Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ស្ត្រេស និងអន្ទះសារ គឺជាបញ្ហាសុខភាព ដែលប្រជាពលរដ្ឋខ្មែរទូទៅ កំពុងតែជួបប្រទះរាល់ថ្ងៃ ប៉ុន្តែ ពួកគាត់ទាំងនោះ មិនបានដឹងថា វាជាជំងឺដែលកំពុងគម្រាមកំហែង ដល់សុខភាពពួកគាត់ឡើយ។ ស្ត្រេស ជាស្ថានភាពមួយ ដែលទាមទារការព្យាបាល ពីព្រោះ បើទុកយូរទៅវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ អាចនឹងកើតឡើងជាមិនខានឡើយ។  ជាការពិត ការផ្លាស់ប្តូរតែបន្តិចបន្តួចប៉ុណ្ណោះ អាចដោះស្រាយបញ្ហាទាំងនេះបាន។​ ថ្ងៃនេះ គេហទំព័រសុខភាព Healthtime យើងខ្ញុំ សូមលើកយកគន្លឹះងាយៗចំនួន ៧ ដើម្បីជួយឲ្យបងប្អូនទាំងអស់ ចាកផុតពីស្ថានភាពអន្ទះសារ ក៏ដូចជាស្ត្រេសនេះបានយ៉ាងមានប្រសិទ្ធភាព ប្រសិនបើអ្នកធ្វើតាមការណែនាំ។ ១. ដាក់ផែនការឲ្យច្បាស់លាស់ ហើយបញ្ចប់ការងារតាមលំដាប់លំដោយ ដើម្បីធ្វើឲ្យអារម្មណ៍របស់អ្នកប្រសើរឡើង ២. កុំបង្ខំចិត្តធ្វើការងារហួសកម្លាំង (ដាក់ផែនការតែពីរ បី ឬច្រើននេះ ប៉ុន្តែ ត្រូវមើលសមត្ថភាពរបស់អ្នកសិន បើអ្នកចេះតែដាក់ ហើយធ្វើមិនបាន ស្ត្រេសនឹងកើតឡើងភ្លាម) ៣. ត្រូវទទួលស្គាល់ថា គ្មាននរណាអស្ចារ្យ ឬល្អឥតខ្ចោះនោះទេ ហើយគ្រប់ពេលដែលអ្នកបរាជ័យ ឬធ្វើការងារមិនបានសម្រេច អ្នកត្រូវគិតថា អ្នកខំប្រឹងអស់ពីសមត្ថភាពហើយ ធ្វើម៉េចបើលទ្ធផល មិនដូចការរំពឹងគិត ១០០ ភាគរយនោះ ៤. រៀនទទួលស្គាល់ការពិត ហើយកុំចង់ឈ្នះ អ្វីដែលអ្នកមិនអាចធ្វើបានច្រើនពេក ៥. រីករាយ និងប្រារព្ធពិធីស្វាគមន៍ ចំពោះជោគជ័យតូចតាចរបស់អ្នក ដើម្បីជាការលើកទឹកចិត្ត ក្នុងការបន្តការងារទៅមុខទៀត ៦. ញ៉ាំអាហារមានសុខភាពល្អ ហើយហាត់ប្រាណជាប្រចាំ ដើម្បីកាត់បន្ថយស្ត្រេស និងសម្ពាធការងារ ៧. ស្វែងរកជំនួយ ឬអ្នកប្រឹក្សាយោបល់ជំនាញ ប្រសិនបើអ្នកគិតថា អ្នកមិនអាចដោះស្រាយវាដោយខ្លួនឯងបានទេ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

នេះ គឺជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់យើងរាល់គ្នា ដើម្បីធ្វើការពិចារណា ព្រោះថាពួកយើងស្ទើរតែទាំងអស់ គឺបានធ្វើខុសនូវទម្លាប់នេះ? គឺថា…ពួកយើងម្នាក់ៗបាន និងកំពុងតែយកទូរស័ព្ទចូលក្នុងបន្ទប់ទឹក ពេលយើងបន្ទោរបង់។ ចំពោះបញ្ហាវិញនោះ គឺថាយើងប្រហែលជាអាចនាំយក ពពួកមេរោគមកជាមួយ ព្រោះថាពពួកមេរោគទាំងនេះ អាចតោងជាប់នៅនឹងទូរស័ព្ទរបស់យើងនៅពេលដែលយើងបានប៉ះពាល់ពួកវា ពេលយើងបន្ទោរបង់រួច ហើយពពួកមេរោគដែលអាចឆ្លងនោះ រួមមានដូចជា ពួក E Coli និង Salmonella។ អ្នកជំនាញខាងអនាម័យបានណែនាំថា «ទូរស័ព្ទរបស់អ្នកអាចចម្លងរោគបាន ដោយសារតែទំនាក់ទំនងរវាងអ្នក ទូរស័ព្ទ និងមេរោគនៅក្នុងបន្នប់ទឹកតែម្តង»។ នេះ គឺជាវិធីដ៏លឿនបំផុតក្នុងការចម្លងបាក់តេរី និងវីរុសទៅលើទូរស័ព្ទរបស់អ្នក ហើយបន្ទាប់មកអ្នកអាចឆ្លងមេរោគនោះដោយខ្លួនឯង នៅពេលដែលអ្នកចុចទូរស័ព្ទ និងប្រើដៃរបស់អ្នក ដើម្បីចាប់កាន់ចំណីអាហារមួយចំនួន ដូចជា ប៊័រហ្គឺ (burger) ហតដក (hot dog) ឬក៏ផ្លែឈើជាដើម។ អ្នកស្រាវជ្រាវជឿជាក់ថា បញ្ហានេះនឹងកាន់តែធ្ងន់ធ្ងរជាងនេះទៀត បើសិនជាអ្នកប្រើប្រាស់បង្គន់សាធារណៈហើយយកទូរស័ព្ទរបស់អ្នកចូលទៅចុចក្នុងបង្គន់នោះ។ អ្នកអាចប្រឈមមុខនឹងហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺផ្សេងៗតាមរយៈទូរស័ព្ទរបស់អ្នក។ វីរុសដែលតោងនៅជាប់នឹងទូរស័ព្ទរបស់អ្នកអាចរស់បានជាច្រើនថ្ងៃ ហើយឱកាស ដែលវាអាចចម្លងជំងឺ គឺដូចជាភ្លើងឆេះព្រៃអញ្ចឹង។ អ្នកគួរតែចៀសវាងការយកទូរស័ព្ទរបស់អ្នកចូលទៅក្នុងបង្គន់ និងត្រូវចងចាំថា ហើយជូតដៃជាមួយកន្សែងដែលស្អាត មុនពេលចាប់កាន់ទូរស័ព្ទរបស់អ្នក។ ស្របពេលជាមួយគ្នានេះផងដែរ ត្រូវប្រកាន់ឲ្យបានជាប់ជានិច្ច នូវការរស់នៅស្អាត និងត្រូវចងចាំថា «បង្គន់របស់អ្នកមិនមែនជាបន្ទប់ទទួលភ្ញៀវទេ អ្នកមិនគួរចំណាយពេលអង្គុយក្នុងបង្គន់យូរពេកទេ អ្នកគួរតែចាកចេញឲ្យបានកាន់តែឆាប់តាមដែលអ្នកអាចធ្វើបាន ប្រសិនបើអ្នកនៅក្នុងបង្គន់កាន់តែយូរ អ្នកអាចប្រឈមនឹងហានិភ័យដែលអាចឆ្លងជំងឺទៅកាន់អ្នកកាន់តែខ្ពស់»។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ជំនាន់ថ្មី មិនថាក្មេង ចាស់ ប្រុស ឬស្រីទេ ចាប់ផ្តើមមានទំនោរមករកការហាត់ប្រាណហើយ ព្រោះតែហេតុផលដែលតែងទន្ទេញជាប់មាត់ថា «សុខភាពជាចម្បង» ។ ក្នុងនោះ មានមនុស្សមួយចំនួននិយមនឹងការហាត់ប្រាណតាមក្លឹប រីឯមួយចំនួនទៀតក៏មានចំណូលចិត្តដើរ រត់ រាំ និងជិះកង់ នៅខាងក្រៅវិញ។ ទោះជាសកម្មភាពអ្វីក៏ដោយឲ្យតែជាការហាត់ប្រាណ សុទ្ធតែផ្តល់មកវិញនូវអត្ថប្រយោជន៍ គ្រាន់តែខុសៗគ្នាអាស្រ័យនឹងបរិស្ថានជុំវិញ។ ដោយឡែក ការហាត់ប្រាណបែប outdoor នេះផ្តល់ឲ្យលោកអ្នកជាច្រើនរួមមាន៖ បង្កើនការផលិតវីតាមីនD ក្នុងពេលហាត់ប្រាណនៅក្រៅ អ្នកចៀសមិនផុតពីការប៉ះពាល់នៃពន្លឺថ្ងៃ ដែលអ្នកក៏ដឹងហើយថាកាលណាស្បែករបស់អ្នកប៉ះជាមួយពន្លឺថ្ងៃក្នុង កម្រិតមធ្យម ជួយបង្កើនការផលិតវីតាមីនDដ៏មានគុណប្រយោជន៍ក្នុងការកាត់បន្ថយបញ្ហាពុកឆ្អឹង និងហានិភ័យនៃជំងឺមហារីកមួយចំនួន។ ភ្ញោចលើផ្លូវចិត្ត ការកើនឡើងនូវចំនួននៃការស្រាវជ្រាវបង្ហាញថាសកម្មភាពខាងក្រៅ ឬការហាត់បែប outdoor ពិតជាល្អបំផុតសម្រាប់សុខភាពផ្លូវចិត្តរបស់ បុគ្គលម្នាក់ៗ ដែលការហាត់បែប indoor ហាក់ដូចជាមិនផ្តល់ឲ្យអ្នក។ ការហាត់នៅក្នុងចំណោមធម្មជាតិ ឬរុក្ខជាតិជាច្រើនផ្តល់ត្រឡប់មកឲ្យអ្នក វិញនូវសុខភាពផ្លូវចិត្តល្អ និងអាចជួយបំបាត់ជំងឺថប់អារម្មណ៍ ព្រមទាំងស្ត្រេសបានយ៉ាងប្រសើរ។ ជាការពិត ការសម្លឹងមើលជញ្ជាំងទាំង ៤ នៃបន្ទប់ ក្នុងផ្ទះ ឬនៅក្លឹប អាចនឹងធ្វើឲ្យអ្នកវិលមុខបាន