Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

បែបមិនបានដឹងទេថា  ការដែលអ្នកដើរកម្សាន្តម្តងៗ  ពេលខ្លះក៏អាចឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន? នេះគឺដោយសារតែការដើរលេងរមែងមានការញ៉ាំនេះ ញ៉ាំនោះ ដោយមិនសូវបានចាប់អារម្មណ៍ពីការលើសកាឡូរី ដោយសារតែមានអារម្មណ៍ហត់ផង និងចង់ភ្លក្សរបស់ប្លែកៗមិនចេះឈប់ផង ជាពិសេសមិនងាយគេចផុតទេ ពិធីជប់លៀងពេលយប់ដែលសម្បូរអីញ៉ាំឆ្ងាញ់ៗ ភេសជ្ជៈផ្អែមៗ ឬអាល់កុល ដែលកាន់តែធ្វើឲ្យអ្នកប្រឈមនឹងការឡើងគីឡូ បើមិនច្រើន ក៏តិចដែរ.... អញ្ចឹង...  មិនមានន័យថា   អ្នកត្រូវកាត់បន្ថយការដើរកម្សាន្តទេ    គ្រាន់តែគួរដើរទៅតាមវិធី៤យ៉ាងងាយៗទៅ ក៏អាចចៀសវាងបញ្ហានេះបានហើយ... ១ ត្រៀមអាហារសម្រន់ អ្នកគួរត្រៀមនូវអាហារសម្រន់ប្រភេទជាផ្លែឈើស្រស់ដូចជា ផ្លែប៉ោម ឬផ្លែចេក ទៅតាមកាបូប ឬកន្រ្តកស្បៀង នៅពេលអ្នកត្រូវដើរកម្សាន្ត។ អត្ថប្រយោជន៍នៃអាហារសម្រន់នេះគឺ  សម្បូរដោយជាតិសរសៃ និងមិនមានកាឡូរីខ្ពស់ ដូចប្រភេទអាហារស្រាប់មួយចំនួន ហើយអាចជួយឲ្យអ្នកមិនសូវឃ្លានតាមតែចិត្តចង់      ព្រមទាំងសម្រួលការបន្ទោរបង់របស់អ្នកទៀតផង។ ២ គេងឲ្យបានគ្រប់គ្រាន់ ពិតណាស់ដែលថាពេលដើរលេងអ្នកបា្រកដជាគេងបានតិច ប៉ុន្តែតើអ្នកដឹងទេថាអ្នកមិនងាយស្រកទម្ងន់នោះទេ បើអ្នកគេងមិនគ្រប់គ្រាន់។ វាមិនត្រឹមតែធ្វើឲ្យអ្នកធាត់ទ្វេដងប៉ុណ្ណោះទេ  ថែមទាំងបង្កើននូវចំណង់អាហារថែមទៀត  ពេលនោះ អ្នកនឹងញ៉ាំកាន់តែច្រើន។     ដូចនេះ  យកល្អអ្នកមិនគួរគ្រោងដំណើរកម្សាន្តដែលប្រញាប់ប្រញាល់ពេកនោះទេ។ ៣ កម្សាន្តបែបដើរ បើបានជាជ្រុលមកដើរលេង  គួរតែដើរឲ្យបានច្រើន ដើរច្រើនកាលណាអ្នកនឹងបានឃើញទេសភាពច្រើនប៉ុណ្ណោះដែរ។ ការដើរអាចជួយដុតបំផ្លាញកាឡូរីដែលលើសបានប្រហែលពី១៣៧ ទៅ២៧៧កាឡូរីក្នុងមួយម៉ោងអាស្រ័យនឹងល្បឿននៃការដើរ និងទម្ងន់របស់អ្នកផ្ទាល់។ ៤ រក្សាការញ៉ាំទឹក ពេលដើរលេង អ្នកប្រាកដណាស់ប្រឈមជាមួយនឹងការប្រែប្រួលអាកាសធាតុ  បរិស្ថាន  រួមនឹងសកម្មភាពដែលធ្វើឲ្យអ្នកបាត់បង់ជាតិទឹកច្រើនជាងធម្មតា។ ដូចនេះ  អ្នកគួរយកទឹកតាមខ្លួនជាការប្រសើរមិនត្រឹមតែបង្គ្រប់ជាតិទឹកប៉ុណ្ណោះទេ ថែមទាំងអាចកាត់បន្ថយការឃ្លានបានមួយកម្រិតទៀតផង។ តែប៉ុណ្ណេះ លែងបារម្ភរឿងដើរលេងហើយឡើងគីឡូទៀតហើយ...ដើរម៉ាអស់ដៃហ្មងទៅ៎!!! 

Share

កម្មវិធី Cambodian Start-up Journey ដែលបានប្រព្រឹត្តឡើងនៅថ្ងៃច័ន្ទ ទី៣០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ០៥ :៣០ ដល់ម៉ោង០៨ :៣០ នាទីល្ងាច ដែលមានអ្នកចូលរួមចំនួន៥០នាក់ គឺជាកម្មវិធីជំនួបសហគ្រិនដែលបង្កើតឡើងក្នុងគោលបំណងលើកស្ទួយការផ្តួចផ្តើមអាជីវកម្មថ្មីនៅកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយ Park Café រួមសហការជាមួយនឹង Educational Development Institute។   នៅក្នុងកម្មវិធីនេះដែរ មានវាគ្មិនកិត្តិយសចំនួន ២រូប គឺ លោក ឡែម ចាន់សំរេច ជានាយកគ្រប់គ្រងនៃCambodia Investor Club (CIC) និង លោក ស៊ីម ចាន់គិរីរ័ត្ន ជាសហស្ថាបនិក និងនាយកប្រតិបត្តិនៃBanhji ក្រោមការសម្របសម្រួលពីសំណាក់លោក ហេង សេងលី ជានាយកគ្រប់គ្រងទូទៅនៃPark Café។ គួរបញ្ជាក់ផងដែរថា Banhji ដែលមានលោក ស៊ីម ចាន់គិរីរ័ត្ន ជានាយកប្រតិបត្តិ គឺជាប្រព័ន្ធគណនេយ្យសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលជួយសម្រួលដល់អាជីវកម្មរបស់ពួកគាត់។ អ្នកប្រើប្រាស់អាចឃើញពីសមតុល្យ និងប្រតិបត្តិការណ៍របស់អតិថិជន ព្រមទាំងបង្ហាញពីសម្រង់តម្លៃបញ្ជាលក់ ប្រាក់កក់អតិថិជន វិក័យបត្រលក់ជាសាច់ប្រាក់ ឬជំពាក់ ការបង្វិលទំនិញត្រលប់មកវិញ និងប័ណ្ណដឹកជញ្ជូនជាដើម។ លើសពីនេះទៅទៀតលោកក៏បានចែកជូននូវគន្លឹះសំខាន់មួយចំនួនដូចជា របៀបគ្រប់គ្រងពេលវេលា ក្រុមការងារ និងរបៀបគ្រប់គ្រង។ ចំណែកCambodia Investor Club (CIC) ដែលមានលោក ឡែម ចាន់សំរេច ជានាយកគ្រប់គ្រង បានបង្ហើបពីគន្លឹះ និងលក្ខន្តិកៈ ដើម្បីចូលជាសមាជិក ក៏ដូចជាធ្វើយ៉ាងណាដើម្បីទទួលបានជំនួយពី CIC ដើម្បីប្រកបអាជីវកម្ម។ ជាមួយគ្នានេះផងដែរ លោកក៏បានពិភាក្សាទៅលើសក្តានុពលភាពនៃទីផ្សារនៅក្នុងប្រទេសកម្ពុជា ប្រព័ន្ធបច្ចេកវិទ្យា របៀបផ្តាច់មុខ ក្រុមការងារដ៏ត្រឹមត្រូវ ការចែកចាយ និងពេលវេលាដែលត្រឹមត្រូវក្នុងការធ្វើអាជីវកម្ម។ ដោយសារអ្នកចូលរួមមានចម្ងល់ជាច្រើនទាក់ទងទៅនឹងប្រធានបទដែលបានលើកឡើង ធ្វើឲ្យកម្មវិធីទាំងមូលមានភាពសកម្ម និងរស់រវើក។ នៅចុងបញ្ចប់នៃកម្មវិធី ក៏មានការញ៉ាំអាហារជាមួយគ្នាសម្រាប់អ្នកចូលរួម ដើម្បីឲ្យពួកគាត់មានពេលជួបជជែក និងសំណេះសំណាលគ្នា ដើម្បីបង្កើនចំណងមិត្តភាពក៏ដូចជាពង្រីកបណ្តាញអាជីវកម្មរបស់ខ្លួន។ កម្មវិធីបែបនេះមានជារៀងរាល់ខែ ដោយ Cambodian Start Up Journey គឺជាកម្មវិធីដំបូងគេប្រចាំឆ្នាំ២០១៧ក្រោមការឧបត្ថម្ភធំដោយ ក្រុមហ៊ុន Coca Cola ព្រមទាំងសហការគាំទ្រដោយ CIC, YEAC និង JCI Cambodia  និងមាន ហេលស៍ថាមខប ថ្មីៗ FEB និង សប្បាយ ជាដៃគូផ្សព្វផ្សាយ។ ចំពោះប្រធានបទ និងព័ត៌មានទាក់ទិននឹងកម្មវិធីប្រចាំខែជាបន្តបន្ទាប់ សូមរង់ចាំតាមដានជាមួយយើងទាំងអស់គ្នា...

Share

ដោយបានឆ្លងកាត់នូវបទពិសោធន៍ជាង៦ឆ្នាំនៃផ្នែកគ្រប់គ្រងឱសថស្ថានចំនួនពីរកន្លែងកន្លងមក និងសព្វថ្ងៃជាប្រធានផ្នែកនៃឱសថស្ថាន ឌឺ ហ៊ែល លោក ដាវ សីហា នឹងចែករំលែកនូវបទពិសោធន៍របស់លោកជូនដល់ប្រិយមិត្តអ្នកអាន និងជាពិសេសចំពោះអ្នកដែលមានបំណង ឬតៀមនឹងបើកដំណើរការនូវឱសថស្ថានផ្ទាល់ខ្លួននាពេលអនាគត។ កត្តាដែលត្រូវការជាចាំបាច់ក្នុងការចាប់ផ្ដើមធ្វើអាជីវកម្មផ្នែកឱសថ ដើម្បីចាប់ផ្ដើមនូវអាជីវកម្មផ្នែកឱសថមួយ សំខាន់បំផុតចំពោះអ្នកដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្មនេះ គឺតម្រូវឲ្យមានការយល់ច្បាស់ពីឱសថ ព្រោះថាឱសថ គឺជាអាវុធមុខពីរដែលអាចព្យាបាលមនុស្ស តែក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពផងដែរ។ មិនគួរយកផលប្រយោជន៍បុគ្គលជាធំដោយណែនាំឲ្យអតិថិជនប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា ឬគាត់មិនមែនជាឱសថការី នោះអាជីវកម្មនឹងដំណើរការដោយរលូន។ គោលការណ៍ចម្បងរបស់ឱសថស្ថាន គឺត្រូវយកសុខភាពប្រជាជនជាគោល ដូច្នេះវាជាការលំបាកចំពោះអ្នកដែលមិនបានឆ្លងកាត់ការសិក្សា ឬកង្វះចំណេះដឹងខាងឱសថ។ បើអ្នកចង់ប្រកបរបរនេះអ្នកគួរសួរខ្លួនឯងថាតើអ្នកមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីផ្ដល់សេវាកម្មជូនអតិថិជនដោយគោរពតាមគោលការណ៍នៃក្រសួងសុខាភិបាលដែរឬទេ? ភាពខុសគ្នារវាងអាជីវកម្មផ្នែកឱសថ និងអាជីវកម្មធម្មតា គ្រប់អាជីវកម្មសុទ្ធតែមានភាពខុសប្លែកគ្នា ជាក់ស្តែង ចំពោះអាជីវកម្មធម្មតាដែលមិនមានទាក់ទងនឹងសុខភាពមិនមានហានិភ័យខ្ពស់ និងច្បាប់តឹងរឹងដូចឱសថស្ថានឡើយ ព្រោះវាអាចមានការប៉ះពាល់ដល់សុខភាពប្រជាជន។ ឧបសគ្គដែលត្រូវប្រឈម និងវិធីដោះស្រាយ ឧបសគ្គតែងតែមានគ្រាន់តែពេលខ្លះតូច ពេលខ្លះធំ ចំពោះឱសថស្ថានយើងខ្ញុំ បញ្ហា គឺកង្វះទំនុកចិត្តពីអតិថិជនដោយគាត់យល់ឃើញថាភ្នាក់ងាររបស់យើងមិនមែនជាឱសថការី ដូច្នេះនៅពេលដែលយើងណែនាំនូវផលិតផលដែលមានរូបធាតុផ្សំ ឬប្រសិទ្ធភាពដូចទៅនឹងឱសថដែលគាត់ប្រើប្រាស់ ប៉ុន្តែខុសក្រុមហ៊ុនផលិត ឬឈ្មោះដែលដាក់ឲ្យប្រើប្រាស់ក្នុងទីផ្សារនោះ គឺគាត់មិនត្រូវការឡើយ ដោយគាត់ទាមទារឲ្យដូចនឹងវេជ្ជបញ្ជាបេះបិទតែម្ដង។ ដំណោះស្រាយរបស់យើង គឺត្រូវព្យាយាមពន្យល់ឲ្យអតិថិជនបានយល់អំពីប្រសិទ្ធភាពនៃឱសថនោះ។ តម្លៃនៃផលិតផលឱសថ ឱសថដែលមានលក្ខណៈសម្បត្តិល្អ ជាឱសថដែលមានច្បាប់ត្រឹមត្រូវចេញពីក្រសួងសុខាភិបាល ហើយកត្តាសំខាន់ គឺការទុកដាក់ឲ្យបានត្រឹមត្រូវដោយមិនគួរឲ្យត្រូវពន្លឺថ្ងៃខ្លាំងពេក ដែលអាចនាំឲ្យប៉ះពាល់ដល់គុណភាព។ ទាក់ទងនឹងរូបរាងខាងក្រៅ យើងមិនគួរបកសម្បក ឬហែកថង់ចេញឡើយ និងត្រូវរៀបចំទុកដាក់ឲ្យមានសណ្ដាប់ធ្នាប់ដែលនេះជាគោលការណ៍ចម្បងរបស់ឱសថស្ថាន។ សារសម្រាប់មិត្តអ្នកអាន ជាចុងក្រោយ លោកក៏សូមឲ្យប្រិយមិត្តអ្នកអានទាំងអស់ ទាំងអ្នករួមអាជីព និងអ្នកប្រើប្រាស់ ពិនិត្យមើលឱសថឲ្យបានច្បាស់លាស់ ដោយសារតែមូលហេតុដែលបានលើកឡើងខាងលើថា ឱសថប្រៀបបាននឹងអាវុធមុខពីរដែលវាអាចបង្កផលលំបាកទៅថ្ងៃក្រោយប្រសិនបើមិនត្រូវបានប្រើប្រាស់ត្រឹមត្រូវទេនោះ ដូច្នេះអ្នកគួរជ្រើសរើសឱសថណាដែលមានបញ្ជិកាត្រឹមត្រូវ និងលេបថ្នាំទៅតាមការកំណត់របស់គ្រូពេទ្យ។

Share

សម័យនេះម្នាក់ៗពោលថា ចង់ហាត់ប្រាណ ដើម្បីឲ្យរាងស្អាត សុខភាពល្អ ខួរក្បាលក៏ស្រឡះអីបែបហ្នឹង។ បញ្ហាគឺ អ្នកខ្លះក៏បានតែពោល ហើយខ្លះទៀតក៏បានអនុវត្តពិតមែន តែមិនទៅបានយូរអី ហាត់មួយថ្ងៃចោលមួយថ្ងៃ ថ្ងៃណានឹកឃើញក៏ហាត់ ថ្ងៃណាខ្ជិលក៏ខានសិន យូរៗទៅក៏បោះបង់ចោលឯកឯង។ សាកល្បងម្តងទៀតជាមួយតិចនិកដែលនឹងជួយឲ្យអ្នកស្រឡាញ់ការហាត់ប្រាណរហូតមិនចង់ខកខានសូម្បីតែមួយថ្ងៃ។ ១ ធ្វើគម្រោងសម្រាប់ហាត់ប្រាណ ហាត់នៅពេលណា? ប៉ុន្មានថ្ងៃក្នុងមួយសប្តាហ៍?មួយថ្ងៃប៉ុន្មាននាទី?  ត្រូវហាត់បែបណាខ្លះ? សុទ្ធតែជាសំណួរដែលត្រូវបញ្ចូល   ដើម្បីឲ្យអ្នកដឹងថាអ្នកនឹងត្រូវធ្វើអ្វីនៅពេលហាត់ប្រាណ។ ២ កំណត់គោលដៅឲ្យច្បាស់ ត្រូវចាំថាគោលដៅរបស់អ្នកមិនគួរធំពេកទេនៅពេលចាប់ផ្តើមដំបូង ឧទាហរណ៍ ហាត់ដើម្បីមិនឲ្យឡើងគីឡូ ជំនួសឲ្យហាត់ដើម្បីឲ្យស្រកគីឡូសិន ឬដើរឲ្យបានពីរគីឡូ ជំនួសឲ្យការរត់ឲ្យបានពីរគីឡូជាដើម។ កុំទាន់ប្រញាប់ដាក់សម្ពាធលើខ្លួនឯងពេក។ ៣ ឈុតកីឡា អ្នកអាចរកឈុតកីឡាដែលអ្នកស្រឡាញ់ និងផ្តល់ផាសុកភាពដល់ខ្លួនឯង ដោយវានឹងផ្តល់អារម្មណ៍បែបកីឡា    និងថាមពលស្ទុះស្ទារាងធម្មតា     ហើយធ្វើឲ្យអ្នកមានជំនឿចិត្តក្នុងការបង្ហាញមុខក្នុងពេលហាត់ប្រាណម្តងៗផងដែរ។ ៤ ជ្រើសរើសទីតាំង ប្រាកដជាទីតាំងដែលអ្នកចូលចិត្តហើយ ទើបអាចជម្រុញឲ្យអ្នកទៅដោយមិនស្ទាក់ស្ទើរ និងគ្មានសម្ពាធ។ ហើយជម្រើសរបស់អ្នកអាចជា ផ្ទះ ក្លិបហាត់ប្រាណ ឬទីសាធារណៈជាដើម។ ៥ ពេលវេលា មិនទាន់ដល់ពេលគិតថា ហាត់ប្រាណនៅពេលណាល្អជាងទេ សំខាន់តើពេលណាអំណោយផលដល់អ្នកជាងគេ?ពេលព្រឹក ដោយត្រូវធ្វើការ ឬរៀនដល់យប់ៗធ្វើឲ្យពិបាកក្រោក ជ្រើសរើសពេលល្ងាចក៏បាន ឬក៏ពេលល្ងាចច្រើនតែរវល់បញ្ចប់ការងារ ឬអស់កម្លាំង អញ្ចឹងព្យាយាមពីព្រឹកទៅ ឬជ្រើសរើសចុងសប្តាហ៍ក៏បាន។ ៦ រាប់អានមិត្តថ្មីៗ សម្រាប់ការហាត់នៅក្លិប ឬទីសាធារណៈ អ្នកអាចមានឱកាសជួបមនុស្សច្រើន ហើយហេតុអ្វីអ្នកមិនរាប់អានមិត្តល្អៗនៅទីនោះ? មិនត្រឹមតែអាចកំដរគ្នានិយាយលេង ថែមទាំងអាចចែករំលែកបទពិសោធន៍នៃការហាត់ប្រាណ ឬបញ្ហាផ្សេងៗផងដែរ។ ម្យ៉ាង មានមិត្តខ្លះក៏ជួយឲ្យអ្នកស៊ាំជាមួយនឹងបរិយាកាស មានអារម្មណ៍ល្អ គ្មានសម្ពាធ និងមិនទើសទាល់ពេលជួបគ្នាច្រើនដង។ ៧ រកអ្នកដែលអាចជម្រុញទឹកចិត្តរបស់អ្នក អ្នកគួរតែរកមើលអ្នកណាម្នាក់ជាបុគ្គលគំរូ ដែលអាចជម្រុញទឹកចិត្តអ្នកឲ្យចង់ធ្វើដូចគេ ឬចង់សម្រេចដូចគេ  ដូចជាអ្នកដែលមានរាងស្អាតៗដែលអ្នកជួបនៅក្លិបហាត់ប្រាណ    ឬរត់នៅផ្លូវជាមួយគ្នា ឬអាចបិតរូបតារាបង្ហាញម៉ូតនៅបន្ទប់ហាត់ប្រាណជាដើម។ ៨  តាមដានរឿងជុំវិញការធ្វើលំហាត់ប្រាណ តាមអ៊ីនធឺណេត  ឬទស្សនាវដ្តីបានដឹងច្រើន មិនថាជាអត្ថប្រយោជន៍   វិធីសាស្រ្តថ្មីៗ   ឬក៏ព័ត៌មានដែលទាក់ទងនឹងការហាត់ប្រាណឬកីឡា   អ្នកនឹងកាន់តែមានអារម្មណ៍ស្និទ្ធស្នាលឡើងជាមួយនឹងសកម្មភាពទាំងនោះ ធ្វើឲ្យអ្នកកាន់តែចង់ហាត់ប្រាណ ។ ៩ តន្រ្តី សាមញ្ញបំផុត អ្នកអាចយកពេលវេលាហាត់ប្រាណ ជាពេលដែលអ្នកអាចមានឱកាសស្តាប់បទចម្រៀងកំសាន្តអារម្មណ៍   ដូចនេះអ្នកនឹងមិនគិតថា អ្នកត្រូវចំណាយពេលធ្វើរឿងដែលនឿយហត់នោះឡើយ ហើយវាកាន់តែល្អបើអ្នកមិនសូវចូលចិត្តនិយាយ។ ១០ ឲ្យរង្វាន់ខ្លួនឯង រាល់ពេលសម្រេចគោលដៅនីមួយៗ  អ្នកគួរលើកទឹកចិត្តខ្លួនឯងខ្លះ   ដើម្បីបន្តទៅជំហានមួយទៀត។ មិនចាំបាច់ជាកាដូធំដុំទេឧទាហរណ៍អ្នកគ្រាន់តែឲ្យពេលខ្លួនឯងមួយម៉ោងលេងហ្គេមដែលអ្នកពេញចិត្ត   ឬមើលរឿងភាគមួយភាគក៏បាន។ ទាំងនេះអាចជាថាមពលជម្រុញទឹកចិត្តឲ្យអ្នកហាត់ប្រាណជាទៀងទាត់   តែអ្វីដែលសំខាន់ចុងក្រោយគឺការតាំងចិត្តរបស់អ្នកផ្ទាល់ពោល គឺតាំងចិត្តមិនបោះបង់ មិនយកលេស មិនកុហកខ្លួនឯង មិនពន្យារពេលហាត់ប្រាណ...  

