Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មនុស្សគ្រប់រូបកើតមកមានសេរីភាព ភាពស្មើគ្នា និងមានសិទ្ធិក្នុងការទទួលសេវាថែទាំព្យាបាលដោយមិនមានការប្រកាន់អំពីពូជសាសន៍ សញ្ជាតិ ពណ៌សម្បុរ សាសនា ភាសា អាយុ ភេទ ស្ថានភាពគ្រួសារ ស្ថានភាពសេដ្ឋកិច្ចស្ថានភាពសង្គម និងនិន្នាការនយោបាយឡើយ។ ជាក់ស្តែង សិទ្ធិទីមួយរបស់អ្នកជំងឺ ឬអតិថិជនក្នុងចំណោមសិទ្ធិទាំង៧នោះគឺ សិទ្ធិស្មើភាព និងសិទ្ធិមិនរើសអើងគ្រប់បែបយ៉ាង ដែលការអនុវត្តជារួម មានដូចជា៖ • ការផ្តល់សេវាប្រកបដោយគុណភាពទៅតាមស្តង់ដាជាតិដែលបានកំណត់ដល់អតិថិជន  ឬអ្នកជំងឺទាំងអស់ដោយមិនប្រកាន់ពូជសាសន៍ សញ្ជាតិពណ៌សម្បុរ សាសនា ភាសា អាយុ ភេទ ស្ថានភាពគ្រួសារ ស្ថានភាពសេដ្ឋកិច្ចស្ថានភាពសង្គម និងនិន្នាការនយោបាយ។ • សិទ្ធិអ្នកជំងឺស្តីពីភាពស្មើគ្នា និងសិទ្ធិមិនរើសអើងមានចែងក្នុងក្រសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត    - អ្នកផ្តល់សេវាសុខភាពមានកាតព្វកិច្ចត្រូវគោរពសិទ្ធិនេះពេញមួយអាជីពរបស់ខ្លួន    - ក្រសួងសុខាភិបាល និងមន្រី្តទទួលបន្ទុកមូលដ្ឋានសុខាភិបាល ត្រូវធ្វើឲ្យអ្នកផ្តល់សេវាសុខភាពបានយល់ដឹងនិងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត។ • ស្របតាមគោលនយោបាយវិមជ្ឈការ ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវតែមានតួនាទីក្នុងការពន្យល់ឲ្យបានច្បាស់លាស់អំពីសិទ្ធិអតិថិជនដល់៖    - ប្រជាជនក្រីក្រ    - ជនងាយរងគ្រោះ    - និងផ្តល់ការគាំទ្រនៅពេលណាដែលពួកគាត់ត្រូវការ។ • ការផ្សព្វផ្សាយព័ត៌មានបន្ថែមអាចធ្វើឡើងក្រោមរូបភាព៖    - ការទំនាក់ទំនងអន្តរបុគ្គល    - យុទ្ធនាការអប់រំ    - សម្ភារបោះពុម្ព (ចែកខិត្តប័ណ្ណ ឬផ្ទាំងរូបភាព)    - ប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិច (វិទ្យុ ទូរទស្សន៍ និងវិបសាយ)។ • អប់រំដល់គ្រូបង្រៀនអាចមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយសិទ្ធិអតិថិជនទៅដល់សិស្សានុសិស្ស។ តើការទទួលខុសត្រូវចំពោះសិទ្ធិស្មើភាព  និងសិទ្ធិមិនរើសអើងគ្រប់បែបយ៉ាងមានអ្វីខ្លះ? ការទទួលខុសត្រូវអ្នកជំងឺត្រូវតែសកម្មខ្លួនឯងក្នុងការស្វែងយល់អំពីសិទ្ធិរបស់ខ្លួន ដែលគាត់អាចរកជំនួយបានតាមរយ៖ • គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ឬមន្ទីរពេទ្យ • ក្រុមទ្រទ្រង់សុខភាពភូមិ • បុគ្គលិកសុខភាព និងក្រុមប្រឹក្សាឃុំ/សង្កាត់។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការព្យាបាលជំងឺមហារីកដោយកាំរស្មី ជាវិធីសាស្រ្តមួយក្នុងការព្យាបាលជំងឺមហារីកដោយប្រើកម្រិតកាំរស្មីខ្ពស់ (High dose of radiation) ដើម្បីសម្លាប់កោសិកាមហារីក។  កាំរស្មីដែលគេប្រើជាញឹកញាប់ គឺកាំរស្មីអ៊ិច (X-rays) ឬហ្វូតុងអ៊ិច (Photon X) ដែលមានលទ្ធភាពអាចបំផ្លាញ DNA របស់កោសិកាមហារីកបាន ហើយដែលជាលទ្ធផលកោសិកាមហារីកមិនអាចរីកលូតលាស់បាន។ ការព្យាបាលដោយកាំរស្មីគឺមានគោលដៅសម្លាប់ ឬបំផ្លាញកោសិកាមហារីកដោយរក្សានូវការប៉ះពាល់ទៅលើសរីរាង្គជិតខាងឲ្យបានតិចតួចបំផុត។ ប្រភេទនៃការព្យាបាលដោយកាំរស្មី យោងតាមបច្ចេកទេស (Technique) នៃការប្រើកាំរស្មី ការព្យាបាលនេះត្រូវបានបែងចែកជា២ធំៗរួមមាន៖ • ការបញ្ចំាងកាំរស្មី (External Beam Radiotherapy)៖ ជាវិធីសាស្រ្ត ដែលប្រភពកាំរស្មីត្រូវបានបញ្ចេញពីម៉ាស៊ីនមានលក្ខណៈជាបាច់ឆ្លងកាត់ស្បែកនិងសរីរាង្គដទៃទៀតរហូតទៅដល់ដុំសាច់ដែលត្រូវព្យាបាល។ • ការស្អំដោយកាំរស្មី (Brachytherapy)៖ ជាការដាក់បញ្ចូលធាតុវិទ្យុសកម្មទៅក្នុងខ្លួនរបស់អ្នកជំងឺឲ្យជិត ឬក្នុងដុំសាច់ដែលត្រូវព្យាបាលតែម្តងដោយកាំរស្មីមិនឆ្លងកាត់ស្បែក និងសរីរាង្គផ្សេងៗដូចការបញ្ចំាងកាំរស្មីពីខាងក្រៅនោះទេ។  ករណីយោងតាមគោលដៅវេជ្ជសាស្ត្រ (Radiation therapy intents) ការព្យាបាលជំងឺមហារីកដោយកាំរស្មីត្រូវបានបែងចែកជា២ធំៗផងដែរ ដូចជា៖ • ការព្យាបាលក្នុងបំណងឲ្យជា (Curative intent)៖ ជាការព្យាបាលដោយកាំរស្មីច្រើន បូករួមជាមួយនឹងការព្យាបាលដទៃទៀត ទាំងការចាក់ថ្នាំគីមី និងការវះកាត់ (មុន ឬក្រោយការវះកាត់) ដើម្បីឲ្យអត្រានៃការជាខ្ពស់ និងកាត់បន្ថយការលាប់ឡើងវិញ។ • ការព្យាបាលក្នុងបំណងពន្យារ ឬសម្រន់ (Palliative intent)៖ ជាវិធីសម្រាប់ព្យាបាលដើម្បីកាត់បន្ថយនូវការឈឺចាប់ បន្ថយពិការភាព ឬទប់មិនឲ្យមានការហូរឈាមភ្លាមៗ ដែលជាហេតុប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺបន្ទាន់និងគុណភាពជីវិតចុងក្រោយរបស់គាត់។ ជំងឺមហារីកស្ទើរតែទាំងអស់សុទ្ធតែត្រូវការការព្យាបាលដោយកាំរស្មីដែលរួមមាន មហារីកច្រមុះ មាត់និងបំពង់ក មហារីកប្រព័ន្ធរំលាយអាហារមហារីកសួត មហារីកសុដន់ មហារីកមាត់ស្បូន មហារីកក្រពេញប្រូស្តាត និងមហារីកលើសរីរាង្គផ្សេងៗជាច្រើនទៀត។ ដំណើរការនៃការព្យាបាលដោយកាំរស្មី ដើម្បីសន្មត់ថាអ្នកជំងឺត្រូវព្យាបាលដោយកាំរស្មីដោយថ្នាំគីមី   ឬការវះកាត់ត្រូវឆ្លងកាត់ការប្រជុំពិភាក្សារវាងក្រុមគ្រូពេទ្យឯកទេសដែលពាក់ព័ន្ធនឹងការព្យាបាលជំងឺមហារីក(MDT=Multidisciplinary Team) ដូចជា គ្រូពេទ្យឯកទេសខាងរូបភាពវេជ្ជសាស្រ្ត គ្រូពេទ្យឯកទេសខាងថ្នាំគីមី គ្រូពេទ្យឯកទេសបញ្ចាំងកាំរស្មី  និងគ្រូពេទ្យឯកទេសវះកាត់មហារីកដើម្បីកំណត់យុទ្ធសាស្រ្តក្នុងការព្យាបាលជាមុនសិន។ នៅពេលអ្នកជំងឺត្រូវបានកំណត់ថាត្រូវព្យាបាលដោយកាំរស្មី