
- Dec 19, 2018 |
- 6 years ago |
- 3.9K views
MORPHINE សម្រាប់បំបាត់ការឈឺចាប់បែបណាខ្លះ?
ការឈឺចាប់កម្រិតមធ្យម ឬខ្លាំងក្លា បណ្តាលមកពីជំងឺមួយចំនួនដូចជា មហារីក ការឈឺចាប់បន្ទាប់ពីការវះកាត់ ឬរបួសផ្សេងៗ ត្រូវបានគ្រប់គ្រងតាមរយៈឱសថ Morphine ស្ថិតនៅក្នុងប្រភេទ Opioid ដែលវាមានសមត្ថភាពផ្លាស់ប្តូរការឆ្លើយតបរបស់ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទទៅនឹងការឈឺចាប់។ សកម្មភាពឱសថ សកម្មភាពដំបូងរបស់ Morphine ធ្វើឡើងដោយឆ្លើយតបទៅនៃ mu-opioid រ៉េស៊ិបទ័រ ដែលជារ៉េស៊ិបទ័រមួយនៃប្រព័ន្ធសរសៃប្រសាទ រ៉ាប់រងឲ្យមានឥទ្ធិពលបំបាត់ការឈឺចាប់។ កម្រិតស្រូបចូលនៃឱសថ Morphine ត្រូវបានចែកចាយយ៉ាងលឿនទៅកាន់រាងកាយ និងខួរក្បាល ដែលកំហាប់ខ្ពស់បំផុតក្នុងផ្លាស្មា បន្ទាប់ពីការលេបឱសថគ្រាប់ធ្វើឡើងក្នុងរយៈពេល ៣០ ទៅ ៩០នាទី ហើយសម្រាប់ការប្រើប្រាស់ក្រោមទម្រង់ជាថ្នាំចាក់តាមស្បែក និងសាច់ដុំ គេឃើញមានកំហាប់កើនខ្ពស់បំផុតបន្ទាប់ពី ១៥ ទៅ ២០នាទី ចំណែកការបញ្ចេញចោលពាក់កណ្តាលត្រូវបានសង្កេតឃើញមាននៅក្នុងរយៈពេល ១ ទៅ២ម៉ោង។ ឱសថត្រូវរងការធ្វើមេតាបូលីសពីសរីរាង្គថ្លើមក្នុងអត្រា៤០% ទៅ ៥០% មុនពេលជ្រាបទៅដល់ប្រព័ន្ធសរសៃប្រសាទ ក្រោមប្រតិកម្ម glucuronidation បង្កើតឲ្យមានមេតាបូលីតជាចម្បងឈ្មោះ morphine-3-glucuronide (M3G) និង morphine-6-glucuronide (M6G) ដែលនឹងត្រូវបញ្ចេញចោលតាមរយៈទឹកនោម។ កម្រិត និងការប្រើប្រាស់ ចំពោះការប្រើប្រាស់ឱសថ Morphine ទាមទារការណែនាំពីឱសថការី ឬវេជ្ជបណ្ឌិត ដែលកម្រិតសម្រាប់មនុស្សពេញវ័យសង្កេតឃើញរួមមាន៖ • ឱសថទម្រង់គ្រាប់៖ អាចប្រើបាន ១៥ ទៅ ៣០មីលីក្រាម រៀងរាល់ ៤ម៉ោងម្តង • ឱសថទម្រង់សូលុយស្យុង៖ អាចប្រើបាន ១០ ទៅ ២០មីលីក្រាម ដែលប្រែប្រួលទៅតាមរយៈពេលនៃការវះកាត់ ឬកម្រិតនៃការឈឺចាប់។ ផលរំខាន រោគសញ្ញាដែលជាផលរំខានបណ្តាលមកពីឱសថអាចនឹងលេចឡើង និងគួរផ្តល់ជាព័ត៌មានទៅកាន់វេជ្ជបណ្ឌិតប្រសិនអាការៈកាន់តែធ្ងន់ធ្ងរដូចជា៖ • ធីងធោង • ឈឺចាប់ ឬរមួលក្នុងពោះ • ស្ងួតមាត់ • ឈឺក្បាល • ភ័យព្រួយ ឬអារម្មណ៍ផ្លាស់ប្តូរ • ប្រស្រីភ្នែករួមតូច • វិបត្តិក្នុងការបត់ជើងតូច។ល។ អន្តរកម្មឱសថ ការប្រឈមទៅនឹងឥទ្ធិពលនៃផលរំខានរបស់ឱសថMorphine នឹងកាន់តែកើនឡើង ក្នុងករណីអ្នកជំងឺប្រើប្រាស់រួមជាមួយប្រភេទឱសថដទៃផ្សេងទៀតដូចជា៖ • ឱសថបំបាត់ការឈឺចាប់ប្រភេទ Opioid ឬថ្នាំបំបាត់ក្អក (Codeine, Hydrocodone) • សារធាតុញៀន • ឱសថងងុយគេង (Alprazolam, Lorazepam) • ឱសថបន្ធូរសាច់ដុំ (Carisoprodol, Cyclobenzaprine) • ឱសថប្រឆាំងអាល្លែកហ្ស៊ី (Cetirizine, Diphenhydramine)។ បន្ថែមពីឱសថខាងលើ ក៏នៅមានឱសថមួយចំនួនទៀតដែលអាចបង្កជាអន្តរកម្មឱសថ ដូច្នេះអ្នកជំងឺគួរកត់សម្គាល់ ឬរក្សាទុកឱសថដែលធ្លាប់បានឬកំពុងប្រើប្រាស់ សម្រាប់ការផ្តល់ជាដំណឹងទៅដល់វេជ្ជបណ្ឌិតមុនពេលអាចចាប់ផ្តើមប្រើប្រាស់ឱសថ Morphine។ បម្រុងប្រយ័ត្ន ការប្រើប្រាស់ឱសថនេះ ក៏ត្រូវទាមទារឲ្យមានការប្រុងប្រយ័ត្នក្នុងលក្ខខណ្ឌមួយចំនួនដូចជា៖ • បញ្ហាអាល្លែកហ្ស៊ី៖ សារធាតុនៅក្នុង Morphine អាចបង្កជាប្រតិកម្មចំពោះអ្នកជំងឺ ហេតុនេះការពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញគួរអនុវត្តឡើងមុនពេលប្រើប្រាស់ • ប្រវត្តិមានជំងឺ៖ ប្រាប់ដំណឹងទៅដល់គ្រូពេទ្យជាមុន ប្រសិនអ្នកមានជំងឺទាក់ទងទៅនឹងសរីរាង្គក្បាល វិបត្តិដង្ហើម តម្រងនោម ថ្លើម ឬក្រពះ ពោះវៀនជាដើម • ហាមប្រើប្រាស់សារធាតុអាល់កុល ជាមួយគ្នានឹងឱសថ Morphine ដោយហេតុថាអ្នកជំងឺនឹងអាចប្រឈមទៅនឹងអាការៈធីងធោងកាន់តែធ្ងន់ធ្ងរ • ចំពោះស្រ្តីមានផ្ទៃពោះនិងស្រ្តីបំបៅដោះកូន៖អាចប្រើប្រាស់ឱសថនេះបាន ក្នុងករណីដែលចាំបាច់បំផុត ក្រោមការណែនាំរបស់វេជ្ជបណ្ឌិត។ គួរបញ្ជាក់ដែរថា ឱសថ Morphine កំពុងមាននៅលើទីផ្សារមានឈ្មោះដូចជា ArymoTM ER និង MORPHIGESIC-30 ដែលការប្រើប្រាស់ចាំបាច់ត្រូវធ្វើទៅតាមវេជ្ជបញ្ជា។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share