ដូចច្នេះ ហើយគួរចំណាយពេលហាត់ប្រាណនៅខាងក្រៅខ្លះសម្រាប់ផ្តល់នូវការភ្ញោចខួរក្បាល និង ធ្វើឲ្យចិត្តអ្នកក៏ទទួលបានការហាត់ប្រាណដែរ។ បន្ថែមពីនេះ ខ្យល់បរិសុទ្ធនឹងបង្កើនបរិមាណ អុកស៊ីហ្សែន ដែលជួយបញ្ចេញនូវសារធាតុគីមីល្អពីខួរក្បាលគឺ សេរ៉ូតូនីន មានន័យថាការហាត់ប្រាណនៅខាងក្រៅមិនត្រឹមតែដើម្បីរក្សារាង និងសុខភាពល្អប៉ុណ្ណោះទេ គឺរឹតតែធ្វើឲ្យអារម្មណ៍ល្អអស្ចារ្យទៀតផង។ ពិសេស វាគឺត្រូវបានចាត់ចូលជាការព្យាបាលដ៏សាមញ្ញមួយ នៃជំងឺធ្លាក់ទឹកចិត្ត និងវិបត្តិអារម្មណ៍ផ្សេងទៀត។ កាត់បន្ថយកាឡូរីខ្ពស់ ជាការពិតណាស់ លំហាត់ប្រាណទាំងឡាយសុទ្ធតែកាត់បន្ថយកាឡូរី ប៉ុន្តែគ្រាន់តែនៅក្នុងកម្រិតខុសៗគ្នាប៉ុណ្ណោះ។ លំហាត់ប្រាណនៅក្រៅ ឬហៅថាបែប outdoor នេះអាចផ្តល់ឲ្យអ្នកនូវការកាត់បន្ថយកាឡូរីបានខ្ពស់ជាងការហាត់នៅក្នុងក្លឹប ឬបែប indoor ។ ជាឧទាហរណ៍ស្រាប់ បើអ្នករត់ដោយម៉ាស៊ីន នៅក្នុងក្លឹប នោះអ្នកនឹងចំណាយថាមពលតិចជាង បើធៀបនឹងការរត់នៅក្រៅ ព្រោះអ្នកអាចនឹងត្រូវរត់បញ្ច្រាសខ្យល់រួមនឹងរបាំងធម្មជាតិផ្សេងៗទៀត។ បង្កើនប្រសិទ្ធភាព លោកអ្នកប្រហែលជាចំណាយពេលជាទូទៅ ៣០ នាទីក្នុងក្លឹបហាត់ប្រាណ ហើយមានអារម្មណ៍ថាពិតជាយូរខ្លាំងណាស់ មែនទេ? ជួនកាលធ្វើឲ្យអ្នក ឆាប់ធុញថប់ និងមិនសូវចង់ហាត់ ដែលពេលខ្លះជាហេតុផលធ្វើឲ្យអ្នកមិនសូវហាត់បានទៀងទាត់។ បើអញ្ចឹងមែន ប្តូរទម្លាប់ចាស់ហើយចាប់ផ្តើម ហាត់ប្រាណបែប outdoor នេះវិញម្តង លោកអ្នកអាចនឹងហាត់បានទ្វេដងដោយមិនដឹងខ្លួន មិនធុញព្រមទាំងជំរុញឲ្យលោកអ្នកហាត់បាន ទៀងទាត់ផង។ តើលោកអ្នកនឹងចាំដល់ពេលណាទៀត? ចាប់ផ្តើមពីថ្ងៃនេះ ឈានជើងចេញក្រៅ ដើរ រត់ ឬ ជិះកង់ សាកល៎មើល លោកអ្នកនឹងទទួលបានអារម្មណ៍ប្លែក និងអត្ថប្រយោជន៍ដ៏ល្អទាំងនោះ…. ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ជំងឺរលាកសន្លាក់ ជាធម្មតាតែងតែកើតឡើងសឹងតែមនុស្សគ្រប់រូប ជាពិសេសចំពោះអ្នកដែលមានវ័យចំណាស់។ ការឈឺចាប់នៅទីតាំងសន្លាក់ ជាសញ្ញាដ៏ច្បាស់លាស់នៃជំងឺសន្លាក់ ហើយវាជាមូលហេតុធ្វើឲ្យមានការពិបាកក្នុងពេលធ្វើចលនា ភាពស្ពឹកស្រពន់ និងផ្តល់ភាពរំខាននានាក្នុង ជីវភាពប្រចាំថ្ងៃ។ យ៉ាងណាមិញ ការធ្វើលំហាត់ប្រាណចំពោះអ្នកដែលមានជំងឺសន្លាក់ ត្រូវបានអ្នកជំនាញណែនាំឲ្យធ្វើដើម្បីជាការសម្រួលដល់ ការឈឺចាប់។ នឹកគិតដល់លំហាត់ប្រាណ ដូចជា ការដើរ រត់ជាដើម ប្រហែលជាអាចធ្វើឲ្យសន្លាក់កាន់តែមានភាពឈឺចាប់អំឡុងពេលហាត់ ដូច្នេះ ដើម្បីកុំឲ្យការហាត់ប្រាណជាបន្ទុកនោះ ការហែលទឹកអាចចាត់ទុកជាជម្រើសដ៏ល្អបំផុត។  ហេតុអ្វីការហែលទឹកជាជម្រើសល្អចំពោះអ្នករលាកសន្លាក់? ការហែលទឹក មានប្រសិទ្ធភាពខ្ពស់ចំពោះអ្នកដែលមានជំងឺរលាកសន្លាក់ឬឆ្អឹង។ បើប្រៀបធៀបជាមួយការរត់ ឬដើរ ការហែលទឹកមិនសូវជា បន្សល់នូវការអស់កម្លាំង ឬការចុករួយខ្លាំងក្លា បន្ទាប់ពីហាត់នោះទេ មួយវិញទៀតវាក៏ជាកីឡាដែលផ្តល់នូវអារម្មណ៍សប្បាយរីករាយដែល អាចកាត់បន្ថយនូវភាពតានតឹងក្នុងចិត្តផងដែរ។  មូលហេតុដែលការហែលទឹកជាជម្រើសល្អសម្រាប់អ្នកមានជំងឺរលាកសន្លាក់គឺ៖ • នៅពេលអ្នកហែលទឹក ទម្ងន់ខ្លួនរបស់អ្នក ៩០% ត្រូវបានទ្រដោយទឹកដែលវាជួយឲ្យអ្នកមិនមានការឈឺចាប់នៅត្រង់សន្លាក់ពេលធ្វើ លំហាត់ប្រាណ។ • ការហែលទឹកជួយសម្រួលនូវភាពតានតឹងរបស់សាច់ដុំ។ • ការហែលទឹកក៏ជួយផងដែរនូវការកាត់បន្ថយហានិភ័យកាន់តែធ្ងន់ធ្ងរនៃជំងឺរលាកសន្លាក់នៅពេលក្រោយ ដោយវាជួយរក្សានូវកម្លាំងសាច់ដុំ ឲ្យមានស្ថេរភាព និងរចនាសម្ព័ន្ធរបស់សន្លាក់។   ការហែលទឹក មានអត្ថប្រយោជន៍យ៉ាងណាខ្លះ? អ្នកមានជំងឺរលាកសន្លាក់ ឬឆ្អឹង អាចធ្វើលំហាត់ប្រាណក្នុងទឹក ដោយគ្រាន់តែដើរ ឬរត់ក្នុងទឹក លោត និងហែលទឹកជាដើមដែលវាអាចផ្តល់នូវ ភាពវិជ្ជមានដល់សភាពជំងឺសន្លាក់របស់អ្នកតួយ៉ាង៖ • ពង្រឹងសាច់ដុំ៖ វាជាអត្ថប្រយោជន៍ដ៏ប្រសើរ ដោយហេតុថាពេលដែលសាច់ដុំមានភាពរឹងមាំ វាអាចកាត់បន្ថយសម្ពាធទៅលើសន្លាក់របស់អ្នក។ • សម្រួលការបត់បែន៖ ការហែលទឹកនឹងអាចការពារខ្លួនអ្នកពីបញ្ហាដែលអាចមានការប្រែប្រួលកាន់តែធ្ងន់ធ្ងរនាពេលខាងមុខតាមរយៈ ការរក្សានូវតុល្យភាពនៃសន្លាក់របស់អ្នក។ • កាត់បន្ថយការឈឺចាប់៖ ហែលទឹក ជាពិសេសក្នុងអាងទឹកដែលមានសីតុណ្ហភាពក្តៅឧណ្ហៗ​ អាចជួយធ្វើឲ្យដំណើរសាច់ដុំរបស់អ្នកសម្រាក ដោយវាបង្កើននូវប្រព័ន្ធចរន្តឈាម បន្ថយភាពស្ពឹកស្រពន់ និងការឈឺចាប់។ អ្វីគួរយល់ដឹង អំឡុងពេលហាត់? • ចាប់ផ្តើមដោយសន្សឹមៗ មិនត្រូវបង្ខំខ្លួនឯងជាពិសេសត្រូវចាប់អារម្មណ៍ទៅលើភាពប្រែប្រួលនៃរាងកាយអ្នកថាតើការហែលទឹកបង្កឲ្យ មានការឈឺចាប់ ឬយ៉ាងណា។ • បញ្ឈប់ការហាត់ប្រាណភ្លាមៗ ប្រសិនវាបណ្តាលឲ្យមានការឈឺចាប់ • បន្តញ៉ាំអាហារសុខភាព និងមានជីវជាតិគ្រប់គ្រាន់ ដើម្បីកាន់តែមានថាមពល និងសន្លាក់ដែលមានសុខភាពល្អ។ ប្រសិនអ្នកមិនទាន់គិតដល់ក្នុងការចាប់ផ្តើមលំហាត់ប្រាណមួយណានៅឡើយ អ្នកប្រាកដជាអាចនឹងជួបនូវផលវិបាកកាន់តែច្រើន យកល្អ គួរចាប់ផ្តើមឲ្យបានឆាប់រហ័ស និងគួរមានការតាំងចិត្តខ្ពស់ក្នុងការសម្រេចបាននូវទម្លាប់ទាំងនោះ ដោយហេតុការឈឺចាប់ និងស្ពឹកស្រពន់ ប្រាកដជាអ្វីដែលគ្មានអ្នកណាចង់បាននោះទេ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ពេលខ្លះ អ្នកត្រូវការដណ្ដប់ខ្លួនជាមួយនឹងភួយដ៏កក់ក្ដៅមួយ ឱបខ្នើយដ៏ទន់ល្មើយរបស់អ្នក និងគេងលក់យ៉ាងស្កប់ស្កល់។ ប៉ុន្តែបើយើងមានរបៀបរស់នៅមួយដ៏មមាញឹក មានការព្រួយបារម្ភជាប់ជានិច្ច និងមានបញ្ហាសុខភាពទៀត នោះប្រាកដណាស់ថាយើងមិនអាចគេងបានលក់ស្រួលនោះទេ។ នៅពេលដែលការច្រៀងបំពេ និងតែផ្កា Chamomile លែងមានប្រសិទ្ធភាពទៀតហើយនោះ តោះយើងទៅសាកល្បងប្រើវិធីវិទ្យាសាស្ដ្រម្ដង។ ខាងក្រោមនេះជាដំបូន្មានល្អៗមួយចំនួនទាក់ទងនឹងការរំសាយភាពនឿយហត់ និងបញ្ហាគេងមិនលក់ក្នុងរយៈពេលខ្លីរបស់អ្នក។  1. ប្រសិនបើអ្នកមានបញ្ហាគេងមិនលក់៖ រយៈពេល ៧ម៉ោងមុនពេលចូលគេង អ្នកមិនគួរទទួលទានតែ ឬកាហ្វេទេហើយអ្នកត្រូវធ្វើលំហាត់ប្រាណជារៀងរាល់ព្រឹក។ 2. ប្រសិនបើអ្នកគេងស្រមុក៖ អ្នកគួរគេងផ្អៀងទៅចំហៀង ហើយយកដៃដាក់ក្រោមក្បាលរបស់អ្នកហើយលាងច្រមុះរបស់អ្នកជាមួយនឹងទឹកសារ៉ូមប្រៃ (Saline) មុនចូលគេងនិងចៀសវាងការបរិភោគស្រា។ 3. ប្រសិនបើអ្នកឈឺត្រង់ក៖ អ្នកគួរតែផ្លាស់ប្ដូរខ្នើយកើយរបស់អ្នកជារៀងរាល់ ២ឆ្នាំម្ដងហើយជ្រើសរើសយកខ្នើយដែលធ្វើពីជ័រ (latex)។ 4. ប្រសិនបើអ្នកតែងតែភ្ញាក់នៅពេលយប់៖ អ្នកគួរចៀសវាងការទទួលទានស្រាមុនពេលចូលគេង ហើយត្រូវប្រាកដថាសីតុណ្ហភាពក្នុងបន្ទប់គឺពី ២០ ទៅ២២អង់ហ្សាសេ។ 5. ប្រសិនបើអ្នកមានបញ្ហាក្រហាយទ្រួងនៅពេលគេង៖ អ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យ។ អ្នកគួរតែគេងទៅខាងឆ្វេងហើយកើយខ្នើយធំខ្ពស់។ 6. ប្រសិនបើអ្នកមានបញ្ហាឈឺស្មា៖ អ្នកគួរតែគេងផ្ងារ ហើយឱបខ្នើយរបស់អ្នក។ 7. ប្រសិនបើអ្នកពិបាកភ្ញាក់ពីគេង៖ អ្នកគួរបង្កើតទម្លាប់មួយដោយភ្ញាក់ពីគេងឲ្យបានទៀងម៉ោងជារៀងរាល់ថ្ងៃទោះបីជាថ្ងៃចុងសប្ដាហ៍ក៏ដោយ។ 8. ប្រសិនបើអ្នកមានអាការៈរមួលសាច់ដុំ៖ អ្នកត្រូវព្យាយាមម៉ាស្សានៅកន្លែងដែលឈឺនោះ ហើយកម្ដៅសាច់ដុំ និងសន្ធឹងសាច់ដុំរបស់អ្នក។ 9. ប្រសិនបើអ្នកមានបញ្ហាឈឺខ្នង៖ អ្នកត្រូវដាក់ខ្នើយមួយទៀតនៅពីក្រោមភ្លៅរបស់អ្នកប្រសិនបើអ្នកគេងផ្កាប់ ឬដាក់ខ្នើយនៅក្រោមជើងរបស់អ្នកប្រសិនបើអ្នកគេងផ្ងារ។ សូមឲ្យសុបិន្ដល្អណា!!! ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ពពោះរយៈពេល ៩ ខែ ទោះច្រើន ឬតិច អ្នកគង់ចៀសមិនផុតពីការមានបញ្ហានានា ដែលអាចនឹងកើតមានឡើងដោយគ្មានការរំពឹងទុក ព្រោះថារាងកាយរបស់អ្នកនឹងមានការប្រែប្រួល តាមដំណាក់កាលនីមួយៗ។ អ្វីដែលសំខាន់ តើអ្នកនឹងវិនិច្ឆ័យចំពោះរោគសញ្ញាសុខភាពទាំងនោះយ៉ាងណាខ្លះ? តើវាជាបញ្ហាធម្មតា ដែលគ្រាន់តែទាមទារនូវពេលមួយសម្រាប់សម្រាក ឬជាសញ្ញាគ្រោះថ្នាក់ដែលអ្នកត្រូវការប្រឹក្សាពីសំណាក់អ្នកឯកទេស? កុំបន្តឲ្យចម្ងល់នោះ នៅតែជាមន្ទិលសង្ស័យ ព្រោះអ្នកនឹងកាន់តែច្បាស់នូវអ្វីដែលជាបញ្ហាដែលអាចកើតមាន និងទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់អំឡុងពេលមានផ្ទៃពោះតាមរយៈអត្ថបទខាងក្រោម។ 1. ការធ្លាក់ឈាម ការធ្លាក់ឈាម បានផ្តល់ជាសញ្ញាគ្រោះថ្នាក់ច្រើនអំឡុងពេលពពោះរបស់ស្រ្តី។ ប្រសិនបើអ្នកប្រទះឃើញ មានកាធ្លាក់ឈាមច្រើន និងចុកពោះខ្លាំង ហើយមានអារម្មណ៍អាចនឹងសន្លប់នៅអំឡុងពេលត្រីមាសទី ១នោះ វាជាសញ្ញាប្រាប់ថា អ្នកអាចនឹងមានកូនក្រៅស្បូន (ectopic)។ ដោយឡែកការធ្លាក់ឈាមខ្លាំង នៅអំឡុងពេលត្រីមាសទី ៣វិញ អ្នកអាចនឹងប្រឈមនឹងការដាច់រហែកនៃសុក។ ការធ្លាក់ឈាមតែងតែជាសញ្ញាគ្រោះថ្នាក់ ដែលអ្នកគួរតែយកចិត្តទុកដាក់ និងត្រូវជួបគ្រូពេទ្យជាបន្ទាន់។ 2. ចង្អោរ និងក្អួតធ្ងន់ធ្ងរ ជារឿងធម្មតាដែលស្រ្តីមានផ្ទៃពោះ មានអាការៈចង្អោរ និងក្អួត យ៉ាងណាមិញ វានឹងក្លាយជារឿងមិនធម្មតាប្រសិន អ្នកមានអាការៈក្អួតធ្ងន់ធ្ងរ ដែលធ្វើឲ្យអ្នកមិនអាចទទួលទានចំណីអាហារបានសូម្បីតែទឹកធម្មតានោះ។ វាជាហេតុធ្វើឲ្យអ្នកបាត់បង់នូវជីវជាតិ និងកង្វះជាតិទឹក ព្រមទាំងប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃ ដែលតម្រូវឲ្យមានការណាត់ជួបជាមួយវេជ្ជបណ្ឌិតដើម្បីដោះស្រាយ។ 3. ចលនារបស់ទារកធ្លាក់ចុះ តើអ្នកនឹងកំណត់នូវចលនារបស់ទារកយ៉ាងណា ទើបមានភាពប្រក្រតី? ជាទូទៅទារកអាចមានចលនាជើងចំនួន ១០ដង ឬច្រើនជាងនេះក្នុងរយៈពេល ២ម៉ោង ហើយបើអ្នកពុំសង្កេតឃើញមានចលនា អ្នកអាចសាកល្បងញ៉ាំនូវភេសជ្ជៈ ឬអាហារមួយចំនួនរួចធ្វើការទម្រេតខ្លួន ដើម្បីសង្កេតមើលចលនារបស់ទារកឡើងវិញ។ យ៉ាងណាមិញ បើសិននៅតែពុំសម្គាល់ឃើញមានចលនា ឬមានចលនាតិចតួច អ្នកគួរប្រញាប់ទៅជួបជាមួយគ្រូពេទ្យដើម្បីដឹងពីសភាពរបសទារកថាកំពុងលូតលាស់ជាប្រក្រតី ឬយ៉ាងណា។ 4. ដង្ហើមខ្លី ការកើនឡើងនៃអ័រម៉ូន Progesterone អំឡុងពេលមានផ្ទៃពោះ អាចបង្កឲ្យអ្នកមានការពិបាកក្នុងការដកដង្ហើម។ វាអាចកើតមានជាធម្មតា តែកម្រនឹងជួបប្រទះ។ យ៉ាងណាមិញការពិបាកដកដង្ហើមអាចជាប់ពាក់ព័ន្ធនឹងជំងឺស្ទះសរសៃឈាមសួត ជំងឺបេះដូង និងជំងឺសួតផ្សេងៗ អ្នកគួរស្វែងរកការពិគ្រោះជំងឺ ប្រសិនវាមានភាពមិនប្រក្រតី។ 5. មានអាការៈឈឺចាប់ខុសធម្មតា ប្រសិនសង្កេតឃើញមានការឈឺចាប់ផ្នែកក្បាល ឈឺចាប់តំបន់ពោះខ្លាំងក្លា និងស្រវាំងភ្នែក នៅត្រីមាសទី ៣ វាជាសញ្ញាគ្រោះថ្នាក់ដែលអាចឈានទៅដល់ជំងឺក្រឡាភ្លើង។ រោគសញ្ញានេះអាចបណ្តាលមកពី ការឡើងសម្ពាធឈាម និងមានវត្តមានប្រូតេអ៊ីនច្រើននៅក្នុងទឹកនោម យកល្អគួរប្រញាប់ទៅជួបវេជ្ជបណ្ឌិតដើម្បីព្យាបាល។ 6. គ្រុនផ្តាសាយ ស្រ្តីមានផ្ទៃពោះអាចងាយនឹងឆ្លងនូវជំងឺគ្រុនផ្តាសាយ ដែលងាយនឹងបង្កឲ្យមានភាពធ្ងន់ធ្ងរជាងស្រ្តីធម្មតា។ ភាគច្រើនស្រ្តីមានផ្ទៃពោះតែងត្រូវបានណែនាំឲ្យទទួលបានការចាក់ថ្នាំបង្ការផ្តាសាយជាមុន។ ប្រសិនបើអ្នកមានជំងឺគ្រុនផ្តាសាយត្រូវសុំការពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។ ការមានផ្ទៃពោះតែងតែជារឿងរីករាយសម្រាប់ក្រុមគ្រួសារនីមួយៗ ព្រោះថាអ្នកនឹងអាចបង្កើននូវសមាជិកថ្មីម្នាក់ទៀត តែវាក៏ជាពេលមួយដែលគ្រប់ស្រ្តីអាចជួបប្រទះនូវហានិភ័យមួយចំនួន ដូច្នេះគួរមានការយកចិត្តទុកដាក់ខ្ពស់អុំឡុងពេលមានផ្ទៃពោះចៀសវាងមានការសោកស្តាយ កើតឡើងដោយការធ្វេសប្រហែសណាមួយ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

