Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ក្នុងខែមករា ឆ្នាំ២០១៩កន្លងមក​នេះ ក្រុមការងារហេលស៍ ថាម ប្រូ សហការជាមួយ មន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ បានប្រារព្ធកម្មវិធី “Check-up Tour” ដោយមានការផ្តល់ជូន​ការវាស់ដឺក្រេភ្នែក ពិនិត្យ និងពិគ្រោះអំពីបញ្ហាសុខភាពភ្នែក ដោយឥតគិតថ្លៃ។ កម្មវិធីប្រព្រឹត្តទៅ នៅសាកលវិទ្យាល័យចំនួន២​ គឺសាកលវិទ្យាល័យ អន្តរជាតិ និងសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ដើម្បីជួយលើកកម្ពស់ការថែទាំសុខភាពភ្នែក សិស្សនិស្សិតដែលជាធនធានដ៏សំខាន់របស់ប្រទេសជាតិ។ ​កម្មវិធី​ប្រព្រឹត្តទៅបានយ៉ាងរលូន​ ក្រោមការឧបត្ថម្ភដោយ ផលិតផល កូស៊ីល​។ គួរបញ្ជាក់ផងដែរថា ដើម្បីចូលរួមលើកកម្ពស់សុខភាពសាធារណៈ ហេលស៍ថាម ប្រូ​ សហការជាមួយគ្លីនិក/មន្ទីរពេទ្យជាដៃគូ បាននឹងកំពុងបង្កើតនូវកម្មវិធីមួយ “Check-up Tour” នេះឡើងក្នុងគោលបំណងធំៗ ចំនួន៣៖​ អាចដឹងពីស្ថានភាពសុខភាពរបស់ខ្លួន​ ជួយកាត់បន្ថយហានិភ័យនៃការវិឌ្ឍទៅជាជំងឺធ្ងន់ធ្ងរ ទទួលបានព័ត៌មានថ្មីៗអំពីសុខភាព ក្រៅពីនេះ ហេលស៍​ ថាម ប្រូ ក៏ធ្លាប់បានចូលរួមផ្តល់ការពិនិត្យសុខភាពជាច្រើនទៀតក្នុងឆ្នាំ២០១៨ ដោយមានការសហការជាមួ​យគ្លីនិក/មន្ទីរពេទ្យ និងក្រុម​ហ៊ុននានាជាច្រើនផងដែរ។ ដូចជាកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨  ក្នុងឱកាសកម្មវិធីពិព័រណ៍កីឡា និងសុខភាព ManulifeMOVE fair 2018 ដែលរៀបចំឡើងដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife Cambodia។ ក្រោមការគាំទ្រដោយ​ សមាគមគ្រូពេទ្យបេះដូងកម្ពុជា(CHA) ផ្តល់ជូន​ការពិនិត្យសុខភាព​បេះដូង ដើម្បីលើកកម្ពស់ការថែទាំ និងបង្កើនការយកចិត្តទុកដាក់របស់ប្រជាជនយើងទៅលើសុខភាពបេះដូងឲ្យបានកាន់តែល្អប្រសើរ។ ហេលស៍​ ថាម ប្រូ សូមសន្យាថានឹងរៀបចំនូ​វការពិនិត្យសុខភាព ដ៏មានគុណប្រយោជន៍ជាច្រើនទៀតតាមរយៈការសហការជាមួយនឹងគ្លីនិកជាដៃគូជាបន្តបន្ទាប់ ដើម្បីជាចំណែកមួយនៃការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជាតិយើង នៅតាមសាកលវិទ្យាល័យ និងទីសាធារណៈនានានៅកម្ពុជា ព្រមទាំងការចូលរួមក្នុងកម្មវិធីពិព័រណ៍ និងសិក្ខាសាលាផ្សេងៗផងដែរ។ កុំភ្លេចតាមដានទាំងអស់គ្នាណ៎ា​ នៅលើគេហទំព័រហេ្វសបុករបស់ហេលស៍ថាម​ Healthtime Pro និងHealthogo ដើម្បីអាចចូលរួមទទួលបានការពិនិត្យសុខភាព និងចំណេះដឹងទាក់ទងនឹងសុខភាពនានា។ “កុំចាំដល់ថ្ងៃឈឺ ទើបចាប់ផ្តើមយកចិត្តទុកដាក់នឹងសុខភាព” ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

អ្នកនឹងមិនចម្លែកទេនៅពេលមានការណែនាំលំហាត់ប្រាណ និងកីឡា ក៏ដូចជាអាហារដើម្បីសម្រកទម្ងន់ក៏ប៉ុន្តែអ្នកប្រហែលមិនស្មានទេថាអ្នកក៏អាច ស្រកគីឡូផងដែរ នៅពេលដែលអ្នកគេងលក់។ មានមនុស្សភាគច្រើនបានយល់ច្រឡំថា ការគេងច្រើនធ្វើឲ្យអ្នកស្ពឹក មិន​សូវមានសកម្មភាពដើម្បីដុតរំលាយខ្លាញ់ និងធ្វើឲ្យធាត់ តែផ្ទុយទៅវិញអ្នកដែលគេងមិនបានគ្រប់គ្រាន់ មិនត្រឹមមិនអាចសម្រកទម្ងន់បានសម្រេច តែថែមទាំងមានឱកាសឡើងទម្ងន់ ព្រមជាមួយនឹងការកើនឡើងនូវទម្លាប់អាក្រក់ផ្សេងទៀតដែលមិនល្អចំពោះការរក្សារាង និងសុខភាពទាំងស្រុងផងដែរ។ ហេតុនេះអ្នកជំនាញជាច្រើនបានទទួលស្គាល់ថា ការគេងពិតជារួមចំណែកយ៉ាងសំខាន់ និងមិនអាចភ្លេចបញ្ចូលទៅក្នុងគម្រោងសម្រកទម្ងន់បានឡើយ ប្រសិនបើចង់ទទួលបានលទ្ធផលពិតប្រាកដទៅលើអ្វីដែលអ្នកបានខំប្រឹងដោយមិនបាច់ចំណាយកម្លាំងច្រើន។ មូលហេតុ ៤យ៉ាង ដែលការគេងជួយឲ្យអ្នកស្រកទម្ងន់បាន៖ ១. កាត់បន្ថយការស្រេកឃ្លាន និងធ្វើឲ្យមានអារម្មណ៍ឆ្អែតបានយូរ មូលហេតុគឺនៅពេលដែលអ្នកមិនបានគេងលក់ស្រួលនៅពេលយប់វាអាចបង្កឲ្យមានអតុល្យភាព អ័រម៉ូនដែលក្នុងនោះរួមមាន ការកើនឡើងនូវអ័រម៉ូន Ghrelin ដែលអាចធ្វើឲ្យអ្នកឃ្លានទោះបីជាពេលដែលអ្នកមិនត្រូវការក៏ដោយ និងការថយចុះនៃអ័រម៉ូន Leptin ដែលធ្វើឲ្យញ៉ាំមិនដឹងឆ្អែត។ ក្រៅពីនោះអ័រម៉ូនលូតលាស់ ក៏មិនអាចធ្វើការជួសជុល និងកសាងកោសិកាបានល្អនៅពេលយប់ដែលមានន័យថាអ្នកមិនអាចកសាងសាច់ដុំដើម្បីជំរុញការដុតកាល់ឡូរីបានល្អឡើយ។ ម្យ៉ាងទៀត ការគេងមិនឆ្អែតធ្វើឲ្យមានការបញ្ចេញអ័រម៉ូនស្ត្រេស cortisol ដែលទៅភ្ញោចដល់ការឃ្លានជាពិសេសពពួកកាបូហាយដ្រេតទៀតផង។ ហេតុការណ៍ទាំងនេះ នឹងមិនកើតមានឡើយ នៅពេលអ្នកបានគេងលក់ស្រួលដែលមានន័យថាអ្នកនឹងមិនធ្វើសកម្មភាពដែលធ្វើឲ្យអ្នកមិនស្រកទម្ងន់ ឬធាត់ឡើងដោយមិនដឹងខ្លួនឡើយ។ ២. ធ្វើឲ្យអ្នកចាប់ទម្លាប់ល្អផ្សេងទៀតយ៉ាងងាយស្រួល ប្រសិនបើខួរក្បាលមិនបានសម្រាកគ្រប់គ្រាន់អ្នកប្រហែលមិនអាចធ្វើការសម្រេចចិត្តបានល្អឡើយ។ រីឯមជ្ឈមណ្ឌលនៅខួរក្បាលដែលមានមុខងារសម្រាប់ផ្តល់រង្វាន់ឲ្យខ្លួនឯងនឹងមានសកម្មភាពឡើងដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ។ ខណៈនេះជាពេលដែលអ្នកផ្តល់ឲ្យខ្លួនឯងនូវអាហារដែលអ្នកចូលចិត្ត និងពិបាកទប់ខ្លួនឯងមិនឲ្យញ៉ាំលើសចំណុះ។ ម្យ៉ាងទៀត ដោយសារអ្នកអស់កម្លាំងព្រោះមិនបានគេង អ្នកក៏នឹងរំលងទម្លាប់ហាត់ប្រាណផងដែរ។ ផ្ទុយមកវិញ ការគេងគ្រប់គ្រាន់ជាគន្លឹះដែលនាំឲ្យអ្នកប្រកាន់បាននូវទម្លាប់ល្អៗមួយចំនួនចំពោះការសម្រកទម្ងន់ ដែលក្នុងនោះ អ្នកនឹងចាប់ផ្តើមញ៉ាំអាហារសុខភាព ធ្វើការហាត់ប្រាណដោយមិនបង្អង់ព្រមទាំងអាចធ្វើឲ្យអ្នកញ៉ាំមានរបៀប (មិនញ៉ាំផ្តេសផ្តាស និងខុសពេលវេលា)។ ៣. ជួយដុតរំលាយកាល់ឡូរីបានកាន់តែច្រើន តាមរយៈការបង្កើនសាច់ដុំ និងមេតាបូលីសនៅពេលអ្នកកំពុងគេង ខ្លួនអ្នកនឹងអាចដុតបំផ្លាញកាល់ឡូរីបានកាន់តែប្រសើរ ប្រសិនបើអ្នកបានគេងគ្រប់គ្រាន់ និងមានកម្លាំងនៅអំឡុងពេលថ្ងៃ ហើយអ្នកនឹងកាន់តែភ្ញាក់ផ្អើល ពីព្រោះកាល់ឡូរីដែលដុតបាននៅពេលគេង គឺ ៥% លើសពីអ្នកដែលមិនសូវបានគេងនិងសមត្ថភាពដុតកាល់ឡូរី ក្រោយអាហារគឺ២០% ខ្ពស់ជាងអ្នកមិនគេងបានគ្រប់គ្រាន់។មានន័យថា