Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ភ្លេចភ្លាំង គឺជាជំងឺមួយធ្វើឲ្យខួរក្បាលចុះខ្សោយ និងបាត់បង់ការចងចាំ ជាពិសេសកើតចំពោះមនុស្សចាស់ ក្នុងនោះប្រភេទជួបញឹកញាប់ជាងគេគឺ Alzheimer ដែលកើតឡើងដោយសាររបៀបរស់នៅ និងរបបអាហារមិនល្អរបស់អ្នក។ ថ្មីៗនេះអ្នកវិទ្យាសាស្ត្របង្ហាញថាការស្កែនក្នុងរយៈពេលត្រឹម៥នាទីប៉ុណ្ណោះអាចដឹងពីហានិភ័យខ្ពស់ក្នុងការប្រឈមនឹងជំងឺភ្លេចភ្លាំងរយៈពេល១០ឆ្នាំ មុននឹងរោគសញ្ញាកើតឡើង។ យោងតាមការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ College of London ដែលបង្ហាញការស្រាវជ្រាវការងាររបស់ពួកគេ ​ នៅសន្និសីទវិទ្យាសាស្ត្ររបស់សមាគមបេះដូងសហរដ្ឋអាមេរិក។ វាជាការធ្វើតេស្តមួយ អាចវិភាគសរសៃឈាមនៅតំបន់ក ដោយដឹងថាមានការថយចុះនៃតំណភ្ជាប់ទៅកាន់ខួរក្បាល។ ការពិសោធន៍ក្នុងចំណោមមនុស្ស ៣២០០នាក់ អាយុចន្លោះ៥៨-៧៤ឆ្នាំ បានធ្វើការពិនិត្យដោយអេកូសាស្រ្តនៅក្នុងឆ្នាំ២០០២ អាចឲ្យពួកគេពិនិត្យដឹងពីមុខងារតំណភ្ជាមុន១៤ឆ្នាំចាប់ពី២០០២ ដល់ ២០១៦។ ការស្រាវជ្រាវបានរកឃើញថាអ្នកដែលមានសម្ពាធឈាមខ្ពស់ និងមានលំហូរឈាមមិនទៀងទាត់មាន ៥០% ហាក់ដូចជា ទទួលរងនូវការថយចុះមុខងារនៃការយល់ដឹងព្រោះកម្លាំងដែលឈាមធ្វើដំណើរទៅកាន់ខួរក្បាលរបស់ពួកគេធ្វើឲ្យប៉ះពាល់បណ្តាញសរសៃឈាមខួរក្បាល។ វេជ្ជបណ្ឌិត Scott Chiesa ដែលជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ College of London បានលើកឡើងថា ប្រសិនមនុស្សរាល់គ្នាបានពិនិត្យរកឃើញថាពួកគេនឹងអាចប្រឈមនឹងជំងឺភ្លេចភ្លាំងក្នុងវ័យកណ្តាល នោះគេនឹងអាចផ្លាស់ប្តូរការរស់នៅរបស់គេឲ្យប្រសើរឡើងវិញ។ គាត់បន្ថែមទៀតថា ប្រសិនជាមានសរសៃឈាមល្អ នោះខួរក្បាលរបស់អ្នកនឹងល្អដូចគ្នា។ លោក Carol Routledge ដែលជាប្រធានក្រុមស្រាវជ្រាវបានលើកថា នៅក្នុងខួរក្បាលគឺសរសៃឈាមពិតជាសំខាន់ ​ ហើយបេះដូង  និងសម្ពាធឈាម ជាផ្នែកដ៏សំខាន់នៃការវិវឌ្ឍទៅកាន់ជំងឺភ្លេចភ្លាំង។ គួរបញ្ជាក់ថា ជំងឺភ្លេចភ្លាំងពុំមានការព្យាបាលច្បាស់លាស់នោះឡើយ ដូចនេះសង្ឃឹមថាការសិក្សាអំពីការស្កែនអាចដឹងជំងឺភ្លេចភ្លាំងក្នុង១០ឆ្នាំមុន ​ប្រើពេលត្រឹម៥នាទីនេះ អាចនឹងជួយដល់មនុស្សគ្រប់រូបឲ្យចៀសផុតពីជំងឺភ្លេចភ្លាំងទៅថ្ងៃអនាគតរបស់ពួកគេ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

ជាធម្មតាខួរឆ្អឹងមានតួនាទីផលិតនូវកោសិកាពូជដើមរបស់គ្រាប់ឈាមចំនួនរាប់រយពាន់លានជារៀងរាល់ថ្ងៃ​ ហើយវាក៏ជាទីតាំងដែលអនុញ្ញាតឲ្យកោសិកាពូជដើម (Hematopoietic stem cell) ទាំងនេះអាចរីកលូតលាស់ និងបំបែកខ្លួនជាច្រើនដំណាក់កាល មុននឹងប្រែក្លាយជាកោសិកាគ្រាប់ឈាមដែលអាចបំពេញមុខងារបាន។ កោសិកាឈាមដែលមានមុខងារទាំងនោះមានដូចជា កោសិកាឈាមក្រហមដែលមានមុខងារដឹកនាំអុកស៊ីសែន កោសិកាឈាមសដែលមាននាទីការពាររាងកាយពីជំងឺ និងផ្លាកែតដែលមាននាទីជួយឲ្យឈាមកកនៅពេលមានរបួស តែនៅពេលមានជំងឺមហារីកឈាមកើតឡើង មុខងារនៃកោសិកាឈាមទាំងនេះក៏ត្រូវបានបាត់បង់។ ជំងឺមហារីកឈាម (Leukemia) ដែលប្រជាជនខ្មែរភាគច្រើននិយមហៅថាជំងឺឈាមសស៊ីឈាមក្រហម ជាការកើនឡើងនូវប្រភេទកោសិកាខ្ចី (Blast Cell) មិនមែនជាការកើនឡើងកោសិកាឈាមស។ ជំងឺនេះត្រូវបានបែងចែកជា២ប្រភេទធំៗគឺ ប្រភេទមហារីកឈាមធ្ងន់ធ្ងរ ឬស្រួចស្រាវ ដែលអាចងាយនឹងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងប្រភេទមហារីកឈាមរ៉ាំរ៉ៃ ដែលមិនសូវស្តែងចេញជារោគសញ្ញាគ្រោះថ្នាក់ភ្លាមៗនោះទេ។ និយមន័យនៃជំងឺមហារីកឈាមស្រួចស្រាវ វាជាជំងឺកាចសាហាវ និងធ្ងន់ធ្ងរ ដែលកើតឡើងពីការវិវឌ្ឍមិនប្រក្រតីនៃកោសិកាពូជដើមរបស់គ្រាប់ឈាម (Hematopoietic stem cell) នៅក្នុងខួរឆ្អឹងដោយសារតែមានការបង្អាក់លើការវិវឌ្ឍនៃកោសិកាខ្ចីដែលគេហៅថា កោសិកាប្លាស (Blast​ Cell) ជាហេតុធ្វើឲ្យវាមិនអាចវិវឌ្ឍជាកោសិកាមានមុខងារពេញលេញបន្តទៀតបាន។ ជាទូទៅជំងឺនេះត្រូវបានបែងចែកជា ២ប្រភេទបន្តទៀតគឺ Acute Myeloid Leukemia (AML) និងAcute Lymphoid Leukemia (ALL)។ មូលហេតុចម្បង និងកត្តាប្រឈម រហូតមកទល់ពេលបច្ចុប្បន្ននេះ មិនទាន់មានអ្នកប្រាជ្ញនៅលើសកលលោកណាម្នាក់បានដឹងអំពីមូលហេតុពិតប្រាកដនៃការបង្កជាជំងឺនេះឡើយ។ ប៉ុន្តែ វាអាចទាក់ទងនឹងកត្តាប្រឈមមួយចំនួនក្នុងនោះមានដូចជា៖ • តំណពូជ៖ ជាទូទៅអ្នកដែលមានសាច់ញាតិកើតជំងឺមហារីកឈាម អាចនឹងមានឱកាសប្រឈមនឹងការកើតជំងឺនេះ ខ្ពស់ជាងអ្នកដែលគ្មានសាច់ញាតិកើតបញ្ហានេះ • លក្ខខណ្ឌនៃការរស់នៅ៖ ទីតាំងរស់នៅដែលមានបរិស្ថានមិនស្អាត មានដូចជា ការបង្ហូរចោលនូវកាកសំណល់មិនល្អនៃរោងចក្រដែលមានផ្ទុកសារធាតុគីមី និងផ្សែងពុល • លក្ខខណ្ឌការងារ៖ អ្នកដែលធ្វើការក្នុងរោងពុម្ព ជ្រលក់ទឹកថ្នាំ ការពុលដោយការប្រើប្រាស់ថ្នាំការប្រើប្រាស់ថ្នាំកសិកម្មផ្សេងៗ ការប៉ះផ្ទាល់ដោយមិនមានសម្លៀកបំពាក់ ឬសម្ភារៈការពារត្រឹមត្រូវ • ការប្រើប្រាស់ថ្នាំ៖ អ្នកដែលធ្លាប់មានប្រវត្តិប្រើប្រាស់ថ្នាំ ឬកាំរស្មីដើម្បីកម្ចាត់មេរោគមហារីកពីមុនមក ឬប្រើប្រាស់ថ្នាំដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ លើសកម្រិត និងរយៈពេលយូរ ដូចជាប្រភេទថ្នាំផ្សះ (Antibiotic) Chloramphenicol។ គួរបញ្ជាក់ផងដែរថា ប្រជាជនគ្រប់វ័យទាំងអស់មិនថា ប្រុស ឬស្រី ក្មេង ឬចាស់សុទ្ធតែអាចកើតជំងឺនេះបានដូចគ្នា។ គ្រាន់តែ កូនក្មេងប្រឈមនឹងការកើតជំងឺមហារីកឈាមប្រភេទ ALL ជាង AML ចំណែកមនុស្សចាស់ប្រឈមនឹងការកើតជំងឺមហារីកឈាមប្រភេទ AML ជាង ALL។ រោគសញ្ញា និងយន្តការជំងឺ ដោយសារកោសិកាប្លាស (Blast Cell) មិនអាចវិវឌ្ឍបន្តទៀតបាន នោះកោសិកាដែលមានមុខងារពេញលេញថ្មីៗ ដូចជា កោសិកាឈាមក្រហម កោសិកាឈាមស និងផ្លាកែត នឹងមិនអាចកើតឡើងបានល្អ ឬកើតឡើងបានខ្លះ មិនគ្រប់ចំនួនដើម្បីបំពេញមុខងារធម្មតារបស់វា។ ហេតុការណ៍នេះ បណ្តាលឲ្យរាងកាយទាំងមូលនឹងអាចប្រឈមនឹងបញ្ហាយ៉ាងច្រើនទាក់ទងកង្វះខាតកោសិកាមានមុខងារ និងការកើនឡើងនៃកោសិកាខ្ចី ដែលរោគសញ្ញាទាំងនោះរួមមាន៖ • កង្វះកោសិកាឈាមក្រហម៖ អ្នកជំងឺអាចហត់អស់កម្លាំង ស្លេកស្លាំង ឈឺក្បាល ហុឹងត្រចៀក និងអាចឈានដល់ការគាំងបេះដូងក្នុងករណីធ្ងន់ធ្ងរ • កង្វះកោសិកាឈាមស៖ ធ្វើឲ្យអ្នកជំងឺងាយរងនឹងការចម្លងរោគពីខាងក្រៅ • កង្វះកោសិកាផ្លាកែត៖ អ្នកជំងឺប្រឈមខ្ពស់ក្នុងការហូរឈាមដែលអាចស្តែងចេញជាការហូរឈាមខ្មៅតាមលាមក ឬអាចស្តែងចេញជាអាការៈដូចជា Stroke ប្រសិនបើមានការដាច់សរសៃឈាមក្នុងខួរក្បាល • ការកើនឡើងកោសិកាខ្ចី (Blast Cell)៖ ជាប្រភេទកោសិកាធំៗ ដែលវាបណ្តាលឲ្យមានការស្ទះលំហូរឈាម ដែលអាចបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ករណីស្ទះលំហូរឈាមនៅសរីរាង្គសំខាន់ៗដូចជា ខួរក្បាល បេះដូង សួត និងតម្រងនោម(Leukostasis Syndrome) ដែលអាការៈទាំងនោះអាចស្តែងចេញជា ការស្ទះសរសៃឈាមខួរក្បាលដោយកោសិកាឈាម (Stroke Ischemic by Blast) ការស្ទះនៅសរសៃឈាមសួត (PulmonaryEmbolism) ដែលអាចស្តែងចេញជាហត់ ដង្ហក់ គាំងបេះដូង (myocardial infarction) និងអាចបណ្តាលឲ្យខូចតម្រងនោមជាដើម។ ក្នុងករណីខ្លះ អ្នកជំងឺអាចមានរោគសញ្ញាដទៃទៀតដូចជាហើម ឬចេញឈាមតាមអញ្ចាញធ្មេញ ឈាមច្រមុះ ភ្នាសក្នុងកញ្ចក់ភ្នែកឡើងក្រហមដោយមានហូរឈាម ហើម ឬរីកកូនកណ្តុរ ថ្លើមរីកធំ និងសរីរាង្គអណ្តើករីកធំផងដែរ។ ការធ្វើរោគវិនិច្ឆ័យ ជាធម្មតា ក្រុមគ្រូពេទ្យនឹងតម្រូវឲ្យអ្នកជំងឺធ្វើតេស្តដូចជា៖ • ការបូមឈាម៖ វិធីសាស្រ្តដែលងាយក្នុងការកំណត់រកអត្តសញ្ញាណកោសិកា និងរាប់ចំនួនប្រភេទកោសិកាឈាមដែលមាននៅក្នុងចរន្តឈាម។ ប៉ុន្តែ ការធ្វើតេស្តឈាមតែមួយមុខមិនទាន់គ្រប់គ្រាន់ដើម្បីកំណត់បានថា ជាជំងឺមហារីកឈាមស្រួចស្រាវនោះទេ។ • ការបូមយកទឹកខួរឆ្អឹង (Bone Marrow Aspiration /Myelogram)៖ ដើម្បីបញ្ជាក់ពីស្ថានភាព ឬបញ្ហានៃការវិវឌ្ឍរបស់កោសិកាខួរឆ្អឹង និងកំណត់រកចំនួនកោសិកាប្លាស (Blast Cell) ក្នុងការបញ្ជាក់កាន់តែច្បាស់ថា ជាជំងឺមហារីកឈាមមែន ឬយ៉ាងណា។ • ការធ្វើ Flow Cytometry, Cytogenetic Analysis, Fluorescence In Situ Hybridization (FISH) Analysis៖ ជាវិធីសាស្រ្តថ្មីដែលអាចកំណត់បាននូវប្រភេទមហារីកឈាម និងធ្វើនិទស្សន៍ដើម្បីឲ្យដឹងជាមុននូវភាពជោគជ័យ និងបរាជ័យនៃការព្យាបាលពេលអនាគត។   ការព្យាបាល នាពេលបច្ចុប្បន្ន ជំងឺមហារីកឈាមស្រួចស្រាវនេះមិនអាចត្រូវបានព្យាបាលឲ្យជាសះស្បើយ១០០% បានទាំងស្រុងភ្លាមៗឡើយ ដោយការព្យាបាលនេះមានគោលដៅបង្អាក់សកម្មភាពជំងឺ កម្ចាត់កោសិកាមហារីកឲ្យបាត់អស់ និងឲ្យដំណើរការខួរឆ្អឹងត្រលប់មកភាពប្រក្រតីឡើងវិញ (Complete Remission)។ បើអ្នកជំងឺទទួលបាននូវComplete Remission នេះលើសពី ៥ ឆ្នាំ យើងអាចសន្និដ្ឋានបានថា អ្នកជំងឺបានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ។ការព្យាបាលនេះរួមមាន៖ • ការព្យាបាលផ្លូវចិត្ត៖ តាមរយៈការលើកទឹកចិត្តពន្យល់អំពីជំងឺឲ្យកាន់តែច្បាស់ទៅដល់អ្នកជំងឺផ្ទាល់ និងក្រុមគ្រួសារ ដើម្បីជួយផ្តល់កម្លាំងចិត្តបន្ថែមដល់អ្នកជំងឺ • ការចាក់បញ្ចូលប្រភេទកោសិកាឈាមដែលខ្វះ មានដូចជា កោសិកាឈាមក្រហម ផ្លាកែត ឬការចាក់ថ្នាំដើម្បីបង្កើនកោសិកាស • ការប្រើប្រាស់ថ្នាំគីមី៖ ដើម្បីឲ្យខួរឆ្អឹងបញ្ឈប់ការផលិតកោសិកាមហារីក និងជំនួសមកវិញនូវការផលិតគ្រាប់ឈាមល្អ ក្នុងគោលបំណងដើម្បីទទួលបាននូវ Complete Remission • ការចាក់បញ្ចូល និងផ្សាំទឹកខួរឆ្អឹងថ្មី (Bone Marrow Transplantation)៖ គឺដើម្បីឲ្យទឹកខួរឆ្អឹងថ្មី អាចផលិតបាននូវប្រភេទកោសិកាឈាមដែលល្អវិញ។ ជាទូទៅ ការព្យាបាលអាចត្រូវបានធ្វើឡើងជាច្រើនដំណាក់កាល ចំណាយរយៈពេលយូរដែលអាចមានរយៈពេលពី ៦ខែ ទៅ ២ឆ្នាំ (ទាំងការព្យាបាលដោយសម្រាកនៅមន្ទីរពេទ្យ និងការប្រើប្រាស់ថ្នាំបន្តនៅផ្ទះ) ព្រមទាំងចំណាយអស់ថវិកាច្រើនគួរសមអាស្រ័យទៅតាមប្រភេទ និងសភាពធ្ងន់ធ្ងររបស់ជំងឺដែលគាត់មាន។ ការតាមដានបន្ត  បន្ទាប់ពីការព្យាបាលនៅពេលអ្នកជំងឺទទួលបាន Complete Remission អ្នកជំងឺតម្រូវឲ្យធ្វើការតាមដានដោយការបូមឈាម បូមទឹកខួរឆ្អឹងរបស់គាត់ ដើម្បីវិភាគ និងបញ្ជាក់ពីសមត្ថភាពល្អក្នុងការផលិតគ្រាប់ឈាមឡើងវិញ។ អ្នកជំងឺត្រូវមកបន្តការតាមដាន តាមការណាត់ជួប និងពិគ្រោះជាមួយគ្រូពេទ្យដែលអាចមានរយៈពេលដល់ទៅ ៥ឆ្នាំ ឬលើសពីនេះ។ ផលវិបាក ប្រសិនបើអ្នកជំងឺមិនបានមកទទួលការព្យាបាលឬមានភាពយឺតយ៉ាវក្នុងការមកទទួលការព្យាបាលដែលត្រឹមត្រូវនោះ អ្នកជំងឺអាចនឹងកើតមានជាផលវិបាកធ្ងន់ធ្ងរ និងអាចឈានដល់ការបាត់បង់ជីវិតដោយសារ កង្វះខាតអុកស៊ីសែន និងសារធាតុចិញ្ចឹមដើម្បីប្រើប្រាស់ ការបង្ករោគនៅក្នុងឈាម (Septicemia) ការហូរឈាមខ្លាំង (Hemorrhage) ការស្ទះសរសៃឈាមខួរក្បាល (Stroke Ischemic/ Stroke Hemorrhagic) ការត្បៀតឬស្ទះសរសៃឈាមបេះដូង ការស្ទះដំណកដង្ហើម និងការខូចតម្រងនោមជាដើម។ វិធីសាស្រ្តការពារខ្លួន ដើម្បីការពារខ្លួនពីជំងឺដ៏កាចសាហាវមួយនេះ អ្នកគួរអនុវត្តនូវវិធីសាស្រ្តមួយចំនួនដូចខាងក្រោម៖ • ចៀសវាងការប៉ះផ្ទាល់ជាមួយសារធាតុគីមីដែលចេញពីរោងពុម្ព ទឹកថ្នាំជ្រលក់ពណ៌ ថ្នាំកសិកម្មនានា តាមរយៈការពាក់ម៉ាស ស្រោមដៃ ស្រោមជើង ដែលអាចការពារបានជិតល្អ បូករួមជាមួយការស្លៀកពាក់ដែលគ្របដណ្តប់ពេញទាំងខ្លួនរាល់ពេលធ្វើកិច្ចការ • គួរចៀសវាងការរស់នៅជិតតំបន់រោងចក្រដែលបង្ហូរកាកសំណល់គីមី និងឧស្ម័នពុលដែលមិនបានធ្វើប្រព្រឹត្តកម្មជាមុន • ចៀសវាងការប្រើប្រាស់ថ្នាំដើម្បីព្យាបាលជំងឺផ្សេងៗដោយខ្លួនឯង ឬចៀសវាងការប្រើប្រាស់ថ្នាំដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ប្រើប្រាស់ថ្នាំលើសកម្រិត និងរយៈពេលយូរ ជាពិសេសប្រភេទថ្នាំផ្សះ (Antibiotic)។ សូមប្រជាជនទាំងអស់ ជាពិសេសបុគ្គលដែលមានសមាជិកគ្រួសារធ្លាប់មានប្រវត្តិកើតមានជំងឺនេះត្រូវមកពិនិត្យសុខភាពឲ្យបានជាប្រចាំតាមក្បួនវេជ្ជសាស្រ្ត បើទោះបីជាអ្នកមិនទាន់ឈឺក៏ដោយ។ ម៉្យាងវិញទៀត អ្នកគួរស្វែងរកការព្យាបាលនៅទីកន្លែងណាដែលអាចមានលទ្ធភាព និងមានគ្រូពេទ្យជំនាញក្នុងការព្យាបាល ជាជាងទទួលការព្យាបាលមិនបានត្រឹមត្រូវដែលអាចប៉ះពាល់ដល់អាយុជីវិត ចំណាយពេលវេលា និងថវិកាច្រើន។យ៉ាងណាមិញ សូមឲ្យអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ ទាំងអស់បន្តចុះត្រួតពិនិត្យ និងចាត់វិធានការចំពោះបណ្តារោងចក្រណា ដែលមិនបានគ្រប់គ្រងកាកសំណល់ឲ្យបានត្រឹមត្រូវ ដែលអាចនឹងប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាជនក្បែរនោះផងដែរ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត កៅ វណ្ណារិទ្ធ ឯកទេសជំងឺមហារីក ជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

