Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ទារកដែលបំបៅទឹកដោះគោគឺទាមទារឲ្យមានអនាម័យខ្ដស់បំផុត។បើជាមិនមានអនាម័យបានល្អនោះទេអាចបណ្តាលឲ្យទារករាក ឬអាចឆ្លងជម្ងឺផ្សេងៗ។ អ្នកម្តាយគ្រប់រូបត្រូវគិតគួរឲ្យបានម៉ត់ចត់ អំពីបញ្ហាអនាម័យចំពោះកូនខ្លួន ព្រោះទារកដែលបំបៅទឹកដោះគោងាយប្រឈមមុខនឹងជម្ងឺផ្សេងៗណាស់។ សូមស្វែងយល់ពីថែរក្សាអនាម័យសម្ភារៈទារក។  មូលហេតុដែលមានម្តាយឲ្យកូនបៅទឹកដោះគោ៖  ក្នុងករណីដែលទារកនៅបំបៅដោះម្តាយទារកមិនត្រូវការជាតិទឹកអ្វីផ្សេងនោះទេព្រោះទឹកដោះម្តាយមានជាតិទឹកគ្រប់គ្រាន់រួចទៅហើយសម្រាប់ឲ្យទារកលូតលាស់នៅក្នុងពេល៦ខែដំបូង។ប៉ុន្តែនៅក្នុងករណីដែលមិនម្តាយមិនអាចបំបៅដោះកូនបាន ទឹកដោះគោក៏ជាជម្រើសបន្ទាប់ពីទឹកដោះម្តាយផងដែរ។ ស្ត្រីមួយចំនួនយល់ថាការឲ្យទារកបៅទឹកដោះគោ អាចជួយឲ្យមា្តយមានពេលវេលាច្រើនសម្រាប់ការងារក្នុងផ្ទះ ក៏ដូចជាការងារក្រៅផ្ទះផងដែរ។ ជាងនេះទៅទៀត មានស្ត្រីមួយចំនួនយល់ថា ការឲ្យទារកបៅដោះធ្វើឲ្យដោះម្តាយខូចទ្រង់ទ្រាយ នេះជាមូលហេតុមួយ ដែលធ្វើឲ្យស្ត្រីធ្វើការសម្រេចចិត្តបំបៅដោះកូនដោយទឹកដោះគោ។ អនាម័យទារកបំបៅទឹកដោះគោ៖  ការអនាម័យទារកដែលបំបៅដោះគោដំបូងបង្អស់ ត្រូវសម្អាតបំពង់ទឹកដោះគោ ក្បាលដោះកៅស៊ូ ដោយការស្ងោរ និងទឹកពុះដើម្បីសម្លាប់មេរោគចោល។ បរិមាណទឹកដោះគោដែលឆុងឲ្យបានត្រឹមត្រូវ តាមក្បួនខ្នាត និងសមស្របទៅតាមអាយុរបស់ទារកក៏ជាប្រការសំខាន់ដែរ។នៅពេលឆុងត្រូវដាក់ទឹកដោះគោចូលក្នុងដបដែលស្ងោរសម្លាប់មេរោគរួចហើយ។ ក្រោយពេលដែលទារកបៅទឹកដោះគោហើយ ត្រូវយកដបទឹកដោះគោលាងឲ្យស្អាត និងត្រូវត្រាំក្បាលដោះនៅក្នុងទឹក បន្ទាប់មកត្រូវស្ងោរនឹងទឹកពុះដើម្បីកុំឲ្យដុះផ្សិត។ ផលប៉ះពាល់ចំពោះទារកដែលបៅទឹកដោះគោ៖  ​ ទារកដែលបៅទឹកដោះគោភាគច្រើនមិនសូវមានប្រពន្ធ័ការពារគ្រប់គ្រាន់ដូចទឹកដោះម្តាយនោះទេដូចនេះធ្វើឲ្យទារកងាយនឹងមានជំងឺឆ្លងនៅពេលដែលលោកអ្នកមិនមានអនាម័យដូចជានៅពេលដែលលោកអ្នកធ្វើការរួចមិនបានសម្អាតដៃរបស់លោកអ្នកឲ្យបានស្អាតហើយក៏ទៅប៉ះពាល់ជាមួយទារក។ចំពោះទារកដែលបៅទឹកដោះគោភាគច្រើនធ្វើឲ្យទារកទល់លាមក ពិបាកបន្ទោរបង់។ទារកបំបៅទឹកដោះគោ ចាំបាច់ត្រូវតាមដានលាមក និងថែទាំទារកមិនឲ្យទល់លាមក ជាពិសេសត្រូវឲ្យទារកទទួលទានអាហារដែលជួយធ្វើឲ្យទារកលូតលាស់បានល្អ ដូចជាបន្លែ និងផ្លែឈើបន្ថែម និងត្រូវរឹតពោះទារកស្រាលៗជាប្រចាំរៀងរាល់ថ្ងៃ។ លោកអ្នកត្រូវធ្វើការសម្អាតដៃឲ្យបានស្អាតមុនប៉ះពាល់ទារក។ មុនលោកអ្នកសម្រេចចិត្តឲ្យទារកបោះទឹកដោះគោ លោកអ្នកត្រូវពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន ដើម្បីពន្យល់អំពីរបៀបប្រើប្រាស់ទឹកដោះគោ៕ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងលេខ ៩១៤អបស/ឱអបស ស្តីពីការប្រមូលឱសថAMLOCOR-5ក្លែងក្លាយ ដែលមានទម្រង់ស្រដៀងនឹងឱសថAMLOCOR-5 ពិតប្រាកដពីទីផ្សារយោងតាមលិខិតរបស់ក្រុមហ៊ុនរតនៈ រតនា ហ្វាម៉ាស្យូធីខល ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ និងដោយពិនិត្យឃើញថា នៅលើទីផ្សារកម្ពុជាបច្ចុប្បន្នកំពុងចរាចរនូវឱសថក្លែងក្លាយមួយមុខ មានឈ្មោះ AMLOCOR-5 ដែលបានផលិត និងវេចខ្ចប់ដូចគ្នា នឹងឱសថAMLOCOR-5 ផលិតដោយរោងចក្រ TORRENT PHARMACEUTICALS LTD នៅប្រទេស INDIA មានលេខបញ្ជិកាលេខCAMR14228IP-07 ត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុនរតនៈ រតនា ហ្វាម៉ាស្យូធីខល (ដូចមានក្នុងរូប)។ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថក្រសួងសុខាភិបាលមានផែនការដូចខាងក្រោម៖ 1.គ្រឹះស្ថាននាំចូលឱសថក្នុងស្រុកដែលធ្វើប្រតិបត្តិការនាំចូលឬចែកចាយឱសថខាងលើត្រូវចាត់តាំងការប្រមូលឱសថទាំងនោះ ពីឱសថស្ថានឱសថស្ថានរងនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ 2. គ្រឹះស្ថានលក់ឱសថទាំងអស់ ត្រូវបញ្ឈប់ការតាំងលក់ឱសថខាងលើ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ។ 3. គ្រប់មន្ទីរសុខាភិបាលរាជធានីខេត្ត ត្រូវមានវិធានការធ្វើការណែនាំដល់គ្រប់សាខាគ្រឹះស្ថាននាំចូលឱសថ ឱសថស្ថាន ឱសថស្ថានរង ដូចមានក្នុងចំណុចទី១ខាងលើ។ 4.ក្រសួងនឹងមានវិធានការតឹងរឹងតាមផ្លូវច្បាប់ចំពោះឱសថស្ថានឱសថស្ថានរងទាំងឡាយណាដែលនៅតែបន្តការតាំងលក់ឱសថខាងលើនេះ។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

បញ្ហាជ្រុះសក់ នាពេលបច្ចុប្បន្ន មានការកើតឡើងច្រើនក្នុងប្រទេសកម្ពុជាយើង ហើយវាកើតមានចំពោះមនុស្សគ្រប់វ័យទាំងអស់។ សូម្បីទារកអាយុក៣ទៅ៤ខែក៏ជួបបញ្ហានេះដែរ តែមូលហេតុនៃការជ្រុះសក់របស់ពួកគាត់បណ្ដាលមកពីទទួលអ័រម៉ូនពីម្ដាយតាំងពីគាត់នៅក្នុងផ្ទៃ។ យ៉ាងណាមិញ ចំណុចគួរកត់សម្គាល់នោះ គឺមូលហេតុភាគច្រើននៃការជ្រុះសក់របស់មនុស្សធំនាពេលបច្ចុប្បន្ន ដោយសារតែការប្រើប្រាស់គ្រឿងសម្អាងតុបតែងសក់ និងបញ្ហាស្ត្រេសរបស់ពួកគាត់។  ដើម្បីចង់ដឹងថាអ្នកមានបញ្ហាសក់ជ្រុះដែលត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រាន់តែជាការជ្រុះសក់ធម្មជាតិនោះ ជាដំបូង ត្រូវយល់ដឹងពីវដ្តជីវិតសក់ជាមុនសិន៖  ១. វគ្គ Anagen មានរយៈពេល១ ទៅ៥ឆ្នាំជាដំណាក់កាលដែលសក់លូតលាស់។ ប្រសិនបើអ្នកមានសក់ជ្រុះនៅដំណាក់កាលនេះត្រឹម៥ទៅ១០សរសៃពេលច្បូតសក់ម្ដងនោះ អ្នកត្រូវទៅជូបនឹងគ្រូពេទ្យហើយ ព្រោះការជ្រុះសក់នៅដំណាក់កាលនេះ សក់ពិបាកនិងដុះឡើងវិញប្រសិនបើគ្មានការព្យាបាល។ ២. វគ្គ Catagen មានរយៈពេល៤ ទៅ៦សប្ដាហ៍ជាដំណាក់កាលដែលសក់អ្នកនៅហ្នឹង។  ៣. វគ្គ Telogen ជាដំណាក់កាលដែលសក់ជ្រុះ។ ដំណាក់កាលនេះសក់អ្នកអាចនឹងជ្រុះពី៥០ទៅ១០០សរសៃក្នុងមូយថ្ងៃជារឿងធម្មតា បើអ្នកច្បូតសក់ឃើញសក់របស់អ្នកជ្រុះប្រមាណត្រឹម៧ទៅ៨សរសៃក៏ជាការធម្មតាដែរ។ ប៉ុន្តែ បើអ្នកសង្កេតឃើញថាវាជ្រុះច្រើនជាងនេះអ្នកមានបញ្ហាសក់ជ្រុះដែលត្រូវព្រួយបារម្ភហើយ។ បញ្ហាដែលបណ្ដាលឲ្យសក់ជ្រុះមានច្រើន ប៉ុន្តែកត្តាចំបងដែលបណ្ដាលឲ្យសក់ជ្រុះមានដូចជា៖ -បញ្ហាស្ត្រេស៖ ទាំងផ្លូវកាយ និងផ្លូវចិត្តដែលជម្រុញឲ្យវដ្តនៃការលូតលាស់នៃសក់មានរយៈខ្លី និងឆាប់ជ្រុះ។ -កត្តាបុរស ឬតំណពូជ៖ បង្កឡើងដោយសារអ័រម៉ូនអង់ដ្រូសែនដែលមានច្រើនពេលមនុស្សពេញវ័យ។ វាបណ្ដាលឲ្យសក់ជ្រុះនៅម្ដុំខាងមុខ និងកណ្ដាល។ ចំពោះមនុស្សស្រីវិញអាចជាកត្តាតំណពូជ សក់ជ្រុះពេលអស់រដូវដោយសារការប្រើប្រាស់ថ្នាំពន្យាកំណើត ឬក្រោយពេលសម្រាល។ -ការខ្វះអាហារូបត្ថម្ភ៖ បញ្ហានេះក៏បណ្ដាលឲ្យសក់ជ្រុះដែរ ដូចជាកង្វះវីតាមីន B12 ជាតិដែក ស័ង្កសី និងខ្វះប្រូតេអ៊ីនដោយសារទម្លាប់មិនបរិភាគសាច់ប្រចាំថ្ងៃ។  -ជំងឺក្រពេញ៖  ជំងឺក្រពេញមួយចំនួនក៏អាចឲ្យមានបញ្ហានេះដែរ ដូចជាជំងឺទឹកនោមផ្អែម ជំងឺពកកជាដើម។  -ការប្រើប្រាស់ថ្នាំ៖  ថ្នាំព្យាបាលជំងឺឈាមខាប់ដូចជា ​អាស្ពឺរីន(Aspirin) ​អរប៉ារីន(Heparin) និងថ្នាំព្យាបាលជំងឺបេះដូង បេតាប្លុកខឺ( Betabloc​-ker)ក៏ជាមូលហេតុមូយដែរ ការព្យាបាលដោយចាក់គីមី (Chemical therapy) សម្រាប់អ្នកជំងឺមហារីកក៏អាចឲ្យជ្រុះសក់បានដែរ។  -កត្តាជំងឺ៖ ជំងឺផ្លូវចិត្ត(Trichotillomania)ជាជំងឺដែលតែងកើតលើក្មេងអាយុក៨ទៅ១៣ឬ១៤ឆ្នាំដោយអ្នកជំងឺចូល​ចិត្តបោចសក់ខ្លួនឯង ហើយគេអាចដឹងបានដោយសារសក់របស់គេបាត់នៅដំណាក់កាលផ្សេងៗគ្នា ជំងឺផ្សិតដែលឲ្យសក់ដាច់មួយកំណាត់ជំងឺប្រព័ន្ធភាពសុំាដូចជាជំងឺលុយពីស(lupus)ដែលកើតឡើងដោយសារវត្តមានគោលិកាឈាមសច្រើននៅតាមស្បែកក្បាលដែលនាំឲ្យរលោកគល់រោម ហើយអាចឲ្យដំបៅពិបាកនឹងព្យាបាល និងជំងឺដំពកច្រើននៅដៃស្បូន(Polycystic ovarian)។  -ការតុបតែងសក់៖  ទម្លាប់បែបនោះក៏អាចបណ្ដាលឲ្យសក់ជ្រុះដូចជាការចងសក់តឹងពេកជាដើម។  ការធ្វើរោគវិនិច្ឆ័យ ដើម្បីធ្វើរោគវិនិច្ឆ័យលើសក់ជ្រុះនេះមានច្រើន ដូចជាការពិនិត្យលើស្បែកក្បាលពិនិត្យឈាម ពិនិត្យសក់ ឆ្លុះអេកូ និងថតកាំរស្មី។ ប៉ុន្តែ ករណីសក់ជ្រុះរបស់មនុស្សប្រុសដោយសារតែអ័រម៉ូនមិនចាំបាច់ធ្វើការពិនិត្យទេ។ ចំពោះការពិនិត្យស្បែកក្បាល៖  ១.រកមើលពីវត្តមានអង្គែ -បើអង្គែរាយប៉ាយត្រូវរកមើលរកមើលនៅតាមត្រចៀក និងមុខទៀត នេះជាសញ្ញានៃជំងឺស្ត្រេស និងSeborrehic dermatitis -បើអង្គែនៅជ្ដុំៗគ្នាគេត្រូវរកវត្តមានរបស់ផ្សិតដោយការធ្វើតេស្តរហ័ស និងបណ្តុះផ្សិតនោះដើម្បីរកថា ថ្នាំប្រភេទណាអាចសម្លាប់វាបាន។  -រកមើលដំបៅព្រោះវាអាចជាជំងឺលុយពីស(Lupus) ជំងឺផ្សិតរុំារៃ ឬបូស។  ២. ចំពោះការពិនិត្យសក់ -ធ្វើTricogramaគឺ គ្រូពេទ្យនឹងដកសក់អ្នកប្រមាណ៥០សរសៃទៅពិនិត្យថាតើអ្នកមានសក់ចំនួនប៉ុន្មានខ្លះក្នុងដំណាក់កាលនីមួយៗនៃវដ្តជីវិតរបស់សក់  -ដកសក់យកទៅបណ្តុះរកផ្សិត។ ចំពោះការពិនិត្យរកមើលគ្រាប់ឈាមមានថាតើមានខ្វះឈាមទេរកបរិមាណអ័រម៉ូន ពិសេសអ័រម៉ូនទីរ៉ូអ៊ីត រាប់ចំនួនស័ង្កសី ដែក វត្តមាននៃអង់ទីករ និងវត្តមានមេរោគជំងឺស្វាយ។ ៣. ចំពោះការពិនិត្យអេកូ - មនុស្សស្រី ៖ រកមើលពីដុំពកនៃដៃស្បូន (Polycystic ovarian) -មនុស្សប្រុស ៖ រកមើលពីសភាពប្រូស្តាតរបស់អ្នក។ ៤. ចំពោះការពិនិត្យកាំរស្មី គឺរកមើលពីសុខភាពសួតរបស់អ្នកជំងឺ។ ការព្យាបាល បញ្ហាភាគច្រើនត្រូវធ្វើការព្យាបាលមូលហេតុដើមដែលបណ្ដាលឲ្យសក់ជ្រុះនោះដូចជាស្ត្រេស ជំងឺ លុយពីស (Lupus) ជំងឺផ្សិតបញ្ហាខ្វះប្រូតេអ៊ីន ខ្វះវីតាមីនខ្វះគ្រាប់ឈាម ជំងឺក្រពេញដូចជា ជំងឺទឹកនោមផ្អែម ជំងឺពកក។  បញ្ហាជ្រុះសក់របស់មនុស្សប្រុស (Androgenic alopecia) ការព្យាបាលត្រូវការរយៈពេលប្រហែល១ឆ្នាំ ហើយគ្រូពេទ្យណែនាំឲ្យប្រើថ្នាំបាញ់ដូចជា Minoxidil ព្រមទាំងអាចឲ្យប្រើផ្គួបជាមួយថ្នាំលេច Finasteride ហើយក៏អាចមានវិធីផ្សេងៗទៀត ដូចជាការដាំសក់ជាដើម។  បញ្ហាជ្រុះសក់លើស្ត្រី ករណីជ្រុះសក់ដោយសារបម្រែបម្រួលអ័រម៉ូនខុសធម្មតាពីវ័យក្មេងគ្រូពេទ្យនឹងធ្វើការព្យាបាលអ័រម៉ូនទៅក្នុងកម្រិតធម្មតាវិញ។ ករណីស្ត្រីអស់រដូវគ្រូពេទ្យនឹងព្យាបាលដោយបន្ថែមអ័រម៉ូន​ឲ្យគាត់វិញ។ រីឯស្ត្រីដែលជ្រុះសក់ដោយសារតែការប្រើប្រាស់ថ្នាំពន្យាកំណើតពួកគាត់ត្រូវទៅជួបជាមួយគ្រូពេទ្យសម្ភព ដើម្បីផ្លាស់ប្ដូរថ្នាំប្រើវិញ។ ករណីជ្រុះសក់ក្រោយសម្រាលវាជារឿងធម្មតា និងមិនត្រូវការព្យាបាលទេព្រោះសក់នឹងឈប់ជ្រុះហើយដុះវិញក្នុងរយៈពេល៣ខែក្រោយពេលសម្រាល។  វិធីបង្ការ ការរក្សាអនាម័យខ្លួនប្រាណជាការសំខាន់ក្នុងការការពារពីការឆ្លងពីពពួកមេរោគផ្សិត ជាពិសេសកុមារដែលមិនទាន់ចេះរក្សាអនាម័យខ្លួនឯង។ មួយវិញទៀត ចំពោះអ្នកសម័យថ្មីដែលចូលចិត្តតុបតែងសក់នោះគួរជ្រើសរើសការតុបតែងបែបណាមិនផ្ដល់សម្ពាធដល់សក់ខ្លាំងពេកដូចជាការទាញសក់ជាដើម ឯការសម្ងួតសក់ក៏គួរកាត់បន្ថយខ្លះដែរ ព្រោះវាក៏ជាកត្តាដែលបណ្ដាលឲ្យជ្រុះសក់ផងដែរ។ លើសពីនេះ ការប្ដូរពណ៌សក់បើទោះជាលាបពណ៌សក់ខ្មៅក៏ដោយ អ្នកគួរជ្រើសរើសផលិតផលដែលត្រូវនឹងស្បែកក្បាលរបស់អ្នក ចៀសវាងការប្ដូរម៉ាកផលិតផលតាមគ្នា ព្រោះវាក៏អាចបំផ្លាញសក់អ្នកដែរ។  ជាចុងក្រោយ លោកសាស្ត្រចារ្យសូមផ្ដាំផ្ញើទៅអ្នកដែលមានសក់ជ្រុះទាំងអស់ថា ការព្យាបាលបញ្ហានេះ ត្រូវព្យាបាលពីមូលហេតុខាងដើមជាមុនសិន ដូចនេះ អ្នកជំងឺគួរតែស្វែងរកការព្យាបាលពីគ្រូពេទ្យជំនាញព្រោះការប្រើប្រាស់ថ្នាំបាញ់តែមួយមុខអាចនឹងមិនគ្រប់គ្រាន់សម្រាប់ការព្យាបាលបញ្ហារបស់អ្នក។    បកស្រាយដោយ ៖ លោកសាស្ត្រចារ្យ  ម៉ី ស៊ីថាច  បម្រើការនៅមន្ទីរពេទ្យព្រះកុសមៈ ជាប្រធានផ្នែកនៃមន្ទីរពេទ្យ និងជាប្រធានផ្នែកជំងឺសើស្បែកនៃសាកលវិទ្យាសាស្ត្រសុខាភិបាល និងទទួលបន្ទុកបណ្តុះបណ្ដាលជំងឺសើស្បែក។  ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

