Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការឡើងកម្តៅនៅអំឡុងពេលមានផ្ទៃពោះ គឺជាសញ្ញាដែលគួរឲ្យបារម្ភមួយ ដោយសារវាអាចទាក់ទងនឹងមូលហេតុមួយចំនួនដែលទាមទារឲ្យមានការព្យាបាលជាបន្ទាន់ ស្របពេលដែលមូលហេតុមួយចំនួនផ្សេងទៀតអាចមិនសូវចោទជាបញ្ហាឡើយ។ ដូចនេះ ការពិនិត្យឲ្យបានច្បាស់លាស់ជាមួយវេជ្ជបណ្ឌិតជំនាញ គឺជារឿងចាំបាច់នៅអំឡុងពេលនេះ។  សំណួរ៖ ខ្ញុំមានអាយុ ២៨ឆ្នាំ កម្ពស់ ១ម៉ែត្រ៥៥ ទម្ងន់ ៦០គីឡូក្រាម ជាបុគ្គលិកក្រុមហ៊ុន សព្វថ្ងៃខ្ញុំមានផ្ទៃពោះ ៣ ខែហើយ។ ប៉ុន្មានថ្ងៃនេះ ផ្ចិតរបស់ខ្ញុំឡើងក្តៅ ហើយរាងកាយក៏ឧស្សាហ៍ឡើងកម្តៅញឹកញាប់។ តើវាបណ្តាលមកពីមូលហេតុអ្វីខ្លះ? តើវាអាចប៉ះពាល់ដល់ខ្ញុំ និងកូនក្នុងផ្ទៃខ្ញុំដែរឬទេ? ចម្លើយ៖ ជាដំបូង អ្នកត្រូវស្វែងយល់ជាមុន ថាសីតុណ្ហភាពក្នុងកម្រិតប៉ុន្មានដែលអាចចាត់ទុកបានថាជាអាការៈក្តៅខ្លួន។ សម្រាប់មនុស្សពេញវ័យ ជាទូទៅ សីតុណ្ហភាពដែលត្រូវបានវាស់ដោយសម្ភារៈវាស់កម្តៅនៅក្នុងមាត់ឃើញថាលើសពី៣៨,៣ ដឺក្រេសេ ទើបអាចចាត់ទុកបានថាជាសញ្ញាក្តៅខ្លួន។ ម្យ៉ាងទៀត ប្រសិនបើអាការៈក្តៅខ្លួន នេះមិនបាត់ទៅវិញក្នុងរយៈពេលពី ២៤ ទៅ ៣៦ម៉ោងទេនោះ អ្នកគួរធ្វើការណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិត ដើម្បីពិនិត្យរកមើលមូលហេតុឲ្យបានច្បាស់លាស់។ ករណីដែលចាំបាច់ អ្នកអាចនឹងត្រូវចាប់ផ្តើមទទួលយកការព្យាបាលឲ្យបានឆាប់រហ័ស។ ដោយឡែក អ្នកគួរទៅជួបវេជ្ជបណ្ឌិតផងដែរប្រសិនបើអ្នកមានអាការៈរួមផ្សំមួយចំនួនដែលកើតមានស្របពេលក្តៅខ្លួនរួមមានដូចជា ការឈឺចាប់នៅតំបន់ពោះ ចង្អោរ ការកន្ត្រាក់ ឬឡើងកន្ទួល លើស្បែកជាដើម។ គួរបញ្ជាក់ថា អាការៈក្តៅ ខ្លួនអាចជាសញ្ញានៃជំងឺណាមួយ។ ដើម្បីកាត់បន្ថយអត្រាកើតឡើងនៃអាការៈក្តៅខ្លួននេះឲ្យនៅកម្រិតទាបបំផុត អ្នកអាចអនុវត្តទៅតាមគន្លឹះខ្លះៗរួមទាំងការលាងសម្អាតដៃឲ្យបានញឹកញាប់ និងចៀសវាងការប៉ះពាល់ជាមួយនឹងអ្នកដែលកំពុងមានជំងឺ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ពងបែកក្នុងមាត់ ជាករណីសាមញ្ញមួយដែលមនុស្សស្ទើរតែគ្រប់គ្នាធ្លាប់កើតមាន ក៏ប៉ុន្តែករណីដែលពងបែកមាត់កើតមានញឹកញាប់ និងម្តងហើយម្តងទៀត ដោយនាំមកជាមួយនូវសញ្ញារំខានផ្សេងៗ ក៏អាចជាក្តីបារម្ភ និងគួរធ្វើការតាមដានឲ្យបានត្រឹមត្រូវជាមួយគ្រូពេទ្យផងដែរ។ សំណួរ៖ ខ្ញុំមានអាយុ ២៣ ឆ្នាំ ភេទប្រុស កម្ពស់១,៧២ ម៉ែត្រ ទម្ងន់ ៦៦ គីឡូក្រាម ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ និងពុំទាន់មានគ្រួសារឡើយ។ ខ្ញុំតែងមានពងបែកក្នុងមាត់រវាង ២ ទៅ ៣ ខែម្តងដែលវាធ្វើឲ្យមានការឈឺចាប់ត្រង់កន្លែងពងបែកនោះ និងអាចក្តៅខ្លួនខ្លះដែរ ជាពិសេសវាមិនងាយជាទៅវិញរហូតដល់ ៧ ទៅ ៨ថ្ងៃ។ រាល់ពេលមានអាការៈនេះ ខ្ញុំគ្រាន់តែញ៉ាំថ្នាំបំបាត់ការឈឺចាប់ដូចជា Paracetamol