Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ពងបែកក្នុងមាត់ ជាករណីសាមញ្ញមួយដែលមនុស្សស្ទើរតែគ្រប់គ្នាធ្លាប់កើតមាន ក៏ប៉ុន្តែករណីដែលពងបែកមាត់កើតមានញឹកញាប់ និងម្តងហើយម្តងទៀត ដោយនាំមកជាមួយនូវសញ្ញារំខានផ្សេងៗ ក៏អាចជាក្តីបារម្ភ និងគួរធ្វើការតាមដានឲ្យបានត្រឹមត្រូវជាមួយគ្រូពេទ្យផងដែរ។ សំណួរ៖ ខ្ញុំមានអាយុ ២៣ ឆ្នាំ ភេទប្រុស កម្ពស់១,៧២ ម៉ែត្រ ទម្ងន់ ៦៦ គីឡូក្រាម ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ និងពុំទាន់មានគ្រួសារឡើយ។ ខ្ញុំតែងមានពងបែកក្នុងមាត់រវាង ២ ទៅ ៣ ខែម្តងដែលវាធ្វើឲ្យមានការឈឺចាប់ត្រង់កន្លែងពងបែកនោះ និងអាចក្តៅខ្លួនខ្លះដែរ ជាពិសេសវាមិនងាយជាទៅវិញរហូតដល់ ៧ ទៅ ៨ថ្ងៃ។ រាល់ពេលមានអាការៈនេះ ខ្ញុំគ្រាន់តែញ៉ាំថ្នាំបំបាត់ការឈឺចាប់ដូចជា Paracetamol តែពេលខ្លះក៏មានប្រើប្រាស់ថ្នាំផ្សះដូចជាពពួក Amoxicillin ផងដែរ។ ខ្ញុំមិនមានទម្លាប់ញ៉ាំអាហារហឹរ ឬខ្លាញ់ច្រើននោះឡើយ។  តើនេះបណ្តាលមកពីអ្វី? តើមានវិធីសាស្ត្រណាដើម្បីព្យាបាល ឬទប់ស្កាត់ដែរឬទេ? ចម្លើយ៖ បញ្ហាពងបែកក្នុងមាត់អាចមានទាក់ទងនឹងមូលហេតុច្រើន តែជាទូទៅមិនចាំបាច់ឈានដល់ការប្រើប្រាស់ Amoxicillin ដែលជាថ្នាំផ្សះ (ថ្នាំប្រឆាំងបាក់តេរី) ឡើយ។ ចំណែកបញ្ហាក្តៅខ្លួនគឺអាចដឹងបានលុះត្រាមានការវាស់កម្ដៅដោយទែរម៉ូម៉ែត្រ ហើយបើកម្តៅរបស់ប្អូនលើសពី ៣៨,៣ អង្សាសេនោះទើបអាចនិយាយថាជាសញ្ញាក្តៅខ្លួនបាន (កម្ដៅជាក់លាក់គឺត្រូវយកកម្ដៅដែលវាស់ឃើញជាក់ស្តែងបូកបន្ថែម ០,៥ អង្សាសេទៀត)។ មូលហេតុដែលជួបញឹកញាប់នៃបញ្ហាពងបែកមាត់រួមមាន ការធ្វើអនាម័យមាត់ធ្មេញមិនបានល្អ ជំងឺធ្មេញ ឬអញ្ចាញធ្មេញ ឬមកពីការភើ ឬហៀរនូវអាស៊ីតក្រពះដែលធ្វើឲ្យរលាកជាដើម។ ក្នុងនោះ ក៏មានករណីកម្រខ្លះផងដែរ ដោយរួមមានទាំងជំងឺ Systemic Diseases ដែលបង្កជាពងបែកក្នុងមាត់ និងលើប្រដាប់ភេទ ហើយច្រើនកើតមានលើក្មេងប្រុស និងទាមទារឲ្យគ្រូពេទ្យពិនិត្យឲ្យបានច្បាស់លាស់។ ទោះយ៉ាងណា បើពងបែកមាត់នេះពុំមានការធ្វើទុក្ខធ្ងន់ធ្ងរណាមួយទេនោះ គ្រូពេទ្យនឹងមិនណែនាំឲ្យប្រើប្រាស់ថ្នាំផ្សះឡើយ ពីព្រោះឱសថនេះអាចនឹងសម្លាប់មេរោគល្អក្នុងមាត់សម្រាប់ការពារពីមេរោគផ្សេងៗ ហើយជំនួសមកវិញ គ្រូពេទ្យអាចណែនាំឲ្យប្អូនព្យាយាមធ្វើអនាម័យមាត់ធ្មេញឲ្យបានត្រឹមត្រូវ បរិភោគឲ្យបានសមរម្យ បរិភោគទឹកឲ្យបានច្រើន ការពារការកើនជាតិអាស៊ីតក្រពះស្របពេលប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ និងក្តៅខ្លួនដោយ Paracetamol ដូចដែលប្អូនបានប្រើ។ ក្នុងករណីដែលស្ថានភាពមិនបានធូរស្រាល ឬមិនបាត់ទៅវិញដោយវិធីទាំងនេះទេនោះ អាចនឹងមានការណែនាំឲ្យច្រឹបសាច់នោះទៅធ្វើការវិភាគតាមដានបន្ត។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធ​ ឯកទេសវេជ្ជសាស្រ្តទូទៅ និងជំងឺឆ្លងប្រធានផ្នែកជំងឺទូទៅ និងជំងឺឆ្លង នៃមន្ទីរពេទ្យកាល់ម៉ែត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

មុននឹងទៅដល់ Antioxidants អ្នកត្រូវដឹងអំពីអ្វីទៅជារ៉ាឌីកាល់សេរី និងប្រភេទអុកស៊ីសែនប្រតិករជាមុនសិន។ ជាក់ស្តែង រ៉ាឌីកាល់សេរី និងប្រភេទអុកស៊ីសែនប្រតិករ ជាសារធាតុពុលដែលកើតឡើងនៅក្នុងខ្លួនមនុស្ស ដោយសារតែចលនាមេកានិច និងការធ្វើមេតាបូលីសឲ្យទៅជាកាកសំណល់។ រីឯ Antioxidants ជាប្រព័ន្ធការពារធម្មជាតិ ឬប្រៀបដូចជាកងទ័ពការពារសរីរាង្គមនុស្ស ដែលវាផលិតចេញពីចំណីអាហារ និងអាហារបំប៉នមួយចំនួន។ មូលហេតុនៃការកើនឡើងនូវរ៉ាឌីកាល់សេរីនៅក្នុងខ្លួនមនុស្សម្នាក់ៗចាំបាច់ត្រូវមានតុល្យភាពរវាង រ៉ាឌីកាល់សេរីពុលជាមួយនឹង Antioxidantsតែដោយសាររ៉ាឌីកាល់សេរីកើនឡើងច្រើននៅក្នុងខ្លួន ព្រោះរាងកាយត្រូវការថាមពលសម្រាប់បង្កើនបញ្ញាញាណ ស្មារតី រូបរាងកាយឲ្យរឹងមាំធំធាត់ ដូច្នេះសំណល់ទាំងនោះក៏កើនឡើងដូចគ្នា។ ម៉្យាង មានកត្តាខាងក្រៅជាច្រើនទៀតផងដែរដូចជា ស្រេ្តស កត្តាពន្លឺថ្ងៃក្តៅខ្លាំង ការជក់បារី ការផឹកស្រា កត្តាចំណីអាហារដែលមានផ្ទុកនូវសារធាតុលោហៈពុល មានជាតិគីមី គេងមិនលក់ គិតច្រើន និងការមានជំងឺប្រចាំកាយដូចជា  លើសឈាម មហារីក ពិសេសការព្យាបាលដោយការចាក់ថ្នាំគីមី និងវិទ្យុសកម្ម។ ដូច្នេះ ជាតិពុលទាំងនោះកាន់តែបង្កឲ្យមានការកើនឡើងនូវរ៉ាឌីកាល់សេរី និងក្រុមអុកស៊ីសែនប្រតិករនៅក្នុងខ្លួន។ នៅពេលដែលរ៉ាឌីកាល់សេរីកើនឡើងច្រើនធ្វើឲ្យលើសនូវ Antioxidants ធម្មជាតិ ដូចនេះហើយបានជានៅពេលអាយុកាន់តែច្រើន រ៉ាឌីកាល់សេរីកាន់តែច្រើន រីឯ Antioxidants កាន់តែថយចុះពិសេសមនុស្សចាស់ដែលមានជំងឺប្រចាំកាយ។ នេះបញ្ជាក់ថា វាបានបាត់បង់នូវតុល្យភាពរវាង រ៉ាឌីកាល់សេរី និង Antioxidants ដែលបណ្តាលឲ្យមានបញ្ហាមួយ គឺអុកស៊ីតកម្មកើនឡើង។ នៅពេលដែលអុកស៊ីតកម្មកើនឡើងកាន់តែច្រើនបង្កឲ្យមានស្រេ្តសអុកស៊ីតកម្ម ដែលវាជាបញ្ហាចម្បងមួយបំផ្លាញទៅលើកោសិកាDNA ប្រូតេអ៊ីន និងលីពីតក្នុងខ្លួន ជាលទ្ធផលបង្កឲ្យមានការប្រែប្រួល និងជាមូលហេតុមួយនៃការកើតជំងឺមហារីក។ កាលពីសម័យមុន Antioxidants សម្បូរ ព្រោះមិនសូវមានរ៉ាឌីកាល់សេរី គ្មាននូវសារធាតុពីក្រៅច្រើន និងមានសុខភាពល្អ តែដោយសារគ្មានអង់ទីប៊ីយ៉ូទិច នាំឲ្យជំងឺឆ្លងកើតមានច្រើន។ មកដល់បច្ចុប្បន្ន អង់ទីប៊ីយ៉ូទិចកើនឡើង ជំងឺឆ្លងធ្លាក់ចុះ ក៏ប៉ុន្តែផ្ទុយមកវិញ Antioxidants ធ្លាក់ចុះ បណ្តាលឲ្យរ៉ាឌីកាល់សេរីកើនឡើង ជាមូលហេតុដែលប្រជាជនភាគច្រើនប្រឈមមុខខ្ពស់ជាមួយនឹងជំងឺលើប្រព័ន្ធការពាររាងកាយ។ តាមរយៈការសិក្សាមួយទៅលើមនុស្សចាស់ដែលមានសុខភាពល្អចាប់ពីអាយុ១០០ឆ្នាំឡើង ឃើញថា Antioxidants របស់គាត់មានការកើនឡើងខ្ពស់ ជាពិសេស Antioxidants ម៉្យាងឈ្មោះ Glutathione គឺស្ទើរតែ១០០%ពេញ។ ដោយឡែក ចំពោះមនុស្សចាស់ដែលមានជំងឺប្រចាំកាយវិញ សង្កេតឃើញថា Antioxidants មានការថយចុះ ហើយស្រេ្តសអុកស៊ីតកម្មកើនឡើង។ ៤ប្រភេទនៃ Antioxidants និងមុខងារសំខាន់ៗ •    ក្រុមអង់ស៊ីម៖ ប្រភេទ Antioxidants ពីធម្មជាតិ រលាយនៅក្នុងឈាម ឬទឹកក្នុងរាងកាយ ដែលរួមមាន Superoxide dismutase, Catalase និង Glutathione peroxide។ អង់ស៊ីមទាំង៣ប្រភេទនេះ មានតួនាទីសំខាន់ក្នុងការបង្វែរនូវពពួក Oxide ឲ្យទៅជា Peroxide (អុកស៊ីសែនពុល) និងអុកស៊ីសែន។ ក្រោយពីរលាយក្រោមឥទ្ធិពលរបស់អង់ស៊ីម Superoxide dismutase និងCatalaseរួច វាបណ្តាលឲ្យទៅជា Peroxide ដែលត្រូវបានរំលាយបន្តដោយ Glutathione peroxidase(មានរូបមន្ត GSH) បង្កើតជាទឹក និងអុកស៊ីសែន។ •    Glutathione Reductase (L-GHS)៖ ជាប្រភេទមេបញ្ជាការចម្បងរបស់ក្រុម Antioxidantsផ្សេងទៀត ក្រៅពីប្រភេទដែលរលាយជាអង់ស៊ីម។ ជំហានដំបូង L-glutathione បានទៅបន្សាបរ៉ាឌីកាល់អ៊ីដ្រុកស៊ីត ដោយស្រូបយកអ៊ីយ៉ុងពុលពី DNA ឬសារធាតុដទៃទៀត។ លើសពីនេះទៀតវាបានបណ្តុះនូវពពួកវីតាមីនC ទម្រង់ Ascorbate ដែលជាវីតាមីនCខូចគុណភាព ឲ្យក្លាយជា Ascorbic Acid វិញ។ ជាក់ស្តែង ចំពោះ glutathione វាត្រូវបានរលាយក្នុងទឹកដោយសារចំណីអាហារពីខាងក្រៅដូចជាបន្លែ សាច់មាន់ ឬសាច់គោ តែត្រូវនៅក្រោម៦០ដឺក្រេ។ កត្តារួមផ្សំមួយទៀតគឺ L-Selenomethionine មាននាទីសម្រាប់ជួយបន្សាប Peroxide (អុកស៊ីសែនពុល) និង glutathione ពុល (GSSH) ដែលកើតក្រោយបន្សាបរ៉ាឌីកាល់សេរីពុល ឲ្យក្លាយទៅជា glutathione ដែលមានមុខងារជាអ្នកបន្សាបជាតិពុលវិញ។ •    Antioxidants ផ្សេងទៀត៖     -    វីតាមីនC៖ ជា Antioxidants ខ្លាំងមួយសិ្ថតក្រោមទម្រង់ Ascorbic Acid  ដោយបំផ្លាញរ៉ាឌីកាល់សេរីរលាយក្នុងទឹកឲ្យក្លាយជាអុកស៊ីតកម្ម។ លើសពីនេះ វីតាមីនCក៏មានមុខងារជួយបណ្តុះវីតាមីនE (Tocopherol ដែលត្រូវបានធ្វើអុកស៊ីតកម្ម ហើយបង្វែរឲ្យទៅជា Antioxidants វិញ​ ទម្រង់ Tocopheryl) ដែលធ្វើអុកស៊ីតកម្មហើយ មកជាវីតាមីនE មានគុណភាពវិញផងដែរ។     -    វីតាមីនE៖ មានមុខងារជួយរំលាយសារធាតុខ្លាញ់ដែលធ្វើអុកស៊ីតកម្មជាពិសេសពពួក LDL (Low Density Lipoproteins) មិនឲ្យទៅជាពុល។     -    B-carotene៖ វាមានតួនាទីបំផ្លាញពពួកអុកស៊ីសែនប្រតិករដែលកាចសាហាវ ពិសេសពពួក B-carotene មាននៅក្នុងស្បែក បេះដូង។     -    Ubiquinol៖ ប្រភេទ Antioxidants  បំផ្លាញនូវពពួកអុកស៊ីសែនទោល ពពួករ៉ាឌីកាល់អ៊ីដ្រុកស៊ីត ដែលមានច្រើនបំផុតនៅក្នុងបេះដូង។ •    អាហារបំប៉ន៖ ប្រទាលកន្ទុយក្រពើ រមៀត ឬផ្លែញ ក៏ត្រូវបានចាត់ទុកជា Antioxidants ដែលមានក្នុងចំណីអាហារប្រចាំថ្ងៃ។ Antioxidants ដែលមាននៅក្នុងខ្លួនស្រាប់ រួមជាមួយការញ៉ាំបញ្ចូលពីខាងក្រៅ ជួយការពាររាងកាយពីជំងឺផ្សេងៗ ធ្វើឲ្យមានភាពរឹងមាំ និងអាចរក្សាបាននូវតុល្យភាពរវាងរ៉ាឌីកាល់សេរី ប្រកបដោយប្រសិទ្ធភាព។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ហ៊ឹម គុយ ឯកទេសជំងឺទូទៅ ថ្លើម និងអាហារូបត្ថម្ភ មានតួនាទីជាអនុប្រធានមន្ទីរសុខាភិបាលកងទ័ពជើងគោក ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

Isoflavones គឺអឺស្ត្រូសែនពីរុក្ខជាតិ ហើយវាជាអ្នកសម្របសម្រួលកម្រិតអឺស្ត្រូសែនរបស់រាងកាយឲ្យមកឋិតនៅក្រោមការគ្រប់គ្រង។ ករណីដែលអឺស្ត្រូសែននៅក្នុងខ្លួនឡើងខ្លាំងពេក ដូចជាករណីស្ត្រីដែលស្ថិតក្នុងដំណាក់កាលត្រៀមអស់រដូវ នោះ Isoflavones នឹងធ្វើការរារាំងឥទ្ធិពលដ៏លើសលុបរបស់អឺស្ត្រូសែនទៅលើកោសិកា។ ដោយឡែក ករណីដែលអឺស្ត្រូសែនពុំមានកម្រិតគ្រប់គ្រាន់ ដូចជាក្នុងករណីស្ត្រីអស់រដូវ នោះIsoflavones នឹងបន្សាំខ្លួនឲ្យដូចនឹងអឺស្ត្រូសែនក្នុងខ្លួន តែបញ្ចេញឥទ្ធិពលក្នុងកម្រិតស្រាលជាង។ ហេតុនេះ វាត្រូវបានដឹងថាមានសកម្មភាព ក៏ដូចជាអត្ថប្រយោជន៍ជាច្រើនចំពោះស្ត្រីអស់រដូវដោយក្នុងនោះរួមមាន៖ ធ្វើឲ្យឆ្អឹងរឹងមាំ តាមការសិក្សានៅតាមបណ្តាអាស៊ានប្រទេសបានឲ្យដឹងថាស្ត្រីអស់រដូវដែលបានទទួលទានអាហារដែលសម្បូរដោយ Isoflavones មានដង់ស៊ីតេឆ្អឹងខ្ពស់ជាងនៅឆ្អឹងខ្នងផ្នែកខាងក្រោម បើធៀបនឹងស្ត្រីដែលមិនសូវបានទទួលទាន។ ភស្តុតាងដែលបង្ហាញថា Isoflavones មានសកម្មភាពការពារឆ្អឹងត្រូវបានបង្ហាញឡើងដោយសមត្ថភាពក្នុងការភ្ជាប់ដោយជម្រើសទៅនឹងរេសិបទ័ររបស់អឺស្ត្រូសែន។ ករណីដែលសកម្មភាពក្នុងការការពារឆ្អឹងនេះត្រូវបានបន្តរហូតដល់អាយុច្រើន នោះវាក៏អាចធ្វើឲ្យថយចុះនូវហានិភ័យនៃជំងឺពុកឆ្អឹកនិងអត្រាប្រេះបែកឆ្អឹងផងដែរ។ ការប្រឆាំងនឹងអុកស៊ីតកម្ម ក្នុងចំណោមអត្ថប្រយោជន៍ពីឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម  Isoflavones  ត្រូវបានដឹងថាជាការការពារប្រព័ន្ធសរសៃប្រសាទដ៏សំខាន់ក្នុងករណីស្ទះសរសៃឈាមខួរក្បាលបណ្តោះអាសន្ន (TFCI) នេះបើតាមការពិសោធន៍លើកណ្តុរឈ្មោល និងកណ្តុរញីដែលបានកាត់សរីរាង្គអូវែចេញ។ Isoflavonesត្រូវបានបង្ហាញថាអាចជួយដល់បញ្ហាស្វិតសាច់ដុំដែលជាបញ្ហាកើតឡើងលើមនុស្សចាស់ និងអ្នកដែលមិនសូវមានការរស់នៅសកម្មទៀតផង។ ការប្រឆាំងនឹងជំងឺលើសទម្ងន់ ជំងឺលើសទម្ងន់ ជាភាពខុសប្រក្រតីនៃតុល្យភាពថាមពល និងមានទំនាក់ទំនងផងដែរទៅនឹងភាពលើសនៃអាំងស៊ុយលីនក្នុងឈាម ភាពស៊ាំនៃអាំងស៊ុយលីន ព្រមទាំងភាពខុសធម្មតានៃមេតាបូលីសទៅលើលីពីត។ Isoflavones ត្រូវបានជឿថាអាចមានអន្តរអំពើជាមួយនឹងរេសិបទ័រអឺស្ត្រូសែនដែលមាននៅក្នុងកោសិកា ដែលជាលទ្ធផលធ្វើឲ្យមានការថយចុះនូវការប្រមូលផ្តុំនៃជាតិលីពីត និងការចែកចាយនៃជាលិកាខ្លាញ់។ ការប្រឆាំងនឹងជំងឺទឹកនោមផ្អែម Isoflavones ត្រូវបានបង្ហាញថាមានសារប្រយោជន៍ចំពោះជំងឺទឹកនោមផ្អែម ដោយសារសកម្មភាពដូចនឹងអឺស្ត្រូសែនរបស់រាងកាយ និងសមត្ថភាពក្នុងការការពារប្រតិកម្មអុកស៊ីតកម្មនៃខ្លាញ់ចេញដោយសារស្ករគ្លុយកូស ព្រមទាំងរារាំងការចាប់យកគ្លុយកូសនៅក្នុងពោះវៀនតូច ដោយកាត់បន្ថយភ្នាក់ងារដឹកជញ្ជូនគ្លុយកូសដែលពឹងផ្អែកលើសូដ្យូមផងដែរ។ ជាលទ្ធផល វាជួយកាត់បន្ថយនូវអត្រាកើននៃជាតិស្ករក្នុងឈាមក្រោយទទួលទានអាហារ។ ការប្រឆាំងនឹងជំងឺមហារីក ការប្រើប្រាស់ Isoflavones ជាការព្យាបាលដ៏មានអានុភាពនៅក្នុងករណីជំងឺមហារីក គឺមានទំនាក់ទំនងនឹងសកម្មភាពប្រឆាំងការលូតលាស់មិនប្រក្រតីនៃកោសិកា ឬការលូតលាស់នៃកោសិកាមិនប្រក្រតី (antineoplastic) របស់វា។ វាក៏ត្រូវបានដឹងថាអាចរារាំងនឹងដំណើរកើតឡើងនៃដុំសាច់ដោយសារចលនការមួយចំនួនទៀតផងដែរ។ ឥទ្ធិពលជំនួយដល់បេះដូង និងចរន្តឈាម Isoflavones អាចធ្វើឲ្យដំណើរលូតលាស់នៃការបង្កើតឡើងនូវបន្ទះខ្លាញ់ក្នុងសរសៃឈាម តាមរយៈការរារាំងការស្អិតជាប់នៃកោសិកា និងធ្វើឲ្យខូចខាតនូវសកម្មភាពនៃកត្តាជាក់លាក់សម្រាប់ជំរុញការលូតលាស់មួយចំនួនដូចជា platelet derived growth factor និង cytokines ដែលអាចជះឥទ្ធិពលដល់ការកកើតនៃដំបៅ។ ក្រៅពីនោះវាក៏រារាំងអង់ស៊ីម tyrosine kinases ព្រមទាំងធ្វើឲ្យថយចុះនូវការធ្វើអុកស៊ីតកម្មលើលីពីតផងដែរ។ អត្ថប្រយោជន៍លើស្បែក ភាពខូចខាតសុខភាពស្បែកចំពោះស្ត្រីអស់រដូវអាចមានទំនាក់ទំនងជាចម្បងនឹងដំណើរចាស់ជរាទៅតាមអាយុ ការប៉ះពាល់នឹងកម្តៅថ្ងៃ និងមួយចំណែកជាលទ្ធផលនៃការថយចុះនូវអឺស្ត្រូសែនក្នុងខ្លួន។ Isoflavones ជាពិសេស genistein មានភាពជាប់ខ្ពស់នឹងរេសិបទ័រប្រភេទ ß ដែលច្រើនមាននៅក្នុងឆ្អឹង ស្បែក និងប្រព័ន្ធសរសៃឈាមបេះដូង ជាមួយនឹងសកម្មភាពប្រឆាំងអុកស៊ីតកម្ម និងសកម្មភាពដូចនឹងអឺស្ត្រូសែនអាចជួយក្នុងបញ្ហានេះបាន។ អត្ថប្រយោជន៍លើភាពរួមស្វិតនៃទ្វារមាស ភាពរួមនៃទ្វារមាសជាបញ្ហារួមមួយសម្រាប់ស្ត្រីជាច្រើននៅក្នុងវ័យអស់រដូវដែលផ្តល់ជាផលរំខានជាច្រើនរួមមាន ភាពស្ងួត រមាស់ រលាកក្តៅក្រហាយ ឈឺ ធ្លាក់ស និងឈឺចាប់ពេលរួមភេទជាដើម។ នៅក្នុងការចុះផ្សាយនៅក្នុងព្រឹត្តិបត្រព័ត៌មាន Obstetrics & Gynaecology (2016)Isoflavones ត្រូវបានបង្ហាញថាអាចធ្វើឲ្យប្រសើរឡើងលើអាការៈទៅលើទ្វារមាសដែលបានរៀបរាប់ខាងលើជាបន្តបន្ទាប់។ អត្ថប្រយោជន៍លើមុខងារនៃការគិត ការរៀនសូត្រ ភាពចង់ដឹង ការចងចាំ គឺសុទ្ធសឹងទាក់ទងនឹងមុខងារនៃការគិត ដែលមុខងារទាំងនេះត្រូវបានបង្ហាញនៅក្នុងព្រឹត្តិបត្រព័ត៌មាន Menopause (2015) ថាអាចមានការប្រសើរឡើងចំពោស្ត្រីក្រោយអស់រដូវដែលបានប្រើប្រាស់ Isoflavones ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

Amenorrhea ជាអវត្តមានការមករដូវ ឬនិយាយឲ្យខ្លី គឺការបាត់រដូវប្រចាំខែរបស់ស្ត្រី និងនារីគ្រប់វ័យនៃការបន្តពូជ។ តាមធម្មជាតិនៃស្រ្តី ការបាត់រដូវតងតែកើតឡើងជាទូទៅ អំឡុងពេលមានផ្ទៃពោះ ស្រ្តីបំបៅដោះកូន នៅវ័យកុមារមិនទាន់ពេញវ័យ និងវ័យចំណាស់អស់រដូវ។ បញ្ហានៃការមិនមានរដូវនេះ កើតឡើងច្រើនលើនារី និងស្រ្តីគ្រប់វ័យ នៅក្នុងប្រទេសកម្ពុជា ដែលតម្រូវឲ្យពួកគាត់ទៅពិគ្រោះ និងពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញផ្នែករោគស្រ្តី និងក្រពេញអ័រម៉ូន។ ជាក់ស្តែង ការអវត្តមាននូវរដូវរបស់ស្ត្រីចែកចេញជា ពីរផ្នែក៖ •    ផ្នែកទី១ (Primary amenorrhea)៖  គឺការមិនមករដូវដំបូងដែលចាប់គិតពីកុមារនៅអាយុ ១៣ឆ្នាំឡើងទៅ ដោយសារកត្តារីកលូតលាស់មិនប្រក្រតីពីកំណើតនៃអវយវៈស្បូន ឬមេជីវិតបន្តពូជ និងការពន្យារពេលនៃការមករដូវ (ឧទាហរណ៍ ១៨ឆ្នាំ ហើយមិនមានរដូវសោះ)។ •    ផ្នែកទី២ (Secondary amenorrhea)៖  គឺបណ្តាលមកពីការរំខានពីផ្នែកខួរក្បាល (hypothalamus and pituitary gland) ដែលការបាត់រដូវនេះ អាចរាប់បានចាប់ពី៣ខែឡើងទៅ បន្ទាប់ពីគាត់មានរដូវពីមុនធម្មតាមក ឬក៏ចាប់ពី៩ខែឡើងទៅ បន្ទាប់ពីគាត់មានរដូវដែរ តែបន្តិចបន្តួចប៉ុណ្ណោះ ឬមកមិនទៀងទាត់។ មូលហេតុ និងកត្តាប្រឈម មូលហេតុចម្បងដែលបង្កឲ្យអវត្តមាននៃរដូវ គឺ៖ •    ស្រកទម្ងន់ ឬទម្ងន់ចុះថយ •    ការប្រើប្រាស់ថ្នាំពន្យារកំណើត ឬអ័រម៉ូនឡើងដោយសារការចាក់ថ្នាំ និងការចាក់ថ្នាំប្រព័ន្ធប្រសាទ ( Antipsychotic drug) •    ការបំបៅដោះ •    ជំងឺខ្សោយពោះវៀន (Celiac Disease) •    ជំងឺពីកំណើត (Mayer-Rokitansky-KüsterHauser syndrome) •    ស្ត្រេស •    ការមានផ្ទៃពោះជាដើម។ ចំពោះបងប្អូននារី គឺមានការប្រឈមខ្ពស់អាចកើតមាននៅត្រង់អាយុចាប់ពីពេញវ័យ រហូតដល់វ័យនៃការអស់រដូវ ឬជុំវិញនៃការអស់រដូវ។    រោគសញ្ញាជាក់ស្តែង សញ្ញាដែលលេចឡើង នៅពេលស្រ្តីអវត្តមាននៃវដ្តរដូវមាន៖ •    ការបាត់រដូវ •    ការជ្រុះសក់ •    ការឈឺក្បាល •    ស្រវាំងភ្នែក •    មុខមានដុះរោមប្លែក •    ឈឺចាប់ក្នុងពោះ •    កើតមុន •    មានភាពមួម៉ៅ តានតឹង និងឆេវឆាវ •    មានអារម្មណ៍ថា មានកម្តៅភាយចេញពីខ្លួន។ ការធ្វើរោគវិនិច្ឆ័យ និងព្យាបាល វាមិនមែនជាការងាយស្រួលទេ ក្នុងការធ្វើរោគវិនិច្ឆ័យវិបត្តិនៃការមិនមករដូវនេះ។ ដំបូង គ្រូពេទ្យនឹងសាកសួរព័ត៌មានផ្សេងៗពីអ្នកជំងឺ និងធ្វើតេស្ត ដើម្បីពិនិត្យរកនូវមូលហេតុនៃការមិនមានរដូវ តាមរយៈការបូមឈាមយកទៅពិនិត្យ ការពិនិត្យមាត់ស្បូន និងការពិនិត្យរូបសាស្រ្ត (Echography, CT Scans, X-ray, MRI) ជាដើម។ បន្ទាប់ពីបានធ្វើរោគវិនិច្ឆ័យច្បាស់លាស់ហើយ អ្នកជំងឺនឹងត្រូវព្យាបាលតាមសភាពជំងឺ ដោយការប្រើថ្នាំលេប និងធ្វើការតាមដានជាចំាបាច់ទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យជំនាញ។ ផលវិបាក និងការការពារ ករណីអ្នកជំងឺមិនបានទទួលការព្យាបាលបានទាន់ពេលវេលាទេនោះ ពួកគាត់នឹងអាចប្រឈមជាមួយផលវិបាកនានាដូចជា៖ •    វិបត្តិអត់កូន •    ការពុកឆ្អឹង (Osteoporosis) •    ផលរំខានផ្សេងៗលើផ្នែកអារម្មណ៍ និងផ្លូវចិត្ត។ តាមការសិក្សាស្រាវជ្រាវ មិនទាន់មានវិធីសាស្រ្ត ដើម្បីការពារពីបញ្ហានៃការមិនមករដូវនោះនៅឡើយទេ។ ម៉្យាងវិញទៀត គ្រូពេទ្យជំនាញតែងតែជួបអ្នកជំងឺ នៅពេលដែលពួកគាត់មានបញ្ហាផ្សេងៗដូចជា វិបត្តិអត់កូន និងវិបត្តិមិនមករដូវ។ សូមបងប្អូននារី និងស្រ្តីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅពិភាក្សាពីបញ្ហានេះជាមួយវេជ្ជបណ្ឌិតឯកទេសរោគស្រ្តីដែលមានជំនាញច្បាស់លាស់ ដើម្បីធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ  និងព្យាបាលតាមដានសភាពជំងឺទាន់ពេលវេលា។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត យូ ម៉ូលីន  ឯកទេស សម្ភព និងរោគស្រ្តី នៃមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក បន្ទប់ពិគ្រោះជំងឺ ម៉ី ស៊ីថាច យូម៉ូលីន និងគ្លីនិកក្បាលថ្នល់ ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

និយមន័យ ជំងឺ Optic Nerve Head Drusen ជាកំណករបស់សារធាតុម្យ៉ាងនៅនឹងសរសៃប្រសាទទី២ ដែលសារធាតុនោះត្រូវបានគេហៅថា Hyaline ។ ជំងឺនេះ មិនសូវជួបប្រទះញឹកញាប់ទេនៅកម្ពុជាយើង ហើយក៏មិនទាន់មានការសិក្សាច្បាស់លាស់នៅឡើយដែរលើចំនួននៃការកើតជំងឺមួយនេះ ប៉ុន្តែ តាមរយៈការសិក្សាមួយចំនួនបានឲ្យដឹងថា ជំងឺនេះអាចកើតមានលើអ្នកជំងឺ៣ទៅ៤នាក់ ក្នុងប្រជាជន១០០០នាក់។ មូលហេតុ មិនមានមូលហេតុច្បាស់លាស់ណាដែលគេរកឃើញថាធ្វើឲ្យកើតជំងឺនេះទេ តែតាមការសិក្សាមួយចំនួន គេបានកំណត់ថា ជំងឺនេះកើតឡើងដោយសារតែការសឹករេចរឹលនៃសរសៃប្រសាទនៅនឹងបាតភ្នែក។ ការសឹករេចរឹលនេះ បង្កឲ្យមានកំណកសារធាតុកាល់ស្យូម (Hyaline) នៅក្រោមសរសៃបាតភ្នែកតែម្តង។ រោគសញ្ញា ជំងឺនេះ សឹងតែមិនស្តែងចេញនូវរោគសញ្ញាដែលធ្វើឲ្យអ្នកជំងឺចាប់អារម្មណ៍នោះទេ ហើយអ្នកជំងឺភាគច្រើន រកឃើញថាខ្លួនមានកើតជំងឺនេះដោយចៃដន្ យក្នុងពេលដែលពួកគាត់មកពិនិត្យសុខភាពភ្នែករបស់ខ្លួន។ បើទោះជាយ៉ាងនេះក៏ដោយ ក៏នៅមានករណីកម្រខ្លះអាចធ្វើឲ្យអ្នកជំងឺបាត់ដែនគំហើញនៅត្រង់សរសៃបាតភ្នែកដែរ ដែលគេហៅថាការកើនឡើងនៃ Blind spot ហើយអាចរកបានតាមរយៈការធ្វើតេស្តមួយចំនួន។ ការធ្វើរោគវិនិច្ឆ័យ គេអាចធ្វើរោគវិនិច្ឆ័យជំងឺនេះ ដោយប្រើតេស្តមួយចំនួនដូចជា ការធ្វើតេស្ត Ultrasound ប្រភេទB-scan ដែលអាចធ្វើបាននៅក្នុងបន្ទប់ពិគ្រោះជំងឺ។ គេក៏អាចថតបាតភ្នែកដោយប្រើតេស្ត Fundoscopy អាចជាប្រភេទ Red-free photography ឬប្រភេទចាក់តាមសរសៃ (Fluorescein angiogram) ។ ក្រៅពីការថតបាតភែ្នក គេអាចធ្វើតេស្តមួយចំនួនទៀតដូចជា ការថត CT scanនៅក្បាល ឬ OCT (Optical Coherence Tomography) នៅស្រទាប់បាតភ្នែក។ ការព្យាបាល ដោយសារតែជំងឺនេះ បង្កឡើងពីមូលហេតុមិនច្បាស់លាស់ ហើយវាក៏មិនបង្កផលរំខានណាដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺ នោះក៏មិនមានការព្យាបាលណាត្រូវធ្វើលើអ្នកជំងឺដែរ ប៉ុន្តែ គ្រូពេទ្យត្រូវធ្វើការតាមដានការវិវឌ្ឍនៃជំងឺនេះទៅលើការរីកទំហំរបស់កំណកនៅនឹងសរសៃបាតភ្នែក ដើម្បីចៀសវាងការកកើតនូវផលវិបាកកម្រដែលនឹងអាចបង្កឡើងដោយសារជំងឺនេះក្នុងរយៈពេលយូរ។ ផលវិបាក ករណីកំណកនៅនឹងសរសៃបាតភ្នែកនៅតែបន្តរីកទំហំ ឬបង្កឲ្យប៉ះពាល់ដល់សរសៃឈាមនៅតំបន់នោះ វាអាចធ្វើឲ្យមានការហូរឈាមនៅបាតភ្នែក ស្ទះសរសៃបាតភ្នែកផ្នែកខាងមុខដែលនាំឲ្យមានការថយចុះនូវគំហើញរបស់អ្នកជំងឺ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ខៀវ ច័ន្ទសត្យា ឯកទេសចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

Optic Nerve Atrophy ដែលត្រូវបានហៅថា ជំងឺស្វិតសរសៃភ្នែក គឺជាការផ្លាស់ប្តូរ ឬបំផ្លាញនៃសរសៃអុបទិក ដែលសរសៃនេះមានតួនាទីបញ្ជូនចរន្តរូបភាពពីភ្នែកទៅខួរក្បាល។ គួរបញ្ជាក់ថា ជំងឺស្វិតសរសៃភ្នែក ឬ Optic Nerve Atrophy អាចស្តែងឡើងជារោគសញ្ញាដូចជា ការប៉ះពាល់ទៅលើដែនគំហើញ មើលឃើញព្រិលៗ  ប្រែប្រួលពណ៌ភ្នែកទៅជាស្លេក ពិសេសការពិនិត្យមើលពណ៌ ពីក្រហមទៅជាក្រហមស្រាល ដែលវាគឺជាផលវិបាកនៃជំងឺភ្នែកមួយចំនួន។ អ្វីជាមូលហេតុនៃជំងឺស្វិតសរសៃភ្នែក? ជំងឺស្វិតសរសៃភ្នែកមានការប្រែប្រួលលឿន ឬយឺត អាស្រ័យទៅតាមប្រភេទនៃជំងឺ និងមូលហេតុបង្កឲ្យមានជំងឺស្វិតសរសៃភ្នែក ដែលរួមមាន៖ •    ជំងឺទឹកដក់ក្នុងភ្នែករ៉ាំរ៉ៃ ៖ ករណីអ្នកជំងឺមិនបានធ្វើការពិនិត្យតាមដានឲ្យបានដិតដល់ ឬមិនទទួលបានការព្យាបាលត្រឹមត្រូវ •    បញ្ហាគ្រោះថ្នាក់មួយចំនួន ៖ ពិសេសគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ទៅលើក្បាល ឬប៉ះទៅលើតំបន់ជុំវិញភ្នែកអាចនឹងវិវឌ្ឍចាប់ផ្តើមស្វិតសរសៃភ្នែកក្នុងរយៈពេល ២ ទៅ៣ខែក្រោយ •    បញ្ហារលាកសរសៃអុបទិក ៖ អ្នកជំងឺរលាកសរសៃឈាម ដែលធ្វើឲ្យឈាមទៅចិញ្ចឹមសរសៃឈាមមិនបានគ្រប់គ្រាន់ ជាហេតុបណ្តាលឲ្យសរសៃភែ្នកលែងដំណើរការ ហើយស្វិតតែម្តង •    បញ្ហាទាក់ទងនឹងដុំសាច់មហារីក ៖ ដុំសាច់ខួរក្បាលអាចទៅសង្កត់លើសរសៃអុបទិកផ្នែកខាងក្រោយ បន្ទាប់ពីគ្រាប់ភ្នែក ដែលធ្វើឲ្យប៉ះពាល់ដល់សរសៃភ្នែក •    ការប្រើប្រាស់ថ្នាំមួយចំនួនដូចជា ពពួកថ្នាំព្យាបាលជំងឺរបេង ថ្នាំប្រឆាំងនឹងមហារីក •    តំណពូជ ដូចជាអ្នកជំងឺខ្វាក់មាន់ពីកំណើត ជាដើម។ យន្តការនៃជំងឺស្វិតសរសៃភ្នែក ជំងឺ Optic Nerve Atrophy នឹងវិវឌ្ឍបន្តិចម្តងៗ អាចមានរយៈពេលវែង និងរយៈពេលខ្លី។អ្នកជំងឺមួយចំនួនធំ មិនអាចព្យាបាលបាននោះទេ វានឹងវិវឌ្ឍទៅរកភាពខូងដោយខ្លួនឯងហើយវាក៏ជាប់ទាក់ទងនឹងមូលហេតុ។ ជាក់ស្តែង អ្នកជំងឺមហារីកអាចនឹងវិវឌ្ឍក្នុងរយៈពេល១ឆ្នាំឈានទៅស្វិតសរសៃភ្នែកតែម្តង។ ករណីអ្នកជំងឺកើតដោយតំណពូជភ្នែករបស់គាត់អាចនៅបានរយៈពេល២០ ទៅ៣០ឆ្នាំ។ ប៉ុន្តែ ចំពោះអ្នកជំងឺទឹកដក់ក្នុងភ្នែកវិញ បើគាត់មិនបានទទួលការព្យាបាលឲ្យបានដិតដល់ទេ នឹងវិវឌ្ឍទៅជាស្វិតសរសៃភ្នែក ហើយឈានទៅរកពិការភាពតែម្តង។ ដូចនេះ យន្តការ និងការវិវឌ្ឍនៃជំងឺស្វិតសរសៃភ្នែក គឺវាអាស្រ័យទៅនឹងប្រភេទជំងឺបង្កហេតុ និងប្រសិទ្ធភាពក្នុងការព្យាបាលផងដែរ។ រោគវិនិច្ឆ័យនៃជំងឺស្វិតសរសៃភ្នែក ដើម្បីអាចកំណត់ថាជាជំងឺស្វិតសរសៃភ្នែក អ្នកជំងឺត្រូវបានណែនាំឲ្យធ្វើការពិនិត្យភ្នែក ៖ •    ដោយវាស់គំហើញ ហើយកត់ត្រាទុក •    វាស់ពណ៌ មើលថាអ្នកជំងឺអាចមើលឃើញគ្រប់ពណ៌ ឬអត់ •    ពិនិត្យបាតភ្នែក មើលលើសរសៃអុបទិក (សរសៃអុបទិកធម្មតាមានពណ៌ក្រហមទុំ បើចំពោះអ្នកជំងឺស្វិតសរសៃភ្នែក នោះសរសៃអុបទិកមានពណ៌ស និងមិនឃើញមានសរសៃឈាម)។ ការព្យាបាលជំងឺត្រឹមត្រូវ អ្នកជំងឺស្វិតសរសៃភ្នែក ទាមទារឲ្យមានការព្យាបាលទៅតាមមូលហេតុ ដូចជា៖ •    ប្រសិនជាបណ្តាលមកពីជំងឺទឹកដក់ក្នុងភ្នែកឬមានដុំសាច់សង្កត់សរសៃភ្នែក អ្នកជំងឺត្រូវធ្វើការព្យាបាលជំងឺទឹកដក់ក្នុងភ្នែក ឬវះយកដុំសាច់មហារីកចេញ •    បើមានការរលាកសរសៃអុបទិក អ្នកជំងឺនឹងតម្រូវឲ្យប្រើថ្នាំ ឬប្រភេទវីតាមីនB ដើម្បីការពារមិនឲ្យស្វិតសរសៃអុបទិក •    ចំពោះអ្នកជំងឺដែលបាន និងកំពុងប្រើថ្នាំប្រឆាំងមហារីក ឬប្រឆាំងជំងឺរបេង គឺត្រូវមកពិនិត្យភ្នែក ដោយវាស់ការមើលឃើញ និងវាស់ពណ៌ជាប្រចាំ ប្រសិនបើថយចុះ អ្នកជំងឺអាចត្រូវណែនាំឲ្យផ្លាស់ប្តូរថ្នាំដែលគាត់ប្រើនោះចេញ •    ករណីតំណពូជ អ្នកជំងឺត្រូវចៀសវាងរៀបការជាមួយសាច់ញាតិ ដើម្បីបន្ថយហ្សែនដែលអាចកើតជំងឺនេះទៅជំនាន់បន្ទាប់។ ផ្ទុយទៅវិញ អ្នកជំងឺអាចវិវឌ្ឍទៅបាត់បង់គំហើញបាត់បង់សមត្ថភាពក្នុងការមើលពណ៌មួយចំនួន និងអាចឈានដល់ការពិការភ្នែកតែម្តង បើអ្នកជំងឺមិនបានធ្វើការព្យាបាល ឬយឺតយ៉ាវក្នុងការព្យាបាល។  វិធីសាស្រ្តការពារ វិធីសាស្រ្ត ដើម្បីការពារកុំឲ្យមានជំងឺស្វិតសរសៃភ្នែកមានដូចជា៖ •    ត្រូវមកពិនិត្យភ្នែកឲ្យបានទៀងទាត់ ឬរាល់ពេលដែលភ្នែកមានអាការៈខុសប្រក្រតីណាមួយកើតឡើង •    ករណីមានជំងឺទឹកដក់ក្នុងភ្នែក ទឹកនោមផ្អែម លើសសម្ពាធឈាម ហើមបាតភ្នែក រលាកស្រោមខួរ ការប្រើប្រាស់ថ្នាំដែលអាចប៉ះពាល់ដល់សរសៃអុបទិក ឬគ្រួសារ សាច់ញាតិធ្លាប់មានជំងឺនេះ ត្រូវពិនិត្យបាតភ្នែក ជាទៀងទាត់រៀងរាល់៣ ទៅ ៦ខែម្តង •    បញ្ឈប់ការជក់បារី និងគ្រឿងស្រវឹង •    ពាក់មួកសុវត្ថិភាពគ្រប់ពេលធ្វើដំណើរ។ ចំពោះសិស្ស និស្សិតវេជ្ជសាស្ត្រ ឬអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ប្រសិនបើជួបអ្នកជំងឺទឹកនោមផ្អែម ទឹកដក់ក្នុងភ្នែក ត្រូវណែនាំគាត់ឲ្យមកពិនិត្យបាតភ្នែកជាប្រចាំ ដើម្បីចៀសវាងកើតជំងឺស្វិតសរសៃភ្នែកដោយមិនដឹងខ្លួន។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ ដោរ សីហា ឯកទេសចក្ខុបណ្ឌិត មានតួនាទីជាអនុប្រធានផ្នែកចក្ខុរោគ និងអនុប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងជាអនុប្រធានកម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

មនុស្សមួយចំនួនធំយល់ថាអាការៈឈឺក្បាលញឹកញាប់របស់ខ្លួន ជាសញ្ញានៃផលប៉ះពាល់លើប្រព័ន្ធប្រសាទ ក្នុងពេលដែលអ្នកផ្សេងទៀត ហាក់មិនចាប់អារម្មណ៍ ឬសន្និដ្ឋានថាវាជាធម្មជាតិនៃការគិតច្រើន។ ដូច្នេះ ការពិតយ៉ាងណានោះ ករណីសិក្សាខាងក្រោមនឹងបង្ហាញលោកអ្នក…. សំណួរ៖ នាងខ្ញុំអាយុ ២២ឆ្នាំ កម្ពស់១ម៉ែត្រ៦២ ទម្ងន់ ៥១គីឡូក្រាម មានមុខរបរជានិស្សិត។ អស់រយៈពេល ៣ឆ្នាំមកហើយ ខ្ញុំមានអាការៈឈឺក្បាលខាងឆ្វេង និងព្រិលភ្នែក។ ខ្ញុំធ្លាប់ទទួលបានការព្យាបាលដោយការព្យួរសេរ៉ូម និងប្រើប្រាស់ថ្នាំ។ តើខ្ញុំគួរធ្វើយ៉ាងណាចំពោះជំងឺនេះ ប្រសិនបើពេលដែលខ្ញុំគិត គឺតែងមានអារម្មណ៍ឈឺ? ចម្លើយ៖ ដោយសារប្អូនស្រីជានិស្សិត មានការឈឺក្បាលខ្លាំងនៅពេលគិតច្រើន ហើយការព្យាបាលដោយព្យួរសេរ៉ូម និងប្រើប្រាស់ថ្នាំ គ្រាន់តែជួយសម្រួលបណ្តោះអាសន្នទេ។ ការឈឺក្បាលអស់រយៈពេល៣ឆ្នាំនេះ ប្រសិនបើតាមការវិភាគមិនមានការប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទខួរក្បាលនោះទេ ព្រោះមិនមានរោគសញ្ញាមួយចំនួនដូចជាកម្រើកដៃជើងមិនរួច ការប៉ះពាល់ដល់ភ្នែកដូចជាបិទភ្នែកមិនជិត និងអាការៈផ្សេងទៀតទេ ហើយដោយសារប្អូនមិនបានបញ្ជាក់ការឈឺចាប់ និងកម្រិតនៃការឈឺចាប់ផងដែរ។   ករណីប្អូនស្រី គួរតែរៀបចំរបៀបរស់នៅ ការគេង និងរបៀបគិតឡើងវិញ។ ការគិតឲ្យបានត្រឹមត្រូវ និងមានពេលវេលាច្បាស់លាស់អាចជួយសម្រួលប្អូនឲ្យធូរស្រាលពីការឈឺក្បាលបាន ប៉ុន្តែ គួរមកជួបវេជ្ជបណ្ឌិតជំនាញផ្នែកប្រព័ន្ធប្រសាទ និងខួរក្បាលដើម្បីពិភាក្សា ផ្តល់យោបល់បន្ថែម ធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ និងថាប្អូនមាន ឬក៏គ្មាន ជំងឺប្រកាំង (Migraine)។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល និងជានាយផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

នៅពេលកូនៗរបស់អ្នកចាប់ផ្តើមចូលសាលា វាមិនមែនជារឿងធម្មតាទេដែលពួកគេ មានការលំបាក ក្នុងការសិក្សាមុខវិជ្ជាគណិតវិទ្យា ហើយពួកគេក៏មិនចូលចិត្តមុខវិជ្ជានេះដែរ។ ប៉ុន្តែ មាតាបិតាទាំងអស់អាចជួយឲ្យពួកគេស្រឡាញ់មុខវិជ្ជានេះ តាមរយៈគន្លឹះខាងក្រោមនេះ ៖ និយាយពីគណិតវិទ្យារាល់ថ្ងៃជាមួយកូនៗរបស់អ្នក ក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង តែងតែប្រើប្រាស់គណិតវិទ្យាសម្រាប់ការងារជាច្រើន។ អ្នកអាចចាប់ផ្តើមដោយ និយាយទៅកាន់កូនៗរបស់អ្នកពីសារសំខាន់របស់គណិតវិទ្យា សម្រាប់ការរស់នៅដែលអាចឲ្យពួកគេវាស់វែងបាន និងភាពពិតជាក់ស្តែង។ ឧទាហរណ៍ ៖ ការគណនាពីរង្វាស់រង្វាល់ ឬចំណុះតាមរយៈការចម្អិនចំណីអាហារឬការកំណត់រយៈពេលចម្អិនជាដើម។ ម្យ៉ាងទៀត ការយល់ដឹងពីរូបរាង ទំហំ ឬមាឌរបស់វត្ថុ ក៏មានសារសំខាន់ដែរ ដោយអ្នកអាចប្រាប់ពួកគេពីរបស់របរប្រើប្រាស់ ឬបន្លែផ្លែឈើជាដើម។ ជួយពួកគេដោះស្រាយកិច្ចការសាលា តាមដានរាល់ការធ្វើកិច្ចការសាលា និងពិន្ទុរបស់ពួកគេថានៅមានការខ្វះខាតត្រង់ចំណុចណានៃគណិតវិទ្យាដើម្បីជួយពួកគេបន្ថែម។ អ្នកអាចជួយពួកគេដោះស្រាយលំហាត់គណិតវិទ្យាបានដោយមិនផ្ទាល់ តាមរយៈការបង្កើតឧទាហរណ៍សាមញ្ញៗដែលស្រដៀងនឹងលំហាត់របស់ពួកគេ ចៀសវាងការជួយដោះស្រាយលំហាត់ដោយផ្ទាល់ឲ្យពួកគេ។ ម៉្យាងទៀត អ្នកគួរតែជួបគ្រូបង្រៀនផ្ទាល់របស់កូនអ្នក ដើម្បីតាមដានបន្ថែមពីការសិក្សារបស់ពួកគេ។ បង្កើតតារាងពេលវេលា សម្រាប់ការសិក្សា កូនៗរបស់អ្នកអាចនៅចូលចិត្តលេងច្រើនជាងការសិក្សា តែមាតាបិតាក៏មិនអាចឃុំឃាំងពួកគេពីការលេងច្រើនបានដែរ។ ហេតុនេះហើយ អ្នកគួរតែបង្រៀនពួកគេឲ្យចេះគោរពពេលវេលា ជាពិសេសការរៀនគណិតវិទ្យា ដែលទាមទារឲ្យមានការអត់ធ្មត់ និងអនុវត្តជាប្រចាំ។ ការជួយពួកគេឲ្យមានទម្លាប់ល្អក្នុងការសិក្សា និងមិនធ្វើឲ្យពួកគេធុញនឹងការសិក្សា ព្រមទាំងទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការសិក្សា។   លេងហ្គេម ដែលបង្កើនចំណាប់អារម្មណ៍លើគណិតវិទ្យា ការលេងហ្គេម ដូចជាកូនឡុកឡាក់ អាចបង្ហាញប្រាប់ពួកគេ ពីតម្លៃរបស់គណិតវិទ្យាថាពិតជាមានគុណប្រយោជន៍សម្រាប់ពួកគេ ដោយអ្នកអាចសួរពួកគេ ឲ្យប្រាប់ពីចំនួនគ្រាប់ឡុកឡាក់ពេលដែលអ្នកទម្លាក់នៅពេលលេង។ កូនៗរបស់អ្នកនឹងមានសមត្ថភាពប្រាប់ពីចំនួនដោយមិនបាច់រាប់។ សកម្មភាពទាំងនេះ អាចបង្កើតជាបែបបទមូលដ្ឋានដោះស្រាយបញ្ហារបស់ពួកគេ ហើយនឹងជួយពួកគេឲ្យយល់ពីគណិតវិទ្យាកាន់តែស៊ីជម្រៅ។ កុំធ្វើឲ្យពួកគេមានភាពភ័យខ្លាច ចំពោះមុខវិជ្ជានេះ មានឪពុកម្តាយខ្លះ គិតថាពួកគេមិនពូកែមុខវិជ្ជាគណិតវិទ្យា ហើយវាជារឿងដែលមិនគួរឲ្យកូនរបស់អ្នកដឹងរឿងនេះទេ។ ឪពុកម្តាយជាជនគំរូដែលពួកគេយកតម្រាប់តាម ហេតុនេះ ប្រសិនបើអ្នកប្រាប់កូនៗរបស់អ្នកថាអ្នកមិនពូកែគណិតវិទ្យានោះ អាចចាត់ជាសារដល់ពួកគេថា វាមិនមានបញ្ហាអ្វីទេ ប្រសិនបើមិនពូកែគណិតវិទ្យា ហើយពួកគេនឹងមិនមានភាពភ័យខ្លាចនោះដែរ។ គន្លឹះខ្លីៗខាងលើនេះ គួបផ្សំនឹងការខិតខំជួយពីសំណាក់អ្នកជាមាតាបិតានឹងធ្វើឲ្យកូនៗ មិនគេចវេសពីការរៀនគណិតវិទ្យា តែចាប់ផ្តើមចូលចិត្តរៀន និងស្វែងយល់បន្ថែម។ សំខាន់ជាងនេះទៀត ការជួយពួកគេឆ្លងផុតពីការលំបាក នៅពេលពួកគេនៅតូច នឹងជួយពួកគេនៅពេលធំឡើងព្រោះមុខវិជ្ជានេះ សំខាន់ក្នុងចំណោមមុខវិជ្ជាដទៃ និងចូលរួមយ៉ាងសំខាន់ សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដែរ។   ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សន្និសីទឱសថសាស្រ្តលើកទី១ ត្រូវបានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំប៊ី ជាន់ទី៣ អគារប៊ី នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ដោយមានការចូលរួមពីឱសថការី និងនិស្សិតឱសថសាស្រ្តចំនួន២០០នាក់ ដែលអញ្ជើញមកពីអង្គការក្រៅរដ្ឋាភិបាល ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សហគ្រាសផលិតឱសថ ឱសថស្ថានឯកជន និងមហាវិទ្យាល័យឱសថសាស្រ្តនានា នៅក្នុងប្រទេសកម្ពុជា។  សន្និសីទនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព  លោកសាស្រ្តាចារ្យ អ៊ាន ហ្វីនលេ សាកលវិទ្យាធិការ និងអនុអធិការបតី នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត លោក បាន បុត្តា ប្រធានក្រុមប្រឹក្សាគណៈឱសថការីកម្ពុជា និងឯកឧត្តម ឱសថការី លឹម រតនៈ ប្រធានសមាគមឱសថការីកម្ពុជា ។ វាគ្មិនកិត្តិយស១១នាក់ បានចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ ការអនុវត្ត និងភាពជោគជ័យនានារបស់ខ្លួននៅក្នុងផ្នែកចំនួនប្រាំក្នុងវិស័យឱសថសាស្រ្ត៖ ឱសថសាស្រ្តគ្លីនិក ឱសថសាស្រ្តសហគមន៍ ឱសថសាស្រ្តឧស្សាហកម្ម វេជ្ជជីវសាស្រ្ត និងឱសថសាស្រ្តពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះដែរ ក៏មានការតាំងពិព័រណ៍ផលិតផល និងសេវាកម្មរបស់ផ្នែកឱសថសាស្រ្ត និងក្រុមហ៊ុននានាដែលនិស្សិតអាចស្វែងយល់បន្ថែមអំពីការសិក្សាស៊ីជម្រៅលើជំនាញឱសថសាស្រ្ត ឱកាសការងារតាមក្រុមហ៊ុន និងការស្វែងយល់អំពីព័ត៌មានផលិតផលឱសថមួយចំនួន។ តាមរយៈសន្និសិទនេះ អ្នកចូលរួមទាំងអស់ បានទទួលនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដែលមានសារៈសំខាន់សម្រាប់អាជីពទៅថ្ងៃក្រោយ និងជាទុនសម្រាប់សិក្សាបន្តក្នុងថ្ងៃអនាគត។ ជាលទ្ធផល គណៈអធិបតី វាគ្មិន ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ បានវាយតម្លៃខ្ពស់ពីការរៀបឲ្យមានសន្និសីទឱសថសាស្រ្តលើកទី១ ដែលជាសន្និសីទដំបូងគេបំផុតនៅក្នុងប្រទេសកម្ពុជា ហើយសន្និសីទនេះ នឹងជាផ្នែកមួយនៃការបណ្តុះបណ្តាលបន្តសម្រាប់វិជ្ជាជីវៈឱសថសាស្រ្ត ដែលឱសថការីទាំងអស់តម្រូវឲ្យចូលរួមជាចាំបាច់នៅក្នុងអនាគតដ៏ខ្លីខាងមុខ។ សន្និសីទនេះ គឺជាជោគជ័យមួយដ៏ធំធេងសម្រាប់វិជ្ជាជីវៈឱសថសាស្រ្តទាំងមូល និងវិស័យសុខាភិបាលនៅប្រទេសកម្ពុជា និងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត និយាយដោយឡែក  ដែលជាអ្នកផ្តួចផ្តើមបង្កើតឲ្យមាននូវសន្និសីទឱសថសាស្រ្តដំបូងគេនេះឡើង។ គណៈកម្មការរៀបចំសន្និសីទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈអធិបតី វាគ្មិន ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួម និងចែករំលែកនៅក្នុងសន្និសីទនេះ និងជាពិសេស សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនឧបត្ថម្ភកម្មវិធីដែលមានដូចជា ក្រុមហ៊ុនDKSH សហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម សហគ្រាសផលិតឱសថ ជា ចំណាន សហគ្រាសផលិតឱសថ អឺហ្វាក់ និងសហគ្រាសផលិតឱសថអន្តរជាតិ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ជាទូទៅ យើងត្រូវដុសធ្មេញជាទៀងទាត់ បន្ទាប់ពីបរិភោគចំណីអាហាររួច ឬយ៉ាងតិចក្នុង១ថ្ងៃ ២ដង​ គឺពេលព្រឹក និងសំខាន់បំផុតពេលមុនចូលគេង។ ដើម្បីទទួលបានការសម្អាតមាត់ធ្មេញបានត្រឹមត្រូវ សូមអនុវត្តតាមវិធីឲ្យដូចខាងក្រោមៈ ១. ដាក់ច្រាសដុសធ្មេញរបស់អ្នកនៅមុំ ៤៥ដឺក្រេ នៅលើធ្មេញធៀបនឹងអញ្ចាញធ្មេញ ហើយដុសថ្នមៗតាមចលនាពីមុខទៅក្រោយ ឬពីក្រោយទៅមុខសម្រាប់សម្អាតបាក់តេរី នៅចន្លោះកធ្មេញ និងអញ្ចាញធ្មេញ (ដុសទាំងផ្ទៃខាងក្នុង និងខាងក្រៅសំរាប់ធ្មេញក្រោយ)។ ២. ដាក់ច្រាសដុសធ្មេញ៩០ដឺក្រេ កែងនឹងផ្ទៃនៃធ្មេញទាំងផ្ទៃខាងក្រៅ និងផ្ទៃខាងក្នុង ហើយដុសស្របតាមអក្សធ្មេញ បើធ្មេញលើដុសមកក្រោម ធ្មេញក្រោមដុសទៅលើ ដោយដុសជាចលនាកន្លះរង្វង់ ចំពោះធ្មេញខាងមុខផ្ទៃខាងក្នុង យើងដុសដោយបញ្ឈរច្រាស ហើយដុសតាមចលនាទាញចេញមកក្រៅ។ ៣. ដុសធ្មេញគ្រប់ផ្នែក គឺផ្ទៃខាងក្រៅ ផ្ទៃខាងក្នុង និងផ្ទៃទំពាររបស់ធ្មេញទាំងអស់។ ៤. បន្ថែមពីការដុសធ្មេញ យើងក៏ត្រូវដុសអណ្ដាតផងដែរ ដើម្បីសម្អាតបាក់តេរី និងរក្សាការដកដង្ហើមឲ្យបានស្រស់ថ្លា។ ៥. យើងក៏ត្រូវប្រើខ្សែអំបោសទាក់ធ្មេញ(dental floss) ដើម្បីសម្អាតកាកសំណល់ចំណីអាហារនៅចន្លោះធ្មេញ ព្រោះថាច្រាសដុសធ្មេញមិនអាចសម្អាតដល់ចន្លោះធ្មេញបានទេ (យ៉ាងតិចប្រើមួយដងក្នុងមួយថ្ងៃ នៅពេលយប់មុន ឬក្រោយដុសធ្មេញ)។ ៦. យើងប្រើទឹកខ្ពុរមាត់ ដើម្បីសម្លាប់មេរោគ បន្ទាប់ពីដុសធ្មេញហើយ (ប្រើ២ដងក្នុងមួយថ្ងៃ ពេលព្រឹក និងល្ងាច) ៧. ត្រូវធ្វើការត្រួតពិនិត្យ និងសម្អាតមាត់ធ្មេញជាទៀងទាត់ រៀងរាល់៦ខែម្ដងជាមួយទន្តពេទ្យជំនាញដែលនៅជិតលោកអ្នក។ បកស្រាយដោយលោកទន្តបណ្ឌិត លឹម ឈុនស្រេង នៃ  Malis Dental Clinic ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សម្រាប់អ្នកដែលបានចូលរួម កម្មវិធី Pharmacist Talk “និយាយជាមួយសិស្សច្បងពីដំណើរក្រោយរៀនចប់” នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ ប្រហែលជាបានដកសញ្ញាសួរ (?)បានមួយចំនួនធំហើយ។ ប៉ុន្តែចំពោះអ្នកដែលខកខានមិនបានចូលរួម អាចតាមដានលើ ទំព័រហ្វេសប៊ុក របស់ Healthtime Pro នូវវីដេអូសង្ខេបកម្មវិធី Pharmacist Talk របស់យើងដែលនឹងចេញនាពេលខាងមុខ។ គួរបញ្ជាក់ថា កម្មវិធី Pharmacist Talk ត្រូវបានប្រារព្ធនៅមជ្ឈមណ្ឌលសហប្រត្តិការកម្ពុជា-ជប៉ុន(CJCC) រៀបចំដោយ ក្រុមការងារ ហេលស៍ថាម ប្រូ (HEALTHTIME PRO) របស់ក្រុមហ៊ុន ហេលស៍ថាម ខបភូរេសិន (HEALTHTIME CORPORATION) និងរួមសហការឧបត្ថម្ភដោយផលិតផល Coxil។ គោលបំណងសំខាន់នៃកម្មវិធីនេះមានចំនួន ២ធំៗគឺ៖ ទីមួយ “ការជួយតម្រង់ផ្លូវពីអាជីពនាពេលអនាគត បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកឱសថសាស្រ្ត” និងទីពីរ “ការជួបសន្ទនាផ្ទាល់ ភ្ជាប់ទំនាក់ទំនង រវាងគ្រួសារឱសថការី ”។ កម្មវីធីរយៈពេលកន្លះថ្ងៃនេះបានធ្វើការចាប់ផ្តើមពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ ដោយមានការចូលរួមពីវាគ្មិនកិត្តិយសចំនួន ១០រូបដែលជាអតីតនិស្សិតឱសថសាស្ត្រ និងសុទ្ធសឹងតែជោគជ័យលើវិថីការងារផ្សេងៗគ្នានាពេលបច្ចុប្បន្ន។ កម្មវិធីប្រព្រឹត្តទៅដោយមានចូលរួមយ៉ាងផុសផុល ពីសំណាក់ឱសថការី ក៏ដូចជានិស្សិតឱសថសាស្ត្រប្រមាណជាង ៧០នាក់ផងដែរ។  សកម្មភាពពេញមួយព្រឹកចែកចេញជា២ គឺ៖ 1. ការចែករំលែកបទពិសោធន៍ពីសំណាក់សិស្សច្បងទាក់ទងនឹង ការសម្រេចចិត្តជ្រើសរើសការងារបច្ចុប្បន្ន(ហេតុអ្វី និងអ្វីជាកត្តាជម្រុញឲ្យជ្រើសរើសអាជីពបច្ចុប្បន្ននេះ? ធ្លាប់ជួបប្រទះទុក្ខលំបាក និងចំណុចពេញចិត្តអ្វីខ្លះលើវិថីមួយនោះ?) 2. ការប្រឹក្សាយោបល់ជាក្រុម ដោយអ្នកចូលរួមមានឱកាសសាកសួរសំណួរ សុំការផ្តល់យោបល់ ជាមួយសិស្សច្បងដែលមានបទពិសោធន៍ផ្សេងគ្នា ដើម្បីឲ្យពួកគេអាចត្រៀមខ្លួន មុនពេលឈានទៅកាន់ការជ្រើសរើសអាជីពដែលខ្លួនស្រឡាញ់ ឬក៏សម្រេចចិត្តរៀនបន្តថ្នាក់ក្រោយឧត្តមសិក្សា។ គួរបញ្ជាក់ផងដែរថា សិស្សច្បងឱសថការី ដែលបានចូលរួមចែករំលែកនៅក្នុង Pharmacist Talk នេះ រួមមាន៖ 1. លោកស្រីបណ្ឌិតឱសថសាស្ត្រឯកទេស ហែម សុភក្តិ ប្រធានផ្នែកមន្ទីរពិសោធន៍វេជ្ជជីវសាស្ត្រចាតានិងជាសាស្ត្រាចារ្យផ្នែកមីក្រូជីវសាស្ត្រនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល 2. កញ្ញាបណ្ឌិតឱសថសាស្ត្រឯកទេស យូ វណ្ណី អ្នកសម្របសម្រួលគម្រោងការគ្រប់គ្រងប្រព័ន្ធគុណភាពមន្ទីរពិសោធន៍ 3. លោកស្រីបណ្ឌិតឱសថសាស្ត្រឯកទេស ឆាយ សុខដាលីស អនុប្រធានការិយាល័យគ្រប់គ្រងឱសថសុវត្ថិភាពចំណីអាហារនៃមន្ទីរសុខាភិបាលខេត្តកណ្តាល 4. លោកឱសថការី អោក សៅ អ្នកគ្រប់គ្រងផលិតផលនៃក្រុមហ៊ុន សាណូហ្វី កម្ពុជា 5. លោកស្រីឱសថការី ជា បានហេង នាយកបច្ចេកទេសនៃសហគ្រាសផលិតឱសថ អន្តរជាតិ 6. កញ្ញាឱសថការី ចាន់ បូរ៉ា Business Development Leader & Pharmacy Supervisor at Community Pharma Co., Ltd. 7. កញ្ញាឱសថការី ឃាង ស៊ីវហ៊ុង អ្នកគ្រប់គ្រងផលិតផលនៃក្រុមហ៊ុនហេលស៍ថាម ខប 8. លោកឱសថការី ខេង សេងលី អតីតឱសថការីនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ 9. កញ្ញាឱសថការី ស៊ីម ជីវីរ័ត្ន ស្ថាបនិកឱសថស្ថានអង្គរហ្វាម៉ា 10. កញ្ញាឱសថការី អ៊ីវ សុភា Pharmacist epidemiologist at Institute Pasteur of Cambodia និងជានិស្សិតថ្នាក់បណ្ឌិត។ ដើម្បីទទួលបានព័ត៌មានបន្ថែម សម្រាប់វគ្គសិក្សាដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខទៀត សូមតាមដានក្នុង Healthtime Pro ទាំងអស់គ្នា... ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

តើអ្នកគិតថាកូនរបស់អ្នកមានការពិបាកក្នុងការចងចាំព័ត៌មានផ្សេងៗ ឬងាយភ្លេច ប្រសិនបើមានសកម្មភាពណាមួយមកកាត់ផ្តាច់មិនថាជាសកម្មភាពប្រចាំថ្ងៃ ឬការសិក្សារៀនសូត្ររបស់ពួកគេដែរឬទេ? ប្រសិនបើអ្នកជួបបញ្ហាទាំងនេះកើតឡើងលើកូនៗរបស់អ្នក ឬដើម្បីការពារកុំឲ្យបញ្ហាទាំងនេះកើតឡើង សកម្មភាពទាំង៥ខាងក្រោមនេះ ប្រហែលជានឹងអាចជួយបាន៖ ពង្រឹងលើការស្រមើស្រមៃជារូបភាព លើកទឹកចិត្តដល់កូនរបស់អ្នក ឲ្យចេះបង្កើតរូបភាពក្នុងការគិតរបស់គេនៅពេលពួកគេអាន ឬឮអ្វីមួយ។ ចាប់ផ្តើមដោយឲ្យកូនៗរបស់អ្នកស្រមៃមើល ប្រសិនបើយើងចង់រៀបតុញ៉ាំអាហារសម្រាប់ក្រុមមនុស្ស ៥នាក់ តើតុ និងកៅអីគួរមានរូបរាងយ៉ាងណា? បន្ទាប់មក អាចឲ្យពួកគេគូររូបដែលពួកគេបានគិតនោះចូលក្នុងក្រដាស។ នៅពេលកូនរបស់អ្នកមានការស្រមើស្រមៃបានប្រសើរហើយ អ្នកអាចចាប់ផ្តើមឲ្យពួកគេពិពណ៌នារូបភាពក្នុងក្តីស្រមៃរបស់ពួកគេដោយមិនចាំបាច់មានការគូរទៀតទេ។ លើកទឹកចិត្តឲ្យពួកគេចេះសួរសំណួរ ដើម្បីជំនួយដល់ការគិតត្រិះរិះរបស់កុមារ មាតាបិតាគ្រប់រូបគួរតែលើកទឹកចិត្តដល់ពួកគេឲ្យសួរជាសំណួរ និងបញ្ចេញមតិយោបល់លើប្រធានបទណាមួយ។ ការធ្វើបែបនេះ អាចឲ្យអ្នកដឹងពីកម្រិតនៃការយល់លើប្រធានបទ និងការចងចាំរបស់កុមារ ថែមទាំងអាចជួយពួកគេបង្កើនការគិតឲ្យបានល្អ និងសមត្ថភាពក្នុងការដោះស្រាយបញ្ហារបស់ពួកគេ។ ច្នៃមេរៀន ឬព័ត៌មាន ជាចង្វាក់ភ្លេង ឬចម្រៀង ការជួយកូនៗរបស់អ្នក បង្កើតជាចង្វាក់ភ្លេង កំណាព្យ ឬចម្រៀង ពីមេរៀនដែលពួកគេពិបាកក្នុងការចងចាំ អាចជួយពួកគេឲ្យងាយស្រួលទន្ទេញ និងចាំបានរយៈពេលយូរ។ ដោយហេតុថា ខួរក្បាលរបស់មនុស្សម្នាក់ៗមានលក្ខណៈពិសេស អាចចងចាំបានល្អ ចំពោះចង្វាក់ភ្លេង ឬចម្រៀង ដូចនេះ ការច្នៃមេរៀនតាមចង្វាក់ភ្លេង ឬជាចម្រៀងអាចជួយកូនៗរបស់អ្នកឲ្យចងចាំមេរៀនបានល្អ និង ងាយស្រួលក្នុងការរំឭកឡើងវិញ។ ឲ្យពួកគេបង្រៀនអ្នកវិញ អ្នកអាចលើកទឹកចិត្តឲ្យកូនៗរបស់អ្នកពន្យល់ ឬបង្រៀនអ្វីដែលពួកគេបានសិក្សាពីសាលា ឬព័ត៌មានផ្សេងៗ ដែលពួកគេបានដឹងពីមិត្តភក្តិជាដើម។ អនុញ្ញាតឲ្យពួកគេ បង្កើតជាឧទាហរណ៍ ដោយខ្លួនឯង ឬអាចមានជាសម្ភារៈជាក់ស្តែងជាផ្នែកនៃការបង្រៀន ដើម្បីសម្រួលដល់ការចងចាំ និងការច្នៃប្រឌិតរបស់ពួកគេ។ លេងល្បែងពង្រឹងលើការមើល ដើម្បីឲ្យការមើល គួបផ្សំនឹងការចងចាំរបស់កុមារមានភាពរហ័សរហួន លោកអ្នកអាចឲ្យកុមារស្វែងរកពាក្យនៅក្នុងអត្ថបទ ដោយមានការកំណត់រយៈពេលការលេងផ្គុំរូបភាព ឬការស្វែងរករូបភាពក្នុងទស្សនាវដ្តីជាដើម។ ម្យ៉ាងទៀត ល្បែងមួយចំនួនក៏ជួយដល់ការចងចាំកុមារដែរ ដូចជាការលេងបៀរក្រដាស (Uno) អាចឲ្យកុមារព្យាយាមចាំច្បាប់នៃការលេង និងសន្លឹកបៀរ របស់ពួកគេ។ មាតាបិតាគ្រប់រូបអាចធ្វើសកម្មភាពទាំងនេះជាមួយកូនៗនៅផ្ទះ ព្រោះក្រៅពីជំនួយដល់ការចងចាំ និងសមត្ថភាពក្នុងការដោះស្រាយបញ្ហារបស់ពួកគេហើយ វាក៏រួមចំណែកបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសាររបស់អ្នក ព្រមទាំងអាចស្វែងយល់ពីតម្រូវការបន្ថែមរបស់កុមារទាំងក្នុងការរៀនសូត្រ និង ការរស់នៅប្រចាំថ្ងៃ។ ​©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top