នេះជារឿងពិតមួយ ដែលពិតជាមិនអាចបំភ្លេចបានឡើយនៅក្នុងមួយឆាកជីវិតរបស់ខ្ញុំ…ហើយក៏ជឿជាក់ថា មនុស្សដែលស្រលាញ់ និងយកចិត្តទុកដាក់នឹងខ្ញុំ ក៏រឹតតែមិនអាចបំភ្លេចបានទៅទៀត…ពិតជាអរគុណខ្លាំងណាស់ អរគុណដល់គ្រប់គ្នាដែលមិនបោះបង់ខ្ញុំចោល មិនទុកខ្ញុំឲ្យនៅតែម្នាក់ឯង នៅគ្រាមួយនោះ…គ្រាដែលខ្ញុំមិនធ្លាប់សូម្បីតែនឹកគិតថានឹងជួប… ធ្លាប់តែជាមនុស្សម្នាក់ដែលចូលចិត្តគូររូប ឆ្លាក់អក្សរ និងប្រើភាពច្នៃប្រឌិតរបស់ខ្លួនទៅបង្ហាញជារូបភាពផ្សេងៗ មកជាមនុស្សម្នាក់ដែលមិនអាចសូម្បីតែមានឱកាសកាន់ប៊ិច ជក់ ខ្មៅដៃនៅក្នុងដៃដែលធ្លាប់តែប្រើប្រាស់បានគ្រប់ពេលវេលា…អារម្មណ៍មួយនោះ…អ្នកប្រហែលជាគ្មានថ្ងៃយល់ឡើយ ហើយខ្ញុំក៏មិនចង់ឲ្យអ្នកយល់ដែរ… ខ្ញុំជាអតីតនិស្សិតផ្នែកស្ថាបត្យកម្មមួយរូបនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយខ្ញុំក៏ពេញចិត្តនឹងមុខជំនាញមួយនេះខ្លាំងដែរ… ក្រោយពីចប់បាក់ឌុប ក៏បានសម្រេចបំណងបន្តសិក្សានូវមុខជំនាញដែលប្រាថ្នានៅទីក្រុងភ្នំពេញជាមួយនឹងពួកម៉ាកវិទ្យាល័យផងដែរ…រៀនផង អនុវត្តបណ្តើរៗផង ពិតជាពេញចិត្តនឹងអ្វីដែលខ្លូនកំពុងធ្វើណាស់…គ្រប់យ៉ាងដំណើរការយ៉ាងរលូន…រហូតដល់ពេលនោះឯង!!! ជាពេលដែលអ្វីៗក៏ចាប់ផ្តើមផ្លាស់ប្តូរបន្តិចម្តងៗ រហូតដល់ក្រឡាប់360ដឺក្រតែម្តង… ចេះតែមានអារម្មណ៍ថា«ឈឺ និងហើមត្រង់កដៃខាងស្តាំ» ឈឺជាប់តែម្តង…ដំបូង គិតថាមកពីហាត់ប្រាណ(លើកដុំដែក)ច្រើនពេកមួយរយៈថ្មីនេះ ទើបមិនបានចាប់អារម្មណ៍…ប៉ុន្តែ!!! ចេះតែឈឺមិនបាច់ ទោះបីលេបថ្នាំ និងប្រើថ្នាំរឹតផងអីផង…ទ្រាំមិនបាន ក៏ទៅជួបពេទ្យ…ពេទ្យចេះតែថាមិនអី តែអាការៈនៅតែមិនធូរស្បើយសោះ…អ្នកផ្ទះក៏នាំទៅរកគ្រូខ្មែរផង នាំទៅពិនិត្យព្យាបាលនៅថៃផង…តែមិនបានធូរស្រាលសោះ ដោយចំណាយពេលអស់ជាង១ឆ្នាំ…ឡើងចុះទៅមក ខាតពេលរៀន ខាតពេលធ្វើអ្វីៗទាំងអស់… ថ្ងៃមួយ… ជាថ្ងៃដែលខ្ញុំភ័យខ្លាំងបំផុត…កន្លែងដែលហើមនោះ ក៏ឡើងហើមកាន់តែខ្លាំង ហើយក៏ធ្លាយឈាមហូរចេញមកមិនឈប់ គឺរហូតដល់សន្លប់…ក្រោយពីដឹងខ្លួនមកវិញ គឺដឹងត្រឹមថាលែងមានកម្លាំងក្នុងខ្លួន ហើយក្តៅខ្លួនជាប្រចាំ…រហូតដល់ថ្ងៃមួយទៀតនោះ…កម្តៅឡើងខ្លាំង រហូតខ្ញុំត្រូវបានបញ្ជូនទៅគ្លីនិកខេត្ត និងបន្តទៅមន្ទីរពេទ្យកាល់ម៉ែត។ ដឹងទេ???ពេទ្យនិយាយបែបណា??? ពាក្យពេចន៍ទាំងនោះ ខ្ញុំនៅចាំច្បាស់ណាស់… ដោយសារតែជំងឺមហារីកឆ្អឹង Ewing Sacroma ដៃស្តាំដែលធ្លាប់តែសរសេរ គូររូបដែលខ្ញុំស្រមៃឃើញ និងធ្វើរឿងជាច្រើនទៀតមិនអាចទុកទៀតនោះទេ បើមិនអញ្ចឹងទេ ខ្ញុំអាចប្រឈមនឹងការបាត់បង់ជីវិត។ គ្រាន់តែលឺថា«មហារីក» ខ្ញុំក៏ចង់គាំងបាត់ទៅហើយ!!! ហើយរឹតតែពិបាកទទួលយក…គឺការពិតដែលត្រូវកាត់ដៃចោល ដើម្បីមានសង្ឃឹមរស់… (ស្ងៀមស្ងាត់ តែច្របូកច្របល់) ខ្ញុំស្ងាត់មួយស្របក់ ទើបដាច់ចិត្តសួរពេទ្យវិញថា«តើអាចមានវិធីផ្សេងទៀតឬទេ?» ចម្លើយគឺ មិនមាននោះទេ…ហើយក៏មិនប្រាកដថា វិធីសាស្រ្តមួយនេះមានប្រសិទ្ធភាពឬអត់ដែរ តែវាជាជម្រើសតែមួយ និងចុងក្រោយ ដោយសារតែវារាងយឺតពេលទៅហើយ…ខ្ញុំនឹកគិតដល់ពាក្យថា«បើសិន…» តែក៏មិនអាចធ្វើអ្វីបាន…ក្រៅពីយល់ព្រម… ព្រោះតែជំងឺមួយនេះ…មានរបស់ជាច្រើន ដែលត្រូវបានបាត់បង់ពីក្នុងជីវិតរបស់ខ្ញុំ…ជាពិសេស គឺ ដៃស្តាំ…ដែលគ្រប់គ្នាប្រហែលជាពិបាកនឹងស្រមៃដល់ណាស់ ថាតើនឹងត្រូវប្រឈមបែបណា នៅពេលដែលលែងមានវា...ការសិក្សាមុខជំនាញដែលខ្លួនស្រលាញ់ក៏មិនអាចបន្តបាន…ចំណែកឯគោលដៅជីវិតមួយផ្នែក៏ត្រូវរលាយសាបសូន្យ…បន្ថែមមកវិញ នូវការរស់នៅជាមួយពិការភាព… ប៉ុន្តែ…បើគិតក្នុងផ្លូវវិជ្ជមានវិញ…ស្របពេលជាមួយគ្នាហ្នឹង ក៏មានរបស់ខ្លះដែលខ្ញុំទទួលបានផងដែរ…ជាពិសេសគឺក្តីស្រលាញ់ និងការយកចិត្តទុកដាក់ពីលោកអ្នកមានគុណ គ្រួសារ មិត្តភក្តិ និងមនុស្សជាច្រើននៅជុំវិញខ្លួន… ចាំបានថា ពេលនោះ ខ្ញុំពិតជាចង់លាក់បាំងនូវរូបរាងរបស់ខ្ញុំណាស់…មិនចង់ឲ្យនរណាម្នាក់ឃើញវាឡើយ…ខ្ញុំបានផ្តាច់ទំនាក់ទំនងជាមួយនឹងមិត្តភក្តិ និងមនុស្សស្គាល់គ្នាមួយរយៈធំ ដោយប្តូរលេខទូរស័ព្ទ មិនឆ្លើយតបរាល់សំណួរ និងការសាកសួរសុខទុក្ខផ្សេងៗ…ពិតជាមិនចង់ឲ្យគេដឹងលឺពីខ្ញុំ មិនចង់ឲ្យគេខ្ញុំឃើញបែបនេះនោះទេ…តែពេលនេះ ក៏អាចធ្វើចិត្តបាន!!! ក៏អរគុណខ្លួនឯងមែនទែន…ដែលអាចរឹងមាំដល់ថ្ងៃនេះ… រឹងមាំដោយរបៀបណា? (ប្រហែលជាមានអ្នកឆ្ងល់ច្រើន ព្រោះរាល់ពេលដែលគេឃើញខ្ញុំក្នុងសភាពបែបនេះ ម្នាក់ៗក៏ខ្លោចចិត្តរួចទៅហើយ ចុះទម្រាំខ្ញុំផ្ទាល់នោះ?) គ្រាន់តែគិតថា«ជីវិត»ជាទ្រព្យសម្បត្តិដែលមានតម្លៃជាងអ្វីៗទាំងអស់នៅលើលោកនេះ…ហើយខ្សឹបប្រាប់ខ្លួនឯង«ត្រូវតែបន្តមានក្តីសង្ឃឹមក្នុងការរស់នៅជានិច្ច មិនថាក្រោយពេលបាត់បង់របស់ដែលមានតម្លៃយ៉ាងណាក៏ដោយ» (Live your life even if you losing something precious to you.) ហើយ…បើសួរខ្ញុំថា…ស្តាយក្រោយអត់? ចម្លើយគឺថា…ខ្ញុំមិនសោកស្តាយទេ…សំខាន់ គឺឲ្យតែខ្ញុំបានរស់នៅបន្តទៀតជាមួយមនុស្សដែលខ្ញុំស្រឡាញ់!!! ----------------------------------- ទាំងនេះជាអ្វីដែលមិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំម្នាក់បានឆ្លងកាត់…មិនមានពាក្យអ្វីច្រើននោះទេ…គឺគ្រាន់តែចង់ឲ្យអ្នកគ្រប់គ្នា ជាពិសេសអ្នកដែលត្រូវប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរណាមួយនៅក្នុងជីវិត ដែលចៀសមិនបាន គឺប្រាកដជាប៉ះទង្គិចដល់សុខភាពផ្លូវចិត្តរបស់អ្នកផងនោះ…សូមរឹងមាំឡើង!!! យ៉ាងណា…ក៏វាបានកើតឡើងរួចទៅហើយ…អ្វីដែលសំខាន់ គឺត្រូវផ្តល់កម្លាំងចិត្តដល់ផ្លូវកាយរបស់ខ្លួនឯង!!! ស្រលាញ់ខ្លួនឯងឲ្យបានច្រើនតាមដែលអាចធ្វើបាន… ស៊ូស៊ូឡើងណា៎!!!

