Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

នាថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ សមាគមអ្នកចែកចាយឱសថកម្ពុជាបានរៀបចំនូវកម្មវិធីសមាជលើកទី២ ក្រោមប្រធានបទ «ការចែកចាយឱសថស្របច្បាប់ និងមានគុណភាពនៅក្នុងប្រទេសកម្ពុជា» នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។ កម្មវិធីសមាជរយៈពេលកន្លះថ្ងៃនេះបានធ្វើការចាប់ផ្តើមពីម៉ោង ៨:៣០នាទី ដល់ម៉ោង១២ថ្ងៃត្រង់ ដោយមានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ លោកវេជ្ជបណ្ឌិត ស៊ាន ស៊ីនឌី ប្រធានសមាគម លោក ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល លោក ហៀន គឹមសៀត តំណាងក្រសួងសុខាភិបាល និងលោក ហេង វិចិត្រ អគ្គលេខាធិការសមាគម និងឯកឧត្តម លោកជំទាវ លោកវេជ្ជបណ្ឌិត ឱសថការី លោក លោកស្រីដែលជាសមាជិកនៃសមាគមអ្នកចែកចាយឱសថកម្ពុជាទាំងអស់ ព្រមទាំងតំណាងក្រុមហ៊ុនចែកចាយឱសថប្រមាណជាង ១៣០នាក់ផងដែរ។ យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ស៊ាន ស៊ីនឌី នាឱកាសនោះបានលើកឡើងថា «សមាគមអ្នកចែកចាយឱសថកម្ពុជាត្រូវបានបង្កើតឡើងដោយស្ថាបនិកក្រុមហ៊ុនអ្នកចែកចាយឱសថកម្ពុជាមួយចំនួនក្នុងទស្សនៈវិស័យ និងទិសដៅដូចគ្នា ឬជួបហេតុការណ៍ប្រចាំថ្ងៃប្រហាក់ប្រហែលគ្នា។ ហេតុផលទាំងអស់នេះបានជំរុញឲ្យក្រុមហ៊ុន និងស្ថាបនិកទាំងអស់ធ្វើការជួបជុំគ្នាជាច្រើនដងដើម្បីរៀបចំរចនាសម្ព័ន្ធ និងការសម្របសម្រួលឲ្យចេញជារូបរាងឡើង ដើម្បីដាក់ឲ្យក្រសួងមហាផ្ទៃធ្វើការពិនិត្យ និងសម្រេច ហើយជាលទ្ធផលត្រូវបានទទួលស្គាល់នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១២។ លោកក៏បានលើកឡើងបន្ថែមទៀតថា គោលបំណងនៃការបង្កើតសមាគមអ្នកចែកចាយឱសថកម្ពុជាគឺដើម្បីចែករំលែកព័ត៌មានដែលទទួលបានពីក្រសួងសុខាភិបាលទៅកាន់សមាជិក។»  ដោយឡែក លោក ហេង វិចិត្រ បានលើកឡើងបន្ថែមទៀតថា «កម្មវិធីសមាជ សមាគមអ្នកចែកចាយឱសថកម្ពុជា ប្រារព្ធឡើងក្នុងគោលបំណងធ្វើការសហការជាមួយស្ថាប័នដែលពាក់ព័ន្ធនានាដើម្បីគាំពារផ្នែកច្បាប់ទៅលើការនាំចូលនាំចេញឱសថ ក្នុងករណីមានបញ្ហាបច្ចេកទេសផ្សេងៗ។ ជួយសម្របសម្រួលរវាងសមាជិកមួយទៅសមាជិកមួយទៀត ឧបត្ថម្ភគាំពារទាំងស្មារតី និងសម្ភារៈដល់សមាជិក ពាំនាំពាក្យរបស់អ្នកចែកចាយឱសថរបស់សមាជិកជូនទៅក្រសួងសុខាភិបាល និងក្រសួងដែលពាក់ព័ន្ធក្នុងគោលបំណងសហការគ្នា និងលើកកម្ពស់ក្នុងការប្រើប្រាស់ឱសថ ព្រមទាំងជួបប្រជុំគ្នានូវបញ្ហាប្រឈមនានារបស់សមាជិក ដែលពាក់ព័ន្ធទៅនឹងការចុះបញ្ជិកាឱសថ ធ្វើការទំនាក់ទំនងជាមួយសមាគមឱសថដែលពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេសជាដៃគូរ និងធ្វើការផ្សព្វផ្សាយការប្រើប្រាស់ឱសថតាមរយៈការពិគ្រោះយោបល់ក្នុងសិក្ខាសាលាដើម្បីឲ្យអ្នកចែកចាយ អ្នកប្រើប្រាស់យល់ដឹងពីឱសថ។» គួរបញ្ជាក់ម្តងទៀតថា បន្ទាប់ពីការធ្វើបទបង្ហាញពីវាគ្មិនកិតិយជាច្រើនរូប កម្មវិធីសមាជនេះបានបញ្ចប់ជាមួយនឹងវេទិកាសំណួរចម្លើយ ពីអ្នកចូលរួមទាំងអស់យ៉ាងសកម្ម និងប្រកបដោយលទ្ធផលល្អយ៉ាងគាប់ប្រសើរផងដែរ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

មានទង្វើខ្លះដែលអ្នកអាចនឹងធ្វើជាប្រចាំ និងរៀងរាល់ថ្ងៃដោយមិនដឹងខ្លួនថា បានធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសសម្រស់របស់ខ្លួនឯងឡើយ... បើសិនជាអាចសូមចៀសវាងនូវសកម្មភាពខាងក្រោមនេះ ដើម្បីធានាបានមួយផ្នែកថា អ្នកមិនបាន ឬកំពុងតែផ្តល់ផលអវិជ្ជមានដល់សម្រស់របស់អ្នក៖ ការដុសសម្អាតធ្មេញភ្លាម ក្រោយទទួលទានកាហ្វេ ថ្វីត្បិតថា ជាតិអាស៊ីត និងស្ករនៅក្នុងកាហ្វេ សូដា និងទឹកផ្លែឈើនឹងកម្ទេចចោលស្រទាប់ក្រៅបង្អស់របស់ធ្មេញ ដែលហៅថា «កាចាធ្មេញ» ប៉ុន្តែ អ្នកមិនគួរដុសសម្អាតវាចេញភ្លាមៗនោះទេ។ នៅពេលដុសធ្មេញភ្លាមៗក្រោយទទួលទានអាហារ ឬភេសជ្ជៈមានជាតិអាស៊ីតនោះ វានឹងកម្ទេចចោលនូវកាចាដែលទន់ខ្សោយ ហេតុនេះហើយ អ្នកគួរតែធ្វើការខ្ពុរសម្អាតជាមួយនឹងទឹកស្អាតជាមុនសិន ហើយរង់ចាំប្រមាណជា១ម៉ោងសឹមធ្វើការដុសសម្អាតធ្មេញរបស់អ្នក។ ការញ៉ាំភេសជ្ជៈមានជាតិអាល់កុលដោយមិនញ៉ាំទឹក ជាតិអាស៊ីត និងតានីន (Tannin) ដែលមាននៅក្នុងស្រានឹងបំផ្លាញកាចាធ្មេញ ហើយធ្វើឲ្យធ្មេញងាយនឹងឡើងពណ៌ទៀតផង។ ជាតិអាល់កុលក៏នឹងធ្វើឲ្យមាត់ស្ងួត ដែលមានន័យថាបរិមាណទឹកមាត់នឹងថយចុះ ហើយក៏មានភាពលំបាកក្នុងការកម្ចាត់ចោលនូវជាតិអាស៊ីត និងបាក់តេរី។ ដើម្បីការពារបញ្ហានេះ អ្នកអាចធ្វើការសម្អាតមាត់ដោយទឹកស្អាតក្រោយពេលទទួលទានភេសជ្ជៈទាំងនោះ។ ការចុះហែលទឹកទាំងសក់នៅស្ងួត នៅក្នុងអាងហែលទឹក ជាទូទៅមានសារធាតុ​ដែលបំផ្លាញដល់សុខភាពសក់។ អ្នកអាចប្រៀបធៀបសក់របស់អ្នកដូចជា ប៉ុងស្ងួត ពេលដែលវាប៉ះជាមួយនឹងទឹកខាងក្រៅស្រាប់មុននឹងប៉ះជាមួយ​នឹងទឹកក្នុងអាងហែលទឹកនោះ វានឹងមិនសូវសើមជោកជាមួយនឹងទឹកក្នុងអាងក្រោយពេលអ្នកចុះងូតនោះទេ។ យ៉ាងណាមិញ ក្រោយពេលដែលងើបចេញពីអាងអ្នកគួរតែធ្វើការលាងសម្អាតជាមួយនឹងសាប៊ូភ្លាមៗ។ បើសិនជាអាច អ្នកគួរប្រើប្រាស់មួកហែលទឹកសម្រាប់ការពារសក់របស់អ្នកពីការទទឹកក្នុងពេលហែលផងដែរ។ ការកក់សាប៊ូច្រើនពេក ឬតិចពេក សាប៊ូកក់សក់ជម្រះចោលនូវសារធាតុប្រេងពីធម្មជាតិនៃស្បែកក្បាលរបស់អ្នក។ បើអ្នកប្រើប្រាស់វាញឹកញាប់ពេកនោះ ​វានឹងធ្វើឲ្យសក់របស់អ្នកស្ទក់ (មិនរស់រវើក) និងស្ងួត ហើយអំឡុងពេលដែលអ្នកគួរកក់នោះ គឺអាស្រ័យលើប្រភេទសក់របស់​អ្នក។ សម្រាប់សក់ស្លូត និងត្រង់នោះ អ្នកគួរកក់រៀងរាល់ថ្ងៃ ប្រសិនបើមានឡើងជាតិប្រេង និងក្អែលលើស្បែកក្បាលប៉ុន្តែជាទូទៅ អ្នកជំនាញ​ណែនាំឲ្យកក់សក់ក្នុងរយៈពេល២ទៅ៣ថ្ងៃ រីឯអ្នកដែលមានសក់រួញ និងក្រាស់នោះ អ្នកអាចកក់វាក្នុងរយៈពេល៣ទៅ៤ថ្ងៃម្តង។ អ្នកក៏គួរមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសសាប៊ូ និងផលិតផលថែរក្សាសក់របស់អ្នកផងដែរ ដោយជ្រើសរើសឲ្យត្រូវនឹងប្រភេទសក់របស់អ្នក។ ការមិនប្រើប្រាស់ក្រែមអប់ និងបន្ទន់សក់ (Conditioner)   អ្នកប្រហែលជាបារម្ភថាវានឹងធ្វើឲ្យសក់របស់អ្នកបាត់បង់ទម្ងន់ ហើយជួនកាលអ្នកក៏មិនសូវមានពេលសម្រាប់ធ្វើវា ប៉ុន្តែបើអ្នកមិនប្រើប្រាស់វាទេ សក់របស់អ្នកក៏ប្រឈមនឹងការបាត់បង់សំណើម (សក់ប្រែជាស្ងួត) និងភាពរស់រវើកផងដែរ។ ដើម្បីឲ្យសរសៃសក់របស់អ្នកមើលទៅភ្លឺរលោង មានជីវិត និងសុខភាពល្អនោះ អ្នកគួរតែប្រើប្រាស់ក្រែមអប់ និងបន្ទន់សក់ប្រភេទ Lightweight (រាវ មិនសូវស្អិត) រាល់ពេលកក់សក់ម្តងៗ ដោយដាក់វានៅចុងសក់ (មិនមែនគល់សក់) ហើយប្រើម្រាមដៃច្បូតថ្នមៗ។ ការមិនផ្លាស់ប្តូរផ្លែឡាមកោររោម ឬពុកមាត់ ជួនកាល អ្នកត្រូវប្រើប្រាស់វា ដើម្បីកោរនៅត្រង់កន្លែងដដែលជាច្រើនដង ហើយជាទូទៅវាក៏នឹងបង្កជាស្នាមមុតតូចៗនៅលើស្បែក ដែលអាចបង្កជាដុំពក ស្នាមកន្ទួល ឬបញ្ហាស្បែកផ្សេងៗផងដែរ។ ហេតុដូចនេះហើយ អ្នកមិនគួរប្រើប្រាស់វាច្រើនដងពេកឡើយ ដើម្បីចៀសវាងនូវបញ្ហាស្បែកទាំងនោះ។ ការត្រដុសខ្លាំងៗលើស្បែកមុខ អ្នកមិនចាំបាច់ធ្វើការជូតសម្អាត ដោយការត្រដុសឬជូតខ្លាំងៗលើស្បែកមុខជាមួយនឹងក្រណាត់ ឬកន្សែងនោះទេ អ្វីដែលស្បែកមុខអ្នកត្រូវការ គឺការប្រើប្រាស់នូវហ្វូមលាងសម្អាតមុខដែលត្រឹមត្រូវនឹងប្រភេទស្បែកមុខ ជាមួយនឹងការម៉ាស្សាថ្នមៗដោយប្រើម្រាមដៃ និងការលាងសម្អាតមុខជាមួយនឹងទឹកក្តៅឧណ្ហៗ ឬទឹកត្រជាក់តិចៗពី១ទៅ២ដងក្នុងមួយថ្ងៃ។ ការប្រើប្រាស់ផលិតផលថែរក្សាស្បែកមុខច្រើនពេក ក្រៅពីហ្វូមលាងសម្អាតមុខ អ្នកជំនាញផ្នែកស្បែកបានណែនាំថា ផលិតផលដែលចាំបាច់មានតែផលិតផលផ្តល់សំណើមដល់ស្បែក និងក្រែមការពារកម្តៅថ្ងៃប៉ុណ្ណោះ។ ប្រសិនបើមិនចាំបាច់ទេ អ្នកមិនគួរប្រើប្រាស់ផលិតផលច្រើនពេកនោះទេ បើសិនជាស្បែកមុខរបស់អ្នកមិនមានបញ្ហាដូចជាបញ្ហាមុនជាដើម ដែលអ្នកត្រូវការពិនិត្យ និងពិភាក្សាជាមួយនឹងអ្នកជំនាញ ជាពិសេសវេជ្ជបណ្ឌិតឯកទេសស្បែក ដើម្បីដឹងថាផលិតផលណាត្រឹមត្រូវ និងស័ក្តិសមសម្រាប់សភាពស្បែករបស់អ្នក។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

តាមពិត វាអាចជារឿងដែលពិបាកសម្រាប់មាតាបិតាក្នុងការតាមដានឲ្យដឹងថាកូនរបស់អ្នកមានបញ្ហាអ្វីខ្លះនៅសាលារៀន ជាពិសេសគឺបញ្ហាទាក់ទងនឹងការសម្លុត ការគំរាមកំហែងពីមិត្តភក្តិ ឬអ្នកដែលមានអំណាចធំជាងពួកគេ ដោយហេតុថាសាលាជាទីតាំងមួយដែលពួកគេបានជួបជាមួយមនុស្សជាច្រើន និងហេតុការណ៍ថ្មីៗជារៀងរាល់ថ្ងៃ។ ដូច្នេះ ដើម្បីជាគន្លឹះក្នុងការកំណត់ថាកូនអ្នកពិតជាត្រូវបានគេគំរាមពិតមែន អ្នកអាចចំណាំតាមរយៈសកម្មភាពរបស់ពួកគេដូចខាងក្រោម៖ ឈឺក្បាល និងឈឺពោះញឹកញាប់ រោគសញ្ញាឈឺក្បាល និងឈឺពោះគឺជាអាការៈដែលអាចស្តែងចេញមកខាងក្រៅជាញឹកញាប់ ដែលអាការៈទាំងនេះបណ្តាលមកពីភាពស្ត្រេស និងការថប់អារម្មណ៍ចំពោះការគំរាមកំហែងនេះតែម្តង។ ពេលខ្លះវិញ ពួកគេមិនមានអាការៈបែបនេះទេ តែគេបែរជាព្យាយាមកុហកដើម្បីគេចវេះពីការទៅសាលារៀន ឬទៅចូលរួមក្នុងសកម្មភាពសង្គមទៅវិញ។ ហេតុនេះប្រសិនបើកូនរបស់អ្នកតែងតែត្អូញត្អែរអំពីអាការៈបែបនេះគឺដល់ពេលហើយដែលអ្នកគួរតែនិយាយជាមួយពួកគេ។ ជាឧទាហរណ៍ អ្នកអាចចាប់ផ្តើមសួរថា “កូនមើលទៅហាក់ដូចជាកើតមានបញ្ហានេះញឹកញាប់ណាស់ពេលថ្មីៗនេះ តើកូនអាចប្រាប់ម៉ាក់ប៉ាឲ្យកាន់តែច្បាស់ពីបញ្ហានេះបានទេ?” ប៉ុន្តែអ្នកអាចសួរសំណួរផ្សេងៗទៀតបានផងដែរ តែត្រូវប្រាកដថាសំណួរទាំងនោះជាសំណួរដែលមានចម្លើយបើក សួរដោយផ្អែមល្ហែម មិនគំរោះគំរើយ មិនត្រូវសួរដោយឆេវឆាវ ឬដោយមានកំហឹងឡើយ។ អ្នកគួរចងចាំថា កូនអ្នកកំពុងមានបញ្ហាផ្លូវចិត្ត ដូចនេះការលួងលោម ការលើកទឹកចិត្ត និងការផ្តល់ជាដំណោះស្រាយដោយសន្តិវិធីជាប្រការចាំបាច់បំផុត។ ផ្លាស់ប្តូរមិត្តភក្តិ ការបាត់បង់មិត្តភក្តិ ឬការផ្លាស់ប្តូរមិត្តភក្តិក៏អាចជាសញ្ញានៃការគំរាមកំហែងចំពោះក្មេងៗផងដែរ ដែលភាគច្រើននៃបញ្ហានេះកើតឡើងចំពោះក្មេងៗនៅវ័យជំទង់។ ស្រដៀងគ្នានេះដែរ ភាពញឹកញយនៃការស្ទាក់ស្ទើរចេញទៅក្រៅជាមួយមិត្តភក្តិក៏អាចជាសញ្ញានៃការគំរាមកំហែងដែលកើតឡើងនៅក្នុងក្រុមមិត្តភក្តិរបស់គេតែម្តង។  មាតាបិតាអាចសង្កេតមើលការផ្លាស់ប្តូរមិត្តភក្តិក្នុងក្រុមរបស់កូនអ្នកដោយស្ងៀមស្ងាត់ តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយមាតាបិតារបស់កុមារផ្សេងទៀត ដែលនៅក្នុងក្រុម។ វិធីសាស្រ្តនេះអាចជួយឲ្យអ្នកអាចតាមដានអវត្តមានរបស់ពួកគេនៅក្នុងពិធីខួបកំណើត ឬកម្មវិធីផ្សេងៗទៀត និងអាចអនុញ្ញាតឲ្យអ្នកបានដឹងពីបញ្ហានានា ដែលកើតឡើងរវាងកូនអ្នក និងមិត្តភក្តិរបស់ពួកគេផងដែរ។ ពិបាកគេង ជាធម្មតា ពួកគេតែងមានការព្រួយបារម្ភ ខ្វល់ខ្វាយនិងអន្ទះអន្ទែងនៅពេលយប់ ដោយសារពួកគេតែងគិតពីបញ្ហានានាដែលអាចកើតឡើងនៅថ្ងៃស្អែក ជាហេតុធ្វើឲ្យពួកគេគេងមិនលក់ រសេះរសោះ និងជួនកាលអាចសុបិន្តអាក្រក់ ឬអាចយំពេលគេងលក់ទៀតផង។ ដើម្បីបញ្ជាក់ពីបញ្ហានេះ មាតាបិតាអាចសង្កេតកូនអ្នកនៅពេលព្រឹកតាមរយៈសកម្មភាពរបស់ពួកគេ ដោយអាចស្តែងចេញជាភាពធុញទ្រាន់ ឬមិនឃ្លានអាហារ មើលទៅហាក់ដូចជាហត់នឿយខុសពីធម្មតា បាត់បង់សមត្ថភាពក្នុងការផ្ចង់អារម្មណ៍បាត់បង់ការរក្សាអនាម័យប្រចាំថ្ងៃឲ្យបានត្រឹមត្រូវជាដើម។ យំមិនឈប់ ឬមានប្រតិកម្មផ្នែកអារម្មណ៍ខ្លាំង ប្រសិនបើកូនអ្នកមានប្រតិកម្មខ្លាំងទៅនឹងការសន្ទនាអំពីសាលារៀន ឬសកម្មភាពសង្គម វាអាចប្រហែលជាសញ្ញាណដែលពួកគេកំពុងមានបញ្ហាថប់អារម្មណ៍ អំពីរឿងទាំងនោះ។ គួរកត់សម្គាល់ផងដែរថា តាមធម្មតាក្មេងតូចៗតែងចូលចិត្តនិយាយពីរឿងដែលគេនៅសាលា ខណៈពេលដែលក្មេងវ័យជំទង់តែងចង់ពិភាក្សាគ្នាអំពីថ្ងៃចុងសប្តាហ៍ទៅវិញ។ មាតាបិតាក៏គួរតែបានដឹងពីបញ្ហាទាំងនេះផងដែរ។ ផ្លាស់ប្តូរជាមនុស្សថ្មី ការគំរាមកំហែងអាចជះឥទ្ធិពលដល់អារម្មណ៍ និងការគិតរបស់កុមារខ្លាំងណាស់ ហេតុនេះប្រសិនបើការគំរាមនៅតែបន្ត និងកាន់តែធ្ងន់ធ្ងរទៅៗ នោះកុមារនឹងប្រឈមមុខនឹងការផ្លាស់ប្តូរផ្នែកសតិអារម្មណ៍ និងផ្លាស់ប្តូរអត្តចរិត។ ឧទាហរណ៍ កុមារអាចប្រែពីមនុស្សម្នាក់ដែលចូលចិត្តនិយាយច្រើន ទៅជាមនុស្សម្នាក់ដែលស្ងប់ស្ងាត់ ឬចាប់ផ្តើមផ្តាច់ទំនាក់ទំនងជាមួយសមាជិកគ្រួសារ ចូលចិត្តនៅតែម្នាក់ឯងសម្ងំតែក្នុងបន្ទប់បន្ទាប់ពីចេញពីរៀនជាដើម។   សម្លៀកបំពាក់រហែក ឬមានរបួសស្នាមលើរាងកាយ នេះជាសញ្ញាណដែលតែងកើតមានជាញឹកញាប់ចំពោះកុមារដែលត្រូវបានគេគំរាមកំហែង ហើយហេតុការណ៍នេះអាចកើតឡើងកាន់តែញឹកញាប់នៅពេលដែលការគំរាមកំហែងកាន់តែធ្ងន់ធ្ងរទៅៗ។ ប៉ុន្តែនៅពេលអ្នកព្យាយាមសួរពួកគេពីហេតុការណ៍ដែលបានកើតឡើង ពួកគេប្រែជាពិបាកក្នុងការរៀបរាប់ប្រាប់ពីមូលហេតុ ហើយពេលខ្លះពួកគេព្យាយាមគេចវេះពីសំណួរនេះទៀតផង។ ធ្វើខ្លួនដូចជាជនរងគ្រោះ កុមារចាប់បាត់បង់ជំហររឹងមាំ និងបាត់បង់ជំនឿចិត្តក្នុងការធ្វើរឿងអ្វីមួយ។ សកម្មភាពទាំងនោះមានដូចជា ចាប់ផ្តើមដើរឱនមុខចុះ មិនហ៊ានបញ្ចេញយោបល់ជាសាធារណៈ មិនចូលចិត្តសកម្មភាពដែលមានមនុស្សច្រើន ឬបាត់បង់ភាពប្រកួតប្រជែង។ ការគំរាមកំហែងពិតជាផ្តល់ផលអាក្រក់ចំពោះកុមារដូច្នេះមាតាបិតាគួរយកចិត្តទុកដាក់បន្ថែមចំពោះបញ្ហានេះ បើមិនដូច្នោះទេ ពួកគេអាចទទួលរងការប៉ះទង្គិចទាំងផ្លូវកាយ និងផ្លូវចិត្ត។ ការប៉ះទង្គិចផ្លូវចិត្តអាចធ្វើឲ្យកូនអ្នកបាក់ស្បាត គ្មានភាពក្លាហានលទ្ធផលនៃការសិក្សាធ្លាក់ចុះ សុខភាពផ្លូវកាយទ្រុឌទ្រោម ជាពិសេសពួកគេអាចប្រឈមនឹងការបាក់ទឹកចិត្តរយៈពេលយូរ ពេលខ្លះអាចបន្តរហូតដល់ពួកគេពេញវ័យទៀតផង។ ផលវិបាកទាំងអស់សុទ្ធតែអាចជះឥទ្ធិពលដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ប្រសិនបើមិនទទួលបានជំនួយ និងវិធីដោះស្រាយដែលត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សេចក្តីជូនដំណឹងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃមានគណនីឈ្មោះ My Doctor កំពុងផ្សព្វផ្សាយផលិតផលឱសថជាច្រើនមុខ ដោយគ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលដែលមានឈ្មោះដូចខាងក្រោម៖១-LiverDetox ២-LiverDetox Plus ៣-DifflamR ៤-ClearwayzR ៥-HyssinolTM ៦-Detox Genie Bladder Care ៧-HAIRPRINTM ៨-CRANBERRY 25,000 ៩-Detox Genie LUNG  DETOX ១០- MUSASHI HIGH PROTEIN ១១-SUPER SLEEP 2000 ១២-emuaid ១៣-DOUBLE BONDED PROTEIN ១៤-OEM SLIMR ១៥-DROPS OF YOUTH ១៦-BLACKMORE NAILS, HAIR & SKIN ១៧-BLACKMORE FISH OIL 1000 ១៨-Paw Paw Balm ១៩-GINKGO BILOBA 2000 ២០-OLIVE LEAF 3000 ២១-Nature’s Way VITA Kid Smart Gummies ២២-Nature’s Way VITA Daily Fibres Gummies ២៣-CITRAVESCENTR  URINARY ALKALINISER ២៤-BILBERRY & LUTEIN ២៥-elevitR ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់ការបាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីឈ្មោះ My Doctor ដែលបាននាំចូលហើយផ្សព្វផ្សាយ លក់ ឬចែកចាយផលិតផលឱសថខាងលើនេះ ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

Sarcoma ជាប្រភេទមួយនៃមហារីកដែលកើតមានឡើងនៅលើជាលិកាគាំទ្ររបស់សរីរាង្គ (Connective tissue ឬSupportive tissue) ដែលវាត្រូវបានចែកចេញជា២ទម្រង់ផ្អែកតាមអាយុរបស់អ្នកជំងឺ៖ • ក្រុមកុមារអាយុពី៤-១៥ឆ្នាំ៖ អ្នកជំងឺអាចប្រឈមនឹង Ewing Sarcoma, Bone Sarcoma និងRhabdomyosarcoma ដែលមានអត្រាជាសះស្បើយខ្ពស់។ • ក្រុមមនុស្សចាស់អាយុពី៣៧-៥១ឆ្នាំ៖ អ្នកជំងឺអាចប្រឈមនឹងការកើត Sarcoma ស្ទើរពេញរាងកាយ (ខ្នង ដៃ ភ្លៅ...) ដែលការព្យាបាលអាចបរាជ័យក្នុងកម្រិតខ្ពស់។ មូលហេតុនៃ Sarcoma មហារីកប្រភេទ Sarcoma កើតឡើងដោយសារមានបម្រែបម្រួលហ្សែននៅក្នុងខ្លួន ពិសេសទៅលើហ្សែនធំៗ២ គឺហ្សែនលូតលាស់ (Growth gene) និងហ្សែនទប់ស្កាត់មិនឲ្យកើតមហារីក (Oncosuppressor genes ឬP53 genes)។ ដោយសារមានការប្រែប្រួលនៃហ្សែនP53នេះ បណ្តាលឲ្យមានការប្រែប្រួលនៃហ្សែនផ្សេងទៀត ឧទាហរណ៍ ដូចជាបម្រែបម្រួលនៃហ្សែន C-myc (C-myc gene​ mutation) នាំឲ្យកើតជាជំងឺមហារីកឆ្អឹងទៅលើក្មេងហៅថា Ewing sarcoma ឬបម្រែបម្រួលទៅលើហ្សែន C-kit (C-kit gene mutation) នាំឲ្យកើតជាជំងឺមហារីកក្រពះ ពោះវៀន ហៅថា Gastrointestinal stromal tumor (GIST) ជាដើម។ មកទល់នឹងបច្ចុប្បន្ននេះ ពុំទាន់មានបច្ចេកទេសណាមួយអាចកំណត់នូវមូលហេតុជាក់លាក់ដែលធ្វើឲ្យមានការប្រែប្រួលនៃហ្សែននេះនៅឡើយទេ ប៉ុន្តែមានការសម្គាល់ឃើញពីកត្តាជំរុញមួយចំនួនដូចជា៖ • អ្នកប្រឈមទៅនឹងពន្លឺព្រះអាទិត្យលើសកម្រិត • អ្នកប្រឈមជាមួយនឹងការព្យាបាលដោយកាំរស្មីនៅវ័យក្មេង • វីរុសមួយចំនួនដូចជា HIV ដែលអាចបង្កជាមហារីកហៅថា Kaposi Sarcoma។ រោគសញ្ញា ជាទូទៅ Sarcoma មិនមានស្តែងចេញជារោគសញ្ញាជាក់លាក់ណាមួយឲ្យអ្នកជំងឺដឹងមុនឡើយ តែក្នុងករណីខ្លះអ្នកជំងឺជាអ្នកសម្គាល់ឃើញខ្លួនឯង នូវការវិវឌ្ឍខុសប្រក្រតីផ្នែកណាមួយនៃរាងកាយដូចជា ការកើនទំហំ ប៉ោង ឡើងរឹង ឬមើលទៅមិនស៊ីមេទ្រីគ្នា (Asymmetry) បើធៀបទៅនឹងម្ខាងទៀត។ ការធ្វើរោគវិនិច្ឆ័យ ប្រសិនបើឃើញមានដុះដុំសាច់ ឬមានការរីកលូតលាស់ខុសប្រក្រតីនៃអវយវៈណាមួយនោះ គ្រូពេទ្យឯកទេសនឹងធ្វើការពិនិត្យអមវេជ្ជសាស្រ្តមួយចំនួនដូចជា ការថតកាំរស្មីអ៊ិច (X-ray) ស៊ីធីស្កែន (CT-Scan) ឬMRI ដើម្បីបញ្ជាក់ថាវាជាដុំដែលកើតលើសាច់ដុំមានការកកជាតិកំបោរ និងមានសរសៃឈាមទៅចិញ្ចឹមច្រើន។ ក្នុងការបញ្ជាក់បន្ថែមថាពិតជា Sarcoma គ្រូពេទ្យនឹងធ្វើការវះកាត់យកដុំនោះក្នុងកម្រិតប្រហែល៥មីលីម៉ែត្រ ឬរហូតដល់១សង់ទីម៉ែត្រទៅធ្វើជាលិកាវិភាគ រកម៉ូលេគុលពិសេសៗនៅលើកោសិកា និងប្រភេទហ្សែនបង្ក។ ការព្យាបាល ការព្យាបាល Sarcoma មានលក្ខណៈច្រើនយ៉ាងខុសៗគ្នា ក្រោមគោលការណ៍រួម ដូចជា ការវះកាត់ ការប្រើប្រាស់ថ្នាំបែបគីមី ការប្រើថ្នាំបែបជីវសាស្រ្ត និងការបាញ់កាំរស្មី ដែលករណីខ្លះគ្រូពេទ្យអាចតម្រូវឲ្យធ្វើការព្យាបាលទាំង៤ប្រភេទបញ្ចូលគ្នាតែម្តង។ ករណីនៃអ្នកជំងឺនេះទាមទារឲ្យមានការព្យាបាលខុសៗគ្នាទៅតាមស្ថានភាពជាក់ស្តែង ក្នុងគោលបំណងដើម្បីទប់ស្កាត់នូវបម្រែបម្រួលហ្សែន ឬកោសិកាដែលមានលក្ខណៈខុសប្រក្រតី។ ការតាមដានក្រោយព្យាបាល ក្រោយការព្យាបាលបានបញ្ចប់ គ្រូពេទ្យនឹងវាយតម្លៃដើម្បីបញ្ជាក់ពីលទ្ធផលនៃការព្យាបាល តាមរយៈការថតស៊ីធីស្កែន (CT-Scan) ឬថតកាំរស្មីអ៊ិច (X-ray) ឡើងវិញ។ បន្ទាប់ពីរកឃើញថាអ្នកជំងឺបានព្យាបាលដោយជោគជ័យ មិនមានសល់នូវសាច់មហារីក នោះអ្នកជំងឺនឹងត្រូវណែនាំឲ្យធ្វើការតាមដានសុខភាពដូចជា ថតសួត ឆ្លុះអេកូ ថតកាំរស្មីអ៊ិច ឬMRI អាស្រ័យលើទីតាំងដែលធ្លាប់កើតមហារីក រាល់៣ខែម្តងរយៈពេល៣ឆ្នាំ ៦ខែម្តងក្នុងឆ្នាំទី៤ និងទី៥ និង១ឆ្នាំម្តងៗចាប់ពីឆ្នាំទី៦រហូតមួយជីវិត។ គួរបញ្ជាក់ថាអត្រានៃការលាប់ឡើងវិញក្រោយការព្យាបាលនៃជំងឺ Sarcoma អាចមានរហូតទៅដល់៨០% អំឡុងពេល៣ឆ្នាំបន្ទាប់ ឆ្នាំទី៤និងទី៥ អត្រានៃការលាប់មានត្រឹម១០-១៤% និងចាប់ពីឆ្នាំទី៥មានត្រឹម០.១-១%ប៉ុណ្ណោះ។ ការតាមដាននេះមិនបានជួយបញ្ឈប់ការរើឡើងវិញនោះទេ ប៉ុន្តែវាជួយសម្រួលឲ្យគ្រូពេទ្យរកឃើញបានលឿនក្នុងដំណាក់កាលដំបូង ដែលអ្នកជំងឺអាចនឹងមានឱកាសព្យាបាលទាន់ពេល។ ផលរំខាន ផលរំខាននៃ Sarcoma កើតមានឡើងអាស្រ័យនឹងមធ្យោបាយនៃការព្យាបាល ដែលរួមមាន៖ • ការព្យាបាលដោយថ្នាំគីមី អាចធ្វើឲ្យអ្នកជំងឺជ្រុះសក់ ក្អួត ចង្អោរ គ្រាប់ឈាមថយចុះ ស្លេកស្លាំង។ • ការបញ្ចាំងកាំរស្មី ចំពោះកុមារស្ថិតក្នុងវ័យកំពុងលូតលាស់ កាំរស្មីមានឥទ្ធិពលធ្វើឲ្យកោសិកាត្រង់កន្លែងបាញ់មិនលូតលាស់បន្តទៀត ទៅជាតូច ឬស្វិតដែលជាទ្រង់ទ្រាយខុសពីធម្មជាតិ និងជាមូលហេតុអាចប៉ះពាល់ដល់ផ្លូវចិត្ត រីឯមនុស្សធំ ការទទួលរងនូវឥទ្ធិពលកាំរស្មី អាចបណ្តាលឲ្យស្ងួតស្បែក និងស្វិតតូចនៅត្រង់កន្លែងដែលបាញ់កាំរស្មីនោះ។ • ការវះកាត់ ធ្វើឲ្យបាត់បង់មុខងារ ខូចទ្រង់ទ្រាយប្រសិនបើវះកាត់សាច់ដុំ ឬអ្នកជំងឺអាចក្លាយជាជនពិការជាដើម។ វិធីបង្ការ ដោយសារ Sarcoma មានមូលហេតុច្រើន ដូច្នេះគ្មានវិធីសាស្ត្រណាអាចការពារបាននោះទេ លើកលែងតែ Karposi Sarcoma ដែលកើតឡើងដោយសារតែមេរោគអេដស៍ នោះគេអាចការពារបានដោយធ្វើយ៉ាងណាកុំឲ្យឆ្លងមេរោគអេដស៍។ ទោះជាយ៉ាងណាក៏ដោយ គ្រប់គ្នាអាចកាត់បន្ថយនូវកត្តាជំរុញតាមរយៈការថែរក្សាសុខភាពឲ្យបានល្អ ដោយយោងតាមគោលការណ៍សុខភាព៥យ៉ាងរួមមាន មិនជក់បារី មិនពិសាស្រា ទទួលទានចំណីអាហារប្រកបដោយសុវត្ថិភាព និងមានលំនឹង រក្សាតុល្យភាពទម្ងន់ខ្លួន (BMI) និងធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវ។ រហូតមកដល់បច្ចុប្បន្ននេះគ្រប់អ្នកជំងឺមហារីកទាំងអស់មិនសុទ្ធតែបានន័យថាត្រូវតែស្លាប់នោះទេ ហើយអាចមានឱកាសជាសះស្បើយ ដរាបណាអ្នកជំងឺបានមកជួបវេជ្ជបណ្ឌិតឯកទេសទាន់ពេលវេលា។ ម៉្យាងទៀត ត្រូវធ្វើយ៉ាងណាថែរក្សាសុខភាពឲ្យបានល្អ ដើម្បីឲ្យប្រព័ន្ធការពាររាងកាយខ្លាំង បូករួមជាមួយការគោរពតាមគោលការណ៍គ្រឹះទាំង៣គឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ សំខាន់បំផុត សូមប្រជាជនគ្រប់រូបធ្វើការផ្លាស់ប្តូររបៀបនៃការគិត ធ្វើការពិចារណាឲ្យបានម៉ត់ចត់មុននឹងជឿទៅលើអ្វីមួយដែលគ្មានឯកសារយោងត្រឹមត្រូវ ជាលទ្ធផលបំផ្លាញដល់សុខភាពខ្លួនឯង និងរឹតធ្វើឲ្យជំងឺវិវឌ្ឍកាន់តែធ្ងន់ធ្ងរ។ បកស្រាយដោយ៖ សាស្រ្តាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

និស្សិតពេទ្យ ជានិសិ្សតដែលចំណាយពេលសិក្សាយូរជាងគេ ក្នុងចំណោមនិសិ្សតផ្សេងៗទាំងឡាយ ប៉ុន្តែក៏មានអ្នកចោទសួរផងដែរថា តើពេលរៀនចប់ មានកន្លែងណាខ្លះដែលអាចទៅបាន ឬតើគួរទៅណា។ ដូច្នេះ យើងនឹងបង្ហាញអ្នកគ្រប់គ្នាថា តើរៀនពេទ្យចប់ មានអ្វីធ្វើទៀត។ ១. ប្រលងចូលក្របខណ្ឌរដ្ឋ ជារៀងរាល់ឆ្នាំ ក្រសួងសុខាភិបាលតែងតែរៀបចំការប្រលងចូល ដើម្បីក្លាយជាគ្រូពេទ្យក្របខណ្ឌ ហើយការប្រលងនេះគឺមានមួយឆ្នាំម្ដងតែប៉ុណ្ណោះ។ សម្រាប់អ្នកដែលមានបំណងចង់ក្លាយជាបុគ្គលិកផ្នែកសុខាភិបាលសាធារណៈ អ្នកគួរត្រៀមឲ្យរួចរាល់ មុននឹងការប្រលងមកដល់ដូចជា ស្វែងរកវិញ្ញាសាចាស់ៗដែលធ្លាប់ចេញប្រលងពីមុន រំឭកមេរៀនពីដើមឆ្នាំសិក្សាមកវិញជាដើម និងតាមដានរាល់ព័ត៌មានទាក់ទងនឹងការប្រលងជាដើម។ សម្រាប់ការប្រលងនេះ គឺទាមទារឲ្យបេក្ខជនមានការតាំងចិត្តខ្ពស់ និងបានត្រៀមខ្លួនមុខរយៈពេលយូរឲ្យបានរួចជាស្រេច ទើបមានឱកាសជាប់ច្រើន។ ២. បើកគ្លីនិកផ្ទាល់ខ្លួន ក្នុងអំឡុងពេលសិក្សា និសិ្សតពេទ្យគ្រប់រូបច្បាស់ជាធ្លាប់ចុះកម្មសិក្សាផ្ទាល់ (ចុះស្ដារ) ជាមួយគ្រូពេទ្យនៅកន្លែងផ្សេងៗ ដែលមានបទពិសោធន៍យូរឆ្នាំផងដែរ។ ជាមួយគ្នានេះ កាលពីថ្ងៃទី១៣ ខែមករា ក្រុមការងារហេលស៍ថាម បានរៀបចំវគ្គសិក្សាខ្លីស្ដីអំពី «មូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការគ្លីនិក/មន្ទីរពេទ្យ» ដែលនិយាយអំពីកត្តាជំរុញ ការពង្រឹងគុណភាព ក៏ដូចជាស្តង់ដាររបស់ស្ថាប័នផ្តល់សេវាសុខាភិបាលមួយ និងជួយឲ្យអ្នកដែលមានគម្រោងចង់បើកមន្ទីរពេទ្យ/គ្លីនិក ស្វែងយល់បន្ថែមពីធាតុផ្សំសំខាន់ៗ ក្នុងការរៀបចំដំណើរការមន្ទីរពេទ្យ/គ្លីនិក ឲ្យបានជោគជ័យ ព្រមទាំងសិក្សាលើគំរូគម្រោងដំណើរការមន្ទីរពេទ្យ/គ្លីនិក ជាពិសេស ក៏មានការចែករំលែកបទពិសោធន៍ផ្ទាល់ ពីសំណាក់វាគ្មិនកិត្តិយស ដែលមានភាពជោគជ័យលើវិស័យនេះផងដែរ។ ដូចនេះ នៅពេលបញ្ចប់ការសិក្សា ប្រសិនបើអ្នកមានដើមទុនគ្រប់គ្រាន់ អ្នកអាចពិចារណាបើកគ្លីនិកផ្ទាល់ខ្លួនបាន ហើយអ្នកអាចស្វែងរក និងចូលរួមកម្មវិធីសិក្សាបែបនេះនៅថ្ងៃខាងមុខ ដើម្បីស្ដាប់ និងទទួលបទពិសោធន៍ពីវាគ្មិនគ្រប់រូបផងដែរ។ ៣. បន្ដការសិក្សា ប្រាកដជាមាននិសិ្សតមួយចំនួនចង់បន្តការសិក្សាឲ្យបានកាន់តែជ្រៅជ្រះថែមទៀត លើផ្នែកសុខាភិបាលនេះ មុននឹងមកចាប់អាជីពជាគ្រូពេទ្យជំនាញផ្នែកណាមួយ។ និសិ្សតអាចបន្តការសិក្សាលើជំនាញបន្ថែមក្នុងស្រុក ឬបន្ដការសិក្សានៅក្រៅប្រទេសលើជំនាញណាមួយ ឬរៀនបន្ថែមទៀត។ សម្រាប់អ្នកចង់បន្តការសិក្សានៅក្រៅប្រទេស យើងសូមណែនាំសាលាដែលល្បីខាងជំនាញសុខាភិបាលទាំង១០លើពិភពលោក ក្នុងនោះរួមមាន៖  • UCL (University College London) • Massachusetts Institute of Technology (MIT) • Yale University • University of California, Los Angeles (UCLA) • Karolinska Institute • Johns Hopkins University • Stanford University • University of Cambridge • University of Oxford • Harvard University។ ៤. បម្រើការងារនៅតាមមន្ទីរពេទ្យឯកជន ក្រោយបញ្ចប់ការសិក្សា និសិ្សតក៏អាចស្វែងរកការងារតាមគ្រឹះស្ថានឯកជនជាច្រើនផងដែរ ដើម្បីទុកជាបទពិសោធន៍ការងារ សម្រាប់ថ្ងៃមុខទៀត។ និសិ្សតនឹងរៀនសូត្របន្ថែមរាល់ចំណេះដឹងទាំងឡាយដែលមិនបានបង្រៀនក្នុងសាលា ដូចជាការដោះស្រាយជាមួយអ្នកជំងឺ ការប្រឈមមុខនឹងបញ្ហាភ្លាមៗ ការសម្រេចចិត្តឲ្យបានត្រឹមត្រូវ និងការតាមទាន់ប្រភេទជំងឺថ្មីៗជាដើម។ ៥. ចូលរួមការងារស័្មគ្រចិត្ត ចំពោះនិសិ្សតដែលមានគោលបំណងរួមចំណែកក្នុងការជួយសង្គម អាចចុះឈ្មោះជាគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីចែករំលែកដល់អ្នកដែលមិនមានលទ្ធភាពគ្រប់គ្រាន់។ អ្នកអាចជាអ្នកចុះជួយព្យាបាល ចុះបង្រៀនប្រជាពលរដ្ឋអំពីចំណេះដឹងទូទៅផ្នែកសុខភាពជាដើម។ ចំពោះការងារស្ម័គ្រចិត្ត ថ្វីត្បិតថាមិនបានប្រាក់កម្រៃ ឬបានតិច ប៉ុន្តែវាជួយក្នុងការលើកកេរ្ត៍ឈ្មោះ និងចូលរួមចំណែកជួយសង្គម ហើយវាផ្តល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀត មិនគួរឲ្យជឿ និងស្មានមិនដល់។ យើងសង្ឃឹមថា អត្ថបទមួយនេះនឹងជួយនិសិ្សតពេទ្យគ្រប់រូបអាចរកឃើញគោលដៅរបស់ខ្លួនឲ្យកាន់តែជាក់លាក់ និងច្បាស់លាស់ថែមទៀត។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

កង្វះជាតិទឹកក្នុងខ្លួន ឬអាកាសធាតុក្តៅអាចនឹងឲ្យអ្នកមានអារម្មណ៍ថាស្ងួតមាត់ដែលការដោះស្រាយហាក់មានភាពសាមញ្ញ ដោយគ្រាន់តែអាចធ្វើការបន្ថែមជាតិទឹកទៅក្នុងខ្លួន។ យ៉ាងណាមិញ បញ្ហាស្ងួតមាត់មួយចំនួនអាចជាស្ថានភាពធ្ងន់ធ្ងរនៃ ជំងឺណាមួយដែលអ្នកមិនបានដឹងជាមុន។ អ្វីគួរដឹង? ភាពធ្ងន់ធ្ងរនៃបញ្ហាស្ងួតមាត់តែងកើតមានឡើងជាញឹកញាប់លើ អ្នកជំងឺមហារីក អ្នកជំងឺកំពុងទទួលការព្យាបាលដើម្បីបំបាត់ការឈឺចាប់ អ្នកជំងឺកំពុងប្រើប្រាស់ឱសថប្រឆាំងការភ័យព្រួយ ឬឱសថប្រឆាំងការបាក់ទឹកចិត្តជាដើម។ ដោយឡែកអាការៈស្ងួតមាត់ អាចមិនមែនជាបញ្ហាធម្មតា ប្រសិនវាកើតឡើងដោយគ្មានភាពធូរស្រាលទាល់តែសោះ តែអ្នកអាចប្រើប្រាស់មធ្យោបាយមួយចំនួនដើម្បីបន្ធូរបន្ថយអាការៈនេះបាន មុនពេលសម្រេចចិត្តទទួលយកការព្យាបាល។ អ្វីគួរធ្វើ? -    ក្នុងកម្រិតស្រាល៖ អាចបៀមទឹកកក ផឹកទឹកកកតាមទុយោ ឬទទួលទានទឹកក្រូចឆ្មារ។ -    ដំបូន្មានផ្សេង៖ ▪ អាចប្រើប្រាស់ឱសថ Artisial (Parke Davis) ដែលជាទឹកមាត់សិប្បនិម្មិត ដោយគ្រាន់តែបាញ់ទៅក្នុងមាត់ ចំនួន៦ទៅ៨ដង ក្នុងមួយថ្ងៃ ▪ អាចប្រើប្រាស់ឱសថគ្រាប់ Sulfarlem S25 (Solvay Pharma) ដោយលេប ៣ដងក្នុងមួយថ្ងៃ អំឡុងពេលបរិភោគអាហារ។ -    ក្នុងករណីស្ថានភាពស្ងួតមាត់ មានភ្ជាប់មកជាមួយភ្នែកស្ងួតក្នុងកម្រិតដែលមិនអាចសូម្បីតែការយំអាចជារោគសញ្ញាព្រមាននៃជំងឺកម្រ Gougerot-Sjogren អាចកើតលើស្រ្តីអាយុ៥០ឆ្នាំ ដែលបណ្តាលមកពីភាពមិនប្រក្រតីនៃការឆ្លើយតបរបស់ប្រព័ន្ធការពាររាងកាយ។ វាជាជំងឺធ្ងន់ធ្ងរដែលអាចកើតឡើងបណ្តាលមកពី ជំងឺមហារីកក្រពេញទឹករងៃ (Lymphoma)។ -    ក្នុងករណី អាការៈស្ងួតមាត់មានរហូតជាប្រចាំ អ្នកគួរជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញ។ ត្រូវចាំថា រាល់សញ្ញាមិនប្រក្រតីនៃសុខភាពណាមួយ គួរទទួលបានការពិនិត្យនិងធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់ដើម្បីធានាបាននូវការព្យាបាលដែលមានប្រសិទ្ធភាព និងអាចជឿទុកចិត្តបាន។ ប្រភពយោង៖ Le vademecum de la Médication officinale ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការធុំក្លិនមាត់ដែលភាសាបច្ចេកទេសហៅថា Halitosis ឬ Malodor ជាបញ្ហាកើតមានឡើងញឹកញាប់ចំពោះមនុស្សគ្រប់វ័យទាំងអស់ ក្នុងនោះប្រជាជនប្រមាណជា១ភាគ៤ យល់ថាពួកគេមានបញ្ហានេះ។ ក្លិនមាត់មិនល្អអាចធ្វើឲ្យអ្នកខ្មាសអៀន និងមានអារម្មណ៍ថាពិបាកក្នុងការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ សំណួរ៖ ខ្ញុំបាទ អាយុ ៣២ឆ្នាំ រស់នៅទីក្រុងភ្នំពេញ។ ពេលខ្ញុំបាទនិយាយស្តីជាមួយអ្នកដទៃហាក់ដូចជាគ្មានទំនុកចិត្តលើខ្លួនឯងសោះ ព្រោះពេលនិយាយម្តងៗមាត់ខ្លួនឯងមានក្លិនមិនល្អ (Halitosis) ហើយខ្លាចជះក្លិនដល់អ្នកដទៃ។ តើលោកទន្តបណ្ឌិតអាចជម្រាបបានទេថា តើក្លិនមាត់មិនល្អនេះបណ្តាលមកពីមូលហេតុអ្វី? តើអាចព្យាបាលតាមវិធីណា? ចម្លើយ៖ បញ្ហាក្លិនមាត់អាចបណ្តាលមកពីកត្តាជាច្រើន ប៉ុន្តែក៏មានចំណុចមួយចំនួនគួរឲ្យចាប់អារម្មណ៍ដូចជា៖ • បញ្ហាការរំលាយអាហារមិនបានល្អ ឬមានបញ្ហាក្រពះ • បញ្ហាក្នុងមាត់រួមមាន រលាកអញ្ចាញធ្មេញ ជំងឺពុកធ្មេញ ការព្យាបាលធ្មេញដែលមិនត្រឹមត្រូវតាម បច្ចេកទេស ឬបញ្ហាអណ្តាត។ ដូច្នេះ ប្អូនគួរតែទៅពិនិត្យនៅមន្ទីរពេទ្យធ្មេញ ដើម្បីរកមូលហេតុឲ្យឃើញបើមូលហេតុត្រូវបានលុបបំបាត់ នោះបញ្ហាក្លិនមាត់ក៏នឹងបាត់តាមនោះដែរ។ បកស្រាយដោយ៖ ទន្តបណ្ឌិត ចៅ ស៊ីវកាយ នៃមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក បានប្រកាសគម្រោង “ទីលានបាល់ទាត់១០០” របស់ខ្លួនដើម្បីប្រារព្ធខួប១០០ឆ្នាំរបស់សម្ព័ន្ធ AIA នៅសណ្ឋាគារសុខាភ្នំពេញ។ មនុស្សប្រមាណ ២០០០នាក់ដែលបានជាអតិថិជន បុគ្គលិក ទីប្រឹក្សាផែនការជីវិត AIA និងអ្នកចូលរួមជាច្រើនទៀត ត្រូវបានអញ្ជើញចូលរួមក្នុងការអបអរក្រោមប្រធានបទ​ «ខួប១០០ឆ្នាំដើម្បីការប្តេជ្ញា១» ដោយរួមមានកម្មវិធី និងសកម្មភាពជាច្រើនដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់ AIA ក្នុងការជួយឲ្យប្រជាជនទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។ ជាក់ស្តែង ព្រឹត្តិការណ៍នេះផ្តោតសំខាន់លើការរត់រួមគ្នាចម្ងាយមួយគីឡូម៉ែត្រ ដោយមានការចូលរួមពីក្រុមអ្នកតំណាងសតវត្សន៍ AIA ដែលជាបុគ្គលិក ទីប្រឹក្សាផែនការជីវិត AIA អតិថិជន វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា អត្តពលិក និងតារាល្បីៗជាច្រើននាក់។ អ្នកតំណាងទាំងអស់បានកាន់គប់និមិត្តរូប១០០ឆ្នាំ ដើម្បីអបអរប្រវត្តិសាស្រ្តរបស់AIA។ ដោយឡែក ការគប់និមិត្តរូបនោះ ត្រូវបានរចនាឡើងដោយបង្ហាញនូវបណ្ណសន្យារ៉ាប់រងជីវិតដំបូងបង្អស់ និងព្រមទាំងមានបំពាក់នូវបច្ចេកវិទ្យាទំនើបដើម្បីតាមដានចម្ងាយផ្លូវ។ ក្នុងថ្ងៃនោះផងដែរ អ្នកចូលរួមទទួលបានការពិនិត្យ និងពិគ្រោះសុខភាពដោយឥតគិតថ្លៃ ព្រមទាំងបានរីករាយទស្សនាវិចិត្រសាលស្តីពីសុខភាព ដែលមានតាំងបង្ហាញនូវគន្លឹះសុខភាពល្អៗទាក់ទងនឹងអាហាររូបត្ថម្ភ សុខភាពរាងកាយ សុខុមាលភាពផ្លូវចិត្ត តុល្យភាពការងារ ជីវិត និងបរិស្ថានរស់នៅប្រកបដោយសុខភាពល្អ។ បន្ថែមពីនេះ ក៏មានការរៀបចំសកម្មភាពលក្ខណៈគ្រួសារសប្បាយៗជាច្រើនពេញមួយថ្ងៃផងដែរ។    ដោយឡែក លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា  បានមានប្រសាសន៍ថា «យើងមានមោទនភាពដែលបានក្លាយជាទីផ្សារ AIA ទីមួយសម្រាប់ការអបអរទំព័រប្រវត្តិសាស្រ្តដ៏សំខាន់មួយនេះរបស់សម្ព័ន្ធ AIA។ ហើយនេះគឺជាដំណើរពេញ ១០០ឆ្នាំ ដែលបានធ្វើឲ្យជីវិតមនុស្សរាប់លាននាក់កាន់តែប្រសើរឡើង។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំរីករាយនឹងអបអរខួប១០០ឆ្នាំដោយដាក់ឲ្យដំណើរការនូវគម្រោង “ទីលានបាល់ទាត់១០០” ដែលនឹងផ្តល់ការកែលម្អតារាងបាល់ទាត់ឲ្យសាលារៀនចំនួន១០០សាលាទូទាំងប្រទេសកម្ពុជា តាមរយៈការផ្តល់នូវសម្ភារៈជាច្រើន ដើម្បីបណ្តុះក្តីស្រឡាញ់សម្រាប់កីឡា និងការរស់នៅប្រកបដោយសុខភាពល្អឲ្យក្មេងៗជំនាន់ក្រោយ»។ គម្រោង “ទីលានបាល់ទាត់” របស់ អេ អាយ អេ ខេមបូឌា នេះនឹងផ្តល់ជូនសាលាបឋមសិក្សាចំនួន១០០ទូទាំងប្រទេសកម្ពុជា នូវបង្គោលទី២ ក្តារអមតារាង៤ បាល់១០គ្រាប់ អាវកាក់៣០ និងកោណបាត់បាល់៤០ សម្រាប់សាលានីមួយៗ។ សាលាបឋមសិក្សាទាំងឡាយ អាចដាក់ពាក្យស្នើ និងស្វែងយល់បន្ថែមពីគម្រោងនេះនៅលើគេហៈទំព័រហ្វេសប៊ុក AIA Cambodia។ គប់និមិត្តរូបខួប១០០ឆ្នាំ តំណាងឲ្យដំណើរប្រវត្តិសាស្រ្តរបស់ AIA ហើយគប់នេះនឹងធ្វើដំណើរឆ្លងកាត់ទីផ្សារទាំងអស់របស់ AIA ដោយចាប់ផ្តើមពីកម្ពុជាដែលជាទីផ្សារមានអាយុកាលក្មេងជាងគេ ដោយបន្តដល់ទីក្រុងសៀងហៃ ដែលជាដែនកំណើតនៃសាវតារបស់ខ្លួន និងបញ្ចប់ដំណើរនៅទីក្រុងហុងកុងដែលជាទីតាំងសម្ព័ន្ធ AIA។ ក្នុងនោះផងដែរ លោក Jacky Chan នាយកប្រត្តិបត្តិប្រចាំតំបន់របស់សម្ព័ន្ធ AIA បានមានប្រសាស៍ថា « AIA មានដើមកំណើតនៅទីក្រុងសៀងហៃ ក្នុងឆ្នាំ១៩១៩ ហើយគ្រប់គ្នានៅ AIA មានមោទនភាពយ៉ាងខ្លាំងដែលបានឃើញថា អាជីវកម្មមួយនេះមានការរីកចម្រើនក្នុងទីផ្សារថ្មីមួយដូចជាប្រទេសកម្ពុជា។ នៅពេលយើងសម្លឹងមើលទៅ១០០ឆ្នាំបន្ទាប់ យើងមានអារម្មណ៍ថាការប្តេជ្ញារបស់យើងក្នុងការជួយប្រជាជនទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ កាន់តែមានសារៈសំខាន់ខ្លាំងឡើងថែមទៀត»។ គួរបញ្ជាក់ផងដែរថា នៅឆ្នាំ១៩១៩ សហគ្រិនជនជាត់អាមេរិកឈ្មោះ Cornelius Vander Starr បានចាប់ផ្តើមអាជីវកម្មធានារ៉ាប់រងមួយដែលជាមូលដ្ឋានគ្រឹះនៃសម្ព័ន្ធ AIA បច្ចុប្បន្ន។ ១០០ឆ្នាំក្រោយមក AIA បានក្លាយទៅជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី។ អេ អាយ អេ ខេមបូឌា ដែលជាផ្នែកមួយនៃសម្ព័ន្ធ AIA មានមោទនភាពប្រារព្ធខួប ១០០ឆ្នាំដ៏សំខាន់នេះ។ ដំណើរប្រវត្តិសាស្រ្តនេះ គឺជាដំណើរមួយប្រកបដោយភាពក្លាហាន សម្រាប់ការត្រួសត្រាយផ្លូវឲ្យអ្នកជំនាន់ក្រោយ។ វាជាដំណើរពេញ១០០ឆ្នាំនៃភាពរីកចម្រើន និងភាពជោគជ័យ។ ហើយពិតណាស់ ការធ្វើដំណើររបស់យើងនៅតែបន្តឆ្ពោះទៅមុខជានិច្ច។

Share

សក់ជ្រុះ ហាក់ជាកង្វល់សម្រាប់មនុស្សគ្រប់វ័យ រីឯផលិតផលការពារក៏ដូចជាកាត់បន្ថយបញ្ហានេះ មានរាប់សិបមុខលើទីផ្សារពិបាកក្នុងការជ្រើសរើស តែពេលខ្លះប្រើហើយនៅតែគ្មានប្រសិទ្ធភាព ឬធ្វើការសាកល្បងសឹងតែលែងមានជំនឿចិត្តថាអាចកែប្រែវាបាន។ ប៉ុន្តែ អ្នកអាចនឹងភេ្លចគិតថាមិនមែនត្រឹមតែប្រើផលិតផលទាំងនោះនឹងបំបាត់សក់ជ្រុះ១០០ភាគរយបាននោះទេ សក់របស់អ្នកត្រូវការសារធាតុបំប៉នបន្ថែមពីខាងក្នុងដែលអ្នកអាចនឹងមិនបានគិតដល់។ អត្ថបទនេះ នឹងណែនាំមិត្តអ្នកអាននូវប្រភេទអាហារ៧មុខ ដែលអាចជួយអ្នកបាន៖ ១    អាហារសម្បូរវីតាមីនC៖ វីតាមីន C ត្រូវបានដឹងថាមានប្រសិទ្ធភាពប្រឆាំងអុកស៊ីតកម្ម បន្ថយការបំផ្លាញដោយសាររ៉ាឌីកាល់សេរី ដែលអាចធ្វើឲ្យសក់របស់អ្នកផុយស្រួយ និងគ្មានសុខភាពល្អ។ មិនត្រឹមមានអត្ថប្រយោជន៍ចំពោះស្បែក និងភ្នែក ជាក់ស្តែងវាមានលទ្ធភាពពិសេសជួយទ្រទ្រង់ការស្រូបនៃជាតិដែកក្នុងរាងកាយ។ ផ្ទុយមកវិញ កាលណាខ្វះវាក្នុងរបបអាហាររបស់អ្នកអាចឲ្យសក់ជ្រុះខុសធម្មតា។ អ្នកគួរបន្ថែមប្រភេទផ្លែឈើដូចជា ក្រូច ល្ហុង ប្លូបឺររីក្រូចឆ្មារ និងផ្លែវីគីក្នុងរបបអាហារ របស់អ្នក។ ម៉្យាងវិញទៀត វីតាមីនC ក៏ជួយក្នុង ការបង្កើនការផលិតប្រូតេអ៊ីនសំខាន់ៗហៅថា កូឡាជែន ដែលពង្រឹងលំហូរឈាម ទ្រទ្រង់ដល់សុខភាពសក់។ ២    អេពីណា៖ ប្រភេទស្ពៃម៉្យាងជាប្រភពនៃជាតិដែកវីតាមីនA វីតាមីនC និងប្រូតេអ៊ីនដ៏អស្ចារ្យ។ កង្វះជាតិដែក គឺជាមូលហេតុចម្បងនៃសក់ជ្រុះ ម៉្យាងអេពីណាមិនត្រឹមសម្បូរដោយជាតិដែកប៉ុណ្ណោះទេវាមានរួមទាំងជាតិប្រេង (Sebum) ដែល​ដើរតួនាទីជាក្រែមបន្ទន់សក់ធម្មជាតិ។​ វាក៏ផ្តល់នូវអាស៊ីតអូមេហ្គា៣ ម៉ាញ៉េស្យូម ប៉ូតាស្យូម និងកាល់ស្យូមដែលជួយរក្សាសុខភាពស្បែកក្បាល និងធ្វើឲ្យសក់ស្រស់ស្អាត។​ ការសិក្សាមួយរកឃើញថា ស្ត្រីដែលមានបញ្ហាជ្រុះសក់តែងមានការថយចុះនូវកម្រិតជាតិដែក និងវីតាមីន D2មិនអាចគ្រប់គ្រងបាន។ ៣    ការ៉ុត និងដំឡូងបារាំង៖ ដាក់បញ្ចូលការ៉ុត ឬទឹកការ៉ុតក្នុងរបបអាហារសម្រន់របស់អ្នក ដោយសារវីតាមីន A ដ៏ច្រើនលើសលប់ និងប្រសិទ្ធភាពមិនត្រឹមតែល្អសម្រាប់ភ្នែកទេ វាក៏ជួយបង្កើនការលូតលាស់នៃសក់។ រីឯដំឡូងបារាំងមាននូវ បេតាការ៉ូតែន ចូលរួមយ៉ាងសកម្មក្នុងការបំប្លែងទៅជាវីតាមីនA ក្នុងសារពាង្គកាយ។ ការទទួលទានវីតាមីនA មិនគ្រប់គ្រាន់ នឹងធ្វើឲ្យស្បែកក្បាលអ្នកមានទំនោរទៅជាស្ងួត និងរមាស់ ដែលជាមូលហេតុមួយធ្វើឲ្យសក់ងាយនឹងជ្រុះជាងធម្មតា។ ៤    ត្រីសាល់ម៉ុង៖ សក់ក៏ត្រូវការប្រភេទប្រូតេអ៊ីនសរសៃ​(Fiber) ដូចនឹងក្រចករបស់អ្នកផងដែរ មានន័យថាអ្នកត្រូវការញ៉ាំប្រូតេអ៊ីនបន្ថែម។​ ​ប្រូតេអ៊ីនក៏ទាមទារនូវការផលិតកេរ៉ាទីន ដែលជាសមាសធាតុនៃរចនាសម្ព័ន្ធសក់។ ជម្រើសល្អបំផុតគឺ Marinebasedprotein ដូចជាសាល់ម៉ុង ដែលត្រូវបានបង្ហាញថាបង្កើនសុខភាពសក់បានល្អ ពិសេសចំពោះស្ត្រី។ ៥    សាច់មាន់៖ គួរបញ្ជាក់ថាសាច់ពពួកបក្សី សម្បូរនូវប្រូតេអ៊ីនកម្រិតខ្ពស់ ពង្រឹងសក់ដែលផុយ ឬសក់ខូច និងការពារកុំឲ្យសក់ឆាប់ជ្រុះ។ ទាំងសក់ ទាំងក្រចក ត្រូវបានរួមផ្សំដោយប្រូតេអ៊ីន ដូច្នេះហើយអ្នកគួរទទួលទានឲ្យបានគ្រប់គ្រាន់។ ៦    ស្ត្រូបឺររី៖ ស្ត្រូបឺររីមានកម្រិត Silica ខ្ពស់ ដែលជាប្រភេទរ៉ែធម្មជាតិដ៏សំខាន់សម្រាប់ជួយឲ្យសក់ត្រង់ និងលូតលាស់ល្អ។ ក្រៅពីស្ត្រូបឺររី Silica អាចមានក្នុងស្រូវ ខ្ទឹមបារាំង ខាត់ណា និងត្រសក់ជាដើម។ ៧    យ៉ាអួរ៖ វីតាមីន B5 និងវីតាមីន D ដែលជាសារធាតុផ្សំនៅក្នុងយ៉ាអួរ ផ្តល់ឲ្យគល់សក់មានសុខភាពល្អ។ អ្វីដែលពិសេសនោះគឺ អ្នកក៏អាចប្រើយ៉ាអួរ ធ្វើជាម៉ាសសក់ យូរៗម្តងបានផងដែរ។ ញ៉ាំដោយភាពឆ្លាតវៃ ជាអ្វីដែលគ្រប់គ្នាត្រូវគិតដល់ ដូច្នេះ ជឿជាក់ថាអាហារខាងលើនឹងផ្តល់លទ្ធផលឲ្យអ្នកដូចដែលបានរំពឹងទុក។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សណ្តែកសៀង ជាដំណោះស្រាយចម្បងលើបញ្ហាសារធាតុចិញ្ចឹមរបស់អ្នកមិនបរិភោគសាច់ ដោយសារតែវាមានផ្ទុកនូវបរិមាណយ៉ាងខ្ពស់នៃប្រូតេអុីន។ ដោយឡែក ភាពពិតដែលកាន់តែពិសេសនៅក្នុងសណ្តែកសៀង គឺសារធាតុ Isoflavones ដែលនាំមកជាមួយនូវអត្ថប្រយោជន៍លើសុខភាពបានយ៉ាងសន្ធឹកសន្ធាប់ និងត្រូវបានលើកយកមកសិក្សាជាបន្តបន្ទាប់ទៅលើប្រសិទ្ធភាព និងសុវត្ថិភាពរបស់វា។ ក្នុងនោះសារប្រយោជន៍លើសុខភាពចម្បងៗ ដែលត្រូវបានបង្ហាញតាមរយៈការសិក្សាផ្សេងៗរួមមានដូចជា៖ ១. អាការៈរំខានពីការអស់រដូវ នៅក្នុងការសិក្សាមួយដែលបញ្ជាក់ដោយ International and Austrian Menopause Society បានលើកឡើងថា Isoflavones ត្រូវបានចាត់ទុកថាជាដំណោះស្រាយដំបូងគេសម្រាប់ អាការៈឡើងកម្តៅក្នុងខ្លួនរបស់ស្ត្រីអស់រដូវ។ ក្នុងអត្ថបទសិក្សាពី Cochrane Library ក៏បានបង្ហាញនូវភស្តុតាងបញ្ជាក់ថាមានការថយចុះនៃអត្រាកើតឡើង និងភាពធ្ងន់ធ្ងរនៃអាការៈឡើងកម្តៅក្នុងខ្លួន ចំពោះស្ត្រីអស់រដូវ ដែលបរិភោគអាហារសណ្តែកសៀងផងដែរ។ ២. ជំងឺបេះដូង និងសរសៃឈាម នៅក្នុងឆ្នាំ២០០០ គណៈកម្មាធិការអាហារូបត្ថម្ភនៃសមាគមបេះដូងអាមេរិកបានបង្ហាញឡើងទៅកាន់អ្នកវិជ្ជាជីវៈសុខាភិបាល អំពីឥទ្ធិពលការពាររបស់សណ្តែកសៀង ដែលអាចប្រឆាំងទៅនឹងជំងឺសរសៃឈាមបេះដូងបាន។ ៣. បញ្ហាលើសទម្ងន់ តាមរយៈការសិក្សានៅក្នុងមន្ទីរពិសោធន៍ ក៏ដូចជាទៅលើសរីរាង្គមានជីវិត បានបកស្រាយអំពីដំណើរផ្លូវរបស់ Isoflavones ដែលធ្វើឲ្យរាំងស្ទះដល់ការផលិតជាកោសិកាខ្លាញ់ និងការកកើតនៃសារធាតុខ្លាញ់ តែអាចសម្របសម្រួលដំណើរការមេតាបូលីស និងតុល្យភាពរាងកាយ ដែលអាចការពារ  និងព្យាបាលបញ្ហាធាត់លើសទម្ងន់។ ៤. បញ្ហាផ្លូវចិត្ត ការសិក្សាមួយរបស់អុីតាលីបានរកឃើញថា ស្ត្រីអស់រដូវដែលប្រើ genistein (ប្រភេទមួយនៃ Isoflavones) ៥៤ មីលីក្រាម ក្នុងមួយថ្ងៃ អាចកាត់បន្ថយនូវសញ្ញាធ្លាក់ទឹកចិត្តបាន។ ដូចគ្នាផងដែរ ការសិក្សារបស់ជប៉ុនមួយ បានរកឃើញថាការប្រើប្រាស់ Isoflavones ២៥មីលីក្រាម ក្នុងមួយថ្ងៃ អាចកាត់បន្ថយអាការៈធ្លាក់ទឹកចិត្ត ក៏ដូចជាសញ្ញានៃជំងឺថប់អារម្មណ៍បាន។ ការសិក្សាមួយទៀតក្នុងឆ្នាំ២០១៤ បានបង្ហាញថា ការប្រើប្រាស់ Isoflavones ១០០មីលីក្រាមក្នុងមួយថ្ងៃ រយៈពេល ៣ខែ អាចកាត់បន្ថយបញ្ហាធ្លាក់ទឹកចិត្ត ប្រហែលនឹងឥទ្ធិពលរបស់ឱសថZoloft (៥០ មីលីក្រាមក្នុងមួយថ្ងៃ) និង Prozac (១០ មីលីក្រាមក្នុងមួយថ្ងៃ)។ ៥. បញ្ហាស្បែក ក្នុងការសិក្សាមួយទៅលើក្រុមស្ត្រីអស់រដូវអាយុចន្លោះពី ៥០ ទៅ ៦៥ឆ្នាំ ដែលមានសុខភាពល្អធម្មតា បានបង្ហាញថាមានភាពប្រសើរឡើង