Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

នរណាៗក៏ដឹងដែរថាការធ្វើលំហាត់ប្រាណមានប្រយោជន៍សម្រាប់សុខភាព និងរូបរាងកាយទាំងមូលកម្រិតណា ប៉ុន្តែ ដោយសារការងារប្រចាំថ្ងៃដ៏មមាញឹកបានធ្វើឲ្យមនុស្សជាច្រើនមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីទៅក្លឹបហាត់ប្រាណ ឬធ្វើការរត់ចម្ងាយច្រើនគីឡូម៉ែត្រ។ សូមកុំបារម្ភណា ការមិនមានពេលគ្រប់គ្រាន់ ឬការមិនចូលចិត្តហាត់ប្រាណបែបនេះ អាចនឹងត្រូវដោះស្រាយតាមរយៈ ការប្រែក្លាយសកម្មភាពខាងក្រៅ ប្រចាំថ្ងៃរបស់អ្នក ឲ្យក្លាយជាលំហាត់ប្រាណ គ្រាន់តែអ្នកមិនចាប់អារម្មណ៍ប៉ុណ្ណោះ។ ខាងក្រោមនេះ ជាសកម្មភាពដែលអាចជួយអ្នកសម្រេចបាននូវការធ្វើលំហាត់ប្រាណ៖ ចតយាន្តជំនិះអ្នកឲ្យឆ្ងាយ៖ សូមកុំយល់ថាជាការ​ខ្ជះខ្ជាយពេលវេលា និងសាំងរបស់អ្នកអី ប៉ុន្តែ សូមចាត់ទុកថាវាជាផ្នែកមួយនៃលំហាត់ប្រាណរបស់អ្នកទៅវិញ ព្រោះថាវាបានផ្តល់ឱកាសឲ្យអ្នកបានដើរ និងឲ្យរាងកាយធ្វើចលនាខ្លះៗ ខណៈពេលដែលការងារប្រចាំថ្ងែរបស់អ្នកត្រូវអង្គុយមុខកុំព្យូទ័ររហូតដល់៨ម៉ោងឯណោះ។ ការឡើងជណ្តើរ៖ អ្នកដឹងទេថាគ្រាន់តែ២នាទីអ្នកអាចដុតបំផ្លាញថាមពលអស់ប្រមាណ២០កាល់ឡូរី ជាមួយនឹងលំហាត់ប្រាណសាច់ដុំជើងបានល្អទៀតផង។ ដូច្នេះ សូមប្រើជណ្តើរជើងឲ្យ​បានច្រើនជាងការប្រើជណ្តើរយន្ត តាមដែលអ្នកអាចធ្វើទៅបាន។ ការដើរទិញទំនិញ៖ គ្រប់ពេលដែលអ្នកដើរទិញ​ម្ហូបអាហារ ទិញខោអាវ  ឬទិញរបស់របរប្រើប្រាស់ បានធ្វើឲ្យអ្នកមានអារម្មណ៍រីករាយ ហើយថែមទាំងជួយអ្នកឲ្យធ្វើចលនារាងកាយ និងចំណាយថាមពលបានយ៉ាងច្រើន តាមរយៈការដើរ ការលើក ឬយួរទំនិញ ការនិយាយ និងសើចជាដើម។ ដំណើរកំសាន្ត៖ ទោះបីជាអ្នកមិនស្ថិតក្នុងពេលវិស្សមកាលក៏ដោយ តែអ្នកអាចដើរលេងនៅក្នុងស្រុកកំណើតរបស់អ្នក ឬនៅតំបន់ជិតៗក៏បាន។ ការធ្វើបែបនេះមិនត្រឹមតែផ្តល់ឲ្យអ្នកនូវការហ្វឹកហ្វឺនរាងកាយនោះទេ តែវាធ្វើឲ្យអ្នកគេងលក់ស្រួលនៅពេលយប់ទៀតផង។ ម៉្យាង អ្នកអាចដុតបំផ្លាញប្រហែល ១០០កាល់ឡូរី​ ក្នុងរយៈចម្ងាយប្រមាណ១.៥ម៉ែត្រ។ ធ្វើកិច្ចការជុំវិញផ្ទះ៖ ការចំណាយពេលប្រចាំថ្ងៃ ឬចុងសប្តាហ៍របស់អ្នកថែទាំដំណាំ និងបោសសម្អាតទីធ្លាជុំវិញផ្ទះក៏អាចជាការធ្វើលំហាត់ប្រាណបានដែរ។ ថ្វីត្បិតការងារនេះមើលទៅតិចតួច មិនសូវចំណាយកម្លាំងខ្លាំងក៏ដោយ តែរាងកាយអ្នកអាចបញ្ចេញជាតិពុលតាមរយៈញើសបានយ៉ាងច្រើន។ ពិសេសនោះគឺ វាជួយដុតបំផ្លាញថាមពលបានប្រមាណ២០០កាល់ឡូរីក្នុង១ម៉ោងទៀតផង។ លេងជាមួយក្មេងៗ៖ មានសកម្មភាពជាច្រើន ដែលអាចកើតឡើងនៅពេលអ្នកលេងជាមួយពួកគាត់ ពេលខ្លះក៏រត់ ដើរ លើក គ្រវែង ជាដើម។ គ្រាន់តែ៣០នាទី អ្នកអាចដុតថាមពលបានប្រហែល១៥០កាល់ឡូរី។ ជាក់ស្តែង សកម្មភាពនេះអាចជួយកាត់បន្ថយស្រេ្តស បង្កើនក្តីស្រឡាញ់ និងភាពកក់ក្តៅជាមួយពួកគាត់បានថែមទៀត។ លោតនៅលើ​ trampoline៖ អ្នកធ្លាប់សាកល្បងលេងលោតបែបនេះហើយឬនៅ? វាពិតជាសប្បាយណាស់ ហើយថែមទាំងជួយឲ្យរាងកាយអ្នកដុតបំផ្លាញថាមពលបានច្រើនទៀតផង រហូតដល់ ១០០០កាល់ឡូរី ក្នុងរយៈពេល១ម៉ោង។ ការលោតនៅលើ trampoline អាចជំនួសការរត់ចម្ងាយបាន ប្រសិនបើអ្នកមិនចូលចិត្តការរត់ចម្ងាយទេនោះ។ ការឡើងភ្នំ៖ មានទាំងទេសភាពស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ ដែលអាចជួយអ្នកជម្រុះចោលភាពតានតឹងទាំងឡាយបាន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចដុតបំផ្លាញកាល់ឡូរីប្រមាណ ៤០០កាល់ឡូរី ក្នុងរយៈចម្ងាយ ១៥០០ម៉ែត្រ។ ការជិះស្គី៖ អ្នកអាចគិតថា ការជិះស្គីគ្រាន់តែជាការកម្សាន្តម្តងម្កាលដើម្បីជួយកាត់បន្ថយស្រេ្តស ឬបញ្ចៀសការស្ទះចរាចរ។ ប៉ុន្តែ អ្នកដឹងទេ អ្នកអាចធ្វើចលនារាងកាយបានយ៉ាងល្អ ព្រមទាំងអាចដុតថាមពលបានប្រហែល ៤០០កាល់ឡូរីក្នុង១ម៉ោង។ ការជិះកង់៖ ថ្វីត្បិតការជិះកង់មិនសូវចំណាយថាមពលបានច្រើនដូចការដើរ តែការធ្វើចលនា​សាច់ដុំមិនចាញ់គ្នាឡើយ។ ស្របពេលបច្ចុប្បន្ន​ចរាចរណ៍កំពុងមមាញឹកទៀតនោះ ការជិះកង់អាចជាជម្រើសដ៏ប្រសើរសម្រាប់សុខភាពអ្នក ហើយថែមទាំងចំណេញពេលវេលា និងជួយការពារបរិស្ថានបានទៀតផង។ ការរាំ៖ គ្រប់ពេលអ្នករាំ អ្នកអាចធ្វើចលនាសឹង តែគ្រប់ផ្នែកនៃរាងកាយរបស់អ្នក  ហើយក៏ទទួលបាននូវភាពរីករាយដោយអ្នកបានជួបជាមួយមិត្តភក្តិថ្មីៗ និងចង្វាក់ភ្លេងពិរោះៗផងដែរ។ ការរាំ អាចដុតបំផ្លាញប្រមាណ ៣០០កាល់ឡូរី ក្នុងរយៈពេល១ម៉ោង។ គួរកត់សម្គាល់ដែរថា ការប្រើប្រាស់ថាមពល​ដើម្បីដុតបំផ្លាញកាល់ឡូរីមានការប្រែប្រួលពីបុគ្គលម្នាក់ទៅម្នាក់ទៀត ជាក់ស្តែងបុគ្គលដែលមានទម្ងន់ធ្ងន់ ប្រើប្រាស់ថាមពលច្រើនជាងបុគ្គលដែលមាន​ទម្ងន់ស្រាល… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

និយមន័យ ជំងឺមហារីកមាត់ស្បូន ឬ Cervical Cancer ជាជំងឺមហារីកមួយប្រភេទក្នុងចំណោមមហារីកជាច្រើន កើតមាននៅលើកោសិកាមាត់ស្បូនរបស់ស្ត្រី ដែលវាត្រូវបានបែងចែកជា៤ដំណាក់កាលផ្សេងៗគ្នា។ តាមការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោក Globocan ២០១២ បង្ហាញថាមហារីកមាត់ស្បូនលើស្ត្រីកម្ពុជាមានអត្រាខ្ពស់រហូតស្ថិតនៅលំដាប់ទី១ ក្នុងចំណោមជំងឺមហារីកលើស្ត្រីកម្ពុជា។ មូលហេតុ និងកត្តាហានិភ័យ តាមការសិក្សាបានបង្ហាញថា មហារីកមាត់ស្បូន កើតឡើងដោយសារជំងឺឆ្លងម៉្យាង ដែលបង្កឡើងពី Human Papillomavirus (HPV) ក្នុងនោះមានក្រុម Serotypes ច្រើនផ្សេងគ្នាដែលភាគច្រើន HPV16,18។ លើសពីនេះទៅ ទៀត តាមការសិក្សាបានបង្ហាញថាកត្តារួមផ្សំដែលធ្វើឲ្យស្ត្រីប្រឈមខ្ពស់នឹងការកើតជំងឺមហារីកមាត់ស្បូនគឺដោយសារតែកង្វះអនាម័យផ្លូវភេទ បញ្ហាសុខភាពផ្លូវភេទ ដូចជាការមានដៃគូរួមភេទ​ ច្រើន ការមានកូនច្រើន (ចាប់ពី៤ឡើងទៅ) ការចុះខ្សោយនូវប្រព័ន្ធការពាររាងកាយ (Immuno​ deficiency) និងការរលាកស្បូនរ៉ាំរ៉ៃដែល មិនទទួលបានការព្យាបាលត្រឹមត្រូវជាដើម។ រោគសញ្ញា ជាទូទៅ អ្នកជំងឺមហារីកមាត់ស្បូនកម្រនឹងលេចចេញជារោគសញ្ញាសម្គាល់ច្បាស់លាស់ណាមួយណាស់ នៅដំណាក់កាលដំបូង។ ភាគច្រើនតែងស្តែងចេញជាសញ្ញាផ្សេងៗចាប់ពីដំណាក់កាលវិវឌ្ឍខ្ពស់បន្តិច ដែលរួមមានដូចជា ការធ្លាក់ឈាមតាមទ្វារមាស (ក្រៅពីឈាមរដូវរបស់ស្ត្រី) ការហូរទឹករំអិលពណ៌សតាមទ្វារមាស (អាចធុំ ឬមិនធុំក្លិនសោះ) ឬមានការឈឺចាប់នៅតំបន់អាងត្រគាកខុសធម្មតា។ ករណីធ្ងន់ធ្ងរមួយចំនួន​អាចរហូតដល់បត់ជើងតូចឈាម ដោយសារដុំសាច់រីកធំធ្លុះដល់បង្ហួរនោម។ យន្តការ ដំបូងកោសិកាមហារីកមាត់ស្បូនជាកោសិកាធម្មតាតែនៅពេលមានការឆ្លងនូវពពួកវីរុស HPV នៅក្នុងមាត់ស្បូនធ្វើឲ្យមេរោគនោះបំប្លែងហ្សែននៅក្នុងកោសិកា ក៏ដូចជាធ្វើឲ្យកោសិកាមាត់ស្បូនមានការរលាករ៉ាំរ៉ៃ ប្រឈមខ្លាំងនឹងការប្រែប្រួលកត្តាបរិស្ថានជុំវិញកោសិកា ដែលធ្វើឲ្យកោសិកាវិវឌ្ឍ ខ្លួនពីធម្មតា ទៅជាកោសិកាដែលអាចនឹងក្លាយជាមហារីកហៅថា Cervical Intraepithelial Neoplasia ពីកម្រិតទី១ ទី២ ទី៣ (CIN-1 CIN-2 CIN-3) និងក្នុងរយៈពេលប្រហាក់ប្រហែលជា ១០ឆ្នាំ ទៅ១៥ឆ្នាំឡើងទៅ មានការវិវឌ្ឍជាកោ-​សិកាមហារីក ឬ Carcinoma  in situ (CIS) រហូតដល់ Invasive Carcinoma ឬ Adenocarcinoma។ ការធ្វើរោគវិនិច្ឆ័យ អ្នកជំងឺនឹងតម្រូវឲ្យធ្វើការច្រឹបសាច់ (Biopsy) បើមានការសង្ស័យថាមានជំងឺមហារីក ដោយ​យកទៅពិនិត្យដោយមីក្រូទស្សន៍ ដើម្បីបញ្ជាក់ថាវាពិតជាកោសិកាមហារីកពិតប្រាកដមែន។ ការព្យាបាល ការព្យាបាលជំងឺមហារីកមាត់ស្បូនធ្វើឡើងតាមយុទ្ធសាស្ត្រធំៗ៣រួមមាន៖ •  ការវះកាត់ ដែលភាគច្រើនធ្វើឡើងនៅដំណាក់កាលដំបូង (Stage I) ឬនៅពេលកោ-សិកាមហារីកមិនទាន់ឆ្លងផុត Basal Membrane (CIS) ដោយការវះកាត់ស្បូនចេញ (Hysterectomy) ឬវះកាត់តូចតាច (Conization)។ •  នៅដំណាក់កាល  Stage IB2 ទៅ គឺនៅពេលដែលកោសិកាមហារីកមានទំហំធំជាង៤សង់ទីម៉ែត្រ អ្នកជំងឺត្រូវធ្វើការព្យាបាលដោយកាំរស្មី និងថ្នាំគីមី អាចរួមផ្សំជាមួយការវះកាត់ ឬព្យាបាលដោយស្អំមាត់ស្បូន (Brachytherapy)។ •  ក្នុងដំណាក់កាលទី៤ (Stage IV) ដែលកោសិកាមហារីករាលដាលដល់សរីរាង្គជិតខាងដូចជាប្លោកនោម ឬរន្ធគូទ ឬសាយភាយទៅ​សរីរាង្គផ្សេងទៀត ដូចជាថ្លើម សួត ។ល។ ការព្យាបាលត្រូវឆ្លងកាត់ការពិភាក្សាអំពីស្ថានភាពទូទៅរបស់អ្នកជំងឺពីគ្រូពេទ្យជំនាញជាច្រើនរួមគ្នា(Tumor Board)។   លទ្ធផលនៃការព្យាបាលជំងឺមហារីកឲ្យរស់រានមានជីវិត ប្រែប្រួលតាមដំណាក់កាលផ្សេងៗគ្នា និងកត្តាប្រឈមមុខ (Prognostic Factors) របស់បុគ្គលម្នាក់ៗដែលជាអ្នកជំងឺផ្ទាល់៖ •  អ្នកជំងឺមហារីកដំណាក់កាលទី១ មានអត្រា រស់រានមានជីវិតលើសពី៥ឆ្នាំ លើសពី៨០% •  អ្នកជំងឺមហារីកដំណាក់កាលទី២ មានអត្រារស់រានមានជីវិតលើសពី៥ឆ្នាំ លើសពី៧០% •  អ្នកជំងឺមហារីកដំណាក់កាលទី៣ មានអត្រារស់រានមានជីវិតលើសពី៥ឆ្នាំ ក្នុងកម្រិត ៣០%-៤០% •  អ្នកជំងឺមហារីកដំណាក់កាលទី៤ មានអត្រារស់រានមានជីវិតលើសពី៥ឆ្នាំ មានកម្រិតទាប។ ការព្យាបាលខាងលើអាចផ្តល់ផលវិបាកដល់អ្នកជំងឺដូចជា ការប្រើកាំរស្មីធ្វើឲ្យពិបាកក្នុងការបន្ទោបង់ រីឯការប្រើប្រាស់ថ្នាំគីមី អាចបង្កឲ្យធុំអាហារ ស្រកទម្ងន់ អស់កម្លាំង ក្អួតចង្អោរ ជាដើម ប៉ុន្តែកត្តាផលវិបាកទាំងនោះសុទ្ធតែអាចទប់ស្កាត់ និងដោះស្រាយបានតាមការជួយថែទាំពីក្រុមគ្រូពេទ្យនិងគ្រួសារ។ ប្រសិនអ្នកជំងឺមានការយឺតយ៉ាវក្នុងការព្យាបាលនោះការវិវឌ្ឍរបស់ជំងឺនឹងកាន់តែធ្ងន់ធ្ងរ ប៉ះពាល់ដល់សរីរាង្គផ្សេងទៀតដូចជា តម្រងនោម ការហូរឈាមមិនឈប់  ការឈឺចាប់ដោយសារដុំសាច់ ការចុះខ្សោយមុខងារសរីរាង្គសំខាន់ៗ និងអាច រហូតដល់ស្លាប់។ រាល់បងប្អូនស្ត្រីទាំងអស់ដែលមានគ្រួសារ ឬមានដៃគូរួមភេទហើយ គួរមកពិនិត្យសុខភាពមាត់​ស្បូន ឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យជំនាញរោគស្ត្រី (Gynecologist)ដើម្បីមើលពីស្ថានភាពកោសិកាមាត់ស្បូនតាម-រយៈការបៀក (PAP Smear test) ឬ VIA test ឬតេស្ត HPV។ ចំពោះស្ត្រីដែលនៅលីវ គួរចាក់វ៉ាក់សាំងការពារពីវីរុស HPV កុំឲ្យបង្កទៅជាជំងឺមហារីកមាត់ស្បូនបាន រួមជាមួយការតាមដានយ៉ាងទៀងទាត់ ​ទោះជាបានចាក់វ៉ាក់សាំងហើយក៏ដោយ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

  មហារីកថ្លើម ជាប្រភេទមហារីកកើតឡើងនៅលើកោសិកាសាច់ថ្លើមដែលវាត្រូវបានបែងចែកជា៣ផ្នែកធំៗ៖ • ជំងឺមហារីកថ្លើមកើតឡើងនៅកោសិកាថ្លើមផ្ទាល់ • ជំងឺមហារីកថ្លើមកើតឡើងពីការរាលដាលកោសិកាមហារីកពីកន្លែងផ្សេង • ជំងឺមហារីកថ្លើមកើតចេញពីប្រព័ន្ធទឹកប្រមាត់។ បើយោងតាមតួលេខរបស់ Globocan ឃើញថាចំនួននៃអ្នកជំងឺមហារីកថ្លើមក្នុងតំបន់អាស៊ីសិ្ថតនៅចំណាត់ថ្នាក់លេខ៣ បើធៀបនឹងមហារីកផ្សេងទៀត ប៉ុន្តែ វាមិនត្រូវបានចាត់ទុកជាជំងឺតំណពូជនោះទេ។ មូលហេតុនៃមហារីកថ្លើម ការរលាកថ្លើមរ៉ាំរ៉ៃជាមូលហេតុចម្បងដែលបង្កឲ្យមានជំងឺមហារីកថ្លើម ទាំងការរលាកថ្លើមប្រភេទBប្រភេទC ហើយកត្តាដែលធ្វើឲ្យមានការរលាកថ្លើមរ៉ាំរ៉ៃ រួមមាន ការទទួលទានសុរាច្រើន លើសជាតិដែក និងលើសជាតិពុលជាដើម។ លើសពីនេះទៀត អ្នកដែលងាយប្រឈមនឹងជំងឺមហារីកថ្លើមខ្ពស់ជាងគេគឺ អ្នកជំងឺក្រិនថ្លើម។ រោគសញ្ញា និងយន្តការ ដំណាក់កាលដំបូងអ្នកជំងឺមហារីកថ្លើមមិនស្តែងចេញជារោគសញ្ញាណាមួយទេ ប៉ុន្តែ អំឡុងពេលប្រហែល៦ខែបន្ទាប់ដែលជំងឺវិវឌ្ឍដល់ដំណាក់កាលធ្ងន់ធ្ងរ អាចនឹងមានលេចចេញជារោគសញ្ញាដូចជា៖ • ឈឺចាប់នៅត្រង់ពោះ ចុងដង្ហើម ឬក្រោមឆ្អឹងជំនីរខាងស្តាំ • ស្បែកឡើងលឿង រមាស់ បើដុំសង្កត់លើទឹកប្រមាត់ • អាចកើតទាចទឹក បើវាស្ទះសរសៃឈាម • អស់កម្លាំង និងបាត់បង់ចំណង់អាហារ។ យន្តការនៃមហារីកថ្លើម គឺបណ្តាលមកពីការរលាកថ្លើមរ៉ាំរ៉ៃបង្កឲ្យមានការប្រែប្រួលកោសិកាសាច់ថ្លើម (Mutation Oncogene) និង DNA នោះកោសិកាថ្លើមនឹងចាប់ផ្តើមវិវឌ្ឍ ឬលូតលាស់ដោយឯកឯង។ ករណីមេរោគរលាកថ្លើមប្រភេទBគឺវាធ្វើឲ្យមានការប្រែប្រួល DNA របស់កោសិកាថ្លើម ដែលវាខុសពីប្រភេទCធ្វើឲ្យកោសិកាថ្លើមក្រិន ទើបវិវឌ្ឍជាជំងឺមហារីកថ្លើម។ ការធ្វើរោគវិនិច្ឆ័យ និងព្យាបាល ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកថ្លើមត្រូវបែងចែកជា ២ផ្នែក៖ • ការរាវរក ដែលធ្វើឡើងក្នុងករណីអ្នកជំងឺមិនមានសញ្ញាសង្ស័យថាមានជំងឺមហារីកដោយគ្រាន់តែអេកូពោះ ជាមួយគ្រូពេទ្យជំនាញប៉ុណ្ណោះ ដើម្បីរកដុំនៃថ្លើម។ • ការធ្វើរោគវិនិច្ឆ័យពិតប្រាកដបន្ទាប់ពីបានរកឃើញថាមានដុំគឺ ការថតស្កែន ឬMRI ដើម្បី បញ្ជាក់ឲ្យកាន់តែច្បាស់នូវដុំមហារីកថ្លើម។ប្រសិនបើ ក្នុងករណីដុំសាច់ថ្លើមខុសពីធម្មតាហើយការធ្វើអេកូសាស្ត្រ CT Scan និងMRI រួមនឹងការពិនិត្យឈាម (ការពិនិត្យមើលជាតិមហារីក AFP) នៅតែមិនអាចវិនិច្ឆ័យបាននោះទើបគ្រូពេទ្យចោះយកសាច់មកពិនិត្យបន្ថែម។ មហារីកថ្លើមត្រូវព្យាបាលទៅតាមដំណាក់កាលដោយផ្អែកលើដុំមហារីក និងជំងឺរបស់សាច់ថ្លើមផ្ទាល់៖ • ដំណាក់កាលដំបូង ឬចំពោះដុំតូច៖ ករណីអ្នកជំងឺដែលមានសាច់ថ្លើមនៅល្អគាត់នឹងតម្រូវឲ្យធ្វើការវះកាត់ ឬដុត។ ករណីអ្នកជំងឺដែលមាន សាច់ថ្លើមក្រិនខ្លាំង គាត់អាចនៅសល់ជម្រើសត្រឹមដុតនិងប្តូរថ្លើមតែម្តង។ • ដំណាក់កាលមធ្យម ឬចំពោះដុំធំ៖ អ្នកជំងឺអាចធ្វើការព្យាបាលដោយញ៉ុកសរសៃឈាម (TACE) ដោយការចាក់ទុយោចូលតាមក្រលៀន ឡើងរហូតចូលក្នុងសរសៃឈាមរបស់ថ្លើម បន្ទាប់មករកសរសៃឈាមដែលទៅចិញ្ចឹមដុំមហារីកនោះ ក្រោយមកបាញ់ថ្នាំគីមីចូលហើយញ៉ុកសរសៃឈាម។ ដុំមហារីកនឹងរលួយដោយសារជាតិគីមីដែលបានបាញ់ចូល ប៉ុន្តែអ្នកជំងឺត្រូវធ្វើការតាមដានរយៈពេល២ទៅ៣ខែក្រោយ រួចធ្វើការពិនិត្យ និងអាចធ្វើការដុតម្តងទៀត។ • ដំណាក់កាលចុងក្រោយ ឬធ្ងន់ធ្ងរ៖ ការព្យាបាលនៅដំណាក់កាលនេះមានជោគជ័យកម្រិតទាប ដែលអ្នកជំងឺអាចនឹងតម្រូវឲ្យប្តូរសរីរាង្គថ្លើម ឬព្យាបាលពន្យារ ដោយការញ៉ុកសរសៃឈាម រួមជាមួយការលេបថ្នាំគ្រាប់ជាដើម។ គួរបញ្ជាក់ថា ការព្យាបាលមហារីកថ្លើមដោយដុតអាចជួយអ្នកជំងឺឲ្យជាបាន១០០% ប្រសិនអ្នកជំងឺស្ថិតនៅដំណាក់កាលដំបូង ក្នុងនោះ៩៥% ជាលទ្ធផលនៃការដុតលើកដំបូង និង៥%ប៉ុណ្ណោះដែលនៅសល់ដុំ ហើយអ្នកជំងឺក៏អាចធ្វើការដុតម្តងទៀតបាន។ ផលវិបាក និងការការពារ ភាគតិចណាស់ដែលអ្នកជំងឺអាចរស់បានលើសពីមួយឆ្នាំករណីដែលគាត់មិនបានព្យាបាលឲ្យទាន់ពេលវេលា។ ជាទូទៅ ដើម្បីការពារពីជំងឺមហារីកថ្លើម ចាំបាច់ត្រូវការពារពីមូលហេតុដែលបង្កឲ្យមានការរលាកថ្លើមរ៉ាំរ៉ៃ រួមមាន៖ • ចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទB • ចៀសវាងការប៉ះពាល់ឈាមរបស់អ្នកជំងឺរលាកថ្លើមប្រភេទC • បញ្ឈប់ការផឹកស្រា • ការពារកុំឲ្យប៉ះពាល់ជាតិពុល • ត្រូវព្យាបាលមេរោគឲ្យអស់ពីសាច់ថ្លើម។ មហារីកថ្លើមក៏អាចធ្វើការព្យាបាលនៅកម្ពុជាដូចនឹងប្រទេសដទៃទៀតដែរ ហើយនៅដំណាក់កាលដំបូង មានជោគជ័យរហូតដល់១០០%។ ដូចនេះ អ្នកជំងឺចាំបាច់ត្រូវធ្វើរោគវិនិច្ឆ័យឲ្យបាននៅដំណាក់កាលដំបូងដោយធ្វើការពិនិត្យសុខភាព និងធ្វើ Screening ឲ្យបានទៀងទាត់ រាល់៣ខែម្តង ចំពោះអ្នកជំងឺរលាកថ្លើមប្រភេទB និងអ្នកជំងឺក្រិនថ្លើម និងរាល់៦ខែម្តង ចំពោះអ្នកជំងឺរលាកថ្លើមប្រភេទC និងអ្នកលើសជាតិខ្លាញ់ជាដើម។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ជា ចាន់ឌី ឯកទេសវិទ្យុសាស្រ្ត រូបភាពវេជ្ជសាស្រ្ត  មានតួនាទីជានាយកនៃមន្ទីរសម្រាកព្យាបាល និងសម្ភព សានីន ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

  នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានរៀបចំពិធីបំពាក់ឯកសណ្ឋានពេទ្យ និងសច្ចាប្រណិធាន សម្រាប់និស្សិតឱសថសាស្រ្ត ឆ្នាំទី២ ជំនាន់ទី៧។ ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដាស់តឿននិស្សិតដែលទើបចាប់ផ្តើមអនុវត្តក្នុងមន្ទីរពិសោធន៍ និងនិស្សិតដែលនឹងចាប់ផ្តើមអនុវត្តជំនាញគ្លីនិកនៅតាមកន្លែងចុះកម្មសិក្សានៅឆ្នាំបន្តបន្ទាប់ អំពីសេចក្តីត្រូវការទាក់ទងនឹងវិន័យ ក្រមសីលធម៌ និងមេត្តាធម៌ និងព្រមទាំងការអនុវត្តន៍នៅក្នុងសង្គមការងារជាក់ស្តែងជាមួយអ្នកជំងឺ និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលផ្សេងៗទៀត ដើម្បីធានាឲ្យបាននូវសុខុមាលភាពរបស់ប្រជាជន។ ពិធីនេះត្រូវបានប្រព្រឹត្តទៅដោយមានការចូលរួមពីលោកសាស្រ្តាចារ្យ Ian Findlay សាកលវិទ្យាធិការ និងអនុអធិការបតី នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត លោកបណ្ឌិតឱសថសាស្រ្តឯកទេស ជា ស៊ីន ព្រឹទ្ធបុរស ថ្នាក់ដឹកនាំមហាវិទ្យាល័យមហាវិទ្យាល័យឱសថសាស្រ្ត សាស្រ្តាចារ្យ និងនិស្សិតឱសថសាស្រ្ត ឆ្នាំទី២ ចំនួន៨១នាក់។

Share

សម្រាប់ខែតុលា ឆ្នាំ២០១៨នេះ ក្រុមការងារផ្នែកនិពន្ធ និងសមាជិកនៃសហគមន៍ហេលស៍ថាម នៅតែបន្ដដាក់ចេញផ្សាយនូវប្រភេទអត្ថបទសុខភាពនានា ដែលជាចំណេះដឹងគ្មានព្រំដែន សម្រាប់ចែកជូនមិត្តអ្នកអាន ហើយអត្ថបទដែលទទួលបានចំណាប់អារម្មណ៍ និងមានអ្នកអានច្រើនជាងគេទាំងនោះរួមមាន៖ ១.ហេតុអ្វីបានជាពិបាកក្នុងការមានផ្ទៃពោះ? វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភព-រោគស្ត្រីនិងជាប្រធានផ្នែកសម្ភព-រោគស្ត្រីនៃមន្ទីរសម្រាកព្យាបាល និងសម្ភព-មាតា បានមានប្រសាសន៍ថាការពិបាកមានផ្ទៃពោះ គឺជាការរួមភេទទៀងទាត់ដោយមិនមានការការពារលើសពី១២ខែ នៅតែមិនមានកូន។ គេសង្កេតឃើញ មានអត្រា១០ភាគរយនៃស្ត្រីអាយុពី ១៥ ទៅ ៤៤ឆ្នាំ  នៅសហរដ្ឋអាមេរិក និង ៨ ទៅ ១២ភាគរយ នៃស្ត្រីទូទាំងពិភពលោក។ ការសិក្សាបានបង្ហាញថាប្រហែលជា ៤៥ ទៅ ៥០ភាគរយនៃគូដែលពិបាកមានផ្ទៃពោះគឺបណ្តាលមកពីមូលហេតុខាងបុរស។ កត្តាទាំងនោះរួមមានការផលិតមេជីវិតពីក្រពេញពងស្វាសមិនបានល្អ អាចមានចំនួនតិច ចលនាខ្សោយ ឬរូបរាងមិនល្អដែលមិនអាចមកបង្កកំណើតបាន និងមកពីការស្ទះបំពង់បង្ហូរមេជីវិត ដែលមិនអាចបញ្ចេញមេជីវិតពេលបញ្ចេញទឹកកាមម្តងៗ ព្រមទាំងបណ្ដាលមកពីមូលហេតុផ្សេងទៀត។ ចង់ដឹងមូលហេតុច្បាស់ សូមចូលទៅកាន់៖ http://www.healthtime.tips/library/article/1738 ២. ការធ្លាក់ចុះនៃគំហើញកណ្តាលដោយជំងឺ Dry AMD តើអ្វីជា Dry AMD? Dry AMD គឺជា Dry Age-Related Macular Degeneration (Dry AMD) ជាការវិវឌ្ឍចុះខ្សោយនៃកោសិកាបាតភ្នែកបណ្តាលមកពីជរាភាព វាអាចធ្វើឲ្យមានការធ្លាក់ចុះនៃគំហើញកណ្តាលរបស់អ្នកជំងឺ។ មូលហេតុ និងកត្តាប្រឈមដែលអាចបង្កើនហានិភ័យក្នុងការកើតជំងឺនេះគឺកត្តាបរិស្ថាន និងសេនេទិច។ ចំណែកបុគ្គលដែលអាចជួបបញ្ហានេះរួមមាន មនុស្សវ័យចំណាស់ ៦៥ឆ្នាំឡើងទៅ និងអ្នកដែលមានជំងឺប្រចាំកាយដូចជា ជំងឺសរសៃឈាមបេះដូង លើសជាតិខ្លាញ់ បូករួមកត្តាផ្សេងទៀតជាច្រើនផងដែរ ......នេះបើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត អៀ រស្មី ឯកទេសចក្ខុរោគ ប្រចាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ស្វែងយល់បន្ថែមលើការព្យាបាលតាមរយៈ៖ http://www.healthtime.tips/library/article/1708 ៣. AMLODIPINE នៅតែជាជម្រើសសម្រាប់ជំងឺលើសសម្ពាធឈាម Amlodipine គឺជាឱសថប្រើប្រាស់សម្រាប់គ្រប់គ្រងជំងឺលើសសម្ពាធឈាម (Hypertension) និងជំងឺទាក់ទងនឹងសរសៃឈាមអាទែរ (CoronaryArtery Disease) ដែលស្តែងចេញជាសញ្ញាចុកទ្រូងបន្ទាប់ពីការប្រើកម្លាំងខ្លាំង មានការឈឺចាប់ជាប់លាប់ ប៉ុន្តែ មិនមែនជាជំងឺខ្សោយបេះដូងនោះទេ។ ឱសថនេះអាចប្រើបានចំពោះមនុស្សពេញវ័យ ឬកុមារដែលមានអាយុចាប់ពី ៦ឆ្នាំឡើងទៅ ហើយអាចប្រើតែឯង ឬប្រើរួមជាមួយឱសថដទៃទៀតមួយចំនួនផងដែរ។ អត្ថបទនេះផងដែរក៏បានបរិយាយអំពី សកម្មភាពរបស់ឱសថ របៀបប្រើប្រាស់ កម្រិតប្រើប្រាស់ ផលរំខាន និងអន្តរកម្មឱសថ ដើម្បីផ្តល់ជាប្រយោជន៍ក៏ដូចជាចំណេះដឹងជូនអ្នកអានទាំងអស់។ កាន់តែស៊ីជម្រៅលើឱសថនេះ សូមអានបន្ថែម៖ http://www.healthtime.tips/library/article/1707 ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

លក្ខខណ្ឌ/សំបុត្រ៖  មិនគិតថ្លៃ ផ្តល់ការពិនិត្យសុខភាពដោយ៖ សមាជិកនៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា រៀបចំឡើងដោយ៖ Manulife Cambodia សហការជាមួយ Healthtime Pro  ទីតាំង៖  -   ក្នុងបរិវេណប៉ែកខាងលិចនៃសួនច្បារព្រះរាជដំណាក់ (ក្រោយព្រះអង្គចេកព្រះអង្គចម) នៅទីក្រុងសៀមរាប -   ស្តង់គ្រួសារ និងមិត្តសំឡាញ់ ប្រទេស៖ កម្ពុជា តារាងពេលវេលាពិនិត្យសុខភាព៖ -   ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ពីម៉ោង ៤ រសៀល ដល់ម៉ោង ៧ ល្ងាច -   ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ ពីម៉ោង ៩ ព្រឹក ដល់ ម៉ោង ៧ ល្ងាច ការពិនិត្យរួមមាន៖ -   វាស់សម្ពាធឈាម -   វាស់កម្រិតជាតិស្ករ  -   បកស្រាយលទ្ធផល និងពិគ្រោះយោបល់។ ក្នុងឱកាសកម្មវិធីពិព័រណ៍កីឡា និងសុខភាព ManulifeMOVE fair 2018 ដែលរៀបចំឡើងដោយក្រុមហ៊ុន Manulife Cambodia សមាជិកនៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា (CHA) សម្របសម្រួលដោយក្រុមការងារ Healthtime Pro ក៏នឹងចូលរួមផ្តល់ការពិនិត្យសុខភាពដោយឥតគិតថ្លៃ ជូនទៅដល់សាធារណជន ក៏ដូចជាអ្នកចូលរួមទាំងអស់ផងដែរ ក្នុងគោលបំណងលើកកម្ពស់ការថែទាំសុខភាពបេះដូង និងបង្កើនការយកចិត្តទុកដាក់របស់ប្រជាជនយើងទៅលើសុខភាពបេះដូងឲ្យបានកាន់តែល្អប្រសើរ។ គួរបញ្ជាក់ថា ការពិនិត្យសុខភាពនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ពីវេលាម៉ោង ៤រសៀល ដល់ម៉ោង ៧ ល្ងាច និងថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ ពីវេលាម៉ោង ៩ ព្រឹក ដល់ម៉ោង ៧ ល្ងាច។ សម្រាប់ព័ត៌មានបន្ថែម  សូមទាក់ទងមកកាន់ទូរស័ព្ទលេខ ៖ ០៦៩ ៨៨៨ ៩៥៩/ ០៧៧ ៨៨៨ ០៧៦ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ អង្គការសកម្មភាពយុវជនកម្ពុជា និងគ្លីនិកភ្នែកភ្នំពេញនឹងមានការផ្តល់ជូនកម្មវិធីពិនិត្យ ព្យាបាល និងវះកាត់ភ្នែកដោយឥតគិតថ្លៃ។ កម្មវិធីរយៈពេល ១សប្តាហ៍ពេញនេះត្រូវបានស្ថាបនាខ្លួនឡើងតាមរយៈជំនួយឧបត្ថម្ភពី ក្រុមហ៊ុន Korea Electric Power និងអង្គការ Better World ក្រោមគម្រោងមួយដែលមានឈ្មោះថា “យើងស្រលាញ់ភ្នែក”។ គម្រោងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដល់ប្រជាជនខ្មែរដែលខ្វះខាតថវិកា ហើយត្រូវការ ការពិគ្រោះ ការពិនិត្យ ការព្យាបាល និងការវះកាត់ភ្នែកដោយមិនមានការចំណាយថវិកា។ គួរបញ្ជាក់ផងដែរថា គម្រោងនេះនឹងទទួលបានការអញ្ចើញបានចូលរួមពី វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យឯកទេសវះកាត់ភ្នែកជាច្រើនរូប អាជ្ញាធរមូលដ្ឋាន និងអ្នកជំងឺភ្នែកតាមបណ្តាខេត្តក្រុងនានា ដោយក្នុងនោះយើងរំពឹងទុកថា នឹងមានការចូលរួមពីអ្នកជំងឺភ្នែកចំនួន ៥០០នាក់ដែលនឹងទទួលបានការពិនិត្យ និងព្យាបាលភ្នែក ហើយក្នុងនោះផងដែរអ្នកជំងឺភ្នែកចំនួន ៥០នាក់ នឹងទទួលបានការវះកាត់ដោយមិនចំណាយប្រាក់។  សកម្មភាពសំខាន់ៗក្នុងព្រឹត្តការណ៍ យើងស្រលាញ់ភ្នែក មានដូចជា៖ •​​ ផ្តល់ការវះកាត់ភ្នែកដោយឥតគិតថ្លៃដល់អ្នកជំងឺដែលបានចុះឈ្មោះ • ផ្តល់ការពិគ្រោះយោបល់ពីបញ្ហាភ្នែក • ផ្តល់ការពិនិត្យ និងថ្នាំព្យាបាលភ្នែកដល់អ្នកជំងឺ។ គ្លីនិកភ្នែកភ្នំពេញ ដែលជាដៃគូរសហការណ៍សម្រាប់គម្រោងនេះ ជាមជ្ឈមណ្ឌលថែរក្សាភ្នែកល្អបំផុតនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបើកឲ្យដំណើរការចាប់តាំងពីខែ សីហា ឆ្នាំ ២០១៦ ក្នុងគោលបំណងដើម្បីជួយទប់ស្កាត់បញ្ហាភ្នែករបស់ប្រជាជនកម្ពុជា តាមរយៈការបំពាក់នូវឧបករណ៍ទំនើបៗ សម្រាប់ពិនិត្យ និងព្យាបាល ព្រមទាំងមានបុគ្គលិកជំនាញៗជាច្រើនរូបដូចជា គិលានុប្បដ្ឋាយិកាឯកទេសភ្នែក និងក្រុមគ្រូពេទ្យឯកទេសវះកាត់ភ្នែកដែលមានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការព្យាបាលដោយប្រើប្រាស់ថ្នាំ ដោយប្រើឡាស៊ែរ និងដោយការវះកាត់។ គួរបញ្ជាក់ថា វេជ្ជបណ្ឌិត ហេង សុផល ជាគ្រូពេទ្យឯកទេសជាន់ខ្ពស់ផ្នែកកញ្ចក់ភ្នែក និងបញ្ចាំងឡេស៊ែរភ្នែកម៉្ញូប ប្រចាំគ្លីនិកភ្នែកភ្នំពេញ និងបានបញ្ចប់ការសិក្សានៅមន្ទីរពេទ្យ Massachusetts Eye and Ear Infirmity សាលារៀន Harvard Medical School នៅក្នុងទីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក៕

