Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

អាការៈស្រវាំងភ្នែក ឬងងឹតមុខ អាចកើតមានឡើងម្តងម្កាលនៅពេលរាងកាយមានការប្រែប្រួល ឬខ្វះខាតនូវសារធាតុចិញ្ចឹមណាមួយ ប៉ុន្តែប្រសិនរោគសញ្ញាទាំងនេះស្តែងឡើងជាញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ នោះវាអាចមានហេតុផលនៅពីក្រោយមួយចំនួនដែលទាមទារការពិគ្រោះយោបល់ និងប្រឹក្សាពីគ្រូពេទ្យឯកទេស។ សំណួរ៖ ខ្ញុំបាទមានអាយុ ៣៥ឆ្នាំ កម្ពស់ ១ម៉ែត្រ៦៤ទម្ងន់៦៤គីឡូក្រាម មកពីខេត្តសៀមរាប។ ខ្ញុំឧស្សាហ៍មានអាការៈស្រវាំងភ្នែក ហើយពេលខ្លះដូចជាមានអ្វីនៅដាមជាប់ភ្នែកមើលមិនច្បាស់ ដែលបញ្ហានេះច្រើនកើតមាននៅពេលដែលខ្ញុំក្រោកពីអង្គុយម្តងៗ ហើយថែមទាំងងងឹតមុខទៀតផង។ តើបញ្ហានេះបណ្តាលមកពីមូលហេតុអ្វី? តើគួរដោះស្រាយដោយវិធីណា? ចម្លើយ៖ ទាក់ទងនឹងអាការៈឧស្សាហ៍ស្រវាំងភ្នែកនិងមានដាមជាប់ភ្នែកមើលមិនច្បាស់ វាមិនអាចជាសញ្ញានៃជំងឺអ្វីមួយឲ្យពិតប្រាកដនោះទេ ប៉ុន្តែអាចជាអាការៈមួយនៃការលើសជាតិស្ករ។ ដូចនេះ យកល្អប្អូនគួរតែអញ្ជើញទៅពិនិត្យឈាម ដើម្បីស្រាយនូវរាល់ចម្ងល់ និងអាការៈនេះ។ ផ្ទុយទៅវិញ ចំពោះបញ្ហាដែលក្រោកពីអង្គុយម្តងៗស្រាប់តែងងឹតមុខរបស់ប្អូននោះ គឺមូលហេតុអាចកើតឡើងដោយសារការដឹកនាំឈាមទៅចិញ្ចឹមខួរក្បាលមិនបានគ្រប់គ្រាន់។ គួរបញ្ជាក់ថា ប្រសិនបើអាការៈបែបនេះកើតឡើងចំពោះមនុស្សចាស់ ឬអ្នកដែលមានអាយុច្រើននោះ គាត់អាចនឹងតម្រូវឲ្យធ្វើការថតឆ្លុះសរសៃឈាមរកសញ្ញានៃការត្បៀតសរសៃឈាម។  ដោយឡែក ក្នុងករណីរបស់ប្អូនមានអាយុតិច ការត្បៀតសរសៃឈាមមិនសូវកើតឡើងនោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្អូននឹងតម្រូវឲ្យពិនិត្យសុខភាពទូទៅ ក្នុងបំណងរកឲ្យឃើញថាមានជំងឺណាមួយដែលផ្តល់ជាផលវិបាកទាំងនេះ និងគួរតែមកជួបជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការណែនាំអំពីការព្យាបាលឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ឯកទេសជំងឺបេះដូងប្រធានអ៊ុយនីតេជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត  ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

ទ្វារមាសជាផ្នែកមួយដ៏សំខាន់នៃរាងកាយស្ត្រី ម៉្យាងវាជាទីតាំងដែលងាយទទួលរងប្រតិកម្មជាជាងកន្លែងផ្សេងៗទៀត ដោយជួនកាលកំហុសឆ្គងនៃការធ្វើអនាម័យប្រចាំថ្ងៃបណ្តាលឲ្យមានបញ្ហាទៅវិញដូចជាកន្ទួលរមាស់ ស្ងួត ក្រហាយ ធ្លាក់ស ឬមានក្លិនជាដើម។ ដូច្នេះ តើអនាម័យបែបណាទើបត្រឹមត្រូវសម្រាប់ទ្វារមាស ហើយតើធ្វើដូចម្តេចទើបដឹងថា សុខភាពទ្វារមាសរបស់អ្នកល្អ? អំពីទ្វារមាស ជាទូទៅ ទ្វារមាសមានកម្រិត pH ទាបគឺនៅចន្លោះពី ៣.៨ ទៅ ៤.៥ និងសម្បូរទៅដោយបាក់តេរីល្អយ៉ាងច្រើន ដែលជាលក្ខខណ្ឌជួយឲ្យទ្វារមាសមានសុខភាពល្អប្រឆាំងនឹងការឈ្លានពានរបស់មេរោគព្រមទាំងរក្សាបាននូវសំណើមគ្រប់គ្រាន់។ តាមពិត ទ្វារមាសអាចសម្អាតភាពកង្វក់ និងមានសមត្ថភាពប្រឆាំងនឹងមេរោគដោយខ្លួនឯងបាន ដោយមិនចាំបាច់ប្រើប្រាស់សាប៊ូដែលមានក្លិន និងសារធាតុកាត់នោះទេ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែអនុវត្តអនាម័យប្រចាំថ្ងៃ និងធ្វើការលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ ឬសាប៊ូដែលស្រាលមិនមានជាតិកាត់ខ្លាំងព្រមទាំងមិនមានក្លិននៅបរិវេណជុំវិញទ្វារមាសតែប៉ុណ្ណោះ។ គន្លឹះថែរក្សាទ្វារមាសឲ្យស្អាត និងមានសុខភាពល្អ ១. សំខាន់បំផុតគឺមិនត្រូវប្រើប្រាស់សាប៊ូលាងសម្អាតខាងក្នុង (Douche) ការសិក្សាស្រាវជ្រាវបានបង្ហាញថា ចំពោះស្ត្រីដែលបានធ្វើការលាងសម្អាតបែបនេះងាយប្រឈមនឹងការកើតជំងឺបង្កដោយមេរោគនៅទ្វារមាសច្រើនជាងស្រ្តីដែលមិនបានអនុវត្ត។ នេះក៏បណ្តាលមកពីបម្រែបម្រួលនៃ pH និងការបាត់បង់បាក់តេរីល្អដែលជាហេតុធ្វើឲ្យបាត់បង់តុល្យភាព នាំឲ្យបាក់តេរីអាក្រក់អាចឈ្លានពានបាន។ គួរបញ្ជាក់ថា វិធីសាស្ត្រនេះត្រូវបានចេញវេជ្ជបញ្ជាឲ្យអនុវត្តចំពោះស្ត្រីដែលកំពុងមានការបង្ករោគនៅទ្វារមាសជាដើម។ ស្រដៀងគ្នានេះដែរ ការប្រើប្រាស់សាប៊ូលាងសម្អាតខ្លួនជំនួសឲ្យទឹកអនាម័យស្ត្រីដែលមានលក្ខណៈស្រទន់ និងមិនក្រអូប ក៏អាចបណ្តាលឲ្យសុខភាពទ្វារមាសធ្លាក់ទ្រុឌទ្រោមផងដែរ។ ហេតុនេះអ្នកគួរជ្រើសរើសប្រភេទទឹកអនាម័យស្ត្រីដែលមាន pH នៅចន្លោះ ៤.៥ ទៅ៨ ដែលអាចមានលក្ខណៈសមស្របចំពោះសុខភាពទ្វារមាស។ ២. ប្រើប្រាស់ខោទ្រនាប់ដែលធ្វើពីក្រណាត់កប្បាស ទ្វារមាសត្រូវតែរក្សាឲ្យស្ងួត និងស្អាតជានិច្ច ចៀសវាងភាពសើម លាយឡំជាមួយការផ្អាប់ដែលជាលក្ខខណ្ឌដ៏ប្រសើរសម្រាប់ការលូតលាស់របស់បាក់តេរីអាក្រក់។ ហេតុនេះការជ្រើសរើសខោទ្រនាប់ដែលអាចឲ្យមានខ្យល់ចេញចូល និងស្រូបសំណើមបានល្អជាចំណុចសំខាន់ដែលត្រូវគិតដល់។ អ្នកអាចប្រើប្រាស់ខោទ្រនាប់ប្រភេទសាច់ក្រណាត់កប្បាស  ឬស្បៃ ម៉្យាងអ្នកក៏គួរផ្លាស់ប្តូរខោទ្រនាប់មួយថ្ងៃ ២ដងផងដែរ។ ៣. ទទួលទានអាហារដែលល្អសម្រាប់សុខភាព ដើម្បីទទួលបានសុខភាពទ្វារមាស និងសុខភាពបន្តពូជឲ្យមានលក្ខណៈល្អប្រសើរអាហារក៏ជាកត្តាមួយយ៉ាងសំខាន់ផងដែរ ជាពិសេសគឺទឹក។ ក្នុងនោះអ្នកត្រូវប្រកាន់យករបបអាហារសុខភាព សម្បូរទៅដោយសារធាតុចិញ្ចឹម ដូចជាទឹកដោះគោជូរទឹកគ្រែនបឺរី (Cranberry) ផ្លែឈើ និងបន្លែបៃតងជាដើម។ ៤. រក្សាទម្លាប់អនាម័យល្អ ជាក់ស្តែងទម្លាប់ទាំងអស់នោះមានដូចជា៖ - ត្រូវជូតសម្អាត ឬបាញ់ទឹកពីមុខទៅក្រោយបន្ទាប់ពីបន្ទោបង់រួច ចៀសវាងការឆ្លងមេរោគពីទ្វារធំមកទ្វារមាស និង បំពង់បង្ហួរនោម - ផ្លាស់ប្តូរសំឡីអនាម័យ ឬទ្រនាប់តំប៉ុងឲ្យបានញឹកញាប់ (៤ម៉ោងម្តង) រាល់ពេលមករដូវម្តងៗ - ប្រើប្រាស់សំឡីអនាម័យតូចៗ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃជំនួសការផ្លាស់ប្តូរខោទ្រនាប់ ក្នុងករណីធ្លាក់សតិចៗ រំអិលតិចៗ ឬមិនមានបញ្ហាអ្វីក៏ដោយ - បោកសម្អាតខោទ្រនាប់ជាមួយនឹងសាប៊ូ លាងជម្រះទឹកឲ្យបានស្អាត ព្រមទាំងហាលឲ្យត្រូវកម្តៅថ្ងៃ - បង្កើតទម្លាប់ល្អក្នុងការទៅពិនិត្យសុខភាពមាត់ស្បូនជាប្រចាំជាមួយគ្រូពេទ្យជំនាញ ចំពោះស្រ្តីដែលមានអាយុចាប់ពី ២៥ ទៅ៦៤ឆ្នាំ។ ធ្វើយ៉ាងណាទើបដឹងថាទ្វារមាសមានសុខភាពល្អ? ជាទូទៅ ស្ត្រីម្នាក់ៗតែងមានក្លិនត្រង់តំបន់ទ្វារមាសនេះផ្សេងៗគ្នា ហើយតែងប្រែប្រួលទៅតាមស្ថានភាពផ្សេងៗគ្នាដែរ ជាក់ស្តែងខណៈពេលមានរដូវជាដើម។ លក្ខខណ្ឌធម្មតានៃបម្រែបម្រួលទ្វារមាស មានដូចជា ការធ្លាក់សមានពណ៌ថ្លា ពណ៌ស ឬពណ៌លឿងស្រាល ប៉ុន្តែមិនមានក្លិនខុសប្លែកពីក្លិនដែលអ្នកធ្លាប់មាន ជាពិសេសមិនមានអាការៈរមាស់ ក្រហាយបន្ថែមទៀតឡើយ។ រក្សាសុខភាពទ្វារមាសរបស់អ្នកឲ្យបានល្អ ដោយចាប់ផ្តើមពីការយកចិត្តទុកដាក់ចាប់ពីចំណុចតូចតាចនៃសកម្មភាពប្រចាំថ្ងៃរបស់អ្នក!!! ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ       

