Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

នៅពេលដែលយើងនិយាយពីអ្នកដែលអាចមករដូវបាន យើងតែងតែគិតដល់អ្នកដែលមានអត្តសញ្ញាណភេទជាមនុស្សស្រី ហើយមានរូបរាងជាមនុស្សស្រី។ ទោះបីជានេះជាការគិតដោយមិនដឹងខ្លួនក៏ដោយ តែវាបានឆ្លុះបញ្ចាំងពីកង្វះខាតចំណេះដឹងទៅលើបញ្ហាការមករដូវរបស់អ្នកដែលមិនប្រកាន់អត្តសញ្ញាណថាជាស្រ្តី ឬ អ្នកដែលមិនប្រកាន់ភេទច្បាស់លាស់។ កង្វះខាតនៃការយល់ដឹងជុំវិញបញ្ហានេះ និង​ការរើសអើងនៃអ្នកកែភេទ និង​បុគ្គលដែលមិនប្រកាន់ភេទណាមួយដែលគាត់មករដូវដែរនោះ បង្កជាផលវិបាកអវិជ្ជមានទៅលើការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដែលប៉ះពាល់ទៅលើអនាម័យនៃការមករដូវ សុខភាពផ្លូវចិត្ត និង ផាសុកភាពនៃរាងកាយរបស់គាត់។ ការបើកការជជែកពិភាក្សាដែលយើងកំពុងតែសំដៅទៅលើ គឺការខ្វះខាតនៃផលិតផលអនាម័យសុខភាពប្រដាប់បន្តពូជដែលមិនរើសភេទនៅលើទីផ្សារ (gender-neutral products ) និងការមាក់ងាយពីសង្គមជុំវិញបញ្ហាមករដូវផ្ទាល់ ជាពិសេសនៅក្នុងប្រទេសដែលមិនសូវមានការអប់រំពាក់ព័ន្ធទៅនឹងសហគមន៍ LGBTQ+ ដូចប្រទេសកម្ពុជា។ ដោយសារតែកង្វះខាតព័ត៌មាន និង ឯកសារស្រាវជ្រាវអំពីប្រធានបទនេះនៅក្នុងប្រទេសកម្ពុជា យើងបានសុំជំនួយពីអ្នកដែលនៅក្នុងសហគមន៍ LGBTQ+ ក្នុងស្រុកផ្ទាល់​តែម្តង។ សម្រាប់អត្ថបទប្លុកលើកនេះ យើងបានធ្វើការសម្ភាសន៍ ជាមួយនឹងលោក Bee Mike ដែលជាអ្នកលេងឧបរករណ៍តន្រ្តី ហ្គីតាបាស ប្រចាំក្រុមប្រគុំតន្រ្តីមួយនៅ​ក្នុងប្រទេសកម្ពុជា។ លោកនឹងឆ្លើយទៅនឹងសំនួរ ដោយប្រើប្រាស់បទពិសោធន៍របស់ខ្លួនលោកផ្ទាល់ក្នុងនាមជាអ្នកកែភេទនៅប្រទេសកម្ពុជា។ ផលលំបាកនៃការមករដូវក្នុងនាមជាអ្នកកែភេទ និង មិនប្រកាន់ភេទណាមួយ «និយាយទៅបើសិនជានិយាយថាឲ្យដឹងតាំងពីពេលណា គឺតាំងពីតូចមកចូលចិត្តស្លៀកខោអាវប្រុស» បើតាមសម្តីរបស់ Mike។ នៅពេលដែលគាត់ត្រូវបានសួរពាក់ព័ន្ធពីឧបសគ្គឬការលំបាករបស់គាត់ដែលបានធំធាត់ឡើងមកក្នុងនាមជាអ្នកកែភេទ ដែលមករដូវនោះ Mike បានឆ្លើយថា លោកតែងតែមានភាពខ្មាសអៀនខ្លាំងណាស់នៅពេលដែលនិយាយអំពីការមករដូវម្តងៗ។ «និយាយទៅតាំងពីក្មេងមកគឺឲ្យតែមានអាហ្នឹង គឺតែងតែមានអារម្មណ៍ប្លែកៗហើយអៀន ហើយអត់សូវបញ្ចេញអាការៈនឹងឲ្យគេឃើញទេ សូម្បីតែទៅទិញសំឡីខ្លួនឯងក៏អត់ហ៊ានដែរ»។ Mike ក៏បានបញ្ជាក់ផងដែរថា លោកមិនសូវមានបញ្ហាអ្វីជាមួយនឹងចំណេះដឹងថែទាំខ្លួននៅពេលមករដូវនោះទេ ពីព្រោះលោកទម្លាប់ជាមួយនឹងការមករដូវតាំងពីមុនពេលដែលគាត់ដឹង ១០០ ភាគរយថាខ្លួនជាមនុស្សប្រុស។ យ៉ាងណាមិញ លោកបាននិយាយផងដែរថា នេះគឺគ្រាន់តែជាបទពិសោធន៍របស់លោកផ្ទាល់ទេ ចំពោះអ្នក​ដែលជាអ្នកកែភេទផ្សេងលោកមិនអាចតាំងខ្លួនជាតំណាងឲ្យបទពិសោធន៍ពួកគេទាំងអស់គ្នាបាននោះទេ។ ប៉ុន្តែគាត់ចាំថាគាត់មានអារម្មណ៍ភ័យខ្លាចដែរនៅពេលដែលមករដូវជាលើកដំបូង ព្រោះមិនដឹងថាវាគ្រាន់តែជាដំណើរការធម្មជាតិនោះទេ។ លោកបាននិយាយដោយហួសចិត្តអំពីការសួរសំនួរពីមនុស្សជុំវិញខ្លួនអំពីរូបរាង និងភេទរបស់លោកតាំងពីនៅក្មេងមកម្ល៉េះ។ «ពេលដំបូងៗ នៅពេលដែលលឺសំនួរចឹងៗមានអារម្មណ៍ថាអន់ចិត្តនឹងខ្លួនឯង រហូតចង់ចូលដល់ជម្ងឺ depression មិនមែនចង់ depression ទេ គឺ depression ហ្មង ដោយសារតែ ទី​១ គាត់រើសអើងខ្លាំងពេក និយាយទៅសំនួរបែបនឹងគឺគ្រប់ទីកន្លែង តែម្តង គឺថាគាត់អត់យល់ទេ សូម្បីតែអ៊ុំយើងក៏គាត់សួរយើងចឹងដែរថា ម៉េចបានយើងចូលចិត្តតែងខ្លួនជាប្រុសចឹង និយាយទៅសំនួរពេញក្បាលតែម្តង»។ ការស្រាវជ្រាវបានបង្ហាញថាអ្នកដែលកែភេទ ប្រឈមមុខនឹងការមានភាពអាម៉ាស់នឹងខ្លួនឯង និងអសមភាពនៅក្នុងសង្គម ក៏ដូចជាភាពខ្វះខាតជាច្រើននៅពេលដែលពួកគេត្រូវគ្រប់គ្រងលើការមករដូវរបស់ខ្លួន។ មូលហេតុមួយគឺអ្នកកែភេទពីស្រីទៅប្រុស ដែលមានអត្តសញ្ញាណជាភេទប្រុស បានប្រកាន់ភ្ជាប់ជាមួយនឹងផ្នត់គំនិតមួយចំនួនដែលបុរសជាច្រើននៅក្នុងសង្គមប្រកាន់ខ្ជាប់ ហើយអាចមើលឃើញការមករដូវជាអ្វីមួយដែលធ្វើឲ្យពួកគេទន់ខ្សោយ ឬអន់ជាងបុរសដទៃ។ ហេតុនេះហើយ បានជាអ្នកកែភេទខ្លះមានភាពអាម៉ាសទៅនឹងការមករដូវ។ ការមិនទទួលស្គាល់ការមករដូវនេះមិនមែនជាកំហុសរបស់ពួកគាត់នោះឡើយ ប៉ុន្តែវាជាចំនុចចង្អុលបង្ហាញពីគំនិតដែលចាត់ទុកការមករដូវគឺជារបស់កខ្វក់ ហើយបន្ទាបតម្លៃរបស់មនុស្សម្នាក់។ នេះគឺជាជំនឿមួយដែលត្រូវបានគេជឿតាំងពីយូរលង់ណាស់មកហើយ ហើយវាត្រូវបានបន្តមានឥទ្ធិពលនៅក្នុងសង្គមដែលប្រកាន់ផ្នត់គំនិតបិតាធិបតេយ្យ។ បើនិយាយអំពីបទពិសោធន៍របស់លោកជាមួយនឹងបុគ្គលិកសុខាភិបាលវិញ Mike បាននិយាយថា លោកមិនដែលបានទៅគ្លីនិកណាមួយដើម្បីពិនិត្យមើលសុខភាពបន្តពូជរបស់លោកនោះទេ ប៉ុន្តែលោកធ្លាប់បានយកម្តាយរបស់លោកទៅ ហើយបានមានអារម្មណ៍ថាលោកមិនអាចទទួលយកការពិនិត្យរាងកាយបែបនោះបាននោះទេ។ ប៉ុន្តែលោកធ្លាប់មានបទពិសោធន៍ខ្លះៗនៅពេលដែលទៅគ្លីនិកពិនិត្យជម្ងឺទូទៅ ហើយមានអារម្មណ៍មិនល្អនៅពេលដែលគេនិយាយពីរូបរាងរបស់លោក និង​ ភេទរបស់លោកផងដែរ។ «បងទៅតែពេទ្យពិនិត្យសុខភាពធម្មតាដូចជាក្អក ផ្តាសាយអីចឹង ហើយភាគច្រើន ពួកគាត់នៅតែសួរតែ ស្មានតែប្រុសតាមពិតស្រីសោះ ពាក្យនេះអាចសាមញ្ញចំពោះគាត់ ប៉ុន្តែវាប៉ះពាល់ដល់អារម្មណ៍យើង»។ អ្នកផ្តល់សេវាសុខភាព និង​ សង្គមទាំងមូលដើរតួរយ៉ាងសំខាន់ក្នុងការលុបបំបាត់ការរើសអើងទៅលើអ្នកដែលកែភេទហើយមករដូវ។ អ្វីដែលគួរឲ្យសោកស្តាយគឺ នេះឯងជាចំនុចបញ្ហា ព្រោះអ្នកផ្តល់សេវាសុខភាពត្រូវបានគេរកឃើញថាមានភាពខ្វះខាត និង មានភាពលំអៀងនៅពេលដែលផ្តល់ការព្រឹក្សាដល់អ្នកដែលកែភេទ។ ការស្រង់មតិមួយនៅសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៥ ក្នុងចំណោមវេជ្ជបណ្ឌិតផ្នែកសម្ភព និង រោគស្រ្តី បានបង្ហាញថា ៨០​ ភាគរយ ក្នុងចំណោមពួកគេមិនបានទទួលការហ្វឹកហាត់ទាក់ទងទៅនឹងការផ្តល់សេវាសុខភាពដល់អ្នកកែភេទនោះទេ ហើយមានតែ ២៩ ភាគរយតែប៉ុណ្ណោះដែលមានអារម្មណ៍មិនល្អនៅពេលផ្តល់សេវាកម្មថែទាំសុខភាពដល់អ្នកកែភេទ។ ដោយសារតែភាពភ័យខ្លាចទៅលើអ្នកផ្តល់សេវាសុខភាពដែលរើសអើងទៅលើអ្នកកែភេទ ហើយនិង​ការស្អប់ខ្ពើមការមករដូវផងនោះ អ្នកកែភេទមិនងាយនឹងស្វែងរកសេវាថែទាំសុខភាពនោះទេ​នៅពេលដែលពួកគេជួបបញ្ហាពាក់ព័ន្ធទៅនឹងការមករដូវ ដូចជាការអត់រដូវ និង​ការដុះស្រទាប់រដូវនៅកន្លែងមិនប្រក្រតីជាដើម ដែលអាចមានមូលហេតុប៉ះពាល់សុខភាពធ្ងន់ធ្ងរ។ ការធ្វើឲ្យការមករដូវនៃអ្នកកែភេទទៅជារឿងធម្មតា ដូចនេះ តើក្នុងនាមយើងជាបុគ្គលម្នាក់ក្នុងសង្គមអាចជួយអ្វីបានខ្លះ? តាមពិតការចាប់ផ្តើមដំបូងគឺមិនស្មុគស្មាញនោះទេ​ ហើយវិធីនោះគឺការលើកទឹកចិត្តឲ្យអ្នកកែភេទ និង អ្នកដែលមិនប្រកាន់ភេទណាមួយចូលរួមការពិភាក្សាស្តីពីការមករដូវ។ ដើម្បីសង្កត់ថាមិនមែនមានតែស្ត្រីភេទតែប៉ុណ្ណោះដែលអាចមករដូវបាន ហើយក្នុងគោលដៅរកដំណោះស្រាយដែលផ្តល់ផាសុកភាពចំពោះមនុស្សទាំងអស់ដែលមករដូវ។ នេះអាចរួមបញ្ចូលទាំងវគ្គបណ្តុះបណ្តាលអ្នកផ្តល់សេវាថែទាំសុខភាពដែលមិនមានការរើសអើងអ្នកកែភេទ និងការដាក់ផលិតផលអនាម័យនៅក្នុងបន្ទប់ទឹកទាំងប្រុស និងស្រី។ ហើយអ្វីដែលសំខាន់ជាងគេនោះ គឺការលុបបំបាត់គំនិតដែលខុសឆ្គងពាក់ព័ន្ធទៅនឹងការមករដូវ។ នេះមិនមែនជាការងាយទេ ហើយវាត្រូវការការដាក់កម្មវិធីសិក្សានៅតាមសាលាអំពីសុខភាពបន្តពូជ និង សហគមន៍ LGBTQ+។ លោកបានបន្តថា៖ «បើទោះបីជាពួកបងស្រលាញ់ស្រីមែនប៉ុន្តែរូបរាងខាងក្រៅ ប្រព័ន្ធគ្រឿងក្នុងយើងក៏នៅតែជាមនុស្សស្រីចឹង។​ ចឹងធម្មតាធម្មជាតិបង្កើតមកឲ្យមនុស្សស្រីមានមករដូវ គឺយើងនៅតែមកដែរ ដូចម៉ាស៊ីនចឹង គេ set មកយ៉ាងម៉េចគឺយើងចេញមកចឹង។ ប៉ុន្តែពួកយើងខុសពីម៉ាស៊ីនដោយសារយើងនៅមានអារម្មណ៍ទៀត។ យើងមានអារម្មណ៍ យើងមានបេះដូង យើងមានគំនិត អ៊ីចឹងការគិតរបស់ពួកបងខុសគ្នាពីមនុស្សស្រីធម្មតាគឺខាងក្នុងចិត្ត ការគិត អារម្មណ៍»។ ផលិតផលអនាម័យសម្រាប់ការមករដូវដែលមិនប្រកាន់ភេទកំពុងតែត្រូវបានគេលក់នៅប្រទេសមួយចំនួននៅជុំវិញពិភពលោក។ ផលិតផលដូចជា Thinx និង Always កំពុងតែរួមបញ្ចូលតម្រូវការរបស់អ្នកកែភេទ​ និង អ្នកមិនប្រកាន់ភេទណាមួយ ដោយបង្កើតផលិតផលដែលអ្នកណាក៏អាចប្រើប្រាស់បានយ៉ាងងាយស្រួល។ យ៉ាងណាមិញ គ្រាន់តែកែប្រែផលិតផលនឹងមិនអាចជួយបានច្រើននោះទេប្រសិនបើយើងមិនព្យាយាមអស់ពីសមត្ថភាពក្នុងការអប់រំប្រជាជនទូទៅអំពីអនាម័យការមករដូវ និង ការគិតខុសពាក់ព័ន្ធទៅនឹងអ្នកដែលអាចមករដូវ តើការមករដូវមានន័យថាដូចម្តេច ហើយហេតុអីបានជាអនាម័យសុខភាពរដូវគឺជាសិទ្ធិមនុស្ស។ សម្រាប់ Mike វិញ ក្តីសង្ឃឹមរបស់លោកគឺសាមញ្ញនោះទេ។ «បើតាមមតិរបស់បងផ្ទាល់គឺអត់មានអីច្រើនក្រៅពីឲ្យពួកគាត់បើកចិត្តព្រមទទួលយកនោះទេ»។ គ្លីនិកម៉ារីស្តូបលើកទឹកចិត្តឲ្យមនុស្សគ្រប់អត្តសញ្ញាណភេទទាំងអស់មកទទួលសេវាថែទាំសុខភាពផ្លូវភេទដោយមិនមានភាពអាម៉ាស់ និង ប្រកបដោយទំនុកចិត្ត។   ឯកសារយោង៖ Chrisler, J. C., Gorman, J. A., Manion, J., Murgo, M., Barney, A., Adams-Clark, A., … Mcgrath, M. (2016). Queer periods: attitudes toward and experiences with menstruation in the masculine of centre and transgender community. Culture, Health & Sexuality, 18(11), 1238–1250. doi: 10.1080/13691058.2016.1182645 ACLU News & Commentary. (2019, December 17). Retrieved March 27, 2020, from https://www.aclu.org/news/lgbt-rights/menstruation-related-discrimination-is-sex-discrimination-we-dont-need-to-erase-trans-or-non-binary-people-to-make-that-point/   សម្រាប់ព័ត៌មានទាក់ទងនឹងការមករដូវ សុខភាពបន្តពូជ និង វិធីសាស្រ្តពន្យាកំណើត ប្រឹក្សាជាមួយ @MarieStopesKH តាមរយៈ៖ ✓ ផ្ញើសារតាមរយៈហ្វេសប៊ុគ ✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច ✓ 012 999 002 ឬ 098 999 102 ✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23 ✓ www.mariestopes.org.kh/contactus  

ចែករំលែក

ការត្រឡប់មកវិញនៃវដ្តរដូវបន្ទាប់ពីការសម្រាលកូន លោកប៉ា និងអ្នកម៉ាក់ថ្មីថ្មោងអាចមានការបារម្ភច្រើនជាងធម្មតាបន្តិចនៅពេលដែលនិយាយ ពីប្រធានបទអំពី”អ្នកម្តាយ និងគភ៌”។ មុនពេលសម្រាលលោកប៉ា អ្នកម៉ាក់រមែងតែងតែព្រួយបារម្ភថា តើកូនរបស់ពួកគាត់នឹងកើត មកគ្រប់ លក្ខណៈ ឬអត់ ហើយថាតើម្តាយ និងកូនមានសុវត្ថិភាព ឬយ៉ាងណា? រីឯក្រោយពេលដែលសម្រាលរួចរាល់វិញ ជាពិសេសអ្នកម្តាយតែម្តងតែងតែសួរសំនួរដូចជា៖ «ហេតុអីបានទឹកដោះខ្ញុំមិនសូវចេញ?» ឬ «ហេតុអី  ទឹកដោះខ្ញុំមានរសជាតិប្លែក?» (សំនួរនេះពិតជាធ្លាប់មានគេសួរមែនទេ?) ហើយសំនួរមួយទៀតដែលពេញ និយមដែរនោះគឺ៖ ហេតុអ្វីបានជាសម្រាលកូនហើយនៅតែមិនមានរដូវទៀត? ដូចនេះគ្លីនិក ម៉ារីស្តូបនឹងដោះស្រាយចម្ងល់មួយនេះជូនម៉ាក់ប៉ាទាំងអស់មិនថាថ្មី ឬចាស់នោះទេ។ អ្វីដែលអ្នកទាំងអស់គ្នាអាចមិននឹកស្មានដល់នោះ គឺបញ្ហាទាំងអស់នេះភាគច្រើនពាក់ព័ន្ធទៅនឹងបម្រែបម្រួលនៃ រាងកាយរបស់អ្នកម្តាយជាធម្មតានៅក្រោយពេលសម្រាលកូន ។ តើហេតុអ្វីបានជាខ្ញុំមិនមករដូវទៀតនៅក្រោយពេលសម្រាលកូនហើយ? ការមករដូវគឺជាព្រឹត្តិការណ៍មួយដែលបញ្ជាក់ថាអ្នកមានសមត្ថភាពក្នុងការមានកូនតាមរយៈបាតុភូតបញ្ចេញអូវ៉ុល​(ovulation) ឬ ស៊ុតរបស់ស្រ្តីនេះឯង។ នៅកំឡុងពេលដែលអ្នកម៉ាក់ពរពោះកូនរបស់អ្នកម៉ាក់ តាំងខ្លួននៅក្នុងថង់ដែលដុះចេញពីស្រទាប់ endometrium នៃស្បូន។ សុកដែលជាប់ទៅនឹងថង់ទារករមែង តែងតែបញ្ចេញ អរម៉ូនម្យ៉ាងហៅថា Progesterone ហើយអរម៉ូននេះឯងដែលទប់ស្កាត់បាតុភូតខ្ជាក់ចេញ នូវស៊ុត​ ឬអូវ៉ុល។ អ៊ីចឹងចុះពេលណាទៅទើបរដូវខ្ញុំត្រឡប់មកវិញ? ក្រោយពីសម្រាលកូនរួច