នៃបញ្ហាជ្រីវជ្រួញលើផ្ទៃមុខ បញ្ហាប្តូរពណ៌ស្បែក និងសុខភាពសម្រស់ទូទៅចំពោះក្រុមដែលបានបន្ថែមអាហារបំប៉នសណ្តែកសៀង២០ក្រាមក្នុងមួយថ្ងៃ រយៈពេល ៣ខែក្នុងរបបអាហារ។ លទ្ធផល ស្រដៀងគ្នាកើតឡើងលើស្ត្រីជនជាតិជប៉ុនដែលបានប្រើអាហារបំប៉ន Isoflavones ក្នុងបរិមាណ ៤០មីលីក្រាម ក្នុងមួយថ្ងៃ។ ៦. ជំងឺមហារីក នៅក្នុងការវិភាគមួយបានបង្ហាញអំពីការថយចុះនៃហានិភ័យជំងឺមហារីកស្រទាប់ស្បូនក្នុងស្ថិតិបែងចែកតាមតំបន់ដែលរួមមានទាំងអាស៊ី (ចិន ជប៉ុន) និងប្រទេសក្រៅពីអាស៊ី (អាមេរិក ស៊ុយអែត អ៊ីតាលី អូស្ត្រាលី)។ រីឯការសិក្សាមួយទៀតបានបញ្ជាក់អំពីការថយចុះយ៉ាងគួរឲ្យកត់សម្គាល់នៃហានិភ័យជំងឺមហារីកពោះវៀនធំ ចំពោះប្រជាជនអាស៊ីដែលបរិភោគអាហារសណ្តែកសៀង។ ការវិភាគរួមជាមួយការសិក្សាចំនួន ១៤៣ ទៀត ក៏បានបកស្រាយអំពីទំនាក់ទំនងនៃ Isoflavones និងការថយនៃហានិភ័យមហារីកក្រពះ និងមហារីកសួតផងដែរ។ ៧. បញ្ហាចម្លងរោគ Isoflavones ជាសារធាតុដែលត្រូវបានផលិតឡើងដោយធម្មជាតិ ដោយឆ្លើយតបនឹងការចម្លងរោគពីពពួកបាក់តេរី និងផ្សិត ដែលបង្កើតជាសមត្ថភាពប្រឆាំងនឹងមីក្រុបរបស់វាក្នុងការការពារនឹងការចម្លងរោគ។ ៨. អុកស៊ីតកម្ម ការសិក្សាជាច្រើននៅក្នុងមន្ទីរពិសោធន៍ ក៏ដូចជាការសិក្សាលើសរីរាង្គមានជីវិត បានណែនាំអំពីឥទ្ធិពលរបស់អឺស្ត្រូសែន និងប្រឆាំងអឺស្ត្រូសែន ព្រមទាំងយន្តការសកម្មភាពដែលមិនអាស្រ័យនឹងអ័រម៉ូន របស់ genistein (ប្រភេទ isoflavones) អាចជំរុញសកម្មភាពរបស់អង់ស៊ីមប្រឆាំងនឹងអុកស៊ីតកម្មបានរួមមាន Catalase, Glutathion peroxidase និង Superoxide dismutase ជាដើម។ សុវត្ថិភាពក្នុងការប្រើប្រាស់ Isoflavonesនៅក្នុងឆ្នាំ ២០១៥ វេទិកាពិភាក្សា EFSA បានធ្វើការសរុបថា ការប្រើប្រាស់ក្នុងបរិមាណ ៣៥ ទៅ ១៥០មីលីក្រាមក្នុងមួយថ្ងៃ រយៈពេលរហូតដល់ ២ ឆ្នាំកន្លះនៃ Isoflavones ពីឱសថបំប៉ន ឬអាហារសណ្តែកសៀង មិនអាចផ្តល់ផលប៉ះពាល់ណាមួយដល់ជាលិកាដែលឆ្លើយតបនឹងអ័រម៉ូនភេទដូចជា សុដន់ ស្បូន ឬក្រពេញទីរ៉ូអ៊ីតឡើយ។ ក្រៅពីនោះ ការហាមឃាត់ក្នុងការប្រើប្រាស់ Isoflavones មិនត្រូវបានរកឃើញឡើយចំពោះស្ត្រីដែលកំពុងទទួលការព្យាបាលដោយឱសថ Tamoxifen ឬ Anastrozole។ ថ្មីៗនេះ​ North American Menopause Society ក៏បានធ្វើការសរុបផងដែរថា Isoflavones មិនអាចបង្កើនហានិភ័យនៃមហារីកសុដន់ ឬស្រទាប់ស្បូនឡើយ។ អត្ថបទសម្រង់៖ (1) Gianluca Rizzo and Luciana Baroni: Nutrients. 2018 Jan; 10(1): 43. (2) Mark Messina : Nutrients. 2016 Dec; 8(12): 754. ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

នាថ្ងៃអាទិត្យ ទី១៣​ ខែមករា​ ឆ្នាំ២០១៩​ វគ្គសិក្សាខ្លីស្តីអំពី​​ "មូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការ គ្លីនិក/មន្ទិរពេទ្យ" បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រត្តិការកម្ពុជា-កូរ៉េ(CKCC) រយៈពេលមួយថ្ងៃពេញ ចាប់ពីម៉ោង ៨ព្រឹក​ រហូតដល់ម៉ោង ៥ល្ងាច ដែលរៀបចំដោយ ក្រុមការងារ ហេលស៍ថាម ប្រូ របស់ក្រុមហ៊ុន ហេលស៍ថាម ខបភូរេសិន និងការសហការឧបត្ថម្ភដោយផលិតផល Coxil។ វគ្គសិក្សាខ្លីនេះប្រព្រឹត្តទៅដោយប្រកបដោយភាពជោគជ័យ ក្រោមការចែករំលែកបទពិសោធន៍ផ្ទាល់ពី វាគ្មិនកិត្តយសចំនួន ២រូប លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត គង់ ពិសិដ្ឋ នាយកនៃមន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ និងលោកវេជ្ជបណ្ឌិត សោម លក្ខិណា ស្ថាបនិកនៃមន្ទីរពហុ​ព្យាបាលអន្តរជាតិ ខេមា និងគ្លីនិក ខេមា។​ លើសពីនេះ យើងក៏មាន ការបង្ហាត់បង្ហាញពីការរៀបចំដំណើរគ្រប់គ្រងគ្លីនិក/មន្ទីរពេទ្យ ក៏ដូចជាការសិក្សាគម្រូអាជីកម្មខេនវ៉ាស ពីសំណាក់គ្រូបង្គោលគឺ​ លោកបណ្ឌិត សុខ ស៊ាង ដែលលោកជាសាស្រ្តាចារ្យ ផ្នែកសហគ្រិនភាព នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងផងដែរ។ វគ្គសិក្សាខ្លីនេះ ប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការចូល​ពីសំណាក់ពីវេជ្ជបណ្ឌិត ទន្តបណ្ឌិត ក៏ដូចជានិស្សិតសុខាភិបាល ចំនួនជាង១០០នាក់។    វគ្គសិក្សាមួយថ្ងៃពេញនេះ ត្រូវបានបែងចែក​ជា៣ផ្នែកធំៗ៖ ១. វេទិកាចែករំលែកបទពិសោធន៍ ពីសំណាក់វាគ្មិនកិត្តិយស លើគន្លឹះនៃការគ្រប់គ្រងដំណើរការគ្លី​និក/មន្ទីរពេទ្យប្រកបដោយភាពជោគជ័យ ២. វគ្គសិក្សាខ្លី អំពីមូលដ្ឋានគ្រឹះសំខាន់ៗ សម្រាប់រៀបចំដំណើរការគ្លី​និក/មន្ទីរពេទ្យ ក៏ដូចជាការសិក្សាលើគម្រូអាជីវកម្មដើម្បីស្វែងរកចំណុចខ្វះខាត និងចំណុចដែលគួរកែតម្រូវដើម្បីឲ្យអាជីវកម្មមួយដំណើរទៅបានប្រកបដោយភាពជោកជ័យ។ ៣. វេទិកាពិភាក្សា ពីការរៀបចំផែនការដំណើរការគ្លីនិក/មន្ទីរពេទ្យ ពីទ្រឹស្តី ទៅកាន់ការអនុវត្តន៍ ក្រោមការចូលរួមពី វាគ្មិន​កិត្តិយស និងលោកគ្រូបង្គោល ដោយមានការសម្របសម្រួលកម្មវិធីដោយ លោក សាំង តារារស្មី នាយកគ្រប់គ្រង ក្រុមហ៊ុន ហេលស៍ថាមខប ផងដែរ។ ជាចុងក្រោយ ក្រុមការងារហេលស៍ ថាម ប្រូ ពិតជាមានសេចក្តីសោមនស្សរីករាយ សូមថ្លែងអំណរគុណដល់វាគ្មិនកិត្តយស គ្រូបង្គោល និងអ្នកចូលរួមទាំងអស់ ដែលបានញ៉ាំងឲ្យវគ្គសិក្សា បញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កា។ ​ក្រុមការងារហេលស៍ ថាម ប្រូ នឹងខិតខំបង្កើតវគ្គសិក្សាថ្មីបន្ថែមទៀត តាមការសំណូមពររបស់អ្នកចូលរួមទាំងអស់ ដើម្បីជួយជំរុញវិស័យសុខាភិបាល​នៅកម្ពុជាឲ្យមានភាពរីកចំរើន។ ដើម្បីទទួលបានព័ត៌មានបន្ថែម សម្រាប់វគ្គសិក្សាដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខទៀត សូមតាមដានក្នុង Healthtime Pro ទាំងអស់គ្នា... ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top