តែពេលខ្លះក៏មានប្រើប្រាស់ថ្នាំផ្សះដូចជាពពួក Amoxicillin ផងដែរ។ ខ្ញុំមិនមានទម្លាប់ញ៉ាំអាហារហឹរ ឬខ្លាញ់ច្រើននោះឡើយ។  តើនេះបណ្តាលមកពីអ្វី? តើមានវិធីសាស្ត្រណាដើម្បីព្យាបាល ឬទប់ស្កាត់ដែរឬទេ? ចម្លើយ៖ បញ្ហាពងបែកក្នុងមាត់អាចមានទាក់ទងនឹងមូលហេតុច្រើន តែជាទូទៅមិនចាំបាច់ឈានដល់ការប្រើប្រាស់ Amoxicillin ដែលជាថ្នាំផ្សះ (ថ្នាំប្រឆាំងបាក់តេរី) ឡើយ។ ចំណែកបញ្ហាក្តៅខ្លួនគឺអាចដឹងបានលុះត្រាមានការវាស់កម្ដៅដោយទែរម៉ូម៉ែត្រ ហើយបើកម្តៅរបស់ប្អូនលើសពី ៣៨,៣ អង្សាសេនោះទើបអាចនិយាយថាជាសញ្ញាក្តៅខ្លួនបាន (កម្ដៅជាក់លាក់គឺត្រូវយកកម្ដៅដែលវាស់ឃើញជាក់ស្តែងបូកបន្ថែម ០,៥ អង្សាសេទៀត)។ មូលហេតុដែលជួបញឹកញាប់នៃបញ្ហាពងបែកមាត់រួមមាន ការធ្វើអនាម័យមាត់ធ្មេញមិនបានល្អ ជំងឺធ្មេញ ឬអញ្ចាញធ្មេញ ឬមកពីការភើ ឬហៀរនូវអាស៊ីតក្រពះដែលធ្វើឲ្យរលាកជាដើម។ ក្នុងនោះ ក៏មានករណីកម្រខ្លះផងដែរ ដោយរួមមានទាំងជំងឺ Systemic Diseases ដែលបង្កជាពងបែកក្នុងមាត់ និងលើប្រដាប់ភេទ ហើយច្រើនកើតមានលើក្មេងប្រុស និងទាមទារឲ្យគ្រូពេទ្យពិនិត្យឲ្យបានច្បាស់លាស់។ ទោះយ៉ាងណា បើពងបែកមាត់នេះពុំមានការធ្វើទុក្ខធ្ងន់ធ្ងរណាមួយទេនោះ គ្រូពេទ្យនឹងមិនណែនាំឲ្យប្រើប្រាស់ថ្នាំផ្សះឡើយ ពីព្រោះឱសថនេះអាចនឹងសម្លាប់មេរោគល្អក្នុងមាត់សម្រាប់ការពារពីមេរោគផ្សេងៗ ហើយជំនួសមកវិញ គ្រូពេទ្យអាចណែនាំឲ្យប្អូនព្យាយាមធ្វើអនាម័យមាត់ធ្មេញឲ្យបានត្រឹមត្រូវ បរិភោគឲ្យបានសមរម្យ បរិភោគទឹកឲ្យបានច្រើន ការពារការកើនជាតិអាស៊ីតក្រពះស្របពេលប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ និងក្តៅខ្លួនដោយ Paracetamol ដូចដែលប្អូនបានប្រើ។ ក្នុងករណីដែលស្ថានភាពមិនបានធូរស្រាល ឬមិនបាត់ទៅវិញដោយវិធីទាំងនេះទេនោះ អាចនឹងមានការណែនាំឲ្យច្រឹបសាច់នោះទៅធ្វើការវិភាគតាមដានបន្ត។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធ​ ឯកទេសវេជ្ជសាស្រ្តទូទៅ និងជំងឺឆ្លងប្រធានផ្នែកជំងឺទូទៅ និងជំងឺឆ្លង នៃមន្ទីរពេទ្យកាល់ម៉ែត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

មនុស្សមួយចំនួនធំយល់ថាអាការៈឈឺក្បាលញឹកញាប់របស់ខ្លួន ជាសញ្ញានៃផលប៉ះពាល់លើប្រព័ន្ធប្រសាទ ក្នុងពេលដែលអ្នកផ្សេងទៀត ហាក់មិនចាប់អារម្មណ៍ ឬសន្និដ្ឋានថាវាជាធម្មជាតិនៃការគិតច្រើន។ ដូច្នេះ ការពិតយ៉ាងណានោះ ករណីសិក្សាខាងក្រោមនឹងបង្ហាញលោកអ្នក…. សំណួរ៖ នាងខ្ញុំអាយុ ២២ឆ្នាំ កម្ពស់១ម៉ែត្រ៦២ ទម្ងន់ ៥១គីឡូក្រាម មានមុខរបរជានិស្សិត។ អស់រយៈពេល ៣ឆ្នាំមកហើយ ខ្ញុំមានអាការៈឈឺក្បាលខាងឆ្វេង និងព្រិលភ្នែក។ ខ្ញុំធ្លាប់ទទួលបានការព្យាបាលដោយការព្យួរសេរ៉ូម និងប្រើប្រាស់ថ្នាំ។ តើខ្ញុំគួរធ្វើយ៉ាងណាចំពោះជំងឺនេះ ប្រសិនបើពេលដែលខ្ញុំគិត គឺតែងមានអារម្មណ៍ឈឺ? ចម្លើយ៖ ដោយសារប្អូនស្រីជានិស្សិត