Share

មានជំងឺជាច្រើនដែលជាកង្វល់របស់ស្រ្តីគ្រប់រូប តែក្នុងនោះជំងឺរលាកដៃស្បូនត្រូវបានស្គាល់ថាជាជំងឺដែលកើតមានជាញឹកញាប់ និងផ្តល់ផលអវិជ្ជមានជាខ្លាំងចំពោះស្ត្រីយើង។ បើយោងទៅតាមការបង្ហាញរបស់លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី ឯកទេសផ្នែកសម្ភព និងរោគស្រ្តី ព្រមទាំងមានជំនាញផ្នែកថតឆ្លុះ និងជំងឺមាត់ស្បូន ផ្នែកគភ៌មានវិបត្តិ និងអេកូសាស្ត្រ និងបច្ចុប្បន្នជាប្រធានផ្នែកសម្ភពនៅគ្លីនិក លុច្ស ផង នោះបានឲ្យដឹងថា «ជំងឺរលាកដៃស្បូននេះ ជាប្រភេទមួយនៃជំងឺកាមរោគដែលកើតមានលើស្ត្រី ១៥ ០០០ នាក់ក្នុងរយៈពេលមួយឆ្នាំ (ស្ថិតិប្រទេសបារាំង)ដែលក្នុងនោះ៥៥%នៃអ្នកជំងឺមានអាយុតិចជាង២៥ ឆ្នាំ។ កាន់តែធ្ងន់ធ្ងរនោះគឺ ២០ ទៅ ៤០% នៃបញ្ហាគ្មានកូនគឺមានការទាក់ទងនឹងផលវិបាកក្រោយពីកើតជំងឺរលាកដៃស្បូននេះតែម្តង»។ អ្វីជាជំងឺរលាកដៃស្បូន? ជំងឺរលាកដៃស្បូន គឺជាការរលាកដៃស្បូនតែម្ខាង ឬ ទាំងសងខាង (លើប្រដាប់បន្តពូជរបស់ស្រ្តីផ្នែកខាងលើ)។ មូលហេតុបង្កជំងឺ មូលហេតុដែលបណ្តាលឲ្យមានជំងឺនេះគឺ ជាទូទៅអាស្រ័យនឹងរូបភាពនៃការចម្លងរោគ។ ក្នុងនោះ ៨៥% នៃករណី ឆ្លងតាមការរួមភេទ ដោយមានវត្តមាន Chlamydiae Trachomatis ៦០%  និង Gonocoque ២០%  ហើយក៏មានពពួកAnaérobie, Mycoplasme, និង៣០%ទៀតជាពពួក Ecoli ។ ចំពោះការឆ្លងពីមូលហេតុវេជ្ជសាស្រ្ត មាន១៥% នៃករណី គឺកើតឡើងនៅអំឡុងពេលថតឆ្លុះក្នុងស្បូន (Hystéroscopie) ,HSG ( hysterosalpingographie ), ការសម្អាតក្នុងស្បូន និងការយកកូនចេញ (curettage) ឬវិធីពន្យារកំណើតដោយដាក់កងក្នុងស្បូន (stérilet)ជាដើម។ ចំណែកការចម្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយសរីរាង្គជិតខាង ជាករណីកម្រដែលមានដូចជា ការឆ្លងពីការរលាកពោះវៀនធំ  ឬការរលាកខ្នែងពោះវៀន។ គួរបញ្ជាក់ថា កត្តាដែលអាចប្រឈមមុខនឹងជំងឺរួមមាន ស្ត្រីដែលមានអាយុតិចជាង២៥ឆ្នាំ ស្ត្រីដែលមានការរួមភេទលើកដំបូងឆាប់ពេក ស្រ្តីមានប្រវត្តិជំងឺកាមរោគ ស្ត្រីមានកម្រិតជីវភាពរស់នៅទាប ស្រ្តីដែលប្រើប្រាស់វិធីពន្យារ កំណើតដោយប្រើកងដាក់ក្នុងស្បូន និងស្ត្រីមានដៃគូរួមភេទច្រើន។   ការធ្វើរោគវិនិច្ឆ័យ ងាកមកមើលទម្រង់គ្លីនិកនៃជំងឺរលាកដៃស្បូនវិញ គឺត្រូវបានចែកជា២ទម្រង់ គឺទម្រង់ច្បាស់លាស់ដែលរួមមាន ក្តៅខ្លួន ឈឺពោះ ធ្លាក់ស និងទម្រង់មិនច្បាស់លាស់ ដែលមាន៥០%នៃករណី  ហើយក្នុងនោះរួមមាន ស្ត្រីមានរោគសញ្ញាបន្តិចបន្តួច ឬគ្មាន និងមានការធ្លាក់ឈាមប្រហែល ៣០ ទៅ ៤០% នៃករណីនេះ។ ដើម្បីឲ្យកាន់តែច្បាស់ពាក់ព័ន្ធនឹងទម្រង់គ្លីនិកនីមួយៗ លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា ចំពោះទម្រង់គ្លីនិកស្រួចស្រាវ ក្រៅពីការក្តៅខ្លួន នៅមានការធ្លាក់សមានក្លិន និងការឈឺពោះ ពោលគឺនៅត្រង់តំបន់លើថ្ងាសទាំងសងខាង។ ចំពោះទម្រង់គ្លីនិកមិនសូវ ស្រួចស្រាវ ដែលជាទម្រង់កើតញឹកញាប់ជាងគេនោះ គឺសម្តែងដោយអាការៈដូចជា ការឈឺនៅតំបន់លើថ្ងាសតិចតួច កម្តៅតិចជាង ៣៨°C  មានធ្លាក់សបន្តិចបន្តួច ឬពេលខ្លះ គ្មានរោគសញ្ញាអ្វីទាំងអស់។ ដោយឡែកការធ្វើរោគវិនិច្ឆ័យអមគ្លីនិក ដែលចូលរួមក្នុងការកំណត់ជំងឺរួមមាន ការវិភាគឈាម ការបណ្តុះមេរោគ ការពិនិត្យអេកូតាមទ្វារមាស ព្រមទាំងការវិភាគដោយការឆ្លុះក្នុងពោះក្នុងករណីចាំបាច់ខ្លះ ( coelioscopie )។ ការព្យាបាល ទាក់ទិននឹងការព្យាបាលជំងឺរលាកដៃស្បូនស្រួចស្រាវ ត្រូវធ្វើឡើងក្នុងលក្ខណៈបន្ទាន់ ដោយត្រូវសម្រាកពេទ្យនៅផ្នែករោគស្ត្រី និងការព្យាបាលដោយប្រើថ្នាំផ្សះ។  មធ្យោបាយព្យាបាលបន្ទាប់បន្សំរួមមាន ការសម្រាកនៅផ្ទះ ការដកកងក្នុងស្បូនចេញ ការស្អំទឹកកក ការរួមភេទដោយប្រើស្រោមអនាម័យ ការស្រាវជ្រាវ និងព្យាបាលដៃគូរួមភេទ ព្រមទាំងការប្រើប្រាស់ឱសថមួយចំនួនដូចជា ថ្នាំបំបាត់ការឈឺចាប់ (anti-spasmodique)  និងថ្នាំពន្យារកំណើតគ្រាប់ ដើម្បីឲ្យក្រពេញដៃស្បូនស្រ្តី (ovaire) បានសម្រាក ទាំងនេះជាការរៀបរាប់របស់លោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី។ ការវិវឌ្ឍទៅមុខនៃជំងឺ ក្នុងករណីដែលទទួលការព្យាបាលបានត្រឹមត្រូវ ៨០%នៃជំងឺ មានការជាសះស្បើយល្អ ប៉ុន្តែ ២០% នឹងមានសំណល់នៃវិបត្តិក្រោយពេលព្យាបាល ។ ផលវិបាក ផលវិបាកសំដៅដល់ឥទ្ធិពលមិនល្អដែលបន្សល់ពីជំងឺរលាកដៃស្បូន។ ក្នុងនោះត្រូវបានចែកចេញជាពីរ គឺផលវិបាករយៈពេលខ្លី និងរយៈពេលវែង។ •    ផលវិបាករយៈពេលខ្លី អាចមានជា ការរលាកស្រោមអាងត្រគាក (pelvi-péritonite) ការកកើតខ្ទុះក្នុងដៃស្បូន (pyosalpinx) និងមេរោគក្នុងឈាម (septicémie)។ •    ផលលំបាករយៈពេលវែងវិញ មានទឹកដក់ក្នុងដៃស្បូន (hydrosalpinx) ការស្អិតក្នុងអាងត្រគាកដែលជាមូលហេតុបណ្តាលឲ្យឈឺអាងត្រគាករ៉ាំរ៉ៃ ២០% (adherence pelvienne) មានកូនក្រៅស្បូន (ប្រឈម ១០ ដង) ការខូចខាតក្រពេញដៃស្បូន (dystrophie ovarienne) វិបត្តិនៃការមិនមានកូន ៧០% (stérilité) ការកកើតឡើងវិញនៃជំងឺ (récidive)ជាដើម។ ការបង្ការជំងឺរលាកដៃស្បូនស្រួចស្រាវ ការធ្វើរោគវិនិច្ឆ័យ និង ការព្យាបាលជំងឺកាមរោគឲ្យទាន់ពេល និងការព្យាបាលនូវរាល់ជំងឺផ្សេងៗនៅលើប្រដាប់បន្តពូជរបស់ស្រ្តីផ្នែកខាងក្រោម (ដៃគូទាំងពីរនាក់) តាមរយៈការតាមដានឲ្យបានលឿនទាក់ទងនឹងជំងឺកាមរោគ ផ្តល់ពត៌មាន និងអប់រំយុវជន និងយុវនារីឲ្យយល់ដឹងពីជំងឺកាមរោគ មានភាពប្រុងប្រយត្ន័ខ្ពស់ចំពោះទម្រង់ដែលមិនសូវមានរោគសញ្ញា (forme paucisymptomatique) ព្រមទាំងការគោរពតាមស្តង់ដារអនាម័យឲ្យបានល្អ នៅពេលដែលធ្វើសកម្មភាពព្យាបាលផ្សេងៗក្នុងស្បូន។ ជាពិសេស ដើម្បីការពារការកកើតឡើងវិញ ត្រូវប្រាកដថាបានធ្វើការព្យាបាលដៃគូរួមភេទរបស់អ្នកជំងឺផងដែរ។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ឲ្យតែចូលដល់ខែកុម្ភៈ ម្នាក់ៗតាំងចាប់ផ្តើមនឹកគិតដល់ពាក្យបួនម៉ាត់ហើយ…គឺថា…ពាក្យអីដែលតំណាងឲ្យថ្ងៃ១៤ ខែកុម្ភៈហោ៎!!! ប្រាកដជាគិតឃើញហើយ…គឺ Valentine’s Day នុះអី!!! ទាំងអ្នកមានលិឍ និងអ្នកអត់លិឍ ឬអ្នកសីងហ្គលអាជីពដូចខ្ញុំ ចេះតែជ្រួលជ្រើមតាមគ្នា។  មិនចង់និយាយទេ៎…តែវាជារឿងពិតដែលថា មិនដែលស្គាល់ជាតិគេសារភាពស្នេហ៍ដាក់ (#sadbuttrue) នេះមិនមែនមានន័យថាអត់អ្នកស្រលាញ់ទេណា៎…គ្រាន់តែមិនទាន់ជួបអ្នកមានភាពក្លាហានមកសារភាព…ហើយឲ្យតែថាមើលរឿងកុន ឬរឿងភាគស្នេហាលើកណា ក៏បានត្រឹមតែប្រកាច់ប្រកិនតែម្នាក់ឯងរហូតហ្នឹង…គឺ បានត្រឹមស្រមៃរហូតមក ១៤កុម្ភៈឆ្នាំនេះ…ដូចរាល់ឆ្នាំដែរ…ខ្ញុំបានចំណាយពេលមួយព្រឹកទៅមជ្ឈមណ្ឌលកុមារកំព្រា ដើម្បីចែករំលែកក្តីស្រឡាញ់ជាមួយពួកគេ…តែអ្វីដែលប្លែក គឺថាមិនមែនទៅម្នាក់ឯងទេឆ្នាំនេះ…(កុំគិតដល់ណាណីហា៎)  គឺ…ទៅលើកនេះ ទៅលក្ខណៈជាថ្នាក់តែម្តង។ ដោយហេតុថា ទើបតែចំណេញលុយពីលក់អីអីក្នុងកម្មវិធីសប្បុរសធម៌នៅសាលា ហើយពេលដែលប្រាប់គំនិតនេះដល់មិត្តរួមថ្នាក់ ក៏គេទារមកដែរ… ក៏ម្យ៉ាងដែរ…កុំឲ្យតែឯងដូចរាល់ដងពេក…សំខាន់ គឺថាមានcrushនៅក្នុងចំណោមហ្នឹងដែរ…ម្នាក់ហ្នឹង គេសង្ហា!!! រៀនមិនសូវពូកែ តែមានដុងខាងសិល្បៈកប់ស៊េរី…ម៉ាសាលា នរណាក៏ស្គាល់ថាគេជាអ្នកលេងហ្គីតាដៃឯក(ដូចអួតពេកហើយ!!! តែមែនតើ…) ដែរ។ និយាយរួមទៅ បើមើលពីសម្បកក្រៅទៅ គឺអ៊ែមហ្មង…លើកលែងតែរឿងមួយគត់ គឺថា…មាត់ឆៅ ចិត្តក្តៅ មិនចេះទុកមុខទុកមាត់ឲ្យគេ…តែចរិតហ្នឹង ធ្វើដាក់តែនរណាដែលអាក្រក់ដាក់គេមុននោះទេ។ ចំពោះមនុស្សល្អដូចខ្ញុំនេះ គេឡើងសុភាពហើយគួរឲ្យស្រលាញ់ណាស់  ក្រោយពីចែកសម្ភារៈសិក្សាដល់សិស្សគ្រប់គ្នាហើយ ក៏ដល់វេលាកំសាន្តម្តង…អ្នកខ្លះប្រញាប់ប្រញាល់រៀបចំហ្គេមលេង ហើយអ្នកខ្លះទៀតត្រៀមសម្តែងមានទាំងអ្នកច្រៀង អ្នករាំ និងលេងកំប្លែង (ស្តាប់ទៅ ដូចធំដុំណាស់…តែក៏មិនតូចតាចម៉ានដែរ)។ មនុស្សសំឡេងបានដូចខ្ញុំ ក៏បានត្រឹមតែធ្វើជាអ្នកចម្រៀងហ្នឹងឯង…និយាយពីថា រឿងអីមិនដឹង តែបើរឿងច្រើនហ្នឹង កុំឲ្យមេក្រូកាន់ឲ្យសោះ ធានាថាបេះមិនចេញវិញនោះទេ។  ភ័យអរភ័យអរ…ឌឹបឌឹប!!!ឌឹបឌឹប!!! បេះដូងស្ទើរលោតចេញក្រៅ ដោយសារតែត្រូវច្រៀងជាមួយនឹងអាប៉ិដែលខំក្រាស់តាំងពីឆ្នាំទីមួយម៉ោហ្នឹង…ភ្លេចប្រាប់ទៅថា ខ្ញុំឈ្មោះ«ណាវីន» ហើយគេគ្រប់គ្នាហៅម្នាក់ហ្នឹងថា«ឌែន»។ ហ៊ើយ!!! មិនបានត្រៀមចិត្ត ព្រោះតួឯកពិតមិនស្រួលខ្លួន (មករាកអីចំពេលល្អម្ល៉េះទេ!!! មកធ្វើឲ្យបេះដូងឯងលោតឡើងញាប់យ៉ាងហ្នឹងហា៎) ទើបត្រូវជំនួស… ដឹងថាបទអីទេ? «យើងពីរនាក់ស្រលាញ់គ្នាបានទេ៎?» !!! ព្រះអើយ!!! គេឡើងធម្មតា ហើយខ្ញុំឡើងញ័រអស់ហើយដៃហ្នឹង…តែត្រូវប្រឹងទប់ មិនចឹងទេ បែកធ្លាយពេញហ្នឹងឡូវហើយ…មិនដឹងហេតុអី…មុខគេឡើងខ្យូត ជាពិសេសភ្នែកឡើងទាក់ទាញយ៉ាងហ្នឹង (អា៎!!! មិនមែនក្នុងន័យអីទេ គឺថាទាក់ទាញបែប…បែបស្រទន់ ប្រកបដោយមន្តស្នេហ៍)  ច្រៀងបណ្តើរ បន្លំសំឡឹងភ្នែកបណ្តើរ…ទោះមិនមែនជាតួឯកពិតដូចក្នុងបទចម្រៀង តែប៉ុន្មាននាទីដែលបានច្រៀងហ្នឹង ក៏គ្រប់គ្រាន់ហើយ…ក្តីសុខតូចតាច តែមានន័យ…ងាយណា៎ បានច្រៀងបទឆ្លើយឆ្លងចឹងចឹងជាមួយក្រាស់ហូ៎…(ច្រណែនទេ៎???)  ក្រោយពីចប់កម្មវិធី ក៏បំបែកគ្នាទៅផ្ទះរៀងខ្លួន ជាពិសេស អ្នកមានគូ តែ…នៅសល់ប៉ុន្មាននាក់ដែរ ដែលមិនចង់ចូលផ្ទះ (គឺស៊េរីអ្នកអត់លិឍហ្នឹងឯង)។ ខ្ញុំលឺតែឌែនក៏ចង់ចេញក្រៅដែរ ក៏នឹកដល់អត្ថបទ«លេសបបួលcrushចេញក្រៅ» (នៅក្នុងគេហទំព័រនេះដែរ ត្រង់ផ្នែកកំសាន្ត) ភ្លាម ហើយក៏សាកល្បងប្រើស្នៀតទៅញ៉ាំអីមុនគេ… បានសម្រេច!!! ក៏ព្រោះតែដល់ម៉ោងឃ្លានល្មមហ្នឹងឯង…គេ និងខ្ញុំសុទ្ធតែពូកែញ៉ាំដូចគ្នា (ជានិស្ស័យឲ្យច្បាស់ក្រឡែតនៀក៎…) ក្រោយមកក៏ទៅដល់វគ្គទៅច្រៀងខារ៉ាអូខេ…ក្រុមកូរឥតល្ហែ!!! ២ម៉ោង ឡើងស្អកក ហើយចុកអស់ដៃ និងជើង…តែសប្បាយខ្លាំង (ព្រោះវត្តមានគេច្រើនជាង)  គិតថានឹងបបួលគេមើលកុនដែរ តែថ្ងៃពិសេសបែបនេះ មិនបានកក់មុន ដឹងតែមិនបាច់ចូលទេ…ណាមួយ ទៅកន្លែងបែបហ្នឹង នាំតែឈឺចាប់ទេ ក៏ព្រោះថា ដឹងតែឃើញគេបណ្តើរគ្នាមួយគូៗមិនខានទេ…ក៏រាងព្រលប់ដែរហើយ យើងក៏ស្រុះស្រួលគ្នាទៅអង្គុយញ៉ាំអីផឹកអីនៅPubវិញ។ កុម្ម៉ង់បានដូចចិត្ត ត្រង់ថាទៅកន្លែងដែលមានគេច្រៀងផ្ទាល់ (ស្រួលបានឡើងច្រៀងពេលស្រវឹងស្រឿងៗ) Blue Margarita ទើបតែអស់ប៉ុន្មានកែវ…ក៏មានអារម្មណ៍ថាក្តៅៗមុខបាត់ហើយ…ហើយតាប៉ិឌែននោះ ឡើងខ្សោយ។ មុខក្រហម ហើយឡើងសឺៗមុនគេបាត់…ដល់ថ្នាក់និយាយស្តាប់គ្នាមិនសូវបានហើយ គេក៏ងើបឡើងទៅសុំគេច្រៀងមួយបទ «Will you be my girl?»។ ពូកែរើសបទណាស់ ប៉ិហ្នឹង!!!ស្រីៗស្រែកហ៊ោពេញហ្នឹង ម្នាក់ៗជ្រួលជ្រើមណាស់… ច្រៀងហើយ ឡើងស្វាងហ្មង ហើយក៏ដើរមកវិញដូចគ្មានរឿងអីកើតឡើង…តែអ្វីដែលសំខាន់ អង្គុយឡើងកៀហើយខ្សឹបថា«ពិរោះអត់? ហើយណាកាដូគេ?» ខ្ញុំបើកភ្នែកធំៗ ហើយក៏ប្រឹងស្រវាទាញកាបូបតែក៏យឺតពេល ព្រោះឌែនទាញទៅបាត់ហើយ។ អូយយយយ៎!!! លេងចឹងហ្មង…មិនដឹងថាឃើញកាដូហ្នឹងតាំងពីពេលណា…គឺ សូកូឡាដែលបានរៀនធ្វើប៉ុន្មានខែមុនហ្នឹងណា៎!!! ខំលួចផ្ញើទូទឹកកកគេគ្រប់កន្លែង ក៏ព្រោះតែខ្លាចរលាយ។  គេបើកប្រអប់កាដូទាំងមុខញញឹមបែបច្រឡឺម ហើយក៏ដកប្រអប់សូកូឡាចែកមិត្តផ្សេងទៀតញ៉ាំដែរ(ឡើងចិតត្តបានណាស់ មិនគិតដល់ទឹកចិត្តអ្នកធ្វើសោះ)។ តែ…គេដកយកសំបុត្រនោះទុកក្នុងកាតាប ហើយខ្សឹបម្តងទៀតថា«ចាំទុកអាននៅផ្ទះម្នាក់ឯងវិញ!!! ខ្លាចអ្នកខ្លះអៀន…»  ខ្ញុំវាយគេមួយដៃ ហើយក៏ត្រូវគេញីសក់លេងដោយទឹកមុខញញឹមស្រស់ (ទើបតែមើលភ្នែកគេជិតបែបនេះលើកទីមួយ ហើយក៏មានអារម្មណ៍កក់ក្តៅណាស់) ពិតជាមិនចង់ឲ្យស្រីផ្សេងមើលឃើញស្នាមញញឹមបែបនេះឡើយ។ មួយសន្ទុះក្រោយមក…ភ្លើងក៏ដាច់…ភ្លឹប!!! អៀវ៎…. ខ្ញុំក៏ភ្ញាក់ខ្លួនព្រើត…ពេលឌែនចាប់ទាញសក់មកដាក់ច្រមុះ។ What??? មុនហ្នឹងគេងយល់សប្តិទេ៎??? ហ៊ើយ!!! ទេវតាលេងសើចណាស់…តាមពិត ពេលនេះគឺខ្ញុំស្ថិតក្នុងសភាពស្រវឹងរកកន្លែងដេកហើយ…ខ្ញុំខំប្រឹងរកមើលប្រអប់សូកូឡា តែក៏បែរជាឃើញនៅលើតុ ហើយឌែនក៏ប្រាប់ថាអ្នករត់តុយកមកឲ្យ។ ដោយសារតែឃើញគេង ក៏ខ្ជិលដាស់ ហើយម្នាក់ៗក៏ភ្លក្សម្នាក់មួយទៅ…ក៏មិនដឹងនិយាយអីទៀត បានត្រឹមនិយាយថា«មិនអីទេ» ចប់តង់ចុងក្រោយហើយ យើងក៏បំបែកគ្នាទៅផ្ទះ…ហើយឌែនក៏ជិះបណ្តើរមកផ្ទះ ព្រោះផ្ទះមិនឆ្ងាយពីគ្នាប៉ុន្មានដែរ…មុននឹងលាគ្នា គេអេះអុញ ធ្វើដូចមានរឿងអីចង់និយាយ ហើយខ្ញុំនេះ ក៏ទ្រាំមិនបានហើយសួរថា «មានអីនិយាយមែន៎?»  «អឺម!!! មិនទេ៎…តែចង់សួរមួយ» «សួរឡូវ ឬចង់សួរពេលក្រោយ?» «ចង់សួរថា..នឹងគិតឲ្យសំបុត្រនោះមកអត់ហ្នឹង? ប្រុងទុកដល់ពេលណា៎?» (ស្លាប់ហើយ!!!ឡើងមើលឃើញមែន៎??? មកសួរត្រង់ៗចឹងទៀត…ខ្លាំងណាស់យើងហ្នឹង!!!) មិនបាច់រ៉ាយរ៉ាប់ទៀតទេ៎…ដឹងត្រឹមថា ពេលដល់ផ្ទះ ម្នាក់ហ្នឹងsend relationship requestមក…ហើយចម្លើយខ្ញុំមិនបាច់ប្រាប់ ក៏អ្នកដឹងដែរ… មានតែប៉ុណ្ណឹងឯង…Valentineខ្ញុំនោះ…ចុះអ្នកវិញ???  បានទៅណាខ្លះ? មានអ្វីពិសេសចង់ចែករំលែកអត់?

