- Feb 04, 2017 |
- 7 years ago |
- 16.2K views
និស្សិតថ្នាក់បណ្ឌិតផ្នែកវេជ្ជសាស្រ្តនៅអាមេរិក «ត្រូវចេះរស់នៅដោយឯករាជ្យ ហើយចេះសម្របខ្លួន បើចង់រៀននៅបរទេស»
អ្នកធ្លាប់ស្រមៃចង់ទៅរៀននៅបរទេសដែរឬទេ? មានសិស្សនិស្សិតមិនតិចទេដែលតែងតែសង្ឃឹមថាខ្លួននឹងបានទៅបន្តការសិក្សានៅឯក្រៅប្រទេស ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់អាចសម្រេចក្ដីប្រាថ្នារបស់ខ្លួនបានទៅ? ក្នុងអត្ថបទខាងក្រោមនេះ ហេលស៍ថាម បានធ្វើកិច្ចសម្ភាសន៍ជាមួយនឹងនិសិ្សតអាហារូបករណ៍ដ៏ឆ្នើមមួយរូបគឺលោក ហេង វិបុល ហើយលោកក៏ជាអតីតសិស្សពូកែមេដាយមាសគណិតវិទ្យា និងទទួលបាននិទ្ទេស A លំដាប់ទី១ផងដែរ។ បើលោកអ្នកចង់ដឹងអំពីការចែករំលែកបទពិសោធន៍នៃការសិក្សាទាំងអស់នេះសូមអានអត្ថបទរបស់យើងខាងក្រោម.... ប្រវត្តិនៃការសិក្សា ជាអតីតសិស្សនៃអនុវិទ្យាល័យចតុមុខ និងបានបន្តទៅវិទ្យាល័យព្រះស៊ីសុវត្ថិនៅថ្នាក់ទី១០ លោក ហេង វិបុល ក៏បានទទួលមេដាយមាសសិស្សពូកែគណិតវិទ្យាថ្នាក់ទី១២ ថែមទាំងជាសិស្សនិទ្ទេស Aកម្រិតទី១ ក្នុងការប្រលងសញ្ញាបត្រចំណេះដឹងទូទៅទុតិយភូមិផងដែរ។ បន្ទាប់ពីបានបញ្ចប់វិទ្យាល័យ លោកបានទទួលអាហារូបករណ៍ពីសាកលវិទ្យាល័យវិទ្យាសាស្រ្ដ សុខាភិបាលតែលោកសិក្សាបានតែរយៈពេល៣ឆ្នាំប៉ុណ្ណោះលោកក៏បានទទួលអាហារូបករណ៍ទៅរៀននៅសហរដ្ឋអាមេរិកផ្នែកគីមីវិទ្យា និងជីវវិទ្យានៃសាកលវិទ្យាល័យ Grambling State University ។ បន្ទាប់ពីសិក្សាអស់រយៈពេល២ឆ្នាំ លោកក៏បានផ្លាស់ប្ដូរទៅសាកលវិទ្យាល័យ Yale University ដោយរៀនមុខវិជ្ជា Molecular Biophysics in Biochemistry ដែលផ្ដោតសំខាន់ទៅលើការសិក្សាពីភាគល្អិតដោយបង្កើតជាទ្រឹស្ដីជីវរូបវិទ្យា និងជីវគីមីវិទ្យា។ ដើម្បីចូលរៀនថ្នាក់វេជ្ជបណ្ឌិតទូទៅ ឬរៀនក្នុងសាកលវិទ្យាល័យវេជ្ជសាស្រ្ដនៅសហរដ្ឋអាមេរិក គេតម្រូវឲ្យនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ដ៤ឆ្នាំជាមុនសិនទើបអាចដាក់ពាក្យចូលរៀនបាន។ ការសិក្សាថ្នាក់វេជ្ជបណ្ឌិតនៅទីនោះមានរយៈពេល៤ឆ្នាំដែលមានលក្ខណៈខុសប្លែកពីប្រទេសកម្ពុជា ដោយឡែកចំពោះរូបលោកផ្ទាល់ បន្ទាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ លោកក៏បានដាក់ពាក្យចូលរៀនថ្នាក់បណ្ឌិតផ្នែកវេជ្ជសាស្រ្ដដែលត្រូវបន្តការសិក្សារហូតទៅដល់៨ឆ្នាំបន្ថែមទៀតដោយសព្វថ្ងៃនេះលោកនៅជានិសិ្សតឆ្នាំទី២នៅឡើយ និងបណ្ឌិតផ្នែកស្រាវជ្រាវប្រសាទសាស្រ្ត(ឆ្នាំ២០១៦)។ គន្លឹះក្នុងការទទួលបានអាហារូបករណ៍ ក្នុងការសិក្សាយើងគួរតែខិតខំសិក្សានៅក្នុងថ្នាក់ឲ្យបានពូកែ និងដើម្បីមានលទ្ធភាពនឹងប្រលងជាសិស្សពូកែដោយបច្ចុប្បន្នមានសិស្សពូកែគណិតវិទ្យា រូបវិទ្យា និងអក្សសាស្រ្ដខ្មែរ ក្រៅពីនោះ ការដែលទទួលបាននិទ្ទេសល្អនៅពេលប្រលងសញ្ញាបត្រទុតិយភូមិក៏ជាគុណសម្បត្តិមួយផងដែរ។ ចំណុចដែលសំខាន់នៅពេលដែលចង់ដាក់ពាក្យទៅសិក្សានៅ ក្រៅប្រទេស គឺយើងត្រូវពង្រឹងផ្នែកភាសាឲ្យបានល្អជាក់ស្ដែងនៅពេលដែលលោកប្រលងយកអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិកគឺគេតម្រូវឲ្យធ្វើតេស្ដភាសាអង់គ្លេស SAT ដែលជាតេស្ដភាសាស្តង់ដាអន្តរជាតិដែលមិនត្រឹមតែនិស្សិតបរទេសនោះទេសូម្បីតែសិស្សជនជាតិអាមេរិកផ្ទាល់ដែលបានបញ្ចប់ថ្នាក់វិទ្យាល័យក៏តម្រូវឲ្យឆ្លងកាត់តេស្ដនេះផងដែរ។ ក្រៅពីការសិក្សា យើងក៏គួរតែចូលរួមចំណែកក្នុងការងារសង្គម និងការងារស្ម័គ្រចិត្តមួយចំនួន ដែលវាអាចជួយជម្រុញ ឬបន្ថែមសក្ដានុពលទៅលើប្រវត្តិរូបសង្ខេប(CV)របស់យើង។ វិធីសាស្រ្តក្លាយជាសិស្សពូកែ ពេលរៀនថ្នាក់វិទ្យាល័យក្រៅពីសិក្សានៅសាលារដ្ឋ លោកបានចំណាយពេលទំនេរបស់លោកទៅសិក្សាថ្នាក់ក្រៅម៉ោងបន្ថែមនៅសាលារៀនគួរជ័យថាវី ដោយសារតែលោកជាអតីតសិស្សពូកែគណិតវិទ្យាតាំងពីថ្នាក់ទី៩ដូច្នេះលោករៀនគួរគណិតវិទ្យាបន្ថែមច្រើនដោយខិតខំប្រឹងប្រែងសិក្សាពីលំហាត់ និងស្វែងយល់ពីទ្រឹស្ដីផ្សេងៗដើម្បីពង្រឹងសម្ថភាពទៅប្រលងសិស្សពូកែនៅថ្នាក់ទី១២។ ក្រៅពីនោះ លោកបានជួយក្នុងការងារសង្គមមួយចំនួនដូចជា ចុះជួយធ្វើការងារបរិស្ថាន ជួយបង្រៀនក្មេងកំព្រា និងឆ្លៀតពេលរៀនភាសាបន្ថែម។ ជាក់ស្ដែងសព្វថ្ងៃនេះលោកអាចនិយាយបានរហូតដល់ទៅ៤ភាសាដូចជា ខ្មែរ ចិន បារាំង និងអង់គ្លេស។ ភាពលំបាកក្នុងការសិក្សានៅបរទេស មិនមានអ្វីដែលជាបញ្ហាចោទប៉ុន្មានទេដោយសារតែលោកបានត្រៀមខ្លួនរួចរាល់ហើយក៏មានន័យថាលោកមានសមត្ថភាពគ្រប់គ្រាន់ទៅប្រកួតប្រជែងជាមួយនឹងជាតិសាសន៍គេផងដែរ ប៉ុន្តែដោយសារតែកម្មវិធីសិក្សានៅប្រទេសកម្ពុជាមានកង្វះខាតមួយចំនួនផ្នែកប្រវត្តិសាស្រ្ដអក្សរសិល្ប៍របស់សហរដ្ឋអាមេរិក (History and Literature) របៀបនៃការសរសេរជាភាសារអង់គ្លេសក៏ មានលក្ខណៈខុសគ្នាមួយចំនួន សូម្បីតែថ្នាក់តន្រី្ដ ឬសិល្បៈក៏តម្រូវឲ្យសិក្សាដែរ។ កង្វះខាតទាំងអស់នេះវាតម្រូវឲ្យលោកត្រូវខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឲ្យការសិក្សារបស់លោកដើរទន្ទឹមនឹងគេព្រោះតែនេះជាចំណេះដឹងទូទៅរបស់សិស្សវិទ្យាល័យនៅឯសហរដ្ឋអាមេរិក។ ចំណុចសំខាន់មួយទៀតដែលកម្មវិធីសិក្សារបស់ជាតិយើងខ្វះខាតនោះ គឺការធ្វើពិសោធន៍ផ្ទាល់ដែលនៅពេលដែលរៀនថ្នាក់វិទ្យាល័យយើងគ្រាន់តែចេះទ្រឹស្ដីដូចជានៅក្នុងមេរៀនរូបវិទ្យា និងគីមីវិទ្យាប៉ុន្តែយើងពុំបានអនុវត្តផ្ទាល់នោះទេ តែផ្ទុយទៅវិញ សាស្រ្ដាចារ្យនៅទីនោះបែរជាយល់ថាយើងមានចំណេះដឹងផ្នែកនេះរួចទៅហើយ ដូច្នេះត្រង់ចំណុចនេះយើងត្រូវតែស្វ័យសិក្សាដោយខ្លួនឯង ឬសុំឲ្យសិស្សច្បងពន្យល់ និងបង្រៀនបន្ថែមដើម្បីតាមឲ្យទាន់កម្មវិធីសិក្សា។ បរិយាកាសសិក្សានៅក្រៅប្រទេស នៅពេលទៅដល់ទីនោះដំបូងនិស្សិតទាំងអស់តម្រូវឲ្យចូលរួមក្នុងវគ្គ International Orientation Program ដែលធ្វើឡើងដើម្បីឲ្យនិស្សិតទាំងអស់ស្គាល់គ្នាទៅវិញទៅមកបង្កើនទំនាក់ទំនងរវាងសិស្សច្បងនិងសិស្សប្អូន និងណែនាំនិស្សិតជំនាន់ថ្មីឲ្យស្គាល់ពីបរិវេណសាលារៀនដូចជាបណ្ណាល័យ អាហារដ្ឋាន ក៏ដូចជាសាលសិក្សាជាដើម។ ក្រៅពីការរៀនហើយ នៅទីនោះយើងត្រូវតែសម្របខ្លួនជាមួយនឹងបរិយាកាសវប្បធម៌ដ៏សម្បូរបែប ការទំនាក់ទំនង និងរបៀបលើកដាក់សម្លេងរបស់ជនជាតិគេដើម្បីសម្រួលក្នុងជីវភាពក៏ដូចជាការចូលក្នុងសង្គមផងដែរ។ ដោយសារតែសាកលវិទ្យាល័យដែលលោកបាន និងកំពុងតែសិក្សាគឺជាសាកលវិទ្យាល័យអន្តរជាតិដែលអាចធ្វើឲ្យលោកស្គាល់ និងយល់ដឹងពីវប្បធម៌បរទេសជាច្រើនដោយពុំមានការរើសអើងគ្នាឡើយហើយក្នុងនោះក្រៅពីការសិក្សាហើយសាកលវិទ្យាល័យក៏បានរៀបចំឲ្យនិស្សិតចូលរួមជាមួយនឹងសមាគម ឬអង្គការនានា និងចូលរួមសកម្មភាពសង្គមទៀតផង។ នៅពេលដែលចូលដល់រដូវវិស្សមកាលម្ដងៗ មាននិស្សិតមួយចំនួនបានចេញទៅរកការងារក្រៅម៉ោងធ្វើចំពោះរូបលោកក៏មិនខុសគ្នាផងដែរដោយរូបលោកព្យាយាមទៅបម្រើការងារជូនមន្ទីរពិសោធន៍នានាក្នុងគោលបំណងងាយនឹងទទួលបានឱកាសណាមួយដាក់ពាក្យចូលរៀនផ្នែកវេជ្ជសាស្ដ្រ។ សារសម្រាប់មិត្តអ្នកអាន ជាចុងក្រោយ លោកក៏មានពាក្យពេចន៍ខ្លះចែកជូនដល់មិត្តអ្នកអានជាពិសេសអ្នកដែលមានបំណងទៅសិក្សានៅប្រទេសក្រៅដែរថា «ជីវភាពដែលរស់នៅក្រៅប្រទេសតែម្នាក់ឯងដំបូង គឺមិនងាយស្រួលនោះឡើយ ដូច្នេះយើងគួរតែមានភាពម្ចាស់ការលើខ្លួនឯងចេះរបៀបរៀបចំគម្រោងផ្ទាល់ខ្លួនឲ្យបានច្បាស់លាស់ រៀនរស់នៅដោយឯករាជ្យ ហើយត្រូវរៀនទម្លាប់ក្នុងការរស់នៅ និងវប្បធម៌របស់គេដែលវាធ្វើឲ្យយើងមានភាពងាយស្រួលក្នុងការរស់នៅឯបរទេស។» ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share