Share

នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះក្រុមហ៊ុន ហេលស៍ថាម ខបភើរេសិន (HEALTHTIME CORPORATION) បានរៀបចំកម្មវិធីសម្ពោធ សៀវភៅ មគ្គុទេ្ទសក៍ជំងឺ ដែលមានការសហការឧបត្ថម្ភដោយក្រុមហ៊ុន Coxil, Fix DERMA, CYSTONE, LIV.52 DS, SNACKING COFFEE and Catering  និងមន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ ដែលប្រារព្ធរៀបចំឡើងនៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ចាប់ពីម៉ោង ៨ព្រឹក ដល់ ១១ព្រឹក។  កម្មវិធីសម្ពោធជាផ្លូវការនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗបីគឺ៖ ១-ដើម្បីដាក់សម្ពោធជាផ្លូវការនូវសៀវភៅមគ្គុទេ្ទសក៍ជំងឺរបស់ក្រុមហ៊ុន ហេលស៍ថាម ខបភើរេសិន ដើម្បីយកថវិកានៃការលក់សៀវភៅ ១០ភាគរយបង្កើតកម្មវិធីសប្បុរធម៌ ២-ការថ្លែងអំណរគុណដល់លោក លោកស្រី វេជ្ជបណ្ឌិត និងសាស្រ្តាចារ្យវេជ្ជបណ្ឌិត ទាំងអស់ដែលបានចូលរួមចែករំលែកនូវអត្ថបទចំណេះដឹងសុខភាពដ៏មានតម្លៃ ក្នុងការចងក្រងសៀវភៅមគ្គុទេ្ទសក៍ជំងឹឡើង ៣-ការបង្ហាញពីអត្ថប្រយោជន៍របស់សៀវភៅដល់សាធារណជន។ កម្មវិធីទាំងមូលក៏ទទួលបានកិត្តិយស ចូលរួមពីសំណាក់ លោក លោកស្រី សាស្រ្តាចារ្យវេជ្ជបណ្ឌិត វេជ្ជបណ្ឌិត ក្រុមហ៊ុនដៃគូសហការ និងក្រុមហ៊ុនពាក់ព័ន្ធក្នុងវិស័យសុខាភិបាល    ព្រមទាំងមានការចូលរួមយ៉ាងច្រើនលើសការរំពឹងទុក ពីសំណាក់បងប្អូនសិស្សានុសិស្សសុខាភិបាល និងអ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាលប្រមាណជិត ២០០នាក់ផងដែរ។ ជាក់ស្តែង មគ្គុទេ្ទសក៍ជំងឺ ជាសៀវភៅប្រមូលផ្តុំទៅដោយជំងឺជិត១០០ប្រភេទដែលមាន ការបកស្រាយ យ៉ាងក្បោះក្បាយ ពីសំណាក់ សាស្រ្តាចារ្យវេជ្ជបណ្ឌិត និងវេជ្ជបណ្ឌិត ដោយក្តោបសំខាន់នូវនិយមន័យ រោគសញ្ញា ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងវិធីសាស្រ្តការពារទៅតាមស្ថានភាពជំងឺនីមួយៗ។ ជាមួយគ្នានោះផងដែរ ក៏មានការរួមបញ្ចូលនូវផ្នែកករណីសិក្សា ដែលមានការបកស្រាយរបស់វេជ្ជបណ្ឌិតជំនាញ លើបញ្ហាសុខភាពរបស់អ្នកជំងឺផ្ទាល់ផងដែរ។ ដោយឡែក ចំណុចសំខាន់ដែលគួរឲ្យចាប់អារម្មណ៍នោះសម្រាប់ការចងក្រងសៀវភៅមគ្គុទេ្ទសក៍ជំងឺនេះឡើងគឺដើម្បីជាផ្នែកមួយជួយដល់សាធារណជនក៏ដូចជា អ្នកនៅក្នុងវិស័យសុខាភិបាល ក្នុងការបង្កើតចំណេះដឹង និងលើកកម្ពស់ ការអប់រំផ្នែកសុខាភិបាល ក៏ដូចជាការលើកកម្ពស់ការអាន និងស្វែងយល់បន្ថែមក្នុងផ្នែកសុខាភិបាល មិនត្រឹមតែប៉ុណ្ណោះក៏ដើម្បីជាផ្នែកមួយជំរុញដល់ ការបន្ត បោះពុម្ពផ្សាយ ជាភាសាខ្មែរថែមទៀតផងដែរ។ នាឱកាសនេះសម្រាប់កម្មវិធីមួយព្រឹកនៃការសម្ពោធសៀវភៅមគ្គុទេ្ទសក៍ជំងឺ នេះក៏មានការថ្លែងសន្ទរកថា ស្វាគមន៍ពីសំណាក់នាយកប្រតិបត្តិ ក្រុមហ៊ុន ហេលស៍ថាម ខបភើរេសិន ក៏ដូចជាការបង្ហាញចំណាប់អារម្មណ៍ពីសំណាក់សាស្រ្តាចារ្យវេជ្ជបណ្ឌិតដែលបានចូលរួមចែករំលែកអត្ថបទ ក្នុងសៀវភៅមគ្គុទេ្ទសក៍ជំងឺ ។ មិនតែប៉ុណ្ណោះក្នុងវិធីនេះផងដែរ ក៏មានការបង្ហាញចំណាប់អារម្មណ៍ពី កញ្ញា វួន បញ្ញា ប្រធានគម្រោងនៃ ក្រុមហ៊ុន ហេលស៍ថាម ខបភើរេសិន ព្រមទាំងបញ្ចប់ទៅជាមួយនឹង ការចូលរួមនៅក្នុង វេទិកាសំណួរ-ចម្លើយពីអ្នកចូលរួមទាំងអស់ ក៏ដូចជាការសម្ដែងរឿងខ្លី ពីក្រុមនិស្សិតនៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល។ ជាការបូកសរុប យើងឃើញថាកម្មវិធីប្រព្រឹត្តដោយជោគជ័យ នឹងប្រកបដោយ លទ្ធផលដ៏ល្អគួរឲ្យកត់សម្គាល់។ គួរបញ្ជាក់ផងដែរ ហេលស៍ថាម ខបភើរេសិន ជាក្រុមហ៊ុននាំមុខគេដែលផ្តោតសំខាន់ជាចម្បងនូវការចែករំលែកចំណេះដឹងសុខភាព និងផ្តល់ជូនជាព័ត៌មានទៅកាន់ប្រជាជនទាំងអស់ ពីសេវាកម្មសុខភាព សម្រាប់ជាតម្រូវការផ្នែកសុខាភិបាលអស់រយៈពេល ៧ឆ្នាំមកហើយ។ សម្រាប់ការចេញផ្សាយជាសៀវភៅ “មគ្គុទេ្ទសក៍ជំងឺ” គឺជាការចាប់ផ្តើមបំពេញបន្ថែមតម្រូវការដែលកំពុងខ្វះខាត ដោយក្រុមហ៊ុននឹងបន្តផ្តល់ជូនការចេញផ្សាយជាបន្តទៀតនៅពេលខាងមុនទៀត ដែលជាគួរទុកចិត្តបំផុត។     សម្រាប់ព៌ត័មានបន្ថែម និងទំនាក់ទំនងជាវសៀវភៅ៖ ០៧៧ ៨៨៨ ០៧៥     ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ                                                                 

Share

មិនខុសពីការចេញផ្សាយនៅរៀងរាល់ខែឡើយ ហេលស៍ថាម ប្រូ នៅតែបន្តផ្សព្វផ្សាយចំណេះដឹងសុខភាពជាច្រើន ដែលជាការបកស្រាយពីវេជ្ជបណ្ឌិតជំនាញ ក្រុមអ្នកនិពន្ធ ក៏ដូចជាការចូលរួមចែករំលែកពីអ្នកប្រកបវិជ្ជាជីវសុខាភិបាល។ ចំណែកសម្រាប់ខែ កុម្ភៈនេះ កំណើនអ្នកអានក៏នៅតែមានចំនួនច្រើន ដែលអត្ថបទ ៣ខាងក្រោម បានទទួលចំណាប់អារម្មណ៍ច្រើនជាងគេរួមមាន៖ ១. អ្នកអាចកំពុងមានដុំសាច់ក្នុងខួរក្បាលឬ? ដុំសាច់ខួរក្បាល ឬភាសាបច្ចេកទេស ហៅថា Brain Tumors គឺជាដុំដុះមិនធម្មតានៅក្នុងប្រអប់ខួរក្បាល ដែលរួមមានប្រមាណ ១៥០ ប្រភេទ ប៉ុន្តែជាក់ស្តែងវាត្រូវបានបែងចែកជា ២ ប្រភេទធំៗគឺ ដុំសាច់ដែលកើតឡើងដោយឯកឯង (Primary Brain Tumors) ដែលមានប្រភពពីកោសិកាណាមួយនៃខួរក្បាលខ្លួនឯងផ្ទាល់ និងដុំសាច់ដែលមានប្រភពមកពីការរាលដាលនៃសរីរាង្គមហារីកផ្សេងទៀតរបស់រាងកាយ (Metastatic Brain Tumors)។ ប្រភេទនៃដុំសាច់ខួរក្បាលកើតឡើងដោយខ្លួនឯងមាន ២ប្រភេទ គឺប្រភេទកាច