មានការឈឺក្បាលខ្លាំងនៅពេលគិតច្រើន ហើយការព្យាបាលដោយព្យួរសេរ៉ូម និងប្រើប្រាស់ថ្នាំ គ្រាន់តែជួយសម្រួលបណ្តោះអាសន្នទេ។ ការឈឺក្បាលអស់រយៈពេល៣ឆ្នាំនេះ ប្រសិនបើតាមការវិភាគមិនមានការប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទខួរក្បាលនោះទេ ព្រោះមិនមានរោគសញ្ញាមួយចំនួនដូចជាកម្រើកដៃជើងមិនរួច ការប៉ះពាល់ដល់ភ្នែកដូចជាបិទភ្នែកមិនជិត និងអាការៈផ្សេងទៀតទេ ហើយដោយសារប្អូនមិនបានបញ្ជាក់ការឈឺចាប់ និងកម្រិតនៃការឈឺចាប់ផងដែរ។   ករណីប្អូនស្រី គួរតែរៀបចំរបៀបរស់នៅ ការគេង និងរបៀបគិតឡើងវិញ។ ការគិតឲ្យបានត្រឹមត្រូវ និងមានពេលវេលាច្បាស់លាស់អាចជួយសម្រួលប្អូនឲ្យធូរស្រាលពីការឈឺក្បាលបាន ប៉ុន្តែ គួរមកជួបវេជ្ជបណ្ឌិតជំនាញផ្នែកប្រព័ន្ធប្រសាទ និងខួរក្បាលដើម្បីពិភាក្សា ផ្តល់យោបល់បន្ថែម ធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ និងថាប្អូនមាន ឬក៏គ្មាន ជំងឺប្រកាំង (Migraine)។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល និងជានាយផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ក្នុងចំណោមសំណួរជាច្រើនដែលអ្នកគួរតែស្វែងយល់ឲ្យបានដិតដល់អំពីជំងឺមហារីក នោះគឺទាក់ទងនឹងមូលហេតុបង្ក និងការការពារនៃជំងឺ ដោយសារវាជាចំណេះដឹងដ៏សំខាន់សម្រាប់ឲ្យយើងទាំងអស់គ្នាអាចរៀបចំវិធានការកាត់បន្ថយការប្រឈមនឹងហានិភ័យនៃជំងឺនេះបាន។ សំណួរ៖ ខ្ញុំអាយុ ៣២ឆ្នាំ ភេទស្រី និងជាស្ត្រីមេផ្ទះ។ នាងខ្ញុំចង់សួរទៅកាន់វេជ្ជបណ្ឌិតថា តើមូលហេតុអ្វីខ្លះ ដែលអាចបង្កឲ្យកើតមានជំងឺមហារីក? និងតើយើងគួរការពារពីជំងឺនេះបានយ៉ាងដូចម្តេច? ចម្លើយ៖ មានមូលហេតុ រួមជាមួយនឹងកត្តាជាច្រើនដែលអាចបង្កការប្រឈមជាមួយនឹងជំងឺមហារីក ដោយយើងនឹងលើកយកកត្តាដែលបង្កឲ្យមានបញ្ហានេះញឹកញាប់ជាងគេខ្លះៗមកបកស្រាយ៖ ១    សារធាតុគីមី ៖ -    ការជក់បារី ជាកត្តាប្រឈមនៃជំងឺមហារីកជាច្រើនប្រភេទ ពិសេសមហារីកសួត មហារីកក និងក្បាល មហារីកបំពង់អាហារ មហារីកក្រពះមហារីកសុដន់ ។ល។ -    ការប៉ះពាល់ជាមួយនឹងថ្នាំសម្លាប់សត្វល្អិតថ្នាំសម្លាប់ស្មៅ សារធាតុបង់ហ្សែន ប្រេងរ៉ែជាដើមក្នុងរយៈពេលយូរ អាចបង្កការប្រឈមនឹងជំងឺមហារីកស្បែក មហារីកឈាម មហារីកប្រព័ន្ធទឹករងៃ។ល។ ២    របបអាហារដែលប៉ះពាល់ដល់សុខភាព ៖ -    អាហារខ្លាញ់ពីសត្វ សាច់កែច្នៃ អាចបង្កជាមហារីកចុងពោះវៀនធំ ក្រពះ សុដន់។ល។ -    ការសេពគ្រឿងស្រវឹងច្រើន អាចបង្កមហារីកចុងពោះវៀនធំ  បំពង់អាហារ ក្រពះ និងសុដន់។ល។ -    បរិភោគអង្ករ ឬធញ្ញជាតិមួយចំនួនដែលត្រូវបានតោងដោយផ្សិតដែលអាចផលិតជាសារធាតុAflatoxin អាចបង្កមហារីកថ្លើម។ ៣    កត្តាសរីរាង្គកាយ ៖ -    ការប៉ះពាល់ជាមួយនឹងកាំរស្មី អាចបង្កមហារីកប្រព័ន្ធទឹករងៃ មហារីកឈាម និងមហារីកសុដន់។ល។ -    ឧស្ម័ន Radon អាចបង្កជាមហារីកប្រព័ន្ធទឹករងៃ មហារីកស្បែក -    កាំរស្មីអុលត្រាវីយូឡេ អាចបង្កមហារីកស្បែកនិងមហារីកកោសិកាដែលមានផ្ទុកជាតិពណ៌ -    ខ្យល់ដែលមានជាតិពុល អាចបង្កមហារីកសួត។ ៤    អាយុ ៖ ជាកត្តាហានិភ័យនៃជំងឺមហារីកសុដន់មហារីកចុងពោះវៀនធំ និងមហារីកសួត។ល។ ៥    កត្តាខ្លួនឯងផ្ទាល់ ៖ ការធាត់លើសទម្ងន់ និង អ័រម៉ូនរបស់រាងកាយ អាចបង្កហានិភ័យនៃជំងឺមហារីកសុដន់ មហារីកចុងពោះវៀនធំ មហារីកស្រទាប់ស្បូន និងមហារីកអូវែ។ល។ ៦    មេរោគ ៖ -    មេរោគថ្លើមប្រភេទ បេ និង សេ អាចបង្កហានិភ័យនៃមហារីកថ្លើម -    មេរោគ HPV អាចបង្កមហារីកមាត់ស្បូនមហារីកកនិងក្បាល មហារីកស្បែក។ល។ -    វីរុស Epstein-Barr អាចបង្កការប្រឈមនឹងមហារីកក្រពេញទឹករងៃ -    វីរុសអេដស៍ ឬ HIV អាចបង្កការប្រឈមនឹងមហារីក Kaposi sarcoma -    មេរោគក្រពះ Helicobacter pylori អាចបង្កមហារីកក្រពះ។ ៧    កត្តាបម្រែបម្រួលហ្សែន ៖ ដែលជាកត្តាតំណពូជអាចធ្វើឲ្យប្រឈមនឹងមហារីកសុដន់ មហារីកក្រពេញអូវែ មហារីកចុងពោះវៀនធំ។ល។ ៨    របៀបរបបរស់នៅ ៖ -    ភាពមិនសូវសកម្ម អាចបង្កមហារីកចុងពោះវៀនធំ មហារីកសុដន់។ល។ -    ការមិនមានផ្ទៃពោះ ឬការបញ្ឈប់ការបំបៅដោះសម្រាប់ស្ត្រី អាចបង្កជាមហារីកសុដន់។   ការការពារចម្បងៗចំពោះជំងឺមហារីក រួមមាន៖ ១.    ការពិនិត្យមើលជាទៀងទាត់នៃមហារីក សម្រាប់ការពារមហារីកសុដន់ ថ្លើម មាត់ស្បូន សួត និងក្រពេញប្រូស្តាត។ ២.    ការចាក់វ៉ាក់សាំង (វ៉ាក់សាំងប្រឆាំងនឹង HPV និងវ៉ាក់សាំងប្រឆាំងនឹងមេរោគថ្លើមបេ)។ ៣.    ការគ្រប់គ្រងការប្រើប្រាស់សារធាតុ Tobacco និងចៀសវាងការជក់បារី។ ៤.    ការបរិភោគអាហារសុខភាព ចៀសវាង អាល់កុល និងសាច់កែច្នៃ។ ៥.    ការរស់នៅប្រកបដោយសុខភាព ដោយរួមបញ្ចូលទាំងការធ្វើសកម្មភាពរាងកាយ និងការគ្រប់គ្រងទម្ងន់ឲ្យបានសមស្រប។ ៦.    កំណត់ការប៉ះផ្ទាល់ជាមួយនឹងកម្តៅថ្ងៃ ឬការពារការប៉ះនឹងកាំរស្មីដោយប្រើប្រាស់ឡេការពារកម្តៅ ដើម្បីកាត់បន្ថយការប្រឈមនឹងមហារីកលើកោសិកាជាតិពណ៌។  បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកជំងឺមហារីកនៅ មន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ថ្គាមទាល់តែងត្រូវបានគ្រូពេទ្យណែនាំឲ្យដកចេញជាចាំបាច់ ទោះបីអ្នកមិនមានអាការៈឈឺចាប់យ៉ាងណាក៏ដោយ តែប្រសិនបើអ្នកកំពុងមានផ្ទៃពោះ ហើយកំពុងមានការឈឺចាប់វិញ តើអ្នកគួរដកចេញដែរឬទេ? សំណួរ៖ នាងខ្ញុំអាយុ ២៥ឆ្នាំ កំពុងមានផ្ទៃពោះប្រាំពីរខែ ហើយពេលនេះ ខ្ញុំឈឺថ្គាមទាល់ខ្លាំងណាស់។ តើខ្ញុំអាចធ្វើការដកថ្គាមនេះចេញបានទេ? តើវាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃខ្ញុំទេ? ចម្លើយ៖ បើប្អូនមានការឈឺចាប់ខ្លាំងទ្រាំពុំបាន គួរតែយកថ្គាមទាល់នោះចេញ ទោះបីប្អូនកំពុងមានផ្ទៃពោះក៏ដោយ។ កូនក្នុងផ្ទៃរបស់ប្អូននឹងមិនប៉ះពាល់ជាមួយការយកថ្គាមទាល់ចេញនោះទេ ប៉ុន្តែ \រឿងដែលត្រូវប្រុងប្រយ័ត្នគឺ ទីតាំង និងជំហរ (Position of dental chair) របស់កៅអីធ្មេញ ធ្វើយ៉ាងណាកុំឲ្យសង្កត់ទៅលើទារកក្នុងផ្ទៃ។ ម៉្យាងទៀត ប្អូនគួរទទួលការព្យាបាលជាមួយគ្រូពេទ្យជំនាញ ទើបការព្យាបាលមានរយៈពេលលឿន។ បកស្រាយដោយ ៖​ ទន្តបណ្ឌិត ចៅ ស៊ីវកាយ នៃមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

