Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

លំហាត់ប្រាណនឹងកាន់តែមានភាពងាយស្រួលប្រសិនអ្នកជ្រើសរើសនូវការហាត់ដោយប្រើប្រាស់ម៉ាស៊ីនដើរដោយហេតុ​ថាវាមានភាពរហ័សនិងពុំចាំបាច់ចំណាយពេលច្រើនក្នុងការរៀបចំខ្លួនចេញទៅក្រៅដើម្បីការរត់ឬដើរនោះទេ។លំហាត់ប្រាណ​ប្រភេទនេះ ប្រហែលជាអ្នកគិតថាមានភាពងាយស្រួលដោយគ្រាន់តែធ្វើការដើរឬរត់ក្នុងរយៈពេលកំណត់ណាមួយតែប៉ុណ្ណោះ តែបុគ្គលខ្លះអាចនឹងមានទម្លាប់មួយចំនួនដែលកំពុង​តែប្រព្រឹត្តខុស និងបំផ្លាញនូវប្រសិទ្ធភាពលំហាត់ប្រាណទាំងមូល ដែលកំហុសនោះនឹងត្រូវបានបកស្រាយតាមអត្ថបទខាងក្រោម។  1-អ្នកជ្រើសរើសស្បែកជើងខុស អ្នកត្រូវប្រាកដថាស្បែកជើងលំហាត់ប្រាណមានមុខងារស័ក្តិសមជាជាងការជ្រើសរើសយកប្រភេទណាដែលមានតែភាពឆើតឆាយ។ស្បែកជើងដែលល្អគួរមានបាតខាងក្នុងខ្ពស់ដែលអាចការពារកែងជើងនិងឆ្អឹងម្រាមជើងពីការប៉ះទង្គិចដោយ​​សារ ការដើរ ឬរត់លើម៉ាស៊ីននោះ។ យ៉ាងណាមិញ អ្នកគួរចៀសវាងប្រើប្រាស់ស្បែកជើងនេះក្នុងការរាំ លំហាត់ប្រាណខ្លាំងក្លា ឬការឡើងទីទួល ដែលវាអាចបង្កឲ្យគ្រោះថ្នាក់ដល់កជើងរបស់អ្នក។ 2-អ្នកក្រឡេកមើលជើងពេលហាត់ អ្នកនឹងអាចបាត់បង់លំនឹងប្រសិនអ្នកមានទម្លាប់ក្នុងការក្រឡេកមើលជើងអំឡុងពេលហាត់។កាយវិការបែបនេះក៏អាចបង្កឲ្យមានការឈឺចាប់ដល់ផ្នែកខ្នងកនិងធ្វើឲ្យទីតាំងនៃដងខ្លួនមិនស្មើគ្នា។កាត់បន្ថយទម្លាប់នេះដោយត្រូវរក្សានូវទម្រង់ស្មាឲ្យបានត្រង់ និងសំឡឹងទៅខាងមុខទើបជាការប្រសើរ។ 3-ទម្លាប់កាន់ដៃម៉ាស៊ីន កម្រិតដុតបំផ្លាញកាល់ឡូរីនឹងអាចកាត់បន្ថយ ប្រសិនអ្នកតែង​តែហាត់ដោយកាន់ដៃម៉ាស៊ីនដើម្បីទប់លំនឹងខ្លួន ព្រោះថាមពលរបស់អ្នកមួយផ្នែកមិនត្រូវបានប្រើប្រាស់សម្រាប់ការហាត់នោះទេ។យកល្អអ្នកគួរ​ព្យាយាមដើរក្នុង​​លក្ខខណ្ឌ​​ធម្មតាទៅតាមកម្រិតលឿនឬយឺតដែលអ្នកបានកំណត់នៅលើម៉ាស៊ីន​ដោយចៀសវាងដើរលើសឬលឿនដែលជាហេតុធ្វើឲ្យអ្នកមានទំនោរក្នុងការចាប់កាន់។ 4-កាយវិការឱនមកខាងមុខ ការឱនមកខាងមុខអាចឲ្យរាងកាយអ្នកមានភាពស៊ាំទៅនឹងការអភិវឌ្ឍទៅរកភាពកោងដែលជាហេតុធ្វើឲ្យអ្នកបាត់បង់លំនឹងនិងការឈឺចាប់ខ្នងផ្នែកខាងក្រោម។ទម្លាប់រក្សាស្ថានភាពដងខ្លួនឲ្យបានត្រង់ឬអាចបន្ថយល្បឿនរបស់ម៉ាស៊ីនប្រសិនអ្នកមិនទាន់អាចចៀសវាងបញ្ហានេះបាន។ 5-អ្នកធ្វើការហ្វឹកហាត់ជ្រុល ការឈឺចាប់សាច់ដុំការកើនឡើងចង្វាក់បេះដូងឬការឈឺចាប់ផ្នែកផ្សេងៗនៃរាងកាយមួយចំនួនទៀតសុទ្ធតែជាសញ្ញាប្រាប់ថាអ្នកធ្វើលំហាត់ប្រាណច្រើនហួសកម្លាំង។ ប្រសិនអ្នកសង្កេតឃើញមានបញ្ហា ខាងលើ អ្នកគួរបញ្ឈប់នូវការហាត់ជាបណ្តោះ អាសន្នហើយរៀបចំជាថ្មីចំពោះកម្មវិធីលំហាត់ប្រាណរបស់អ្នក។ជាទូទៅលំហាត់ប្រាណបែបដើរឬរត់ខ្លាំងក្លាតម្រូវឲ្យហាត់ត្រឹមតែ ២ឬ៣ដង ក្នុងមួយសប្តាហ៍ ចំណែកការហាត់ជាមធ្យមអាចធ្វើឡើងបាន ៣ ទៅ៥ដងក្នុងមួយសប្តាហ៍។ កុំបន្តឲ្យទម្លាប់ដ៏សាមញ្ញទាំងនោះមានឥទ្ធិពលអវិជ្ជមានលើប្រសិទ្ធភាពនៃលំហាត់ប្រាណរបស់អ្នក ដោយអ្នកគួរមានការយកចិត្តទុកដាក់បន្ថែម និង អនុវត្តឲ្យបានជាប្រចាំទៅតាមការណែនាំ។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

មនុស្សមួយចំនួនមានការយល់ច្រឡំរវាងផ្នែកប្រព័ន្ធប្រសាទនិងផ្នែកផ្លូវចិត្ត។ដោយឡែកផ្នែកប្រព័ន្ធប្រសាទគឺជាជំងឺទាំងឡាយណា ដែលទាក់ទងទៅនឹង ការខូចខាតដល់មជ្ឈមណ្ឌលប្រសាទកណ្តាល ប៉ះពាល់ដល់បរិប្រសាទ(សរសៃប្រសាទតូចៗ)រំខានដល់មុខងារ៤ធំៗ ក្នុងផ្នែកប្រព័ន្ធប្រសាទ៖ •មុខងារជាន់ខ្ពស់៖ សម្រាប់គិតគូរ ពិចារណា លើភាពសប្បាយរីករាយ ថ្លឹងថ្លែងអារម្មណ៍  •មុខងារចលនា៖ រាល់ចលនា សកម្មភាពរាងកាយទាំងអស់ ស្ថិតនៅក្រោមការបញ្ជារបស់ ប្រព័ន្ធប្រសាទកណ្តាល •មុខងារនៃការដឹង៖ ដឹងដោយអារម្មណ៍ ឬ ដោយការប៉ះ ទាក់ទងនឹងការដឹងដោយញាណ •មុខងារលំនឹងនិងការសម្របសម្រួល។ ចំណោមបញ្ហាដែលអាចប៉ះពាល់ដល់មុខងារចលនា ត្រូវបានស្តែងឡើងជាច្រើនប្រភេទ ដែល Ministroke ក៏ជាជំងឺមួយអាចរំខានដល់មុខងារនេះផងដែរ។ តើអ្វីជា Ministroke?  Ministroke ឬក្នុងភាសាបច្ចេកទេសហៅថា Transient Ischemic Attack (TIA) ជាការស្ទះសរសៃឈាមបណ្តោះអាសន្នមានន័យថាវាជាលទ្ធផលដែលកើតឡើងនៅពេលដែលមានការថយចុះនូវបរិមាណឈាម ដោយសារតែការស្ទះ នៃសរសៃឈាមតូចៗដែលទៅចិញ្ចឹមផ្នែកណាមួយនៃខួរក្បាលក្នុងរយៈពេលខ្លី ឬបណ្តោះអាសន្ន(២៤ម៉ោង) នាំឲ្យមានការខូចខាតទៅលើសាច់ខួរក្បាល និងមិនអាចត្រឡប់មករកសភាពធម្មតាវិញបានទេ។ មូលហេតុ និងកត្តាជំរុញ វាមានមូលហេតុជាច្រើនដែលចូលរួមបង្កជាបញ្ហានេះ តែតាមការសិក្សាសង្កេតឃើញថា ការលើសសម្ពាធឈាមគឺជា ភ្នាក់ងារចម្បងដែល បង្កឲ្យមានMinistrokeនេះឡើង។ ក្រៅពីនេះមានកត្តាផ្សេងទៀតដូចជា៖ •កំណកឈាម ដែលភាគច្រើនបង្កឡើងដោយ ជំងឺបេះដូង ជាពិសេសអ្នកដែលមានជំងឺជាំសាច់ដុំបេះដូង (Myocardial Infarction)ដោយបង្កើតបានជាកំណកឈាមហើយអណ្ដែតចូលទៅក្នុងសរសៃឈាម តូចៗ ដែលទៅចិញ្ចឹមខួរក្បាល។ •ការរួមត្បៀតនូវសរសៃឈាមក្នុងខួរក្បាលដែលបណ្ដាលមកពីកត្តាមួយចំនួនដូចជា៖  - ជំងឺសរសៃឈាមតំណពូជ - អ្នកដែលមានវ័យចំណាស់ - អ្នកជំងឺទឹកនោមផ្អែម  - បុគ្គលដែលមានលើសជាតិខ្លាញ់ក្នុងឈាម ជាដើម…ដែលបញ្ហាទាំងនេះធ្វើឲ្យខូចនូវរចនាសម្ព័ន្ធរបស់សរសៃឈាមក៏ដូចជាធ្វើឲ្យរលាកសរសៃឈាម។ ចំពោះកត្តាជំរុញផ្សេងទៀតមានដូចខាងក្រោម៖ •អាយុលើសពី៤០ឆ្នាំ •បុគ្គលដែលធាត់ លើសទម្ងន់ ដែលអាច គណនាទៅតាមBMI (Body Mass Index)  •គ្រួសារសាច់ញាតិដែលមានប្រវត្តិ ធ្លាប់មាន វិបត្តិកំណកឈាម •មានប្រវត្តិជំងឺបេះដូង ឬប្រឹសបេះដូង •លើសសម្ពាធឈាម និងជាតិខ្លាញ់ក្នុងឈាមខ្ពស់ •អ្នកជំងឺទឹកនោមផ្អែម •អ្នកដែលចូលចិត្តផឹកសុរាច្រើន ឬសេព គ្រឿងញៀន…។ សញ្ញាដែលនឹងលេចឡើងចំពោះអ្នកជំងឺ នៅក្នុង​​ Ministroke វាអាចស្តែងចេញនូវសញ្ញា​ប្រហាក់ប្រហែលនឹងជំងឺStrokeដែរ។ ក្នុងនោះ​មានពាក្យកាត់ជាភាសាអង់គ្លេសដែលអាចឲ្យ​ យើងងាយចាំគឺ FAST ដោយដកស្រង់ ចេញពី ឯកសារ “មគ្គទេសក៍ស្ដីពីការស្ដារលទ្ធភាព ពលកម្មសម្រាប់អ្នកជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលនៅកម្ពុជា” ដែលត្រូវបានបោះពុម្ពផ្សាយពីក្រសួងសុខាភិបាលក្នុងឆ្នាំ២០១៦។ FAST មានន័យថា៖ •​F: Face (ខ្សោយមុខ)៖ មុខអ្នកជំងឺអាចមានវៀច ឬធ្លាក់មួយចំហៀង(ឆ្វេងឬស្ដាំ) ភ្លាមៗ •A: Arm (ខ្សោយដៃ)៖ ដៃអ្នកជំងឺអាចទន់ ឬមិនអាចលើកបានភ្លាមៗ •S: Speech (ពិបាកនិយាយ)៖ អ្នកជំងឺអាច មានការប្រែប្រួលការនិយាយភ្លាមៗ ដូចជា និយាយមិនច្បាស់ ឬនិយាយមិនចេញ •T: Time (ពេលវេលា)៖ ពេលវេលាជារឿងសំខាន់សម្រាប់ការព្យាបាល និងសង្គ្រោះជីវិត អ្នកជំងឺ។ ក្រៅពីនេះអ្នកជំងឺអាចមានអាការៈឈឺក្បាល ឬវិល​មុខភ្លាមៗ ស្រវាំង ឬពិការភ្នែក (មួយចំហៀង) ភ្លាមៗ ដែលជាសញ្ញាបន្ថែមលើសញ្ញាគោលដូចបានរៀបរាប់ខាងលើ។ វិធីសាស្រ្តធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យបានឆាប់គឺជារឿងសំខាន់សម្រាប់អ្នកជំងឺនេះ។ មានវិធីសាស្រ្តក្នុងកា​វិនិច្ឆ័យជាច្រើនដែលយើងនឹងធ្វើចំពោះអ្នកជំងឺនេះ។យើងត្រូវធ្វើការពិនិត្យអ្នកជំងឺចាប់ពីក្បាលដល់ចុងជើងដោយ៖ •ផ្នែកក្បាល៖ គឺអ្នកជំងឺមានសភាពឈឺក្បាលភ្លាមៗហើយមុខចាប់ផ្ដើមវៀចមួយចំហៀងស្របពេលនោះការនិយាយស្ដីរបស់អ្នកជំងឺ ក៏មានការប្រែប្រួល ដោយនិយាយស្ដាប់មិនច្បាស់ និងនិយាយស្ដាប់គ្នាមិនបាន •ផ្នែកដៃ៖ ភ្លាមៗអ្នកជំងឺស្រាប់តែទន់ដៃមួយចំហៀង ឬមិនអាចធ្វើចលនាបានតែម្ដង •ផ្នែកជើង៖ ក្នុងពេលនោះជើងបាត់បង់លំនឹងភ្លាមៗ មិនអាចដើរ ឬអង្គុយបាន។   បន្ថែមពីលើការពិនិត្យការថតខួរក្បាលដោយស៊ីធីស្គែនឬអ៊ឹមរ៉ាយ(MRI)បង្កភាពងាយស្រួលក្នុងការកំណត់សម្គាល់នូវទីតាំង ឬទំហំនៃការប៉ះពាល់របស់ខួរក្បាល និងអាចញែកចេញភ្លាមៗនូវ Strokeដែលបណ្ដាលមកពីការដាច់សរសៃឈាម ឲ្យ(Hemorrhagic stroke) ឬបញ្ហាផ្សេងៗទៀត ដែលអាចស្ដែងនូវ រោគសញ្ញាប្រហាក់ប្រហែលបាន។ ការធ្វើអេកូ Doppler នៅនឹងសរសៃអាកទែការ៉ូទីត(Caroti​dArteries)គឺសំខាន់សម្រាប់ស្វែងរកថាតើមានការកកស្ទះនូវកំណកឈាមនៅនឹងសរសៃឈាមនេះដែរឬទេ។ ក្នុងករណីសង្ស័យ​ថាមានការស្ទះសរសៃឈាមណាមួយ ដែលផ្ដល់ដោយអេកូ Doppler នោះ យើងអាច ធ្វើការចាក់ទឹកថ្នាំចូលទៅក្នុងសរសៃឈាមដើម្បីរកមើលការស្ទះពិតប្រាកដ​​ហៅថា​Angiographyព្រោះសរសៃអាកទែការ៉ូទីត (Carotid Arteries) ជាសរសៃដែលសំខាន់ក្នុងការដឹកនាំ ឈាមទៅកាន់ខួរក្បាល។ ដូច្នេះយើងចាំបាច់ត្រូវ កំណត់ថាសរសៃនេះគ្មានការកកស្ទះ បើមាន នោះ វានឹងផ្តល់ហានិភ័យខ្ពស់ចំពោះជំងឺ ហើយ យើងក៏នឹងមានវិធានការណ៍ផ្សេងទៀត។ ការព្យាបាលរួមទាំងបច្ចេកទេសផ្សេងទៀតមានដូចជាការពិនិត្យឈាមថតកាំរស្មីអ៊ិចសួតអេកូបេះដូង និងវាស់អគ្គិសនីបេះដូងជាដើម(EKG)។ល។ ការធ្វើរោគវិនិច្ឆ័យនេះនឹងត្រូវបាន​ធ្វើឡើងដោយស្ថាប័នជំនាញផ្នែកប្រព័ន្ធប្រសាទ ដើម្បីបញ្ជាក់ រោគវិនិច្ឆ័យឲ្យបានជាក់លាក់ រួចឈានទៅរកការ ទប់ស្កាត់ឲ្យបានទាន់ពេលវេលា មុននឹងអ្នកជំងឺវិវឌ្ឍទៅរកជំងឺ Stroke​ពិតប្រាកដ។ ការព្យាបាល ការព្យាបាល Ministroke គឺផ្អែកទៅតាមលទ្ធផលនៃរោគវិនិច្ឆ័យខាងលើ និងមូលហេតុដែលបង្ក។ ក្នុងនោះការព្យាបាល​ដោយប្រើឱសថ ដូចជា ពពួកប្រឆាំងកំណកឈាមមាន អាស្ពីរីន (Aspirin) កម្រិតទាបគឺ៧៥ ឬ៨១មីលីក្រាម ដែលជាឱសថសាមញ្ញ និងមិនសូវថ្លៃ លើកលែងតែអ្នកដែលមានជំងឺក្រពះ  ទើបធ្វើការប្ដូរទៅក្រុមឱសថផ្សេងទៀត ដូចជា Clopidogrel ជាដើម និងការព្យាបាលដោយវះកាត់ (Angioplasty)។ ក្នុងឱកាសនេះអ្នកជំងឺត្រូវជួបវេជ្ជបណ្ឌិត ឯកទេសដើម្បីស្រាវជ្រាវកត្តាហានិភ័យនៃសរសៃឈាមបេះដូង ។ ពេលវេលាជារឿងសំខាន់ក្នុងការសង្គ្រោះ និងព្យាបាលជំងឺ ដូច្នេះ ប្រសិនបើអ្នកជំងឺមិនបានមកទាន់ពេលវេលាឬមិនបានទទួលការព្យាបាល នោះទេ ការប្រឈមនឹងភាពធ្ងន់ធ្ងររបស់ជំងឺអាចនឹងកើតមាន ហើយឱកាសនៃការកើតឡើងទៅ ជាStrokeក៏អាចនឹងប្រឈមខ្ពស់ដែរ ដែលជំរុញឲ្យអ្នកជំងឺមានពិការភាពជាអចិន្ត្រៃយ៍ ឬរហូតបាត់បង់ជីវិតបាន។ វិធីសាស្ត្របង្ការ ដើម្បីការពារ Ministroke គួរអនុវត្តឲ្យបានដូចខាងក្រោម៖ •ការធ្វើលំហាត់ប្រាណជាប្រចាំ និងរក្សា តុល្យភាពទម្ងន់ខ្លួន •រក្សានូវសម្ពាធឈាមក្នុងករណីមានលើសសម្ពាធឈាម •បរិភោគចំណីអាហារ មិនប្រៃពេក និងមិន ពោរពេញដោយជាតិខ្លាញ់ •ពិសាថ្នាំបញ្ចុះជាតិខ្លាញ់ក្នុងឈាម ក្នុងករណីលើសជាតិខ្លាញ់ខ្ពស់ •គ្រប់គ្រងជាតិស្ករក្នុងឈាមចំពោះអ្នកជំងឺ ទឹកនោមផ្អែម •កាត់បន្ថយការជក់បារី ផឹកស្រា ឬអាចកាត់ផ្តាច់កាន់តែល្អ •ការជួបជាមួយគ្រូពេទ្យ ដើម្បីពិនិត្យសុខភាពជាទៀងទាត់គឺជារឿងដែលសំខាន់បំផុតក្នុងគ្រប់ប្រភេទជំងឺ។ អំឡុងពេលដែលមានMinistroke ឬTIA គឺការបញ្ឈប់នូវលំហូរឈាមទៅចិញ្ចឹមខួរក្បាលក្នុងរយៈពេលខ្លី ឬបណ្តោះអាសន្នមួយ។វាមិនដូចStrokeតែម្តងទេដែលអាចឲ្យមានការខូចខាតនូវសាច់ខួរក្បាលខ្លាំងក្លានិងអាចបង្កជាពិការភាពអចិន្រៃ្តយ៍បាន។ ចំណែកឯរោគសញ្ញា គឺវាអាច ស្តែងចេញប្រហាក់ប្រហែលគ្នាដូចបានរៀបរាប់ខាងលើ(FAST)។ចំណែកឯការធ្វើរោគវិនិច្ឆ័យនិងព្យាបាលទាន់ពេលវេលាគឺជារឿងសំខាន់ដែលអាចកាត់បន្ថយនូវភាពធ្ងន់ធ្ងររបស់អ្នកជំងឺបាន។ ក្រោយមានMinistrokeម្តងហើយអ្នកជំងឺត្រូវតែអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងមកពិនិត្យជំងឺជាប្រចាំដើម្បីចៀសវាងនូវបញ្ហាម្តងទៀត។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជុំ ណាវុធ មហាបរិញ្ញា បណ្ឌិតវេជ្ជសាស្រ្តឯកទេសនិងឯកទេសប្រព័ន្ធសរសៃប្រសាទសរសៃឈាមខួរក្បាល និងជានាយផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