និងប្រភេទស្លូត អាចកើតមកពីក្រពេញនៅក្នុងខួរក្បាល ហើយមួយចំនួនទៀតកើតចេញពីកោសិកាប្រព័ន្ធប្រសាទខួរក្បាល ឬពីកោសិកាស្រោមខួរក្បាល  និងកោសិកានៅជុំវិញខួរក្បាលតែម្តង នេះបើយោងទៅតាមការបកស្រាយរបស់  វេជ្ជបណ្ឌិតស៊ឹម សុខចាន់ ឯកទេសវះកាត់ប្រព័ន្ធប្រសាទគ្លីនិកក្ដីសង្ឃឹមនៃយេរ៉េម៉ា និងជាសមាជិកអន្តរជាតិនៃសមាគមវះកាត់ប្រព័ន្ធប្រសាទសហរដ្ឋអាមេរិក។ កាន់តែស៊ីជម្រៅលើបញ្ហានេះ សូមអានបន្ថែម៖ http://healthtime.tips/library/article/1853  ២. កូនកណ្តុររីកធំអាចជាសញ្ញានៃជំងឺមហារីក វេជ្ជបណ្ឌិត ប៊ុនប៉ា ប៉ូលី ឯកទេសបញ្ចាំងកាំរស្មី ជំងឺមហារីក និងជំងឺឈាមនៃមជ្ឈមណ្ឌលជាតិប្រឆាំងជំងឺមហារីក មន្ទីរពេទ្យកាល់ម៉ែត បានឲ្យនិយមន័យមហារីកកូនកណ្តុរ ឬភាសាបច្ចេកទេសហៅថា Lymphoma ជាប្រភេទជំងឺមហារីកដែលកើតមានផ្ទាល់នៅលើកោសិកាកូនកណ្តុរ ខុសពីការរាលដាលនៃជំងឺមហារីករបស់សរីរាង្គណាមួយមកលើកូនកណ្ដុរ។ ជំងឺនេះត្រូវបានគេបែងចែកជា ២ ប្រភេទធំៗគឺ ជំងឺមហារីកកូនកណ្តុរប្រភេទ Hodgkin (Hodgkin’s Lymphoma) និង Non-Hodgkin (Non-Hodgkin’s Lymphoma) ដែលបែងចែកជាប្រភេទបេ(B) និងប្រភេទតេ(T)។ ស្វែងយល់បន្ថែមពីជំងឺនេះបន្ថែមតាមរយៈ៖ http://healthtime.tips/library/article/1849  ៣. អ្វីខ្លះជាប្រភេទនៃការវះកាត់សម្រាប់ព្យាបាលជំងឺមហារីក? ជំងឺមហារីកដែលច្រើនតម្រូវឲ្យព្យាបាលដោយការវះកាត់គឺរាល់ដុំមហារីកទាំងឡាយណានៅលើសរីរាង្គ ដែលអាចដំណើរការដោយវិធីសាស្រ្តនេះបាន និងដុំមហារីកដែលមិនទាន់រាលដាលទៅកន្លែងផ្សេងទៀត រួមមាន មហារីកបំពង់អាហារ មហារីកក្រពះ មហារីកពោះវៀនតូច ឬធំ មហារីកសួត មហារីកសុដន់ មហារីកក្រពេញដៃស្បូន មហារីកស្បូន និងមហារីកលើសរីរាង្គផ្សេងៗទៀត។ ក្នុងចំណោមមហារីកទាំងនេះគឺស្ទើរតែទាំងអស់អាចធ្វើការវះកាត់ព្យាបាលបាននៅប្រទេសកម្ពុជា ក្នុងកម្រិតស្តង់ដាដូចទៅនឹងបរទេស (Oncological surgery standard) ផងដែរ។ ដោយឡែក​​ ចំពោះជំងឺមហារីកដែលមិនតម្រូវឲ្យធ្វើការព្យាបាលដោយការវះកាត់រួមមានមហារីកគ្រាប់ឈាម (Leucemia) មហារីកប្រព័ន្ធទឹករងៃ ឬមហារីកកូនកណ្តុរ (Lymphoma) និងមហារីកដែលកើតនៅលើសរីរាង្គជ្រៅ មិនអាចធ្វើការវះកាត់បាន នេះបើយោងទៅតាមប្រសាសន៍របស់ វេជ្ជបណ្ឌិត ឆាយ រស្មី ឯកទេសវះកាត់ប្រព័ន្ធរំលាយអាហារ និងមហារីកប្រព័ន្ធរំលាយអាហារនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ចង់ដឹងពីប្រភេទនៃការវះកាត់ សូមចូលទៅកាន់៖ http://healthtime.tips/library/article/1862  ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការកើនឡើងនូវប្រភេទអត្ថបទជាច្រើនសម្រាប់ជម្រើសរបស់មិត្តអ្នកអានទាំងអត្ថបទពីក្រុមអ្នកនិពន្ធក៏ដូចជាអត្ថបទដែលមានការចូលរួមចែករំលែកពីអ្នកប្រកបវិជ្ជាជីវសុខាភិបាល និងសាធារណជន កាន់តែប្លែក និងគួរឲ្យចាប់អារម្មណ៍។ ជាក់ស្តែង សម្រាប់ខែមករានេះ សង្កេតឃើញថាកំណើននៃការចូលអានអត្ថបទច្រើនទ្វេដង ហើយប្រភេទអត្ថបទ៣ដែលមានភាពទាក់ទាញបំផុត រួមមាន៖ ១. ការត្រៀមខ្លួនមុនពេលចាប់ផ្តើមមានផ្ទៃពោះ ការចាប់ផ្តើមបង្កើតគ្រួសារដ៏តូចមួយមិនមែនជារឿងងាយស្រួល ហើយធ្វើបានភ្លាមៗនោះទេ។ អនាគតមាតាបិតា ឬមាតាបិតាគ្រប់រូបត្រូវធ្វើការត្រៀមខ្លួនក្នុងរយៈពេលកំណត់មួយតាមការណែនាំ។ បើតាមការលើកឡើងរបស់វេជ្ជបណ្ឌិត យូ ម៉ូលីន ឯកទេសសម្ភព និងរោគស្ត្រីនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ការត្រៀមខ្លួនចាប់ផ្តើមមានផ្ទៃពោះស្ត្រីគ្រប់រូបត្រូវត្រួតពិនិត្យរាងកាយ ឬធ្វើតេស្តនានា និងទទួលទានសារធាតុបំប៉នបន្ថែមឲ្យបានគ្រប់គ្រាន់... ចង់ដឹងថាតេស្ត និងសារធាតុបំប៉នណាខ្លះសូមអានបន្ថែម៖ http://healthtime.tips/library/article/1827 ២. តើខ្ញុំមានជំងឺប្រកាំងឬ? បុរសអាយុ២៣ឆ្នាំម្នាក់តែងមានអាការៈឈឺក្បាល គេងមិនសូវលក់ និងហេវហត់ ជាខ្លាំង ហើយតែងតែស្វែងរកការព្យាបាលដោយការប្រើថ្នាំឈឺក្បាល ឬផ្តាសាយ។ គាត់ឆ្ងល់អំពីអាការៈនេះ មិនដឹងត្រូវព្យាបាលបែបណាទើបមានប្រសិទ្ធភាព និងសង្ស័យថាជាជំងឺប្រកាំង។ ករណីនេះត្រូវបានបកស្រាយយ៉ាងក្បោះក្បាយពីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទសរសៃឈាមខួរក្បាល នាយផ្នែកសរសៃប្រសាទខួរក្បាលា នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត.. ចង់ដឹងថាជាករណីអ្វីឲ្យពិតប្រាកដ សូមចូលទៅកាន់៖ http://healthtime.tips/library/article/1819 ៣. វិធីសាស្ត្រជួយអ្នកឲ្យសម្រេចក្តីប្រាថ្នាដោយជោគជ័យសម្រាប់ឆ្នាំថ្មី បំណងប្រាថ្នាឆ្នាំថ្មី ដែលគ្រប់គ្នាតែងនិយាយថា New Year Resolution គឺជាបំណងប្រាថ្នាដែលយើងចង់ធ្វើវាយូរហើយ តែធ្វើមិនបាន ឬមិនបានធ្វើតែម្តង។ វាអាចជាបំណងដែលសល់ពីឆ្នាំចាស់ ឬបំណងថ្មីៗទើបនឹងកើតក្នុងចិត្តយើងគ្រប់គ្នា ប៉ុន្តែសួរថាវាសំខាន់អត់? គួរតែមានឬអត់? ចម្លើយគឺវាអាស្រ័យលើខ្លួនអ្នកហ្នឹងហើយ... ប្រសិនអ្នកមិនច្បាស់ ឬចង់សម្រេចក្តីប្រាថ្នាទាំងនោះតំណភ្ជាប់នេះនឹងជួយអ្នកបាន៖ http://healthtime.tips/library/article/1818 ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ជាមួយវត្តមានត្រឹមតែ ៣ឆ្នាំនៅក្នុងទីផ្សារកម្ពុជា មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ កំពុងបន្តបេសកកម្មផ្តល់ជូនសេវាកម្មផ្នែកសុខាភិបាលដោយផ្តោតសំខាន់ទៅលើវិធីសាស្រ្តលាងឈាមចំពោះអ្នកជំងឺខ្សោយតម្រងនោម និងកំពុងត្រូវបានគេទទួលស្គាល់ពីគុណភាព ប្រសិទ្ធភាព និងជាទំនុកចិត្តទៅតាមស្តង់ដារបស់ប្រទេសជប៉ុនសម្រាប់អ្នកជំងឺទាំងអស់។ ខ្លះៗអំពីជប៉ុន ឡាយហ្វ៍ មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ ជាមន្ទីរសម្រាកព្យាបាលបង្កើតឡើងនៅឆ្នាំ ២០១៦ ក្រោមការសម្រេចចិត្តដែលទទួលបានពីបទពិសោធន៍កើតមានឡើងចំពោះអ្នកម្តាយផ្ទាល់របស់ អគ្គនាយិកា ខេង  កណ្ណិការ ដែលអ្នកម្តាយរបស់ លោកជំទាវត្រូវតម្រូវឲ្យធ្វើការលាងឈាម ដោយសារតែជំងឺខ្សោយតម្រងនោម ដំណាក់កាលទី ៥ តាំងពីឆ្នាំ ២០០២ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីអ្នកជំនាញនៅមន្ទីរពេទ្យកាលម៉ែត និងមជ្ឈមណ្ឌលលាងឈាម ជា ស៊ីម។ ជាមួយប្រវត្តិដែលកើតឡើងចំពោះក្រុមគ្រួសារនេះហើយ ទើបលោកជំទាវ ចាប់ផ្តើមស្វែងរកដៃគូសហការក្នុងការជួយជីវិតរបស់អ្នកម្តាយផ្ទាល់ និងប្រជាជនផ្សេងទៀត។ ចំណែកការសម្រេចចិត្តក្នុងការដាក់ឈ្មោះថា ជប៉ុន ឡាយហ្វ៍ គឺក្នុងគោលបំណងចង់បង្ហាញពីទំនាក់ទំនង និងជាតំណាងសម្រាប់ដៃគូជប៉ុន ម៉្យាងទៀតពាក្យថាឡាយហ្វ៍សំដៅលើជីវិតដែលមានភាពអស្ចារ្យលើសពីជីវិតធម្មតា ជាមួយនឹងក្តីសង្ឃឹមក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺទាំងអស់ ដើម្បីទទួលបានគុណភាពនៃជីវិត និងជីវភាពធូរធារដូចទៅនឹងប្រជាជនជប៉ុនដែលមានភាពល្បីល្បាញខាងផ្នែកសុខភាព។ ក្រៅពីការគាំទ្រយ៉ាងពេញទំហឹងពីដៃគូជប៉ុន មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ ក៏មានការចូលរួមពីភាគីផ្សេងទៀតដូចជា សិង្ហបុរី ចិន ថៃ និងភូមា ដែលមានចំណែកយ៉ាងសំខាន់ទៅលើការផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យ និងសម្ភារផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងមន្ទីរពហុព្យាបាល បន្ថែមពីនោះដៃគូទាំងអស់ក៏ជាប្រភពមិនអាចខ្វះបានក្នុងការបណ្តុះបណ្តាលគុណភាពធនធានមនុស្ស នៅក្នុងមន្ទីរពហុព្យាបាលទៅតាមជំនាញ និងមុខងារតួនាទីនីមួយៗឲ្យបានច្បាស់លាស់ ព្រមទាំងផ្តោតសំខាន់ទៅលើបុគ្គលិកលក្ខណ:សំខាន់ៗដូចជា ត្រូវរួសរាយរាក់ទាក់ មានភាពអត់ធ្មត់ យកចិត្តទុកដាក់ទៅលើអ្នកជំងឺ  គ្រូពេទ្យមានជំនាញច្បាស់លាស់  និងមានឯកទេសពិតប្រាកដ រួមគ្នាថែរក្សាសុខភាព និងរក្សាការសម្ងាត់ និងឈរលើវិជ្ជាជីវៈ ក្រមសីលធម៌ដើម្បីប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ។ ចក្ខុវិស័យចម្បង ចក្ខុវិស័យរបស់មន្ទីរពហុព្យាបាល គឺចង់ឃើញអ្នកជំងឺនៅប្រទេសកម្ពុជាមានសុខភាពល្អដូចអ្នកជំងឺនៅប្រទេសជប៉ុន ដែលផ្តោតសំខាន់ទៅលើសេវាកម្មលាងឈាម និងធានាឲ្យបាននូវលទ្ធភាពការងាររបស់អ្នកជំងឺដូចទៅនឹងប្រជាជនទូទៅ។ បន្ថែមពីនោះ មន្ទីរពហុព្យាបាលគឺមានកាតព្វកិច្ចរក្សាឲ្យបាននូវស្តង់ដា ទៅតាមប្រទេសជប៉ុនឲ្យបាន ១០០ភាគរយ ដោយអនុវត្តជាបុគ្គលគឺ អ្នកជំងឺម្នាក់ត្រូវបានទទួលសេវាកម្ម ដោយប្រើប្រាស់ម៉ាស៊ីនមួយ គ្រែមួយ សម្លៀកបំពាក់មួយឈុត កម្រាលពូកខ្នើយមួយឈុត ទូដាក់ស្បែក ជើងមួយ និងទូសម្លៀកបំពាក់មួយ រួមទាំងគិលានុបដ្ឋាកថែទាំដាច់ដោយឡែករៀងៗខ្លួន។ ចំណែកសម្ភារប្រើប្រាស់ និងម៉ាស៊ីនត្រូវបាននាំចូលមកពីប្រទេសជប៉ុន ដោយផ្ទាល់រួមមាន ម៉ាស៊ីនលាងឈាមថ្មីទំនើប និងជាបច្ចេកវិទ្យាចុងក្រោយបង្អស់ឆ្នាំ២០១៨ រួមមានម៉ាក JMS  Blood Line, JMS AVF, JMS Truss, JMS Hemo set, Original Solution. A & B Original, Dialyzer High Flux JMS។ ក្រៅពីផ្តល់សេវាព្យាបាលដ៏មានទំនុកចិត្ត មន្ទីរពហុព្យាបាល ក៏មានការជួយពីសម្បុរសធម៌ប្រទេសជប៉ុន និងជំនួយឧបត្ថម្ភពីដៃគូជប៉ុន ក្នុងគោលដៅជួយសម្រាលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែប្រសើរឡើង។ អំពីសេវាកម្ម មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍   រួមមានសេវាកម្មដូចជា៖    ១. ពិគ្រោះជំងឺទូទៅ  ២. ពិនិត្យដោយម៉ាស៊ីនវិភាគរាងកាយ  ៣. ឱសថស្ថាន                                              ៤. ពិនិត្យអេកូសាស្រ្ត        ៥. មន្ទីរពិសោធន៍    ៦. សង្គ្រោះបន្ទាន់    ៧. វះកាត់    ៨. លាងឈាម    ៩. សម្រាកព្យាបាល។     ដើម្បីធានាបាននូវគុណភាពរបស់  មន្ទីរពហុព្យាបាលអ្នកគ្រប់គ្រងនិងបុគ្គលគ្រប់ស្រទាប់ថ្នាក់នឹងប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមបាវចនា “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌ សាមគ្គីភាពផ្ទៃក្នុងគោរពវិន័យ និងពង្រឹងសមត្ថភាព”។ ការសម្រេចបាននូវសមិទ្ធិផល ចាប់តាំងពីការចាប់ផ្តើមរហូតមកដល់សព្វថ្ងៃ និងក្រោមកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹង ក៏ដូចជាអភិវឌ្ឍមន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ បានតម្លើងនូវសម្ភារដែលរួមមាន គ្រែអ្នកជំងឺចំនួន ២០ និងម៉ាស៊ីនលាងឈាមចំនួន ១០ រួមទាំងការបន្ថែមបុគ្គលិកសរុប ៤០នាក់។ ថ្មីៗនេះ មន្ទីរពហុព្យាបាលក៏បាននាំចូលម៉ាស៊ីនវិភាគរាងកាយដើម្បីការពារ និងរក្សាសុខភាពផងដែរ។ នៅពីក្រោយភាពជោគជ័យ មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍  ក៏បានជួបផលវិបាកមួយចំនួន  ដូចជា ការពង្រឹងស្តង់ដាគុណភាព  ការបណ្ដុះបណ្ដាលធនធានមនុស្ស និងការអប់រំណែនាំអ្នកជំងឺឲ្យទទួលយកស្តង់ដាដែលថ្មី ។   ការរំពឹងទុកនាពេលអនាគត ការពង្រឹងគុណភាព និងប្រសិទ្ធភាពក្នុងការព្យាបាលជំងឺនៅតែជាចក្ខុវិស័យដ៏ចម្បងក្នុងការបន្តដំណើរការរបស់មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍។ បន្ថែមពីនោះដើម្បីបំពេញតម្រូវការឲ្យបានកាន់តែសម្បូរបែបយើងនឹងបំពាក់ឧបករណ៍ទំនើបទាន់សម័យសម្រាប់ប្រើប្រាស់ និងខិតខំស្វែងរកដៃគូជំនួយផ្សេងទៀតដើម្បីជួយសម្រាលដល់ប្រជាពលរដ្ឋដែលខ្វះខាតក្នុងការទទួលបានការព្យាបាល និងសេវាកម្មថែទាំសុខភាព។ គ្រប់ដំណើរការទាំងអស់របស់ មន្ទីរពហុព្យាបាល យើងក៏មិនអាចភ្លេចបានពីការគាំទ្រទាំងគ្រប់ផ្នែក និងសូមថ្លែងអំណរគុណដល់រដ្ឋមន្រ្តីក្រសួងសុខាភិបាល មជ្ឈមណ្ឌលលាងឈាម ជា ស៊ីម និងមន្ទីរពេទ្យកាល់ម៉ែតព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់ការអនុវត្តការងារ។ ម៉្យាងទៀតការថែរក្សាសុខភាព តាមរយៈការហូបចំណីអាហារ ភេសជ្ជៈដែលមានអនាម័យ និងប្រើប្រាស់ឱសថទៅតាមវេជ្ជបញ្ជាជាកាតព្វកិច្ចដែលប្រជាពលរដ្ឋម្នាក់ៗគួរអនុវត្តឡើងដើម្បីធានាបានសុខភាពល្អ និងសុភមង្គល។ បកស្រាយដោយ៖ អគ្គនាយិកា ខេង  កណ្ណិការ ប្រចាំមន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍  និងជាអនុប្រធានសមាគមអ្នកលក់ឱសថកម្ពុជា ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ឱសថបំបាត់ការឈឺចាប់ ជាប្រភេទថ្នាំដែលត្រូវបានប្រើប្រាស់ជាច្រើន ក្នុងមុខងារសម្របសម្រួលលើប្រព័ន្ធប្រសាទដើម្បីបំបាត់ការឈឺចាប់។ ជាទូទៅការប្រើប្រាស់ឱសថបំបាត់ការឈឺចាប់ មានច្រើនប្រភេទដូចជា ឱសថ Paracetamol ដែលបានប្រើប្រាស់ជាញឹកញាប់ និងប្រភេទ Opioid ដែលជាប្រភេទមួយផ្តល់នូវប្រសិទ្ធភាពជាងគេ។  ថ្មីៗនេះមានការរកឃើញឱសថបំបាត់ការឈឺចាប់ថ្មីដែលជាប្រភេទ Opioid មានឥទ្ធិពលខ្លាំងក្លា ១ពាន់ដង បើប្រៀបធៀបទៅនឹងឱសថបំបាត់ការឈឺចាប់ប្រភេទ Morphine និង ១០ដងខ្លាំងជាងប្រភេទ Fentanyl នេះបើយោងតាមការអនុម័តដោយ FDA (Food and Drug Administration)។ ឱសថបំបាត់ការឈឺចាប់ថ្មីនេះ ត្រូវបានគេហៅថា Dsuvia និងត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងច្បាប់យ៉ាងកំហិត និងក្រោមចំនួនកំណត់មួយដោយអាចផ្តល់ឲ្យតែនៅក្នុង មន្ទីរពេទ្យ មជ្ឈមណ្ឌលវះកាត់និង បន្ទប់សង្គ្រោះបន្ទាន់។ ស្នងការនៃ FDA លោក Scott Gottlieb បានបរិយាយថា ឱសថប្រភេទ Dsuvia ត្រូវប្រើប្រាស់ដោយស្ថិតនៅក្រោមការតាមដានដ៏តឹងរឹងច្បាស់លាស់ និងចាំបាច់។លោក Scott Gottlieb បានបន្តទៀតថា Dsuvia ពុំអនុញ្ញាតឲ្យដាក់លក់តាម ឱសថស្ថាន ឬ ប្រើបា្រស់តាមផ្ទះនោះទេ។ ប្រភេទឱសថនេះ ត្រូវបានផលិតឲ្យប្រើប្រាស់តែម្តង (Single Use) និងមិនអនុញ្ញាតឲ្យប្រើប្រាស់លើសពី ៧២ ម៉ោងឡើយ។ ចំណែកផលវិបាកនៃឱសថនេះអាចធ្វើឲ្យមាន ការបាក់កម្លាំងខ្លាំង មានបញ្ហាផ្លូវដង្ហើម សន្លប់ និង អាចបណ្តាលឲ្យស្លាប់បាន។ ជាក់ស្តែង ឱសថនេះត្រូវបានដាក់ឲ្យប្រើប្រាស់ចំពោះកងទ័ពដោយយកចិត្តទុកដាក់ ដែលជាការសម្រេចរបស់ FDA ក្នុងការផ្តល់ជូនសេវាពិសេសមួយសម្រាប់ការប្រយុទ្ធក្នុងសមរភូមិ។ នៅពីក្រោយប្រសិទ្ធភាពដ៏ប្រសើររបស់ Dsuvia ក៏នៅមានផលវិបាកជាច្រើនដែលពុំអាចជួយដល់អ្នកជំងឺធម្មតាបាន តែសង្ឃឹមថា  អ្នកវិទ្យាសាស្ត្រនឹងបន្តស្វែងរកឱសថបំបាត់ការឈឺចាប់ដែលមានឥទ្ធិពលខ្លាំង និងពុំមានផលវិបាកផ្សេងៗ។  ប្រភពយោង៖ https://www.usatoday.com/story/news/nation-now/2018/11/05/fda-approves-opioid-painkiller-stronger-than-morphine-fentanyl/1889389002/ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ដោយសង្កេតឃើញពីកង្វះខាតនៃការផ្តល់ជូនព័ត៌មាន និងចំណេះដឹងផ្នែកសុខភាពក្នុងសង្គមបច្ចុប្បន្ន ក្រុមហ៊ុន ទស្សនាវដ្ដីហេលស៍ថាម ក៏ចាប់ផ្តើមការចេញផ្សាយទស្សនាវដ្ដីផ្នែកចំណេះដឹងសុខភាពដែលជាទីទុកចិត្តតាមរយៈបទសម្ភាសន៍ពីសំណាក់សាស្រ្តាចារ្យវេជ្ជបណ្ឌិត និងវេជ្ជបណ្ឌិតជាច្រើនផ្នែក បន្ថែមពីនោះក៏ការមានការរៀបរៀងជាអត្ថបទចំណេះដឹងសុខភាពទូទៅដទៃទៀតដែលទទួលបានពីដៃគូសហការ និងសំណាក់ក្រុមអ្នកនិពន្ធ។ ថ្មីៗនេះដែរ ដើម្បីជាការបំពេញតម្រូវការបន្ថែម ដែលមិនត្រឹមតែផ្តល់ជូនទៅកាន់ប្រជាជនទូទៅនោះទេ ថែមទាំងសម្រាប់អ្នកនៅក្នុងវិជ្ជាជីវៈសុខាភិបាលផងដែរ ហេលស៍ថាម ក៏បានបន្តចេញផ្សាយសៀវភៅមួយទៀតឈ្មោះថា មគ្គុទេ្ទសក៍ជំងឺ។  មគ្គុទេ្ទសក៍ជំងឺ ជាសៀវភៅប្រមូលផ្ដុំទៅដោយជំងឺជិត ១០០ ប្រភេទដែលជាការបកស្រាយយ៉ាងក្បោះក្បាយពីសំណាក់ សាស្រ្តាចារ្យវេជ្ជបណ្ឌិត និងវេជ្ជបណ្ឌិត ដោយក្ដោបសំខាន់នូវនិយមន័យ រោគសញ្ញា ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងវិធីសាស្រ្តការពារទៅតាមស្ថានភាពជំងឺនីមួយៗ។ ជាមួយគ្នាផងដែរ ក៏មានការរួមបញ្ចូលនូវផ្នែកករណីសិក្សា ដែលជាការបកស្រាយរបស់វេជ្ជបណ្ឌិតជំនាញទៅកាន់បញ្ហាសុខភាពរបស់អ្នកអានផ្ទាល់។ ចំណុចសំខាន់ដែលគួរចាប់អារម្មណ៍ផ្សេងទៀត សម្រាប់ការចងក្រងសៀវភៅមគ្គុទ្ទេសក៍នេះឡើងគឺដើម្បីជាផ្នែកមួយជួយដល់ការផ្តល់ជូនដល់សាធារណជន ក៏ដូចជាអ្នកនៅក្នុងវិស័យសុខាភិបាល ក្នុងការបង្កើនចំណេះដឹង និងលើកកម្ពស់ ការអប់រំសារៈសំខាន់ផ្នែកសុខាភិបាលក៏ដូចជាការលើកកម្ពស់ការអាន និងស្វែងយល់បន្ថែមក្នុងផ្នែកសុខាភិបាល មិនតែប៉ុណ្ណោះ ក៏ដើម្បីជាផ្នែកមួយក្នុងការបន្តបោះពុម្ពផ្សាយសៀវភៅជាភាសាខ្មែរឲ្យបានកាន់តែច្រើនថែមទៀតផង។  ដើម្បីដាក់ចេញផ្សាយជាផ្លូវការនូវសៀវភៅ មគ្គុទ្ទេសក៍ជំងឺ ក្រុមហ៊ុន ហេលស៍ថាម ខប នឹងរៀបចំកម្មវិធីសម្ពោធសៀវភៅ នាថ្ងៃទី ២៣ ខែមីនាឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់ ១១ព្រឹក នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងគោលបំណងសំខាន់បីគឺ៖ • ដើម្បីដាក់សម្ពោធជាផ្លូវការសៀវភៅមគ្គុទ្ទេសក៍ជំងឺ របស់ក្រុមហ៊ុនហេលស៍ថាម និងការតាំងលក់សៀវភៅ ដើម្បីយកថវិកានៃការលក់សៀវភៅ១០% ដើម្បីបង្កើតកម្មវិធីសប្បុរធម៌នាពេលខាងមុខនេះ • ការថ្លែងអំណរគុណដល់លោក លោកស្រី វេជ្ជបណ្ឌិត និងសាស្ត្រាចារ្យវេជ្ជបណ្ឌិត ទាំងអស់ដែលបានចូលរួមចែករំលែកនូវអត្ថបទចំណេះដឹងសុខភាពដ៏មានតម្លៃ ក្នុងការចងក្រងសៀវភៅមគ្គុទេ្ទសក៍ជំងឺឡើង • ការបង្ហាញពីអត្ថប្រយោជន៍របស់សៀវភៅ ដល់សាធារណជន។ សម្រាប់កម្មវិធីមួយព្រឹកនៃការសម្ពោធសៀវភៅ មគ្គុទ្ទេសក៍ជំងឺ នាពេលខាងមុខនេះ ក៏នឹងមានរបៀបវារៈសំខាន់ៗក្នុងកម្មវិធីរួមមាន៖ • សន្ទរកថាសង្ខេប ពីសំណាក់នាយក ក្រុមហ៊ុន ហេលស៍ថាម ខប • ពិធីសម្ពោធសៀវភៅ មគ្គុទ្ទេសក៍ជំងឺ ជាផ្លូវការ • ពិធីថ្លែងអំណរគុណ ដល់ដៃគូសហការ និងវេជ្ជបណ្ឌិតជាទីប្រឹក្សា របស់សៀវភៅ មគ្គុទ្ទេសក៍ជំងឺ • សម្រាក និងសកម្មភាពទំនាក់ទំនងទៅវិញទៅមករបស់ភ្ញៀវកិត្តិយស • សន្និសីទសារព័ត៌មានជុំវិញការចងក្រងសៀវភៅ • ការសម្ដែងពីក្រុមនិស្សិតសុខាភិបាល • បិទកម្មិធី និងការថ្លែងអំណរគុណដល់អ្នកដែលបានចូលរួម។ កម្មវិធីនឹងរំពឹងទុកមានការចូលរួមពីសំណាក់ សាស្ត្រាចារ្យវេជ្ជបណ្ឌិត វេជ្ជបណ្ឌិត ក្រុមហ៊ុនសហការនិង ក្រុមហ៊ុនពាក់ព័ន្ធក្នុងវិស័យសុខាភិបាល សិស្សនិស្សិតសុខាភិបាល អ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាល រួមទាំងសាធារណជន ដែលជាសក្ខីភាពសម្រាប់ការផ្សព្វផ្សាយជាផ្លូវការនៃសៀវភៅ មគ្គុទ្ទេសក៍ជំងឺ។ គួរបញ្ជាក់ផងដែរ ហេលស៍ថាម ខប ជាក្រុមហ៊ុននាំមុខគេដែលផ្តោតសំខាន់ជាចម្បងនូវការចែករំលែកចំណេះដឹងសុខភាព និងផ្តល់ជូនជាព័ត៌មានទៅកាន់ប្រជាជនទាំងអស់ពីសេវាកម្មសម្រាប់តម្រូវការផ្នែកសុខាភិបាលអស់រយៈពេល ៧ឆ្នាំមកហើយ។ ហើយសម្រាប់ការចេញផ្សាយជាសៀវភៅ “មគ្គុទេ្ទសក៍ជំងឺ” គឺជាការចាប់ផ្ដើមបំពេញបន្ថែមតម្រូវការដែលកំពុងខ្វះខាតដោយក្រុមហ៊ុននឹងបន្តផ្តល់ជូនការចេញផ្សាយជាបន្តទៀតនៅពេលខាងមុខ។  សម្រាប់ការចូលរួម៖  • ស្វាគមន៍ចំពោះគ្រប់សាធារណជនទាំងអស់ • ពេលវេលា និងទីតាំង ៖ ព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) • ចុះឈ្មោះតាមរយៈ ៖https://docs.google.com/forms/d/e/1FAIpQLScp5E9NxppMoV3ta1i9aV3Pa0SRAirVZ5981TstpFuXSo7SIA/viewform ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

