Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

និយមន័យនៃជំងឺ Macular Pucker Macular Pucker គឺជាជំងឺមួយកើតឡើងនៅនឹងស្រទាប់ខាងលើនៃរ៉េទីនផ្នែកកណ្តាល ដែលជាទីតាំង ទទួលរូបភាព ពន្លឺ និងព័ត៌មានឲ្យភ្នែក អាចមើលឃើញ។ ករណីជំងឺនេះ បង្កឲ្យទៅជាស្នាមនៅខាងលើស្រទាប់រ៉េទីន និងធ្វើឲ្យរ៉េទីនវិវឌ្ឍ ទៅជាជ្រួញផងដែរ។ មូលហេតុ និងកត្តាប្រឈម បុគ្គលដែលងាយប្រឈមនឹងជំងឺនេះ រួមមាន៖ • អ្នកជំងឺម៉្ញូបខ្ពស់ • អ្នកជំងឺទឹកនោមផ្អែម • មនុស្សចាស់ មានវ័យចាប់ពីអាយុ៥០ឆ្នាំឡើងទៅ • អ្នកមានជំងឺភ្នែកមួយចំនួនដូចជា ជំងឺរលាកបាតភ្នែក ជំងឺរលាកកញ្ចក់ភ្នែក បញ្ហាសរសៃឈាម នៅស្រទាប់រ៉េទីន និងការប៉ះទង្គិចចំភ្នែកជាដើម។ រោគសញ្ញា និងយន្តការ រោគសញ្ញានៃ Macular Pucker ស្តែងឡើងតាមរយៈការប៉ះពាល់គំហើញ៖ • ស្រវាំងភ្នែក • មើលវត្ថុ ឬរូបភាពអ្វីមួយដូចជាទឹករលក • មិនសូវច្បាស់ត្រង់ចំណុចកណ្តាល។ យ៉ាងណាមិញ ចំពោះយន្តការរបស់ជំងឺ Macular Pucker គឺនៅពេលដែលអ្នកជំងឺមានអាយុ៥០ឆ្នាំ ឡើងទៅ ស្រទាប់ Vitreous gel ប្រែប្រួលពីលក្ខណៈចាហួយទៅជាទឹក ហើយរបូតចេញ ពីស្រទាប់រ៉េទីន ធ្វើឲ្យរ៉េទីនមានភាពជ្រួញ និងមានស្នាម ដែលជាហេតុបង្កឲ្យទៅជាជំងឺ Macular Pucker។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យទៅលើជំងឺ Macular Pucker គឺផ្អែកទៅលើកត្តាពីរយ៉ាង៖ • ការសាកសួរពីរោគសញ្ញារបស់អ្នកជំងឺដូចជា ស្រវាំងភ្នែក​ ឬការមើលឃើញរូបភាពជាទឹករលក ដូចបានរៀបរាប់ខាងលើ។ • គ្រូពេទ្យនឹងតម្រូវឲ្យអ្នកជំងឺពិនិត្យស្រទាប់បាតភ្នែកដោយប្រើម៉ាស៊ីន Optical Coherence Tomography (OCT) ដើម្បីឲ្យដឹងថាស្រទាប់បាតភ្នែក ឬរ៉េទីនមានអ្វីនៅពីលើ ដោយចំណាយតែ១០នាទី ក្នុងការដឹងពីលទ្ធផលថាមានជំងឺ Macular Pucker ឬEpiretinal membrane។ ការព្យាបាល និងផលវិបាក ការព្យាបាលធ្វើឡើងក្រោយពីគ្រូពេទ្យធ្វើរោគវិនិច្ឆ័យច្បាស់លាស់ បើករណីអ្នកជំងឺមានរោគសញ្ញាស្រាល ឬគ្រាន់តែ ស្រវាំងភ្នែក នោះគាត់នឹង មិនតម្រូវឲ្យធ្វើការវះកាត់នោះទេ។ ដោយឡែក បើសិនគាត់មានលេចចេញជារោគសញ្ញា ធ្ងន់ធ្ងរ ឬប៉ះពាល់ទៅលើគំហើញខ្លាំង គ្រូពេទ្យនឹងធ្វើការវះកាត់តាមរបៀបម៉្យាងដែលហៅថា Vitrectomy ដោយវះយកចេញនូវ Vitreous gel និងជំនួសមកវិញដោយសេរ៉ូមប្រៃ។ បន្ទាប់មក គ្រូពេទ្យនឹង ធ្វើការកាត់យកនូវស្នាម នៅពីលើស្រទាប់បាតភ្នែកនោះចេញ ដែលវាជាមូលហេតុបង្កឲ្យមាន Macular Pucker នេះឡើង។ ទោះជាយ៉ាងណាក៏ដោយ ក្រោយពីការព្យាបាល អ្នកជំងឺនឹងទទួលបានគំហើញតែពាក់កណ្តាល ប៉ុណ្ណោះ។ ដោយឡែក បើអ្នកជំងឺមិនបានទទួលការព្យាបាលទាន់ពេលវេលា ឬយឺតយ៉ាវក្នុងការព្យាបាល គាត់នឹងអាច បាត់បង់គំហើញកាន់តែធំទៅៗ និងរហូតដល់មិនអាចធ្វើការព្យាបាលដោយជោគជ័យបាន។ វិធីសាស្រ្តការពារ ដើម្បីការពារពីជំងឺ Macular Pucker ចាំបាច់ត្រូវត្រួតពិនិត្យភ្នែកជាប្រចាំទាំងផ្នែកខាងក្នុង និងបាតភ្នែក ការពារមិនឲ្យមានការប៉ះទង្គិច រក្សាអនាម័យភ្នែកឲ្យបានត្រឹមត្រូវ និងបរិភោគអាហារមានវីតាមីន ឲ្យបានគ្រប់គ្រាន់។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ស៊ុន សារិន ឯកទេសចក្ខុរោគ មានតួនាទីជាអនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

តើអ្វីទៅជាមហារីកក្នុងគ្រាប់ភ្នែក? មហារីកក្នុងគ្រាប់ភ្នែក ឬដែលពាក្យបច្ចេកទេសហៅថា Retinoblastoma គឺជាប្រភេទមហារីក ក្នុងគ្រាប់ភ្នែក ដែលច្រើនកើតមកពីកោសិកាមិនធម្មតារបស់ស្រទាប់រ៉េទីន។ ភាគច្រើននៃជំងឺនេះ គេសង្កេតឃើញ មានលើកុមារអាយុក្រោម ៥ឆ្នាំ និង ក្រុមកុមារអាយុ១២ខែ ទៅ២៤ខែ ជាមធ្យម ១៨ខែ។ បច្ចុប្បន្ន ជំងឺមហារីកក្នុងគ្រាប់ភ្នែកមានការប្រែប្រួលគួរឲ្យកត់សម្គាល់នៅលើពិភពលោក ហើយ ត្រូវបានគេសិក្សាថា វាកើតមានប្រហែលជា ១១ករណីក្នុងចំណោមកុមារ ១លាននាក់ដែលមានអាយុតិចជាង ៥ឆ្នាំ។ ដោយហេតុថាមិនទាន់ មានការសិក្សាណាមួយពីជំងឺនេះនៅក្នុងប្រទេសកម្ពុជា ទិន្នន័យពិតប្រាកដរបស់ជំងឺនេះក៏មិនទាន់ត្រូវបានគេដឹង ផងដែរ។ ប៉ុន្តែ បើយើងក្រឡេក​មើលទៅប្រទេសជិតខាងរបស់យើងដូចជា វៀតណាម និងថៃ យើងសង្កេតឃើញថា ប្រទេសវៀតណាមមាន១៨.៩ ករណីក្នុងចំណោមកុមារ១លាននាក់ដែលមានអាយុចន្លោះពី០ ទៅ ៤ឆ្នាំ ខណៈពេលដែល ប្រទេសថៃមាន ១០ករណីក្នុងចំណោមកុមារ១លាននាក់ដែលមានអាយុចន្លោះពី០ ទៅ ៤ឆ្នាំដូចគ្នា។ មូលហេតុ និងកត្តាប្រឈម មូលហេតុចម្បងដែលបង្កឲ្យមានជំងឺមហារីកក្នុងគ្រាប់ភ្នែក គឺវាបណ្តាលមកពីកត្តាបម្រែបម្រួលសេនេទិច របស់ក្រម៉ូសូមទី១៣ ហើយដែលវាអាចជាកត្តាតំណពូជ ឬមិនមែនតំណពូជ។ ករណីតំណពូជ ប្រហែល ៦% ទៅ១០% កុមារអាចនឹងឆាប់កើតមានជំងឺមហារីកក្នុងគ្រាប់ភ្នែក និងកើតលើភ្នែកទាំងសងខាង ប្រមាណប្រហែល៣០% ពិសេសប្រឈមខ្ពស់ចំពោះកុមារអាយុតិចជាង៥ឆ្នាំ។ រោគសញ្ញាជាក់ស្តែង អាការៈនៃជំងឺមហារីកគ្រាប់ភ្នែកដែលច្រើនជួបប្រទះញឹកញាប់រួមមាន៖ • ប្រស្រីភ្នែកឡើងពណ៌ស ដូចជាភ្នែកសត្វឆ្មាពេលយប់ • ភ្នែកស្រលៀង • ឈឺភ្នែក ភ្នែកក្រហម និងទឹកដក់ក្នុងភ្នែក • គំហើញថយចុះ • ឈាមនៅថតមុខនៃភ្នែក រីកប្រស្រីភ្នែក និងភ្នែកលៀនជាដើម • លើសពីនេះក៏មានសញ្ញាមួយចំនួនដែលមានលក្ខណៈស្រដៀងនឹងរោគសញ្ញានេះមាន ភ្នែកឡើងបាយ  ទឹកចាហួយនៅក្នុងភ្នែកផ្នែកខាងមុខស្រអាប់ ជំងឺសរសៃបាតភ្នែក ក្មេងកើតមិនគ្រប់ខែ និងជំងឺតុសូការីយ៉ាស៊ីស។ យន្តការនៃជំងឺមហារីកក្នុងគ្រាប់ភ្នែក ហ្សែនទប់ដុំRB1 ស្ថិតនៅលើដៃក្រូម៉ូសូមទី១៣ ទៅតំបន់ទី១៤ មានតួនាទីធ្វើឲ្យមានរបៀបរៀបរយសម្រាប់ នុយក្លេអូប្រូតេអ៊ីននៃRB ដែលជាធម្មតាវាទប់ស្កាត់ទៅនឹងការបែងចែកកោសិកាមិនធម្មតា។ ដូចនេះ ប្រសិនបើ មានបម្រែបម្រួលខ្លះៗនៅក្នុងហ្សែនទប់ដុំRB1 វានឹងបង្កឲ្យទៅជាមហារីកក្នុងគ្រាប់ភ្នែកតែម្តង។ ការធ្វើរោគវិនិច្ឆ័យ ដើម្បីអាចបញ្ជាក់ថាជាជំងឺមហារីកក្នុងគ្រាប់ភ្នែក អ្នកជំងឺនឹងតម្រូវឲ្យធ្វើរោគវិនិច្ឆ័យដូចជា៖ • ពង្រីកប្រស្រីភ្នែក៖ ថត ឬឆ្លុះមើលសរសៃបាតភ្នែក ដោយឧបករណ៍ Indirect ophthalmoscopy ដើម្បីឲ្យដឹងថាវាជាដុំដែលបង្កឡើងដោយមហារីកក្នុងគ្រាប់ភ្នែក ឬក៏មិនមែន។ • Ultrasonography៖ ដើម្បីចង់ដឹងថាជាដុំរបស់មហារីកក្នុងគ្រាប់ភ្នែក។ • CT Scan៖ ឲ្យដឹងថាដុំមហារីក នឹងវិវឌ្ឍចេញនៅខាងក្នុង ឬនៅខាងក្រៅ ហើយអាចឲ្យយើងដឹងថា ដុំនេះមានរាលដាលទៅកោសិកាសរីរាង្គដទៃ ជាពិសេសពីប្រព័ន្ធសរសៃប្រសាទរហូតដល់ខួរក្បាល។ ការព្យាបាលត្រឹមត្រូវ ជំងឺមហារីកក្នុងគ្រាប់ភ្នែកត្រូវធ្វើការព្យាបាលទៅតាមដំណាក់កាលនីមួយៗ ដោយត្រូវមានការចូលរួមពី គ្រូពេទ្យឯកទេសភ្នែក គ្រូពេទ្យវះកាត់សរសៃប្រសាទ និងគ្រូពេទ្យព្យាបាលជំងឺមហារីក ផងដែរ។ ករណីស្រាល ការព្យាបាលមានប្រសិទ្ធភាពខ្ពស់ និងអាចជាសះស្បើយបាន ប៉ុន្តែបើជាដំណាក់កាលធ្ងន់ធ្ងរ នោះការព្យាបាល មិនសូវបានជោគជ័យទេ។ ជាទូទៅ ការព្យាបាលទាំងនោះរួមមាន៖ • ការប្រើវិទ្យុសកម្ម ដើម្បីបំផ្លាញដុំមហារីក • ការដុតនឹងធាតុត្រជាក់ ដើម្បីបំផ្លាញដុំមហារីក • ការបាញ់កាំរស្មីឡាស៊ែ និងការចាក់ថ្នាំគីមី ដើម្បីបំផ្លាញដុំមហារីក និងមិនឲ្យកោសិកាមហារីកដុះរាលដាល ទៅកាន់ខួរក្បាល និងសរីរាង្គផ្សេងៗទៀត។ • ការវះកាត់យកគ្រាប់ភ្នែកចេញ ដើម្បីកុំឲ្យរីករាលដាលទៅសរីរាង្គដទៃទៀត ក្នុងករណី ធ្ងន់ធ្ងរ។ ផលវិបាក កុមារអាចនឹងត្រូវស្លាប់ដោយសារជំងឺមហារីកក្នុងគ្រាប់ភ្នែក ក្នុងអំឡុងអាយុ ២ទៅ៤ឆ្នាំ ប្រសិនបើ មិនមាន ការព្យាបាលទាន់ពេលវេលាទេនោះ។ ផ្ទុយមកវិញ អត្រានៃការជាសះស្បើយអាចរហូតដល់ ៩៥% បើអ្នកជំងឺ ឆាប់ទទួលបានការព្យាបាល និងត្រូវធ្វើការតាមដានឲ្យបានទៀងទាត់។ ទាក់ទងនឹងការតាមដានបន្ទាប់ពី ការព្យាបាលរួច ត្រូវធ្វើតាមដំណាក់កាល ដំបូង ៣ ទៅ ៤ខែម្តង បន្ទាប់មក ៦ខែម្តង ១ឆ្នាំម្ដង រហូតដល់៩ឆ្នាំក្រោយ ព្រោះដុំមហារីកប្រភេទនេះ វានឹងអាចបង្កឲ្យកើតឡើងវិញក្នុងករណីខ្លះ។ វិធីសាស្រ្តការពារ គ្មានវិធីសាស្ត្រណាមួយដើម្បីការពារពីមហារីកក្នុងគ្រាប់ភ្នែកនេះបាននៅឡើយទេមកដល់បច្ចុប្បន្ន ដោយហេតុថា វាជាជំងឺតំណពូជ ឬកើតពីកំណើត។ ប្រសិនបើឪពុកម្ដាយ ឬអាណាព្យាបាល សង្ស័យ ឬឃើញរោគសញ្ញាមហារីក ក្នុងគ្រាប់ភ្នែកដូចខាងលើ ឬសមាជិកគ្រួសារដែលមាន មហារីកក្នុងគ្រាប់ភ្នែកពីមុនមក ត្រូវតែមកពិនិត្យ និងព្យាបាលជាមួយនឹងគ្រូពេទ្យឯកទេសភ្នែក ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយ ឬការពារ ពីភាពពិការភ្នែក ឬប៉ះពាល់ដល់អាយុជីវិតផងដែរ។ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គង់ ពិសិដ្ឋ ឯកទេសចក្ខុរោគ  និងឯកទេសជាន់ខ្ពស់សរសៃបាតភ្នែក មានតួនាទីជាអនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង និងជាប្រធានមន្ទីរពេទ្យភ្នែកដុកទ័រ គង់ ពិសិដ្ឋ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

និយមន័យជំងឺ Macular Hole Macular Hole គឺសំដៅលើប្រហោងប្រស្រីបាតភ្នែកនៅពីក្រោយកូនក្រមុំភ្នែក ជាទីតាំងសំខាន់ដែលសរសៃប្រសាទភ្នែកទទួលរូបភាព ពន្លឺ និងព័ត៌មានឲ្យភ្នែកអាចមើលឃើញ។ Macular Hole ត្រូវបានបែងចែកទៅតាមរូបរាង ដែលរួមមាន ២ធំៗខាងក្រោម៖ -Full Thickness Macular Hole៖ សំដៅទៅលើរន្ធប្រស្រីភ្នែកខូចទាំងស្រុងបង្កើតបានជាប្រហោង។ ពេលនោះគំហើញរបស់អ្នកជំងឺចាប់ផ្តើមធ្លាក់ចុះ ហើយមើលឃើញខ្មៅកណ្តាល ឬជួនកាល ឃើញដូចទឹករលកជាដើម។ -Partial-Thickness MacularHole៖ អ្នកជំងឺមិនទាន់មានការប៉ះពាល់ដល់គំហើញធ្ងន់ធ្ងរនោះទេ ដែលពួកគាត់អាចមើលឃើញច្បាស់នៅឡើយ ឬគំហើញអាចនឹងថយចុះប្រហាក់ប្រហែល ៥០ភាគរយ ឬក៏អាចឃើញរូបភាពវៀច។ មូលហេតុ និងកត្តាជំរុញ - ៨០ ភាគរយនៃ Macular Hole ទាក់ទងនឹងវ័យ ពិសេសចាប់ពី ៦០ ទៅ៧០ឆ្នាំ ដែលកើតលើស្រ្តី ច្រើនជាងបុរសពីរដង។ - អ្នកដែលមានជំងឺលើសរសៃឈាមបាតភ្នែកដូចជា អ្នកជំងឺលើសឈាម ទឹកនោមផ្អែម អ្នកជំងឺស្ទះសរសៃឈាមបាតភ្នែក ឬអ្នកជំងឺ AMD(ជំងឺខូចបាតភ្នែកម៉្យាងដោយសារវ័យចំណាស់)។ - ការប៉ះទង្គិចជាមួយវត្ថុទាលចំភ្នែក ដែលធ្វើឲ្យខូចរចនាសម្ព័ន្ធភ្នែកខាងក្នុង។ - អ្នកជំងឺដែលធ្លាប់បានព្យាបាលដោយកាំរស្មីឡាស៊ែរ (ករណីកម្រ)។ សញ្ញាសម្គាល់ អ្នកជំងឺ Macular Hole មិនបង្ហាញជាសញ្ញាឈឺចាប់អ្វីនោះទេ ភាគច្រើន គាត់រកឃើញចៃដន្យដោយខ្លួនឯងនូវអាការៈ ដូចជាស្រវាំងផ្សែងៗពិបាកក្នុងការមើលជិត និងឆ្ងាយ ឃើញរូបភាពឬអក្សរតូចជាងភ្នែកម្ខាងទៀត ហើយអាចមានស្រមោលខ្មៅនៅចំកណ្តាល ឬទឹករលក។ ពេលខ្លះអ្នកជំងឺអាចសង្កេតឃើញថា ភ្នែកចាញ់ពន្លឺខុសធម្មតាជាដើម។   យន្តការនៃ Macular Hole - ទ្រឹស្តីពីមុន៖ កំណត់ថា កាលណាដល់អាយុ៦០ឆ្នាំឡើង សរសៃប្រសាទនៅត្រង់ប្រស្រីបាតភ្នែកចាប់ផ្តើមបង្កើតឲ្យមានកូនប្រហោងតូចដុះ យូរទៅក៏ក្លាយទៅជា Macular Hole។ - ទ្រឹស្តីបច្ចុប្បន្ន៖ ធម្មតា នៅផ្នែកខាងលើរបស់ស្រទាប់រ៉េទីន (សរសៃប្រសាទបាតភ្នែក) មានសរីរាង្គមួយហៅថា Vitreous body ស្ថិតជាប់នឹងផ្ទៃខាងលើនៃស្រទាប់រ៉េទីន។ នៅពេលអាយុកាន់តែច្រើន Vitreous body ចាប់ផ្តើមផ្លាស់ប្តូររូបរាងទៅជាមិនស្អិតតោងជាប់ ដែលបណ្តាលឲ្យទាញប្រស្រីបាតភ្នែកខូចទ្រង់ទ្រាយ។ ការធ្វើរោគវិនិច្ឆ័យនៃ Macular Hole ករណីសង្ស័យ អ្នកជំងឺនឹងតម្រូវឲ្យពិនិត្យបាតភ្នែក(Fundoscopy) ហើយម៉្យាងវិញទៀត គ្រូពេទ្យអាចនឹងពិនិត្យដោយប្រើឧបករណ៍វិភាគឈ្មោះOptical Coherence Tomography(OCT)ដើម្បីដឹងពីទំហំនៃប្រហោង និងអាចសន្និដ្ឋានពីលទ្ធភាពក្នុងការព្យាបាល។ ការព្យាបាល និងការពារ អ្នកជំងឺ Macular Hole ត្រូវព្យាបាលដោយការវះកាត់បូមយក Vitreous body នេះចេញ បន្ទាប់មកចាក់ហ្គាសទៅភ្ជិតរន្ធនោះ ដែលអាចនឹងតម្រូវឲ្យអ្នកជំងឺគេងផ្កាប់មុខប្រហែល១០ថ្ងៃ។ ប្រសិនមិនបានទទួលការព្យាបាលត្រឹមត្រូវ ឬយឺតយ៉ាវអាចប៉ះពាល់ដល់ទីតាំងគំហើញ នឹងអាចវិវឌ្ឍទៅជាគំហើញខ្សោយ ។    ដើម្បីការពារពី Macular Hole ចាំបាច់ត្រូវអញ្ជើញមកពិនិត្យភ្នែកជាប្រចាំ យ៉ាងហោចណាស់មួយឆ្នាំម្តងទោះបីគ្មានសញ្ញាអ្វីក៏ដោយ ជាពិសេសមនុស្សដែលមានវ័យចាប់ពី ៥០ឆ្នាំឡើង ឬក៏មានជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម មានប្រវត្តិប៉ះទង្គិចភ្នែក ឬអ្នកមានកម្រិតម៉្ញូបខ្ពស់  (ចាប់ពី ៥០០ ដឺក្រេឡើង) …… សម្រាប់វេជ្ជបណ្ឌិតទូទៅ ប្រសិនបើមានអ្នកជំងឺត្អូញប្រាប់ថា គាត់មើលឃើញស្រមោលតូចខ្មៅធ្វើចលនាក្នុង ឬផ្នែកកន្ទុយភ្នែក សូមមេត្តាណែនាំអ្នកជំងឺឲ្យមកជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសភ្នែក ដើម្បីកំណត់រោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត សាលី ធារិទ្ធ ឯកទេសជាន់ខ្ពស់ជំងឺបាតភ្នែក និងជាប្រធានផ្នែកឯកទេសបាតភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការគ្រប់គ្រងជាតិស្ករបានល្អ និងអនុវត្តការរស់នៅប្រចាំថ្ងៃទៅតាមការណែនាំ ជាគោលការណ៍ដ៏ស័កិ្តសមសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមយ៉ាងណាមិញ បើទោះបីស្ថានភាពជំងឺអាចគ្រប់គ្រងបានអ្នកក៏មិនគួរមើលរំលងចំពោះអា-ការៈមិនធម្មតាមួយចំនួនដែលវាអាចជាផលវិបាករបស់ជំងឺទឹកនោមផ្អែមផ្ទាល់។ សំណួរ៖ ខ្ញុំអាយុ ៦៥ឆ្នាំ ភេទប្រុស កម្ពស់១,៧៦ ម៉ែត្រ ទម្ងន់ ៧០ គីឡូក្រាម បច្ចុប្បន្នបានចូលនិវត្តន៍ហើយ។ ខ្ញុំទើបនឹងត្រូវបានប្រាប់ថាមានជំងឺទឹកនោមផ្អែមនៅរយៈពេល ១ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នស្ថានភាពជាតិស្កររបស់ខ្ញុំមានលំនឹងល្អ ហើយខ្ញុំក៏តែងតែប្រើប្រាស់ថ្នាំបានទៀងទាត់ និងបរិភោគអាហារមានកម្រិត ក៏ដូចជាដើរហាត់ប្រាណសឹងតែរៀងរាល់ព្រឹកផងដែរ។ ដោយឡែក បច្ចុប្បន្នខ្ញុំក៏ត្រូវបានគ្រូពេទ្យឲ្យប្រើប្រាស់ថ្នាំបញ្ចុះជាតិខ្លាញ់ផងដែរ។ តែមួយរយៈនេះ ខ្ញុំមានអារម្មណ៍ចុកទ្រូងជាញឹកញាប់ ជាពិសេស នៅពេលគេងផ្អៀងទៅខាងឆ្វេង ហើយពេលខ្លះក៏មានអារម្មណ៍អស់កម្លាំងផងដែរ។ តើរោគសញ្ញានេះបណ្តាលមកពីហេតុអ្វី? ប្រសិនបើជាតិស្ករខ្ញុំមានលំនឹងល្អរហូត តើខ្ញុំអាចបញ្ឈប់ការប្រើប្រាស់ថ្នាំបានដែរឬទេ? តើមានវិធីណាមួយដែលអាចព្យាបាលទឹកនោមផ្អែមឲ្យជាវិញបានឬទេ? ចម្លើយ៖ ការធ្វើរោគវិនិច្ឆ័យដែលរកឃើញវត្តមានជំងឺទឹកនោមផ្អែម អាចមានពីរករណី ទីមួយអ្នកជំងឺអាចរកឃើញជំងឺតាមរយៈការពិនិត្យសុខភាពជាចៃដន្យ និងម៉្យាងទៀតអ្នកជំងឺដឹងពីវត្តមាននៃជំងឺនៅពេលដែលលេចចេញរោគសញ្ញាដែលនោះបង្ហាញការកើនឡើងនូវកម្រិតជាតិស្ករក្នុងខ្លួនមានរយៈពេលយូរឆ្នាំមកហើយ (យ៉ាងហោចណាស់ ១០ឆ្នាំ)។ ក្នុងករណីខាងលើអ្នកជំងឺទើបតែមានជំងឺទឹកនោមផ្អែមអស់រយៈពេល ១ឆ្នាំហើយចំណែកការប្រតិបត្តិជាប្រចាំថ្ងៃដូចជាការប្រើប្រាស់ថ្នាំ របបអាហារមានកម្រិត និងលំហាត់ប្រាណទៀងទាត់គឺស័ក្តិសមជាមួយនឹងគោលការណ៍នៃការព្យាបាល ប៉ុន្តែអ្នកជំងឺក៏តម្រូវឲ្យប្រើប្រាស់ឱសថបញ្ចុះជាតិខ្លាញ់ដែរនោះ បង្ហាញថាជាតិខ្លាញ់គឺមានសភាពលើស ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ថែម ពីព្រោះអាចប្រ-ឈមទៅនឹងបញ្ហាសរសៃឈាមបេះដូង ដែលអាចលេចចេញជារោគសញ្ញាចុកទ្រូងតាមការរៀបរាប់ខាងលើ ដូច្នេះលោកគួរកុំបណ្តែតបណ្តោយ ហើយត្រូវស្វែងរកការពិនិត្យជាបន្ទាន់ពីសំណាក់គ្រូពេទ្យមានជំនាញ។ សូមបញ្ជាក់ថា ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃដែលទាមទារឲ្យមានការព្យាបាលរហូតពេញមួយជីវិត ដោយសារមិនទាន់មានវិទ្យាសាស្រ្តណាសម្រាប់ការព្យាបាលជំងឺឲ្យជាសះស្បើយឡើយ ចំណែកការគ្រប់គ្រងស្ថានភាពជាតិស្ករបានល្អនោះវាអាចបញ្ចៀសពីផលវិបាកផ្សេងៗ។ បកស្រាយដោយ៖​ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទូច ឃុន ប្រធានផ្នែកជំងឺទឹកនោមផ្អែម នាយករងមន្ទីរពេទ្យព្រះកុសុមៈ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៨ កន្លងទៅនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំឡើងនូវកម្មវិធីមួយស្តីពី សុខភាពបេះដូង «My Heart, Your Heart» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសុខភាពបេះដូង និងដើម្បីជំរុញដល់ប្រជាជនកម្ពុជាក្នុងការរស់នៅប្រកបដោយសុខភាពល្អ និងមានភាពសកម្ម។ កម្មវិធីដែលប្រព្រឹត្តឡើងពេញមួយព្រឹកនេះរួមមាន ការពិនិត្យ និងពិគ្រោះយោបល់ទាក់ទងនឹងសុខភាពបេះដូងជូនដល់សាធារណជនដែលអញ្ជើញចូលរួម ការធ្វើបទបង្ហាញ និងវេទិកាពិភាក្សាស្តីពីសុខភាពបេះដូង ក្រោមការចូលរួមពីគ្រូពេទ្យឆ្នើមពីររូបគឺ លោកសាស្ត្រាចារ្យ សុខ ជួរ វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា ព្រមទាំងលោកវេជ្ជបណ្ឌិត ថេង យូដាលីន វេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត។  ក្នុងឱកាសនេះផងដែរ លោក Robert Elliott  អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ តែងតែគាំទ្រយ៉ាងពេញទំហឹងលើការលើកកម្ពស់សុខភាព និងសុខុមាលភាព។ កម្មវិធីសុខភាពបេះដូងនាព្រឹកនេះបានផ្សារភ្ជាប់យ៉ាងល្អទៅនឹងគោលដៅរបស់យើងក្នុងការជួយធ្វើឲ្យការសម្រេចចិត្តរបស់ប្រជាជនកាន់តែមានភាពងាយស្រួល និងជីវិតរបស់ពួកគាត់កាន់តែប្រសើរឡើង។ បេះដូងជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ជីវិតរបស់យើង ហើយនៅពេលដែលបេះដូងមានសុខភាពល្អ គឺប្រៀបដូចជាយើងទទួលបានទ្រព្យដ៏មានតម្លៃបំផុតមួយផងដែរ។» លោក Robert បានបន្ថែមថា៖ «យើងប្តេជ្ញាក្នុងការជួយកសាងអនាគតដែលមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងពោរពេញដោយសុខភាពល្អជូនដល់គ្រួសារកម្ពុជា។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តនេះ យើងទើបតែបានសម្ពោធជាផ្លូវការនូវអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកាលពីខែកក្កដា ឆ្នាំនេះ ដែលអត្ថប្រយោជន៍នេះផ្តល់នូវការការពារផ្នែកហិរញ្ញវត្ថុរហូតដល់ ១០ ម៉ឺនដុល្លាអាមេរិក សម្រាប់ស្ថានភាពជំងឺធ្ងន់ធ្ងរនានារួមទាំងជំងឺបេះដូងផងដែរ។» លោកសាស្ត្រាចារ្យ សុខ ជួរ ក៏បានមានប្រសាសន៍ដែរថា៖ «កម្មវិធីនេះមានសារសំខាន់ណាស់សម្រាប់សាធារណជនដើម្បីយល់ដឹងឲ្យកាន់តែច្បាស់អំពីសុខភាពបេះដូង និងជំងឺសរសៃឈាមបេះដូង។ ទោះបីជាជំងឺបេះដូងមិនមែនជាជំងឺឆ្លងក៏ដោយ ប៉ុន្តែវាអាចប៉ះពាល់ដល់សុខភាព និងអាចបណ្តាលឲ្យអ្នកជំងឺមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។ ការសិក្សាយល់ដឹងបន្ថែមគឺជាគន្លឹះមួយនៃការការពារពីការកើតជំងឺបេះដូង។» ដោយឡែក ទឹកប្រាក់បរិច្ចាគសប្បុរសធម៌ពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ទៅកាន់សមាគមគ្រូពេទ្យបេះដូងកម្ពុជាដែលទទួលបាននាកម្មវិធីព្រឹកថ្ងៃទី ២៨ ខែតុលា នេះមានចំនួនជាទឹកប្រាក់សរុប ៥០០០ ដុល្លាអាមេរិក។ ទាក់ទងនឹងចំណុចនេះ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា៖ «ទឹកប្រាក់បរិច្ចាគសប្បុរសធម៌របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌានឹងត្រូវប្រើប្រាស់ដើម្បីជួយដល់សមាគមគ្រូពេទ្យបេះដូងកម្ពុជាក្នុងការអប់រំ និងលើកកម្ពស់ដល់ការយល់ដឹងអំពីសុខភាពបេះដូងទៅកាន់ប្រជាជនកម្ពុជា។ លើសពីនេះទៅទៀតទឹកប្រាក់សប្បុរសធម៌នេះនឹងជួយគាំទ្រដល់ការផ្តល់ការអប់រំបន្ថែមទៅកាន់វេជ្ជបណ្ឌិតកម្ពុជា ដូច្នេះយើងអាចជួយបង្កើនគុណភាពនៃការព្យាបាល និងអាចអនុញ្ញាតឲ្យគ្រូពេទ្យរបស់យើងផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់សហគមន៍ក្រីក្រផងដែរ។» គួររំលឹកផងដែរថា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១២ និងជាទីផ្សារចុងក្រោយរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងពិភពលោក។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានឈ្នះពានរង្វាន់អន្តរជាតិចំនួន ៣ ពីស្ថាប័ន Asia Pacific Customer Service Consotium (APCSC) ដែលរួមមានពានរង្វាន់ទំនាក់ទំនងល្អជាមួយអតិថិជនប្រចាំឆ្នាំ ពានរង្វាន់ភាពជាអ្នកដឹកនាំសកម្មភាពសង្គមប្រចាំឆ្នាំ និងពានរង្វាន់កិត្តិនាមក្រុមហ៊ុនឆ្នើមប្រចាំឆ្នាំ។  

Share