មិត្តនារីមួយចំនួនឲ្យតែឆ្លុះកញ្ចក់ពេលណាក៏មិនដែលពេញចិត្តនឹងរូបរាងខ្លួនឯងធាត់ហើយស្លៀកពាក់យ៉ាងណាក៏មិនសម។ សំខាន់ តមអាហារ និងហាត់ប្រាណក៏អនុវត្តរួចហើយ នៅតែដដែល ពេលនោះអ្នក ប្រាកដជាគិតដល់ការប្រើថ្នាំ ឬផលិតផលអាហារបំប៉នផ្សេងទៀតដែលមានយ៉ាងច្រើនទាំង​លើទីផ្សារក៏ដូចជាតាមប្រព័ន្ធអុីនធឺណេត។ ប៉ុន្តែថា តើអ្នកប្រាកដទេថាជម្រើសនេះត្រឹមត្រូវ? តើអ្វីខ្លះដែលអ្នក ត្រូវដឹងជាមុន? គ្មានការធានា អ្នកប្រហែលមិនធ្លាប់បានដឹង ឬចាប់អារម្មណ៍ទេថាថ្នាំ ឬ ផលិតផលដែលអ្នកប្រើ បានត្រួតពិនិត្យត្រឹមត្រូវ មានច្បាប់ អនុញ្ញាតឲ្យចែកចាយនៅលើទីផ្សារនោះទេ។ អ្វីដែលគួរឲ្យកត់សម្គាត់សព្វថ្ងៃផលិតផលថែរក្សាសម្រស់មួយចំនួន ក៏ដូច ជាផលិតផលសម្រកទម្ងន់ ត្រូវបានបង្ហាញលក់ពាសពេញប្រព័ន្ធអ៊ីនធឺណេត។ ជាងនេះទៅទៀតមានប្រភេទអាហារបំប៉នខ្លះក៏មិនទាមទារឲ្យមានការអនុម័តពីរដ្ឋបាលចំណីអាហារនិងឱសថ(FDA)មុននឹងចេញលក់លើទីផ្សារឡើយ។​ ជាមួយគ្នាផងដែរក្រុមហ៊ុនឬផលិតផលជាច្រើនងាយនឹងមានសារធាតុផ្សំដែលគ្មានសុវត្ថិភាពតែដោយសារភាពពេញនិយម មិនបានចាប់អារម្មណ៍ រហូតដល់រយៈពេលណាមួយលេច ចេញនូវផលអវិជ្ជមាន ទើបបានរាយការណ៍ទៅកាន់FDA និង បញ្ឈប់លែងឲ្យប្រើ។ អំណះអំណាងមិនត្រឹមត្រូវ សូមកុំជឿជាក់លើគ្រប់អំណះអំណាងដែលអ្នកអានលើស្លាកសញ្ញាអាហារបំប៉ន ឬផលិតផលសម្រកមួយចំនួន ព្រោះតាម រយៈរបាយការណ៍ចេញដោយនាយកដ្ឋានសុខាភិបាលសហរដ្ឋអាមេរិកការវិភាគនៃអាហារបំប៉នចំនួន១២៧រួមបញ្ចូលទាំង ថ្នាំគ្រាប់សម្រកទម្ងន់បានបង្ហាញថា២០%មានអំណះ​អំណាងមិនស្របច្បាប់នៅលើស្លាកសញ្ញាបញ្ជាក់ថាវាជាផលិតផលសម្រាប់ព្យាបាលជំងឺផ្សេង ឬមានប្រសិទ្ធភាពលើសលទ្ធភាព របស់សារធាតុសកម្ម។ គ្មានប្រសិទ្ធភាព ថ្នាំគ្រាប់សម្រកទម្ងន់មួយចំនួន ជាធម្មតាមានផ្ទុកជារួមជាមួយ សារធាតុកាហ្វេអ៊ីន និងប្រភេទបញ្ចុះទឹកនោមដទៃទៀត ដែលបង្កឲ្យមានការបាត់បង់ជាតិទឹកពីក្នុងរាងកាយ។លទ្ធផលនៃការស្រកទម្ងន់ដំបូងនេះមិនមែនជាការបាត់បង់ខ្លាញ់ពិតប្រាកដនោះហើយវានឹងត្រឡប់មកវិញក្នុងរយៈពេលមួយ។បន្ថែមពីនេះទៀតទឹកដែលបាត់បង់ដោយសារការប្រើថ្នាំសម្រក ទម្ងន់ប្រភេទគ្រាប់នេះ អាចបង្កគ្រោះថ្នាក់ជាការបាត់បង់ជាតិទឹកធ្ងន់ធ្ងរ។ មិនអាចប្តូរទម្លាប់ ការស្រកទម្ងន់រយៈពេលយូរ ទាមទារឲ្យមានការផ្លាស់ប្តូរទម្លាប់ទាំងរបបអាហារ និងការធ្វើលំហាត់ប្រាណ ដើម្បីអនុម័តឲ្យបានសុខភាពកាន់តែល្អ។ អ្នកអាចនឹងមិនសូវត្រួតពិនិត្យស្លាកសញ្ញាផលិតផល កម្រិតរបបអាហារ និងការហាត់ប្រាណ ប្រសិនបើអ្នកគិតថាថ្នាំទាំងនោះនឹងអាចជួយអ្នកបានក្នុងការសម្រកទម្ងន់។លើសពីនេះការញ៉ាំថ្នាំជារៀងរហូតមិនអាចមាននិរន្តភាពបាននោះទេ ហើយពេលណាដែលអ្នកឈប់ នោះអ្នកនឹងត្រឡប់ទៅរកទម្លាប់អាក្រក់ និងទម្ងន់ដំបូងរបស់ អ្នកបាន។ ផលរំខានជាច្រើន ថ្នាំសម្រកទម្ងន់ខ្លះមានផ្ទុកនូវសកម្មភាពរារាំងការស្រូបខ្លាញ់ជាមូលហេតុមួយអាចបង្កឲ្យឈឺក្រពះ។ បើតាមរបាយការណ៍ ផ្សេងទៀត ផលរំខាននៃថ្នាំគ្រាប់សម្រកទម្ងន់ រួមមាន ទល់លាមក ឈឺក្បាល និងបម្រែបម្រួលអារម្មណ៍។ សារធាតុ ផ្សំចម្បងក្នុងប្រភេទថ្នាំសម្រកគឺពពួកភ្ញោច ដែលត្រូវបានរកឃើញថាអាចបង្កើនហានិភ័យសម្រាប់ការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ជាញឹកញាប់ប្រភេទឱសថភ្ញោចទាំងនេះត្រូវបានចេញវេជ្ជបញ្ជាក្នុងកម្រិតសមស្របចំពោះមនុស្សម្នាក់ៗ។ថ្នាំឬផលិតផលជួយឲ្យស្រកទម្ងន់ជាញឹកញាប់មានផ្ទុកនូវamphetaminesសារធាតុប្រឆាំងការថប់អារម្មណ៍ និង សារធាតុបំបាត់ការធ្លាក់ទឹកចិត្ត ដែលអាចធ្វើឲ្យញៀនក្នុងកម្រិតខ្ពស់។ វាគ្រាន់តែជាចំណុចអវិជ្ជមានដែលអ្នកត្រូវដឹងប៉ុណ្ណោះ មិនមែនជាការបំភ័យ ឬជាការហាមឃាត់ តែសូមឲ្យអ្នកគិតឲ្យបាន ដិតដល់ ហើយប្រសិនបើអាច លោកអ្នកក៏គួរធ្វើការប្រឹក្សា ជាមួយគ្រូពេទ្យជាមុន ទើបជាការប្រសើរបំផុត។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម អំពីឥទ្ធិពលរបស់ព្យុះទី២៧ ឈ្មោះ តឹមប៊ិន (TEMBIN) ដែលនឹងធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន ចូលមកក្នុងសមុទ្រចិនខាងត្បូង រួចបន្តដំណើរមកកាន់តំបន់ដីសណ្តទន្លេមេគង្គ ប្រទេសវៀតណាម ដែលនឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្ពុជា ក្នុងចន្លោះថ្ងៃទី២៦ ដល់ទី២៨ ខែធ្នូនេះ នឹងមានពពកច្រើនដេរដាស និងភ្លៀងធ្លាក់រាយប៉ាយនៅទូទាំងប្រទេស ពីមធ្យមទៅច្រើន ពិសេសបណ្តាខេត្តដែលស្ថិតនៅជាប់តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។ ចំណែកឯតំបន់មាត់សមុទ្រ និងផ្ទៃសមុទ្រ ក៏នឹងមានពពកច្រើនដេរដាស ព្រមទាំងភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងខ្យល់បោកបក់ខ្លាំង រួមជាមួយរលកសមុទ្រមានកំពស់ខ្ពស់ៗទៀតផង។ ហេតុនេះហើយ សូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេអ្នកនៅតំបន់មាត់សមុទ្រ.. សម្រាប់ការថែទាំសុខភាពរបស់អ្នក ក្នុងពេលភ្លៀងធ្លាក់នេះ ក៏អាចអានបានតាមរយៈ ៧វិធី ឲ្យអ្នកHealthy ពេលដែលRainy ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ដោយសារតែឃើញបញ្ហាធ្លាក់ទឹកចិត្តកើតមានជាញឹកញាប់ចំពោះមនុស្សនៅជុំវិញខ្លួនខ្ញុំ មិនថាអ្នកណា ក្នុងឋានៈណា ប្រកបរបរអ្វីនោះទេ…ហើយថ្មីៗនេះ ក៏មានព័ត៌មានសោកសៅមួយសាយភាយពាសពេញបណ្តាញសង្គម ទាក់ទិននឹងមរណភាព ដែលត្រូវបានសន្មតថាជាការធ្វើអត្តឃាតរបស់តារាល្បីជនជាតិកូរ៉េJonghyun ដោយបន្សល់នូវបណ្តាំមរណៈដែលបង្ហាញពីបញ្ហាក្នុងចិត្តរបស់ខ្លួន ដែលត្រូវបានមិត្តៗក្នុងវិស័យសិល្បៈជាច្រើនសារភាពថា ពួកគេយល់អារម្មណ៍មួយហ្នឹងច្បាស់ ជីវិតរបស់ពួកគេ គឺមិនសូវខុសគ្នាប៉ុន្មានឡើយ… ពេលមានអារម្មណ៍ថានៅលើលោកនេះ ខ្លួនឯងទុកក៏មិនចំណេញ ដកចេញក៏មិនខាត អាចសាកល្បងវិធីទាំងនេះបាន…តែ…ជំហានដំបូង នោះគឺសូមគ្រប់គ្រងខ្លួនឯងឲ្យបានល្អ សូមយកឈ្នះលើខ្លួនអ្នកឲ្យបាន!!! បើមិនដូច្នោះទេ ទោះបីវិធីសាស្រ្តល្អឥតខ្ចោះបែបណា ធ្លាក់ពីលើមេឃមក ឬត្រូវបានណែនាំដោយអ្នកជំនាញខ្លាំងប៉ុណ្ណា បើចិត្តអ្នកមិនព្រមទទួលយកផងនោះ អ្វីៗក៏នឹងមិនបង្កើតផលចំណេញ ហើយក៏គ្មានអ្វីដែលនឹងអាចប្រសើរឡើងដែរ… ខាងក្រោមនេះ ជាអ្វីដែលមិត្តភក្តិខ្ញុំបានធ្វើការចែករំលែកនៅក្នុងStatusរបស់ខ្ញុំ…ប្រហែលជាមានវិធីខ្លះដែលអាចជួយអ្នកដែលកំពុងតែធ្លាក់ទឹកចិត្ត ឬលែងមានអារម្មណ៍រីករាយនឹងឆាកជីវិតរបស់ខ្លួនបាន… ១ ចូលគេង ហើយគិតថាថ្ងៃថ្មីនឹងល្អប្រសើរជាងនេះ ២ និយាយប្រាប់រឿងរ៉ាវក្នុងចិត្តទៅកាន់នរណាម្នាក់ដែលជិតស្និទ្ធ និងទុកចិត្តជាងគេ ៣ នៅក្បែរមនុស្សដែលអាចជាកម្លាំងចិត្ត ៤ មើលរូបថតចាស់ ដែលបង្ហាញពីអនុស្សាវរីយ៍ល្អៗ និងសប្បាយៗជាមួយមនុស្សល្អៗ ៥ អានសៀវភៅអប់រំផ្លូវចិត្ត ៦ នឹកគិតដល់ពេលវេលាល្អៗកន្លងមកជាមួយមនុស្សជាទីស្រលាញ់ (គ្រួសារ មិត្តភក្តិ មិត្តយល់ចិត្ត…) ៧ រំលឹកអំពីស្នាដៃ និងរឿងអស្ចារ្យដែលបានធ្វើកន្លងមក ៨ លួចមើលProfile របស់មនុស្សដែលអ្នកលួចស្រលាញ់ (សម្រាប់អ្នកមិនមានគូ) ឬមនុស្សដែលអ្នកគោរពស្រលាញ់ (អាយដុល) ៩ មើលរឿងកំប្លែង ឬធ្វើអ្វីដែលសប្បាយៗ ១០ ទុកឲ្យពេលវេលាជាអ្នកស្រាយបញ្ហាផ្លូវចិត្តនេះ ១១ ទៅទីកន្លែងដែលខ្លួនឯងប្រាថា្ន ១២ ធ្វើអ្វីដែលខ្លួនតែងតែប្រាថ្នាចង់ធ្វើ ឬចង់ឲ្យកើតមាន យ៉ាងណាមិញ ក៏ម្នាក់ៗមានទម្លាប់ និងការយល់ឃើញខុសៗគ្នាដែរ វិធីមួយដែលមានប្រសិទ្ធភាពចំពោះមនុស្សម្នាក់ ក៏មិនប្រាកដថាមានប្រសិទ្ធភាពសម្រាប់មនុស្សម្នាក់ទៀតដែរ… សូមធ្វើតាមអ្វីដែលអ្នកគិតថាត្រូវ និងមានប្រយោជន៍សម្រាប់អ្នក…សំខាន់ខ្លួនអ្នក យកឈ្នះលើខ្លួនឯង…តស៊ូបន្ត ដើម្បីជីវិតខ្លួនឯង…

Share

សេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តសៀមរាបចេញផ្សាយកាលពីថ្ងៃទី២១ ខែធ្នូ បានឲ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាបកំពុងត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាដែលមានជំនាញសុខាភិបាល ក្នុងមុខជំនាញដូចខាងក្រោម ៖ ១ វេជ្ជបណ្ឌិត ០៦ រូប ២ គិលានុប្បដ្ឋាក-យិកា មធ្យម ២៦ រូប ៣ ឆ្មបមធ្យម ០៣ រូប ៤ អ្នកបច្ចេកទេសមន្ទីរពិសោធន៍ ០២ រូប ៥ អ្នកប្រព័ន្ធព័ត៌មានវិទ្យា ០២ រូប លក្ខខណ្ឌ ៖ បេក្ខភាពទាំងពីរភេទដែលមានបំណងចង់ចូលបម្រើការងារជាមន្រ្តីជាប់កិច្ចសន្យា (ប្រើប្រាស់ហិរញ្ញប្បទាន) ត្រូវមានសញ្ញាបត្រ ជំនាញសុខាភិបាល ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល និងក្រសួងអប់រំ។ រយៈពេលកិច្ចសន្យា ៖ ១ឆ្នាំ (គិតពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨) កាលបរិច្ឆេទឈប់ទទួលពាក្យ ៖ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ សម្រាប់បេក្ខភាពដែលមានចំណាប់អារម្មណ៍ សូមទាក់ទងដាក់ពាក្យសុំចូលបម្រើការងារនៅការិល័យរដ្ឋបាល បុគ្គលិកនៃមន្ទីរសុខាភិបាលខេត្តរៀងរាល់ម៉ោងធ្វើការ… ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

បច្ចុប្បន្នបញ្ហាកង្វះអាហារូបត្ថម្ភ គឺជាបញ្ហាដ៏ចម្បងនៅគ្រប់បណ្តាប្រទេសទាំងអស់នៅទូទាំងពិភពលោក។ តាមរយៈ Global Report ក្នុងឆ្នាំ២០១៦ មានប្រទេស ៥៧ក្នុងចំនោម ១២៩ ដែលមានប្រជាជន ៤៤% កំពុងរងគ្រោះដោយកង្វះអាហារូបត្ថម្ភ [1] ។ យោងតាមអង្គការចំណីអាហារនិងកសិកម្ម (FAO) ចំនួនអ្នកដែលខ្វះអាហារូបត្ថម្ភមានចំនួនរហូតដល់ ៩២៣លាននាក់នៅទូទាំងពិភពលោកក្នុងឆ្នាំ២០០៧។រីឯនៅប្រទេសកម្ពុជាបច្ចុប្បន្ន​មានប្រជាជនប្រមាណ ៥លាននាក់ដែលខ្វះអាហារូបត្ថម្ភ ។ តាមរយៈការស្រាវជ្រាវក្នុងឆ្នាំ ២០១៣ របស់ភ្នាក់ងារ CARD WFP និងUNICEF បានបង្ហាញថាបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជាបានធ្វើឲ្យខាតថវិកាជាតិចន្លោះពី ២៥០ ទៅ ៤០០ លានដុល្លាជារៀងរាល់ឆ្នាំ [2]។ ការសិក្សាមួយផ្សេងទៀតដែលបានមកពីប្រទេសកំពុងអភិវឌ្ឍចំនួន ៥៣ បានរកឃើញថាមានអត្រាមរណៈកុមាររហូតដល់៥៦%ដែលបណ្តាលមកពីកង្វះអាហារូបត្ថម្ភ[3]។ទិន្នន័យទាំងនេះបាន​មបង្ហាញឲ្យឃើញច្បាស់ថា មានមនុស្សជាច្រើនកំពុងរងគ្រោះដោយកង្វះអាហារូបត្ថម្ភ។ តើអ្វីទៅជាជំងឺកង្វះអាហារូបត្ថម្ភ?ហេតុអ្វីវាកើតមានច្រើនម៉្លេះ?ហេតុអ្វីទើបអាចបណ្តាលឲ្យស្លាប់?តើអ្នកណាខ្លះអាចជាជនរងគ្រោះ?តើមានវិធីបង្ការដែរឬទេ?   កង្វះអាហារូបត្ថម្ភគឺមានន័យទូលំទូលាយសំដៅលើការខ្វះឬលើសអាហារូបត្ថម្ភដែលបណ្តាលមកពីអ្នកជំងឺពុំបានបរិភោគគ្រប់គ្រាន់ ឬទទួលទានមិនបានត្រឹមត្រូវ ម្យ៉ាងទៀតអាហារដែលបានទទួលទាននោះខ្វះនូវកាល់ឡូរី និងប្រូតេអ៊ីនសម្រាប់ទ្រទ្រង់និងជួយដល់ការលូតលាស់របស់រាងកាយឬរាងកាយរបស់គេពុំអាចប្រើប្រាស់អាហារដែលគេបរិភោគដោយសារតែមានជំងឺផ្សេងៗ។យ៉ាងណាមិញអ្នកដែលខ្វះអាហារូបត្ថម្ភក៏អាចបណ្តាលមកពីការបរិភោគលើសតម្រូវការដោយសារអាហារដែលគាត់បរិភោគផ្ទុកនូវកាល់ឡូរីខ្ពស់។ខាងក្រោមនេះយើងនឹងនិយាយផ្តោតសំខាន់ទៅលើកង្វះអាហារូបត្ថម្ភដែលបណ្តាលមកពីការបរិភោគពុំបានគ្រប់គ្រាន់។ រាងកាយមនុស្សត្រូវការវីតាមីន និងសារធាតុរ៉ែជាចាំបាច់សម្រាប់ការលូតលាស់ និងការពាររាងកាយពីជំងឺផ្សេងៗ។ វីតាមីន និងសារធាតុរ៉ែទាំងនេះត្រូវបានចាត់ទុកជាសារធាតុរូបធាតុតូចបំផុតនៃចំណីអាហារ។ សារធាតុទាំងនេះពុំត្រូវបានផលិតដោយរាងកាយទេតែយើងអាចទទួលវាបានពីចំណីអាហារ។កង្វះអាហារូបត្ថម្ភកើតមានឡើងនៅពេលរាងកាយពុំអាចស្រូបយក ឬពុំទទួលបាននូវបរិមាណគ្រប់គ្រាន់នៃសារធាតុចិញ្ចឹមពីចំណីអាហារ។    កង្វះអាហារូបត្ថម្ភអាចបង្កទៅជាបញ្ហាជាច្រើនចំពោះសុខភាព  ដែលបញ្ហាទាំងនោះរួមមាន បញ្ហាលើប្រព័ន្ធរំលាយអាហារ បញ្ហាស្បែក រាងកាយលូតលាស់យឺត ឬក្រិន ឆ្អឹងពុំរឹងមាំ ហើយក៏ឈានដល់មានការចងចាំខ្សោយនិង កើតជំងឺវង្វេងវង្វាន់។ បរិមាណសារធាតុចិញ្ចឹមដែលយើងត្រូវការគឺអាស្រ័យលើអាយុរបស់យើង។ ដូចនេះការបរិភោគអាហារដោយដឹងពីសមាសធាតុផ្សំរបស់វាពិតជាចាំបាច់ណាស់ ប៉ុន្តែពេលខ្លះទោះជាយើងបានបរិភោគនូវសារធាតុទាំងនោះក៏ដោយ ក៏រាងកាយយើងពុំអាចស្រូបយកសារធាតុទាំងនោះបានដែរ នេះគឺដោយសារកត្តាសុខភាពរបស់បុគ្គលម្នាក់ៗ។ វាអាចទៅរួចដែលយើងខ្វះនូវសារធាតុមួយចំនួន ដែលរាងកាយត្រូវការ។ កង្វះសារធាតុចិញ្ចឹមដែលគេច្រើនជួបប្រទះមាន៖ កង្វះជាតិដែក ជាតិដែកសម្បូរនៅក្នុងស្លឹករុក្ខជាតិបៃតងសាច់ក្រហមនិងស៊ុតស។វាមាននាទីជួយរាងកាយក្នុងការផលិតគោលិកាឈាមក្រហម។ នៅពេលដែលខ្វះវារាងកាយនឹងផលិតគោលិកាឈាមក្រហមតិចតួចប៉ុណ្ណោះហើយគោលិកាដែលបានផលិតនោះមានទំហំតូច ហើយស្លេកស្លាំងជាងគោលិកាឈាមដែលមានសុខភាពល្អ ហើយប្រសិទ្ធភាពរបស់វាក្នុងការបញ្ជូនអុកស៊ីសែន ទៅកាន់ជាលិកាក៏ថយចុះដែរ។  កង្វះជាតិដែកអាចបណ្តាលឲ្យមានជំងឺខ្វះឈាមឈាមមានសកម្មភាពមិនប្រក្រតីដែល​បណ្តាលឲ្យអស់កម្លាំង ខ្សោយ និងរោគសញ្ញាផ្សេងៗទៀត។ យោងតាមអង្គការសុខភាពពិភពលោក  មានមនុស្ស ៣០%នៅទូទាំងពិភពលោកដែលមានបញ្ហានេះ។   កង្វះវីតាមីន A វីតាមីន Aជាវីតាមីនស្ថិតក្នុងក្រុមចាំបាច់សម្រាប់សុខភាពភ្នែកនិងមានមុខងារក្នុងសុខភាពបន្តពូជរបស់មនុស្សប្រុស និងស្រី។ តាមរយៈអង្គការសុខភាពពិភពលោកបានឲ្យដឹងថាកង្វះវីតាមីនA  អាចបណ្តាលឲ្យងងឹតភ្នែក  ហើយស្រ្តីមានផ្ទៃពោះដែលខ្វះនូវវីតាមីននេះ គឺមានអត្រារលូតកូនខ្ពស់។ Beta-carotene គឺជាសមាសធាតុបង្កនៃវីតាមីន A វាដើរតួជាអ្នកប្រឆាំងរ៉ាឌីកាល់សេរី ដែលវាសម្បូរនៅក្នុងសារធាតុពណ៌ក្រហមទឹកក្រូច លឿង បៃតងចាស់នៃរុក្ខជាតិ។ វាត្រូវបានបំលែងជាវីតាមីន A នៅពេលរាងកាយត្រូវការ។ សម្រាប់ទារក អាហារដែលជាប្រភពនៃវីតាមីន A សម្រាប់ពួកគេគឺទឹកដោះម្តាយ។ សម្រាប់បុគ្គលទូទៅ គឺគួរតែបរិភោគអាហារដែលសម្បូរវីតាមីននេះរួមមាន៖ • ទឹកដោះគោ • ស៊ុត      • បន្លែបៃតង broccoli ស្ពៃបៃតង   • បន្លែពណ៌ទឹកក្រូច ការ៉ុត ដំឡូងបារាំង ល្ពៅ   • ផ្លែឈើពណ៌ក្រហម លឿង ល្ហុង សូដា ប៉េងប៉ោះ។   កង្វះវីតាមីនB-1 វីតាមីនB-1 គឺជាវីតាមីនដែលសំខាន់សម្រាប់ប្រព័ន្ធសរសៃប្រសាទ។វាជួយរាងកាយក្នុងការបំលែងជាតិស្ករទៅជាថាមពលតាមរយៈសកម្មភាពមេតាប៉ូលីស។ កង្វះ B-1អាចបណ្តាលឲ្យស្រកទម្ងន់ និងអស់កម្លាំង អាចបណ្តាលឲ្យមានបញ្ហាប្រព័ន្ធចងចាំដូចជាច្រើនមានអាការៈភាន់ច្រលំនិងការចងចាំខ្សោយ។លើសពីនេះវាក៏អាចបំផ្លាញប្រព័ន្ធប្រសាទ និងសាច់ដុំ ហើយអាចប៉ះពាល់ដល់បេះដូង។ នៅសហរដ្ឋអាមេរិក កង្វះវីតាមីននេះច្រើនកើតញឹកញាប់លើបុគ្គលដែលពិសាជាតិស្រវឹងច្រើន។ ជាតិអាល់កុល ធ្វើឲ្យរាងកាយអសមត្ថភាពក្នុងការស្រូបយកវីតាមីន B-1ស្តុកទុកក្នុងថ្លើម និងបំលែងវាទៅជាទម្រង់ដែលអាចប្រើប្រាស់បាន។ កង្វះវីតាមីននេះគឺជាមូលហេតុចម្បងនៃការកើតមានអាការៈ Wernicke-Korsakoff  ជាអាការៈនៃការចងចាំខ្សោយ។ អាហារពេលព្រឹក ដូចជាពពួកគ្រាប់ធញ្ញជាតិ និង ពពួកអាហារធ្វើពីម្សៅគឺសម្បូរដោយវីតាមីន B-1។ ស៊ុត បន្លែ គ្រាប់ធញ្ញជាតិម្សៅស្រូវសាលី និងសាច់ជ្រូក ក៏ជាប្រភពសំខាន់នៃ វីតាមីន B-1 ដែរ។   កង្វះវីតាមីន B-3      វីតាមីន B-3គឺជាវីតាមីនមួយប្រភេទទៀតដែលជួយបំលែងអាហារឲ្យទៅជាថាមពល។កង្វះវីតាមីននេះត្រូវគេហៅថាជំងឺ Pellagra ដែលមានរោគសញ្ញា រាក ការចងចាំខ្សោយ  និងមានបញ្ហាស្បែកញឹកញាប់។ ដើម្បីបង្ការជំងឺនេះ អ្នកគួរបរិភោគអាហារដែលសម្បូរ វីតាមីន B-3 នេះ ដែលមានដូចជាប្រូតេអីុនដែលបានមកពីសត្វ និងសណ្តែកដី ឬអាចបរិភោគអាហារបំប៉នដែលមានវីតាមីននេះ។ កង្វះវីតាមីន B-9 វីតាមីន B-9 ឬហៅថា folate មាននាទីជួយរាងកាយក្នុងការផលិតកោសិកាឈាមក្រហមនិងផលិត DNA។ វាក៏ជួយដល់ការលូតលាស់ខួរក្បាល និងការបំពេញមុខងាររបស់ប្រព័ន្ធប្រសាទ។ វីតាមីននេះកើតឡើងដោយការសំយោគ ដែលយើងអាចទទួលបានពីផលិតផលអាហារបំប៉ន។វីតាមីននេះក៏សំខាន់សម្រាប់ការលូតលាស់របស់ទារកក្នុងផ្ទៃ ដោយដើរតួយ៉ាងសំខាន់ក្នុងការលូតលាស់ខួរក្បាលនិងខួរឆ្អឹងខ្នងរបស់ទារក។កង្វះវីតាមីននេះអាចបណ្តាលឲ្យទារកពិការពីកំណើត  មានបញ្ហាការលូតលាស់ និងកង្វះគ្រាប់ឈាមក្រហម។ អ្នកអាចទទួលបាន folate តាមរយៈអាហារដូចខាងក្រោម៖ • សណ្តែក  • ផ្លែក្រូច  • បន្លែបៃតង  • ទំពាំងបារាំង  • សាច់ជ្រូក សាច់មាន់  • គ្រឿងសមុទ្រ • ផលិតផលដែលបន្ថែមសារធាតុបំប៉ន   •គ្រាប់ធញ្ញជាតិ។   កង្វះវីតាមីន D យោងតាមការសិក្សារបស់សាកលវិទ្យាល័យHavardមានមនុស្សប្រមាណ១០០០លាននាក់ទូទាំងពិភពលោកដែលមានបញ្ហាសុខភាពដែលបណ្តាលមកពីកង្វះvitamin D។ អ្នកដែលមានពណ៌ស្បែកស្រគាំគឺមានការប្រឈមនឹងបញ្ហានេះ​ច្រើនជាងគេ។វីតាមីននេះគឺសំខាន់សម្រាប់សុខភាពឆ្អឹងដោយវាជួយឆ្អឹងក្នុងការរក្សាតុល្យភាពកាល់ស្យូមដើម្បីសម្របសម្រួលដល់ការលូតលាស់ឆ្អឹង និងធ្មេញ។ កង្វះវីតាមីននេះអាចបណ្តាលឲ្យទៅជាក្រិន ឬឆ្អឹងពុំរឹងមាំ។ ជំងឺពុកឆ្អឹងក្រោយពេលអស់រដូវ ក៏អាចបណ្តាលមកពីខ្វះវីតាមីន  D  ដែលវាធ្វើឲ្យឆ្អឹងទន់ងាយបាក់។ ប្រភពវីតាមីន D សំខាន់គឺពន្លឺព្រះអាទិត្យ និងអាហារមួយចំនួនដូចជា៖ • ប្រេងថ្លើមត្រី • ខ្លាញ់ត្រី • ផ្សិត • ស៊ុតលឿង • ថ្លើម។ កាំរស្មី Ultraviolet ដែលមាននៅក្នុងពន្លឺព្រះអាទិត្យ ជាប្រភពនៃវីតាមីន D ។ យោងតាម  NIH  ការប៉ះពន្លឺព្រះអាទិត្យរយៈពេល៥ទៅ៣០នាទីត្រង់មុខស្មាកឬខ្នពីរដងក្នុងមួយសប្តាហ៍គឺអាចផ្តល់ឲ្យអ្នកនូវបរិមាណគ្រប់គ្រាន់នៃវីតាមីន D។ កង្វះកាល់ស្យូម កាល់ស្យូមជួយដល់ការលូតលាស់ឆ្អឹងនិងធ្មេញ ។វាក៏ជួយដល់បេះដូង ប្រព័ន្ធប្រសាទនិងសាច់ដុំឲ្យបំពេញមុខងារសមស្រប។ កង្វះកាល់ស្យូមពុំបណ្តាលឲ្យលេចចេញរោគសញ្ញាអ្វីគួឲ្យកត់សម្គាល់ទេតែវាធ្វើឲ្យមានបញ្ហាសុខភាពផ្សេងៗពីមួយថ្ងៃទៅមួយថ្ងៃ។ប្រសិនបើអ្នកពុំមានកាល់ស្យូមគ្រប់គ្រាន់នោះរាងកាយអ្នកនឹងទាញយកកាល់ស្យូមពីឆ្អឹងដែលនឹងបណ្តាលឲ្យឆ្អឹងងាយពុក។ ប្រភពនៃកាល់ស្យូមមាន៖ • ទឹកដោះគោ • យ៉ាអួរ • តៅហ៊ូ • ត្រីល្អិតៗ • បន្លែបៃតង • គ្រាប់ធញ្ញជាតិ។   តើកត្តាអ្វីខ្លះដែលធ្វើឲ្យខ្វះអាហារូបត្ថម្ភ? កត្តាដែលជួបប្រទះញឹកញាប់ជាងគេគឺរបបអាហារមិនត្រឹមត្រូវខ្វះសារធាតុចិញ្ចឹម។រាងកាយអាចធ្វើការស្តុកទុកសារធាតុមួយចំនួន ដូចនេះកង្វះសារធាតុណាមួយនឹងពុំងាយកើតមានទេ លុះត្រាតែខកខានពុំបានទទួលទានវាអស់រយៈពេលយូរ។ក្រៅពីអាហារ ជំងឺ និងលក្ខខណ្ឌសុខភាពមួយចំនួន ក៏ជាមូលហេតុបណ្តាលឲ្យខ្វះអាហារូបត្ថម្ភដែរ រួមមានមហារីកពោះវៀន បាក់តេរីក្នុងពោះវៀន និង ជំងឺប្រព័ន្ធរំលាយអាហារដូចជា Crohn’s និង Celiac  ដែលអាចបណ្តាលឲ្យខ្វះជាតិដែក ក្រៅពីនេះការវះកាត់ បង្រួមក្រពះ ដើម្បីសម្រកទម្ងន់ ក៏មានពាក់ព័ន្ធដែរ។ តើរោគសញ្ញាអ្វីខ្លះដែលបង្ហាញថាអ្នកខ្វះអាហារូបត្ថម្ភ? រោគសញ្ញានៃកង្វះអាហារូបត្ថម្ភគឺអាស្រ័យទៅលើសារធាតុណាមួយដែលអ្នកខ្វះ។យ៉ាងណាមិញក៏មានរោគសញ្ញាទូទៅមួយចំនួនដែលយើងអាចកត់សម្គាល់រួមមាន៖ • ស្បែកស្លេកស្លាំង • ហត់ អស់កម្លាំង • ខ្សោយ • ពិបាកដកដង្ហើម • ឃ្លានខុសធម្មតា • ជ្រុះសក់ • ធីងធូង • ទល់លាមក • ងងុយគេងញឹកញាប់ • បេះដូងដើរញាប់ • ចង់សន្លប់ ឫសន្លប់ • ថប់អារម្មណ៍ • ឈឺសន្លាក់ • រដូវមិនទៀង ឬ រាំងរដូវ • ការផ្ចង់អារម្មណ៍ខ្សោយ។ អ្នកអាចមានអាការៈទាំងអស់នេះឬមានតែមួយចំនួនក្នុងចំណោមនេះ។ឆ្លងកាត់រយៈពេលយូរអ្នកជំងឺអាចនឹងស៊ាំនឹង​អាការៈនេះ ដែលវាជាហេតុធ្វើឲ្យអ្នកជំងឺពុំស្វះស្វែងរកការព្យាបាល។ វាជាការចាំបាច់ដែលអ្នកត្រូវធ្វើការពិគ្រោះជាមួយវេជ្ជបណ្ឌិត ក្នុងករណីអ្នកកើតមាន អាការៈទាំងនេះយូរណាស់មកហើយដូចជា ហត់ អស់កម្លាំង ពិបាកផ្ចង់អារម្មណ៍ ដែលរោគសញ្ញាទាំងនេះអាចជាការចាប់ផ្តើមនៃកង្វះអាហារូបត្ថម្ភ។ ឯកសារយោង៖ 1. Global Nutrition Report: Malnutrition Becoming the “New Normal” Across the Globefrom https://www.ifpri.org/news-release/global-nutrition-report-malnutrition-becoming-%E2%80%9Cnew-normal %E2%80%9D-across-globe 2. The Hidden Problem That Costs Up To US$400 Million Annually (9 July 2014) from https://www.wfp.org/stories/malnutrition-cambodia-hidden-problem-costs-us400-million-annually 3. D.L. Pelletier,E.A Frongillo, Jr, D.G. Schroeder ,J.P.Habicht. The effects of malnutrition on child mortality in developing countries. ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ស្ថានភាព Alzheimer លើពិភពលោក ចំពោះប្រទេសឧស្សាហកម្មរីកលូតលាស់មួយចំនួន ដូចជា ប្រទេសជប៉ុន រុស្សី ហុងកុង កាណាដា អូស្ត្រាលី និងសហរដ្ឋអាមេរិក ដែលលក្ខខណ្ឌសុខភាពនៃប្រទេសទាំងនោះមានការរីកចម្រើន​ជាហេតុ​ធ្វើឲ្យមនុស្សមានអាយុវែង។ ទន្ទឹមនឹងការរីកចម្រើនផ្នែកសុខមាលភាពប្រជាជន និងផ្នែកសេដ្ឋកិច្ចប្រទេស​ទាំងនោះត្រូវបានបង្ហាញថា មានលេចចេញនូវអ្នកជំងឺ  Alzheimer ច្រើនគួរឲ្យកត់សម្គាល់ ដែលផ្ទុយពីប្រទេសចិន និងប្រទេសឥណ្ឌា។ចំពោះប្រទេសកម្ពុជាយើងពុំទាន់មានការសិក្សាណាមួយ​ដែលបង្ហាញពីទិន្នន័យច្បាស់លាស់អំពីភាគរយនៃជំងឺនេះទេ ប៉ុន្តែជាក់ស្តែងចំពោះមន្ទីរពេទ្យព្រះកុសុមៈក៏ធ្លាប់បានទទួលអ្នកជំងឺ Alzheimer សម្រាកព្យាបាល និងពិគ្រោះមួយចំនួនធំ។ និយមន័យ Alzheimer ជាជំងឺមួយទាក់ទងទៅនឹងភាពចាស់ជរារបស់មនុស្សយើង ដែលមានន័យថាកាលណាវ័យកាន់តែ​ចាស់ អត្រានៃការកើតជំងឺ Alzheimer មានកាន់តែច្រើន។ ជាទូទៅ Alzheimer មានលក្ខណៈសម្គាល់ ឬសញ្ញា ៣យ៉ាងសំខាន់ រួមមាន៖ •​ ការផ្លាស់ប្តូរចរិតរបស់អ្នកជំងឺ • ការផ្លាស់ប្តូរប្រព័ន្ធបញ្ជាការក្នុងប្រព័ន្ធប្រសាទ • ការផ្លាស់ប្តូរទៅលើផ្នែកចិត្តសាស្ត្រ​ និងលក្ខណៈសម្បត្តិទូទៅរបស់អ្នកជំងឺ។ មូលហេតុ Alzheimer មានមូលហេតុទាក់ទងនឹងរូបសាស្ត្ររបស់ខួរក្បាល កាលណាវ័យកាន់តែចាស់ ឬលើសពី៦០ឆ្នាំ៖ •ថយចុះទំហំខួរក្បាល •មានការរីកធំនូវប្រព័ន្ធថង់ទឹកក្នុងខួរក្បាល (Ventricular System)  •​ បាត់បង់សមត្ថភាពរបស់ណឺរ៉ូន (Neuron Loss Function) ក្នុង Central NeuronSystem ជាមធ្យម១០% • ណឺរ៉ូនទាំងអស់មានសភាពក្រិន រឹង ក្រាស់ ដែលធ្វើឲ្យបាត់បង់សមត្ថភាពក្នុងការបញ្ជូន ព័ត៌មានពីណឺរ៉ូនមួយទៅណឺរ៉ូនមួយទៀត។ កត្តាហានិភ័យ • អាយុ៖ អាយុកាន់តែវែងកាន់តែមាន អត្រាហានិភ័យកាន់តែខ្ពស់។ • ជំងឺប្រចាំកាយ៖ អ្នកជំងឺទឹកនោមផ្អែម លើសឈាម និងលើសជាតិខ្លាញ់ជាដើម។ • អ្នកញ៉ាំស្រាឬបារី។ រោគវិនិច្ឆ័យ Alzheimer ត្រូវបានធ្វើរោគវិនិច្ឆ័យដោយការជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសផ្នែក​​ ប្រព័ន្ធប្រសាទ និងផ្នែកចិត្តសាស្ត្រដើម្បីតាមដាននូវសញ្ញានានាដូចបានរៀបរាប់ខាងលើ។​ក្រៅពីនេះអ្នកជំងឺក៏តម្រូវឲ្យមានការថតរូប​ភាពវេជ្ជសាស្ត្រលើផ្នែកខួរក្បាលរបស់ពួកគាត់ ដូចជាCT ស្កែន និង MRI (Magnetic Resonance Imaging) បន្ថែមទៀតផងដែរ។ ការព្យាបាល រហូតដល់សព្វថ្ងៃនេះAlzheimerពុំទាន់មានការព្យាបាលណាមួយដាច់ដោយឡែកនោះទេ។ ករណីអ្នកជំងឺមានជំងឺ​ប្រចាំកាយ ដូចជា ទឹកនោមផ្អែម លើសឈាម ឬលើសជាតិខ្លាញ់ គ្រូពេទ្យ នឹងណែនាំឲ្យធ្វើការព្យាបាលជំងឺទាំងនេះជាមុនសិន។ បន្ទាប់មកអ្នកជំងឺអាចព្យាបាលAlzheimerដោយប្រើប្រាស់ថ្នាំមួយចំនួនពាក់ព័ន្ធនឹងការធ្វើឲ្យមាន​ដំណើរការល្អប្រសើរឡើងវិញនូវមុខងាររបស់ប្រព័ន្ធប្រសាទ។ ក្រៅពីនេះក៏ត្រូវណែនាំឲ្យទទួលទាន​​​​អាហារដែលមានតុល្យភាពនិងរក្សាអនាម័យខ្លួនប្រាណរួមជាមួយនឹងការថែទាំលើកទឹកចិត្តទាំងក្រុមគ្រូពេទ្យក្រុមគ្រួសារក៏ដូចជាសហគមន៍ទាំង​មូល។ គួរបញ្ជាក់ផងដែរ ថា Alzheimer គ្មានការព្យាបាលណាមួយជាក់លាក់ឲ្យជាសះស្បើយនោះទេ។ ផលវិបាក អ្នកជំងឺ Alzheimer នឹងប្រឈមជាមួយផលវិបាក  ដូចខាងក្រោម៖ • ការវង្វេងវង្វាន់ • បាត់បង់សមត្ថភាពក្នុងការឮ ឬស្តាប់ • បាត់បង់សមត្ថភាពក្នុងការមើល • សាច់ដុំមានសភាពទន់ និងញ័រ។ ការការពារ • រក្សាអនាម័យទាំងខ្លួនប្រាណ និងផ្លូវចិត្ត (ការបន្ថយស្ត្រេស) • កាត់បន្ថយការប្រឈមជាមួយជំងឺផ្សេងៗ • ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ • ចៀសវាងការញ៉ាំស្រា និងជក់បារីញឹកញាប់ • គួរធ្វើការពិនិត្យសុខភាពឲ្យបានទៀងទាត់។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត អ៊ីវ វិចិត្រ ឯកទេសវះកាត់ប្រព័ន្ធប្រសាទមានតួនាទីជាប្រធានអគារផ្នែកវះ​កាត់ប្រព័ន្ធ​ប្រសាទនៃមន្ទីរពេទ្យព្រះកុសុមៈនិងជាប្រធានសមាគមផ្នែកវះកាត់ប្រព័ន្ធប្រសាទកម្ពុជាព្រមទាំងត្រូវបានតែងតាំងជា​​គ្រូពេទ្យផ្នែកវះកាត់ប្រព័ន្ធប្រសាទពិភពលោក ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ពន្លឺព្រះអាទិត្យមិនត្រឹមផ្តល់នូវគុណសម្បត្តិ​ តែក៏អាចផ្តល់ឲ្យអ្នករួមជាមួយនឹងគុណវិបត្តិដូចគ្នា។ផលមិនល្អដែលស្តែង​ឡើងភ្លាមៗគឺការរលាកដែលធ្វើឲ្យស្បែកឡើងជាពណ៌ក្រហមជាំខ្មៅនិងមានអារម្មណ៍ថាឈឺចាប់។ប្រសិនបើជួបបញ្ហា​នេះតើអ្នកនឹងធ្វើដូចម្តេច? ជាដំបូង និងភ្លាមៗ អ្នកត្រូវផ្តល់ជាតិទឹកដល់រាងកាយ ព្រោះការរលាកមិនត្រឹមផ្តល់ឲ្យមានការឈឺចាប់ប៉ុណ្ណោះទេ វាក៏​​​​​ បឺត​ ជាតិទឹកចេញពីរាងកាយថែមទៀតផង។ ម៉្យាងអ្នកត្រូវប្រាកដ  ថាបានញ៉ាំទឹកច្រើនបន្ថែម ទឹកផ្លែឈើ ឬពពួក​ភេសជ្ជៈកីឡា ផ្សេងទៀត ដើម្បីរក្សាជាតិទឹកក្នុងខ្លួន និងការពារការលេចចេញនូវសញ្ញាខ្សោះជាតិទឹក។ក្នុងពេលជាមួយគ្នានេះដែរ អ្នកចាំបាច់ត្រូវងូតជាមួយនឹងទឹកត្រជាក់ដើម្បីបន្ថយការកើនឡើងនូវកម្តៅរាងកាយ និងលាបក្រែមផ្តល់សំណើមដែល​មានផ្ទុកនូវជាតិប្រទាលកន្ទុយក្រពើឬសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀត។មិនត្រឹមតែប៉ុណ្ណោះរាងកាយរបស់អ្នកក្នុងពេលនេះពិតជាត្រូវការនូវសារធាតុមួយចំនួនដើម្បីប៉ះប៉ូវនូវការខូចខាតរួមនឹងការពារផលវិបាកនានាដែលនឹងអាចកើតមានឡើង។ដូច្នេះហេលស៍ថាមសូមណែនាំនូវសារធាតុ២យ៉ាងងាយៗដែលនឹងជួយបន្ថយហានិភ័យហើយធ្វើឲ្យអ្នកឆាប់ជាសះស្បើយ៖ ទឹកដោះគោ ទឹកដោះគោជាសារធាតុមួយដែលអ្នកអាចប្រើក្នុងការព្យាបាលការរលាកដោយពន្លឺថ្ងៃកម្រិតស្រាលជួយឲ្យស្បែកលោកអ្នក​ទន់ពេលប្រើប្រាស់ដោយផ្ទាល់លុះត្រាតែមានអាល្លែកហ្ស៊ីខ្លាំងទើបមិនឲ្យប្រើប្រាស់។លាបទឹកដោះគោជាមួយក្រណាត់ស្អាតនៅត្រង់កន្លែងស្បែកដែលរលាក ព្រោះទឹកដោះគោនឹងបង្កើតស្រទាប់ប្រូតេអីុនដែលជួយបន្ធូរបន្ថយភាពមិនស្រួល ដោយសារការលាកកម្តៅថ្ងៃ។ របៀបធ្វើ៖ លាងសម្អាតផ្ទៃមុខ ដៃនិងផ្នែកនៃរាងកាយដែលរលាកជាមួយនឹងទឹកធម្មតា បន្ទាប់មកជូតឲ្យស្ងួត។ យកទឹកដោះគោចាក់ចូលក្នុងចានគោម ហើយទុកចោល៥នាទី។ ប្រសិនបើអ្នកមិនចូលចិត្តក្លិនទឹកដោះគោ អ្នកអាចបន្ថែមប្រេងឡាវិនដឺរ ៣ទៅ៥តំណក់បាន។ជ្រលក់បន្ទះសំឡីឬក្រណាត់ស្អាតដែលអ្នកប្រើសម្រាប់ជូតមុខទៅក្នុងទឹកដោះគោរួចលាបថ្នមៗនៅទីតាំងរលាកហើយទុកឲ្យស្ងួតវានឹងបង្កើតជាស្រទាប់ស្តើងដែលទប់សំណើម។ រយៈពេលប្រហែលជា២ទៅ៣ម៉ោងក្រោយសឹម​លាងសម្អាតដោយទឹកស្អាត។ តែ ជាតិពណ៌របស់តែមានផ្ទុកនូវសមាសធាតុ polyphenolic ដូចជា tannins, catechins និង epiatechin ដែលវាដើរតួនាទីជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងភ្នាក់ងារប្រឆាំងការរលាក។ ពួកវាត្រូវបានដឹងថាមានលក្ខណៈសម្បត្តិប្រឆាំងមហារីកស្ទើរគ្រប់ប្រភេទរួមទាំងមហារីកស្បែកផងដែរ។ របៀបធ្វើ៖  វាល់ទឹកចំនួន៤ពែងដាក់ដាំឲ្យពុះបន្ថែមតែ៥ស្លាប ព្រាឬ៥ កញ្ចប់  ទុកចោលមួយអន្លើរ។ ប្រហែល៣០នាទីក្រោយច្រោះ តែចេញបន្ទាប់មកលាយទឹកតែខាប់នោះជាមួយទឹកត្រជាក់ ៤ពែង។ ត្រាំក្រណាត់ ឬកន្សែងស្អាត ទៅក្នុងល្បាយនោះ រួច ជូតលើមុខ ដៃ និងស្មារបស់អ្នក ឬកន្លែងដែលរលាក។   អ្នកក៏អាចដាក់វាក្នុងដប សម្រាប់ប្រើវាជាស្ព្រៃយន៍បាញ់ នៅផ្នែកដែលរលាកបានដូចគ្នា។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

យោងតាមសេចក្តីប្រកាសរបស់មន្ទីរពេទ្យកុមារអង្គរអំពីការជ្រើសរើសបុគ្គលិកបម្រើការងារនៅក្នុងមន្ទីរពេទ្យផ្ទាល់ បានឲ្យដឹង មន្ទីរពេទ្យកំពុងត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម ៖  ១- គិលានុបដ្ឋាក/គិលានុបដ្ឋាយិកា(Nurses) ចំនួន ១៩នាក់ ២- ជំនួយការសាលជំងឺសម្រាកពេទ្យ សាខាមន្ទីរពេទ្យ (Satellite Clinic Medial Record Clerk) ចំនួន ១នាក់ ៣- ឱសថការីកម្រិតឧត្តម (Pharmacist)  ចំនួន១នាក់ ៤- វេជ្ជបណ្ឌិតផ្នែកចក្ខុរោគ (Opthamologist) ចំនួន១នាក់ ៥- បុគ្គលិកឆ្មបកម្មវិធីសង្រ្គោះទារក (Saving Babies Lives Programme Officers, Midwife) ចំនួន ១នាក់ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ សូមទាក់ទងទៅកាន់ការិយាល័យធនធានមនុស្សនៃមន្ទីរពេទ្យកុមារអង្គរតាមរយៈ ៖ -លេខទូរស័ព្ទ ៖ 015 68 74 38/ 077 58 41 07   -អ៊ីមែល ៖ job@angkorhopstial.org លោកអ្នកក៏អាចទាញយកទម្រង់ពាក្យស្នើសុំបម្រើការងារតាមរយៈ Job Application Form កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី១៥ មករា ២០១៨  ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ជំងឺមុខក្រហម គឺជាជំងឺរលាកសើស្បែកម្យ៉ាងដែលស្បែកមុខឡើងក្រហមចំណុចកន្ទួលក្រហម និងកន្ទួលក្រហមមានខ្ទុះ  និងមានឃើញនូវសរសៃឈាមតូចឆ្មារៗលើមុខជាពិសេសលើថ្ពាល់  ថ្ងាស  ច្រមុះ ចង្កា ករណីខ្លះអាចមានលើសែ្បកក្បាល ត្រចៀកកនិងផ្នែកខាងលើនៃដងខ្លួន។ ជំងឺនេះអាចច្រឡំនឹងជំងឺមុនជំងឺប្រតិកម្មអាលែ្លកហ្ស៊ីស្បែកឬជំងឺស្បែកផ្សេងៗ ទៀត។ ជំងឺមុខក្រហមកើតលើអាយុចន្លោះពី៣០ឆ្នាំទៅ​៥០ឆ្នាំ​ភាគច្រើនកើតលើស្រ្តីជាងបុរសតែបើកើតលើបុរសជាទូទៅមានដុំពករលាក និងការរីកប៉ោងធំនៃក្រពេញខ្លាញ់នៃស្បែកនាំឲ្យច្រមុះរីកធំ(Rhinophyma)។ មូលហេតុ មូលហេតុនៃការរកឃើញនេះមិនត្រូវបានគេដឹងនោះទេប៉ុន្តែវាអាចដោយសារតែការរួមបញ្ចូលគ្នានៃកត្តាតំណពូជ និងបរិស្ថាន។កត្តាមួយចំនួនអាចបង្កឬធ្វើឲ្យជំងឺមុខក្រហមធ្ងន់ធ្ងរដោយការបង្កើនលំហូរឈាមទៅលើផ្ទៃនៃស្បែករបស់ អ្នក។ កត្តាមួយចំនួននេះរួមមាន៖ • ភេសជ្ជៈក្តៅ និងហឹរ • ជាតិអាល់កុល • សីតុណ្ហភាពត្រជាក់ ឬក្តៅខ្លាំង • ពន្លឺព្រះអាទិត្យ ឬខ្យល់ • ការរំជួលអារម្មណ៍ • ថ្នាំដែលពង្រីកសរសៃឈាម រួមទាំងថ្នាំសម្ពាធឈាមមួយចំនួន • ការលាបថ្នាំ ឬគ្រឿងសម្អាងដែលមានជាតិគ័រទីកូអ៊ីតរយៈពេលយូរ ក្នុងហេតុផលព្យាបាលជំងឺឬកែសម្ផស្ស ឬមួយការចាក់ឬលេបថ្នាំជាតិសេ្តរ៉យ(Steroid) ម្តងហើយម្តងទៀត។ សញ្ញា និងរោគសញ្ញា ដោយសារជំងឺមុខក្រហមមានសញ្ញានិងរោគសញ្ញាជាច្រើនអ្នកវិទ្យាសាស្ត្របានកំណត់ជំងឺមុខក្រហមជាបួនប្រភេទ។  ១ ប្រភេទErythematotelangiectatic Rosacea ៖  មានការរលាកក្រហមនៃស្បែកជាប្រចាំរួមជាមួយការកើតឡើងនូវសរសៃឈាមតូចឆ្មារៗលើស្បែក។ ២ ប្រភេទPapulopustular Rosacea ៖ មានកន្ទួលពងៗ ឬខ្ទុះត្រង់គល់រោម តែគ្មានគ្រាប់-មុនដូចជំងឺមុនទេ។ ៣ ប្រភេទPhymatous Rosacea ៖ ជាទូទៅមានដុំពករលាក និងការរីកប៉ោងធំក្រពេញខ្លាញ់នៃស្បែកនាំឲ្យច្រមុះរីកធំ(Rhinophyma)។ ៤ Ocular Rosacea ៖ ភ្នែក និងត្របកភ្នែក ក្រហម ស្ងួតរោលជួនកាលរមាស់ រលាក និងមានអារម្មណ៍ថាមានអ្វីមួយក្នុងភ្នែក។   រោគវិនិច្ឆ័យ(គ្លីនិក) -ផ្អែកលើសញ្ញាគ្លីនិក និងប្រវត្តិជំងឺ៖ កន្លែងស្បែកមានបញ្ហាកាន់តែធ្ងន់នៅពេលរងពន្លឺថ្ងៃ ពេលញុាំកាហ្វេ ស្រា និង គ្រឿងហឹរ។ ការព្យាបាល -ត្រូវការពារមុខពីពន្លឺថ្ងៃដូចជាពាក់មួកការពារ ឬប្រើឆ័ត្រពេលប៉ះនឹងកំដៅថ្ងៃ ឬ ប្រើប្រាស់ក្រែមការពារកំដៅថ្ងៃ -ចៀសវាងហូបកាហេ្វក្តៅ ស្រា គ្រឿងហឹរ -ចៀសវាងប្រើថ្នាំមានជាតិសេ្តរ៉យ(Steroid) ដោយគ្មានការណែនាំពីគ្រូពេទ្យ -ប្រើឱសថប្រភេទលាប និងលេប។ ចំពោះប្រភេទជំងឺមុខក្រហម ដែលពិបាកព្យាបាលអាចព្យាបាលដោយវិធីវះកាត់ឬដោយប្រើម៉ាស៊ីនឡេសែ។  ក្នុងករណីចាំបាច់គួរទៅទទួលសេវាពិគ្រោះ  និងព្យាបាលជំងឺពីគ្រូពេទ្យជំនាញឬមកកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផ្នែកជំងឺសើស្បែកផ្ទាល់ ដើម្បីទទួលបាននូវការព្យាបាលដ៏សមស្រប និងត្រឹមត្រូវតាមក្បួនវេជ្ជសាស្រ្តទំនើបទាន់សម័យ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ដេង អង្គាបុស្ស វេជ្ជបណ្ឌិតឯកទេសជំងឺសើស្បែក និងកាមរោគ  និងជានាយផ្នែក​​រងជំងឺសើស្បែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top