Share

  ឆ្នាំនេះ Ignite Phnom Penh នឹងត្រូវបានប្រារព្ធធ្វើឡើងជាលើកទី៤ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ នៅសហសាលសម្ដេចតេជោហ៊ុនសែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចាប់ពីម៉ោង ១ ដល់ ៥ រសៀល។  Ignite Phnom Penh ត្រូវបានរៀបចំឡើងដោយយុវជនស្ម័គ្រចិត្ដមួយក្រុមដែលមានសមាជិកក្រុមចំនួន៨នាក់ ដែលក្នុងនោះមានលោក ជា សុខហ៊ី (ហៅ Bill) ជាអ្នកដឹកនាំក្រុម។ យោងតាមប្រសាសន៍របស់ លោក សុខហ៊ី បានឲ្យដឹងថា គោលបំណងដែលនាំកម្មវិធីនេះមកកម្ពុជា គឺចង់ពង្រឹងសមត្ថភាពនៃការនិយាយជាសាធារណៈដល់ប្រជាជនគ្រប់រូប និងផ្តល់ឱកាសឲ្យសិស្សានុសិស្ស យុវជន និងកូនខ្មែរទាំងអស់ អាចឡើងនិយាយពីគំនិតរបស់ខ្លួនដែលចង់ចែករំលែកទៅសាធារណៈជនទាំងឡាយ។ ប្រធានបទមានពាក់ព័ន្ធទៅនឹងវិស័យអប់រំ ការលើកទឺកចិត្ដ ការចែករំលែកអំពីភាពជោគជ័យ ក្ដីស្រមៃ និងគោលដៅរបស់ខ្លួន។  ចំនុចពិសេសរបស់កម្មវិធី Ignite Phnom Penh គឺវាគ្មិននីមួយៗត្រូវធ្វើបទបង្ហាញក្នុងរយៈពេលត្រឹមតែ ៥នាទី និងស្លាយ (Slide) ចំនួន ២០។ ចំនុចនេះគឺតម្រូវឲ្យវាគ្មិននីមួយៗមានការត្រៀមរៀបចំខ្លួនយ៉ាងល្អ និងមានកម្រិតពិបាកខ្ពស់។ អាស្រ័យហេតុនេះ វាគ្មិនទទួលបានបទពិសោធថ្មី ដែលជួយឲ្យពួកគាត់អាចគ្រប់គ្រងពេលវេលាក្នុងការធ្វើបទបង្ហាញឲ្យបានល្អ។ កម្មវិធីនេះមានការចូលរួមពីសំណាក់វាគ្មិនចំនួន ១៥ រូបមកពីគ្រប់ស្ថាប័ន ដែលនឹងចែករំលែកនូវបទពិសោធ និងចំណេះដឹងរបស់ខ្លួន ក្នុងនោះមានវាគ្មិនកិត្តិយសដូចជា លោក កែវ ឡង់ឌី (ស្ថាបនិក Baby Outlet) កញ្ញា រិទ្ធី លំអរពេជ្រ (ស្ថាបនិក បុណ្យភូមិ) លោក ឆេង សុភ័ក្រ្ត (ស្ថាបនិក ទំព័រ រៀនថត) និង លោក អ៊ុក ព្រំសុដន ដែលឆ្លាប់និយាយនៅ TED Talks និងបានបង្កើតក្រុមហ៊ុនរបាំភេទទី៣ ដំបូងគេនៅកម្ពុជា។  មិនត្រឹមតែប៉ុណ្ណោះ Ignite Phnom Penh ឆ្នាំនេះត្រូវបានទទួលការគាំទ្រពី សំណាក់ ស្ថាប័ន ជាច្រើន ក្នុងនោះមានក្រុមហ៊ុន Khmer Beverage ដែលបានចូលរួមគាំទ្រ ជាអ្នកឩបត្ថម្ភធំ និង Grab ជាដៃគូមធ្យោបាយធ្វើដំណើរផ្ដាច់មុខ ក្នុងកម្មវិធីនេះ។ លោកអ្នកអាចទិញសំបុត្រដោយមានកាដូពិសេសដូចជាដបទឹក និងកាតាប ដោយ វិធីទិញសំបុត្រតាម online៖ https://ignite4.eventbrite.com/ ឬ តាមទូរស័ព្ទ 015 971789 / 011 249899 ឬ ទទួលបានព័ត៌មានថ្មីៗ ដោយចូលទៅកាន់ទំព័រ ហ្វេសប៊ុករបស់កម្មវិធីនេះដែលមានឈ្មោះថា Ignite Phnom Penh។

Share

ការក្អួតចង្អោរគឺជាបទពិសោធន៍ទូទៅមួយដែលស្រ្តីមានផ្ទៃពោះប្រមាណពី ៧០%-៨០% ធ្លាប់បានជួបប្រទះ។ ចំពោះស្ត្រីភាគច្រើន អាការៈនេះនឹងបាត់ទៅវិញបន្ទាប់ពីត្រីមាសទី១ តែក៏មានស្រ្តីមួយចំនួនតូចនៅតែបន្តមានអាការៈនេះ រហូតសម្រាលបុត្រហើយ។ សំណួរ៖ នាងខ្ញុំមានអាយុ ២៤ឆ្នាំ កម្ពស់១ម៉ែត្រ៦៥ ទម្ងន់៦៧គីឡូក្រាម កំពុងមានទម្ងន់២ខែមកហើយ ដែលជាកូនដំបូង។ ខ្ញុំឧស្សាហ៍វិលមុខខ្លាំងញឹកញាប់ ពិសេសមុនពេលគេង និងក្រោកពីគេង ព្រមទាំងចង់ក្អួតតាំងពីមានទម្ងន់បាន១ខែមកម្លេះ ដូច្នេះហើយខ្ញុំតែងប្រើថ្នាំចាញ់ជាប្រចាំ។ តើការប្រើថ្នាំចាញ់ជាប្រចាំអាចប៉ះពាល់ដល់ទារក និងម្តាយទេ? តើមានវិធីសាស្ត្រណាផ្សេងឬទេ សម្រាប់បំបាត់អាការៈនេះ? ចម្លើយ៖ ក្នុងអំឡុងត្រីមាសទីមួយនៃការមានផ្ទៃពោះ ស្ត្រីភាគច្រើនតែងជួបប្រទះនឹងការក្អួតចង្អោរ អស់កម្លាំង ព្រមទាំងវិលមុខទៀតផង ដែលជាទូទៅអាការៈនេះត្រូវបានគេស្គាល់ថាជាអាការៈចាញ់កូន។ មូលហេតុដែលបណ្តាលឲ្យមានអាការៈចាញ់កូនយ៉ាងខ្លាំងនេះ គឺមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែ ការសិក្សាមួយបានលើកឡើងថា អាការៈនេះប្រហែលជាអាចបណ្តាលមកពីការផ្លាស់ប្តូរអ័រម៉ូនអំឡុងពេលមានផ្ទៃពោះនេះតែម្តង។ វាក៏អាចមកពីកត្តាតំណពូជផងដែរ ព្រោះមានកើតឡើងចំពោះតែស្រ្តីណាដែលសមាជិកគ្រួសាររបស់គាត់ (ម្តាយ និងបងប្អូនស្រី) ធ្លាប់មានអាការៈបែបនេះ។ ពេលចង្អោរម្តងៗធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលនោះទេ តែដំណឹងល្អនោះគឺថាអាការៈនេះមិនបានផ្តល់ជាផលអាក្រក់ដល់អ្នក