និយមន័យ ជំងឺរលាកផ្លូវប្រព័ន្ធទឹកនោម គឺជាការបង្ករោគតាមផ្លូវប្រព័ន្ធទឹកនោម រួមមានតម្រងនោម បំពង់បង្ហូរនោម ប្លោកនោម បង្ហួរនោម និងក្រពេញប្រូស្តាត(បុរស) ដែលភាគច្រើនកើតក្នុងប្លោកនោមជាសរីរាង្គផ្ទុកទឹកនោម។ វាជាប្រភេទជំងឺឆ្លងកើតច្រើនជាងគេ ជួរទី២ នៃជំងឺឆ្លងផ្សេងទៀត ហើយស្ត្រីមានច្រើនជាងបុរស១០ដងដោយសារតែទម្រង់កាយវិភាគវិទ្យា(Anatomy)។ ដោយឡែក ចំពោះអ្នកជំងឺទឹកនោមផ្អែមដែលមិនបានគ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវ អាចមានហានិភ័យទ្វេដងក្នុងការឆ្លងមេរោគតាមផ្លូវប្រព័ន្ធទឹកនោមនេះ។ មូលហេតុ និងកត្តាប្រឈម •    កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ និងមិនបានគ្រប់គ្រងត្រឹមត្រូវល្អ •    ស្ករនៅក្នុងទឹកនោមជួយជំរុញការលូតលាស់របស់បាក់តេរី •    ប្លោកនោមមិនបានបញ្ចេញទឹកនោមចោល ទាំងស្រុងដោយសារប្រព័ន្ធសរសៃប្រសាទ  ត្រូវបានប៉ះពាល់ •    ភាគច្រើនជាស្ត្រី ព្រោះបង្ហួរនោមមានលក្ខណៈកាយវិភាគវិទ្យាត្រង់ និងខ្លីដែលជាកត្តាបង្កើនការចម្លងមេរោគ ឬបាក់តេរី •    មានជំងឺទឹកនោមផ្អែមលើសពី១០ឆ្នាំ •    មានផលវិបាកជំងឺទឹកនោមផ្អែមរួចជាស្រេចដែលប៉ះពាល់តម្រងនោម ឬសរសៃឈាម •    អ្នកជំងឺធ្លាប់មានការឆ្លងមេរោគលើផ្លូវប្រព័ន្ធទឹកនោមក្នុងឆ្នាំមុន ហើយវាក៏មានហានិភ័យខ្ពស់នៃការកើតឡើងម្តងទៀត។ តើពេលណាលោកអ្នកត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត? ដើម្បីចៀសវាងការឆ្លងមេរោគលើផ្លូវប្រព័ន្ធទឹកនោមសូមពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើមានរោគសញ្ញាមួយ ឬច្រើនកើតឡើងដូចខាងក្រោម៖ •    ក្ដៅខ្លួន ឬញាក់ •    នោមញឹកញាប់ •    នោមរអាក់រអួល •    នោមមានអាការៈក្រហាយ ឬឈឺ •    ទឹកនោមមានកករ ពណ៌ស្រអាប់ ឬមានឈាម •    ទឹកនោមមានក្លិនមិនល្អ •    ឈឺពោះនៅពេលនោម ជាពិសេសនៅលើថ្ងាស (ផ្នែកខាងក្រោមនៃពោះ) ឬឈឺចង្កេះ។ ការធ្វើរោគវិនិច្ឆ័យ វេជ្ជបណ្ឌិតនឹងធ្វើការស្នើសុំធ្វើតេស្តទឹកនោមរបស់លោកអ្នកដើម្បីស្វែងរកមេរោគប្រភេទបាក់តេរី។ តេស្តផ្សេងទៀតអាចប្រើផងដែរដូចជា អេកូពោះ MRI និង ស៊ីធីស្កែន (CT scan) ជាពិសេសប្រសិនបើលោកអ្នកនៅតែមានការរលាកផ្លូវប្រព័ន្ធទឹកនោម។ ការព្យាបាល ប្រសិនបើតេស្តទឹកនោមមានសញ្ញាឆ្លងប្រភេទបាក់តេរី នោះវេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជាថ្នាំផ្សះ ឬអង់ទីប៊ីយ៉ូទិច ដែលជាធម្មតាសម្រាប់ញ៉ាំពី ៥ ទៅ ៧ ថ្ងៃ (ប៉ុន្តែវាអាចប្រើរយៈពេលវែង បើជំងឺឆ្លងនេះមានសភាពធ្ងន់ធ្ងរ)។ ជាមួយគ្នានេះ ប្រភេទថ្នាំដែលជួយបន្ថយភាពឈឺចាប់ និងក្រហាយត្រូវបានគេប្រើប្រាស់ផងដែរ។ វិធីការពារ •    ព្យាយាមគ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យបានល្អនៅក្នុងកម្រិតគោលដៅ •    រក្សាអនាម័យផ្ទាល់ខ្លួនដោយលាងដៃជាមួយសាប៊ូឲ្យបានញឹកញាប់ •    លាង ឬជូតសម្អាតពីមុខទៅក្រោយ បន្ទាប់ពីបន្ទោបង់ •    កុំដំអក់យូរ បើឈឺនោម •    ផឹកទឹកឲ្យបានគ្រប់គ្រាន់ •    បត់ជើងតូចបនា្ទប់ពីមានការរួមភេទដើម្បីបញ្ចេញចោលមេរោគ •    បញ្ឈប់ការជក់បារី។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំកម្មវិធីសុខភាពបេះដូង ‘My Heart, Your Heart’ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៨ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសុខភាពបេះដូង និងដើម្បីជំរុញដល់ប្រជាជនកម្ពុជាក្នុងការរស់នៅប្រកបដោយសុខភាពល្អ និងមានភាពសកម្ម។ កម្មវិធីដែលប្រព្រឹត្តឡើងពេញមួយព្រឹកនេះរួមមាន ការពិគ្រោះយោបល់ទាក់ទងនឹងសុខភាពជូនដល់សាធារណជនដែលអញ្ជើញចូលរួម ការធ្វើបទបង្ហាញ និងការធ្វើវេទិកាពិភាក្សាស្តីពីសុខភាពបេះដូង និងសម្ពាធឈាមក្រោមការចូលរួមពីគ្រូពេទ្យឆ្នើមពីររូបគឺ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានផ្នែកជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងលោកវេជ្ជបណ្ឌិត ថេង យូដាលីន វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្រ្តទូទៅ និងជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត។ កម្មវិធីនេះត្រូវបានបិទបញ្ចប់ដោយការធ្វើការបរិច្ចាគទឹកប្រាក់សប្បុរសធម៌របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ទៅកាន់សមាគមគ្រូពេទ្យបេះដូងកម្ពុជា។ លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ តែងតែគាំទ្រយ៉ាងពេញទំហឹងលើការលើកកម្ពស់សុខភាព និងសុខុមាលភាព។ កម្មវិធីសុខភាពបេះដូងនាព្រឹកនេះបានផ្សារភ្ជាប់យ៉ាងល្អទៅនឹងគោលដៅរបស់យើងក្នុងការជួយធ្វើឲ្យការសម្រេចចិត្តរបស់ប្រជាជនកាន់តែមានភាពងាយស្រួល និងជីវិតរបស់ពួកគាត់កាន់តែប្រសើរឡើង។ បេះដូងជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ជីវិតរបស់យើង ហើយនៅពេលដែលបេះដូងមានសុខភាពល្អ គឺប្រៀបដូចជាយើងទទួលបានទ្រព្យដ៏មានតម្លៃបំផុតមួយផងដែរ។»   លោក Robert បានបន្ថែមថា៖ «យើងប្តេជ្ញាក្នុងការជួយកសាងអនាគតដែលមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងពោរពេញដោយសុខភាពល្អជូនដល់គ្រួសារកម្ពុជា។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តនេះ យើងទើបតែបានសម្ពោធជាផ្លូវការនូវអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកាលពីខែកក្កដា ឆ្នាំនេះ ដែលអត្ថប្រយោជន៍នេះផ្តល់នូវការការពារផ្នែកហិរញ្ញវត្ថុរហូតដល់ ១០ ម៉ឺនដុល្លាអាមេរិក សម្រាប់ស្ថានភាពជំងឺធ្ងន់ធ្ងរនានារួមទាំងជំងឺបេះដូងផងដែរ។» លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានផ្នែកជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជាមានប្រសាសន៍ថា៖ «កម្មវិធីនេះមានសារសំខាន់ណាស់សម្រាប់សាធារណជនដើម្បីយល់ដឹងឲ្យកាន់តែច្បាស់អំពីសុខភាពបេះដូង និងជំងឺដាច់សរសៃឈាមបេះដូង។ ទោះបីជាជំងឺបេះដូងមិនមែនជាជំងឺឆ្លងក៏ដោយ ប៉ុន្តែវាអាចប៉ះពាល់ដល់សុខភាព និងអាចបណ្តាលឲ្យអ្នកជំងឺទទួលមរណៈភាពផងដែរ។ ការសិក្សាយល់ដឹងបន្ថែមគឺជាគន្លឹះនៃការការពារពីការកើតជំងឺបេះដូងនេះ។» លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា៖ «ទឹកប្រាក់បរិច្ចាគសប្បុរសធម៌របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នឹងត្រូវប្រើប្រាស់ដើម្បីជួយដល់សមាគមគ្រូពេទ្យបេះដូងកម្ពុជាក្នុងការអប់រំ និងលើកកម្ពស់ដល់ការយល់ដឹងអំពីសុខភាពបេះដូងទៅកាន់ប្រជាជនកម្ពុជា។ លើសពីនេះទៅទៀត ទឹកប្រាក់សប្បុរសធម៌នេះនឹងជួយគាំទ្រដល់ការផ្តល់ការអប់រំបន្ថែមទៅកាន់វេជ្ជបណ្ឌិតកម្ពុជា ដូច្នេះយើងអាចជួយកែលម្អគុណភាពនៃការព្យាបាល និងអាចអនុញ្ញាតឲ្យគ្រូពេទ្យរបស់យើងផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់សហគមន៍ក្រីក្រផងដែរ។» អំពីក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអ៊ិលស៊ីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លូននៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១២ និងជាទីផ្សារចុងក្រោយរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងពិភពលោក។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាគហ៊ុនបរទេស ១០០% ដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្តេជ្ញាចិត្តផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មផ្នែកការពារហិរញ្ញវត្ថុដែលជាតម្រូវការចាំបាច់របស់ពួកគាត់។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានឈ្នះពានរង្វាន់អន្តរជាតិចំនួន ៣ ពីស្ថាប័ន Asia Pacific Customer Service Consotium (APCSC) ដែលរួមមានពានរង្វាន់ទំនាក់ទំនងល្អជាមួយអតិថិជនប្រចាំឆ្នាំ ពានរង្វាន់ភាពជាអ្នកដឹកនាំសកម្មភាពត្រូវសង្គមប្រចាំឆ្នាំ និងពានរង្វាន់កិត្តិនាមក្រុមហ៊ុនឆ្នើមប្រចាំឆ្នាំ។ អំពីក្រុមហ៊ុន មេនូឡាយហ្វ៍ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ថ្នាក់អន្តរជាតិដែលជួយប្រជាជនក្នុងការសម្រចចិត្តឲ្យកាន់តែមានភាពងាយស្រួល និងធ្វើឲ្យជិវីតកាន់តែប្រសើរឡើង។ យើងបានដំណើរការជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក និងជាក្រុមហ៊ុន មេនូឡាយហ្វ៍ នៅបណ្តាប្រទេសផ្សេងៗទៀតក្នុងពិភពលោក។ យើងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ ដំណោះស្រាយធានារ៉ាប់រង ព្រមទាំងផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិជូនដល់អតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។ គិតត្រឹមចុងឆ្នាំ ២០១៧ យើងមានបុគ្គលិកបម្រើការងារប្រមាណ ៣៥ ០០០ នាក់ ភ្នាក់ងារធានារ៉ាប់រងប្រមាណ ៧៣ ០០០ នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ដៃគូផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនប្រមាណ ២៦ លាននាក់។ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៨ យើងមានសាច់ប្រាក់ប្រតិបត្តិការចំនួន ១,១ ទ្រីលានដុល្លារកាណាដា ឬ ៨៤៩ ពាន់លានដុល្លារអាមេរិកដែលជាទ្រព្យសកម្ម។ គិតត្រឹមរយៈពេល ១២ ខែចុងក្រោយ យើងបានបង់ជូនជាអត្ថប្រយោជន៍ ការប្រាក់ និងការចំណាយផ្សេងៗជូនដល់អតិថិជនរបស់យើងដែលមានតម្លៃជាសាច់ប្រាក់ចំនួន ២៧,៦ ពាន់លានដុល្លារអាមេរិក។ យើងមានប្រតិបត្តិការធំៗនៅអាស៊ី កាណាដា និងសហរដ្ឋអាមេរិក ហើយយើងបានបម្រើអតិថិជនរបស់យើងអស់រយៈពេលច្រើនជាង ១០០ ឆ្នាំ មកហើយ។ យើងមានស្នាក់ការកណ្តាលជាសកលរបស់យើងនៅទីក្រុង Toronto ប្រទេស កាណាដា ហើយក្រុមហ៊ុន មេនូឡាយហ្វ៍ Manulife Financial Corporation បានធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលប័ត្រ តូរ៉ុនតូ (TSX)ញូវយ៉ក(NYSE)  និងទីផ្សារមូលប័ត្រហ្វីលីពីន ហើយនៅលើទីផ្សារមូលប័ត្រហុងកុង (SEHK) ក្រោមឈ្មោះ 945។ អាសយដ្ឋានទំនាក់ទំនងសម្រាប់អ្នកសារព័ត៌មាន ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា លោក តារា សៅយុទ្ធនា ប្រធានជាន់ខ្ពស់ផ្នែកទំនាក់ទំនង 855 – 11 759 964 Saoyuthnea_Dara@manulife.com      ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

បុគ្គលក្នុងអាយុ ជាមធ្យម ២១ ឆ្នាំ ទាំងបុរស និងស្រ្តី បូកផ្សំជាមួយអាការៈផ្លូវចិត្តប្រែប្រួលមួយចំនួនដែលមិនអាចបកស្រាយបាន អាចជារោគសញ្ញានៃជំងឺផ្លូវចិត្តធ្ងន់ធ្ងរមួយប្រភេទគឺ Bipolar Disorder ។ និយមន័យ Bipolar Disorder ជាជំងឺផ្លូវចិត្តប្រភេទធ្ងន់ និងរ៉ាំរ៉ៃមួយ ដែលអាចលាប់មកវិញប្រសិនមិនបានទទួលការព្យាបាលត្រឹមត្រូវ។  អ្នកជំងឺហាក់មានអារម្មណ៍ឡើងចុះ ដែលម្តងអាចស្តែងចេញជាការបាក់ទឹកចិត្តខ្លាំង (Depression) រួចប្រែទៅជាមានទឹកចិត្តឡើងខ្ពស់ខ្លាំងជាងធម្មតា (Mania) ។ម៉្យាងទៀត វាក៏ត្រូវបានគេហៅផងដែរថាជាជំងឺអារម្មណ៍ ២ ដែលមានការប្រែប្រួលក្នុងរយៈពេលកំណត់ណាមួយរវាងអារម្មណ៍ពិបាកចិត្ត និងសប្បាយចិត្តជ្រុល។ ជំងឺ Bipolar Disorder ក៏ត្រូវបានចែកចេញជាបីប្រភេទទៀតដូចជា៖ ១.    Bipolar Disorder I៖ អ្នកជំងឺមានអារម្មណ៍ធ្លាក់ទឹកចិត្ត (Depression) និងឆ្លាស់គ្នាជាមួយអារម្មណ៍រីករាយខ្លាំង(Mania) ២.    Bipolar Disorder II៖ អ្នកជំងឺមានអារម្មណ៍ធ្លាក់ទឹកចិត្ត (Depression) និងឆ្លាស់គ្នាជាមួយអារម្មណ៍សប្បាយក្នុងកម្រិតមិនសូវខ្លាំង (Hypomania) ៣.    Cyclothymic disorder៖ ជាទម្រង់ស្រាលរបស់ Bipolar Disorder I ដែលអារម្មណ៍ប្រែប្រួលជុំវិញសភាពធម្មតា ចន្លោះពី Hypomania និង Dysthymia (ធ្លាក់ទឹកចិត្តមធ្យម)។   មូលហេតុបង្កជំងឺ ជំងឺ Bipolar Disorder នៅមិនទាន់អាចកំណត់ពីមូលហេតុបង្កច្បាស់លាស់នៅឡើយ តែគេឃើញមានកត្តាចូលរួមជាច្រើនដូចជា៖ •    កត្តាតំណពូជ •    កត្តាខួរក្បាល៖ អតុល្យភាពនៃប្រព័ន្ធសរសៃប្រសាទក្នុងខួរក្បាល •    កត្តាបរិយាកាស (ស្រេ្តស ឬបាក់ទឹកចិត្ត) •    កត្តា Psychodynamic ៖ ជាលក្ខខណ្ឌមួយដែលខួរក្បាលធ្វើការឆ្លើយតបដើម្បីការពារខ្លួននៅពេលមានជំងឺធ្លាក់ទឹកចិត្ត •    កត្តា Psychopharmacologic ៖ បណ្តាលមកពីឱសថមួយចំនួនដូចជា ឱសថប្រឆាំងជំងឺធ្លាក់ទឹកចិត្ត (Antidepressants) និង ឱសថផ្សេងទៀត។ រោគសញ្ញា ក្នុងដំណាក់កាលធ្លាក់ទឹកចិត្តខ្លាំង អ្នកជំងឺអាចមាន៖ •    អាការៈពិបាកចិត្តខ្លាំង •    គេងមិនលក់ •    ញ៉ាំអាហារមិនឆ្ងាញ់ ស្រកទម្ងន់ •    ចង់នៅស្ងាត់តែឯង ផ្តាច់ខ្លួនចេញពីសង្គម •    បាត់បង់ចំណង់ចំណូលចិត្ត •    ធ្វើការ ឬ គិតគូរអ្វីៗស្ទក់យឺតជាងមុន •    គ្មានអារម្មណ៍ចង់រៀន រកស៊ី ធ្វើការ.... ឡើយ •    មានអារម្មណ៍ថាខ្លួនឯងមានកំហុសអ្វីមួយ •    មានអារម្មណ៍ធុញថប់ ឆាប់ខឹង •    ខ្សោយផ្លូវភេទ •    គិតថាខ្លួនឯងគ្មានតម្លៃ រស់នៅគ្មានន័យ •    មិនសប្បាយចិត្ត ឬអាចធ្វើអត្តឃាត។ ក្នុងដំណាក់កាលសប្បាយខ្លាំងជ្រុល អ្នកជំងឺអាចមាន៖ •    គេងតិចជាងធម្មតា •    និយាយលឿនញាប់មិនឲ្យគេកាត់ •    និយាយអួតអំពីខ្លួនឯង អំពីការងារ អំពីទុរកិច្ច •    ការគិតលឿនជ្រុល ឬមានគំនិតលោតផ្លោះ ហោះហើរ •    ងាយទទួលការរំខាន •    ឆាប់ប្រកាន់ខឹង •    អារម្មណ៍សប្បាយខ្លាំងខុសធម្មតា •    តែងខ្លួនប្លែកខុសធម្មតា •    ចេះតែចង់ចាយលុយខ្ជះខ្ជាយមិនស្ដាយ •    ចំណង់ផ្លូវភេទកើនឡើងខ្លាំងខុសធម្មតា។   ការធ្វើរោគវិនិច្ឆ័យ និងព្យាបាល ដំបូងត្រូវធ្វើការសាកសួរពីប្រវត្តិរបស់អ្នកជំងឺ ឬសមាជិកគ្រួសារ អំពីការប្រែប្រួលនៃអាការៈផ្លូវចិត្ត និងពិនិត្យសាកសួរអ្នកជំងឺផ្ទាល់។ បន្ទាប់មកទើបអាចធ្វើការព្យាបាលឲ្យបានជាសះស្បើយតាមរយៈការផ្តល់ថ្នាំ រួមផ្សំនឹងការផ្ដល់ប្រឹក្សាពីសំណាក់គ្រូពេទ្យជំនាញ។ ផលវិបាក