មនុស្សមួយចំនួនអាចប្រឈមនឹងការឈឺចាប់ពេលដុះថ្គាមទាល់ ក្នុងពេលដែលអ្នកផ្សេងទៀតហាក់មិនមានបញ្ហាអ្វីនោះឡើយ ប៉ុន្តែថា តើអ្នកគួរដកវាចេញឬទេ? សំណួរ ៖ នាងខ្ញុំអាយុ ៣០ឆ្នាំ រស់នៅខេត្តបាត់ដំបង។ ខ្ញុំមានថ្គាមទាល់ដុះចេញតែពាក់កណ្តាល និងមានសាច់គ្របពីលើពាក់កណ្តាល។តើខ្ញុំគួរតែដកវាចេញ ឬយ៉ាងណា បើពេលនេះវាមិនផ្តល់ការឈឺចាប់អ្វីឡើយ? ចម្លើយ ៖ ប្អូនគួរតែដកចេញ បើទោះបីពេលនេះវាមិនបង្កឲ្យមានការឈឺចាប់ក៏ដោយ ព្រោះក្នុងពេលអនាគត វានឹងបង្កឲ្យមានការឈឺចាប់ មានបញ្ហាក្លិនមាត់ បើកមាត់មិនសូវរួច ឬអាចធ្វើឲ្យមានការខូចខាតដល់ធ្មេញជិតខាង ដោយរោគពុកធ្មេញ។ បកស្រាយដោយ ​៖ ទន្តបណ្ឌិត ចៅ ស៊ីវកាយ នៃមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ការរស់នៅជាមួយជំងឺទឹកនោមផ្អែមអាចនឹងឲ្យអ្នកជួបប្រទះអាការៈបន្ទាប់បន្សំមួយចំនួនដែលរំខានដល់ការរស់នៅប្រចាំថ្ងៃ បន្ថែមពីនោះ ការប៉ះពាល់ដល់សរីរាង្គផ្សេងទៀតនៃរាងកាយក៏អាចកើតមានឡើង ក្នុងករណីការព្យាបាល និងការតាមដានមិនបានដិតដល់ ដែលអ្នកនឹងអាចស្វែងយល់បានតាមរយៈការបកស្រាយសម្រាប់ករណីរបស់អ្នកជំងឺម្នាក់ខាងក្រោម។ សំណួរ៖ ខ្ញុំអាយុ៦៥ឆ្នាំ ភេទប្រុស កម្ពស់១ម៉ែត្រ៦៥ ទម្ងន់៥៧ គីឡូក្រាម។ ខ្ញុំត្រូវបានគ្រូពេទ្យរកឃើញថាមានជំងឺទឹកនោមផ្អែម និងលើសឈាមតាំងពី ៥ឆ្នាំមុន ក្រៅពីនេះក៏មានរោគសញ្ញាផ្សេងទៀត ដូចជា ឧស្សាហ៍វិលមុខ អស់កម្លាំង និងគេងមិនលក់។ សព្វថ្ងៃខ្ញុំប្រើថ្នាំទឹកនោមផ្អែម និងលើសឈាមជាប្រចាំ។ ខ្ញុំចង់សួរថាតើការគេងមិនលក់នេះ បណ្តាលមកពីថ្នាំ ឬយ៉ាងណា? តើគួរដោះស្រាយដោយវិធីណា? ចម្លើយ៖ ចំពោះជំងឺទឹកនោមផ្អែមប្រភេទ ២ ការលេចចេញនូវរោគសញ្ញាដូចជា បត់ជើងតូចញឹក ស្រេកទឹក ញ៉ាំច្រើន អស់កម្លាំង នោះបង្ហាញឲ្យឃើញថា កម្រិតជាតិស្ករបានឡើងតាំងពី ៥ ឬ ១០ឆ្នាំរួចស្រេចមកហើយ ដូច្នេះ ផលវិបាកមួយចំនួននៃជំងឺក៏កើតមានឡើង អាចមាននៅលើភ្នែក តម្រងនោម ដំបៅរលួយជើងជាដើម។ ចំណែករោគសញ្ញាដែលបានរៀបរាប់ខាងលើ វាអាចជាប់ទាក់ទងនឹងផលវិបាកនៃការប៉ះពាល់ដល់តម្រងនោម ដែលបណ្តាលឲ្យកង្វះគ្រាប់ឈាមក្រហម។ ដោយហេតុថាសភាពជំងឺទាមទារឲ្យមានការព្យាបាលទាំងជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមផងនោះ ការប្រឈមនៃការប៉ះពាល់តម្រងនោមស្ថិតក្នុងអត្រាខ្ពស់ បើការព្យាបាលមិនបានដល់គោលដៅ។ ប្រសិនអ្នកនៅតែបន្តមានរោគសញ្ញាទាំងនេះ ការណាត់ជួបជាមួយគ្រូពេទ្យជំនាញជាជម្រើសល្អបំផុតដែលការធ្វើរោគវិនិច្ឆ័យអាចធ្វើឡើងដូចជាការពិនិត្យឈាម (ដើម្បីរកមើលចំនួនគ្រាប់ឈាមក្រហម) សម្រាប់តាមដានមុខងារតម្រងនោម។ បកស្រាយដោយ​៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទូច ឃុន ប្រធានផ្នែកជំងឺទឹកនោមផ្អែម នាយករងមន្ទីរពេទ្យព្រះកុសុមៈ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

