Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ប្រាកដណាស់ដែលថា«សុខភាពជាអាទិភាពចម្បង»ហើយម្នាក់ៗក៏ហាក់ដូចជាកំពុងងាកមកស្រលាញ់ និងផ្តល់គុណតម្លៃដល់សុខភាពកាន់តែច្រើនឡើងៗហើយ... ដើម្បីជាចំណេះដឹងសម្រាប់ខ្លួនអ្នក ក៏ដូចជាក្រុមគ្រួសារជាទីស្រលាញ់ ក្នុងនាទីដែលមិនមានគ្រូពេទ្យនៅក្បែរ លោកអ្នកអាចធ្វើការស្វែងយល់ពីអំពីជំងឺផ្សេងៗជាច្រើនមុខ ដោយមានទាំងលក្ខណៈទូទៅនៃជំងឺ អាការៈ  វិធីព្យាបាល ​ឱសថព្យាបាល ព្រមទាំងចំណុចសំខាន់ៗគួរយល់ដឹងជាច្រើនទៀត នៅក្នុងសៀវភៅតែមួយ... គួរបញ្ជាក់ផងដែរថា សៀវភៅនេះត្រូវបានបោះពុម្ពលើកទី៤ហើយ ដែលត្រូវបានរៀបរៀងស្រាវជ្រាវដោយ ទីវ ឆេងហ៊ី ដើម្បីជូនដល់ប្រជាជនកម្ពុជា​  ជាពិសេសអ្នកដែលនៅទីឆ្ងាយពីទីប្រជុំជន បានយល់ដឹងខ្លះៗពីជំងឺទាំងឡាយ ដើម្បីចៀសវាងនូវការឆបោកពីជនខូចខិលមួយចំនួន។ យ៉ាងណាមិញ នេះមិនមែនមានន័យថា អ្នកអាចពឹងផ្អែកទាំងស្រុងលើសៀវភៅនេះ ហើយមិនត្រូវការការព្យាបាលពីវេជ្ជបណ្ឌិតនោះទេ។ ប្រសិនបើលោកអ្នកមានបញ្ហាសុខភាពណាមិនប្រក្រតី លោកអ្នកនៅតែត្រូវស្វែងរកស្ថាប័នផ្តល់សេវាសុខភាពដែលអាចទុកចិត្តបានដូចគ្នា...ដោយគ្រាន់តែចូលទៅកាន់ ពេលឈឺទៅណា? លោកអ្នកក៏អាចទាញយកបានតាមរយៈ មិត្តគ្រូពេទ្យប្រចាំគ្រួសារ ប្រភព ៖ ទំព័រហ្វេសប៊ុកបន្ទប់ពិគ្រោះជំងឺកុមារវត្តអង្គតាម៉ិញ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សព្វថ្ងៃក្នុងគ្រួសារសម័យថ្មីនីមួយៗតែងមាននូវទូរ ឬក៏ប្រអប់បម្រុងថ្នាំមួយនៅផ្ទះសម្រាប់ប្រើប្រាស់ក្នុងករណីដែលមិនមានពេលវេលាគ្រប់គ្រាន់ទៅរកខាងក្រៅករណីត្រូវការបន្ទាន់ភ្លាមៗ ឬប្រើបណ្តោះអាសន្នមុនពេលទៅជួបជាមួយអ្នកជំនាញ និងកាន់តែសំខាន់ក្នុងករណីដែលពិបាកចេញទៅរកជំនួយ ដូចជាខណៈពេលមានបញ្ហានៅពាក់កណ្តាលយប់ជាដើម។ជាការពិតណាស់ទូរបំរុងថ្នាំពិតជាអាចបង្កភាពងាយស្រួល និងដោះស្រាយនូវបញ្ហាសុខភាពស្រាលៗមួយចំនួនបានភ្លាមៗព្រមទាំងកាត់បន្ថយកត្តាហានិភ័យបានមួយកម្រិតផងដែរ។ទោះជាយ៉ាងណាក៏ដោយមិនមែនទូរបម្រុងទាំងអស់សុទ្ធតែអាចជួយអ្នកបានគ្រប់ពេលនោះទេដូចនេះអ្នកចាំបាច់ត្រូវដឹងចំណុចសំខាន់ៗមួយចំនួនដើម្បីប្រាកដថាទូរថ្នាំរបស់អ្នកតែងតែផ្តល់នូវសារៈប្រយោជន៍ដល់អ្នកនៅពេលដែលអ្នកត្រូវការនិងមិនបង្កផលរំខានណាមួយដល់អ្នកឬគ្រួសារឡើយ។ តើទូរបម្រុងថ្នាំរបស់អ្នកគួរមានផ្ទុកនូវអ្វីខ្លះ? ១.    សំភារៈសង្គ្រោះបឋមដូចជា បង់រុំ កំប្រេសបង់ស្អិត បង់បិទរបួស ដុំសំឡី បន្ទះសំឡីអាល់កុល សម្រាប់រំងាប់មេរោគលឧបករណ៍ ឬស្បែកជុំវិញរបួស ទឹកថ្នាំលាងរបួសសម្លាប់មេរោគឬក្រែមសម្លាប់មេរោគ សេរ៉ូមប្រៃសម្អាតរបួស និងលាងភ្នែកច្រមុះក្រែមប្រឆាំងការរលាក កន្ត្រៃមុត។ • សម្រាប់ប្រើប្រាស់ករណីមានរបួសតូចៗល្មមការរលាកផ្សេងៗ ដែលអាចអនុវត្តការសង្គ្រោះដោយខ្លួនឯងបាន។ ២.    ថ្នាំប្រើប្រាស់ដោយគ្មានវេជ្ជបញ្ជាមួយចំនួនដែលកម្រិត និងទម្រង់ឱសថគួរតម្រូវទៅតាមវ័យរបស់សមាជិកក្នុងផ្ទះដូចជា ថ្នាំបញ្ចុះកំដៅ ថ្នាំបំបាត់ការឈឺចាប់  ថ្នាំបំបាត់អាការៈផ្តាសាយ ថ្នាំរាក ថ្នាំអាល្លែកហ្ស៊ី ថ្នាំបន្សាបអាស៊ីតក្រពះ ក្រែមសម្រាប់សត្វល្អិតខាំ ឬកន្ទួលរមាស់ផ្សេងៗម្សៅសម្រាប់លាយទឹកបង្រ្គប់ ជាតិទឹកនិងរ៉ែ ប្រេងខ្យល់ ប្រេងកូឡា ឬបំពង់ហឺត ស្ករបន្ថយអាការៈឈឺក និងក្អក។ គួរកត់សម្គាល់ថាអ្នកអាចបន្ថែមនូវផលិតផលធម្មជាតិមួយចំនួនសម្រាប់ព្យាបាលផងដែរដូចជា ទឹកឃ្មុំ និងប្រេងរុក្ខជាតិឱសថជាដើម។ • សម្រាប់សម្រួលអាការៈបន្តិចបន្តួច ដែលងាយនឹងកើតមានជាញឹកញាប់។ ៣.    សំភារៈបន្ទាប់បន្សំ • បន្ទះត្រជាក់ សម្រាប់បញ្ចុះកំដៅដែលងាយប្រើប្រាស់ ប្រើបានគ្រប់វ័យ និងគ្រប់ពេល •  ថង់ស្អំទឹកក្តៅ ឬត្រជាក់ និងកៅអៀកសម្រាប់កាត់បន្ថយការឈឺចាប់ ឬចុករោយ • ទែម៉ូម៉ែត្រដែលយកល្អគួរប្រើអេឡិចត្រូនិច ឬឌីជីថលជាជាងទែម៉ូមែត្របារត ចៀសវាងការបែកបាក់បង្ករបួស និងពិសេសគឺការប៉ះពាល់ជាមួយជាតិបារតដែលអាចបង្កមហន្តរាយដល់សុខភាពយ៉ាងខ្លាំង • ឧបករណ៍វាស់កម្រិតសម្ពាធឈាម ឬជាតិស្ករប្រសិនសមាជិកគ្រួសារមានជំងឺប្រភេទនេះ • ស៊ឺរ៉ាំង ឬឧបករណ៍សម្រាប់បឺតសំបោរប្រសិនមានក្មេងតូចៗ • ស្ព្រៃយន៍បាញ់ទឹករ៉ែដែលមានមុខងារច្រើនដូចជាបន្ថយការរលាក សម្លាប់មេរោគ កន្ទួលរោលនានា។ តើគួររក្សាទុកទូរ ឬប្រអប់ថ្នាំនេះនៅកន្លែងណា? ការដាក់នៅកន្លែងត្រឹមត្រូវគឺដើម្បីធានាបាននូវគុណភាពសំភារៈនិងថ្នាំដែលរក្សាទុកនៅក្នុងនោះ ក៏ដូចជាធានានូវសុវត្ថិភាពក្នុងការប្រើប្រាស់ហើយចៀសវាងគ្រោះថ្នាក់ដោយសារការលេងរបស់ក្មេង និងជាពិសេសដើម្បីបង្កភាពងាយស្រួលក្នុងការទៅរកបានភ្លាមៗដោយមិនបាច់ចំណាយពេលរកយូរ។ ជាទូទៅ កន្លែងដែលរក្សាទុក ទូរឬប្រអប់សង្រ្គោះបន្ទាន់គឺក្នុងផ្ទះបាយព្រោះជាកន្លែងដែលអាចមានបញ្ហាបង្ករបួសផ្សេងៗ ឬរលាកញឹកញាប់តែងាយប្រឈមនឹងកំដៅនិងសំណើមដូចនេះត្រូវរកតំបន់ដែលមានសុវត្ថិភាព ចៀសផុតពីបញ្ហាទាំងនេះ ឬយកល្អអាចដាក់នៅកន្លែងសមរម្យណាមួយដែលងាយនឹងទៅដល់ដូចជាធ្នើក្នុងបន្ទប់គេងជាដើម។ លក្ខខណ្ឌក្នុងការទុកដាក់ទូរថ្នាំ អ្នកត្រូវប្រាកដថាវាស្ថិតនៅកន្លែងណាមួយជាក់លាក់មិនប្តូរចុះឡើងដើម្បីចៀសវាងការភ្លេច ឬច្រលំនាំឲ្យខាតពេលវេលាក្នុងការរកក៏ដូចជាការជួយសង្គ្រោះ។ ម្យ៉ាងទៀតវាត្រូវស្ថិតនៅកម្ពស់ផុតពីការឈោងដល់របស់ក្មេង ផុតពីពន្លឺថ្ងៃ និងសំណើមជាពិសេសត្រូវរក្សាភាពស្អាត និងគួរបន្ថែមរូបសញ្ញាបូក