- Jan 27, 2017 |
- 9 years ago |
- 4.3K views
ជុំវិញការងារស្ម័គ្រចិត្តដែលអ្នកអាចមិនធ្លាប់បានដឹង…
ការងារស្ម័គ្រចិត្តអាចកើតមានក្នុងរូបភាពផ្សេងៗពីគ្នាដែលជាការងារមួយមិនត្រឹមតែជួយឲ្យបំពេញនូវចន្លោះពេលទំនេររបស់បុគ្គលម្នាក់ឲ្យមានប្រយោជន៍ទេ វាថែមទាំងរួមចំណែកជួយដល់បុព្វហេតុសង្គមណាមួយផងដែរ។ Konexgens ក៏បានជួបសម្ភាសផ្ទាល់ជាមួយលោក ឆាលី សំសុក្រឹត្យ ដែលមានបទពិសោធន៍ជាង៧ឆ្នាំជាមួយការងារស្ម័គ្រចិត្តនិងជាប្រធានក្រុមការងារស្ម័គ្រចិត្តនៃព្រឹត្តិការណ៍ប្រចាំឆ្នាំBarCamp ដែលមានអត្ថន័យខ្លឹមសារដូចខាងក្រោម… គុណប្រយោជន៍នៃការងារស្ម័គ្រចិត្ត - ចូលរួមចំណែកជួយដល់សង្គមជាតិ - បង្ហាញឲ្យអ្នកដទៃឃើញពីការគោរព និងស្រឡាញ់ខ្លួនឯង - ស្គាល់ខ្លួនឯងរឹតតែច្បាស់ ព្រមទាំងកាន់តែចេះឲ្យតម្លៃខ្លួនឯង - ដឹងថាទោះបីជាមនុស្សបែបណា មានជំនាញអ្វី ហើយស្ថិតក្នុងស្ថានភាពណា ក៏សុទ្ធតែអាចផ្តល់ប្រយោជន៍ដល់សង្គមដូចគ្នា។ សំណួរអ្នកគួរសួរខ្លួនឯង ពេលជ្រើសរើសការងារស្ម័គ្រចិត្ត - តើការងារមួយនេះមានលក្ខណៈអ្វីខ្លះពិសេសជាងការងារដទៃ? - តើវាអាចផ្តល់អ្វីខ្លះមកឲ្យយើង? - តើវាស័ក្តិសមនឹងយើងឬទេ (ស្របតាមមុខជំនាញសិក្សា ឬការងារ)? - តើវានឹងអាចកែប្រែយើងបានកម្រិតណា? ក្នុងរូបភាពបែបណាខ្លះ? - តើវាអាចឲ្យយើងស្គាល់ខ្លួនឯងថែមទៀតឬអត់? - តើការងារមួយនេះនឹងផ្តល់ឱកាសឲ្យយើងយល់ពីបញ្ហាសង្គមអ្វីខ្លះ? - តើវាផ្តល់ឱកាសឲ្យរៀនពីអ្នកដទៃឬទេ? ប្រភេទការងារស្ម័គ្រចិត្តដែលមិនគួរមើលរំលង ការងារដែលទាញយើងចេញពីភាពស្រណុក ជាពិសេសការចុះទៅតាមខេត្ត ឬ តំបន់ណាក៏ដោយឲ្យតែមិនមែនជាកន្លែងយើងនៅសព្វថ្ងៃ ដើម្បីមានឱកាសជួបជាមួយបរិស្ថានថ្មី មនុស្សថ្មី បញ្ហាថ្មី ហើយការមើលទៅកាន់ពិភពលោករបស់យើងក៏កាន់តែទូលំទូលាយជាងមុនដែរ។ ប្រភេទការងារដែលពេញចិត្តជាងគេ ការងារដែលអាចឲ្យផ្សារភ្ជាប់ជំនាញដែលកំពុងសិក្សា និង ការងារដែលខ្លួនកំពុងបំពេញ ដូចជាBarCampជាដើម ដែលអាចឲ្យអ្នកមានជំនាញផ្នែកបច្ចេកវិទ្យា និងជំនាញផ្សេងមួយទៀត ទាញយកគុណប្រយោជន៍បានច្រើនយ៉ាង។ លក្ខណៈសម្បត្តិនៃអ្នកស្ម័គ្រចិត្តឆ្លាតវៃ - ស្គាល់ខ្លួនឯងឲ្យបានច្បាស់ - ស្គាល់ពីការងារដែលខ្លួនចូលរួម - បើកចិត្តឲ្យទូលាយទទួលយកបទពិសោធន៍ថ្មី - មានចិត្តចង់ដឹង ចង់រៀនពីគ្រប់គ្នា - ចាត់ទុកមិត្តរួមការងារ ប្រធានក្រុម និងអ្នកដែលពាក់ព័ន្ធជាគ្រូ ព្រោះថាយើងនឹងធ្វើការជាមួយមនុស្សមកពីមជ្ឈដ្ឋានផ្សេងៗពីគ្នា - គ្រប់គ្រងខ្លួនឯង ជាពិសេសការបែងចែកពេលវេលា ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ការងារផ្ទាល់ខ្លួន - ធ្វើការងារឲ្យមានប្រសិទ្ធភាព - ចេះវិភាគលើបញ្ហាសង្គម ព្រោះការងារស្ម័គ្រចិត្តភាគច្រើនទាក់ទងនឹងបញ្ហាសង្គមដែលចោទឡើង - បង្កើតគំនិតយោបល់ផ្សេងៗក្នុងការដោះស្រាយបញ្ហា។ ចំណុចដែលបេក្ខភាពគួរមាន ដើម្បីទទួលបានការងារស្ម័គ្រចិត្ត - ស្គាល់ពីអង្គភាពនៃអ្នកចាត់ចែងកម្មវិធី - ស្គាល់ពីខ្លួនឯង - ស្គាល់ពីគោលបំណងនៃការងារស្ម័គ្រចិត្ត - មានគោលបំណងច្បាស់លាស់ក្នុងការចូលរួមការងារស្ម័គ្រចិត្ត - មានភាពឆ្លាតវៃក្នុងការគ្រប់គ្រងការងារ ពេលវេលា និងស្ថានភាពបញ្ហា - មានចំណង់ក្នុងការចង់រៀនបន្ថែម - មានពេលវេលាគ្រប់គ្រាន់សម្រាប់ការងារ លក្ខណៈពិសេសដែលជួយឲ្យក្លាយជាអ្នកដឹកនាំ - មានសមត្ថភាពក្នុងការធ្វើការងារជាមួយមនុស្ស - មិនផ្តោតសំខាន់តែលើការបញ្ចប់ការងារតាមគោលដៅមួយមុខ - ព្យាយាមបំពេញកិច្ចការងារប្រកបដោយប្រសិទ្ធភាព សារសម្រាប់មិត្តអ្នកអាន គួរតែស្វែងយល់ពីខ្លួនឯងបន្ថែម ហើយសួរខ្លួនឯងថាតើការជួយសង្គមមានន័យយ៉ាងណាសម្រាប់ខ្លួនយើង? ហើយការរីកចម្រើនអ្វីខ្លះ ដែលយើងចង់អោយកើតមានឡើងក្នុងសង្គម? ហេតុនេះហើយ គួរចាប់ផ្តើមរៀបចំពេលវេលា និងចូលរួមធ្វើការងារស្ម័គ្រចិត្ត ដើម្បីឲ្យសង្គមមានការរីកចម្រើនទាំងអស់គ្នា…
Share