Share

ស្នេហានរណាក៏ចៀសមិនផុតដែរ គ្រាន់តែអ្នកខ្លះឆាប់បានជួប ហើយអ្នកខ្លះក៏រាងយឺតបន្តិច ហើយទោះចង់ ឬមិនចង់ បើស្រលាញ៉គេហើយ ត្រូវហ៊ានសារភាពប្រាប់គេ...ហើយបើជ្រុលជាសារភាពហើយ កុំប្រើស្ទាយចាស់គំរិលពេក...យើងខ្ញុំក៏សូមណែនាំតែវិធីប្លែកសម្រាប់បើកបង្ហាញនូវចិត្តស្នេហាដែលមានចំពោះមនុស្សម្នាក់ទៀត (ដោយផ្តោតតែលើស្នេហារវាងភេទផ្ទុយតែប៉ុណ្ណោះ) ជឿជាក់ថាធ្លាប់ឃើញឡើងស៊ាំហើយ ការជូនផ្កាមួយបាច់ ឬតុក្កតា ឬការនាំគ្នាទៅញ៉ាំអីនៅកន្លែងរ៉ូមែនទិកនោះ ហើយនិយាយពីថា អ្នកខ្លះវិញប្រហែលជាលែងមានអារម្មណ៍រំភើបនឹងសកម្មភាពបែបនេះហើយ…ទើបខំប្រឹងរកនឹកវិធីណារាងប្លែកៗ តែអាចធ្វើបាន ហើយបង្ហាញពីចិត្តស្មោះពិតប្រាកដទៀត… ប៉ុន្តែ…មិនប្រាកដថាប្រើការបាន១០០% ឬមានប្រសិទ្ធិភាពបានកម្រិតណា តែគ្រាន់តែចង់ចែករំលែកខ្លះ ដើម្បីកាត់បន្ថយនូវភាពទ្រលាន់ និងស្តាលច្រំដែល…ជួនកាល គេមិនសូវចាប់អារម្មណ៍យើងប៉ុន្មានទេពីមុនមក តែដល់ពេលឃើញពីភាពច្នៃប្រឌិត និងការខិតខំរបស់យើង គេក៏អាចនឹងដាក់ចិត្តពិចារណាឡើងវិញអីចឹងហ្នឹងហា៎… ចង់ដឹងថាមានស្នៀតអ្វីខ្លះ តោះ!!! អានតទៅក្រោមទៀត… បទចម្រៀង មានពាក្យពេចន៍ខ្លះសឹងតែមិនបាច់និយាយចេញ តែក៏មានរ៉ាយរ៉ាប់ស្រាប់នៅក្នុងបទចម្រៀង អាចជាភាសាជាតិ ឬអន្តរជាតិ (តែបើអាចធ្វើបាន គួរតែបទខ្មែរយើងទៅ…គាំទ្រស្នាដៃកូនខ្មែរយើង)រួចទៅហើយ។ ជាមួយនឹងបទចម្រៀងនេះដែរ ក៏មានស្នៀតមួយចំនួនអាចប្រើប្រាស់បាន ស្នៀតទី១ ៖ ផ្ញើlink បទចម្រៀងតាមឆាតឬ បើក្លាហានគ្រាន់ដែរ អាចpostលើtimelineគេតែម្តងក៏បាន។ បើបាននៅក្បែរគ្នា ក៏អាចដាក់កាសឲ្យគេស្តាប់តែម្តងក៏បាន.... ស្នៀតទី២ ៖ រាងចាស់គំរឹលបន្តិច តែមានអីមិនល្អ…ផ្ញើចិត្តនឹកតាមវិទ្យុ…ត្រៀមរកមើលកម្មវិធីសំណូមពរបទចម្រៀង ហើយcallទៅចូលរួម ហើយផ្ញើជូនគេស្តាប់ជាពិសេស។ បើសិនគេមិនបានស្តាប់ផ្ទាល់ទេ ក៏អាចrecordវាទុក ហើយផ្ញើឲ្យគេស្តាប់តាមក្រោយទៀតក៏បាន… ស្នៀតទី៣ ៖ ចំណុចនេះដូចរាងលើសខ្លាំងតិច តែបើអាចធ្វើបាន ក៏ធ្វើឲ្យគេរំភើបមិនតិចដែរ…សាកតែងចម្រៀង (បើមិនបានមួយបទ ក៏ប៉ុន្មានឃ្លា) បញ្ជាក់ពីអារម្មណ៍ដែលមានចំពោះគេទៅ ហើយមិនចាំបាច់តែមានសាច់ភ្លេងថ្មីក៏បានដែរ។ ម្យ៉ាង ក៏កុំបារម្ភរឿងថតសំឡេងក្នុងស្ទូឌីយោអី ត្រឹមតែថតដាក់soundcloud ឬផ្ញើសារជាសំឡេងទៅគេទៅក៏បានហើយ… ទូរស័ព្ទ សម័យប្រើប្រាស់ស្មាតហ្វូន ប្រាកដណាស់ គឺមានមុនងារជាច្រើនដែលយើងអាចប្រើប្រាស់បាន…តែពេលនេះ នឹងមិនប្រកាន់ថាទូរស័ព្ទថាច់ ឬចុចប៊ូតុងទេ ឲ្យតែមានលុយក្នុងទូរស័ព្ទ គឺអាចអនុវត្តបាន… ស្នៀតទី១ ៖ ដើរតួជាបុគ្គលិកផ្នែកលក់…ចុចcallទៅគេ ហើយក្រោយពេលគេលើកទទួល អាចចាប់ផ្តើមនិយាយប្រៀបដូចជាការផ្សព្វផ្សាយពីសេវាកម្ម ឬផលិតផលអ្វីមួយ (ដោយគ្រាន់តែប្តូរខ្លឹមសារជាអារម្មណ៍របស់អ្នក) ឧទាហរណ៍៖«សូមជម្រាបសួរ…អត់ទោស តើបងឈ្មោះ…មែនទេ៎? ក្នុងខណៈនេះ សូមកញ្ញា/លោករង់ចាំស្តាប់សិន មុននឹងធ្វើការឆ្លើយតប…» ស្នៀតទី២ ៖ ប្រហែលជាធ្លាប់ឃើញសារវែងៗ ដែលគេតែងផ្ញើតគ្នាហើយ…ស្រដៀងគ្នាដែរ អាចរៀបចំនូវសារជាអក្សរ២-៣ទំព័រ (កុំវែងពេក…មិនមែនវគ្គប្រកួតសំណេរទេ៎) ដោយដាក់លាយឡំនូវពាក្យពេចន៍ រូបEmoji ផ្សេងៗ…ត្រង់ហ្នឹង គឺអាស្រ័យលើការច្នៃប្រឌិតរបស់អ្នកហើយ…អ្វីត្រូវចងចាំ គឺត្រូវបង្កើតថ្មីដោយខ្លួនឯង មិនមែនទៅcopyពីgoogleអីម៉ោនោះទេ។ ថតសំឡេង មិនមែនជាន់គ្នានឹចំណុចទីមួយទេ…ចំណុចនេះ គឺសំដៅដល់ការថតសំឡេងនិយាយផ្ទាល់តែម្តង… ស្នៀតទី ៤ ៖ ផ្ញើសារជាសំឡេងទៅកាន់គេ តាមឆាត ឬឧបករណ៍ផ្សេងៗ ស្នៀតទី ៥ ៖ មានតុក្កតាខ្លះ វាអាចនិយាយថា«I love you» ហើយខ្លះទៀត ក៏អាចថតសំឡេងយើងទុកបានទៀត។ ហេតុនេះហើយ បើសិនជាអាចទិញវាជាកាដូជូនគេ ហើយប្រាប់ថា ចាំស្តាប់សម្តីរបស់តុក្កតាផងណា៎… ម្ហូបអាហារ ត្រង់នេះ គឺមិននិយាយពីម្ហូបនៅហាង ដែលឆ្អិនស្រាប់នោះទេ… ស្នៀតទី៦ ៖ ទោះឆ្ងាញ់ ឬមិនឆ្ងាញ់…គេមិនសូវប្រកាន់ទេ សំខាន់ទឹកចិត្ត និងការប្រឹងប្រែងរបស់យើង។ វារឹតតែធ្វើឲ្យមានអារម្មណ៍ពិសេស ប្រសិនបើអ្នកជាមនុស្សដែលមិនធ្លាប់ ឬមិនងាយចម្អិនម្ហូបទៀតនោះ។ រៀបចំនូវអាហារមួយមុខណាក៏បាន ហើយដាក់ក្នុងប្រអប់យ៉ាងស្អាតមួយ អមនឹងសំបុត្រ ឬសារនៅលើក្រដាសខ្លីៗ តែមានន័យជ្រៅ រួចផ្ញើជូនទៅគេ… កាដូធ្វើដោយដៃ (D.I.Y) អាចត្រឹមតែជាវត្ថុតូចមួយ តែវាជាអ្វីដែលធ្វើដោយដៃផ្ទាល់ បើទោះជាវាមិនមែនជាគំនិតថ្មីស្រឡាងក៏ដោយ ឲ្យតែអ្នកដាក់ចិត្តក្នុងការរៀបចំវាឡើង ធានាថាគេនឹងយល់ពីសណ្តានចិត្តស្មោះស្ម័គ្ររបស់អ្នកមិនខាន។ ស្នៀតទី៧ ៖ ស្វែងរកគំនិត និងរបៀបធ្វើដែលមានច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រព័ន្ធអ៊ីនធឺណែត…ហើយជ្រើសរើសមួយណាដែលគិតថាអាចធ្វើបាន ហើយអ្វីដែលសំខាន់ជាងគេ គឺវាត្រូវតែជាអ្វីដែលគេចូលចិត្ត។ បើសិនជាអាច គួរតែបង្កប់នូវឈ្មោះរបស់គេនៅត្រង់ចំណុចណាមួយ ដើម្បីឲ្យវាកាន់តែពិសេស។ ស្នៀតទី៨ ៖ អាចជាការបង្ហាញនូវជំនាញថ្មីអ្វីមួយដែលអ្នកខំរៀនសម្រាប់គេ ដូចជា ការគូររូប ការលេងឧបករណ៍តន្រ្តី ការថតរូប ការកាត់តវីដេអូ ជាដើម។ ធម្មតា នរណាក៏សរសើរអ្នកមានជំនាញអ្វីមួយស្ទាត់ដែរ តែគេនឹងរំភើបបើអ្នកទើបតែរៀនជំនាញនោះដោយការប្រឹងប្រែង… ហ្វេសប៊ុក ជាអ្វីដែលប្រើប្រាស់រាល់ថ្ងៃហ្នឹងឯង ហើយធ្លាប់គិតអត់ថាហ្វេសប៊ុកក៏អាចជួយអ្នកដែរ? ស្នៀតទី៩ ៖ វាដូចជាងាយពេក…ដោយគ្រាន់តែចុចRelationship requestទៅគេ តែស្នៀតនេះ គួរតែប្រើជាវិធីទី២អមនឹងស្នៀតណាមួយវិញទើបប្រសើរជាង ព្រោះវាដូចជាមិនបានបង្ហាញពីការប្រឹងប្រែងអីច្រើនសោះ ស្នៀតទី១០ ៖ ស្គាល់មុខងារLife eventsទេ៎? ចំណាយពេលខ្លះក្នុងការសរសេរជាសាច់រឿងរបស់អ្នក ដោយមិនភ្លេចបង្កប់នូវអារម្មណ៍ដែលមាន ហើយបញ្ចប់ដោយឃ្លាបែបនេះ«ហើយក្នុងថ្ងៃនេះផងដែរ ខ្ញុំក៏បានសម្រេចចិត្តបង្ហាញពីចិត្តស្រលាញ់ដែលខំលាក់ទុកទៅកាន់មនុស្សម្នាក់ ហើយចម្លើយយ៉ាងណា ខ្ញុំនឹងបន្តសរសេរនៅថ្ងៃស្អែកទៀត…» រួចtagគេចូលទៅ… កំណត់ហេតុស្នេហ៍ កុំបារម្ភថាអក្សរស្អាត ឬមិនស្អាតអីចឹង…ចេះរៀបពាក្យ ឬមិនចេះអី…ឲ្យតែសរសេរចេញនូវវាចាបេះដូងខ្លួនឯងទៅបានហើយ។ ស្នៀតទី១១ ៖ កត់ចំណាំនូវរឿងរ៉ាវដែលបានកើតឡើងរវាងអ្នក និងគេ (មិនចាំបាច់តែចាប់ពីពេលជួបដំបូងទេ)អមជាមួយនឹងរូបថតខ្លះៗ (បើជារូបដែលលួចថតដោយមិនដឹងខ្លួនទៀត នឹងកាន់តែអ៊ែម)…បើអាចធ្វើបាន វានឹងបង្ហាញពីទឹកចិត្ដស្មោះស្ម័គ្រពិតៗរបស់អ្នក ព្រោះពេលដែលអ្នកយកជូនគេ គេនឹងភ្ញាក់ផ្អើល និងរំភើប ដែលបានដឹងថាវត្តមានរបស់គេក្នុងជីវិតរបស់គេពិតជាមានន័យ ហើយត្រូវបានចងចាំដោយការកត់ត្រាយ៉ាងម៉ត់ចត់បែបនេះ… ស្នៀតទី១២ ៖ បើមិនពូកែសរសេរដោយដៃទេ អាចវាយចូលជាឯកសារចូលកុំព្យូទ័រ ឬដាក់ក្នុងGoogle Docs ហើយshareទៅគេក៏បាន…ហើយក៏មិនប្រាកដថាត្រូវតែជាអត្ថបទសរសេរទេ អ្នកក៏អាចច្នៃជាវីដេអូ ឬទម្រង់ផ្សេងៗណាក៏បាន។ សំបុត្រស្នេហ៍ លឺពាក្យហ្នឹង បែបគិតថាចាស់គំរឹលម៉េះទេ៎…តែកុំភ្លេចណាថា របស់ទាន់សម័យខ្លះធ្វើឲ្យគេរំភើបចាញ់ស្តាលស្តាលពីសង្គមទេណា៎… ស្នៀតទី១៣ ៖ សាកនូវអ្វីដែលគេលែងសូវធ្វើវិញម្តង ជំនួសឲ្យការសរសេរឆាត ឬវាយឯកសារ ហើយព្រីនចេញ អ្នកគួរចំណាយពេលខ្លះសរសេរដោយដៃផ្ទាល់។ តម្លៃនៃទឹកចិត្តរបស់អ្នកក៏រឹតតែខ្ពស់ ព្រោះវាត្រូវបានបង្ហាញដោយវិធីមួយដែលមានមនុស្សតិចតួចដែលធ្វើ… មិនដឹងថាមានប៉ុន្មានស្នៀតដែលអ្នកចាប់អារម្មណ៍…ហើយក៏មិនសង្ឃឹមថាមអ្នកនឹងយកវាទៅប្រើដែរ…តែក៏សង្ឃឹមថា ការសារភាពស្នេហ៍លើកនេះបានទទួលជោគជ័យទៅចុះ…ស៊ូស៊ូណា៎!!! © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

១. នាងខ្ញុំឈ្មោះ ស.ស.ណ អាយុ៤៥ឆ្នាំ ទម្ងន់៧៦គីឡូក្រាម កម្ពស់១ម៉ែត្រ៤៨។ សព្វថ្ងៃ ខ្ញុំជាកសិករ។ ខ្ញុំធ្លាប់មានបញ្ហាភ្នែកឡើងលឿង ហើមជើង ទឹកនោមពណ៌លឿង និងក្តៅខ្លួនស្ទីងៗ។ សញ្ញាទាំងនេះបានបាត់ទៅវិញ ក្រោយពេលខ្ញុំប្រើប្រាស់ថ្នាំលេប។ ខ្ញុំចង់ដឹងថា ប្រសិនប្រើខ្ញុំប្រើថ្នាំពេទ្យបានជាង១ឆ្នាំ ហើយប្តូរទៅប្រើថ្នាំខ្មែរវិញបានទេ? វេជ្ជបណ្ឌិត សុខ ហ៊ាង៖ ការប្រើប្រាស់ថ្នាំបុរាណជំនួសឲ្យថ្នាំពេទ្យ គឺមិនត្រូវបានណែនាំទេតាមបែបវិទ្យាសាស្ត្រ។ ម្យ៉ាងទៀត ការព្យាបាលដោយថ្នាំពេទ្យនេះទៀតសោត គឺត្រូវបន្តរហូតដល់អ្នកជំងឺមានប្រព័ន្ធការពារខ្លួនពីជំងឺនេះទើបអាចឈប់បាន។ ២. ខ្ញុំបាទឈ្មោះ ង.ស.ស អាយុ៦០ឆ្នាំ ទម្ងន់៤៩គីឡូក្រាម កម្ពស់១ម៉ែត្រ៦៥ ហើយខ្ញុំជាគ្រូបង្រៀន។ ខ្ញុំមានរោគសញ្ញាស្បែកលឿង ភ្នែកលឿង   កន្ទួលរមាស់ខ្មៅ      ហត់    បត់ជើងតូចតិច  និង ហើមខ្លួន។ ខ្ញុំចង់ដឹងថាតើរោគសញ្ញានេះទាក់ទងនឹងបញ្ហាថ្លើមទេ? ហើយក្មួយស្រីរបស់ខ្ញុំឥលូវ ពោះរីកធំ និងស្រកទម្ងន់រហូត តើអាចទាក់ទងនឹងបញ្ហាថ្លើមនេះដែរឬទេ? លោកស្រីវេជ្ជបណ្ឌិត វង ច័ន្ទលីណា៖ តាមរយៈរោគសញ្ញាស្បែកលឿង ភ្នែកលឿង ដែលបានរៀបរាប់ខាងលើ គឺអាចសន្និដ្ឋានថាជាជំងឺទាក់ទងនឹងបញ្ហាថ្លើម រលាកថ្លើម បញ្ហាក្រិនថ្លើម ក្នុងនោះក៏អាចទាក់ទងនឹងក្រួសក្នុងថង់ទឹកប្រមាត់ កាលណាវាស្ទះផ្លូវទឹកប្រមាត់ ធ្វើឲ្យទឹកប្រមាត់ហូរចេញមិនបាន។ ម៉្យាងទៀត លោកជាមនុស្សចាស់ អញ្ចឹងវាក៏អាចជាមហារីកលំពែង ឬមហារីកនៅផ្លូវទឹកប្រមាត់ ព្រោះជាមូលហេតុមួយនៃបញ្ហាស្ទះថង់ទឹកប្រមាត់ដែរ។ មួយវិញទៀត អាការៈក្តៅខ្លួនអាចបង្ហាញថាជាបញ្ហានៃបង្ករោគនៅក្នុងឈាម។ ចំពោះក្មួយស្រីរបស់លោកដែលមានពោះរីកធំនោះហើយស្រកទម្ងន់ទៀត កាលណាពោះតឹងធំត្រូវរកឲ្យឃើញថាតើធំដោយសារខ្យល់ ឬដោយសារទឹក។ ដំណោះស្រាយដ៏ល្អបំផុត គួរទៅជួបគ្រូពេទ្យ ដើម្បីឲ្យប្រាកដថាជាជំងឺណាមួយ ព្រោះថាករណីគាត់មានអាយុក្រោម៤០ឆ្នាំ ហើយពោះចេះតែធំទៅៗ វាក៏អាចមានបញ្ហាលើការស្ទះពោះវៀន និង បញ្ហាស្បូនដែរ។ ៣. ខ្ញុំបាទឈ្មោះ ភ.ឃ អាយុ៥២ឆ្នាំ ទម្ងន់៦៥គីឡូក្រាម កម្ពស់១ម៉ែត្រ៦៥។ ខ្ញុំជាអ្នកលក់ដូរ។ ខ្ញុំធ្លាប់ពិនិត្យឃើញថាមានមេរោគថ្លើមប្រភេទB ហើយក៏បានរាប់មេរោគដែរ។ គ្រូពេទ្យបានឲ្យខ្ញុំប្រើថ្នាំសម្លាប់មេរោគ ក្រោយមកក៏ពិនិត្យម្តងទៀត គាត់ថាមេរោគខ្ញុំថយអស់ហើយ តែឲ្យខ្ញុំបន្តប្រើថ្នាំនោះរយៈពេល១ឆ្នាំទៀត។ ខ្ញុំបានបញ្ឈប់ការប្រើប្រាស់ថ្នាំប្រហែល២ឆ្នាំហើយ។ ខ្ញុំចង់ដឹងថា តើមេរោគខ្ញុំអាចកើនឡើងទៀតទេ? ហើយខ្ញុំត្រូវធ្វើអ្វីផ្សេងទៀតទេ? លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ៖ មុននឹងសម្រេចចិត្តព្យាបាលជំងឺរលាកថ្លើមប្រភេទB ត្រូវដឹងថាថ្លើមខូចខាតដល់កម្រិតណា។បើថ្លើមខូចខាត លើសកម្រិតទីមួយ ដែលមានមេរោគយ៉ាងតិចលើសពី១០០០០copies ហើយលើសពី កម្រិតទីពីរ គឺមានការរលាកលើសពីមួយដង ដែលរលាកជាងធម្មតា( ឬហៅថាជាតិពុលឡើង)។ បើលោកចូលដល់កម្រិតនេះហើយ គឺលោកត្រូវលេបថ្នាំមួយជីវិត។ ករណីខ្លះ ក្រោយពេលឈប់ប្រើថ្នាំ ក្នុងចំណោមអ្នកជំងឺ១០០នាក់ មាន៦០ ទៅ៦៥នាក់ ជំងឺនេះអាចរើឡើងវិញ។ ដូចនេះ លោកគួរតែត្រឡប់ទៅរកគ្រូពេទ្យវិញ ព្រោះក្នុងករណីនេះ បើថ្លើមរបស់លោកមិនទាន់ក្រិន ឬក្រិនដំបូងៗ ថ្លើមរបស់គាត់អាចមានសំណាងនៅល្អ។ ផ្ទុយមកវិញ ក្នុងករណីថ្លើមបានក្រិនដំបូងដោយគ្មានរោគសញ្ញា ហើយលោកឈប់រយៈពេលពីរឆ្នាំ ដូចនេះ ជំងឺរបស់លោកអាចរើមកវិញ ហើយអ្វីដែលគួរឲ្យភ័យបារម្ភនោះគឺវាអាចឈានទៅដល់មហារីកថ្លើមបាន។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មាននិស្សិតទន្តសាស្រ្តមិនតិចទេ ដែលមានបំណងបើកនូវគ្លីនិកធ្មេញផ្ទាល់ខ្លួនបន្ទាប់ពីបញ្ចប់ការសិក្សារួច ដោយសារតែយល់ដឹងពីក្តីប្រាថ្នានេះហើយ ទើបហេលស៍ថាមនាំមកជូនលោកអ្នកនូវគន្លឹះសំខាន់ៗក្នុងការបើកដំណើរការគ្លីនិកធ្មេញ ជាពិសេសក្នុងពេលចាប់ផ្តើមដំបូង តាមរយៈបទសម្ភាសន៍ជាមួយនឹងទន្តបណ្ឌិតវ័យក្មេងរូបសង្ហា  គឺលោក ស៊ឹង គីមសាន ដែលជាស្ថាបនិកនៃ«គ្លីនិកធ្មេញ គីមសាន» ដែលបានចាប់ផ្តើមនៅពាក់កណ្តាលខែឧសភាឆ្នាំ២០១៦។ ហេលស៍ថាម៖ តើប្រតិបត្តិការអាជីវកម្មរបស់ «គ្លីនិកធ្មេញ គីមសាន» មានទស្សនវិស័យបែបណាខ្លះ? ចម្លើយ៖ ក្នុងប្រតិបត្តិការអាជីវកម្មនេះ គ្លីនិករបស់ខ្ញុំមានទស្សនវិស័យដូចជា៖ •          បម្រើសេវាកម្មល្អបំផុតដល់អតិថិជន ទាំងគុណភាព និងអនាម័យ •          ផ្តល់នូវការពេញចិត្ត និងទំនុកចិត្តខ្ពស់ដល់អតិថិជន •          ថែរក្សាសុខភាពមាត់ធ្មេញរបស់អតិថិជនទាំងអស់ឲ្យបានល្អបំផុត •          ផ្តល់ការព្យាបាលដ៏ត្រឹមត្រូវតាមបច្ចេកទេសទន្តសាស្រ្តទំនើប •          ផ្តល់ភាពស្មោះត្រង់ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ •          មានទំនួលខុសត្រូវខ្ពស់ក្នុងការងារ។ ហេលស៍ថាម៖ តើការបើកគ្លីនិកធ្មេញមួយចាំបាច់ត្រូវមានការត្រៀមនូវអ្វីខ្លះដែរ? ចម្លើយ៖ ជាការពិតណាស់ មានកត្តាជាច្រើនដែលត្រូវធ្វើការពិចារណាដែលរួមមានដូចជា៖ •          ដើមទុន និងធនធានមនុស្ស •          គំនិតច្នៃប្រឌិតក្នុងការរៀបចំគ្លីនិកផ្ទាល់ •          សិល្បៈក្នុងការទំនាក់ទំនង ទាំងការរាប់អានមិត្តភក្តិ បងប្អូន ទាំងបណ្តាញសង្គម និងការផ្សព្វផ្សាយពាណិជ្ជកម្ម •          ការពង្រឹងសមត្ថភាពខ្លួនឯង ជាពិសេសត្រូវតែត្រៀមខ្លួនជានិច្ចក្នុងការក្រោកឈរ និងទប់ទល់នៅពេលដែលមានកត្តាប្រឈមទាំងឡាយដែលអាចកើតឡើង។ ហេលស៍ថាម៖ ការបើកដំណើរការដំបូងបែបនេះ ប្រាកដណាស់ គឺត្រូវជួបប្រទះនឹងការលំបាកក្នុងការស្វែងរក និងទាក់ទាញអតិថិជន តើលោកមានវិធីសាស្រ្តបែបណាខ្លះដើម្បីចែករំលែកដែរឬទេ? ចម្លើយ៖ ឧបសគ្គដែលចម្បងនោះគឺ មិនទាន់មានអ្នកស្គាល់គ្លីនិករបស់ខ្ញុំច្រើន។ អ្វីដែលខ្ញុំគួរតែធ្វើនោះគឺ ការផ្សព្វផ្សាយព័ត៌មានអំពីគ្លីនិករបស់ខ្ញុំតាមរយៈបណ្តាញសង្គមជាដើម។ ហេលស៍ថាម៖ គ្លីនិកធ្មេញមួយដែលទទួលបានទំនុកចិត្តពីសំណាក់អតិថិជនគួរមានលក្ខណៈសម្បត្តិបែបណាខ្លះ? ចម្លើយ៖ លក្ខណៈសម្បត្តិដែលគួរមានរួមមានដូចជា ៖ •          គ្រូពេទ្យដែលមានចំណេះដឹងច្បាស់លាស់ និងគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន •          មានទំនួលខុសត្រូវខ្ពស់លើការងារ •          បុគ្គលិកទាំងអស់ត្រូវមានភាពរួសរាយរាក់ទាក់ សេវាកម្មល្អ មានការយោគយល់ទៅលើអ្នកជំងឺ •          គោរពពេលវេលារបស់អ្នកជំងឺ ព្រមទាំងមានភាពស្មោះត្រង់ចំពោះអ្នកជំងឺមិនភូតភរ មិនកុហក •          ឲ្យតម្លៃទៅលើអ្នកជំងឺស្មើៗគ្នា ជាពិសេសកន្លែង និងសម្ភារៈប្រើប្រាស់ត្រូវប្រកបដោយអនាម័យខ្ពស់។ ហេលស៍ថាម៖  សម្រាប់និស្សិតទន្តសាស្រ្តដែលមានបំណងបើកគ្លីនិកធ្មេញ នាពេលអនាគត តើពួកគេគួរតែត្រៀមខ្លួនបែបណាខ្លះ? ចម្លើយ៖ និស្សិតទន្តសាស្រ្តគួរតែបម្រើការក្នុងគ្លីនិករបស់អ្នកដទៃឲ្យបានរយៈពេលពី ២ទៅ៣ឆ្នាំយ៉ាងតិច មុននឹងចាប់ផ្តើមគ្លីនិកខ្លួនឯង ដើម្បីទទួលបានឱកាសក្នុងការរៀនអំពី៖ •          ការងារគ្លីនិកបានមួយកម្រិតទៀត •          វិធីដោះស្រាយបញ្ហាបានច្រើន និងរហ័សជាងមុន នៅពេលការងាររបស់គាត់ជួបបញ្ហា •          របៀបធ្វើការងារជាក្រុម ការយោគយល់ ការពិភាក្សា និងស្វែងរកដំណោះស្រាយ •          របៀបធ្វើអាជីវកម្ម និងការទំនាក់ទំនងជាមួយអតិថិជន •          ការគ្រប់គ្រងគ្លីនិកនិងបុគ្គលិក។ ទោះបីជាយើងចាប់ផ្តើមអាជីវកម្មដំបូង ដោយគ្មានបុគ្គលិកក៏ដោយ ប៉ុន្តែអ្នកធ្វើជំនួញទាំងអស់គឺសុទ្ធតែមានទស្សនវិស័យវែងឆ្ងាយ។ ដូច្នេះចំណុចទាំងអស់នេះដើរតួយ៉ាងសំខាន់ នៅពេលដែលយើងធ្វើអាជីវកម្មដោយខ្លួនឯង។ ហេលស៍ថាម៖ ជាចុងក្រោយ តើលោកមានពាក្យពេចន៍អ្វីខ្លះចែកជូនដល់មិត្តអ្នកអាន ជាពិសេសអនាគតម្ចាស់គ្លីនិកធ្មេញជំនាន់ក្រោយឬទេ? ចម្លើយ៖ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់មិត្តអ្នកអានទាំងអស់ដែលបានចំណាយពេលអានអត្ថបទរបស់ខ្ញុំ និងសូមដាស់តឿនដល់ប្អូនៗទន្តនិស្សិតទាំងអស់ ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួន ទាំងជំនាញ និងភាសា ហើយកុំចំណាយពេលវេលាទៅលើអ្វីដែលអត់ប្រយោជន៍។ ក្នុងពេលទំនេរ ត្រូវចំណាយពេលអានសៀវភៅ ស្វែងយល់ពីការងារគ្លីនិកតាមរយៈ You Tube និងការចុះកម្មសិក្សាផ្ទាល់ឲ្យបានច្រើន។ ប្រសិនបើចង់បើកគ្លីនិកខ្លួនឯង ត្រូវតែប្រឹងប្រែងអនុវត្តជំនាញគ្លីនិកឲ្យបានច្រើន ដើម្បីជាទុនក្នុងការដោះស្រាយបញ្ហាដែលកើតឡើង ព្រមទាំងធ្វើការ រៀនសូត្រពីគ្លីនិកដទៃទៀត ដើម្បីបានជាបទពិសោធន៍សម្រាប់ពង្រឹងសមត្ថភាពរបស់ខ្លួន។ ប្រសិនបើអាច គួរតែចូលឲ្យជិតជាមួយនឹងមិត្តភក្តិ និងបងប្អូនដែលជាអ្នកជំនួញឬអាជីវករ ដើម្បីរៀនសូត្រពីល្បិច និងគន្លឹះ ដើម្បីធ្វើអាជីវកម្មឲ្យបានជោគជ័យ ហើយព្យាយាមបង្កើនទំនាក់ទំនងជាមួយមិត្តភក្តិ និងអ្នកនៅជុំវិញខ្លួនឲ្យបានកាន់តែច្រើន និងប្រសើរជាងមុន។ និយាយរួម គឺត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហា ដែលប្រឈមទាំងឡាយក្នុងការបើកគ្លីនិកធ្មេញ ក៏ដូចជាការប្រកួតប្រជែង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មុខមិនត្រឹមតែជាផ្នែកមួយនៃភាពទាក់ទាញ វាក៏ជាផ្នែកមួយនៃភាពជឿជាក់ផងដែរ។ ប៉ុន្តែ ការពិត ផ្ទៃមុខរបស់អ្នកមានសារៈសំខាន់ លើសពីអ្វីដែលអ្នកដឹង ដោយវាអាចជាប់ទាក់ទិនផ្ទាល់ជាមួយនឹងសុខភាព ក៏ដូចជាអាយុជីវិតរបស់អ្នកផងដែរ។ ជាក់ស្តែង ជំងឺមួយចំនួនដែលអ្នកមិនចាប់អារម្មណ៍អាចបង្ហាញឲ្យដឹងតាមរយៈសភាពរបស់ផ្ទៃមុខរបស់អ្នកផ្ទាល់តែម្តង។ ទាំងនេះជាលក្ខណៈ ឬភាពខុសប្រក្រតីមួយចំនួននៃផ្ទៃមុខដែលចង្អុលបង្ហាញអំពីសុខភាពរបស់អ្នក ហើយក៏ជាសញ្ញាសំខាន់ផងដែរសម្រាប់វេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យ។ 1.    ស្បែក ឬបបូរមាត់ស្ងួត និងរបក ជាការព្រមាននៃការបាត់បង់ជាតិទឹកក្នុងខ្លួន។ វាអាចជាប់ទាក់ទងនឹងបញ្ហាធ្ងន់ធ្ងរមួយចំនួនដែលមានឥទ្ធិពលលើក្រពេញញើសដូចជាការថយចុះនូវមុខងាររបស់ប្រពេញទីរ៉ូអ៊ីត(Hypothyroidism) និងជំងឺទឹកនោមផ្អែម។ 2.    សភាពប្រេះនៅចុងសងខាងបបូរមាត់ អាចទាក់ទងនឹងកង្វះវីតាមីនបេ២ បញ្ហាប្រព័ន្ធរំលាយអាហារ និងក្រពះ។ 3.    ដំបៅ ឬពងបែកនៅលើបបូរមាត់ អាចបង្ហាញអំពីការផ្តុំនៃជាតិពុលនៅសរីរាង្គក្រពះពោះវៀននិងភាពកកស្ទះណាមួយនៃរាងកាយទាំងមូល។ 4.    បបូរមាត់ក្រមៅ ជាសញ្ញានៃបញ្ហាថ្លើម តម្រងនោម និងថង់ទឹកប្រមាត់។ផ្ទុយទៅវិញបបូរមាត់ក្រហមភ្លឺខ្លាំងបង្ហាញពីការកើនសម្ពាធឈាម ជំងឺឬក៏ការឆ្លងរោគស្រួចស្រាវ ការពុលថ្លើម និងជំងឺឫសដូងបាត។ 5.    ដុះរោមមុខច្រើនខុសពីធម្មតា (ចំពោះនារី) ការដុះរោមមុខច្រើនជាងធម្មតា   ជាពិសេសលើបបូរមាត់ ចង្កា និងគែមថ្គាមសងខាង អាចបញ្ជាក់អំពីបណ្តុំរោគសញ្ញានៃជំងឺគីស្តអូវែ ដែលជាស្ថានភាពមួយនៃអតុល្យភាពអ័រម៉ូន ពោល គឺការកើនឡើងនូវអ័រម៉ូនបុរសនៅក្នុងខ្លួនស្ត្រីតែម្តង។ 6.    រោមភ្នែកស្តើង ដោយសារការជ្រុះនៃរោមភ្នែក ជាសញ្ញាមួយនៃការចុះខ្សោយនៃក្រពេញទីរ៉ូអ៊ីតដែលមិនអាចផលិតអ័រម៉ូនបានគ្រប់គ្រាន់សម្រាប់គល់រោម។ 7.    ថ្ពាល់ក្រហម ជាទូទៅ វាជាបញ្ហាស្បែកមុខខាងក្រៅ ប៉ុន្តែក៏អាចជាបញ្ហាមកពីខាងក្នុងផងដែរដូចជាជំងឺទាក់ទងនឹងការកើនឡើងនៃអ័រម៉ូន cortisoneដែលធ្វើឲ្យមានការហើមនៃសរសៃឈាម ហៅថាជំងឺ Cushing’s syndrome ។ 8.    ការឡើងសរសៃឈាមនៅនឹងសៀតផ្កា អាចជារោគសញ្ញានៃជំងឺបេះដូង ថ្លើម និងក្រួសក្នុងថង់ទឹកប្រមាត់។ 9.    ការបែកញើសស្អិតៗយ៉ាងច្រើននៅនឹងមុខ អាចទាក់ទិននឹងការបរិភោគច្រើនពេក ជំងឺបេះដូង និងតម្រងនោមផងដែរ។   10.    ដុំសាច់ទន់ៗពណ៌លឿង នៅនឹងត្របកភ្នែក អាចជាការផ្តុំនៃកូឡេស្តេរ៉ុល ដែលយើងហៅថា xanthelasmataអាចចង្អុលបង្ហាញអំពីការប្រឈមមុខខ្ពស់ទៅនឹងជំងឺបេះដូង ជាពិសេសគឺ ការកករឹងនៃសរសៃឈាមអាកទែ និងជំងឺគាំងបេះដូងផងដែរ។ 11.    ថ្នក់ភ្នែក ឬហើមភ្នែក វាជារូបភាពមួយនៃការនឿយហត់ភ្នែក ដែលអាចជាសញ្ញាអាសន្ននៃជំងឺអាលែ្លកហ្សីរ៉ាំរ៉ៃ និងជាមូលហេតុមួយនៃការរីកធំនៃសរសៃឈាមរហូតដល់ធ្លាយ។ដោយសារស្បែកនៅជុំវិញភ្នែកមានសភាពទន់ខ្សោយ និងរស់ ដូចនេះ វាងាយនឹងរងផលប៉ះពាល់ដោយការឡើងថ្នក់ភ្នែក និងមានពណ៌ស្វាយឬខៀវជាំក្រមៅ។ ស្រដៀងគ្នានេះដែរ ការហើមនៅត្រង់ក្រោមភ្នែក ស្តែងឲ្យឃើញពីដំណើរការមិនបានត្រឹមត្រូវនៃតម្រងនោម និងការទាញទឹកចូលក្នុងខ្លួនវិញដោយសារតែការបរិភោគអាហារប្រៃ និងជាតិខ្លាញ់ច្រើនពេក។ 12.       ភាពមិនស៊ីគ្នារវាងផ្ទៃមុខទាំងសងខាង (អស៊ីមេទ្រី) នេះអាចជាសញ្ញាដំបូងគេនៃជំងឺដាច់សរសៃឈាមខួរក្បាលដ៏គ្រោះថ្នាក់ដែលអ្នកគួរមានការប្រុងប្រយ័ត្ន  និងគួរទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់។ រួមជាមួយការស្រុតចុះម្ខាងដែលជាស-ភាពដែលសង្កេតឃើញជាទូទៅ អ្នកក៏អាចចាប់អារម្មណ៍ឃើញផងដែរនូវការស្ពឹកមុខម្ខាង ឬក៏ញញឹមមិនពេញ។ 13.    ការផ្លាស់ប្តូរពណ៌ស្បែក ទោះបីជាការប្រែប្រួលដោយគ្មានហេតុផលតែបន្តិចក្តីក៏អាចជាសញ្ញានៃភាពខុសប្រក្រតីណាមួយផងដែរ។ ជាក់ស្តែង ភាពស្លេកស្លាំងនៃស្បែកអាចបង្ហាញពីកង្វះគ្រាប់ឈាមក្នុងខ្លួន សភាពឡើងលឿងនៃស្បែកអាចជាសញ្ញានៃជំងឺថ្លើម រីឯការឡើងពណ៌រាងខៀវនៃបបូរមាត់ និងក្រចកដៃអាចបញ្ជាក់អំពីជំងឺបេះដូង ឬ សួត។ 14.    កន្ទួលរមាស់ និង ស្នាម ការឡើងកន្ទួលរមាស់ ឬក៏ស្នាមកន្ទួលក្រហមអាចបង្ហាញអំពីជំងឺប្រព័ន្ធរំលាយអាហារមួយចំនួន។ ដោយឡែក  ការឡើងស្នាមក្រហមដែលមានលក្ខណៈគួរឲ្យកត់សម្គាល់មួយ គឺស្នាមមានរាងជាមេអំបៅដែលឆ្លងកាត់ពីឆ្អឹងថ្ពាល់ម្ខាងទៅម្ខាងទៀតដោយកាត់ឆ្អឹងច្រមុះផងនោះ អាចជារោគសញ្ញាជាក់លាក់នៃជំងឺ Lupus ដែលជាប្រភេទជំងឺធ្ងន់ធ្ងរមួយដែលមានការវាយប្រហារដោយប្រព័ន្ធភាពស៊ាំខ្លួនឯង។ ក្រៅពីនោះ អាលែ្លកហ្ស៊ី តាអក និងការឆ្លងរោគផ្សេងៗទៀតក៏អាចបង្កឲ្យមានកន្ទួលនៅលើស្បែកផងដែរ។ 15.    ចង្កាខើច(ស្រុតចុះ) សភាពដែលចង្ការបស់អ្នកស្រុតចុះទៅផ្នែកកដែលធ្វើឲ្យមើលឃើញផ្នែកកដែលជាប់នឹងផ្ទៃមុខនោះក្រាស់ឡើង និងថ្គាមរួមតូច អាចជាអាការៈនៃជំងឺគេងបាត់ដង្ហើម។ នេះជាស្ថានភាពមួយដែលការដកដង្ហើមរបស់អ្នកត្រូវបញ្ឈប់រៀងរាល់១០វិនាទីម្តង ឬច្រើនជាងនេះ។ ក្នុងនោះ ប្រសិនបើអ្នកមានផងដែរនូវអាការៈគេងស្រមុកខ្លាំង ឈឺក្បាលរាល់ពេលក្រោកពីគេង ព្រមទាំងមានអារម្មណ៍ល្ហិតល្ហៃនៅអំឡុងពេលថ្ងៃ គប្បីស្វែងរក ការត្រួតពិនិត្យឲ្យបានឆាប់រហ័សជាការប្រសើរ។ 16.    ការឡើងចង្កាពីរជាន់ ឬថ្នក់ចង្កា ជាសញ្ញានៃភាពលើសលប់ នៃខ្លាញ់ដែលមាននៅក្នុងខ្លួន។ 17.    ច្រមុះក្រហមជាមួយនឹងដុំកំពីកកំពកនៅលើច្រមុះ អាចបញ្ជាក់អំពីជំងឺលើសសម្ពាធឈាម ភាពខុសប្រក្រតីនៃបេះដូង និងថ្លើម។ 18.    មុននៅលើផ្ទៃមុខ អាចចង្អុលបង្ហាញអំពីការបរិភោគដ៏លើសលប់នូវជាតិស្ករ ជាតិខ្លាញ់ សាច់ ស៊ុត នំធ្វើពីម្សៅ ឬក៏ស្ករគ្រាប់ជាដើម។ មិនតែប៉ុណ្ណោះ មុនលើផ្ទៃមុខអាចប្រាប់ពីភាពមិនប្រក្រតីនៃសរីរាង្គណាមួយនៃរាងកាយផងដែរ ទៅតាមទីតាំងនៃការកើតមានមុននោះ។ 19.    ស្នាមជ្រីវជ្រួញដ៏ជ្រៅ នៅលើផ្ទៃមុខអាចជាសញ្ញាបញ្ជាក់ថាអ្នកកំពុងប្រឈមមុខនឹងជំងឺស្ពោតឆ្អឹង ជាពិសេសចំពោះស្រ្តីស្ថិតក្នុងវ័យអស់រដូវ ដែលវាអាចជាប់ពាក់ព័ន្ធនឹងការថយចុះនៃកូឡាជែនដែលជាផ្នែកនៃរចនាសម្ព័ន្ធស្បែក និងឆ្អឹង។ សរុបមក   ផ្ទៃមុខរបស់អ្នកប្រាប់ស្ទើរតែគ្រប់យ៉ាងអំពីសុខភាពរបស់អ្នកដូចនេះការក្រឡេកមើលមុខខ្លួនឯងបន្តិចជារៀងរាល់ថ្ងៃគឺជារឿងដែលគួរធ្វើ។ ទោះយ៉ាងណាក៏ដោយ  រោគសញ្ញានៅលើផ្ទៃមុខ គ្រាន់តែជាជំហានមួយនាំទៅរកការសង្ស័យ ប៉ុន្តែការធ្វើរោគវិនិច្ឆ័យដ៏ត្រឹមត្រូវនៅតែត្រូវពឹងផ្អែកទៅលើការប្រមូលព័ត៌មានពីរោគសញ្ញាផ្សេងៗទៀតដែលរួមផ្សំ ព្រមទាំងវិធីសាស្ត្រដទៃទៀតទៅតាមវេជ្ជបណ្ឌិត។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