ឬអក្សរសសេរបញ្ជាក់ពីលើទូរនោះដើម្បីឲ្យអ្នកគ្រប់គ្នាបានដឹង។ ដោយឡែកអ្នកត្រូវប្រាកដថាអ្នកបានចំណាយពេលគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យទូរ ឬប្រអប់បម្រុងថ្នាំឲ្យទៀងទាត់ដើម្បីដឹងថា តើរបស់ណាមួយដែលហួសការកំណត់ខូចខាត ឬមានការខ្វះខាតណាមួយដើម្បីធ្វើការបង្គ្រប់វិញ។ ជាជំនួយអ្នកគួរបង្កើតជាបញ្ជីមួយសម្រាប់ផ្ទៀងផ្ទាត់ដើម្បីឲ្យការត្រួតពិនិត្យមានប្រសិទ្ធភាពងាយស្រួលនិងឆាប់រហ័ស។ ត្រូវចងចាំថាទូរថ្នាំរបស់អ្នកអាចជួយអ្នកបានដរាបណាអ្នកយកចិត្តទុកដាក់លើចំនុចសំខាន់ៗខាងលើប៉ុន្តែវាអាចត្រឹមតែជួយឲ្យចៀសផុតពីបញ្ហាសុខភាពដែលមានកម្រិតស្រាលប៉ុណ្ណោះ។ ប្រសិនបើអ្នក ឬសមាជិកគ្រួសារមានបញ្ហាគ្រោះថ្នាក់ណាមួយដែលមានលក្ខណៈធ្ងន់ធ្ងរ ឬលើសពីការគ្រប់គ្រងរបស់អ្នក  អ្នកចាំបាច់ត្រូវប្រញាប់ទៅជួប ឬយ៉ាងហោចណាស់ទូរស័ព្ទទៅអ្នកជំនាញ ឬគ្រូពេទ្យជាបន្ទាន់ចៀសវាងការអនុវត្តណាមួយដែលមិនប្រកដប្រជាដោយខ្លួនឯង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

«ឮ ១០ដងមិនស្មើបានឃើញម្ដង ឃើញ១០ដង មិនស្មើបានធ្វើម្ដង» ពីរៀមច្បងម្នាក់នៅក្នុងវិស័យវេជ្ជសាស្ត្រ ផ្នែករោគស្រ្តី។ ទោះយ៉ាងណា មុននឹងឈានដល់ការសាកល្បងផ្ទាល់នូវបទពិសោធន៍នេះ អ្នកក៏គួរតាមដាននូវការចែករំលែកល្អៗអំពីរៀមច្បងដែលបានឆ្លងកាត់មុន ផងដែរទើបជាការប្រសើរ។ សូមណែនាំឲ្យស្គាល់ កញ្ញា វ៉ាន់ សិរីវឌ្ឍនា  ជាកូនស្រីច្បង នៅក្នុងចំណោមបងប្អូន ៤នាក់ និងជាអតីតនិស្សិតអាហារូបករណ៍មុខជំនាញផ្នែកវេជ្ជសាស្រ្ដនៅសាកលវិទ្យាល័យសុខាភិបាល និងមុខជំនាញផ្នែកច្បាប់នៅសាកលវិទ្យាល័យកម្ពុជា ហើយក៏ជានិស្សិតឯកទេសផ្នែកសម្ភពបរិហាវិទ្យា និងរោគស្រ្ដីផងដែរក្រោយពីឆ្លងកាត់ ការប្រឡងជាប់ជាស្ថាពរនូវការជ្រើសរើសឲ្យចូលរៀនបន្តផ្នែកឯកទេសរៀបចំឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាលនាឆ្នាំ២០១៥។ កម្លាំងជំរុញចិត្តក្នុងការជ្រើសរើសមុខជំនាញរោគស្រ្តី ការសម្រេចចិត្តជ្រើសរើសជំនាញមួយនេះមិនមែនជារឿងចៃដន្យ ឬជាការចង់បានតាមមិត្តភក្ដិឡើយ។ កត្តាសំខាន់ពីរយ៉ាងដែលជំរុញឲ្យចាប់ យកជំនាញមួយនេះគឺ ទី១ ដោយសារតែការស្រលាញ់របស់ខ្លួន និងទី២ គឺជាការជំរុញពីក្រុមគ្រួសារ។ ដោយឡែក ដោយសារតែសង្កេតឃើញថា ខ្លួនឯងផ្ទាល់តែងតែយកចិត្តទុកដាក់ខ្លាំងចំពោះរាល់មេរៀនដែលទាក់ទងនឹងជំនាញនេះខ្លាំងដូចជា ការអានមេរៀនទុកមុនជានិច្ច ការតាមដាន ក៏ដូចជាភាពសកម្មនៅរាល់​ពេលម៉ោងបង្រៀនរបស់លោកគ្រូអ្នកគ្រូ ក៏ដូចជា​សាស្រ្ដាចារ្យនៅក្នុងថ្នាក់ និងការសាកសួរនូវរាល់ ចម្ងល់ក្រោយពេលបញ្ចប់ការបង្រៀន ជាពិសេសរាល់ពេលទំនេរ សកម្មភាពដែលមិនសូវខកខានគឺ ការស្វះស្វែងរកសៀវភៅ និងឯកសារ អានបន្ថែមក្នុងបណ្ណាល័យឬតាមរយៈអ៊ីនធឺណែតដើម្បីបំពេញការយល់ដឹងបន្ថែមទាក់ទងនឹងជំនាញដដែលនេះហើយ ទើបមុខជំនាញនេះ ត្រូវបានជ្រើសរើសជាជំនាញនៅថ្ងៃអនាគត។ ចំពោះកត្តាទី២គឺជាកត្តាគ្រួសារ ដែលជាផ្នែកមួយ យ៉ាងសំខាន់ក្នុងដំណើរជីវិតប្រចាំថ្ងៃ និងជីវិតសិក្សារហូតដល់សព្វថ្ងៃ។​ អាចនិយាយបានថា ការងារប្រចាំថ្ងៃរបស់ពួកគាត់រវល់យ៉ាងណាក៏ដោយ ក៏លោកឪពុក និងអ្នកម្តាយ របស់ខ្ញុំតែងតែឆ្លៀតពេលយកចិត្តទុកដាក់តាមដានការសិក្សារបស់កូនៗ និងជាមគ្គទេសក៍ត្រួសត្រាយផ្លូវដើររបស់កូនៗដោយមិនបង្ខិតបង្ខំ។ ផ្ទុយទៅវិញ ពួកគាត់តែងតែយកចិត្តទុកដាក់ចំពោះកូនៗពោរពេញទៅដោយការស្រលាញ់ និងការលើកទឹកចិត្តគ្រប់ពេល។ ដំណើរឆ្ពោះទៅរកការសម្រេចគោលដៅជាគ្រូពេទ្យរោគស្រ្តី  ជាធម្មតា ដើម្បីសម្រេចគោលដៅអ្វីមួយដែលយើងប្រាថ្នាចង់បានមិនមែនជាការងាយស្រួលស្រាប់ហើយ ឧបសគ្គតែងតែកើតមានជានិច្ច មុនពេលទៅដល់គោលដៅមួយនោះ។ ចំពោះគោលដៅនេះផ្ទាល់ ក៏មានការជួបប្រទះនឹងការលំបាកជាច្រើនដូចគ្នា មិនថាជាការសម្រប ខ្លួនទៅនឹងបរិយាកាសការងារ ព្រមទាំងការយកទ្រឹស្ដីមកអនុវត្តជាមួយអ្នកជំងឺជាក់ស្ដែងនៅក្នុងមន្ទីរពេទ្យ ដែលប្រៀបប្រដូចបាននឹងពាក្យ មួយឃ្លាដែលគេតែងនិយាយថា «ឮ ១០ដងមិនស្មើបានឃើញម្ដង ឃើញ១០ដង មិនស្មើបានធ្វើម្ដង»។ បទពិសោធន៍ជាគន្លឹះនៃការដើរទៅមុខដោយជោគជ័យ តាមរយៈការឆ្លងកាត់ភាពលំបាក និងឧបសគ្គកន្លងមក មានគំនិតយោបល់មួយចំនួនអាចក្លាយទៅជាទុនទុកចែករំលែកដល់ប្អូនៗ ជំនាន់ក្រោយដែលកំពុងចាប់យកជំនាញមួយនេះ។ ចំណុចចម្បង គឺភាពឈ្លាសវៃក្នុងការបត់បែនតាមកាលៈទេសៈ ជាពិសេសការ សម្របខ្លួនទៅនឹងបរិយាកាសការងារនៅមន្ទីរពេទ្យ។ សំខាន់ជាងនេះទៅទៀតគឺ ការចេះលើកទឹកចិត្តខ្លួនឯងរាល់ពេលដែលជួបបញ្ហាទាក់ទង នឹងការប្រលង ឬកំឡុងពេលចុះកម្មសិក្សានៅមន្ទីរពេទ្យ។ សុខ​ភាព ក៏ជាកត្តាមួយដែលមិនអាចមើលរំលងដូចគ្នា ព្រោះការចុះខ្សោយសុខភាព អាចនឹងបណ្តាលឲ្យងាយឆ្លងជំងឺផ្សេងៗ។ ម្យ៉ាងទៀត ការនឿយហត់ ការគេងមិនបានស្កប់ស្កល់ ក៏អាចនឹងជួបប្រទះក្នុងកំឡុងពេលថ្ងៃយាម ផងដែរ។ បន្ថែមពីនេះ កុំភ្លេចរំលឹកខ្លួនឯងគ្រប់ពេលថាឱកាសនៃការក្រេបយកទាំងចំណេះទ្រឹស្ដី និងការអនុវត្ត យើងទាំងអស់គ្នានឹងទទួលបាន បើទោះជាពេលនេះមិនទាន់មានឱកាស តែពេលក្រោយៗនឹងមានឱកាស ព្រោះគ្មាននរណាម្នាក់អាចបង្អាក់ការចង់ចេះចង់ដឹងរបស់យើងបាន ឡើយ ដរាបណាយើងខ្លួនឯងមិនបោះបង់វាចោល។ ពេលទំនេរគឺពេលវេលារបស់អ្នក និងអនាគត សម្រាប់ពេលទំនេរពីការសិក្សា និងការចុះកម្មសិក្សា ការរៀនបន្ថែមផ្នែក​ភាសាបរទេសដូចជាភាសាបារាំង និងភាសាអង់គ្លេសក៏ជាកត្តាមួយ ដែលមិនគួរមើលរំលងដាច់ខាត ព្រោះឯកសារដែលរៀននៅក្នុងថ្នាក់ និងឯកសារដែលស្រាវជ្រាវក្នុងអ៊ីនធឺណែត