និងកូននោះឡើយ ហើយវាជាសញ្ញាបញ្ជាក់ថា ជាការពពោះប្រកបដោយសុខភាពល្អទៀតផង។ ការចង្អោរអំឡុងពេលមានផ្ទៃពោះជារឿងធម្មតា តែវាក៏អាចបង្ហាញប្រាប់ពីបញ្ហាមួយចំនួន ដែលអាចកើតមានផងដែរ។ អ្នកគួរប្រញាប់ទូរស័ព្ទទៅគ្រូពេទ្យភ្លាមៗ ប្រសិនបើអ្នកមានអាការៈដូចខាងក្រោម៖ • ការចង្អោរនៅតែបន្តពេញមួយថ្ងៃ ដែលធ្វើឲ្យអ្នកមិនអាចញ៉ាំអាហារ និងផឹកទឹកបាន • ការក្អួតកើតឡើង៣ទៅ៤ដងក្នុង១ថ្ងៃ ឬមិនមានសមត្ថភាពអាចទុកអាហារក្នុងក្រពះបាន • ស្រកទម្ងន់គួរឲ្យកត់សម្គាល់ • ដួលសន្លប់ ឬវិលមុខ • មិនសូវនោម ឬបរិមាណទឹកនោមថយចុះ • បេះដូងលោតញាប់ • ឧស្សាហ៍ឈឺក្បាល • អត់សប្បាយចិត្ត ជូរមាត់ ឬធុំក្លិនខ្លួន • អស់កម្លាំងខ្លាំង • វង្វេងវង្វាន់ ឬរវើរវាយ។ ការព្យាបាល និងការការពារពីការចង្អោរក្នុងអំឡុងពេលមានផ្ទៃពោះ គឺដូចគ្នាទៅនឹងការថែទាំសុខភាពខ្លួនឯង និងការប្រើប្រាស់វិធីព្យាបាលនៅផ្ទះដូច្នោះដែរ។ វិធីសាស្រ្តខាងក្រោមអាចជួយអ្នកបាន៖ • ទទួលទានរបបអាហារដែលសាប • ទទួលទានតិចៗ តែច្រើនដង • ញ៉ាំអាហារជាមួយខ្ញី • ផឹកទឹកឲ្យបានច្រើននៅពេលអ្នកមិនមានអារម្មណ៍ថាចង់ក្អួត • ចៀសវាងការញ៉ាំអាហារហឹរ និងអាហារមានខ្លាញ់ច្រើន • ញ៉ាំអាហារសម្រន់ដែលមានសារជាតិប្រូតេ អ៊ីនខ្ពស់ • គួរចៀសវាងពីរំញោចទាំងឡាយណាដែលធ្វើឲ្យអ្នកចង់ក្អួត។ ស្រ្តីភាគច្រើនយល់ថាការប្រើប្រាស់ឱសថធម្មជាតិ ឬឱសថក្នុងផ្ទះមិនបានធ្វើឲ្យគាត់ធូរស្បើយឡើយ ដូច្នេះ គាត់អាចប្រាប់គ្រូពេទ្យដើម្បីឲ្យគ្រូពេទ្យចេញវេជ្ជបញ្ជា ដែលអាចព្យាបាលអាការៈនេះបានកាន់តែជាក់លាក់ ដូចជាវីតាមីន B6 និងថ្នាំផ្សេងទៀតជាដើម។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

  ការឈឺក្បាល គឺសំដៅដល់ការឈឺចាប់ត្រង់តំបន់ក្បាលរួមផ្សំជាមួយការឈឺនៅត្រង់ភ្នែក ត្រចៀក មុខ ឬកញ្ចឹងកជាដើម។ វាជាបញ្ហាសរសៃប្រសាទមួយដែលតែងជួបប្រទះចំពោះមនុស្សគ្រប់វ័យទាំងអស់ ជាពិសេសកើតឡើងកាន់តែញឹកញាប់ទៅលើមនុស្សពេញវ័យ និងប្រែជាថយចុះទៅវិញនៅពេលវ័យកាន់តែចាស់។ ថ្វីត្បិតការឈឺក្បាលមិនបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ប៉ុន្តែវាពិតជារំខានដល់ការងារ ក៏ដូចជាការរស់នៅប្រចាំថ្ងៃរបស់អ្នកខ្លាំងណាស់។ ដូច្នេះ អ្នកគួរស្វែងរកការព្យាបាលមួយដ៏សមស្របជាមួយគ្រូពេទ្យជំនាញ ជាជាងការប្រើប្រាស់ថ្នាំដោយខ្លួនឯងដែលជាហេតុបង្កឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។ សំណួរ៖ ខ្ញុំបាទអាយុ២១ឆ្នាំ ភេទប្រុស កម្ពស់១ម៉ែត្រ៦០ ទម្ងន់៥៤គីឡូក្រាម មុខរបរជានិស្សិត។ យូរៗម្តងខ្ញុំមានរោគសញ្ញាឈឺក្បាល និងថប់ដង្ហើម ហើយធ្លាប់ទទួលបានការព្យាបាលដោយប្រើប្រាស់ថ្នាំប៉ាណាដុល ឬប្រូខូល ប៉ុន្តែមិនមានប្រើថ្នាំប្រចាំកាយអ្វីទេ។ ខ្ញុំចង់សួរថា តើហេតុអ្វី មនុស្សត្រូវតែឈឺក្បាល? តើការឈឺក្បាលនេះ អាចព្យាបាលឲ្យជាដាច់បានទេ? ចម្លើយ៖ ការឈឺក្បាលចែកចេញជាពីរ ការឈឺក្បាលដោយអារម្មណ៍ និងការឈឺលើប្រព័ន្ធប្រសាទខួរក្បាល។ គ្មាននរណាម្នាក់ដែលមិនធ្លាប់ឆ្លងកាត់ការឈឺក្បាលនោះទេ។ ការឈឺចាប់ជាការផ្តល់ព័ត៌មានតាមរយៈកន្លែងផ្សេងៗមកឲ្យខួរក្បាល ដែលហៅថាមណ្ឌលប្រសាទកណ្តាល ដែលជាអ្នកបកប្រែការឈឺចាប់ ហេតុនេះបានជាពេលយើងគេងលក់ ឬប្រើថ្នាំសន្តំ នោះការឈឺចាប់ គឺលែងមាន។ អារម្មណ៍ឈឺក្បាលមានការព្យាបាលសាមញ្ញដោយគ្រាន់តែលុបបំបាត់មូលហេតុដែលធ្វើឲ្យឈឺក្បាលណាមួយ។ មុខរបរជានិស្សិតតែងតែមានការឈឺក្បាលដោយសារតែមានភាពរវល់នឹងការសិក្សា។ ការហាត់ប្រាណ សម្រាកឲ្យបានគ្រប់គ្រាន់ និងញ៉ាំអាហារឲ្យបានទៀងទាត់ ស្តាប់ចម្រៀងបន្ធូរភាពតានតឹង ឬពេលក្រោក​ពីគេងអាចញ៉ាំទឹកមួយកែវយឺតៗ ដាក់ដៃលើកញ្ចឹង​ក ងាកកយឺតៗ២ទៅ៥នាទីដោយខ្លួនឯង ក៏អាចមានភាពធូរស្រាលបានខ្លះដែរ។ ការញ៉ាំថ្នាំដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ថ្នាំបំបាត់ការឈឺចាប់ អាចបង្កឲ្យកាន់តែឈឺខ្លាំងថែមទៀត។ បកស្រាយដោយ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល និងជានាយកផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ កាន់តែខិតមកដល់ហើយ តើអ្នកទាំងអស់គ្នាបានរៀបគម្រោងទៅដើរកំសាន្តជាមួយគ្រួសារ មិត្តភក្តិ​ ឬមនុស្សជាទីស្រឡាញ់ហើយឬនៅ? ជាធម្មតា ទាំងយើងទាំងគេ​ តែងជួយម៉ាក់ប៉ារៀបចំចម្អិនម្ហូបនៅផ្ទះទុក ព្រោះតម្លៃម្ហូបអាហារអំឡុងពេលបុណ្យទានតែងតែឡើងថ្លៃខ្ពស់ តាមមាត់អ្នកលក់មួយចំនួន បើទោះបីជាមានការហាមឃាត់ក៏ដោយ។យ៉ាងណាមិញអ្នកដែលមានលទ្ធភាពក៏ទៅញំុាក្រៅ​តាមហាង ឬរមណីយដ្ឋាននានា។ ចំណែកខ្ញំវិញទៅញាំក្រៅដែរព្រោះថាខ្ជិលលាងចាន និងលើកមុនញំុាហើយ អត់បានលាងទុកត្រាំចោលឡើងកន្លះខែ [សង្ឃឹមថាអ្នកទាំងអស់គ្នាមិនខ្ចិលដូចខ្ញំុទេណា៎!]