-
Mar 20, 2017
|
-
7 ឆ្នាំមុន
|
-
7.2K មើល
ភ្នែកជាផ្នែកដ៏សំខាន់មួយដែលអ្នកចាំបាច់ត្រូវថែរក្សាជាប្រចាំដើម្បីចៀសវាងនូវបញ្ហាជាច្រើនក្នុងនោះបញ្ហាភ្នែកដែលគេតែងតែជួបប្រទះញឹកញាប់ជាងគេ គឺបញ្ហាភ្នែកម៉្ញូប។ក្នុងនោះ ភ្នែកម៉្ញូបមានច្រើនប្រភេទ និងកម្រិតផ្សេងៗពីគ្នាដែលអាចកើតលើមនុស្សគ្រប់វ័យ ដូច្នេះហើយ ហេលស៍ថាម បានលើកយកប្រធានបទទាក់ទងនឹងភ្នែកម៉្ញូបមួយប្រភេទហៅថា «ម៉្ញូបក្លែងក្លាយ»។
ក្នុងការធ្វើបទសម្ភាសន៍ជាមួយលោកសាស្រ្តាចារ្យជំនួយវេជ្ជបណ្ឌិត ម៉ារ អមរិន្ទ អនុប្រធានការិយាល័យបច្ចេកទេសនៅមន្ទីរពេទ្យព្រះអង្គឌួង និងជាសាស្រ្តាចារ្យផ្នែកចក្ខុសាស្ត្រ។ តាមរយៈប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ម៉ារ អមរិន្ទ «ម៉្ញូបក្លែងក្លាយ» ឬដែលពាក្យបច្ចេកទេសហៅថា « Pseudomyopia » មកពីពាក្យថា «Pseudo» មានន័យថាមិនពិតប្រាកដ ឬក្លែងក្លាយ រីឯ « Myopia » គឺសំដៅទៅភ្នែកស្រវាំងឆ្ងាយដូចនេះម៉្ញូបក្លែងក្លាយ (Pseudomyopia) មានន័យថាភ្នែកស្រវាំងឆ្ងាយមិនពិតប្រាកដ ឬម៉្ញូបមិនពិតប្រាកដ។ ដោយឡែកម៉្ញូបក្លែងក្លាយខុសពីម៉្ញូបផ្សេងទៀតដោយសារវាមានលក្ខណៈជាបណ្តោះអាសន្នមិនមានលេខម៉្ញូបខ្លាំងដូចលេខម៉្ញូបធម្មតា និងជាទូទៅមានរយៈពេលខ្លីហើយអាចបាត់ទៅវិញ។ រីឯរោគសញ្ញាដែលស្តែងចេញជាម៉្ញូបក្លែងក្លាយនេះក៏មិនខុសពីម៉្ញូបធម្មតាដែរ មានការមើយឆ្ងាយស្រវាំង រោយភ្នែក ចុកគ្រាប់ភ្នែក ហួលគ្រាប់ភ្នែកប៉ុន្តែនៅពេលគាត់បានសម្រាក ពិសេសសម្រាកពីការមើលជិតដូចជាទូរស័ព្ទ កុំព្យូទ័រ នោះអាការៈវានឹងធូរវិញ។
លោកវេជ្ជបណ្ឌិតបានបន្តថាភ្នែកម៉្ញូបក្លែងក្លាយនេះបណ្តាលមកពីមូលហេតុចម្បងបី៖
•ទីមួយ គឺទាក់ទងនឹងការមើលជិតច្រើនដែលភាសាបច្ចេកទេស ហៅថា Excessive Near Working គឺការមើលវត្ថុជិតរយៈពេលយូរច្រើនម៉ោងលើសពី៨ឬលើសពី១២ម៉ោងធ្វើឲ្យភ្នែកមានលក្ខណៈម៉្ញូបដែលពាក្យបច្ចេកទេសមួយហៅថា Accommodation Spam មានន័យថានៅពេលដែលយើងប្រើភ្នែកជិតច្រើនធ្វើឲ្យសាច់ដុំក្នុងភ្នែកហៅថា Ciliary Muscle កន្រ្តាក់រយៈពេលយូរម៉ោងបណ្តាលឲ្យកែវភ្នែកប៉ោងមានលក្ខណៈម៉្ញូបរយៈពេលខ្លីហើយក៏បាត់ទៅវិញ។
•ទីពីរ គឺទាក់ទងទៅនឹងភ្នែកមួយចំនួនដែលមានលក្ខណៈរលាកក្នុងភ្នែកហៅថា Uveitisធ្វើឲ្យភ្នែកមានការរលាកក្រហម ហើយមានលក្ខណៈដូចម៉្ញូបក្លែងក្លាយផងដែរ។
•ទីបី គឺទាក់ទងទៅនឹងការប្រើប្រាស់ប្រភេទថ្នាំមួយចំនួនភ្នែកចាប់ផ្តើមឡើងបាយ ឬគាត់មានបញ្ហាសរសៃប្រសាទឬក៏មានគ្រោះថ្នាក់ខួរក្បាលជាដើមក៏បណ្តាយឲ្យមានអាការៈស្រវាំងឆ្ងាយ និងរោយគ្រាប់ភ្នែកផងដែរ។