ព្រមទាំងសៀវភៅមួយចំនួន សរសេរឡើងជាភាសាបរទេស។ ស្របពេលដែលបច្ចុប្បន្ន ពិភពលោកមានទំនោរទៅរកសកលរូបនីយកម្ម ដូច្នេះភាសាជាយានមួយយ៉ាងសំខាន់ ក្នុងការប្រាស្រ័យទាក់ទងគ្នា ដូចជាការចូលរួមសិក្ខាសាលាអន្តរជាតិ     ឱកាសការងារ និងឱកាសទទួលបានអាហារូបករណ៍នៅបរទេស។ មិនត្រឹមតែប៉ុណ្ណោះ ការសិក្សាឲ្យចេះកាន់តែច្បាស់ និងប្រកបដោយទំនុកចិត្តផ្នែកជំនាញវេជ្ជសាស្រ្ដ មិនទាន់គ្រប់គ្រាន់នៅឡើយទេ ការយល់ដឹង ឲ្យបានកាន់តែទូលំទូលាយផ្នែកចំណេះដឹងទូទៅ សង្គម​ វប្បធម៌ សេដ្ឋកិច្ច នយោបាយជាតិ និងអន្តរជាតិជាផ្នែកមួយដែលយើងមិនអាចព្រងើយ កន្តើយបានឡើយ។ កំណត់យ៉ាងច្បាស់នូវក្តីប្រាថ្នាទៅថ្ងៃអនាគតរួចជាស្រេច ក្រោយពេលបញ្ចប់ការសិក្សា បំណងពីរដែលសំខាន់សម្រាប់អនាគត ក្នុងនោះដំបូងគឺជាការទទួលបានការងារមួយដែលសមរម្យដើម្បីមាន ឱកាសយកជំនាញដែលជាការស្រលាញ់នេះទៅជួយព្យាបាលដល់អ្នកជំងឺកម្ពុជាទាំងអស់។ បន្ទាប់ពីនោះ គឺជាការចែករំលែកចំណេះដឹងដែលបាន រៀនសូត្រ និងអនុវត្តកន្លងមកដល់ប្អូនៗជំនាន់ក្រោយ ជាពិសេសការផ្ដល់ឱកាសក្នុងការអនុវត្តឲ្យបានច្រើន និងការលើកទឹកចិត្តឲ្យពួកគាត់ ក្លាយជាគ្រូពេទ្យដែលប្រជាជនកម្ពុជាផ្ដល់ទំនុកចិត្តឲ្យបានទាំងអស់គ្នា។ "ជាការផ្តាំផ្ញើដល់ប្អូនៗដែលមានបំណងចង់ចូលរៀនផ្នែកនេះម្តងទៀត គឺទី ១ សូមយកចិត្តទុកដាក់លើមេរៀនទ្រឹស្ដី និងស្រាវជ្រាវបន្ថែមដែលវា ទាំងនោះជាមូលដ្ឋានគ្រឹះ ដើម្បីអាចប្រលងជាប់បាន ទី២ សូមឆ្លៀតពេលខ្លះចុះកម្មសិក្សាផ្នែកជំនាញដែលខ្លួនមានបំណងចង់បានដើម្បីជា ដើមទុននៅពេលខ្លួនក្លាយទៅជានិស្សិតឯកទេស និងអាចចៀសពីការលំបាកខ្លះផងដែរ។ ទី៣ អ្វីៗគ្រប់យ៉ាងផ្ដើមចេញពីការស្រលាញ់ និង ការជំរុញរបស់មនុស្សសំខាន់ជុំវិញខ្លួន ដូច្នេះការខិតខំសម្រេចគោលដៅនឹងសម្រេចបាន។ ជាទីបញ្ចប់ ត្រូវខិតខំបង្កើនសមត្ថភាពទាំងអស់គ្នា ដើម្បីទទួលបានទីផ្សារការងារ និងជំនឿចិត្តពីអ្នកជំងឺក្នុងកាលៈទេសៈដែលប្រទេសមានទំនោរទៅរកសមាហរណកម្មក្នុងតំបន់បែបនេះ។"   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ការរស់នៅប្រចាំថ្ងៃ អ្នកក៏គង់មិនអាចចៀសផុតពីការប៉ះទង្គិច ឬគ្រោះថ្នាក់តូចតាច ដែលទាមទារឲ្យអ្នកយ៉ាងហោចណាស់ដឹងពីវិធីសាស្រ្តសង្គ្រោះបន្ទាន់ខ្លះៗ។ វិធីសង្គ្រោះបឋមទាំងនោះ ពិតជាសំខាន់សម្រាប់ជាជំនួយភ្លាមៗក្នុងកំឡុងពេលរង់ចាំរថយន្តសង្គ្រោះបន្ទាន់ ឬនៅពេលដែលមិនមានវត្តមានអ្នកជំនាញនៅជិតខ្លួន។ យ៉ាងណាមិញ តើអ្នកច្បាស់ទេថាអ្វីដែលអ្នកធ្លាប់បានអនុវត្តកន្លងមកនោះពិតជាត្រឹមត្រូវ ឬយ៉ាងណា? ៩ ចំណុចខាងក្រោមសុទ្ធសឹងតែជាកំហុស ដែលត្រូវបានប្រព្រឹត្តិជាញឹកញាប់ ដែលអ្នកអាចនឹងស្វែងយល់ថាជាកំហុសអ្វីខ្លះ? ហើយអ្នកគួរអនុវត្តបែបណា ដើម្បីកែប្រែទម្លាប់ខុសទាំងនោះ?  ១. ព្យាបាលរបួសដោយ hydrogen peroxide, iodine និងអាល់កុល? វិធីសាស្រ្តនេះគឺមិនត្រឹមតែមិនអាចជួយអ្នកបាននោះទេវាថែមទាំងអាចបណ្តាលឲ្យបំផ្លាញកោសិកាល្អៗដែលនៅជិតរបួសអ្នក ក៏ដូចជាផ្តល់ការឈឺចាប់ ការរលាកដល់របួសអ្នកកាន់តែធ្ងន់ធ្ងរទៀតផង។ ចៀសវាងព្យាបាលដោយសារធាតុខាងលើ អ្នកគួរលាងសម្អាតរបូសរបស់អ្នកដោយទឹកសុទ្ធ ឬទឹកឆ្អិន រួចលាបជាមួយពពួកប៉ូម៉ាតដែលមានសារធាតុថ្នាំផ្សះ (Ointment) ហើយអ្នកអាចបិទបង់ (bandage) បន្ថែមតែនៅក្នុងករណីដែលចាំបាច់តែប៉ុណ្ណោះ ពីព្រោះរបូសរបស់អ្នកអាចនឹងមានសំណើមច្រើន ពិបាកក្នុងការជាសះស្បើយ។  ២. ចលនាសង្កត់បេះដូង? ចលនានេះអាចចូលរួមចំណែកខូចខាតដល់ឆ្អឹងជំនី ដែលបណ្តាលឲ្យប៉ះពាល់ដល់សួត និងបេះដូង ប្រសិនអ្នកមិនច្បាស់ពីការអនុវត្តឲ្យបានត្រឹមត្រូវ។ ចលនាសង្កត់បេះដូង អាចធ្វើទៅបានលុះត្រាតែអ្នកច្បាស់ថាជនរងគ្រោះពុំមានដង្ហើមដកទាល់តែសោះ ហើយចង្វាក់នៃការសង្កត់គឺ ១០០ដងក្នុងមួយនាទីចំណែកករណីទារកអ្នកត្រូវសង្កត់ដោយប្រើតែកម្លាំងម្រាមដែតែប៉ុណ្ណោះ។  ៣. Paracetamol អាចបណ្តាលឲ្យមានបញ្ហាថ្លើម? ថ្នាំ ប៉ារ៉ាសេតាម៉ុល ត្រូវបានគេប្រើប្រាស់យ៉ាងមានប្រជាប្រិយភាពសម្រាប់បំបាត់អាការៈឈឺចាប់ និងឡើងកម្តៅ ប៉ុន្តែប្រសិនអ្នកប្រើប្រាស់ច្រើនលើសកម្រិតនោះ វាអាចបណ្តាលឲ្យថ្លើម និងតម្រងនោមមានការចុះខ្សោយ។ អ្នកត្រូវចាប់អារម្មណ៍ និងវាស់កម្រិតថ្នាំដែលអ្នកនឹងត្រូវប្រើប្រាស់ ដោយកម្រិតធំបំផុតសម្រាប់មនុស្សពេញវ័យគឺ ៤ ក្រាម ក្នុងមួយថ្ងៃ។  ៤. កុំងើយឡើងលើ ពេលឈាមច្រមុះ? ការងើយឡើងលើពេលឈាមច្រមុះ មើលទៅហាក់ដូចជាវិធីមួយត្រឹមត្រូវ ដែលតែងតែត្រូវបានគេអនុវត្តជារឿយៗ ប៉ុន្តែតាមពិតវាជាកំហុសឆ្គងមួយ ដោយហេតុថាការអនុវត្តបែបនេះ អាចធ្វើឲ្យសម្ពាធឈាមនៅក្នុងខួរក្បាលរបស់អ្នកកាន់តែអាចកើនឡើង បណ្តាលឲ្យឈាមអាចចូលទៅក្នុងសួត ឬអាចបណ្តាលឲ្យក្អួត។ យកល្អអ្នកគួររក្សាលំនឹងក្បាលរបស់អ្នកឲ្យត្រង់ រួចធ្វើការស្អំច្រមុះរបស់អ្នកជាមួយដុំទឹកកក ហើយប្រើម្រាមដៃទប់លំហូរឈាមនោះ ក្នុងរយៈពេល ១៥នាទី។     ៥. ការទាញជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍? ភាគច្រើននៃការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ជនរងគ្រោះតែងតែប៉ះទង្គិចនៅត្រង់ក និងឆ្អឹងខ្នង ចំណែកការសង្គ្រោះភ្លាមៗដោយការលើក ឬផ្លាស់ប្តូរទីតាំងរបស់ជនរងគ្រោះ ដែលជាការបង្ហាញពីទឹកចិត្តជួយសង្គ្រោះនោះ ផ្ទុយទៅវិញវារឹតតែបណ្តាលឲ្យការប៉ះពាល់កាន់តែមានភាពធ្ងន់ធ្ងរ និងបណ្តាលឲ្យស្លាប់ក៏ថាបាន។ ចំពោះការអនុវត្តដែលត្រឹមត្រូវ ក្នុងស្ថានការណ៍បែបនេះ អ្នកគួរតែឆាប់ទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ ហើយតាមដានចង្វាក់ដង្ហើមរបស់ជនរងគ្រោះ។  ៦. ការលេបថ្នាំធ្វើឲ្យក្អួត ពេលមានអាការៈពុល? ឱសថដែលមានសកម្មភាពធ្វើឲ្យក្អួត ដែលត្រូវបានគេប្រើដើម្បីព្យាបាល ដោយវាអាចបញ្ជេញសារធាតុពុលពីក្នុងក្រពះនោះអ្នកមិនត្រូវប្រើប្រាស់វាដោយខ្លួនឯងក្នុងករណីដែលអ្នកត្រូវបានពុលនឹងអ្វីមួយ ដោយយល់ច្រឡំថាវានឹងអាចជួយអ្នកបាននោះទេ។ ការប្រើប្រាស់ថ្នាំប្រភេទនេះអាចបណ្តាលឲ្យរលាកបំពង់អាហារ និងរឹតតែបណ្តាលឲ្យជាតិពុលមានលទ្ធភាពជ្រាបចូលក្នុងសួតរបស់អ្នកទៀតផង។ អ្វីដែលអ្នកគួរធ្វើ ត្រូវទាក់ទងរថយន្តសង្គ្រោះបន្ទាន់ឲ្យបានឆាប់ ហើយធ្វើការកំណត់សារធាតុដែលជាដើមចមក្នុងការធ្វើឲ្យពុល និងរោគសញ្ញាដែលកើតមាន។  ៧. ការឃាត់ឈាម ដោយការចង? ការចង នៅកន្លែងដែលមានរបួស ក្នុងគោលបំណងដើម្បីទប់ឈាម មិនមែនជាការអនុវត្តដើម្បីភាពធូរស្បើយនោះទេ វាអាចបង្កជាផលវិបាកកាន់តែធ្ងន់ធ្ងរ ដោយវាបានទៅរារាំងលំហូរឈាម ធ្វើឲ្យជាលិកាងាប់ដោយកង្វះការចិញ្ចឹមពីឈាម។ អ្នកគួរចៀសវាងទង្វើនេះដោយជំនួសវិញដោយយកសំឡី ឬក្រណាត់ស្អាតធ្វើការខ្ទប់មុខរបួសឲ្យជិត ក្នុងរយៈពេលរង់ចាំការព្យាបាលពីអ្នកជំនាញ។  ៨. ការយកស្លាបព្រាដាក់ក្នុងមាត់ ចំពោះអ្នកមានជំងឺប្រកាច់? ការអនុវត្តនេះ អាចធ្វើឲ្យអ្នកជំងឺឈ្លក់ដោយសារមានស្លាបព្រានៅក្នុងមាត់ ឬលេបចូលទៅក្នុងខ្លួននៅពេលមានវត្ថុផ្សេងទៀត។ ជាទូទៅអ្នកជំងឺប្រភេទនេះអាចមានការកន្ត្រាក់ដោយមិនអាចគ្រប់គ្រងបាន ប៉ុន្តែអាការៈប្រកាច់នេះ គឺមានកម្រិត ហើយធម្មជាតិនៃរចនាសម្ព័ន្ធក្នុងខ្លួនមនុស្ស គឺមិនមានលទ្ធភាពខាំ និងលេបអណ្តាតដោយខ្លួនឯងនោះទេ។  ដូច្នេះប្រសិនអ្នកជួបប្រទះស្ថានភាពបែបនេះ អ្នកគួរស្វែងរកសេវាព្យាបាលពីអ្នកជំនាញ ហើយក្នុងកំឡុងពេលរង់ចាំត្រូវប្រាកដថាមិនមានវត្ថុអ្វីនៅជុំវិញអ្នកជំងឺ និងត្រូវតាមដានចង្វាក់ដង្ហើមរបស់អ្នកជំងឺ។   ៩. ការបឺតពិសសត្វពស់? ប្រសិនអ្នកត្រូវបានពស់ចឹក ការបឺតពិសមិនមែនជាការសង្គ្រោះនោះទេ ផ្ទុយទៅវិញជាតិពិសនោះអាចនឹងមានប្រតិកម្មជាមួយទឹកមាត់របស់អ្នកជាហេតុបណ្តាលឲ្យមានការហើមសួត និងបេះដូងចុះខ្សោយ។ អ្វីដែលអ្នកគួរធ្វើ គឺត្រូវផ្តេកខ្លួនឲ្យត្រង់ ដើម្បីឲ្យទីតាំងនៃមុខរបូសនៅក្រោម និងឆ្ងាយពីបេះដូងរួចធ្វើការស្វែងរកសេវាពីអ្នកជំនាញឲ្យបានឆាប់ និងបន្តផឹកទឹកឲ្យបានច្រើន។  ប្រភព៖ Bright side  © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ជាទូទៅ មធ្យោបាយដើម្បីដឹងថាមានផ្ទៃពោះគឺ ប្រាកដណាស់ថាជាការធ្វើតេស្ត។ ទន្ទឹមនឹងនេះ យើងក៏អាចសម្គាល់ទៅលើរោគសញ្ញាដំបូងមួយ ចំនួនរបស់ស្រ្តីដែលកំពុងមានផ្ទៃពោះផងដែរ។  ការមានផ្ទៃពោះតែងតែស្តែងចេញនូវរោគសញ្ញាផ្សេងៗគ្នាពីស្រ្តីមា្នក់ទៅស្រ្តីម្នាក់ ហើយពីកូនដំបូងទៅកូនបន្ទាប់។ ដោយរោគសញ្ញាខ្លះវាតែងតែ កើតឡើងរួចទៅហើយក្នុងអំឡុងពេលដែលស្រ្តីមានរដូវ ដែលធ្វើឲ្យមានការពិបាកក្នុងការកត់សម្គាល់។ រោគសញ្ញាមួយចំនួនទៀតសោត ក៏អាច មានលក្ខណៈស្រដៀងទៅនឹងអាការៈជំងឺមួយចំនួនទៀតផង។ វាអាចបណ្តាលអោយច្រឡំគ្នាទៅនឹងការមានផ្ទៃពោះ។ ដូច្នេះ មធ្យោបាយ​ដែលពិត ប្រាកដ នៅតែជាការធ្វើតេស្តដដែល។ ខាងក្រោមនេះគឺជារោគសញ្ញាដែលតែងតែកើតមានចំពោះស្រ្តីមានផ្ទៃពោះ៖ ការធ្លាក់ឈាម និងឈឺចាប់ រយៈពេល ២ ឬ ៣ ថ្ងៃបន្ទាប់ពីការបង្កកំណើត ស៊ុតចាប់ផ្តើមរំកិលខ្លួនទៅក្នុងតួស្បូន និងធ្វើការកាច់សំបុក។ វាក៏បានស្តែងចេញនូវរោគសញ្ញា ដំបូង គឺមានការឈឺចាប់តិចតួច និងការធ្លាក់ឈាមតិចៗ (implantation bleeding)ដែលធ្វើឲ្យមានការច្រឡំទៅនឹងការមករដូវរបស់ ស្រ្តី។  វាកើតឡើងគ្រប់ពេលចន្លោះពីថ្ងៃទី ៦ទៅ ១២ ក្រោយការកាច់សំបុក។ ដោយសារមានការឈឺចាប់តិចៗ និងការធ្លាក់ឈាមមានតិចតួច ដែលធ្វើឲ្យស្រ្តីទូទៅគិតថាជាការមករដូវ។ ក្រៅពីការធ្លាក់ឈាម ស្រ្តីគួរតែសម្គាល់ទៅលើទឹករំអិលពណ៌ ស អន្លាយៗដែលហូរចេញពីទ្វារមាសដែល បញ្ជាក់ពីការរីកក្រាស់របស់ជញ្ជាំងស្បូន។ វាកើតឡើងតាំងពីពេលមានការកាច់សំបុក ហើយការរីកក្រាស់របស់កោសិកាជញ្ជាំងស្បូនបង្កើតឲ្យមាន ជាតិទឹករំអិលពណ៌ ស (ធ្លាក់ស) ។ ទឹករំអិលនេះទៀតសោត កើតមានជានិច្ចក្នុងអំឡុងពេលមានផ្ទៃពោះ និងមិនបង្កឲ្យមានបញ្ហាអ្វីនោះទេ ហើយក៏មិនត្រូវធ្វើការព្យាបាលអ្វីដែរ។ ប៉ុន្តែ ប្រសិនបើទឹករំអិលនេះមានក្លិនមិនល្អ បង្កឲ្យមានអារម្មណ៍រមាស់ និងរលាកត្រូវទៅជួបគ្រូពេទ្យដើម្បី បញ្ជាក់ពីមូលហេតុដែលបង្ក អាចមកពីផ្សិត ឬបាក់តេរី។  ការប្រែប្រួលទំហំដើមទ្រូង ការប្រែប្រួលទំហំដើមទ្រូងជាសញ្ញាមួយផ្សេងទៀតដែលអាចបញ្ជាក់ពីការមានផ្ទៃពោះ។ ការកើនឡើងនូវកម្រិតអ័រម៉ូនរបស់ស្រ្តីយ៉ាងឆាប់រហ័ស បន្ទាប់ពីមានការបង្កកំណើត ធ្វើឲ្យទំហំដើមទ្រូងមានការរីកធំ ឈឺស្រគៀល និងតឹងណែន ហើយមានអារម្មណ៍ធ្ងន់ៗ។ ចំណែកចុងសុដន់ប្តូរពី ពណ៌ត្នោតទៅជាពណ៌ក្រម៉ៅ។ វាតែងតែកើតឡើងនៅសប្តាហ៍ទី១ ឬ២ បន្ទាប់ពីការបង្កកំណើត។ បើការប្រែប្រួលនេះជាសញ្ញាដំបូងនៃការមាន ផ្ទៃពោះ អាការៈត្រូវមានរយៈពេល ២ទៅ ៣សប្តាហ៏ដើម្បីស៊ាំនឹងការកើតឡើងនូវកម្រិតអ័រម៉ូននេះ។ ប៉ុន្តែ បើអាការៈនៅតែបន្ត យើងគួរតែជួប គ្រូពេទ្យ។ ភាពល្ហិតល្ហៃ ភាពល្ហិតល្ហៃតែងតែកើតមានឡើងចំពោះស្រ្តីមានផ្ទៃពោះ ចាប់តាំងពីសប្តាហ៍ដំបូងនៃការបង្កកំណើត។ វាកើតឡើងដោយសារតែអ័រម៉ូន (progesterone) មានកម្រិតខ្ពស់ហើយក៏អាចបណ្តាលមកពីបញ្ហាផ្សេងទៀតដូចជា