Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជាថ្មីម្តងទៀត ជាមួយការមកដល់នៃកម្មវិធី Startup Weekend ដែលនឹងប្រព្រឹត្តទៅក្រោមប្រធានបទ Fintech ដែលជាការរួមបញ្ចូលរវាងពាក្យ “Financial Technology"សំដៅដល់ប្រតិបត្តិការអាជីវកម្មទាំងឡាយណាដែលជួយសម្រួលដល់សេវា និងប្រព័ន្ធផ្សេងៗនៃផ្នែកហិរញ្ញវត្ថុឲ្យដំណើរការប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលដោយប្រើប្រាស់បច្ចេកវិទ្យា ដូចជា កុំព្យូទ័រ ប្រព័ន្ធអ៊ីនធឺណែត ទូរស័ព្ឌជាដើម ។ គោលដៅចម្បងរបស់ Fintechជាការផ្តល់ឱកាសដល់អ្នកចូលរួមទាំងអស់បានស្វែងយល់ និងមានគំនិតស្តីពីការធ្វើអាជីវកម្មជំរុញឲ្យប្រតិបត្តិការសេវាកម្ម និងប្រព័ន្ធហិរញ្ញវត្ថុឲ្យមានសក្តានុពល និងប្រសិទ្ធភាពខ្ពស់តាមរយៈការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិចដូចជា កំព្យូទ័រ អ៊ីនធើណែត និងប្រព័ន្ធទូរស័ព្ទ។   អ្នកចូលរួមទាំងអស់នឹងបានផ្សារភ្ជាប់ ក៏ដូចជាធ្វើការសហការផ្ទាល់ជាមួយនឹងបុគ្គលផ្សេងទៀតដែលមានចំណង់ចំណូលចិត្ត និងគោលដៅដូចគ្នាសម្រាប់ការកែប្រែគំនិត Fintech ឲ្យក្លាយជាការពិតក្រោមជំនួយនៃការបង្ហាត់បង្រៀនពីគ្រូបង្វឹកនៃកម្មវិធីផ្ទាល់។   ព្រឹត្តិការណ៏នេះនឹងរៀបចំឡើងក្នុងរយៈពេល ៥៤ ម៉ោង ដែលគិតចាប់ផ្តើមពីថ្ងៃសុក្រ ទី ៣ ដល់ ថ្ងៃអាទិត្យ ទី៥ ខែមករា ស្ថិតក្នុងទីតាំង Trybe ដែលមានអាស័យដ្ឋាន  222Eo Keo Chea St. (184) ភ្នំពេញ។ គួរបញ្ជាក់ផងដែរថា ល្ងាចថ្ងៃសុក្រចាប់ពីម៉ោង ៥ និង ៣០នាទី កម្មវិធីនឹងចាប់ផ្តើមឡើងដែលនឹងមានការបង្ហាញពីវត្តមានរបស់ចូលរួម ក៏ដូចជាការរៀបចំជាក្រុមតូចៗសម្រាប់ការបង្កើតគំនិតអាជីវកម្ម ព្រមទាំងបន្តទៅថ្ងៃសៅរ៍ និងអាទិត្យដោយមានការបង្ហាត់បង្ហាញពីសំណាក់គ្រូបង្វឹកដែលមានជំនាញទាក់ទងនឹងប្រព័ន្ធអេឡិចត្រូនិច ក៏ដូចជាខាងផ្នែកហិរញ្ញវត្ថុតាមស្ថាប័ននានា ដើម្បីផ្តល់ជាគំនិតក្នុងការផ្តួចផ្តើមអាជីវកម្មដល់ក្រុមទាំងអស់។ បន្ទាប់ពីមានការពិភាក្សារវាងសមាជិកនៃគ្រប់ក្រុមទាំងអស់ ពួកគេនឹងតម្រូវឲ្យធ្វើបទបង្ហាញពីគម្រោងនីមួយៗរបស់ខ្លួនទៅកាន់គណៈកម្មការនៃកម្មវិធី ដើម្បីជ្រើសរើសក្រុមដែលទទួលបានជ័យលាភីកិត្តិយស... កុំខកខាននូវឱកាសដ៏ពិសេសនេះឲ្យសោះ បើទោះបីអ្នកមិនមានចំនេះជំនាញខាងផ្នែកប្រព័ន្ធអេឡិចត្រូនិចក៏ដោយ! អ្នកអាចធ្វើការកក់សំបុត្រតាមរយៈប្រព័ន្ធអនឡាញ ដោយគ្រាន់តែចូលទៅកាន់ Startup Weekend Cambodia FinTech 2017

Share

ហ៊ាននិយាយថា អត់ចង់បានរូបរាងស្អាតមួយម៉ាត់មើល៎!   តែសំខាន់… ដូចជាខ្ជិលទៅកន្លែងហាត់ប្រាណទាំងព្រលឹមហើយមិនចង់ឲ្យគេឃើញរូបរាងមិនសូវស្អាតរបស់ខ្លួនឯងទៀត។  អញ្ចឹងគួរធ្វើយ៉ាងណា? សម្រេចថាហាត់ប្រាណនៅផ្ទះចុះ ក៏ប៉ុន្តែ… មិនដឹងត្រូវហាត់ពីកន្លែងណាមុន? ហាត់របៀបណាខ្លះ? រយៈពេលប៉ុន្មានមានប្រសិទ្ធភាព? ថ្ងៃខ្លះហាត់បែបនេះ   ថ្ងៃខ្លះហាត់បែបនោះ ឬគិតថាទាល់តែមានឧបករណ៍ថ្លៃៗទើបហាត់បាន។ ឥឡូវបែរមកអនុវត្តវិធីសាស្ត្រងាយៗ ដោយគ្រាន់តែចំណាយពេលត្រឹមតែប៉ុន្មាននាទីជារៀងរាល់ព្រឹក ដូចខាងក្រោមវិញ... 1.    Jumping  jacks នេះ គឺជាលំហាត់ប្រាណកម្តៅសាច់ដុំខ្លួនប្រាណទាំងមូល មុននឹងចាប់ផ្តើមធ្វើនូវលំហាត់ប្រាណផ្សេងៗទៀត។ ដោយលោកអ្នកគ្រាន់តែឈរហត់ចុះ ហត់ឡើង ហើយលើកដៃឡើងលើចុះក្រោម ឲ្យបានរយៈពេល ៣០វិនាទី ។ 2.    Squat ជួយឲ្យសាច់ភ្លៅហាប់ណែនល្អ ត្រគាកមូលក្លំ ជួយពង្រឹងនូវស្ថេរភាពនៃជង្គង់ ព្រមទាំងធ្វើឲ្យសរសៃភ្ជាប់នៃឆ្អឹងមានភាពរឹងមាំថែមទៀតផង។ ដោយឈរឲ្យត្រង់ជាមួយដៃពន្លាតឲ្យត្រង់ បន្ទាប់មកអង្គុយបន្ទន់ជង្គង់ចុះឲ្យបាន៩០ដឺក្រេ ដកដង្ហើមចូលនៅពេលអ្នកបន្ទន់ជង្គង់ចុះ ដកដង្ហើមចេញពេលអ្នកងើបឡើងវិញ។ ធ្វើចំនួន ៣០ដង។ 3.    Abdominal crunches លំហាត់ប្រាណដែលធ្វើឲ្យក្បាលពោះរាបស្មើ  ណែនល្អ  ដោយលោកអ្នកគ្រាន់តែផ្តេកខ្លួនទៅលើផ្ទៃរាបស្មើ បន្ទាប់មកបន្ទន់ជង្គង់ ពន្លាតដៃឲ្យត្រង់    ហើយបង្ហើបខ្លួនឡើងពីផ្ទៃរាបស្មើ (ដេកងើបៗ)។ ធ្វើចំនួន ១៥ដង។ 4.    Plank ផ្កាប់ខ្លួននៅលើផ្ទៃរាបជាមួយនឹងការបញ្ឈរកែងដៃ និងបញ្ឈរប្រអប់ជើង ដាក់ខ្នងឲ្យត្រង់ហើយរក្សសកម្មភាពនឹងបែបនេះឲ្យបាន២០វិនាទី។ លំហាត់ប្រាណនេះ ជួយពង្រឹងក្បាលពោះ ដើមដៃ ខ្នងនិងស្មា។ 5.    Wall sit ដាក់ខ្នងឲ្យត្រង់ផ្អែកជញ្ជាំង រួចបន្ទន់ជង្គង់ឲ្យបានមុំកែង៩០ដឺក្រេដោយគម្លាតជើងពីជញ្ជាំងប្រវែង៦០សម និងគម្លាតរវាងជើងទាំងពីរពីគ្នាប្រវែង១៥សម។ រក្សាសកម្មភាពបែបនេះឲ្យបាន៦០វិនាទី (តាមការសិក្សា យ៉ាងហោចណាស់២០វិនាទីឡើងទៅ ទើបអាចដុតបំផ្លាញសារធាតុខ្លាញ់បាន)។ ការធ្វើលំហាត់ប្រាណនេះអាចឲ្យអ្នកមានលំនឹងល្អ ព្រមទាំងពង្រឹងសាច់ដុំជើង និងគូទហាប់ណែន។ 6.    High stepping នេះ គឺជាលំហាត់ប្រាណសម្រាប់អ្នកដែលចូលចិត្តរត់ ដែលវាមាននាទីជួយដល់ចលនាបេះដូង និងសួតផងដែរ។ វាគឺជាការរត់នៅមួយកន្លែងដែលទាមទារឲ្យលោកអ្នកលើកជើងឲ្យខ្ពស់តាមដែលអាចធ្វើបាន ដោយប្តូរម្តងម្ខាង ហើយដាក់ខ្នងឲ្យត្រង់។ អនុវត្តបែបនេះឲ្យបាន ៣០ដង។ ចំណាយពេលមិនច្រើនប៉ុន្មានផង...ហើយក៏គ្មានរបស់ណាហ្វ្រីហ្រ្វី ឬបានមកដោយឯកឯងនោះទេ...តាមវិធីទាំង៦ខាងលើនេះ មិនចាំបាច់ប្រឹងច្រើនមែនហ្នឹងណា៎...សាកលេងលេង ក្រែងលោបានស្អាតមែនទែនហា ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ជូនចំពោះម្នាក់នោះ…. ថ្វីត្បិតថា ពេលនេះ នៅទីនេះ ម្នាក់នេះមិនដឹងថាអ្នកកំពុងនៅទីណា ប៉ុន្តែ ក៏បានដឹងហើយថា ខ្លួនឯងកំពុងតែនៅជ្រុងណាមួយនៃពិភពលោកនេះ មិនប្រាកដថា ពេលណាយើងនឹងបានជួបគ្នាដោយនិស្ស័យ ឬចៃដន្យ ក៏មិនដឹងថា យើងនឹងត្រូវឆ្លងកាត់អ្វីខ្លះជាមួយគ្នា រឹតតែមិនច្បាស់ថា ខ្លួនឯងនឹងចូលមកក្នុងជីវិតម្នាក់នេះបានរយៈពេលយូរប៉ុណ្ណា ប៉ុន្តែ…អ្វីដែលដឹងច្បាស់នោះ គឺថា… ម្នាក់នេះនឹងរង់ចាំ…រង់ចាំដល់ថ្ងៃមួយនោះ ថ្ងៃនៃភាគបញ្ចប់នៃរឿងភាគឯការបស់ម្នាក់នេះ ហើយក៏ជាថ្ងៃចាប់ផ្តើមទំព័រជីវិតគូរវាងម្នាក់នេះ និងម្នាក់នោះដែរ… ទោះបីជាមិនទាន់បានជួបផ្ទាល់ តែវត្តមានរបស់អ្នកនៅក្នុងបេះដូង កំពុងរង់ចាំម្ចាស់វត្តមានបកប៉ះប៉ូវនូវអារម្មណ៍អវិជ្ជមានធ្លាប់មានកន្លងមក ដូចដែលបានបញ្ជាក់ហើយអញ្ចឹង មិនបាច់ជួបលឿនពេកក៏បាន តែ៏សុំកុំឲ្យយូរពេកដែរ … សង្ឃឹមថា ល្បែងបិទពួនរវាងម្ចាស់បេះដូងទាំងពីរនេះ នឹងមិនត្រូវបានលេងយូរទៀតទេណា៎!!

Share

សក់ជ្រុះ ជាបញ្ហាមួយដែលគ្រប់គ្នាតែងជួបប្រទះស្ទើរតែរៀងរាល់ថ្ងៃ ក្នុងនោះផងដែរ វាមានច្រើនប្រភេទ និងមានមូលហេតុផ្សេងៗពីគ្នា។ Trichotillomania ជាប្រភេទមួយនៃបញ្ហាសក់ជ្រុះ ដែល ហេលស៍ថាម បានលើកយកមកធ្វើបទសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ជំនាញសើស្បែក ព្រមទាំងជានាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា។ និយមន័យ Trichotillomania ជាប្រភេទជំងឺជ្រុះសក់ម៉្យាង ដែលបណ្តាលមកពីការមានទម្លាប់ដកសក់ខ្លួនឯងដោយការញៀន ហើយបន្តការដកសក់នេះជាប្រចាំ។ ចំណុចមួយទៀត អ្នកដែលមានបញ្ហានេះ អាចដោយសារគាត់មានបញ្ហាចិត្តសាស្ត្រ (mental health problem) ឬ វិបត្តិផ្លូវចិត្ត ហើយភាពតឹងតែងក្នុងអារម្មណ៍ក៏អាចឈានទៅរកការដកសក់ដោយមិនដឹងខ្លួនដែរ។ មូលហេតុ Trichotillomania មិនមែនជាជំងឺតពូជនោះទេ ហើយក៏មិនមានមូលហេតុច្បាស់លាស់ដែរ។ បើយោងតាមទ្រឹស្តី ដោយសារគាត់មានអារម្មណ៍តឹងតែង បញ្ហាផ្លូវចិត្ត ឬការប៉ះពាល់ទៅលើអារម្មណ៍ បណ្តាលឲ្យអ្នកជំងឺចេះតែដកសក់ និយាយរួមសក់ជ្រុះដោយដកខ្លួនឯង ជាលក្ខណៈញៀន និងទម្លាប់របស់គាត់ផ្ទាល់តែម្តង។ គួរបញ្ជាក់ផងដែរថា ភាគរយនៃTrichotillomania ដែលគេតែងជួបប្រទះភាគច្រើន គឺទៅលើស្ត្រីជាងបុរស។ រោគសញ្ញា អ្នកអាចឃើញកន្លែងដែលមានរោមដូចជា នៅលើក្បាល ចិញ្ចើម រោមភ្នែកក្លៀក ដៃ ជើង ទ្រូង ឬសូម្បីតែរោមនៅតំបន់ភេទ រោមមុខ និងពុកមាត់ ទៅជាវាលនោះ សុទ្ធតែអាចហៅថាជំងឺTrichotillomaniaបានទាំងអស់។ គ្រាន់តែ ជាទូទៅគេសំដៅលើក្បាលខ្លាំងជាងគេប៉ុណ្ណោះ ព្រោះជាកន្លែងដែលគេមើលឃើញ។ រោគវិនិច្ឆ័យ គេមើលលើសញ្ញាជាលក្ខណៈផ្លូវចិត្ត(psycholo-gical symptoms) ការប៉ះពាល់ដល់អារម្មណ៍បុគ្គលនោះផ្ទាល់ ដែលធ្វើឲ្យ អ្នកជំងឺដកសក់ខ្លួនឯងជារឿយៗ។ ខណៈដែលគាត់មានបញ្ហាជ្រុះសក់នេះ គាត់មានអាការៈអៀនខ្មាស តែងតែបដិសេធក្នុងការចូលរួមសកម្មភាពសង្គមនានា  ព្រមទាំងចូលចិត្តលាក់ខ្លួននៅតែម្នាក់ឯង។ ការព្យាបាល ការជ្រុះសក់នេះកើតឡើងដោយសារទម្លាប់ ដូចនេះ ការព្យាបាល គឺត្រូវកែទម្លាប់របស់គាត់ ដែលការកែទម្លាប់នេះ ត្រូវមើលថាហេតុផលអ្វីដែលគាត់ចេះតែទាញសក់ខ្លួនឯង។ បើកាលណាគាត់មានបញ្ហាទាញសក់ដោយសារមានការតឹងតែងអារម្មណ៍ ខឹងមួរម៉ៅ ឬមានបញ្ហាទាក់ទងទៅនឹងផ្លូវចិត្តនោះ ការព្យាបាលគួរត្រូវបានណែនាំឲ្យទៅជួបជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកចិត្តសាស្ត្រ ដើម្បីផ្តល់ប្រឹក្សា ទាក់ទងនឹងការផ្លាស់ប្តូរការប្រព្រឹត្ត អប់រំឲ្យយល់ថាស្ថានភាពគាត់ប្រឈមនឹងការដែលសក់ជ្រុះខ្លាំងបើសិនជាមិនកែទម្លាប់។  វាអាចនឹងពិបាកក្នុងការព្យាបាល ដោយសារនេះជាលក្ខណៈញៀន ប៉ុន្តែអាចជួយបង្ការបានមួយផ្នែកទៀត ជាឧទាហរណ៍ប្រសិនបើអ្នកជំងឺឧស្សាហ៍ដក ឬទាញសក់ពេលធ្វើដំណើរ គួរឲ្យគាត់ពាក់មួក ឬកន្សែង រុំក្បាល រួមនឹងការលើកទឹកចិត្តគាត់ ព្រមទាំងមិនត្រូវស្តីបន្ទោសគាត់ទាក់ទងទៅនឹងបញ្ហានេះបញ្ហានោះទេ។ ផលវិបាក ប្រសិនបើគាត់មិនបានទទួលការព្យាបាលឲ្យបានទាន់ពេលវេលាទេនោះ  គឺប៉ះពាល់ដល់គុណភាពជីវិតរបស់ពួកគេ ដូចជាធ្វើឲ្យបុគ្គលនោះមិនអាចចូលរួមនៅក្នុងសង្គមមានភាពខ្មាស់អៀនខ្លួនឯង និងចូលចិត្តនៅដាច់ពីគេ។   មួយវិញទៀត អ្នកជំងឺអាចប្រឈមជាមួយនឹងការជ្រុះសក់អស់ដោយសារសក់គាត់ដុះមិនទាន់។ សារជូនមិត្តអ្នកអាន ជាចុងក្រោយ ក្នុងនាមជាគ្រូពេទ្យសើស្បែក បើប្រជាពលរដ្ឋយើងមានបញ្ហាជ្រុះសក់ ធ្វើយ៉ាងណាគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងស្បែកសិន ដើម្បីឲ្យគ្រូពេទ្យមើលថាពិតជាជំងឺTrichotillomaniaមែន ឬអត់ បន្ទាប់មកទើបវេជ្ជបណ្ឌិតនឹងណែនាំបន្តឲ្យទៅជួបគ្រូពេទ្យផ្នែកខាងចិត្តសាស្ត្រ បើអ្នកមានបញ្ហាតឹងតែងក្នុងអារម្មណ៍ ឧស្សាហ៍មួរម៉ៅ ខឹង និយាយរួមគឺ បញ្ហាផ្លូវចិត្តគួរទៅជួបគ្រូពេទ្យជំនាញផ្លូវចិត្តចៀសវាងការបន្តទម្លាប់នេះតទៀត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