មិនត្រឹមតែពិបាកក្នុងការដកដង្ហើមតាមរយៈរន្ធច្រមុះតែម្ខាងទេ អ្នកជំងឺម្នាក់ក៏បានរាយការណ៍អំពីភាពញឹកញាប់នៃការហូរឈាមច្រមុះដែលចោទជាបញ្ហាចំពោះការរស់នៅរបស់គាត់ផ្ទាល់ផងដែរ។ រោគសញ្ញាទាំងនេះ ត្រូវបានសង្ស័យថាជាសញ្ញាព្រមាននៃជំងឺទាក់ទងនឹងសរីរាង្គច្រមុះ ដែលអ្នកជំងឺគួរទទួលការព្យាបាលឲ្យបានឆាប់បំផុត។ សំណួរ៖ ខ្ញុំបាទអាយុ២៥ឆ្នាំ ខ្ញុំដកដង្ហើមបានតែមួយចំហៀងច្រមុះ និងឧស្សាហ៍ចេញឈាមតាមច្រមុះផងដែរ។ តើបញ្ហានេះបណ្តាលមកពីបញ្ហាអ្វី និងអាចបង្កជាបញ្ហាលំបាកអ្វីដែរឬទេ? តើអាចព្យាបាលបានទេ? ចម្លើយ៖ តាមការរៀបរាប់បញ្ជាក់ថា  ប្អូនប្រុសអាចមានបញ្ហា វៀចឆ្អឹងច្រមុះងាកមកម្ខាង ឬអាចមានដុំសាច់នៅក្នុងរន្ធច្រមុះម្ខាង។ បញ្ហាទាំងអស់នេះអាចព្យាបាលបាន តែតម្រូវឲ្យមានការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ជាមួយនឹងការព្យាបាលត្រឹមត្រូវឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ​៖ សាស្រ្តាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ប្រធានបច្ចេកទេសនៃមន្ទីរពេទ្យព្រះអង្គឌួង និងជាប្រធានសមាគមជាតិ ត្រចៀក ច្រមុះ បំពង់ក វះកាត់ក្បាល និងក កម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ភ្នែករបស់យើងអាចនឹងរងឥទ្ធិពលដោយសារការ ប៉ះទង្គិចដោយចៃដន្យមួយចំនួន ដែលខ្លះអាចនឹងមិនចោទជាបញ្ហាអ្វីឡើយ ស្របពេលដែលខ្លះទៀតអាចផ្តល់នូវផលវិបាកទៅថ្ងៃក្រោយ។ ជាក់ស្តែងករណីខាងក្រោមបានបង្ហាញអំពីការ ព្រួយបារម្ភអំពីការប៉ះត្រូវភ្នែកទៅនឹងខ្លាញ់ក្តៅដែលនឹងត្រូវបានបកស្រាយតាមរយៈលោកវេជ្ជបណ្ឌិតឯកទេសភ្នែកដូចខាងក្រោម។ សំណួរ៖ នាងខ្ញុំទើបនឹងបានជួបបញ្ហា ផ្ទុះខ្លាញ់ត្រូវក្រោមភ្នែក ហើយវាធ្វើឲ្យមានអារម្មណ៍ក្តៅក្រហាយយ៉ាងខ្លាំង។ ខ្ញុំចង់សួរលោក វេជ្ជបណ្ឌិតថា តើនាងខ្ញុំត្រូវធ្វើដូចម្តេចពេលជួបបញ្ហានេះភ្លាមៗ ហើយតើវាបង្កឲ្យមានផលប៉ះពាល់ដល់ថ្ងៃក្រោយដែរឬទេ? ចម្លើយ៖ ផលប៉ះពាល់ និងការព្យាបាល អាស្រ័យទៅនឹងបរិមាណ  និងកម្រិតនៃការរលាក ថាតើការរលាកនោះធំប៉ុណ្ណា និងជ្រៅប៉ុណ្ណា។ ដោយឡែក ក្រោយពីការរលាកភ្លាម អ្វីដែលត្រូវធ្វើភ្លាមគឺត្រូវលាងទឹកធម្មតា ឬទឹកត្រជាក់ (ចាប់ពី ៥ អង្សាសេឡើង) ដើម្បីបន្ថយកម្តៅ តែចៀសវាងប្រើទឹកកក (ក្រោម ០ អង្សាសេ) ទៅស្អំ ដែលនឹងនាំឲ្យការរលាកកាន់តែធ្ងន់ធ្ងរ និងមានការខូចស្បែកនៅត្រង់បរិវេណនោះទៅវិញ។ បន្ទាប់ពីនោះ យើងអាចប្រើប្រាស់ក្រែមឬស្ព្រៃ​យន៍បាញ់ប្រឆាំងការរលាក (Burn​ cream) នៅបរិវេណនោះ និងចុងក្រោយ យកល្អគួរមក ទទួលការពិនិត្យភ្នែកឲ្យបានត្រឹមត្រូវ ដើម្បីប្រាកដថាការផ្ទុះខ្លាញ់ក្តៅមិនបានប៉ះទៅលើកញ្ចក់ភ្នែក។ យ៉ាងណាមិញ ករណីមានការរលាកខ្លាំង ស្បែកនៅតំបន់នោះនឹងអាចទៅជាជ្រួញ ឬអាចទាញឲ្យត្របកភ្នែកធ្លាក់ដោយសារសម្លាកពីការរលាក ប៉ុន្តែជាទូទៅមិនមានទំនាក់ទំនងនឹងបញ្ហាគំហើញឡើយ ប្រសិនបើមិនមានការផ្ទុះខ្លាញ់ចូលក្នុងភ្នែក។ បកស្រាយដោយ​៖ វេជ្ជបណ្ឌិត អ៊ុក សុខហៀន វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាវេជ្ជបណ្ឌិតព្យាបាល និងវះកាត់ផ្នែកចក្ខុរោគនៅមន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ទាចទឹក គឺជាការប្រមូលផ្តុំនៃសារធាតុរាវនៅក្នុងស្រោមពោះដែលជាក់ស្តែងជំងឺនេះត្រូវបានដឹងថាកើតមានច្រើនចំពោះអ្នកជំងឺដែលមានជំងឺថ្លើមជាពិសេស។ ដោយឡែក មានការរាយការណ៍ផងដែរអំពីករណីបញ្ហាទាចទឹកដែលកើតមានចំពោះទារកតាំងពីនៅក្នុងផ្ទៃ។ សំណួរ៖ នាងខ្ញុំអាយុ ២៦ឆ្នាំ កម្ពស់ ១ម៉ែត្រ៥៥ ទម្ងន់ ៥៦គីឡូក្រាម កំពុងមានផ្ទៃពោះ៥ខែហើយ។ ខ្ញុំបានទៅអេកូ គ្រូពេទ្យបាននិយាយថា កូនរបស់ខ្ញុំមិនអាចទុកបានទេ ដោយសារមានជំងឺទាចទឹក។ តើកូនខ្ញុំកើតទាចទឹកបណ្តាលមកពីមូលហេតុអ្វី? តើខ្ញុំគួរធ្វើយ៉ាងណាដើម្បីការពារបញ្ហានេះកុំឲ្យកើតឡើងនៅលើកក្រោយទៀត? ចម្លើយ៖ ជំងឺទាចទឹកចំពោះទារកក្នុងផ្ទៃ គឺជាស្ថានភាពមួយដែលបរិមាណសារធាតុរាវសេរីមួយចំនួនបានប្រមូលផ្តុំនៅក្នុងពោះរបស់ទារក។ មានមូលហេតុច្រើនដែលអាចបណ្តាលឲ្យមានបញ្ហានេះ ដោយក្នុងនោះករណីភាគច្រើនគឺមិនអាស្រ័យនឹងម្តាយផ្ទាល់ទេ។ ស្ត្រីអាចកាត់បន្ថយហានិភ័យនេះនៅពេលមានផ្ទៃពោះលើកក្រោយបានតាមរយៈការថែទាំ និងទទួលការពិនិត្យតាមដានតាំងពីមុនពេលមានផ្ទៃពោះ (Preconception care) ។ ការថែទាំសុខភាពជាមុន គឺមានសារសំខាន់ទាំងចំពោះម្តាយ និងទារកដែលគោលដៅនៃការថែទាំគឺដើម្បីពិនិត្យ និងតាមដានរកកត្តាហានិភ័យនានាដែលនាំឲ្យមានបញ្ហានៅពេលមានផ្ទៃពោះ ក៏ដូចជាដើម្បីដឹង និងធ្វើចំណាត់ការទៅលើបញ្ហាសុខភាពផ្សេងៗ ដែលអ្នកជាម្តាយមានតាំងពីមុនពេលមានផ្ទៃពោះផងដែរ។ សរុបមកអ្នកត្រូវប្រាកដថាខ្លួនមានសុខភាពល្អទាំងផ្នែកសរីរាង្គកាយ និងផ្នែកអារម្មណ៍ មុនពេលឈានចូលក្នុងដំណាក់កាលនៃការមានផ្ទៃពោះប្រកបដោយសុខភាពបាន។ បកស្រាយដោយ​៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ         

Share

សំណួរ ៖ នាងខ្ញុំ រស់នៅខេត្តមណ្ឌលគិរី។ ខ្ញុំមានកូនប្រុសម្នាក់អាយុ២ខួប។ គាត់មិនដឹងជាហេតុអ្វីបានជាមិនទាន់ចេះហៅ ប៉ាឬម៉ាក់សោះ តែគាត់យំមានសំឡេង។ តើពេលណាគាត់អាចនិយាយបាន? តើខ្ញុំត្រូវធ្វើដូចម្តេច?   