ក្នុងករណីស្ថានភាពជំងឺពុំទទួលបានការព្យាបាលត្រឹមត្រូវ អ្នកជំងឺអាចបង្កផលវិបាកទៅលើដូចជា៖ •    ខ្លួនឯង៖ មិនអាចប្រកបការងារបាន និងខាតបង់ពេលវេលា និងថវិកាកាន់តែច្រើនក្នុងករណីការព្យាបាលមិនបានជាសះស្បើយបន្ថែមពីនោះ អ្នកជំងឺអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ឬឈានដល់ការធ្វើអត្តឃាត •    គ្រួសារ៖ បង្កជាការរំខាន ឬបញ្ហាដល់សមាជិកគ្រួសារទាំងផ្លូវកាយ និងចិត្ត បាត់បង់ថវិកា ពេលវេលា ចំណែកសុភមង្គលក្នុងគ្រួសារបែរជាថយចុះ •    សង្គម៖ ខាតបង់ធនធានមនុស្សដើម្បីកសាង និងការពារប្រទេស ក៏ដូចជាបន្ទុកទៅលើវិស័យសុខាភិបាល។ ការការពារ វិធីសាស្រ្តការពារត្រូវធ្វើឡើងទៅតាមមូលហេតុតួយ៉ាង៖ •    បុគ្គលដែលមានសមាជិកគ្រួសារធ្លាប់ប្រឈមទៅនឹងជំងឺផ្លូវចិត្ត គួរមានការប្រុងប្រយ័ត្នពីសម្ពាធផ្លូវចិត្ត និងកាត់បន្ថយស្រេ្តស •    កាលណាមានអាការៈគេងមិនលក់ត្រូវប្រញាប់ស្វែងរកការពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស និងចៀសវាងប្រើប្រាស់ឱសថដោយខ្លួនឯង។ សូមចងចាំថា ជំងឺផ្លូវចិត្តគឺបណ្តាលមកពីដំណើរមិនប្រក្រតីនៃសរីរាង្គខួរក្បាល  ដូច្នេះយើងត្រូវមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្លូវចិត្តរបស់យើង ដោយកុំខ្មាសអៀនក្នុងការស្វែងរកការប្រឹក្សា និងការព្យាបាល។ បកស្រាយដោយ ៖ សាស្រា្តចារ្យ   វេជ្ជបណ្ឌិត ហួត លីនណា ឯកទេសវិកលវិទ្យាជំនាន់ទី១ និងអនុបណ្ឌិតជំងឺផ្លូវចិត្ត និងខួរក្បាល ប្រចាំគ្លីនិកជំនាញផ្លូវចិត្ត និងខួរក្បាល ហួត លីនណា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ដំបៅជើង ដែលកើតមាននៅលើអ្នកជំងឺទឹកនោមផ្អែមមិនមែនសុទ្ធតែមិនអាចព្យាបាលជាសះស្បើយនោះទេ។ នៅក្នុងស្រទាប់មហាជនបងប្អូនប្រជាជនតែងមានការយល់ឃើញថារាល់អ្នកជំងឺទឹកនោមផ្អែមដែលមានដំបៅជើង សុទ្ធតែមិនអាចព្យាបាលបានជាសះស្បើយ ហើយអាចប្រឈមនឹងការកាត់ជើងទៀតផង។ តើការយល់ឃើញខាងលើនេះជាការពិតដែរឬទេ? ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃមួយប្រភេទ ដែលកើតឡើងដោយសារកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកជំងឺកើនឡើង។ នៅពេលដែលអ្នកជំងឺ កើតជំងឺទឹកនោមផ្អែមច្រើនឆ្នាំ ពួកគាត់អាចប្រឈមមុខនឹងផលលំបាកមួយចំនួន ដែលក្នុងនោះក៏មានដំបៅជើងផងដែរ។ ដោយឡែក ដំបៅជើងនៅលើអ្នកជំងឺទឹកនោមផ្អែម មានកត្តាបង្កជាច្រើនដូចជា៖ ក. ដំបៅជើងប្រភេទទីមួយ៖ ជាដំបៅដែលកើតដោយសារការប៉ះពាល់ទៅលើប្រព័ន្ធវិញ្ញាណនៅនឹងជើងរបស់អ្នកជំងឺ (Neuropathy)។ នៅពេលដែលអ្នកជំងឺកើតជំងឺទឹកនោមផ្អែមយូរឆ្នាំ ពួកគាត់អាចមានផលប៉ះពាល់ទៅលើប្រព័ន្ធវិញ្ញាណនៃជើងទាំងសងខាងរបស់ពួកគាត់។ ជើងរបស់គាត់អាចមានសភាពស្ពឹក លែងដឹងក្តៅត្រជាក់លែងដឹងការឈឺចាប់ ជួនកាលអាចមានអារម្មណ៍ដូចមានស្រមោចវារលើ បន្ទាប់មកទៀតអ្នកជំងឺអាចប្រឈមនឹងកើតដំបៅ ជាពិសេសប្រសិនបើមានការប៉ះទង្គិចណាមួយ។ ដំបៅប្រភេទនេះភាគច្រើនកើតនៅតំបន់ដែលអ្នកជំងឺឈរសង្កត់ខ្លាំង ឬរឹបដោយស្បែកជើងចង្អៀត ដែលបណ្តាលឲ្យមានការកកិត។ ដោយសារតែមានការប៉ះពាល់លើប្រព័ន្ធវិញ្ញាណ អ្នកជំងឺមិនដឹងពីការឈឺចាប់នោះទេ ដែលជាហេតុធ្វើឲ្យគាត់ធ្វេសប្រហែស មិនបានចាប់អារម្មណ៍ ឬមិនបានមកប្រឹក្សាជាមួយគ្រូពេទ្យ។ នៅពេលដែលមិនមានការថែទាំត្រឹមត្រូវ ដំបៅទាំងនោះអាចនឹងមានការបង្កជាការក្លាយរោគ (Infection)។ ខ. ដំបៅប្រភេទទីពីរ៖ ដំបៅដែលបណ្តាលមកពីការស្ទះសរសៃឈាមចិញ្ចឹមជើងទៅសងខាង។​ នៅពេលជំងឺទឹនោមផ្អែម វិវឌ្ឍរ៉ាំរ៉ៃយូរឆ្នាំ សរសៃឈាមនៅតាមចុងជើងរបស់អ្នកជំងឺបានស្ទះក្រិនដូច្នេះហើយ កម្រិតអុកស៊ីសែន និងចំណីអាហារដែលរត់តាមសរសៃឈាមទាំងនោះមានការថយចុះ មិនអាចទៅចិញ្ចឹមកោសិកានៅតាមចុងជើងរបស់អ្នកជំងឺបានឡើយ។ កោសិកាខ្វះចំណីអាហារ វានឹងខូចខាត ដែលជាហេតុអាចធ្វើឲ្យអ្នកជំងឺមានដំបៅ (Arteriopathy)។ ដំបៅប្រភេទនេះដំបូងឡើយ គឺវាបង្កឲ្យមានការឈឺចុកចាប់ ស្បែកអ្នកជំងឺចេញពណ៌ក្រហមរលោង ជ្រុះរោម មានការឈឺចាប់ខ្លាំង។ បន្ទាប់មក បន្តិចម្តងៗ ជើងរបស់គាត់ចាប់ផ្តើមប្រែពណ៌ទៅជាស្វាយ ឡើងត្រជាក់ រួចហើយចាប់ប្រែពណ៌ទៅជាខ្មៅ។ ដំបៅអាចចេញលើម្រាមមួយ ឬច្រើន ទៅតាមស្ថានភាពនៃការស្ទះសរសៃឈាម។ ប្រសិនណាបើគាត់មិនបានមកប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីទទួលបានការថែទាំត្រឹមត្រូវនោះទេ ដំបៅនោះក៏អាចមានការក្លាយរោគ (Infection)ផងដែរ។ គ. ប្រភេទដំបៅទីបី៖ កើតឡើងដោយសារការរួមផ្សំគ្នានៃបញ្ហាប្រព័ន្ធវិញ្ញាណ (Neuropathy) និងការស្ទះសរសៃឈាម នៅចុងម្រាមជើង(Arteriopathy)។ រាល់អ្នកជំងឺទឹកនោមផ្អែមដែលមានដំបៅនៅនឹងជើង មិនមែនមានន័យថាសុទ្ធតែព្យាបាលមិនជានោះទេ។ គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យតាមរយៈការពិនិត្យ ការថតឆ្លុះដើម្បីឲ្យដឹងអំពីមូលហេតុដែលបណ្តាលឲ្យមានដំបៅនោះ ថាតើវាមកពី Neuropathy ឬមួយ Arteriopathy ឬក៏បណ្តាលមកពីការលាយគ្នារវាង Neuropathy និងArteriopathy ។ ហេតុដូច្នេះហើយពេលដែលបងប្អូនអ្នកជំងឺទឹកនោមផ្អែម មានដំបៅជើង សូមមេត្តារួសរាន់មកប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរកមូលហេតុដែលបង្កឲ្យមានដំបៅទាំងនោះ ព្រមទាំងឆាប់ព្យាបាលឲ្យបានទាន់ពេលវេលា។ ការយឺតយ៉ាវណាមួយ ក្នុងការស្វែងរកការព្យាបាល ឬក៏ព្យាបាលមិនបានត្រឹមត្រូវ ឧទាហរណ៍ ការប្រើឱសថបុរាណ ឬមួយថ្នាំបិតបំពោកទៅលើដំបៅនោះ ដោយមិនបានរកមូលហេតុឲ្យបានច្បាស់លាស់ គឺជាហានិភ័យធ្ងន់ធ្ងរ ដែលអាចវិវឌ្ឍឈានទៅរកការព្យាបាលមិនជា ឬអាចឈានដល់ការកាត់អវយវៈ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែមប្រចាំនៅ Diabetes Care Center ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