Share

ការស្វែងរកការងាររបស់សិស្សទើបតែបញ្ចប់ការសិក្សា ឫចំពោះអ្នកដែលពុំធ្លាប់មានបទពិសោធន៍ការងារពីមុនមក  គឺជារឿងមួយដែលលំបាក និងប្រើប្រាស់រយៈពេលយូរក្នុងការទទួលបានការងារមួយដែលមានលំនឹង និងប្រើប្រាស់រយៈពេលយូរក្នុងការទយលបានការងារមួយដែលមានលំនឹង ព្រមទាំងស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន។  កញ្ញា លីម ហ៊ួង ដែលសព្វថ្ងៃជានាយកប្រតិបត្តិនៅស្ថាប័ន First Solutions (Cambodia) Co, Ltd បានផ្តល់ជាគន្លឹះសំខាន់ៗដល់ហេលស៍ថាម  ដើម្បីចែកជូនមិត្តអ្នកអានក្នុងការត្រៀមលក្ខណៈ និងជំនាញទន់ដែលគួរមានសម្រាប់ប្រលូកក្នុងវិស័យការងារនាពេលខាងមុខ។  គួរបញ្ជាក់ផងដែរថា កញ្ញាជាអតីតនិសិ្សតបរិញ្ញាបត្រខាងផ្នែកច្បាប់ពីសាកលវិទ្យាល័យកម្ពុជា និងផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យភូមិនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច(RULE) មុននឹងបន្តថ្នាក់អនុបណ្ឌិតនៅ Chales Sturt University ប្រទេសអូស្រា្តលីខាងជំនាញពាណិជ្ជកម្ម។ កញ្ញាធ្លាប់មានបទពិសោធន៍ការងារច្រើនជាមួយស្ថាប័នផ្សេងៗជាពិសេសខាងផ្នែកទំនាក់ទំនង ព្រមជាមួយនឹងជំនាញការប្រើប្រាស់ភាសាខ្មែរ អង់គ្លេស ជប៉ុន និងចិនបានយ៉ាងស្ទាត់ជំនាញ។ ហេលស៍ថាម៖ សម្រាប់អ្នកដែលមិនធ្លាប់មានបទពិសោធន៍ការងារ គួរតែមានជំនាញអ្វីខ្លះ? ចម្លើយ ៖ ខ្ញុំយល់ថាចំពោះអ្នកដែលទើបតែរៀនចប់ ឬអ្នកដែលពុំទាន់មានបទពិសោធន៍ការងារពីមុនមកទាល់តែសោះ គួរតែមានជំនាញមួយចំនួន ដើម្បីក្លាយជាបេក្ខភាពលេចធ្លោ។  •    ជំនាញភាសាក្រៅពីភាសាជាតិរបស់ខ្លួន ដែលអាចជាភាសាអង់គ្លេស ឬ ភាសាផ្សេងទៀត ដែលវាជាទុនមួយសម្រាប់ក្រុមហ៊ុន ឬស្ថាប័នផ្សេងៗពិចារណាក្នុងការសម្រេចចិត្តជ្រើសរើស។  •    ចំពោះអ្នកគ្មានចំណេះដឹងខាងភាសា គួរតែមានប្រវត្តិការសិក្សាដែលអាចយកជាការបាន រួមជាមួយជីវប្រវត្តិទាក់ទងទៅនឹងការធ្លាប់ទទួលបានការបណ្តុះបណ្តាលពីជំនាញផ្សេងៗតាមកម្មវិធីមួយចំនួន ក្រៅពីការសិក្សានៅតាមសាលារបស់ពួកគាត់ ជំនាញទាំងនេះអាចមិនមែនជាបទពិសោធន៏នោះទេតែវាក៏ជាចំណេះដឹងមួយផ្នែកផងដែលទាក់ទងនឹងការបណ្តុះបណ្តាល។  •    ជំនាញពិសេសមួយចំនួន ដូចជាជំនាញកុំព្យូទ័រ រឺផ្នែករចនា ជាដើម។ ហេលស៍ថាម៖ ជំនាញទន់ ដែលសិស្សវិទ្យាល័យ ក៏ដូចជាបុគ្គលគ្រប់រូបគួរតែមាន ដើម្បីត្រៀមខ្លួនបម្រើការងារ? ចម្លើយ ៖ បុគ្គលគ្រប់រូបរួមនឹងសិស្សវិទ្យាល័យ ខ្ញុំយល់ថាពួកគាត់គួរតែមានការរៀបចំខ្លួនឲ្យបានមុននូវជំនាញទន់ទាំងនោះ ដែលមិនមែនជាជំនាញពិសេស រឺត្រូវការហ្វឹកហាត់លក្ខណៈជាផ្លូវការនោះទេ។  •    ជំនាញក្នុងការប្រាស្រ័យទាក់ទង(Networking)។ ជាការពិត វាជាការល្អក្នុងការមានទំនាក់ទំនងជាមួយមិត្តភក្តិច្រើនក្នុងសង្គមការសិក្សារបស់គាត់ ។ ផ្ទុយទៅវិញ ជំនាញទន់ខាងទំនាក់ទំនងនេះ គឺពួកគាត់គួរតែប្រើប្រាស់ពេលវេលាចូលរួមកម្មវិធីផ្សេងៗ ដូចជាវេទិកានិសិ្សតសម្រាប់ចែកជាបទពិសោធន៏ដល់គ្នាទៅវិញទៅមក ហើយអាចមានកម្មវិធីជាច្រើនទៀតសំរាប់យុវជនក្មេងៗ តាមរយៈកម្មវិធីទាំងនេះផងដែរអាចជាឱកាសក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងសិស្សច្បង។  •    មានការដុសខាត់ទម្លាប់ក្នុងការរៀបចំ គោរពពេលវេលា (Time Management) ឲ្យមានប្រសិទ្ធិភាព ដែលជាការល្អ ទម្លាប់ទាំងនេះគួរតែមានការអនុវត្តទាំងពីថ្នាក់វិទ្យាល័យ។  •    ការប្រកាន់ខ្ជាប់ក្រមសីលធ៌ម និងការរស់នៅល្អ ក៏ជាកត្តាសំខាន់ផងដែរក្នុងវិស័យការងារ។ វាមានតម្លៃខ្ពស់ក្នុងការប្រកបការងារ ឬការទទួលបានអាហារូបករណ៏ ជាក់ស្តែងទោះបីជាពួកគាត់ទទួលបានពិន្ទុខ្ពស់លើជំនាញតែក្រមសីលធ៌មមានសភាពអន់ខ្សោយ ក៏វាជាការពិបាកក្នុងការទទួលបានការងារល្អផងដែរ។ ហេលស៍ថាម៖ ជំនាញទន់ទាំងនោះ អាចនឹងទទួល ឫរៀនសូត្របានតាមរយៈវិធីអ្វីខ្លះ? ចម្លើយ ៖ ទោះបីជាជំនាញទន់ជាការអប់រំក្រៅប្រព័ន្ធ ប៉ុន្តែបុគ្គលគ្រប់រូបគួរតែចំណាយពេលវេលាដោយស្ម័គ្រចិត្តក្នុងការធ្វើកម្មវិធីទៅតាមវិទ្យាល័យនៅទីក្រុង និងតាមទីបណ្តាខេត្តផ្សេងៗ កម្មវិធីនេះមិនប្រាកដថាផ្តល់ផលប្រយោជន៍បានទាំងស្រុងនោះទេ តែវាក៏ជាផ្នែកតូចមួយសម្រាប់ចែករំលែកការអប់រំដល់គ្នាទៅវិញទៅមក។  ម៉្យាងវិញទៀត ពួកគេអាចចូលរួមកម្មវិធីដែលធ្វើឡើងដោយអ្នកជំនាញផ្សេងៗទាក់ទងនឹងការចែកចាយគំនិតក្នុងការរៀបចំខ្លួនសម្រាប់ចូលរៀនថ្នាក់បរិញ្ញាបត្រ ឬមុនចូលបម្រើការងារ ពីព្រោះតាមរយៈកម្មវិធីនេះពួកគេអាចទទួលបានវិធីសាស្រ្តថ្មីៗ ឬយល់ដឹងពីផលប៉ះពាល់ក្នុងការគ្មានជំនាញទន់ ។ ហេលស៍ថាម៖ ការដុសខាត់នូវជំនាញទន់ អាចធ្វើបានតាមរូបភាពអ្វីខ្លះ? ចម្លើយ៖ ដើម្បីតម្រង់ទិស ដុសខាត់អ្នកវ័យក្មេង ទីមួយ គឺទាក់ទងនឹងបរិយាកាសជុំវិញខ្លួន យើងអាចនិយាយបានថាសង្គមគ្រួសារជាបរិយាកាសចម្បង ដែលវាជាបំណែកមួយក្រៅពីសង្គមនៅតាមសាលារៀន ឬវិទ្យាល័យ ដែលពួកគាត់កំពុងតែទទួលបានការបណ្តុះបណ្តាល។  បន្ថែមពីសង្គមទាំងពីរខាងលើ ពួកគាត់អាចត្រូវបានដុសខាត់តាមរយៈកម្មវិធីដែលរៀបចំឡើងដោយថ្នាក់ដឹកនាំនៅតាមក្រុមហ៊ុនឯកជន ឬក្នុងស្ថាប័នរដ្ឋ ដោយហេតុថាកម្មវិធីនេះអាចផ្តល់ឱកាសឲ្យពួកគាត់ស្វែងយល់ពីសង្គមដែលមានលក្ខណៈថ្មីហើយប្លែក ក្រៅពីសង្គមគ្រួសារដែលបានឆ្លងកាត់រយៈពេលយូរ ដោយវាហាក់ដូចជាគ្មានអ្វីប្លែក។ ហេលស៍ថាម៖ សិស្សវិទ្យាល័យគួរធ្វើ និងមិនគួរធ្វើអ្វីខ្លះ ដើម្បីមានអាទិភាពជាងគេ ពេលដែលដាក់ពាក្យបម្រើការងារ? ចម្លើយ៖ ការសិក្សា ឬការទទួលការហ្វឹកហាត់ពីអ្នកដទៃមិនអាចដុសខាត់សមត្ថភាពបាន១០០%ទេ ដូច្នេះ ពួកគាត់គួរតែយកនូវអ្វីដែលខ្លួនបានរៀនកន្លងមក យកមកអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ ពីព្រោះការរៀនបានទ្រឹស្តី តែខ្វះការអនុវត្ត ចំណេះដឹងទាំងនោះក៏ត្រូវបានកប់ចោលដោយឥតប្រយោជន៍។  បន្ថែមពីនេះ ពួកគាត់គួរតែមានជំនាញទន់ដែលបាននិយាយខាងលើ និងប្រើប្រាស់ឲ្យបានត្រឹមត្រូវ។  ការចូលរួមក្នុងសង្គមក៏ជាអ្វីដែលពួកគាត់គួរធ្វើ ដូចជាការជួយសង្គមតាមកម្មវិធីសប្បុរសធម៌ ឬការចុះជួយសហគមន៍តាមរូបភាពផ្សេងៗ ពីព្រោះថាវាអាចជួយឲ្យពួកគាត់មានក្តីស្រមៃផ្សេង ក្រៅពីការសិក្សាតាមសាលារៀន។  ផ្ទុយមកវិញ អ្វីដែលគាត់មិនគួរធ្វើ គឺប្រព្រឹត្តិអ្វីដែលខុសដោយចេតនាផ្ទុយទៅនឹងទ្រឹស្តីដែលគាត់បានរៀន ដោយវាអាចប៉ះពាល់ដល់កិត្តិយស ការប្រកបការងាររបស់ខ្លួនគាត់ផ្ទាល់។ ដូច្នេះ គួរកុំប្រព្រឹត្តិអ្វីដែលខុសពីឆន្ទៈរបស់ខ្លួន ដូចជាពាក្យគេថា «បើយើងរៀន គឺយើងត្រូវគិតថាយើងរស់នៅមួយជីវិត»។