ទោះអ្នកបរិភោគអាហារដូចគ្នា បរិមាណដូចគ្នា តែការដុតបំផ្លាញកាល់ឡូរីគឺអាស្រ័យនឹងការគេងរបស់អ្នកទៅវិញទេ។ ៤. ការគេងអាចជួយឲ្យអាំងស៊ុយលីនដំណើរការល្អ អ័រម៉ូនអាំងស៊ុយលីនអាចដឹកនាំស្ករពីក្នុងឈាមទៅក្នុងកោសិកាប្រើប្រាស់ជាថាមពល។ ការសិក្សាបានបង្ហាញថា ការគេងមិនបានគ្រប់គ្រាន់ត្រឹមតែ ២ ទៅ ៣ យប់ អាចធ្វើឲ្យកោសិកាធន់នឹងឥទ្ធិពលរបស់អាំងស៊ុយលីនដល់ទៅ ៣០ ទៅ ៤០% ដែលមានន័យថា កោសិកាមិនអាចទទួលបានស្ករយកមកប្រើប្រាស់ ធ្វើឲ្យសល់ជាតិស្ករនៅក្នុងឈាមច្រើនរួចជំរុញឲ្យមានការផលិតអាំងស៊ុយលីនកាន់តែច្រើនដែលជាហេតុនាំឲ្យអ្នកឃ្លាន ព្រមទាំងបញ្ជារាងកាយឲ្យស្តុកខ្លាញ់ទុកកាន់តែច្រើន ដែលនេះជាកត្តាបង្កការប្រឈមនឹងការលើសទម្ងន់ និងជំងឺទឹកនោមផ្អែម។ គន្លឹះសម្រាប់បង្កើតការគេងដែលមាន គុណភាព និងបង្កើនការស្រកទម្ងន់៖ ១. ចៀសវាងពិសាស្រា ឬជាតិអាល់កុល ៣ម៉ោងមុនចូលគេង ដោយវាអាចរំខានដល់ការដុតបំផ្លាញកាល់ឡូរី ២. ចៀសវាងធ្វើលំហាត់ប្រាណមុនចូលគេង ៣. ញ៉ាំអាហារពេលល្ងាចក្នុងបរិមាណតិច ៤. កំណត់ម៉ោងចូលគេង និងក្រោកឲ្យបានទៀងទាត់ ៥. បិទភ្លើង និងឧបករណ៍អេឡិចត្រូនិកក្នុងបន្ទប់គេង ៦. សីតុណ្ហភាពក្នុងបន្ទប់ត្រជាក់ល្មម ឬការគេងដោយមិនពាក់សម្លៀកបំពាក់ដើម្បីឲ្យរាងកាយត្រជាក់អាចជំរុញការដុតកាល់ឡូរីកាន់តែច្រើន ៧. ករណីពិបាកគេងអាចបង្កើតទម្លាប់សម្រាប់ការគេងលក់ស្រួលដូចជា ធ្វើសមាធិ ងូតទឹកក្តៅ ឬសរសេរកំណត់ហេតុជាដើម។ ថ្វីត្បិតថាការគេងអាចជួយបង្កើតលទ្ធផលនៃការសម្រកទម្ងន់ក៏ប៉ុន្តែប្រសិនបើអ្នកត្រូវការស្រកទម្ងន់ភ្លាមៗ ការគេងមិនមែនជាចម្លើយត្រូវនឹងអ្នកឡើយ។ តែទោះយ៉ាងនេះក្តី ប្រសិនបើអ្នកអនុវត្តការគេងបានប្រសើរជាប្រចាំ វាមិនត្រឹមជាចំណែកសម្រាប់ការរក្សាទម្ងន់ តែក៏ល្អចំពោះសុខភាពទាំងស្រុងផងដែរ។ម្យ៉ាងទៀត ដើម្បីស្រកទម្ងន់ អ្នកមិនអាចគេងច្រើនជំនួសឲ្យការបរិភោគអាហារត្រឹមត្រូវ និងហាត់ប្រាណនោះឡើយ។ ត្រូវចាំផងដែរថា អ្នកត្រូវផ្តោតលើគុណភាពនៃការគេងស្របជាមួយនឹងរយៈពេលនៃការគេង។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សេចក្តីជូនដំណឹងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃ មានគណនីចំនួន១១ ឈ្មោះ ១-កាក់មាស”KAK MEAS” ២-Moringacam ៣-ឱសថបូរាណសញ្ញាប្រទាលអមតះ ៤-CHEAT SUNTO ៥-ឱសថបុរាណសញ្ញាភ្នំគូលែន ជំនួយសុខភាពផ្លូវភេទ ៦-ហនុមានជំនួយសុខភាព ៧-SUNTO Shop ៨-CHEAT SUNTO Kh ៩-ProHealth ១០-Sokun Theary Pich (ពេជ្រ សុគន្ធារី) និង១១-8អេស ស៊ុបពើហ្វូត អន្ទង់ស-8S Superfood Tongkat Ali បានកំពុងផ្សព្វផ្សាយឱសថបុរាណបំប៉នផ្លូវភេទបុរសឈ្មោះ”អន្ទង់ស” ផលិតនៅព្រះរាជាណាចក្រកម្ពុជា គ្មានក្រុមហ៊ុនត្រឹមត្រូវ គ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។ ក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់ឱសថបុរាណបំប៉នផ្លូវភេទបុរសឈ្មោះ ”អន្ទង់ស” ត្រូវមកទាក់ទងនាយកដ្ឋានឱសថ ចំណីអាហារបរិក្ខារពេទ្យ និងគ្រឿងសម្អាងដើម្បីសុំចុះបញ្ជិកាឱសថបុរាណ ដោយមានការត្រួតពិនិត្យគុណភាពត្រឹមត្រូវ និងត្រូវសុំច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល បើមិនដូច្នោះទេក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងប្រើប្រាស់ លក់ ចែកចាយ ឱសថបុរាណបំប៉នផ្លូវភេទបុរសឈ្មោះ” អន្ទង់ស” គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារបរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧ , ០៩២ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

មហារីកកូនកណ្តុរ ឬភាសាបច្ចេកទេសហៅថា Lymphoma ជាប្រភេទជំងឺមហារីកដែលកើតមានផ្ទាល់នៅលើកោសិកាកូនកណ្តុរ ខុសពីការរាលដាលនៃជំងឺមហារីករបស់សរីរាង្គណាមួយមកលើកូនកណ្ដុរ។ ជំងឺនេះត្រូវបានគេបែងចែកជា ២ ប្រភេទធំៗគឺ ជំងឺមហារីកកូនកណ្តុរប្រភេទ Hodgkin (Hodgkin’s Lymphoma) និង Non-Hodgkin (Non-Hodgkin’s Lymphoma) ដែលបែងចែកជាប្រភេទបេ(B) និងប្រភេទតេ(T)។ មូលហេតុ និងកត្តាប្រឈម បច្ចុប្បន្ននេះ មហារីកកូនកណ្តុរមិនទាន់ត្រូវបានរកឃើញមូលហេតុពិតប្រាកដណាមួយនៅឡើយទេ ប៉ុន្តែ វាត្រូវបានគេសម្គាល់ឃើញថា ភាគច្រើនអាចកើតឡើងចំពោះបុគ្គលដែលមានប្រព័ន្ធភាពស៊ាំថយចុះ រួមមានអ្នកជំងឺផ្ទុកមេរោគអេដស៍ (HIV) អ្នកដែលប្រើប្រាស់ថ្នាំបន្ថយប្រព័ន្ធភាពស៊ាំ ឬនៅលើអ្នកដែលមានផ្ទុកមេរោគអែបស្តែនបា (Epstein-Barr Virus) ឬមេរោគ HTLV 1 (Human T-Lymphotropic Virus) ជាដើម។  រោគសញ្ញា  អ្នកជំងឺមហារីកកូនកណ្តុរមានរោគសញ្ញាសំខាន់ៗដូចជា ការរីកធំនៃកូនកណ្តុរនៅក ក្លៀក ក្រលៀន ពោះ ឬអណ្តើក រួមជាមួយអាការៈក្តៅខ្លួន ស្រកទម្ងន់ និងបែកញើសពេលយប់ ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងរោគសញ្ញានៃជំងឺរបេងកូនកណ្តុរ។  ការធ្វើរោគវិនិច្ឆ័យ ករណីសង្ស័យគ្រូពេទ្យនឹងធ្វើការច្រឹបសាច់ត្រង់កូនកណ្តុរដែលរីកធំនោះដើម្បីពិនិត្យ ក្នុងគោលបំណងបញ្ជាក់ថាវាពិតជាជំងឺមហារីកកូនកណ្តុរ។ ម៉្យាងទៀតការពិនិត្យខាងលើនឹងជួយសម្រួលឲ្យគ្រូពេទ្យជ្រើសរើសប្រភេទនៃកាព្យាបាល និងដឹងអំពីការវិវឌ្ឍរបស់ជំងឺទៅថ្ងៃមុខ។ ការព្យាបាល ប្រសិនអ្នកជំងឺត្រូវបានរកឃើញថាមានជំងឺមហារីកប្រភេទ Lymphoma​ នោះ ការព្យាបាលនឹងធ្វើតាមវិធីសាស្ត្រ២យ៉ាងដាច់ដោយឡែក ឬរួមបញ្ចូលគ្នា៖ • ការប្រើប្រាស់ថ្នាំគីមី ដែលខុសៗគ្នាអាស្រ័យទៅតាមប្រភេទរបស់ Lymphoma ដំណាក់កាលនៃជំងឺ និងភាពធ្ងន់ធ្ងររបស់ជំងឺ។ ប្រសិនបើជំងឺ Non-Hodgkin Lymphoma ប្រភេទបេ (B) នោះការព្យាបាលនឹងត្រូវរួមបញ្ចូលគ្នារវាងការប្រើប្រាស់ថ្នាំគីមី និងអង់ទីករប្រឆាំងប្រូតេអ៊ីនCD20 (ប្រូតេអ៊ីនម្យ៉ាងនៅលើភ្នាសកោសិកាមហារីក) ដែលធ្វើឲ្យប្រសិទ្ធភាពនៃការព្យាបាលកើនឡើងខ្ពស់ជាងការប្រើប្រាស់ថ្នាំគីមីតែឯង។ • ការបញ្ចាំងកាំរស្មី។ ការតាមដានបន្ទាប់ពីការព្យាបាល ៣០%-៤០% នៃអ្នកជំងឺដែលបានទទួលការព្យាបាលអាចនឹងលាប់មកវិញភាគច្រើនក្នុងអំឡុង ២-៣ឆ្នាំដំបូងក្រោយការព្យាបាល។ ដូច្នេះ អ្នកជំងឺត្រូវតាមដានឲ្យបានជាប់ជាប្រចាំជាមួយគ្រូពេទ្យតាមពេលកំណត់៖ • រយៈពេល ២-៣ឆ្នាំដំបូងបន្ទាប់ពីការព្យាបាល អ្នកជំងឺត្រូវធ្វើការតាមដានរាល់ ៣-៤ខែម្តង • រយៈពេល ៤-៥ឆ្នាំបន្ទាប់ អ្នកជំងឺត្រូវធ្វើការតាមដានរាល់ ៦ខែម្តង • រយៈពេល ៥ឆ្នាំឡើងទៅ អ្នកជំងឺត្រូវធ្វើការតាមដានរៀងរាល់ ១ឆ្នាំម្តង ចំពោះការតាមដានរួមមានការពិនិត្យដោយគ្រូពេទ្យការធ្វើតេស្តឈាម ការថតសួត ការថតអេកូពោះ និងការស្កែនជាដើម។   ប្រសិនបើមិនបានទទួលការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា  អ្នកជំងឺអាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត  ក្នុងរយៈពេល ៣-៦ខែ   ករណីជាមហារីកប្រភេទកាចសាហាវខ្លាំង។ វិធីសាស្រ្តការពារ ពុំមានវិធីសាស្ត្រណាអាចកំណត់ជាក់លាក់ដើម្បីការពារខ្លួនឲ្យចៀសផុតពីមហារីកកូនកណ្តុរនេះនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ការប្រកាន់យកនូវគោលការណ៍ហូបស្អាត ផឹកស្អាត និងរស់នៅស្អាតគួរតែត្រូវបានអនុវត្តជាប្រចាំ។ បន្ថែមពីនេះបុគ្គលគ្រប់រូបគួរពិនិត្យសុខភាពឲ្យបានជាប់ជាប្រចាំតាមក្បួនវេជ្ជសាស្ត្រដើម្បីតាមដាន និងស្វែងរកជំងឺឲ្យបានទាន់ពេលវេលា។ បន្ថែមពីនេះ ប្រសិនបើមានសញ្ញារីកធំនៃកូនកណ្ដុរសូមមកពិនិត្យជាមួយគ្រូពេទ្យជំនាញឲ្យបានច្បាស់លាស់ចៀសវាងការប្រើប្រាស់ថ្នាំសាកល្បង  (ដូចជាថ្នាំរបេងជាដើម)។ ជំងឺមហារីកកូនកណ្តុរមិនមែនជាជំងឺតពូជនោះទេ ហើយអ្នកជំងឺក៏មិនបាច់ត្រូវតមអាហារក្នុងអំឡុងពេលព្យាបាលដែរ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ប៊ុនប៉ា ប៉ូលី ឯកទេសបញ្ចាំងកាំរស្មី ជំងឺមហារីក និងជំងឺឈាមនៃមជ្ឈមណ្ឌលជាតិប្រឆាំងជំងឺមហារីក មន្ទីរពេទ្យកាល់ម៉ែត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ស្រាគឺជាសារជាតិពុលម៉្យាងដែលត្រូវបានផលិតចេញពីម្សៅមេ ហើយត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ព្រោះវាជាសារជាតិដែលមានឥទ្ធិពលដល់ចិត្តសាស្ត្រ និងធ្វើឲ្យមានការផ្លាស់ប្តូរផ្នែកអារម្មណ៍ដល់អ្នកប្រើប្រាស់ទៀតផង។ ជាញឹកញាប់ គេតែងមានការភ័ន្តច្រទ្បំថា សុរាជាសារជាតិដែលនាំឲ្យមានការភ្ញោច តែតាមពិតទៅសកម្មភាពទាំងនេះអាចកើតមាននៅពេលពួកគេពិសាវាក្នុងបរិមាណតិចប៉ុណ្ណោះ ដែលឥទ្ធិពលទាំងនោះមានដូចជា កាត់បន្ថយភាពតានតឹង ធ្វើឲ្យអារម្មណ៍ស្រាកស្រាន្ត និងសប្បាយរីករាយ។ ហេតុផលទាំងនេះហើយដែលនាំឲ្យមនុស្សភាគច្រើនពិសាសុរាជាលក្ខណៈទូទៅក្នុងឱកាសណាមួយម្តងម្កាល។ ផ្ទុយមកវិញ សុរាគឺជាសារជាតិមួយនាំឲ្យមានការចុះខ្សោយដល់មជ្ឈមណ្ឌលប្រព័ន្ធប្រសាទកណ្តាល ដែលឥទ្ធិពលទាំងនោះស្ទើរតែទាំងអស់ប៉ះពាល់ទៅលើកោសិកា និងប្រព័ន្ធប្រសាទទាំងមូល នៅពេលដែលគេបង្កើនកំហាប់សុរាទៅក្នុងសរីរាង្គ។ ជាលទ្ធផល វានឹងនាំឲ្យមានការបញ្ឈប់មុខងារខួរក្បាលមួយចំនួនដូចជា  ការថយចុះនៃចលនាញាណថយចុះនៃការវិនិច្ឆ័យរហ័ស ធ្លាក់ចុះនៃភាពមានលំនឹង លំបាកជាងពេលមុន និងរំញោចយឺតៗ។ ជាទូទៅ សុរាមានឈ្មោះផ្សេងៗគ្នាទៅតាមតំបន់ និងប្រទេសនីមួយៗ ដែលក្នុងនោះមានដូចជាទឹកត្នោតជូរ ស្រាបៀរ ស្រាក្រហម ស្រាវីស្គី ម៉ាទីនី ជាដើម។ ការស្រូប ការបញ្ចេញ និងការបំប្លែងសុរានៅក្នុងសរីរាង្គ • សុរាត្រូវបានស្រូបចូលយ៉ាងលឿនទៅក្នុងចរន្តឈាម តាមរយៈក្រពះ ២០% និងពោះវៀន ៨០% • បន្ទាប់មកវានឹងអាចជ្រៀតចូលទៅដល់ខួរក្បាលក្នុងរយៈពេល ៥នាទីក្រោយ • វានឹងត្រូវបានរងមេតាបូលីសនៅត្រង់ថ្លើមពី៩០ទៅ ៩៥% រួចត្រូវបានបញ្ចេញចោលវិញតាមរយៈទឹកនោម ញើស និងដង្ហើម។ មាត្រដ្ឋានសម្រាប់ការផឹក ការប្រើមាត្រដ្ឋានសម្រាប់ផឹកត្រូវបានគេតាក់តែងទ្បើងដើម្បីជួយដល់អ្នកពិសាសុរាឲ្យចេះតាមដាននូវបរិមាណសុរាដែលគាត់នឹងត្រូវពិសា ហើយក៏ជាមាត្រដ្ឋានសម្រាប់ធ្វើលំហាត់ក្នុងការកាត់បន្ថយនូវបរិមាណសុរាដែលពួកគេពិសាលើសលប់កន្លងមក។ ប្រភេទសុរាមានច្រើនផ្សេងៗគ្នា ដូច្នេះ កម្រិតនៃកំហាប់សុរាសុទ្ធមានផ្សេងៗគ្នាដែរ៖ • កម្រិតមាត្រដ្ឋានដែលត្រូវផឹកមានប្រហែល ១៤ក្រាមនៃជាតិសុរាសុទ្ធខាងក្រោមនេះគឺជាបរិមាណសុរាដែលមានសមភាពទៅនឹងកម្រិតស្តង់ដា -    មួយដប  ឬមួយកំប៉ុងបៀរ = ៣៥០ ម.ល (៥%) -    ស្រាក្រហម = ១៥០ ម.ល (១២%) -    ស្រាខ្លាំង = ៤០ម.ល (៤៥%) -    ទឹកត្នោតជូរ =  ៣០០ ម.ល  (៣%)។ ផលប៉ះពាល់សុរាមកលើសុខភាពរយៈពេលខ្លី • ពិសាក្នុងកម្រិតតិចនាំឲ្យមានការសម្រាក សប្បាយ និយាយច្រើន កើនឡើងនូវសកម្មភាព និងថយចុះនូវការទប់ចិត្ត។ • ពិសាក្នុងកម្រិតខ្ពស់នាំឲ្យមានការថយចុះនូវការសម្របសម្រួលក្នុងការគ្រប់គ្រងចលនារាងកាយ និងសាច់ដុំ បាត់បង់លំនឹង រំញោច  កាត់បន្ថយសមត្ថភាពដោះស្រាយ កាត់បន្ថយប្រតិកម្មឆ្លើយតប និយាយត្រដិត ថយចុះការផ្ចង់អារម្មណ៍ បាត់បង់ភាពម្ចាស់ការ បាត់បង់សតិ បាត់បង់នូវភាពមានសីលធម៌ បាត់បង់ការចងចាំរយៈពេលខ្លី ងងុយដេក ស្រវាំងភ្នែក ធ្លាក់ទឹកចិត្ត បង្កើនអាកប្បកិរិយា គ្រោះថ្នាក់ កាចឃោរឃៅ ធីងធោង ចង្អោរ ក្អួត ឈឺពោះវៀន សន្លប់ ឬរហូតដល់ស្លាប់។ ផលប៉ះពាល់សុរាមកលើសុខភាពក្នុងរយៈពេលវែង • ចុះខ្សោយសមត្ថភាពផ្លូវភេទ មានបញ្ហាផ្ចង់អារម្មណ៍ និងការចងចាំ • ធ្លាក់ទឹកចិត្ត ថប់បារម្ភ • មានបញ្ហាគ្រួសារ និងការទំនាក់ទំនង • ថយចុះការយកចិត្តទុកដាក់បំពេញកិច្ចការ • មានបញ្ហាផ្នែកច្បាប់ និងសេដ្ឋកិច្ច • ខូចខាតដល់សរីរៈមួយចំនួនជាបណ្តោះអាសន្ន និងអាចជារៀងរហូត • ខូចខួរក្បាលនាំឲ្យមានការផ្លាស់ប្តូរអាកប្បកិរិយា និងអារម្មណ៍ • តម្រូវការកម្រិតថ្នាំកាន់តែច្រើនដើម្បីទទួលបាននូវប្រសិទ្ធភាពដែលខ្លួនចង់បាន • ញៀន “សម្អាងដោយមានចំណង់ប្រើខ្លាំង” មានបញ្ហាសុខភាព និងសង្គម ខកខានការបំពេញតួនាទីជាទម្លាប់ ពិបាកកាត់បន្ថយការទទួលទានសុរា។ ជំងឺទាំងឡាយដែលកើតចេញពីការពិសាសុរាច្រើនក្នុងរយៈពេលយូរ • ការពិសាសុរាច្រើន និងរយៈពេលវែងអាចឲ្យមានជំងឺថ្លើមបីប្រភេទគឺ ខ្លាញ់រុំថ្លើម (Fatty liver) រលាកថ្លើម (១០ ទៅ ៣៥%) និងក្រិនថ្លើម (១០ ទៅ២០%) • ជំងឺទាក់ទងនឹងបេះដូង និងសរសៃឈាមមួយចំនួន • ជំងឺទាក់ទងនឹងប្រដាប់រំលាយអាហារ ដែលមានជំងឺរលាកក្រពះ ដំបៅក្រពះ រលាកពោះវៀនធំ រលាកបំពង់អាហារ រលាកលំពែងជាដើម • ជំងឺខួរក្បាលដែលមានទំនាក់ទំនងនឹងបញ្ហាថ្លើមអាចជាមូលហេតុនាំឲ្យមានបម្រែបម្រួលការគេង បម្រែបម្រួលអារម្មណ៍ បម្រែបម្រួលអាកប្បកិរិយា ជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ប៉ះពាល់លើញាណធ្ងន់ធ្ងរ ការប្រុងប្រយ័ត្នមានរយៈពេលខ្លី បញ្ហាលើលំនឹង ករណីធ្ងន់ធ្ងរនាំឲ្យសន្លប់ ខ្លះអាចឲ្យស្លាប់ • បាត់បង់សារជាតិ Thiamine (វីតាមីន B1) ជាសារជាតិចម្បងសម្រាប់ទ្រទ្រង់គ្រប់ពពួកជាលិការាប់បញ្ចូលទាំងជាលិកាខួរក្បាល • ការថយចុះនូវសម្រូបសារជាតិបំប៉ន វីតាមីន​​​​ និងសារជាតិរ៉ែមួយចំនួនទៀត។ រហូតដល់ទៅ ៨០% នៃអ្នកពិសាសុរាក្នុងរយៈពេលខ្លីមួយនៃជីវិតរបស់គាត់ និងក្នុងស្ថានភាពធ្ងន់ធ្ងរ គាត់នឹងអាចកើតមានជំងឺមួយឈ្មោះថា  Wernicke’s encephalopathy តែបើក្នុងរយៈពេលវែង និងក្នុងស្ថានភាពទ្រុឌទ្រោមខ្លាំង អ្នកជំងឺនឹងអាចកើតជាជំងឺមួយឈ្មោះផ្សេងទៀតគឺ Korsakoff’s psychosis។ គួរបញ្ជាក់ផងដែរថា ប្រមាណជា ៨០ ទៅ ៩០% នៃអ្នកមានជំងឺ Wernicke’s encephalopathy នឹងអាចវិវឌ្ឍទៅជាមានជំងឺ Korsakoff’s psychosis។ គួរបន្ថែមថា ស្រ្តី ស្រ្តីមានផ្ទៃពោះ កុមារ និងទារក អាចរងគ្រោះថ្នាក់ដែលបណ្តាលមកពីសុរាច្រើនជាង និងធ្ងន់ធ្ងរជាងបុរស។ ហេតុនេះហើយទើប អ្នកវេជ្ជសាស្រ្តក្នុងលោកជាច្រើននាពេលថ្មីៗនេះបានអះអាងថា ការពិសាសុរាក្នុងពេលមានគភ៌ត្រូវតែចៀសវាងជាដាច់ខាត ព្រោះវានឹងអាចបង្កឲ្យគ្រោះថ្នាក់ដល់ទារក ថ្វីបើពិសាក្នុងកម្រិតតិចតួចក៏ដោយ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ឈឺក្បាលអាចជាសញ្ញាធម្មតានៃបុគ្គលគិតច្រើនមួយចំនួន ប៉ុន្តែប្រសិនឈឺផ្នែកខាងក្រោយដែលសង្ស័យថាជាផលប៉ះពាល់ខួរក្បាលនោះ ករណីរបស់អ្នកប្រហែលដូចនឹងករណីខាងក្រោម... សំណួរ៖ ខ្ញុំបាទអាយុ២០ឆ្នាំ កម្ពស់១ម៉ែត្រ៧០ ទម្ងន់៦២គីឡូក្រាម មានមុខរបរជានិស្សិត។ ខ្ញុំឧស្សាហ៍ឈឺក្បាលណាស់ ពិសេសនៅផ្នែកខាងក្រោយ និងគេងមិនសូវលក់។ អាការៈនេះកើតឡើងតាំងពីក្មេងៗមកម្លេះ ប៉ុន្តែ ខ្ញុំមិនដែលទទួលបានការព្យាបាលណាមួយទេ ម៉្យាង ខ្ញុំក៏មិនមានប្រើប្រាស់ថ្នាំប្រចាំកាយអ្វីដែរ។ តើការឈឺក្បាលផ្នែកខាងក្រោយបែបនេះជាសញ្ញាណនៃជំងឺអ្វី? តើត្រូវព្យាបាលដោយវិធីណាខ្លះ? ចម្លើយ៖ ចំពោះអាការៈនេះ ប្រសិនបើប្អូនឈឺពីក្មេង កើតនៅទីតាំងដដែល និងមិនមានអាការៈប្រែប្រួលទេ ចំណុចនេះមិនមែនជាបញ្ហាចោទនោះទេ។ ការគេងមិនសូវលក់អាចជះឥទ្ធិពលលើការឈឺក្បាល ហេតុនេះគួរតែរកឲ្យឃើញប្រភពនៃការគេងមិនលក់នេះ ដើម្បីដោះស្រាយការគេងមិនលក់របស់ប្អូន ដែលនាំឲ្យធូរស្រាលដល់ការឈឺក្បាលរបស់ប្អូនផងដែរ។ ម្យ៉ាងទៀត ផ្នែកខាងក្រោយរបស់ខួរក្បាលគឺពាក់ព័ន្ធនឹងគំហើញ បើមានការប៉ះពាល់លើផ្នែកខួរក្បាល គឺអាចមានបញ្ហាដល់ភ្នែក ដូចជាព្រិលភ្នែកផ្នែកខាងឆ្វេង ឬស្តាំជាដើម។ ដូចនេះ ករណីរបស់ប្អូន អាចទាក់ទងនឹងការគេងមិនលក់ មិនទាក់ទងនឹងខួរក្បាលផ្នែកខាងក្រោយទេ។ ទោះជាយ៉ាងណាក៏ដោយ ការជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតគឺជារឿងសំខាន់ ព្រោះអាចជួយប្អូនស្រាយនូវបញ្ហាកំពុងមាន និងទទួលបានការពន្យល់ច្បាស់លាស់។ គួរបញ្ជាក់ផងដែរថា ការជួបវេជ្ជបណ្ឌិតមិនសំខាន់តែលើការផ្តល់ថ្នាំតែមួយមុខទេ តែសំខាន់លើដំបូន្មានដែលត្រូវយកទៅប្រើប្រាស់ និងអនុសាសន៍ផ្សេងៗដែលអាចរាប់បញ្ចូលទាំងមាន ឬគ្មានថ្នាំ ឬទាំងពីរ  ដែលអាចឲ្យប្អូនជាពីជំងឺឈឺក្បាលនេះបានដែរ។ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល និងជានាយផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

នាថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ សមាគមអ្នកចែកចាយឱសថកម្ពុជាបានរៀបចំនូវកម្មវិធីសមាជលើកទី២ ក្រោមប្រធានបទ «ការចែកចាយឱសថស្របច្បាប់ និងមានគុណភាពនៅក្នុងប្រទេសកម្ពុជា» នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។ កម្មវិធីសមាជរយៈពេលកន្លះថ្ងៃនេះបានធ្វើការចាប់ផ្តើមពីម៉ោង ៨:៣០នាទី ដល់ម៉ោង១២ថ្ងៃត្រង់ ដោយមានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ លោកវេជ្ជបណ្ឌិត ស៊ាន ស៊ីនឌី ប្រធានសមាគម លោក ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល លោក ហៀន គឹមសៀត តំណាងក្រសួងសុខាភិបាល និងលោក ហេង វិចិត្រ អគ្គលេខាធិការសមាគម និងឯកឧត្តម លោកជំទាវ លោកវេជ្ជបណ្ឌិត ឱសថការី លោក លោកស្រីដែលជាសមាជិកនៃសមាគមអ្នកចែកចាយឱសថកម្ពុជាទាំងអស់ ព្រមទាំងតំណាងក្រុមហ៊ុនចែកចាយឱសថប្រមាណជាង ១៣០នាក់ផងដែរ។ យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ស៊ាន ស៊ីនឌី នាឱកាសនោះបានលើកឡើងថា «សមាគមអ្នកចែកចាយឱសថកម្ពុជាត្រូវបានបង្កើតឡើងដោយស្ថាបនិកក្រុមហ៊ុនអ្នកចែកចាយឱសថកម្ពុជាមួយចំនួនក្នុងទស្សនៈវិស័យ និងទិសដៅដូចគ្នា ឬជួបហេតុការណ៍ប្រចាំថ្ងៃប្រហាក់ប្រហែលគ្នា។ ហេតុផលទាំងអស់នេះបានជំរុញឲ្យក្រុមហ៊ុន និងស្ថាបនិកទាំងអស់ធ្វើការជួបជុំគ្នាជាច្រើនដងដើម្បីរៀបចំរចនាសម្ព័ន្ធ និងការសម្របសម្រួលឲ្យចេញជារូបរាងឡើង ដើម្បីដាក់ឲ្យក្រសួងមហាផ្ទៃធ្វើការពិនិត្យ និងសម្រេច ហើយជាលទ្ធផលត្រូវបានទទួលស្គាល់នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១២។ លោកក៏បានលើកឡើងបន្ថែមទៀតថា គោលបំណងនៃការបង្កើតសមាគមអ្នកចែកចាយឱសថកម្ពុជាគឺដើម្បីចែករំលែកព័ត៌មានដែលទទួលបានពីក្រសួងសុខាភិបាលទៅកាន់សមាជិក។»  ដោយឡែក លោក ហេង វិចិត្រ បានលើកឡើងបន្ថែមទៀតថា «កម្មវិធីសមាជ សមាគមអ្នកចែកចាយឱសថកម្ពុជា ប្រារព្ធឡើងក្នុងគោលបំណងធ្វើការសហការជាមួយស្ថាប័នដែលពាក់ព័ន្ធនានាដើម្បីគាំពារផ្នែកច្បាប់ទៅលើការនាំចូលនាំចេញឱសថ ក្នុងករណីមានបញ្ហាបច្ចេកទេសផ្សេងៗ។ ជួយសម្របសម្រួលរវាងសមាជិកមួយទៅសមាជិកមួយទៀត ឧបត្ថម្ភគាំពារទាំងស្មារតី និងសម្ភារៈដល់សមាជិក ពាំនាំពាក្យរបស់អ្នកចែកចាយឱសថរបស់សមាជិកជូនទៅក្រសួងសុខាភិបាល និងក្រសួងដែលពាក់ព័ន្ធក្នុងគោលបំណងសហការគ្នា និងលើកកម្ពស់ក្នុងការប្រើប្រាស់ឱសថ ព្រមទាំងជួបប្រជុំគ្នានូវបញ្ហាប្រឈមនានារបស់សមាជិក ដែលពាក់ព័ន្ធទៅនឹងការចុះបញ្ជិកាឱសថ ធ្វើការទំនាក់ទំនងជាមួយសមាគមឱសថដែលពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេសជាដៃគូរ និងធ្វើការផ្សព្វផ្សាយការប្រើប្រាស់ឱសថតាមរយៈការពិគ្រោះយោបល់ក្នុងសិក្ខាសាលាដើម្បីឲ្យអ្នកចែកចាយ អ្នកប្រើប្រាស់យល់ដឹងពីឱសថ។» គួរបញ្ជាក់ម្តងទៀតថា បន្ទាប់ពីការធ្វើបទបង្ហាញពីវាគ្មិនកិតិយជាច្រើនរូប កម្មវិធីសមាជនេះបានបញ្ចប់ជាមួយនឹងវេទិកាសំណួរចម្លើយ ពីអ្នកចូលរួមទាំងអស់យ៉ាងសកម្ម និងប្រកបដោយលទ្ធផលល្អយ៉ាងគាប់ប្រសើរផងដែរ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

មានទង្វើខ្លះដែលអ្នកអាចនឹងធ្វើជាប្រចាំ និងរៀងរាល់ថ្ងៃដោយមិនដឹងខ្លួនថា បានធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសសម្រស់របស់ខ្លួនឯងឡើយ... បើសិនជាអាចសូមចៀសវាងនូវសកម្មភាពខាងក្រោមនេះ ដើម្បីធានាបានមួយផ្នែកថា អ្នកមិនបាន ឬកំពុងតែផ្តល់ផលអវិជ្ជមានដល់សម្រស់របស់អ្នក៖ ការដុសសម្អាតធ្មេញភ្លាម ក្រោយទទួលទានកាហ្វេ ថ្វីត្បិតថា ជាតិអាស៊ីត និងស្ករនៅក្នុងកាហ្វេ សូដា និងទឹកផ្លែឈើនឹងកម្ទេចចោលស្រទាប់ក្រៅបង្អស់របស់ធ្មេញ ដែលហៅថា «កាចាធ្មេញ» ប៉ុន្តែ អ្នកមិនគួរដុសសម្អាតវាចេញភ្លាមៗនោះទេ។ នៅពេលដុសធ្មេញភ្លាមៗក្រោយទទួលទានអាហារ ឬភេសជ្ជៈមានជាតិអាស៊ីតនោះ វានឹងកម្ទេចចោលនូវកាចាដែលទន់ខ្សោយ ហេតុនេះហើយ អ្នកគួរតែធ្វើការខ្ពុរសម្អាតជាមួយនឹងទឹកស្អាតជាមុនសិន ហើយរង់ចាំប្រមាណជា១ម៉ោងសឹមធ្វើការដុសសម្អាតធ្មេញរបស់អ្នក។ ការញ៉ាំភេសជ្ជៈមានជាតិអាល់កុលដោយមិនញ៉ាំទឹក ជាតិអាស៊ីត និងតានីន (Tannin) ដែលមាននៅក្នុងស្រានឹងបំផ្លាញកាចាធ្មេញ ហើយធ្វើឲ្យធ្មេញងាយនឹងឡើងពណ៌ទៀតផង។ ជាតិអាល់កុលក៏នឹងធ្វើឲ្យមាត់ស្ងួត ដែលមានន័យថាបរិមាណទឹកមាត់នឹងថយចុះ ហើយក៏មានភាពលំបាកក្នុងការកម្ចាត់ចោលនូវជាតិអាស៊ីត និងបាក់តេរី។ ដើម្បីការពារបញ្ហានេះ អ្នកអាចធ្វើការសម្អាតមាត់ដោយទឹកស្អាតក្រោយពេលទទួលទានភេសជ្ជៈទាំងនោះ។ ការចុះហែលទឹកទាំងសក់នៅស្ងួត នៅក្នុងអាងហែលទឹក ជាទូទៅមានសារធាតុ​ដែលបំផ្លាញដល់សុខភាពសក់។ អ្នកអាចប្រៀបធៀបសក់របស់អ្នកដូចជា ប៉ុងស្ងួត ពេលដែលវាប៉ះជាមួយនឹងទឹកខាងក្រៅស្រាប់មុននឹងប៉ះជាមួយ​នឹងទឹកក្នុងអាងហែលទឹកនោះ វានឹងមិនសូវសើមជោកជាមួយនឹងទឹកក្នុងអាងក្រោយពេលអ្នកចុះងូតនោះទេ។ យ៉ាងណាមិញ ក្រោយពេលដែលងើបចេញពីអាងអ្នកគួរតែធ្វើការលាងសម្អាតជាមួយនឹងសាប៊ូភ្លាមៗ។ បើសិនជាអាច អ្នកគួរប្រើប្រាស់មួកហែលទឹកសម្រាប់ការពារសក់របស់អ្នកពីការទទឹកក្នុងពេលហែលផងដែរ។ ការកក់សាប៊ូច្រើនពេក ឬតិចពេក សាប៊ូកក់សក់ជម្រះចោលនូវសារធាតុប្រេងពីធម្មជាតិនៃស្បែកក្បាលរបស់អ្នក។ បើអ្នកប្រើប្រាស់វាញឹកញាប់ពេកនោះ ​វានឹងធ្វើឲ្យសក់របស់អ្នកស្ទក់ (មិនរស់រវើក) និងស្ងួត ហើយអំឡុងពេលដែលអ្នកគួរកក់នោះ គឺអាស្រ័យលើប្រភេទសក់របស់​អ្នក។ សម្រាប់សក់ស្លូត និងត្រង់នោះ អ្នកគួរកក់រៀងរាល់ថ្ងៃ ប្រសិនបើមានឡើងជាតិប្រេង និងក្អែលលើស្បែកក្បាលប៉ុន្តែជាទូទៅ អ្នកជំនាញ​ណែនាំឲ្យកក់សក់ក្នុងរយៈពេល២ទៅ៣ថ្ងៃ រីឯអ្នកដែលមានសក់រួញ និងក្រាស់នោះ អ្នកអាចកក់វាក្នុងរយៈពេល៣ទៅ៤ថ្ងៃម្តង។ អ្នកក៏គួរមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសសាប៊ូ និងផលិតផលថែរក្សាសក់របស់អ្នកផងដែរ ដោយជ្រើសរើសឲ្យត្រូវនឹងប្រភេទសក់របស់អ្នក។ ការមិនប្រើប្រាស់ក្រែមអប់ និងបន្ទន់សក់ (Conditioner)   អ្នកប្រហែលជាបារម្ភថាវានឹងធ្វើឲ្យសក់របស់អ្នកបាត់បង់ទម្ងន់ ហើយជួនកាលអ្នកក៏មិនសូវមានពេលសម្រាប់ធ្វើវា ប៉ុន្តែបើអ្នកមិនប្រើប្រាស់វាទេ សក់របស់អ្នកក៏ប្រឈមនឹងការបាត់បង់សំណើម (សក់ប្រែជាស្ងួត) និងភាពរស់រវើកផងដែរ។ ដើម្បីឲ្យសរសៃសក់របស់អ្នកមើលទៅភ្លឺរលោង មានជីវិត និងសុខភាពល្អនោះ អ្នកគួរតែប្រើប្រាស់ក្រែមអប់ និងបន្ទន់សក់ប្រភេទ Lightweight (រាវ មិនសូវស្អិត) រាល់ពេលកក់សក់ម្តងៗ ដោយដាក់វានៅចុងសក់ (មិនមែនគល់សក់) ហើយប្រើម្រាមដៃច្បូតថ្នមៗ។ ការមិនផ្លាស់ប្តូរផ្លែឡាមកោររោម ឬពុកមាត់ ជួនកាល អ្នកត្រូវប្រើប្រាស់វា ដើម្បីកោរនៅត្រង់កន្លែងដដែលជាច្រើនដង ហើយជាទូទៅវាក៏នឹងបង្កជាស្នាមមុតតូចៗនៅលើស្បែក ដែលអាចបង្កជាដុំពក ស្នាមកន្ទួល ឬបញ្ហាស្បែកផ្សេងៗផងដែរ។ ហេតុដូចនេះហើយ អ្នកមិនគួរប្រើប្រាស់វាច្រើនដងពេកឡើយ ដើម្បីចៀសវាងនូវបញ្ហាស្បែកទាំងនោះ។ ការត្រដុសខ្លាំងៗលើស្បែកមុខ អ្នកមិនចាំបាច់ធ្វើការជូតសម្អាត ដោយការត្រដុសឬជូតខ្លាំងៗលើស្បែកមុខជាមួយនឹងក្រណាត់ ឬកន្សែងនោះទេ អ្វីដែលស្បែកមុខអ្នកត្រូវការ គឺការប្រើប្រាស់នូវហ្វូមលាងសម្អាតមុខដែលត្រឹមត្រូវនឹងប្រភេទស្បែកមុខ ជាមួយនឹងការម៉ាស្សាថ្នមៗដោយប្រើម្រាមដៃ និងការលាងសម្អាតមុខជាមួយនឹងទឹកក្តៅឧណ្ហៗ ឬទឹកត្រជាក់តិចៗពី១ទៅ២ដងក្នុងមួយថ្ងៃ។ ការប្រើប្រាស់ផលិតផលថែរក្សាស្បែកមុខច្រើនពេក ក្រៅពីហ្វូមលាងសម្អាតមុខ អ្នកជំនាញផ្នែកស្បែកបានណែនាំថា ផលិតផលដែលចាំបាច់មានតែផលិតផលផ្តល់សំណើមដល់ស្បែក និងក្រែមការពារកម្តៅថ្ងៃប៉ុណ្ណោះ។ ប្រសិនបើមិនចាំបាច់ទេ អ្នកមិនគួរប្រើប្រាស់ផលិតផលច្រើនពេកនោះទេ បើសិនជាស្បែកមុខរបស់អ្នកមិនមានបញ្ហាដូចជាបញ្ហាមុនជាដើម ដែលអ្នកត្រូវការពិនិត្យ និងពិភាក្សាជាមួយនឹងអ្នកជំនាញ ជាពិសេសវេជ្ជបណ្ឌិតឯកទេសស្បែក ដើម្បីដឹងថាផលិតផលណាត្រឹមត្រូវ និងស័ក្តិសមសម្រាប់សភាពស្បែករបស់អ្នក។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