  អ្នកមានអារម្មណ៍ថាអាហារសុខភាពដែលអ្នកព្យាយាមបរិភោគកន្លងមកដូចជាមិនបានជួយអ្វីអ្នកសោះ?ហើយខកចិត្តដែរឬទេ  បើដឹងថាអាហារល្អៗដែលអ្នកខំញ៉ាំបែរជាមិនត្រូវបានប្រើប្រាស់ដោយរាងកាយ?អាហារជាច្រើនពិតជាមានអត្ថប្រយោជន៍យ៉ាងលើសលប់ ហើយអ្នកក៏រំពឹងទុកថាវាពិតជាអាចជួយដល់សុខភាព ក៏ដូចជាសម្រស់របស់អ្នកបាន។ ខុសពីការគិត អាហារខ្លះមិនអាចជួយអ្នកបានពេញលេញ តាមរយៈគ្រប់រូបភាពឡើយ។ ត្រង់ចំណុចនេះ  ការផ្សំអាហារពិតជាកត្តាសំខាន់មួយ ដោយមិនត្រឹមតែធ្វើដើម្បីបង្កើនរសជាតិអាហារ តែក៏ដើម្បីទទួលអត្ថប្រយោជន៍ដែលគួរតែទទួលបានឬយ៉ាងហោចណាស់ដើម្បីសុវត្ថិភាពរបស់អ្នកផងដែរ។ ខាងក្រោមនេះ ជាការរួមបញ្ចូលយ៉ាងឥតខ្ចោះនៃអាហារ ដែលណែនាំដោយអ្នកជំនាញផ្នែករបបអាហារ និងសារជាតិចិញ្ចឹមដោយលទ្ធផលទទួល គឺលើសពីការបូកបញ្ចូលគ្នានៃផលប្រយោជន៍របស់អាហារនីមួយៗទៅទៀត។ ពពួកខ្លាញ់ ជាមួយបន្លែ បន្លែច្រើនមានផ្ទុកនូវពពួកវីតាមីនប្រភេទដែលត្រូវការខ្លាញ់ដើម្បីជំរុញការស្រូបចូលទៅក្នុងរាងកាយបាន។ ដូចនេះការបរិភោគបន្លែជាមួយនឹងបរិមាណសមរម្យនៃខ្លាញ់ក្រោមទម្រង់ជាប្រេង (ដូចជាប្រេងអូលីវជាដើម) ឬឈីស ត្រូវបានណែនាំដើម្បីទទួលបានសារធាតុចិញ្ចឹមដែលចាំបាច់កាន់តែល្អ។      កាហ្វេ ជាមួយស្ករស ការសិក្សាមួយដែលបានផ្សាយលើ Journal Human Psychopharmacologyបានបង្ហាញថានេះអាចបណ្តាលមកពី តំបន់មួយនៃខួរក្បាលដែលទទួលខុសត្រូវលើការយកចិត្តទុកដាក់ ធ្វើការប្រកបដោយប្រសិទ្ធភាពជាងធម្មតា។ បើសិនអ្នកមិនផឹកកាហ្វេ អាចសាកល្បងផឹកតែបៃតងជាមួយទឹកឃ្មុំបន្តិចក៏បាន។ រមៀត ជាមួយសាច់ត្រី ទាំងសារធាតុ Curcuminដែលមានក្នុងរមៀត និង DHA ដែលជាប្រភេទខ្លាញ់អូមេហ្គា៣ នៅក្នុងខ្លាញ់ត្រី អាចរារាំងកោសិកាមហារីកពីការបំបែកខ្លួនបាន។ ការរួមគ្នារបស់វាអាចជួយពន្យឺតការលូតលាស់នៃដុំមហារីក និងការរីករាលដាលនៃប្រភេទមួយនៃមហារីកសុដន់បានល្អជាងការប្រើប្រាស់ដោយឡែកពីគ្នា។ អ្នកស្រាវជ្រាវ បានលើកឡើងថា DHA អាចជួយកោសិកាឲ្យប្រើប្រាស់ Curcuminបានយ៉ាងល្អ។ រមៀត ជាមួយម្រេចខ្មៅ         Curcuminក៏ត្រូវបានរងប្រតិកម្មយ៉ាងរហ័សមុនពេលដែលវាត្រូវបានស្រូបយកទៅប្រើប្រាស់ដែលនេះជាហេតុដែល ការរួមគ្នាជាមួយនឹងម្រេចខ្មៅដែលមានសារធាតPiperine ត្រូវបានណែនាំដោយសារវាអាចជួយឲ្យ Curcumin អាចស្រូបចូលទៅក្នុងសរសៃឈាមបានដល់ទៅជាង១,០០០ដងលើសធម្មតា។ ប៉េងប៉ោះ ជាមួយសណ្តែក ខ្លួនរបស់យើងអាចស្រូបយកសារធាតុដែកដែលមានអត្ថប្រយោជន៍ចំពោះខួរក្បាលនិងសាច់ដុំ ពីក្នុងរុក្ខជាតិ(ដូចជាសណ្តែក)បានតិចតួចជាងជាតិដែកដែលមានក្នុងសាច់ ដូចនេះដើម្បីបង្កើនការស្រូប ការបរិភោគរួមគ្នាជាមួយអាហារដែលសម្បូរដោយវីតាមីនសេ (ដូចជាប៉េងប៉ោះ) ត្រូវបានណែនាំ។ ប៉េងប៉ោះ ជាមួយស្ពៃប្រូខូលី ប្រូខូលី និងប៉េងប៉ោះ សុទ្ធតែជាសារធាតុដែលអាចប្រឆាំងនឹងកោសិកាមហារីកបាន ក៏ប៉ុន្តែអ្នកស្រាវជ្រាវបានរកឃើញថា ការរួមផ្សំនៃបន្លែទាំងពីរប្រភេទអាចបង្កើនឥទ្ធិពលយ៉ាងខ្លាំងក្លាក្នុងការប្រឆាំងនឹងជំងឺមហារីក ជាងការដែលប្រើដាច់ដោយឡែក។ តែបៃតង ជាមួយក្រូចឆ្មារ Catechins ដែលមានក្នុងតែបៃតងអាចជួយការពារបញ្ហាសុខភាពជាច្រើនជាពិសេសគឺជំងឺបេះដូង និងមហារីក។ ការបន្ថែមក្រូចឆ្មារក្នុងតែបៃតង អាចជួយកាត់បន្ថយការបំផ្លាញនៃ Catechins នៅក្នុងប្រព័ន្ធរំលាយអាហារ។    ម្យ៉ាងទៀត វីតាមីនសេដែលមានក្នុងក្រូចឆ្មារក៏ជួយបង្កើនការស្រូប Catechinsបានដល់ទៅបីដងផងដែរ។ យ៉ាអួរ ជាមួយផ្លែចេក ការញ៉ាំសារធាតុចិញ្ចឹមទាំងពីរចូលគ្នាភ្លាមៗបន្ទាប់ពីហាត់ប្រាណ ជួយធ្វើឲ្យសាច់ដុំឆាប់ត្រឡប់មកសភាពល្អឡើងវិញ។ នេះគឺជាការរួមផ្សំនៃកាបូអុីដ្រាតជាមួយប្រូតេអុីន ដែលអាចបង្កើនកម្រិតអាំងស៊ុយលីន ដើម្បីអនុញ្ញាតឲ្យសាច់ដុំអាចចាប់យកស្ករ និងអាមីណូអាស៊ីត មកប្រើប្រាស់បានរហ័ស។ សាឡាត់ ជាមួយម្ទេសក្រហម និងជីវ៉ាន់ស៊ុយ ជាការរួមបញ្ចូលគ្នាដែលអាចផ្តល់ឲ្យយើងនូវវីតាមីនបេ៣ប្រភេទគឺ បេ១ បេ៦ បេ១២ ដែលអាចកាត់បន្ថយអាមីណូអាស៊ីតដែលបំផ្លាញសរ-សៃឈាម បង្កើនការប្រឈមនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។អាហារខ្លះពិតជាត្រូវការការរួមផ្សំដ៏ល្អ ជាជាងការបរិភោគវាដោយឡែក។       យ៉ាងណាមិញ តុល្យភាពអាហារមិនមែនមានន័យថា ត្រូវបរិភោគអាហារគ្រប់មុខក្នុងពេលតែមួយនោះដែរ ការរួមផ្សំដែលមិនត្រឹមត្រូវ មិនអាចជួយ   តែក៏អាចរារាំងអ្នកពីការទទួលសារធាតុល្អៗ ឬអាក្រក់ជាងនេះ គឺអាចនឹងគ្មានសុវត្ថិភាពតែម្តង។ សម្រាប់ការរួមផ្សំអាហារដែលអាក្រក់ចំពោះរាងកាយ សូមចុច ត្រង់នេះ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ទម្រាំបង្កើតបានជាទម្លាប់ហាត់ប្រាណទៀងទាត់មួយមិនមែនជាការងាយស្រួលឡើយ ហើយអ្នកពិតជាមិនចង់ឲ្យមានការផ្អាកសូម្បីមួយថ្ងៃ មិនថាដោយហេតុផលណាមួយឡើយ។ តើនេះជាការត្រឹមត្រូវឬទេ?  