
- May 23, 2017 |
- 6 ឆ្នាំមុន |
- 2.6K មើល
ឆាប់ឲ្យក្មេងលេងឧបករណ៍ឌីជីថល ពិតជាពន្យារភាពចេះនិយាយ?
នាពេលបច្ចុប្បន្ននេះ យើងរាល់គ្នាចិញ្ចឹមកូនតែងតែខ្វល់ខ្វាយចំពោះការលេងឧបករណ៍ឌីជីថល និងតែងតែមានចម្ងល់ អំពីឧបករណ៍ទាំងនោះ ត្រូវបានចោទសួរឡើង។ ក្នុងនោះមានដូចជា តើវាអាចនឹងមានផលប៉ះពាល់អ្វីខ្លះដល់កូនរបស់យើង? តើបច្ចេកវិទ្យាទាំងនោះ អាចប៉ះពាល់ដល់ ខួរក្បាលរបស់ពួកគេទេ? តើវាអាចកំណត់នូវការលូតលាស់ផ្នែកសង្គមដែរ ឬទេ? តើវាអាចបង្កគ្រោះថ្នាក់ដល់អារម្មណ៍របស់ពួកគេទេ? តើវាអាចពន្យារ នូវការចាប់ផ្ដើមការចេះនិយាយរបស់ពួកគេទេ? ប្រហែលជាមានច្រើននាក់ មិនបានគិតអំពីសំណួររចុងក្រោយនេះទេ រហូតដល់មានការសិក្សាថ្មីមួយ ដែលបានបង្ហាញពីការរកឃើញមួយចំនួន ដ៏គួរឲ្យចាប់អារម្មណ៍ ហើយបានចេញផ្សាយ និងត្រូវបានធ្វើបទបង្ហាញក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០១៧ របស់សមាគមគ្រូពេទ្យឯកទេសផ្នែកកុមារ។ ការសិក្សាបានរកឃើញថា «បើក្មេងអាយុនៅចន្លោះពី ៦ខែដល់២ឆ្នាំ ចំណាយពេលលេងឧបករណ៍ឌីជីថល ដូចជា ស្មាតហ្វូន ថេបផ្លេត និងហ្គេមអេឡិចត្រូណិច កាន់តែច្រើន ពួកគេអាចនឹងប្រឈមនូវភាពយឺតយ៉ាវនៃការចេះនិយាយរបស់ពួកគេកាន់តែខ្ពស់»។ វេជ្ជបណ្ឌិត Catherine Birken អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃការសិក្សានេះ និងជាគ្រូពេទ្យឯកទេសផ្នែកកុមារ ហើយក៏ជាអ្នកវិទ្យាសាស្ដ្រ នៅមន្ទីរពេទ្យសម្រាប់ជំងឺកុមារនៅ Toront, Ontario បានថ្លែងថា «ខ្ញុំជឿថា វាជាការសិក្សាលើកដំបូង ដែលទាក់ទងនឹងផលប៉ះពាល់ របស់ឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយចល័ត និងការពន្យារពេល នៃការប្រាស្រ័យទាក់ទងរបស់កុមារ។» លោកស្រីបានបន្តថា «វា គឺជាលើកទីមួយហើយ ដែលយើងបានរកឃើញគំហើញថ្មី ទៅលើបញ្ហាដ៏មានសក្ដានុពលនេះ ប៉ុន្តែខ្ញុំគិតថា លទ្ធផលទាមទារឲ្យមានការសិក្សាបន្ថែម និងការកែសម្រួល ព្រោះថា វាគ្រាន់តែជាការសិក្សាជំហានដំបូងប៉ុណ្ណោះ»។ ការស្រាវជ្រាវនេះ បានសិក្សាទៅលើកុមារជាង៩០០នាក់ ដោយឪពុកម្ដាយរបស់ទារកមានអាយុ១៨ខែ បានរាយការណ៍ ពីរយៈពេលដែលកូនរបស់ពូកគាត់ បានចំណាយទៅលើឧបករណ៍ឌីជីថលទាំងនោះ គិតជានាទីក្នុងមួយថ្ងៃ។ បន្ទាប់មក អ្នកស្រាវជ្រាវបានប្រើនូវកម្រងសំណួរមួយប្រភេទ សួរទៅកាន់ឪពុកម្ដាយរបស់ទារក ដើម្បីតាមដាន និងវាយតម្លៃអំពីការលូតលាស់ផ្នែកទំនាក់ទំនងរបស់ទារក (Infant toddler checklist) និងកម្រងសំណួរសម្រាប់ធ្វើតេស្ដរកមើលបញ្ហាសុខភាពផ្លូវចិត្ត (A validated screening tool) ដើម្បីវាយតម្លៃទៅលើការអភិវឌ្ឍភាសារបស់ទារក នៅអាយុ១៨ខែ។ ពួកគេបានធ្វើការសិក្សាទៅលើការប្រើប្រាស់សម្លេង ឬពាក្យរបស់កុមារ ក្នុងការទាមទារការយកចិត្តទុកដាក់ ឬការសុំជំនួយផ្សេងៗ ហើយការដាក់បញ្ចូលនូវពាក្យទាំងនោះចូលគ្នា និងចំនួនពាក្យដែលកុមារបានប្រើ។ ការសិក្សាបានរកឃើញថា ២០%នៃកុមារ បានចំណាយពេលប្រមាណជាមធ្យម២៨នាទីក្នុងមួយថ្ងៃ លេងឧបករណ៍ឌីជីថល។ រាល់ការកើនឡើង៣០នាទី ជារៀងរាល់ថ្ងៃ ទៅលើការលេងឧបករណ៍ទាំងនេះ គឺអាចនាំឲ្យកើនឡើង៤៩%នៃហានិភ័យមួយ ដែលអ្នកស្រាវជ្រាវហៅថា ភាពយឺតយ៉ាវនៃការចេះនិយាយ របស់កុមារ ដែលវាគឺជាការប្រើប្រាស់សម្លេង និងពាក្យសម្ដី។ យ៉ាងណាមិញ ការសិក្សានេះ មិនបានរកឃើញអំពី ទំនាក់ទំនងរវាងការប្រើប្រាស់ឧបករណ៍ទាំងនេះ ជាមួយនឹងការទំនាក់ទំនងផ្សេងទៀត ដូចជាតាមរយៈកាយវិការ ភាសាកាយវិការ និងទំនាក់ទំនងសង្គមនោះទេ។ យើងត្រូវការការស្រាវជ្រាវមួយដែលច្បាស់លាស់ជាងនេះ លោកស្រី Birken ដែលជាសាស្ដ្រាចារ្យរងផ្នែកជំងឺកុមារនៅសាកលវិទ្យាល័យToronto បានសង្កត់ធ្ងន់ថា ខណៈពេលដែលការសិក្សារបស់លោកស្រីបានបង្ហាញថា វាមានទំនាក់ទំនងរវាងការប្រើប្រាស់ឧបករណ៍ទាំងនេះ និងការពន្យារពេល ក្នុងការប្រាស្រ័យទាក់ទងរបស់កុមារ ដូច្នេះ វាទាមទារឲ្យមានការស្រាវជ្រាវជាច្រើនទៀត ដើម្បីបញ្ជាក់បានថា ការប្រើប្រាស់ឧបករណ៍ឌីជីថលទាំងនេះ អាចបង្កឲ្យមានភាពយឺតយ៉ាវក្នុងការចេះនិយាយរបស់កុមារ។ លោកស្រីបានថ្លែងថា «ការសិក្សាបន្ថែមទៀតក៏ត្រូវការផងដែរ ដើម្បីឲ្យបានដឹងថា កុមារកំពុងមើលអ្វីខ្លះ? ថាតើពួកគេកំពុងតែប្រើឧបករណ៍ទាំងនេះ ជាមួយឪពុកម្ដាយ ឬក៏អ្នកថែទាំរបស់ពួកគេ?»។ លោកស្រី Birken បាននិយាយថា «ខ្ញុំគិតថា ដើម្បីទទួលបានភស្ដុតាងដ៏ជាក់លាក់មួយ ព្រមទាំងជូនដំណឹងទៅកាន់ឪពុកម្ដាយ និងគ្រូពេទ្យ អំពីអ្វីដែលគួរតែណែនាំ យើងត្រូវការ ការស្រាវជ្រាវបន្ថែមទៀត»។ ចំណែកឯ American Academy of Pediatrics បានថ្លែងថា «អ្នកត្រូវការការពិសោធ និងភស្ដុតាងដ៏ល្អមួយ យ៉ាងហោចណាស់ការសិក្សារយៈពេលយូរមួយ ប៉ុន្តែការរកឃើញនេះក៏បានបង្ហាញនូវទំនាក់ទំនងមួយដ៏សំខាន់ ហើយវាក៏គាំទ្រនូវការណែនាំនាពេលបច្ចុប្បន្ននេះ ដូចគ្នាដែរ»។ ក្រុមនេះក៏បានផ្ដល់ជាអនុសាសន៍ថា «មិនគួរឲ្យកុមារដែលមានអាយុក្រោម១៨ខែ ប្រើប្រាស់ ឬលេងជាមួយឧបករណ៍ឌីជីថលទាំងនេះទេ។ សម្លេងរំខាន និងសកម្មភាពរបស់ឧបករណ៍ទាំងនេះ អាចមានផលប៉ះពាល់ដល់កុមារតូចៗ និងអាចបង្កឲ្យមានការបាត់បង់នូវទំនាក់ទំនង រវាងពួកគេ និងឪពុកម្ដាយរបស់ពួកគេ នេះបើយោងតាមការបកស្រាយរបស់គ្រូពេទ្យឯកទេសជំងឺកុមារ»។ សម្រាប់កុមារអាយុចន្លោះពី ១៨ដល់២៤ខែ ក្រុមគ្រូពេទ្យឯកទេស ផ្នែកកុមារនៅសហរដ្ឋអាមេរិក បានច្រានចោលនូវការណែនាំ កាលពីឆ្នាំមុន ដែលហាមដាច់ខាត មិនឲ្យកុមារនៅក្នុងក្រុមអាយុនេះប្រើឧបករណ៍ឌីជីថលទេ។ ផ្ទុយទៅវិញ ក្រុមគ្រូពេទ្យនេះបានផ្ដល់អនុសាសន៍ថា «ឪពុកម្ដាយគួរតែជ្រើសរើស យកកម្មវិធីណាល្អៗ និងមានគុណភាពខ្ពស់ ហើយមើលជាមួយកូនរបស់ពួកគេ ដើម្បីជួយឲ្យពួកគេបានដឹង និងយល់ពីអ្វីដែលពួកគេកំពុងមើល»។ ស្ទើរតែ៤០%នៃកុមារ ដែលមានអាយុក្រោម២ឆ្នាំ បានប្រើទូរស័ព្ទចល័ត គឺកើនឡើងពី១០%នៅឆ្នាំ២០១១ នេះបើយោងតាមការសិក្សាមួយ ក្នុងឆ្នាំ២០១៣ របស់ Common Sense Media ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញមួយ ផ្ដោតលើការជួយកុមារ ឪពុកម្ដាយ និងអ្នកអប់រំឲ្យដើរតាមពិភព នៃការផ្សព្វផ្សាយ និងបច្ចេកវិទ្យា។ ចំនួននេះ គឺកាន់តែខ្ពស់នាពេលបច្ចុប្បន្ន ចាប់តាំងពីស្មាតហ្វូនកាន់តែមានភាពពេញនិយម។ លោក Michael Robb ដែលជានាយកស្រាវជ្រាវនៃ Common Sense Media បានថ្លែងថា «វាគឺជាការសិក្សាដ៏មានសារៈសំខាន់មួយ ដែលបានពន្លេចពីហានិភ័យដ៏គ្រោះថ្នាក់ ទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងជាពិសេសនោះ គឺការប្រើប្រាស់ឧបករណ៍ឌីជីថល»។ លោកបានបន្ថែមទៀតថា «អ្វីដែលបង្កឲ្យមានផលប៉ះពាល់នោះ ពិតជាសំខាន់ណាស់ ដែលផលប៉ះពាល់អវិជ្ជមាន គឺដោយសារការប្រើឧបករណ៍ឌីជីថល បានជំនួសនូវទំនាក់ទនង រវាងឪពុកម្ដាយ និងកូន (ការលេង ការអាន ការជជែកគ្នា ការច្រៀង ។ល។) សកម្មភាពទាំងនេះ គឺមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍមួយដ៏ល្អ»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
ចែករំលែក