អ្នកម៉ាក់ដែលសម្រេចចិត្តថាមិនបំបៅដោះកូននឹងមានរដូវវិញក្នុងកំឡុងពេល ៦ ទៅ​ ៨ សប្តាហ៍ក្រោយសម្រាល។ ប្រសិនបើជាអ្នកម៉ាក់បំបៅដោះកូន ពេលវេលានៃការមករដូវមានការយឺតយ៉ាវ គឺអាចរវាង ៣ ទៅ ៦ ឬ ៩ ខែ អាស្រ័យលើថាតើអ្នកម៉ាក់បំបៅដោះកូនបានទៀងទាត់ឬអត់។ អ្នកម្តាយមួយចំនួន ដែលបំបៅដោះកូនជាប់រហូត អាចនឹងមិនមានរដូវក្នុងកំឡុងពេលដែលបំបៅនោះតែម្តងហើយវានឹងមកវិញ ទៅពេលឈប់បំបៅ។ ជាធម្មតា ស្រ្តីដែលបំបៅដោះកូននឹងមករដូវយឺតជាងធម្មតា ដោយសារតែទឹកដោះភ្ញោចឲ្យខ្លួនប្រាណ បញ្ចេញ អរម៉ូនម្យ៉ាងហៅថា Prolactin។ Prolactin គឺជាអរម៉ូនម្យ៉ាងដែលមានភាពចាំបាច់ក្នុង ការផលិតទឹក ដោះម្តាយ ហើយវាក៏អាចទប់ស្កាត់អរម៉ូនដែលបង្កឲ្យមានការទម្លាក់ស៊ុតដែរ។ ដោយសារតែមិនមានអរម៉ូន ជម្រុញឲ្យមាន វដ្តរដូវ អ្នកម្តាយទាំងនោះត្រូវចាំពេលយូរបន្តិច។ តើនៅពេលដែលមានរដូវវិញមានការប៉ះពាល់ដល់ទឹកដោះដែរឬទេ? នៅពេលដែលរដូវរបស់អ្នកត្រឡប់មកវិញ អ្នកអាចចាប់អារម្មណ៍ថាមានបម្រែបម្រួលតិចតួចទាក់ទងនឹង ទឹកដោះ។ ឧទាហរណ៍៖ អ្នកអាចឃើញថាទឹកដោះរបស់អ្នកមកតិចជាងមុន ឬ ក៏ទារកមើលទៅហាក់បីដូចជា មិនសូវ មានចំណង់ក្នុងការបៅទឹកដោះ។ បម្រែបម្រួលនៃអរម៉ូនអាចធ្វើឲ្យទឹកដោះផ្លាស់ប្តូររសជាតិតិចតួច ឬ​ សណ្ឋាននៃទឹកដោះម្តាយ ប៉ុន្តែការប្រែប្រួលនេះតិចខ្លាំងណាស់ ហើយវាមិនបង្កជាផលអវិជ្ជមាន នោះទេ។ ហេតុអ្វីបានជាការមានកូនជាប់ៗគ្នាក្នុងរយៈពេលខ្លីមិនល្អចំពោះអ្នកម្តាយ និង ទារក? ទារកដែលត្រូវបានបង្កកំណើតក្នុងកំឡុងពេលតិចជាង ១២ខែបន្ទាប់ពីការសម្រាលចុងក្រោយរបស់ម្តាយរងនូវ ការកើនឡើងនៃហានិភ័យក្នុងការកើតមិនគ្រប់ខែ មានទម្ងន់តិចជាងទារកធម្មតា បាត់បង់ជីវិតនៅក្នុងផ្ទៃ និង ការស្លាប់ក្រោយពេលសម្រាល។ ហេតុដូច្នេះហើយ លោកឪពុកអ្នកម្តាយគួរតែរងចាំយ៉ាងហោចណាស់ក៏​ ១២ ខែដែរ សឹមយកកូនមួយទៀត។ តែនេះមិនមែនមានន័យថាហាមឃាត់មិនឲ្យរួមភេទនោះទេ។ អ្វីដែលអ្នកគួរធ្វើគឺការប្រើប្រាស់វិធីសាស្រ្តពន្យាកំណើត ឲ្យបានត្រឹមត្រូវ និងឆាប់រហ័ស។ នេះសំដៅទៅលើស្រ្តីដែលទើបតែធ្វើការរំលូតកូន ឬ រលូតកូនផងដែរ។ សូមចំណាំថា៖ទោះបីអ្នកមិន​បានពរពោះ​ដល់សម្រាលក្តី ក៏អ្នកទៅតែអាចមានសមត្ថភាពក្នុងការពរពោះម្តងទៀតក្នុងអំឡុងពេលខ្លីបំផុតដែរ។ ដូចនេះ ការប្រើ​វិធីសាស្រ្ត​ពន្យារកំណើតភ្លាមៗបន្ទាប់ពីសម្រាល