ខ្វះជាតិស្ករក្នុងឈាម សម្ពាធឈាមចុះទាប និងការ ផលិតគ្រាប់ឈាមមិនគ្រប់គ្រាន់។ ប្រសិនបើភាពល្ហិតល្ហៃជាសញ្ញានៃការមានផ្ទៃពោះ យើងគប្បីសម្រាកឲ្យបានច្រើន និងញុំាអាហារដែលសម្បូរ ដោយប្រូតេអ៊ីន និងសារធាតុដែក។ ក្អួតចង្អោរ (ពេលព្រឹក) ការក្អួតចង្អោរគឺជាសញ្ញាញឹកញាប់ដែលកើតមានឡើងចំពោះស្រ្តីនៅអំឡុងពេលមានផ្ទៃពោះ។ ប៉ុន្តែវាមិនបានកើតឡើងគ្រប់ស្រ្តីមានផ្ទៃពោះនោះ ទេ។ មិនមានមូលហេតុច្បាស់លាស់ណាមួយដែលបញ្ជាក់ពីការក្អួតចង្អោរនេះទេ ប៉ុន្តែវាអាចបង្កដោយអ័រម៉ូនអំឡុងពេលមានផ្ទៃពោះតែប៉ុណ្ណោះ។ ការក្អួតចង្អោរតែងតែកើតមានគ្រប់ពេលទាំងអស់ ប៉ុន្តែភាគច្រើនគឺនៅពេលព្រឹក។ ស្រ្តីមួយចំនួនអាចទ្រាំទ្របាន និងមួយចំនួនទៀតមិនអាច ទ្រាំទ្របានទេអាស្រ័យលើរបបអាហារពេលដែលគាត់ញុំាក្នុងអំឡុងពេលមានផ្ទៃពោះ។ អាការៈនេះអាចបាត់ទៅវិញនៅសប្តាហ៍ទី១៣ ឬ១៤ (៣ ខែ ទៅ ៣ខែកន្លះ)។ ក្នុងអំឡុងពេលនេះ ស្រ្តីទាំងអស់គប្បីញុំាអាហារណាដែលល្អចំពោះសុខភាព អាចឲ្យទារកលូតលាស់បានល្អ និងទទួលបាន នូវសារជាតិចិញ្ចឹមគ្រប់គ្រាន់។ ក្នុងករណីនេះ ស្រ្តីគួរទៅជួបគ្រូពេទ្យដើម្បីពិភាក្សាពីរឿងនេះ។ ការបាត់រដូវ ការបាត់រដូវគឺជាសញ្ញាទី ១ ដែលជាក់លាក់របស់ស្រ្តីអាចបញ្ជក់ថាមានផ្ទៃពោះយ៉ាងពិតប្រាកដ។ ប៉ុន្តែមិនមានន័យថាការបាត់រដូវ ឬរដូវមកយឺត ទាំងអស់សុទ្ធតែជាមូលហេតុនៃការមានផ្ទៃពោះនោះទេ។ ស្រ្តីមួយចំនួនក៏អាចជួបប្រទះនឹងការធ្លាក់ឈាមក្នុងអំឡុងពេលមានផ្ទៃពោះនេះដែរ។ ប្រសិនក្នុងករណីនេះ ស្រ្តីគួរតែទៅជួបគ្រូពេទ្យដើម្បីយល់ដឹងពីមូលហេតុនៃការធ្លាក់ឈាមនេះ ថាតើវាជាការធ្លាក់ឈាមធម្មតាឬក៏ជាសញ្ញា អាសន្ន។ ចំពោះការបាត់រដូវនេះក៏មានមូលហេតុផ្សេងទៀតផងដែរក្រៅពីការមានផ្ទៃពោះ ដូចជាការឡើងគីឡូ ឬស្រកគីឡូពេក បញ្ហា បម្រែបម្រួលអ័រម៉ូន ភាពល្ហិតល្ហៃ ស្រេ្តសជាដើម។ ការបាត់រដូវនេះក៏អាចបណ្តាលមកពីស្រ្តីដែលធ្លាប់លេបថ្នាំពន្យារកំណើត ប៉ុន្តែបានផ្អាកការ លេបថ្នាំវិញ។ សញ្ញាដំបូងផ្សេងៗទៀត៖ -ការនោមញឹក ៖ ស្រ្តីតែងតែមានអាការៈនេះនៅចន្លោះសប្តាហ៍ទី ៦-៨ បន្ទាប់ពីមានការបង្កកំណើត ដោយសារការកើនឡើងនូវកម្រិតអ័រម៉ូន។ ប៉ុន្តែវាក៏អាចបណ្តាលមកពីបញ្ហាផ្សេងទៀតផងដែរដូចជា ការរលាកផ្លូវនោម ជំងឺទឹកនោមផ្អែម ការប្រើប្រាស់ថ្នាំបញ្ចុះទឹកនោមហួសកំណត់។ -ការទល់លាមក ៖ អំឡុងពេលមានផ្ទៃពោះ កម្រិតអ័រម៉ូន (progesterone) កើនឡើងខ្ពស់ អាចបណ្តាលឲ្យមានការទល់លាមក។ ដូចនេះ ដើម្បីបន្ធូរបន្ថយរោគសញ្ញានេះ ត្រូវញុំាទឹកឲ្យបានច្រើន ញុំាអាហារដែលសំបូរជាតិសរសៃ (fiber) និងការធ្វើហាត់ប្រាណ។ -ការផ្លាស់ប្តូរអារម្មណ៏ ៖ វាតែងតែកើតឡើងក្នុងអំឡុងពេលត្រីមាសទី១ (៣ខែដំបូង) នៃការមានផ្ទៃពោះដោយសារមានការកើនឡើងនូវ កម្រិតអរម៉ូន។ -ឈឺក្បាល និងឈឺខ្នង ៖ ស្រ្តីមានផ្ទៃពោះមួយចំនួនតែងតែមានអាការៈឈឺក្បាល និងមួយចំនួនទៀតមានអាការៈឈឺខ្នងចង្កេះ។ -វិលមុខ និងសន្លប់ ៖ អាការៈនេះតែងកើតឡើងដោយសារបញ្ហាសម្ពាធឈាមទាប ការបញ្ជូនឈាមទៅចិញ្ចឹមកោសិកាយឺត កម្រិតជាតិស្ករ ក្នុងឈាមទាប។ ចំពោះស្រ្តីដែលគ្រប់អាយុរៀបការដែលមានការបាត់រដូវ ឬក៏សញ្ញាទាំងឡាយណាដែលសង្ស័យថាមានផ្ទៃពោះ គប្បីត្រូវទៅជួបគ្រូពេទ្យជំនាញ ដើម្បីធ្វើតេស្តពិនិត្យឲ្យបានជាក់លាក់  ចៀសវាងការប៉ាន់ស្មានដោយគ្មានអំណៈអំណាង។ អានបន្ថែមពីដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃតាមសប្តាហ៍ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

RETINOID គឺជាប្រភេទឱសថ ស្ថិតនៅក្នុងថ្នាក់មានសមាសធាតុគីមីជាពពួកវីតាមីន A ដែលត្រូវបានគេធ្វើឡើងក្រោមទម្រង់ជាក្រែម សម្រាប់ព្យាបាលបញ្ហានៅលើស្បែកមុខ ដូចជា មុន កន្ទួល ខ្មៅ ភាពជ្រីវជ្រួញ និងបញ្ហានានាផ្សេងទៀតដែលកើតលើផ្ទៃមុខ។ សមាសធាតុជាវីតាមីនAបាន ជួយជំរុញការផលិតកោសិកាថ្មីនៃស្បែក ដែលធ្វើឲ្យស្បែកមានសភាពទន់ និងភ្លឺរលោង។ ពពួក Retinoid ដែលគេតែងប្រើប្រាស់មានដូចជា៖ • Retinols • Tretinoin (Retin A®, Avita®, Renova®) • Adapalene (Differen®) • Tazarotene (Tazorac®) សកម្មភាពរបស់ឱសថ៖ ឱសថប្រភេទ Retinoid មានសកម្មភាពដូចជា៖ • វាជួយពន្លឿនមុខងារស្បែកឲ្យផលិតនូវកោសិកាថ្មីបានឆាប់រហ័ស ជាជាងការលូតលាស់តាមធម្មជាតិ ដោយជាទូទៅការលូតលាស់កោសិកាថ្មីទាមទាររយៈពេល ២៨ថ្ងៃ ប៉ុន្តែឱសថ Retinoid អាចកាត់បន្ថយត្រឹម ១៤ ទៅ ១៦ថ្ងៃ ប៉ុណ្ណោះក្នុងការបង្កើតកោសិកាស្បែកថ្មី។ បន្ថែមពីេនោះវាក៏ចូលរួមចំណែកជំរុញ ការផលិត កូឡាជែននិងសរសៃឈាម ដែលធ្វើឲ្យស្បែកមានសភាពតឹងណែន។ • វាក៏មានសកម្មភាពផងដែរ ក្នុងការជម្រុះកោសិកាដែលខូច ឬកន្ទួលខ្មៅដែលនៅលើផ្ទៃមុខបានឆាប់រហ័ស។ ការប្រើប្រាស់៖ ដោយសារឱសថមានប្រតិកម្មជាមួយនឹងពន្លឺថ្ងៃដូច្នេះគួរលាបក្រែម នៅពេលយប់ ដោយចាំរយៈពេលពី ២០ ទៅ៣០នាទីបន្ទាប់ពីលាងសម្អាតមុខរួច ហើយចៀសវាងប្រើប្រាស់ថ្នាំប៉ះពាល់ដល់ភ្នែក ឬជាលិកាដែលស្តើង។      ផលរំខានរបស់ឱសថ៖ មានផលរំខានដែលតែងកើតជាញឹកញាប់ដូចជា៖ • រលាកស្បែក • ស្បែកឡើងក្រហម • ស្បែកស្ងួត • មានប្រតិកម្មជាមួយពន្លឺថ្ងៃ។ សម្រាប់មធ្យោបាយក្នុងការចៀសវាងពីផលរំខានខាងលើ អ្នកត្រូវប្រើប្រាស់ថ្នាំដោយមានការអត់ធ្មត់ គួរលាបក្រែមក្នុងបរិមាណតិចតួច និងរង់ចាំទាល់តែស្បែកអាចទទួលយកនូវសារធាតុថ្នាំនោះទើបចាប់ប្រើប្រាស់ជារៀងរាល់ថ្ងៃ។ ប្រសិនបើនៅតែមានបញ្ហាទាំងនោះ អ្នកគួរផ្អាកនូវការ ប្រើប្រាស់ថ្នាំមួយរយៈពេលសិន មុននឹងចាប់ផ្តើមសារជាថ្មី។      ការប្រុងប្រយ័ត្ន៖ • មិនត្រូវប្រើឱសថកំឡុងពេលមានផ្ទៃពោះ ឬពេលបំបៅដោះកូននោះទេ ដោយសារតែសារជាតិថ្នាំអាចជ្រាបតាមស្បែកចូលទៅក្នុងចរន្តឈាមបង្កជាហានិភ័យដល់ទារក។ បើទោះបីការបង្កបញ្ហាដល់ទារកនោះ មិនទាន់ត្រូវបានគេកំណត់ច្បាស់នៅឡើយ ក៏គួរតែមានការប្រុងប្រយ័ត្នដើម្បីជាសុវត្ថិភាព។ • កំឡុងពេលប្រើប្រាស់ ហាមប្រើប្រាស់ផលិតផលផ្សេងដែលមានសារជាតិអាចកាត់ស្បែកដោយសារវាអាចឲ្យស្បែកមុខកាន់តែមានប្រតិកម្ម និងរលាក។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