Share

ថាដេកចុច Facebook ទៅគេងមិនលក់ ដល់ដាច់ភ្លើងហើយ ទូរស័ព្ទអស់ថ្មទៀត ចង់លើសដើម!​ ហើយ ២ នាក់ស្រីៗនេាះជាណាគេណ៎? ម៉េចក៏ត្រូវទៅកំពតជាមួយ Crush ខ្ញុំចឹង! ដឹងអត់ថាខ្ញុំប្រច័ណ្ឌ ប្រច័ណ្ឌព្រេាះស្រឡាញ់នេាះអី! ប្រហែលជាបងប្អូនគេទេដឹង? តែមិនសមសេាះ ដូចជាអាយុប្រហែលគាត់ដែរ ឬមួយជាសង្សាររបស់គាត់? ចប់ហើយ ... អស់សង្ឃឹមហើយតី ដ៏កំសត់អើយ! នៅមិនស្រណុកក្នុងខ្លួនសេាះ មានប៉ុន្មាននាក់យល់ពីអារម្មណ៍​ ដែលដឹងថា Crush មានសង្សារ? ហិហិ... ចាំមើលណា៎ Stalk ឲ្យដឹងសាច់រឿងហ្នឹងហ្មង! Crush ឯង ចាំមើលហ្អា៎... ហ៊ានតែមានសង្សារដឹងតែរឿងហ្មង... (លលេងទេ បើអញ្ចឹងមែន មានតែបានត្រឹមជា Fan កំសត់ហើយ)... ដាច់ភ្លើងយូរដែរហ្នឹង ល្មមម៉ាអស់អីគិត ក៏សន្លប់បាត់ទៅ...   តុកៗ.... "តីហ្អាក្រោកឡើង!" បងធំខ្ញុំគោះទ្វាដាស់ខ្ញុំ! "ជូនបងទៅព្រលានបន្តិច" ព្រឹកហ្នឹងបងខ្ញុំត្រូវទៅសិង្ហបុរីជាមួយប៉ា ៣ ៤ថ្ងៃ ដូចជាគាត់ត្រូវពិភាក្សាការងារអីមិនដឹងទេ។ ខ្ញុំនេះងូតទឹកមិនចង់ទាន់ ព្រេាះយន្តហេាះត្រូវចេញម៉ោង 9:35 ព្រឹកហើយ! ប្រញ៉ាប់ប្រញ៉ាលជូនគាត់ទៅ។ ពេលជិតដល់ព្រលាន បងខ្ញុំហុចថង់កិបមួយឲ្យ គាត់ថា អាហ្នឹងរបស់របររបស់ម្ចាស់ឡានដែលយើងប៉ះគ្នាពីម្សិលមិញ ទុកឲ្យស្រួលបួលផងប្រយ័ត្នបាត់របស់គេ ហើយព្រឹកមិញ បងយកឡានបងទៅដាក់ការ៉ាស់ពូម៉ាប់ហើយ ស្អែកពូម៉ាប់យកឡានមកឲ្យវិញហើយ ហើយអស់ម៉ានចាំតេប្រាប់ម្ចាស់ឡានប៉ុណ្ណឹងទៅ! អីយ៉ា... កំពុងតែគិតថាធ្វើម៉េចសុំបាន ឥឡូវឡើងឲ្យដល់មាត់នៀក៎ បងធំខ្ញុំគួរឲ្យស្រឡាញ់ម៉េះ!    មកដល់ផ្ទះវិញ ដកអត្តសញ្ញាណប័ណ្ណគេមកមើល អូហ៎ូ ថ្ងៃនេះ ស្គាល់ដល់ផ្ទះគេទៀតនៀក៎ គូព្រេងឲ្យច្បាស់ក្រឡែត! ហាហា... ហើយមុខក្នុងអត្តសញ្ញាណប័ណ្ណឡើងដូចស្វា ដឹងថតតាំងពេលកាលទេនៀក៎ មើលឡើងកាច តែមើលម៉េចក៏នៅតែគួរឲ្យស្រឡាញ់ គិតៗទៅ មនុស្សយើងពិតជាឃ្លានឆ្ងាញ់ស្រឡាញ់ស្អាតមែន។  សាកថ្មអីហើយ... ទៅឆែក Profile គេទៀតហើយ អត់ឃើញអីទៀតហើយ... ដូចមិនដែលចឹងសេាះកាលពីមុន គ្រាន់តែ Chat ទៅម្តង លេង Deactivate Account ទៀតហើយ! អូ៎.. សង្ស័យទៅស្វ៊ីតអីនៅកំពតហ្មងបានជាគេ Deactivate ចោល! យឺសៗ  ខ្លាំងដៃណាស់តាស៎....   អារម្មណ៍គ្មាន Crush មើល មិនដូចអារម្មណ៍ពេលមាន ថ្ងៃនេះលេង Facebook អីក៏ធុញម៉េះ! គ្មានអីគួរឲ្យចាប់អារម្មណ៍សេាះហ្មង...   ប្រហែលជាម៉ោង ជិត៥ កូនជាងរបស់ពូម៉ាប់យកឡានមកឲ្យវិញ គាត់ថាអស់ 120$​​ ខ្ញុំក៏ឲ្យលុយទៅ...   សំខាន់ឥឡូវដល់ពេលត្រូវនិយាយទូរស័ព្ទជាមួយ Crush ហើយ! គួរនិយាយថាម៉េចណ៎? ភ័យណាស់នៀក៎... បងហ្អា... បងឯងប៉ះឡានបងខ្ញុំម្សិលមិញហ្អា.. បងឯងនៅណាឥឡូវ? អេ... មិនត្រូវនិយាយចឹងទេ... បង ខ្ញុំតី ប្អូនបងមួយបងឯងជិះឡានប៉ះម្សិលមិញហូ៎ ចាំអត់? ហឺយ.. មិនល្អទេ... ហើយខ្ញុំថីហ្នឹង ម៉េចក៏ភ័យម៉េះ... វាយលេខទូរស័ព្ទហ់ើយ តែមិនហ៊ានចុចតែ .. យ៉ាប់ហ្មង! គ្រាន់តែនិយាយតាមទូរស័ព្ទសេាះក៏យ៉ាប់ដែរ... ណ្ហើយ..​ តេក៏តេ... ល្មមដាច់ចិត្តតេ ម៉ោងឡើងជិត ៦ កន្លះ... ពេលវេលាបណ្តាលឲ្យយើងជួបគ្នា ពេលវេលា.. អូហូ Ringtone អីក៏ស៊ីអារម្មណ៍ម៉េះនៀក៎ ... អាឡូចា៎ ... គ្រាន់តែលឺប៉ុណ្ណឹង មិនដឹងជាម៉េចខ្ញុំក៏បិទទូរស័ព្ទ... ហឺយ... ម៉ោងប៉ុណ្ណឹងហើយ ម៉េចក៏ស្រីអ្នកលើកទូរស័ព្ទវិញណ៎? អារម្មណ៍បែបនេះម៉េចក៏ចំឡែកម៉េះ... គេជានរណាគេ... មិនអស់ចិត្តសេាះ... ប្រហែលមួយសន្ទះក្រោយ ខ្ញុំ Call ទៅម្តងទៀត ... ពេលវេលាបណ្តាលឲ្យយើងជួបគ្នា... ហេតុអ្វីអារម្មណ៍លឺ Ringtone នេះមិនដូចអារម្មណ៍លឺដំបូងណ៎? ហេតុអ្វីមានអារម្មណ៍ថាបទនេះកំសត់ម៉េះ? លើកនេះ គ្មានអ្នកទទួលទូរស័ព្ទទេ... ខ្ញុំតេទៅប៉ុន្មានដង ហើយចុងក្រោយក៏តេលែងចូលតែម្តង អឺស.. លេងបិទទូរស័ព្ទចឹងហ្មង... Crush អើយ Crush កំពុងធ្វើអី ម៉េចក៏បិទទូរស័ព្ទហើយ... ឬមួយក៏... ទូរស័ព្ទគេអស់ថ្ម... ឬមួយក៏គេកំពុង...... កុំចេះតែគិតអីផ្តេសផ្តាស តីអើយតី  