ចម្លើយ ៖ ជាទូទៅ ក្មេងអាយុ២ឆ្នាំអាចហៅប៉ា-ម៉ាក់ខ្លះហើយ បើទោះជាគាត់មិនទាន់ចេះនិយាយច្រើនក៏ដោយ។ ករណីកូនរបស់លោកស្រី យើងត្រូវមើលថា  តើកូននេះមានការលូតលាស់យឺតឬក៏អត់ ដូចជា ក្រចេះញញឹម ក្រចេះវារឬដើរ ហើយបើប្រៀបធៀបជាមួយបងប្អូនបង្កើត មានលក្ខណៈយឺតជាងគេឬអត់។  ម្យ៉ាងទៀត ត្រូវសិក្សាលើប្រវត្តិជុំវិញការសម្រាល និងស្ថានភាពក្នុងរយៈពេលប៉ុន្មានខែដំបូងនៃជីវិតថា តើមានឈឺធ្ងន់ឬអត់។ ប៉ុន្តែប្រសិនបើរកមិនឃើញថា មានអ្វីខុសធម្មតាទេ ហើយការលូតលាស់របស់គាត់ល្អទៀតនោះ ការយឺតយ៉ាវតិចតួចរបស់គាត់ ដែលនៅមិនទាន់និយាយបានអាចជារឿងធម្មតា។ ប៉ុន្តែបើគាត់លូតលាស់យឺតជាងបងប្អូនដទៃតាំងពីតូច នោះគាត់អាចមានបញ្ហាទាក់ទងនឹងការលូតលាស់យឺតផ្នែកផ្លូវកាយនិងផ្លូវចិត្ត ដែលជារឿងត្រូវស្រាវជ្រាវរកមើលមូលហេតុ ឬអាចដោយសារគាត់ធ្លាប់មានជំងឺធ្ងន់ធ្ងរពីតូចដែលត្រូវសម្រាកក្នុងមន្ទីរពេទ្យ ដូចជារលាកស្រោមខួររលាកខួរក្បាល។  ការរីកលូតលាស់យឺតផ្នែកបញ្ញាអាចជាផលវិបាកនៃជំងឺទាំងនោះ។   ដូចនេះ ដើម្បីឲ្យច្បាស់ក្នុងការវាយតម្លៃពីផលប៉ះពាល់ប៉ុណ្ណានៅពេលកូនលោកស្រីធំ និងគាត់អាចនិយាយបាននៅពេលណា មានតែការមកជួបគ្រូពេទ្យ ដើម្បីធ្វើការវាយតម្លៃនិងចាត់វិធានការជួយកូនលោកស្រី។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត គឹម អាង ប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ី ព្រមទាំងជាអនុប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរពេទ្យកុមារជាតិ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ         

Share

អាការៈហឹងត្រចៀក ថ្វីត្បិតតែមិនចោទជាបញ្ហាធ្ងន់ធ្ងរសម្រាប់ការរស់នៅ ក៏ប៉ុន្តែ វាពិតជាផ្តល់ការរំខានយ៉ាងខ្លាំង ប្រសិនបើវាកើតមានឡើងជាញឹកញាប់ដែលតម្រូវឲ្យអ្នកជំងឺធ្វើការស្វែងយល់អំពីមូលហេតុពិតប្រាកដរបស់វាជាមួយនឹងវេជ្ជបណ្ឌិត។ សំណួរ៖ ខ្ញុំមានអាយុ 20 ឆ្នាំ ភេទស្រី កម្ពស់ 1,62 ម ទម្ងន់ 45 គក ជានិស្សិត។ ខ្ញុំតែងមានអាការៈហឹងត្រចៀកជាញឹកញាប់ (ឮសំឡេងខ្លួនឯងឡងមកវិញ) ដែលជួនកាលវាកើតមានតែម្ខាង តែពេលខ្លះក៏ទាំងសងខាង។ អាការៈនេះតែងបាត់ទៅវិញដោយខ្លួនឯងដោយមិនបាច់ប្រើថ្នាំ ប៉ុន្តែវារំខានយ៉ាងខ្លាំងសម្រាប់សកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំ។ តើនេះគឺជាបញ្ហាអ្វី? និងមានមូលហេតុអ្វី? តើខ្ញុំគួរធ្វើយ៉ាងណា ដើម្បីកុំឲ្យបញ្ហានេះកើតមានទៀត? ចម្លើយ៖ បញ្ហានេះអាចទាក់ទងទៅនឹងសម្ពាធថយចុះនៅក្នុងត្រចៀកកណ្តាល ដោយបណ្តាលមកពីការស្ទះរន្ធដែលភ្ជាប់រវាង ត្រចៀក និងច្រមុះ។ ជាបណ្តោះអាសន្ន ដើម្បីបានធូរស្បើយ អ្នកជំងឺត្រូវឧស្សាហ៍លេបទឹកមាត់  តែត្រូវពិនិត្យមើលបន្ថែម ដើម្បីរកមូលហេតុដែលបណ្តាលឲ្យស្ទះរន្ធនេះ។ បកស្រាយដោយ​៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ប្រធានបច្ចេកទេសនៃ មន្ទីរពេទ្យព្រះអង្គឌួង និងប្រធានសមាគមជាតិ ត្រចៀក ច្រមុះ បំពង់ក វះកាត់ក្បាល និងក កម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top