និស្សិតឆ្នាំទី១ ជំនាញ ជំងឺ បេះដូងនិង សរសៃឈាម ចិន ណារ៉ុង បានបង្ហាញថា៖ មូលហេតុចំបង ក្នុងការសម្រេចជ្រើសរើសជំនាញមួយនេះ គឺចំនង់ចំនូលចិត្តផ្ទាល់ខ្លួនដែលស្រលាញ់ ជំនាញបេះដូង​ និងសរសៃឈាមតាំងតែពីចាប់ផ្ដើមចូលរៀននៅមហាវិទ្យាល័យវេជ្ជសាស្ត្រ។ ម្យ៉ាងវិញទៀតអត្រាមរណភាពបណ្តាលមកពីជម្ងឺបេះដូងនិងសរសៃឈាមស្ថិតនៅលេខរៀងទី១បើប្រៀបធៀបនឹងជម្ងឺដ៏ទៃទៀត។ បន្ថែមពីនេះ អត្រាប្រេវ៉ាឡង់នៃជម្ងឺមិនឆ្លងដែល មានមួយផ្នែកធំជាជម្ងឺបេះដូងនិង សរសៃឈាម កំពុងមានការកើនឡើងយ៉ាងឆាប់រហ័សទៅតាមកំរិតជីវភាពរបស់ប្រជាជន។ ការជ្រើសរើសជំនាញនេះអាចអនុញ្ញាតអោយខ្ញុំចូលរួមចំនែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាមរណភាព និងផលវិបាកផ្សេងៗបណ្ដាលមកពីជម្ងឺបេះដូង។ សម្រាប់អ្នកដែលមានបំណងចូលសិក្សាជំនាញនេះ  គួរតែត្រៀមខ្លួន ប្រលងប្រជែងជ្រើសរើសជំនាញបន្ទាប់ពីបញ្ចប់ឆ្នាំសិក្សាររយះពេល៦ឆ្នាំ គឺជាក្តីព្រួយបារម្មណ៍របស់និស្សិតពេទ្យគ្រប់រូបដោយសារការជ្រើរើសនិស្សិតមានចំនួនកំណត់។ហេតុនេះយើងគួរត្រៀមខ្លួនអោយបានល្អបំផុតតាមដែលអាចធ្វើបាន។ឧទាហរណ៍ យើងគួរចាប់ផ្តើមត្រៀមរៀបចំខ្លួននៅពេលចាប់ផ្ដើមឆ្នាំទី៤ ឬទី៥ ដោយប្រមូលគ្នារជាក្រុមតូចៗដើម្បីរៀនត្រៀមប្រលងអោយ សមស្របទៅតាមកំរិតចំនេះដែលកំណត់ដោយគណកម្មារធិការប្រលង។ ដើម្បីអោយការងារក្រុមដំណើរការល្អយើងត្រូវកំណត់កាលវិភាគ និងមេរៀនដែលត្រូវរៀនអោយបានច្បាស់លាស់។ បញ្ហាលំបាកដែលជួបប្រទះក្នុងអំឡុងពេលសិក្សា និងការជម្នះនូវឧបសគ្គទាំងនេះ - ការសិក្សារជំនាញវេជ្ជសាស្រ្តទាមទារការខិតខំប្រឹងប្រែង ពេលវេលា និងថវិការ។ ការលំបាកមានទាំងការខិតខំរៀនដើម្បីប្រលងជាប់ឡើងថ្នាក់ ឬក៏កាន់តែលំបាកទៀតបើចង់បាននិទ្ទេសរល្អ និងការធ្វើកម្មសិសក្សារតាមមន្ទីរពេទ្យ។ ហេតុនេះ ដើម្បីទទួលបានចំនេះដឹង យើងត្រូវខិតខំអោយអស់លទ្ធភាព ព្រោះថាការក្លាយខ្លួនជាវេជ្ជបណ្ឌិតពូកែរម្នាក់ទាមទារនូវការលះបង់ និងការខិតខំប្រឹងប្រែងខ្ពស់បំផុត។ - សម្រាប់យោបល់ផ្ទាល់ខ្លួន យើងគួរត្រៀមរៀបចំខ្លួនអោយបានល្អដើម្បីប្រលងជ្រើសរើសជំនាញ ហើយការជ្រើសរើសជំនាញគួរផ្អែកទៅតាមចំនង់ចំណូលចិត្តព្រោះថាយើងត្រូវធ្វើការជាមួយវាមួយជីវិត។ មួយវិញទៀត យើងត្រូវខំរៀនភាសារបរទេស ទាំងបារាំង និដអង់គ្លេស អោយបានស្ទាត់ជំនាញ ព្រោះវាមានសារសំខាន់ណាស់សំរាប់អភិវឍ្ឍន៍ចំណេះដឹងផ្នែកវេជ្ជសាស្រ្តរបស់យើង។ ក្រៅពីការសិក្សា មានអ្វីផ្សេងទៀតជាច្រើន អាចជួយបង្កើនចំណេះដឹងទាក់ទងនឹងជំនាញនេះ ក្រៅពីការសិក្សារនិង ធ្វើកម្មសិក្សារតាមមន្ទីរពេទ្យ យើងអាចបង្កើនចំណេះថ្មីៗតាមរយះការអាននូវ (អែក)សារផ្សេងៗដែលបានបោះពុម្ពផ្សាយ ដោយសមាគមន៍ជម្ងឺបេះដូងល្បីៗទូទាំងភិពភលោក និងចូលរួមសិក្ខាសិលាផ្សេងៗដែលរៀបចំដោយសមាគមន៍គ្រូពេទ្យបេះដូងកម្ពុជាជាដើម។ ការងារដែលនិស្សិតជំនាញមួយនេះ អាចធ្វើបាន ក្រោយពេលបញ្ចប់ការសិក្សា  យើងអាចព្យាបាលជម្ងឺបេះដូង និងសរសៃឈាមគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ដោយសមស្របទៅតាមបដ្ឋានបច្ចេកវិទ្យាថ្មីៗ។ ពេលបញ្ចប់ការសិក្សា សម្រាប់ថ្ងៃអនាគត ខ្ញុំមានបំណងចូលរួមចំណែកលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋជារួម និង ដោយឡែកចូលរួមការពារ និងព្យាបាលជម្ងឺបេះដូងជូនដល់ប្រជាជនយើង ដោយសារបច្ចុប្បន្នគ្រូពេទ្យជំនាញផ្នែកនេះ នៅមានចំនួនតិចតួចបើប្រៀបធៀបនឹងចំនួនប្រជាជន ជាពិសេសនៅតាមបណ្ដាខេត្ត។ ចូលរួមកាត់បន្ថយអត្រាមរណភាពនិង ផលវិបាកផ្សេងៗបណ្ដាលមកពីជម្ងឺបេះដូង និងសរសៃឈាម ជាពិសេសការបង្ការនឹង ការកើតឡើងនូវជម្ងឺប្រភេទនេះ។ រយះពេល៨ ទៅ១០ឆ្នាំនៅក្នុងសាលាពេទ្យពិតជាយូរណាស់ ប៉ុន្តែបើយើងមិនខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពពេលនៅរៀនទេនោះចំណេះដឹងរបស់យើងនឹង មិនមានច្រើនគ្រប់គ្រាន់ដើម្បីក្លាយជាគ្រូពេទ្យពូកែបានទេនៅពេលបញ្ចប់ការសិក្សារ។ ដូចនេះយើងត្រូវព្យាយាមរៀនសូត្រ និងអនុវត្តន៍នៅតាមមន្ទីរពេទ្យឱ្យបានខ្ចាប់ខ្ចួនដើម្បីរួមចំនែកលើកកំពស់វិស័យសុខាភិបាលក្នុងប្រទេសយើងឱ្យបានកាន់តែល្អប្រសើរថែមទៀត។  © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

ភេទ ៖ ស្រី អាយុ ៖ ២២ ឆ្នាំ កម្ពស់ ៖ ១ម៉ែត្រ៥៥ ទម្ងន់ ៖ ៥២ គីឡូក្រាម អាការៈ ៖ រយៈពេល៣ខែចុងក្រោយនេះ គឺស្រាប់តែចាប់អារម្មណ៍ឃើញរោគសញ្ញាចម្លែកនៅប្រដាប់ភេទរួមមានដូចជា ផ្សិត រមាស់ និងមានពងសៗ ថ្លារាងក្រហមផងដែរ។ យ៉ាងណាមិញ អ្នកជំអឺមិនធ្លាប់បានទទួលការព្យាបាលពីវេជ្ជបណ្ឌិត ឬប្រើប្រាស់ថ្នាំអ្វី ដើម្បីដោះស្រាយបញ្ហានេះឡើយ។ សំណួរ ៖ តើអ្វីដែលបានរៀបរាប់ខាងលើនេះជារោគសញ្ញាអ្វី? តើមានវិធីព្យាបាលអ្វីខ្លះដែលគួរតែប្រតិបត្តិ?  