តាមពិត វាអាចជារឿងដែលពិបាកសម្រាប់មាតាបិតាក្នុងការតាមដានឲ្យដឹងថាកូនរបស់អ្នកមានបញ្ហាអ្វីខ្លះនៅសាលារៀន ជាពិសេសគឺបញ្ហាទាក់ទងនឹងការសម្លុត ការគំរាមកំហែងពីមិត្តភក្តិ ឬអ្នកដែលមានអំណាចធំជាងពួកគេ ដោយហេតុថាសាលាជាទីតាំងមួយដែលពួកគេបានជួបជាមួយមនុស្សជាច្រើន និងហេតុការណ៍ថ្មីៗជារៀងរាល់ថ្ងៃ។ ដូច្នេះ ដើម្បីជាគន្លឹះក្នុងការកំណត់ថាកូនអ្នកពិតជាត្រូវបានគេគំរាមពិតមែន អ្នកអាចចំណាំតាមរយៈសកម្មភាពរបស់ពួកគេដូចខាងក្រោម៖ ឈឺក្បាល និងឈឺពោះញឹកញាប់ រោគសញ្ញាឈឺក្បាល និងឈឺពោះគឺជាអាការៈដែលអាចស្តែងចេញមកខាងក្រៅជាញឹកញាប់ ដែលអាការៈទាំងនេះបណ្តាលមកពីភាពស្ត្រេស និងការថប់អារម្មណ៍ចំពោះការគំរាមកំហែងនេះតែម្តង។ ពេលខ្លះវិញ ពួកគេមិនមានអាការៈបែបនេះទេ តែគេបែរជាព្យាយាមកុហកដើម្បីគេចវេះពីការទៅសាលារៀន ឬទៅចូលរួមក្នុងសកម្មភាពសង្គមទៅវិញ។ ហេតុនេះប្រសិនបើកូនរបស់អ្នកតែងតែត្អូញត្អែរអំពីអាការៈបែបនេះគឺដល់ពេលហើយដែលអ្នកគួរតែនិយាយជាមួយពួកគេ។ ជាឧទាហរណ៍ អ្នកអាចចាប់ផ្តើមសួរថា “កូនមើលទៅហាក់ដូចជាកើតមានបញ្ហានេះញឹកញាប់ណាស់ពេលថ្មីៗនេះ តើកូនអាចប្រាប់ម៉ាក់ប៉ាឲ្យកាន់តែច្បាស់ពីបញ្ហានេះបានទេ?” ប៉ុន្តែអ្នកអាចសួរសំណួរផ្សេងៗទៀតបានផងដែរ តែត្រូវប្រាកដថាសំណួរទាំងនោះជាសំណួរដែលមានចម្លើយបើក សួរដោយផ្អែមល្ហែម មិនគំរោះគំរើយ មិនត្រូវសួរដោយឆេវឆាវ ឬដោយមានកំហឹងឡើយ។ អ្នកគួរចងចាំថា កូនអ្នកកំពុងមានបញ្ហាផ្លូវចិត្ត ដូចនេះការលួងលោម ការលើកទឹកចិត្ត និងការផ្តល់ជាដំណោះស្រាយដោយសន្តិវិធីជាប្រការចាំបាច់បំផុត។ ផ្លាស់ប្តូរមិត្តភក្តិ ការបាត់បង់មិត្តភក្តិ ឬការផ្លាស់ប្តូរមិត្តភក្តិក៏អាចជាសញ្ញានៃការគំរាមកំហែងចំពោះក្មេងៗផងដែរ ដែលភាគច្រើននៃបញ្ហានេះកើតឡើងចំពោះក្មេងៗនៅវ័យជំទង់។ ស្រដៀងគ្នានេះដែរ ភាពញឹកញយនៃការស្ទាក់ស្ទើរចេញទៅក្រៅជាមួយមិត្តភក្តិក៏អាចជាសញ្ញានៃការគំរាមកំហែងដែលកើតឡើងនៅក្នុងក្រុមមិត្តភក្តិរបស់គេតែម្តង។  មាតាបិតាអាចសង្កេតមើលការផ្លាស់ប្តូរមិត្តភក្តិក្នុងក្រុមរបស់កូនអ្នកដោយស្ងៀមស្ងាត់ តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយមាតាបិតារបស់កុមារផ្សេងទៀត ដែលនៅក្នុងក្រុម។ វិធីសាស្រ្តនេះអាចជួយឲ្យអ្នកអាចតាមដានអវត្តមានរបស់ពួកគេនៅក្នុងពិធីខួបកំណើត ឬកម្មវិធីផ្សេងៗទៀត និងអាចអនុញ្ញាតឲ្យអ្នកបានដឹងពីបញ្ហានានា ដែលកើតឡើងរវាងកូនអ្នក និងមិត្តភក្តិរបស់ពួកគេផងដែរ។ ពិបាកគេង ជាធម្មតា ពួកគេតែងមានការព្រួយបារម្ភ ខ្វល់ខ្វាយនិងអន្ទះអន្ទែងនៅពេលយប់ ដោយសារពួកគេតែងគិតពីបញ្ហានានាដែលអាចកើតឡើងនៅថ្ងៃស្អែក ជាហេតុធ្វើឲ្យពួកគេគេងមិនលក់ រសេះរសោះ និងជួនកាលអាចសុបិន្តអាក្រក់ ឬអាចយំពេលគេងលក់ទៀតផង។ ដើម្បីបញ្ជាក់ពីបញ្ហានេះ មាតាបិតាអាចសង្កេតកូនអ្នកនៅពេលព្រឹកតាមរយៈសកម្មភាពរបស់ពួកគេ ដោយអាចស្តែងចេញជាភាពធុញទ្រាន់ ឬមិនឃ្លានអាហារ មើលទៅហាក់ដូចជាហត់នឿយខុសពីធម្មតា បាត់បង់សមត្ថភាពក្នុងការផ្ចង់អារម្មណ៍បាត់បង់ការរក្សាអនាម័យប្រចាំថ្ងៃឲ្យបានត្រឹមត្រូវជាដើម។ យំមិនឈប់ ឬមានប្រតិកម្មផ្នែកអារម្មណ៍ខ្លាំង ប្រសិនបើកូនអ្នកមានប្រតិកម្មខ្លាំងទៅនឹងការសន្ទនាអំពីសាលារៀន ឬសកម្មភាពសង្គម វាអាចប្រហែលជាសញ្ញាណដែលពួកគេកំពុងមានបញ្ហាថប់អារម្មណ៍ អំពីរឿងទាំងនោះ។ គួរកត់សម្គាល់ផងដែរថា តាមធម្មតាក្មេងតូចៗតែងចូលចិត្តនិយាយពីរឿងដែលគេនៅសាលា ខណៈពេលដែលក្មេងវ័យជំទង់តែងចង់ពិភាក្សាគ្នាអំពីថ្ងៃចុងសប្តាហ៍ទៅវិញ។ មាតាបិតាក៏គួរតែបានដឹងពីបញ្ហាទាំងនេះផងដែរ។ ផ្លាស់ប្តូរជាមនុស្សថ្មី ការគំរាមកំហែងអាចជះឥទ្ធិពលដល់អារម្មណ៍ និងការគិតរបស់កុមារខ្លាំងណាស់ ហេតុនេះប្រសិនបើការគំរាមនៅតែបន្ត និងកាន់តែធ្ងន់ធ្ងរទៅៗ នោះកុមារនឹងប្រឈមមុខនឹងការផ្លាស់ប្តូរផ្នែកសតិអារម្មណ៍ និងផ្លាស់ប្តូរអត្តចរិត។ ឧទាហរណ៍ កុមារអាចប្រែពីមនុស្សម្នាក់ដែលចូលចិត្តនិយាយច្រើន ទៅជាមនុស្សម្នាក់ដែលស្ងប់ស្ងាត់ ឬចាប់ផ្តើមផ្តាច់ទំនាក់ទំនងជាមួយសមាជិកគ្រួសារ ចូលចិត្តនៅតែម្នាក់ឯងសម្ងំតែក្នុងបន្ទប់បន្ទាប់ពីចេញពីរៀនជាដើម។   សម្លៀកបំពាក់រហែក ឬមានរបួសស្នាមលើរាងកាយ នេះជាសញ្ញាណដែលតែងកើតមានជាញឹកញាប់ចំពោះកុមារដែលត្រូវបានគេគំរាមកំហែង ហើយហេតុការណ៍នេះអាចកើតឡើងកាន់តែញឹកញាប់នៅពេលដែលការគំរាមកំហែងកាន់តែធ្ងន់ធ្ងរទៅៗ។ ប៉ុន្តែនៅពេលអ្នកព្យាយាមសួរពួកគេពីហេតុការណ៍ដែលបានកើតឡើង ពួកគេប្រែជាពិបាកក្នុងការរៀបរាប់ប្រាប់ពីមូលហេតុ ហើយពេលខ្លះពួកគេព្យាយាមគេចវេះពីសំណួរនេះទៀតផង។ ធ្វើខ្លួនដូចជាជនរងគ្រោះ កុមារចាប់បាត់បង់ជំហររឹងមាំ និងបាត់បង់ជំនឿចិត្តក្នុងការធ្វើរឿងអ្វីមួយ។ សកម្មភាពទាំងនោះមានដូចជា ចាប់ផ្តើមដើរឱនមុខចុះ មិនហ៊ានបញ្ចេញយោបល់ជាសាធារណៈ មិនចូលចិត្តសកម្មភាពដែលមានមនុស្សច្រើន ឬបាត់បង់ភាពប្រកួតប្រជែង។ ការគំរាមកំហែងពិតជាផ្តល់ផលអាក្រក់ចំពោះកុមារដូច្នេះមាតាបិតាគួរយកចិត្តទុកដាក់បន្ថែមចំពោះបញ្ហានេះ បើមិនដូច្នោះទេ ពួកគេអាចទទួលរងការប៉ះទង្គិចទាំងផ្លូវកាយ និងផ្លូវចិត្ត។ ការប៉ះទង្គិចផ្លូវចិត្តអាចធ្វើឲ្យកូនអ្នកបាក់ស្បាត គ្មានភាពក្លាហានលទ្ធផលនៃការសិក្សាធ្លាក់ចុះ សុខភាពផ្លូវកាយទ្រុឌទ្រោម ជាពិសេសពួកគេអាចប្រឈមនឹងការបាក់ទឹកចិត្តរយៈពេលយូរ ពេលខ្លះអាចបន្តរហូតដល់ពួកគេពេញវ័យទៀតផង។ ផលវិបាកទាំងអស់សុទ្ធតែអាចជះឥទ្ធិពលដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ប្រសិនបើមិនទទួលបានជំនួយ និងវិធីដោះស្រាយដែលត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សេចក្តីជូនដំណឹងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃមានគណនីឈ្មោះ My Doctor កំពុងផ្សព្វផ្សាយផលិតផលឱសថជាច្រើនមុខ ដោយគ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលដែលមានឈ្មោះដូចខាងក្រោម៖១-LiverDetox ២-LiverDetox Plus ៣-DifflamR ៤-ClearwayzR ៥-HyssinolTM ៦-Detox Genie Bladder Care ៧-HAIRPRINTM ៨-CRANBERRY 25,000 ៩-Detox Genie LUNG  DETOX ១០- MUSASHI HIGH PROTEIN ១១-SUPER SLEEP 2000 ១២-emuaid ១៣-DOUBLE BONDED PROTEIN ១៤-OEM SLIMR ១៥-DROPS OF YOUTH ១៦-BLACKMORE NAILS, HAIR & SKIN ១៧-BLACKMORE FISH OIL 1000 ១៨-Paw Paw Balm ១៩-GINKGO BILOBA 2000 ២០-OLIVE LEAF 3000 ២១-Nature’s Way VITA Kid Smart Gummies ២២-Nature’s Way VITA Daily Fibres Gummies ២៣-CITRAVESCENTR  URINARY ALKALINISER ២៤-BILBERRY & LUTEIN ២៥-elevitR ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់ការបាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីឈ្មោះ My Doctor ដែលបាននាំចូលហើយផ្សព្វផ្សាយ លក់ ឬចែកចាយផលិតផលឱសថខាងលើនេះ ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

Sarcoma ជាប្រភេទមួយនៃមហារីកដែលកើតមានឡើងនៅលើជាលិកាគាំទ្ររបស់សរីរាង្គ (Connective tissue ឬSupportive tissue) ដែលវាត្រូវបានចែកចេញជា២ទម្រង់ផ្អែកតាមអាយុរបស់អ្នកជំងឺ៖ • ក្រុមកុមារអាយុពី៤-១៥ឆ្នាំ៖ អ្នកជំងឺអាចប្រឈមនឹង Ewing Sarcoma, Bone Sarcoma និងRhabdomyosarcoma ដែលមានអត្រាជាសះស្បើយខ្ពស់។ • ក្រុមមនុស្សចាស់អាយុពី៣៧-៥១ឆ្នាំ៖ អ្នកជំងឺអាចប្រឈមនឹងការកើត Sarcoma ស្ទើរពេញរាងកាយ (ខ្នង ដៃ ភ្លៅ...) ដែលការព្យាបាលអាចបរាជ័យក្នុងកម្រិតខ្ពស់។ មូលហេតុនៃ Sarcoma មហារីកប្រភេទ Sarcoma កើតឡើងដោយសារមានបម្រែបម្រួលហ្សែននៅក្នុងខ្លួន ពិសេសទៅលើហ្សែនធំៗ២ គឺហ្សែនលូតលាស់ (Growth gene) និងហ្សែនទប់ស្កាត់មិនឲ្យកើតមហារីក (Oncosuppressor genes ឬP53 genes)។ ដោយសារមានការប្រែប្រួលនៃហ្សែនP53នេះ បណ្តាលឲ្យមានការប្រែប្រួលនៃហ្សែនផ្សេងទៀត ឧទាហរណ៍ ដូចជាបម្រែបម្រួលនៃហ្សែន C-myc (C-myc gene​ mutation) នាំឲ្យកើតជាជំងឺមហារីកឆ្អឹងទៅលើក្មេងហៅថា Ewing sarcoma ឬបម្រែបម្រួលទៅលើហ្សែន C-kit (C-kit gene mutation) នាំឲ្យកើតជាជំងឺមហារីកក្រពះ ពោះវៀន ហៅថា Gastrointestinal stromal tumor (GIST) ជាដើម។ មកទល់នឹងបច្ចុប្បន្ននេះ ពុំទាន់មានបច្ចេកទេសណាមួយអាចកំណត់នូវមូលហេតុជាក់លាក់ដែលធ្វើឲ្យមានការប្រែប្រួលនៃហ្សែននេះនៅឡើយទេ ប៉ុន្តែមានការសម្គាល់ឃើញពីកត្តាជំរុញមួយចំនួនដូចជា៖ • អ្នកប្រឈមទៅនឹងពន្លឺព្រះអាទិត្យលើសកម្រិត • អ្នកប្រឈមជាមួយនឹងការព្យាបាលដោយកាំរស្មីនៅវ័យក្មេង • វីរុសមួយចំនួនដូចជា HIV ដែលអាចបង្កជាមហារីកហៅថា Kaposi Sarcoma។ រោគសញ្ញា ជាទូទៅ Sarcoma មិនមានស្តែងចេញជារោគសញ្ញាជាក់លាក់ណាមួយឲ្យអ្នកជំងឺដឹងមុនឡើយ តែក្នុងករណីខ្លះអ្នកជំងឺជាអ្នកសម្គាល់ឃើញខ្លួនឯង នូវការវិវឌ្ឍខុសប្រក្រតីផ្នែកណាមួយនៃរាងកាយដូចជា ការកើនទំហំ ប៉ោង ឡើងរឹង ឬមើលទៅមិនស៊ីមេទ្រីគ្នា (Asymmetry) បើធៀបទៅនឹងម្ខាងទៀត។ ការធ្វើរោគវិនិច្ឆ័យ ប្រសិនបើឃើញមានដុះដុំសាច់ ឬមានការរីកលូតលាស់ខុសប្រក្រតីនៃអវយវៈណាមួយនោះ គ្រូពេទ្យឯកទេសនឹងធ្វើការពិនិត្យអមវេជ្ជសាស្រ្តមួយចំនួនដូចជា ការថតកាំរស្មីអ៊ិច (X-ray) ស៊ីធីស្កែន (CT-Scan) ឬMRI ដើម្បីបញ្ជាក់ថាវាជាដុំដែលកើតលើសាច់ដុំមានការកកជាតិកំបោរ និងមានសរសៃឈាមទៅចិញ្ចឹមច្រើន។ ក្នុងការបញ្ជាក់បន្ថែមថាពិតជា Sarcoma គ្រូពេទ្យនឹងធ្វើការវះកាត់យកដុំនោះក្នុងកម្រិតប្រហែល៥មីលីម៉ែត្រ ឬរហូតដល់១សង់ទីម៉ែត្រទៅធ្វើជាលិកាវិភាគ រកម៉ូលេគុលពិសេសៗនៅលើកោសិកា និងប្រភេទហ្សែនបង្ក។ ការព្យាបាល ការព្យាបាល Sarcoma មានលក្ខណៈច្រើនយ៉ាងខុសៗគ្នា ក្រោមគោលការណ៍រួម ដូចជា ការវះកាត់ ការប្រើប្រាស់ថ្នាំបែបគីមី ការប្រើថ្នាំបែបជីវសាស្រ្ត និងការបាញ់កាំរស្មី ដែលករណីខ្លះគ្រូពេទ្យអាចតម្រូវឲ្យធ្វើការព្យាបាលទាំង៤ប្រភេទបញ្ចូលគ្នាតែម្តង។ ករណីនៃអ្នកជំងឺនេះទាមទារឲ្យមានការព្យាបាលខុសៗគ្នាទៅតាមស្ថានភាពជាក់ស្តែង ក្នុងគោលបំណងដើម្បីទប់ស្កាត់នូវបម្រែបម្រួលហ្សែន ឬកោសិកាដែលមានលក្ខណៈខុសប្រក្រតី។ ការតាមដានក្រោយព្យាបាល ក្រោយការព្យាបាលបានបញ្ចប់ គ្រូពេទ្យនឹងវាយតម្លៃដើម្បីបញ្ជាក់ពីលទ្ធផលនៃការព្យាបាល តាមរយៈការថតស៊ីធីស្កែន (CT-Scan) ឬថតកាំរស្មីអ៊ិច (X-ray) ឡើងវិញ។ បន្ទាប់ពីរកឃើញថាអ្នកជំងឺបានព្យាបាលដោយជោគជ័យ មិនមានសល់នូវសាច់មហារីក នោះអ្នកជំងឺនឹងត្រូវណែនាំឲ្យធ្វើការតាមដានសុខភាពដូចជា ថតសួត ឆ្លុះអេកូ ថតកាំរស្មីអ៊ិច ឬMRI អាស្រ័យលើទីតាំងដែលធ្លាប់កើតមហារីក រាល់៣ខែម្តងរយៈពេល៣ឆ្នាំ ៦ខែម្តងក្នុងឆ្នាំទី៤ និងទី៥ និង១ឆ្នាំម្តងៗចាប់ពីឆ្នាំទី៦រហូតមួយជីវិត។ គួរបញ្ជាក់ថាអត្រានៃការលាប់ឡើងវិញក្រោយការព្យាបាលនៃជំងឺ Sarcoma អាចមានរហូតទៅដល់៨០% អំឡុងពេល៣ឆ្នាំបន្ទាប់ ឆ្នាំទី៤និងទី៥ អត្រានៃការលាប់មានត្រឹម១០-១៤% និងចាប់ពីឆ្នាំទី៥មានត្រឹម០.