Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

បើយោងតាមអង្គការសុខភាពពិភពលោក(WHO)បានពន្យល់ថាជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃដែលកើតឡើងនៅពេលដែលលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់ ឬនៅពេលរាងកាយមិនអាចប្រើអាំងស៊ុយលីនដែលលំពែងផលិតបាន។  អាំងស៊ុយលីន គឺជាអ័រម៉ូនមួយដែលមានតួនាទីគ្រប់គ្រងជាតិស្ករនៅក្នុងឈាម(ដោយជាតិស្ករទាំងនោះបានមកតាមរយះនៅពេលសរីរាង្គកាយរំលាយអាហារ វាផ្តល់ជាតិស្ករទៅក្នុងឈាមរបស់យើង)។ ជាតិស្ករនេះត្រូវបានហៅថាគ្លុយកូស ហើយរាងកាយរបស់យើងប្រើប្រាស់វាដើម្បីទាញយកនូវថាមពលដែលយើងត្រូវការ។  អាហារផ្អែមក្លាយទៅជាគ្លុយកូស ប៉ុន្តែអាហារដទៃទៀតក៏ក្លាយទៅជាគ្លុយកូសផងដែរ ជាពិសេសអាហារជាតិម្សៅ ដូចជាបាយ ដំឡូង នំបុ័ង ឬអាហារផ្សេងទៀតដែលធ្វើពីស្រូវសាឡីជាដើម។ ដូចនេះអាហារមួយចំនួនដែលអ្នកជំងឺទឹកនោមផ្អែមគួរជៀសវាងដែលអាចបង្កហានិភ័យចំពោះអ្នកជំងឺបានដែរ រួមមាន ៖ អាហារមានជាតិស្ករខ្ពស់៖ សូដា បង្អែម និងអាហារដទៃទៀត អាចបង្កើតកម្រិតជាតិស្ករនៅក្នុងឈាមបានយ៉ាងលឿន។ ទឹកផ្លែឈើ៖ ផ្លែឈើ ដែលមិនសម្បូរជាតិសរសៃត្រូវបានគេចាត់ទុកថាមានជាតិកាបូអ៊ីដ្រាតតិច ហើយបង្កផលប៉ះពាល់ដល់អ្នកជំងឺទឹកនោមផ្អែម។ ប្រសិនបើអ្នកចង់បានភេសជ្ជៈស្រស់ ហើយជួយរក្សាកម្រិតជាតិស្ករឲ្យថេរ នោះគឺក្រូចឆ្មា។ ទឹកដោះគោ៖ ផលិតផលទឹកដោះគោ មួយចំនួន អាចបង្កើនកម្រិតកូលេស្តេរ៉ុលអាក្រក់ចូលទៅក្នុងខ្លួនរបស់អ្នក និងបង្កើនហានិភ័យនៃជំងឺបេះដូង។ អាហារសម្បូរខ្លាញ់៖ អាហារ ដែលមានជាតិខ្លាញ់ ដូចជាប្រហិតចៀន និងដំឡូងចៀនជាដើម បង្កហានិភ័យខ្ពស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម ព្រោះវា ជួយបង្កើនកម្រិតជាតិស្ករនៅក្នុងឈាមបានយ៉ាងឆាប់រហ័ស។ ជាចុងក្រោយសង្ឃឹមថាអ្នកជំងឺទឹកនោមផ្អែកគាត់នឹងអាចជៀសវាង ឬតមនៅរបបអាហារខាងលើនេះបានដើម្បីរក្សាសុខភាពខ្លួនឯង ដើម្បីក្រុមគ្រួសារ នឹង ដើម្បីប្រទេសជាតិ។ រៀបចំអត្ថបទដោយ៖ សុផល ផលនីវិសិដ្ឋ និស្សិតថ្នាក់វេជ្ជបណ្ឌិតនៃសាកលវិទ្យាល័យ អន្តរជាតិ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ     

ចែករំលែក

ផលវិបាកនៃជំងឺទឹកនោមផ្អែម គឺអាចប៉ះពាល់តាំងពីភ្នែករហូតដល់ចុងជើង ប៉ុន្តែផលវិបាកទាំងនោះសុទ្ធតែអាចការពារ ឬអាចពន្យារបាន។ ហេតុនេះ វេជ្ជបណ្ឌិតចង់ឲ្យអ្នកជំងឺទឹកនោមផ្អែមទាំងឡាយ បង្កើតទម្លាប់ក្នុងការធ្វើរឿងសំខាន់ៗ ខាងក្រោមឲ្យបានទៀងទាត់ដែលមាន៩ចំណុច… 1. ស្គាល់ចំនួនខ្លះៗ កំហាប់ស្ករក្នុងឈាម(A1C) សម្ពាធឈាម កូឡេស្តេរ៉ុល ទម្ងន់សមាមាត្រនឹងកំពស់(BMI) មុខងារតម្រងនោម ដើម្បីយល់ដឹងពីស្ថានភាពជំងឺទឹកនោមផ្អែមផ្ទាល់ខ្លួន និងតាមដានរាល់សារសំខាន់របស់វា។ 2. តាមដានជាតិស្ករក្នុងឈាម ការធ្វើតេស្តជាតិស្ករក្នុងឈាមជាញឹកញាប់ខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ប៉ុន្តែស្ទើរតែគ្រប់គ្នាធ្វើបានល្អប្រសើរ ប្រសិនបើពួកគាត់យល់ពីប្រសិទ្ធភាពនៃការធ្វើលំហាត់ប្រាណ ឬ របបអាហារត្រឹមត្រូវ និងការផ្លាស់ប្តូរកម្រិតថ្នាំ (ជាពិសេសអាំងស៊ុយលីន) ។ 3. ជួបជាមួយអ្នកឯកទេសភ្នែក ជាសំណាងល្អ អ្នកជំងឺទឹកនោមផ្អែមភាគច្រើនមិនមានបញ្ហាភ្នែកប៉ះពាល់ខ្លាំងទេ ប៉ុន្តែនៅពេលវាកើតឡើង វាអាចមានការរំខានខ្លាំង។ យ៉ាងណាមិញ បញ្ហានេះ យើងអាចការពារ និងព្យាបាលបានភាគច្រើន។ អ្នកជំងឺទឹកនោមផ្អែមគួរទៅពិនិត្យបាតភ្នែកជាមួយគ្រូពេទ្យចក្ខុរោគយ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំ ដើម្បីដឹងថាមានផលប៉ះពាល់ដល់សរសៃឈាមបាតភ្នែកឬទេ។ 4. ជួបគ្រូពេទ្យធ្មេញ អ្នកជំងឺទឹកនោមផ្អែមងាយប្រឈម នឹងបញ្ហាធ្មេញ(ភាគច្រើនរលាកអញ្ចាញ និងពុកធ្មេញ) ហេតុនេះ អ្នកជំងឺទឹកនោមផ្អែមគួរពិនិត្យធ្មេញយ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំ។ 5. ពិនិត្យមើលជើងរៀងរាល់ថ្ងៃ ជំងឺទឹកនោមផ្អែមអាចកាត់បន្ថយមុខងារសរសៃប្រសាទបាន(ញាណដឹង) ហើយលោកអ្នកប្រហែលជាមិនមានអារម្មណ៍មុត ឬជាំដែលជាធម្មតាបណ្តាលឲ្យឈឺចាប់។ សូមពិនិត្យបាតជើង លាបក្រេមរក្សាស្បែកលើប្រអប់ជើងនៅពេលយប់ ឲ្យប្រាកដថាមានស្បែកជើងពាក់សមស្រប ហើយសុំឲ្យគ្រូពេទ្យពិនិត្យមើលជើងរាល់ពេលទៅជួប។ 6. ហាត់ប្រាណជាប្រចាំ ហាត់ប្រាណ គឺជាផ្នែកមួយនៃការព្យាបាលជំងឺទឹកនោមផ្អែមរបស់លោកអ្នកជាប្រចាំថ្ងៃ! សូមហាត់ប្រាណឲ្យបាន ១៥០នាទីក្នុងមួយសប្តាហ៏ដូចជាដើរ ឬរត់ ដោយអាចប្រើស្មាតហ្វូនដែលមានកម្មវិធីរាប់ជំហានជាជំនួយដល់លោកអ្នកឱ្យដឹងពីចំនួនកំពុងធ្វើ។ 7. ដឹងអ្វីដែលត្រូវញ៉ាំ យកចិត្តទុកដាក់នូវអ្វីដែលលោកអ្នកពិសា។ រក្សាទុកកំណត់ហេតុអាហារដែលមានកម្រិតសន្ទស្សន៏ជាតិស្ករ(ខ្ពស់ មធ្យម និងទាប់) ហើយគួរចៀសវាងអាហារដែលមានជាតិស្ករខ្ពស់ និងកុំហូបជាន់គ្នាច្រើនពេក។ 8. ប្រឹក្សាជាមួយគ្រូពេទ្យ ធ្វើកំណត់ត្រានូវអ្វីទាក់ទងដែលត្រូវពិភាក្សាជាមួយគ្រូពេទ្យនៅពេលណាត់ជួបលើកក្រោយ។ សូមប្រាប់ទៅវេជ្ជបណ្ឌិត ប្រសិនបើលោកអ្នកមានអារម្មណ៍តប់ប្រមល់ ខ្វាយខ្វល់ ខឹង ឬបាក់ទឹកចិត្ត។ 9. មកតាមការណាត់ឲ្យបានទៀងទាត់ អនុញ្ញាតឲ្យវេជ្ជបណ្ឌិតដឹងពីការវិវឌ្ឍជំងឺទឹកនោមផ្អែមទាន់ពេលវេលា ទាំងការរស់នៅប្រចាំថ្ងៃ ហូបចុក ទទួលទានថ្នាំ លទ្ធភាព និងតាមដានឥទ្ធិពលថ្នាំ បើទោះបីលោកអ្នកមិនមានរោគសញ្ញាអ្វីក៏ដោយ។ លោកអ្នកត្រូវចាំថាទោះជាការរក្សាកម្រិតជាតិស្ករបានល្អក៏ដោយ ប៉ុន្តែ ជំងឺនេះអាចផ្តល់នូវគុណវិបត្តិជាច្រើនទៀត។ ការយកចិត្តទុកដាក់ចំពោះចំណុចទាំង៩ខាងលើ ប្រៀបដូចជាប្រទីបបង្ហាញផ្លូវដ៏មានប្រសិទ្ធភាព ដើម្បីការពារខ្លួនជាប្រចាំផងដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ពិធីបុណ្យ រ៉ម៉ាទន ឬ រ៉ាម៉ាដន ឬ Ramadan គឺជាពិធីកម្មសាសនាដ៏មានសារៈសំខាន់ និងមានអត្ថន័យរបស់បងប្អូនប្រជាពលរដ្ឋដែលជាសាសនិកអ៊ីស្លាម។ យើងស្គាល់ថាជា ខែបួសរបស់សាសនិកអ៊ីស្លាម ក្នុងឆ្នាំ២០១៨នេះ ចាប់ផ្តើមពីថ្ងៃទី ១៧ ខែឧសភា រហូតដល់ថ្ងៃទី ១៥ ខែមិថុនា។  ដោយផ្អែកទៅលើកាត្វកិច្ចដែលត្រូវអនុវត្តក្នុងអំឡុងខែបួសនេះ ពុកម៉ែបងប្អូនដែលមានជំងឺទឹកនោមផ្អែម ត្រូវស្វែងយល់ និងមានការប្រុងប្រយ័ត្នមួយចំនួន។ តើអ្នកជំងឺទឹកនោមផ្អែម ត្រូវយល់ដឹងអំពីអ្វីខ្លះនៅក្នុងអំឡុងខែរ៉ម៉ាទន? ជាការពិតណាស់ បញ្ហាមួយចំនួនដែលពួកគាត់អាចជួបប្រទះ មានដូចជា៖ -ជាតិស្ករចុះខ្លាំង ៖ ដោយសារតែមិនអាចហូបអាហារគ្រប់គ្រាន់ដូចសព្វមួយដង ឬក៏ដោយសារកម្រិតនៃការប្រើប្រាស់ថ្នាំបញ្ចុះជាតិស្ករមិនបានកែតម្រូវក្នុងអំឡុងខែបួស។ -ជាតិស្ករឡើងខ្លាំង ៖ ក្នុងករណីអ្នកជំងឺទឹកនោមផ្អែមដែលមានកង្វះអាំងស៊ុយលីននៅក្នុងឈាមខ្លាំង និងស្ថិតក្នុងពេលមិនបរិភោគអាហារច្រើនម៉ោង នៅពេលនោះជាតិស្ករដែលស្តុកទុកជាទម្រង់ គ្លីកូជេន Glycogen ត្រូវបានយកមកប្រើ ដើម្បីបំលែងជាជាតិស្ករ Glucose។ ដំណាក់កាលបន្ទាប់មកទៀត សារពាង្គកាយនឹងបន្តទាញយក ជាតិប្រូតេអ៊ីន ជាតិខ្លាញ់ ដើម្បីយកមកប្រើប្រាស់ជាប្រភពថាមពល។ ជាពិសេស បើខ្លួនប្រាណយើងដុតជាតិខ្លាញ់យកមកធ្វើថាមពលច្រើន វានឹងធ្វើឲ្យមានសំណល់សារធាតុមួយ គឺពពួក Ketones កើនឡើងក្នុងឈាម។ នៅពេលនោះវានឹងបង្កឲ្យមាន Diabetic Ketoacidosis (DKA) កើតឡើង ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតបាន ប្រសិនបើមិនត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ -ការបាត់បង់ជាតិទឹកក្នុងខ្លួន ៖ ជាពិសេស ក្នុងអំឡុងពេលថ្ងៃ និងចំពោះអ្នកដែលធ្វើការ ឬបញ្ចេញពលកម្មច្រើន។ នៅពេលបាត់បង់ជាតិទឹកខ្លាំង វាអាចបណ្តាលឲ្យសម្ពាធឈាមចុះ និងការគ្រប់គ្រងជាតិស្ករក្នុងឈាមកាន់តែមិនមានលំនឹង។   តើអ្នកជំងឺទឹកនោមផ្អែម គួរធ្វើដូចម្តេចក្នុងអំឡុងខែបួស ឬ រ៉ម៉ាទន? ដោយសារតែការប្រតិបត្តិក្នុងបុណ្យរ៉ម៉ាទន គឺជាទំនៀមទម្លាប់របស់សាសនា ដែលប្រជាជនអ៊ីស្លាមតែងតែខិតខំគោរពតាមយ៉ាងខ្ជាប់ខ្ជួរ។ ក៏ប៉ុន្តែ គួរថ្លឹងថ្លែងអំពីសារៈសំខាន់ និងសុខភាពផ្ទាល់ខ្លួនផងដែរ ព្រោះប្រសិនបើសុខភាពបងប្អូនមានកម្រិតមិនសមប្រកប គួរណាតែចៀសវាងការប្រតិបត្តិតាមការគួរ។ យ៉ាងណាមិញ ប្រសិនបើអ្នកជំងឺទឹកនោមផ្អែមដែលសម្រេចចិត្តនឹងប្រតិបត្តិពិធីកម្មក្នុងខែបួសនេះ ពួកគាត់គួរយល់ដឹង និងអនុវត្តចំនុចមួយចំនួនដូចជា ៖ -ពិគ្រោះយោបល់ជាមួយគ្រូពេទ្យដែលព្យាបាលជំងឺទឹកនោមផ្អែមរបស់បងប្អូន ដើម្បីរៀបចំការព្យាបាលជូនបងប្អូននៅក្នុងរយៈពេលពិសេសនេះ។ មានឳសថគ្រាប់មួយចំនួន និងជាប្រភេទថ្នាំចាក់ ដែលគួរតែត្រូវសម្របសម្រួលកម្រិតដោយប្រុងប្រយ័ត្នបំផុតក្នុងអំឡុងពេលនេះដែរ។ -គួរតែព្យាយាមធ្វើការតាមដានជាតិស្ករក្នុងសរសៃឈាមរបស់បងប្អូនឲ្យបានញឹកញាប់ ជាពិសេសនៅពេលថ្ងៃ ឬ នៅពេលដែលមានរោគសញ្ញាចុះជាតិស្ករ ឬនៅពេលមានអាការៈចង្អោរ ក្អួតនិងអស់កម្លាំងល្ហិតល្ហៃ។ -កត្តារបបអាហារជារឿងមួយចាំបាច់បំផុត។ ដោយសារតែក្នុងអំឡុងពេលខែបួស តម្រូវឲ្យតមអាហារ សូម្បីតែទឹកនៅពេលថ្ងៃ ដូច្នេះដើម្បីបង្ការនូវការចុះជាតិស្ករក្នុងពេលថ្ងៃ បងប្អូនគួរតែបរិភោគជំពូកអាហារណាដែលអាចផ្តល់ថាមពលគ្រប់គ្រាន់ និងរយៈពេលយូរ ដើម្បីទ្រទ្រង់នូវសារពាង្គកាយ នៅពេលដែលត្រូវបានអនុញ្ញាតឲ្យទទួលទានអាហារបាន។ អាហារទាំងនោះជាពពួកសារធាតុម្យ៉ាងដែលគេហៅថា Complex carbohydrates ដែលវាជាបណ្តុំនៃម៉ូលេគុលជាតិស្ករ រួមមានទាំងសារជាតិសរសៃ fiber និងវីតាមីនមួយចំនួន។ Complex carbohydrates មាននៅក្នុង គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ ដែលវាត្រូវបានរំលាយ និងស្រូបយកសារជាតិចិញ្ចឹមយឺតៗចូលទៅក្នុងឈាម។ -ការធ្វើលំហាត់ប្រាណ គឺជាវិធានការមួយដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ក៏ប៉ុន្តែ ស្ថិតក្នុងរយៈពេលខែបួសនេះ រាល់សកម្មភាពហាត់ប្រាណ ឬបញ្ចេញពលកម្មមួយចំនួនគួរត្រូវមានការកំណត់។ ធ្វើយ៉ាងណា ដើម្បីចៀសវាងឲ្យបាននូវការចុះជាតិស្ករពេក និងការបាត់បង់ជាតិទឹកនៅពេលបញ្ចេញពលកម្មទាំងនោះ។ -ប្រសិនបើចាំបាច់ខ្លាំង ដូចជាក្នុងករណីចុះជាតិស្ករខ្លាំង ដោយអ្នកជំងឺមានអាការៈញ័រដៃជើង បើកញើសស្អឹតជាដើម ជាពិសេសនៅពេលថ្ងៃ បងប្អូនគួរតែពិចារណាផ្អាកការតមអាហារ ដើម្បីទទួលទានអាហារធ្វើឲ្យជាតិស្ករត្រឡប់មកធម្មតាវិញ។ នៅក្នុងករណីសុខភាពមិនអំណោយផលនេះ គឺអាចជាកត្តាជួយឲ្យបងប្អូនសម្រេចថា តើបងប្អូនអាចចូលរួមប្រតិបត្តិក្នុងខែបួសនេះដែរឬទេ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស ក្រពេញអ័រម៉ូន និងទឹកនោមផ្អែម (មន្ទីរពេទ្យព្រះកុសមៈ) និង  មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើអាកាសធាតុក្តៅអាចប៉ះពាល់យ៉ាងដូចម្តេចដល់អ្នកជំងឺទឹកនោមផ្អែម? ជាការពិតណាស់ នៅពេលដែលអាកាសធាតុក្តៅខ្លាំង វាអាចមានកត្តាមួយចំនួនដែលអាចប៉ះពាល់ដល់ការគ្រប់គ្រងជាតិស្កររបស់អ្នកជំងឺទឹកនោមផ្អែមបាន។ មនុស្សយើងគ្រប់គ្នា រាល់សារធាតុទឹកក្នុងខ្លួនទាំងអស់ ត្រូវបានបញ្ចេញចោលទៅកាន់មជ្ឈដ្ឋានខាងក្រៅ តាមរយៈ ៖ - ការដកដង្ហើម - ការបែកញើស - តាមទឹកនោម - តាមការបន្ទោរបង់លាមក ហេតុដូចនេះ គេសង្កេតឃើញថា នៅពេលដែលមានអាកាសធាតុក្តៅខ្លាំង បណ្តាលឲ្យអ្នកជំងឺទឹកនោមផ្អែម បង្កើនការបាត់បង់ជាតិទឹកកាន់តែច្រើន ជាពិសេសតាមរយៈការបែកញើស ប្រសិនបើពួកគាត់មិនបានបង្គ្រប់ជាតិទឹកឲ្យបានគ្រប់គ្រាន់។ នៅពេលដែលមានកង្វះជាតិទឹក បណ្តាលឲ្យជាតិស្ករក្នុងឈាមកើនឡើង ជាហេតុនាំឲ្យអ្នកជំងឺមានអាការៈនោមច្រើន ដែលនេះវាកាន់តែបង្កឲ្យកង្វះជាតិទឹកកាន់តែធ្ងន់ធ្ងរ។  ក្នុងករណីដែលអ្នកជំងឺទឹកនោមផ្អែម ប្រើប្រាស់ការចាក់ថ្នាំអាំងស៊ុយលីន