Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

បម្រែបម្រួលដែលកើតមានឡើងនៅដំណាក់កាលអស់រដូវ និងក្បែរអស់រដូវរបស់ស្ត្រី  សុទ្ធសឹងតែអាចចូលរួមផ្តល់ឲ្យស្ត្រីនូវបទពិសោធន៍អាក្រក់ជាច្រើនដែលជះឥទ្ធិពលដល់គុណភាពជីវិត។ ដូចនេះ  ការថែទាំដែលជាក់លាក់គួរតែត្រូវបានធ្វើឡើង ដើម្បីទ្រទ្រង់ផាសុកភាពក្នុងពាក់កណ្តាលជីវិតក្រោយរបស់ពួកគាត់។ ការគាំទ្រផ្នែកផ្លូវចិត្ត ការធ្វើលំហាត់ប្រាណ របបអាហារ ក៏ដូចជាឱសថបំប៉នជាដើម  ត្រូវបានពិចារណាក្នុងការរួមបញ្ចូលជាចាំបាច់ជាមួយនឹងការព្យាបាលចំពោះស្ត្រីអស់រដូវ។ តួយ៉ាង  ជម្រើសនៃឱសថបំប៉នមួយចំនួនត្រូវបានលើកយកមកពិភាក្សាជាបន្តបន្ទាប់ទាក់ទិននឹងការជួយគាំទ្រយ៉ាងប្រសើរដល់ការព្យាបាលដោយអ័រម៉ូន ក៏ដូចជាការកាត់បន្ថយរោគសញ្ញារំខាន  និងការប្រឈមនឹងបញ្ហាសុខភាពជាច្រើនទៀតនៅពេលអស់រដូវ  ជាពិសេសឱកាសក្នុងការកាត់បន្ថយកម្រិតអ័រម៉ូនដែលត្រូវប្រើប្រាស់ផងដែរ។ ក្នុងឱសថបំប៉នជាច្រើន វីតាមីនសេក៏ត្រូវបានអ្នកជំនាញលើកមកបកស្រាយចំពោះសុខភាពរបស់ស្រ្តីអស់រដូវផងដែរ។ ការសិក្សាបានបង្ហាញថាអាស៊ីតអាស្កូបប៊ិច ឬវីតាមីនសេជាសារធាតុដ៏សំខាន់សម្រាប់ការកកើតនៃកោសិកាឆ្អឹងដោយសារតែវាជាអ្នកភ្ញោចProcollagen ដែលជំរុញឲ្យមានការផលិតកូឡាជែន  (collagen) និងភ្ញោចសកម្មភាពរបស់ Alkaline phosphatase ដែលជាធាតុសម្គាល់របស់កោសិកាឆ្អឹងថ្មីៗ ក៏ដូចជាការពារការរសាត់នៃឆ្អឹងដែលជាមូលហេតុនៃការពុកឆ្អឹងផងដែរ។ ដោយឡែក ចំពោះស្ត្រីអស់រដូវដែលមានកង្វះនូវអ័រម៉ូនអឺស្ត្រូសែន  សម្ពាធនៃអុកស៊ីតកម្មគឺជាកត្តាដ៏ចម្បងមួយដែលធ្វើឲ្យមានការថយចុះនូវភាពយឺតនៃសរសៃឈាម  និងជំរុញឲ្យមានការប្រឈមនឹងជំងឺសរសៃឈាមបេះដូង។ វីតាមីនសេ ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អមួយដែលត្រូវបានប្រើប្រាស់ក្នុងការចូលរួមជំរុញមុខងាររបស់ជញ្ជាំងសរសៃឈាម (Endothelial  function) និងរក្សាលំនឹងកូឡេស្តេរ៉ុល (Cholesterol homeostasis) ជាពិសេសចំពោះស្ត្រីដែលមានកត្តាប្រឈមនឹងជំងឺសរសៃឈាមបេះដូង។   ជាចុងក្រោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិតមានជាដំបូន្មានសម្រាប់ស្ត្រីគ្រប់រូបដែលកំពុងប្រឈមមុខនឹងបញ្ហានៃការអស់រដូវនេះថា គួរមកពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីស្វែងរកជំងឺផ្សេងទៀតដូចជា ជំងឺមហារីកជាដើម រីឯការធ្វើលំហាត់ប្រាណក៏ចាំបាច់រាប់បញ្ចូលក្នុងសកម្មភាពប្រចាំថ្ងៃផងដែរ៕ ស្វែងយល់បន្ថែម៖  សារធាតុបំប៉នសំខាន់ៗសម្រាប់សុខភាពស្ត្រីនៅអំឡុងពេល និងក្បែរអស់រដូវ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឯក ម៉េងលី វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃគ្លីនិកលុច្ស ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជំងឺមហារីកសុដន់ គឺជាប្រភេទមហារីកដែលជាប់ចំណាត់ថ្នាក់លេខ២ ចំពោះស្រ្តីនៅសហរដ្ឋអាមេរិក។ ជារៀងរាល់ឆ្នាំ អត្រាកើតមានថ្មីនៃជំងឺនេះ មានប្រមាណ២,៣០០ករណីចំពោះបុរស និង២៣០,០០០ ករណីចំពោះស្រ្តី។ ដំណាក់កាលនៃមហារីកសុដន់មានដូចជាដំណាក់កាលដំបូង ដំណាក់កាលដែលអាចព្យាបាលជា និងដំណាក់កាលរីករាលដាលដែលមានវិធីព្យាបាលផ្សេងៗពីគ្នា។ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័សនៃជំងឺ មហារីកសុដន់នេះការស្ទាបពិនិត្យមើលសុដន់ដោយខ្លួនឯងត្រូវបានអនុវត្តនិងគួរអនុវត្តល្អបំផុតបន្ទាប់ពីថ្ងៃមករដូវដំបូងរបស់អ្នកបាន៣ទៅ៥ ថ្ងៃជារៀងរាល់ខែ។ការពិនិត្យសុដន់ដោយខ្លួនគឺជាការពិនិត្យមើលការប្រែប្រួលឬបញ្ហាផ្សេងៗនៃជាលិកាសុដន់ដែលអាចធ្វើបានដោយខ្លួនឯងពេលនៅផ្ទះ។ការពិនិត្យនេះរួមផ្សំទាំងការពិនិត្យមើលនិងការស្ទាបដែលមាន៥ជំហានដូចខាងក្រោម ៖ -ជំហានទី១ ៖ ចាប់ផ្តើមដោយមើលសុដន់នៅមុខកញ្ចក់ដោយដាក់ដៃច្រត់ចង្កេះ។ លោកអ្នកត្រូវពិនិត្យទៅលើទំហំ រូបរាង និងពណ៌នៃសុដន់ទាំងសងខាង។ -ជំហានទី២ ៖ លើកដៃរបស់អ្នកទាំងសងខាងឡើងលើ ហើយពិនិត្យមើលដូចជំហានទី១។ -ជំហានទី៣ ៖ ខណៈពេលដែលអ្នកនៅមុខកញ្ចក់ អ្នកត្រូវពិនិត្យមើលការហូរចេញនៃទឹកពីចុងសុដន់ទាំងសងខាង ដែលអាចជាទឹកថ្លាពណ៌ទឹកដោះគោ ពណ៌លឿង ឬឈាម។ -ជំហានទី៤ ៖ គេងផ្ងារ ហើយស្ទាបដោយប្រើដៃស្តាំស្ទាបសុដន់ខាងឆ្វេង បន្ទាប់មកដៃឆ្វេងស្ទាបសុដន់ខាងស្តាំ។ សូមស្ទាបដោយដាក់ម្រាម៣កណ្តាលឲ្យត្រង់ សង្កត់ល្មមៗជារាងរង្វង់ហើយចាប់ផ្តើមពីឆ្អឹងដងកាំបិតចុះមករកផ្នែកខាងលើនៃពោះ និងពីក្លៀកមកឆ្អឹងសន្ទះទ្រូង។ អ្នកត្រូវច្បាស់ថាគ្រប់ផ្នែកនៃសុដន់ត្រូវបានស្ទាប។  អ្នកក៏អាចចាប់ផ្តើមពីចុងសុដន់ ហើយស្ទាបជារង្វង់ចេញទៅក្រៅធំទៅៗរហូតដល់គែមខាងក្រៅនៃសុដន់។ មួយវិញទៀត