Share

វេទិកាពិភាក្សាពាណិជ្ជកម្ម Cambodia Startup Journey ដែលបានរៀបចំជារៀងរាល់ខែដោយ ផាកកាហ្វេ  និងវិទ្យាស្ថានអភិវឌ្ឍការអប់រំ ត្រូវបានប្រារព្ធឡើងសារជាថ្មីកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៧  ថ្មីៗកន្លងទៅនេះ នៅភោជនីយដ្ឋានផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម។  ជាមួយវេទិកាពាណិជ្ជកម្មនៅក្នុងខែមេសានេះ កិច្ចពិភាក្សាត្រូវបានធ្វើឡើងក្រោមប្រធានបទឆ្លើយតប ទៅនឹងសំណួរ “តើត្រូវធ្វើដូចម្តេចដើម្បីរក្សាការរីកចម្រើនរបស់ក្រុមហ៊ុន?”ដោយមានការអញ្ជើញចូលរួម ផ្តល់យោបល់ និងពិភាក្សាដោយវាគ្មិនចំនួនពីររូបគឺ លោក យក់ ចំរើនរិទ្ធ អគ្គនាយកនៃក្រុមហ៊ុនធានា រ៉ាប់រង  FORTE និងលោក ជា សារិន អគ្គនាយកនៃក្រុមហ៊ុនចំប៉ី ស្ប៉ា (Champei Spa) ព្រមទាំង មានការសម្របសម្រួលផងដែរដោយលោក ឱ រតនា ប្រធានផ្នែកលក់ និងទីផ្សារនៃភោជនីយដ្ឋាន ផាកកាហ្វេ។ មិនខុសពីវេទិកាមុនៗ វេទិកានេះមានបង្ហាញនូវវត្តមាននៃដៃគូសហការ និងអ្នកចូលរួម ទូទៅសរុបជាង ៥០នាក់។ គួរបញ្ជាក់ថា វេទិកានេះត្រូវបានចែករំលែកយ៉ាងពិសេសដោយយោងទៅតាមបទពិសោធន៍ក្នុងអាជីវកម្ម ផ្ទាល់របស់វាគ្មិនទាំងពីររូប និងផ្តោតសំខាន់តែម្តងទៅលើ “បញ្ហា និងផលលំបាកនៃការរក្សាភាព រីកចម្រើនរបស់ក្រុមហ៊ុន ដំណោះស្រាយយោងទៅតាមបញ្ហាជាក់ស្តែង ក៏ដូចជាការបកស្រាយយ៉ាងច្បាស់ អំពីកត្តា ព្រមទាំងសំណួរជាច្រើនដែលទាក់ទងនឹងបញ្ហា និងយុទ្ធសាស្ត្រក្នុងការដោះស្រាយនីមួយៗ ផងដែរ”។   កម្មវិធីនេះអាចដំណើរការទៅបានក្រោមការឧបត្ថម្ភធំដោយធនាគារ RHB ក្រុមហ៊ុន Coca Cola និង ក្រុមហ៊ុនសន្តិសុខលីប្រា ព្រមទាំងសហការឧបត្ថម្ភដោយ Kofi ក្រុមហ៊ុនធានារ៉ាប់រង FORTE និង ក្រុមហ៊ុន ចំប៉ី ស្ប៉ា ក៏ដូចជាគាំទ្រពី CIC, YEAC និង JCI Cambodia ដោយមានដៃគូផ្សព្វផ្សាយ ដូចជា ហេលស៍ថាមខប Impact, F&B Pub, Stuff កាសែតឡារ៉ែន សប្បាយ និងKhmerTimes។  ដោយ Park Café នឹងរៀបចំវេទិកាពិភាក្សាពាណិជ្ជកម្មដូចនេះជារៀងរាល់ខែ ដូច្នេះសម្រាប់លោកអ្នក ដែលមានបំណងអញ្ជើញចូលរួមក្នុងសិក្ខាសាលាបន្ទាប់ទៀត សូមធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ 012 232 823 ឬក៏ 077 676 423 ក្នុងការកក់សំបុត្រចូលរួម។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែក ណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលង គ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ក្រៅពីអណ្តាតជាប់ដែលជាផលពិបាកនៅពេលបំបៅដោះទារក នៅមានបបូរមាត់ជាប់ ដែលបបូរមាត់ខាងលើជាប់ជាមួយនឹងសាច់អញ្ចាញខាងមុខដោយភ្នាស់ម៉្យាងឈ្មោះ Maxillary Frenum។ ហើយភ្នាស់មួយនេះមិនមានផលប្រយោជន៍អ្វីទេផ្ទុយទៅវិញវាមានផលរំខានជាច្រើននៅពេលវាភ្ជាប់បបូរមាត់ និងសាច់អញ្ចាញកាន់តែតឹង។ ភ្នាស់នេះផ្តល់ភាពលំបាកនៅពេលបំបៅដោះទារកដោយទារកមិនអាចបើកមាត់ធំនិងបឺតយកទឹកដោះបានស្រួល។ ហើយម្យ៉ាងទៀតវាអាចបណ្តាលឲ្យធ្មេញពុក ចន្លោះកណ្តាលធ្មេញមុខ បញ្ហាអញ្ចាញ និងបញ្ហាដែលទាមទារឲ្យមានការពត់ធ្មេញ ហើយបបូរមាត់ក៏មានភាពលំបាកក្នុងការធ្វើចលនា និងតួនាទីដទៃទៀតដូចជាពេលញញឹម និងនិយាយ។ ជាធម្មតាការព្យាបាលភ្នាសជាប់នេះមិនត្រូវការធ្វើនៅបន្ទប់វះកាត់ឬប្រើថ្នាំសន្លប់ទេ។ ចំណាត់ថ្នាក់នៃ Maxillary Frenum របស់ក្មេងតូចៗនៅលើកុមារតូចៗដែលមានអាយុចាប់ពី ៨ខែដល់៣ឆ្នាំយើងឃើញថាមានចំណាត់ផ្សេងៗចំនួន ៤ដែលគួរឲ្យកត់សំគាល់: ប្រភេទទី១ : Frenumធម្មតា ប្រភេទទី២ : ភ្នាសនៅលើធ្មេញ ប្រភេទទី៣ : ភ្នាសលាតសន្ធឹងនៅចន្លោះធ្មេញ ប្រភេទទ៤ :  ភ្នាសលាតសន្ធឹងទៅដល់ក្រអូមមាត់ ការព្យាបាល ការព្យាបាលបបូរមាត់ជាប់នេះមិនពិបាកប៉ុន្មានទេ។ យើងអាចព្យាបាលដោយការវះកាត់ឬដោយឡាហ្សែរ។ ចំពោះទារកការព្យាបាលមិនទាមទារការចាក់ថ្នាំស្ពឺកនោះទេដោយគ្រាន់តែប្រើប្រភេទជែល១នាទីមុនធ្វើការព្យាបាល។ តែប្រសិនបើក្មេងរៀងធំបន្តិចគឺត្រូវប្រើថ្នាំស្ពឹកជាជំនួយ។ ក្រោយពីធ្វើការព្យាបាល ១. ឧស្សាហ៍ទាញបបូរមាត់កុំឲ្យនៅស្អិតជាប់ជា-មួយនឹងអញ្ចាញដោយវាងាយនឹងជាប់វិញ(ករណីព្យាបាលដោយឡាហ្សែរ) ២. អាចនឹងមានហើមតិចៗដោយបាត់ទៅវិញបន្ទាប់ពី ២៤ទៅ ៣៦ម៉ោងក្រោយព្យាបាល។ គួរប្រើទឹកកកស្អំដើម្បីកាត់បន្ថយការហើមនេះ។ ៣. អាចប្រើថ្នាំ Tylenol ឬប្រភទដូចគ្នានេះប្រសិនបើទារកមិនមានអាការៈល្អ ៤. ប្រើជែលបំបាត់ភាពឈឺចាប់ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។           

Share