រាល់ហេតុផលដែលធ្វើឲ្យអ្នកត្រូវសម្រាកហាត់ប្រាណមួយរយៈមិនគួរត្រូវបានបដិសេធទាំងអស់នោះទេ ជាពិសេសនៅពេលអ្នកមានបញ្ហាសុខភាពណាមួយ។ ដោយឡែក ក៏មិនបានន័យថាគ្រប់បញ្ហាអាចក្លាយទៅលេសដែលអ្នកត្រូវផ្អាកនោះដែរ ពីព្រោះចំពោះបញ្ហាមួយចំនួន ការហាត់ប្រាណអាចក្លាយទៅជារឿងដែលមិនគួរខកខានទៅវិញ។ តើពេលណាដែលអ្នកគួរផ្អាក និងពេលណាមិនគួរផ្អាក? សូមស្វែងរកចម្លើយនៅខាងក្រោម។ ពេលដែលគួរផ្អាកហាត់ប្រាណ ជាការទុកពេលវេលាឲ្យខ្លួនអ្នកដើម្បីបានត្រឡប់មកសុខភាពល្អដូចដើម និងអាចបន្តហាត់ដោយថាមពលវិញ។ ទាំងនេះជាស្ថានភាពសុខភាពដែលតម្រូវឲ្យអ្នកសម្រាកមួយរយៈសិន៖ • បញ្ហាតំបន់ក្រោមក៖ មានអារម្មណ៍ស្ទះដោយស្លេស្មនៅត្រង់ទ្រូង ក្អកខ្លាំងក្លា បញ្ហាប្រព័ន្ធអាហារ (ក្អួតចង្អោរ ឈឺពោះ ឬរាកដែលធ្វើឲ្យរាងកាយបាត់បង់ជាតិទឹក) ឬការចុករោយខ្លួនជាដើម។ • គេងមិនបានគ្រប់គ្រាន់៖ អាចជះឥទ្ធិពលដល់ប្រសិទ្ធភាពនៃការហាត់ប្រាណ ដោយវាធ្វើឲ្យអ្នកមិនអាចតាំងអារម្មណ៍ និងថែមទាំងអាចធ្វើឲ្យមានរបួស ឬការឈឺចាប់ដោយចៃដន្យផងដែរ។ • ឈឺចាប់សាច់ដុំ៖ មិនថាឈឺនៅតំបន់ណា ដោយសាររាងកាយរបស់អ្នកទាំងអស់មានការជាប់ទាក់ទងនឹងគ្នា ដូចនេះវាធ្វើឲ្យការធ្វើចលនារបស់អ្នកមានកម្រិត និងខុសប្រក្រតី អាចនាំឲ្យមានរបួសដូចគ្នា។ • ក្តៅខ្លួន៖ ការហាត់ប្រាណធ្វើឲ្យកម្តៅក្នុងរាងកាយកាន់តែកើនឡើង ដែលធ្វើឲ្យស្ថានភាពអ្នកកាន់តែអាក្រក់។ • អស់កម្លាំង៖ មិនថាអស់កម្លាំងដោយសារជំងឺហាត់លើសកម្រិត ឬមិនផ្តល់ពេលគ្រប់គ្រាន់ឲ្យរាងកាយសម្របសម្រួលមកសភាពដើម សុទ្ធតែតម្រូវឲ្យអ្នកផ្អាកមួយរយៈសិន។ • មានរបួស៖ ការបង្ខំហាត់ក្នុងអំឡុងពេលនេះអាចឲ្យអ្នកប្រឈមនឹងការឈឺចាប់រយៈពេលកាន់តែយូរ និងរបួសអាចកាន់តែធ្ងន់ធ្ងរ អាស្រ័យនឹងស្ថានភាព និងទីតាំងនៃរបួស។ ពេលដែលមិនគួរផ្អាកហាត់ប្រាណ • ផ្តាសាយ៖ បើជាអាការៈកើតឡើងនៅលើផ្នែកកដូចជា តឹងច្រមុះ ហៀរសំបោរ ឈឺក ឬក្អកតិចតួចអាចជួយឲ្យប្រសើរឡើងវិញបាន ព្រមជាមួយការបង្កើនប្រព័ន្ធភាពស៊ាំតាមរយៈការហាត់ប្រាណសមរម្យ។ • ឈឺក្បាល៖ ក្នុងករណីឈឺក្បាលតឹងណែន ឬមានសម្ពាធនៅត្រង់ថ្ងាស ឬនៅផ្នែកខាងក្រោយនៃក្បាល និងក ការហាត់ប្រាណជាជម្រើសដ៏ល្អ ប្រសិនបើអ្នកធ្វើវានៅកម្រិតសមរម្យ និងតាមរបៀបត្រឹមត្រូវ។ • ពេលមករដូវ (សម្រាប់ស្ត្រី)៖ អ្នកអាចមានការឈឺចាប់ត្រង់ពោះ ឬអាការៈចុករួយខ្លះ ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថាការហាត់ប្រាណនៅពេលនេះអាចជួយកាត់បន្ថយនូវអាការៈទាំងនោះបានទៅវិញ។ • ពេលមានផ្ទៃពោះ៖ ការធ្វើចលនាត្រឹមត្រូវតាមការណែនាំពីអ្នកជំនាញ អាចជួយទាំងសុខភាពម្តាយ និងទារកថែមទាំងអាចជួយឲ្យការសម្រាលកូនមានរយៈពេលខ្លីផងដែរ។ • ពេលស្ត្រេស៖ ការហាត់ប្រាណជាជម្រើសល្អបំផុតដោយវាអាចផ្តល់ឲ្យអ្នកនូវអារម្មណ៍ល្អ និងបន្ធូរភាពតានតឹង ថែមទាំងកាត់បន្ថយការប្រឈមនឹងជំងឺសរសៃឈាមបេះដូងផងដែរ។ អ្វីដែលអ្នកអាចធ្វើបាន អ្នកត្រូវទុកការហាត់ប្រាណជាធម្មតារបស់អ្នកនៅដោយឡែកសិន មិនថានៅពេលដែលអ្នកត្រូវបានណែនាំឲ្យផ្អាកហាត់ប្រាណ ឬពេលមិនគួរផ្អាកនោះទេ។ ជំនួសឲ្យការហាត់ជាធម្មតានេះ អ្នកក៏អាចធ្វើការសម្របសម្រួលខ្លះបើអ្នកពិតជាមិនចង់ខកខានការហាត់ ឬអ្នកមិនត្រូវបានណែនាំឲ្យផ្អាក តែក៏មិនអាចហាត់បានធម្មតា។ • បន្ថយការបញ្ចេញកម្លាំង និងរយៈពេលក្នុងការហាត់ • ជំនួសដោយលំហាត់ប្រាណស្រួលជាងមុន ឧទាហរណ៍ គួរដើរ ជំនួសឲ្យការរត់ • លំហាត់ប្រាណដែលល្អគឺការផ្តោតលើដង្ហើមដូចជា យោគៈ (Yoga)ពីឡាត (Pilate) ឬក៏ការធ្វើសមាធិ • លំហាត់ប្រាណដែលល្អសម្រាប់ជំងឺផ្តាសាយគឺ ការដើរ ឬរត់ត្រឹកៗប្រហែល២០នាទីដែលអាចជួយសម្រួលនូវអាការៈផ្តាសាយ និងធ្វើឲ្យដកដង្ហើមបានស្រួលជាងមុន • លំហាត់ប្រាណដែលណែនាំដោយអ្នកជំនាញ (សម្រាប់ស្ត្រីមានផ្ទៃពោះ អ្នកមានការឈឺចាប់សាច់ដុំ ឬសន្លាក់ជាដើម) • អ្វីដែលសំខាន់ជាងគេនោះគឺ អ្នកត្រូវតែធ្វើការកម្តៅសាច់ដុំជានិច្ចមុនពេលហាត់ប្រាណ។ ប្រសិនបើអ្នកពិតជាមានអារម្មណ៍មិនល្អក្នុងការហាត់ប្រាណពិតមែន សម្រាកសិនជាជម្រើសល្អបំផុត ការរំលងការហាត់ប្រាណត្រឹមរយៈពេល ២ទៅ៣ថ្ងៃមិនអាចប៉ះពាល់ដល់ទម្លាប់ហាត់ប្រាណឬសមត្ថភាពក្នុងការហ្វឹកហាត់នោះឡើយ។ ត្រូវប្រាកដផងដែរថាអ្នកនឹងមិនបង្ខំខ្លួនឯងឡើយ ហើយរាល់ការមានបញ្ហាសុខភាព គួរទៅជួបនឹងអ្នកជំនាញ ដើម្បីអាចឲ្យអ្នកដឹងអំពីការធ្វើលំហាត់ប្រាណដែលស័ក្តិសមនឹងអ្នកបំផុត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

កម្តៅថ្ងៃផ្តល់ឲ្យអ្នកនូវគុណប្រយោជន៍ជាច្រើន តែក្នុងនោះវាក៏ផ្តល់ឲ្យអ្នកនូវផលប៉ះពាល់ដល់ស្បែកអ្នកដែរ ក្នុងករណីអ្នកប៉ះពាល់ផ្ទាល់ រយៈពេលយូរ ឬញឹកញាប់។ ហេតុដូចនេះហើយ ទើបគ្រប់គ្នាតែងតែប្រើប្រាស់ឡេការពារកម្តៅថ្ងៃជាប្រចាំ ដោយសារពេលនេះជាខែសម្បូរកម្តៅថ្ងៃស្រាប់ផង តែប្រាកដទេថាអ្នកជ្រើសរើសឡេការពារកម្តៅថ្ងៃបានសមស្របហើយ? ជម្រះមន្ទិលរបស់អ្នកជាមួយ ហេលស៍ថាម ថ្ងៃនេះ ពីជម្រើសដ៏ត្រឹមត្រូវនៃឡេការពារកម្តៅថ្ងៃ។ ឡេការពារកម្តៅថ្ងៃ គឺជាផលិតផលផ្សំឡើងដោយសារធាតុជាច្រើន ជួយការពារកាំរស្មីពន្លឺព្រះអាទិត្យជះមកលើស្បែក ក្នុងទម្រង់ផ្សេងៗពីគ្នា និងកម្រិតខុសគ្នា ដើម្បីតម្រូវតាមប្រភេទស្បែក។ ដូចនេះ លោកអ្នកគួរធ្វើការជ្រើសរើសឡេការពារកម្តៅថ្ងៃតាមប្រភេទស្បែកដូចខាងក្រោម៖ ស្បែកកូនតូច៖ មនុស្សមួយចំនួនតែងយល់ថាឡេការពារកម្តៅថ្ងៃ គឺប្រើសម្រាប់តែវ័យជំទង់នេះជាការគិតខុសទាំងស្រុង។ ស្បែកក្មេងតូចៗជាស្បែកដែលទាមទារឲ្យមានការថែរក្សាខ្ពស់បំផុតដោយហេតុថាវាឆាប់ប្រតិកម្ម និងឆាប់រលាកជាមួយពន្លឺព្រះអាទិត្យ។ លោកអ្នកគួរជ្រើសរើសប្រភេទឡេការពារ ដែលគ្មាននូវសារធាតុគីមី PABA និង Oxybenzone ព្រោះសារធាតុទាំងពីរមុខនេះជាធម្មតាធ្វើឲ្យស្បែកមានប្រតិកម្មហើយវារឹតតែមានឥទ្ធិពលលើស្បែកក្មេង។ ឡេការពារកម្តៅថ្ងៃសម្រាប់ខ្លួនប្រភេទដែលមានសារធាតុ ស័ង្កសីអុកស៊ីត (Zinc oxide) និងទីតានីញ៉ូមអុកស៊ីត (Titanium dioxide)មានភាពអនុគ្រោះច្រើនចំពោះស្បែកងាយប្រតិកម្មដែលជាទូទៅមាននៅក្នុងឡេការពារកម្តៅថ្ងៃ សម្រាប់ក្មេងតូចៗ។ ម៉្យាង គួរប្រើស្ព្រៃយ៍ការពារកម្តៅថ្ងៃ ឬដបដែលមានសម្បកពណ៌ចម្រុះព្រោះវាអាចជាការជំរុញឲ្យក្មេងចូលចិត្តប្រើ។ គួរបញ្ជាក់ផងដែរថា ស្ព្រៃយ៍ការពារកម្តៅថ្ងៃសម្រាប់ក្មេងមិនគួរប្រើផ្ទាល់ទៅលើមុខនោះទេ គួរបាញ់ដាក់ដៃជាមុន រួចទើបលាបទៅលើមុខ។ ស្បែកមនុស្សចាស់៖ ទោះជាបុគ្គលដែលមានវ័យចំណាស់ បានប៉ះពាល់ផ្ទាល់ជាមួយនឹងកាំរស្មីពន្លឺព្រះអាទិត្យស្ទើរពេញមួយជីវិតរបស់គាត់យ៉ាងណាក៏ដោយ ស្បែករបស់ពួកគាត់នៅតែត្រូវការការពារបើមិនដូច្នោះទេហានិភ័យនៃការវិវឌ្ឍទៅជាមហារីកស្បែក និងត្រៀមមហារីក ស្បែកកាន់តែឆាប់ចាស់ ឡើងអុជៗ និងលេចចេញស្នាមជ្រីវជ្រួញលើស្បែក។ដោយសារមនុស្សចាស់មានការថយចុះនូវចលនាពិបាកក្នុងការលាប អញ្ចឹងគួរជ្រើសរើសប្រភេទជាស្ព្រៃយ៍បាញ់ ទើបងាយស្រួល និងប្រសើរបំផុត។ ស្បែកស្ងួត៖ មានន័យថាអ្នកត្រូវការទាំងការការពាររួមទាំងអាចផ្តល់សំណើមដល់ស្បែករបស់អ្នកបានទៀតផង ដូចនេះអ្នកគួរជ្រើសរើសឡេការពារកម្តៅថ្ងៃដែលអាចទាំងផ្តល់សំណើមដល់ស្បែក។ លោកអ្នកគួរជ្រើសរើសឡេការពារកម្តៅថ្ងៃដែលមាននូវសារធាតុឡាណូលីន (Lanolin) ប្រេង (oils) និងស៊ីលីកូន (Silicon) ដូចជាឌីមេទីកូន (Dimeticone)។ ម៉្យាងទៀត ឡេការពារកម្តៅថ្ងៃ ដែលមានឥទ្ធិពលផ្តល់សំណើមដល់ស្បែករបស់អ្នកបាន ច្រើនស្ថិតក្នុងទម្រង់ ជាក្រែម ជាឡូសិន និងជាក្រមួន ដោយលោកអ្នកអាចពិនិត្យមើលនៅលើសម្បកប្រអប់ (creams, lotions, or ointments)។ ស្បែកជាំ ឬធ្លាប់មានមហារីកស្បែក៖ ចំពោះអ្នកជំងឺដែលមានស្បែកជាំ ឬអ្នកធ្លាប់មានមហារីកស្បែក ឡេការពារកម្តៅថ្ងៃមានSPF30+ ត្រូវបានណែនាំឲ្យប្រើជាប្រចាំថ្ងៃ។ លោកអ្នកត្រូវប្រាកដថា អ្នកលាបបានគ្រប់គ្រាន់ និងញឹកញាប់តាមការណែនាំ (រៀងរាល់២ម៉ោងក្រោយពេលចេញក្រៅ ឬភ្លាមៗបន្ទាប់ពីហែលទឹករួច) គឺសំខាន់បំផុត។ ស្បែកស្រអាប់៖ បុគ្គលដែលមានស្បែកស្រអាប់ ឆាប់ឡើងពណ៌ តែមិនងាយនឹងរលាកដោយសារកម្តៅថ្ងៃ អាចនឹងមានអារម្មណ៍ថាពួកគេមិនចាំបាច់ត្រូវការប្រើឡេការពារកម្តៅថ្ងៃនោះទេ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ វាមិនខុសគ្នាជាមួយនឹងការរលាកដោយសារកម្តៅថ្ងៃនោះទេ ព្រោះថាពេលអ្នកត្រូវកម្តៅថ្ងៃ ហើយស្បែកឡើងពណ៌ នោះមានន័យថាវាជាលទ្ធផលនៃការបំផ្លាញ DNA របស់ស្បែក។ ប្រសើរបំផុតអ្នកគួរជ្រើសរើសឡេការពារកម្តៅថ្ងៃដែលមានវិសាលភាពទូលាយ (Broad-Spectrum Suscreens) ក្នុងកម្រិត SPF15+។ ស្បែកងាយអាល្លែកហ្ស៊ី និងស្បែកមានមុន៖ អ្នកជំងឺដែលមានស្បែកងាយនឹងអាល្លែកហ្ស៊ី ឬស្បែកមានមុនគួរចៀសវាងផលិតផលដែលមានផ្ទុកសារធាតុផ្តល់ក្លិន ក៏ដូចជាមានផ្ទុកពពួកPABA Oxybenzone Salicylate និងEcamsule។ ម៉្យាងវិញ ទៀត អ្នកជំងឺដែលងាយអាល្លែកហ្ស៊ី និងអ្នកជំងឺដែលស្បែកមានមុន គួរតែចៀសវាងប្រភេទឡេមានផ្ទុកជាតិអាល់កុលព្រោះវាធ្វើឲ្យស្បែកកាន់តែស្ងួត ហើយធ្វើឲ្យមុនកាន់តែធ្ងន់ធ្ងរថែមទៀត ដែលភាគច្រើនឃើញមានស្ថិតក្នុងទម្រង់ជាជែល។ លោកអ្នកមិនគួរប្រើឡេការពារកម្តៅថ្ងៃជាប្រភេទក្រែមនោះទេ ព្រោះវាមានជាតិប្រេងធ្វើឲ្យអ្នកកាន់តែងាយកើតមុន។ ទោះបីជាអ្នកក៏គង់នឹងត្រូវបានណែនាំពីអ្នកលក់ផលិតផលយ៉ាងណាក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់អ្នកបានដឹងខ្លះ ដើម្បីទទួលបានជម្រើសដែលសមស្របជាមួយស្បែករបស់អ្នក។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

កម្តៅថ្ងៃផ្តល់ឲ្យអ្នកនូវគុណប្រយោជន៍ជាច្រើនតែក្នុងនោះវាក៏ផ្តល់ឲ្យអ្នកនូវផលប៉ះពាល់ដល់ស្បែកអ្នកដែរ ក្នុងករណីអ្នកប៉ះពាល់ផ្ទាល់ រយៈពេលយូរឬញឹកញាប់។​ ហេតុដូចនេះហើយ​ទើបគ្រប់គ្នាតែងតែប្រើប្រាស់ឡេការពារកម្តៅថ្ងៃជាប្រចាំដោយសារពេលនេះជាខែសម្បូរកម្តៅថ្ងៃស្រាប់ផង តែ ប្រាកដទេថាអ្នកជ្រើសរើសឡេការពារកម្តៅថ្ងៃបានសមស្របហើយ? ជម្រះមន្ទិលរបស់អ្នកជាមួយហេលស៍ថាមថ្ងៃនេះជម្រើសដ៏ត្រឹមត្រូវនៃ ឡេការពារកម្តៅថ្ងៃ។ឡេការពារកម្តៅថ្ងៃគឺជាផលិតផលផ្សំឡើងដោយសារធាតុជាច្រើនជួយការពារកាំរស្មីពន្លឺព្រះអាទិត្យជះមកលើស្បែកក្នុងទម្រង់ផ្សេងៗពីគ្នានិងកម្រិតខុសគ្នាដើម្បីតម្រូវតាមប្រភេទស្បែក។​​ ដូចនេះលោកអ្នកគួរធ្វើការជ្រើសរើសឡេការពារកម្តៅថ្ងៃតាមប្រភេទស្បែកដូចខាងក្រោម៖ ស្បែកកូនតូច៖ មនុស្សមួយចំនួនតែងយល់ថាឡេការពារកម្តៅថ្ងៃ គឺប្រើសម្រាប់តែវ័យជំទង់នេះជាការគិតខុសទាំងស្រុង។ ស្បែកក្មេងតូចៗជាស្បែកដែលទាមទារឲ្យមានការថែរក្សាខ្ពស់បំផុត ដោយហេត ថាវាឆាប់ប្រតិកម្ម និងឆាប់រលាកជាមួយពន្លឺព្រះអាទិត្យ។  លោកអ្នកគួរជ្រើសរើសប្រភេទឡេការពារ ដែលគ្មាននូវសារធាតុគីមី PABA និង Oxybenzone ព្រោះសារធាតុទាំងពីរមុខនេះ ជាធម្មតាធ្វើឲ្យស្បែកមានប្រតិកម្មហើយវារឹតតែមានឥទ្ធិពលលើស្បែកក្មេង។ ការពារកម្តៅថ្ងៃសម្រាប់ខ្លួនប្រភេទ ដែលមានសារធាតុស័ង្កសីអុកស៊ីត (Zincoxide) និងទីតានីញ៉ូមអុកស៊ីត(Titanium dioxide) មានភាពអនុគ្រោះច្រើន ចំពោះស្បែកងាយប្រតិកម្មដែលជាទូទៅមាននៅក្នុងឡេការពារកម្តៅថ្ងៃសម្រាប់ក្មេងតូចៗ។ គួរប្រើស្ព្រៃយ៍ការពារកម្តៅថ្ងៃឬដប ដែលមានសម្បកពណ៌ចម្រុះព្រោះវាអាចជាការជំរុញឲ្យក្មេងចូលចិត្តប្រើ។គួរបញ្ជាក់ផងដែរថាស្ព្រៃយ៍ការពារកម្តៅថ្ងៃសម្រាប់ក្មេងមិនគួរប្រើផ្ទាល់ទៅលើមុខនោះទេ គួរបាញ់ដាក់ដៃជាមុន រួចទើបលាបទៅលើមុខ។ ស្បែកមនុស្សចាស់៖ ទោះជាបុគ្គលដែលមានវ័យចំណាស ​បានប៉ះពាល់ផ្ទាល់ជាមួយនឹងកាំរស្មីពន្លឺព្រះអាទិត្យស្ទើរ ពេញមួយជីវិតរបស់គាត់យ៉ាងណាក៏ ដោយស្បែករបស់ពួកគាត់នៅតែត្រូវការការពារ បើមិនដូច្នោះទេហានិភ័យនៃការវិវឌ្ឍទៅជាមហារីកស្បែកនិងត្រៀមមហារីក ស្បែកកាន់តែឆាប់ចាស់ ឡើងអុជៗ ងលេចចេញស្នាមជ្រីវជ្រួញ​​​លើស្បែក។ ដោយសារមនុស្សចាស់មានការថយចុះនូវចលនា ពិបាកក្នុងការលាបអញ្ចឹងគួរជ្រើសរើសប្រភេទជា ស្ព្រៃយ៍បាញ់ ទើបងាយស្រួល និងប្រសើរបំផុត។ ស្បែកស្ងួត៖ មានន័យថាអ្នកត្រូវការទាំងការការពាររួមទាំងអាចផ្តល់សំណើមដល់ស្បែករបស់អ្នកបានទៀតផង