Share

ថ្ងៃនេះមានរឿងពិបាកចិត្តមួយ​ និងសប្បាយចិត្តមួយ តើគួរប្រាប់រឿងមួយណាមុនណ៎?   ម្សិលមិញ បងខ្ញំុបើកឡាន Mazda ដែលគាត់ទើបតែទិញកាលពីអាទិត្យមុន​ជូនបងប្អូនទៅលេងចំការបិុខ្ញំុនៅតាកែវ។​ ខ្ញំុគេងស្តាប់ចម្រៀង​ក្នុងឡាន ចុចទូរស័ព្ទចាំមើលគេ Reply Comment យូរនេាះយូរ​ ម្នាក់ហ្នឹងមិនខ្ចី Reply សេាះហ្មង!​ ចុចចុះចុចឡើង ក៏គេងលក់បាត់ទៅ.... កំពុងតែគេងលក់សុខៗ ស្រាប់តែឡានខ្ញំុឈប់ឡើងកញ្ឆក់ ហើយម៉េចបានចឹង??? អូ៎! ឡានខ្ញំុប៉ះឡាន Audi ពណ៌សមួយ​ ឡើងវៀចកាង ពេលខ្ញំុមើលពីក្នុងឡាន។ បងខ្ញំុ​ ស្រែកថា យី អានេះទើបតែរៀនបើកឡានទេអី បើកចេញពីហាងបាយមក អត់ចេះមើលផ្លូវហ្មង! បងខ្ញំុ ប្រញ៉ាប់ចុះទៅមើលឡាន ហើយឡានមួយទៀតក៏ចុះមកដែរ ឃើញស្រីស្អាត ២នាក់ចេញពីឡាន ហើយតៃកុងឡានប្រុសម្នាក់។ អ្នកក្នុងឡានខ្ញំុរៀបនឹងចេញពីឡានទាំងអស់ ប៉ាប្រាប់ថាទុកឲ្យប៉ាចុះជាមួយបងប្រុសបានហើយ! ខ្ញំុអង្គុយអើតមើលពីក្នុងឡាន មើលឡើងស្លុត ហើយ crush ខ្ញំុបើកឡានម៉េចចឹង? ចប់ហើយៗ​ ... ហើយខ្វះពេលជួបមែន ជួបប៉ាខ្ញំុម្តង ប៉ះឡានគ្នានៀក៎! ចឹងៗអី ចូលដណ្តឹងខ្ញំុ ក៏ប៉ាខ្ញំុមិនឲ្យដែរ! អូ... គិតដល់ណាណីហើយតី ចេះតែមានហ្មង! យីស​... ហើយអាបិុហ្នឹង នាំស្រីស្អាតឡើង២នាក់ទៅកំពតនៀក៎ ស្ទាវដែរហ្នឹងហ្អា៎​ ចឹងៗអីទុកចិត្តបានអត់ទេ!  អង្គុយក្នុងឡានភ័យផងអរផង ដឹងម៉េចម៉ាលទេ ឡានហ្នឹងបងខ្ញំុស្រឡាញ់ខ្លាំងផង!    ប្រហែលជា ១០នាទី បងខ្ញំុ និងប៉ាដើរចូលក្នុងឡានវិញ ខ្ញំុមិនហ៊ានសួរពួកគាត់ទៀតហ្នឹងហ្អា! "ហ៊ា ដេាះស្រាយម៉េចហើយ?" បងទី២ខ្ញំុសួរបងធំ។ "អត់អីទេ អាមួយហ្នឹងគ្រាន់បើ​ ចេះគួរសម ចេះសំុទោស ឥឡូវគេឲ្យយកអត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរគេ លេខទូរស័ព្ទ និងគេកក់ ៥០ដុល្លាសិន ចាំធ្វើហើយអស់ម៉ានចាំទាក់ទងគេទៀត"។ "អឺ ក្មួយហ្នឹងចេះគួរសមគ្រាន់បើ មិនអីទេ" ប៉ាខ្ញំុបន្ថែម។ អីយ៉ា ... Crush ខ្ញំុគ្រាន់បើតាស៎នៀក៎ ប៉ាសរសើរទៀត ឡើងគ្រេាះជាលាភនៀក៎! អេ៎... ធ្វើម៉េចយកលេខអាបិុហ្នឹងពីបងធំខ្ញំុបានណ៎? ហេហេហេ ... តែនៅតែមិនអស់ចិត្តរឿង ដឹកស្រីស្អាត២នាក់ហ្នឹងហ្មង យឺស....   ចូលទៅលេងចំការល្ងាចនេះសប្បាយណាស់ ខានទៅលេងបិុយូរហើយ ឥឡូវសម្បូរអីញំុាដល់ហើយ បានផ្លែផ្កាហើយតាស៎ ចា​ំបានថាកាលពីក្មេងៗឧស្សាហ៍បានមកលេងចំការណាស់ តែដល់ឥឡូវម្នាក់ៗរវល់អស់ទៅ ប៉ុន្មានឆ្នាំហើយល្មមបានមកលេងម្តង! ហឺយ ... ពេលខ្លះសុភមង្គល ទាល់តែមានផែនការខ្លះបានៗ បើមិនចឹងទេ រវល់ភ្លេចបាយទឹកអស់ហើយ! នៅចំការ សេវា Internet ដើរយឺតណាស់ ចឹងក៏ខ្ជឹលឆែកតែម្តង ម៉្យាងជំុគ្រួសារសប្បាយក៏ភ្លេច Facebook អីហ្នឹងហ្មង...    តាមផ្លូវមកភ្នំពេញវិញ ទូរស័ព្ទអស់ថ្មល្មម ហើយក៏ហត់ខ្លាំងដែរ ចឹងក៏គេងទៅ...    ល្មមដល់ភ្នំពេញ ប្រហែលម៉ោង ៩យប់ហើយ ដាច់ភ្លើងឲ្យឈឺង ទូរស័ព្ទក៏អស់ថ្ម គ្មានជម្រើសទេថ្ងៃនេះ គេងយកកម្លាំងល្អជាង Good Night, Crush.    

Share

រសាប់រសល់ណាស់ពេញមួយថ្ងៃ គិតៗទៅអារម្មណ៍លួចស្រឡាញ់គេម៉េចក៏ដល់ម្លឹងណ៎​ ឡើងម្សិលមិញពេលញំុាបាយល្ងាចប៉ាសួរថា លេងបៀរចាញ់មែន? មិនដឹងប្រាប់គាត់ថាម៉េចទេ តីអើយ មិនចេះលាក់អារម្មណ៍សេាះហ្មង!   មិនអស់ចិត្តសេាះហ្មង ម្នាក់ហ្នឹងអីក៏ម៉េះៗ​ គ្រាន់តែ Delete Request លេង Block ខ្ញំុចោលហ្មង មិនសមសេាះ មែនអត់? តែអ្នកណាប្រើឲ្យតីឯង Delete Request គេចោលធ្វើអី ឲ្យវាសមមុខទៅ តីអើយ! ហិហិ .. តែឥឡូវអ្វីដែលសំខាន់គឺ ត្រូវធ្វើយ៉ាងម៉េចទៀត បើលួចមើល Profile គេក៏លែងបាន Chat ក៏មិនបាន ចប់ហើយខ្ញំុ Crush អើយ Crush ហេតុអីដាច់ចិត្តយ៉ាងនេះ? យល់ពីអារម្មណ៍ តីខ្លះបានអត់?   វីវរហើយ​….  Block Facebook ខ្ញំុហើយមិនគ្រប់ សូម្បីយល់សប្តិក៏លែងមកអើតដែរ គេខឹងខ្ញំុមែនទែនហើយ ។ ចប់ហើយៗ​ ទៅយល់សប្តិឃើញស្អីមិនដឹងទេ​​ ចាំបានថារត់រហូត មិនដឹងមានអ្វីដេញតាមទេ ក្រោកឡើង អស់កម្លាំងពីខ្លួនហ្មង?​ មុខឡើងក្តៅ!​ ចង់ឈឺម៉េចមិនដឹងទេនៀក៎! តែចង់ដឹងណាស់ថា យល់សប្តិហ្នឹងមានន័យថាម៉េចណ៎? មានអ្នកណាដឹងអត់? មិនហ៊ានសួរចាស់ៗទៀតហ្នឹងណា៎! អូ៎… ទូរស័ព្ទអស់ថ្មអាលីងហើយ ភ្លេចសាកថ្មយប់មិញ​​ បើក 3G ចោលហើយដេកដាក់ក្បាលលើទូរស័ព្ទទៀត ចឹងបានមានអារម្មណ៍ក្តៅៗ ហើយមិនយល់សប្តិឃើញគេសេាះ! សង្ស័យមកពី អាទូរស័ព្ទហ្នឹងហ្មង!   សាកថ្មមួយសន្ទុះ… ទៅអើតមើល Account គេម្តងទៀត ព្រេាះមិត្តភក្តិប្រាប់ថាប្រហែលជាគេ Deactivate Account ទេដឹង មិនដល់ថ្នាក់ Blockទេ គេមិនទំនេរទៅ Block តីឯងទេ។ អីយ៉ា… នៅមានសង្ឃឹមតាសនៀក៎ ថ្ងៃនេះចូលមើល Account គេបានហើយ ឆ្នាំនេះមិនស៊យទេ ហេហេ… Account គេថ្ងៃនេះ ចម្លែកណាស់ ចេះ Drama ទៀត!​ Share បទ ទេវតា របស់ P-Sand ហើយដាក់ថា ផ្កាយអើយផ្កាយជួយនាំខ្ញំុទៅផង on the way to Kampot។ តិចគេនិយាយពីតីទៅ? មិនអាចទេ … ឃើញ Post ហ្នឹងមានស្រីស្អាតមក Comment ច្រើនណាស់ … សុំទៅដែរ… បងជាទេវតាណា៎ … ហើយគាត់ Reply ឡើង sweet sweet … តីឯងស្រម៉ៃពេកហើយ គេកំពុងលួចស្រឡាញ់អ្នកផ្សេងដែលមិនមែនជាតីឯងហើយ នៅអរទៀតហ្ហា៎! អូ… មាន Message មួយ … “Happy Chinese New Year” ពួកម៉ាកខ្ញំុទេ ស្មានតែគេ Reply… អឺស! គេ seen ហើយអត់ Reply មួយម៉ាត់! គួរសប្បាយចិត្តដែលគេបានមើល ឬពិបាកចិត្តដែលគេមិន Reply ណ៎? គិតទៅមនុស្សយើងលោភមែនណ៎ ម្សិលមិញ​ បុណ្យឲ្យតែគេបាន​ឃើញសេាះ​ ឥឡូវគេ seen ហើយ មកពិបាកចិត្តទៀត! ណ្ហើយ… យ៉ាងណាក៏នៅមានសង្ឃឹមដែរ គ្រាន់បើជាងម្សិលមិញ មើលអីគេមិនឃើញដែរ។ តែឥឡូវសំខាន់ត្រូវធ្វើម៉េចទៀតណ៎? អង្គុយមួយសន្ទុះ… Comment លើ post គេមួយចុះ​ ចាំគិតទៀត! Happy New Year, Have a safe trip … “តីហ្អាតី! ប៉ាហៅទៅលេងចំការអាបិុ” បងខ្ញុំហៅខ្ញំុហ្នឹងណា៎! យូរៗបានដើរលេងជុំគ្នា ខ្ញុំទៅសិនហើយណា៎… សំខាន់​ គាត់ហ្នឹង ស្រីស្អាត Comment ឆ្លើយឡើងលឿន ខ្ញុំ Comment ឡើងជិត ១០នាទីហើយ មិនទាន់ Reply ទៀត… យឺស

