- Oct 11, 2018 |
- 7 years ago |
- 4.6K views
ការពារ«ជំងឺប្រកាំង»ជាមួយឱសថ
Flunarizine dihydrochloride ជាឱសថត្រូវបានប្រើប្រាស់សម្រាប់ការពារពីជំងឺប្រកាំងដែលមានសភាពធ្ងន់ធ្ងរ និងកើតឡើងញឹកញាប់ ក្នុងករណីជំងឺហាក់មិនឆ្លើយតបទៅនឹងការព្យាបាលដោយឱសថដទៃទៀត។ ឱសថនេះក៏មានប្រសិទ្ធភាពផងដែរ សម្រាប់អាការៈធីងធោងដែលបង្កឡើងពីភាពមិនប្រក្រតីនៃផ្នែកខាងក្នុងត្រចៀក និងខួរក្បាល ធ្វើឲ្យមានអតុល្យភាពរវាងភ្នែក និងចលនា។ ចំពោះការប្រើប្រាស់ក្នុងគោលបំណងផ្សេងទៀត ក៏ត្រូវបានរាប់បញ្ចូលផងដែរតាមការណែនាំរបស់វេជ្ជបណ្ឌិត។ សកម្មភាពរបស់ឱសថ Flunarizine មានសកម្មភាពប្រឆាំងទៅនឹងការជ្រាបចូលរបស់កាល់ស្យូមទៅក្នុងកោសិកា ក៏ដូចជាប្រឆាំងនឹងសារធាតុអុីសស្តាមីន រារាំងរ៉េសិបទ័រសេរ៉ូតូនីន និងសកម្មភាពរារាំង Dopamine D2។ ឱសថ Flunarizine ធ្វើការស្រូបចូលបានយ៉ាងល្អនៅក្នុងរាងកាយជាមួយកំហាប់ក្នុងប្លាស្មាខ្ពស់បំផុតបន្ទាប់ពីការលេប ២ ទៅ ៤ម៉ោង។ ជាមួយកំហាប់ឱសថជាង ៩៩%នៅក្នុងប្លាស្មានោះ ការជ្រាបចូលឱសថទៅក្នុងប្រព័ន្ធខួរក្បាលមានភាពរហ័ស។ ឱសថត្រូវបានធ្វើមេតាបូលីសនៅក្នុងថ្លើម តាមរយៈអង់ស៊ីមឈ្មោះ CYP2D6 ចំណែកការបញ្ចេញចោលពាក់កណ្តាលគឺធ្វើឡើងបន្ទាប់ពីលេប ១៨ ទៅ ១៩ថ្ងៃ តាមរយៈទឹកប្រម៉ាត់ និងលាមក។ កម្រិត និងការប្រើប្រាស់ គួរប្រើប្រាស់ឱសថតាមការណែនាំពីសំណាក់វេជ្ជបណ្ឌិត ដោយកម្រិតជាទូទៅសម្រាប់មនុស្សពេញវ័យគឺ ៥ ទៅ ១០មីលីក្រាម លេបម្តងនៅពេលល្ងាច ជារៀងរាល់ថ្ងៃ។ ផលរំខានរបស់ឱសថ អាការៈធីងធោង ឡើងទម្ងន់ ចង្អោរ ក្តៅចុងដង្ហើម ស្ងួត និងអារម្មណ៍ព្រួយបារម្ភអាចនឹងកើតមានឡើង ដោយសាររាងកាយកំពុងតែសម្របទៅនឹងឱសថ ប៉ុន្តែ ប្រសិនអាការៈខាងលើនៅតែបន្តស្តែងចេញ និងផ្តល់ភាពរំខាន អ្នកគួរប្រាប់ដំណឹងទៅដល់វេជ្ជបណ្ឌិត។ មួយផ្នែកទៀត អ្នកក៏ត្រូវបឹ្រក្សាជាមួយអ្នកមានជំនាញសុខាភិបាលផងដែរ ប្រសិនអ្នកសង្កេតឃើញមាន៖ • កន្ទួលរមាស់លើស្បែក • ធ្លាក់ទឹកចិត្ត • ឈឺសាច់ដុំ • អាការៈញ័រ • ពិបាកធ្វើចលនាជាដើម។ អន្តរកម្មឱសថ ត្រូវប្រាប់ទៅដល់គ្រូពេទ្យ ប្រសិនអ្នកកំពុងប្រើប្រាស់ ឱសថងងុយគេង ឱសថប្រឆាំងការព្រួយបារម្ភ ឱសថសម្រួលដល់សាច់ដុំ ឬឱសថប្រឆាំងការប្រកាច់ ម៉្យាងទៀត មិនត្រូវចាប់ផ្តើម ឬបញ្ឈប់ការប្រើប្រាស់ឱសថណាមួយដោយគ្មានការអនុញ្ញាតពីវេជ្ជបណ្ឌិតនោះទេ។ បម្រុងប្រយ័ត្ន • ត្រូវប្រុងប្រយ័ត្នចំពោះអ្នកមាន ជំងឺថ្លើម ការធ្វើចលនាមិនប្រក្រតី អ្នកជំងឺ Parkinson អ្នកមានប្រវត្តិធ្លាក់ទឹកចិត្ត ឬជំងឺអាល្លែកហ្ស៊ីនានាជាដើម • ចៀសវាងប្រើប្រាស់សារធាតុអាល់កុល អំឡុងពេលប្រើប្រាស់ឱសថ Flunarizine ចំពោះអ្នកដែលធ្វើការជាមួយម៉ាស៊ីន ដោយសារវាបណ្តាលឲ្យមានអាការៈធីងធោង • ឱសថនេះត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន តែក្នុងករណីដែលចាំបាច់បំផុតប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរ ឱសថ Flunarizine dihydrochloride ដែលមានលក់នៅលើទីផ្សារមានឈ្មោះដូចជា Flunarine, Sibelium® និង Flunarid ជាដើម។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share
