្ហើបប្រាប់ហេលស៍ថាមយើងផងដែរថា កាលពីដំបូង អ្វីដែលលំបាកនោះ គឺការប្រើប្រាស់សេវាមិនបានគ្រប់គ្រាន់​ដោយសារតែមិនទាន់សូវមានអតិថិជនស្គាល់ច្រើន។ ឧបសគ្គមួយទៀតនោះ កើតមានដោយសារវេជ្ជបណ្ឌិតធំៗភាគច្រើនបានទទួលប្រព័ន្ធនៃការសិក្សាពីប្រទេសខុសគ្នា ហើយភាសាបច្ចេកទេសដែលប្រើប្រាស់ទៀតសោតក៏មិនដូចគ្នាទៀត ដែលបាបង្កជាបញ្ហាលំបាកបន្តិចបន្តួចដែរ ដែលដំណោះស្រាយសមា្រប់បញ្ហានេះ គឺមានតែពេលវេលា។ ក្រោយពីធ្វើការជាមួយគ្នាក៏ឃើញមានលក្ខណៈប្រសើរច្រើនហើយ។ ចំណុចមួយសំខាន់មួយទៀតនោះ គឺមកពីផ្នត់គំនិតរបស់អ្នកជំងឺផ្ទាល់ ដែលមិនសូវមានទំនុកចិត្តលើសេវាសុខាភិបាលក្នុងប្រទេសរបស់ខ្លួន ដោយមានការយល់ឃើញថា ពេទ្យណាក៏ដូចពេទ្យណាដែរ។ ចំពោះបញ្ហាដែលអ្នកជំងឺបាត់បង់ទំនុកចិត្តចំពោះពេទ្យក្នុងស្រុកនេះ លោកក៏មានយោបល់ថា មូលហេតុអាចមកពីគ្រួពេទ្យមួយចំនួនដែលធ្វើការអួតសរសើរពីខ្លួនឯង ហើយក៏បង្អាប់ពីគុណភាព និងវិជ្ជាជីវៈពេទ្យជាដៃគូរបស់ខ្លួន ហើយពេទ្យ ឬគ្លីនិកធំៗមួយចំនួនក៏មានការនិយាយមិនល្អពីគ្លីនិកតូចៗផងដែរ។ នេះជាហេតុនាំឲ្យអ្នកជំងឺលែងមានទំនុកចិត្ត ហើយជាចុងបញ្ចប់ក៏សម្រេចចិត្តស្វែងរកសេវាក្នុងប្រទេសដទៃវិញ។ ជាចុងក្រោយ  លោកក៏បន្ថែមនូវប្រសាសន៍ប្រកបដោយអត្ថន័យថា លោកតែងឲ្យអ្នកជំងឺធ្វើការសម្រេចចិត្តដោយខ្លួនឯងថាតើ សភាពជំងឺរបស់ខ្លួនកម្រិតណាគួរស្វែងរកសេវាសុខាភិបាលក្នុងកម្រិតណា ដោយមិនបាននិយាយបង្ខំ ឬបង្ហាញចំៗឲ្យពួកគេមករកគ្លីនិករបស់ខ្លួនឡើយ។  ម្យ៉ាងវិញទៀត លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាថា ប្រសិនបើមានបញ្ហាសុខភាព ហើយគ្រូពេទ្យជំនាញក្នុងប្រទេសអាចជួយបាន គួរតែកុំចេញទៅប្រទេសក្រៅអី ព្រោះថាទង្វើបែបនេះនឹងអាចឲ្យលោកអ្នកកាត់បន្ថយចំណាយ​ ក៏ដូចជាពេលវេលា លើកតម្កើងវិស័យសុខាភិបាលក្នុងប្រទេស និងជួយអ្នកជំងឺឲ្យទាន់ពេលវេលា។ បើអ្នកចេញទៅប្រទេសដទៃ ហើយអ្នកជំងឺខ្លះក៏មិនចេះភាសាបរទេស រីឯអ្នកបកប្រែក៏មិនមែនជាអ្នកជំនាញផ្នែកពេទ្យ ហេតុនេះហើយការបកប្រែហាក់ដូចមិនសូវបានត្រឹមត្រូវតាមកម្រិត តែបើអ្នកបានជួបជាមួយអ្នកជំនាញនឹងមានការពន្យល់ច្បាស់លាស់។ ស្វែងរកសេវាសុខភាពដែលមានវេជ្ជបណ្ឌិតជំនាញដែលបានបញ្ចប់ការសិក្សាពីប្រទេសក្រៅ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈពិតប្រាកដ សូមអញ្ជើញមកកាន់គ្លីនិក ព្រីនសេស ដែលមានអាស័យដ្ឋានផ្ទះលេខ ១៣២ ផ្លូវ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share
Top