វីតាមីន ត្រូវបានគេទទួលស្គាល់ថាជាសារធាតុគីមីចម្បងមួយ ដែលដើរតួនាទីជាអង់ស៊ីមក្នុងការធ្វើមេតាបូលីស ការផលិត និងជួសជុលកោសិកា ក៏ដូចជាដំណើរការដទៃទៀតក្នុងរាងកាយ។ ការប្រើប្រាស់ វីតាមីនចម្រុះ ជាឱសថប្រើប្រាស់សម្រាប់ព្យាបាល ឬការពារការខ្វះខាតវីតាមីនបណ្តាលមកពី បញ្ហាកង្វះអាហារូបត្ថម្ភ ជំងឺមួយចំនួន ស្រ្តីមានផ្ទៃពោះ ស្រ្តីក្នុងវ័យអស់រដូវ ឬអ្នកជំងឺដែលកំពុងព្យាបាលដោយឱសថអង់ទីប៊ីយ៉ូទិក ហើយសម្រាប់តម្រូវការប្រភេទវីតាមីន ឬសារធាតុរ៉ែចាំបាច់ណាមួយ អាចមានការប្រែប្រួលទៅតាមបុគ្គលម្នាក់ៗ។ វីតាមីន C B1 B2 B3 B5 B6 B9 B12 biotin A E D2 (ឬ D3) K​​ ប៉ូតាស្យូម អ៊ីយ៉ូត សេលេញ៉ូម  ជាតិដែក កាល់ស្យូម ម៉ាញ៉េស្យូម..... សុទ្ធតែជាសារធាតុចម្បងនៅក្នុងវីតាមីនចម្រុះ ដែលកម្រិតអាចមានការប្រែប្រួលទៅតាមផលិតផលនីមួយៗ។ សកម្មភាពឱសថ វីតាមីន និងសារធាតុរ៉ែនៅក្នុងឱសថ មានសកម្មភាពផ្សេងៗគ្នាទៅតាមប្រភេទនីមួយៗ ដែលបង្កើតឲ្យបានជារបាំងការពាររាងកាយ រួមមាន៖ • វីតាមីនក្រុម B ជាសារធាតុចម្បងសម្រាប់ដំណើរការប្រព័ន្ធអង់ស៊ីមដែលរ៉ាប់រងដំណាក់កាលធ្វើមេតាបូលីស កាបូហាយដ្រេត ជាតិខ្លាញ់ និងប្រូតេអ៊ីន • វីតាមីន C រ៉ាប់រងក្នុងការជួសជុសកោសិកា និងបង្កើតកូឡាជែន • វីតាមីន A មានមុខងារសំខាន់សម្រាប់ដំណើរការរបស់ស្រទាប់រ៉េទីននៃភ្នែក និងការលូតលាស់របស់ជាលិកាស្បែក • វីតាមីន E ជាអង់ទីអុកស៊ីដង់ ដែលជួយរក្សាកោសិកាសំខាន់ៗ • វីតាមីន D ជួយបន្ថែមនូវសារធាតុ សម្រាប់ការលូតលាស់របស់ឆ្អឹង • ជាតិដែក និងសង្ក័សី ជាកាតាលីករក្នុងប្រព័ន្ធអង់ស៊ីម សម្រាប់ដំណើរការមុខងាររបស់កោសិកា • ប៉ូតាស្យូម និងកាល់ស្យូម មានសារសំខាន់សម្រាប់មុខងារជាលិកាសាច់ដុំ ជាពិសេសសាច់ដុំបេះដូង • អ៊ីយ៉ូត មានមុខងារសម្រាប់ការផលិត និងដំណើរការក្រពេញទីរ៉ូអ៊ីត។ល។ ក្រៅពីវីតាមីនខាងលើ ក៏នៅមានសារធាតុរ៉ែ និងវីតាមីនមួយចំនួនទៀតដែលសុទ្ធសឹងតែមានមុខងារផ្សេងៗគ្នាក្នុងដំណើរការសារពាង្គកាយ។ កម្រិតប្រើប្រាស់ ការប្រើប្រាស់ដែលល្អគួរត្រូវបានណែនាំពីសំណាក់វេជ្ជបណ្ឌិត ឬអ្នកជំនាញ ដែលកម្រិតទូទៅគឺ មួយគ្រាប់ក្នុងមួយថ្ងៃ សម្រាប់មនុស្សពេញវ័យ និងត្រូវប្រើប្រាស់ឱសថឲ្យបានទៀងទាត់ ដើម្បីទទួលបានប្រសិទ្ធភាពពេញលេញ។ ចំពោះឱសថទឹក ត្រូវប្រើប្រាស់ជាមួយរង្វាល់ឲ្យបានត្រឹមត្រូវ ចៀសវាងប្រើប្រាស់ដោយស្លាបព្រាធម្មតាហើយត្រូវក្រឡុកឲ្យបានសព្វមុនពេលលេប។ ផលរំខាន ផលរំខានទូទៅមួយចំនួនអាចនឹងលេចឡើងក្នុងដំណាក់កាលដំបូងនៃការប្រើប្រាស់ ហើយវានឹងបាត់ទៅវិញនៅពេលរាងកាយទទួលយកនូវសារធាតុរបស់ឱសថ រួមមាន ទល់លាមក រាក ឬវិបត្តិរំលាយអាហារ។ ក្នុងករណីរោគសញ្ញាបន្តកើតមាន ឬកាន់តែធ្ងន់ធ្ងរ នោះការស្វែងរកការព្យាបាលត្រូវធ្វើឡើងជាចាំបាច់។​ សម្រាប់ផលរំខានដោយប្រតិកម្មឱសថ អាចកើតមានឡើងក្នុងកម្រិតទាប តែអ្នកអាចសង្កេតមើលសញ្ញាមិនប្រក្រតីខ្លះៗ ដូចជា កន្ទួល រមាស់ ហើមពិសេសនៅលើ មុខ អណ្តាត ឬបំពង់ក អាការៈវិលមុខខ្លាំងក្លា ឬវិបត្តិដង្ហើម។ អន្តរកម្មឱសថ សារធាតុចម្បងៗដែលរួមផ្សំនៅក្នុងឱសថវីតាមីនចម្រុះ អាចនឹងមានអន្តរកម្មជាមួយឱសថផ្សេង ដោយអ្នកត្រូវសង្កេតមើលរួមមានឱសថដូចជា៖ • Antacids • Bisphosphonates (Alendronate) • Levodopa • Levothyroxine • អង់ទីប៊ីយ៉ូទិក (Tetracyclines, Quinolones, Ciprofloxacin)។ បម្រុងប្រយ័ត្ន ការប្រើប្រាស់ឱសថនេះ ក៏ត្រូវទាមទារឲ្យមានការប្រុងប្រយ័ត្ន និងត្រូវរាយការណ៍ទៅដល់វេជ្ជបណ្ឌិតជាបន្ទាន់ក្នុងករណីដូចជា៖ • មានប្រតិកម្មជាមួយសារធាតុសកម្មណាមួយនៅក្នុងឱសថ • កំពុងប្រើប្រាស់សារធាតុអាល់កុល  មានជំងឺថ្លើម វិបត្តិប្រព័ន្ធរំលាយអាហារ ឬជំងឺទឹកនោមផ្អែម • ចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន។ គួរបញ្ជាក់ផងដែរ ឱសថវីតាមីនចម្រុះដែលអាចរកបាននៅលើទីផ្សារមានឈ្មោះដូចជា VITACAP®,Centrum, Sunlife Multivitamin និងNature’s Bounty។ល។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

នាពេលបច្ចុប្បន្ន មធ្យោបាយពន្យារកំណើតដោយប្រើប្រាស់ថ្នាំគ្រាប់មានការកើនឡើងយ៉ាងខ្លាំង ដូច្នេះ ការយល់ដឹងអំពីផលប៉ះពាល់ដែលអាចកើតមានឡើងក្នុងករណីប្រើប្រាស់រយៈពេលយូរ ក៏គួរតែត្រូវបានផ្សព្វផ្សាយឲ្យបានទូលំទូលាយផងដែរ។ សំណួរ៖ នាងខ្ញុំអាយុ ៣៧ឆ្នាំ កម្ពស់ ១ម៉ែត្រ ៦២ ទម្ងន់ ៦៥ គីឡូក្រាម ជាអ្នកលក់ដូរ។ នាងខ្ញុំបានជ្រើសរើសការពន្យារកំណើតដោយការប្រើថ្នាំគ្រាប់លេបជារៀងរាល់ថ្ងៃ អស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតដល់ឥឡូវនេះ ខ្ញុំក៏មិនដែលមានបញ្ហាអ្វីដែរ។ នាងខ្ញុំចង់សួរថាតើការញ៉ាំថ្នាំពន្យារកំណើតរយៈពេលយូរអាចបង្កឲ្យមានបញ្ហាអ្វីខ្លះកើតឡើង? ចម្លើយ៖ ភាគច្រើនសម្រាប់ប្រជាជនមានសុខភាពល្អ ការប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើតក្នុងរយៈពេលយូរ មិនបានផ្តល់ជាផលវិបាកច្រើនគួរឲ្យកត់សម្គាល់ទេ ហើយវិធីសាស្ត្រនេះមានសុវត្ថិភាពគ្រប់ពេលដែលអ្នកត្រូវការ។ ម៉្យាង អ្នកត្រូវតែទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ដែលគាត់នឹងតម្រូវឲ្យអ្នកពិនិត្យឈាម និងកិច្ចពិភាក្សាអំពីហានិភ័យទាំងឡាយដែលអាចកើតមានឡើង គុណសម្បត្តិនៃការប្រើប្រាស់ និងតម្រូវការចាំបាច់មួយចំនួនសម្រាប់បុគ្គលម្នាក់ៗតែម្តង។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រី Woman and Baby’s Center Anna ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