ជារៀងរាល់ឆ្នាំ នាខែឧសភា ទិវាប្រឆាំងជំងឺហឺត តែងតែប្រារព្ធធ្វើនៅតាមបណ្តាប្រទេសជាច្រើនទូទាំងពិភពលោក ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ។ ការប្រារព្ធទិវានេះក៏ជាការរួមចំណែកដ៏សំខាន់ក្នុងការផ្តល់ចំណេះដឹងអំពីជំងឺហឺត កាត់បន្ថយអត្រាស្លាប់ដោយជំងឺហឺត និងរួមចំណែកឲ្យអ្នកជំងឺហឺតអាចរស់នៅបានធម្មតាដូចអ្នកដែលគ្មានជំងឺហឺតដែរ។  ដោយឡែក នាព្រឹកថ្ងៃទី ៣ខែឧសភា ឆ្នាំ ២០១៧ នៅឯមន្ទីរពេទ្យព្រះកុសុមៈ ទិវាប្រឆាំងជំងឺហឺត ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការរវាង ក្រុមហ៊ុន ជី អេស ខេ (GSK) និងសមាគមគ្រូពេទ្យសួតកម្ពុជាក្រោមប្រធានបទ «អ្នកអាចគ្រប់គ្រងជំងឺហឺតរបស់អ្នកបាន»។  លោកវេជ្ជបណ្ឌិត ម៉ក់ ប៊ុនឡុង អ្នកគ្រប់គ្រងកិច្ចការវេជ្ជសាស្រ្ត ផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ី ក្រុមហ៊ុន ជីអេសខេ (GSK) កម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុន បានអញ្ជើញវាគ្មិនដែលមានបទពិសោធន៍ខ្ពស់ មកធ្វើបទបង្ហាញស្តីអំពីជំងឺហឺតដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជនកម្ពុជាឲ្យកាន់តែច្បាស់អំពីជំងឺហឺត ការគ្រប់គ្រង និងផលវិបាករបស់ជំងឺហឺត។  លោកសាស្រ្តចារ្យ វ៉ាន់ មិច ដែលជាវាគ្មិននៅក្នុងកម្មវិធីមានប្រសាសន៍ថា យោងតាមរបាយការណ៍ចុងក្រោយចេញពេលថ្មីៗក្នុងឆ្នាំ ២០១៧ របស់ស្ថាប័នជំងឺហឺតពិភពលោក GINA បានបង្ហាញថា មានប្រមាណជា ១៨% នៃប្រជាជាតិនៅទូទាំងពិភពលោកបាន និងកំពុងរងជំងឺហឺត។ ស្ថាប័នជំងឺហឺតពិភពលោក បានកំណត់និយមន័យជំងឺហឺតថា «ជំងឺហឺតជាជំងឺផ្លូវដង្ហើមដែលមានពីកំណើតមានលក្ខណៈរ៉ាំរៃ ដែលស្តែងឲ្យឃើញតាមរយៈអាការៈដង្ហក់ ដកដង្ហើមបានខ្លីៗ ណែនទ្រូង និងក្អក ពិបាកដកដង្ហើម»។ លោកសាស្រ្តាចារ្យ នី ចន្ទី ដែលជាវាគ្មិននៅក្នុងកម្មវិធីមានប្រសាសន៍ថា ហឺតមិនមែនជាជំងឺឆ្លងនោះទេ ដូច្នេះសូមកុំមានការរើសអើងចំពោះអ្នកកើតជំងឺហឺត។ ចំពោះកត្តាដែលបណ្តាលឲ្យជំងឺហឺតមានរោគសញ្ញាធ្ងន់ធ្ងររួមមាន ការស្ថិតនៅក្នុងបរិស្ថានដែលមានរោមសត្វ ផ្សែងបារី សត្វល្អិត លម្អងផ្កា ការហាត់ប្រាណ និងបរិស្ថានដែលមានបាក់តេរីបង្កដោយវីរុសច្រើន។ ចំពោះរោគសញ្ញាធ្ងន់ធ្ងរបន្ទាប់ពីប្រើថ្នាំហឺតសង្គ្រោះបន្ទាន់មិនអាចជួយបានទៀត ក្អកពិបាកដកដង្ហើមឮងឺតៗ ឬណែនទ្រូង និយាយដាច់ៗ ពិបាកញ៉ាំឬពិបាកគេង ដោយសារដកដង្ហើមបានខ្លីៗ ចង្វាក់ដង្ហើមញាប់ ហើយមានអារម្មណ៍ថាមិនអាចដកដង្ហើមបានស្រួល។ រោគសញ្ញាទាំងនេះបើកាលណាកើតឡើងច្រើនថ្ងៃ ហើយធ្ងន់ធ្ងរបន្តិចម្តងៗ សូមកុំបង្អង់យូរ គឺត្រូវជួបគ្រូពេទ្យទទួលការព្យាបាលជាបន្ទាន់។  តើអ្នកជំងឺហឺតត្រូវធ្វើដូចម្តេចដើម្បីអាចរស់បានក្នុងជីវិតដូចធម្មតា?  លោកវេជ្ជបណ្ឌិត លាន គឹមស្រេង ដែលជាវាគ្មិននៅក្នុងកម្មវិធីនេះក៏មានប្រសាសន៍ផងដែរថា ជំងឺហឺតអាចព្យាបាលបាន ហើយអ្នកជំងឺហឺតអាចរស់នៅបានដូចធម្មតាដោយត្រូវចៀសវាងឲ្យបានពីកត្តាបង្កណាមួយខាងលើ និងត្រូវប្រើថ្នាំហឺតតាមការណែនាំរបស់គ្រូពេទ្យបានត្រឹមត្រូវ។  © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

Share

នៅពេលយើងឈានដល់វ័យកណ្តាល ភាពអស់កម្លាំងគឺជាការត្អូញត្អែរដ៏ញឹកញាប់បំផុត ក៏ប៉ុន្តែយើងនឹងមានវិធីច្រើនយ៉ាងដើម្បីបង្កើននូវកម្លាំង ដោយវិធីខ្លះអាចនឹងជួយឲ្យក្មេងជាងវ័យផងដែរ។ទាំងនេះជាគន្លឹះក្នុងការជួយឲ្យអ្នកមានកម្លាំងមាំមួនៈ 1. យល់ដឹង និងដោះស្រាយបញ្ហា ការនឿយហត់អស់កម្លាំង គឺជារោគសញ្ញានៃជំងឺជាច្រើន ដែលរួមមាន ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺសន្លាក់ និងជំងឺខ្វះគ្រាប់ឈាមក្រហម។ ហើយភាពនឿយហត់ ក៏អាចបណ្តាលមកពីថ្នាំមួយចំនួនដែលអ្នកអាចនឹងទទួលទានប្រចាំថ្ងៃ ដូចជាថ្នាំលើសឈាមជាដើម។ 2. លំហាត់ប្រាណ អ្នកប្រាកដជាគិតថាការធ្វើលំហាត់ប្រាណជាសកម្មភាពមួយដែលនឿយហត់ ប៉ុន្តែតាមការស្រាវជ្រាវបានឲ្យដឹងថាការហាត់ប្រាណច្រើន ជាពិសេសយោគ: នឹងធ្វើឲ្យយើងមានកម្លាំងកំហែងស្វាហាប់ល្អ។ 3. ការទទួលទានទឹក ការបាត់បង់ជាតិទឹកធ្វើឲ្យសរីរាង្គចុះខ្សោយ។ តើពេលណាទើបយើងដឹងថាយើងបរិភោគទឹកគ្រប់គ្រាន់? ជាធម្មតានៅពេលដែលទឹកនោមមានពណ៌លឿងខ្ចី ឬពណ៌ចំបើង តែប្រសិនបើវាមានពណ៌ក្រម៉ៅ អ្នកគួរតែទទួលទានទឹកឲ្យបានច្រើន។ 4. បរិភោគសាច់ត្រី ប្រេងអូមេហ្កាបី មានគុណប្រយោជន៍សំខាន់ណាស់សម្រាប់ដាស់បេះដូង។ តាមការស្រាវជ្រាវបានឲ្យដឹងថានៅពេលបរិភោគអាហារប្រភេទនេះ ខួរក្បាលនឹងគិតបានរហ័ស និងមានអារម្មណ៍ស្រស់ស្រាយ សុខភាពល្អនិងមានកម្លាំងមាំមួន។ 5. គេងឲ្យបានគ្រប់គ្រាន់ ការទទួលដំណេកមិនគ្រប់គ្រាន់នឹងប្រឈមមុខការហត់នឿយនៅពេលថ្ងៃ។ ប្រសិនបើអ្នកគេងមិនទាន់ឆ្អែត អ្នកអាចគេងថ្ងៃ១០នាទីដោយមិនឲ្យលើសពី៣០នាទីឡើយ ព្រោះអ្នកនឹងមានបញ្ហាពេលគេងនៅពេលយប់។ ហើយបើអ្នកញ៉ាំកាហ្វេ ក្រោយក្រោកពីគេង នោះអ្នកនឹងមានអារម្មណ៍កាន់តែស្រស់ថ្លា។ 6. បរិភោគតិចតែច្រើនដង ការបរិភោគតិចតែច្រើនដងនៅពេលថ្ងៃជួយធ្វើឲ្យកម្រិតស្ករនៅក្នុងឈាមមានលំនឹងល្អ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។    

Share
Top