ចលនការនៃការព្យាបាលនេះចែកចេញជា ៥ដំណាក់កាលដូចខាងក្រោមនេះ៖ • ការណាត់ជួបអ្នកជំងឺជាមួយគ្រូពេទ្យឯកទេសកាំរស្មី៖  ដើម្បីឲ្យអ្នកជំងឺត្រៀមលក្ខណៈ ទទួលបានព័ត៌មានពាក់ព័ន្ធនឹងដំណើរការព្យាបាលដោយកាំរស្មីផលវិបាកមួយចំនួនដែលកើតឡើងក្នុងអំឡុងពេល និងក្រោយពេលព្យាបាល។ • ការថតប្លង់កាំរស្មី (CT Simulation)៖ ជាការថតស្កែនសម្រាប់ការព្យាបាលដោយកាំរស្មី រូបភាពដែលទទួលបានប្រើសម្រាប់ធ្វើការសិក្សាប្លង់។ • ការសិក្សាប្លង់ (Dosimetry)៖ ដើម្បីកំណត់ទីតាំង ទិសដៅបញ្ចាំង និងកម្រិតកាំរស្មីដែលត្រូវប្រើ ដោយមានការចូលរួមសម្រេចពីគ្រូពេទ្យឯកទេសកាំរស្មី និងអ្នកឯកទេសខាងរូបភាពវេជ្ជសាស្ត្រ រួចទើបបញ្ជូនទិន្នន័យទាំងនោះទៅកាន់ម៉ាស៊ីនបញ្ចាំងកាំរស្មី (Linear Accelerator) ដោយប្រព័ន្ធព័ត៌មានវិទ្យាទំនើប។ • ការព្យាបាលដោយកាំរស្មី៖ ការព្យាបាលធ្វើតាមទិន្នន័យដែលរក្សាទុកក្នុងម៉ាស៊ីនបញ្ចាំងកាំរស្មីសម្រាប់អ្នកជំងឺម្នាក់ៗ។ • ការតាមដាន៖ ចាប់តាំងពីថ្ងៃដំបូងដែលអ្នកជំងឺទទួលការព្យាបាលដោយកាំរស្មី រហូតដល់ថ្ងៃបញ្ចប់នៃការព្យាបាល និងក្រោយបញ្ចប់ការព្យាបាលអ្នកជំងឺតម្រូវឲ្យជួបគ្រូពេទ្យឯកទេសកាំរស្មីជាប្រចាំ។ ការត្រៀមខ្លួនរបស់អ្នកជំងឺ ដំណាក់កាលចំនួន៣ដែលអ្នកជំងឺត្រូវត្រៀមខ្លួនសម្រាប់ការព្យាបាលដោយកាំរស្មី៖ • នៅពេលមុនទទួលការព្យាបាលដោយកាំរស្មី៖ អ្នកជំងឺនឹងតម្រូវឲ្យជួបជាមួយគ្រូពេទ្យឯកទេសផ្នែកកាំរស្មីដើម្បីស្វែងយល់ ឬទទួលព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយទាក់ទងនឹងគោលបំណង ដំណើរការ និងផលវិបាកអំឡុងពេល និងក្រោយពេលព្យាបាល។ • អំឡុងពេលព្យាបាលដោយកាំរស្មី៖ អ្នកជំងឺត្រូវជួបគ្រូពេទ្យយ៉ាងហោចម្តងក្នុងមួយសប្តាហ៍ និងក្នុងករណីមានផលវិបាកដោយកាំរស្មី អ្នកជំងឺតម្រូវឲ្យជួបគ្រូពេទ្យញឹកញាប់ (លើសពីម្តង ក្នុងមួយសប្តាហ៍) ដើម្បីប្រឹក្សាបន្ថែម និងបន្ថយផលវិបាកទាំងនោះ។ • ក្រោយការបញ្ចាំងកាំរស្មី៖ អ្នកជំងឺត្រូវបន្តការតាមដានជារឿយៗ ជាមួយគ្រូពេទ្យឯកទេសកាំរស្មីដើម្បីវាយតម្លៃឡើងវិញនូវផលវិបាក និងការវិវឌ្ឍនៃជំងឺ។ ផលវិបាកនៃការព្យាបាលដោយកាំរស្មី អ្នកជំងឺដែលធ្វើការព្យាបាលដោយវិធីនេះ អាចប្រឈមនឹងផលវិបាកមួយចំនួនដូចជា៖ •ផលវិបាកកើតមានភ្លាមៗក្នុងអំឡុងពេលព្យាបាល (Acute side effects)៖ លេចចេញក្នុងអំឡុងពេល និងក្រោយពេលព្យាបាលដោយកាំរស្មីរយៈពេលច្រើនសប្តាហ៍ ឬបន្លាយក្រោយបញ្ចប់ការព្យាបាល៣ខែទៅតាមទីតាំង និងប្រភេទនៃការព្យាបាល ដែលរួមមានការអស់កម្លាំង ប្តូរពណ៌ស្បែក ជ្រុះសក់ស្ងួតមាត់ពិបាកលេប ទឹកមាត់ខាប់ ក្អួតចង្អោរ ឈឺក ពងបែកមាត់ ក្អក រាក បត់ជើងតូចញឹក និងចុកពោះជាដើម។ • ផលវិបាករយៈពេលយូរ (Long term side effects)៖ លេចឡើងរយៈពេលចាប់ពី ៦ខែក្រោយពីការព្យាបាលដោយកាំរស្មី អ្នកជំងឺអាចប្រឈមនឹងផលវិបាកដូចជា សភាពប្រែពណ៌ស្បែក ក្រិន រឹងឡើងសរសៃឈាម ពុកឆ្អឹង និងអាចប៉ះពាល់ដល់សរសៃវិញ្ញាណ។   ការព្យាបាលដោយកាំរស្មី មិនប៉ះពាលដល់អាយុជីវិតរបស់អ្នកជំងឺនោះទេ ផ្ទុយមកវិញវាជួយសម្លាប់កោសិកាមហារីក និងអាចឲ្យអ្នកជំងឺជាសះស្បើយ បាន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត  លឹម ឧស្សាហ៍ ឯកទេសព្យាបាលជំងឺមហារីកដោយកាំរស្មីនៅមជ្ឈមណ្ឌលជាតិជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សត្វប្រឡាំងកាសដែលមានឈ្មោះវិទ្យាសាស្ត្រថា “Carcinoscorpius rotundicauda Latreille” គឺជាសត្វសមុទ្រដែលស្ថិតក្នុងគ្រួសារ Limulidae ដែលឈាមរបស់វាមានគុណសម្បត្តិក្នុងការបង្អាក់សកម្មភាពរបស់បាក់តេរីកុំឲ្យបាក់តេរីបង្កការខូចខាតដល់កោសិកា។ នៅក្នុងប្រទេសកម្ពុជាគេនិយមប្រើប្រាស់វាក្នុងគោលបំណងព្យាបាលជំងឺរលាក និងជំងឺដែលឆ្លងដោយបាក់តេរី។ ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើតេស្តរកសមាសធាតុឱសថ និងកំណត់នូវចំនួនឱសថនៅក្នុងជាលិកាផ្សេងៗ នៃសារពាង្គកាយទាំងមូលរបស់សត្វប្រឡាំងកាសស្ងួត។ សារពាង្គកាយទាំងមូលរបស់សត្វប្រឡាំងកាសស្ងួត ត្រូវបានយកមកពីហាងលក់ឱសថបុរាណក្នុងស្រុក ហើយត្រូវបានផ្ទៀងផ្ទាត់ជាមួយនឹងសំណាកសត្វសមុទ្រ (កូដៈ UPFOPMP-120003) ដែលតម្កល់ទុកនៅក្នុង “តិណាល័យសាកលវិទ្យាល័យពុទ្ធិសាស្ត្រ” (UP-Herbarium)។ ជាលិកានៃសារពាង្គកាយទាំងមូលរបស់សត្វប្រឡាំងកាសស្ងួតនេះ ត្រូវបានយកបំបែកជា 5 ផ្នែក ដែលមានដូចជា Prosoma, Ophisthosoma, Telson, Appendages និង Eggs។ផ្នែកនីមួយៗត្រូវបានយកមកកិនឲ្យម៉ត់ ហើយធ្វើការចម្រាញ់ជាមួយនឹងអង្គធាតុរំលាយ Ethanol តាមរយៈវិធីសាស្រ្តចម្រាញ់ Ultrasonication-Assisted Extraction (UAE) រូបធាតុចម្រាញ់ដែលទទួលបានត្រូវបានត្រៀមទុកសម្រាប់ធ្វើតេស្តគីមីឱសថ និងធ្វើតេស្តក្រូម៉ាតូក្រាបភីស្រទាប់ស្តើង។ ការធ្វើពិសោធន៍ទាំងអស់ត្រូវបានធ្វើឡើងក្នុងបន្ទប់ពិសោធន៍រូបធាតុឱសថនៃមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ ក្រោយពេលធ្វើការចម្រាញ់ យើងទទួលបានផលិតផលចម្រាញ់ទៅតាមផ្នែកជាលិកានិមួយៗដូចជា Prosoma ទទួលបាន 3.19%, Ophisthosoma ទទួលបាន 4.86%, Telson ទទួលបាន 2.68%, Appendages ទទួលបាន 5.26% និង Eggs ទទួលបាន 2.84%។ លទ្ធផលនៃការធ្វើតេស្តគីមីឱសថបានឲ្យដឹងថា Ophisthosoma, Appendages និង Eggs មានផ្ទុកសមាសធាតុឱសថ Alkaloids, Coumarins, Saponins និង Resins។ Prosoma