Share

មុននឹងធ្វើការបកស្រាយខ្ញុំបាទសូមអភ័យទោសចំពោះមិត្តសុភាពនារីទាំងឡាយនូវពាក្យពេចន៍ប្រើប្រាស់ក្នុងអត្ថបទនេះអាចនឹងមិនពិរោះស្ដាប់តែវាជារឿងសំខាន់មួយដែរនៅក្នុងសង្គមគ្រួសារសម្រាប់អ្នកជំងឺទឹកនោមផ្អែមគួរយល់ដឹង។ បញ្ហាផ្លូវភេទជារឿយៗជាប្រធានបទហាមឃាត់ហើយបុរសជាច្រើនមានបញ្ហាក្នុងការនិយាយអំពីពួកគាត់។ទោះជាយ៉ាងណាក៏ដោយ ការនិយាយ ជាមួយអ្នកជំនាញថែទាំសុខភាពអំពីវា អាចជួយ លោកអ្នកឲ្យដឹងបន្ថែមអំពីជម្រើសនៃការព្យាបាលនិងវិធីបញ្ឈប់ស្ថានភាពដ៏អាក្រក់ដែលកើតឡើង។ជាក់ស្តែងជំងឺទឹកនោមផ្អែមប៉ះពាល់ដល់មុខងារនៃកម្សោយផ្លូវភេទរបស់បុរសពី 50% ទៅ 60%ក្នុងពេលម្តង ឬច្រើនដង នៅពេលដែល ជំងឺវិវឌ្ឍទៅមុខ ហើយវាកើតឡើងមុន10 ទៅ 15 ឆ្នាំជាងបុរសដែលគ្មានជំងឺទឹកនោមផ្អែម។ តើជំងឺទឹកនោមផ្អែមប៉ះពាល់ដល់មុខងារផ្លូវភេទយ៉ាងដូចម្តេច? ជំងឺទឹកនោមផ្អែមអាចមានផលប៉ះពាល់អវិជ្ជមានច្រើនចំពោះមុខងារផ្លូវភេទរួមមាន: •ប្រព័ន្ធអ័រម៉ូនដែលគ្រប់គ្រងការផលិតតេស្តូស្តេរ៉ូន(Testosterone) គឺជាអ័រម៉ូនចំណង់ផ្លូវភេទដែលអត្រាអាចធ្លាក់ចុះ •ប្រព័ន្ធសរសៃប្រសាទ(ញាណដឹង)ដែលអាចថយចុះផ្លូវភេទប្រសិនបើអ្នកជំងឺមានការខូចខាតសរសៃប្រសាទ(Neuropathy) ដែលជាផលវិបាកមួយនៃជំងឺទឹកនោមផ្អែម •ប្រព័ន្ធសរសៃឈាមអាទែរបស់លិង្គ អាច ដំណើរការមិនល្អ ឬស្ទះ •ប្រព័ន្ធភាពស៊ាំដែលបណ្តាលឲ្យបុរសកើតជំងឺទឹកនោមផ្អែមមានហានិភ័យខ្ពស់នៃការឆ្លងមេរោគ ដូចជាមេរោគផ្សិតទៅ​លើស្បែកគ្របក្បាលលិង្គ។ ភាពកម្សោយផ្លូវភេទ ជំងឺទឹកនោមផ្អែមគឺជាមូលហេតុចម្បងនៃជំងឺខ្សោយផ្លូវភេទ(លិង្គ)។ហេតុដូច្នេះបញ្ហាខ្សោយផ្លូវភេទគឺជាបញ្ហាចំណង់សិចដែលជាញឹកញាប់ជួបប្រទះនឹងបុរសដែលមានជំងឺទឹកនោមផ្អែម។​ភាពកម្សោយផ្លូវភេទមានផលប៉ះពាល់អវិជ្ជមានទៅលើគុណភាពជីវិតរបស់បុរសដោយមិនគិតពីអាយុនិងអាចជាសញ្ញាដំបូងនៃជំងឺសរសៃឈាមបេះដូង។នោះហើយជាមូលហេតុសំខាន់ក្នុងការពិភាក្សាជាមួយអ្នកជំនាញថែទាំសុខភាព។ កត្តាហានិភ័យ •អាយុ  •រយៈពេលនៃការកើតជំងឺទឹកនោមផ្អែម  •ព្យាបាលជំងឺទឹកនោមផ្អែមមិនបានល្អ  •ជក់បារី  •លើសសម្ពាធឈាម •លើសជាតិខ្លាញ់ក្នុងឈាម •កង្វះអ័រម៉ូន អង់ដ្រូសែន( Androgen ជាអ័រម៉ូនភេទបុរស)  •ជំងឺសរសៃឈាមបេះដូង។ មូលហេតុ ដោយសារជំងឺទឹកនោមផ្អែមជំរុញឲ្យមានភាពរឹងក្រិននៃសរសៃឈាម (Atherosclerosis) និងលិង្គត្រូវបាន​ចញ្ចឹមដោយសរសៃឈាមតូចៗ ហើយសរសៃឈាមទាំងនេះត្រូវបានប៉ះពាល់។ នៅពេលដែលលំហូរឈាមមិនបានល្អ បញ្ហាខ្សោយផ្លូវភេទអាចលេចឡើង។ លើសពីនេះទៅទៀត ជំងឺទឹកនោមផ្អែមដែលគ្រប់គ្រងមិនបានល្អអាចស្ទះសសៃឈាមអាកទែរបស់លិង្គ និងនាំឲ្យមានផលវិបាកដែលប៉ះពាល់ដល់សរសៃប្រសាទរបស់លិង្គ។ ដូច្នេះ ជំងឺទឹកនោមផ្អែមអាចធ្វើឲ្យខូចសរសៃឈាមនិងសរសៃប្រសាទដែលរារាំងការឡើងរឹងរបស់លិង្គ។​បើទោះបីជាលោកអ្នកមានអ័រម៉ូនបុរសធម្មតា ហើយមានចំណង់ រួមភេទក៏ដោយ ក៏លោកអ្នកនៅតែមិនអាចទទួលបានលិង្គ ឡើងរឹងដែរ។ ទិដ្ឋភាពផ្លូវចិត្តរបស់ជំងឺទឹកនោមផ្អែមក៏អាចជះឥទ្ធិពលដល់មុខងារផ្លូវភេទដែរដូចជាភាពតក់ស្លុតនៃការធ្វើរោគវិនិច្ឆ័យ ការព្រួយបារម្ភអំពីជំងឺជាដើម។ ការព្យាបាល ជាការសំខាន់ណាស់ក្នុងការពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ការធ្វើរោគវិនិច្ឆ័យបញ្ហាផ្លូវភេទនិងស្វែងរកការព្យាបាលដ៏សមស្រប។ពេលខ្លះ ថ្នាំSildenafil(Viagra®), Vardenafi(Levitra®),Tadalafil​(Cialis®)នឹងត្រូវចេញវេជ្ជបញ្ជា។មានវិធីជាច្រើនដើម្បីមានជីវិតផ្លូវភេទឲ្យសកម្មធម្មតាទោះបីជាមានបញ្ហាផ្លូវភេទក៏ដោយ។ចិត្តវិទូឬអ្នកឯកទេសខាងសិចអាចជួយលោកអ្នកបាន។ចូរពិភាក្សាអំពីបញ្ហានេះជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នក!!! វិធីការពារ ការណែនាំ ដើម្បីកាត់បន្ថយផលប៉ះពាល់ភាពចាស់ជរា​ និងជំងឺទឹកនោមផ្អែមលើសកម្មភាពផ្លូវភេទ និងបង្ការជំងឺប្រព័ន្ធសរសៃប្រសាទ មានដូចជា៖ •គ្រប់គ្រងជាតិស្ករ ខ្លាញ់ក្នុងឈាមឲ្យបានល្អ •ទទួលយករបៀបរស់នៅដែលមានសុខភាពល្អ៖ បញ្ឈប់ការជក់បារីរក្សាទម្ងន់ឲ្យបានល្អធ្វើលំហាត់ប្រាណចៀសវាងការផឹកស្រាច្រើនហួសប្រមាណ ថែរក្សាជីវិតអាពាហ៍ពិពាហ៍ប្រកបដោយសុខដុមរមនាជាមួយសកម្មភាពផ្លូវភេទ ជាទៀងទាត់ និងរៀនបន្ធូរភាពតានតឹង (Stress)៕ បកស្រាយដោយ៖ វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ និងជាវេជ្ជបណ្ឌិតនៃគ្លីនិកវេជ្ជបណ្ឌិត នៅ គីមសាន ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

ការរក្សាលំនឹងនៃរបបអាហារឲ្យបានត្រឹមត្រូវជារឿងដែលអ្នកមិនគួរមើលរំលងឡើយប្រសិនបើអ្នកគិតគូរដល់ការថែរក្សាសុខភាពទាំងផ្លូវកាយផ្លូវចិត្តប្រាជ្ញាស្មារតីក៏ដូចជាសម្រស់ផងដែរ។មនុស្សជាច្រើនមកហើយបានយល់អំពីសារសំខាន់នៃការរក្សាលំនឹងរបបអាហារ  ពីព្រោះវាមិនត្រឹមជួយរាងកាយរបស់យើងឲ្យដំណើរការបានល្អ និងមានប្រសិទ្ធភាពប៉ុណ្ណោះទេ   ថែមទាំងចូលរួមយ៉ាងសកម្មក្នុងការរក្សាទម្ងន់ប្រកបដោយសុខភាព កាត់បន្ថយខ្លាញ់ក្នុងរាងកាយ ផ្តល់ថាមពល ជួយដល់ការទទួលទានដំណេកលក់ស្រួល និងថែមទាំងផ្តល់នូវអារម្មណ៍នៃភាពស្រស់ស្អាតពីខាងក្នុងឲ្យយើងទៀតផង។ ផ្ទុយទៅវិញ ចន្លោះខ្វះខាតក្នុងការរក្សាលំនឹងនេះ អាចធ្វើឲ្យរាងកាយងាយរងគ្រោះដោយជំងឺ ការឆ្លងរោគ ភាពអស់កម្លាំងមិនអាចបំពេញសកម្មភាពប្រចាំថ្ងៃបានល្អព្រមទាំងអាចក្លាយជាទម្លាប់មិនអាចគ្រប់គ្រងរបបអាហារដែលពិបាកកែទៅថ្ងៃមុខ។  គួររំលឹកថា សារធាតុចិញ្ចឹមត្រូវបានចែកចេញជា ២ ធំៗគឺ ពពួកម៉ាក្រូសារធាតុ (ដូចជា ប្រូតេអ៊ីនកាបូហាយដ្រេត និង ខ្លាញ់) និងមីក្រូសារធាតុ(ដូចជា វីតាមីន និងរ៉ែ)។ ដើម្បីរក្សាលំនឹងរបបអាហារ ក៏ដូចជាសារធាតុចិញ្ចឹមបាន  មិនត្រឹមទាមទារឲ្យអ្នកបញ្ចូលនូវសារធាតុទាំងនេះនៅក្នុងរបបអាហារឡើយតែអ្នកក៏ត្រូវថ្លឹងថ្លែងនូវការទទួលយកបរិមាណនៃសារធាតុនីមួយៗផងដែរ។  