ថ្វីត្បិតតែវាជាម៉្ញូបក្លែងក្លាយក៏ពិតមែន ចាំបាច់ត្រូវមកពិនិត្យភ្នែកជាមួយនឹងគ្រូពេទ្យជំនាញផ្នែកភ្នែកនៅពេលលោកអ្នកមានអាការៈស្រវាំងភ្នែកពិសេសពេលមើលឆ្ងាយ ឬចុករោយគ្រាប់ភ្នែក ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។
ការធ្វើរោគវិនិច្ឆ័យនេះទៀតសោតវាអាស្រ័យទៅតាមមូលហេតុនៃម៉្ញូបក្លែងក្លាយដោយដំបូងឡើយនឹងសាកសួររកមូលហេតុថាតើគាត់មានសម្លឹងច្រើនម៉ោងឬទេគាត់មានការរលាកក្នុងភ្នែកឬទេ? គាត់មានជំងឺប្រព័ន្ធប្រសាទឬរបួសផ្នែកក្បាល ឬទេ។ បន្ទាប់មកសួរអំពីអាការៈរបស់គាត់រួមជាមួយនឹងការវាស់គំហើញភ្នែកទាំងសងខាងរបស់គាត់ ដើម្បីដឹងថាមានថយចុះ ឬស្រវាំង ឬទេដោយប្រើឧបករណ៍សម្រាប់វាស់ភ្នែកដូចឧបករណ៍វាស់វ៉ែនតាទូទៅឈ្មោះថា Auto Refractometer វាផ្តល់លទ្ធផលជាលេខម៉្ញូប ក៏ប៉ុន្តែលេខម៉្ញូបនេះអាចមានលក្ខណៈប្រែប្រួល គឺថាបើបានសម្រាកភ្នែក ឬក៏បានព្យាបាលពេលយើងវាស់ម្តងទៀតទៅ គឺយើងឃើញលេខនោះថយចុះ ឬក៏បាត់។
ចំពោះការព្យាបាលបញ្ហាម៉្ញូបក្លែងក្លាយនេះមិនមានអ្វីជាពិសេសនោះទេ បន្ទាប់ពីគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថាអ្នកមានបញ្ហាម៉្ញូបក្លែងក្លាយហើយ គាត់នឹងណែនាំឲ្យអ្នកប្រើប្រាស់ភ្នែកបានត្រឹមត្រូវមិនលើសពី៨ម៉ោង ឬ១២ម៉ោងព្រមទាំងបរិភោគអាហារមានវីតាមីនគ្រប់គ្រាន់។ ប្រសិនបើមិនធ្វើតាមការណែនាំរបស់គ្រូពេទ្យឲ្យបានត្រឹមត្រូវទេនោះភ្នែកម៉្ញូបក្លែងក្លាយរបស់អ្នកនឹងវិវឌ្ឍទៅជាភ្នែកម៉្ញូបពិតប្រាកដដែលទាមទារឲ្យមានការប្រើប្រាស់វ៉ែនតាជាប្រចាំនិងការព្យាបាលច្បាស់លាស់។
ជាចុងក្រោយ លោកវេជ្ជបណ្ឌិតបានផ្តល់នូវដំបូន្មានថាគួរតែថែរក្សាភ្នែក និងអនាម័យវាឲ្យបានជាប្រចាំព្រោះវាអាចជួយលោកអ្នកបានរហូតដល់៥០%ឲ្យរួចផុតពីបញ្ហាភ្នែកនានា។ ការធ្វើអនាម័យខ្លួនប្រាណ និងលើផ្ទៃមុខក៏ជាផ្នែកមួយនៃការថែរក្សាភ្នែកដែរ។ ម៉្យាងទៀត ការប្រើប្រាស់វ៉ែនតាត្រឹមត្រូវនៅពេលយើងប្រឈមមុខនឹងបរិស្ថានមិនល្អខ្យល់ពន្លឺថ្ងៃ ផ្សែង ដីហុយ ឬប្រើកុំព្យូទ័រយូរក៏ជាការថែទាំភ្នែកអ្នកដែរ។
បើអ្នកសម្លឹងជិតរយៈពេលយូរត្រូវចេះសម្រាកភ្នែកខ្លះ តាមគោលការណ៍២០ ២០ ២០ មានន័យថាសម្លឹង ២០នាទី សម្រាក២០ វិនាទីហើយសម្លឹងទៅឆ្ងាយ ២០ហ្វីត(ប្រហែល៦ម៉ែត្រ) ឬប្រើវ៉ែនតាជំនួយពេលស្រវាំងឆ្ងាយ។ ការថែទាំភ្នែកនេះត្រូវគិតតាំងពីក្មេងតាំងពីកើតមករហូតដល់ចាស់នៅពេលមានបញ្ហាតិចតួច មិនស្រួលយើងត្រូវរួតរះប្រញាប់ទៅជួបគ្រូពេទ្យឯកទេសភ្នែក ដើម្បីពិនិត្យថាតើភ្នែកយើងមានជំងឺអ្វីឬអត់។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក