Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

អាការៈហត់អាចជាសញ្ញានៃជំងឺទូទៅណាមួយ ប៉ុន្តែ វាក៏អាចជាឃាតករលាក់មុខបណ្តាលមកពីជំងឺធ្លាក់ទឹកចិត្តផងដែរ។ អ្វីគួរដឹង? តាមការសិក្សាស្រាវជ្រាវភាគច្រើន បុគ្គលម្នាក់ក្នុងចំណោមពីរនាក់នៃជនជាតិបារាំង បានរងគ្រោះជាមួយអាការៈហត់ ដែលកើតមានឡើងជាញឹកញាប់ និងធម្មតា។ អាការៈហត់ដែលកើតមានឡើងបង្កប់នូវហេតុផល ២យ៉ាងខុសគ្នាដូចជា៖ ១. ក្នុងករណីកម្រ៖ ភាពហត់អាចបង្កមកពីស្ថានភាពជំងឺនៃរាងកាយ (Maladie Somatique) មួយចំនួន រួមមានជំងឺពាក់ព័ន្ធនឹងប្រព័ន្ធអង់ដូគ្រីន (ខ្សោយតម្រងនោម ឬក្រពេញទីរ៉ូអ៊ីត) ជំងឺថ្លើម (ក្រិនថ្លើម ឬរលាកថ្លើម) ជំងឺទាក់ទងសរសៃសាច់ដុំ ឬជំងឺបណ្តាលមកពីការចម្លងមេរោគ  (គ្រុនផ្តាសាយ)   ជាដើម។ ករណីទាំងនេះទាមទារការព្យាបាលពីសំណាក់វេជ្ជបណ្ឌិត ព្រោះការប្រើប្រាស់ថ្នាំដោយខ្លួនឯង មិនត្រូវបានណែនាំនោះទេ។ ២. ក្នុងអត្រា ៩០% ៖ អាការៈហត់ ហាក់លេចឡើងនៅក្នុងស្ថានភាពអាក្រក់ណាមួយដែលអ្នកកំពុងតែប្រឈមមុខទៅនឹងបញ្ហាដែលកើតមានឡើង ជាមួយបុគ្គលជុំវិញខ្លួនដូចជា គ្រួសារ អ្នកជិតខាង ឬមិត្តរួមការងារជាដើម។ អ្នកនឹងអាចសង្កេតឃើញអាការៈហត់ក្នុងពេលវេលាបែបនេះមានលក្ខណៈដូចជា៖ • តែងកើតមានឡើងនៅពេលព្រឹក បង្អាក់អ្នកមិនអាចងើបពីដំណេកបាន • មិនបានធូរស្រាល ទោះបីជាបានសម្រាកហើយក៏ដោយ • អាការៈបន្តមានភាពប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ • ភ្ជាប់ជាមួយផងដែរនូវសញ្ញាប៉ះពាល់ដល់ការចងចាំ និងវិបត្តិក្នុងការទទួលទានអាហារ។ បន្ថែមពីនោះ អាការៈនេះក៏អាចស្តែងចេញជាសញ្ញាព្រមាននៃបញ្ហាផ្លូវចិត្ត ដែលអាចអូសទាញអ្នកឲ្យប្រឈមទៅនឹងជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរផងដែរ។ អ្វីគួរធ្វើ? ប្រសិនលក្ខខណ្ឌនេះកាន់តែអូសបន្លាយយូរ និងបង្ហាញពីភាពតានតឹងកាន់តែខ្លាំង នោះការស្វែងរកការប្រឹក្សាពីសំណាក់អ្នកជំនាញផ្នែកចិត្តសាស្រ្ត ជាដំណោះស្រាយដែលល្អបំផុត។ យ៉ាងណាមិញ មុនពេលទទួលបានការបឹ្រក្សា អ្នកជំងឺអាចប្រើប្រាស់ថ្នាំសម្រាប់ជាជំនួយសម្រួលដល់អាការៈហត់ផងដែរ រួមមាន៖ • ឱសថ Sulbutiamine៖ មានឈ្មោះថា Arcalion ដែលជាដេរីវេនៃវីតាមីន B1 (អាចប្រើប្រាស់ ៣តំណក់ក្នុងមួយថ្ងៃ)  ​• ឱសថក្នុងក្រុម Acides Aminés៖ ពពួក Arginine មានដូចជា៖    - Dynamisan (Norvatis)   - Sargénor (Sarget Pharma) ដែលអាចប្រើប្រាស់បាន ៣គ្រាប់ ឬ៣អំពូល ក្នុងមួយថ្ងៃ   - Acide acétylaminosuccinique ដែលមានឈ្មោះ Cogitum អាចប្រើបានចំនួន៣គ្រាប់ក្នុងមួយថ្ងៃ • ឱសថពពួក Diméthylaminoéthanol (Déanol) ដែលអាចប្រើបានរួមជាមួយ៖   - ម៉ាញ៉េស្យូម និងវីតាមីន C (Acti 5)   - ឬជាមួយ Heptaminol (Debrumyl) • ឱសថពពួក Glucuronamide ដែលរួមបញ្ចូលជាមួយវីតាមីន C និងជាតិកាហ្វេអ៊ីន មានឈ្មោះថា Guronsan (R.E.T.E.)។ កំណត់ចំណាំ • ស្ថានភាពហត់ ដែលកើតមានបន្ទាប់ពីការសម្រាលកូនឬស្រ្តីក្នុងវ័យក្រោយអស់រដូវ អាចជាជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ។  •​ ចំពោះអាការៈហត់បង្ហាញជាជំងឺបណ្តាលមកពីការឈឺចាប់ធ្ងន់ធ្ងរផ្នែកផ្លូវចិត្ត អាចឈានដល់ការសម្លាប់ខ្លួន។ ប្រភពយោង៖ Le vademecum de la Médication officinale ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ឈឺក្បាលយូរ គួរគិតដល់បញ្ហាអ្វីខ្លះទៅ? ឬឲ្យតែឈឺក្បាលយូរ សុទ្ធតែជាជាជំងឺប្រកាំងមែនទេ? ដើម្បីស្រាយចង្ងល់នូវសំណួរទាំងនេះអត្ថបទខាងក្រោម អាចជាចម្លើយសម្រាប់មិត្តអ្នកអានទាំងឡាយបាន… សំណួរ៖ ខ្ញុំបាទអាយុ២៣ឆ្នាំ ភេទប្រុស កម្ពស់១ម៉ែត្រ៦២ ទម្ងន់៥៥គីឡូក្រាម មុខរបរជា និស្សិត។ រយៈពេល២ឆ្នាំកន្លងមកនេះ ខ្ញុំមានអាការៈឈឺក្បាល គេងមិនសូវលក់ និងហេវហត់ ជាខ្លាំង ហើយភាគច្រើនខ្ញុំតែងតែស្វែងរកការ ព្យាបាលដោយការប្រើថ្នាំឈឺក្បាល ឬផ្តាសាយ ប៉ុណ្ណោះ។ ខ្ញុំបាទចង់សួរទៅកាន់លោកវេជ្ជបណ្ឌិតថា ការឈឺក្បាលរយៈពេលយូរបែបនេះនឹងប៉ះពាល់ដល់ខួរក្បាលខ្ញុំដូចម្តេចខ្លះ? តើគួរតែព្យាបាលបែបណា ទើបមានប្រសិទ្ធភាព? តើនេះជា ជំងឺប្រកាំង ឬយ៉ាងណា? ចម្លើយ៖ ទាក់ទងនឹងកត្តាឈឺក្បាល និងការហេវហត់ត្រូវពិនិត្យមើលលើសុខភាពទូទៅ ថាមានខ្វះគ្រាប់ឈាមក្រហម គ្រាប់ឈាមមិនមានមេរោគ បានចាក់ថ្នាំបង្ការគ្រប់ចំនួន។ ទោះជាយ៉ាង ណាក៏ដោយ ប្រសិនបើមិនមានអាការៈជំងឺផ្សេង ទៀតទេ ព្រមទាំងធ្វើតាមបទដ្ឋានត្រឹមត្រូវហើយ នៅតែឈឺក្បាលទៀត ដូចនេះត្រូវចោទសួរថាតើការឈឺក្បាលបណ្តាលមកពីមូលហេតុអ្វី? ការឈឺក្បាលរយៈពេលយូរ មានលក្ខណៈឈឺបាត់ៗ តែមិនមានភាពធ្ងន់ធ្ងរអ្វីទេ ការឈឺនេះអាចទាក់ ទងនឹងអារម្មណ៍ច្រើនជាង។ បើមានជាដុំសាច់ផ្សេងៗក្នុងខួរក្បាល ឬការប៉ះពាល់ដល់ប្រព័ន្ធ ប្រសាទ វាមិនប្រាកដថាមានតែឈឺក្បាលមួយមុខទេ អាចមានលេចចេញជាសញ្ញាផ្សេងៗទៀត ដូចជាមិនអាចកម្រើកដៃ ឬជើងបាន រឹងក ឡើងកម្តៅ ស្ពឹក ប៉ះពាល់លើភ្នែក ឬត្រចៀកជាដើម។ បើសិនជាប្រកាំង ការឈឺត្រូវមានលក្ខណៈពិសេសដូចជាឈឺមួយចំហៀង ឆ្វេង ឬស្តាំ រយៈពេលឈឺតិចជាង ៧២ ម៉ោង ហើយការឈឺមាន ពេលវេលាច្បាស់លាស់ និងមានអាការៈក្អួតចង្អោរ ស្រវាំងភ្នែកជាដើម។ ប៉ុន្តែការជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត ផ្នែកប្រព័ន្ធសរសៃប្រសាទ ខួរក្បាល និងសរសៃប្រសាទ ដើម្បីធ្វើរោគវិនិច្ឆ័យ ឲ្យបានត្រឹមត្រូវទើបជាការប្រសើរ។ បកស្រាយដោយ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល នាយផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

បំណងប្រាថ្នាឆ្នាំថ្មី ដែលគ្រប់គ្នាតែងនិយាយថា New Year Resolution គឺជាបំណងប្រាថ្នាដែលយើងចង់ធ្វើវាយូរហើយ តែធ្វើមិនបាន ឬមិនបានធ្វើតែម្តង។ វាអាចជាបំណងដែលសល់ពីឆ្នាំចាស់ ឬបំណងថ្មីៗទើបនឹងកើតក្នុងចិត្តយើងគ្រប់គ្នា ប៉ុន្តែសួរថាវាសំខាន់អត់? គួរតែមានឬអត់? ចម្លើយគឺវាអាស្រ័យលើខ្លួនអ្នកហ្នឹងហើយ! តាមពិតទៅនរណាៗក៏មានក្តីស្រមៃ សុបិន្ត និងបំណងប្រាថ្នាដែរ ប៉ុន្តែវាអាស្រ័យលើថាតើអ្នកនឹងឲ្យតម្លៃ និងព្យាយាមដើរទៅមុខឈោងចាប់វា ឬអត់។ បំណងប្រាថ្នាឆ្នាំថ្មីជាការសន្យាមួយដែលមនុស្សម្នាក់ធ្វើសម្រាប់ឆ្នាំថ្មី ហើយមិនថាអ្នកប៉ងចង់បាន ឬធ្វើនោះអ្វីទេ ក៏គោលដៅរបស់វាគឺដើម្បីកែលម្អជីវិតឲ្យកាន់តែប្រសើរ និងមានន័យនៅក្នុងឆ្នាំខាងមុខនេះ។ ការតាំងចិត្ត ទាំងនោះអាចមាននៅក្នុងទម្រង់ជាច្រើន តួយ៉ាងអ្នកខ្លះសន្យាថានឹងផ្លាស់ប្តូរទម្លាប់អាក្រក់ដូចជាឈប់ជក់បារី ឬញ៉ាំអាហារមិនល្អសម្រាប់សុខភាព ឯអ្នកខ្លះទៀតសន្យាថានឹងបង្កើតទម្លាប់វិជ្ជមាន ដូចជាការចាប់ផ្តើមកម្មវិធីហាត់ប្រាណ ឬការចូលធ្វើការងារស្ម័គ្រចិត្តនៅក្នុងសហគមន៍ជាដើម ដែលវាអាស្រ័យលើអ្វីដែលមនុស្សម្នាក់ៗបានតាំងចិត្ត និងចង់សម្រេចឲ្យបាន។ មូលហេតុចម្បងដែលមនុស្សមួយចំនួនមិនមានបំណងប្រាថ្នាសម្រាប់ឆ្នាំថ្មី គឺភាគច្រើនពួកគេប្រហែលធ្លាប់បរាជ័យក្នុងការរក្សាវា ឬពិបាកធ្វើឲ្យវាកើតឡើងតាមបំណង  ប៉ុន្តែ បើទោះជាយ៉ាងណាក៏ដោយ បំណងទាំងនោះគួរតែត្រូវបានធ្វើឡើង ក្រោមហេតុផលខាងក្រោម៖ •​ យកឈ្នះលើខ្លួនឯងបានតាមរយៈការបង្កើតបំណងទាំងនោះ ដោយបញ្ឈប់ទម្លាប់មិនល្អ ឬចាប់ផ្តើមធ្វើរឿងដែលយើងចូលចិត្តតែមិនបានធ្វើ ឬមិនធ្លាប់បានធ្វើជាដើម • ពិនិត្យចំណុចខ្វះខាតរបស់ខ្លួនឯង និងធ្វើខ្លួនឲ្យល្អប្រសើរជាងមុន • ដាស់តឿនអ្នករាល់ថ្ងៃឲ្យក្រោកពីគេង ហើយបន្តដំណើរស្វែងរកអ្វីដែលអ្នកប៉ងប្រាថ្នាកន្លងមក • ជួយឲ្យអ្នកមានអារម្មណ៍ល្អ និងមោទនភាព ពេលសម្រេចវាបានជោគជ័យ • អ្នកនឹងទទួលបានអារម្មណ៍ថាខ្លួនឯងរស់នៅមានគោលដៅត្រូវសម្រេច និងសុទិដ្ឋិនិយមក្នុងជីវិត។ ចុះប្រសិនបើចង់ឲ្យបំណងបានសម្រេច តើអ្នកត្រូវធ្វើយ៉ាងម៉េចទៅ? ប្រាកដណាស់ ប្រសិនបើអ្នកគ្រាន់តែចង់ តែមិនធ្វើ ឬគិតថាធ្វើមិនបាន តើវានឹងសម្រេចបានយ៉ាងម៉េចទៅ! កុំបារម្ភ ប្រសិនបើអ្នកស្ថិតក្នុងកាលៈទេសៈនេះ ដោយហេតុថានៅមានដំណោះស្រាយខ្លះអាចជួយអ្នកបាន ទោះមិនមែន១០០% ក៏ដោយតែសំខាន់គឺនៅលើខ្លួនអ្នកថាតើអ្នកព្រមធ្វើតាម ឬអត់ទៀតប៉ុណ្ណោះ។ តោះនៅចាំអីទៀត អានវិធីខាងក្រោមសាកល៎មើល ក្រែងលអាចសម្រេចបំណងឆ្នាំថ្មីបាន៖ ១. ចាប់ផ្តើមពីបំណងតូចៗសិន មុននឹងសម្រេចបំណងធំបាន អ្នកគួរចាប់ផ្តើមពីបំណងតូចៗសិនផងដែរ។ ម៉្យាងទៀត នៅពេលអ្នកសម្រេចបំណងតូចៗបានជោគជ័យ វាអាចក្លាយជាកម្លាំជំរុញទឹកចិត្តឲ្យអ្នកអាចបន្តទៅសម្រេចបំណងធំបានកាន់តែមានប្រសិទ្ធិភាព។ លោកអ្នកអាចចាប់ផ្តើមសាកល្បងដោយកែប្រែទម្លាប់មិនល្អរបស់អ្នកជាមុនសិនដូចជា ការក្រោកពីព្រឹកព្រលឹម ហាត់ប្រាណ ទៅសាលា ឬទៅកន្លែងធ្វើការទាន់ម៉ោងជាដើម។ ២. កំណត់គោលដៅឲ្យច្បាស់លាស់ ឧទាហរណ៍ថាចង់សន្សំលុយ តើអ្នកសន្សំប៉ុណ្ណា? អ្នកគួរកំណត់ឲ្យច្បាស់ថាចង់សន្សំដើម្បីទិញរបស់អ្វីមួយ ហើយត្រូវសន្សំប៉ុន្មានក្នុងមួយថ្ងៃ មួយអាទិត្យ ឬមួយខែ ដូចជា បើម្តង១ម៉ឺន ៥ម៉ឺន ឬ១០ម៉ឺន ត្រូវច្បាស់លាស់ នោះនៅពេលអ្នកធ្វើតាម វានឹងកាន់តែមានប្រសិទ្ធិភាពជាងពេលដែលអ្នកមិនសូវមានគោលដៅច្បាស់លាស់ ឬមិនបានកំណត់ទុកសម្រាប់ខ្លួនឯង។ ៣. សរសេរគោលដៅទាំងនោះ ដឹងទេ! អ្នកដែលបានសរសេរគោលដៅ ឬបំណងប្រាថ្នាទាំងនោះ មានឱកាសក្នុងការសម្រេចបំណងជាងអ្នកមិនបានសរសេរ។ អ្នកអាចសរសេរវាក្នុងសៀវភៅណាមួយ ឬលើស្ទីកគ័របិទលើជញ្ជាំងក៏បាន ឲ្យតែបានសរសេរ និងរៀបរាប់គោលបំណងទាំងនោះ ដែលវាប្រៀបបាននឹងការចុះកុងត្រាជាមួយខ្លួនឯងដូច្នេះដែរ។ ៤. ប្រាប់អ្នកដទៃអំពីបំណងទាំងនោះ មិនមែនឲ្យដើរប្រាប់គេគ្រប់គ្នានោះទេណា៎! អ្នកគួរជ្រើសរើសនរណាដែលអ្នកទុកចិត្ត និងជាមនុស្សស្និទ្ធិស្នាល អាចជាមិត្តភក្តិ ឬក្រុមគ្រួសារ ហើយនិយាយប្រាប់គេអំពីបំណងប្រាថ្នា និងគោលដៅរបស់អ្នកក្នុងឆ្នាំថ្មីទាំងនោះ។ ការចែករំលែកបែបនេះក៏អាចជួយបានតាមរយៈថា គេអាចជាអ្នកជួយរំឭកអ្នកឲ្យខំប្រឹងសម្រេចបំណងទាំងនោះឲ្យបាន។ ៥. រស់នៅរាល់ថ្ងៃជាមួយគោលបំណងអ្នក ប្រសិនបើអ្នកហីៗ មិនអើពើ ឬមិនខ្វល់ជាមួយបំណងខ្លួនឯងផងតើវានឹងអាចទៅមុខបានយ៉ាងម៉េច? បង្កើតទំនាក់ទំនងអ្នកជាមួយនឹងពួកវាឲ្យបានស្អិតរមួត រហូតដល់អ្នកខ្វះវាមិនបាន ពិសេសរាល់ពេលក្រោកពីគេង និងមុនពេលចូលគេងរបស់អ្នក ហើយកុំយកឡេះ ដូចជាសុំសម្រាកបន្តិច គិតមិនចេញ អស់កម្លាំង អីហ្នឹងដឹងតែចប់ហើយ។ ៦. ជឿជាក់លើខ្លួនឯង កុំទាន់បាក់ទឹកចិត្ត ប្រសិនបើបំណងខ្លះនៅតែសម្រេចមិនបានក្នុងឆ្នាំកន្លងមក! ដាក់កម្រិតខ្លួនឯងឲ្យច្បាស់លាស់ ហើយទន្ទិញពាក្យថា «ខ្ញុំអាចធ្វើបាន»។ អ្នកនឹងមិនអាចសម្រេចវាបានទេ ប្រសិនបើអ្នកមិនជឿជាក់លើគោលបំណងខ្លួនឯង ហើយសូម្បីតែអ្នកខ្លួនឯងក៏គិតថាតើវាមិនអាចទៅរួចផងនោះ។ មិនថាអ្នកជាអ្នកណា មកពីណា ប្រសិនបើអ្នកគ្មានក្តីស្រមៃ និងបំណងប្រាថ្នាទេ ជីវិតអ្នកប្រៀបបាននឹងការរស់នៅកណ្តាសមុទ្រដ៏ធំល្វឹងល្វើយគ្មានត្រើយ។ តោះ! ឆ្នាំថ្មីជិតមកដល់មែនទែនហើយ តើអ្នកមានបំណងប្រាថ្នាសម្រាប់ឆ្នាំថ្មីហើយឬនៅ? បើមានហើយ សូមឲ្យបានសម្រេចដូចបំណងណា៎! តែបើមិនទាន់មាន ឆាប់រក និងសរសេរវាឲ្យហើយទៅ ប្រយ័ត្នភ្លេចបាត់! ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

មហារីកសួត ឬ Lung Cancer ជាមហារីកមួយប្រភេទបង្កឡើងនៅក្នុងកោសិកានៃសាច់សួត ហើយវាត្រូវបានគេចែកជា ២ប្រភេទធំៗ ដោយផ្អែកលើលក្ខណៈកោសិកា ការវិនិច្ឆ័យ និងព្យាបាលដែលរួមមាន Non-small Cell Lung Cancer (NSCLC) និង Small Cell Lung Cancer (SCLC)។ បច្ចុប្បន្ន ជំងឺមហារីកសួតមានការប្រែប្រួលកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ហើយច្រើនកើតមាននៅលើបុរសជាងស្រ្តី ដោយសារកត្តាបរិស្ថាន និងការជក់បារី។ គួរបញ្ជាក់ថា ជំងឺមហារីកសួតស្ថិតនៅលំដាប់ទី២ បន្ទាប់ពីជំងឺមហារីកថ្លើមចំពោះបុរស  និងលំដាប់ទី៤ចំពោះស្ត្រី ដែលមានអត្រាគ្រោះថ្នាក់ខ្លាំងបំផុត ក្នុងប្រទេសកម្ពុជា។ មូលហេតុ តាមរយៈការសិក្សាស្រាវជ្រាវ អ្នកវិទ្យាសាស្រ្តបានកំណត់នូវមូលហេតុបង្កជំងឺមហារីកសួតជាចម្បងបំផុតគឺផ្សែងបារី និងកត្តារួមផ្សំមួយចំនួនទៀតដូចជា កត្តាបរិស្ថាន និងការប្រឈមជាមួយសារធាតុពុលពេលដកដង្ហើមចូលជាដើម។ រោគសញ្ញា ជាទូទៅ មហារីកសួតស្តែងចេញជារោគសញ្ញាមានលក្ខណៈខុសគ្នាអាស្រ័យទៅលើកន្លែង ឬទីតាំង និងការរីករាលដាលនៃដុំសាច់ដែលរួមមានការក្អកធម្មតារ៉ាំរ៉ៃ ឬក្អកធ្លាក់ឈាម និងឈឺចាប់ក្នុងទ្រូង។ ករណីខ្លះអ្នកជំងឺដែលមកពិគ្រោះជាមួយគ្រូពេទ្យក្នុងដំណាក់កាលសង្គ្រោះបន្ទាន់ដោយសារដុំមហារីកសួតកាន់តែរីកធំ សង្កត់ផ្នែកមួយជិតបំពង់កធ្វើឲ្យហើម (Supraveina Cava Syndrome) និងលេចចេញជាសញ្ញាហត់ជាដើម។ យន្តការនៃជំងឺ ជំងឺមហារីកសួតកើតឡើងដោយសារមានការប្រែប្រួលខុសធម្មតានៃកោសិកាមួយរបស់សាច់សួតដោយសារមានការរលាក។ ការរលាកនេះ បណ្តាលមកពីការជក់បារីញឹកញាប់ ឬច្រើនដងក្នុងមួយថ្ងៃមានរយៈពេលយូរឆ្នាំ (លើសពី២០កញ្ចប់ក្នុងមួយឆ្នាំ) ជាលទ្ធផលបង្កឲ្យកោសិកាសាច់សួតរលាករុំារ៉ៃ និងមានបម្រែបម្រួលហ្សែន (Genemutation)យូរឆ្នាំ រហូតដល់ក្លាយជាកោសិកាមហារីក។ កោសិកាមហារីកនេះចាប់ផ្តើមរីករាលដាលធំឡើងៗ រហូតដល់រយៈពេលមួយដែលវាដុះសង្កត់ទៅលើទងសួត ធ្វើឲ្យអ្នកជំងឺលេចចេញជារោគសញ្ញាផ្សេងៗដូចរៀបរាប់ខាងលើ។ មិនខុសពីជំងឺមហារីកផ្សេងទៀត  មហារីកសួតក៏អាចរីករាលដាលទៅបំពង់រំលាយអាហារ ឆ្អឹង