ឬការរំលូ តកូន នឹងអាចជួយ កាត់បន្ថយហានិភ័យជាច្រើន។ ម៉ារីស្តូបអើយ! តើអ្នកអាចជួយណែនាំវិធីសាស្រ្តពន្យារកំណើតដ៏សក្តិសមបំផុតបានទេ? ប្រាកដណាស់។ មនុស្សមួយចំនួនធមានគំនិតអវិជ្ជមានចំពោះការប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតនៅពេលដែល សម្រាល កូនរួចភ្លាមៗ។ ចំពោះការលេបថ្នាំគ្រាប់ពន្យារកំណើតវិញ គឺមិនសូវបានណែនាំចំពោះស្រ្តីដែលទើបតែសម្រាលកូននោះទេ ជាពិសេសក្នុងកំឡុងពេល ២១​ថ្ងៃដំបូង។ នៅក្នុងកំឡុងពេល ២១ ថ្ងៃនោះ ស្រ្តីមានហានិភ័យច្រើនជាងធម្មតាក្នុងការមានជំងឺកំណកឈាម។ វិធីសាស្រ្តពន្យារកំណើតដែលល្អ ហើយមានសុវត្ថិភាពជាងគេនោះ គឺវិធីសាស្រ្តពន្យារកំណើតរយៈពេលវែង  ដូចជា ការដាក់កងក្នុងស្បូន (IUD) និង ការដាក់កងក្រោមស្បែក (implant)។ អ្នកអាចប្រើប្រាស់វិធីសាស្រ្តទាំងពីរនេះក្រោយពេលសម្រាលកូនភ្លាមៗ ឬ ក្នុងកំឡុងពេលក្រោយសម្រាលកូន ២១​ថ្ងៃក៏បាន។ តែកុំឲ្យយឺតយ៉ាវជាងនេះឲ្យសោះណា៎។ ដូចនេះកុំបារម្ភអី រដូវរបស់អ្នកនឹងមកវិញដូចធម្មតា។ ហើយប្រសិនជាអ្នកចង់មានការពរពោះដោយមានសុវត្ថិភាព និង ទារកដែលមានសុខភាពល្អ វាមានអត្ថប្រយោជន៍ក្នុងការរងចាំដោយប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតឲ្យបាន ត្រឹមត្រូវ។ ការអត់ធ្មត់គឺជាគុណធម៌គួរប្រកាន់ជាប់ខ្លួន (Patience is virtue)។   ឯកសារយោង៖ Jackson, E., & Glasier, A. (2011). Return of Ovulation and Menses in Postpartum Nonlactating Women. Obstetrics & Gynecology, 117(3), 657–662. doi: 10.1097/aog.0b013e31820ce18c Women's Health Care Physicians. (2018, February). Retrieved from https://www.acog.org/Patients/FAQs/Postpartum-Birth-Control?IsMobileSet=false FSRH Guidline: Contraception After Pregnancy (January 2017)   សម្រាប់ព័ត៌មានបន្ថែមវិធីសាស្រ្តពន្យារកំណើតផ្សេងៗ​​​ ប្រឹក្សាជាមួយ @MarieStopesKH តាមរយៈ៖ ✓ ផ្ញើសារតាមរយៈហ្វេសប៊ុគ ✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច ✓ 012 999 002 ឬ 098 999 102 ✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23 ✓ www.mariestopes.org.kh/contactus

ចែករំលែក
Top