ដូចនេះអ្នកគួរជ្រើសរើសឡេការពារកម្តៅថ្ងៃដែលអាចទាំងផ្តល់សំណើមដល់ស្បែក។ លោកអ្នកគួរជ្រើសរើសឡេការពារកម្តៅថ្ងៃ ដែលមាននូវសារធាតុឡាណូលីន(Lanolin) ប្រេង (oils) និងស៊ីលីកូន (Silicon) ដូចជាឌីមេទីកូន (Dimeticone)។ ម៉្យាងទៀតឡេការពារកម្តៅថ្ងៃ ដែលមានឥទ្ធិពលផ្តល់សំណើមដល់ស្បែករបស់អ្នកបាន ច្រើនស្ថិតក្នុងទម្រង់ ជាក្រែម ជាឡូសិន និងជាក្រមួនដោយលោកអ្នកអាចពិនិត្យមើលនៅលើសម្បកប្រអប់ (creams, lotions, or ointments)។ ស្បែកជាំ ឬធ្លាប់មានមហារីកស្បែក៖​ ចំពោះអ្នកជំងឺដែលមានស្បែកជាំ ឬអ្នកធ្លាប់មានមហារីកស្បែកឡេការពារកម្តៅថ្ងៃមានSPF30+ ត្រូវបានណែនាំឲ្យប្រើជាប្រចាំថ្ងៃ។ លោកអ្នកត្រូវប្រាកដថា អ្នកលាបបានគ្រប់គ្រាន់ និងញឹកញាប់តាមការណែនាំ (រៀងរាល់២ម៉ោងក្រោយពេលចេញក្រៅ ឬភ្លាមៗបន្ទាប់ពីហែលទឹករួច) គឺសំខាន់បំផុត។ ស្បែកស្រអាប់៖ បុគ្គលដែលមានស្បែកស្រអាប់ ប់ឡើងពណ៌តែមិនងាយនឹងរលាកដោយសារកម្តៅថ្ងៃ អាចនឹងមានអារម្មណ៍ថាពួកគេមិនចាំបាច់ត្រូវការប្រើ​ឡេការពារកម្តៅថ្ងៃនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយវាមិនខុសគ្នា ជាមួយនឹងការរលាកដោយសារកម្តៅថ្ងៃនោះទេ ព្រោះថាពេលអ្នកត្រូវកម្តៅថ្ងៃ ហើយស្បែកឡើងពណ៌ នោះមានន័យថាវាជាលទ្ធផលនៃការបំផ្លាញ DNA របស់ស្បែក។ សើរបំផុតអ្នកគួរជ្រើសរើសឡេការពារកម្តៅថ្ងៃដែលមានវិសាលភាពទូលាយ (Broad Spectrum Suscreens)ក្នុងកម្រិត SPF15+។ ស្បែកងាយអាល្លែកហ្ស៊ី និងស្បែកមានមុន៖ ជំងឺដែលមានស្បែកងាយនឹងអាល្លែកហ្ស៊ីឬស្បែកមានមុនគួរចៀសវាងផលិតផល ដែលមានផ្ទុកសារធាតុផ្តល់ក្លិន ក៏ដូចជាមានផ្ទុកពពួកPABA Oxybenzone SalicylateនិងEcamsule។ ម៉្យាងវិញទៀត អ្នកជំងឺដែលងាយអាល្លែកហ្ស៊ី និងអ្នកជំងឺដែលស្បែកមានមុន គួរតែចៀសវាងប្រភេទឡេមានផ្ទុកជាតិអាល់កុលព្រោះវាធ្វើឲ្យស្បែកកាន់តែស្ងួត ហើយធ្វើឲ្យមុនកាន់តែធ្ងន់ធ្ងរថែមទៀត ដែលភាគច្រើនឃើញមានស្ថិតក្នុងទម្រង់ជាជែល។ លោកអ្នកមិនគួរប្រើឡេការពារកម្តៅថ្ងៃ ជាប្រភេទក្រែមនោះទេព្រោះវាមានជាតិប្រេងធ្វើឲ្យអ្នកកាន់តែងាយកើតមុន។ ទោះបីជាអ្នកក៏គង់នឹងត្រូវបានណែនាំពី អ្នកលក់ផលិតផលយ៉ាងណាក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់អ្នកបានដឹងខ្លះដើម្បីទទួលបានជម្រើសដែលសមស្របជាមួយស្បែករបស់អ្នក។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ការដុតបំផ្លាញកាឡូរីបានល្អ មិនត្រឹមជួយអ្នកឲ្យស្រកទម្ងន់ ប៉ុន្តែវាក៏ធ្វើឲ្យអ្នកគេងលក់ស្រួល ចៀសពីជំងឺមួយចំនួននិងមានកម្លាំងរឹងមាំទៀតផង។ ប៉ុន្តែ កាឡូរីដ៏លើសលប់របស់អ្នករឹងរូសហួសពីការគិត ដែលការហាត់ប្រាណតែម្យ៉ាងមិនអាចជួយអ្វីបានច្រើនទេបើមិនធ្វើរួមជាមួយរបៀបនៃការញ៉ាំដ៏ត្រឹមត្រូវនោះ។ 1. ចាប់ផ្តើមតាំងពីព្រឹក រីករាយដុតបំផ្លាញកាឡូរីតាំងពីពេលចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកតាមរយៈការញ៉ាំអាហារពេលព្រឹក ដើម្បីដាស់មេតាបូលីសរបស់អ្នកនិងធ្វើឲ្យវាដំណើរការបានពេញមួយថ្ងៃ។ កុំភ្លេចរបបអាហារសមរម្យដែលល្អគ្រប់គ្រាន់សម្រាប់អាហារពេលព្រឹកដូចជា ទឹកដោះគោជូរ និងផ្លែឈើ ឬនំបុ័ង គ្រាប់ធញ្ញជាតិ។ 2. ញ៉ាំឲ្យគ្រប់គ្រាន់ និងច្រើនពេល ការបរិភោគតិចជាងតម្រូវការរបស់រាងកាយ នោះរាងកាយរបស់អ្នកនឹងបញ្ឈប់ដំណើរការមេតាបូលីសរបស់អ្នកដូចគ្នា ដែលចុងក្រោយអ្នកមិនត្រឹមតែអស់កម្លាំងនោះទេ ថែមទាំងសល់កាឡូរីលើសដើម។ ដូចនេះ ក្រៅពីអាហារចម្បង ៣ពេលសមរម្យអ្នកក៏អាចបន្ថែមអាហារសម្រន់សុខភាពនៅចន្លោះអាហារនីមួយៗផងដែរ ដើម្បីឲ្យមេតាបូលីសអាចដំណើរការបានធម្មតា និងដុតកាឡូរីរបស់អ្នកមិនឈប់ឈរ។ 3. ទឹកត្រជាក់ ការបរិភោគទឹកត្រជាក់មួយថ្ងៃ ៦កែវយ៉ាងតិច ត្រូវបានបង្ហាញថាបង្កើនការដុតបំផ្លាញកាឡូរីដោយមេតាបូលីស ដល់ទៅ ៥០កាឡូរីក្នុងមួយថ្ងៃ ដែលការកើនឡើងនេះបានពីការប្រើប្រាស់ថាមពលដើម្បីសម្របសម្រួលសីតុណ្ហភាពរបស់ទឹកទៅនឹងសីតុណ្ហភាពរបស់រាងកាយ។ 4. បញ្ចូលគ្រឿងហឹរទៅក្នុងអាហារ អាហារហឹរមានសារធាតុធម្មជាតិ ដែលអាចជំរុញមេតាបូលីសរបស់អ្នកឲ្យកាន់តែស្វាហាប់។ ទោះបីជាឥទ្ធិពលនេះនឹងកើតមានជាបណ្តោះអាសន្ន ប៉ុន្តែការចម្អិនអាហារដោយបន្ថែមម្ទេសក្រហម ឬបៃតង ម្រេច ខ្ញី ខ្ទឹមសជាដើមឲ្យបានញឹកញាប់ពិតជាអាចធ្វើឲ្យអត្ថប្រយោជន៍កើនឡើងជាលំដាប់។ 5. ជ្រើសរើសអាហារសរីរាង្គ សារធាតុពុលដែលចេញពីថ្នាំសម្លាប់សត្វល្អិត អាចរារាំងដំណើរការមេតាបូលីស ដែលជាលទ្ធផលធ្វើឲ្យការដុតកាឡូរីត្រូវបានកាត់បន្ថយ។ ដូចនេះ អ្នកគួរតែជ្រើសរើសបន្លែ ផ្លែឈើសរីរាង្គសម្រាប់បរិភោគជានិច្ច។ 6. អាហារទំពាច្រើន ជ្រើសរើសប្រភេទអាហារដែលទាមទារឲ្យអ្នកទំពាច្រើន ដូចជាសាច់សុទ្ធ គ្រាប់ធញ្ញជាតិ ផ្លែឈើ ឬបន្លែទាំងមូល ជាជាងអាហារដែលត្រូវបានចិញ្ច្រាំ ចិតជាចំណិតតូចៗ ឬធ្វើឲ្យល្អិតហើយស្រេច ដើម្បីភ្ញោចដល់មេតាបូលីស។ 7. ប្តូរមកជាតែ និងកាហ្វេ បើអ្នកជ្រើសរើសកាហ្វេសម្រាប់បង្កើនថាមពល និងធ្វើឲ្យអ្នកមានស្មារតីល្អនោះអ្នកនឹងរីករាយជាមួយនឹងការបង្កើនអត្រានៃការធ្វើមេតាបូលីសផងដែរ ប្រសិនបរិភោគក្នុងកម្រិតល្មម។ រីឯឥទ្ធិពលរួមគ្នានៃ Caffeine និង Catechins របស់តែបៃតង ឬតែអូឡុងអាចបង្កើនមេតាបូលីសបានដល់ ២ទៅ ៣ម៉ោង។ 8. បំបែកខ្លាញ់ដោយជាតិកាកសរសៃ ការស្រាវជ្រាវបង្ហាញថា ជាតិកាកសរសៃអាចបង្កើនការដុតកាឡូរីបានដល់ទៅជាង ៣០% ដែលជាលទ្ធផលធ្វើមានការស្រកទម្ងន់យ៉ាងរហ័ស។ អាហារសម្បូរដោយកាកសរសៃមាននៅក្នុងបន្លែ ផ្លែឈើ និងធញ្ញជាតិ។ រួមផ្សំជាមួយរបៀបក្នុងការបរិភោគអាហារខាងលើ របបអាហារសុខភាពប្រចាំថ្ងៃរបស់អ្នកក៏ចាំបាច់បំផុតផងដែរ ជាពិសេសគឺកុំភ្លេចនូវអាហារដែលមានប្រូតេអ៊ីន ខ្លាញ់ អូមេហ្គា៣ វីតាមីន និងជាតិរ៉ែផ្សេងៗ ដែលសុទ្ធសឹងអាចជំរុញការដុតបំផ្លាញកាឡូរីប្រកបដោយប្រសិទ្ធភាព។ អ្នកក៏គ្មានផ្លូវជួបកាឡូរីដ៏លើសលប់នោះទៀតទេ បើអ្នករក្សាការធ្វើលំហាត់ប្រាណទៀតទាត់ និងប្រកាន់យករបៀបរស់នៅដ៏ល្អ (ភាពសកម្ម ការគេង សម្រាក…)។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

