Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

“អាការៈឈឺក្បាលតែងកើតឡើងជាធម្មតាដោយសារហេតុផលច្រើនយ៉ាងដូចជាការគេងមិនគ្រប់គ្រាន់ ស្រេ្តស ឬការជួបប្រទះនឹងរឿងរ៉ាវដែលតែងកើតមានប្រចាំថ្ងៃ ប៉ុន្តែប្រសិនអ្នកឈឺនៅពេលព្រឹកព្រលឹមវិញនោះ មូលហេតុអាចមានលើសពីនេះ។” សំណួរ៖ ខ្ញុំបាទអាយុ២១ឆ្នាំ កម្ពស់១ម៉ែត្រ៧០ ទម្ងន់៥៦គីឡូក្រាម មុខរបរជាបុគ្គលិកផ្នែកលក់ក្នុងក្រុមហ៊ុនឯកជនមួយ។ រយៈពេលជាង ៥ខែមកនេះ ខ្ញុំតែងឈឺក្បាលរាល់ព្រឹក បន្ទាប់ពីក្រោកពីគេង និងមានអាការៈវិលមុខជាប្រចាំ។ ខ្ញុំមិនធ្លាប់បានទៅព្យាបាល ឬប្រើថ្នាំប្រចាំកាយអ្វីមួយទេ។ តើរោគសញ្ញាខាងលើបណ្តាលមកពីមូលហេតុអ្វី? តើខ្ញុំគួរធ្វើដូចម្តេច? ចំលើយ៖ ចំពោះការឈឺក្បាលនៅពេលព្រឹក បន្ទាប់ពីក្រោកពីគេង អាចកើតមានលើមនុស្សទូទៅដូចគ្នា។ ហេតុនេះចំពោះករណីប្អូនគួរពិចារណាថា តើគេងបានគ្រប់គ្រាន់ទេ មានយល់សប្តិពេលគេង ឬអត់ មានឈឺក្បាល ក្អួតចង្អោរ ឬព្រិលភ្នែកដែរឬទេ? បើមានករណីទាំងនេះបន្ថែមពីការឈឺក្បាល គួរតែទៅជួបវេជ្ជបណ្ឌិត មានជំនាញឯកទេសខាងជំងឺខួរក្បាល។ គួរចងចាំថាចំពោះការឈឺក្បាលណាដែលមិនចាំបាច់ព្យាបាល គួរកុំផ្សំថ្នាំញ៉ាំដោយខ្លួនឯងដោយមិនបានឆ្លងកាត់ការប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិត ហើយចំពោះជំងឺខ្លះអាចទទួលដំបូន្មានពីគ្រូពេទ្យ ដោយចាំបាច់ប្រើប្រាស់ថ្នាំបានតាមវេជ្ជបញ្ជា ឬមិនចាំបាច់ក៏អាចធ្វើឲ្យជំងឺជាសះស្បើយបាន។ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាម នាយផ្នែកសរសៃប្រសាទខួរក្បាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការតរោមភ្នែកបច្ចុប្បន្ន គឺជាទីពេញនិយមសម្រាប់នារីសម័យថ្មីទាំងឡាយ ព្រោះការតរោមភ្នែកនេះវាជួយលើកសម្រស់ផ្ទៃមុខនារីៗឲ្យកាន់តែស្អាតមួយកម្រិតទៀត។ យ៉ាងណាមិញ គ្លីនិកហ្វេសឡាញខេមបូឌៀ សូមបង្ហាញពីអត្ថប្រយោជន៍ និងផលវិបាក និងអត្ថប្រយោជន៍មួយចំនួន នៃការតរោមភ្នែកដូចខាងក្រោម៖ អត្ថប្រយោជន៍ប្រយោជន៍នៃការតរោមភ្នែក ធ្វើឲ្យភ្នែកមានភាពទាក់ទាញលើកសម្រស់ផ្ទែមុខបានមួយកម្រិតបន្ថែមទៀត។ ការតរោមភ្នែកមានភាពងាយស្រួលដល់មិត្តនារី ដោយមិនចាំបាច់បិតរោមភ្នែកជារៀងរាល់ថ្ងៃ ហើយអ្នកអាចជ្រើសរើសទំហំ កម្រាស់ និងប្រវែងតាមចំណង់ចំណូលចិត្តទៀតផង។ ការតរោមភ្នែកដែលជ្រើសរើសគ្លីនិកត្រឹមត្រូវនឹងមិនផ្តល់ឲ្យអ្នកមានការឈឺចាប់ អាចផ្តល់ជូនលោកអ្នកនូវសរសៃរោមភ្នែកទន់ និងការប្រើកាវដែលមិនប៉ះពាល់សុខភាពភ្នែក ជួយរក្សាសម្រស់ភ្នែកឲ្យស្អាតបានយូរ និងមិនធ្វើឲ្យដាច់រោមភ្នែក។ ផលវិបាកក្រោយការតរោមភ្នែក  ប្រសិនបើការតរោមភ្នែកមិនប្រព្រឹត្តទៅត្រឹមត្រូវ ភ្នែករបស់អ្នកនាងអាចមានបញ្ហាដូចជា៖ ខុសទម្រង់ភ្នែក ដាច់រោមភ្នែក រលាកគល់រោមភ្នែក។ ដូច្នេះ មិត្តនារីគួរមានការសម្រេចចិត្តឲ្យបានត្រឹមត្រូវ មុនជ្រើសរើសគ្លីនិក ដើម្បីទទួលយកការតរោមភ្នែកដែលអ្នករំពឹងទុក។ តំហែទាំក្រោយការតរោមភ្នែក ក្រោយទទួលបានការតរោមភ្នែកពីគ្លីនិកដែលអាចផ្តល់សុវត្ថភាពសម្រស់ភ្នែករបស់អ្នកហើយ មិត្តនារីគួរយកចិត្តទុកដាក់ធ្វើតំហែទាំឲ្យបានត្រឹមត្រូវ ដើម្បីរក្សារោមភ្នែកឲ្យវែងស្អាតបានយូរ។ ទាំងនេះ ជាចំណុចមួយចំនួនដែលមិត្តអ្នកនាងគួរធ្វើ បន្ទាប់ពីទទួលការតរោមភ្នែករួច៖  -បន្ទាប់ពីទទួលការតរោមភ្នែកហើយ មិត្តនារីគួរចៀសវាងការធ្វើឲ្យរង្វង់ភ្នែកសើមរយៈពេល៤ ទៅ៥ម៉ោង ដើម្បីចាំឲ្យកាវបានស្ងួតល្អ។  -រាល់ពេលលាងមុខ មិនត្រូវញីខ្លាំងនៅត្រង់បរិវេណភ្នែក មិនត្រូវមានទម្លាប់ច្បូត ឬទាញរោមភ្នែកលេងដែលធ្វើឲ្យរោមភ្នែកស្អាតរបស់មិត្តអ្នកនាងឆាប់ជ្រុះចេញក្នុងរយៈពេលខ្លី។  -មិត្តនារីមិនចាំបាច់ប្រើម៉ាស្ការ៉ាសិតបន្ថែមទៅលើរោមភ្នែកដែលតហើយនោះឡើយ ព្រោះថាការប្រើម៉ាស្ការ៉ាអាចធ្វើឲ្យរោមភ្នែករបស់អ្នកនាងឆាប់ជ្រុះទៅវិញទេ។

Share

ការប៉ាក់ចិញ្ចើម គឺជា semi-permanent makeup វាធ្វើឲ្យចិញ្ចើមរបស់អ្នកស្អាតក្នុងរយៈពេលវែង។ ការប៉ាក់ចិញ្ចើមបច្ចុប្បន្ន គឺជាទីពេញនិយមរបស់ស្ត្រីដែលចូលចិត្តធ្វើការតុបតែងមុខ តែមិនសូវពូកែគូសចិញ្ចើម ឬមិនសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការតុបតែងមុខរៀងរាល់ថ្ងៃ ដូច្នេះ ពួកគាត់ជ្រើសរើសយកការប៉ាក់ចិញ្ចើម ដើម្បីជួយសន្សំពេលវេលារបស់គាត់។ ដើម្បីទទួលបានចិញ្ចើមស្អាត មិនអាចគ្រាន់តែសម្រេចចិត្តថាប៉ាក់ហើយក៏ទៅប៉ាក់បានទេ ត្រូវការឲ្យមិត្តនារីជ្រើសរើសកន្លែងប៉ាក់ឲ្យបានត្រឹមត្រូវផងដែរ ព្រោះថាការប៉ាក់ចិញ្ចើមនៅកន្លែងដែលមិនមានការសិក្សាច្បាស់លាស់ បច្ចេកទេសនឹងមិនមានលក្ខណៈស្តង់ដា ការប្រើទឹកថ្នាំមិនល្អ ទឹកថ្នាំអាចបែកទៅជាក្រហម ឬខៀវ បើសិនជាទឹកថ្នាំមានលាយជាតិគីមីខ្ពស់ អាចប៉ះពាល់ដល់សុខភាពរបស់លោកអ្នក។ រីឯការគូសទម្រង់ និងរាងចិញ្ចើមដែលគ្មានជំនាញ និងធ្វើឲ្យចិញ្ចើមមិនសាកសមជាមួយទម្រង់មុខ ឬទម្រង់ចិញ្ចើមសងខាងមិនដូច ឬស្មើគ្នា។ ការឆូតដែលគ្មានជំនាញច្បាស់លាស់ នឹងនាំលោកអ្នកប្រឈមនឹងការរលាកធ្ងន់ធ្ងរនៅបរិវេណដែលធ្វើរួច អាចទៅជាកើតសំលាក ឬផ្លែសាច់ក្រោយការធ្វើ។ ចំពោះការប៉ាក់ចិញ្ចើមនៅ គ្លីនិកកែសម្ផស្សហ្វេសឡាញ ហៅថា Microblading ។ លក្ខណៈពិសេសទាំងបី ដែលគ្លីនិកយើងមាននោះគឹ ៖ ការប្រើផលិតផលដែលផលិតពីប្រទេស Austria ទឹកថ្នាំដែលផ្សំពីធាតុផ្សំធម្មជាតិមិនប់ះពាល់ដល់សុខភាព និងស្បែក និងមិនងាយប្រែពណ៌ក្លាយទៅជាក្រហម ឬខៀវ បន្ទាប់ពីធ្វើរួច។ យើងធ្វើតាមបច្ចេកវិទ្យាពិសេសរបស់ Phi-brows ដែលល្បីនៅអឺរ៉ុបនិង អាស៊ី។ ឧបករណ៍វាស់ និងគូសរូបរាងចិញ្ចើមដែលល្អជាងគេបំផុត ដែលអាចផ្តល់ឲ្យការគូសចិញ្ចើមសមស្របមួយទៅនឹងទម្រង់មុខ និងលើករាសី។ បច្ចេកទេសនៃការប៉ាក់ចិញ្ចើមឲ្យមើលទៅឃើញដូចជាចិញ្ចើមធម្មជាតិពិតៗ និងមានទម្រង់ស្អាតសាកសមនឹងទម្រង់មុខ។ អនាម័យខ្ពស់ ចៀសវាងបាននូវផលវិបាកក្រោយពេលប៉ាក់ ដូចជាការលាក សំលាក ឬស្នាម ការហើម និងការឈឺចាប់។ យើងមានផ្តល់ជូននូវផលិតផលថែរក្សាក្រោយពេលប៉ាក់រួច ដែលអាចធានានូវលទ្ធផលល្អ និងសុវត្ថិភាពសម្រាប់ស្បែក។ លទ្ធផល៧០%នៃការធ្វើ Microblading គឺអាស្រ័យលើការថែទាំជាមួយនឹងផលិតផលដែលមានគុណភាព និងការថែទាំ។ មិត្តនារីអានអត្ថបទនេះហើយ គួរមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសគ្លីនិក ដើម្បីធ្វើការផ្លាស់ប្តូររូបរាងចញ្ចើមរបស់អ្នកនាង...