Share

ធ្លាប់ធ្វើដំណើរតាមរថភ្លើងហើយឬនៅ?  ហើយចង់សាកល្បងទេ?  វាប្រហែលមិនមែនជារឿងថ្មីស្រឡាងនោះទេសម្រាប់មិត្តៗអ្នកអានមួយចំនួន ប៉ុន្តែវាអាចនឹងរឿងថ្មីសម្រាប់អ្នកដែលមិនធ្លាប់ធ្វើដំណើរតាមរថភ្លើង។   នៅពេលដែលមានគម្រោងធ្វើដំណើរកម្សាន្តម្តងៗ  គឺមានរឿងជាច្រើនដែលត្រូវរៀបចំ ប៉ុន្តែអ្វីដែលសំខាន់ គឺមធ្យោបាយធ្វើដំណើរ។     យើងប្រាកដជាគិតថាតើគួរទៅកាន់ទីកន្លែងនោះដោយរបៀបណា? ប្រើយានជំនិះផ្ទាល់ខ្លួន ឬក៏ជួលរថយន្ត?  បើមានយានជំនិះផ្ទាល់ខ្លួន តើអ្នកណាជាអ្នកបើក? និងចំណុចដទៃទៀត... ហេតុអ្វីមិនសាកធ្វើដំណើរតាមរថភ្លើងរបស់ក្រុមហ៊ុន  រ៉ូយាល់រ៉េលវ៉េ  (Royal Railway) ជាក្រុមហ៊ុនស្ថានីយរថភ្លើងដែលទើបនឹងដាក់ឲ្យដំណើរការ   មានទីតាំងគោលដៅតែមួយខ្សែប៉ុណ្ណោះ គឺចេញពីភ្នំពេញទៅកាន់៣ទីតាំងរួមមាន ខេត្តតាកែវ កំពត និងខេត្តព្រះសីហនុ? ហេតុអ្វីគួរធ្វើដំណើរតាមរថភ្លើង? អ្វីដែលសំខាន់ គឺអារម្មណ៍ប្លែកម្យ៉ាងតាមរយៈការមើលឃើញទេសភាពស្អាតៗទាក់ភ្នែក   និងរំសាយអារម្មណ៍ជាច្រើនតាមដងផ្លូវរថភ្លើង។ ម្យ៉ាងទៀត ជំនួសឲ្យការធ្វើដំណើរតាមផ្លូវជាតិ រថភ្លើងនឹងធ្វើចរយាត្រានៅលើផ្លូវដែក ដែលប្រាកដណាស់ គឺមានលក្ខណៈខុសគ្នាពីផ្លូវធម្មតា។ រឹតតែពិសេសទៀតនោះ គឺ ផាសុកភាពផ្លូវចិត្តដោយមិនចាំបាច់បារម្ភពីការកកស្ទះចរាចរណ៍ ឬហេតុការណ៍ណាមួយនោះឡើយ។    មិត្តអ្នកអាន និងមិត្តរួមដំណើរជាក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិ ជាពិសេសអ្នកដែលធ្លាប់មានតួនាទីជាតៃកុង អាចយកពេលវេលាធ្វើអ្វីផ្សេង និងសម្រាកតាមដង ផ្លូវបានយ៉ាងរីករាយ ។  មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចយកយានជំនិះរបស់អ្នកទៅជាមួយ  ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ដោយពេលដែលដល់គោលដៅ  ក៏មិនចាំបាច់បារម្ភអំពីការគ្មានមធ្យោបាយធ្វើដំណើរនោះដែរ។ មានគ្រឿងបរិក្ខារអ្វីខ្លះដែរ? មិនចាំបាច់ខ្លាចថា ជិះចូលព្រៃហើយគ្មានសេវាអីុនធើណែតសម្រាប់ប្រើប្រាស់នោះឡើយ ព្រោះថានៅលើរថភ្លើងមានភ្ជាប់ប្រព័ន្ធWifi។    ជាមួយគ្នានេះដែរ ក៏មានប្រព័ន្ធអគ្គិសនីដែលអាចប្រើប្រាស់បានតាមតម្រូវការ។          លើសពីនេះទៅទៀត ភេសជ្ជៈក៏មានផងដែរនៅលើរថភ្លើងនោះតែម្តង    ដែលបង្កភាពងាយស្រួលដល់អ្នកដំណើរ។ រយៈពេល សេវាកម្ម និងតម្លៃ គិតយ៉ាងដូចម្តេចវិញ? ការធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តតាកែវមានរយៈពេល១ម៉ោងកន្លះ តម្លៃ៤ដុល្លារ រីឯទៅកាន់ខេត្តកំពត  មានរយៈពេល ៤ម៉ោងកន្លះ តម្លៃ៦ដុល្លារ  និងទៅកាន់ខេត្តព្រះសីហនុមានរយៈពេល៧ម៉ោង តម្លៃ៧ដុល្លារ។  ចំពោះតម្លៃផ្ញើយានជំនិះវិញ គឺ១៤ដុល្លារសម្រាប់រថយន្ត ៥ដុល្លារសម្រាប់ម៉ូតូ និង ២ដុល្លារសម្រាប់កង់។ គួរបញ្ជាក់ផងដែរថា  ថ្ងៃដែលចេញដំណើរ  គឺមានតែថ្ងៃសុក្រ សៅរ៍ និង ថ្ងៃអាទិត្យប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅក្នុងគេហទំព័រ www.trrcambodia.com ឬ ទូរស័ព្ទលេខ 078 888 582 និងអាសយដ្ឋាននៅលើមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ។

Share

អ្នកខ្លះមិនសូវចូលចិត្តរដូវរងាទេ ជាពិសេសសម្រាប់ស្រុកយើងដែលមិនសូវស៊ាំនឹងអាកាសធាតុត្រជាក់តែម្តង ហើយច្រើនរអ៊ូរទាំថា មិនងាយស្រួលក្នុងការចេញទៅក្រៅ និងសំខាន់ស្បែកមើលទៅមានសភាពស្ងួត និយាយទៅបាក់សម្រស់តែម្តង។  ប៉ុន្តែការពិតវាមិនដូច្នេះទេ ប្រសិនបើអ្នកចេះទាញយកផលប្រយោជន៍ពីវា  ហើយខាងក្រោមនេះគឺជាចំណុចខ្លះៗដែលនឹងធ្វើឲ្យអ្នកចូលចិត្តអាកាសធាតុនារដូវរងានេះ៖ 1. គេងលក់ស្រួល អាកាសធាតុក្តៅស្អុះស្អាប់អាចជាការរំខានដល់ដំណេករបស់អ្នក ធ្វើឲ្យលោកអ្នកគេងមិនលក់   មានអារម្មណ៍ថាអស់កម្លាំងនៅពេលព្រឹកទោះជាអ្នកប្រើកង្ហា ឬម៉ាស៊ីនត្រជាក់ដែលធ្វើឲ្យស្បែកបែរជាស្ងួតទៅវិញ។ ចំពោះ អាកាសធាតុត្រជាក់វិញធ្វើឲ្យបន្ទប់ត្រជាក់ល្មម   ពិសេសនៅប្រទេសយើងផ្ទាល់តែម្តង ដែលអាចឲ្យគេងលក់ស្រួល   និងគេងបានគ្រប់គ្រាន់ធ្វើឲ្យមានភាពស្វាហាប់ និងសម្រស់ស្រស់ស្អាត។ គន្លឹះ៖ •កុំភ្លេចពាក់អាវកក់ក្តៅ ដណ្តប់ភួយឲ្យបានគ្រប់គ្រាន់ និងចៀសវាងគេងផ្ទាល់នឹងឥដ្ឋ •ញ៉ាំទឹកល្មម   និងចូលបន្ទប់ទឹកឲ្យហើយមុនចូលគេង។ 2. ជាពេលវេលាល្អសម្រាប់រត់ហាត់ប្រាណ ជាការពិត ការរត់នៅក្រោមអាកាសធាតុក្តៅ ហប់ប្រៀបដូចជាបន្ទុកមួយទៅលើរូបរាងកាយធ្វើឲ្យអ្នករត់ពិបាកទ្រាំ ឆាប់ហត់ ប៉ុន្តែបើរត់នៅក្រោមអាកាសធាតុត្រជាក់ធ្វើឲ្យអ្នករត់មានអារម្មណ៍ល្អ មិនឆាប់អស់កម្លាំង ពិសេស គឺអាចដុតកាឡូរីបានកាន់តែលឿនជាងរដូវក្តៅ។ ដូចនេះ អ្នកក៍អាចទទួលបានរូបរាងដ៏ស្រស់ស្អាត និងរឹងមាំផងដែរ។ គន្លឹះ៖ •សម្លៀកបំពាក់កីឡាជិតៗ ជាមួយស្បែកជើង  និងស្រោមជើងវែង •ពាក់មួកការពារសន្សើម  បើត្រូវរត់នៅខាងក្រៅផ្ទះ។ 3. ថ្ពាល់ក្រហមព្រឿងៗ មិនចាំបាច់ចំណាយពេលផាត់មុខដើម្បីទទួលផ្ទៃមុខក្រហមនោះទេ ព្រោះសីតុណ្ហភាពត្រជាក់ សរសៃឈាមដែលនៅក្រោមស្បែកមានសន្ទុះ ធ្វើឲ្យផ្ទៃមុខមានសភាពក្រហមតិចៗ មើលទៅស្អាតប្លែកបែបធម្មជាតិ និងកាន់តែមានភាពទាក់ទាញ។ គន្លឹះ៖ •លាបឡេផ្តល់សំណើមដល់ស្បែកឲ្យគ្រប់គ្រាន់ និងកុំភ្លេចក្រមួនលាបបបូរមាត់ •អាចទះតិចៗលើផ្ទៃមុខដើម្បីភ្ងោចដល់កោសិកាស្បែកឲ្យមានភាពរស់និងហាប់ណែនផងដែរ។ 4. ផ្ទៃមុខមានភាពស្រស់ស្អាត រាល់ពេលរដូវរងាចូលមកដល់ ដូចជាមិនសូវចង់ងូតទឹកព្រោះងូតទៅចង់ញាក់ តែចង់ប្រាប់ថាទឹកត្រជាក់អាចជួយឲ្យប្រហោងរន្ធរោមរួមតូច មើលទៅម៉ដ្ឋស្អាត។ ម្យ៉ាង វាក៏អាចពន្យារ ព្រមទាំងការពារការកកស្ទះនៃសារធាតុខ្លាញ់នៅលើផ្ទៃមុខក៏ដូចជាកាត់បន្ថយធូលីដីមិនឲ្យចូលរន្ធរោម ជាហេតុធ្វើឲ្យមិនកើតមុន និងមើលទៅមិនឃើញមានខ្លាញ់រងើមផងដែរ។ មិនថាតែផ្ទៃមុខទេ មុននៅខ្នងក៏អាចជួយកាត់បន្ថយបានដូចគ្នា។ គន្លឹះ៖ បើពិបាកទ្រាំនឹងទឹកត្រជាក់អាចងូតទឹកក្តៅសិន ដើម្បីជម្រះសារធាតុកខ្វក់ សឹមបន្តដោយទឹកត្រជាក់វិញ។ 5. សម្រស់កាន់តែក្មេងជាងវ័យ អាកាសធាតុត្រជាក់ជួយពង្រឹងនូវចលនាឈាមរត់ទាំងនៅលើមុខ និងខ្លួនប្រាណ អំណោយផលដល់ការកាត់បន្ថយរលាក ឬហើមនៅលើផ្ទៃមុខ និងភ្នែក មិនតែប៉ុណ្ណោះក៏អាចជួយពន្យារភាពជ្រីវជ្រួញបានដែរ តួយ៉ាងនៅកន្លែងថែរក្សាសម្ផស្សមួយចំនួនតែងប្រើវិធីសាស្រ្តទឹកត្រជាក់សម្រាប់ពង្រឹងស្បែកឲ្យតឹង ភ្លឺរលោងដូចកូនក្មេង។ គន្លឹះ៖ សំខាន់ត្រូវផ្តល់សំណើមដល់ស្បែក និងសាធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់។ 6. ស្រួលតុបតែងមុខ មិនមានការរំខានពីញើស និងខ្លាញ់លើផ្ទៃមុខ រួមផ្សំនឹងស្បែកម៉ដ្ឋរលោងផង ការតុបតែងមុខរបស់អ្នកនឹងកាន់តែងាយស្រួល និង perfect ថែមទាំងអាចជាប់បានយូរ  និងមិនប្រតាកដោយសារញើសទៀតផង។ គន្លឹះ៖  •ត្រូវលាបក្រែមផ្តល់សំណើមមុននឹងមេកអាប់ជានិច្ច    ហើយម៉ាស្សាស្បែកបន្តិចមុនផាត់មុខដើម្បីភ្ងោចចរន្តឈាម ​   ចៀសវាងផាត់មុខទាំងស្បែកកំពុងគ្មានភាពរស់ដោយភាពត្រជាក់។ •អាចបន្តក់ប្រេងចិញ្ចឹមស្បែកក្នុងក្រែម   ឬម្សៅទ្រនាប់របស់អ្នកបន្តិច ដើម្បីឲ្យមើលទៅរលោងស្អាត។ ដូចនេះ ត្រូវចាំថាអ្នកក៏ត្រូវចេះវិធីថែរក្សាសម្រស់នៅរដូវរងា ដើម្បីធានាថាអ្នកមិនរងឥទ្ធិពលមិនល្អពីអាកាសធាតុនេះ    តែជាគុណប្រយោជន៍ល្អៗរបស់វា។     ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share
Top