ខួរក្បាលនិងសរីរាង្គផ្សេងទៀតផងដែរ។ ការធ្វើរោគវិនិច្ឆ័យ និងព្យាបាល ករណីសង្ស័យ គ្រូពេទ្យនឹងតម្រូវឲ្យអ្នកជំងឺធ្វើការឆ្លុះទងសួត (Bronchoscopy) ដើម្បីច្រឹបយកកោសិកា (Biopsy) មហារីកសួតយកទៅពិនិត្យ។ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកអាចនឹងមានការប្រជុំរវាងគ្រូពេទ្យឯកទេសផ្សេងៗរួមមាន គ្រូពេទ្យឯកទេសមហារីកដោយបញ្ចាំងកាំរស្មី (Radiation Oncologist) គ្រូពេទ្យឯកទេសមហារីកដោយចាក់ថ្នាំគីមី (Medical Oncologist)គ្រូពេទ្យឯកទេសខាងសួត (Pneumologist)គ្រូពេទ្យឯកទេសខាងរូបភាពវេជ្ជសាស្ត្រ (Radiologist) និងគ្រូពេទ្យវះកាត់ផ្នែកសួត (ThoracicSurgeon) ដើម្បីពិភាក្សាគ្នារកយុទ្ធសាស្ត្រ​​ ក្នុងការព្យាបាលអ្នកជំងឺ។ ក្នុងការព្យាបាលនោះរួមមាន ការវះកាត់ដែលផ្តល់នូវប្រសិទ្ធភាពអាចជួយអ្នកជំងឺឲ្យជាសះស្បើយក្នុងកម្រិតខ្ពស់ ពិសេសនៅដំណាក់កាលដំបូង។ ការព្យាបាលដោយកាំរស្មី និងការប្រើថ្នាំគីមីជាការព្យាបាលមុន ឬបន្ថែមក្រោយវះកាត់ (Adjuvant ឬ Neo-adjuvant modalities) ឬជាការជ្រើសរើសដោយមិនមានការវះកាត់ដោយសារ  (exclusive treatment) ដំណាក់កាលជំងឺមិនអាចវះកាត់បាន (Non-resectable ឬ non-operable)។ គួរបញ្ជាក់ថាអ្នកជំងឺមហារីកសួតភាគច្រើន  (ជាង ៩០%) ដែលបានទទួលការព្យាបាល អត្រានៃការរស់រានមានជីវិតក្នុងរយៈពេល៥ឆ្នាំមានត្រឹម២០%ប៉ុណ្ណោះដោយសារតែការរកឃើញជំងឺនេះនៅពេលព្យាបាលស្ថិតនៅដំណាក់កាលខ្ពស់ (Late stage) រួមផ្សំនឹងការភ្ជាប់មកជាមួយនឹងស្ថានភាពចុះខ្សោយនៃមុខងារសួត និងសរីរាង្គសំខាន់ជាច្រើនទៀត (ដែលមូលហេតុជាច្រើនមកពីការជក់បារី)។ វិធីសាស្រ្តការពារ • បញ្ឈប់ការជក់បារី និងចៀសវាងការហិតផ្សែងបារី (Second hand smoker) • បញ្ឈប់ការផ្សព្វផ្សាយពីពាណិជ្ជកម្មបារីដែលជាកត្តាជំរុញឲ្យមានការជក់បារីកាន់តែច្រើន • ចៀសវាងការប៉ះសារធាតុគីមីពុល និងថ្នាំសម្លាប់សត្វល្អិត • តាមដាន និងពិនិត្យសុខភាពឲ្យបានទៀងទាត់។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សេះសមុទ្រ ឬឈ្មោះវិទ្យាសាស្ត្រ “Hippocampus borboniensis Duméril” គឺជាសត្វសមុទ្រដែលស្ថិតក្នុងគ្រួសារ Syngnathidae ដែលត្រូវបានគេនិយមប្រើប្រាស់ជាឱសថជំនួយក្នុងការមានគភ៌ បណ្តុះសក់ និងប្រើប្រាស់ជាឱសថក្នុងការព្យាបាល ជំងឺហឺត និងជំងឺរលាកសន្លាក់។ ការស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើតេស្តរកសមាសធាតុឱសថនិងកំណត់ចំនួនឱសថដែលមាននៅក្នុងសារពាង្គកាយទាំងមូលនៃសេះសមុទ្រដែលមានប្រភពនៅក្នុងប្រទេសកម្ពុជា។ សារពាង្គកាយទាំងមូលនៃសេះសមុទ្រស្ងួតត្រូវបានយកមកពីហាងលក់ឱសថបុរាណក្នុងស្រុក ហើយត្រូវបានផ្ទៀងផ្ទាត់ជាមួយនឹងសំណាកសត្វសមុទ្រ (កូដៈ UPFOPMP-120001) ដែលតម្កល់ទុកនៅក្នុង “តិណាល័យសាកលវិទ្យាល័យពុទ្ធិសាស្ត្រ” (UP-Herbarium)។ សារពាង្គកាយទាំងមូលនៃសេះសមុទ្រស្ងួតត្រូវបានយកមកធ្វើការចម្រាញ់ដោយអង្គធាតុរំលាយអេតាណុល តាមរយៈវិធីសាស្ត្រចម្រាញ់ “Ultrasonication-Assisted Extraction (UAE)”។ រូបធាតុចម្រាញ់ដែលទទួលបាន ត្រូវបានត្រៀមទុកសម្រាប់ធ្វើតេស្តគីមីឱសថ និងធ្វើតេស្តក្រូម៉ាតូក្រាបភីស្រទាប់ស្តើង។ លទ្ធផលនៃការធ្វើតេស្តគីមីឱសថត្រូវបានរកឃើញថា សារពាង្គកាយទាំងមូលនៃសេះសមុទ្រស្ងួតមានសមាសធាតុឱសថ Alkaloids, Phenolic Compounds,Flavonoids និងEssential Oils ។ ចំណែកឯការវិភាគលើក្រូម៉ាតូក្រាបភីស្រទាប់ស្តើងនៃសារពាង្គកាយទាំងមូលនៃសេះសមុទ្រស្ងួត នៅជំហ៊ានរលកចន្លោះពី 254-366 nm និង 10%-H2SO4 នៅក្នុង “Mobile Phase” Toluene:Methanol (9:1) យើងបានញែកឱសថសរុបទាំងអស់ចំនួន ១០ អង្គធាតុឱសថ។ ព័ត៌មាននៃសមាសធាតុឱសថដែលមាននៅក្នុងសារពាង្គកាយទាំងមូលនៃសេះសមុទ្រស្ងួតនេះ បញ្ជាក់អំពីគុណសម្បត្តិឱសថដែលមាននៅក្នុងសេះសមុទ្ររបស់កម្ពុជា។ មិនតែប៉ុណ្ណោះ វាគឺជាព័ត៌មានគ្រឹះសម្រាប់អ្នកវិទ្យាសាស្ត្រជំនាន់ក្រោយ ប្រសិនបើមានបំណងចង់បន្តការស្រាវជ្រាវពាក់ព័ន្ធនឹងការបំបែកសមាសធាតុឱសថចេញពីសេះសមុទ្ររបស់កម្ពុជា។ អត្ថបទដោយ៖ កែវ សំអែល, ហេន ថារី, អេង ស៊ីវម៉ីយ, លី សុដាលីន, អ៊ឹង ហ៊ុយឃីម, នី ច័ន្ទសីហា និង ជា ស៊ីននិស្សិត និងសាស្ត្រាចារ្យមហាវិទ្យាល័យឱសថសាស្ត្រ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ភាគច្រើននៃអ្នកជំងឺមហារីកសុទ្ធតែបានជួបប្រទះជាមួយបញ្ហាទាក់ទងនឹងការផ្លាស់ប្តូររសជាតិអាហារ ក្នុងអំឡុងពេលព្យាបាលជំងឺមហារីករបស់គាត់ ដោយពេលខ្លះអាហារអាចគ្មានរសជាតិ ឬអាហារប្រែជាមានរសជាតិផ្សេងខុសពីមុនទៅវិញ ហើយអាហារមួយចំនួនទៀតបែរជាមានក្លិនគួរឲ្យរំខានផងដែរ។ ការផ្លាស់ប្តូររសជាតិ និងក្លិននៃអាហារអាចមានភាពខុសៗគ្នាអាស្រ័យទៅតាមប្រភេទនៃការព្យាបាលដែលគាត់បានទទួល និងអាចខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតផង។ អនុសាសន៍សម្រាប់អ្នកជំងឺទាក់ទងនឹងការផ្លាស់ប្តូររសជាតិ និងក្លិនអាហារ ១.    ភ្លក់រសជាតិអាហារ ហើយកត់ទុកនូវរាល់ប្រភេទអាហារដែលមានរសជាតិល្អ៖ ការដែលធ្វើបែបនេះអាចជួយអ្នកឲ្យញ៉ាំអាហារបានច្រើន ព្រមទាំងរក្សាបាននូវសារជាតិចិញ្ចឹមរាងកាយក្នុងអំឡុងពេលព្យាបាលជំងឺ ២.   បន្តញ៉ាំអាហារដែលមានរសជាតិឆ្ងាញ់៖ ថ្វីបើវាជាប្រភេទអាហារដដែលៗក្នុងមួយរយៈពេលក៏ដោយ តែជីវ្ហាវិញ្ញាណរបស់អ្នកនឹងចាប់ផ្តើមល្អប្រសើរឡើងបន្តិចម្តងៗ ៣.    ចៀសវាងប្រភេទអាហារដែលមានរសជាតិមិនឆ្ងាញ់៖ គួរស្វែងរកប្រភេទអាហារជំនួស ដូច្នេះ អ្នកនៅតែអាចរក្សាបាននូវសារជាតិចិញ្ចឹមដែលរាងកាយត្រូវការ ៤.    អាហារដែលតម្រូវឲ្យមានការទំពាតិច៖ ប្រហែលជាអាចជួយអ្នកឲ្យទទួលបានភាពស៊ាំល្អប្រសើរ ខណៈពេលដែលអ្នកកំពុងមានបញ្ហាទាក់ទងនឹងការផ្លាស់ប្តូររសជាតិអាហារ ៥.    ដុសសម្អាតធ្មេញ និងអណ្តាតជារឿយៗដោយប្រើច្រាសសរសៃទន់៖ លាងជម្រះជាមួយម្សៅ baking soda និងទឹកខ្ពុរមាត់ (ដោយប្រើម្សៅសូដា ១ភាគ ៤ស្លាបព្រាបាយ ជាមួយទឹក ១ពែង) ពេញមួយថ្ងៃ ជាពិសេស មុនពេលបរិភោគអាហារនិងក្រោយពេលបរិភោគអាហារ ៦.    ប្រសិនបើអាហារមានរសជាតិបែបលោហៈ (taste metallic)៖ -    ព្យាយាមញ៉ាំអាហារនេះពេលត្រជាក់ ឬនៅសីតុណ្ហភាពបន្ទប់ត្រជាក់ -    ព្យាយាមជ្រលក់សាច់ត្រី សាច់មាន់ ឬសាច់ផ្សេងទៀតដើម្បីបិទបាំងរសជាតិជូរចត់៖ ទឹកជ្រលក់ទាំងនោះមានដូចជា ទឹកក្រូចឆ្មារ ទឹកជ្រលក់ដែលមានរសជាតិជូរអែម  ស្រាទំពាំងបាយជូរ teriyaki ឬទឹកសណ្តែកសៀង ទឹកជ្រលក់បាប៊ីឃ្យូ ឬទឹកជ្រលក់បែបអ៊ីតាលីជាដើម -    អាចប្រើប្រាស់សម្ភារៈដែលធ្វើពីប្លាស្ទិច ឬដែកអុីណុក -    បរិភោគប្រភេទអាហារសម្បូរទៅដោយប្រូតេអ៊ីនដែលងាយបរិភោគដូចជា៖          ក.    