- Jan 25, 2017 |
- 7 years ago |
- 4.3K views
ខ្លះៗនៃស្លាកយីហោពីcellcard
ការបង្កើត ឬប្រកបរបរអ្វីមួយដែលមានស្លាកយីហោផ្ទាល់ខ្លួន ប្រាកដណាស់ជាភាពល្អប្រសើរមួយសម្រាប់ទាក់ទាញអតិថិជន យ៉ាងណាមិញ ការរុករកវិធីសាស្រ្តដើម្បីផ្សព្វផ្សាយផលិតផលទាំងនោះ ជាកត្តាមួយ ដ៏សំខាន់ និងគួរតែយកចិត្តទុកដាក់ដោយធ្វើយ៉ាងណាឲ្យផលិតផលរបស់អ្នកអាចបន្តដំណើរតទៅមុខបាន។ តាមរយៈប្រសាសន៍របស់Christine Arce-Cabrera ដែលជាប្រធានផ្នែកទំនាក់ទំនងខាងម៉ាកផលិតផលនៅក្រុមហ៊ុនCellcard «ការសាងកេរ្តិ៍ឈ្មោះ ឬស្លាកយីហោរបស់ក្រុមហ៊ុនរួមចំណែកយ៉ាងខ្លាំងក្នុងការបង្កើតនូវលក្ខណៈពិសេសរបស់ខ្លួនតាមរយៈការភ្ជាប់ទំនាក់ទំនង និងយកឈ្នះលើទឹកចិត្តអតិថិជន»។ គួរបញ្ជាក់ផងដែរថា Christineបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែក Integrated Marketing Communications (IMC) និងថ្នាក់អនុបណ្ឌិតផ្នែក Advertising ពី University of Asia and the Pacific (UA&P Philippines)។ ហេលស៍ថាម៖ និយាយពីការធ្វើឲ្យអតិថិជនស្គាល់ស្លាកយីហោមួយ តើមានអ្វីខ្លះជាចាំបាច់? ដំបូង ត្រូវធ្វើឲ្យអតិថិជនគោលដៅស្គាល់ច្បាស់ពីយើង ហើយបន្សល់នូវការចងចាំជាអារម្មណ៍ដិតដាមនៅក្នុងចិត្តរបស់ពួកគេ តាមរយៈវិធីសាស្រ្តផ្សេងៗទៅតាមផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុននីមួយៗ។ ហេលស៍ថាម៖ តើស្លាកយីហោមានសារសំខាន់យ៉ាងណាខ្លះចំពោះក្រុមហ៊ុន? ក្នុងពិភពដែលផលិតផលជាច្រើនកំពុងតែប្រជែងគ្នា ដើម្បីដណ្តើមចំណាប់អារម្មណ៍របស់អតិថិជន ស្លាកយីហោជាអ្វីដែលបង្កើតឲ្យមានភាពខុសគ្នារវាងក្រុមហ៊ុននីមួយៗ។ វាបញ្ជាក់ពីគុណភាព ទំនុកចិត្ត កេរ្តិ៍ឈ្មោះ ព្រមទាំងបណ្តុះនូវទឹកចិត្តស្រឡាញ់ និងពេញចិត្ត ដែលជាឱកាសមួយអាចឲ្យអ្នកឈរជើងនៅលេខរៀងមុខគេសម្រាប់អតិថិជន។ តួយ៉ាង កាហ្វេមួយកែវដែលមានស្លាកសញ្ញាច្បាស់លាស់ ប្រាកដណាស់វានឹងទទួល បានការជាវមុនគេ ក៏ដោយសារតែកម្លាំង និងថាមពលនៃស្លាកយីហោ ដែលមានឥទ្ធិពលដល់ផ្នត់គំនិតអ្នកប្រើប្រាស់ និងអាចបញ្ជាក់ពីកម្រិតសង្គមដែលខ្លួនកំពុងរស់នៅ។ ហេលស៍ថាម៖ តើគុណតម្លៃអ្វីដែលស្លាកយីហោគួរផ្តល់ជូនអ្នកប្រើប្រាស់ ដើម្បីក្លាយខ្លួនជាជម្រើសដំបូងរបស់ពួកគេ? វាពឹងផ្អែកថាតើអ្វីជាគោលដៅនៃទីផ្សារ និងការចង់បានរបស់អ្នកជាវ។ គ្រប់ច្បាប់ ឬវិធីសាស្រ្តមួយមិនប្រាកដថាអាចប្រើប្រាស់បានជោគជ័យគ្រប់បុគ្គលទាំងអស់នោះទេ។ សំខាន់ គឺត្រូវមានការសិក្សាឲ្យបានច្បាស់លាស់ពីអតិថិជនគោលដៅ ពីព្រោះពួកគេជាគុណតម្លៃ និងជារង្វាស់មួយដែលអាចកំណត់បានថាតើផលិតផលរបស់យើងឈានដល់ដំណាក់កាលដែលអាចបន្តទៅមុខបាន ឬក៏បោះបង់ចោល។ អ្វីដែលសំខាន់ គឺ ត្រូវមានការប្រកាន់ខ្ជាប់ និងស្វែងយល់ពីតម្រូវការខុសៗគ្នារបស់អ្នកប្រើប្រាស់ ដោយហេតុថាអតិថិជនតែងតែចង់ទទួលបានអ្វីដែលខុសៗគ្នា ដើម្បីស្របទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ បុគ្គលខ្លះចង់បាននូវអ្វីដែលធ្វើឲ្យខ្លួនលេចធ្លោ និងទាក់ទាញ ស្របពេលដែលអ្នកមួយចំនួនទៀតគិតគូរខ្លាំងទៅលើគុណភាពនៃផលិតផលទាំងនោះជាចម្បង។ ហេលស៍ថាម៖ តើធ្វើដូចម្តេចទើបអាចកសាងនូវឈ្មោះផលិតផលបានប្រកបដោយភាពជោគជ័យ? សារដើម្បីផ្សព្វផ្សាយផលិតផលអាចធ្វើទៅបាន តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ប៉ុន្តែត្រូវធានាថាសារទាំងនោះបង្កប់នូវអ្វីដែលជាភាពទាក់ទាញដល់អតិថិជន និងត្រូវគោលដៅដែលអ្នកចង់បង្ហាញទៅតាមពេលវេលា និងទីកន្លែងដែលស័ក្តិសម។ ប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈទូរទស្សន៍ វិទ្យុ ស្លាកសញ្ញាតាមទីសាធារណៈ បណ្តាញសង្គមដូចជា ហ្វេសប៊ុក ការផ្សព្វផ្សាយតាមការប្រគុំតន្រ្តី ឬកម្មវិធីផ្សេងៗជាដើមសុទ្ធតែជាអ្វីដែលអ្នកពុំគួរមើលរំលង។ យ៉ាងណាមិញ ដោយហេតុថាបណ្តាញផ្សព្វផ្សាយទាំងនោះកំពុងតែមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ដូច្នេះ ត្រូវមានការសម្រេចចិត្តដ៏ឆ្លាតវៃមួយ ដើម្បីធ្វើយ៉ាង-ណាចៀសវាងនូវការជះភាពរំខានដល់អារម្មណ៍ និងទឹកចិត្តរបស់អតិថិជន។ ហេលស៍ថាម៖ តើធ្វើបែបណាខ្លះ ទើបអាចរក្សាកេរ្តិ៍ឈ្មោះស្លាកយីហោឲ្យបានស្ថិតស្ថេរ? ធ្វើយ៉ាងណារក្សាឲ្យបាននូវវត្តមាន និងភាពទាក់ទាញរបស់ផលិតផលទាំងនោះទៅដល់មហាជនទូទៅទាំងអស់ ពីព្រោះថាបើគ្មានភាពទាក់ទាញ ក៏មិនមានឱកាសទទួលបានការស្រឡាញ់ និងពេញចិត្តពីសំណាក់អតិថិជនផងដែរ។ ដូច្នេះហើយ ត្រូវកែប្រែ និងរក្សានូវអ្វីដែលជាការចង់បាន ភាពពេញចិត្ត និងតម្រូវការរបស់អតិថិជនទាំងអស់ទៅតាមសម័យកាល។ ហេលស៍ថាម៖ ជាចុងក្រោយនេះ តើChristineមានពាក្យពេចន៍អ្វីខ្លះចែកជូនដល់មិត្តអ្នកអាន? ការងារផ្នែកនេះប្រហែលជាត្រូវបានគេគិតថា មានភាពឡូយឆាយ និងភាពច្នៃប្រឌិតច្រើន តែស្របពេលជាមួយគ្នា វាក៏មិនខុសពីការងារដទៃទេ គឺទាមទារនូវការអត់ធ្មត់ និងលះបង់ច្រើន។ តួយ៉ាង នាងខ្ញុំមានភាពមមាញឹកច្រើន ទាំងពេលថ្ងៃ និងពេលយប់ ហើយពេលខ្លះត្រូវប្រឈមមុខនឹងកំហឹងរបស់អតិថិជន ប៉ុន្តែទោះបីជាយ៉ាងណា នាងខ្ញុំមិនដែលស្តាយក្រោយ ឬគិតថាចង់បោះបង់ចោលមួយវិនាទីណាមួយឡើយ។
Share