រំលងផុតមួយថ្ងៃហើយ ទូរស័ព្ទក៏បិទ Facebook ក៏ Deactivate ទៀត តិចគេមានរឿងអីទៅ? ធ្វើម៉េចទៅ? ឬមួយក៏គេធុញនឹងខ្ញុំ? ហឺយ…. មានប៉ុន្មាននាក់យល់អារម្មណ៍ បាត់ដំណឹងពីមនុស្សដែលខ្លួនស្រឡាញ់? កាលពិតទៅ ទើបថ្ងៃនេះទេ ដែលខ្ញុំដឹងថា អារម្មណ៍ពេលប៉ាម៉ាក់តេរកខ្ញុំមិនចូល គាត់ភ័យប៉ុណ្ណា!   ថ្ងៃនេះ អារម្មណ៍វិលវល់ខ្លាំងណាស់ នឹកឃើញរឿងកាលនៅវិទ្យាល័យ នៅថ្នាក់ខ្ញុំមានស្រីស្អាតម្នាក់ឈ្មោះទេវី អង្គុយជាប់ខ្ញុំ។ ទេវីទាំងស្អាត ទាំងពូកែ ហើយមានចរិតស្លូតបូត ប្រុសៗនៅសាលាអ្នកណាក៏សំឡឹងមិនដាក់ភ្នែកដែរ។ រាល់ពេលចេញលេង ពួកប្រុសៗដើរកាត់ថ្នាក់ខ្ញុំជាច្រើន អើតឡឺមៗ ហើយខ្ញុំឧស្សាហ៍ឃើញវិទូនៅមុខថ្នាក់ខ្ញុំណាស់ គាត់ហ្នឹងក៏ខូចណាស់ដែរ (ភ្លេចប្រាប់ វិទូហ្នឹងហើយជា Crush របស់ខ្ញុំ) គាត់រៀនលើខ្ញុំមួយជំនាន់ ហើយគាត់ដូចជាតាមស្រឡាញ់ទេវីយូរហើយ ព្រោះឃើញដូចជាឧស្សាហ៍មើល និងនិយាយជាទេវីច្រើនណាស់។ ថ្ងៃមួយ ពេលចេញពីរៀន ខ្ញុំកំពុងអង្គុយក្រោមដើមឆ័ត្រចាំបងធំខ្ញុំមកយក ក្រឡេកឃើញវិទូ ឈរទល់មុខទេវី ហុចផ្កាមួយទងឲ្យទេវី ហើយដូចជាថើបថ្ពាល់ទៀត (ខ្ញុំមើលពីចំងាយមិនសូវច្បាស់ទេ) ភ្លាមនេាះស្រាប់តែបងរបស់ទេវីមក​​​ ច្រានវិទូមួយទំហឹង ហើយដូចជាទេវីជួយការពារម៉េចមិនដឹងទេ ក៏បងរបស់ទេវីទាញទេវីទៅផ្ទះទៅ! ចាប់ពីថ្ងៃនេាះមក វិទូក៏លែងសូវឃើញអើតថ្នាក់ខ្ញុំទៀតដែរ! ហើយខ្ញុំមិនដែលបានទៅអើតថ្នាក់គាត់ដែរ ព្រេាះអគារខុសគ្នា ម្យ៉ាងស្រីទៅអើតថ្នាក់ប្រុសដូចជាមិនសូវសម។ ខ្ញុំលែងបានជួបគាត់យូរដែរទម្រាំតែចៃដន្យទៅការមិត្តភក្តិមួយ ហើយរកគាត់ក្នុង Facebook តាមរូបថតការនេាះទៅ ក៏ចាប់ផ្តើម Stalk គាត់រាល់ថ្ងៃ គិតមកដល់ឥឡូវប្រហែល ៣ឆ្នាំហើយ។ តែម៉្យាងដែរ និស្ស័យនៅតែជានិស្ស័យ ចុះឡើងចុះឡើងមកស្គាល់លេខគេទៀតនៀក៎ ចាំមើលណា៎ ធ្វើឲ្យទូឯងស្រឡាញ់វិញទាល់តែបាន!​ ត្រៀមខ្លួនឲ្យហើយទៅ!   Post ប៉ុន្មាន​ Status ថ្ងៃហ្នឹង​ ឡើងគេគេភ័យពេញ Facebook ហើយ! អ្នកខ្លះ Chat មកសួរថាតីម៉េចហើយ? មានរឿងអីមែន? …. ប្រាប់គេថាម៉េចទៅ… ហឺយ…. មិនអីទេ Drama លេងទេ កុំឲ្យអផ្សុក! ប្រាប់គេបានតែប៉ុណ្ណឹង … ហឺយ… អារម្មណ៍ទប់រឿងពិបាកៗក្នុងចិត្តពិតជា Stress ណាស់! ចង់ណាស់ចង់មានអ្នកដែលអង្គុយស្តាប់ខ្ញុំរអ៊ូ ស្តាប់រឿងគ្រប់យ៉ាង គ្រាន់តែស្តាប់ក៏អស់ចិត្តដែរ ទោះមិនអាចជួយអ្វីបានក៏ដោយ… ឲ្យតែមានអ្នកចាំស្តាប់ ក៏ប៉ុន្តែពេលមានអ្នក Chat សួរបែរជាមិនដឹងគួរប្រាប់គេថាម៉េច? គួរចាប់ផ្តើមពីណាមុនណ៎? ហាមាត់និយាយមិនចេញ ក៏សម្រេចចិត្តថា I’m Fine ទេាះបីជា I’m seriously not fine…. មានមនុស្សប៉ុន្មាននាក់ដែលមានអារម្មណ៍បែបហ្នឹង​? ហឺយ… អ្នកណាប្រើឲ្យខ្ញុំលង់ស្រឡាញ់គេដល់ម្លឹង តែក៏ Drama ខ្លះដែរ លេងបន្លំមែនហ្នឹងណា៎ ហេហេ… តែក៏សប្បាយចិត្តម៉្យាងដែលមានមិត្តភក្តិបារម្ភ ទេាះមិនបានប្រាប់គេក៏ធូរចិត្តបន្តិចដែរ... ហើយម្នាក់ហ្នឹងក៏ណាស់ដែរ ចូលចិត្តធ្វើអីឲ្យគេបារម្ភ នៅមិននៅទៅបិទទាំងទូរស័ព្ទ ទាំង Facebook ទាមទារការចាប់អារម្មណ៍ម៉េះខ្លួន…   ថ្ងៃនេះឆាប់ងងុយគេងណាស់ ម៉ោងទើបតែ ៨កន្លះ ខ្ញុំរៀបចំគេងហើយ… តែមិនចោលទម្លាប់លេង Facebook មុនគេងនេាះទេ។ Scroll ចុះ  Scroll ឡើង ក៏របូតទូរស័ព្ទចេញពីដៃ "កុងទឺណឺស្រវឹងធ្លាក់ភ្នែក ដេកលើAudi ពណ៌ស របួសធ្ងន់ប្រុស១ ស្រី២ " រថយន្តហ្នឹងហើយ... ព្រះអើយ ហេតុអីៗ? ហេតុអីទៅជាបែបហ្នឹង? គេយ៉ាងម៉េចហើយ... ធ្វើម៉េចទៅខ្ញុំ? ព្រះអើយៗ សូមជួយថែរក្សារូបគេឲ្យកុំឲ្យគេមានរឿងអីឲ្យសេាះណា៎ ... ទឹកភ្នែកស្រាប់តែស្រក់ចុះ ហេតុអីទេវតាធ្វើបាបខ្ញុំម្ល៉េះ លួចស្រឡាញ់គេយូរហើយ ទើបតែហ៊ានសួរទៅគេ Call ទៅគេ ហេតុអី...   ទូរស័ព្ទបន្លឺឡើង “អាឡូតី នៅធ្វើអីហ្នឹង Facebook ក៏ស៊ីអារម្មណ៍ម៉េះ?” បងខ្ញុំ Call មកពីសិង្ហបុរី ខ្ញុំមិនទាន់សម្រួលអារម្មណ៍បាន ហើយក៏ស្រែកយំ “ហេតុអី ហេតុអី….” “មានរឿងអីតី មានរឿងអី មានរឿងអីនៅផ្ទះមែន?” ខ្ញុំខំប្រឹងសម្រួលអារម្មណ៍ “អត់អីទេបង តីកំពុងមើលរឿងហ្នឹងណា៎ អត់អីទេ តីទៅងូតទឹកហើយ…” ហើយខ្ញុំក៏ដាក់ទូរស័ព្ទចុះទៅ… ហិហិ… សង្ឃឹមវាពិតត្រឹមជារឿងមែនចុះ ពេលអារម្មណ៍តក់ស្លុក ពិតជានិយាយអីក៏មិនចេញ គិតអីក៏មិនឃើញដែរ