Floaters ជាកំណកកករ ដែលកើតមានក្នុងទឹកបាតភ្នែក(Vitreous)។ ជាធម្មតា ទឹកបាតភ្នែក ជាសារធាតុរាវ ថ្លាគ្មានពណ៌ អន្ធិលៗដូចជែល ស្ថិតនៅផ្នែកខាងក្រោយភ្នែក។ សារធាតុរាវនេះមានប្រមាណជា ៨០%នៃគ្រាប់ភ្នែកទាំងមូល ហើយមានតួនាទីជួយការពារភ្នែក ព្រមទាំងរក្សាឲ្យបាននូវទ្រង់ទ្រាយគ្រាប់ភ្នែកផងដែរ។ មូលហេតុ និងកត្តាប្រឈម Floaters កើតឡើងដោយសារតែមានការប្រែប្រួលសភាពទឹកបាតភ្នែក បង្កើតបានជាសរសៃៗ ឬដុំកំណកបាំងនៅពីមុខរ៉េទីន ដែលអាចពាក់ព័់ន្ធនឹងកត្តាជាច្រើនដូចជា៖ •    វ័យចំណាស់ ៖ ដោយសារនៅពេលអាយុ ច្រើន Vitreous នឹងប្រែរាវជាងមុនបណ្តាលឲ្យរបើកចេញពីស្រទាប់បាតភ្នែក (Posterior  Vitreous Detachments) បង្កើតបានជាសរសៃៗ ឬដុំកំណកដែលអាចបាំងពន្លឺឆ្លងកាត់ភ្នែកបាន។ •    ការរលាកផ្នែកខាងក្រោយនៃបាតភ្នែក ៖ នៅពេលជាលិកាភ្នែក ផ្នែកខាងក្រោយរលាកទឹកនៅក្នុងបាតភ្នែកប្រែក្លាយជាល្អក់កករ ឬស្រអាប់។ •    ការហូរឈាមក្នុងភ្នែក ៖ ករណីនេះអាចកើតមានចំពោះអ្នកជំងឺទឹកនោមផ្អែម លើសឈាមស្ទះសរសៃឈាម និងរបួសជាដើម។ •    ការប្រើប្រាស់ថ្នាំមួយចំនួន៖ ស៊ីលីកូន ឬថ្នាំមួយចំនួនទៀតអាចនៅសេសសល់ក្នុង Vitreous  ក្រោយការចាក់បញ្ចូលអំឡុងពេលវះកាត់ បង្កើតបានជាពពុះដែលអាចជាស្រមោលបាំងពន្លឺចូលភ្នែកបាន។ •    ការរហែកស្រទាប់បាតភ្នែក ៖ អាចបណ្តាលមកពីការកន្រ្តាក់ខ្លាំងពីទឹកបាតភ្នែក ដែលនាំឲ្យរហែកស្រទាប់រ៉េទីន ហើយបង្កើតជាកំណក ឬការហូរឈាម។ បន្ថែមពីនេះ Floaters ក៏អាចកើតមានចំពោះអ្នកជំងឺដែលធ្លាប់វះកាត់ភ្នែក អ្នកមានភ្នែកម៉្ញូប អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺរលាកបាតភ្នែក ករណីមានការប៉ះទង្គិចភ្នែក ឬគ្រោះថ្នាក់ទៅលើភ្នែកជាដើម។ រោគសញ្ញា ជាទូទៅ អ្នកជំងឺតែងមើលឃើញស្រមោលខ្មៅៗហោះចុះឡើងក្នុងភ្នែក ហើយកាន់តែច្បាស់ នៅពេលមើលទៅតំបន់ដែលមានផ្ទៃភ្លឺ ដូចជាផ្ទៃមេឃពណ៌ខៀវ ឬជញ្ជាំងពណ៌ស។  លើសពីនេះ ក៏មានសញ្ញារួមផ្សំផងដែរដូចជា ការមើលឃើញជាសញ្ញាផ្លេកបន្ទោរ ភ្លឹបភ្លែត (Flash of Light or Photopia)  ។ ការកំណត់រោគវិនិច្ឆ័យ កាលណាមានបញ្ហានេះកើតឡើង គ្រូពេទ្យឯកទេសនឹងពិនិត្យភ្នែកដោយដាក់ថ្នាំពង្រីកប្រស្រីភ្នែក ដើម្បីឆ្លុះមើលបាតភ្នែក ហើយអាចនឹងឃើញជារង្វង់មូល កំណកសៗ ឬសរសៃ អណ្តែតក្នុងសារធាតុរាវបាតភ្នែក (Vitreous)។ សារធាតុទាំងអស់នេះហើយដែលចាំងស្រមោលទៅលើបាតភ្នែក ហើយបង្កើតបានជាស្រមោលខ្មៅដែលអ្នកជំងឺមើលឃើញ។ ការព្យាបាល Floaters មិនតម្រូវឲ្យមានការព្យាបាលនោះទេដោយហេតុថាវាមិនបានផ្តល់គ្រោះថ្នាក់ដល់គំហើញធ្ងន់ធ្ងរ ហើយយូរៗទៅ អ្នកជំងឺអាចនឹងសម្របជាមួយបញ្ហានេះដោយខ្លួនឯង។ ប៉ុន្តែករណីអ្នកជំងឺមានការប្រេះបាតភ្នែករហែកបាតភ្នែកនោះ គ្រូពេទ្យនឹងធ្វើការព្យាបាលដោយបាញ់កាំរស្មីឡាស៊ែរ។ គួរបញ្ជាក់ថា ប្រមាណជា៤០%នៃ Floaters ស្រួចស្រាវ អាចមាន Posterior Vitreous Detachment ហើយក្នុងនោះ៩%ផ្សេងទៀតអាចមានដល់រហែកបាតភ្នែក។ ម៉្យាង ប្រសិនមិនមានការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ អ្នកជំងឺ៥០% អាចប្រឈមនឹងការរបើកបាតភ្នែក។ វិធីសាស្រ្តការពារ •    បរិភោគអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់ភ្នែក ដូចជា បន្លែបៃតង ការ៉ុត និងសាច់ •    ការពារភ្នែកពីពន្លឺខ្លាំង ដូចជាព្រះអាទិត្យ កុំព្យូទ័រ ទូរស័ព្ទ ឡាស៊ែរ ដោយពាក់វ៉ែនតា ការពារ ឬបន្ថយពន្លឺ •    ចៀសវាងពីការប៉ះទង្គិច ឬគ្រោះថ្នាក់ទៅលើភ្នែក •    ពិនិត្យភ្នែកជាប្រចាំ និងទទួលការព្យាបាលភ្នែកឲ្យបានត្រឹមត្រូវ •    បង្ការកុំឲ្យកើតជំងឺទឹកនោមផ្អែម និងលើសឈាម ជាដើម។ ករណីមានបញ្ហាភ្នែក គួរប្រញាប់មកទទួលការពិនិត្យ និងព្យាបាលដោយគ្រូពេទ្យឯកទេសភ្នែកឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីកាត់បន្ថយបញ្ហាធ្ងន់ធ្ងរដែលពិបាក ឬមិនអាចព្យាបាលបាន។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង គ្លីនិកភ្នែកអូឡាំពិក ០១៧ ៥៧៥៥៦៧ ឬ ០៧៨ ៣៧៩៧៩៨ អ៊ីម៉ែល៖ longchhour@yahoo.com បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឈួរ ឡុង ឯកទេសចក្ខុរោគ និងឯកទេសជាន់ខ្ពស់ជំងឺបាតភ្នែក មានតួនាទីជាអនុប្រធានផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានគ្លីនិកភ្នែកអូឡាំពិក ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺឫសដូងបាត គឺការរីកធំ នៃសសៃឈាមវ៉ែន ដែលបណ្តាលពីការរលាក ឬ ដាច់ស្បែកការពារសសៃឈាមវ៉ែននៅក្នុងទ្វារលាមករបស់យើងហើយសសៃឈាមវារីកធំ បន្តិចម្តង ៗ រួចវាវិវត្តន៍ទៅជាជំងឺឫសដូងបាត ។  រោគសញ្ញា នៃជំងឺឫសដូងបាត៖ ១) កាលណាយើងមានជំងឺឫសដូងបាត វាធ្វើអោយ តឹងចង្អៀតទ្វារលាមកធ្វើអោយពិបាកបត់ជើងធំ ( ជួនទល់ ជួនរាគ ជួនធ្លាក់ឈម ) បត់ជើងមិន ចេះអស់ មានលាមកមូល ឬ សំប៉ែតតូចៗ ។ ២ ) ឧស្សាហ៍មានការឈឺចាប់ រមាស់ ក្រហាយ នៅជុំវិញទ្វារលាមក និងឫសដូងបាត មានការរីកប៉ោង នៅជុំវិញទ្វារលាមក ឬម្ខាងនៃទ្វារលាមក។ ៣) ឧស្សាហ៍ ហើមពោះ ឆ្អល់ពោះ ហើមពោះវៀន ក្រពះ ជាប្រចាំ ដោយសាទល់ផោមឧស្ម័នពុល ទល់លាមក កាកសំណល់ពុល បន្សល់ជាតិពុល និងមេរោគ នៅពេញ ពោះវៀន ក្រពះ និងក្នុងឈាម ហើយបង្កអោយកោសិកា ជាលិកាទូទៅ ពុល មានជំងឺរ៉ាំហើយ ព្យាបាលមិនជា ។ ៤ ) ឧស្សាហ៍មានជំងឺពោះវៀន ក្រពះ ថ្លើមរ៉ាំរ៉ៃ ហើយព្យាបាលមិនជា បើមិនបានព្យាបាលជំងឺឫសដូងបាត អោយជាមុនទេនោះ ។ ៥ ) ឧស្សាហ៍ ឈឺក្បាល វិលមុខ ងងិតមុខ សក់ឆាប់ជ្រុះ ឆាប់ស្កូវ ភ្នែកឆាប់ស្រវ៉ាំងងងិត ខួរក្បាល ប្រាជ្ញាស្មារតី បាត់ការចងចាំ មានការធុញទ្រាន់​ និងមួម៉ៅច្រើន ។ ៦ ) ឧស្សាហ៍ឈឺចង្កេះខ្នង ចុករោយដៃជើង រសេះរសោះអស់កំលាំង ដេកមិនបានសម្រាន្តមិនលក់ស្រួល ហូបចុកមិនដឹងរស់ជាតិឆ្ញាញ់ អាការៈដូចចង់ខ្យល់រាល់ថ្ងៃ ។ ៧) ឧស្សាហ៍ តឹងទ្រូង ថប់ៗដង្ហើម ឆាប់ហេវ ឆាប់ហត់ ចលនាឈាមរត់មិនមិនទៀងទាត់ ជួនលើសជួនខ្វះ ជួនស្ទះៗដង្ហើម បេះដូង សួត ប្រឹងច្របាច់ហើយចុះខ្សោយ ឆាប់ភ័យ ឆាប់តក់ស្លុត ឆាប់ខឹង ឆាប់រំជួលចិត្ត ។ ៨ ) ពិបាកបត់ជើងតូច បត់ជើងតូច មិនចេះអស់ដូចនោមទាស់ ធ្វើអោយចុះ ខ្សោយចំណង់ផ្លូវភេទ និងការបន្តពូជ ហើយវាចំលងជំងឺឫសដូងបាតទៅកូននៅក្នុងផ្ទៃ ដោយស្វ័យប្រវត្តិ។ ៩) ឧស្សាហ៍មានជំងឺសើស្បែក កន្ទួលរមាស់ កន្ទាលត្រអាកជាដើម ស្បែកឆាប់ជ្រីវជ្រួញ ឆាប់ចាស់មុនអាយុ ស្បែកមានពណ៏សម្បុរមិនល្អ ។ ១០) កាលណាឫសដូងបាត ដល់ដំណាក់កាលទី ២ ឫសដូងបាតកាន់តែធំ រាល់ពេលបត់ជើងធំម្តងៗ ឫសដូងបាតវាលូនចេញមកក្រៅជាមួយលាមកដែរ តែក្រោយពេលបត់ជើងធំរួច វាលូនចូលវិញដោយខ្លួនឯង ។ ១១) កាលណាដល់ដំណាក់កាលទី៣ ឫសដូងបាត វាកាន់តែធំ វាកាន់តែធ្វើ អោយតឹងចង្អៀតទ្វារលាមក ផលលំបាក ផលប៉ៈពាល់កាន់តែធ្ងន់ធ្ងរ ហើយរាល់ពេលបត់ជើងធំ ឫសដូងបាតវាលូនចេញមកជាមួយលាមកដែរតែក្រោយពេលបត់ជើងធំរួច ឫសដូងបាត មិនអាចចូលវិញខ្លួនឯងបានទេលុះត្រាតែ យកម្រាមដៃជួរុញ ជួយច្រានវា ទើបចូលវិញបាន ទាំងឈឺចាប់ជួនមានហូរឈាមទៀតផង ។ ១២) កាលណាឫសដូងបាតដល់ដំណាក់ទី៤ គឺជាដំណាក់កាលចុងក្រោយ ជាដំណាក់កាលទុំ ឫសដូងបាតវាលូនចេញមកក្រៅដោយឯងៗ ហើយមិនអាចរុញអោយវាចូលវិញបានទេ ទោះបីខំរុញ ច្រានប៉ុណ្ណាក៏មិនអាចចូលវិញបានឡើយ ត្រូវរកកន្លែងព្យាបាលជាបន្ទាន់ ព្រោះវាមានការឈឺចាប់ហើយហូរឈាម ធ្ងន់ធ្ងរ ។ *** ចំណាំ បើសម្តេច ទ្រង់ ឯកឧត្តម មានជំងឺពោះវៀន ក្រពះ ថ្លើម រ៉ាំរ៉ៃហើយព្យាបាលមិនជា សូមងាកមកគិតពីជំងឺឫសដូងបាតវិញម្តងពីព្រោះឫសដូងបាត វាជាប្រភពបង្ក អោយពោះវៀន ក្រពះ ថ្លើមឈឺហើយព្យាបាលមិនជា ជាដាច់ខាតបើមិនបានព្យាបាល ជំងឺឫសដូបាតអោយ ជាមុនទេនោះ ។ ចែករំលែកដោយ គ្លីនិក តូច យ៉ាន​ ព្យាបាលជំងឺ ឫសដូងបាត