ទឹកដោះគោ ទឹកដោះគោជូរ ឈីស custards នំធ្វើពីម្សៅ(puddings) ភេសជ្ជៈដែលផ្សំពីទឹកដោះគោ (milkshakes)     ​   ​​      ខ.    ត្រីធូណា និងត្រីសាល់ម៉ុន          គ.    ស៊ុតដែលចម្អិនបានឆ្អិនល្អ          ឃ.    hummus ៧.    ប្រសិនបើរសជាតិផ្អែមពេក៖ អាចលាយវាជាមួយទឹក ទឹកសូដា ទឹកកក ភេសជ្ជៈដែលផ្សំពីកាបូណាត (tonic water) ឬអ្នកអាចសាកល្បងបន្ថែមអំបិលបន្តិចចូលដើម្បីកាត់បន្ថយភាពផ្អែម ៨.    ប្រសិនបើអាហារប្រៃពេក៖ ព្យាយាមស្វែងរកប្រភេទអាហារដែលមានបរិមាណអំបិលទាប ឬមានកម្រិតសូដ្យូមតិច។ អ្នកក៏អាចប្រើប្រាស់ស្ករដើម្បីជួយបិទបាំងរសជាតិប្រៃផងដែរ ៩.    ប្រសិនបើអាហារមានរសជាតិសាបពេក៖     • បន្ថែមរសជាតិអាហារជាមួយនឹងគ្រឿងផ្សំផ្សេងទៀតដូចជា ទឹកជ្រលក់បាប៊ីឃ្យូ ទឹកជ្រលក់សណ្តែកសៀង mustard  ឬketchup     • បង្កើនរសជាតិអាហារជាមួយប្រភេទជី និងគ្រឿងផ្សំផ្សេងទៀតដូចជា ជីវ៉ាន់ស៊ុយ ជីត្រចៀកជ្រូក ខ្ទឹម ឈើអែម និងម្រេចជាដើម ១០.  ប្រសិនបើអាហារមានក្លិនខ្លាំងពេក៖ -    អាចប្រើប្រាស់កង្ហារក្នុងផ្ទះបាយ ពេលកំពុងចម្អិនម្ហូប -    ប្រើប្រាស់ម៉ាស៊ីនកម្តៅម្ហូបម៉ាយក្រូវ៉េវ (mic-rowave) ឆ្នាំងដែលគ្របបិទជិត ឬអាចចម្អិននៅខាងក្រៅ -    អង្គុយនៅជិតបង្អួចដែលបើកចំហ -    ស្នើមិត្តភក្តិ ឬសមាជិកគ្រួសារអ្នកឲ្យចម្អិនម្ហូប -    សាកល្បងបរិភោគនៅសីតុណ្ហភាពត្រជាក់ដូចជា៖     •  ភេសជ្ជៈធ្វើពីទឹកដោះគោ     •  ឈីស និងផ្លែឈើ     •  ទឹកដោះគោជូរ     •  សាឡាដ ជាមួយសាច់មាន់     •  ឈីសដែលមានលើនំស្រួយ     •  ការ៉េម ១១.    ប្រសិនបើអ្នកមានអារម្មណ៍ថាស្ងួតមាត់ខ្លាំង៖ អ្នកអាចសាកល្បងប្រភេទអាហារដែលមានរសជាតិជូរដើម្បីភ្ញោចជីវ្ហាវិញ្ញាណ និងបង្កើនការបញ្ចេញទឹកមាត់ ដែលអាចមានជាប្រភេទអាហារដូចជា៖ -    ក្រូចឆ្មារ តែទឹកកក ទឹកផ្លែឈើច្របាច់ ទឹកដោះគោជូរ ឬប្រភេទគ្រីមមានរសជាតិជូរ -    អាហារត្រាំ -    ទឹកជ្រលក់រសជាតិជូរអែម -    ស្ករទំពា ឬស្ករគ្រាប់ដែលមានរសជាតិជូរអែមតែមិនមានដាក់ស្ករស។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកឯកទេសរបបអាហារ ប្រសិនបើ៖ ១. អ្នកនៅតែមានបញ្ហាទាក់ទងនឹងការផ្លាស់ប្តូររសជាតិអាហាររយៈពេលយូរ ដែលធ្វើឲ្យអ្នកមិនអាចបរិភោគអាហារបានគ្រប់គ្រាន់ ២. អ្នកមានផលរំខានដូចជា ក្អួត ចង្អោរ ដែលធ្វើឲ្យអ្នកពិបាកបរិភោគ ៣. អ្នកស្រកទម្ងន់ដោយមិនចាំបាច់ព្យាយាមសម្រក ៤. ជម្រើសអាហារមានរយៈពេលយូរ ក្នុងករណីនេះ គ្រូពេទ្យរបស់អ្នកអាចចេញវេជ្ជបញ្ជាឲ្យអ្នកប្រើប្រាស់ប្រភេទថ្នាំពេទ្យ ឬអាហារបំប៉នផ្សេងទៀត។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកជំងឺមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សេចក្តីជូនដំណឹងចុះថ្ងៃទី ០១ ខែវិចិ្ឆកា ឆ្នាំ២០១៨របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហេ្វសប៊ុករៀងរាល់ថ្ងៃ មានគណនីចំនួន ៦ គឺ ១-លក់ថ្នាំចាក់ស្បែកស និងម៉ាស៊ីនថែរក្សាសម្ជស្សគ្រប់ប្រភេទ 015558295២-មានលក់ថ្នាំចាក់អោយ Filler Botox គ្រប់ប្រភេទ 0965301503 ៣-លក់ផលិតផលកែសម្ជស្សគ្រប់ប្រភេទសុទ្ធ ១០០%  ៤-The SNow WHite INjection KH ៥-Luk Som ៦-SokkheangSam Luk Luk បានកំពុងផ្សព្វផ្សាយផលិតផលឱសថចាក់ចំនួន ១៨មុខ (ក្នុងតារាង) គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានបញ្ជិកា គ្មានការត្រួតពិនិត្យ និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលឡើយ។ ម៉្យាង គ្រប់គណនីហេ្វសប៊ុកទាំងអស់ខាងលើនេះបានផ្សព្វផ្សាយអួតអាង   បំផ្លើសហួសពីការពិតនូវផលិតផលឱសថចាក់ ដូចជា ជួយឲ្យស្បែកស បំបាត់ស្នាមអុជខ្មៅ អាចម៍រុយ ជួយរក្សាវ័យឲ្យនៅក្មេង កាត់បន្ថយការផលិតជាតិ Melanin ការពារ និងបំបាត់ភាពជ្រីវជ្រួញ បណ្តុះកោសិកាថ្មី បំបាត់មុខទ្រុឌ មុខខ្មូត  ជួយរក្សារាង កាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាម។ល។ ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់ការបាត់បង់អាយុជីវិតដោយសារការគាំងបេះដូងរបស់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលចូលចិត្តប្រើប្រាស់ផលិតផលឱសថចាក់បំប៉នស្បែកខាងលើនេះ ត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។ ដូច្នេះ ក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់គណនីហ្វេសប៊ុកទាំងអស់ខាងលើនេះត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយលក់ ឬចែកចាយផលិតផលឱសថខុសច្បាប់ទាំងអស់ខាងលើនេះ ព្រមទាំងប្រមូលមកវិញដើម្បីកម្ទេចចោល។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកទាំង៦និងគណនីផ្សេងៗទៀតដែលកំពុងនាំចូល ផ្សព្វផ្សាយ លក់ ចែកចាយផលិតផលឱសថខាងលើនេះ ស្របតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងប្រើប្រាស់  លក់  ចែកចាយចាក់ផលិតផលឱសថបំប៉នស្បែក គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលខាងលើ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋានឱសថ ចំណីអាហារ  បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១១ ៥៧៤ ៧៨៧, ០៩២ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សុខុមាលភាពសម្រាប់ជីវិតគឺជាភាពសុខស្រួល សុខភាពរឹងមាំ និងភាពសប្បាយរីករាយ ហើយវាមិនត្រឹមតែសម្រាប់ខាងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវារួមទាំងបញ្ញា និងស្មារតីផងដែរ។ អ្នកគួរតែចំណាយពេលខ្លះមកមើលថែទាំខ្លួនឯងឲ្យមានសុខភាពល្អ ទើបអ្នកអាចសម្រេចអ្វីៗបន្តទៀតបាន។ អ្នកទាំងអស់គ្នាប្រហែលជាមានការងាររវល់ជាច្រើនរៀងរាល់ថ្ងៃ ដូចនេះ យើងក៏បានលើកយកសកម្មភាពដែលអ្នកអាចធ្វើបាននៅចុងសប្ដាហ៍ ដើម្បីកែលម្អ និងថែរក្សាសុខុមាលភាព ទាំងរាងកាយ និងផ្លូវចិត្តរបស់អ្នកឲ្យកាន់តែប្រសើរជាងមុន។ ១. អានសៀវភៅ អ្នកធ្លាប់ឮទេថា ការអានសៀរភៅអាចផ្លាស់ប្តូរជីវិតអ្នកដោយនឹកស្មានមិនដល់? ប្រាកដណាស់ ទម្លាប់នៃការអាន ជាទម្លាប់ដ៏ល្អមួយ ហើយយ៉ាងហោចណាស់អ្នកគួរបង្កើតទម្លាប់ល្អមួយនេះ ក្នុងពេលសម្រាកផងដែរ ប្រសិនបើអ្នករវល់ខ្លាំងក្នុងថ្ងៃធម្មតា។ ការអាននឹងឲ្យអ្នកស្គាល់ និងរៀនចេះនូវអ្វី ដែលអ្នកមិនធ្លាប់ដឹងពីមុន រួមទាំងការហ្វឹកហាត់ខាងខួរក្បាល និងបញ្ញាឲ្យរីកលូតលាស់ផងដែរ។ អានសៀវភៅល្អមួយក្បាល ស្មើនឹងរើសបានគ្រាប់ពេជ្រដ៏មានតម្លៃមួយដុំ។ ២. ចម្អិនអាហារខ្លួនឯង អ្នកប្រហែលជាជាប់រវល់រហូតដល់ញ៉ាំបាយខាងក្រៅសឹងតែរាល់ថ្ងៃ ប្រសិនបើគ្មានអ្នកចម្អិនម្ហូបឲ្យនៅផ្ទះ ប៉ុន្តែអ្នកគួរសាកចំណាយពេល ១ ទៅ ២ម៉ោងយ៉ាងយូរ មកចម្អិនអាហារសម្រាប់ខ្លួនឯង ឬគ្រួសារម្តងវិញម្តង បើទោះបីជាធ្វើកើត ឬមិនកើតក៏ដោយ ក៏គួរតែសាក។ សាកធ្វើម្ហូបដែលអ្នកចូលចិត្តញ៉ាំទៅមើល អ្នកនឹងដឹងថាការធ្វើម្ហូប ក៏អាចធ្វើឲ្យអ្នកសប្បាយចិត្តដែរ! ៣. ញ៉ាំអាហារដែលអ្នកចូលចិត្ត គេនិយាយថាអាហារឆ្ងាញ់ អាចធ្វើឲ្យអារម្មណ៍ប្រសើរឡើងដែរ! ប្រសិនបើអ្នកមិនចេះ ឬមិនចង់ចម្អិនអាហារខ្លួនឯងនៅចុងសប្ដាហ៍ទេ អ្នកអាចជ្រើសរើសភោជនីយដ្ឋាន ឬកន្លែងញ៉ាំអីណាមួយ កម្មង់ម្ហូបដែលអ្នកចូលចិត្ត ឬញ៉ាំអាហារណាដែលល្អ និងបំប៉នសុខភាព ដូចកាលពីថ្ងៃទី១៦ នៅ Ignite Phnom Penh 4 មានវាគ្មិន លោក ជា វុឌ្ឍី បានលើកយកប្រធានបទមួយថា «You are what you eat» មានន័យថា «ញ៉ាំអី បានហ្នឹង» ហើយគាត់បានណែនាំឲ្យយើងចេះ ប្រុងប្រយ័ត្នក្នុងការជ្រើសរើសអាហារ ព្រោះវាអាចធ្វើឲ្យសុខភាពយើងប្រសើរ ឬចុះទន់ខ្សោយទៅតាមហ្នឹងដែរ។ ៤. លេងកីឡា ការលេងកីឡាមិនត្រឹមតែនាំមកនូវសុខភាពល្អទេ វាថែមទាំងធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយថែមទៀតផង។ ឆ្លៀតពេលចុងសប្តាហ៍ ជ្រើសរើសកីឡាណាមួយដែលអ្នកគិតថា អ្នកចូលចិត្តជាងគេ ដូចជា លេងបាល់ រត់ ហែលទឹក វាយសីជាដើម ហើយប្រសិនបើធ្វើបានបែបហ្នឹងជារៀងរាល់ថ្ងៃទៀត អ្នកនឹងទទួលបានសុខភាពល្អ និងអារម្មណ៍ស្រស់ស្រាយ ជារៀងរាល់ថ្ងៃ។ ៥. ងូតទឹកយូរ ជឿ ឬអត់ថាងូតទឹកយូរធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ? រាល់ថ្ងៃក្រោកពីគេង ប្រញាប់ទៅរៀន ទៅធ្វើការឲ្យទាន់ម៉ោង ប្រាកដជាងូតទឹកឲ្យតែស្អាតៗទេ តែបានជាចុងសប្តាហ៍ អត់ប្រញាប់ទៅណាផង សាកងូតទឹកឲ្យបានយូរម្តងមើល អ្នកនឹងទទួលបានអារម្មណ៍ប្លែក និងស្រស់ស្រាយជាងធម្មតា។ សាកមើលទៅបានដឹង កុំឲ្យថាគេចេះតែថា! ៦.ដើរលេងកន្លែងធម្មជាតិ អ្នកគួរចំណាយពេលចុងសប្តាហ៍ឲ្យមានន័យ បើជ្រុលជាហត់នឿយទាំងកាយ និងចិត្តមកច្រើនថ្ងៃដែរហើយ។ អ្នកគួរចំណាយពេលដើរលេងខ្លះ បើមិនបានទៅកន្លែងឆ្ងាយៗ ក៏បានទៅកន្លែងជិតៗ ដែលមានធម្មជាតិខ្លះដែរ ដូចជាជិះតាមមាត់ទន្លេ ទៅលេងសួន ឬកន្លែងណាក៏បាន ឲ្យតែមានដើមឈើ ឬទឹកជាដើម ព្រោះវាអាចជួយលុបបំបាត់ភាពនឿយហត់របស់អ្នកបាន។ ៧. ថតរូប ទៅដើរលេងហើយអត់ថតរូបម៉េចបាន! ការថតរូបក៏អាចធ្វើឲ្យអារម្មណ៍ល្អដែរ! វាក៏ជាភស្តុតាងមួយថា អ្នកធ្លាប់ទៅកន្លែងសប្បាយៗ អ្នកធ្លាប់មានក្តីសុខជាមួយពេលវេលាហ្នឹង... ជួនកាលអ្នកអាចញញឹមពេលមើលរូបធ្លាប់ថតដែរ ហើយអាចនឹងចង់ទៅកន្លែងក្នុងរូបហ្នឹងម្តងទៀតផង។ ពេលខ្លះ នៅពេលអ្នកថតរូបបានស្អាតៗច្រើន អ្នកក៏មានរីករាយទៅតាមហ្នឹងក៏មានដែរ។ អញ្ចឹង សាកដើរថតរូបចុងសប្តាហ៍ម្តងមើល៎ បានដឹងថាយ៉ាងណា! ៨. ដើរទិញឥវ៉ាន់ មិនចាំបាច់ថាដើរទិញរបស់ប្រេនៗអីទេ គ្រាន់តែដើរផ្សារទិញរបស់ប្រើប្រាស់ ឬរបស់ញ៉ាំ ក៏អាចធ្វើឲ្យអ្នកបានស្រស់ស្រាយមួយផ្នែកធំផងដែរ។ ចំណាយពេលប្រហែល២ម៉ោងទៅដើរផ្សារ ទិញរបស់ខ្លះៗ និងមើលមនុស្សម្នាគេឯង ក៏អាចលំហែអារម្មណ៍បានដែរ។ ៩. សមាធិ ប្រសិនបើអ្នកចេះសមាធិ វាកាន់តែប្រសើរថែមទៀត។ សមាធិមិនមែនជារឿងងាយស្រួលរៀនទេ តែវាក៏មិនពិបាកដល់ថ្នាក់ធ្វើមិនបានដែរ។ ចំណាយពេលធ្វើសមាធិត្រឹមមួយសប្តាហ៍ម្តង អ្នកនឹងទទួលបានថារាងកាយ និងចលនាដង្ហើមអ្នកប្រសើរឡើង រួមទាំងមានសេចក្តីសុខខាងផ្លូវចិត្តបានស្ងប់ផងដែរ។ អ្នកអាចរៀនសមាធិតាម Youtube ឬកាន់តែល្អស្វែងរកថ្នាក់បង្ហាត់បង្ហាញពីការធ្វើសមាធិពីអ្នកជំនាញតែម្តង បានប្រសិនបើអ្នកមិនទាន់ចេះ។ ១០. ចំណាយពេលវេលាជាមួយមនុស្សជាទីស្រឡាញ់ ពិតណាស់ សកម្មភាពទាំង៩ខាងលើ បើធ្វើម្នាក់ឯង វាដូចជាឯកាពេក តែប្រសិនបើមានអ្នកធ្វើជាមួយវិញ កាន់តែមានន័យ។ អ្នកគួរចំណាយពេលចុងសប្តាហ៍ ឲ្យកាន់តែមានន័យថែមទៀត ដោយធ្វើសកម្មភាពដែលអ្នកចូលចិត្ត ជាមួយមនុស្សជាទីស្រឡាញ់ ដូចជាគ្រួសារ មិត្តភក្តិ ឬមនុស្សពិសេសរបស់អ្នក។ ប្រសិនបើអ្នកស្រ្តេស អ្នកក៏អាចឆ្លៀតពេលបង្ហាញនូវអារម្មណ៍តានតឹងឲ្យគេស្តាប់ វាក៏អាចជួយសម្រាលទុក្ខអ្នកបានយ៉ាងច្រើន ហើយអ្នកក៏មានពេលវេលាល្អៗចំណាយជាមួយមនុស្សដែលអ្នកស្រឡាញ់ទៀតផង។ ជារួមមក ដើម្បីរក្សាសុខុមាលភាពក្នុងជីវិត អ្នកត្រូវថែទាំសុខភាពទាំងផ្លូវកាយ និងចិត្តឲ្យរឹងមាំ ទើបអ្នកអាចបន្តក្តីស្រម៉ៃ និងសុបិន្តរបស់អ្នកទៀតបាន។ ទោះបីអ្នកមិនអាចធ្វើសកម្មភាពទាំងនេះបានជារៀងរាល់ថ្ងៃទាំងអស់បាន ក៏អ្នកអាចធ្វើវាយ៉ាងហោចណាស់ម្តងក្នុងមួយសប្ដាហ៍ដែរ។ ស្រឡាញ់ និងថែរក្សាសុខភាពទាំងអស់គ្នាណា៎!   ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

ហាត់ប្រាណ និងដំណើរកម្សាន្ត ហាក់ដូចជារឿង២ដែលដាច់ដោយឡែកពីគ្នា ប៉ុន្តែវាហាក់ផ្តល់គុណប្រយោជន៍រហូតអ្នកមិនអាចស្មានដល់។ សំខាន់នៅត្រង់ថា អ្នកគួរធ្វើវានៅពេលណា ហើយលំហាត់ប្រាណបែបណាដែលអ្នកអាចធ្វើបាននៅពេលនេះប៉ុណ្ណោះ… ល្មមអំឡុងចុងឆ្នាំ ដែលម្នាក់ៗហាក់កំពុងរៀបចំគម្រោងដើរកម្សាន្ត ជាមួយមិត្តភក្តិ ក្រុមការងារ គ្រួសារ ហើយអ្នកខ្លះក៏ប្រហែលចង់ទៅម្នាក់ឯង ដូចនេះ លោកអ្នកអាចសាកល្បងគន្លឹះហាត់ប្រាណមួយចំនួន ដូចខាងក្រោម៖ ខណៈពេលរង់ចាំ ឬអង្គុយយូរ បើសិនជាអ្នកនឹងត្រូវដើរលេងកម្សាន្តដោយការធ្វើដំណើរដោយយន្តហោះ ឬរថយន្តរយៈពេលយូរ ហេតុអ្វីបានជាអ្នកមិនព្រមធ្វើលំហាត់ប្រាណខ្លះខណៈពេលដែលកំពុងតែអង្គុយ ដូចជា ការលើកជើងសណ្តូកទៅមុខ អង្គុយចោងហោងដោយបន្ទន់ជង្គង់យឺតៗ និងការបង្វិលកជើងឲ្យស្របទ្រនិចនាឡិកាផង។ លំហាត់ប្រាណតិចតួចនេះនឹងជួយរក្សារបត់ឈាមរត់សំខាន់ៗ និងធ្វើឲ្យអ្នកមានសុខភាពល្អបានថែមទៀតផង។   អំឡុងពេលនៃដំណើរកម្សាន្ត ក្នុងរយៈពេលនៃដំណើរកម្សាន្តដ៏រីករាយនេះលោកអ្នកអាចឆ្លៀតឱកាសហាត់ប្រាណបន្ថែមបែបងាយៗដែលរួមមាន៖ ១. ដើរ៖ ជ្រុលជាអ្នកត្រូវមកដើរកម្សាន្ត ហើយមកដល់ទីតាំងត្រូវឈប់ល្មម ដែលអ្នកអាចនឹងមានអារម្មណ៍ល្ហិតល្ហៃ តែសូមព្យាយាមដើរឲ្យបានច្រើន ព្រោះថាទេសភាពនឹងអមដំណើរអ្នកនឹងមិនធ្វើឲ្យអ្នកនឿយហត់ក្នុងការដើរឡើយ។ អ្នកអាចចំណាយត្រឹមតែពីរ ទៅបីនាទី នោះអ្នកនឹងដឹងដោយអារម្មណ៍នូវភាពស្រស់ស្រាយ បង្កប់ទាំងផ្លូវចិត្ត និងកាយ។ ត្បិតការដើរក្នុងដំណើរកម្សាន្តរបស់អ្នកពេលនេះ អាចជួយកាត់បន្ថយស្រេ្តស  បន្ថយសម្ពាធឈាម សម្រួលលំហូរឈាមនៅក្នុងរាងកាយយ៉ាងល្អទៀតផង។ ២. រត់ត្រឹកៗ៖ ពេលព្រឹកព្រលឹម ឬពេលល្ងាចពិតជាអំណោយផលយ៉ាងល្អដែលអ្នកគួរព្រលែងបាតជើងរបស់អ្នកឲ្យប៉ះជាមួយគ្រាប់ខ្សាច់ដ៏ល្អិត និងត្រជាក់ បូករួមជាមួយទេសភាពមាត់សមុទ្រ ឬព្រៃឈើបៃតងខ្ចីនៃទីតាំងកម្សាន្តរបស់អ្នក។ មិនចាំបាច់ចំណាយពេលយូរតែ១០ ទៅ ២០នាទីអាចមានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយនូវភាពតានតឹង បញ្ចេញជាតិពុល សម្រកជាតិខ្លាញ់ និងពង្រឹងប្រព័ន្ធការពាររាងកាយលើពីការរត់ធម្មតានៅផ្ទះ។ ៣. ជិះកង់៖ អ្នកអាចធ្វើដំណើរកម្សាន្តទៅទីតាំងមួយដែលមានទំហំធំ ដូច្នេះការជិះកង់គឺជាជម្រើសមួយល្អបំផុតជំនួសឲ្យការប្រើប្រាស់យាន្តជំនិះផ្សេង។ អ្នកអាចបញ្ចេញកម្លាំងពីគ្រប់កន្លែងនៃរាងកាយរបស់អ្នកបានយ៉ាងស្មើគ្នា ពិសេសសាច់ដុំជើង ហើយអ្នកនឹងកាន់តែរីករាយជាមួយនឹងមិត្តភក្តិរបស់អ្នក ជាមួយការរំឭកដល់អនុស្សាវរីយ៍កាលវ័យជិះកង់ទៅរៀនជាមួយគ្នា។ ទេសភាពស្រស់ស្អាត មាត់សមុទ្រធំល្វឹងល្វើយ សួនច្បារគួរជាទីទាក់ទាញ គួបផ្សំជាមួយនឹងតន្រ្តីយ៉ាងពិរោះថែមទាំងបានហាត់ប្រាណទៀត។ ៤. លោតអន្ទាក់៖ ខ្សែលោតអន្ទាក់ ងាយស្រួលក្នុងការទុកដាក់តាមខ្លួន ហើយលោកអ្នកអាចអនុវត្ត ការហាត់ប្រាណដោយការលោតអន្ទាក់នេះ បាននៅគ្រប់ទីកន្លែង។ អ្នកអាចហាត់ជាមួយក្រុមមិត្តភក្តិដែលមកជាមួយគ្នា ដោយធ្វើការប្រកួតប្រជែងបានយ៉ាងសប្បាយរីករាយ នោះសេចក្តីរីករាយចេញពីចិត្តត្រូវបានជំរុញ តាមរយៈសំឡេងសើចក្អាកក្អាយ ដែលនាំដោយសោតវិញ្ញាណរបស់អ្នក។ ការចងចាំដ៏មានអត្ថន័យ ហើយក៏អាចធ្វើឲ្យអ្នកមានរាងស្រឡូនស្អាត និងមានសុខភាពល្អ។ បទពិសោធន៍ថ្មីដែលទទួលបានពេលនេះលោកអ្នកអាចយកទៅសាកល្បងនៅពេលអ្នកធ្វើដំណើរកម្សាន្តលើកក្រោយៗ ដើម្បីទទួលបាននូវអារម្មណ៍ស្រស់ថ្លា សុខភាពល្អ និងជីវិតពោរពេញដោយភាពមានន័យ… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

ដើម្បីដើរឲ្យទាន់តាមភាវូបនីយកម្ម និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាដ៏ឥតឈប់ឈរ វិស័យសុខាភិបាលដើរតួយ៉ាងសំខាន់​ដែលមិនអាចខ្វះបាន។ ក្នុងវឌ្ឍនភាពនៃវិស័យសុខាភិបាលនេះ​ ស្ថាប័នឯកជន ក៏ជាចលករមួយដ៏សំខាន់ ក្នុងការជួយជម្រុញឲ្យគុណភាពសុខភាពរបស់ប្រជាជនកម្ពុជា កាន់តែប្រសើរមួយកម្រិតទៀត។ ដូចនេះ​ហើយ ការបង្កើត គ្លីនិក និងមន្ទីរពេទ្យ ឯកជនដែលមាន​ ស្តង់ដារ និងប្រកបដោយគុណភាព​ល្អ ចាំបាច់ត្រូវមាន ផ្នែកគន្លឹះសំខាន់ៗ ដែលគិតតាំងពីការរៀបចំគម្រោងដំណើរ ធនធានដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ទីតាំងសមស្រប រចនាសម័្ពន្ធច្បាស់លាស់ រហូតដល់ការ ធ្វើប្រតិបត្តិការ ដោយមានការគ្រប់គ្រងល្អផងដែរ ។ល។​ វគ្គសិក្សាខ្លី ស្តីពីមូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការ គ្លីនិក/មន្ទីពេទ្យ នឹងផ្តល់ឲ្យអ្នកចូលរួម ​បាន សិក្សាស្វែងយល់ឲ្យកាន់តែច្បាស់ពី ស្នូលផ្សំសំខាន់ៗ ក្នុងការរៀបចំគម្រោងដំណើរការ គ្លីនិក/មន្ទីរពេទ្យឲ្យបានជោគជ័យ ព្រមទាំងការសិក្សលើគំរូគម្រោងដំណើរការគ្លីនិក ដោយគ្រូបង្គោល លោកបណ្ឌិត សុខ ស៊ាង ដែលជា សាស្ត្រាចារ្យផ្នែកសហគ្រិនភាព នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ជាពិសេស អ្នកចូលរួមនឹងទទួលបាននូវបទពិសោធន៍ល្អដែលគួរយល់ដឹងដ៏មានន័យ ដែលបានពីការចែក រំលែកពី វាគ្មិនកិត្តិយស ដែលមានភាពជោគជ័យលើការដំណើរការគ្លីនិក/មន្ទីរពេទ្យ។​ ក្នុងនោះយើងមាន កិត្តិយសវាគ្មិនសំខាន់ៗ ពីររូប៖ វាគ្មិនកិត្តិយសទី១ គឺ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត គង់ ពិសិដ្ឋ ជានាយកនៃមន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ, ជាអនុប្រធានមន្ទីពេទ្យព្រះអង្គដួង និងជាប្រធានអគារចក្ខុរោគក្នុងមន្ទីរពេទ្យ ព្រមទាំង ជាប្រធាន អាសនៈ និងជាសាស្ត្រាចារ្យបង្រៀនថ្នាក់វេជ្ជសាស្ត្រទូទៅ និងថ្នាក់ឯកទេសចក្ខុរោគនៅសកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលផងដែរ។ វាគ្មិនកិត្តិយសទី២ គឺ លោកវេជ្ជបណ្ឌិត សោម លក្ខិណា ជាស្ថាបនិកនៃមន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ ខេមា និងគ្លីនិកខេមា និងជាប្រធានផ្នែកវេជ្ជសាស្ត្រ ព្រមទាំងជាវេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ត្រទូទៅនៃមន្ទីរពហុព្យាបាល អន្តរជាតិ ខេមា​ ផងដែរ។ វគ្គសិក្សាខ្លី ស្តីពី មូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការគ្លីនិក/មន្ទីរពេទ្យ គឺជាសកម្មភាពសិក្សា ផ្តល់បន្ថែមដើម្បីជួយជម្រុញ ឲ្យវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជាកាន់តែមានគុណភាពល្អប្រសើរ​ បន្ថែមទៀត ដោយគោលបំណងនៃ ការរៀបចំវគ្គសិក្សាខ្លីនេះ សង្ឈឹមថាអ្នកចូលរួម​ នឹងទទួលបានចំនេះដឹង មូលដ្ឋានគ្រឹះសម្រាប់ការរៀបចំគម្រោងដំណើរការគ្លីនិក និងយល់ដឹងពីចំនុចសំខាន់នីមួយៗ លើគំរូបង្ហាញក្នុង វគ្គសិក្សាខ្លីផងដែរ ដោយលើសពីនេះគឺការត្រៀមខ្លួនឲ្យបានល្អ និងការដាក់អាទិភាពលើប្រតិបត្តិការគ្លីនិក/មន្ទីរពេទ្យឲ្យបានជោគជ័យ៕ សំបុត្រចូលរួម សម្រាប់ការចូលរួម អ្នកទាំងអស់គ្នាអាចចុះឈ្មោះចូលរួមជាមុន ជាមួយតម្លៃសំបុត្រត្រឹម15$ មុនថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩។  ***បញ្ជាក់៖ ចំនួនកន្លែងមានកំណត់!!! របៀបចុះឈ្មោះ ដើម្បីចុះឈ្មោះជាមុន សូមចូលទៅកាន់ទំព័​រ http://healthtime.tips/subpage/Healthtimepro/appointments ហើយធ្វើការបំពេញឈ្មោះ ភេទ អ៊ីម៉ែល លេខទូរស័ព្ទ ដោយជ្រើសយក វគ្គសិក្សាខ្លី “មូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការ គ្លីនិក/មន្ទីរពេទ្យ” និងរើសយក ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៩ ម៉ោង៨ព្រឹក។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។ ឬ ប្រើ Healthogo App ស្វែងរក Healthtime Pro ហើយចុចលើការណាត់ជួប រួចបំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៩ ម៉ោង៨ព្រឹក ជ្រើសយក វគ្គសិក្សាខ្លី “មូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការ គ្លីនិក/មន្ទីរពេទ្យ” និងបំពេញលេខទូរស័ព្ទ។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។ កំណត់សម្គាល់ ៖ ការបង់ប្រាក់ និងទទួលសំបុត្រ ប្រព្រឹត្តិនៅការិយាល័យក្រុមហ៊ុនហេលស៍ថាមខប ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ឬធ្វើការកក់សំបុត្រជាមុន ដោយគ្រាន់តែធ្វើការចុះឈ្មោះ តាមវិធីខាងលើ និងផ្ញើប្រាក់ជូនក្រុមការងារយើងជាមុន តាមរយៈ Wing (077 888 067) ឬABA bank (000318913) នោះក្រុមការងារនឹងប្រគល់សំបុត្រជូនលោកអ្នកនៅក្នុងថ្ងៃកម្មវិធី។​ សម្រាប់ទំនាក់ទំនងព័ត៌មានបន្ថែម ៖ ០៧៧ ៨៨៨ ០៧៦/ ០៧៧ ៨៨៨ ០៧៥/ ០៦៩ ៨៨៨ ១១២

Share