សាកល្បងចំណាយពេលត្រឹម ១នាទី ក្រឡេកមើលក្រចកដៃ ឬក្រចកជើងរបស់អ្នក តើវាមើលទៅមានសុខភាពល្អ ឬអត់? តើអ្នកមានឃើញស្នាមឆ្នូត អុជៗ លើក្រចកមានពណ៌ ឬរូបរាងខុសពីធម្មតា? យ៉ាងហោចណាស់ លក្ខខណ្ឌដែលបានរៀបរាប់ខាងលើអាចត្រូវបានកាត់បន្ថយ ឬបំបាត់តាមរយៈការថែរក្សាត្រឹមត្រូវ។ តាមរយៈហេលស៍ថាម ថ្ងៃនេះនឹងបង្ហាញលោកអ្នកអំពីចំណុចនានាជុំវិញក្រចកមានសុខភាពល្អ៖ ក្រចកបែបណាទើបអាចនិយាយបានថាគ្មានបញ្ហា? ម្នាក់ៗហាក់ពុំសូវចាប់អារម្មណ៍​ គិតត្រឹមតែថាក្រចកស វែង គ្មានដីគឺគ្មានបញ្ហាហើយ។ យ៉ាងណាមិញ ពាក្យថាក្រចកមួយម៉ាត់គឺផ្គុំដោយស្រទាប់ជាតិប្រូតេអ៊ីនស្តើង ហៅថាគេរ៉ាទីន លូតលាស់ពីទីតាំងខាងក្រោមក្រចក ក្រោមសាច់គែមក្រចក ហើយក្រចកដែលមានសុខភាពល្អគឺរលោង គ្មានខូង មានទម្រង់ជាពណ៌ធម្មជាតិ មានស្ថេរភាព និងគ្មានចំណុចខុសប្រក្រតី។ ម៉្យាងទៀតអ្នកត្រូវតែគ្មាននូវសញ្ញាដូចខាងក្រោម៖ • ក្រចកមានការប្តូរពណ៌ខុសធម្មតា ដូចជាទៅជាស្លេក ឬខ្មៅ នៅក្នុង ឬក្រោមនៃក្រចក • ប្តូររូបរាងក្រចក ដូចជារាងទឹករលក • ក្រចកស្តើង ឬក្រាស់ជាងធម្មតា • ក្រចកហាក់មិនជាប់ជាមួយស្បែកជុំវិញ • មានឈាមជុំវិញក្រចក • ហើម ឬឈឺចាប់ជុំវិញក្រចក។ ៥ ចំណុចដែលលោកអ្នកមិនគួរភ្លេច ដើម្បីថែរក្សាក្រចកឲ្យល្អបំផុត៖ • រក្សាអនាម័យជាប្រចាំ៖ បាក់តេរី ឬមីក្រុបមួយចំនួននឹងជ្រាបចូលតាមរយៈក្រចកក្នុងរាល់ពេលអ្នកកាត់ក្រចកឬសាច់ជុំវិញក្រចកដូចនេះអ្នកត្រូវប្រាកដថាបានសម្លាប់មេរោគលើកន្ត្រៃមុននឹងប្រើ។ ម៉្យាងការរក្សាឲ្យដៃរបស់អ្នកស្ងួតជានិច្ចក៏ជាវិធីសាស្រ្តមួយអាចការពារពីការលូតលាស់របស់បាក់តេរី នៅផ្នែកខាងក្រោមក្រចកដៃរបស់អ្នកបានដែរ។ អ្វីដែលអ្នកមិនគួរភ្លេចនោះគឺការពាក់ស្រោមដៃជាប្រចាំ នៅពេលអាកាសធាតុត្រជាក់ខ្លាំង ក្តៅខ្លាំង ពេលលាងចាន បោកសម្លៀកបំពាក់ ឬករណីដែលក្រចកអ្នកត្រូវប៉ះជាមួយសារធាតុគីមីដោយផ្ទាល់។ • កាត់តម្រឹម និងលាបថ្នាំក្រចក៖ វាពិតជាចាំបាច់ណាស់ពិសេសសម្រាប់លោកអ្នកដែលមានក្រចកទន់ ព្រោះវាងាយបាក់កាលណាវាវែង ហើយការលាបថ្នាំក្រចកជាប្រចាំអាចធ្វើឲ្យក្រចកអ្នករឹងបានមួយកម្រិតផងដែរ។  សូមបញ្ជាក់ថា ការកាត់តម្រឹមក្រចក ក៏ត្រូវបានណែនាំសម្រាប់គ្រប់សភាពក្រចកផងដែរ មិនថាក្រចករឹង ឬទន់នោះទេ។ • ផ្តល់សំណើម៖ មិនត្រឹមតែស្បែកទេដែលត្រូវការសំណើមក្រចករបស់អ្នកក៏ដូចគ្នា ដូចនេះពេលអ្នកលាបឡូសិនដៃរបស់អ្នក កុំភ្លេចលាបលើក្រចក និងសាច់ក្នុងក្រចកផងដែរដើម្បីឲ្យក្រចកដៃអ្នកមើលទៅភ្លឺរលោងស្រស់ស្អាត។ បន្ថែមពីនេះលោកអ្នកក៏គួរតែការពារវាផងដែរដើម្បីឲ្យក្រចករឹងល្អ និងចៀសពីបញ្ហាខាងលើបានមួយកម្រិតទៀត។ • របបអាហារត្រឹមត្រូវ៖ ពិតជាសំខាន់ខ្លាំងណាស់ដែលគ្រូពេទ្យមួយចំនួនបានណែនាំឲ្យញ៉ាំអាហារដែលសម្បូរដោយវីតាមីននិងអាហារបំប៉នដូចជាបីយ៉ូទីន វីតាមីនអ៊ី និងខ្លាញ់ត្រីជាប្រចាំ។ ពិសេសអាហារដែលសម្បូរជាតិប្រូតេអ៊ីនដូចជាសណ្តែកសាច់ត្រី និងគ្រាប់ធញ្ញជាតិមួយចំនួនរួមផ្សំ និងបន្លែបៃតងនឹងជួយឲ្យក្រចកអ្នករឹងមាំនិងមានអនាម័យស្អាត។ • រក្សាឲ្យក្រចកបានសម្រាក៖ ទោះបីការលាបក្រចកធ្វើឲ្យក្រចកអ្នកស្រស់ស្អាត និងរឹងល្អយ៉ាងណាក៏ដោយ វាតែងតែមានកម្រិតក្នុងការប្រើប្រាស់ដែរ។ សូម្បីតែលោកអ្នកត្រូវការសម្រាក ដូច្នេះអ្នកត្រូវទុកពេលឲ្យក្រចកអ្នកបានសម្រាក ដើម្បីធ្វើការជួសជុល  យ៉ាងហោចណាស់ក៏មួយអាទិត្យ រួមជាមួយនឹងការថែរក្សាខាងលើលោកអ្នកក៏ត្រូវទាមទារឲ្យបញ្ឈប់ទម្លាប់មិនល្អមួយចំនួនទៀតដូចជា៖ • ខាំក្រចកដៃ ឬសាច់គល់ក្រចក៖ ទម្លាប់ទាំងនេះអាចបំផ្លាញបន្ទះក្រចកអ្នកទាំងមូលរឹតតែអាចប៉ះពាល់ដល់ធ្មេញរបស់អ្នកទៀតផង។ ម៉្យាងក្នុងទឹកមាត់មានអង់ស៊ីមដែលធ្វើឲ្យក្រចកអ្នកខ្សោយ ទន់ និងងាយបាក់។ ទោះបីការប៉ះពាល់តិចតួចក៏ដោយ ក៏វាជាហេតុអាចឲ្យបាក់តេរី ឬពពួកផ្សិតជ្រៀតចូលបាននិងបង្កជាជំងឺផ្សេងៗ។ • ហាមប្រើទឹកលាងក្រចកញឹកញាប់ពេក៖ លោកអ្នកគួរព្យាយាមកាត់បន្ថយការប្រើទឹកលាងក្រចក ឲ្យបានតិចបំផុតតាមដែលអាចធ្វើបាន ហើយគួរកុំឲ្យវាប៉ះផ្ទាល់ជាមួយសាច់គែមក្រចកពេលអ្នកលាង។ គួរជ្រើសរើសប្រភេទទឹកលាងក្រចកដែលគ្មានផ្ទុកអាសេតូន (Aceton-free) ព្រោះវាធ្វើឲ្យក្រចកអ្នកកាន់តែស្ងួត។ • ហាមប្រើផលិតផលរក្សាក្រចកដែលមានផ្ទុកToluene or Formaldehyde៖ ដោយសារសារធាតុទាំងនោះធ្វើឲ្យមានគ្រោះថ្នាក់ដល់សាច់ក្រចក រួមទាំងរាងកាយរបស់អ្នកផងដែរទោះក្នុងបរិមាណតិចតួចក៏ដោយដូចនេះអ្នកត្រូវពិនិត្យមើលឲ្យច្បាស់មុននឹងជ្រើសរើសផលិតផលទាំងនោះ។ • កុំកាត់ក្រចកដល់គល់ពេក៖ ទោះបីមានការណែនាំឲ្យកាត់ក្រចកជាប្រចាំក៏ដោយ អ្នកត្រូវប្រាកដថាអ្នកមិនកាត់រហូតដល់គល់ រឹតតែមិនត្រូវកាត់សាច់គែមក្រចក ព្រោះទម្លាប់នេះអាចបង្ករោគផ្សេងៗដោយងាយ តាមរយៈការឆ្លងមេរោគ។ • កុំប្រើប្រាស់ក្រចកខុសបច្ចេកទេស៖ យ៉ាងណាក៏ដោយ ហាមដាច់ខាតការដែលអ្នកជំនួសឧបករណ៍ផ្សេងៗ ក្នុងគោលបំណងដើម្បីទប់កោស កាត់ ឆ្កឹះ ឬកេះ ព្រោះវាអាចបំផ្លាញក្រចករបស់អ្នក ទាំងដោយផ្ទាល់ និងមិនផ្ទាល់ រួមទាំងបង្ករោគដោយមិនដឹងខ្លួន។ បើទោះជាក្រចករបស់អ្នកមានគ្រប់លក្ខខណ្ឌក្រចកមានសុខភាពល្អដូចបានរៀបរាប់ខាងលើហើយក៏ដោយ…សំខាន់គឺអ្នកត្រូវធ្វើការថែរក្សាវាឲ្យស្ថិតនៅក្នុងស្ថានភាពនេះរហូតទៅ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក
Top