Share

ជំងឺភ័យខ្លាចក្រោយពេលមានគ្រោះថ្នាក់ ឬ​ Post-Traumatic Stress Disorder (PTSD) គឺជាបញ្ហាសុខភាពផ្លូវចិត្តដែលត្រូវបានបង្កឡើងដោយព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់មួយដែលអ្នកបានឆ្លងកាត់ ឬបានឃើញហេតុការណ៍ណាមួយដោយផ្ទាល់ ហើយវាហាក់បីដូចជានៅដក់ជាប់ក្នុងខួរក្បាល និងលងបន្លាចអ្នកជានិច្ច។ រោគសញ្ញាដែលអ្នកជំងឺតែងជួបប្រទះមានដូចជាភាពញឹកញាប់នៃការរំឭកហេតុការណ៍នោះឡើងវិញសុបិន្តអាក្រក់ និងការថប់បារម្ភកម្រិតធ្ងន់ធ្ងរ ព្រមទាំងមិនអាចគ្រប់គ្រងការគិតអំពីព្រឹត្តិការណ៍នោះបាន។ ជំងឺភ័យខ្លាចនេះអាចបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរណាស់ដល់សុខភាពផ្លូវចិត្ត ផ្លូវកាយ សមត្ថភាពក្នុងការធ្វើការងារប្រចាំថ្ងៃ ការប្រាស្រ័យទាក់ទងក្នុងសង្គម ហើយពេលខ្លះអាចឈានដល់ការធ្វើអត្តឃាតទៀតផង ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលឲ្យបានទាន់ពេលវេលានោះទេ។   បើយោងតាមមជ្ឈមណ្ឌលជាតិព្យាបាលជំងឺ PTSD របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ដើម្បីព្យាបាលជំងឺនេះឲ្យកាន់តែមានប្រសិទ្ធភាព អ្នកជំងឺត្រូវទទួលការព្យាបាលពីរប្រភេទ គឺការព្យាបាលដោយប្រើប្រាស់ថ្នាំ និងមិនប្រើប្រាស់ថ្នាំ។ ខណៈពេលដែលការសិក្សាជាច្រើនបានបង្ហាញថាការប្រើប្រាស់ថ្នាំបានជួយបំបាត់រោគសញ្ញាបានលឿន ចំណែកការព្យាបាលដោយមិនប្រើប្រាស់ថ្នាំក៏អាចជួយសម្រាលអាការៈយ៉ាងសន្សឹមៗ និងមានប្រសិទ្ធភាពផងដែរ។ ម៉្យាងវិញទៀត អ្នកជំងឺត្រូវប្រញាប់ស្វែងរកការព្យាបាលឲ្យបានកាន់តែឆាប់កាន់តែប្រសើរ ដោយហេតុថាការព្យាបាលនៅដំណាក់កាលដំបូងអាចទទួលបានប្រសិទ្ធភាពខ្ពស់ ហើយងាយក្នុងការព្យាបាល។ ដូច្នេះ ដើម្បីជាជំនួយក្នុងការបញ្ជាក់ថាអ្នកកំពុងមានជំងឺនេះ អ្នកអាចឆ្លើយនឹងសំណួរចំនួន ៨ ខាងក្រោម។ ប្រសិនបើអ្នកឆ្លើយថា “យល់ព្រម” ចាប់ពី ៣ សំណួរឡើងទៅ នោះអ្នកប្រហែលជាអាចមានជំងឺភ័យខ្លាចពិតប្រាកដមែន ហេតុនេះអ្នកចាំបាច់គួរតែទៅជួបជាមួយគ្រូពេទ្យជំនាញដើម្បីពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវ។ សំណួរទាំងនោះមានដូចតទៅ៖ ១. តើអ្នកធ្លាប់ជួបប្រទះជាមួយព្រឹតិ្តការណ៍ដែលអាចគ្រោះថ្នាក់ដល់ជីវិត ឬការរំលោភបំពានផ្លូវកាយ និងផ្លូវចិត្តដែរទេ? ២. តើព្រឹតិ្តការណ៍ទាំងនោះបានធ្វើឲ្យអ្នកមានអារម្មណ៍ភ័យខ្លាច ឬធ្វើឲ្យ អ្នកអស់សង្ឃឹមយ៉ាងខ្លាំងក្នុងជីវិតមែនទេ? ៣.តើអ្នកពិបាកក្នុងការជម្រុះចោលហេតុការណ៍ទាំងនោះចេញពីជីវិតមែនទេ? ៤. តើអ្នកយល់ថា អ្នកងាយភ្ញាក់ផ្អើល មានភាពឆេវឆាវ តានតឹង ឆាប់ខឹងជាងកាលពីមុនដែលអ្នកមិនទាន់ជួបព្រឹត្តិការណ៍នេះមែនទេ? ៥. តើអ្នកតែងព្យាយាមចៀសពីសកម្មភាព ឬមនុស្សម្នាទាំងឡាយដែលធ្វើឲ្យអ្នកអាចគិតដល់ព្រឹតិ្តការណ៍នោះឡើងវិញមែនទេ? ៦. តើបញ្ហាពិបាកគេង ឬពិបាកក្នុងការផ្ចង់អារម្មណ៍របស់អ្នកកាន់តែមានភាពធ្ងន់ធ្ងរជាងពេលដែលអ្នកមិនទាន់ជួបព្រឹតិ្តការណ៍នោះមែនទេ? ៧. តើអាការៈនេះកើតឡើងរយៈពេលលើសពី១ខែហើយមែនទេ? ៨. តើបញ្ហានេះបណ្តាលឲ្យអ្នកពិបាកក្នុងការធ្វើការងារប្រចាំថ្ងៃ និងការងារផ្សេងៗទៀតមែនឬទេ? ប្រសិនបើអ្នកមានការស្ទាក់ស្ទើរក្នុងការស្វែងរកជំនួយ សូមចងចាំក្នុងចិត្តថា  PTSD មិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ ហើយវិធីតែមួយគត់ដើម្បីយកឈ្នះវាបានគឺ ហ៊ានប្រឈមមុខនឹងអ្វីដែលបានកើតឡើងចំពោះអ្នក ព្រមទាំងរៀនទទួលស្គាល់ថាវាជាផ្នែកមួយនៃអតីតកាលរបស់អ្នកតែប៉ុណ្ណោះ។ គួរបញ្ជាក់ថា ដំណើរការនេះនឹងកាន់តែមានភាពងាយស្រួលនៅពេលដែលអ្នកទទួលបានការណែនាំ និងការគាំទ្រពីអ្នកជំនាញ ឬគ្រូពេទ្យឯកទេស។​ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការឲ្យទារកប៉ះស្បែកម្តាយក្រោយពេលកើតភ្លាម ត្រូវបានហៅម៉្យាងទៀតថា “ស្បែកប៉ះស្បែក” ឬ “ការថែរក្សាកូនតាមបែបសត្វកង់ហ្គូរូ”។ វិធីសាស្ត្រនេះត្រូវ បានអនុវត្តទូទាំងពិភពលោក ក្នុងគោលបំណងជួយទារកសម្របខ្លួនទៅនឹងជីវិតនៅខាងក្រៅស្បូន និងជួយម្តាយដើម្បីចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយព្រមទាំងដើម្បីបង្កើតទំនាក់ទំនងជិតស្និទ្ធរវាងកូន និងម្តាយទៀតផង។ ស្បែកប៉ះស្បែកក៏ជួយដល់ការលូតលាស់ផ្នែករាងកាយ និងចិត្តរបស់កូនផងដែរ។ អ្វីជាស្បែកប៉ះស្បែក? វិធីសាស្ត្រនេះជាទូទៅត្រូវបានសំដៅដល់ការអនុវត្តដែលទារកត្រូវបានជូតឲ្យស្ងួតជាមុន រួចយកទៅដាក់ផ្ទាល់ទៅលើទ្រូងរបស់ម្តាយក្រោយពេលសម្រាលទាំងម្តាយទាំងកូនត្រូវបានគ្របដណ្តប់ដោយភួយដ៏កក់ក្តៅជាមួយគ្នា និងទុកចោលយ៉ាងហោចណាស់មួយម៉ោង ឬរហូតដល់ទារកបានបៅដោះដំបូងរួចរាល់។ គួរបញ្ជាក់ថា ទារកត្រូវស្វែងរកការបៅដោះម្តាយដោយខ្លួនឯង មិនត្រូវមានជំនួយពីម្តាយ ឬក្រុមគ្រូពេទ្យឡើយ។ ការប៉ះស្បែក និងស្បែកក៏អាចកើតមានគ្រប់ពេលដែលទារកត្រូវការការលួងលោម ភាពស្ងប់ស្ងាត់ និងដើម្បីជួយបង្កើនការផ្គត់ផ្គង់ទឹកដោះម្តាយផងដែរ។ ផលប្រយោជន៍ មានភស្តុតាងកាន់តែច្រើនឡើងៗដែលបានអះអាងអំពីសារសំខាន់នៃស្បែកប៉ះស្បែកក្រោយសម្រាលដែលក្នុងនោះមានដូចជា៖  • ជួយដល់ម្តាយ និងទារកអាចសម្រាក សម្រួលអារម្មណ៍ • ជួយគ្រប់គ្រងកម្រិតចង្វាក់បេះដូង និងការដកដង្ហើមរបស់ទារក ហេតុនេះពួកគេអាចសម្របខ្លួនបានល្អជាងមុនពេលនៅខាងក្រៅស្បូន • ជំរុញការរំលាយអាហារ និងបង្កើនចំណង់បៅដោះម្តាយ • ជួយរក្សាសីតុណ្ហភាពរាងកាយបានល្អ • ចម្លងបាក់តេរីល្អដែលមានលើស្បែកម្តាយដល់ទារក ដើម្បីជួយការពារប្រឆាំងនឹងការឆ្លងមេរោគ • ជំរុញការបញ្ចេញអ័រម៉ូនសម្រួលដល់ការបញ្ចេញទឹកដោះ។ ក្រៅពីនេះ ទារកអាចទទួលបានផលប្រយោជន៍ជាច្រើនទៀតដូចជា៖ • ជួយសម្រួលការស្រូបចូលអុកស៊ីសែន • កាត់បន្ថយអ័រម៉ូនស្ត្រេស (cortisol) • លើកទឹកចិត្តដល់ឥរិយាបថមុនពេលបំបៅ • ជួយបង្កើនការលូតលាស់ • កាត់បន្ថយការស្នាក់នៅក្នុងមន្ទីរពេទ្យ • ជួយបង្កើនបរិមាណទឹកដោះ និងបរិមាណអង់ទីករដែលមានក្នុងទឹកដោះដំបូង។ ដើម្បីឲ្យវិធីសាស្ត្រនេះប្រព្រឹត្តដោយភាពជោគជ័យបាន លុះណាតែមានជំនួយពីក្រុមគ្រូពេទ្យ ដោយក្នុងនោះ៖ • ម្តាយទាំងអស់ត្រូវប៉ះស្បែក និងស្បែកជាមួយកូនក្រោយពេលសម្រាល យ៉ាងហោចណាស់រហូតក្រោយការបំបៅដំបូងរួចរាល់ ឬកាន់តែយូរតាមតែទារកចង់បាន • ម្តាយទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យបំបៅដោះដំបូងខណៈពេលនោះ គឺនៅពេលដែលទារកបង្ហាញសញ្ញាត្រៀមខ្លួនដើម្បីបៅ • ម្តាយ និងទារកដែលមិនមានទំនាក់ទំនងជាមួយការប៉ះស្បែកភ្លាមៗក្រោយពេលសម្រាល ត្រូវបានគេលើកទឹកចិត្តឲ្យចាប់ផ្តើមទំនាក់ទំនងនេះឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន មិនថានៅពេលណា ឬកន្លែងណាក៏ដោយ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

សេចក្តីជូនដំណឹងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៨ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃមានគណនីមួយឈ្មោះ Narichat Jing កំពុងផ្សព្វផ្សាយផលិតផលឱសថ និងផលិតផលគ្រឿងសម្អាងជាច្រើនមុខ ដោយគ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលដែលមានឈ្មោះដូចខាងក្រោម៖ ១-Super Weight Gain ២-Digestica Tablets ៣-Super Colostrum Chew ៤-Easy Slim ៥-DAFLEXION ៦-ផលិតផលគ្រឿងសម្អាងឈុតបំបាត់មុន ស្នាមមុន និងជាំ ៧-ផលិតផលគ្រឿងសម្អាង ឈុតបំបាត់អាចម៍រុយ ៨-សាប៊ូ និងក្រែមបន្ទន់សក់ ៩-ផលិតផលគ្រឿងសម្អាងឈុតបំបាត់ជាំ និងផ្តល់សំណើម និងផលិតផលឱសថដទៃផ្សេងទៀត។ ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាព ឬអាចឈានដល់ការបាត់បង់ជីវិតរបស់អ្នកប្រើប្រាស់មិនត្រឹមត្រូវទៀតនោះ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់ផលិតផលឱសថខាងលើនេះត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងលក់ ចែកចាយ ផលិតផលឱសថគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧ , ០៩២ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការព្យាបាលដោយថ្នាំគីមី ឬភាសាបច្ចេកទេសហៅថា Chemotherapy ជាការព្យាបាលដោយថ្នាំដែលមានប្រសិទ្ធភាពទៅសម្លាប់កោសិកាមហារីកតាមរយៈការបញ្ឈប់ការលូតលាស់ និងការបំបែកខ្លួនរបស់កោសិកាមហារីក។ គោលបំណងចម្បង ៣នៃការព្យាបាលដោយថ្នាំគីមីរួមមាន៖ • ធ្វើឲ្យជំងឺមហារីកជាសះស្បើយ • ទប់មហារីកកុំឲ្យមានការលូតលាស់លឿន និង ពន្យារអាយុជីវិតរបស់អ្នកជំងឺ • បន្ថយការឈឺចាប់។ ការព្យាបាលមហារីកដោយថ្នាំគីមីអាចត្រូវបានធ្វើឡើងរួមគ្នាជាមួយការព្យាបាលផ្សេងទៀតអាស្រ័យទៅតាមប្រភេទមហារីកនីមួយៗ៖ • មហារីកមួយចំនួនតម្រូវឲ្យប្រើថ្នាំគីមីមុនពេលធ្វើការវះកាត់ រីឯមហារីកខ្លះទាមទារឲ្យប្រើប្រាស់ថ្នាំគីមីក្រោយការវះកាត់ • មហារីកខ្លះត្រូវប្រើថ្នាំគីមីមុនពេលបញ្ចាំងកាំរស្មី និងខ្លះទៀតត្រូវប្រើថ្នាំគីមីក្នុងអំឡុងពេលបញ្ចាំងកាំរស្មី • មហារីកផ្សេងទៀតអាចតម្រូវឲ្យប្រើថ្នាំគីមីជាមួយនឹងការព្យាបាលបែបជីវសាស្ត្រ ឬImmunotherapy។ ដំណាក់កាលដែលត្រូវព្យាបាលដោយថ្នាំគីមី ដំណាក់កាលនៃការប្រើថ្នាំគីមីប្រែប្រួលតាមប្រភេទមហារីក ឧទាហរណ៍ជាក់ស្តែងដូចជាមហារីកសុដន់ដែលមានទំហំធំលើសពី ៣សង់ទីម៉ែត្រឡើងទៅអ្នកជំងឺនឹងតម្រូវឲ្យធ្វើការព្យាបាលដោយការចាក់ថ្នាំគីមីមុនទើបវះ និងបញ្ចាំងកាំរស្មីតាមក្រោយ។ ផ្ទុយទៅវិញសម្រាប់ដុំមហារីកសុដន់ដដែលតែមានទំហំតូចជាង ៣សង់ទីម៉ែត្រ អ្នកជំងឺនឹងត្រូវវះមុន ទើបបញ្ចាំងកាំរស្មីហើយបើករណីមិនមែនជាដុំមហារីកកាច អ្នកជំងឺនឹងមិនតម្រូវឲ្យចាក់ថ្នាំគីមីនោះទេ។ យ៉ាងណាក៏ដោយ សម្រាប់ដុំមហារីកមួយចំនួនផ្សេងទៀតភាគច្រើននឹងតម្រូវឲ្យចាក់ថ្នាំគីមីមុនដាច់ខាត។   របៀបនៃការផ្តល់ថ្នាំគីមី និងរយៈពេល ១. ថ្នាំគីមីចាក់តាមសរសៃ • សរសៃវ៉ែន ដែលរួមមានការចាក់ផ្ទាល់ និងការចាក់លាយជាមួយស៊ីរ៉ូម • សរសៃអាទែរ ដោយប្រើបំពង់ទីបតូចវែងហៅថា Catheter ចាក់ចូលរហូតដល់ដុំមហារីក ទើបបាញ់ថ្នាំគីមីបញ្ចូល ២. ថ្នាំគីមីចាក់ចូលស្រោមពោះ ឬស្រោមសួត ៣. ថ្នាំគីមីចាក់សើស្បែក ៤. ថ្នាំគីមីលេប ៥. ថ្នាំគីមីលាបលើស្បែក (ឧ. មហារីកស្បែក)។ គួរបញ្ជាក់ថា ការព្យាបាលជំងឺមហារីកអាចមានរយៈពេលវែង ហើយប្រែប្រួលទៅតាមប្រភេទនៃមហារីកដែលមហារីកខ្លះត្រូវព្យាបាលដោយថ្នាំគីមីរយៈពេល៦ខែ ខ្លះទៀត៨ខែ និងរហូតដល់១២ខែ។ គម្រោងនៃការព្យាបាលម្តងៗហៅថាមួយវគ្គ (Circle) វាប្រែប្រួលតាមប្រភេទប្រូតូកូលនៃការប្រើថ្នាំគីមីប្រូតូកូលខ្លះចាក់មួយថ្ងៃហៅថាមួយវគ្គ ប្រូតូកូលខ្លះចាក់ពីរថ្ងៃហៅថាមួយវគ្គនិងប្រូតូកូលខ្លះចាក់៥ថ្ងៃហៅថាមួយវគ្គដូចគ្នា មានន័យថាអ្នកជំងឺខ្លះចាក់ ៦វគ្គ ៨វគ្គ និងខ្លះទៀត១២វគ្គ។ ដូច្នេះ រាល់ការព្យាបាលជំងឺមហារីកតម្រូវឲ្យអ្នកជំងឺមកជួបគ្រូពេទ្យតាមគម្រោងនៃការព្យាបាលនីមួយៗឲ្យបានទៀងទាត់បំផុត។ បម្រែបម្រួលអារម្មណ៍ក្នុងពេលព្យាបាលដោយហេតុថាថ្នាំគីមីមិនមែនសម្លាប់តែកោសិកាមហារីក វាអាចធ្វើឲ្យពុលដល់សរីរាង្គផ្សេងទៀតដែលមិនមែនមហារីក ធ្វើឲ្យអ្នកជំងឺចង្អោរ ក្អួត ក្តៅខ្លួនដោយសារគ្រាប់ឈាមសធ្លាក់ចុះ ខ្លះធ្វើឲ្យអ្នកជំងឺជ្រុះសក់អស់ ដែលវានឹងត្រឡប់មកធម្មតាវិញបន្ទាប់ពីបញ្ឈប់ការព្យាបាល។ ម៉្យាង អំឡុងពេលព្យាបាលអ្នកជំងឺអាចត្រូវបានហាមឃាត់ពីការងារដែលប្រើកម្លាំង រីឯប្រភេទការងារនៅក្នុងការិយាល័យគឺអាស្រ័យលើអារម្មណ៍របស់អ្នកជំងឺផ្ទាល់ថាអាចធ្វើបាន ឬអត់។ ការត្រៀមខ្លួនរបស់អ្នកជំងឺ • អ្នកជំងឺត្រូវរក្សាអនាម័យឲ្យបានល្អ ហូបស្អាត ផឹកស្អាត រស់នៅស្អាត រាល់អាហារត្រូវឆ្អិនជានិច្ច សម្អាតដៃ និងកន្លែងគេងជាប្រចាំដោយសារក្នុងពេលព្យាបាលអ្នកជំងឺងាយប្រឈមនឹងការឆ្លងមេរោគ • របបអាហារត្រូវគ្រប់គ្រាន់ យ៉ាងហោចណាស់១៥០០កាល់ឡូរីក្នុងមួយថ្ងៃ ទាំងសាច់ បន្លែ និងសារធាតុទឹក ព្រមទាំងចៀសវាងការតមអាហារផ្សេងៗ • ក្រុមគ្រួសារត្រូវរក្សាការលើកទឹកចិត្តឲ្យផ្លូវចិត្តអ្នកជំងឺរឹងមាំ ព្រោះថាបើអ្នកជំងឺបាក់ទឹកចិត្តគាត់អាចស្លាប់បាន។ ផលរំខានពីការព្យាបាល • ប៉ះពាល់ដល់ក្រពះ ដូចជាក្អួតចង្អោរ • ប៉ះពាល់ខួរឆ្អឹងដែលធ្វើឲ្យគ្រាប់ឈាមសធ្លាក់ចុះ អ្នកជំងឺងាយប្រឈមនឹងជំងឺឆ្លង • ប្រភេទថ្នាំខ្លះអាចស៊ីគ្រាប់ឈាមក្រហមឲ្យអ្នកជំងឺខ្វះឈាម និងតម្រូវឲ្យមានការបញ្ចូលឈាម • ប្រភេទថ្នាំមួយចំនួនតូចមានផលវិបាកពិសេស អាចប៉ះពាល់ដល់ដំណើរការបេះដូង។ ទោះជាយ៉ាងណាក៏ដោយ មុនពេលអ្នកជំងឺទទួលបានការព្យាបាល គ្រូពេទ្យនឹងធ្វើការពិនិត្យគ្រប់សរីរាង្គទាំងអស់របស់អ្នកជំងឺ និងផ្តល់ឲ្យនូវជម្រើសនៃការព្យាបាលដែលសមស្របបំផុតដល់អ្នកជំងឺ។ បច្ចុប្បន្នជំងឺមហារីកមួយចំនួនត្រូវបានគេព្យាបាលឲ្យជាសះស្បើយដោយថ្នាំគីមី តែតម្រូវឲ្យពួកគាត់មានទាំងកម្លាំងកាយ និងកម្លាំងចិត្ត តស៊ូជាមួយការព្យាបាល ព្រោះការព្យាបាលត្រូវប្រើរយៈពេលយូរ។ ករណីអ្នកជំងឺជួបផលវិបាកសូមប្រញាប់វិលត្រឡប់មកជួបជាមួយគ្រូពេទ្យវិញឲ្យបានឆាប់កាន់តែប្រសើរ។ សូមកុំរើសអើងអ្នកជំងឺមហារីក សារធាតុគីមីដែលចាក់ចូលមិនអាចឆ្លងដោយការប៉ះពាល់នោះទេ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត សុខ សុធា ឯកទេសជំងឺមហារីក ជំងឺឈាម និងវេជ្ជសាស្ត្រជាន់ខ្ពស់នៃមន្ទីរពេទ្យកាល់ម៉ែត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ភាពឈឺចាប់ ឬក្រហល់ក្រហាយជាធម្មតាក្នុងពោះបណ្តាលមកពីការរលាកក្រពះតិចតួចអាចនឹងត្រូវបំបាត់បានតាមរយៈការប្រើប្រាស់ឱសថប្រឆាំងការបញ្ចេញជាតិអាស៊ីត (Antacids) យ៉ាងណាមិញចំពោះអាការៈជំងឺដែលកើតមានឡើងមិនធម្មតា ឬថ្មីៗ អ្នកជំងឺគួរស្វែងរកការពិនិត្យឲ្យបានត្រឹមត្រូវ។ អ្វីគួរដឹង? ជាទូទៅ អាការៈក្រហល់ក្រហាយ ភាគច្រើនជាសញ្ញាដាស់តឿនពាក់ព័ន្ធទៅនឹងបម្រែបម្រួលមុខងារក្រពះពោះវៀន ភ្នាសបំពង់អាហារ ដែលបង្កឡើងពីជំងឺដំបៅភ្នាសក្រពះ ឬច្រាលទឹកអាស៊ីតក្រពះជាដើម។ ដោយឡែក ប្រសិនសញ្ញាឈឺចាប់ណាមួយ ស្តែងឡើងរយៈពេលលើសពី ១០ថ្ងៃ មានសភាពធ្ងន់ធ្ងរបូករួមការថយចុះទម្ងន់ និងលាមកមានពណ៌ខ្មៅ នោះការពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិត ឬវេជ្ជបណ្ឌិតជំនាញផ្នែកក្រពះពោះវៀនគួរត្រូវបានណែនាំ។  អ្វីគួរធ្វើ? ប្រសិនស្ថានភាពឈឺចាប់ ឬក្រហាយកើតមានឡើងភ្លាមៗ អ្នកជំងឺអាចណែនាំឲ្យប្រើប្រាស់៖ ប្រភេទឱសថរួមបញ្ចូលសារធាតុអាលុយមីញ៉ូមអ៊ីដ្រុកស៊ីត និងអំបិលម៉ាញ៉េស្យូម  ដែលមានសមត្ថភាពទៅបិតលើភ្នាសក្រពះ គ្មានការស្រូបចូល និងត្រូវបញ្ចេញចោលតាមលាមកនៅពេលអស់ប្រសិទ្ធភាព ដូចជា៖ • Maalox (Théraplix) • Phosphalugel (Yamanouchi Pharma)៖ ស្ថិតក្នុងទម្រង់ជាជែល អាចប្រើបាន ២ស្លាបព្រាបាយ ឬ ១កញ្ចប់ បន្ទាប់ពីអាហារ។ ឬអាចប្រើប្រាស់ឱសថប្រឆាំងការចេញអាស៊ីតពីក្រពះ ប្រភេទ Anti H2 ដែលមាន៖ • Cimétidine៖ អាចមានឈ្មោះ Stomédine 200mg