ពីមួយខែទៅមួយខែ អត្រានៃការចូលអាន និងការចែករំលែកអត្ថបទមានការកើនឡើងជាលំដាប់ មិនខុសគ្នាពីខែមុនៗឡើយ ហើយក្រុមការងារហេលស៍ថាមតែងជ្រើសរើសអត្ថបទចំនួន៣ ដែលទទួលបានការចាប់អារម្មណ៍ និងចូលអានច្រើនជាងគេ ដើម្បីសង្ខេបឲ្យមិត្តអ្នកអានបានស្វែងយល់បន្ថែម ក្នុងនោះរួមមាន៖ ១. «ស្រមុក» សញ្ញានៃជំងឺស្ទះដង្ហើមនៅពេលគេងយប់ យោងតាមប្រសាសន៍របស់ សាស្ត្រាចារ្យ មហាបរិញ្ញា វ៉ាន់ មិច ឯកទេសវេជ្ជសាស្ត្រទូទៅ និងជំងឺសួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសួត កម្ពុជា បានឲ្យដឹងថា ស្រមុក គឺជារោគសញ្ញានៃវិបត្តិក្នុងការដកដង្ហើម មានន័យថាវាជាសញ្ញាមួយនៃជំងឺដែលឆ្លុះបញ្ចាំងពីការដកដង្ហើមចូលសួតមានការរំខានដោយការត្បៀតនៃផ្លូវដង្ហើម។ ការត្បៀតនេះអាចមាននៅក្នុងច្រមុះ ឬបំពង់ក ដោយសារមានការរីកសាច់ ឬមានដុះសាច់ច្រមុះ បំពង់ក ឬការមិនផ្តល់សញ្ញាពីខួរក្បាល ដែលធ្វើឲ្យខ្យល់អុកស៊ីសែនចូលក្នុងសួតមិនបានគ្រប់គ្រាន់ និងខ្យល់ដែលឆ្លងកាត់ផ្លូវតូចចង្អៀត បង្កជាការលាន់ស្រមុក...... ស្វែងយល់បន្ថែម៖ http://www.healthtime.tips/library/article/1749 ២. ម្តងសើច  ម្តងយំ អាចជារោគសញ្ញានៃជំងឺ Bipolar Disorder  បុគ្គលក្នុងអាយុជាមធ្យម ២១ឆ្នាំ ទាំងបុរស និងស្រ្តី បូកផ្សំជាមួយអាការៈផ្លូវចិត្តប្រែប្រួលមួយចំនួនដែលមិនអាចបកស្រាយបាន អាចជារោគសញ្ញានៃជំងឺផ្លូវចិត្តធ្ងន់ធ្ងរមួយប្រភេទគឺ BipolarDisorder។ Bipolar Disorder ជាជំងឺផ្លូវចិត្តប្រភេទធ្ងន់ និងរ៉ាំរ៉ៃមួយ ដែលអាចលាប់មកវិញ ប្រសិនមិនបានទទួលការព្យាបាលត្រឹមត្រូវ។  អ្នកជំងឺហាក់មានអារម្មណ៍ឡើងចុះ ដែលម្តងអាចស្តែងចេញជាការបាក់ទឹកចិត្តខ្លាំង (Depression)រួចប្រែទៅជាមានទឹកចិត្តឡើងខ្ពស់ខ្លាំងជាងធម្មតា (Mania)។ ម៉្យាងទៀត វាក៏ត្រូវបានគេហៅផងដែរថាជាជំងឺអារម្មណ៍២ ដែលមានការប្រែប្រួលក្នុងរយៈពេលកំណត់ណាមួយរវាងអារម្មណ៍ពិបាកចិត្ត និងសប្បាយចិត្តជ្រុល………នេះបើតាមការបកស្រាយដោយ សាស្ត្រាចារ្យ   វេជ្ជបណ្ឌិត ហួត លីនណា ឯកទេសវិកលវិទ្យាជំនាន់ទី១ និងអនុបណ្ឌិតជំងឺផ្លូវចិត្ត និងខួរក្បាល ប្រចាំគ្លីនិកជំនាញផ្លូវចិត្ត និងខួរក្បាល ហួត លីនណា...                                                          ចង់ដឹងលម្អិតសូមចូលទៅកាន់៖ http://www.healthtime.tips/library/article/1755 ៣. ការធ្វើរោគវិនិច្ឆ័យជំងឺខុសប្រក្រតីទារកក្នុងផ្ទៃ ការរកមើលនូវជំងឺខុសប្រក្រតីរបស់ទារកក្នុងផ្ទៃ គឺជាការស្វែងរកនូវភាពមិនធម្មតាទាំងរូបរាងកាយ និងបម្រែបម្រួលក្រូម៉ូសូម ឬហ្សែនណាមួយដែលមិនត្រឹមត្រូវ ឬដែលអាចឲ្យទារកសម្រាលមកមានសុខភាពមិនល្អ។ ការធ្វើរោគវិនិច្ឆ័យនេះ រួមមានទាំងការពិនិត្យអេកូទារកក្នុងផ្ទៃ ពិសេសនៅត្រីមាសទី១ និងត្រីមាសទី២ ការពិនិត្យតេស្តឈាមទៅលើម្តាយ ទាក់ទងនឹងជំងឺអាប់បញ្ញាកូនមួយចំនួនដែលកើតញឹកញាប់ (down syndrome screening:ដែលអាចធ្វើចន្លោះពីអាយុគភ៌ ១១សប្តាហ៍៥ថ្ងៃទៅ១៣សប្តាហ៍៥ថ្ងៃ ឬពី ១៤សប្តាហ៍ ទៅ១៧សប្តាហ៍) និង(Non-Invasive Prenatal Testing:ជាតេស្តឈាមដែលអាចសិក្សា ទៅលើហ្សែនរបស់ទារកក្នុងឈាមម្តាយ ដែលអាចធ្វើចាប់ពីអាយុគភ៌ ១០សប្តាហ៍ ទៅដល់ ២៥ សប្តាហ៍)។ តេស្តដែលបានរៀបរាប់ខាងលើនេះមិនមានការប៉ះពាល់ដល់សុខភាពម្តាយ និងទារកទេ.......នេះបើតាមការបកស្រាយរបស់ វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភព-រោគស្ត្រី និងជាប្រធានផ្នែកសម្ភព-រោគស្ត្រី នៃមន្ទីរសម្រាកព្យាបាល និងសម្ភពមាតា..... យល់ដឹងបន្ថែមតាមរយៈ៖ http://www.healthtime.tips/library/article/1769 ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺមហារីកសុដន់ គឺជាប្រភេទជំងឺមហារីកទូទៅបំផុតកើតឡើងក្នុងចំណោមមនុស្សស្រី ដែលត្រូវបានរកឃើញនៅក្នុងជាលិកាសុដន់។ កោសិកាទាំងនេះជាធម្មតាលេចឡើងពីបំពង់ ឬក្រពេញនៃសុដន់ និងអាចរាលដាលពេញសុដន់ ព្រមទាំងទៅផ្នែកផ្សេងទៀតនៃរាងកាយ។ បច្ចុប្បន្ន ជំងឺមហារីកសុដន់គឺជាបញ្ហាសកល និងជាមូលហេតុនាំមុខទី២ ដែលបណ្តាលឲ្យមានការស្លាប់ចំពោះស្ត្រី៖ • លើពិភពលោក ជំងឺមហារីកសុដន់ជាប់ចំណាត់ថ្នាក់លេខ ១ (២៥%) (យោងតាម GLOBOCAN  2012) • ស្រ្តីកម្ពុជា ជំងឺមហារីកសុដន់ជាប់ចំណាត់ថ្នាក់លេខ ២ (១៥%) (យោងតាម GLOBOCAN​​ 2012)។ កត្តាប្រឈមនៃការកើតជំងឺមហារីកសុដន់ មានកត្តាប្រឈមធំៗ២ ដែលបណ្តាលឲ្យកើតជំងឺមហារីក រួមមាន៖ ក. កត្តាហានិភ័យចម្បងដែលមិនអាចគ្រប់គ្រងបាន     ១.    ភេទ៖ ជំងឺមហារីកសុដន់កើតឡើងចំពោះមនុស្សស្រីប្រហែល ១០០ដងច្រើនជាងមនុស្សប្រុស     ២.    អាយុ៖ អាយុកាន់តែច្រើន កត្តាប្រឈមជំងឺមហារីកសុដន់កាន់តែខ្ពស់     ៣.    ប្រវត្តិគ្រួសារ៖ ៥ ទៅ១០% នៃករណីជំងឺនេះ ជាលទ្ធផលដោយផ្ទាល់ពីការមានបម្រែបម្រួលហ្សែនដែលឆ្លងពីម្តាយឪពុក     ៤.    ប្រវត្តិនៃការមានរដូវ៖ ការមានរដូវមុនអាយុ១២ឆ្នាំ និង/ឬ ការអស់រដូវក្រោយអាយុ៥៥ឆ្នាំ អាចបង្កើនហានិភ័យនៃជំងឺ។ ខ. កត្តាហានិភ័យចម្បងដែលអាចគ្រប់គ្រងបាន     ១.    ជំងឺធាត់លើសទម្ងន់៖ ការលើសទម្ងន់ក្រោយអស់រដូវបង្កើនហានិភ័យ នៃការកើតជំងឺមហារីកសុដន់     ២.    ការមិនមានកូន៖ ស្ត្រីដែលគ្មានកូន ឬស្ត្រីដែលមានកូនដំបូងនៅក្រោយអាយុ ៣០ឆ្នាំ មានឱកាសប្រឈមនឹងការកើតជំងឺមហារីកសុដន់ច្រើនបន្តិច បើធៀបជាមួយស្ត្រីផ្សេងទៀត     ៣.    ការមិនបំបៅកូន៖ ការសិក្សាមួយចំនួនបានបង្ហាញថា ការបំបៅកូនដោយទឹកដោះម្តាយអាចបន្ថយហានិភ័យបាន     ៤.    ការទទួលទានជាតិអាល់កុល៖ ការពិសាគ្រឿងស្រវឹងមានទំនាក់ទំនងយ៉ាងច្បាស់ថា អាចបង្កើននូវហានិភ័យកើតជំងឺមហារីកសុដន់     ៥.    ជក់បារី៖ ការជក់បារីច្រើន និងរយៈពេលយូរមានទំនាក់ទំនងទៅនឹងការប្រឈមខ្ពស់នៃជំងឺមហារីកសុដន់     ៦.    មិនសូវធ្វើកីឡា ឬលំហាត់ប្រាណ     ៧.    