នោះកង្វះជាតិទឹកអាចបង្កឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពរបស់ថ្នាំ។ ដូច្នេះ វានាំឲ្យជាតិស្កររបស់អ្នកជំងឺមិនអាចគ្រប់គ្រងបានល្អ។   តើអ្នកជំងឺទឹកនោមផ្អែមត្រូវប្រុងប្រយ័ត្នអ្វីខ្លះនៅពេលអាកាសធាតុក្តៅ? - ត្រូវទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ជាពិសេស ត្រូវទទួលទានទឹកបន្ថែមនៅពេលដែលធើ្វការក្រោមកំដៅថ្ងៃ ធ្វើការដែលមានការបញ្ចេញពលកម្មច្រើន ឬនៅពេលហាត់ប្រាណ។ - ត្រូវព្យាយាមតាមដានជាតិស្ករក្នុងឈាមឲ្យបានញឹកញាប់តាមដែលអាចទៅរួច ព្រោះថានៅពេលដែលក្តៅខ្លាំង អ្នកជំងឺបើកញើស អាចឲ្យអ្នកជំងឺភាន់ច្រឡំនឹងអាការៈនៃការចុះជាតិស្ករ។ ដូច្នេះប្រសិនបើអ្នកជំងឺទឹកនោមផ្អែម ដែលងាយ ឬឧស្សាហ៍ចុះជាតិស្ករញឹកញាប់ គួរតែដាក់ចំណីអាហារបន្តិចបន្តួច (អាចជាស្ករគ្រាប់ ឬនំ) តាមខ្លួនដើម្បីទទួលទាន។ ឧទាហរណ៍ នៅពេលហាត់ប្រាណ - ត្រូវការពារថ្នាំព្យាបាលទឹកនោមផ្អែមរបស់លោកអ្នក រួមទាំងថ្នាំគ្រាប់សម្រាប់លេប និងថ្នាំប្រភេទសម្រាប់ចាក់។ ចូរចៀសវាសការទុកឱសថទាំងអស់នោះនៅទីកន្លែងដែលមានកម្តៅខ្លាំង ជាពិសេសត្រូវពន្លឺថ្ងៃ។ ប្រសិនបើជាប្រភេទថ្នាំចាក់ គួរតែទុកដាក់ឲ្យត្រឹមត្រូវក្នុងធុង ឬទូរទឹកកក។ - ប្រសិនបើអ្នកជំងឺដែលធ្វើការផ្ទាល់ក្រោមពន្លឺថ្ងៃ ក្រៅអំពីការទទួលទឹកបន្ថែមឲ្យបានច្រើន គាត់គួរប្រុងប្រយត្នផងដែរនូវការរលាកស្បែកដោយសារកម្តៅថ្ងៃ។ ចូរការពារស្បែកដោយពាក់អាវដៃវែង ឬធ្វើយ៉ាងណារកអ្វីមកគ្រប់ដណ្តប់ ឬក៏អាចប្រើប្រាស់ក្រែមការពារពន្លឺថ្ងៃដែលមានគុណភាព មកលាបដើម្បីកាត់បន្ថយគ្រោះថ្នាក់របស់កាំរស្មីព្រះអាទិត្យមកលើស្បែក។ បកស្រាយដោយលោក វេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស ក្រពេញអ័រម៉ូន និងទឹកនោមផ្អែម (មន្ទីរពេទ្យព្រះកុសុមៈ) ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

លោកអ្នកកំពុងអនុវត្តជំហានដ៏សំខាន់ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមដោយប្រើឱសថអាំងស៊ុយលីនតាមរយៈការចាក់ ឬផាប់។ អាំងស៊ុយលីនអាចជួយលោកអ្នកក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អប្រសើរឡើង និងរក្សាសុខភាពរយៈពេលវែង។ អ្នកជំងឺទឹកនោមផ្អែមប្រភេទ 1 ត្រូវតែប្រើអាំងស៊ុយលីនដាច់ខាត ព្រោះកោសិកាបេតានៃលំពែងរបស់គាត់ត្រូវបានបំផ្លាញអស់។ ចំណែកអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ2 អាចគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់ពួកគេជាមួយនឹងថ្នាំគ្រាប់ប៉ុន្តែក៏ត្រូវការប្រើអាំងស៊ុយលីនផងដែរ។  ចំណុចយល់ដឹងអំពីអាំងស៊ុយលីន - ចូរយកអាំងស៊ុយលីនតាមខ្លួនឱ្យជាប់លាប់ - ប្រសិនបើលោកអ្នកប្រើអាំងស៊ុយលីន លាយបញ្ចូលគ្នាដូចជា NPH ឬ ព្រីម៉ិចអាំងស៊ុយលីន(Premixed 30/70, 70/30, 50/50 ដូចជាប្រភេទ Mixtard) ដំបូងត្រូវរមៀលវាលើបាតដៃថ្នមៗអោយសព្វមុនពេលប្រើ - ពិនិត្យមើលរូបរាងអាំងស៊ុយលីនមុនពេលប្រើវា។ កុំប្រើវាប្រសិនបើមើលទៅខុសប្រក្រតី (បើមានដុំនៅក្នុងវា ឬ មើលទៅប្រែពណ៍កករនៅពេលវារងថ្លា) - រក្សាអាំងស៊ុយលីនឱ្យនៅកន្លែងត្រជាក់ស្ងួត (នៅសីតុណ្ហភាពបន្ទប់ កុំអោយត្រូវពន្លឺថ្ងៃដោយផ្ទាល់ ឬក្នុងទូទឹកកក មិនមែនកន្លែងកករឹង) - បោះចោលអាំងស៊ុយលីនបន្ទាប់ពីបើកប្រើបានមួយខែ បើទោះបីជាអាំងស៊ុយលីននៅសល់ក្នុងដបក៏ដោយ - នៅពេលធ្វើដំណើរសូមរក្សាអាំងស៊ុយលីនអោយជាប់លាប់ជាមួយ ដោយទុកក្នុងធុងទឹកក - ចាក់អាំងស៊ុយលីនក្នុងកន្លែងផ្សេងៗគ្នា (យ៉ាងហោចណាស់៥សង់ទីម៉ែតពីកន្លែងមួយទៅកន្លែងមួយចុងក្រោយគេ) - ប្រសិនបើលោកអ្នកមានសំណួរ ឬការព្រួយបារម្ភអំពីអាំងស៊ុយលីនសូមទូរស័ព្ទទៅគ្រូពេទ្យរបស់លោកអ្នក ឬអ្នកផ្តល់សេវាសុខភាព - កុំរំលងការចាក់អាំងស៊ុយលីនលុះត្រាតែមានការណែនាំរបស់គ្រូពេទ្យ ឬអ្នកផ្តល់សេវាសុខភាព។ តារាងពេលវេលាអាំងស៊ុយលីន -អាំងស៊ុយលីនបាសាល(Basal insulin): អាំងស៊ុយលីនទាំងនេះធ្វើការរយៈពេលពី 8 ទៅ 24 ម៉ោង ហើយអាចមិនត្រូវប្រើជាមួយអាហារនោះទេ។ -អាំងស៊ុយលីនបូលីស(Bolus insulin): អាំងស៊ុយលីនទាំងនេះចាប់ផ្តើមធ្វើការយ៉ាងលឿន និងមានសកម្មភាពខ្លី ហើយជាធម្មតាត្រូវបានគេប្រើជាមួយអាហារ(ចាក់ហើយហូប)ដើម្បីការពារការកើនឡើងខ្ពស់នៃជាតិស្ករនៅក្នុងឈាម។  គ្រូពេទ្យនឹងប្រាប់លោកអ្នកថា គួរប្រើអាំងស៊ុយលីនប្រភេទអ្វីខ្លះ ចំនួនប៉ុន្មាន ប្រើពេលណានិងប៉ុន្មានដងក្នុងមួយថ្ងៃ។ ពិនិត្យមើលប្រសិទ្ធភាពរបស់អាំងស៊ុយលីន លោកអ្នកមិនអាចគ្រប់គ្រងជាតិស្ករដោយមិនបានត្រួតពិនិត្យមើលថា តើអាំងស៊ុយលីនកំពុងធ្វើការ និងថាតើរាងកាយរបស់លោកអ្នកឆ្លើយតបទៅនឹងសកម្មភាពប្រចាំថ្ងៃដែរឬទេ។ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នក អំពីពេលណាដែលគួរពិនិត្យមើលជាតិស្ករក្នុងឈាម និងគោលដៅចង់បានចំនួនប៉ុន្មាន ហើយបន្ទាប់មកកត់ត្រាទុកក្នុងតារាងជាតិស្ករ ដែលមានកាលបរិច្ឆេទ និងពេលវេលា មានចំនួនប៉ុន្មានដងក្នុងមួយសប្តាហ៍ មុនអាហារ ឬ២ម៉ោងក្រោយអាហារ អាចពេលព្រឹក ថ្ងៃ ល្ងាច ឬយប់មុនចូលគេង។ គោលដៅជាតិស្ករចង់បាន ព្រឹកមុនអាហារ ៖ -គោលដៅជាតិស្ករជាស្តង់ដា 80-130 mg/dl -គោលដៅជាតិស្កររបស់លោកអ្នក (ចូរសរសេរទីនេះ) ____________________ ២ម៉ោងក្រោយចាប់ផ្ដើមអាហារ -គោលដៅជាតិស្ករជាស្តង់ដា

ចែករំលែក