Share

យុទ្ធនាការ និងព្រឹត្តិការណ៍ជាច្រើនទូទាំងពិភពលោកត្រូវបានប្រារព្ធឡើងសម្រាប់ខែតុលាដែលជាខែសម្រាប់ការលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់។ បូពណ៌ផ្កាឈូកគ្រប់ទំហំលេចចេញរូបរាងនៅគ្រប់ទីកន្លែងទាំងនៅតាមបណ្តាញអ៊ីនធើណែត និងតាមទីតាំងនានា។ កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីជំងឺមហារីកសុដន់ និងដើម្បីរៃអង្គាសថវិកាសម្រាប់ការស្រាវជ្រាវ និងព្យាបាលជំងឺនេះបានធ្វើឡើងគ្រប់សណ្ឋាន។  នៅក្នុងប្រទេសកម្ពុជាឆ្នាំនេះ យុទ្ធនាការ “FIT FOR HOPE by AIA” បានទទួលអ្នកចូលរួមយ៉ាងច្រើនលើសលប់ បានប្រមូលផ្ដុំគ្នានៅទីលានកោះពេជ្រដោយបានទទួលថវិកាបរិច្ចាគចំនួន ៣០,០០០ដុល្លារ សម្រាប់បុព្វហេតុមួយនេះ។ មហារីកសុដន់ គឺជាប្រភេទជំងឺមហារីកដែលកើតឡើងច្រើនបំផុតចំពោះស្រ្តីទូទាំងពិភពលោក។ ជាក់ស្តែង នៅក្នុងប្រទេសកម្ពុជា បញ្ហាទាក់ទងនឹងជំងឺនេះគឺកាន់តែធ្ងន់ធ្ងរដោយការយល់ដឹងនៅមានកម្រិតទាប និងកង្វះធនធានសម្រាប់ការព្យាបាលដែលបណ្តាលឲ្យមានករណីជាច្រើនមិនអាចព្យាបាលបានដោយសារតែការធ្វើរោគវិនិច្ឆ័យឲ្យដឹងពីជំងឺនេះ ត្រូវបានធ្វើឡើងក្នុងដំណាក់កាលធ្ងន់ធ្ងរ។ ថ្លែងក្នុងកម្មវិធីនោះដែរ លោកវេជ្ជបណ្ឌិត ព្រាប ឡី  ប្រធានផ្នែកវះកាត់នៃមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹមបានលើកឡើងថា “រហូតដល់៧០% នៃអ្នកជំងឺដែលមកទទួលការព្យាបាលនៅមន្ទីរពេទ្យយើងខ្ញុំគឺស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរទៅហើយ។ ប្រសិនបើគាត់មកកាន់មន្ទីរពេទ្យឲ្យបានឆាប់ជាងនេះគឺពិតជាអាចជួយបានច្រើន”។ លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា” ក្នុងករណីខ្លះដៃគូ ឬសមាជិកគ្រួសាររបស់ពួកគាត់ផ្ទាល់តែម្តងដែលបានរារំាងមិនឲ្យអ្នកជំងឺមកមន្ទីរពេទ្យ ព្រោះពួកគាត់គិតថាការពិនិត្យសុដន់ដោយអ្នកដទៃជារឿងមិនសមរម្យទាល់តែសោះ។ ក្រោមហេតុផលនេះហើយដែលបង្ហាញឲ្យឃើញថា យុទ្ធនាការ “FIT FOR HOPE by AIA” ពិតជាមានសារសំខាន់ណាស់ក្នុងការលើកកម្ពស់ការយល់ដឹងដល់ប្រជាជនកម្ពុជា ហើយយើងខ្ញុំពិតជាអរគុណខ្លាំងណាស់ដែលមានយុទ្ធនាការនេះឡើង”។ ព្រឹត្តិការណ៍ “FIT FOR HOPE by AIA” បានប្រារព្ធនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៨ ក្រោមការរៀបចំដោយ អេ អាយ អេ ខេមបូឌា និងមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម បានសហការជាមួយភាគីជាច្រើន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ រួមនឹងសកម្មភាពដូចជា៖ • សកម្មភាពផ្សព្វផ្សាយចំពោះបណ្តាបុគ្គលិក និងទីប្រឹក្សាផែនការជីវិត AIA ព្រមទាំងអ្នកសហសេវិកនានា • ការផ្សព្វផ្សាយ និងគាំទ្រលើបណ្តាញសង្គម ដោយតារាល្បីៗ និងបណ្តាញសារព័ត៌មានផ្សេងៗ • សិក្ខាសាលាផ្តោតលើការលើកកម្ពស់ការយល់ដឹង និងកត្តាប្រឈមនៃជំងឺមហារីកសុដន់ដល់និសិ្សតសាកលវិទ្យាល័យរាប់រយនាក់ • សកម្មភាពផ្សព្វផ្សាយនៅតាមទីផ្សានានា និងសាកលវិទ្យាល័យមួយចំនួន។ យុទ្ធនាការនេះ បានសម្រេចបញ្ចប់នៅក្នុងថ្ងៃនេះផ្ទាល់ដោយមានកម្មវិធីជាច្រើនទៀតផងដែរដូចជា៖ • ការពិនិត្យ និងពិគ្រោះពីជំងឺមហារីកសុដន់ដោយឥតគិតថ្លៃ ដោយគ្រូពេទ្យជំនាញជូនដល់សាធារណៈជនប្រមាណ១,៣០០នាក់ • ក្បួនដើរដង្ហែរសប្បុរសធម៌ពណ៌ផ្កាឈូកហៅថា Pink Walk ដែលមិនធ្លាប់មានពីមុនមកបានទទួលការចូលរួមពីមនុស្សចំនួនជិត២,០០០នាក់ ដែលក្នុងនោះមានសកម្មភាពសប្បាយរីករាយជាច្រើននៅតាមផ្លូវ • ការរំាហ្សូមបា ដែលមានអ្នកចូលរួមប្រហែល ៨០០នាក់ • ការសន្ទនាណែនាំ និងលើកទឹកចិត្តពីអ្នកដែលបានជាសះស្បើយពីជំងឺមហារីកសុដន់ ធ្វើឡើងមុនការប្រគំតន្រ្តីដែលមានតារាល្បីៗនៅកម្ពុជា និងបានទាក់ទាញអ្នកទស្សនាជាង ២០,០០០នាក់បន្ថែមទៀត។ ដោយឡែក លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា “យើងខ្ញុំរីករាយណាស់ដែលឃើញមនុស្សជាច្រើនរួមគ្នាលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់រួមគ្នាសង្គ្រោះជីវិតមនុស្ស។ យើងខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងដែលបានផ្តល់ការពិនិត្យ និងពិគ្រោះយោបល់ពីជំងឺមហារីកសុដន់ដោយឥតគិតថ្លៃដល់មនុស្សប្រមាណ៣០០០នាក់នៅថ្ងៃនេះ។ ប្រាំពីរដងច្រើនជាងកាលដែលយើងបានផ្តល់ជូនក្នុងឆ្នាំមុន”។ លោកបានបន្ថែមជាមួយនឹងការសង្កត់ធ្ងន់លើកំណើននៃឥទ្ធិពលវិជ្ជមាននៃយុទ្ធនាការនេះថា “ដោយមានការចូលរួមបរិច្ចាគពីដៃគូរបស់យើងគឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ធនាគារកម្ពុជាសាធារណៈ និងក្រុមហ៊ុនជាច្រើនទៀត ព្រមទាំងសប្បុរសជនដ៏សន្ធឹកសន្ធាប់ យុទ្ធនាការ “FIT FOR HOPE by AIA” នៅឆ្នាំនេះ បានទទួលថវិកាបរិច្ចាគសរុបចំនួន ៣០,០០០ដុល្លារអាមេរិកសម្រាប់ទ្រទ្រង់កម្មវិធីមហារីកសុដន់របស់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម គឺច្រើនជាងបីដង បើធៀបនឹងថវិកាប្រមូលបានឆ្នាំមុន។ ជាមួយយុទ្ធនាការនេះ យើងអាចជួយសង្គ្រោះជីវិតបានកាន់តែច្រើន តាមរយៈកម្មវិធីអប់រំតាមសហគមន៍ និងការព្យាបាលរបស់មន្ទីរពេទ្យនេះ”។ លោកស្រី ហាក់ សំអាត  អ្នកជាសះស្បើយពីជំងឺមហារីកសុដន់ និងជាអ្នកស្មគ្រ័ចិត្តមិត្តអប់រំមិត្តម្នាក់នៅមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម បានលើកឡើងដោយក្តីរីករាយនៅក្នុងវគ្គចែករំលែកបទពិសោធន៍មុនការប្រគំតន្រ្តីថា “ សូមអរគុណដល់យុទ្ធនាការ FIT FOR HOPE by AIA ព្រោះដោយសារយុទ្ធនាការនេះ ក្រុមស្មគ្រ័ចិត្តមិត្តអប់រំមិត្តរបស់យើងអាចមានសម្ភារៈអប់រំគ្រប់គ្រាន់សម្រាប់មនុស្សជិត២លាននាក់នៅទូទាំងប្រទេស។ ថវិកាដ៏ច្រើននេះអាចអនុញ្ញាតឲ្យយើងជួយដល់មនុស្សដែលត្រូវការជំនួយពិតប្រាកដប្រមាណជាង ៤,០០០នាក់ឲ្យទទួលបានការធ្វើរោគវិនិច្ឆ័យដោយវិទ្យុសាស្រ្ត (X-Ray) ឬជួយមនុស្សច្រើនជាង ១,៣០០នាក់ឲ្យទទួលបានការធ្វើរោគវិនិច្ឆ័យដោយការវិភាគរកកោសិកាមហារីក។ យើងខ្ញុំត្រេកអរណាស់ ដែលការងាររបស់យើងអាចផ្តល់នូវការយល់ដឹងពីការសង្គ្រោះជីវិតដ៏ធំធេង និងលទ្ធផលទទួលបានការថែទាំសុខភាពសម្រាប់ប្រជាជនដែលមានតម្រូវការចាំបាច់”។ គួរបញ្ជក់ផងដែរថា យុទ្ធនាការមួយនេះ មានការគាំទ្រពីសាលារាជធានីភ្នំពេញ និងការចូលរួមពីតំណាងក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រោមការរៀបចំដោយក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួររេន ម.ក (“អេ អាយ អេ ខេមបូឌា”) និងមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម (“SHCH”)។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top