អ្នកដឹងទេ? កង្វះគ្រាប់ឈាមក្រហមប្រៀបបាននឹងកង្វះយាន្តជំនិះសម្រាប់ដឹកជញ្ជូនក្នុងការផ្គត់ផ្គង់អាហារ និងខ្យល់អុកស៊ីសែនចិញ្ចឹមរាងកាយទាំងមូល។ ហេតុនេះ ដើម្បីបន្តការរស់រានមានជីវិតរបស់កោសិកាក៏ដូចជារាងកាយទាំងមូល ការព្យាបាលមូលហេតុបង្កដែលបណ្តាលឲ្យកង្វះគ្រាប់ឈាមជាប្រការចាំបាច់បំផុត។ កង្វះគ្រាប់ឈាមក្រហមជាអ្វី ? កង្វះឈាមក្រហម (Anemia) មិនមែនជាជំងឺនោះទេ តែជារោគសញ្ញាបាត់បង់គ្រាប់ឈាមក្រហមដែលបណ្តាលមកពីមូលហេតុច្រើនយ៉ាង។ មកដល់ពេលនេះ មិនមានការសិក្សាពីអត្រានៃជំងឺនេះទេ ព្រោះមូលហេតុរបស់វាមានច្រើនដែលតម្រូវឲ្យអ្នកជំងឺទៅព្យាបាលតាមឯកទេសនៃមូលហេតុ។ ដំណាក់កាល និងប្រភេទ បញ្ហាកង្វះឈាមក្រហម មិនត្រូវបានបែងចែកជាដំណាក់កាលដូចជំងឺមហារីកទេ។ ទោះបីជាយ៉ាងណាក្រុមគ្រូពេទ្យឯកទេសអាចធ្វើការវាយតម្លៃស្ថានភាពធ្ងន់ធ្ងរនៃរោគសញ្ញានេះ ដោយយោងទៅតាមកម្រិតថយចុះរបស់អេម៉ូក្លូប៊ីនរបស់គ្រាប់ឈាមក្រហម(Hemoglobin) បូករួមជាមួយរោគសញ្ញាគ្លីនិកផ្សេងៗដែលអ្នកជំងឺកំពុងមានជាក់ស្តែង (Anemiatolerance) មុននឹងធ្វើការសម្រេចចិត្តជ្រើសរើសវិធីសាស្ត្រព្យាបាលដែលសមស្របដើម្បីផ្តល់ជូនអ្នកជំងឺ។ មូលហេតុ និងកត្តាប្រឈម ជាទូទៅ មូលហេតុដែលបង្កឲ្យមានបញ្ហានេះត្រូវបានបែងចែកជា ២ប្រភេទគឺ ការថយចុះនៃការផលិតគ្រាប់ឈាម និងការកើនឡើងការបំផ្លាញគ្រាប់ឈាម។ ជាក់ស្តែង កត្តាដែលបណ្តាលឲ្យមានការថយចុះនៃការផលិតគ្រាប់ឈាមមានដូចជា៖ - ថយចុះការរំញោចឲ្យមានការផលិតគ្រាប់ឈាមតាមរយៈអ័រម៉ូនរបស់តម្រងនោមដែលមានឈ្មោះថា Erythropoietin - របបអាហារមិនសម្បូរទៅដោយ ជាតិដែក វីតាមីនបេ ១២ ឬហ្វូឡាត - មានជំងឺក្រពេញទីរ៉ូអុីត (កង្វះការផលិតអ័រម៉ូនទីរ៉ូអ៊ីត)។ ចំណែក មូលហេតុធំៗនៅពីក្រោយបញ្ហាកង្វះគ្រាប់ឈាមក្រហម ដែលគួរឲ្យតក់ស្លុត និងតែងកើតមានឡើងជាញឹកញាប់នៅកម្ពុជាព្រមទាំងជាមូលហេតុទាក់ទងនឹងការកើនឡើងការបំផ្លាញគ្រាប់ឈាមនោះគឺ៖  - មហារីកក្រពះ - មហារីកពោះវៀន - មហារីកស្បូន - មហារីកមាត់ស្បូន - មហារីកឈាមស៊ីឆ្អឹង (Multiple Myeloma) - ដំបៅក្រពះ ដំបៅពោះវៀនរ៉ាំរ៉ៃ - ដុំសាច់ក្នុងស្បូន - មហារីកឈាម - ជំងឺបែកគ្រាប់ឈាម។ បន្ថែមពីនេះ ស្ត្រីមានផ្ទៃពោះ តាឡាស់សេមី (Thalassemia) ព្រូន តេនញ៉ាសត្វល្អិតក្នុងពោះវៀន និងជំងឺឆ្លងផ្សេងៗ ក៏សុទ្ធតែជាមូលហេតុដែលនាំឲ្យកង្វះគ្រាប់ឈាមក្រហមផងដែរ។ រោគសញ្ញា និងផលប៉ះពាល់ អ្នកជំងឺដែលកំពុងមានបញ្ហាកង្វះគ្រាប់ឈាមតែងស្តែងឡើងនូវអាការៈគួរឲ្យកត់សម្គាល់មួយចំនួនដូចជា៖ - ស្លេកស្លាំង - អស់កម្លាំង - ញ័រទ្រូង - ចង្វាក់បេះដូងដើរមិនទៀងទាត់ - ឆាប់ហត់ ជាពិសេសក្នុងអំឡុងពេលធ្វើការ - ឧស្សាហ៍ក្តៅខ្លួន - ត្រជាក់ចុងដៃចុងជើង - ឈឺក្បាល និងវិលមុខជាដើម។ អាការៈទាំងនេះអាចផ្តល់ជាផលរំខានដល់ការងារនិងសកម្មភាពប្រចាំថ្ងៃរបស់ពួកគាត់យ៉ាងខ្លាំង។ វិធីសាស្រ្តធ្វើរោគវិនិច្ឆ័យ ដើម្បីកំណត់អត្តសញ្ញាណថា តើអ្នកជំងឺពិតជាកំពុងកើតមានបញ្ហានេះ ឬយ៉ាងណា ក្រុមគ្រូពេទ្យឯកទេសនឹងធ្វើការសាកសួរអំពីប្រវត្តិគ្រួសារ រោគសញ្ញាជាក់ស្តែង បូករួមជាមួយការធ្វើតេស្តឈាម ឬតេស្តខួរឆ្អឹងខ្នង (ប្រសិនបើចាំបាច់)។ ដូចនេះអ្នកជំងឺស្លេកស្លាំងគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីរកមូលហេតុនៃកង្វះគ្រាប់ឈាមក្រហម និងដើម្បីទទួលបានការព្យាបាលដ៏ត្រឹមត្រូវ។ ការព្យាបាល ដោយហេតុថា មូលហេតុបង្កឲ្យមានបញ្ហានេះមានច្រើនប្រភេទណាស់ ដូចនេះការស្វែងរកឫសគល់នៃបញ្ហារួមបញ្ចូលជាមួយការប្រើប្រាស់វិធីសាស្រ្តព្យាបាលឲ្យបានត្រឹមត្រូវ គឺជាការព្យាបាលដ៏មានប្រសិទ្ធភាពដែលមិនអាចត្រូវបានមើលរំលង។ ល្គឹកណា ដើមចមនៃជំងឺនៅតែមាន នោះបញ្ហាកង្វះឈាមក្រហមក៏មិនអាចធូរស្រាលបានឡើយ។ ឧទាហរណ៍៖ - បើអ្នកជំងឺខ្វះជាតិដែក ការព្យាបាលគឺឲ្យជាតិដែក - បើមូលហេតុខ្វះឈាមក្រហមដោយសារមានហូរឈាមតិចៗរ៉ាំរ៉ៃតាមក្រពះ ពោះវៀន គឺត្រូវរកមើលថាតើវាជាដំបៅធម្មតា ឬដំបៅមហារីកដើម្បីព្យាបាលឲ្យចំទិសដៅ។ល។ គួរបញ្ជាក់ផងដែរថា អ្នកជំងឺស្លេកស្លាំង ឬខ្វះគ្រាប់ឈាមក្រហមភាគច្រើនតែងរកជាវថ្នាំជាតិដែក និងវីតាមីនដោយខ្លួនឯងព្រោះមានជំនឿថាអាចប៉ូវគ្រាប់ឈាមវិញបាន។ ប៉ុន្តែ បញ្ហាខ្វះគ្រាប់ឈាមក្រហមមិនមែនសុទ្ធតែត្រូវព្យាបាលដោយថ្នាំជាតិដែក និងវីតាមីននោះទេពីព្រោះមានមូលហេតុផ្សេងៗគ្នាជាច្រើនដូចដែលបានរៀបរាប់ខាងលើ។ ជាក់ស្តែង ភាពស្លេកស្លាំងអាចព្យាបាលជា ឬមិនជាក៏ទៅតាមមូលហេតុដែលបង្ក។ គួរចងចាំថា ការព្យាបាលមូលហេតុដែលបង្កឲ្យខ្វះឈាមក្រហមជាការចាំបាច់  ការបញ្ចូលឈាមគ្រាន់តែជាការព្យាបាលសង្គ្រោះជីវិតបន្ទាន់ប៉ុណ្ណោះ។ ផលវិបាក ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលាទេនោះ កង្វះគ្រាប់ឈាមក្រហមអាចបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនដូចជា៖ - ខាតបង់ការងារប្រចាំថ្ងៃ  ដោយសារអាការៈហេវហត់ខ្លាំង - កូនអាចកើតមិនគ្រប់ខែ ចំពោះស្ត្រីមានផ្ទៃពោះ - អាចវិវឌ្ឍជាជំងឺខ្សោយបេះដូង ដោយសារភាពរ៉ាំរ៉ៃនៃចង្វាក់បេះដូងដើរមិនទៀងទាត់ - និងអាចបណ្តាលឲ្យបាត់បង់ជីវិតទៀតផង។ វិធីសាស្រ្តការពារ លើកលែងតែស្រ្តីមានផ្ទៃពោះប៉ុណ្ណោះ ដែលយើងអាចការពារជំងឺកង្វះឈាមក្រហមបាន ក្រៅពីនេះត្រូវការទទួលទាននូវរបបអាហារសុខភាព សម្បូរទៅដោយសារធាតុចិញ្ចឹមគ្រប់មុខ ព្រមទាំងរក្សាឲ្យបាននូវទម្លាប់ពិនិត្យសុខភាពឲ្យបានជាប្រចាំតាមការណែនាំរបស់គ្រូពេទ្យជាប្រការដែលចាំបាច់ និងសំខាន់បំផុតក្នុងការការពារ និងព្យាបាលជំងឺឲ្យទាន់ពេលវេលាព្រមទាំងមានប្រសិទ្ធភាពខ្ពស់។ “ការលេបថ្នាំជាតិដែក និងវីតាមីនដោយមិនបានស្រាវជ្រាវពិនិត្យរកមូលហេតុឲ្យអស់សេចក្តីអាចជាការផ្តល់ឱកាសឲ្យជំងឺវិវឌ្ឍរហូតដល់ដំណាក់កាលធ្ងន់ធ្ងរ និងនាំមកនូវភាពយឺតយ៉ាវក្នុងការព្យាបាលប្រកបដោយប្រសិទ្ធភាព។” បកស្រាយដោយ៖ វេជ្ជបណ្ឌិត សុខ សុធា ឯកទេសជំងឺឈាម និងជំងឺមហារីក នៅមជ្ឈមណ្ឌលជាតិជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការបង្ករោគនៅតម្រងនោម ជាការរលាកដែលបណ្តាលមកពីមេរោគនៅបំពង់បង្ហួរនោម ដែលជាទូទៅស្ត្រីមានផ្ទៃពោះអាចប្រឈមកាន់តែខ្លាំងឡើងចន្លោះសប្តាហ៍ទី៦ និងសប្តាហ៍ទី២៤។ ការកើនឡើងនូវភាពប្រឈមនេះមួយផ្នែកដោយសារការផ្លាស់ប្តូររូបរាងតម្រងនោម ព្រោះស្បូនរបស់ស្ត្រីចាប់ផ្តើមរីកធំ ហើយធ្ងន់ប៉ះលើប្លោកនោម កាត់បន្ថយលំហូរទឹកនោម ជាហេតុបណ្តាលឲ្យមានការបង្ករោគ។ ក្នុងករណីម្តាយមានការបង្ករោគនៅតម្រងនោម នោះទារកអាចប្រឈមនឹងការកើតមិនគ្រប់ខែ ឬមិនគ្រប់ទម្ងន់ រីឯម្តាយមានការពិបាកក្នុងការព្យាបាលដោយសារការប្រើប្រាស់ថ្នាំក្នុងរយៈពេលមានផ្ទៃពោះមានកម្រិត ហើយប្រសិនបើម្តាយធ្វើការការពារបានត្រឹមត្រូវ នោះការបង្កគ្រោះថ្នាក់ដល់ទារកនឹងត្រូវបានកាត់បន្ថយ។ ដូច្នេះ គន្លឹះមួយចំនួនខាងក្រោមនឹងជួយឲ្យអនាគតអ្នកម្តាយជំនាន់ថ្មី ឬអ្នកម្តាយគ្រប់រូប អាចកាត់បន្ថយនូវហានិភ័យ ក៏ដូចជាការពារខ្លួនពីការបង្ករោគទាំងនោះ៖ • ពិសាទឹក ៦ទៅ៨កែវក្នុងមួយថ្ងៃ ប្រសិនបើអាចអ្នកគួរពិសា បន្ថែមនូវទឹកក្រែនបឺរីច្របាច់ស្រស់ដែលមិនដាក់ស្ករឲ្យបានជាប្រចាំ • ទទួលទានវីតាមីន C (២៥០ ទៅ៥០០មីលីក្រាម) បេតាការូទែន (២៥០០០ ទៅ ៥០០០០ IU ក្នុងមួយថ្ងៃ) និងស័ង្កសី (៣០ទៅ៥០មីលីក្រាម) ដើម្បីប្រឆាំងជំងឺ • មុនពេលប្រើប្រាស់បន្ទប់ទឹកសាធារណៈ អ្នកគួរសម្អាតជាមួយផលិតផលសម្លាប់មេរោគនៅចានបង្គន់ និងកម្រាលឥដ្ឋជុំវិញបង្គន់ជាមុនសិនដែលអាចមានជាស្ព្រៃយ៍បាញ់  ឬក្រដាសសើមសម្លាប់មេរោគជាដើម • បង្កើតទម្លាប់បត់ជើងតូចភ្លាមៗ រាល់ពេលឈឺបត់ជើង និងបត់ជើងឲ្យអស់ • ត្រូវបត់ជើងតូចរាល់មុនពេល និងក្រោយពេលរួមភេទ • បន្ទាប់ពីបត់ជើងតូច ត្រូវជូតដោយក្រដាសសើមថ្នមៗឲ្យស្អាត និងស្ងួត តែត្រូវប្រាកដថាជូតពីមុខទៅក្រោយ • ឧស្សាហ៍ផ្លាស់ប្តូរខោទ្រនាប់ជាប្រចាំ ហាមស្លៀកខោរឹប និងតឹងពេក • កុំត្រាំក្នុងអាងហែលទឹកច្រើនជាង៣០នាទី ឬ២ដងក្នុងមួយថ្ងៃ • ចៀសវាងការបរិភោគអាហារកំប៉ុង ស្រា បារី កាហ្វេ • មិនត្រូវប្រើប្រាស់សាប៊ូដែលកាត់ខ្លាំង សាប៊ូដុសខ្លួន ក្រែមប្រឆាំងមេរោគត្រង់តំបន់ផ្លូវទឹកនោម។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរប្រញាប់ជួបជាមួយគ្រូពេទ្យ និងធ្វើការព្យាបាលឲ្យបានលឿនបំផុត ប្រសិនបើអ្នកនៅតែមានឱកាសឆ្លងមេរោគនៅត្រង់ប្លោកនោម ដែលអ្នកអាចដឹងបានតាមរយៈសញ្ញាមួយចំនួនខាងក្រោម៖ • ឈឺចាប់រាល់ពេលបត់ជើង • បត់ជើងតូចញឹកញាប់ជាងមុន និង/ឬមានអារម្មណ៍ថាមិនអស់ • មានអារម្មណ៍ថាចង់បត់ជើងតូចភ្លាមៗរាល់ពេលឈឺបត់ជើង • មានឈាម ឬខ្ទុះក្នុងទឹកនោម • ឈឺចាប់ត្រង់តំបន់ពោះផ្នែកខាងក្រោម • ឈឺចាប់រាល់ពេលធ្វើការរួមភេទ • គ្រុនញាក់ ក្តៅខ្លួន បែកញើស ចង្អោរ ក្អួត • បរិមាណទឹកនោមខុសធម្មតា អាចតិច ឬច្រើនជាងមុន • ទឹកនោមមានសភាពល្អក់ មានក្លិនអាក្រក់ ឬក្លិនឆ្អេះជាងមុន • មានអារម្មណ៍ឈឺ តឹង និងធ្ងន់ត្រង់តំបន់ប្លោកនោម។ “ការពារប្រសើរជាងព្យាបាល” ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

បន្ទាប់ពីអ្នកបានសម្រាលកូនរួច អ្នកអាចប្រហែលអស់កម្លាំង ឬមានអារម្មណ៍ថាគ្មានពេលវេលាដើម្បីឲ្យខ្លួនឯង ញ៉ាំរបស់ដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណ។ ស្ត្រីភាគច្រើនឡើងទម្ងន់ជាមធ្យមចន្លោះពី ៥ទៅ១៨គីឡូក្រាមអំឡុងពេលមានផ្ទៃពោះ ហើយបន្ទាប់ពីកូនត្រូវបានសម្រាលរួចអ្នកម្តាយគ្រប់រូបតែងមានកង្វល់អំពីទម្ងន់របស់ខ្លួន។ គម្រោងនៃការធ្វើលំហាត់ប្រាណ រួមជាមួយរបបអាហារសុខភាពនឹងជួយអ្នកបង្កើនមេតាបូលីស និងដុតបំផ្លាញកាល់ឡូរី។ ការបំបៅដោះកូន និងការស្រកទម្ងន់ កម្រិតនៃការស្រកទម្ងន់គឺស្ថិតនៅចន្លោះកន្លះទៅមួយគីឡូក្រាមក្នុងមួយសប្តាហ៍ អំឡុងពេលនៃការបំបៅដោះកូនរបស់អ្នក។ ការស្រកទម្ងន់បន្ថែមកាន់តែលឿនតាមរយៈរបបអាហារអាចមានន័យថាអ្នកមិនបានផ្តល់នូវសារធាតុបំប៉នគ្រប់គ្រាន់ទៅកាន់កូនអ្នកឡើយ។ ការបំបៅដោះ គឺមិនគ្រាន់តែល្អសម្រាប់កូនតូចរបស់អ្នកទេ វាក៏អាចជួយអ្នកឲ្យស្រកទម្ងន់ដែលកើនឡើងអំឡុងពេលមានផ្ទៃពោះ ព្រោះរាងកាយរបស់អ្នកប្រើសារធាតុខ្លាញ់និងថាមពលទៅផ្តល់អាហារដល់កូនរបស់អ្នក។ ម៉្យាង អ្នកប្រហែលអាចរកឃើញថាអ្នកមិនស្រកទម្ងន់រហូតទាល់តែអ្នកឈប់បំបៅដោះកូន។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីដែលបំបៅកូនដោយទឹកដោះ ហោចណាស់ ៣ខែដំបូងហាក់ដូចជាស្រកទម្ងន់ដែលបានឡើងពេលកំពុងមានទម្ងន់លឿនជាងស្ត្រីដែលមិនបំបៅកូនដោយទឹកដោះ។ ការបំបៅដោះកូនអាចធ្វើឲ្យអ្នកឃ្លានដូច្នេះអ្នកគួរទទួលទានបន្លែបន្ថែម ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមផ្សេងទៀតដែលល្អបំផុត និងគួរព្យាយាមចៀសវាងប្រភេទអាហារកំប៉ុងដែលសម្បូរដោយខ្លាញ់ និងស្ករ រួមជាមួយនឹងការទទួលទានទឹកធម្មតាឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ក្រៅពីនេះ អ្នកចាំបាច់ត្រូវគោរពតាមគន្លឹះសំខាន់ដូចខាងក្រោម៖ • ទទួលទានអាហារស្រស់ និងសម្បូរដោយសរសៃគ្រប់ប្រភេទដូចជា បន្លែ ប្រូតេអ៊ីន និងប្រភេទគ្រាប់ធញ្ញជាតិ • ញ៉ាំក្នុងបរិមាណតិចតែសមរម្យ ដោយទម្លាប់ប្រើចានតូចល្មម និងអង្គុយញ៉ាំយឺតៗ • ករណីអ្នកឃ្លានខ្លាំង អ្នកគួរជ្រើសរើសអាហារសុខភាពជាជាង