Share

ស្ថិតក្នុងវ័យជាសិស្សវិទ្យាល័យ ការប៉ងប្រាថ្នាទទួលបានជោគជ័យលើការសិក្សាតែងតែមាន ប៉ុន្តែវារមែងទទួលបានដូចចិត្តប្រថា្ន ដរាបណាមានការប្រឹងប្រែង ដុះខាត់សមត្ថភាពរបស់ខ្លួនផ្ទាល់ បូកផ្សំជាមួយការតាំងចិត្តយ៉ាងមុតមាំជំនះលើឧបសគ្គ ដែលជាហេតុធ្វើឲ្យយើងទទួលបានលទ្ធផលទាំងនោះ យុវជន ង៉ូវ ហេង ដែលជាអតីតសិស្សវិទ្យាល័យបាក់ទូក ​ និងជាសិស្សដែលទទួលបានជោគជ័យ ជាពានរង្វាន់កិត្តិយសក្នុងការប្រកួតប្រជែងសិស្សពូកែផ្នែកគណិតវិទ្យាអូឡាំព្យាដអន្តរជាតិលើកទី៥៧ (57th IMO 2016)ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហុងកុង និងធ្វើការចែករំលែកបទពិសោធន៍ក្នុងការរៀនសូត្រ ការតាំងចិត្ត និងការសម្រេចចិត្តក្នុងការជ្រើសរើសមុខជំនាញ ដើម្បីបន្តការសិក្សាឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យទៅតាមការរំពឹងទុក។ ហេលស៍ថាម ៖ តើប្អូនធ្លាប់បានទទួលបាននូវស្នាដៃ អ្វីខ្លះ? ហេង ៖ ក្រៅពីទទួលបានពានរង្វាន់កិត្តិយសនៅក្នុងការប្រឡងគណិតវិទ្យាអូឡាំព្យាដអន្តរជាតិលើកទី៥៧ នៅហុងកុង ខ្ញុំក៏ជាអតីតសិស្សពូកែគណិតវិទ្យាទូទាំងប្រទេសនៅថ្នាក់ទី៩ផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពីរៀនថ្នាក់ទី៩ ខ្ញុំក៏ធ្លាប់ប្រលងតេស្តជប៉ុន Suken Test នៅសាកលវិទ្យាល័យខេមរៈ។ ដល់ពេលចូលថ្នាក់ទី១០ ខ្ញុំក៏ទទួលបានមេដាយការប្រលងក្នុងកម្មវិធីមួយ ក្រោមការរៀបចំឡើងដោយ University of Waterloo (ប្រទេសកាណាដា) ។   ក្នុងថ្នាក់ទី១២នេះផងដែរខ្ញុំទើបតែទទួលបានការប្រលងសិស្សពូកែគណិតវិទ្យាទូទាំងប្រទេសបានមេដាយសំរិទ្ធ។ ក្រៅពីមុខវិជ្ជាគណិតវិទ្យា ខ្ញុំក៏ធ្លាប់បានប្រលងដោយធ្វើការជាក្រុម Global Enterprise Challenge ផ្នែក Business នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយទទួលបានមេដាយមួយ រួមជាមួយនិង  Trophyចំនួនពីរ។ ហេលស៍ថាម ៖ ហេតុអ្វីបានជាមានចំណាប់អារម្មណ៏ខាងផ្នែកគណិតវិទ្យា? ហេង ៖ ចំពោះខ្ញុំ ការជោគជ័យលើមុខវិជ្ជាអ្វីមួយគឺវាអាស្រ័យលើការស្រលាញ់ចូលចិត្ត។ អ្នកខ្លះគិតថាវាជាមុខវិជ្ជាពិបាក ស្មុគស្មាញ ពេលខ្លះអារម្មណ៏នេះក៏កើតឡើងចំពោះរូបខ្ញុំផ្ទាល់ តែដើម្បីរក្សាការតស៊ូទៅមុខ យើងត្រូវមានគោលដៅ និងយល់ពីចំណង់ចំណូលចិត្តខ្លួនឲ្យបានច្បាស់។ សម្រាប់ខ្ញុំគណិតវិទ្យាជាមុខវិជ្ជាដែលទាក់ទងទៅនឹងជំនាញដែលខ្ញុំនឹងធ្វើការជ្រើសរើសបន្ទាប់ពីបញ្ចប់ថ្នាក់ទី ១២ រួមជាមួយការស្រលាញ់ចូលចិត្តតាំងពីតូច កត្តាទាំងពីរនេះជាកម្លាំងទឹកចិតជម្រុញឲ្យខ្ញុំទទួលបានជោគជ័យខាងផ្នែកគណិតវិទ្យា។ ហេលស៍ថាម ៖ តើបេក្ខភាពដែលចូលរួមប្រកួតត្រូវមានលក្ខខណ្ឌបែបណាខ្លះ? ហេង ៖ ដើម្បីធ្វើជាបេក្ខភាពចូលរួមប្រកួតសម្រាប់ឆ្នាំ២០១៦នេះ បេក្ខភាពទាំង៦នាក់សុទ្ធតែជាអតីតសិស្សពូកែគណិតវិទ្យាកាលពីថ្នាក់ទី៩ ដែលដំបូងមានចំនួន១០នាក់ រួចក្រោយមកទើបត្រូវបានជម្រុះយក៦នាក់ ។ ហេលស៍ថាម ៖ តើកត្តាអ្វីខ្លះដែលជម្រុញឲ្យទទួលបានជោគជ័យលើការប្រកួតប្រជែង? ហេង ៖ កត្តាសំខាន់ គឺ លោកគ្រូ អ្នកគ្រូ ខ្លួនឯងផ្ទាល់ និងអ្នកជុំវិញខ្លួន។ លោកគ្រូ/អ្នកគ្រូ ជាមនុស្សសំខាន់ក្នុងការជួយហ្វឹកហាត់សមត្ថភាពរបស់យើង ពួកគាត់មានបទពិសោធន៍ច្រើនក្នុងការជ្រើសរើសវិធីសាស្រ្តល្អៗក្នុងការដោះស្រាយលំហាត់។ បន្ថែមពីនេះ គាត់ក៏បានណែនាំអំពីប្រធានលំហាត់ថ្មីៗ រួមជាមួយក្នុងការជ្រើសរើសសៀវភៅសម្រាប់រៀនបន្ថែម។ សម្រាប់ខ្លួនយើងផ្ទាល់ គឺត្រូវមានការតាំងចិត្តឲ្យមុតមាំ ប្រើប្រាស់ពេលវេលាក្នុងការសិក្សាឲ្យបានច្រើន ហើយធ្វើយ៉ាងណារៀនឲ្យបានសព្វ។ ជាការពិតណាស់ ការសិក្សាតែងតែមានភាពលំបាក សម្រាប់ខ្ញុំផ្ទាល់ ការប្រកួត គឺត្រូវប្រើពេលវេលាច្រើនដែលធ្វើឲ្យការសិក្សានៅសាលាមានការខ្វះខាត ដូច្នេះអ្នកជុំវិញខ្លួនយើង ទាំងមិត្តភក្តិ និងក្រុមគ្រួសារ បានផ្តល់ជាកម្លាំងចិត្តដល់ខ្ញុំសម្រាប់បន្តដំណើរទៅមុខទៀត។ ហេលស៍ថាម ៖ តើប្អូនបានទទួលមេរៀនអ្វីខ្លះ ពីការប្រកួតប្រជែងថ្នាក់អន្តរជាតិលើកដំបូងមួយនេះ? ហេង ៖ ចំពោះការប្រកួតប្រជែងថ្នាក់អន្តរជាតិជាលើកដំបូងនេះ គឺមានលក្ខណៈប្លែក រលូន និង ប្រសើរជាងនៅក្នុងការប្រលងក្នុងស្រុក តួយ៉ាង វិញ្ញាសាប្រលងក៏មានលក្ខណៈថ្មី ប្លែកដោយសារតែវាត្រូវបានបង្កើតថ្មីតាមរយៈការសំយោគចេញពីវិញ្ញាសាបង្កើតថ្មីពីបណ្តាប្រទេសផ្សេងៗពីគ្នាក្រោមការត្រួតពិនិត្យ និងវាយតម្លៃពីគណៈកម្មការយ៉ាងសុក្រឹត។ ហេតុនេះហើយ វិញ្ញាសាទាំងនោះតម្រូវឲ្យបេក្ខភាពដែលចូលរួមប្រលងមានការគិតត្រិះរិះយ៉ាងម៉ត់ចត់។ ម្យ៉ាងទៀត ការរៀនរបស់សិស្សនៅទីនោះក៏មានលក្ខណៈខុសប្លែកផងដែរ ដោយហេតុថាសិស្សទាំងនោះត្រូវបានបំប៉នទាក់ទងនឹងការប្រលងបែបនេះតាំងពីក្មេងមកម៉្លេះ ដូច្នេះហើយ ពួកគេសុទ្ធតែមានការស្រាវជ្រាវច្រើន ចំណេះក៏មានច្រើន ខុសប្លែកពីយើងដែលប្រើប្រាស់ រយៈពេលខ្លី។ ហេលស៍ថាម ៖ តើហេងមានវិធីសាស្រ្តអ្វីខ្លះ ដើម្បីក្លាយខ្លួនជាសិស្សពូកែគណិតវិទ្យាមួយរូប? ហេង ៖ ក្នុងនាមជាសិស្ស ការក្លាយខ្លួនជាសិស្សពូកែ គឺគ្មានអ្វីក្រៅពីការប្រឹងប្រែងរៀនសូត្រ អានសៀវភៅឲ្យបានច្រើនតាមតែអាចធ្វើទៅបាន និងហ្វឹកហាត់ធ្វើលំហាត់ឲ្យបានច្រើននោះទេ គឺវាមានលក្ខណៈល្អប្រសើរជាងការដែលយកពេលវេលាធ្វើអ្វីផ្សេងដែលឥតប្រយោជន៍។ ការជួបជុំជាមួយមិត្តភក្តិ ក៏ជាការល្អសម្រាប់ផ្លាស់ប្តូរគំនិត ស្របពេលជាមួយគ្នាវាក៏ជាការកំសាន្តផងដែរ។ ទន្ទឹមនឹងគ្នានេះ ការស្វ័យសិក្សាបន្ថែមពីការសិក្សានៅសាលា ក៏ជាកត្តាជួយឲ្យខ្ញុំទទួលបានជោគជ័យ ជាក់ស្តែង ខ្ញុំអាចប្រើពេលវេលាក្នុងការស្រាវជ្រាវបន្ថែមតាមប្រពន្ធ័អុីនធឺណែត អាចជាព័ត៌មានទាក់ទងនឹងចំណេះដឹងទូទៅ វិជ្ជាជីវៈ និងអត្ថបទកំសាន្តផ្សេងៗ។ ទម្លាប់របស់ខ្ញុំក្នុងការក្លាយខ្លួនជាសិស្សពូកែគណិតវិទ្យា ការប្រើប្រាស់ពេលវេលា គឺពិតជាសំខាន់។ ជាទូទៅ ខ្ញុំចំនាយពេលច្រើនម៉ោងចំពោះមុខវិជ្ជាគណិតវិទ្យា ជាពិសេសរាល់ពេលត្រៀមប្រលង ឬការប្រកួតប្រជែងផ្សេងៗ ដែលអាចនិយាយបានថាខុសពីសិស្សដទៃដែលប្រើពេលតែ១ម៉ោងក្នុងការសិក្សាលើមុខវិជ្ជានេះ ពីព្រោះគេគិតថាវាអាចធ្វើឲ្យមានអារម្មណ៍តប់ប្រមល់។ គន្លឹះពិសេសនោះ គឺ ខ្ញុំតែងតែរៀបខ្លួនឯងតាំងពីក្បាលព្រលប់រហូតដល់ប្រហែលពាក់កណ្តាលអធ្រាត្រ ហើយក៏អានសៀវភៅរឿងបែប Non-fictionឬ Science-fiction ដែលជាប្រភេទសៀវភៅដែលខ្ញុំចូលចិត្តប្រមាណ ៣០នាទីសិន ទើបចូលគេង។ ទន្ទឹមនឹងគ្នានេះផងដែរ សិស្សភាគច្រើនប្រហែលជាគិតថា ពេលរៀនមិនគួរមានអារម្មណ៍ងងុយគេងទេ ប៉ុន្តែតាមការពិតទៅ ប្រសិនបើមានអារម្មណ៍បែបនោះ កុំចុះចាញ់ ឬមានអារម្មណ៍ថាអន់ថយឡើយ អ្នកគួរដើរចេញទៅក្រៅដើម្បីរំសាយអារម្មណ៍ឲ្យស្រឡះ ឬសម្រាកមួយភ្លែតសិន នោះលទ្ធផលក្រោយការដកឃ្លាបន្តិច នឹងមានភាពប្រសើរជាងការដែលប្រឹងធ្វើទាំងហត់នឿយ ឬងងុយគេង។ ហេលស៍ថាម ៖ តើប្អូនមានគម្រោងចូលរួមប្រកួតប្រជែងក្នុងកម្មវិធីអ្វីទៀតឬទេ? ហេង ៖ ដោយសារតែខ្ញុំមិនទាន់សូវបានយល់ច្បាស់អំពីបែបផែននៃការប្រកួតប្រជែងក្នុងកម្រិតសាកលវិទ្យាល័យ ហេតុនេះហើយខ្ញុំមិនទាន់មានគម្រោងចូលរួមកម្មវិធីអ្វីនៅឡើយនោះទេ។ យ៉ាងណាមិញ ខ្ញុំនឹងព្យាយាមចាប់យកឱកាសក្នុងការចូលរួមកម្មវិធី Exchange Programs ឬ Internshipនៅតាមប្រទេសមួយចំនួន  ជាពិសេសប្រទេសសិង្ហបុរី និង ជប៉ុន  ដោយហេតុថាប្រទេសទាំងពីរមានរបៀបរបបបង្រៀន រីឯស្តង់ដានៃការសិក្សាមានលក្ខណៈល្អមិនចាញ់បណ្តាប្រទេសនៅតំបន់អឺរ៉ុបឡើយ។ ហេលស៍ថាម ៖ តើប្អូនមានគម្រោងអនាគតអ្វីខ្លះដែរ? ហេង ៖ ជាដំបូងនោះ គឺខ្ញុំគ្រាន់តែចង់ឲ្យបានទទួលជោគជ័យក្នុងការសិក្សាព្រមទាំងមុខរបរដែលប្រាថ្នាជាមុនសិន។ ហើយក្រោយមកប្រហែលជា១០ឆ្នាំជាង ទើបខ្ញុំនឹងចាប់ផ្តើមធ្វើការគិតគូរអំពីកិច្ចការងារផ្សេងទៀតដែលធ្លាប់បាននឹកគិតកន្លងមក។ ជាក់ស្តែង តាមរយៈបទពិសោធន៍ក្នុងការចូលរួមប្រកួតកម្មវិធីផ្សេងៗ គឺបានដុសខាត់គំនិតខ្ញុំឲ្យមានការច្នៃប្រឌិត ហើយប្រសិនបើមានឱកាស ខ្ញុំចង់បង្កើតអ្វីដែលថ្មីៗ ដើម្បីជាមធ្យោបាយក្នុងការការពារបរិស្ថាន។ ហេលស៍ថាម ៖  តើប្អូនមានពាក្យពេចន៍អ្វីខ្លះសម្រាប់ណែនាំដល់សិស្សជំនាន់ក្រោយ? ហេង ៖ «តែងតែមានក្តីសង្ឃឹម ប៉ុន្តែកុំរំពឹងខ្លាំងពេក»  ព្រោះថា អ្វីដែលយើងរំពឹងខ្លាំងពេកនោះ អាចនឹងធ្វើឲ្យយើងបាក់ទឹកចិត្តចំពោះលទ្ធផលប្រសិនបើចេញមក មិនបានដូចអ្វីដែលខ្លួនបានរំពឹងទុក។  មួយវិញទៀត «កុំបោះបង់ចោលនូវក្តីសុបិន្តរបស់ខ្លួន បើទោះបីជាវាតូច ឬធំពេកក៏ដោយ» ។  

Share
Top