ទីរ៉ូអ៊ីត (Thyroid gland) គឺជាឈ្មោះក្រពេញបញ្ចេញមួយ​ដែលមានរូបរាងដូចមេអំបៅ ស្ថិតនៅផ្នែកខាងមុខនៃគល់ករបស់មនុស្សយើង។ ក្រពេញទីរ៉ូអ៊ីតមានតួនាទីបញ្ចេញនូវអ័រម៉ូនដែលមានតួនាទីសំខាន់នៅក្នុងការធ្វើដំណើរការមេតាបូលីសនៅក្នុងសរីរាង្គយើង​។ អ័រម៉ូននេះមានឈ្មោះថាអ័រម៉ូនទីរ៉ូអ៊ីត(Thyroid hormone) ទៅតាមឈ្មោះរបស់ក្រពេញ។ អ័រម៉ូននេះ មានតួនាទីសំខាន់ៗចូលរួមក្នុងដំណើរការដូចជា ៖ -  ការរក្សាកំដៅក្នុងខ្លួន -  ចង្វាក់បេះដូង -  ប្រព័ន្ធប្រសាទខួរក្បាល និងប្រព័ន្ធសរសៃប្រសាទតាមផ្នែកផ្សេងៗ -  ការកន្ត្រាក់នៃសាច់ដុំ -  កម្រិតជាតិខ្លាញ់ -  ទម្ងន់ខ្លួនមនុស្ស -  រដ្តរដូវ ។ល។ ប្រសិនបើការបញ្ចេញបរិមាណអ័រម៉ូនទីរ៉ូអ៊ីតខុសពីប្រក្រតី វាអាចបណ្តាលឲ្យកម្រិតនៃអ័រម៉ូននេះក្នុងឈាម ខុសប្រក្រតីដែរ ពោលគឺអាច ឡើងខ្ពស់ ឬចុះទាប ។ អាការរោគដែលបណ្តាលមកពីកម្រិតអ័រម៉ូនទីរ៉ូអ៊ីតឡើងខ្ពស់ (Hyperthyroidism) មានដូចជា ៖ -  ភាពថប់បារម្ភ -  ឆាប់ខឹង ឆេវឆាវ មួម៉ៅ -  ស្រកទំងន់ -  ញ័រដើមទ្រូង មានអារម្មណ៍ថាបេះដូងលោតញាប់ ជីពចរដើរញាប់ -  ញ័រចុងដៃ ចុងជើង -  ងាយបែកញើស និងឆាប់ចាញ់កម្តៅ -  ជ្រុះសក់ -  រាគរូសញឹកញាប់ -  វដ្តរដូវមិនទៀង យឺតយ៉ាវ -  លៀនគ្រាប់ភ្នែក   អាការៈរោគដែលបណ្តាលមកពីកម្រិតអ័រម៉ូនទីរ៉ូអ៊ីតចុះទាប (Hypothyroidism) មានដូចជា ៖ - ហេវហត់អស់កម្លាំង - ហើមមុខ ត្របកភ្នែក - ស្បែកស្ងួត សក់ និងក្រចកផុយស្រួយ ជ្រុះសក់ - ឡើងទម្ងន់ - បេះដូងដើរយឺតខុសប្រក្រតី - ទល់លាមក - ពិបាកក្នុងការទទួលទានដំណេក - ឆាប់ចាញ់ត្រជាក់ - ឈឺចាប់តាមសាច់ដុំ និងសន្លាក់ - មានអាការហើមខ្លួន - រដូវមកញឹកញាប់ និងច្រើន អាការៈរោគនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត មានដូចជា ៖ - មានដុំពកនៅផ្នែកដើមក ផ្នែកខាងមុខ - សម្លេងស្អក - ឡើងកូនកណ្តុរនៅបរិវេណក - ពិបាកក្នុងការលេបអាហារ - ពិបាកក្នុងការដកដង្ហើម - ឈឺចាប់នៅខាងក្នុងបំពង់ក និង​ក - ក្អកជាប់ជាប្រចាំ ដែលមិនមែនកើតឡើងដោយសារផ្តាសាយ ឬបញ្ហាសួតដទៃ   សរុបសេចក្តីមក ក្រពេញទីរ៉ូអ៊ីត និងអ័រម៉ូនទីរ៉ូអ៊ីត ពិតជាមានសារសំខាន់បំផុតនៅក្នុងដំណើរការផ្សេងៗរបស់សរីរាង្គមនុស្សយើង។ រាល់បញ្ហាដែលនាំឲ្យមានការប្រែប្រួលកម្រិតអ័រម៉ូននេះក្នុងឈាម ឬមានដុំនៅតំបន់ក្រពេញទីរ៉ូអ៊ីតនេះ គឺពិតជាចាំបាច់នៅក្នុងការពិនិត្យ តាមដាន និងព្យាបាល។ ប្រសិនបើមានបញ្ហាទាក់ទងទៅនឹងក្រពេញ ក៏ដូចជាអ័រម៉ូនទីរ៉ូអ៊ីត សូមបងប្អូលប្រជាពលរដ្ឋទាំងអស់ អញ្ជើញស្វែងរកការពិនិត្យនិងប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការថែទាំដ៏សមស្រប។ បកស្រាយដោយលោកវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស ក្រពេញអ័រម៉ូន និង ទឹកនោមផ្អែម (មន្ទីរពេទ្យព្រះកុសុមៈ) ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តាំងពី១៥០០ឆ្នាំមុនគ្រិស្តសករាជ នៅក្នុងគម្ពីរបុរាណអេហ្សីប មានការសរសេរពីជំងឺម៉្យាងដែលអ្នកជំងឺនោមច្រើន និង ស្រេកទឹក។ កាលនោះមិនទាន់មានពាក្យទឹកនោមផ្អែមនៅទ្បើយទេ។ ៤០០ឆ្នាំមុនគ្រិស្តសករាជ Charaka និងShushrata (ពេទ្យល្បីនៅឥណ្ឌា) បានបរិយាយអំពីភាពផ្អែមរបស់ទឹកនោមដែលមានស្រមោចរោម។ Charaka និងShushrataក៏បានបរិយាយផងដែរអំពីអ្នកជំងឺដែលស្រមោចរោមទឹកនោមមានពីរក្រុម៖ ក្រុមមួយធាត់​​ និងចូលចិត្តហូបផ្អែម ឯក្រុមមួយទៀតស្គម។  នៅសតវត្សទី២Aretaeusដែលជាគ្រូពេទ្យរ៉ូមាំងក្រិច(ល្បីខ្លាំងសឹងតែប្រហែលHippocratesដែរ) បានបរិយាយដោយច្បាស់ជាងអ្នកមុនៗអំពីអាការៈអ្នកជំងឺដូចជាស្រេកទឹក នោមច្រើន ខ្វះជាតិទឹកក្នុងខ្លួន ហើអាចស្លាប់។ Aretaeusបានបង្កើតពាក្យទឹកនោមផ្អែម ឬហៅថា Diabetes (ពាក្យនេះមកពីពាក្យក្រិច​ διαβαινω, diabaino)។ នៅសតវត្សទី១៧ Thomas Willisដែលជាកាយវិភាគវិទូ និងជាវេជ្ជបណ្ឌិតដ៏ល្បីនៅកាលនោះ។ មានស្នាដៃជាច្រើនរបស់គាត់ដូចជាការបរិយាយអំពី Circle of Willis និងកាយវិទ្យាផ្សេងៗទៀត។ Thomas Willis បានថែម ពាក្យMellitusទៅលើ Diabetes (Diabetes Mellitus) ដើម្បីសង្កត់ន័យអំពីភាពផ្អែមនៃទឹកនោម។ តែគាត់ក៏នៅតែមិនទាន់អាចពន្យល់បានហេតុអ្វីបានជាទឹកនោមមានរសជាតិផ្អែម។ ជារួមវាហាក់ដូចជាThomas Willisបានរកឃើញជាថ្មីនូវអ្វីដែលCharaka និងShushr-ataបានរៀបរាប់ពី៤០០ឆ្នាំមុនគ្រិស្តសករាជ។ Claude Bernard ជាសរីរៈវិទូ និងអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រដ៏សែនល្បីជាតិបារាំង បានរកឃើញថា ថ្លើមអាចស្តុកជាតិស្ករ (Glycogens)។ ហើយថ្លើមអាចបញ្ចេញជាតិស្ករមកវិញ ពេលអត់ហូបអាហារ។  នៅឆ្នាំ១៨៦៩ Paul Langerhans (សរីរៈវិទូជាតិអាទ្បឺម៉ង់) បានរៀបរាប់ពីរចនាសម្ព័នរបស់ Islets ក្នុងលំពែង។ ក្រោយមកគេនាំគ្នា សន្មត់ហៅ langerhans islets។  ឆ្នាំ១៨៨៩ Oskar Minkowski (បារាំង) Joseph von Merin (អាទ្បឺម៉ង់) នាក្រុងស្ត្រាសប៊ួរ ប្រទេសបារាំង បានបរិយាយអំពីទំនាក់ទំនងរវាងលំពែង និងជំងឺទឹកនោមផ្អែម។ ពួកគាត់បានពិសោធន៍ដោយកាត់លំពែងសត្វសុនខ ក្រោយមកសុនខទាំងនោះមានទឹកនោមផ្អែម។  នាពាក់កណ្ដាលឆ្នាំ ១៩២១ Frederick Grant Banting (វេជ្ជបណ្ឌិតវះកាត់វ័យក្មេង ជាតិកាណាដា) និង Charles Herbert Best (ជាតិកាណាដា ហើយកាលនោះនៅជានិស្សិត) បានធ្វើការស្រាវជ្រាវ នៅវិទ្យាស្ថានរបស់សាស្ត្រាចារ្យ ល្បីឈ្មោះJohn Macleod (ជាតិស្កត់លែន) នាសាកលវិទ្យាល័យតូរ៉ុនតូ ប្រទេសកាណាដា។ Frederick Grant Banting និង Charles Herbert Best បានចំរាញ់ចេញពីលំពែងសុនខ នូវវត្ថុរាវម៉្យាងដែលអាចព្យាបាលសុនខដែលមានទឹកនោមផ្អែម។ ដល់ចុងឆ្នាំ១៩២១ អ្នកជំនាញគីមីសាស្ត្រ James Collip (កាណាដា) បានចូលរួមក្នុងក្រុម តាមការហៅរបស់John Macleod ហើយធ្វើបន្សុតកម្ម វត្ថុរាវនោះ ដែលក្រោយមក សាស្ត្រាចារ្យJohn Macleod ដាក់ឈ្មោះ Insulin (អាំងស៊ុយលីន)។  ឆ្នាំ១៩២៣គណៈកម្មការណូបែលបានផ្ដល់ជ័យលាភីដល់Frederick Grant Banting និង John Macleod សំរាប់របកគំហើញ។ Frederick Grant Banting ខឹងជាខ្លាំង ដោយគិតថាគាត់គួរបានរង្វាន់ជាមួយCharles Best។ Frederick Grant Banting បានចែកប្រាក់រង្វាន់ជាមួយ Charles Best។ ឯ John Macleod ក៏បានចែកជាមួយ James Collip។  អាំងស៊ុយលីនដំបូង ក្នុងប្រវត្តិសាស្ត្រ! ទិព្វឱសថដែលជួយជីវិតអ្នកជំងឺរហូតមក។  ខែមករា ឆ្នាំ១៩២១ Leonard Thompson (ពេលនោះគាត់អាយុ១៤ឆ្នាំ) ជាអ្នកជំងឺទីមួយក្នុងប្រវត្តិសាស្រ្តដែលបានទទួលការព្យាបាលដោយអាំងស៊ុយលីន។ គាត់រស់នៅរហូតដល់អាយុ២៧ឆ្នាំ មុនពេលគាត់មរណភាពដោយសាររលាកសួត។  ទិវាជំងឺទឹកនោមផ្អែមពិភពលោកប្រារព្ធដើម្បីនាថ្ងៃ១៤ វិច្ឆិការៀងរាល់ឆ្នាំ។ ទិវានេះបង្កើតដោយ International Diabetes Federation នៅឆ្នាំ១៩៩១។ សហពន័្ធជំងឺទឹកនោមផ្អែមអន្តរជាតិ បង្កើតតាំងពីឆ្នាំ១៩៥០ មានសមាគមចំនួន២៣០មកពី១៦០ប្រទេសចូលរួម៕   បកស្រាយដោយ ៖  វេជ្ជបណ្ឌិត ស៊ុំ សត្ថា​ វេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែមប្រចាំនៅ Diabetes Care Center សម្រាប់អត្ថបទ ទាក់ទងនឹងជំងឺទឹកនោមផ្អែម៖  គន្លឹះ៨ចំណុច ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី២ និងបង្ការផលវិបាកនានា ជំងឺទឹកនោមផ្អែម និងផលវិបាកទៅលើភ្នែក © 2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

គោលការណ៍ណែនាំថ្ងៃឈឺរបស់អ្នកជំងឺទឹកនោមផ្អែម ការចាប់ផ្តើមឈឺ (ភាគច្រើនជាផ្ដាសាយ រាករូស) ដែលអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ហើយអាចនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។ លោកអ្នកអាចបង្ការបញ្ហានេះបាន ដោយមានផែនការជាស្រេចសម្រាប់អ្វីដែលត្រូវធ្វើនៅពេលលោកអ្នកឈឺ។ រៀបចំទុកដាក់សម្ភារៈផ្គត់ផ្គង់សម្រាប់ថ្ងៃឈឺដែលលោកអ្នកងាយរកបានភ្លាមៗ... ១. ចូររក្សាបញ្ជីលេខទូរស័ព្ទរបស់បុគ្គលដែលលោកអ្នកអាចត្រូវទូរស័ព្ទទៅ (រាប់បញ្ចូលរបៀបទាក់ទងនៅពេលយប់  ថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យ) ដូចជា: - អ្នកផ្តល់សេវាថែទាំសុខភាព - អ្នកអប់រំទឹកនោមផ្អែម - មិត្តភ័ក្ត​ ឬសមាជិកគ្រួសារដែលអាចជួយលោកអ្នកបាន - ឱសថស្ថាន ២. ទុកដាក់ការផ្គត់ផ្គង់បន្ថែម: - ថ្នាំ និងសឺរាុំងឬម្ជុលប៊ិច ប្រសិនបើលោកអ្នកប្រើអាំងស៊ុយលីន - ម៉ាសុីនជួសជាតិស្ករ ១ - ប្រដាប់ធ្វើតេស្តរកកេតូន(Ketone) ក្នុងទឹកនោម(បើលោកអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ 1 -ថ្នាំផ្តាសាយ ឬ ថ្នាំរាករូសចុកពោះមួយចំនួន (សូមពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពជាមុនសិនមុនពេលប្រើវា) ៣. តែងតែមានជានិច្ច: - ស្ករគ្រាប់ ឬថ្នាំគ្រាប់ជាតិស្ករ                - សូដាធម្មតា (មិនមែនសូដាឥតស្ករ) - ទឹកផ្លែឈើ                 - ទឹកក្រូច      - ដំណាប់ផ្លែឈើដូចជា: ទំពាំងបាយជូ ស្វាយ ខ្នុរ ចេក។ល។ -ថ្នាំចាក់គ្លូកាហ្គូន(Glucagon) ប្រសិនបើគ្រូពេទ្យចេញវេជ្ជបញ្ជា និងថ្នាំមានលក់នៅលើទីផ្សារនៃប្រទេសយើង ឬក៏រកទិញមកពីខាងក្រៅ (សូមឧស្សាហ៍ឆែកមើលថ្ងៃផុតកំណត់ប្រើប្រាស់ ពីរដងក្នុងមួយឆ្នាំ) ការថែទាំខ្លួនឯងនៅពេលឈឺ: - ពិនិត្យជាតិស្ករនៅក្នុងឈាមឱ្យបានញឹកញាប់ និងរក្សាទុកកំណត់ត្រាលទ្ធផលជាតិស្ករ - មិនត្រូវឈប់ប្រើថ្នាំដោយមិនបានទូរស័ព្ទទៅអ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នកឡើយ - ផឹកទឹកអោយបានច្រើនតាមដែលអាចធ្វើបាន និងពិសាអាហារតិចតួច ហើយឲ្យញឹកញាប់ - បើលោកអ្នកមិនអាចពិសាបាន ចូរពិសាអាហាររាវៗដែលមិនប៉ះពាល់ក្រពះ ដូចជាទឹកស៊ុបក្តៅៗ ទឹកត្រចៀកកាំ ទឹកផ្លែឈើ ឬសូដា:     1. ប្រសិនបើជាតិស្ករក្នុងឈាមតិចជាង 80 mg/dL     2. ផឹកភេសជ្ជៈដែលមានជាតិស្ករធម្មតា     3. បរិភោគជាទៀងទាត់ ស្ករគ្រាប់ ការ៉េម បង្អែមលាងមាត់ - លោកអ្នកនឹងត្រូវបានគេប្រាប់ឱ្យធ្វើតេស្តទឹកនោមរកមើលជាតិកេតូន(Ketone – Urine Strip test) នៅពេលជាតិស្ករក្នុងឈាមលើសពី 250mg/dL  គួរហៅទូរស័ព្ទទៅអ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នក ប្រសិនបើលោកអ្នក:  - មិនអាចពិសាអាហារ ឬផឹកទឹកលើសពី 4 ម៉ោងឡើងទៅ - ក្អួតចង្អោរច្រើនដង - មានរាកលើសពី 4 ដង - មានជាតិស្ករក្នុងឈាមច្រើនជាង 250 mg/dL និងលើសពី 8 ម៉ោង - មានកេតូនក្នុងទឹកនោមមធ្យម ឬ ខ្ពស់ (អ្នកជំងឺទឹកនោមផ្អែមប្រភេទ 1) - ឈឺ ឬមានគ្រុនក្តៅជាង 24 ម៉ោង - គិតថាលោកអ្នកត្រូវការការផ្លាស់ប្តូរកម្រិតថ្នាំលេប ឬចាក់។ ដំណោះស្រាយ ដើម្បីសុខភាពល្អ: - ផឹកទឹកឱ្យបានច្រើន នៅពេលឈឺ - រក្សាទុកសម្ភារៈផ្គត់ផ្គង់សម្រាប់ថ្ងៃឈឺ ដើម្បីងាយស្រួលរកបានយ៉ាងឆាប់រហ័ស - សូមពិនិត្យមើលជាតិស្ករក្នុងឈាមឲ្យបានញឹកញាប់អាច 2-3 ដងឬ 4 ដងក្នុងមួយថ្ងៃ - កុំរំលងពេលពិសា ឬចាក់ថ្នាំ - ត្រូវមានផែនការទុកមុន!!!! Reference:      1. Massachusetts General Hospital and  Brigham & Woman's Hospital, USA 2016  2. UpToDate 0nline 2017 បកស្រាយដោយ ៖ វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ

ចែករំលែក

មុននឹងធ្វើការបកស្រាយ ខ្ញុំបាទសូមអភ័យទោសចំពោះមិត្តសុភាពនារីទាំងឡាយនូវពាក្យពេចន៍ប្រើប្រាស់ក្នុងអត្ថបទនេះ អាចនឹងមិនពិរោះស្ដាប់ តែវាជារឿងសំខាន់មួយដែរនៅក្នុងសង្គមគ្រួសារសម្រាប់អ្នកជំងឺទឹកនោមផ្អែមគួរយល់ដឹង។ បញ្ហាផ្លូវភេទជារឿយៗជាប្រធានបទហាមឃាត់ ហើយបុរសជាច្រើនមានបញ្ហាក្នុងការនិយាយអំពីពួកគាត់។ ទោះជាយ៉ាងណាក៏ដោយ ការនិយាយជាមួយអ្នកជំនាញថែទាំសុខភាពអំពីវា អាចជួយលោកអ្នកឲ្យដឹងបន្ថែមអំពីជម្រើសនៃការព្យាបាល និងវិធីបញ្ឈប់ស្ថានភាពដ៏អាក្រក់ដែលកើតឡើង។  ជាក់ស្តែង ជំងឺទឹកនោមផ្អែមប៉ះពាល់ដល់មុខងារនៃកម្សោយផ្លូវភេទរបស់បុរសពី 50% ទៅ 60% ក្នុងពេលម្តង ឬច្រើនដង នៅពេលដែលជំងឺវិវឌ្ឍទៅមុខ ហើយវាកើតឡើងមុន10 ទៅ 15 ឆ្នាំជាងបុរសដែលគ្មានជំងឺទឹកនោមផ្អែម។ តើជំងឺទឹកនោមផ្អែមប៉ះពាល់ដល់មុខងារផ្លូវភេទយ៉ាងដូចម្តេច? ជំងឺទឹកនោមផ្អែមអាចមានផលប៉ះពាល់អវិជ្ជមានច្រើនចំពោះមុខងារផ្លូវភេទរួមមាន: •ប្រព័ន្ធអ័រម៉ូនដែលគ្រប់គ្រងការផលិតតេស្តូស្តេរ៉ូន(Testosterone) គឺជាអ័រម៉ូនចំណង់ផ្លូវភេទដែលអត្រាអាចធ្លាក់ចុះ •ប្រព័ន្ធសរសៃប្រសាទ(ញាណដឹង)ដែលអាចថយចុះផ្លូវភេទ ប្រសិនបើអ្នកជំងឺមានការខូចខាតសរសៃប្រសាទ(Neuropathy) ដែលជាផលវិបាកមួយនៃជំងឺទឹកនោមផ្អែម •ប្រព័ន្ធសរសៃឈាមអាទែរបស់លិង្គ អាចដំណើរការមិនល្អ ឬស្ទះ •ប្រព័ន្ធភាពស៊ាំដែលបណ្តាលឲ្យបុរសកើតជំងឺទឹកនោមផ្អែមមានហានិភ័យខ្ពស់នៃការឆ្លងមេរោគដូចជាមេរោគផ្សិតទៅលើស្បែកគ្របក្បាលលិង្គ។ ភាពកម្សោយផ្លូវភេទ ជំងឺទឹកនោមផ្អែម គឺជាមូលហេតុចម្បងនៃជំងឺខ្សោយផ្លូវភេទ(លិង្គ)។ ហេតុដូច្នេះ បញ្ហាខ្សោយផ្លូវភេទ គឺជាបញ្ហាចំណង់សិចដែលជាញឹកញាប់ជួបប្រទះនឹងបុរសដែលមានជំងឺទឹកនោមផ្អែម។ ភាពកម្សោយផ្លូវភេទមានផលប៉ះពាល់អវិជ្ជមានទៅលើគុណភាពជីវិតរបស់បុរស ដោយមិនគិតពីអាយុ និងអាចជាសញ្ញាដំបូងនៃជំងឺសរសៃឈាមបេះដូង។ នោះហើយជាមូលហេតុសំខាន់ក្នុងការពិភាក្សាជាមួយអ្នកជំនាញថែទាំសុខភាព។ កត្តាហានិភ័យ •អាយុ  •រយៈពេលនៃការកើតជំងឺទឹកនោមផ្អែម  •ព្យាបាលជំងឺទឹកនោមផ្អែមមិនបានល្អ  •ជក់បារី  •លើសសម្ពាធឈាម •លើសជាតិខ្លាញ់ក្នុងឈាម •កង្វះអ័រម៉ូន អង់ដ្រូសែន(Androgen-ជាអ័រម៉ូនភេទបុរស)  •ជំងឺសរសៃឈាមបេះដូង មូលហេតុ ដោយសារជំងឺទឹកនោមផ្អែមជំរុញឲ្យមានភាពរឹងក្រិននៃសរសៃឈាម(Atherosclerosis) និងលិង្គត្រូវបានចញ្ចឹមដោយសរសៃឈាមតូចៗ ហើយសរសៃឈាមទាំងនេះត្រូវបានប៉ះពាល់។ នៅពេលដែលលំហូរឈាមមិនបានល្អ បញ្ហាខ្សោយផ្លូវភេទអាចលេចឡើង។ លើសពីនេះទៅទៀត  ជំងឺទឹកនោមផ្អែមដែលគ្រប់គ្រងមិនបានល្អអាចស្ទះសរសៃឈាមអាកទែរបស់លិង្គ និងនាំឲ្យមានផលវិបាកដែលប៉ះពាល់ដល់សរសៃប្រសាទរបស់លិង្គ។  ដូច្នេះ ជំងឺទឹកនោមផ្អែមអាចធ្វើឲ្យខូចសរសៃឈាម និងសរសៃប្រសាទដែលរារាំងការឡើងរឹងរបស់លិង្គ។ បើទោះបីជាលោកអ្នកមានអ័រម៉ូនបុរសធម្មតា ហើយមានចំណង់រួមភេទក៏ដោយ ក៏លោកអ្នកនៅតែមិនអាចទទួលបានលិង្គឡើងរឹងដែរ។ ទិដ្ឋភាពផ្លូវចិត្តរបស់ជំងឺទឹកនោមផ្អែមក៏អាចជះឥទ្ធិពលដល់មុខងារផ្លូវភេទដែរដូចជា ភាពតក់ស្លុតនៃការធ្វើរោគវិនិច្ឆ័យ ការព្រួយបារម្ភអំពីជំងឺជាដើម។ ការព្យាបាល ជាការសំខាន់ណាស់ក្នុងការពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ការធ្វើរោគវិនិច្ឆ័យបញ្ហាផ្លូវភេទ និងស្វែងរកការព្យាបាលដ៏សមស្រប។ ពេលខ្លះ ថ្នាំSildenafil(Viagra®), Vardenafil(Levitra®), Tadalafil(Cialis®) នឹងត្រូវចេញវេជ្ជបញ្ជា។ មានវិធីជាច្រើន ដើម្បីមានជីវិតផ្លូវភេទឲ្យសកម្មធម្មតា ទោះបីជាមានបញ្ហាផ្លូវភេទក៏ដោយ។ ចិត្តវិទូ ឬអ្នកឯកទេសខាងសិចអាចជួយលោកអ្នកបាន។ ចូរពិភាក្សាអំពីបញ្ហានេះជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នក!!! វិធីការពារ ការណែនាំ ដើម្បីកាត់បន្ថយផលប៉ះពាល់ភាពចាស់ជរា និងជំងឺទឹកនោមផ្អែមលើសកម្មភាពផ្លូវភេទ និងបង្ការជំងឺប្រព័ន្ធសរសៃប្រសាទ មានដូចជា •គ្រប់គ្រងជាតិស្ករ ខ្លាញ់ក្នុងឈាមឲ្យបានល្អ •ទទួលយករបៀបរស់នៅដែលមានសុខភាពល្អ ៖ បញ្ឈប់ការជក់បារី រក្សាទម្ងន់ឲ្យបានល្អ ធ្វើលំហាត់ប្រាណ ជៀសវាងការផឹកស្រាច្រើនហួសប្រមាណ ថែរក្សាជីវិតអាពាហ៍ពិពាហ៍ប្រកបដោយសុខដុមរមនាជាមួយសកម្មភាពផ្លូវភេទជាទៀងទាត់ និងរៀនបន្ធូរភាពតានតឹង(Stress)៕ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ

ចែករំលែក

លើសសម្ពាធឈាមគឺជាលក្ខខណ្ឌមួយដែលតែងកើតមានញឹកញាប់លើអ្នកជំងឺទឹកនោមផ្អែមប្រភេទ២។ជាការពិតគ្មានអំណះអំណាងណាមួយដែលអាចបញ្ជាក់ថា ជំងឺនេះមានទំនាក់ទំនងយ៉ាងណាជាមួយគ្នា ហើយកើតតាំងពីពេលណាមួយនោះឡើយ។ ការលើសខ្លាញ់ លើសជាតិស្ករនិងលើសសម្ពាធឈាមហាក់ដូចជាលេចឡើងទន្ទឹមគ្នាប៉ុន្តែគេមិនអាចបែងចែកបានថាមួយណាលេចចេញមុនបានទេ។ វាត្រូវបានជឿថា  ភាពធាត់ហួស របបអាហារសម្បូរជាតិខ្លាញ់ហូបប្រៃ បារី  ស្រា  និងការរស់នៅអសកម្មភាពសុទ្ធតែរួមចំណែកដល់ការកើតជំងឺទាំងពីរខាងលើ។ សព្វថ្ងៃ អ្នកជំងឺប្រភេទនេះត្រូវបានជួបជាញឹកញាប់ និងមានការកើនឡើងជាលំដាប់ពី១ឆ្នាំទៅ១ឆ្នាំ ប្រហែល ៤០% រហូតដល់ឆ្នាំ២០៤០ ដែលស្របទៅនឹងការលូតលាស់នៃសង្គម និងសេដ្ឋកិច្ច។ មូលហេតុ និងកត្តាជំរុញ អ្នកជំងឺអាចនឹងមានហានិភ័យខ្លាំង ក្នុងការកើតជំងឺទឹកនោមផ្អែមរួមជាមួយជំងឺលើសសម្ពាធឈាមដោយសារ៖ •កត្តាពូជ •កត្តាជនជាតិ •កត្តាអាយុ៖ លើសពី៤៥ឆ្នាំ •ចូលចិត្តញ៉ាំប្រៃ ផ្អែម •មិនទម្លាប់ហាត់ប្រាណ លើសទម្ងន់ ឬធាត់ហួស •មានប្រវត្តិជក់បារី •ផឹកស្រាច្រើន។ ក្រៅពីនេះ ក៏នៅមានកត្តាជំរុញផ្សេងទៀត ដូចជា ការប្រើប្រាស់ថ្នាំ ពិសេសថ្នាំប្រឆាំងការរលាក ពពួក Corticoids (Prednisolone, Dexamethasone….)  និងជំងឺក្រពេញអ័រម៉ូនមួយចំនួន។ រោគសញ្ញាស្តែងចេញ ដោយហេតុថាភាគច្រើននៃអ្នកជំងឺលើសសម្ពាធឈាមមិនមានលេចចេញរោគសញ្ញាគួរឲ្យកត់សម្គាល់ឡើយ លុះត្រាតែអ្នកជំងឺបានវាស់សម្ពាធឈាម (ជាធម្មតា រាល់ពេលទៅជួបគ្រូពេទ្យ)។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំងឺមួយចំនួនដែលមានជំងឺទាំងពីរខាងលើ អាចស្តែងចេញនូវសញ្ញាផ្សេងៗគ្នាក្នុងចំណោមសញ្ញាខាងក្រោម៖ •វិលមុខ •ស្រវាំងភ្នែក •អស់កម្លាំង ល្ហិតល្ហៃ •ស្រេកទឹក ផឹកទឹកច្រើនខុសធម្មតា •នោមច្រើន •ក្រហាយចុងជើងដៃ ហើយអាចស្ពឹក •ឈឺក្បាល រួយក •ញ័រទ្រូង និងណែនទ្រូង…។ ការធ្វើរោគវិនិច្ឆ័យ ជាដំបូងការធ្វើរោគវិនិច្ឆ័យគឺត្រូវពឹងលើរោគសញ្ញានិងកំណត់ត្រារបស់គិលានុបដ្ឋាកដែលមានដូចជា ការវាស់សម្ពាធឈាម ជីពចរ និងជាតិស្ករ។ បន្ថែមពីនេះ អ្នកជំងឺតម្រូវឲ្យបូមឈាមជាមូលដ្ឋានដើម្បីធ្វើការត្រួតពិនិត្យលើមុខងារតម្រងនោម (Urea, Creatinine, Electrolyte) ក្នុងគោលបំណងតាមដានផលប៉ះពាល់ទៅលើតម្រងនោម