មានផ្ទុកសមាសធាតុឱសថ Alkaloids, Coumarins និង Resins។ Telson មានផ្ទុកសមាសធាតុឱសថ Alkaloids និង Coumarins។ ចំណែកឯការវិភាគលើក្រូម៉ាតូក្រាបភីស្រទាប់ស្តើងទៅលើជាលិកាផ្សេងៗរបស់សត្វប្រឡាំងកាសស្ងួត នៅជំហ៊ានរលកចន្លោះពី 254-366 nm និង 10%-H2SO4 នៅក្នុងអង្គធាតុរំលាយ “Mobile Phase” Toluene:Ethanol (9:1) យើងញែកបានឱសថចំនួន 3 អង្គធាតុឱសថ ដែលមានតម្លៃ Rf ដូចតទៅ៖ 0.22, 0.38 និង 0.59 នៅក្នុង Prosoma, Ophisthosoma, Telson និង Appendages។ ដោយឡែកចំពោះ Eggs គឺមានសមាសធាតុឱសថច្រើនជាងគេរហូតដល់ 5 អង្គធាតុឱសថដែលមានតម្លៃ Rf ដូចតទៅ៖ 0.18, 0.22, 0.38, 0.59 និង 0.73។ ព័ត៌មាននៃសមាសធាតុឱសថដែលមាននៅក្នុងជាលិកាផ្សេងៗរបស់សត្វប្រឡាំងកាសស្ងួតនេះ បញ្ជាក់អំពីគុណសម្បត្តិឱសថដែលមាននៅក្នុងសត្វប្រឡាំងកាសរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ វាគឺជាព័ត៌ មានគ្រឹះសម្រាប់អ្នកវិទ្យាសាស្ត្រដទៃទៀតប្រសិនបើមានបំណងចង់បន្តការស្រាវជ្រាវពាក់ព័ន្ធនឹងការបំបែកសមាសធាតុឱសថចេញពីសត្វប្រឡាំងកាសរបស់កម្ពុជា។ ប្រភពអត្ថបទដោយ និស្សិត និងសាស្ត្រាចារ្យមហាវិទ្យាល័យឱសថសាស្ត្រ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ៖ កែវ សំអែល, សូលឹម សិរីរឹទ្ធិ, ឡេង សៀវម៉ី, ហុង វិសាល, ភួង ថាក់រក្សា, អ៊ា សុខគីម, អ៊ឹង ហ៊ុយឃីម, នី ច័ន្ទសីហា និង ជា ស៊ីន ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ពងបែក ឬភាសាបច្ចេកទេសហៅថា Vesicle គឺជាការពកឡើងនៃស្បែកដែលមានផ្ទុកសារធាតុរាវនៅខាងក្នុង។ មូលហេតុទូទៅដែលបណ្តាលឲ្យកើតមានពងបែកនេះ គឺមកពីការកកិតរវាងស្បែក និងស្បែកបណ្តាលឲ្យស្រទាប់ស្បែកដាច់ចេញពីគ្នា ហើយបង្កជាទឹកដែលជាញឹកញាប់ផ្តល់ជាផលរំខានការឈឺចាប់ ឬមានអារម្មណ៍មិនស្រួលជាដើម។ សំណួរ៖ នាងខ្ញុំអាយុ ២៩ ឆ្នាំ កម្ពស់ ១ម៉ែត្រ ៦៥ ទម្ងន់ ៥៨ គីឡូក្រាម ជាស្ត្រីមេផ្ទះ។ ខ្ញុំតែងតែមានឡើងពងបែកតូចៗ ដែលមានទឹកនៅចន្លោះម្រាមដៃនីមួយៗ មិនឈឺ ឬរមាស់ឡើយ ហើយវាកើតមានជាញឹកញាប់ ប៉ុន្តែច្រើនតែបាត់ទៅវិញនៅរយៈពេលប៉ុន្មានថ្ងៃក្រោយដោយខ្លួនឯង។ តើនេះជាជំងឺអ្វី?តើគួរព្យាបាល និងការពារកុំឲ្យកើតឡើងវិញយ៉ាងដូចម្តេច? ចម្លើយ៖ បើតាមបច្ចេកទេស បញ្ហាពងទឹកនៅចន្លោះម្រាមដៃអាចជារោគសញ្ញាដែលទាក់ទងនឹងជំងឺជាច្រើន ដោយក្នុងនោះរួមមានផងដែរនូវជំងឺហឺបភីស (Herpes) ឬជំងឺពងបែក ឬអាចជាការរោលអាល្លែកហ្ស៊ី។ដោយឡែក បញ្ហាអាល្លែកហ្ស៊ីច្រើននាំមកជាមួយនឹងការរមាស់ហេតុនេះក្នុងករណីដែលពុំមានការរមាស់ ហើយបញ្ហាកន្ទួលពងទឹកនេះតែងកើតឡើងម្តងហើយម្តងទៀតជាញឹកញាប់ វាអាចទាក់ទងនឹងជំងឺហឺបភីស ដែលអាចបង្ហាញជារោគសញ្ញាឡើងបាន ដោយមិនចាំបាច់ប៉ះពាល់នឹងអ្វីមួយជាក់លាក់ឡើយ ពីព្រោះវាពាក់ព័ន្ធនឹងភាពខ្សោយនៃប្រព័ន្ធភាពស៊ាំ។ ជំងឺកញ្ចុំពងទឹកនេះផងដែរមិនបង្ហាញជាការរមាស់ឡើយលុះត្រាតែវាលេចចេញនៅទីតាំងផ្សេងទៀតនៃរាងកាយក្រៅពីម្រាមដៃ ពីព្រោះស្បែកនៅដៃមានលក្ខណៈក្រាស់ ដែលអាចបណ្តាលឲ្យមានអាការៈសង្កៀរ ក្រហាយ ឬការឈឺចាប់នៅតំបន់នោះ។ ប្រសិនបើរោគសញ្ញានេះ ពិតជាជំងឺកញ្ចុំពងទឹក ឬហឺបភីសមែននោះ ការព្យាបាលគឺត្រូវធ្វើឡើងដោយប្រើប្រាស់ឱសថប្រឆាំងនឹងវីរុសរយៈពេលពី ៥ថ្ងៃទៅ ១សប្តាហ៍ ដែលការព្យាបាលនេះនឹងត្រូវបានផ្តល់ជូនក្រោយពីអ្នកជំងឺទៅជួបនឹងវេជ្ជបណ្ឌិតសើស្បែកដើម្បីធ្វើការពិនិត្យបានច្បាស់លាស់ជាមុនសិន។ ទាក់ទងនឹងករណីជំងឺនេះដែរអ្នកជំងឺនឹងត្រូវបានណែនាំឲ្យរក្សាប្រព័ន្ធភាពស៊ាំរបស់ខ្លួនឲ្យបានមាំទាំដើម្បីបង្ការការកើតឡើងវិញ។ ម្យ៉ាងទៀត ប្រសិនជំងឺនេះកើតឡើងដដែលៗលើសពី ៥ដងក្នុងមួយឆ្នាំ នោះវីធីបង្ការនឹងតម្រូវឲ្យមានការផ្តល់ថ្នាំបង្ការពីវេជ្ជបណ្ឌិតជំនាញ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ វិចិត្រ ឯកទេសសើស្បែក និងឡេសឺ អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប្រធានសមាគមគ្រូពេទ្យសើស្បែក កម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សម្រាប់អ្នកដែលមានបញ្ហាផ្លូវចិត្ត ដូចជាបញ្ហាថប់អារម្មណ៍ និងជំងឺធ្លាក់ទឹកចិត្ត វិធីព្យាបាលរបស់ពួកគាត់ គឺការជួបពិគ្រោះជាមួយអ្នកជំនាញ និងប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា។ បន្ថែមពីលើនេះ ការធ្វើលំហាត់ប្រាណក៏ជាចំណែកមួយដ៏សំខាន់ក្នុងការជួយសម្រួលដល់បញ្ហាផ្លូវចិត្ត ជាពិសេសអារម្មណ៍ដែរដោយហេតុថា កាលណាអ្នកធ្វើលំហាត់ប្រាណជាប្រចាំនោះ សុខភាពផ្លូវកាយ និងចិត្តរបស់អ្នកនឹងកាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នាដែលនឹងបង្កជាផលវិជ្ជមានដល់ជីវិតរបស់អ្នក។  ជាក់ស្តែង ការសិក្សាស្រាវជ្រាវមួយចំនួនបានរកឃើញថា «លំហាត់ប្រាណជាប្រចាំជួយបន្ធូរនូវអារម្មណ៍ក្រៀមក្រំរបស់អ្នកមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ» ហើយឥទ្ធិពលរបស់វា គឺមានយូរជាងថ្នាំរម្ងាប់អារម្មណ៍ទៅទៀត។ ប្រសិនបើអ្នកចង់ដឹងថាមាន លំហាត់ប្រាណបែបណាខ្លះល្អសម្រាប់អ្នកមានបញ្ហាផ្លូវចិត្តនោះសូមតាមដានអានជាមួយគ្នា… យោគៈ យោគៈ ជាទូទៅ គឺធ្វើឲ្យមានអារម្មណ៍ថាស្រណុកកាយ និងចិត្ត ហើយឥទ្ធិពលរបស់វា មានរយៈពេលវែង។ មានការសិក្សាមួយបានបង្ហាញដែរថា អ្នកដែលចូលរួមក្នុងការហាត់យោគៈជាប្រចាំ ពិតជាមានអារម្មណ៍ធូរស្បើយអំពីបញ្ហាថប់់អារម្មណ៍ ជំងឺធ្លាក់ទឹកចិត្ត កំហឹង និងបញ្ហាប្រព័ន្ធប្រសាទផ្សេងៗផងដែរ។ ជាក់ស្តែង យោគៈច្រើនតែជាការដកដង្ហើមវែងៗ និងការផ្តោតសំខាន់ទៅលើផ្នែកខាងក្នុងនៃរាងកាយ ដែលពិតជាមានគុណប្រយោជន៍សម្រាប់អ្នកមានបញ្ហាផ្លូវចិត្ត។ ការរត់ មនុស្សភាគច្រើនចាប់ផ្តើមរត់មួយភ្លែត (រត់ម៉ាអស់ជើង) ឬរត់ត្រឹកៗមួយរយៈពេល រាល់ពេលដែលមានអារម្មណ៍ពិបាកចិត្ត។ នេះគឺពិតជាជម្រើសដ៏ល្អ ដោយហេតុថា ការរត់នឹងធ្វើឲ្យអ្នកបញ្ចេញនូវអង់ដូហ្វីន (Endorphins) ដែលជាអ័រម៉ូនជំរុញឲ្យមានអារម្មណ៍ល្អ ហើយមិនខុសពីយោគៈដែរ វាមានឥទ្ធិពលមិនត្រឹមតែក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ ក្នុងការសម្រួលដល់អារម្មណ៍នៃការធ្លាក់ទឹកចិត្ត។ ការឡើងភ្នំ មិនត្រឹមតែជាសកម្មភាពដែលជាជំនួយដល់សុខភាពបេះដូងប៉ុណ្ណោះទេ ការឡើងភ្នំក៏បង្កើតនូវឱកាសក្នុងការនៅខាងក្រៅ និងចំណាយពេលច្រើនជាមួយនឹងធម្មជាតិទៀតផងដែលប្រាកដណាស់ គឺផ្តល់នូវផលវិជ្ជមានដល់សុខភាពផ្លូវចិត្ត។ លទ្ធផលស្រាវជ្រាវមួយដោយ Environmental Health and Preventive Medicine បានរកឃើញថា អ្នកដែលបានដើរកម្សាន្ត ឬចំណាយពេលនៅក្នុងតំបន់ព្រៃ គឺមានអ័រម៉ូនស្ត្រេសទាបជាងអ្នកដែលដើរកម្សាន្តនៅក្នុងទីក្រុង ឬទីប្រជុំជន។ ការរាំ មិនថាការរាំចង្វាក់ហ្សូមបា ឬចង្វាក់ដែលមានដៃគូរាំការហាត់ប្រាណតាមចង្វាក់ភ្លេងជាក្រុម ឬការរាំតាមចង្វាក់ភ្លេង (បែប Freestyle) តែម្នាក់ឯងនោះទេ ការរាំ គឺពិតជាមានប្រសិទ្ធភាពក្នុងការបំបាត់នូវអាការៈស្ត្រេស និងថប់អារម្មណ៍។ ប្រៀបធៀបនឹងថ្នាក់កីឡាធម្មតា ថ្នាក់រាំ គឺមានឥទ្ធិពលលើបញ្ហាផ្លូវចិត្តច្រើនជាងគេ ព្រោះតែការរាំប្រៀបបានជាការបង្ហាញចេញនូវអ្វីពីក្នុងខ្លួន ដែលអាចពង្រឹងដល់ទំនាក់ទំនងរវាងសុខភាពផ្លូវកាយ និងចិត្ត។ ថៃជី នេះប្រហែលជាធ្លាប់បានស្គាល់ហើយថា វាជាប្រភេទលំហាត់ប្រាណដែលមានដើមកំណើតមកពីប្រទេសចិនដែលជាការលាយឡំគ្នារវាងក្បាច់គុណ និងចលនាសមាធិ។ ជាក់ស្តែងណាស់ វាជាប្រភេទលំហាត់ប្រាណដែលតម្រូវឲ្យមានការផ្តោតអារម្មណ៍ ការរក្សាលំនឹងរាងកាយ ការសម្រាកនៃសាច់ដុំ និងការដកដង្ហើមដោយមិនបង្ខំ ដែលសុទ្ធតែជាសកម្មភាពអំណោយផលដល់ផ្លូវចិត្ត។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

តើអ្នកធ្លាប់គិតដែរទេថា អ្នកក៏អាចហាត់ប្រាណនៅខាងក្រៅ ហើយទទួលបានលទ្ធផលល្អប្រសើរដែរ បើទោះជាអ្នកមិនមានឧបករណ៍អ្វីសោះក៏ដោយ?មិនមែនត្រឹមជាការរត់ត្រឹកៗ ធម្មតានោះទេ អ្នកអាចអនុវត្តនូវចលនាងាយៗមួយចំនួនខាងក្រោមនេះ ដែលអាចជួយដល់សុខភាពផ្លូវកាយរបស់អ្នកឲ្យកាន់តែរឹងមាំផងដែរ...      ការតោងបង្គោល ឬរបារ ក្រឡេកមើលជុំវិញខ្លួនអ្នក ថាតើមានបង្គោលផ្តេកឬរបារ (អាចជាមែកឈើដែលមាំក៏បាន) ដែលមានកម្ពស់ខ្ពស់ជាងក្បាលរបស់អ្នកឬទេ? ហើយធ្វើ ការហក់លោតដើម្បីតោងចាប់វា ដោយប្រើកម្លាំងដៃទប់ទម្ងន់ខ្លួន ហើយប្រឹងងើបក្បាលឲ្យខ្ពស់ជាងបង្គោល ឬរបារនោះ ហើយទម្លាក់ខ្លួនចុះក្រោមវិញ (ដោយមិនដាក់ជើងដល់ដី) ហើយងើបឡើងលើទៀត។ ធ្វើបែបនេះប្រមាណ ៦០វិនាទី ជាមួយនឹងល្បឿនដែលអ្នកគិតថាល្មមសម្រាប់កម្លាំងរបស់អ្នក។ អាវ៉ង់ (​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Push-up) អ្វីដែលត្រូវការពេលនេះ គឺកៅអីបង់ ដែលជឿជាក់ថាមិនពិបាកស្វែងរកនោះទេនៅសួនច្បារសាធារណៈនោះ។ អ្នកត្រូវអាវ៉ង់ចំនួន ៣ចលនាខុសៗគ្នាដំបូងអាវ៉ង់ដោយដាក់ជើងទៅលើកៅអីបង់ និងដៃនៅលើដី (ធ្វើឲ្យបាន ១០ដង)។បន្ទាប់មក ផ្លាស់ប្តូរទិសដៅវិញ ដោយដាក់ដៃនៅលើកៅអីបង់ និងជើងនៅលើដីវិញ (ធ្វើឲ្យបាន ១០ដង) រួចសឹមធ្វើការអាវ៉ង់ធម្មតានៅលើដីរាបស្មើវិញចំនួន១០ដងដូចគ្នា។ ការហក់លោតប៉ះទីខ្ពស់ អាចរកដើមឈើ ឬទីតាំងណាមួយដែលមាន​កម្ពស់ខ្ពស់ជាងក្បាលរបស់អ្នកឆ្ងាយ ហើយ​លើកដៃទាំងពីរឡើងលើឲ្យផុតពីក្បាល រួចធ្វើការលោតប៉ះដើមឈើ ឬទីខ្ពស់នោះឲ្យដល់ទីខ្ពស់បំផុតដែលអ្នកអាចធ្វើបានដោយត្រូវប្រាកដថាអ្នកលោត និងឈរដោយប្រមូលផ្តុំកម្លាំងនៅចុងជើង។ ធ្វើបែបនេះប្រមាណ ១នាទីជាការស្រេច។ ការអង្គុយលើអាកាស អង្គុយលើកៅអីបង់ដោយលើកដៃទាំងពីរក្តាប់នៅពីមុខខ្លួនអ្នក (ដាក់នៅកម្ពស់ប្រហែលនឹងករបស់អ្នក) ហើយសាកងើបអង្គុយលើអាកាសឲ្យខ្ពស់តាមដែលអាចធ្វើបាន ហើយអង្គុយចុះផ្ទាល់លើកៅអីវិញពេលដែលមានអារម្មណ៍ថាទ្រទម្ងន់លែងបាន។ អ្នកគួរធ្វើបែបនេះប្រមាណ១នាទីទើបប្រសើរ។ ការរត់នៅមួយកន្លែង ឈរនៅឆ្ងាយពីកៅអីបង់បន្តិច ដោយបែរមុខទៅរកកៅអី ហើយដាក់ដៃទប់លំនឹងខ្លួននៅលើកៅអី ជើងនៅលើដីធម្មតា (ស្រដៀងនឹងពេលអាវ៉ង់ដែរ) រួចធ្វើចលនាជើងរត់ដោយមិនផ្លាស់ទី ដោយប្រឹងធ្វើចលនាជង្គង់អបៗនឹងដើមទ្រូង ប្រៀបដូចជាកំពុងរត់ឡើងភ្នំដែរ។ ធ្វើបែបនេះប្រមាណ ៣០វិនាទីហើយផ្លាស់ប្តូរដោយដាក់ដៃ និងជើងនៅដីផ្ទាល់វិញ ជាមួយនឹងចលនាដូចគ្នាប្រមាណ៣០វិនាទីទៀត។ ការឈរទប់លំនឹងលើកៅអីបង់ ឡើងឈរលើកៅអីដោយដាក់ជើងស្តាំនៅលើកៅអីហើយបោះជំហានឡើងចុះកៅអីជាមួយនឹងជើងឆ្វេង រួចធ្វើការឆ្លាស់ជើងវិញម្តង ដោយដាក់ជើងឆ្វេងលើកៅអី ហើយបោះជើងឆ្វេងឡើងចុះកៅអីដោយធ្វើបែបនេះទៅមកឲ្យបាន២០ដង។ ការបង្វែរខ្លួនទៅទាំងសងខាង បន្ទន់ជង្គង់ និងឱនខ្នងប្រៀបដូចជាពេលដែលអ្នកកំពុងប្រឹងលើកបាវខ្សាច់ ឬស្ពាយអ្វីដែលធ្ងន់នៅលើខ្នង ដោយដាក់ដៃទាំងសងខាងផ្អោបចូលគ្នា ហើយដាក់ព័ទ្ធទៅផ្នែកខាងក្រោយនៃក្បាល ដើម្បីទប់លំនឹងខ្លួន។ បង្វែរខ្លួនទៅ​ឆ្វេងម្តង ទៅស្តាំម្តងដោយរក្សាជំហរដដែល ឲ្យបានប្រមាណ១នាទី។ អ្នកអាចជ្រើសរើសចលនាណាមួយដែលអ្នកគិតថាងាយស្រួលសម្រាប់អ្នកហើយអនុវត្តឲ្យបានជាប្រចាំ។ វានឹងមានការប្រសើរ ប្រសិនបើអ្នកធ្វើចលនានីមួយៗឲ្យបាន៣ដង ដោយធ្វើការរត់ត្រឹកៗប្រមាណជា៥នាទីរៀងរាល់ពេលបញ្ចប់ចលនាទាំងនោះបានម្តង… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការក្លាយជាសិស្សគំរូ គឺមានសារៈសំខាន់ដើម្បីសម្រេចបាននូវគោលដៅសិក្សារបស់អ្នក។ ទម្លាប់ដែលគ្មានប្រសិទ្ធភាពអាចនាំឱ្យមានលទ្ធផលមិនល្អ ទោះបីជាអ្នកចំណាយពេលវេលាច្រើនយ៉ាងណាក្ដី។ អត្ថបទនេះនឹងបង្ហាញអ្នកនូវមធ្យោបាយមួយចំនួនស្តីពីវិធីចៀសវាងពីទម្លាប់មិនល្អ នៅពេលដែលអ្នកសិក្សា៖ ១. ចាប់ផ្តើមវគ្គសិក្សាដោយគ្មានគ្រោងការ ដំណោះស្រាយ៖ គ្រោងការគឺសំខាន់ណាស់ក្នុងការសិក្សា។ គូសបញ្ជាក់ពីអ្វី ដែលអ្នកចង់បានពីការសិក្សារបស់អ្នក និងកំណត់គោលដៅសម្រាប់ការសិក្សានីមួយៗ។ ជាឧទាហរណ៍ នៅក្នុងវគ្គសិក្សាមួយលើសម័យប្រវត្តិសាស្រ្តនៃយុគសម័យថ្ម យើងអាចរំពឹងថាសិស្សនឹងទទួលបានការយល់ដឹងជាទូទៅអំពីរយៈពេលនោះ។ ២. រង់ចាំរហូតដល់នាទីចុងក្រោយដើម្បីចាប់ផ្តើមកិច្ចការ ដំណោះស្រាយ៖ ជាថ្មីម្តងទៀត គ្រោងការជាចំណុចចសំខាន់។ ការចាត់ចែងការងារនីមួយៗត្រូវមានមូលដ្ឋានលើកាលបរិច្ឆេទ និងអាទិភាព។ ការពន្យារពេលរហូតដល់ថ្ងៃផុតកំណត់នឹងប៉ះពាល់ដល់គុណភាពនៃការងាររបស់អ្នកដែលនឹងទាញមធ្យមភាគចុះ។ ឧទាហរណ៍ សូម្បីតែកំហុសឆ្គងតូចៗ (ដូចជាវេយ្យាករណ៍ ឬការប្រើប្រាស់ឈ្មោះជាដើម) នឹងត្រូវចាត់ទុកជាកំហុសពេញលេញ។ ៣. ត្រូវបានរំខានដោយប្រព័ន្ធផ្សព្វផ្សាយសង្គម និងស្មាតហ្វូន ដំណោះស្រាយ៖ សូម បិទរាល់ឧបករណ៍អេឡិចត្រូនិចទាំងអស់ អំឡុងពេលសិក្សា។ ចៀសវាងការប្រើឧបករណ៍អេឡិចត្រូនិកជាសម្ភារសិក្សា ឬជាសម្ភារគាំទ្រ។ ថ្វីបើឧបករណ៍អេឡិចត្រូនិចអាចមានប្រយោជន៍ក៏ដោយ វាអាចរំខានដល់ការសិក្សា ដោយទាក់ទាញអ្នកទៅការកម្សាន្ត ឬប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ វាជាការល្អបំផុតដើម្បីចៀសវាងឧបករណ៍ទាំងអស់នោះនៅអំឡុងពេលសិក្សារបស់អ្នក។ ៤. ខំប្រឹងនៅវិនាទីចុងក្រោយ ដំណោះស្រាយ៖ វាជាវិទ្យាសាស្ត្រ។ អ្នកគួររៀនម្តងបន្តិចៗជាប្រចាំ ជាជាងបង្ខំខ្លួនឯងឲ្យចងចាំគ្រប់យ៉ាងក្នុងរយៈពេលខ្លី ពីព្រោះវាមានប្រសិទ្ធភាពជាងនិងអាចជួយអ្នកចងចាំកាន់តែច្រើន។ ៥. សិក្សាដើម្បីចងចាំមិនត្រូវយល់ ដំណោះស្រាយ៖ ការចងចាំគ្រាន់តែជាការបណ្តោះអាសន្នប៉ុណ្ណោះ។ ការយល់ដឹងគឺជាអចិន្ត្រៃយ៍។ បង្កើតផែនទីគំនិតមួយ ហើយអ្នកនឹងបង្កើតរូបភាពធំជាងមុន។ វិធីនោះអ្នកនឹងយល់វាយ៉ាងងាយស្រួល ហើយចាប់ពីពេលនេះតទៅ អ្នកនឹងចងចាំវាជាអចិន្ត្រៃយ៍។ រាល់មនុស្សម្នាក់ៗមានកង្វះ និងវិធីសាស្រ្តប្លែកៗអំពីការរៀនសូត្រ។ ទាំងបីជាយ៉ាងណាក្ដី  យើងមានគោលដៅដូចគ្នា ពោលគឺ លទ្ធផលសិក្សាជោគជ័យដែលយើងទាំងអស់គ្នាចង់បាន។ ព្យាយាមកែតម្រូវការសិក្សារបស់អ្នកបន្តិចម្តងៗ ហើយអ្នកនឹងឃើញភាពប្រសើរឡើង។ ដូចពាក្យចាស់និយាយថា "ធ្វើការឆ្លាត កុំធ្វើការពិបាក"។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សេចក្តីជូនដំណឹងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៨ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃមានគណនីឈ្មោះ EcoSlim Cambodia កំពុងលក់ និងផ្សព្វផ្សាយឱសថសម្រាប់សម្រកទម្ងន់ឈ្មោះ ECOSLIM បំផ្លើសហួសពីការពិតដូចជាឱសថថ្មីសម្រាប់សម្រកទម្ងន់ដែលស្រកបាន ១៥គីឡូក្រាមក្នុងពេល ៤សប្តាហ៍ដោយមិនមានជាតិគីមី មិនតមអាហារ មិនហាត់ប្រាណ និងយកឈ្មោះក្រសួងសុខាភិបាលមកប្រើដើម្បីបោកប្រាស់សាធារណជន។ ក្រសួងសុខាភិបាលសូមបញ្ជាក់ថាឱសថសម្រកទម្ងន់ឈ្មោះ ECOSLIM នេះគ្មានការត្រួតពិនិត្យគុណភាព និងគ្មានចុះបញ្ជិកាពីក្រសួងសុខាភិបាលឡើយ។ ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាព ឬអាចឈានដល់ការបាត់បង់ជីវិតរបស់អ្នកប្រើប្រាស់មិនត្រឹមត្រូវទៀតនោះ សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ឱសថសម្រកទម្ងន់ឈ្មោះ ECOSLIM នេះបន្តទៀត ហើយក្រសួងសុខាភិបាលសុំឲ្យម្ចាស់គណនីឈ្មោះ EcoSlim Cambodia ខាងលើនេះត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយ លក់និងចែកចាយឱសថសម្រកទម្ងន់ឈ្មោះ ECOSLIM ខុសច្បាប់នេះជាបន្ទាន់។ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការវះកាត់ គឺជាវិធីសាស្រ្តតាមបែបវេជ្ជសាស្រ្តមួយក្នុងចំណោមការព្យាបាលជំងឺមហារីកដទៃទៀតដូចជាការព្យាបាលដោយចាក់ថ្នាំគីមី ការបាញ់កាំរស្មី និងការប្រើថ្នាំអ័រម៉ូន។  វិធីសាស្រ្តក្នុងការវះកាត់នេះមានច្រើន ផ្អែកតាមប្រភេទនៃជំងឺមហារីក ទីកន្លែងកើតមហារីក និងសុខភាពរបស់អ្នកជំងឺផ្ទាល់ ដែលរួមមាន៖ • Curative Surgery៖ វិធីសាស្រ្តនេះគឺជាការវះកាត់យកដុំមហារីកចេញពីខ្លួនប្រាណរបស់អ្នកជំងឺ និងធ្វើឡើងចំពោះដុំមហារីកដែលមិនទាន់ រីករាលដាលទៅកន្លែងផ្សេង (Localized tumor) នៃខ្លួនរបស់អ្នកជំងឺ។ ការព្យាបាលប្រភេទនេះជាញឹកញាប់គេចាត់ទុកជាជម្រើសទី១ក្នុងចំណោមជម្រើសផ្សេងៗទៀត។ ដោយឡែក គោលបំណងនៃការវះកាត់នេះគឺដើម្បីវះយកចេញនូវដុំមហារីកទាំងអស់ (Remove total the cancer tumor) និងទទួលបានប្រសិទ្ធភាពខ្ពស់នៅពេលមហារីកស្ថិតនៅដំណាក់កាលដំបូង (Early stage) • Preventive Surgery៖ គឺជាការវះកាត់យកនូវដុំជាលិកាដែលមិនមានកោសិកាមហារីក ប៉ុន្តែវាអាចវិវឌ្ឍទៅជាដុំមហារីកដូចជា ករណីដុំប៉ូលីបក្នុងពោះវៀន (Polyps in colon)។ គោលបំណងនៃការវះកាត់ប្រភេទនេះ គឺដើម្បីការពារ ឬបង្ការមិនឲ្យមហារីករាលដាលទៅកន្លែងផ្សេងទៀត • Debulking