ថូនឺរ (Toner) ជាសារធាតុរាវផ្សំពីធាតុសកម្មជាក់លាក់ រួមជាមួយនឹងសមាសធាតុចម្រាញ់ពីធម្មជាតិ និងប្រភេទប្រេងចាំបាច់សម្រាប់សម្របសម្រួលមុខងារស្បែកមុខ។ ជាក់ស្តែងវាអាចជួយសម្អាតស្បែកមុខពីធូលីដីកម្ចាត់សារធាតុពុល និងភាពកខ្វក់នៅសល់បន្ទាប់ពីលាងសម្អាតដោយហ្វូម។ ហេតុអ្វីអ្នកគួរប្រើប្រាស់ថូនឺរ? ក្រៅពីជួយសម្អាតស្បែកមុខផ្នែកខាងលើ ថូនឺរផ្តល់ឲ្យអ្នកនូវគុណប្រយោជន៍ជាច្រើនរួមមាន៖ • បង្រួមរន្ធញើសធ្វើឲ្យស្បែកមុខម៉ត់ • រក្សាតុល្យភាពpHនៃស្បែក (ចន្លោះ ៥ ទៅ ៦) • បន្ថែមស្រទាប់ការពារស្បែកមុខ • ផ្តល់សំណើមដល់ស្បែក • ធ្វើឲ្យស្បែកមុខភ្លឺរលោង។ តើគួរជ្រើសរើសថូនឺរដោយរបៀបណា? ការជ្រើសរើសថូនឺរគួរត្រូវបានធ្វើឡើងតាមប្រភេទនៃស្បែកមុខរបស់អ្នក៖ • ស្បែកមុខធម្មតា ចំពោះលោកអ្នកដែលមានស្បែកមុខធម្មតា មិនស្ងួតហើយមិនខ្លាញ់ពេកគឺជាសំណាងមួយ ហើយអ្នក អាចនឹងមានជម្រើសច្រើនជាងអ្នកផ្សេងក្នុងការជ្រើសរើសថូនឺរ។ ទោះជាយ៉ាងណាក៏ដោយ ជម្រើស ល្អបំផុតរបស់អ្នក គឺប្រភេទថូនឺរកម្រិតមធ្យម មានសារធាតុផ្សំចម្បងជាទឹក រួមជាមួយសមាសធាតុដែលធ្វើឲ្យមានភាពសើមសមល្មម និងអាចមានអាល់កុលក្រោម២០ដឺក្រេ។ • ស្បែកមុខស្ងួត ករណីស្បែកមុខរបស់អ្នកមានទំនោរស្ងួតជាធម្មតាទាមទារឲ្យមានការជ្រើសរើសដោយប្រុងប្រយ័ត្ន។ អ្នកចាំបាច់គួរជ្រើសរើសថូនឺរ ដែលមានកម្រិតខ្សោយជាងគេ ផ្សំពីទឹកភាគច្រើន និងសារធាតុរាវជួយរក្សាសំណើមដូចជា គ្លីសេរីន(Glycerin) និងគ្មានឬមានបរិមាណអាល់កុលតិចបំផុត (០ ទៅ១០ដឺក្រេ) ជាដើម។ ក្រៅពីល្អសម្រាប់ស្បែកមុខស្ងួត វាក៏ស័ក្តិសមសម្រាប់ស្បែកងាយប្រែប្រួល ឬប្រតិកម្មផងដែរ។ • ស្បែកមុខខ្លាញ់ ស្បែកមុខខ្លាញ់ ឬប្រេងច្រើន ហាក់ទាមទារនូវការប្រុងប្រយ័ត្នខ្ពស់ ពិសេសការជ្រើសរើសផលិតផលប្រើប្រាស់ផ្សេងៗ។ ដូចគ្នាផងដែរ ថូនឺរដែលល្អសម្រាប់អ្នកគួរមាន ទឹក សារធាតុផ្តល់សំណើមកម្រិតស្រាល និងអាល់កុលចន្លោះ ២០ទៅ៦០ដឺក្រេ ជួយកាត់បន្ថយការផលិតប្រេងលើសលប់ និងអាចសម្លាប់បាក់តេរីបានខ្ពស់។ ប៉ុន្តែលោកអ្នកក៏មិនត្រូវប្រើញឹកញាប់ពេកដែរ ព្រោះអាចឲ្យស្បែកស្ងួតខ្លាំង និងក្លាយជារលាក។ ប្រើប្រាស់ថូនឺរបែបណាទើបមានប្រសិទ្ធភាព? បន្ទាប់ពីលាងមុខជាមួយសាប៊ូ ឬហ្វូមលាងមុខរួច ជូតមុខឲ្យស្ងួតដោយសំទ្បីទន់ៗ បន្ទាប់មកប្រើថូនឺរជូតឲ្យសព្វពេញផ្ទៃមុខ ក នៅពេលយប់ និងពេលព្រឹក មុនប្រើផលិតផលផ្តល់សំណើម ឬការពារកម្តៅថ្ងៃផ្សេងទៀត។ ម៉្យាង អ្នកក៏អាចប្រើប្រាស់ដើម្បីជូតសម្អាតគ្រឿងសម្អាងបានផងដែរ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

ការជម្រុះរោមដោយបាញ់កាំរស្មីមានន័យថាជាការបញ្ចប់នូវការបករោម ការកោររោម ដករោម ឬការជម្រុះរោមដោយវិធីផ្សេងៗទៀត។ តើការជម្រុះរោមដោយបាញ់កាំរស្មីទាំងនោះពិតជាមានប្រសិទ្ធភាពឬទេ? គោលបំណងចម្បងដំបូងគេនៃការជម្រុះរោមដោយបាញ់កាំរស្មីគឺជាការប្រើកាំរស្មីដើម្បីសម្លាប់គល់រោម ហើយនៅពេលគល់រោមងាប់អស់​ នោះវានឹងមិនដុះមកវិញឡើយ។ តើធ្វើយ៉ាងណាដើម្បីទទួលបានប្រសិទ្ធភាព? ដើម្បីឲ្យការព្យាបាលទទួលបាននូវប្រសិទ្ធភាព អ្នកតម្រូវឲ្យមានការអនុវត្តច្រើនលើក យ៉ាងតិច១២ដងអាស្រ័យតាមប្រភេទស្បែក និងរោម ។ ម៉្យាង អ្នកត្រូវប្រាកដថាមកព្យាបាលម្តងហើយម្តងទៀតនៅពេលវេលាសមស្របណាមួយ ​ដែលជាទូទៅអំឡុងពេល៤ទៅ៦សប្តាហ៍ អាស្រ័យតាមតំបន់នៃខ្លួនប្រាណរបស់អ្នក។ តើតំបន់ណាខ្លះដែលអ្នកអាចធ្វើការជម្រុះរោមដោយបាញ់កាំរស្មីបាន? អ្នកអាចបាញ់បានគ្រប់កន្លែងនៃដងខ្លួន ប៉ុន្តែ ត្រូវចៀសវាងនៅតំបន់រោមភ្នែកព្រោះវាស្ថិតនៅជិតភ្នែក។ ជាទូទៅ ដំណើរការនៃការជម្រុះរោមដោយបាញ់កាំរស្មីមិនមានការឈឺខ្លាំងពេកទេ ប៉ុន្តែ នៅតំបន់មួយចំនួននៃរាងកាយអាចនឹងមានប្រតិកម្មប្រែប្រួលខ្លះ ពិសេសនៅតំបន់ប្រដាប់ភេទ ហើយការឈឺចាប់ទាំងនោះអាចប្រែប្រួលអាស្រ័យតាមបុគ្គលម្នាក់ៗ។ ករណីអ្នកមានបញ្ហាក្នុងអំឡុងពេលដំណើរការនៃការជម្រុះរោមនេះ អ្នកអាចប្រើក្រែមលាបនៅកន្លែងទាំងនោះមួយម៉ោងមុនពេលធ្វើការបាញ់។ តើដំណើរការនៃការជម្រុះរោមដោយបាញ់កាំរស្មីផ្តល់ផលរំខានអ្វីខ្លះ? ដំណើរការនៃការជម្រុះរោមដោយបាញ់កាំរស្មីអាចមានផលរំខានមួយចំនួនអាស្រ័យលើស្បែក ឬរន្ធរោមដែលងាយរងប្រតិកម្មតិចតួចបំផុតដូចជា រលាក ពងបែក ក្រមរ ស្នាមកន្ទួល សម្លាក ពណ៌ស្បែកអាចប្រែប្រួលទៅជាជាំ និងពេលខ្លះអាចជ្រុះហើយដុះឡើងវិញ។ សរុបមក ការជម្រុះរោមដោយបាញ់កាំរស្មី ទាមទារឲ្យមានការពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសើស្បែក ឬផ្នែកវះកាត់កែសម្ផស្សដែលមានជំនាញច្បាស់លាស់។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

អត្ថបទសុខភាពជាច្រើនត្រូវបានចែករំលែកពីគ្រប់មជ្ឈដ្ឋានអ្នកប្រកបវិជ្ជាជីវសុខាភិបាល ក្នុងគោលបំណងដើម្បីរួមចំណែកលើកកម្ពស់សុខភាពប្រជាជនកម្ពុជា ជាក់ស្តែង ៣អត្ថបទដែលទទួលបានការគាំទ្រយ៉ាងច្រើនជាងគេនោះ រួមមាន៖ ១. នរណាខ្លះអាចប្រឈមនឹងមហារីកពោះវៀនធំ? ផ្អែកទៅលើការសិក្សារបស់អង្គការសុខភាពពិភពលោកក្នុងឆ្នាំ ២០១៤ បានឲ្យដឹងថាពេលនោះ ប្រទេសកម្ពុជាយើងមានចំនួនប្រជាជនសរុប១៤ ៨៦៥ ០០០ នាក់ ក្នុងនោះចំនួនអ្នកជំងឺមហារីកពោះវៀនធំ មានការកើតឡើងច្រើនគួរឲ្យកត់សម្គាល់ ដែលបុរសមានចំនួន ៤៤៥ករណីថ្មី និងស្ត្រីមានចំនួន ៣៩៤ករណីថ្មី។ គេសង្កេតឃើញថា អត្រាមរណភាពក្នុងចំណោមជំងឺមហារីកគ្រប់ប្រភេទទាំងអស់ ជំងឺមហារីកពោះវៀនធំមានរហូតដល់ ៥%ចំពោះបុរស និយាយរួមច្រើនជាងនារី......នេះបើតាមប្រសាសន៍របស់លោក វេជ្ជបណ្ឌិត ហេង វីរដ្ឋ ឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងជាប្រធានបន្ទប់ពិគ្រោះ  និងព្យាបាលជំងឺវេជ្ជបណ្ឌិត ហេង វីរដ្ឋ ចង់ដឹងមូលហេតុច្បាស់សូមចូលទៅកាន់៖ http://healthtime.tips/library/article/1796 ២. មហារីកមាត់ស្បូនព្យាបាលមានប្រសិទ្ធភាពកម្រិតណា? តាមរយៈលោកវេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត… ជំងឺមហារីកមាត់ស្បូន ឬ Cervical Cancer ជាជំងឺមហារីកមួយប្រភេទក្នុងចំណោមមហារីកជាច្រើនកើតមាននៅលើកោសិកាមាត់ស្បូនរបស់ស្ត្រី ដែលវាត្រូវបានបែងចែកជា៤ដំណាក់កាលផ្សេងៗគ្នា។ តាមការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោក Globocan ២០១២ បង្ហាញថាមហារីកមាត់ស្បូនលើស្ត្រីកម្ពុជាមានអត្រាខ្ពស់ រហូតស្ថិតនៅលំដាប់ទី១ ក្នុងចំណោមជំងឺមហារីកលើស្ត្រីកម្ពុជា។ លោកវេជ្ជបណ្ឌិតបន្ថែមថា ជាទូទៅ អ្នកជំងឺមហារីកមាត់ស្បូនកម្រនឹងលេចចេញជារោគសញ្ញាសម្គាល់ច្បាស់លាស់ណាមួយណាស់ នៅដំណាក់កាលដំបូង… ស្រាយចម្ងល់បន្ថែមតាមរយៈ៖ http://healthtime.tips/library/article/1791 ៣. ស្វែងយល់ពីការព្យាបាលជំងឺមហារីកថ្លើម បើយោងតាមតួលេខរបស់ Globocan ឃើញថាចំនួននៃអ្នកជំងឺមហារីកថ្លើមក្នុងតំបន់អាស៊ីសិ្ថតនៅចំណាត់ថ្នាក់លេខ៣ បើធៀបនឹងមហារីកផ្សេងទៀត ប៉ុន្តែ វាមិនត្រូវបានចាត់ទុកជាជំងឺតំណពូជនោះទេ។ ការរលាកថ្លើមរ៉ាំរ៉ៃជាមូលហេតុចម្បង ដែលបង្កឲ្យមានជំងឺមហារីកថ្លើម ទាំងការរលាកថ្លើមប្រភេទB ប្រភេទC ហើយកត្តាដែលធ្វើឲ្យមានការរលាកថ្លើមរ៉ាំរ៉ៃ រួមមាន ការទទួលទានសុរាច្រើន លើសជាតិដែក និងលើសជាតិពុលជាដើម។ លើសពីនេះទៀត អ្នកដែលងាយប្រឈមនឹងជំងឺមហារីកថ្លើមខ្ពស់ជាងគេ គឺអ្នកជំងឺក្រិនថ្លើម។ ដំណាក់កាលដំបូង អ្នកជំងឺមហារីកថ្លើម មិនស្តែងចេញជារោគសញ្ញាណាមួយទេ ប៉ុន្តែ អំឡុងពេលប្រហែល៦ខែបន្ទាប់ដែលជំងឺវិវឌ្ឍដល់ដំណាក់កាលធ្ងន់ធ្ងរ អាចនឹងមានលេចចេញជារោគសញ្ញាដូចជា...... នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ជា ចាន់ឌី ឯកទេសវិទ្យុសាស្រ្ត រូបភាពវេជ្ជសាស្រ្ត  មានតួនាទីជានាយកនៃមន្ទីរសម្រាកព្យាបាល និងសម្ភព សានីន ស្វែងយល់លម្អិតតាមរយៈ៖ http://healthtime.tips/library/article/1790 ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការត្រៀមមានផ្ទៃពោះ គឺជាការរៀបចំលក្ខណៈទុកជាមុននៃមាតាគ្រប់រូបដែលមានបំណងប្រាថ្នាចង់បានបុត្រ និងម្តាយមានសុខភាពល្អអំឡុងពេលមានផ្ទៃពោះ រហូតដល់ផ្តល់កំណើតដល់បុត្ររបស់ខ្លួន។ ជាក់ស្តែង ដើម្បីត្រៀមទទួលយកការមានផ្ទៃពោះតាមការរំពឹងទុក ស្ត្រីគ្រប់រូបត្រូវ៖ • មានគម្រោងច្បាស់លាស់ និងការធ្វើសកម្មភាព • ជួបជាមួយវេជ្ជបណ្ឌិតដើម្បីពិគ្រោះយោបល់ និងសាកសួរព័ត៌មានផ្សេងៗពីសំណាក់គ្រូពេទ្យនូវយុទ្ធសាស្រ្តនៃការការពារ ព្យាបាល និងចៀសវាងពីការកើតជំងឺមួយចំនួនដូចជា ជំងឺកាមរោគ ជំងឺទឹកនោមផ្អែម ជំងឺផ្លូវចិត្ត ជំងឺលើសសម្ពាធឈាម ជំងឺសន្លាក់ ជំងឺរុំារ៉ៃ • ទទួលទានជាតិដែក អាស៊ីតហ្វូលិក និងវីតាមីនចម្រុះអំឡុងពេលពពោះ • បញ្ឈប់ការទទួលទានគ្រឿងស្រវឹង ការជក់បារី និងការប្រើប្រាស់ថ្នាំផ្សេងៗដោយខ្លួនឯង • ចៀសវាងនូវសារធាតុគីមីដែលបំពុលបរិស្ថាន ជាពិសេសថ្នាំបាញ់សត្វល្អិត • រក្សាទម្ងន់ឲ្យស្ថិតក្នុងកម្រិតមួយមានសុខភាពល្អ • ការថែរក្សាខ្លួនឲ្យមានសុខភាពល្អនៅពេលមានផ្ទៃពោះ • ការចាក់វ៉ាក់សាំងបង្ការ និងរបៀបនៃការរស់នៅ ការប្រើប្រាស់ថ្នាំ របបចំណីអាហារផ្សេងៗ ជាពិសេសអំឡុងពេលមានផ្ទៃពោះជាដើម។ តេស្តគួរធ្វើមុនចាប់ផ្តើមមានផ្ទៃពោះ មុនពេលសម្រេចចិត្តចាប់ផ្តើមមានផ្ទៃពោះ ស្រ្តីគ្រប់រូបគួរធ្វើតេស្តតាមដានមួយចំនួនតាមការណែនាំរបស់វេជ្ជបណ្ឌិតដូចជា ការធ្វើតេស្តរកក្រុមឈាម និងជំងឺឆ្លងផ្សេងៗដូចជា មេរោគអេដស៍ មេរោគស្វាយជំងឺរលាកថ្លើមបេ និងប្រភេទសេជាដើម។ គួរបញ្ជាក់ផងដែរថា នេះជាការតាមដានជំហានដំបូង និងចាំបាច់បំផុត ដើម្បីបង្ការនូវជំងឺដែលអាចកើតមានអំឡុងពេលមានផ្ទៃពោះ ជាពិសេសអាចជួយកាត់បន្ថយការចម្លងពីម្តាយទៅកូន។ សារធាតុចាំបាច់ដែលស្រ្តីគួរប្រើជាប្រចាំ បន្ទាប់ពីបានធ្វើតេស្តរួចរាល់ និងទទួលបានលទ្ធផលល្អ ស្ត្រីនឹងតម្រូវឲ្យទទួលទានសារធាតុបំប៉នចាំបាច់មួយចំនួនបន្ថែមជាប្រចាំ រួមមាន៖ • ជាតិដែក (សាច់ត្រី និងគ្រាប់ធញ្ញជាតិ) • ជាតិកាល់ស្យូម (ទឹកដោះគោ) • អ៊ីយ៉ូត (ត្រី ស៊ុត និងអំបិល) • វីតាមីនសេ (បន្លែ និងផ្លែឈើ) • អាស៊ីតហ្វូលិក (បន្លែបៃតង ស៊ុត) • វីតាមីនបេ វីតាមីនK និងសារធាតុបំប៉នជាច្រើនផ្សេងទៀត។ ស្ថានភាពដែលស្ត្រីស័ក្តិសមក្នុងការមានបុត្រ គឺស្រ្តីត្រូវស្ថិតក្នុងវ័យបន្តពូជ មានសុខភាពល្អ គ្មានជំងឺប្រចាំកាយ និងមានស្ថានភាពសេដ្ឋកិច្ចគ្រួសារសមរម្យ ដោយឡែក ករណីមួយចំនួនដែលស្រ្តីត្រូវបានទាមទារឲ្យពន្យារពេលក្នុងការចាប់ផ្តើមមានផ្ទៃពោះគឺមានជំងឺតំណពូជផ្សេងៗ មានជំងឺឆ្លង ឬកំពុងព្យាបាល និងករណីមានជំងឺផ្លូវចិត្តជាដើម។ ករណីដែលស្រ្តីមិនអាចមានផ្ទៃពោះ លក្ខខណ្ឌសុខភាពមួយចំនួនមិនអនុញ្ញាតឲ្យស្ត្រីមានផ្ទៃពោះដាច់ខាត បន្ទាប់ពីស្ត្រីត្រូវបានរកឃើញថាមាន៖ • ភាពមិនប្រក្រតីនៃក្រពេញមេជីវិតញី ៤០% (PCOS) • ការស្ទះដៃស្បូន ៤០% (Endometriosis Pelvis Infection) • បញ្ហាស្បូន ៥% ( ដុំស្បូន មហារីក) • វិបត្តិនៃការអត់កូនដែលពុំមានមូលហេតុច្បាស់លាស់ ១៥%។ ផលវិបាកដែលមិនបានរៀបចំផែនការច្បាស់លាស់ ប្រសិនបើមិនបានរៀបចំនូវផែនការទាំងអស់ខាងលើនោះទេ ស្រ្តីគ្រប់រូបអាចមានផ្ទៃពោះជាមួយកត្តាប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ដូចជា៖ • កូនកើតមកមិនគ្រប់លក្ខណៈ • សម្រាលកូនមុនថ្ងៃកំណត់ • ប្រឈមនឹងការរលូតកូន • ស្រ្តីមានផ្ទៃពោះរួមជាមួយនឹងជំងឺក្រឡាភ្លើង • ស្រ្តីមានផ្ទៃពោះរួមជាមួយនឹងជំងឺទឹកនោមផ្អែម • ស្រ្តីមានផ្ទៃពោះជាមួយនឹងជំងឺអូតូអុីនម៉ូញ (Auto Immune) • វិបត្តិក្នុងការមិនមានបុត្រជាដើម។ ស្រ្តីគ្រប់រូបដែលស្ថិតនៅក្នុងវ័យបន្តពូជត្រូវត្រៀមលក្ខណៈជាមុនឲ្យបានត្រឹមត្រូវមុននឹងយកបុត្រ ដើម្បីទទួលបាននូវបុត្រាបុត្រីដែលមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ និងដើម្បីស្រ្តីដែលជាមាតាមានសុខភាពល្អផងដែរ ទាំងពេលមានផ្ទៃពោះរហូតដល់សម្រាលបុត្រ និងក្រោយសម្រាលផងដែរ គឺល្អទាំងម្តាយទាំងកូន។ សូមស្រ្តីដែលមានផ្ទៃពោះទាំងអស់ត្រូវអញ្ជើញទៅពិគ្រោះយោបល់ និងទទួលការពិនិត្យដោយវេជ្ជបណ្ឌិតឯកទេសឲ្យបានទៀងទាត់រៀងរាល់ខែ ព្រោះការតាមដានអាចជួយបង្ការ និងព្យាបាលនូវជំងឺផ្សេងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាលផងដែរ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត យូ ម៉ូលីន ឯកទេស សម្ភព និងរោគស្រ្តី នៃមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក បន្ទប់ពិគ្រោះជំងឺ ម៉ីស៊ីថាច យូម៉ូលីន និងគ្លីនិកសម្ភពក្បាលថ្នល់ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