និងត្រួតពិនិត្យកម្រិតជាតិខ្លាញ់ (Total Cholesterol, Triglyceride, LDL, HDL) ដើម្បីគណនាហានិភ័យលើសរសៃឈាមបេះដូង។ ក្រៅពីនេះ អ្នកជំងឺត្រូវត្រួតពិនិត្យលើមុខងារថ្លើម Transaminase ធ្វើកំហាប់ស្ករHbA1c  អាចធ្វើតេស្តមុខងារក្រពេញទីរ៉ូអីុតTSH ពិនិត្យទឹកនោម ដើម្បីមើលថា មានប្រូតេអីុន (Proteinuria) និងជាតិឈាម នៅក្នុងទឹកនោម (Hematuria) ឬទេ និងវាស់ចង្វាក់បេះដូង (EKG) ផងដែរ ដើម្បីរកមើលថាមានបេះដូងរីក ខាងឆ្វេង ឬដើរខុសចង្វាក់ សញ្ញាស្ទះសរសៃឈាមបេះដូង   និងឡើងជាតិប៉ូតាស្យូម។ ការព្យាបាល ក្រោយពីធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ អ្នកជំងឺត្រូវប្រើប្រាស់ឱសថរួមគ្នាតាមវេជ្ជបញ្ជា៖ ឱសថសមស្របចំពោះអ្នកជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម ជាជម្រើសទីមួយគឺ ACEi (Enalapril, Lisinopril, Perindopril…) ឬARBi  (Losartan, Irbesartan, Telmisartan….) ត្រូវបានប្រើដើម្បីការពារ  ឬពន្យារការរវិវឌ្ឍនៃជំងឺតម្រងនោម(Diabetic Nephropathy), ហើយអាចប្រើជាមួយថ្នាំផ្សេងទៀតដូចជា Calcium Chanel Blocker (Amlodipine, Nifedipine, Nicardipine,…), Beta-Blocker (Atenolol, Bisoprolol, Carvedilol, Metoprolol…) និងពពួកថ្នាំបញ្ចុះទឹកនោម Thiazide Diuretic(Indapamide,Hydrochlorothiazide)។ក្នុងពេលជាមួយគ្នាអ្នកជំងឺត្រូវប្រើប្រាស់រួមជាមួយឱសថព្យាបាលជំងឺទឹកនោមផ្អែម លើសខ្លាញ់ទៅតាមគោលការណ៍ណែនាំ។ ផលវិបាក ការសិក្សាបង្ហាញថាអ្នកជំងឺដែលមានទាំងជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមអាចនឹងមានផលវិបាកទ្វេដង លើសរីរាង្គសំខាន់ៗចំនួន៤៖ •ប៉ះពាល់ដល់បេះដូងអាចឲ្យគាំងបេះដូង (Heart Attack) •ប៉ះពាល់លើសរសៃឈាមខួរក្បាល (Stroke) អាចឲ្យអ្នកជំងឺស្លាប់មួយចំហៀងខ្លួន ជំងឺឆាប់ភ្លេចភ្លាំង (Alzheimer’s disease និង Dementia) •ប៉ះពាល់លើតម្រងនោម (Nephropathy) ធ្វើឲ្យហើមជើង ទឹកចូលសួត ស្លេកស្លាំង អាចនឹងលាងឈាម •ប៉ះពាល់ដល់បាតភ្នែក (Retinopathy) ធ្វើឲ្យបែកសរសៃឈាម  ឬហើមបាតភ្នែក និងអាចឲ្យខ្វាក់ភ្នែកបាន។ ការការពារ ដើម្បីការពារខ្លួនពីការកើតឡើងរួមគ្នានៃជំងឺទាំងពីរនេះត្រូវចៀសវាងនូវកត្តាហានិភ័យដែលបានរៀបរាប់ខាងលើ និងធ្វើតាមការណែនាំដូចខាងក្រោម៖ •គ្រប់គ្រងជាតិស្ករ ឬសម្ពាធឈាម និងជាតិខ្លាញ់ឲ្យបានល្អ តាមរយៈពិសាថ្នាំ  និងមកតាមណាត់ឲ្យបានទៀងទាត់ •កាត់បន្ថយការញ៉ាំប្រៃ  (អំបិល៣-៤ក្រាមក្នុងមួយថ្ងៃ) ព្យាយាមកុំបន្ថែមទឹកត្រី ទឹកស៊ីអ៊ីវ   អំបិល ឬទឹកជ្រលក់…លើតុ •កាត់បន្ថយជាតិផ្អែម និងសាច់ ឬទឹកដោះគោដែលមានជាតិខ្លាញ់ច្រើន •បញ្ឈប់ការជក់បារី •បន្ថយការញ៉ាំស្រា៖ បុរសអាចផឹកស្រាបាន២កែវ   ខ្នាតក្នុងមួយថ្ងៃ   (~២កំប៉ុងស្រាបៀរធម្មតា,១០០ម.លស្រាទំពាំងបាយជូរ) រីឯស្រ្តីអាចផឹកបាន១កែវ •គេងឲ្យបានគ្រប់គ្រាន់ ៧-៨ម៉ោងក្នុងមួយថ្ងៃ •ញ៉ាំអាហារដើម្បីសុខភាពល្អ ដូចជា បន្លែបៃតង  ផ្លែឈើដែលសម្បូរជាតិប៉ូតាស្យូម •ហាត់ប្រាណឲ្យបានទៀងទាត់តាមការណែនាំរបស់សមាគទឹកនោមផ្អែមអាមេរិក(ADA)អ្នកជំងឺគួរហាត់ប្រាណឲ្យបានយ៉ាងហោចណាស់១៥០នាទីក្នុងមួយសប្តាហ៍បើជាការដើរគួរដើរឲ្យលឿននិងខ្លាំតាមដែលអាចធ្វើបាន។ ការហាត់ប្រាណជួយបន្ថយសម្ពាធឈាម ជាតិស្ករ ខ្លាញ់ អាចពង្រឹងសាច់ដុំបេះដូងនិងបន្ថយភាពរឹងនៃសរសៃឈាមអាកទែដែលកើតឡើងលើមនុស្សវ័យចំណាស់។ •គ្រប់គ្រងទម្ងន់រាងកាយឲ្យបានល្អ •កុំរំលងអាហារពេលព្រឹក។ ទោះបីជាគ្មានរោគសញ្ញាណាមួយស្តែងចេញក៏ដោយ ប្រសិនបើជាមនុស្សចាស់មានអាយុលើសពី៤0ឆ្នាំចាំបាច់ត្រូវតាមដានសុខភាពជាប្រចាំផ្ទាល់ខ្លួនម្នាក់ៗ យ៉ាងតិចមួយដងក្នុងមួយឆ្នាំ យោងតាមក្រុមកិច្ចការបង្ការរបស់សហរដ្ឋអាមេរិកឆ្នាំ2015 (USPSTF)។ ករណីកំពុងប្រឈមនឹងជំងឺទាំងនេះ ត្រូវប្រឹក្សាជាមួយគ្រូពេទ្យជំនាញឲ្យបានច្បាស់លាស់ ដើម្បីមើលផលប៉ះពាល់នៃសរីរាង្គផ្សេងធ្វើការគ្រប់គ្រង និងស្តារស្ថានភាពនៃជំងឺឲ្យបានប្រសើរប្រកបដោយប្រសិទ្ធភាព។   បកស្រាយដោយ ៖ វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ដោយសារតែភាពសម្បូរបែបនៃការរស់នៅបច្ចុប្បន្ន ចំនួននៃអ្នកជំងឺទឹកនោមផ្អែមមានការកើនឡើងគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជំងឺនេះទៀតសោត ក៏អាចបណ្តាលឲ្យសរីរាង្គមួយចំនួន ក្នុងនោះសរីរាង្គភ្នែកក៏អាចទទួលរងផលប៉ះពាល់ពីជំងឺទឹកនោមផ្អែមផងដែរ។វាត្រូវបានគេរកឃើញថា ទាំងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១និងប្រភេទទី២ សុទ្ធតែអាចមានបញ្ហាភ្នែកដែលគេហៅថារលាកបាតភ្នែក  ប៉ុន្តែអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ បានស្តែងឡើងនូវផលប៉ះពាល់លើភ្នែកធ្ងន់ធ្ងរជាងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២។ និយមន័យ បញ្ហាភ្នែករបស់អ្នកជំងឺទឹកនោមផ្អែម គឺបណ្តាលមកពីការមិនអាចគ្រប់គ្រងជាតិស្ករនិងជាតិខ្លាញ់ក្នុងឈាម និងការលើសសម្ពាធឈាម ធ្វើឲ្យមានការប៉ះពាល់ដល់សរសៃឈាមតូចៗ ជាពិសេសសរសៃឈាមតូចៗដែលទៅចិញ្ចឹមភ្នែក។ ការប៉ះពាល់ដល់បាតភ្នែក ចំពោះអ្នកជំងឺទឹកនោមផ្អែមត្រូវបានចែកចេញជា៣ដំណាក់កាលធំៗ និងមានចេញជាសញ្ញាទៅតាមកម្រិតនីមួយៗ៖ •Mild NPDR (Non Proliferative Diabetic Retinopathy)៖ មានលេចចេញនូវសរសៃឈាមតូចៗបែកនៅលើរ៉េទីន។ •Moderate NPDR (Non Proliferative Diabetic Retinopathy)៖ មានលេចចេញសរសៃឈាមតូចៗបែកកាន់តែច្រើន ហើយមាន Macular edema (កន្លែងចាប់រូបភាពចាប់ផ្តើមហើម) ធ្វើឲ្យអ្នកជំងឺចាប់ផ្តើមស្រវាំង។ •Severe NPDR (Non Proliferative Diabetic Retinopathy)៖ មានចំណុចសៗរួមនឹងសរសៃឈាមជាច្រើនខុសធម្មតានៅលើរ៉េទីន។ ដំណាក់កាលចុងក្រោយគឺ Proliferative Diabetic