ការព្យាបាលដោយអ័រម៉ូនក្រោយអស់រដូវ។ រោគសញ្ញានៃជំងឺមហារីកសុដន់  ស្ត្រីម្នាក់ៗត្រូវស្វែងរកជំនួយពីគ្រូពេទ្យ ប្រសិនបើគាត់បានឃើញសញ្ញាដូចជា៖ • ដុំក្នុងសុដន់ ការឈឺចាប់នៅសុដន់ ការផ្លាស់ប្តូររូបរាងសុដន់ • បន្តរមាស់ និងឡើងកន្ទួលជុំវិញក្បាលសុដន់ ក្បាលសុដន់រួញចូលក្នុង មានការហូរទឹកពីក្បាលសុដន់ (ការហូរឈាម) • ការផ្លាស់ប្តូរស្បែកគ្របដណ្តប់សុដន់រួមមាន  ការឡើងក្រហម ហើម ដំបៅ ការហូរទឹកដោះ និងឡើងកម្រាស់ស្បែកសុដន់ដូចសម្បកក្រូច • ហើម និងមានដុំនៅតំបន់ Axillar គឺចាប់ពីក្លៀកក្រោមក្លៀក រហូតមកដល់សុដន់។ ការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកសុដន់ វិធីសាស្រ្តសំខាន់ៗក្នុងការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកសុដន់៖ • ការពិនិត្យរូបរាងនៃសុដន់ (ការពិនិត្យគ្លីនិក)៖ ការពិនិត្យសុដន់ដោយប្រើដៃស្ទាបយ៉ាងប្រុងប្រយ័ត្ន ដែលត្រូវបានអនុវត្តដោយអ្នកឯកទេសមានបទពិសោធន៍ច្បាស់លាស់ ឬជួនកាលប្រហែលអាចត្រូវបានធ្វើឡើងដោយស្រ្តីខ្លួនឯង ដើម្បីស្វែងរកដុំ ភាពឡើងក្រាស់ ភាពមិនស៊ីមេទ្រីគ្នានៃសុដន់ជាដើម។ • ការប្រើប្រាស់ ultrasonography៖ ការធ្វើតេស្តរូបភាពដែលបញ្ជូនរលកសំឡេងប្រេកង់ខ្ពស់ឆ្លងកាត់សុដន់ និងបំប្លែងទៅជារូបភាពនៅលើកញ្ចក់អេក្រង់ តែមិនមានសារធាតុវិទ្យុសកម្មជាប់ពាក់ព័ន្ធទេ។ គ្រូពេទ្យអាចប្រើអ៊ុលត្រាសោនដើម្បីជាជំនួយក្នុងការបញ្ជាក់កាន់តែច្បាស់ពីទីតាំងនៃកោសិកាសង្ស័យនៅក្នុងសុដន់ នៅពេលប្រើវិធីសាស្រ្តមួយទៀត គឺការបូមយកកោសិកានោះចេញដោយម្ជុលជីវសាស្ត្រ (biopsy needles)។ • តេស្ត Mammography៖ នេះជាវិធីសាស្រ្តស្តង់ដាមួយសម្រាប់ការពិនិត្យរកជំងឺមហារីក តាមរយៈការរកឃើញជាកំណកតូចៗ ដុំពក ដោយប្រើប្រាស់កាំរស្មី X ទៅលើសុដន់។ កម្រិតនៃជាតិវិទ្យុសកម្មក្នុងអំឡុងពេលធ្វើការពិនិត្យនេះ មានតែបន្តិចបន្តួចប៉ុណ្ណោះ។  • តេស្ត Ductography៖ ប្រើប្រាស់សម្រាប់អ្នកជំងឺមួយចំនួន (ការពិនិត្យដោយកាំរស្មី X ជាមួយសារធាតុបញ្ច្រាស ដែលវេជ្ជបណ្ឌិតដាក់បញ្ចូលតាមបំពង់សុដន់ តាមរយៈការប្រើប្រាស់ម្ជុលពិសេស)។ • បច្ចេកទេសម៉ាញ៉េទិច (Magnetic ResonanceImage=MRI)៖ ប្រើមេដែកដ៏ខ្លាំងមួយដើម្បីបង្កើតរូបភាពយ៉ាងលម្អិតសុដន់។ វាមានប្រយោជន៍សម្រាប់អ្នកជំងឺមួយចំនួន (ឧទាហរណ៍ ស្ត្រីដែលមានការវះកាត់ដាក់បញ្ចូលសុដន់ ឬការវះកាត់មុនផ្សេងៗទៀត)។ • ដើម្បីបញ្ជាក់ពីរោគវិនិច្ឆ័យ វេជ្ជបណ្ឌិតអាចធ្វើការច្រឹបសាច់៖ ជាញឹកញាប់ គឺការបូមយកសាច់ពីម្ជុលដ៏តូច (fine-needle aspiration) ការបូមយកសាច់ដុំដោយម្ជុលធំ (core-needle biopsy) ឬកាត់សាច់ចេញ (excision biopsy) (ការវះកាត់ខ្នាតតូច)។ គួរបញ្ជាក់ផងដែរថា ជាធម្មតា គ្រូពេទ្យប្រើវិធីវិភាគរោគវិនិច្ឆ័យពីរ ឬបីប្រភេទសម្រាប់អ្នកជំងឺម្នាក់។ វិធីសាស្ត្រព្យាបាលជំងឺមហារីកសុដន់ការព្យាបាលជំងឺត្រូវអាស្រ័យលើស្ថានភាពអ្នកជំងឺម្នាក់ៗ និងដំណាក់កាលនៃជំងឺផងដែរ។ វិធីសាស្ត្រព្យាបាលទាំងនោះរួមមាន៖ • ការព្យាបាលដោយវះកាត់៖ អាចជាការវះឆ្កៀលយកតែជាលិកាមហារីកក្នុងសុដន់ចំពោះដំណាក់កាលដំបូង (breast-conserving surgery) និងការវះកាត់សុដន់ទាំងមូល (mastectomy) ចំពោះដំណាក់កាលផ្សេងទៀត។ • ការព្យាបាលជារួម៖ មានទាំងការព្យាបាលគីមីការព្យាបាលឲ្យចំម៉ូលេគុលគោលដៅ (ការព្យាបាលបែបជីវសាស្រ្ត) និងការព្យាបាលដោយប្រើអ័រម៉ូន។ ការព្យាបាលបែបនេះអាចសាយភាយទៅក្នុងចរន្តឈាម ហើយបំផ្លាញ ឬគ្រប់គ្រងការលូតលាស់របស់កោសិកាមហារីក ដែលមានសមត្ថភាពរាលដាលទៅកន្លែងផ្សេងទៀត នៃរាងកាយ។ • ការព្យាបាលដោយវិទ្យុសកម្ម៖ ជាការព្យាបាលនៅនឹងកន្លែងដែលអាចបំផ្លាញកោសិកាមហារីកនៅក្នុងសុដន់ និងក្រពេញកូនកណ្តុរដោយប្រើប្រាស់កាំរស្មី X។ • ការព្យាបាលសម្រន់ការឈឺចាប់ និងការព្យាបាលជារួម៖ សម្រាប់អ្នកជំងឺដែលមិនអាចព្យាបាលបាន នៅដំណាក់កាលខ្ពស់ ដើម្បីសម្រាលផលវិបាករបស់អ្នកជំងឺ ដូចជាការហើម រលាកសុដន់ការដំបៅនៅសុដន់រួមជាមួយការហូរឈាមជាដើម។ ការពិនិត្យតាមដានរកជំងឺមហារីកនេះ ជាវិធីសាស្រ្តមួយដែលធ្វើឡើងចំពោះស្ត្រីដែលមិនមានរោគសញ្ញានៃជំងឺមហារីក នៅដំណាក់កាលដំបូងនៃជំងឺ។ គោលបំណងនៃការពិនិត្យ គឺដើម្បីស្វែងរកជំងឺមហារីកនៅមុនពេលវាមានឱកាសលូតលាស់ និងរាលដាលបន្តទៀត ក៏ដូចជាដើម្បីទទួលបានការព្យាបាលមួយដែលល្អប្រសើរ ព្រមទាំងមិនសូវមានគ្រោះថ្នាក់ទៀតផង។ គួរបញ្ជាក់ថា ការសិក្សាបានបង្ហាញថា ការពិនិត្យរកជំងឺមហារីកអាចបន្ថយហានិភ័យពីការស្លាប់ចំពោះស្រ្តី។ មានវិធីសាស្រ្ត៤ប្រភេទក្នុងការពិនិត្យរកជំងឺមហារីកនៅដំណាក់កាលដំបូង ១.    ការពិនិត្យសុដន់ដោយខ្លួនឯង (Breast Self-Examination =BSE) • ដំបូងត្រូវចាប់ផ្តើមដោយសម្លឹងមើលសុដន់របស់អ្នកនៅក្នុងកញ្ចក់ជាមួយការដាក់ស្មាឲ្យត្រង់ និងដៃច្រត់ចង្កេះដើម្បីរកមើលថា ទំហំ រូបរាង និងពណ៌របស់សុដន់ នៅសភាពធម្មតា និងដូចគ្នាឬទេ។ • ត្រូវលើកដៃឡើងរកមើលការផ្លាស់ប្តូរដូចគ្នាបូករួមការសង្កេតមើលថាមានសារធាតុរាវចេញពីក្បាលសុដន់មួយ ឬទាំងសងខាងទេ (អាចជាទឹក ទឹកដោះ ទឹកពណ៌លឿង ឬឈាម)។ • ត្រូវពិនិត្យសុដន់ខណៈពេលកំពុងគេង ឈរ ឬអង្គុយ ដោយប្រើដៃស្ដាំស្ទាបសុដន់ខាងឆ្វេង ដៃឆ្វេងស្ទាបសុដន់ស្តាំ រួចរក្សាម្រាមដៃឲ្យរាបស្មើ និងដាក់រួមគ្នា ហើយអូសជាចលនារង្វង់ប្រហែលទំហំមួយភាគបួន (ចាប់ផ្តើមធ្វើការពិនិត្យតាំងពីក្បាលសុដន់ទៅ)។ ស្ត្រីភាគច្រើនចូលចិត្តធ្វើជំហាននេះនៅពេលងូតទឹក ព្រោះគាត់ងាយស្រួលអនុវត្តពេលស្បែកសើម និងរអិល។ ស្ត្រីទាំងអស់គួរតែអនុវត្ត BSE រាល់ខែ ដោយស្រ្តីមិនទាន់អស់រដូវ គួរធ្វើនៅពេលរដូវបញ្ចប់បាន ២ទៅ៣ថ្ងៃ ព្រោះពេលនោះសុដន់ទន់ ចំណែកស្រី្តអស់រដូវ ត្រូវជ្រើសរើសកាលបរិច្ឆេទថេរមួយរៀងរាល់ខែ ដូច្នេះវាងាយស្រួលក្នុងការចងចាំ។ ២.    ការពិនិត្យបែបគ្លីនិក៖ ជាវិធីសាស្រ្តដ៏ចាំបាច់ដែលតម្រូវឲ្យមានការពិនិត្យពីសំណាក់វេជ្ជបណ្ឌិតជំនាញ។ ការពិនិត្យបែបនេះ គួរចាប់ផ្តើមចំពោះស្ត្រីអាយុ២០ឆ្នាំឡើងទៅ ដោយអាយុ២០-៣៩ឆ្នាំម្តងក្នុងរយៈពេលបីឆ្នាំ ចំណែក៤០-៥០ឆ្នាំ ម្តងជារៀងរាល់ឆ្នាំ និង> ៥០ ឆ្នាំ ម្តងក្នុងរយៈពេលពីរឆ្នាំ។ ៣.    ការពិនិត្យដោយអេកូ៖ វាជាការចាំបាច់ណាស់សម្រាប់ស្ត្រីអាយុចាប់ពី ៤០ឆ្នាំឡើងទៅ ដោយ៤០-៥០ឆ្នាំ ម្តងជារៀងរាល់ឆ្នាំ និង> ៥០ឆ្នាំ ម្តងក្នុងរយៈពេលពីរឆ្នាំ។ ៤.    បច្ចេកទេសម៉ាញ៉េទិច (Magnetic Resonance Imaging =MRI)៖ វាអាចត្រូវបាន ណែនាំសម្រាប់ការតាមដានចំពោះស្ត្រីដែលមានហានិភ័យខ្ពស់នៃជំងឺមហារីកសុដន់ ឬស្ត្រីដែលមានសុដន់ឡើងធំ។ វិធីសាស្ត្រការពារខ្លួនពីជំងឺមហារីក • ញ៉ាំអាហារដែលផ្តល់សុខភាពល្អឲ្យបានច្រើនដូចជាបន្លែ ផ្លែឈើស្រស់ ទឹកសណ្តែក ឬផលិតផលទឹកដោះគោ ចៀសវាងការបរិភោគអាហារដែលសម្បូរទៅដោយខ្លាញ់ និងមិនគួរបរិភោគសាច់ក្រហម (សាច់ជ្រូក សាច់គោ...) • ចៀសវាងការផឹកស្រាហួសកម្រិត • បញ្ឈប់ការជក់បារី • ចៀសវាងការលើសទម្ងន់ ជាពិសេសស្ត្រីក្រោយអស់រដូវ • ត្រូវតែសកម្ម ក្នុងនោះការធ្វើលំហាត់ប្រាណ៥ដងក្នុងមួយសប្តាហ៍ អាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកបាន • គួរប្រើប្រាស់ថ្នាំព្យាបាលប្រភេទអ័រម៉ូន និងថ្នាំ ពន្យារកំណើត ដោយប្រុងប្រយ័ត្ន ជាពិសេសត្រូវមានការត្រួតពិនិត្យពីគ្រូពេទ្យជាមុនសិន។ ការពិនិត្យរកឃើញកាន់តែឆាប់ គឺជាការការពារដ៏ល្អបំផុត! បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមា រនិងមហារីកទូទៅ  ប្រធានផ្នែកជំងឺមហារីក នៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ    

Share
Top