១-១%ប៉ុណ្ណោះ។ ការតាមដាននេះមិនបានជួយបញ្ឈប់ការរើឡើងវិញនោះទេ ប៉ុន្តែវាជួយសម្រួលឲ្យគ្រូពេទ្យរកឃើញបានលឿនក្នុងដំណាក់កាលដំបូង ដែលអ្នកជំងឺអាចនឹងមានឱកាសព្យាបាលទាន់ពេល។ ផលរំខាន ផលរំខាននៃ Sarcoma កើតមានឡើងអាស្រ័យនឹងមធ្យោបាយនៃការព្យាបាល ដែលរួមមាន៖ • ការព្យាបាលដោយថ្នាំគីមី អាចធ្វើឲ្យអ្នកជំងឺជ្រុះសក់ ក្អួត ចង្អោរ គ្រាប់ឈាមថយចុះ ស្លេកស្លាំង។ • ការបញ្ចាំងកាំរស្មី ចំពោះកុមារស្ថិតក្នុងវ័យកំពុងលូតលាស់ កាំរស្មីមានឥទ្ធិពលធ្វើឲ្យកោសិកាត្រង់កន្លែងបាញ់មិនលូតលាស់បន្តទៀត ទៅជាតូច ឬស្វិតដែលជាទ្រង់ទ្រាយខុសពីធម្មជាតិ និងជាមូលហេតុអាចប៉ះពាល់ដល់ផ្លូវចិត្ត រីឯមនុស្សធំ ការទទួលរងនូវឥទ្ធិពលកាំរស្មី អាចបណ្តាលឲ្យស្ងួតស្បែក និងស្វិតតូចនៅត្រង់កន្លែងដែលបាញ់កាំរស្មីនោះ។ • ការវះកាត់ ធ្វើឲ្យបាត់បង់មុខងារ ខូចទ្រង់ទ្រាយប្រសិនបើវះកាត់សាច់ដុំ ឬអ្នកជំងឺអាចក្លាយជាជនពិការជាដើម។ វិធីបង្ការ ដោយសារ Sarcoma មានមូលហេតុច្រើន ដូច្នេះគ្មានវិធីសាស្ត្រណាអាចការពារបាននោះទេ លើកលែងតែ Karposi Sarcoma ដែលកើតឡើងដោយសារតែមេរោគអេដស៍ នោះគេអាចការពារបានដោយធ្វើយ៉ាងណាកុំឲ្យឆ្លងមេរោគអេដស៍។ ទោះជាយ៉ាងណាក៏ដោយ គ្រប់គ្នាអាចកាត់បន្ថយនូវកត្តាជំរុញតាមរយៈការថែរក្សាសុខភាពឲ្យបានល្អ ដោយយោងតាមគោលការណ៍សុខភាព៥យ៉ាងរួមមាន មិនជក់បារី មិនពិសាស្រា ទទួលទានចំណីអាហារប្រកបដោយសុវត្ថិភាព និងមានលំនឹង រក្សាតុល្យភាពទម្ងន់ខ្លួន (BMI) និងធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវ។ រហូតមកដល់បច្ចុប្បន្ននេះគ្រប់អ្នកជំងឺមហារីកទាំងអស់មិនសុទ្ធតែបានន័យថាត្រូវតែស្លាប់នោះទេ ហើយអាចមានឱកាសជាសះស្បើយ ដរាបណាអ្នកជំងឺបានមកជួបវេជ្ជបណ្ឌិតឯកទេសទាន់ពេលវេលា។ ម៉្យាងទៀត ត្រូវធ្វើយ៉ាងណាថែរក្សាសុខភាពឲ្យបានល្អ ដើម្បីឲ្យប្រព័ន្ធការពាររាងកាយខ្លាំង បូករួមជាមួយការគោរពតាមគោលការណ៍គ្រឹះទាំង៣គឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ សំខាន់បំផុត សូមប្រជាជនគ្រប់រូបធ្វើការផ្លាស់ប្តូររបៀបនៃការគិត ធ្វើការពិចារណាឲ្យបានម៉ត់ចត់មុននឹងជឿទៅលើអ្វីមួយដែលគ្មានឯកសារយោងត្រឹមត្រូវ ជាលទ្ធផលបំផ្លាញដល់សុខភាពខ្លួនឯង និងរឹតធ្វើឲ្យជំងឺវិវឌ្ឍកាន់តែធ្ងន់ធ្ងរ។ បកស្រាយដោយ៖ សាស្រ្តាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

និស្សិតពេទ្យ ជានិសិ្សតដែលចំណាយពេលសិក្សាយូរជាងគេ ក្នុងចំណោមនិសិ្សតផ្សេងៗទាំងឡាយ ប៉ុន្តែក៏មានអ្នកចោទសួរផងដែរថា តើពេលរៀនចប់ មានកន្លែងណាខ្លះដែលអាចទៅបាន ឬតើគួរទៅណា។ ដូច្នេះ យើងនឹងបង្ហាញអ្នកគ្រប់គ្នាថា តើរៀនពេទ្យចប់ មានអ្វីធ្វើទៀត។ ១. ប្រលងចូលក្របខណ្ឌរដ្ឋ ជារៀងរាល់ឆ្នាំ ក្រសួងសុខាភិបាលតែងតែរៀបចំការប្រលងចូល ដើម្បីក្លាយជាគ្រូពេទ្យក្របខណ្ឌ ហើយការប្រលងនេះគឺមានមួយឆ្នាំម្ដងតែប៉ុណ្ណោះ។ សម្រាប់អ្នកដែលមានបំណងចង់ក្លាយជាបុគ្គលិកផ្នែកសុខាភិបាលសាធារណៈ អ្នកគួរត្រៀមឲ្យរួចរាល់ មុននឹងការប្រលងមកដល់ដូចជា ស្វែងរកវិញ្ញាសាចាស់ៗដែលធ្លាប់ចេញប្រលងពីមុន រំឭកមេរៀនពីដើមឆ្នាំសិក្សាមកវិញជាដើម និងតាមដានរាល់ព័ត៌មានទាក់ទងនឹងការប្រលងជាដើម។ សម្រាប់ការប្រលងនេះ គឺទាមទារឲ្យបេក្ខជនមានការតាំងចិត្តខ្ពស់ និងបានត្រៀមខ្លួនមុខរយៈពេលយូរឲ្យបានរួចជាស្រេច ទើបមានឱកាសជាប់ច្រើន។ ២. បើកគ្លីនិកផ្ទាល់ខ្លួន ក្នុងអំឡុងពេលសិក្សា និសិ្សតពេទ្យគ្រប់រូបច្បាស់ជាធ្លាប់ចុះកម្មសិក្សាផ្ទាល់ (ចុះស្ដារ) ជាមួយគ្រូពេទ្យនៅកន្លែងផ្សេងៗ ដែលមានបទពិសោធន៍យូរឆ្នាំផងដែរ។ ជាមួយគ្នានេះ កាលពីថ្ងៃទី១៣ ខែមករា ក្រុមការងារហេលស៍ថាម បានរៀបចំវគ្គសិក្សាខ្លីស្ដីអំពី «មូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការគ្លីនិក/មន្ទីរពេទ្យ» ដែលនិយាយអំពីកត្តាជំរុញ ការពង្រឹងគុណភាព ក៏ដូចជាស្តង់ដាររបស់ស្ថាប័នផ្តល់សេវាសុខាភិបាលមួយ និងជួយឲ្យអ្នកដែលមានគម្រោងចង់បើកមន្ទីរពេទ្យ/គ្លីនិក ស្វែងយល់បន្ថែមពីធាតុផ្សំសំខាន់ៗ ក្នុងការរៀបចំដំណើរការមន្ទីរពេទ្យ/គ្លីនិក ឲ្យបានជោគជ័យ ព្រមទាំងសិក្សាលើគំរូគម្រោងដំណើរការមន្ទីរពេទ្យ/គ្លីនិក ជាពិសេស ក៏មានការចែករំលែកបទពិសោធន៍ផ្ទាល់ ពីសំណាក់វាគ្មិនកិត្តិយស ដែលមានភាពជោគជ័យលើវិស័យនេះផងដែរ។ ដូចនេះ នៅពេលបញ្ចប់ការសិក្សា ប្រសិនបើអ្នកមានដើមទុនគ្រប់គ្រាន់ អ្នកអាចពិចារណាបើកគ្លីនិកផ្ទាល់ខ្លួនបាន ហើយអ្នកអាចស្វែងរក និងចូលរួមកម្មវិធីសិក្សាបែបនេះនៅថ្ងៃខាងមុខ ដើម្បីស្ដាប់ និងទទួលបទពិសោធន៍ពីវាគ្មិនគ្រប់រូបផងដែរ។ ៣. បន្ដការសិក្សា ប្រាកដជាមាននិសិ្សតមួយចំនួនចង់បន្តការសិក្សាឲ្យបានកាន់តែជ្រៅជ្រះថែមទៀត លើផ្នែកសុខាភិបាលនេះ មុននឹងមកចាប់អាជីពជាគ្រូពេទ្យជំនាញផ្នែកណាមួយ។ និសិ្សតអាចបន្តការសិក្សាលើជំនាញបន្ថែមក្នុងស្រុក ឬបន្ដការសិក្សានៅក្រៅប្រទេសលើជំនាញណាមួយ ឬរៀនបន្ថែមទៀត។ សម្រាប់អ្នកចង់បន្តការសិក្សានៅក្រៅប្រទេស យើងសូមណែនាំសាលាដែលល្បីខាងជំនាញសុខាភិបាលទាំង១០លើពិភពលោក ក្នុងនោះរួមមាន៖  • UCL (University College London) • Massachusetts Institute of Technology (MIT) • Yale University • University of California, Los Angeles (UCLA) • Karolinska Institute • Johns Hopkins University • Stanford University • University of Cambridge • University of Oxford • Harvard University។ ៤. បម្រើការងារនៅតាមមន្ទីរពេទ្យឯកជន ក្រោយបញ្ចប់ការសិក្សា និសិ្សតក៏អាចស្វែងរកការងារតាមគ្រឹះស្ថានឯកជនជាច្រើនផងដែរ ដើម្បីទុកជាបទពិសោធន៍ការងារ សម្រាប់ថ្ងៃមុខទៀត។ និសិ្សតនឹងរៀនសូត្របន្ថែមរាល់ចំណេះដឹងទាំងឡាយដែលមិនបានបង្រៀនក្នុងសាលា ដូចជាការដោះស្រាយជាមួយអ្នកជំងឺ ការប្រឈមមុខនឹងបញ្ហាភ្លាមៗ ការសម្រេចចិត្តឲ្យបានត្រឹមត្រូវ និងការតាមទាន់ប្រភេទជំងឺថ្មីៗជាដើម។ ៥. ចូលរួមការងារស័្មគ្រចិត្ត ចំពោះនិសិ្សតដែលមានគោលបំណងរួមចំណែកក្នុងការជួយសង្គម អាចចុះឈ្មោះជាគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីចែករំលែកដល់អ្នកដែលមិនមានលទ្ធភាពគ្រប់គ្រាន់។ អ្នកអាចជាអ្នកចុះជួយព្យាបាល ចុះបង្រៀនប្រជាពលរដ្ឋអំពីចំណេះដឹងទូទៅផ្នែកសុខភាពជាដើម។ ចំពោះការងារស្ម័គ្រចិត្ត ថ្វីត្បិតថាមិនបានប្រាក់កម្រៃ ឬបានតិច ប៉ុន្តែវាជួយក្នុងការលើកកេរ្ត៍ឈ្មោះ និងចូលរួមចំណែកជួយសង្គម ហើយវាផ្តល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀត មិនគួរឲ្យជឿ និងស្មានមិនដល់។ យើងសង្ឃឹមថា អត្ថបទមួយនេះនឹងជួយនិសិ្សតពេទ្យគ្រប់រូបអាចរកឃើញគោលដៅរបស់ខ្លួនឲ្យកាន់តែជាក់លាក់ និងច្បាស់លាស់ថែមទៀត។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share
Top