Retinopathy៖ ករណីនេះអ្នកជំងឺមានផលវិបាកកាន់តែច្រើន។បញ្ហានេះអាចបណ្តាលឲ្យអ្នកជំងឺងងឹតភ្នែកទាំងស្រុង ប្រសិនបើមិនមានការព្យាបាលឲ្យបានទាន់ពេលវេលា។ មូលហេតុ បញ្ហាភ្នែកដែលកើតលើអ្នកជំងឺទឹកនោមផ្អែមបណ្តាលមកពីកត្តាមួយចំនួនដូចជា៖ •កត្តាជាតិស្ករក្នុងឈាម •កត្តាជាតិខ្លាញ់ក្នុងឈាម •កត្តាលើសសម្ពាធឈាម។ អ្នកជំងឺដែលមិនអាចគ្រប់គ្រងកត្តាទាំងបីនេះឲ្យបានល្អទេនោះ ផលវិបាកដែលកើតលើភ្នែកនឹងលេចឡើងក្នុងរយៈពេល៤ទៅ៥ឆ្នាំក្រោយជំងឺទឹកនោមផ្អែម។ តាមការសិក្សា គេបានរកឃើញថាអ្នកជំងឺទឹកនោមផ្អែម ១៨ទៅ២០នាក់ក្នុង១០០ នាក់មានលេចចេញនូវផលវិបាកនៅនឹងភ្នែក។ រោគសញ្ញា ក្នុងកម្រិត Mild NPDR និង Moderate NPDR អ្នកជំងឺមិនមានលេចចេញនូវរោគសញ្ញាណាមួយគួរឲ្យកត់សម្គាល់នោះទេ។ អ្នកជំងឺនឹងចាប់ផ្តើមសម្គាល់ថាមានអាការៈខុសប្រក្រតីនៅពេលខ្លួនឯងឈានដល់ដំណាក់កាល Severe NPDR (Non Proliferative Diabetic Retinopathy)ទៅហើយដូចជា៖ •ស្រវាំងភ្នែក •ឃើញរូបភាពវៀច •អាចមានឈាមនៅនឹងភ្នែក។ រោគវិនិច្ឆ័យ បញ្ហាភ្នែករបស់អ្នកជំងឺទឹកនោមផ្អែម អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈ •ការឆ្លុះមើលបាតភ្នែក •Fundus photography ការថតបាតភ្នែកដើម្បីដឹងថាមានសរសៃតូចៗបែកឬអត់ •OCT (Optical coherence tomography) ការស្កែនបាតភ្នែកដើម្បីដឹងថាមានបាតភ្នែកហើម  ឬត្បៀតសរសៃឈាមឬយ៉ាងណា។ ការព្យាបាល •អ្នកជំងឺទឹកនោមផ្អែមទាំងអស់ត្រូវធ្វើការពិនិត្យភ្នែកឲ្យបានទៀងទាត់ គឺយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។ •ចំពោះអ្នកដែលរកឃើញថាមានផលវិបាកភ្នែកកម្រិត Mild NPDR និង Moderate NPDR ត្រូវពិនិត្យភ្នែកឲ្យបានកាន់តែញឹកញាប់គឺអាច៣ខែទៅ៦ខែម្តង។ •ចំពោះអ្នកមានបញ្ហាកម្រិត Severe NPDR ត្រូវទទួលការព្យាបាលដោយ -ដំបូង បាញ់កាំរស្មី ដើម្បីទប់ការវិវឌ្ឍរបស់បញ្ហាភ្នែក ព្រោះសរសៃឈាមតូចៗនៅភ្នែកត្រូវបានត្បៀត ដូចនេះគេត្រូវបាញ់កាំរស្មីជុំវិញដើម្បីឲ្យសរសៃឈាមទៅចិញ្ចឹមតែMacular។ ចំនួននៃការបាញ់កាំរស្មីគឺប្រែប្រួលទៅតាមការធ្វើរោគវិនិច្ឆ័យរបស់គ្រូពេទ្យ។ -ករណីមានហើម ឬមានដុះសរសៃឈាមថ្មី ក្រៅពីបាញ់កាំរស្មី គេប្រើប្រាស់ថ្នាំចាក់ប្រភេទ anti-VEGF (Avastin) ដើម្បីបញ្ឈប់ការលូតលាស់របស់សរសៃឈាមថ្មីដែលមិនល្អនោះ។ -ករណីមានឈាមនៅក្នុងបាតភ្នែក គឺគេធ្វើការវះកាត់លាងឈាមចេញនិងបាញ់កាំរស្មី។ វិធីការពារ ដើម្បីការពារ អ្នកជំងឺទឹកនោមផ្អែមទាំងអស់ត្រូវធ្វើការតាមដានកត្តាទាំងបីឲ្យបានទៀងទាត់ •HbA1c •កម្រិតជាតិខ្លាញ់ក្នុងឈាម •រក្សាសម្ពាធឈាមឲ្យបានល្អ។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងី ម៉េង ឯកទេសចក្ខុរោគ និងជាប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធាននៃ គ្លីនិកភ្នែក ម៉េង រ័ត្ននីន ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

«តើមនុស្សម្នាក់ក្នុងពេលតែមួយ អាចកើតជំងឺទឹកនោមផ្អែមផង ជំងឺទឹកនោមប្រៃផងដែរឬទេ?» ជាសំណួរ ក៏ដូចជាចម្ងល់ដែលត្រូវបានចោទឡើងដោយប្រជាជនជាច្រើន... វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូននៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា «ជំងឺទឹកនោមផ្អែម គឺជាជំងឺម្យ៉ាងដែលជាតិស្ករអ្នកជំងឺកើនឡើងនៅក្នុងឈាមលើសពីធម្មតា។ ជួនកាល នៅពេលដែលចំនួនជាតិស្ករនៅក្នុងឈាម ក្នុងទឹកនោមអ្នកជំងឺក៏មានជាតិស្ករដែរ។ រីឯជំងឺទឹកនោមប្រៃ គឺជាជំងឺម្យ៉ាងដែលនៅក្នុងទឹកនោមអ្នកជំងឺមានជាតិសាច់ (Protein ប្រូតេអ៊ីន)។ តាមធម្មតា នៅក្នុងទឹកនោមមិនមានជាតិសាច់ទេ ទឹកនោមប្រៃនៅក្នុងន័យនេះ មិនសំដៅលើរសជាតិប្រៃរបស់ទឹកនោមទេ។» លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា អ្នកជំងឺទឹកនោមផ្អែម នៅពេលដែលគាត់កើតជំងឺនេះ រយៈពេលយូរ ឬព្យាបាលមិនបានត្រឹមត្រូវ ពេលនោះអាចលេចចេញនូវផលលំបាកទៅលើតម្រងនោម។ ផលវិបាកនៅលើតម្រងនោមនោះ គឺទឹកនោមប្រៃនេះឯង។ ជំងឺទឹកនោមផ្អែម គឺជាមូលហេតុទីមួយដែលធ្វើឲ្យយើងកើតទឹកនោមប្រៃ អាចមានមូលហេតុដទៃទៀតដែលធ្វើឲ្យកើត ទឹកនោមប្រៃដូចជា៖ •លើសឈាម •រលាកតម្រងនោមរ៉ាំរ៉ៃ •គីសតម្រងនោម (Cystic kidney)។ ការសិក្សាថ្មីៗនេះនៅប្រទេសកម្ពុជារកឃើញថា ប្រមាណពាក់កណ្តាលនៃជំងឺទឹកនោមផ្អែមមានផលវិបាកតម្រងនោម។ យ៉ាងណាមិញ នៅក្នុងដំណាក់កាលដំបូង អ្នកជំងឺទឹកនោមផ្អែមដែលចាប់ផ្តើមមានទឹកនោមប្រៃ គឺមិនមានរោគសញ្ញាអ្វីទាំងអស់ មានតែការពិនិត្យទឹកនោម និងពិនិត្យឈាមទេ ទើបអាចវាយតម្លៃកម្រិតទឹកនោមប្រៃ និងមុខងារតម្រងនោមបាន។ ចំណែកឯនៅក្នុងដំណាក់កាលបន្ទាប់ អ្នកជំងឺអាចមានអាការៈស្លេក ហើម ហត់ ក្អួត នោមតិច ឡើងឈាម។ល។ឯដំណាក់កាលចុងក្រោយ គឺលាងឈាម។ អ្នកជំងឺទឹកនោមផ្អែមគួរពិនិត្យរកទឹកនោមប្រៃ និងមុខងារតម្រងនោមតើនៅពេលណា? •អ្នកជំងឺគួរគប្បីពិនិត្យឈាមរៀងរាល់ឆ្នាំ (BUN, Creatinine, Creatine clearance) •អ្នកជំងឺគួរគប្បីពិនិត្យទឹកនោមរៀងរាល់ឆ្នាំ (Microalbuminuria, Proteinuria)។ តើអ្នកជំងឺទឹកនោមផ្អែមមានរបៀបការពារតម្រងនោមរបស់ខ្លួនដូចម្តេចខ្លះ? •ត្រួតពិនិត្យកម្រិតជាតិស្ករឲ្យបានល្អ •ត្រួតពិនិត្យសម្ពាធឈាមឲ្យបានល្អ •បញ្ឈប់ការជក់បារី •កាត់បន្ថយការបរិភោគជាតិខ្លាញ់។ អ្នកជំងឺខ្សោយតម្រងនោម និងទឹកនោមប្រៃក្នុងដំណាក់កាលដំបូង គួរទទួលទានអាហារូបត្ថម្ភអ្វីខ្លះ? •កាត់បន្ថយចំនួនប្រូតេអុីន (Proteine) ដែលអ្នកបរិភោគ •កាត់បន្ថយចំនួនផូស្វ័រ •កាត់បន្ថយចំនួនអំបិលក្នុងចំណីអាហារ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូននៃមន្ទីរពេទ្យកាល់ម៉ែត ប្រភព ៖ ទំព័រហ្វេសប៊ុកផ្លូវការ មន្ទីរពេទ្យ កាល់ម៉ែត ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top