ដោយឡែកមានកត្តាសាមញ្ញមួយចំនួនអាចជះឥទ្ធិពលដល់ការរក្សាលំនឹងអាហារប្រចាំថ្ងៃជាលទ្ធផលនាំឲ្យការខិតខំប្រឹងប្រែងរបស់យើងបរាជ័យ និងគ្មានប្រសិទ្ធភាពទៅវិញ ដែលក្នុងនោះរួមមាន៖  ពេលវេលាត្រឹមត្រូវ ក្នុងតារាងរបបអាហារត្រឹមត្រូវគួរតែត្រូវបានបែងចែកអា ហារជា៥ពេលតូចៗដែលចន្លោះអាហារនីមួយៗគួរតែមានរយៈពេល ៣ម៉ោង។ ការទុកចន្លោះពេលច្រើនជាង ៣ម៉ោង អាចបង្កើនអ័រម៉ូនស្ត្រេស (cortisol) ដែលធ្វើឲ្យរាងកាយស្តុក​នូវជាតិខ្លាញ់នៅតំបន់ពោះ។ ការបរិភោគអាហារក្នុងពេលត្រឹមត្រូវក៏អាចជួយក្នុងការរំលាយអាហារបានល្អ សម្រួលដល់ការស្រូបយកសារធាតុចិញ្ចឹមបានផងដែរ។  ធ្វើបញ្ជីមុខអាហារសុខភាព អ្នកបានដឹងនូវមុខអាហារជាច្រើនដែលមាននូវសារធាតុចិញ្ចឹមល្អៗផ្សេងៗគ្នាប៉ុន្តែការមិនមានបញ្ជីអំពីប្រភេទអាហារទាំងនោះអាចឲ្យអ្នកមើលរំលងនូវសារធាតុចិញ្ចឹមណាមួយមិនសូវបានផ្លាស់ប្តូរមុខអាហារដើម្បីទទួលបានសារធាតុចិញ្ចឹមឲ្យបានសម្បូរបែបឬក៏អាចទទួលទាននូវមុខអាហារដដែលៗជាដើម។ដោយឡែកការធ្វើបញ្ជីនេះក៏អាចជួយធ្វើឲ្យការជ្រើសរើសអាហារប្រចាំថ្ងៃមានការងាយស្រួល ហើយអ្នកក៏អាចធ្វើការអភិវឌ្ឍបញ្ជីនោះផងដែរ។  ជាតិស្ករ និងអំបិលនៅក្នុងអាហារ ជារឿយៗអ្នកតែងរំលឹកខ្លួនឯងអំពីរបបអាហារសុខភាពដោយមិនដឹងថាជាតិផ្អែមនិងប្រៃដែលអ្នកចូលចិត្តបន្ថែមលើ​​អាហារ ក៏អាចជាបញ្ហារារាំងដល់ការរក្សាសុខភាពរបស់អ្នកផងដែរ។ ជាតិស្ករក្នុងតែ កាហ្វេ ឬអាហាររបស់អ្នក អាចបង្កជាជំងឺទឹកនោមផ្អែមជំងឺបេះដូងធាត់លើសទម្ងន់និងភាពខុសប្រក្រតីជាច្រើនទៀតករណីដែលអ្នកប្រើប្រាស់លើសកម្រិត។ស្របពេលនេះដែរការចូលចិត្តញ៉ាំប្រៃច្រើនពេកអាចធ្វើឲ្យអ្នកប្រឈមនឹងបញ្ហាលើសសម្ពាធឈាមដែលអាចប៉ះពាល់ដល់បេះដូង សរសៃឈាម តម្រងនោម និងខួរក្បាលជាដើម។ ផ្ទុយទៅវិញការព្យាយាមបន្ថយជាតិស្ករខ្លាំងពេកអាចធ្វើឲ្យអ្នកបាត់បង់នូវលំនឹងតុល្យភាកាបូហាយដ្រេតទៅវិញ។ អ្នកអាចជ្រើសរើសប្រភេទអាហារដូចជា គ្រាបរុក្ខជាតិ បាយ ពោត ផ្លែឈើ និងបន្លែជាដើម សម្រាបកាបូហាយដ្រេតដែលក្រៅពីផ្តល់ថាមពល  ក៏សម្បូរផងដែរនូវជាតិកាកសរសៃដែលធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។  គិតអំពីចំនួនកាល់ឡូរីនៃអាហារ ដូចដែលបានបញ្ជាក់ ដើម្បីទទួលបានតុល្យភាពនៃអាហារ ក្រៅពីត្រូវបរិភោគឲ្យបានគ្រប់សារធាតុចាំបាច់ តែក៏ត្រូវតែគ្រប់ចំនួនផងដែរ។ជាទូទៅយើងត្រូវការប្រហែល២០០០កាល់ឡូរីជារៀងរាល់ថ្ងៃពីអាហារដើម្បីរក្សាដំណើរការប្រក្រតីនៃរាងកាយ។  ទោះយ៉ាងណា បរិមាណកាល់ឡូរីនេះ នឹងមានការប្រែប្រួលទៅតាម អាយុ ភេទ ទម្ងន់ និងសកម្មភាពរបស់យើងប្រចាំថ្ងៃជាដើម។  គួរបញ្ជាក់ថាការវាស់ចំនួនកាល់ឡូរីក្នុងអាហារជាការវាស់កម្រិតថាមពលដែលផ្តល់ដោយអាហារហើយយើងម្នាក់ៗប្រើប្រាស់ថាមពលទាំងនេះ ដើម្បីដើរ គិត ដកដង្ហើម និងមុខងារជាច្រើនទៀតនៃរាងកាយ។  ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ នាថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ២០១៧ មានការប្រារព្ធឡើងនូវកម្មវិធីសន្និសីទជាតិ គិលានុបដ្ឋាក និងឆ្មបរាល់ ២ឆ្នាំ លើកទី ៧ ក្រោមប្រធានបទ “ការលើកកម្ពស់គុណភាពនៃការថែទាំៈ គិលានុបដ្ឋាក និងឆ្មប ជាអ្នកធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាព និងលទ្ធផលរបស់អ្នកជំងឺ”។ កម្មវិធីមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមទាំងមន្រ្តី ឯកឧត្តមសាស្ត្រាចារ្យ និងអ្នកប្រកបវិជ្ជាជីវៈថែទាំ ដែលសរុបទាំងអស់មានចំនួន ៤៤០នាក់ (គិលានុបដ្ឋាក-យិកា ចំនួន ១៣០នាក់ និងឆ្មបចំនួន ១៣០នាក់) មកពីបណ្តាមន្ទីរពេទ្យ និងស្ថាប័នសុខាភិបាលនានា។  គោលបំណងចម្បងនៃការរៀបចំសន្និសីទនេះ គឺដើម្បីផ្តល់ចំណេះដឹងស្តីអំពីការលើកកម្ពស់គុណភាពនៃសេវាថែទាំទៅដល់អ្នកចូលរួមដែលជាអ្នកប្រកបវិជ្ជាជីវៈថែទាំនៅគ្រឹះស្ថានថែទាំសុខភាព។ ជាពិសេស សន្និសីទនេះនឹងផ្តល់ឱ្យអ្នកចូលរួមនូវឱកាសដើម្បីបង្ហាញ និងបានរៀនសូត្រពីចំណេះដឹង និងការស្រាវជ្រាវថ្មីៗនៅក្នុងវិស័យបណ្តុះបណ្តាល និង វិស័យអនុវត្តការថែទាំនៅមន្ទីរពេទ្យនានា។ នៅចុងបញ្ចប់នៃសន្និសីទនេះអ្នកចូលរួមនឹងអាច៖ ១. ពិពណ៌នាអំពីគំនិតផ្តួចផ្តើមនៃការអនុវត្តនាពេលបច្ចុប្បន្នរួមមានការអប់រំ និងសេវាកម្មផ្សេង ២. ការស្រាវជ្រាវថ្មីៗទៅលើការងារថែទាំ ៣. ពិភាក្សាពីគំនិតផ្តួចផ្តើមលើការបណ្តុះបណ្តាលដែលអាចដោះស្រាយបញ្ហាបានរួមជាមួយនឹងយុទ្ធសាស្ត្រសំខាន់ៗ    សម្រាប់បង្កើនចំណេះដឹង និងជំនាញដល់គិលានុបដ្ឋាកយិកា ឆ្មប និងនិស្សិតទាក់ទងនឹងគុណភាពថែទាំ ៤. ផ្តល់ឱកាសនូវការអភិវឌ្ឍជំនាញ ការអភិវឌ្ឍបណ្តាញការងារ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

អ្នកអាចមានអារម្មណ៍ថាចង់សម្រាកនៅរាល់ពេលអ្នកឈឺខ្នង ឬចង្កេះ ជាពិសេសសម្រាប់អ្នកធ្វើការ ក្នុងការិយាល័យដែលអង្គុយយូរជារៀងរាល់ថ្ងៃ។ ប៉ុន្តែអ្នកមិនបានដឹងទេថាការនៅតែរក្សាឲ្យរាងកាយមានចលនាគឺពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ឆ្អឹងខ្នង និងចង្កេះរបស់អ្នក ទោះបីអ្នកកំពុងឈឺចាប់ក៏ដោយ។ វាស្ថិតនៅត្រង់ថាលំហាត់ប្រាណបែបណា និងកម្រិតណាសមស្របប៉ុណ្ណោះ ដូចដែល ហេលស៍ថាម នឹងណែនាំនូវ ៦ក្បាច់ហាត់ប្រាណ សម្រួលដល់ការឈឺចង្កេះខាងក្រោម៖ Partial Crunches ការកន្ត្រាក់ផ្នែកខ្លះអាចជួយពង្រឹងឆ្អឹងខ្នងនិងសាច់ដុំពោះយ៉ាងមិនគួរឲ្យជឿ។លោកអ្នកអាចចាប់ផ្តើមអនុវត្តដោយគេងបញ្ឈរជង្គង់នៅលើផ្ទៃ រាបស្មើនៃឥដ្ឋ ដាក់ដៃលើដើមទ្រូង ឬដាក់នៅ ពីក្រោមកញ្ចឹងក ពង្រឹងសាច់ដុំផ្នែកពោះ រួចលើកស្មាចេញពីឥដ្ឋឲ្យស្មើនឹងការដកដង្ហើមចេញរបស់អ្នក (សូមបញ្ជាក់ថាកុំព្យាយាមប្រើដៃដើម្បីលើកក៏ឲ្យផុតពីឥដ្ឋ)។អ្នកអាចទប់ ឬរក្សាចលនា នេះពី១ទៅ២វិនាទី​បន្ទាប់មកទម្លាក់ចុះម្តងបន្តិចៗដោយធ្វើវាឲ្យបានពី៨ទៅ១២ដងជាប្រចាំ។ ទម្រង់បែបបទត្រឹមត្រូវ ការពារភាពតានតឹងហួសហេតុ នៅលើខ្នងឲ្យចុះទាប ហើយអ្នកក៏ត្រូវចាំថា ប្រអប់ជើង និងឆ្អឹងខ្នងរបស់អ្នក គួរតែនៅជាប់នឹងក្រណាត់គ្រប់ពេលវេលា។ Wall Sits លំហាត់ប្រាណបែបអង្គុយជាប់នឹងជញ្ជាំងចាប់ផ្តើមដោយឈរ១០ទៅ១២អុីងពីជញ្ជាំងបន្ទាប់មកផ្អែករហូតដល់ខ្នងរបស់អ្នកស្ថិតនៅរាបជាប់នឹងជញ្ជាំង។ ទម្លាក់ខ្លួនយឺតៗរហូតដល់ជង្គង់របស់អ្នកស្ថិតនៅកែងត្រឹមមុំ៩០ដឺក្រេ រក្សាឲ្យចង្កេះនិងខ្នងឲ្យនៅជាប់ជញ្ជាំង រាប់ក្នុងចិត្តឲ្យដល់ត្រឹម១០ទើបងើបឈរវិញយឺតៗ។ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព លោកអ្នកគួរអនុវត្តវិធីនេះ ដដែលៗ ពី៨ទៅ១២ដងជាប្រចាំថ្ងៃ។ Knee to Chest គេងលើផ្ទៃរាបស្មើហើយរក្សាឲ្យជង្គង់អ្នកឈរជាមួយនឹងប្រអប់ជើងស្ថិតនៅរាបស្មើលើកម្រាល។ទាញជង្គង់ម្ខាងនៃជើងរបស់អ្នកមកផ្អឹបនឹងដើមទ្រូងឲ្យជិតបំផុតតាមដែលអាចធ្វើបាន ដោយរក្សាជើងម្ខាងនៅរាបដដែល។ ក្នុងពេលនោះដែរអ្នកត្រូវធានារក្សាឲ្យចង្កេះនិងខ្នងរបស់អ្នកនៅជាប់នឹងផ្ទៃរាបទប់លំនឹងនេះរយៈពេល១៥ទៅ៣០វិនាទី។បន្ទាប់មកទម្លាក់ចុះវិញនិងអនុវត្តដដែលៗនេះទៅជើងម្ខាងទៀត។ជាការប្រសើរបំផុតបើលោកអ្នកអាចអនុវត្តវាបានពី២ទៅ៤ដងក្នុងជើងម្ខាងៗ។ Bird Dog ដំបូងដាក់បាតដៃ និងជង្គង់ទាំងពីររបស់អ្នកឲ្យ ប៉ះផ្ទាល់នឹងកម្រាលរាបស្មើដូចក្នុងរូប ហើយបន្តឹងសាច់ដុំពោះរបស់អ្នក។ លើកជើងម្ខាងរបស់អ្នកឲ្យស្មើនឹងដងខ្លួនទុករយៈពេលប្រហែល៥នាទីរួចទម្លាក់ចុះហើយលើកជើងម្ខាងទៀត។អនុវត្តដដែលៗ ៨ទៅ១២ដងសម្រាប់ជើងម្ខាង ព្យាយាមរក្សាលំនឹងនេះឲ្យបានយូរបំផុតតាមដែលអាចធ្វើបាន។ បន្ថែមពីនេះ លោកអ្នកក៏អាចលើកក្នុងពេលជាមួយគ្នានូវដៃម្ខាងទៀតដែល ផ្ទុយជាមួយនឹងជើង ដូចមានបង្ហាញក្នុងរូប។ លំហាត់ប្រាណបែបនេះ គឺជាវិធីដ៏អស្ចារ្យក្នុងការរៀន រក្សាលំនឹងចង្កេះខណៈពេលធ្វើចលនាដៃ និង ជើងស្របពេលជាមួយគ្នា។ Pelvic Tilts គេងឲ្យខ្នងរាបស្មើនឹងកម្រាលដោយបញ្ឈរជង្គង់ហើយរក្សាប្រអប់ជើងជាប់នឹងកម្រាលបន្តឹងពោះរបស់អ្នកដោយទាញឲ្យផតហើយខ្នងក្លាយជាកោងដូចក្នុងរូប។ អ្នកនឹងមានអារម្មណ៍ថាខ្នងទុច នឹងឥដ្ឋ ហើយត្រគាក និងឆ្អឹងអាងត្រគាកមានចលនាត្រឡប់មកវិញ។ ​រក្សាឲ្យបាន១០វិនាទីក្នុងខណៈពេលដកដង្ហើមចេញ និងដកដង្ហើម ចូលដោយរលូន។ អនុវត្តដដែលៗ៨ទៅ១២ដង ក្នុងមួយថ្ងៃ។ Bridging គេងនៅលើផ្ទៃរាបស្មើដោយបញ្ឈរជង្គង់ហើយឲ្យត្រឹមកែងជើង​ប៉ុណ្ណោះដែលប៉ះផ្ទាល់នឹងឥដ្ឋការ៉ូ។រុញកែងជើងរបស់អ្នក​លើឥដ្ឋហើយគូទ និងត្រគាកចាប់ផ្តើមងើបចេញពីឥដ្ឋរហូតដល់ផ្នែកស្មា (ដូចក្នុងរូប) ក្នុងលក្ខណៈជាបន្ទាត់ ត្រង់មួយ។ ទប់លំនឹងប្រហែលជា៦វិនាទី រួចទម្លាក់ត្រគាកចុះវិញបន្តិចម្តងៗ ហើយសម្រាក១០វិនាទីទើបអនុវត្តសាជាថ្មី ពី៨ទៅ១២ដង។ លំហាត់ប្រាណមួយចំនួនអាចធ្វើឲ្យអាការៈឈឺខ្នងចង្កេះរបស់អ្នកកាន់តែធ្ងន់ធ្ងរ ឬធូរស្រាល អាស្រ័យនឹងមូលហេតុ និងអាំងតង់ស៊ីតេនៃការឈឺចាប់ ដូចនេះលោកអ្នកក៏អាចហាត់សន្សឹមៗ ឬប្រឹក្សាជាមួយអ្នកជំនាញ មុននឹងចាប់ផ្តើមបានផងដែរ។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

កូឡេស្តេរ៉ុល គឺជាសារធាតុខ្លាញ់មួយប្រភេទ  (Lipoprotein) ដែលមាននៅក្នុងខ្លួនរបស់យើងរាល់គ្នា។ វាជាធាតុផ្សំរវាងខ្លាញ់ (Fat)និងប្រូតេអ៊ីន (Protein)។  និយាយឲ្យងាយយល់គឺសារធាតុខ្លាញ់ (Fat) មិនអាចនៅស្មើសាច់ក្នុងឈាមបានទេបើមិនមានជាតិប្រូតេអ៊ីន (protein)រុំព័ទ្ធពីក្រៅ។វាប្រៀបដូចជាភ្នាក់ងារដឹកជញ្ជូនជាតិខ្លាញ់ទៅកន្លែងនានាក្នុងសារពាង្គកាយខ្លួនយើង។ ខ្លួនប្រាណរបស់យើងអាចផលិតកូឡេស្តេរ៉ុលខ្លួនឯងបានមួយចំនួនដោយមួយចំនួនទៀតត្រូវបានផលិតចេញពីចំណីអាហារដែលយើងបរិភោគ។ ចំណីអាហារទាំងនោះមានដូចជា ពពួកសាច់សត្វទឹកដោះគោ ស៊ុត ខ្លាញ់សត្វ និងប្រេងរុក្ខជាតិ។ នៅក្នុងខ្លួនមនុស្សផងដែរកូឡេស្តេរ៉ុលត្រូវបានដឹកជញ្ជូនទៅប្រើប្រាស់តាមរយៈជាតិប្រូតេអ៊ីនដើម្បីយកទៅប្រើប្រាស់តាមសរីរាង្គនានា។    អ្វីទៅជាកូឡេស្តេរ៉ុលអាក្រក់? កូឡេស្តេរ៉ុលអាក្រក់ ឬពាក្យបច្ចេកទេសហៅថា Low density lipoprote(LDLcholesterol or “bad cholesterol”) គឺជាពពួក​កូឡេស្តេរ៉ុលដែលចល័តនៅក្នុងសរសៃឈាមរបស់យើង។ វាមា​ន​តួនាទីដឹកនាំសារធាតុខ្លាញ់ទៅឲ្យកោសិកាផ្សេងប្រើប្រាស់ក៏ប៉ុន្តែគុណវិបត្តិរបស់វាគឺវាទៅកកជាប់នៅតាមសរសៃ ឈាមដែលជាហេតុបង្កឲ្យសរសៃឈាមទាំងអស់នោះឡើងរឹង(Athe​ro​s​-clerosis)និងកកស្ទះមិនអាចឲ្យចរន្តឈាមរត់បានស្រួល។ការស្ទះសរសៃឈាមជាមូលហេតុចម្បងដែលអាចបង្កឲ្យមានគ្រោះថ្នាក់ជំងឺបេះដូងនិងសរសៃឈាមចម្បងៗមួយចំនួន ដូចជា៖   •ជំងឺសរសៃឈាមបេះដូង(Coronary artery disease)ដែលអាចបង្កឲ្យមានបញ្ហាគាំងបេះដូង   •ជំងឺសរសៃឈាមខួរក្បាល (Cerebral vascular disease) ដែលបង្កឲ្យមានបញ្ហាកង្វះឈាមចិញ្ចឹមកោសិកាខួរក្បាល (Ischemic stroke) ឬមានការដាច់សរសៃឈាមក្នុងខួរក្បាល (Hemorrhagic stroke)។ អ្វីទៅជាកូឡេស្តេរ៉ុលល្អ?  កូឡេស្តេរ៉ុលល្អ ឬក៏ភាសាបច្ចេកទេស High density lipoprotein(HDL-cholesterol or “Good cholesterol”)។ កូឡេស្តេរ៉ុលល្អមានតួនាទីយ៉ាងសំខាន់នៅក្នុងការសម្អាតជាតិខ្លាញ់ពីសរសៃឈាមរបស់មនុស្សដោយវាជាអ្នកបោស សម្អាតខ្លាញ់អាក្រក់ដែលវាស្អិតជាប់នឹងសរសៃឈាមជញ្ជូនទៅកាន់ថ្លើមវិញ ដើម្បីផលិតទៅជាសារធាតុខ្លាញ់ដទៃ ដើម្បីប្រើប្រាស់ជាប្រយោជន៍បន្ត។   អ្វីទៅជា ទ្រីគ្លីសេរីដ?  ទ្រីគ្លីសេរីដ(Triglyceride)គឺជាបណ្តុំនៃសារធាតុខ្លាញ់(Fat)សុទ្ធដែលអណ្តែតនៅក្នុងសរសៃឈាមរបស់យើង។ ទ្រីគ្លីសេរីដដែលច្រើនលើសលប់ វានឹងត្រូវបានយកទៅស្តុកទៅក្នុងជាលិកាខ្លាញ់(Adipose tissue)ដែលមាននៅលើរាងកាយរបស់យើង។ ឧទាហរណ៍ ៖ ដូចជាជាលិកាខ្លាញ់នៅតាមដងខ្លួន ដែលមានក្បាលពោះជាដើម  និងប្រសិនបើវាកើនការស្តុកជាតិខ្លាញ់ក្នុងថ្លើមច្រើន បង្កឲ្យមានបញ្ហា Steatosis ដែលប្រជាជនខ្មែរយើងភាគច្រើនស្គាល់ជាខ្លាញ់រុំថ្លើម។ ដូចគ្នាទៅនឹងកូឡេស្តេរ៉ុលអាក្រក់ផងដែរ ការកើនឡើងលើសម្រិតនៃចំនួនទ្រីគ្លីសេរីដវាបង្កឲ្យមានវិបត្តិបញ្ហាសរសៃឈាម និងបេះដូងផងដែរ៕ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស ក្រពេញអ័រម៉ូន និងទឹកនោមផ្អែមនៃមន្ទីរពេទ្យព្រះកុសមៈ និងជាវេជ្ជបណ្ឌិតប្រចាំ-ការនៃ Diabetes Care Center ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