ប៉ុន្តែវាអាចបង្កជាផលរំខានមួយចំនួន និងមានអន្តរកម្មឱសថក្នុងលក្ខខណ្ឌណាមួយ • Famotidine៖ អាចមានឈ្មោះ Pepcidac ដោយអាចប្រើម្តង ១គ្រាប់ នៅពេលឈឺចាប់ភ្លាមៗ ឬនៅមុនពេលគេង តែចៀសវាងប្រើប្រាស់លើសពី ២ គ្រាប់ក្នុងមួយថ្ងៃ (សម្រាប់មនុស្សពេញវ័យ)។ ប្រសិនអាការៈស្តែងចេញជាជំងឺច្រាលទឹកអាស៊ីតក្រពះ អាចណែនាំឲ្យប្រើប្រាស់ឱសថប្រភេទពាសក្រពះ ដែលមានសារធាតុរួមបញ្ចូលនូវម្សៅ Baking Soda និង Alginate ដែលមានឈ្មោះ៖ Gaviscon (Smithkline Beecham)៖ ក្នុងកម្រិត ១កញ្ចប់ ឬ២ស្លាបព្រាកាហ្វេ អំឡុងពេលអាហារ ៣ពេល។ ត្រូវប្រាកដថាអាការៈក្រហល់ក្រហាយដែលកើតមានឡើង មិនជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ឱសថប្រភេទ Corticoïde ឱសថបំបាត់ការឈឺចាប់ (Antalgique) ឬឱសថក្នុងក្រុម Anti-inflammatoire non stéroïdien ដែលក្នុងករណីបែបនេះ   ត្រូវជួបព្យាបាលជាមួយវេជ្ជបណ្ឌិតជាបន្ទាន់។ ប្រភពយោង៖ Le vademecum de la Médication officinale ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

នាពេលបច្ចុប្បន្ន ការយល់ដឹងអំពីមហារីកសុដន់ចំពោះស្ត្រីមានការកើនឡើងគួរឲ្យកត់សម្គាល់ ជាក់ស្តែងស្ត្រីភាគច្រើនបានធ្វើការពិនិត្យសុដន់ដោយខ្លួនឯង ឬធ្វើការពិនិត្យដោយគ្រូពេទ្យជំនាញ។ ចម្ងល់ និងការព្រួយបារម្ភតែងកើនមានឡើងក្រោយធ្វើការពិនិត្យនេះ ជាពិសេសនៅពេលដែលបានដឹងថាពួកគាត់មានដុំសាច់ក្នុងសុដន់ ដូចករណីខាងក្រោម៖ សំណួរ៖ អ្នកជំងឺអាយុ ២៥ឆ្នាំ មកពីខេត្តកំពង់ចាម បាននិយាយថា “ក្នុងអំឡុងពេលធ្វើការពិនិត្យសុដន់ តាមរយៈម៉ាស៊ីនអ៊ុលត្រាសោន គ្រូពេទ្យបានរកឃើញថា ខ្ញុំមានដុំគីសទំហំ ១សង់ទីម៉ែត្រមានទឹកថ្លាខាងក្នុង និងព័ទ្ធជុំវិញដោយសម្បកខាងក្រៅ។ ខ្ញុំមិនមានការឈឺចាប់ ឬមានអារម្មណ៍ថាមានដុំនេះនោះទេ។ តើដុំគីសជាអ្វី? តើវាអាចបង្កឲ្យគ្រោះថ្នាក់ទេ?” ចម្លើយ៖ ដុំគីសជាប្រភេទដុំសាច់ស្លូតមួយប្រភេទដែលជាញឹកញាប់តែងតែកើតមានឡើងក្នុងសុដន់របស់មនុស្សស្រី។ ផ្នែកខាងក្នុងរបស់វាជាសារធាតុរាវការវិវឌ្ឍនៃដុំគីសនេះអាចបណ្តាលមកពីបម្រែបម្រួលកម្រិតអ័រម៉ូនដែលមានក្នុងសារពាង្គកាយ។  មានភស្តុតាងមួយចំនួនបានបង្ហាញថាការកើនឡើងនូវអ័រម៉ូនអឺស្ត្រូហ្សែនលើសលប់អាចជំរុញឲ្យមានការកើតប្រភេទដុំសាច់នេះ។  ដុំគីសក្នុងសុដន់អាចមានវត្តមានក្នុងសុដន់ទាំងសងខាង  ឬតែម្ខាង  ដែលប្រភេទដុំសាច់នេះត្រូវបានបែងចែកជាច្រើនប្រភេទក្នុងនោះមានដូចជា៖ • ប្រភេទធម្មតា (សម្បូរ) និងជាប្រភេទគីសបែប ស្មុគស្មាញ • ប្រភេទដុំទោល (សម្បូរ) និងមានដុំគីសច្រើន • ប្រភេទគីសតូចៗ (ពិបាកស្ទាបរក តែអាចត្រូវបានរកឃើញក្នុងអំឡុងពេលធ្វើអ៊ុល​ត្រាសោន) និងប្រភេទគីសធំៗ (អាចស្ទាបដឹង និងមានទំហំចាប់ពី ២ ទៅ៥ស.ម)។ ទំហំដុំគីសធំអាចដាក់សម្ពាធលើជាលិកាសុដន់ផ្សេងៗទៀតដែលនៅជិត បណ្តាលឲ្យមានការឈឺចាប់ និងមានអារម្មណ៍មិនស្រួលនៅតំបន់សុដន់នោះតែម្តង។ ដុំគីសក្នុងសុដន់អាចត្រូវបានគេរកឃើញចំពោះស្ត្រីគ្រប់វ័យទាំងអស់ វាកើតមានជាធម្មតាទៅលើស្ត្រីមុនពេលអស់រដូវ និងស្ត្រីក្រោយអស់រដូវដែលទទួលការព្យាបាលដោយប្រភេទថ្នាំអ័រម៉ូន។ គីសសុដន់អាចកើតឡើងដោយឯកឯង ឬមិនឯកឯងដែលអាចវិវឌ្ឍយ៉ាងលឿន។ ប្រភេទដុំមហារីកកាចដែលនៅជាប់ជញ្ជាំងកោសិកាគីសគឺកម្រកើតមានណាស់។ រោគសញ្ញាជាធម្មតានៃដុំគីសនេះមានលក្ខណៈរលោងមានរាងមូល ឬពងក្រពើបត់បែនបានយ៉ាងងាយស្រួលនៅក្នុងសុដន់ ព្រមទាំងអាចមានលក្ខណៈស្រដៀងនឹងផ្លែទំពាំងបាយជូរ   ឬប៉ោងប៉ោងដែលមានផ្ទុកទឹកក្នុងនោះពេញ ប៉ុន្តែជួនកាលមានសភាពរឹង និងអាចឲ្យមានអារម្មណ៍ឈឺទៀតផង។ ដុំគីសទំហំតូច ដែលមិនបង្កការឈឺចាប់ប្រហែលជាអាចត្រូវបានរកឃើញតែតាមរយៈការពិនិត្យអ៊ុលត្រាសោនប៉ុណ្ណោះ។ ដុំគីសនេះអាចរីកធំ និងកាន់តែឈឺនៅពេលមករដូវ តែប្រែជាបាត់ទៅវិញក្រោយបញ្ចប់ការមករដូវ។ ការធ្វើរោគវិនិច្ឆ័យ បន្ទាប់ពីការសាកសួរអំពីរោគសញ្ញា និងព័ត៌មានទាក់ទងប្រវត្តិគ្រួសាររបស់អ្នកជំងឺរួចរាល់ ក្រុមគ្រូពេទ្យឯកទេសនឹងធ្វើការពិនិត្យសុដន់តាមរយៈរូបរាងខាងក្រៅ និងស្នើសុំការថតពិនិត្យតាមបែបរូបភាពវេជ្ជសាស្រ្តបន្ថែមទៀត។គីសក្នុងសុដន់ងាយស្រួលក្នុងការកំណត់អត្តសញ្ញាណក្នុងអំឡុងពេលពិនិត្យតាមវិធីសាស្ត្រអ៊ុលត្រាសោនក្រោយសង្ស័យថាមានដុំគីស (បន្ទាប់ពីធ្វើការពិនិត្យដោយម៉ាស៊ីនអុលត្រាសោនរួចរាល់) ការប្រើប្រាស់ម្ជុលតូចឆ្មារ (FNA) ដើម្បីបឺតយកទឹកពីក្នុងដុំគីសនឹងត្រូវបានធ្វើបន្ត ដោយដំបូងត្រូវជូតស្បែកខាងលើជាមួយអាល់កុល ព្រមទាំងមានការចាក់ថ្នាំស្ពឹកត្រង់ទីតាំងដែលត្រូវចាក់ម្ជុលបឺតនោះ។ ម្ជុលនេះមានទំហំប្រហែលទំហំម្ជុលបូមឈាមពីសរសៃដៃ។គ្រូពេទ្យឯកទេសនឹងធ្វើការបូមយកទឹកគីសនេះចេញដោយកាន់ដុំគីសថ្នមៗចន្លោះម្រាមដៃរបស់គាត់ រួចរុញម្ជុលចូលជាច្រើនដងដើម្បីបូមទឹកនោះចូលក្នុងសឺរ៉ាំង។ បន្ទាប់មក ដុំគីសនោះនឹងប្រែជាស្វិតដូចជាប៉ោងប៉ោង ដែលត្រូវបានចាក់ទម្លុះ។ ទឹកគីសនៅក្នុងដបពិសេសនេះនឹងត្រូវបញ្ជូនទៅមន្ទីរពិសោធន៍ពិសេសដើម្បីពិនិត្យមើលតាមរយៈមីក្រូទស្សន៍។ បន្ទាប់ពីធ្វើការបូមទឹកគីសរួច អ្នកជំងឺត្រូវមកជួបគ្រូពេទ្យឯកទេសជំងឺសុដន់ក្នុងរយៈពេល១ខែក្រោយ។ ជំងឺមហារីកកម្រវិវឌ្ឍពីដុំគីសណាស់ ហើយសម្រាប់ហេតុផលនេះទឹកគីសដែលបូមមកលាយឡំឈាមតម្រូវឲ្យពិនិត្យតាមរយៈមីក្រូទស្សន៍។ មានតែគ្រូពេទ្យឯកទេសជំងឺសុដន់តែប៉ុណ្ណោះដែលអាចសម្រេចចិត្តបានថាគួរធ្វើការវះកាត់ ឬយ៉ាងណា ពីព្រោះហានិភ័យដែលអាចវិវឌ្ឍដុំគីសដែលមានឈាមឲ្យទៅជាជំងឺមហារីកបានគឺមានតែ ១០% ហើយប្រភេទនៃគីសបែបនេះត្រូវតែវះកាត់ចេញ។ ការព្យាបាល គ្មានការព្យាបាលដែលចាំបាច់សម្រាប់ដុំគីសមានទំហំតូច (តិចជាង ២ស.ម)ទេ ករណីដុំគីសទាំងនោះផ្ទុកទៅដោយសារធាតុរាវ និងមិនបង្កជារោគសញ្ញាអ្វីឡើយ ដែលត្រូវបានធ្វើការបញ្ជាក់ពីអ៊ុលត្រាសោន ឬបន្ទាប់ពីការបូមទឹកគីសរួចរាល់។ ១. ដុំគីសមិនតម្រូវឲ្យមានការព្យាបាលទេ ប្រសិនបើវាមិនបានវិវឌ្ឍកាន់តែធំនិងគ្មានការឈឺចាប់ ឬមានអារម្មណ៍មិនស្រួល តែការបូមទឹកគីសប្រហែលជាត្រូវបានធ្វើឡើងដោយវេជ្ជបណ្ឌិតជំនាញ។ ការបូមទឹកគីសចេញមកបណ្តាលឲ្យដុំគីសប្រែជាស្វិតដោយវាអាចកាត់បន្ថយសម្ពាធ និងភាពមិនស្រួលដែលបណ្តាលមកពីគីសផ្ទាល់។ ទោះបីជាមានការបូមទឹកនេះចេញក៏ដោយក៏ថង់គីសនេះអាចផលិតជាសារធាតុរាវថ្មីបរិមាណប្រហែល៥០%ទៀតនៅពេលអនាគតផងដែរ។ ដូច្នេះ ការបូមយកទឹកគីសចេញអាចត្រូវបានធ្វើឡើងលើសពីពីរដង។ ការលាប់ឬការកកើតថ្មីនៃដុំគីសតែងកើតឡើងជាធម្មតា។ ២. ការវះកាត់អាចត្រូវបានពិចារណាក្នុងករណីគីសកើតឡើងវិញជារៀងរាល់ខែ ឬប្រសិនបើគីសផ្ទុកទៅដោយឈាម ឬករណីមានសញ្ញាណដែលគួរឲ្យព្រួយបារម្ភផ្សេងទៀត។ គីសដែលតែងកកើតទឹកឡើងវិញបន្ទាប់ពីការបឺតទឹកចេញ ២ដង ឬច្រើនជាងនេះប្រហែលជាត្រូវបានវះកាត់ចេញពីព្រោះវាអាចទាក់ទងនឹងជំងឺមហារីក។ ករណីដុំគីសមានសភាពរឹង ការច្រឹបសាច់គឺត្រូវបានធ្វើឡើង។ ៣. ចំពោះស្ត្រីដែលតែងមានគីសជាប់ជានិច្ច ជួនកាលការប្រើប្រាស់ថ្នាំប្រហែលជាអាចជួយមិនឲ្យមានការវិវឌ្ឍដុំគីសបន្តទៀតបាន បើទោះបីជាថ្នាំទាំងនោះមិនមានប្រសិទ្ធភាពចំពោះដុំគីសដែលមានស្រាប់ក៏ដោយ។ ការផ្តល់ថ្នាំជូនអ្នកជំងឺអាចធ្វើឡើងដោយគ្រូពេទ្យឯកទេសជំងឺសុដន់មានបទពិសោធន៍តែប៉ុណ្ណោះ។ សម្រាប់ស្រ្តីដែលមានដុំគីសធម្មតាអាចធ្វើការតាមដានជារៀងរាល់ឆ្នាំ។ ប្រសិនបើស្ត្រីម្នាក់នៅតែអាចស្ទាបដឹងថាមានដុំសាច់បន្ទាប់ពីការមករដូវបានបញ្ចប់ ឬប្រសិនបើដុំសាច់នោះនៅតែបន្តរីកធំ ឬមានការផ្លាស់ប្តូរ ពួកគាត់ត្រូវតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។ចំពោះករណីរបស់អ្នកជំងឺខាងលើ គាត់មានដុំគីសតូចធម្មតា ដែលមិនបង្កគ្រោះថ្នាក់នោះទេ។ គីសនេះជួនកាលអាចបាត់ទៅវិញដោយឯកឯង។ គ្រប់គ្នាត្រូវតែធ្វើការពិនិត្យសុដន់ដោយខ្លួនឯងជារៀងរាល់ខែ និងទៅជួបគ្រូពេទ្យឯកទេសជារៀងរាល់ឆ្នាំសម្រាប់ការពិនិត្យរាងកាយ ព្រមទាំងពិនិត្យតាមវិធីសាស្ត្រអ៊ុលត្រាសោន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ  និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកជំងឺមហារីកនៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជាទូទៅ នៅពេលអ្នកទៅជួបគ្រូពេទ្យដើម្បីព្យាបាលអាការៈក្អក ក្រុមគ្រូពេទ្យតែងសួរអ្នកថាតើជាប្រភេទក្អកស្លេស្ម ឬក្អកស្ងួតដោយហេតុថាមូលហេតុបង្កនិងវិធីសាស្ត្រព្យាបាលផ្សេងៗគ្នា ដែលជួនកាល អ្នកអាចពិបាកញែករវាងការក្អកទាំងពីរនេះណាស់។ ដូច្នេះអត្ថបទខាងក្រោមនឹងបង្ហាញលោកអ្នកឲ្យដឹងថា អ្នកបាន និងកំពុងក្អកស្ងួត ដើម្បីអ្នកអាចធ្វើការបែងចែកខ្លួនឯងបាន។ ក្អកស្ងួតគឺជាប្រភេទក្អកមិនបញ្ចេញស្លេស្ម ដែលវាអាចមានលក្ខណៈរមាស់ ឬដូចមានអ្វីម៉្យាងដែលនៅជាប់បំពង់ក។ ជាញឹកញាប់អាការៈនេះអាចបង្កមកពីមេរោគដូចជា ជំងឺផ្តាសាយ ឬពេលខ្លះក៏អាចបង្កមកពីបញ្ហាអាល្លែកហ្ស៊ី ឬបញ្ហាបំពង់កផងដែរ។ * មូលហេតុនៃក្អកស្ងួត បន្ថែមពីមូលហេតុដែលបានរៀបរាប់ខាងលើ វាក៏អាចបណ្តាលមកពីបញ្ហាផ្សេងទៀតផងដែរ៖ - ជំងឺហឺត - ជំងឺច្រាលទឹកក្រពះ (Gastro-esophageal reflux) - ការជក់បារី - អាល្លែកហ្ស៊ីច្រមុះដែលបណ្តាលមកពីសារធាតុ ឬវត្ថុដែលអ្នកធ្លាប់អាល្លែកហ្ស៊ីជាមួយ មានដូចជា លម្អងធូលី ឬរោមសត្វជាដើម - ការរលាកបំពង់សំឡេង - ក្អកមាន់ ដែលជាប្រភេទជំងឺបង្កមកពីបាក់តេរី - រោគសញ្ញានៃការស្ទះផ្លូវដង្ហើមអំឡុងពេលគេង (Obstructive sleep apnea) - ទម្លាប់ក្អក ដែលជាទូទៅកើតឡើងតែនៅពេលថ្ងៃ ប៉ុន្តែមិនមែនបង្កមកពីមេរោគ ឬបាក់តេរីនោះទេ ហើយភាគច្រើនកើតឡើងចំពោះក្មេងៗ - ការដកដង្ហើមចូលនូវពពួកសារធាតុចម្លែកផ្សេងទៀតដោយចៃដន្យ ដែលអាចជាអាហារ ឬទឹក - ជំងឺសួតមួយចំនួន - អាចជាផលរំខានរបស់ថ្នាំមួយចំនួនដូចជា ថ្នាំលើសឈាមប្រភេទ ACE inhibitor (Angiotensin Converting Enzyme inhibitors)។ ក្រៅពីហេតុផលដែលតែងកើតឡើងជាញឹកញាប់ខាងលើ អាការៈនេះក៏អាចបង្កមកពីជំងឺបេះដូង ជំងឺស្ទះទងសួត (Pulmonary embolism) ឬជំងឺមហារីកសួតជាដើម។ គួរបញ្ជាក់ថា អាការៈនេះអាចកាន់តែធ្ងន់ធ្ងរនៅពេលដែល៖ - ការដកដង្ហើមជាមួយខ្យល់ស្ងួត ឬត្រជាក់ខ្លាំង - ខ្យល់កង្វក់ដែលអាចមានជាធូលី ផ្សែង - ស្រូបផ្សែងបារីដោយផ្ទាល់ ឬមិនផ្ទាល់ - ការប្រើប្រាស់សំឡេងច្រើន និងខ្លាំងពេក - ការផ្លាស់ប្តូរសីតុណ្ហភាព។ * វិធីសាស្ត្រព្យាបាល ក្អកស្ងួតដែលបណ្តាលមកពីការឆ្លងមេរោគ ដូចជាជំងឺផ្តាសាយ ជាធម្មតាអាចធូរស្រាលដោយខ្លួនឯងបានក្នុងរយៈពេល១ឬ២ សប្តាហ៍។ ការព្យាបាលបែបធម្មជាតិ រួមជាមួយការប្រើថ្នាំក្អកអាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរឡើង ដែលក្នុងនោះអ្នកអាចអនុវត្តតាមវិធីសាស្ត្រខាងក្រោម៖ ការព្យាបាលបែបធម្មជាតិ - ផឹកទឹកឲ្យបានច្រើន - លាយទឹកឃ្មុំជាមួយក្រូចឆ្មារ ដោយប្រើទឹកក្តៅជាមួយទឹកឃ្មុំ ១ទៅ២ស្លាបព្រានិងបន្ថែមក្រូចឆ្មារបន្តិច - ខ្ពុរមាត់ជាមួយទឹកអំបិល ករណីអ្នកមានបញ្ហាក្អកស្ងួតមកពី ផ្តាសាយ ឬឈឺក។ ការព្យាបាលដោយប្រើថ្នាំ - ប្រើប្រាស់ថ្នាំបន្ថយការក្អកក្នុងរយៈពេលខ្លី ដែលមានសារធាតុសកម្មដូចជា Pholcodine, Dextromethorphan, Codeine, Dihydrocodeine, និង Pentoxyverine។ ថ្នាំប្រភេទនេះភាគច្រើនអាចរកទិញបាននៅតាមឱសថស្ថានដោយមិនចាំបាច់មានវេជ្ជបញ្ជា ប៉ុន្តែអ្នកត្រូវទទួលការណែនាំពីរបៀបប្រើប្រាស់ឲ្យបានត្រឹមត្រូវពីឱសថការីជាមុនរាល់ពេលប្រើប្រាស់ - ជួនកាលអ្នកក៏អាចត្រូវបានប្រើប្រាស់ប្រភេទថ្នាំដែលមានការបូកបញ្ចូលគ្នារវាង ថ្នាំផ្តាសាយ អាល្លែកហ្ស៊ី និងថ្នាំក្អក ករណីមូលហេតុបណ្តាលមកពីជំងឺផ្តាសាយ ឬអាល្លែកហ្ស៊ី - ការប្រើប្រាស់ប្រភេទស្រៃ្ពយ៍បាញ់ច្រមុះ ឬមាត់ដែលមានសារធាតុសកម្មដូចជា ទឹកអំបិល (Saline nasal spray ) ឬ ថ្នាំប្រឆាំងរលាក (Corticosteroid nasal spray) - ការប្រើប្រាស់ថ្នាំបន្ថយការបញ្ចេញជាតិអាស៊ីតក្រពះ ក៏ត្រូវបានអនុវត្តចំពោះអ្នកមានបញ្ហាច្រាលទឹកក្រពះផងដែរ។ * សញ្ញាណដែលអ្នកគួរជួបគ្រូពេទ្យជាបន្ទាន់ - ក្អកមានឈាម - ពិបាកដកដង្ហើម ឬថប់ - ក្អករាល់ពេលយប់ ឬមានលាយឡំក្តៅខ្លួន - ជាអ្នកជក់បារីជាប់ជាប្រចាំ - មានលាយឡំជាមួយការឈឺក្បាល ឈឺត្រចៀក ក្អួត កន្ទួលរមាស់ ស្រកទម្ងន់ ឬឈឺសាច់ដុំពេញខ្លួន - ក្មេងអាយុក្រោម៦ខែ - ក្អកលើសពី ១០ថ្ងៃដោយមិនមានភាពប្រសើរ ឬកាន់តែធ្ងន់ធ្ងរ - ឬអ្នកមានជំងឺលើសឈាម ជំងឺបេះដូង ក្រពះ ពោះវៀន ឬជំងឺផ្លូវដង្ហើម។ គួរបញ្ជាក់ថា អ្នកគួរប្រាប់គ្រូពេទ្យរបស់អ្នក ករណីអ្នកមានបញ្ហាក្អកធ្ងន់ធ្ងរដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំលើសឈាមដើម្បីធ្វើការផ្លាស់ប្តូរប្រភេទថ្នាំផ្សេងទៀតដែលអាចសមស្របជាងនេះ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តរាំ និងមានបំណងចង់ហាត់ប្រាណដើម្បីទទួលបានសុខភាពល្អ ព្រមទាំងមានរូបរាងកាយសមសួន បានមកដល់ហើយ នោះគឺក្បាច់រាំហាត់ប្រាណដែលមានឈ្មោះថា ហ្សូមបា។ ហ្សូមបា គឺជាប្រភេទលំហាត់ប្រាណមួយបែប ចម្រុះទៅដោយក្បាច់រាំប្លែកៗរវាងក្បាច់រាំឡាទីន និងអាមេរិក ដែលនាពេលបច្ចុប្បន្នវាបានក្លាយជាលំហាត់ប្រាណដ៏ពេញនិយម និងទាន់សម័យនៅលើពិភពលោកតាមរយៈអត្ថប្រយោជន៍ដ៏គួរឲ្យភ្ញាក់ផ្អើលដូចខាងក្រោម៖ ១. អាចធ្វើចលនាបានពេញមួយតួខ្លួន ក្បាច់រាំនេះត្រូវបានបញ្ចូលគ្នារវាងក្បាច់រាំសែលសា(Salsa) និងក្បាច់រាំដែលប្រើប្រាស់ថាមពលច្រើន (Aerobic) ជាហេតុធ្វើឲ្យអ្នកអាចធ្វើចលនាបានគ្រប់ផ្នែកទាំងអស់នៃរាងកាយ ដោយរាប់បញ្ចូលទាំងម្រាមដៃ ស្មា ដងខ្លួននិងជើង។ ម៉្យាង រាល់ពេលអ្នករាំចង្វាក់នេះ អ្នកមិនចាំបាច់បារម្ភថាអ្នករាំត្រូវ ឬខុសនោះទេ ដរាបណាអ្នកអាចធ្វើចលនាតាមចង្វាក់ភ្លេង នោះមានន័យថា អ្នកបានកំពុងចូលរួមធ្វើលំហាត់ប្រាណហើយ។ ២. ជួយសម្រកទម្ងន់បានល្អ ការសិក្សាមួយនៅឆ្នាំ២០១២ បានបង្ហាញថាការរាំហ្សូមបារយៈពេល៣៩នាទីបានដុតបំផ្លាញថាមពលប្រហែល ៣៦៩កាល់ឡូរី ហើយអាចដុតបំផ្លាញបាន ៩.៥កាល់ឡូរីក្នុងមួយនាទី។ ក្រុមប្រឹក្សាសហរដ្ឋអាមេរិកទាក់ទងនឹងការធ្វើលំហាត់ប្រាណ បានផ្តល់អនុសាសន៍ថា បុគ្គលម្នាក់ៗគួរដុតបំផ្លាញថាមពលយ៉ាងតិច៣០០កាល់ឡូរី រាល់ពេលធ្វើលំហាត់ប្រាណដើម្បីជួយក្នុងការសម្រកទម្ងន់ និងរក្សាទម្ងន់។ ដូច្នេះ ក្បាច់រាំហ្សូមបាអាចបំពេញគ្រប់លក្ខខណ្ឌសម្រកទម្ងន់នេះបានយ៉ាងល្អ។ ៣. ពង្រឹងសាច់ដុំរាងកាយទាំងមូល អ្នកនឹងមានអារម្មណ៍ថាឈឺពេញទាំងខ្លួន ឬអាចឈឺត្រង់តំបន់ដែលអ្នកមិននឹកស្មានទៀតផង ដោយសារក្បាច់រាំហ្សូមបាបានផ្តោតទៅលើការធ្វើលំហាត់ប្រាណសាច់ដុំប្រភេទផ្សេងៗគ្នាគ្រប់ផ្នែកទាំងអស់នៃរាងកាយ ជាពិសេសសន្លាក់ផងដែរ។ ៤. សម្រួលចង្វាក់បេះដូង និងសរសៃឈាម ដូចដែលបានបញ្ជាក់ខាងលើ ក្បាច់រាំនេះបានរួមបញ្ចូលទាំងការរាំបែបសប្បាយៗ និងក្បាច់ប្រើប្រាស់ថាមពលច្រើន (Aerobic) ដែលជាប្រភេទលំហាត់ប្រាណជួយដល់ដំណើរការរបស់បេះដូង និងសរសៃឈាមបានល្អ។ ជាក់ស្តែង ការសិក្សាមួយបានបង្ហាញថា បន្ទាប់ពីរយៈពេល ១២សប្តាហ៍ក្រោយកម្មវិធីលំហាត់ប្រាណ ហ្សូមបា អត្រាលោតរបស់ចង្វាក់បេះដូង និង សម្ពាធឈាមរបស់អ្នកចូលរួមបានថយចុះគួរឲ្យកត់សម្គាល់។ ៥. បង្កើនភាពរីករាយ និងបន្ថយស្ត្រេស ពីព្រោះ ហ្សូមបា ជាប្រភេទលំហាត់ប្រាណជាក្រុមដែលមានមូលដ្ឋានគ្រឹះជាការរាំ និងតន្ត្រី ហេតុនេះវាហាក់បីដូចជាភាសាសកលមួយដែលមនុស្សគ្រប់គ្នាងាយស្ដាប់យល់ និងងាយធ្វើត្រាប់តាម។ តាមរយៈការបង្វែរចំណាប់អារម្មណ៍របស់អ្នកមកកាន់តន្ត្រីហើយបោះចោលនូវភាពតានតឹងទាំងឡាយដែលមានជារៀងរាល់ថ្ងៃ គឺជាវិធីមួយដ៏ល្អបំផុតដើម្បីជួយបន្ធូរបន្ថយភាពតានតឹងទាំងនោះ។ ការសិក្សាបានបង្ហាញការធ្វើលំហាត់ប្រាណអាចផ្តល់ប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយភាពនឿយហត់ បង្កើនការប្រុងប្រយ័ត្ននិងមានស្មារតីផ្ចង់អារម្មណ៍ខ្ពស់ ព្រមទាំងជំរុញឲ្យញាណដឹងមានដំណើរបានល្អប្រសើរទៀតផង។ ៦. សមស្របគ្រប់វ័យ និងគ្រប់កម្រិត ហ្សូមបា គឺជាប្រភេទលំហាត់ប្រាណចំណាយថាមពលច្រើន និងសមស្របសម្រាប់ហ្វឹកហាត់បេះដូង ហេតុនេះមនុស្សគ្រប់គ្នាអាចសាកល្បងជាមួយក្បាច់រាំប្រភេទនេះបានដោយមិនប្រកាន់អាយុ និងសមត្ថភាពនៃការចេះរាំ ឬមិនចេះរាំនោះទេ។ ប៉ុន្តែ ប្រសិនបើអ្នកមានបញ្ហាសុខភាពប្រចាំកាយអ្នកគួរប្រឹក្សាជាមួយគ្រូពេទ្យរបស់អ្នកជាមុនសិន។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

នៅក្នុងសម័យសាកលភាវូបនីយកម្ម និស្សិតកាន់តែច្រើនឡើងកំពុងរៀនភាសាដើម្បីបំបែកឧបសគ្គ និងប្រាស្រ័យទាក់ទងគ្នាយ៉ាងងាយស្រួលទាំងក្នុងជីវភាពរស់នៅ  និងការសិក្សារបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើរៀនមិនបានត្រឹមត្រូវ នោះដំណើរការនៃការរៀនសូត្រភាសាថ្មីអាចចំណាយពេលច្រើន និងខ្ជះខ្ជាយប្រាក់។ សំណាងល្អអត្ថបទនេះនឹងលម្អិតអំពីគុណវិបត្តិទាំងនោះ និងរបៀបដែលអ្នកអាចចៀសវាងពីកំហុសទាំងនោះ។   ព្យាយាមចងចាំពាក្យទាំងអស់ វាមិនអាចទៅរួចទេក្នុងការរៀន និងស្គាល់ពាក្យទាំងអស់នៃភាសាណាមួយ។សូម្បីតែអ្នកនិយាយភាសាដើមក៏មិនប្រើពាក្យទាំងអស់បានដែរ។ ជាក់ស្តែងមានតែពាក្យពី ២០០០ ទៅ៣០០០  ប៉ុណ្ណោះដែលត្រូវបានគេប្រើជាប្រចាំ។ដូច្នេះអ្នកអាចជំនួសការព្យាយាមទន្ទេញនិងរៀនពាក្យទាំងអស់នោះនិងផ្តោតអារម្មណ៍ទៅរៀនពាក្យដែលប្រើសម្រាប់ទំនាក់ទំនងប្រចាំថ្ងៃ ពាក់ព័ន្ធនឹងការសិក្សា ឬវិជ្ជាជីវៈរបស់អ្នក។ ព្យាយាមចងចាំក្បួនវេយ្យាករណ៍ ជាការពិត វេយ្យាករណ៍គឺមានសារៈសំខាន់នៅក្នុងភាសានីមួយៗ។ ទោះជាយ៉ាងណាក៏ដោយការចងចាំនូវច្បាប់ទាំងអស់របស់វាអាចមានច្រើនហើយអាចធ្វើឲ្យសិស្សមានភាពលំបាកក្នុងការសិក្សា។ ដូច្នេះកុំបង្ខំខ្លួនឯងក្នុងការចងចាំក្បួនវេយ្យាករណ៍។ អ្នកគួរយល់ឲ្យបានច្បាស់ពីភាសាដែលអ្នកកំពុងរៀន ដោយការយល់ដឹងពីវប្បធម៌របស់ភាសានោះតាមខ្សែភាពយន្ដ បទចម្រៀង ឬហ្គេម។ វិធីនេះអ្នកនឹងអាចរៀនវេយ្យាករណ៍ដោយធម្មជាតិ ។ ភ្លេចអំពីការស្តាប់ យើងចាប់ផ្តើមរៀន ភាសាដោយផ្តោតលើវាក្យសព្ទ និងវេយ្យាករណ៍។ ហើយជារឿយៗយើងហាក់មិនអើពើលើជំនាញស្តាប់នោះទេ។ ការស្តាប់ គឺជាគន្លឹះដ៏សំខាន់ក្នុងការទំនាក់ទំនង និងការយល់ដឹងពីគ្នា។ អ្នកនឹងដឹងថាការនិយាយភាសា និងការយល់ដឹងមានលក្ខណៈមិនដូចគ្នានោះទេ ដូច្នេះដើម្បីអភិវឌ្ឍជំនាញស្តាប់ អ្នកអាចមើលភាពយន្តឬ   កម្មវិធីទូរទស្សន៍ (មានចំណងជើងរង) ឬស្ដាប់តន្ត្រី ឬវិទ្យុផ្សេងៗ។ ស្វែងយល់ពីប្រភពសៀវភៅតែមួយ សៀវភៅសិក្សាគឺជាការចាប់ផ្តើមដ៏ល្អមួយប៉ុន្តែពួកវានៅមានកម្រិត។ ការរៀនសូត្រពីសៀវភៅសិក្សាអាចធ្វើឲ្យអ្នកនិយាយឥតខ្ចោះ និងងាយស្រួលក្នុងការស្តាប់ ប៉ុន្តែការនិយាយតាមរយៈសៀវភៅសិក្សាអាចធ្វើឲ្យបាត់បង់សំនៀងធម្មជាតិ និងដូចជាការបង្ខំទៅវិញ។ វប្បធម៌នៃភាសានីមួយៗមិនអាចរៀនបានទាំងស្រុងពីសៀវភៅសិក្សានោះទេ ដូច្នេះបន្ថែមឲ្យសៀវភៅសិក្សា អ្នកគួរស្វែងយល់ពីការនិយាយភាសាសាមញ្ញផងដែរ។   ពឹងផ្អែកលើគ្រូបង្រៀន ដោយមិនគិតពីជំនាញអ្វីដែលអ្នកព្យាយាមរៀន ការពឹងផ្អែកលើសាលារៀនឬគ្រូបង្រៀនគឺមិនមានផលល្អឡើង។ វាជារឿងល្អដែលត្រូវមានកម្មវិធីសិក្សាដែលត្រូវបានរចនាជាពិសេស និងគ្រូបង្រៀនដើម្បីណែនាំអ្នក ប៉ុន្តែនៅទីបំផុត វាអាស្រ័យលើអ្នកទាំងស្រុង ដើម្បីស្រូបយកចំណេះដឹងទាំងនោះ។ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថាសាលារៀន និងសៀវភៅសិក្សាមិនមានប្រសិទ្ធភាពសម្រាប់អ្នកទេ សូមមេត្តារៀនសូត្រពីប្រភពក្រៅ និងវេទិការៀនភាសាដទៃទៀតដែលមាន។   កត់សម្គាល់កំហុសឲ្យបានឆាប់ អាចឲ្យអ្នកកែតម្រូវបានភ្លាមៗ។ ការរៀនភាសាគឺមានសារៈសំខាន់ ប៉ុន្តែអ្នកក៏អាចធ្វើវាជាមួយបទពិសោធន៍ដ៏រីករាយផងដែរ ហើយមិនមែនជាភាពតានតឹងទេ ដូច្នេះអ្នកអាចរៀនសូត្រដោយសប្បាយចិត្ត! ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share
Top