។   ចុះអ្នកដែលមិនមានគម្រោងដើរលេងវិញ យ៉ាងមិចហើយ? មានតែជម្រើសគេងផ្ទះស្អាតមែនអត់?បុណ្យខាងមុខនេះបូកបន្ថែមថ្ងៃសៅរិ៍និងអាទិត្យ ឈប់សរុបគឺប្រាំថ្ងៃឯណោះ ប៉ុន្តែអាណិតណាស់ចំពោះនិស្សិតដែលត្រូវនៅផ្ទះធ្វើបញ្ចប់កិច្ចការគ្រូដាក់អោយ និងជាពិសេសនិស្សិតពេទ្យដែលគេចាត់តាំងអោយទៅយាមនៅពេទ្យ នៅពេលអ្នកផ្សេងគេទៅដើរលេងសប្បាយអស់។   កុំតូចចិត្តអី និស្សិតពេទ្យដែលចូលចិត្តមើលរឿងភាគអាចមើល The Good Doctor, Gray's Anatomy, Chicago Med ជាដើម ដើម្បីកំដរអារម្មណ៍ពេលកំពុងយាមនៅពេទ្យបាន ហើយជាមួយគ្នានេះក៏អាចរៀននិងយល់ពីស្ថានភាពជាក់ស្តែង ថែមទាំងស្គាល់ពីជំងឺដែលកើតឡើងថ្មីៗក្នុងមន្ទីរពេទ្យតាមរយៈសាច់រឿងដែលជាប្រភេទរឿងបែបវិនាដកម្មលាយឡំជាមួយចំណេះដឹងផ្នែកវិទ្យាសាស្ត្រ-វេជ្ជសាស្ត្រផងដែរ ដែលអាចជាប្រយោជន៍ សម្រាប់ធ្វើ clinical case study និង assignment គ្រូដាក់អោយធ្វើជាដើម។   និស្សិតដែលគ្មាន assignment ត្រូវធ្វើហើយអផ្សុកចង់ធ្វើដំណើរជិតតែមិនចង់ប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនអាចជិះកង់បីឥណ្ឌាបានដែលមានការបញ្ចុះតម្លៃរហូតដល់ 50% ពិសេសសម្រាប់ថ្ងៃបុណ្យអុំទូកទាំងបីថ្ងៃតែម្តង។ បើចង់មើលកុននៅផ្សារទំនើបក៏មានការផ្តល់ជូនពិសេសក្នុងពេលបុណ្យជាតិយើងនេះដែរ។ នៅក្នុងក្រុងស្ងាត់អញ្ចឹង និស្សិតដែលមានassignment ត្រូវបញ្ចប់ប្រាកដជាសប្បាយចិត្តហើយព្រោះគ្មានអ្នករំខាន។   យ៉ាងណាមិញ តើមានដឹងទេថាគេនឹងចែកស្រោមអនាម័យមិនគិតថ្លៃក្នុងថ្ងៃបុណ្យអុំទូក? ពីមុនខ្ញុំឆ្ងល់ថាហេតុអ្វីគែចែកចំថ្ងៃបុណ្យនេះ ឥឡូវដឹងហើយគឺអាកាសធាតុប៉ុន្មានថ្ងៃនេះរាងត្រជាក់គេចែកទុកការពារភ្លៀងពេលព្រឹក រសៀលនិងយប់។ គោលបំណងគឺអោយយើងមានការប្រុងប្រយ័ត្ន ដូចឃ្លាមួយថា «ការពារប្រសើរជាងព្យាបាល»។   ជាចុងក្រោយសូមជូនពរអ្នកទាំងអស់គ្នាធ្វើដំណើរអោយមានសុវត្ថិភាព និងកុំភ្លេចពាក់មួកការពារចំពោះអ្នកជិះម៉ូតូ ហើយសូមដើរលេងអោយសប្បាយនាថ្ងៃបុណ្យជាតិខាងមុខនេះ។

Share

ចំពោះនិស្សិតវេជ្ជសាស្ត្រ ពិតជាសំណួរសំខាន់ និងត្រូវ​ចំណាយពេលយូរបន្តិចដើម្បីឆ្លើយនូវសំណួរនេះ។ ហេតុនេះ ហើយនាថ្ងៃទី ១៧ ខែវិច្ឆិកានេះ ក្រុមការងារ ហេលស៍ថាម ប្រូ បានបង្កើត កម្មវិធី Medicine Talk ក្រោមចំណងជើងថា “និយាយជាមួយសិស្សច្បង ពីដំណើរជីវិតជានិស្សិតវេជ្ជសាស្ត្រឯកទេស” កម្មវិធី​ Medicine Talk បង្កើតឡើងក្នុងគោលបំណងធំ​ចំនួន ២៖ ការជួយតម្រង់ទិសដល់សិស្សប្អូន អាចតៀមខ្លួនដើម្បីជ្រើសរើសឯកទេសមួយ និងសាងទំនាក់ទំនងរវាងសិស្សច្បង និងសិស្សប្អូនក្នុងផ្នែកវេជ្ជសាស្ត្រ។ ​គួរបញ្ជាក់ផងដែរថា កម្មវិធី Medicine Talk ប្រព្រឹត្តិទៅ នៅសាកលវិទ្យាល័យ​ ពុទ្ធិសាស្រ្ត ពេញមួយព្រឹកចាប់ពី ម៉ោង ៨ព្រឹក ដល់ម៉ោង១២រសៀល ដោយមានការសហការឧបត្ថម្ភពីផលិតផល Coxil និងមានការចូលរួមពីសំណាក់និស្សិតវេជ្ជសាស្រ្ត ចំនួនប្រមាណ៦០​នាក់ ដែលមកពីគ្រឹះស្ថានសិក្សាផ្សេងៗដូចជា សាកលវិទ្យាល័យ​ ពុទ្ធិសាស្រ្ត​ សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យ អន្តរជាតិ និងវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម ជាដើម។  Medicinie Talk ប្រព្រឹត្តិទៅយ៉ាងរលូនក្រោមសកម្មភាព ចំនួន២សំខាន់ៗ៖ ១. ការចែករំលែកបទពិសោធន៍ពីសិស្សច្បងចំនួន១០​រូប ដែលមានឯកទេសផ្សេងៗគ្នា ទាក់ទងនឹងចំណុចសំខាន់ៗមួយចំនួនដើម្បីយកពិចារណា ក្នុងការសម្រេចចិត្តជ្រើសរើសឯកទេសមួយដែលសាកសមនឹងខ្លួនឯងពិតប្រាកដ​ ការត្រៀមខ្លួនដើម្បីប្រលងជាប់ឯកទេស​នោះ។ ២.​​ ការជួបពិភាក្សាផ្ទាល់ជាមួយសិស្សច្បង ដែល​សិស្សប្អូនមានឱកាស​សាកសួរបន្ថែមលើឯកទេសដែលស្ថិតក្នុងក្តីស្រមៃរបស់ពួកគេ ជាពិសេសលើចំណុចគួរធ្វើ និងមិនគួរធ្វើអំឡុងពេលជានិស្សិតឯកទេស។ សិស្សច្បងបានចែករំលែកបទពិសោធន៍ល្អៗជាច្រើន និងបន្សល់ទុកនូវសំនួរមួយចំនួនដើម្បីឲ្យសិស្សប្អូនយកទៅពិចារណា៖ “តើជីវិតបែបណា ដែលយើងបានទៅ​ថ្ងៃអនាគត?” “តើការងារប្រភេទណា ដែលយើងចង់ធ្វើ?”។ នៅមានចំណុចសំខាន់ៗជាច្រើនទៀត ចំពោះអ្នកមិនបានចូលរួមកម្មវិធី Medicine Talk​ លើកនេះ អាចរងចាំមើលវីដេអូសង្ខេបអំពីកម្មវិធីបន្ថែមទៀត ក្នុងទំព័រហេ្វសបុករបស់ Healthtime Pro។​ ដើម្បីទទួលបានព័ត៌មានបន្ថែម សម្រាប់វគ្គសិក្សាដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខទៀត សូមតាមដានក្នុង Healthtime Pro អូ!!! វីដេអូខាងក្រោមនេះ ជាចំណាប់អារម្មណ៍និស្សិតចំពោះកម្មវិធី Medicine Talk តោះស្តាប់ពួកគាត់ទាំងអស់គ្នា... ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top