ផ្កាយសមុទ្រ ឬឈ្មោះវិទ្យាសាស្ត្រ “Asterias rubens Linnaeus” គឺជាសត្វសមុទ្រដែលស្ថិតក្នុងគ្រួសារ Asteriidae ដែលត្រូវបានគេនិយមប្រើប្រាស់ជាឱសថក្នុងការព្យាបាលជំងឺរលាកមួយចំនួនដូចជា ការឈឺចុកចាប់ ជំងឺរលាកសន្លាក់ឆ្អឹង និងតឹងច្រមុះ។ លើសពីនេះ វាក៏មានគុណសម្បត្តិក្នុងការកម្ចាត់បាក់តេរី និងវីរុស ដែលជាប្រភពបង្កជំងឺផ្សេងៗដល់មនុស្សផងដែរ។ ការស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើតេស្តរកសមាសធាតុឱសថ និងកំណត់នូវចំនួនឱសថដែលមាននៅក្នុងសារពាង្គកាយទាំងមូលនៃផ្កាយសមុទ្រមានប្រភពនៅក្នុងប្រទេសកម្ពុជា។ សារពាង្គកាយទាំងមូលនៃផ្កាយសមុទ្រស្ងួត ត្រូវបានយកមកពីហាងលក់ឱសថបុរាណក្នុងស្រុក ហើយត្រូវបានផ្ទៀងផ្ទាត់ជាមួយនឹងសំណាកសត្វសមុទ្រ (កូដៈ UPFOPMP-120002) ដែលតំកល់ទុកនៅក្នុង “តិណាល័យសាកលវិទ្យាល័យពុទ្ធិសាស្ត្រ” (UP-Herbarium)។ សារពាង្គកាយទាំងមូលនៃសេះសមុទ្រស្ងួតនេះ ត្រូវបានយកមកធ្វើការចម្រាញ់ដោយអង្គធាតុរំលាយអេតាណុលតាមរយៈវិធីសាស្ត្រចម្រាញ់ “Maceration Extraction (ME)” ដែលជាវិធីសាស្ត្រចម្រាញ់តាមរយៈការត្រាំ។ រូបធាតុចម្រាញ់ដែលទទួលបានត្រូវបានត្រៀមទុកសម្រាប់ធ្វើតេស្តគីមីឱសថ និងធ្វើតេស្តក្រូម៉ាតូក្រាបភីស្រទាប់ស្តើង។ ការធ្វើពិសោធន៍ត្រូវបានធ្វើឡើងក្នុងបន្ទប់ពិសោធន៍រូបធាតុឱសថ នៃមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ លទ្ធផលនៃការធ្វើតេស្តគីមីឱសថបានបង្ហាញថា សារពាង្គកាយទាំងមូលនៃផ្កាយសមុទ្រស្ងួត មានសមាសធាតុឱសថ Alkaloids, Saponins និង Resins ។ ចំណែកឯការវិភាគលើក្រូម៉ាតូក្រាបភីស្រទាប់ស្តើងនៃសារពាង្គកាយទាំងមូលនៃផ្កាយសមុទ្រស្ងួត នៅជំហានរលកចន្លោះពី 254-366 nm និង 10%-H2SO4 នៅក្នុងអង្គធាតុរំលាយ “Mobile Phase” Toluene:Ethanol (9:1) យើងញែកបានឱសថសរុបទាំងអស់ចំនួន 14 អង្គធាតុឱសថ ដែលមានតម្លៃ Rf ដូចតទៅ៖ 0.09, 0.11, 0.13, 016, 0.18, 0.20, 0.22, 0.24, 0.29, 0.31, 0.35, 0.44, 0.78 និង0.89។ ព័ត៌មាននៃសមាសធាតុឱសថដែលមាននៅក្នុងសារពាង្គកាយទាំងមូលនៃផ្កាយសមុទ្រស្ងួតនេះ បញ្ជាក់អំពីគុណសម្បត្តិឱសថ ដែលមាននៅក្នុងផ្កាយសមុទ្ររបស់កម្ពុជា។ មិនតែប៉ុណ្ណោះ វាគឺជាព័ត៌មានគ្រឹះសម្រាប់អ្នកវិទ្យាសាស្ត្រជំនាន់ក្រោយ ប្រសិនបើមានបំណងចង់បន្តការស្រាវជ្រាវ ពាក់ព័ន្ធនឹងការបំបែកសមាសធាតុឱសថចេញពីផ្កាយសមុទ្ររបស់កម្ពុជា។ អត្ថបទដោយ៖ កែវ សំអែល, អាន់ សុភ័ក្ត, អូន វួចឆេង, អុឹង ហ៊ុយឃីម, នី ច័ន្ទសីហា និង ជា ស៊ីន មហាវិទ្យាល័យឱសថសាស្ត្រ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការមានជំងឺរ៉ាំរ៉ៃនៅក្នុងវ័យណាមួយ សុទ្ធតែមិនអំណោយផលទៅដល់ស្ថានភាពសុខភាពទូទៅនោះទេ។ ចុះចំណែកស្រ្តីដែលស្ថិតក្នុងវ័យត្រៀមអស់រដូវវិញ តើត្រូវរៀបចំការតាមដាន និងគ្រប់គ្រងបែបណា ប្រសិនសព្វថ្ងៃកំពុងប្រឈមទៅនឹងជំងឺទឹកនោមផ្អែមរួចទៅហើយ? សំណួរ៖ ខ្ញុំអាយុ ៥៥ឆ្នាំ ភេទស្រី ទម្ងន់ ៦០គីឡូក្រាម កម្ពស់ ១ម៉ែត្រ៥០ ជាស្រ្តីមេផ្ទះ។ ខ្ញុំមានជំងឺទឹកនោមផ្អែម និងលើសឈាមមកជាង ១០ឆ្នាំមកហើយ។ ខ្ញុំក៏ត្រូវបានឲ្យប្រើប្រាស់ថ្នាំសម្រាប់ជំងឺទាំងពីរជាប្រចាំផងដែរ។ខ្ញុំកំពុងព្រួយបារម្ភថាជំងឺទាំងពីរអាចនឹងធ្វើឲ្យខ្ញុំមានបញ្ហាក្នុងការគ្រប់គ្រងនៅពេលដែលខ្ញុំអស់រដូវ ពីព្រោះបច្ចុប្បន្នខ្ញុំកំពុងស្ថិតក្នុងដំណាក់កាលត្រៀមអស់រដូវផង។ តើខ្ញុំគួរធ្វើយ៉ាងដូចម្តេច? ចម្លើយ៖ ជាធម្មតា ប្រសិនវ័យកាន់តែច្រើន ជាពិសេសស្ថិតក្នុងដំណាក់កាលត្រៀមអស់រដូវផងនោះ បញ្ហាប្រឈមនានានឹងអាចកើតមានឡើង។ ជម្រើសដែលល្អគួរតែអញ្ជើញទៅជួបគ្រូពេទ្យឲ្យបានទៀងទាត់ នោះគ្រូពេទ្យអាចមានលទ្ធភាពតាមដានរាល់ផលវិបាកផ្សេងៗ ដោយហេតុថាស្ថានភាពជំងឺមានរយៈពេលដល់ទៅ១០ឆ្នាំ ហើយក៏កំពុងស្ថិតក្នុងដំណាក់កាលអស់រដូវទៀតផង។ ម៉្យាងទៀតអ្នកក៏គួរធ្វើការបញ្ចុះទម្ងន់ និងរក្សាលំនឹងជាតិស្ករឲ្យមានស្ថេរភាពផងដែរ។ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ទូច ឃុនប្រធានផ្នែកជំងឺទឹកនោមផ្អែម និងជានាយករងមន្ទីរពេទ្យព្រះកុសុមៈ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

គ្មាននរណាម្នាក់ចង់បញ្ចប់ជីវិតខ្លួនឯងនោះទេ ពួកគេគ្រាន់តែចង់បញ្ឈប់នូវការឈឺចាប់ដែលអ្នកដទៃមិនអាចយល់ ឬមិនបានឮពីសម្រែកស្វែងរកជំនួយរបស់ពួកគេតែប៉ុណ្ណោះ។ មូលហេតុជាក់លាក់ដែលបង្ខំឲ្យបុគ្គលសម្រេចចិត្តសម្លាប់ខ្លួននៅមិនទាន់អាចកំណត់បាននៅឡើយ តែគេអាចសង្កេតឃើញថា អារម្មណ៍អស់សង្ឃឹម ស្អប់ខ្លួនឯង ភាពឯកោ និងការឈឺចាប់ បានរុញច្រានឲ្យបុគ្គលមួយចំនួនហ៊ានបញ្ចប់ជីវិតខ្លួនឯងជាជាងទទួលយកដំណោះស្រាយណាមួយ ដែលមានមនុស្សប្រមាណ ១ លាននាក់រៀងរាល់ឆ្នាំ បានរងគ្រោះពីបញ្ហានេះ (តាមរបាយការណ៍អង្គការសុខភាពពិភពលោក)។ កត្តាជំរុញ ការប្រឈមទៅនឹងការបញ្ចប់ជីវិតខ្លួនឯង អាចបណ្តាលមកពីកត្តាដែលសង្កេតឃើញមានញឹកញាប់ដូចជា៖ • បញ្ហាផ្លូវចិត្ត៖ ជាមូលហេតុរ៉ាប់រងអត្រានៃការសម្លាប់ខ្លួនដល់ទៅ ៩០% ដែលភាគច្រើនបណ្តាលមកពីការបាក់ទឹកចិត្តធ្ងន់ធ្ងរ ជំងឺ Bipolar Disorder ឬការប៉ះទង្គិចផ្លូវចិត្តខ្លាំងក្លា។ • ហ្សែន៖ ៥៥% នៃការធ្វើអត្តឃាតខ្លួនឯងអាចបន្តមកពីសមាជិកគ្រួសារដែលធ្លាប់មានបញ្ហានេះពីមុនមក ឬមានជំងឺផ្លូវចិត្ត។ • គ្រួសារ និងសង្គម៖ ការខ្វះទីពឹង ភាពក្រីក្រការរងសម្ពាធពីសង្គម ឬគ្រួសារ ភាពឯកោ ការបាត់បង់ការងារ ឬមនុស្សនៅជុំវិញខ្លួន ធ្វើឲ្យបុគ្គលទទួលរងពីបញ្ហាស្រេ្តស នាំឲ្យអត្រាដែលអាចបញ្ចប់ជីវិតខ្លួនឯងអាចកើនឡើង។ ដំណោះស្រាយ ការការពារ ឬដំណោះស្រាយចំពោះបញ្ហាធ្វើអត្តឃាត ផ្តើមចេញដោយការសង្កេតមើលសញ្ញាដំបូង ហើយដោះស្រាយដោយយកចិត្តទុកដាក់ជាបន្ទាន់ ដើម្បីអាចជួយជីវិតចេញផុតពីភាពខ្មៅងងឹតនេះបាន។ អំឡុងពេលនោះដែរ អ្នកគួរស្វែងយល់នូវទង្វើដែលគួរធ្វើ និងគួរចៀសវាងមួយចំនួនដែលមានដូចជា៖ អ្វីគួរធ្វើ ១.    និយាយចេញមក៖ បើទោះបីអ្នកហាក់ចង់ផ្តាច់ខ្លួនចេញពីមនុស្សគ្រប់គ្នាក៏ដោយ តែការពិភាក្សាឬប្រាប់រឿងរ៉ាវក្នុងចិត្តដល់មិត្តភក្តិជិតស្និទ្ធ ឬក្រុមគ្រួសារ នៅតែជាជម្រើសដ៏ល្អនៅពេលអ្នកបាក់ទឹកចិត្ត ២.    ចេញទៅខាងក្រៅ៖ អ្នកអាចចំណាយពេលនៅខាងក្រៅ ឬជាមួយធម្មជាតិ យ៉ាងហោចណាស់៣០នាទី រៀងរាល់ថ្ងៃ ៣.    ធ្វើលំហាត់ប្រាណ៖ ជំរុញខ្លួនឯងឲ្យហាត់ប្រាណឲ្យបានជាប្រចាំ ដោយអាចចាប់ផ្តើមជាជំហានបន្តិចម្តងៗ ត្រឹមរយៈពេល ១០នាទី រៀងរាល់ថ្ងៃ ៤.    សរសេរកាលវិភាគ៖ កត់ត្រាកិច្ចការដែលត្រូវធ្វើផ្ទាល់ខ្លួនជាប្រចាំ ហើយបន្តធ្វើវាដោយអត់ធ្មត់ បើទោះបីអ្នកមិនទាន់អាចផ្តោតអារម្មណ៍បានពេញលេញនៅឡើយក៏ដោយ ៥.    ត្រលប់រកការងារដែលអ្នកចូលចិត្ត៖ ស្វែងរកអ្វីដែលជាចំណូលចិត្តរបស់អ្នក និងអនុវត្តឡើងវិញ ៦.    រំឭកគោលដៅផ្ទាល់ខ្លួន៖ មិនថាជាគោលដៅតូចៗ ដូចជា ការដើរកម្សាន្ត សៀវភៅសម្រាប់អាន ការសាកល្បងអ្វីដែលថ្មីៗ ឬចូលរួមការងារក្នុងសង្គមក៏ដោយ អ្នកគួរសរសេរទុក ដើម្បីរំឭកដល់ខ្លួនឯងជារឿយៗ។   អ្វីមិនគួរធ្វើ ១.    ការនៅម្នាក់ឯង៖ ភាពឯកោ អាចអូសទាញអ្នកកាន់តែខ្លាំងក្នុងការធ្វើអត្តឃាត ដូច្នេះត្រូវស្វែងរកជំនួយ ឬនៅក្បែរមិត្តភក្តិ និងសមាជិកគ្រួសារ ២.    ចៀសវាងអាល់កុល ឬសារធាតុញៀន៖ កុំបន្លប់ខ្លួនឯង ដោយប្រើប្រាស់គ្រឿងស្រវឹង ឬប្រភេទថ្នាំណាមួយ ដែលវារឹតតែធ្វើឲ្យអ្នកកាន់តែមានភាពស្មុគស្មាញ ៣.    ទម្លាប់មិនល្អ៖ ចៀសវាងស្តាប់ចម្រៀងកំសត់ឬរំឭកដល់អតីតកាលណាមួយតាមរយៈការមើលរូបថត ឬសំបុត្រចាស់ៗ ដែលទាំងនោះសុទ្ធសឹងតែអំណោយផលដល់អារម្មណ៍អវិជ្ជមាន ៤.    គិតពីភាពអវិជ្ជមាន៖ កុំភ្ជាប់ការគិតទៅលើអារម្មណ៍ដែលចង់បញ្ចប់ជីវិត ដោយឡែក អ្នកអាចជំនួសមកវិញតាមរយៈការធ្វើសកម្មភាពនានាដែលអាចជួយបន្លប់ ឬផ្តល់ឲ្យខ្លួនឯងសម្រាកក្នុងរយៈពេលណាមួយ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

បច្ចុប្បន្ន បញ្ហាភាពស៊ាំនៃបាក់តេរីពុំមែនគ្រាន់តែជាបញ្ហាក្តៅគគុកសម្រាប់ប្រទេសណាមួយឡើយ តែវាជាបញ្ហាសម្រាប់ពិភពលោកទាំងមូលតែម្តង ដោយសារតែមេរោគដែលស៊ាំនឹងថ្នាំផ្សះ អាចធ្វើការចម្លងបានទៅគ្រប់ទីកន្លែង ជាពិសេសតាមរយៈការធ្វើបន្លាស់ទីរបស់ប្រជាជននៅលើពិភពលោក។ ជាមួយគ្នានេះដែរ CDC របស់សហរដ្ឋអាមេរិកដែលជាអង្គភាពប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងបានធ្វើការរំឭកទៅកាន់ពិភពលោកទាំងមូលថា “នៅក្នុងឆ្នាំ ២០៥០ ប្រសិនបើគ្មានការធ្វើសកម្មភាពទប់ស្កាត់ការស៊ាំនៃបាក់តេរីទៅនឹងថ្នាំផ្សះពីសំណាក់បុគ្គលគ្រប់គ្នាទេនោះ  ជាលទ្ធផលនៅរៀងរាល់៣វិនាទី នឹងមានមនុស្សម្នាក់អាចត្រូវស្លាប់ដោយសារបាក់តេរីដែលស៊ាំទៅនឹងថ្នាំផ្សះ”។ អង្គការសហប្រជាជាតិក៏បានបង្កើតជារូបភាពតំណាងដែលបញ្ជាក់អំពីការព្រមាន និងការបារម្ភទៅលើបញ្ហាភាពស៊ាំនៃថ្នាំផ្សះចំពោះបាក់តេរី ដោយផ្តោតជាពិសេសទៅលើគុណវិបត្តិចំពោះក្មេងៗជំនាន់ក្រោយផងដែរ។ ជាមួយគ្នានេះ ស្ថាប័នពាក់ព័ន្ធជាច្រើនក៏បាន និងកំពុងចូលរួមយ៉ាងសកម្មដើម្បីកាត់បន្ថយនូវបញ្ហានេះ ជាពិសេសតាមរយៈការលើកកម្ពស់ការយល់ដឹងទៅលើការប្រើប្រាស់ថ្នាំផ្សះតែម្តង។ ស្វែងយល់អំពីឱសថអង់ទីប៊ីយូទិក (ឬថ្នាំផ្សះ)  អង់ទីប៊ីយូទិក ឬថ្នាំផ្សះ ជាឱសថមួយប្រភេទសម្រាប់ប្រឆាំងនឹងពពួកមីក្រុបដែលនៅក្រុមបាក់តេរី តែវាមិនមានឥទ្ធិពលប្រឆាំងពពួកមីក្រុបដទៃទៀតដូចជា វីរុស ផ្សិត និងប៉ារ៉ាស៊ីតឡើយ។ ដោយសារឱសថអង់ទីប៊ីយូទិកគឺជាឱសថប្រឆាំងនឹងបាក់តេរី ដូចនេះ វាត្រូវបានជ្រើសរើសសម្រាប់ការព្យាបាលចំពោះតែជំងឺឆ្លង ដែលបង្កឡើងដោយពពួកបាក់តេរីប៉ុណ្ណោះ។ ត្រង់ចំណុចនេះ យើងគួរបញ្ជាក់ផងដែរថា អាការៈផ្តាសាយដែលបង្កឡើងដោយវីរុស មិនត្រូវបានណែនាំឲ្យព្យាបាលដោយអង់ទីប៊ីយូទិកឡើយ។ សម្គាល់៖ លក្ខណៈនៃជំងឺឆ្លងដោយបាក់តេរីអាចនឹងត្រូវបានកំណត់ដោយវេជ្ជបណ្ឌិតតាមរយៈការពិនិត្យមើលរោគសញ្ញាគ្លីនិក និងវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យផ្សេងៗទៀត។ ភាពស៊ាំជាមួយនឹងឱសថអង់ទីប៊ីយូទិករបស់បាក់តេរី ការស៊ាំជាមួយនឹងឱសថអង់ទីប៊ីយូទិកសំដៅដល់ស្ថានភាពដែលបាក់តេរីមានភាពធន់នឹងឥទ្ធិពលប្រឆាំងរបស់ឱសថអង់ទីប៊ីយូទិកដែលធ្លាប់តែអាចសម្លាប់វាបាន។ ភាពស៊ាំរបស់អង់ទីប៊ីយូទិកត្រូវបានបែងចែកជា ២ ធំៗគឺ៖ -    ការស៊ាំនឹងឥទ្ធិពលរបស់ថ្នាំពីកំណើតរបស់បាក់តេរី (Résistance naturel)៖ ឧទាហរណ៍ពពួក Enterococcus ស៊ាំពីកំណើតនឹងឱសថ Cephalosporine។ -    ការស៊ាំថ្នាំដែលបង្កឡើងដោយការប្រើប្រាស់មិនបានត្រឹមត្រូវ (Résistance acquise)៖ ឧទាហរណ៍ Ceftriaxone ដែលត្រូវបានប្រើប្រាស់ជាញឹកញាប់ និងមិនសមស្របចំពោះមេរោគ E-Coli ធ្វើឲ្យមេរោគអាចមានបម្រែបម្រួលសេនេទិច និងមានសមត្ថភាពស៊ាំនឹងអង់ទីប៊ីយូទិកក្រុម betalactamine និងcephalosporine។ ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបណ្តាលមកពីភាពស៊ាំទៅនឹងឱសថអង់ទីប៊ីយូទិក ភាពស៊ាំរបស់មេរោគទៅនឹងថ្នាំផ្សះ ជាឃាតករលាក់មុខដែលអាចនាំនូវភាពមហន្តរាយយ៉ាងធ្ងន់ធ្ងរនៅពេលដែលពួកយើងគ្រប់គ្នាមិនបានមើលឃើញ ហើយជាអកុសលវាក៏បាន និងកំពុងកើតឡើងរួចទៅហើយ ព្រមទាំងអាចបង្កការគ្រោះថ្នាក់ដល់ថ្ងៃអនាគត និងមនុស្សជំនាន់ក្រោយទៀតផងដោយក្នុងនោះរួមមាន៖ -    ចំពោះអ្នកជំងឺ៖ ប្រសិនបើជួបបាក់តេរីដែលស៊ាំនឹងថ្នាំអាចធ្វើឲ្យគាត់ត្រូវបន្តព្យាបាលនៅមន្ទីរពេទ្យកាន់តែយូរ និងចំណាយថវិកាលើសពីធម្មតា រហូតដល់ច្រើនដង។ កាន់តែធ្ងន់ធ្ងរគឺ អ្នកជំងឺអាចប្រឈមនឹងការព្យាបាលជំងឺមិនបានជាសះស្បើយ ឬអាចគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតទៀតផង។ -    ចំពោះបុគ្គលិកសុខាភិបាល៖ អាចបាត់បង់នូវលទ្ធភាពក្នុងការផ្តល់ការព្យាបាល បាត់បង់ទំនុកចិត្ត និងកេរ្តិ៍ឈ្មោះ ត្រូវចំណាយពេលវេលា និងកម្លាំងកាន់តែច្រើនក្នុងការស្វែងរកការព្យាបាលសម្រាប់ជំងឺដដែល និងអាចប្រឈមនឹងការឆ្លងនឹងមេរោគដែលស៊ាំពីអ្នកជំងឺទៀតផង។ -    ចំពោះវិស័យសុខាភិបាល៖ អាចនឹងខាតបង់ថវិកាកាន់តែច្រើនក្នុងវិធានការនានាទាក់ទងនឹងបញ្ហាភាពស៊ាំរបស់មេរោគទៅនឹងឱសថអង់ទីប៊ីយូទិក។ -   ចំពោះវិស័យឧស្សាហកម្មឱសថ៖ ជួបផលលំបាកក្នុងការផលិតឡើងនូវរូបមន្តឱសថអង់ទីប៊ីយូទិកថ្មី ដែលជំរុញឲ្យជម្រើសឱសថអង់ទីប៊ីយូទិកនៅលើទីផ្សារកាន់តែមានចំនួនកំណត់។ FDA របស់សហរដ្ឋអាមេរិកបានប្រកាសថា តាំងពីឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន ពុំសូវមានឱសថអង់ទីប៊ីយូទិកថ្មីៗត្រូវបានបង្កើតឡើងឡើយ ខណៈដែលឱសថអង់ទីប៊ីយូទិកដែលមានប្រសិទ្ធភាពកាន់តែមានតិច ដោយសារអត្រានៃភាពស៊ាំដោយបាក់តេរីទៅនឹងថ្នាំផ្សះមានការកើនឡើងជាលំដាប់។ -    ចំពោះវិស័យវេជ្ជសាស្ត្រ៖ បច្ចេកទេសព្យាបាលទំនើបៗ និងថ្មីៗជាច្រើនក៏នឹងអាចក្លាយទៅជាលែងមានប្រយោជន៍ដូចគ្នា នៅដំណាក់កាលដែលលែងមានថ្នាំផ្សះសម្រាប់ប្រឆាំងនឹងបាក់តេរី។ ជាឧទាហរណ៍ ការព្យាបាលដោយកាំរស្មី ឬការវះកាត់ដោយប្រើគ្រឿងយន្តទំនើប ដែលអាចប្រឈមនឹងការឆ្លងរោគ នឹងមិនមានប្រយោជន៍ឡើយ នៅពេលដែលគ្មានថ្នាំផ្សះប្រើប្រាស់សម្រាប់ការពារ។ ការប្រើប្រាស់អង់ទីប៊ីយូទិកដោយមិនត្រឹមត្រូវតាមស្តង់ដា ការប្រើប្រាស់អង់ទីប៊ីយូទិកដោយមិនត្រឹមត្រូវតាមស្តង់ដាអាចកើតមានដោយសារកត្តាជាច្រើន ដោយក្នុងនោះ រាប់បញ្ចូលទាំងការយល់ដឹងអំពីការប្រើប្រាស់ឱសថអង់ទីប៊ីយូទិក នៅមានកម្រិតរបស់បុគ្គលិកសុខាភិបាលមួយចំនួន ក៏ដូចជាប្រជាជនទូទៅភាគច្រើនផងដែរ។ វិធានការចំពោះបញ្ហាស៊ាំនៃឱសថអង់ទីប៊ីយូទិក គោលការណ៍ជារួមសម្រាប់វិធានការទាក់ទងនឹងភាពស៊ាំនៃឱសថអង់ទីប៊ីយូទិកអាចចែកចេញជា ២៖ • ទី១ សម្រាប់ប្រជាពលរដ្ឋ៖ ប្រជាជនទាំងអស់មិនត្រូវចាត់ទុកថ្នាំផ្សះជាប្រភេទថ្នាំសម្រាប់ផ្សះរបួសឡើយហើយជំងឺដែលបង្កដោយមេរោគជាវីរុសដូចជា ផ្តាសាយ គ្រុនឈាម អ៊ុតស្វាយរលាកទងសួតដោយវីរុសជាដើម ក៏ពុំមែនជាជំងឺដែលត្រូវចាំបាច់ប្រើប្រាស់ថ្នាំផ្សះដែរ។ សូមបញ្ជាក់ថា មុខរបួសបន្តិចបន្តួចអាចត្រូវបានការពារការឆ្លងរោគតាមរយៈការលាងរបួសឲ្យបានត្រឹមត្រូវ ដែលអាចជួយឲ្យរបួសសះឯងៗ។ ម្យ៉ាងទៀត ប្រជាជនទាំងអស់ គួរចៀសវាងការសួររក ឬទទួលការផ្សំជាថ្នាំផ្សះដោយពុំមានវេជ្ជបញ្ជាពីគ្រូពេទ្យឡើយ។ • ទី២ សម្រាប់បុគ្គលិកសុខាភិបាល៖ ឱសថស្ថានត្រូវចៀសវាងផ្តល់ឱសថអង់ទីប៊ីយូទិកដល់អ្នកជំងឺប្រសិនពុំមានវេជ្ជបញ្ជា រីឯក្រុមគ្រូពេទ្យត្រូវផ្តល់វេជ្ជបញ្ជាជាថ្នាំផ្សះដោយមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រូវកំណត់មូលហេតុជំងឺឲ្យបានច្បាស់ (ថាបង្កពីបាក់តេរីមែនឬទេ) ទីតាំងនៃការឆ្លងរោគ ក៏ដូចជាប្រភេទនៃបាក់តេរីផងដែរ។ ក្រៅពីនោះ ក្រុមគ្រូពេទ្យក៏គួរចូលរួមក្នុងការប្រមូលសំណាក មុនផ្តល់ការប្រើប្រាស់ថ្នាំអង់ទីប៊ីយូទិកដល់អ្នកជំងឺ ដើម្បីអាចជួយរកឲ្យឃើញមេរោគបង្កជាមុន សម្រាប់ជាប្រយោជន៍ដល់ការប្រមូលទិន្នន័យ និងចងក្រងជាមគ្គទេសក៍ក្នុងការប្រើប្រាស់អង់ទីប៊ីយូទិកទៅថ្ងៃអនាគត។ ទាក់ទងនឹងវិធានការនេះផងដែរ ជាក់ស្តែង ក្រសួងសុខាភិបាលបានចាត់ចេញជាវិធានការក្នុងការទប់ស្កាត់បញ្ហាស៊ាំនៃឱសថអង់ទីប៊ីយូទិកនេះរួចមកហើយ ហើយក្រុមការងារផ្នែក AMR របស់ CDC កម្ពុជាក៏បាន និងកំពុងធ្វើចំណាត់ការផ្សេងៗដោយក្នុងនោះរួមទាំងការសហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធនានា ក្នុងការទប់ស្កាត់ការប្រើប្រាស់ថ្នាំផ្សះដែលមិនចាំបាច់ និងកាត់បន្ថយអត្រារីករាលដាលនៃបាក់តេរីដែលស៊ាំទៅនឹងថ្នាំផ្សះ។ យុទ្ធនាការផ្សព្វផ្សាយអំពីការយល់ដឹងពីភាពស៊ាំនៃថ្នាំផ្សះជាច្រើន ត្រូវបានធ្វើឡើងដើម្បីបញ្ជ្រាបការយល់ដឹងទៅកាន់ប្រជាពលរដ្ឋអំពីបញ្ហានេះផងដែរ។ ក្រៅពីនោះ ការអភិវឌ្ឍការយល់ដឹងការផ្តល់ដំណឹងដែលពាក់ព័ន្ធនានា ផ្អែកលើការប្រមូលឯកសារ និងទិន្នន័យអំពីបាក់តេរីដែលស៊ាំនឹងថ្នាំផ្សះ ក៏ដូចជាការចុះផ្សព្វផ្សាយបន្ថែមទៅកាន់ក្រុមគ្រូពេទ្យ និងអ្នកវិជ្ជាជីវៈសុខាភិបាល ត្រូវបានធ្វើឡើងមិនដែលខកខានឡើយ។ បច្ចុប្បន្ន មគ្គទេសក៍ថ្នាក់ជាតិស្តីអំពីការប្រើប្រាស់ឱសថអង់ទីប៊ីយូទិកទៅតាមស្តង់ដាត្រូវបានបង្កើតឡើង និងដាក់ឲ្យប្រើប្រាស់ (ដែលនឹងកំពុងពិភាក្សាបន្តពីសំណាក់ក្រុមការងារក្នុងធ្វើការបច្ចុប្បន្នភាព) ក្នុងគោលបំណងដើម្បីកាត់បន្ថយរូបភាពនៃការប្រើប្រាស់មិនសមស្រប ដែលបង្កឲ្យបញ្ហាស៊ាំថ្នាំផ្សះកាន់តែមានភាពធ្ងន់ធ្ងរផងដែរ។ គួរបញ្ជាក់ថាបញ្ហានេះទាមទារឲ្យមានការសហការជាអន្តរក្រសួងក្នុងចំណាត់ការផ្សេងៗ ទាក់ទងនឹងមូលហេតុនានា (មិនរួមបញ្ចូលមូលហេតុស៊ាំពីកំណើត) ដោយក្នុងនោះក្រៅពីក្រសួងសុខាភិបាល ក៏មានការចូលរួមផងដែរពីក្រសួងកសិកម្ម (ឧ.ចំណាត់ការលើការប្រើប្រាស់ថ្នាំផ្សះនៅក្នុងចំណីសត្វ ការឆ្លងមេរោគស៊ាំរវាងមនុស្ស និងសត្វ) និងក្រសួងបរិស្ថាន(ឧ. ចំណាត់ការលើបរិស្ថានសម្បូរដោយមេរោគក្នុងដី ក្នុងទឹកប្រើប្រាស់) ជាដើម។ សរុបមក គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ រាប់បញ្ចូលទាំងប្រជាជនទូទៅ សារព័ត៌មាន ក្រុមគ្រូពេទ្យ ត្រូវតែបន្តផ្តោតការយកចិត្តទុកដាក់លើបញ្ហាភាពស៊ាំនៃឱសថអង់ទីប៊ីយូទិកឲ្យបានកាន់តែខ្លាំង និងកាន់តែឆាប់រហ័សមុនពេលការខាតបង់ និងបញ្ហាដែលពិបាកនឹងគ្រប់គ្រងជាច្រើនទៀតកើតឡើងកាន់តែខ្លាំង និងរហូតមិនអាចធានាថាអាចដោះស្រាយបាន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធឯកទេសវេជ្ជសាស្រ្តទូទៅ និងជំងឺឆ្លងនៃមន្ទីរពេទ្យកាល់ម៉ែតសមាជិកក្រុមការងារ Antimicrobial Resistance នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក្រសួងសុខាភិបាល ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share
Top