Surgery៖ គឺជាការវះកាត់យកតែមួយផ្នែកនៃដុំមហារីក (ករណីដុំមហារីកធំ) ដើម្បីជាជំនួយដល់ការព្យាបាលដោយថ្នាំគីមី ឬការបាញ់កាំរស្មី • Palliative  Surgery៖  ជាការវះកាត់ដើម្បីព្យាបាលជំងឺមហារីកនៅដំណាក់កាលចុងក្រោយ (Advance stage) មិនមែនដើម្បីឲ្យជាសះពីជំងឺមហារីកនោះទេ ប៉ុន្តែដើម្បីកាត់បន្ថយរោគសញ្ញា ដែលរំខានដល់អ្នកជំងឺ (Relieve discomfort) ឬជួយកែបញ្ហាដែលកើតឡើងដោយសារមហារីក • Open Surgery៖ ជាការវះកាត់បើក ដោយប្រើប្រាស់កាំបិត (Scapel) • Laparoscopic surgery៖ ជាការវះកាត់ដោយប្រើប្រាស់ឧបករណ៍ចោះ • Robotic Surgry៖ ជាការប្រើឧបករណ៍បែបទំនើប (Robot) ដើម្បីធ្វើការវះកាត់ • Cryosurgery ឬCryotherapy៖ ជាការប្រើប្រាស់ឧបករណ៍ធាតុត្រជាក់ខ្លាំង (Extremely cold temperature) ដើម្បីសម្លាប់កោសិកាមហារីកដូចជាមហារីកស្បែក មហារីកស្បូន មហារីកថ្លើមជាដើម • Laser Surgery៖ ជាការប្រើប្រាស់ថាមពលពន្លឺឡាស៊ែរដើម្បីយកដុំមហារីកតូចៗចេញ • Radiofrequency Surgery៖ ជាការប្រើប្រាស់ឧបករណ៍កម្តៅដើម្បីដុតកោសិកាមហារីក។ គួរបញ្ជាក់ថា ជំងឺមហារីកដែលច្រើនតម្រូវឲ្យព្យាបាលដោយការវះកាត់គឺរាល់ដុំមហារីកទាំងឡាយណានៅលើសរីរាង្គ ដែលអាចដំណើរការដោយវិធីសាស្រ្តនេះបាន និងដុំមហារីកដែលមិនទាន់រាលដាលទៅកន្លែងផ្សេងទៀត រួមមាន មហារីកបំពង់អាហារ មហារីកក្រពះ មហារីកពោះវៀនតូច ឬធំ មហារីកសួត មហារីកសុដន់ មហារីកក្រពេញដៃស្បូន មហារីកស្បូន និងមហារីកលើសរីរាង្គផ្សេងៗទៀត។ ក្នុងចំណោមមហារីកទាំងនេះគឺស្ទើរតែទាំងអស់អាចធ្វើការវះកាត់ព្យាបាលបាននៅប្រទេសកម្ពុជា ក្នុងកម្រិតស្តង់ដាដូចទៅនឹងបរទេស (Oncological surgery standard) ផងដែរ។ ដោយឡែកចំពោះជំងឺមហារីកដែលមិនតម្រូវឲ្យធ្វើការព្យាបាលដោយការវះកាត់រួមមានមហារីកគ្រាប់ឈាម (Leucemia) មហារីកប្រព័ន្ធទឹករងៃ ឬមហារីកកូនកណ្តុរ (Lymphoma)និងមហារីកដែលកើតនៅលើសរីរាង្គជ្រៅ មិនអាចធ្វើការវះកាត់បាន។ល។ ការត្រៀមខ្លួនរបស់អ្នកជំងឺ • អ្នកជំងឺនឹងត្រូវធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ថាតើជាប្រភេទមហារីកអ្វី និងកើតលើសរីរាង្គណាមួយ។ • គ្រូពេទ្យនឹងរកឲ្យឃើញពីដំណាក់កាលនៃជំងឺមហារីក (Tumor staging) ដោយតម្រូវឲ្យអ្នកជំងឺធ្វើការពិនិត្យអមវេជ្ជសាស្ត្រជាច្រើនដូចជាការធ្វើអេកូពោះ (Abdominal ultrasound) ការថតសួត (Chest X-ray) ការថត CT Scan និងPET Scan។ • អ្នកជំងឺតម្រូវឲ្យពិនិត្យសុខភាពទូទៅបន្ថែម (General condition) ពិនិត្យឈាម (Blood exam) និងពិនិត្យបេះដូង (Echocadiogram)។ • បន្ទាប់ពីទទួលបានលទ្ធផល អ្នកជំងឺនឹងត្រូវជួបជាមួយគ្រូពេទ្យជំនាញផ្នែកសណ្តំ ដើម្បីពិនិត្យសុខភាពមុនចាក់ថ្នាំសណ្តំ (Preanesthetic Consultation) ក្នុងករណីពិបាក ឬស្មុគស្មាញ គ្រូពេទ្យជំនាញត្រូវធ្វើការប្រជុំរួមមុនសម្រេចចិត្តធ្វើការវះកាត់។ • គ្រូពេទ្យត្រូវពន្យល់ដល់អ្នកជំងឺ និងក្រុមគ្រួសារអំពីស្ថានភាព ផលវិបាកនិងគ្រោះថ្នាក់ដែលទាក់ទងនឹងការវះកាត់ រួចធ្វើការផ្តិតមេដៃលើលិខិតយល់ព្រមវះកាត់ ហើយគ្រូពេទ្យនឹងដាក់កម្មវិធីសម្រាប់វះកាត់ទៅតាមពេលវេលាមួយសមស្រប។ • បន្ទាប់ពីវះកាត់រួចអ្នកជំងឺត្រូវសម្រាកព្យាបាលមួយរយៈនៅបន្ទប់សង្គ្រោះក្រោយវះកាត់ (Intensive care unit) រួចបញ្ជូនត្រឡប់ទៅសម្រាកនៅអគារវះកាត់វិញ បន្ទាប់ពីអ្នកជំងឺមានសភាពប្រសើរ និងមិនមានផលវិបាកណាមួយធ្ងន់ធ្ងរ។ ជាទូទៅ រយៈពេលនៃការវះកាត់គឺអាស្រ័យទៅតាមប្រភេទដុំសាច់ ដំណាក់កាល និងកត្តាជាច្រើនទៀត ដូចជាកត្តាគ្រូពេទ្យ និងកត្តាសម្ភារ ហើយភាគច្រើនអ្នកជំងឺអាចចេញពីមន្ទីរពេទ្យបានក្រោយវះកាត់ (មហារីកប្រព័ន្ធរំលាយអាហារ) ក្នុងរយៈពេល ៧ ទៅ១០ថ្ងៃ ប្រសិនបើមិនមានផលវិបាកដែលតម្រូវឲ្យព្យាបាលបន្ត។ ការវះកាត់ជំងឺមហារីកអាចជួបផលវិបាក និងគ្រោះថ្នាក់ជាយថាហេតុអាស្រ័យលើមនុស្សម្នាក់ៗ ប្រភេទ និងទីកន្លែងនៃមហារីក ប្រភេទនៃការវះកាត់ សុខភាព និងអាយុរបស់អ្នកជំងឺ ដែលរួមមាន៖ • បាត់បង់សរីរាង្គ ឬមុខងាររបស់សរីរាង្គ • បាត់បង់ឈាម ឬការហូរឈាម • ឈឺចាប់ • ការបង្ករោគនៅទីតាំងវះកាត់ ឬនៅលើមុខរបួស • ផលវិបាកផ្សេងទៀតដែលមិនទាក់ទងនឹងការវះកាត់ (រលាកសួត រលាកផ្លូវទឹកនោម….)។ល។ ប្រសិទ្ធភាពនៃការវះកាត់ ប្រសិទ្ធភាពនៃការវះកាត់ជំងឺមហារីកអាស្រ័យលើដំណាក់កាលនៃជំងឺមហារីកមហារីកនៅដំណាក់កាលដំបូង (ដំណាក់កាល០ ទី១ និងទី២) ដែលកោសិកាមហារីកមិនទាន់រាលដាលទៅលើសរីរាង្គផ្សេងទៀតនោះ ការព្យាបាលដោយការវះកាត់ Curative surgery ទទួលបាននូវប្រសិទ្ធភាពខ្ពស់រហូតដល់មហារីកជាសះស្បើយ និងមិនកើតឡើងវិញ។ ផ្ទុយទៅវិញ ប្រសិនបើមហារីកស្ថិតក្នុងដំណាក់ទី ៣ ឬទី៤ ដែលកោសិកាមហារីករាលដាលទៅកន្លែងផ្សេងតាមប្រព័ន្ធសរសៃឈាម ប្រព័ន្ធទឹករងៃរាលដាលទៅថ្លើម និងសួត នោះការព្យាបាលដោយការវះកាត់មិនទទួលបានប្រសិទ្ធភាពខ្ពស់ទេ ពោលគឺគ្រាន់តែពន្យារប៉ុណ្ណោះ។ សូមប្រជាជនកម្ពុជាទាំងអស់អញ្ជើញទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញមហារីកប្រសិនបើសង្ស័យថាមានជំងឺមហារីក ដើម្បីទទួលបាននូវការព្យាបាលទាន់ពេលវេលា  ចំណាយថវិកាតិចទទួលបានប្រសិទ្ធភាពខ្ពស់   និងចំណេញពេលវេលា។ គួរបញ្ជាក់ថា ស្ទើរតែទាំងអស់នៃជំងឺមហារីកអាចធ្វើការព្យាបាលដោយការវះកាត់តាមស្តង់ដាដូចនៅបរទេសដោយមិនចាំបាច់ធ្វើដំណើរទៅព្យាបាលនៅប្រទេសក្រៅដែលត្រូវចំណាយថវិកាច្រើន ពេលវេលាច្រើន ត្រូវការជំនួយផ្នែកភាសាពិបាកក្នុងការទំនាក់ទំនង ហើយបើទៅមិនចំគោលដៅនោះនឹងជួបផលមិនល្អផងដែរ។ ម៉្យាងវិញទៀត សូប្រជាជនទាំងអស់នៅក្នុងប្រទេសកម្ពុជាមកពិនិត្យសុខភាពឲ្យបានទៀងទាត់ដើម្បីទទួលបានការព្យាបាលឲ្យទាន់ពេលវេលា និងអាចការពារក្នុងករណីជំងឺមួយចំនួន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឆាយ រស្មី ឯកទេសវះកាត់ប្រព័ន្ធរំលាយអាហារ និងមហារីកប្រព័ន្ធរំលាយអាហារនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

អូមេហ្គា ៣ ឬខ្លាញ់ត្រី ត្រូវបានគេទទួលស្គាល់ថាជាឱសថបំប៉នដ៏សំខាន់មួយសម្រាប់ដំណើរការរាងកាយ  ដែលជាសារធាតុសម្បូរនៅក្នុងសត្វត្រី ឬអាចរកបាននៅក្នុងផលិតផលបំប៉នអូមេហ្គា ៣ ផ្ទាល់តែម្តង។ អូមេហ្គា៣ ជាប្រភេទអាស៊ីតខ្លាញ់រួមបញ្ចូលនូវសារធាតុសំខាន់ពីរយ៉ាងគឺអាស៊ីត Eicosapentaenoic (EPA) និងអាស៊ីត Docosahexaenoic(DHA) ដែលមានតួនាទីជាចម្បងទៅលើសារពាង្គកាយដូចជា ដំណើរការកំណកឈាម មុខងារសាច់ដុំ   ការរំលាយអាហារ និងការលូតលាស់កោសិកាមួយចំនួនទៀត។ ការប្រើប្រាស់ បើទោះបីសារសំខាន់នៃឱសថអូមេហ្គា ៣ ត្រូវបានគេសង្កេតឃើញមានជាចម្បងទៅលើបេះដូង ប៉ុន្តែវាក៏មានគុណសម្បត្តិទៅលើស្ថានភាពដូចជា៖ • ការឡើងខ្ពស់នៃកូឡេស្តេរ៉ុល • ការលើសសម្ពាធឈាម • ទឹកនោមផ្អែម • ជំងឺរលាកសន្លាក់ • ជំងឺមហារីកមួយចំនួន • ជំងឺហឺតជាដើម។   សកម្មភាពឱសថ  អាស៊ីតខ្លាញ់អូមេហ្គា ៣ ត្រូវបានរងការធ្វើមេតាបូលីសនៅក្នុងខ្លួនបំប្លែងបានជា Eicosanoids ដែលមានលក្ខណៈក្នុងការបំពេញមុខងារជាពិសេសដោយក្តោបនូវសារធាតុដូចជា Prostaglandins, Prostacyclins, Thromboxanes និងLeukotrienes។ អ័រម៉ូនដែលទទួលបានទាំងនោះមានសកម្មភាពក្នុងការធ្វើឲ្យមានតុល្យភាពនៃដំណើរការមេតាបូលីស សម្ពាធឈាម កំណកឈាម ការបញ្ចេញជាតិអាស៊ីត ក៏ដូចជាដំណើរការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ និងការរលាក។ កម្រិតប្រើប្រាស់ ការប្រើប្រាស់ក្នុងកម្រិតណាមួយនៃឱសថអូមេហ្គា៣ មានភាពប្រែប្រួលទៅតាមបុគ្គល និងស្ថានភាពសុខភាពនីមួយៗ តួយ៉ាងគេបានកំណត់ក្នុងលក្ខខណ្ឌមួយចំនួនដូចជា៖ • មនុស្សពេញវ័យអាចប្រើប្រាស់អូមេហ្គា ៣ ក្នុងកម្រិត ២៥០-៥០០មីលីក្រាមរៀងរាល់ថ្ងៃ ដើម្បីទទួលបានប្រសិទ្ធភាពសុខភាពទូទៅ • ចំពោះអ្នកជំងឺសរសៃឈាម អាចមានការណែនាំឲ្យប្រើប្រាស់ឱសថក្នុងកម្រិត ១០០០មីលីក្រាម • ការប្រើប្រាស់ឱសថក្នុងកម្រិតចន្លោះពី ២០០-២២០០ មីលីក្រាម អាចកាត់បន្ថយការប្រឈមទៅនឹងជំងឺបាក់ទឹកចិត្ត និងថប់បារម្ភចំណែកការប្រើប្រាស់ក្នុងកម្រិតផ្សេងទៀត ចាំបាច់ត្រូវមានការណែនាំពីសំណាក់វេជ្ជបណ្ឌិតជំនាញ។ ផលរំខាន ឱសថអូមេហ្គា ៣ អាចនឹងផ្តល់ជាការរំខាននានាមានដូចជា៖ • បង្កជាក្លិនត្រីនៅក្នុងមាត់ និងតាមរយៈការដកដង្ហើម • ប៉ះពាល់លើក្រពះ • ចង្អោរ។ ចំណែកការប្រើប្រាស់ឱសថហួសកម្រិតលើសពី ៣ក្រាមក្នុងមួយថ្ងៃជាប្រចាំនោះអ្នកអាចប្រឈមទៅនឹងការហូរឈាម ដូច្នេះការប្រឹក្សាជាមួយវេជ្ជបណ្ឌិតសម្រាប់ការប្រើប្រាស់ត្រូវធ្វើឡើងដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាព។ អន្តរកម្មឱសថ ការរួមបញ្ចូលគ្នានៃឱសថមួយចំនួន ក្នុងពេលជាមួយគ្នានៃការប្រើប្រាស់អូមេហ្គា ៣ រឹតតែអាចធ្វើឲ្យមានការប្រឈមទៅនឹងហានិភ័យនៃការហូរឈាមដែលក្នុងនោះរួមមាន ឱសថធ្វើឲ្យឈាមរាវ ឱសថប្រឆាំងកំណកឈាម (Anti-platelet drugs) ឱសថបំបាត់ការឈឺចាប់ (Anti-inflammatory painkillers) ឬឱសថ Ginkgo biloba ជាដើម។ ការប្រឈម និងបម្រុងប្រយ័ត្ន បុគ្គល និងក្នុងលក្ខខណ្ឌមួយចំនួនត្រូវទាមទារឲ្យមានការប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញពីកម្រិតឱសថអូមេហ្គា ៣ មុនពេលសម្រេចចិត្តប្រើប្រាស់ដែលត្រូវធ្វើឡើងចំពោះ៖ • ស្រ្តីមានផ្ទៃពោះ • អ្នកជំងឺទឹកនោមផ្អែម • អ្នកជំងឺដែលមានកម្រិតជាតិខ្លាញ់អាក្រក់ (LDL Cholesterol) ឡើងខ្ពស់ • អ្នកមានប្រតិកម្មជាមួយសារធាតុសកម្មណាមួយ  នៅក្នុងអូមេហ្គា ៣ • អ្នកជំងឺកំពុងប្រើប្រាស់ឱសថណាមួយដទៃទៀត • ហាមប្រើប្រាស់ឱសថលើសកម្រិតពីការណែនាំ គួរបញ្ជាក់ផងដែរ ឱសថអូមេហ្គា ៣ ដែលកំពុងត្រូវបានប្រើប្រាស់ជាញឹកញាប់សព្វថ្ងៃមានឈ្មោះដូចជា Golden Alaska, Nature Made Fish Oil និង Kirkland Signature។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ទិវានៃក្តីស្រលាញ់ជិតមកដល់ហើយ តើអ្នកមានគូនៅហ្នឹង? មិនប្រាប់ក៏ដឹងដែរអ្នកចុចមើលហ្នឹងច្បាស់ជាអត់ហើយបានគ្រាន់តែឃើញចំណងជើងចុចភ្លាមនោះ! អញ្ចឹងកុំឲ្យខាតពេល យើងទៅមើលទាំងអស់គ្នាថា អ្នកអត់គូដូចយើងចឹង គួរទៅណា ឬធ្វើអ្វីខ្លះក្នុងថ្ងៃ១៤ កុម្ភៈ កុំឲ្យសេដរឿងអត់គ្នាហ្នឹងទៀត។ ១. ជប់លៀងជាមួយមិត្តភក្ដិអត់គូដូចគ្នា ជារឿងធម្មតាទេ ដែលមិត្តភក្ដិយើងខ្លះមានគូ ឯខ្លះទៀតក៏នៅអត់គូដូចយើង។ អ្នកមានគូហើយឲ្យគេទៅជាមួយគ្នាគេទៅហើយយើងប្រមូលមិត្តភក្ដិអត់ដូចគ្នាហ្នឹងមកជប់លៀងជុំគ្នាដែរទៅ (Galantine’s Day)។ អ្នកអាចទៅញ៉ាំអីធម្មតា រៀបចំជប់លៀងនៅផ្ទះនរណាម្នាក់ ឬបបួលគ្នាទៅផាប់កាត់សាញ តែកុំផឹកច្រើនពេក ព្រោះវាមិនល្អសម្រាប់សុខភាពទេ ហើយណាមួយប្រយ័ត្នអត់មានអ្នកសែងទៅផ្ទះវិញ។ អ្នកអត់គូដូចគ្នាច្បាស់ជាយល់ចិត្តគ្នាថាយើងមានអារម្មណ៍យ៉ាងណា ហើយយើងអាចឆ្លៀតពេលជជែកគ្នារឿងក្នុងចិត្ត ទាំងសប្បាយនិងមិនសប្បាយ ដើម្បីរំសាយភាពតានតឹងផងក៏ថាបាន។ ២. ទៅញ៉ាំរបស់ ដែលអ្នកចូលចិត្តជាងគេ ដឹងអត់ថាញ៉ាំរបស់ចូលចិត្តជាងគេ ធ្វើឲ្យអារម្មណ៍ល្អខ្លាំង? ដើម្បីការពារកុំឲ្យខូចចិត្ត ខូចថ្លើម ហើយជំងឺច្រណែនគេហ្នឹងរើឡើងយើងត្រូវប៉ាវខ្លួនឯងញ៉ាំអីឆ្ញាញ់ៗ និងជារបស់ដែលយើងចូលចិត្ត នោះវានឹងជួយឲ្យអារម្មណ៍យើងប្រសើរឡើងថែមទៀត។ អត់មានអ្នកប៉ាវ? អត់មានអ្នកទៅជាមួយ? អត់បញ្ហា! ទៅម្នាក់ឯងបានតើ! ណាត់ជាមួយខ្លួនឯងមានអីមិនល្អ! ៣. មើលរឿង ឬកុន បម្រាមមួយគឺហាមទៅរោងកុនម្នាក់ឯងថ្ងៃបុណ្យសង្សារ ប្រយ័ត្ន Depressed នៅរោងកុនហ្នឹងអត់អ្នកជួយ។ ចំណងជើងហ្នឹងចង់ថានៅមើលរឿងនៅផ្ទះទេតើ! អ្នកមាន Netflix, Iflix, Soyo, Jaikon, និង Website រឿងលើអ៊ីនធើណេតជាច្រើនទៀត ដែលយើងអាចទស្សនារឿងបានតាមចិត្តមិនថារឿងភាគ រឿងដុំ។ មើលរឿងថ្ងៃ១៤ កុម្ភៈ តែម្តងទៅ មិនបាច់ចេញទៅក្រៅទេ នាំតូចចិត្តអត់គូហ្នឹងគេ។ មើលរឿងដាច់យប់ ផឹកកូកា ញ៉ាំពោតផ្ទុះ ឬនំកញ្ចប់ផ្សេងៗ យើងនឹងទទួលបានអារម្មណ៍ប្លែកថែមទៀត។ តែហាមឲ្យហើយណា កុំមើលរឿងស្នេហា រ៉ូមែនទិកអីនុះ! ៤. ដើរលេងបែបសូឡូ ធ្លាប់ដើរលេងម្នាក់ឯងទេ? សាកម្តងមើល! ធ្វើដំណើរចេញពីក្រុង ឬកន្លែងអ្នករស់នៅរាល់ថ្ងៃ ស្តាប់ចម្រៀងតាមផ្លូវ ថតរូបស្អាតៗទុកផុស ជាដើម។អ្នកប្រហែលអផ្សុកនៅម្នាក់ឯង ប៉ុន្តែដំណើរសូឡូមិនដូចគ្នាទេណា៎! ទៅកន្លែងមិនមានអ្នកធ្លាប់ស្គាល់ ស្រែកឲ្យអស់ពាក្យក្នុងចិត្តចេញមកអ្នកនឹងបានធូរចិត្តច្រើនខុសពីធម្មតា។ ធ្វើបែបនេះ អ្នកអាចបង្ហាញប្រាប់ពិភពលោក និងខ្លួនឯងថា «ម្នាក់ឯងមិនស្លាប់ទេ!» ៥. បិទទូរស័ព្ទ ថ្ងៃបុណ្យសង្សារ បើចៀសបានចៀសទៅបណ្តាញសង្គម ដូចជា Facebook, Instagram, Snapchat អីអស់ហ្នឹងនោះ ព្រោះប្រាកដជាគេអ្នកមានគូចែកចាយ និងអួតគ្នាពេញទំហឹងហើយ ដូចនេះ ចៀសវាងមើលគេច្រើនពេក កើតរោគចិត្ត កុំមើលតែម្តងទៅ បើបិទទូរស័ព្ទ ហើយទៅមើលថ្ងៃលិចឬមើលផ្កាយពេលយប់ កាន់តែស្រស់ស្រាយជាងធម្មតាថែមទៀត។សាកធ្វើម្តងទៅ បើមិនដែលនុះ! ៦. ចំណាយពេលជាមួយគ្រួសារ មនុស្សគ្រប់រូបត្រូវមានគូពិតមែន តែយើងមិនត្រូវបំភ្លេចស្នេហ៍គ្រាដំបូងរបស់យើងទេ នោះគឺគ្រួសាររបស់យើង។ ទិវាក្តីស្រលាញ់មិនប្រាកដថាត្រូវតែចំណាយជាមួយគូស្នេហ៍ទេ គ្រួសារក៏ជាមនុស្សជាទីស្រលាញ់របស់យើងដែរ។យើងគួរទៅញ៉ាំអី មើលរឿង ដើរលេង ទិញផ្កា ឬអំណោយជូនពួកគាត់មានអីមិនល្អ។ ចំណាយពេលជាមួយគ្រួសារ ប៉ាម៉ាក់ បងប្អូន ឬនរណាក៏ដោយឲ្យតែជាចំណែកគ្រួសាររបស់យើងដែលយើងមានអារម្មណ៍ល្អពេលនៅជាមួយជាងគេ ប្រហែលជាប្រសើរជាងដើរជាមួយគូស្នេហ៍ទៅទៀត។ អត់មានគូដូចគេបណ្តើរថ្ងៃ១៤ កុម្ភៈ យើងមិនបាច់ទៅច្រណែន ឬខូចចិត្តអីទេ នាំតែមុខចាស់ជាងវ័យ! ការពិតមួយ ដែលមិនអាចប្រកែកបានគឺថា មិនមែនមានតែយើងម្នាក់ទេ ដែលអត់លិឌនោះ នៅមានអ្នកផ្សេងទៀតដូចយើងដែរហើយគង់តែមានថ្ងៃណាមួយ យើងនឹងបានជួបមនុស្សម្នាក់ដែលជាគូរបស់យើងពិតប្រាកដនោះទេ តែបើថាឆ្នាំហ្នឹងនៅអត់ទាន់មានទេ ក៏ទៅតាមហ្នឹងសិនទៅ។ អាច Save link ហ្នឹងទុកបានទៀត ក្រែងប្រើប្រាស់បាននៅឆ្នាំក្រោយៗទៀតណា៎! លលេងទេ! កុំនៅម្នាក់ឯងយូរពេក ប្រយ័ត្ន Depressed ជួយអត់ទាន់។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

កាល់ស្យូមតែងត្រូវបានមនុស្សគ្រប់គ្នាស្គាល់ថាជាសារធាតុមួយសម្រាប់ការលូតលាស់របស់ឆ្អឹង ប៉ុន្តែការទទួលទានក្នុងកម្រិតណាដែលល្អ និងកម្រិតណាដែលគ្រោះថ្នាក់នោះគឺអាចប្រែប្រួលតាមបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតជាពិសេសស្រ្តីមានផ្ទៃពោះតែម្តង។ សំណួរ៖ នាងខ្ញុំអាយុ ៣៣ឆ្នាំ កម្ពស់១ម៉ែត្រ៥៥ ទម្ងន់៦៣គីឡូក្រាម ជាមេផ្ទះ។ពេលនេះខ្ញុំមានផ្ទៃពោះជិត ៤ខែហើយ អំឡុងពេលមានផ្ទៃពោះនេះផងដែរខ្ញុំចូលចិត្តញ៉ាំអាហារប្រភេទកាល់ស្យូមញឹកញាប់ ព្រោះឮគេនិយាយថាវាអាចជួយឲ្យឆ្អឹងទារក និងម្តាយរឹងមាំ តើនេះជាការពិតឬទេ? តើខ្ញុំអាចប្រឈមនឹងវិបត្តិក្នុងពេលសម្រាល ឬបញ្ហាណាមួយ ឬទេ? ចម្លើយ៖ ការបរិភោគអាហារដែលប្រកបទៅដោយសុខភាពល្អ និងផ្លាសប្តូររបបអាហារក្នុងអំឡុងពេលមានផ្ទៃពោះអាចជួយឲ្យអ្នកទទួលបានគ្រប់ប្រភេទវីតាមីន និងសារជាតិរ៉ែដែលអ្នកត្រូវការ។ កាល់ស្យូមគឺជាសារធាតុចាំបាច់សម្រាប់ការលូតលាស់ឆ្អឹង និងធ្មេញ។ ថ្វីបើកម្រិតមធ្យមកាល់ស្យូមដែលត្រូវបានផ្តល់អនុសាសន៍ឲ្យមនុស្សគ្រប់គ្នាប្រើប្រាស់ប្រចាំថ្ងៃមានបរិមាណ ១០០០មីលីក្រាម (ស្មើនឹងទឹកដោះគោស្រស់ ៨កែវ) ក៏ដោយ តែចំពោះស្ត្រីដែលមានផ្ទៃពោះ ឬស្ត្រីបំបៅដោះកូនត្រូវការកាល់ស្យូមច្រើនជាង ១២០០មីលីក្រាម ទៅ ១៤០០មីលីក្រាមក្នុងមួយថ្ងៃ។ តម្រូវការកាល់ស្យូមរបស់ស្ត្រីមានផ្ទៃពោះកើនឡើងបន្ថែមទៀតក្នុងត្រីមាសទី៣ នៅពេលដែលឆ្អឹងរបស់ទារកកំពុងលូតលាស់លឿន។ ទារកដែលកើតចេញពីម្តាយដែលបានទទួលទានអាហារបំប៉នដែលមានកាល់ស្យូមបន្ថែមមានទម្ងន់ឆ្អឹង១៥%លើសទារកដែលមិនបានទទួលកាល់ស្យូមបន្ថែម ម៉្យាងទៀតពួកគេក៏មានហានិភ័យដែលកើតមិនគ្រប់ខែទាបជាងដែរ។ ប្រសិនបើអ្នកនៅមានការព្រួយបារម្ភអំពីការទទួលទានកាល់ស្យូម សូមកុំស្ទាក់ស្ទើរសួរគ្រូពេទ្យអ្នកទាក់ទងនឹងការប្រើប្រាស់អាហារបំប៉នដែលមានកាល់ស្យូមបន្ថែម។ ហាមប្រើលើសកម្រិត ព្រោះកាល់ស្យូមច្រើនពេកអាចធ្វើឲ្យសមត្ថភាពក្នុងការស្រូបសារជាតិរ៉ែផ្សេងទៀតរបស់កុមារមានបញ្ហា ទល់លាមក ឬអាចបណ្តាលឲ្យមានបញ្ហាក្រួសតម្រងនោមជាដើម។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រី Anna Woman and Baby’s Center ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share
Top