អាកាសធាតុត្រជាក់ ហាក់កាត់បន្ថយចំណង់នៃអ្នកចូលចិត្តហាត់ប្រាណមួយចំនួន ពិសេសអ្នកនិយមហាត់ខាងក្រៅ។ ប៉ុន្តែអ្នកមិនគួរបណ្តោយឲ្យវាក្លាយជាឧបសគ្គរារាំងទម្លាប់នៃការហាត់ប្រាណរបស់អ្នកសោះឡើយ។ដូចនេះវិធីសាស្ត្រខាងក្រោមនឹងធ្វើឲ្យអ្នករឹតតែរីករាយជាមួយការហាត់ក្នុងបរិយាកាសនេះ៖ ដឹងស្ថានភាពសុខភាពជាមុន ការហាត់ប្រាណមានសុវត្ថិភាពស្ទើរតែសម្រាប់មនុស្សគ្រប់គ្នាទោះបីជានៅក្នុងរដូវរងាក៏ដោយ។តែប្រសិនបើអ្នកមានលក្ខខណ្ឌសុខភាពខ្លះៗដូចជា ហឺត ឬបញ្ហាបេះដូង ចាំបាច់ត្រូវ ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន ដើម្បីដឹងពីភាពធ្ងន់ធ្ងរ ឬប្រភេទថ្នាំ។ ធ្វើបែបនេះ ឲ្យអ្នកអាចជឿជាក់ថា អ្នកអាចហាត់ប្រាណនៅខាងក្រៅបានដោយទំនុកចិត្ត និងគ្មានបញ្ហា។ តាមដានការព្យាករអាកាសធាតុ អ្វីដែលសំខាន់មួយទៀតនោះគឺអ្នកគួរពិនិត្យមើលស្ថានភាពអាកាសធាតុមុននឹងអ្នកទៅហាត់ប្រាណខាងក្រៅព្រោះសីតុណ្ហភាពខ្យល់ និងសំណើម រួមជាមួយនឹងរយៈពេលដែលអ្នកនឹងហាត់ខាងក្រៅ គឺជាគន្លឹះចម្បងក្នុងការទទួលបានការហាត់ប្រាណខាងក្រៅប្រកបដោយសុវត្ថិភាព។ម៉្យាងខ្យល់និងភាពត្រជាក់អាចបង្កើតបានជាខ្យល់កន្ត្រាក់ធ្វើឲ្យការហាត់ប្រាណខាងក្រៅរបស់អ្នកគ្មានសុវត្ថិភាព ទោះបីអ្នកស្លៀកពាក់សមស្របក៏ដោយ។ ស្លៀកពាក់សមស្រប ការស្លៀកពាក់កក់ក្តៅឬក្រាស់ពេកគឺជាកំហុសមួយក្នុងពេលហាត់ប្រាណក្នុងបរិយាកាសត្រជាក់។អ្នកគួរប្រើសម្លៀកបំពាក់ជាស្រទាប់ៗងាយនឹងដោះចេញពេលអ្នកចាប់ផ្តើមបែកញើស និងអាចពាក់វិញងាយតាមដែលត្រូវការ។សម្លៀកបំពាក់ស្រទា ប់ខាងក្នុងគួរជាប្រភេទជក់ទឹកដែលអាចឲ្យញើសជ្រាបចេញបាន រីឯស្រទាប់ខាងក្រៅ គួរជាស្រទាប់អ៊ីសូឡង់ ដែលអាចការពារខ្យល់និងទឹកបាន។ បំពេញជាតិទឹកដល់រាងកាយ     វាពិតជាសំខាន់ណាស់ទោះក្នុងកាលៈទេសៈណាមួយមិនថាខែក្តៅឬខែត្រជាក់អ្នកមិនត្រូវភ្លេចបំពេញជាតិទឹកដល់រាងកា យរបស់អ្នកនោះទេ។ ញ៉ាំទឹក ឬភេសជ្ជៈកីឡា មុនពេល អំឡុងពេល និងក្រោយពេលហាត់ប្រាណ ទោះបីអ្នកមិនមានអារម្មណ៍ថាស្រេកទឹកយ៉ាងណាក៏ដោយ។ ដោយហេតុថា អ្នកអាចនឹងទៅជាខ្សោះជាតិទឹក តាមរយៈការបែកញើស ការដកដង្ហើមកម្លាំងខ្យល់ស្ងួតនិងការកើនឡើងនូវបរិមាណទឹកនោមពេលហាត់ប្រាណដែលវាអាចនឹងពិបាកក្នុងការសម្គាល់ អំឡុងពេលអាកាសធាតុចុះត្រជាក់។ ត្រូវដឹងពេលមានការថយចុះកម្តៅរាងកាយ ការថយចុះកម្តៅរាងកាយជាអាការៈដែលខ្លួនអ្នកមានសីតុ ណ្ហភាពទាបមិនធម្មតា។ជាការពិតនៅពេលប៉ះជាមួយសីតុណ្ហភាពត្រជាក់រាងកាយអ្នកចាប់ផ្តើមបាត់បង់កម្តៅ លឿនជាងការផលិត។ហាត់ប្រាណក្នុងរដូវរងា និងភ្លៀង បង្កើន ហានិភ័យនៃការថយចុះសីតុណ្ហភាពរាងកាយ ទោះនៅវ័យក្មេង ឬចាស់ក៏ដោយ។ សញ្ញានៃការថយចុះកម្តៅរាងកាយ រួមមាន ញាក់ និយាយរអាក់រអួល បាត់បង់ការសម្របសម្រួលផ្សេងៗនិងអស់កម្លាំងករណីនេះត្រូវស្វែងរកជំនួយសង្គ្រោះបន្ទាន់និងភ្លាមៗ។ ប្រុងប្រយ័ត្នចំពោះផ្នែកចាំបាច់ នៅពេលមានអាកាសធាតុត្រជាក់ លំហូរឈាមត្រូវបានឡើងខាប់ជាងធម្មតា ពិសេសត្រង់ផ្នែកក្បាល ដៃ និងជើង ត្រូវបានរងគ្រោះហើយឆាប់ត្រជាក់ជាងគេ។  ហេតុនេះ អ្នកគួរពាក់ស្រោមដៃមុននឹងវាចាប់ផ្តើមត្រជាក់​ ហើយអាចដោះ  ចេញនៅពេលអ្នកមានអារម្មណ៍ថាបែកញើស។ អ្នកគួរពិចារ ណាឲ្យបានម៉ត់ចត់ក្នុងការទិញស្បែកជើងកីឡាល្អបំផុត​​ទំហំធំជាង​ពាក់កណ្តាល​ ឬ១លេខបើធៀបនឹងស្បែកជើងអ្នកពាក់ប្រចាំថ្ងៃ ដើម្បីរក្សាកម្តៅនៅស្រោមជើងអ្នក ឲ្យថេរបានយូរ។ ម៉្យាងអ្នកមិនត្រូវភ្លេចពាក់មួកទេព្រោះដើម្បីការពារផ្នែកក្បា លរបស់អ្នកអាចជាមួកដែលមានជាប់នឹងអាវស្រាប់ឬមួកដែ លគ្របការពារត្រចៀកបាន។ករណីអាកាសធាតុត្រជាក់ខ្លាំងអ្នកក៏អាចពាក់ម៉ាស់ការពារមុខបន្ថែមផងដែរ។ ស្បែក និងបបូរមាត់របស់អ្នក ពិតជាសំខាន់ទោះត្រជាក់ ឬមេឃ ស្រទុំ អ្នកចាំបាត់ត្រូវលាបឡេការពារកម្តៅថ្ងៃ ដែលការពារបានទាំង UVA និងUVB។   ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការព្យាបាលជំងឺមហារីកពោះវៀនធំនៅតែទាមទារអនុវត្តឡើងតាមវិធីសាស្រ្តផ្សេងៗបើទោះបីភាគរយនៃអត្រាការរស់រាន់មានជីវិត ៥ឆ្នាំពឹងផ្អែកលើដំណាក់កាលនៃជំងឺតួយ៉ាង៖ •ដំណាក់កាលទី I៖ ក្នុងអត្រាច្រើនជាង ៩០% •ដំណាក់កាលទី II៖ ក្នុងអត្រា ៧០% - ៨៥% •ដំណាក់កាលទី III៖ ក្នុងអត្រា ២៤% - ៥៩% •ដំណាក់កាលទី IV៖ ក្នុងអត្រាតិចជាង ៥% វិធីសាស្រ្តនៃការព្យាបាលជំងឺ ការព្យាបាលជំងឺមហារីកពោះវៀនធំពឹងផ្អែកលើទីតាំងនៃមហារីកនិងដំណាក់កាលជំងឺនីមួយៗ។សម្រាប់ដំណាក់កាលដំបូង ការព្យាបាលអាចធ្វើឡើងដោយការកាត់ចេញនូវ​ជាលិ​កាមហារីក និងកែប្រែសុខភាពឡើងវិញ ចំណែកគោលបំណងចម្បងនៃការព្យាបាលចំពោះជំងឺក្នុងដំណាក់កាលធ្ងន់ធ្ងរគឺ​ផ្តោត​សំខាន់ទៅលើការថែទាំ(ដើម្បីបង្កើនគុណភាពជីវិត​​រប​ស់​​អ្នកជំងឺដោយគ្រប់គ្រងការឈឺចាប់ និងភាពគ្មានផា​សុក​ភាព) ជាជាងការព្យាបាល។ ជម្រើសនៃការព្យាបាលនៃជំងឺមហារីកពោះវៀនធំអាចធ្វើឡើងតែឯងឬរួមបញ្ចូលគ្នាពីវិធីសាស្រ្តទាំងបួនខាងក្រោមដូចជា៖ 1- ការវះកាត់ (ជាជម្រើសការព្យាបាលដែលពេញនិយម) ក្នុងដំណាក់កាលដំបូងនៃជំងឺការកាត់ចេញនៅទីតាំងផ្ទាល់អាចធ្វើឡើងអំឡុងពេលថតឆ្លុពោះវៀន(colonoscopy)ដើម្បីយកចេញនូវដុំ polypឬដុំមហារីកតូចៗ។ប្រសិនដុំមហារីកមានសភាពធំត្រូវទាមទារឲ្យមានការកាត់ផ្នែកខ្លះនៃពោះវៀនធំដែលមានដុំមហារីកតាមរយៈការវះកាត់ដោយចំហ ឬវិធីសាស្រ្តទំនើបដោយប្រើប្រាស់ឧបករណ៍ជំនួយជាប្រព័ន្ធកាមេរ៉ា និងឧបករណ៍តូចៗសម្រាប់ចាក់បញ្ចូលហៅថា Laparoscopic surgery។ ការវះកាត់បែបនេះ គឺដើម្បីយកចេញនូវជាលិកាដែលមានដុំមហារីក ជាលិកាដែលនៅក្បែរ និងក្រពេញទឹក​រងៃ​ (lymph nodes) បន្ទាប់មកនឹងមានការភ្ជាប់សារជាថ្មីនូវចុងកោសិកាពោះវៀនដែលមានសុខភាពល្អ។ ក្នុងករណីចុងពោះវៀនត្រូវការពេលមួយរយៈសម្រាប់ជាសះស្បើយឬអ្នកជំនាញមិនអាចធ្វើការភ្ជាប់ពោះវៀនធំឡើងវិញ នោះការចោះចុងពោះវៀននឹងត្រូវធ្វើឡើង (Colostomy)។ ដំណើរការនេះជាការបើកចុងពោះវៀនហៅថាstomaនៅលើ ពោះដើម្បីអនុ-ញ្ញាតឲ្យកាកសំណល់ពីពោះវៀនធំអាចស្តុកទុកក្នុងថង់ដែលបានដាក់បញ្ចូល(Colostomy bag)។ ការដាក់បញ្ចូល colostomy bag អាចធ្វើឡើងជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍ ដែលបញ្ហានេះនឹងត្រូវធ្វើការបកស្រាយក្នុងទស្សនា​វដ្តីហេលស៍ថាមនៅលេខក្រោយ។ 2- ការព្យាបាលបែបគីមី (Chemotherapy) ជាការប្រើឱសថប្រឆាំងមហារីកដើម្បីសម្លាប់កោសិកាមហា​រីក។ឱសថធ្វើការជ្រាបចូលទៅក្នុងចរន្តឈាមនិងមានឥទ្ធិ​ពលទៅលើកោសិកាមហារីកពេញរាងកាយ ដោយគេអាចប្រើប្រាស់ក្រោមទម្រង់ជាការលេប ឬចាក់តាមសរសៃវ៉ែន។  3- ការព្យាបាលឲ្យចំគោលដៅ (Targeted Cancer Therapy) សម្រាប់ជំងឺមហារីកពោះវៀនធំដែលបានរាលដាលគួរទទួលបានការព្យាបាលជាប្រភេទឱសថ ឬសារធាតុដែលទៅបញ្ឈប់​ការលូតលាស់ និងការរីករាលដាលនៃមហារីក ដោយវាមានសកម្មភាពទៅរំខានដល់ម៉ូលេគុលពិសេសសម្រាប់ការលូត លាស់ និងរាលដាលនៃដុំមហារីក។  4- ការព្យាបាលដោយកាំរស្មី (Radiation therapy) ជាការប្រើប្រាស់កាំរស្មីកម្រិតខ្ពស់ក្នុងការសម្លាប់កោសិកាមហារីកដោយវាមានឥទ្ធិពលតែនៅលើតំបន់ដែលមានកោសិកាមហារីកប៉ុណ្ណោះ។ជាទូទៅការព្យាបាលដោយកាំរស្មីអាចធ្វើឡើងអំឡុងពេលជាមួយគ្នានៃការព្យាបាលបែបគីមីហើយវាអាចអនុវត្តសម្រាប់ការព្យាបាលជំងឺមហារីកចុងពោះវៀនធំផងដែរ។ ការព្យាបាលដោយកាំរស្មីត្រូវបានចែកចេញជាពីរ៖  •ខាងក្រៅ (External)៖ ជាការប្រើប្រាស់ម៉ាស៊ីនដើម្បីបញ្ចូលកាំរស្មីទៅកាន់តំបន់នៃជំងឺ។ •ខាងក្នុង (Internal)៖ បញ្ចូលសារធាតុកាំរស្មីតាមរយៈការសកបញ្ចូលទៅតំបន់មហារីក ដោយប្រើប្រាស់ ម្ជុល បំពង់ ខ្សែ និងម្ជុល Catheter។  ផលវិបាកនៃជំងឺ ផលវិបាកនានានៃជំងឺមហារីកពោះវៀនធំអាចនឹងកើតឡើងមានសភាពធ្ងន់ធ្ងរនិងទាមទារការព្យាបាលឲ្យបានទាន់​ពេលវេលា មុនពេលបញ្ហាមួយចំនួនស្តែងចេញដូចជា៖ •ស្ទះពោះវៀន (ផ្នែកខ្លះ ឬទាំងអស់) •ហូរឈាមក្នុងពោះវៀន •ខ្វះឈាម (ថយចុះកម្រិតអេម៉ូក្លូប៊ីន) ដោយសារតែមានការហូរឈាមក្នុងក្រពះ •ដាច់រហែកពោះវៀន (ដាច់រហែកផ្នែកជញ្ជាំងពោះវៀននៅតំបន់មហារីក)។ ការស្វែងរកការពិនិត្យឲ្យបានឆាប់រហ័សពីវេជ្ជបណ្ឌិតផ្នែកមហារីកឬគ្រូពេទ្យវះកាត់ខាងពោះវៀនជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការបញ្ចៀសបញ្ហាដែលអាចនឹងកើតមានឡើងតាមការរៀបរាប់ខាងលើ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅដែលសព្វថ្ងៃជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

វាជារឿងធម្មតាទេដែលអ្នកឡើងទម្ងន់រាងកាយក្នុងអំឡុងពេលមានផ្ទៃពោះនៅពេលដែលគភ៌របស់អ្នកមានការវិវឌ្ឍល្អប្រសើរ។ការបរិភោគបានត្រឹមត្រូវនិងសម្រាកបានគ្រប់គ្រាន់អំឡុងពេលមានផ្ទៃពោះគឺមានសារៈសំខាន់ណាស់សម្រាប់ការវិវឌ្ឍខាងមុខជាប្រក្រតីរបស់ទារកក្នុងផ្ទៃ។មានចំណុចខ្លះៗដែលស្រ្តីមានផ្ទៃពោះមិនគួរមើលរំលងអំពីការឡើងទម្ងន់រាងកាយរបស់ខ្លួន ដែលមានបង្ហាញដោយខ្លី តែខ្លឹមនៅក្នុងអត្ថបទខាងក្រោម… តើស្ត្រីមានផ្ទៃពោះអាចកើនឡើងទម្ងន់ប៉ុន្មានដែរ? ប្រហែល 11,5kg ទៅ 16kgគិតចាប់ពីពេលមានគភ៌រហូតដល់គ្រប់ខែសម្រាល។ការកើនទម្ងន់រាងកាយគួរកើនពី 1-1,5kg សម្រាប់បីខែដំបូង និងបី 1,5-2kg ក្នុងខែនីមួយៗរហូតដល់ថ្ងៃសម្រាលទារក។ ហេតុអ្វីបានជាត្រូវកើនទម្ងន់? វាអាស្រ័យលើទម្ងន់រាងកាយម្តាយពិតមុនពេលមានផ្ទៃពោះ ទម្ងន់កូនភ្លោះសភាពទឹកភ្លោះកើនឡើងនៃជាលិកាផ្ទាល់របស់ម្តាយ (សុដន់ ស្បូន) ទម្ងន់របស់គភ៌ ឬក៏ជំងឺផ្សេងទៀត (ទឹកនោមផ្អែម)ជាដើម។  តើស្រ្តីមានផ្ទៃពោះគួរធ្វើអ្វីខ្លះ អំឡុងពេលកើនទម្ងន់ ដើម្បីសុខភាពរបស់ខ្លួន និងទារក?     អ្នកគួរតែពិនិត្យមើលថារបបអាហាររបស់អ្នកមានផ្ទុកនូវសារធាតុចិញ្ចឹមដែលរក្សាឱ្យអ្នកមានសុខភាពល្អហើយវានឹងផ្តល់ឱ្យទារករបស់អ្នកមានសុខភាពល្អផងដែរដូចជាអាស៊ីត ហ្វូលិក ជាតិដែក កាល់ស្យូម អ៊ីយ៉ូត និងប្រូតេអ៊ីន។ បន្ថែមពីលើនេះ ក៏មានទង្វើខ្លះៗដែលអ្នកគួរធ្វើ ដែលរួមមានដូចខាងក្រោម ៖ •បរិភោគរបបអាហារដែលមានជីវជាតិល្អ រួមបញ្ចូលទាំងផ្លែឈើ និងបន្លែស្រស់ នំប៉័ង និងធញ្ញជាតិទាំងមូល •បរិភោគគ្រប់ប្រភេទសាច់គ្មានខ្លាញ់ ត្រី និងផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាប  •ជៀសវាងអាហារដែលមានជាតិខ្លាញ់ និងស្ករ និងភេសជ្ជៈកំប៉ុង។ •ធ្វើលំហាត់ប្រាណកម្រិតមធ្យមធម្មតាប្រសិនបើគ្មានការហាមឃាត់របស់វេជ្ជបណ្ឌិតឯកទេសពីការហាត់ប្រាណនោះទេ ស្ត្រីគួរហាត់ប្រាណឲ្យបាន30នាទីជាប្រចាំថ្ងៃចៀសវាងសកម្មភាពលំហាត់ប្រាណរហ័សពេកក្នុង20នាទីព្រោះវាបណ្តាលឲ្យស្ត្រីមានការកើនឡើងនៃកម្តៅរាងកាយ។  •រក្សាការទទួលជាតិទឹករបស់អ្នកក៏មានសារៈសំខាន់ផងដែរទឹកត្រូវបានវេជ្ជបណ្ឌិតឯកទេសណែនាំឱ្យផឹកទឹកប្រហែលពីរលីត្រជារៀងរាល់ថ្ងៃ។     ការកើនឡើងខ្លាំង ឬមិនកើនឡើងនៃទម្ងន់រាងកាយអំឡុងពេលមានផ្ទៃពោះគឺទាំងពីរនេះសុទ្ធតែជះឥទ្ធិពលដល់សុខភាពម្តាយ និងទារក។ ចំពោះបញ្ហាទាក់ទងនឹងទម្ងន់រាងកាយអំឡុងពេលមានផ្ទៃពោះអ្នកម្តាយគ្រប់រូបគួរពិភាក្សានិងពិនិត្យឲ្យបានឌិតដល់ជាមួយវេជ្ជបណ្ឌិតឯកទេស ឬក៏ឆ្មបជំនាញ៕ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share
Top