អាហារសម្រន់កំប៉ុង ឬអាហារកែច្នៃ • មិនគួររក្សាប្រភេទអាហារកញ្ចប់ដែលមិនសូវសម្បូរសារធាតុចិញ្ចឹមដាក់ក្នុងផ្ទះរបស់អ្នកឡើយ • ចាប់ផ្តើមហាត់ប្រាណដោយការដើរជាមួយកូនតូចរបស់អ្នក ឬ/និងអាចចាប់ផ្តើមថ្នាក់ហាត់ប្រាណសារជាថ្មី។ ការស្វែងរកជំនួយ អ្នកត្រូវត្រៀមខ្លួនជានិច្ច ប្រសិនអ្នកលើសទម្ងន់មុនពេលអ្នកចាប់ផ្តើមមានផ្ទៃពោះ អ្នកប្រហែលត្រូវប្រឹក្សាជាមួយគ្រូពេទ្យអំពីវិធីសាស្ត្រនានាដែលអាចសម្រកទម្ងន់របស់អ្នកបានអំឡុងពេលនេះ។ ក្រៅអំពីការត្រៀមខ្លួន អ្នកគួររៀបគម្រោងរបបអាហារដែលសម្បូរដោយសារធាតុចិញ្ចឹម ប៉ុន្តែត្រូវធ្វើឡើងតាមសម្រួលករណីសម្រកទម្ងន់បន្ទាប់ពីសម្រាលកូនហើយ។ វាពិតជាមិនសូវល្អចំពោះសុខភាពអ្នកជាម្តាយនោះទេបើអ្នកស្រកទម្ងន់ខ្លាំងពេក ឬស្រកទម្ងន់លឿនពេក។ ខ្លួនអ្នកត្រូវការថាមពលក្នុងការរក្សាខ្លួនឯង និងគ្រួសារក៏ដូចជាកូនតូចរបស់អ្នក។ អ្វីដែលអ្នកមិនត្រូវភ្លេច ប្រសិនបើអ្នកបារម្ភខ្លាំងអំពីទម្ងន់របស់អ្នកក្រោយសម្រាល យកល្អអ្នកគួរពិភាក្សាជាមួយគ្រូពេទ្យ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ហានិភ័យសុខភាព ព្រមទាំងរោគសញ្ញារំខានជាច្រើនដែលអាចកើតមានឡើងនៅអំឡុងពេលវ័យអស់រដូវរបស់ស្ត្រី ជាទូទៅត្រូវបានការពារក៏ដូចជាព្យាបាលជាចម្បងដោយសារធាតុអ័រម៉ូនជំនួស (HRT)។ ស្របពេលជាមួយគ្នា Isoflavones ក្នុងសណ្តែកសៀងជាសារធាតុដែលទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ដោយសារការផ្តល់នូវប្រសិទ្ធភាពសម្របសម្រួលអាការៈរបស់ស្ត្រីអស់រដូវ ក៏ដូចជាការការពារការប្រឈមទៅនឹងជំងឺពុកឆ្អឹង និងជំងឺសរសៃឈាមបេះដូង ជាពិសេសវាមានភាពប្រសើរជាង HRT បើប្រៀបធៀបលើផលរំខានពីការព្យាបាលរបស់វា ដោយសារលក្ខណៈជម្រើសសកម្មភាពលើប្រភេទជាលិកាជាក់លាក់របស់វា។  ជាលទ្ធផល ការបន្ថែម isoflavonesពីសណ្តែកសៀងក្នុងរបបអាហារ បានបង្ហាញនូវអត្ថប្រយោជន៍បែបគ្លីនិកជាច្រើន បើយោងតាមការសិក្សា ដោយក្នុងនោះរួមមាន៖ អាការៈក្តៅក្រហល់ក្រហាយក្នុងខ្លួន អាការៈនេះកើតមានជាពិសេសនៅពេលយប់ ដោយរួមមកជាមួយនឹងការបែកញើស ដែលធ្វើឲ្យស្ត្រីអស់រដូវដែលរងគ្រោះ ត្រូវការការព្យាបាលដើម្បីកាត់បន្ថយភាពរំខាននេះ។ ការបរិភោគអាហារសម្បូរដោយ Isoflavones ពីសណ្តែកសៀងត្រូវបានដឹងថាអាចកាត់បន្ថយអាការៈនេះបានយ៉ាងប្រសើរ។ Isoflavones ក៏ត្រូវបង្ហាញដោយជោគជ័យផងដែរថាអាចការពារអាការៈក្តៅក្រហល់ក្រហាយនេះបានតាំងពីដំណាក់កាលជិតអស់រដូវ។  ការរសាត់ឆ្អឹង បញ្ហាពុកឆ្អឹង និងថយចុះនៃដង់ស៊ីតេឆ្អឹង គឺជាបញ្ហាទូទៅដែលកើតមានក្នុងចំណោមស្ត្រីអស់រដូវ ហើយវាគឺជាមូលហេតុនៃភាពពិបាកបត់បែន និងការឈឺចាប់នៃសន្លាក់។ ពុំមានការការពារណាអាចជំនួសទម្លាប់បរិភោគអាហារត្រឹមត្រូវ ព្រមទាំងការរក្សានូវសន្ទស្សន៍ម៉ាស់រាងកាយ (BMI) បានឡើយចំពោះបញ្ហារសាត់ឆ្អឹង ដោយក្នុងនោះអាហារសម្បូរដោយ Isoflavone​ត្រូវបានចាត់ទុកថាជាដំណោះស្រាយការពារដ៏ល្អចំពោះស្ត្រីអស់រដូវ។ បម្រែបម្រួលមេតាបូលីស បេះដូង និង BMI  ភស្តុតាងពីការសិក្សាថ្មីៗនេះ បានបង្ហាញថា ហានិភ័យនៃបញ្ហាមេតាបូលីស និងជំងឺលើសទម្ងន់ ក៏ដូចជាការរើឡើងវិញរបស់វាមានការកើនឡើងដល់ទៅ ៣ដងចំពោះស្ត្រីអស់រដូវបើធៀបនឹងស្ត្រីមិនទាន់អស់រដូវ ដែលជាលទ្ធផលនាំមកនូវផលវិបាកជាការវិវឌ្ឍជាជំងឺទឹកនោមផ្អែម សរសៃឈាមបេះដូង ការលើសជាតិខ្លាញ់ ការស៊ាំនឹងអាំងស៊ុយលីននិងលើសសម្ពាធឈាម។ ជំងឺមហារីក ទំនាក់ទំនងរវាងការប្រឈមនឹងជំងឺមហារីកសុដន់ និងការការពាររបស់វាដោយប្រើប្រាស់សារធាតុអង់ទីអុកស៊ីតកម្មត្រូវបានលើកយកមកសិក្សា និងអង្កេតយ៉ាងទូលំទូលាយ។ តាមរយៈការសិក្សាមួយចំនួនបានបង្ហាញថាអឺស្ត្រូសែនពីធម្មជាតិ (Isoflavones) អាចចាត់ទុកបានថាមានអត្ថប្រយោជន៍ការពារជំងឺមហារីកបាន។ បម្រែបម្រួលស្បែក ការថយចុះនៃកម្រាស់ស្បែក ដោយសារការរួមនៃស្រទាប់ស្បែក និងខ្លាញ់ ភាពស្ងួត ជ្រីវជ្រួញ និងការកើនឡើងនៃដំបៅរាលដាល គឺជាបញ្ហាដែលកើនឡើងជាមួយនឹងអាយុ ហើយជាអកុសលក៏កាន់តែមានការវិវឌ្ឍកាន់តែឆាប់រហ័សផងដែរនៅពេលស្ត្រីចូលដល់ដំណាក់កាលអស់រដូវ ដោយសារតែបម្រែបម្រួលនៃអ័រម៉ូនអឺស្ត្រូសែន។ Genistein aglycone ជាទម្រង់មួយនៃ Isoflavones ដែលបរិមាណដ៏ច្រើនរបស់វាឃើញមានក្នុងសណ្តែកសៀងផ្អាប់ត្រូវបានចាត់ទុកថាមានតួនាទីការពារបញ្ហាបម្រែបម្រួលស្បែកទាក់ទងនឹងវ័យអស់រដូវដោយមិនផ្តល់នូវផលវិបាកទាក់ទងនឹងអឺស្ត្រូសែនលើជាលិកាបន្តពូជឡើយ។ ជំងឺធ្លាក់ទឹកចិត្ត ជំងឺធ្លាក់ទឹកចិត្តត្រូវបានដឹងថាជាបញ្ហាដ៏ចម្បងមួយក្នុងចំណោមជំងឺទាំង ១១ ដែលស្ត្រីអស់រដូវអាចប្រឈមខ្លាំង។ ការសិក្សាមួយបានណែនាំថា Isoflavones អាចបង្កើនសារប្រយោជន៍ចំពោះអ្នកជំងឺបាក់ទឹកចិត្តបាន។ ជាពិសេស ការរួមផ្សំជាមួយនឹងឱសថ Sertraline ឬ  Fluoxetine ជាមួយ Isoflavones បានបង្ហាញនូវភាពប្រសើរឡើងផ្នែកអារម្មណ៍អ្នកជំងឺជាជាងការព្យាបាលដោយឡែកនៃឱសថមួយៗ ឬ Isoflavones តែឯង។ ការរួមនៃស្រទាប់ជាលិការំអិលយោនី ស្បែក និងស្រទាប់រំអិល នឹងបាត់បង់សំណើមនៅពេលវ័យកាន់តែចាស់ជាពិសេសនៅវ័យអស់រដូវដែលភាពស្ងួតនេះអាចធ្វើឲ្យងាយប្រឈមនឹងភាពរលាក។ បញ្ហារួមនៃយោនីក៏កាន់តែកើនឡើងផងដែរចំពោះស្ត្រីអស់រដូវ។ ការប្រើប្រាស់ Isoflavones ៦០មីលីក្រាមក្នុងមួយថ្ងៃ រយៈពេលមួយខែបានបង្ហាញលទ្ធផលលើការធ្វើតេស្ត Pap Smear ថាធ្វើឲ្យភាពរួមនៃយោនីមានការធូរស្រាល និងផ្តល់ឲ្យអ្នកជំងឺមានអារម្មណ៍ប្រសើរឡើងផងដែរ។  ស្របពេលជាមួយគ្នា ការធ្វើតេស្តឈាម និងទឹកនោម ក៏មិនបានបង្ហាញនូវផលរំខានទាក់ទងនឹងការបញ្ចេញនៃអ័រម៉ូនទៅលើថ្លើមនិងតម្រងនោមឡើយ។ Isoflavones ពីសណ្តែកសៀង បានក្លាយទៅជាជម្រើសមួយទៀតនៃការព្យាបាលចំពោះស្ត្រីអស់រដូវ ដោយសារតែឥទ្ធិពល និងសារប្រយោជន៍ដ៏មានតម្លៃរបស់វា។ ជាមួយការព្យាបាលរួមនឹងវិធីសាស្ត្រជាក់លាក់ Isoflavones ក៏ផ្តល់នូវភាពចាំបាច់សម្រាប់បង្កើនគុណភាពជីវិតចំពោះស្ត្រីអស់រដូវផងដែរ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share
Top