អ្នកអាចស្ទាបដោយរំកិលម្រាមដៃរបស់អ្នកចុះឡើងៗជាជួរៗ។ វិធីរំកិលចុះឡើងៗនេះហាក់ដូចជាមានប្រសិទ្ធភាពចំពោះស្រ្តីភាគច្រើន។ អ្នកអាចស្ទាបស្បែក និងជាលិកាក្រោមស្បែកបានតាមរយៈការស្ទាបសង្កត់ថ្នមៗ និងសង្កត់ល្មម ដើម្បីស្ទាបជាលិកាដែលនៅចំកណ្តាលនៃសុដន់។ ចំណែកឯជាលិកាដែលនៅជ្រៅៗ អ្នកអាចស្ទាបបានដោយការសង្កត់ឲ្យខ្លាំងបន្តិច។ -ជំហានទី៥ ៖ ជាចុងក្រោយ អនុវត្តការស្ទាបសុដន់ទាំងមូលតាមជំហានទី៤ ដោយប្តូរឥរិយាបថពីគេងទៅអង្គុយ ឬឈរវិញ។ ស្វែងយល់ពីការពិនិត្យសុដន់ដោយខ្លួនឯង ពីគ្រូពេទ្យជំនាញ តាមរយៈ អត្ថបទនេះ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជាទូទៅ សក់របស់មនុស្សជ្រុះជារៀងរាល់ថ្ងៃចាប់ពី 40 ទៅ120សរសៃ  អាស្រ័យបរិមាណសក់ដែលអ្នកមានអាយុករបស់អ្នកនិងវដ្ដនៃការលូតលាស់របស់សក់។ សក់ដែលមានសុខភាពមិនវដ្ដនៃការលូតលាស់ល្អជ្រុះច្រើន។ ពេលដែលអាយុកអ្នកចម្រើនឡើង សក់របស់អ្នកក៏ចាប់ផ្ដើមស្ដើងទៅៗជាពិសេសក្រោយពេលនារីអស់រដូវ។មានមូលហេតុចម្បងៗចំនូនបួនដែលបណ្ដាលឲ្យសក់ជ្រុះ៖ ១ សង្ខារនៃសក់ ជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែវិច្ឆិកានិងខែធ្នូ សរសៃសក់របស់អ្នកវិវដ្ដមកដល់ចំណុចចុងក្រោយនៃវដ្ដជីវិតរបស់វាដែលជាហេតុបណ្ដាលឲ្យសក់ជ្រុះច្រើនជាងរាល់ដង។ ២ ជំងឺឈាមសស៊ីឈាមក្រហម ការជ្រុះសក់ជាគំហុករបស់នារីអាចជារោគសញ្ញានសជំងឺឈាមសស៊ីឈាមក្រហមនេះបើតាមការធ្វើតេស្ដន៏ឈាម លោកវេជ្ជបណ្ឌិត George Cotsarelis,M,D,នាយកផ្នែកសក់និងស្បែកក្បាលនៃសាកលវិទ្យាល័យ Pennsylvania។ ការពិសោធន៏បានបង្ហាញឲ្យឃើញថាការខ្វះសារជាតិដែកក៏ជាមូលហេតុសម្បងដែលបណ្ដាលឲ្យសក់ជ្រុះផងដែរ។ គ្លីនិកMayoបានរាយការណ៍ឲ្យដឹងថានារីជាង២០ភាគរយកំពុងតែរងគ្រោះដោយអាការៈជ្រុះសក់ព្រោះខ្វះសារធាតុដែកនៅក្នុងរាងកាយ។ ៣ អាយុ អ្នកជំនាញខាងបណ្ដុះសក់បានប្រសាសន៍ថាពេលដែលមនុស្សមានអាយុច្រើនឡើងគល់សក់ចាប់ផ្ដើមរួញស្វិតបណ្ដាលឲ្យជំហររបស់សក់ខ្លីជាងមុននិងខ្សោយជាងមុន ហើយបន្ទាប់មកមិនយូរប៉ុន្មានគល់សក់ក៏ងាប់ ឯសក់ក៏ចាប់ផ្ដើមជ្រុះជុំមក។ ចំណែកបរិមាណនៃសក់ដែលជ្រុះព្រមទាំងរយៈកាលនៃការជ្រុះសក់របស់មនុស្សម្នាក់ៗក៏ខុសគ្នាទៅតាមដំណរពូជ។ ៤ ការតាំងគភ៌ នារីខ្លះជ្រុះសក់ពេលមានគភ៌ ឬបន្ទាប់ពីការផ្លាស់ប្ដូរអ័រម៉ូនក្រោយពេលសម្រាលកូនរួច។ ចំណែកនារីខ្លះទៀតចាប់ផ្ដើមជ្រុះសក់ពេលចាប់ផ្ដើមឬទទួលទានថ្នាំពន្យាកំណើត។ ៥ ជំងឺ ឬការតានតឹងអារម្មណ៍(ស្ត្រេស) ការជ្រុះសក់អាចបណ្ដាលមកពីរោគសញ្ញានៃជំងឺផ្សេងៗមានដូចជាការខ្វះសារជាតិដែកនិងបញ្ហាទាក់ទងនឹងក្រពេញទីរ៉ូអ៊ីតព្រមទាំងការតឹងតែងផ្នែកអារម្មណ៍ផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

មូលហេតុ កូនរបស់លោកអ្នកអាចទល់លាមក កា​លណាគេមិនបានផឹកទឹកដោះ អង្គធាតុរាវ ឬអាហារដែលមានជាតិសរសៃគ្រប់គ្រាន់។ សរសៃមាននៅក្នុងចំណីធម្មជាតិ ដូចជាគ្រាប់ធញ្ញជាតិផ្លែឈើ និងបន្លែជាដើម។  ប្រសិនបើកូនរបស់លោកអ្នកបរិភោគបបរដែលសម្បូរទៅដោយជាតិខ្លាញ់ជាតិស្ករចម្រាញ់(ស្ករគ្រាប់ឬបង្អែម)នោះមានន័យថាគេមិនបានបរិភោគជាតិសរសៃឲ្យបានគ្រប់គ្រាន់ដែលជាហេតុនាំឲ្យទល់លាមក។ ការផ្លាស់ប្ដូរពីការបំបៅទឹកដោះម្ដាយទៅបៅទឹកដោះគោវិញ ឬការប្ដូរពីការចំណីអាហារទន់ទៅជាចំណីអាហាររឹងវិញ។   ជួនកាល កូនរបស់លោកអ្នកអាចទល់លាមកបន្ទាប់ពីងើបពីឈឺ ឬប្រើប្រាស់ឱសថផ្សេងៗ។ លោកអ្នកមិនត្រូវបារម្ភពេកទេព្រោះការទល់លាមកតែងតែកើតឡើងជាធម្មតាហើយអាចបាត់ទៅវិញដោយឯងៗដែរ។ អាការៈទល់លាមកធ្ងន់ធ្ងរអាចកើតឡើងដោយសារតែកុមារមិនព្រមទៅបន្ទោរបង់។ ពេលដែលលាមកប្រមូលផ្ដុំ នៅក្នុងពោះវៀនធំយូរវាចាប់កកធំឡើងៗនិងរឹងទៅៗ។ ការបន្ទោរបង់អាចមានការឈឺចាប់ ធ្វើឲ្យកុមារមិនចង់ទៅបន្ទោរបង់លាមក។ ដំណោះស្រាយ អ្នកគួរចាប់ផ្ដើមបង្កើនបរិមាណទឹកដែលកូនរបស់អ្នកទទួលទានក្នុង១ថ្ងៃ។ បើកូនរបស់លោកអ្នកធំហើយ សូមជម្រុញឲ្យគេផឹកទឹកឲ្យបានច្រើន។ សូមបន្ថយបរិមាណស្ករគ្រាប់ និងចំណីមានជាតិស្ករនៅក្នុងរបបអាហាររបស់កូនលោកអ្នក។អ្នកគួរណែនាំកូនឲ្យយល់ដឹងពីការបន្ទោរបង់ហើយគួរតែមានទម្លាប់បន្ទោរបង់ដោយមានម៉ោងពេលច្បាស់លាស់។ ពេលដល់ម៉ោងបន្ទោរបង់សូមឲ្យកូនលោកអ្នកអង្គុយលើបង្គន់ឲ្យបានយ៉ាងតិច១០នាទីជារៀងរាល់ថ្ងៃ។ ក្នុងពេលបន្ទោរបង់ អ្នកអាចឲ្យកូនអានសៀវភៅ ឬស្ដាប់វិទ្យុក៏បាន។ មានឱសថបញ្ចុះលាមករបស់កុមារ។អ្នកអាចជ្រើសយកឱសថណាមួយមកប្រើអាស្រ័យទៅតាមអាយុករបស់កូននិងទៅតាមសភាពការទល់លាមក។សូមសាកសួរគ្រូពេទ្យអំពីឈ្មោះនិងរបៀបប្រើឱសថ។  ក្រោយពីសាកល្បងវិធីខាងលើរួចហើយអាការៈទល់លាមករបស់កូនអ្នកមិនមានសភាពប្រសើរឡើងទេ សូមយកកូនរបស់អ្នកទៅជួបជាមួយគ្រូពេទ្យ។ ជួនកាលអាការៈទល់លាមកអាចជាសញ្ញាបញ្ចាក់អំពីលក្ខខណ្ឌធ្ងន់ធ្ងរខាងសុខភាពណាមួយក៏ថាបាន។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ពស់ ជាសត្វល្មូនមួយប្រភេទដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស ជាតិពិសរបស់វានឹងជ្រាបចូលរាងកាយយេីង បន្ទាប់ពីវាខាំរូួច៕ ខាងក្រោមនេះ ជាប្រការគួរយល់ដឹងក្រោយពេលពស់ចឹក... ***ប្រការគួរធ្វើ៖ - ចំណាំប្រភេទពស់ និង យកជនរងគ្រោះទៅកន្លែងមានសុវត្ថិភាព - ដាក់ជនរងគ្រោះសម្រាក ពន្យល់គាត់កុំឲ្យភ័យបារម្ភ - ដាក់កន្លែងរបួសឲ្យស្ថិតនៅទាបជាងបេះដូង - លាងសំអាតមុខរបួស & រុំជាមួយក្រណាត់ស្អាតស្ទេរីល - ដាក់បន្ទះអបកន្លែងរបួស ដើម្បីកុំឲ្យមានចលនា - ប្រញាប់នាំជនរងគ្រោះទៅកាន់សេវាសុខាភិបាសដែលមានថ្នាំព្យាបាលពិសពស់ នៅជិតបំផុត ។ ***ប្រការមិនគួរធ្វើ៖ - មិនគួរបឺតពិស - ហាមប្រើឧបករណ៏មុខស្រួចកាត់មុខរបួស រឺច្របាច់ឈ្លឺមុខរបួស - ហាមមិនឲ្យចងមុខរបួសតឹង - ហាមដុតមុខរបួស - មិនគួរប្រើឱសថបុរាណដែលគ្មានប្រវត្តិស្រាវជ្រាវច្បាស់លាស់ - មិនគួរប្រើប្រាស់មធ្យោបាយប្រពៃណីដែលគ្មានសុវត្ថិភាព។  **** ពស់ពិសសម្លាប់អាយុជីវិតមនុស្សជាតិប្រមាណ៩០០០០នាក់រៀងរាល់ឆ្នាំ អត្ថបទដោយ ៖ ហេង សុជាតិ និស្សិតវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ អន្តរជាតិ

ចែករំលែក

ករណីកប់ត្រចៀកក្រាញនេះ គឺជាបញ្ហាដែលធ្វើឲ្យមនុស្សមានការឈឺចាប់ខ្លាំង។ តើមានដំណោះស្រាយបែបណា នៅពេលដែលមានបញ្ហាកប់ត្រចៀកក្រាញនេះ? ខាងក្រោមនេះជាដំណោះស្រាយ៖ ១.ត្រាំជើងរបស់អ្នកជាមួយទឹកក្ដៅឧណ្ហៗយ៉ាងហោចណាស២ដងក្នុងមួយថ្ងៃរយៈពេល១៥ទៅ៣០នាទី។ ទឹកក្ដៅឧណ្ហៗជួយឲ្យមានភាពប្រសើរឡើង។វិធីនេះវាអាចធ្វើឲ្យក្រចកទន់តែវាពិតជាមានប្រយោជន៍ណាស់ក្នុងការការពារការឆ្លងមេរោគទៅជើង។ចំពោះលទ្ធផលដែលល្អបំផុតគឺត្រូវបានណែនាំឲ្យប្រើប្រាស់សាប៊ូប្រឆាំងនិងបាត់តេរី។ ២.បន្ទាប់ពីត្រាំជើងអ្នកជាមួយ Feet Bath រួចហើយត្រូវកាត់ក្រចកជើងរបស់អ្នក ហើយជូនជើងរបស់អ្នកឲ្យស្ងួតជាមួយកន្សែង។ ប្រសិនបើអ្នកចង់ជៀសវាងការកប់ក្រចកក្នុងសាច់ អ្នកគួរកាត់ក្រចករាងមូល។ ៣.អ្នកអាចបង្ហើបក្រចកមេជើងរបស់អ្នកដោយប្រើម្ជុលដែករឹងដែលគ្មានមេរោគខណៈពេលដែលធ្វើការញាត់សំឡីចោលទៅក្នុងចន្លោះនោះ។ធ្វើវាឲ្យប្រុងប្រយ័ត្នហើយកុំប្រញាប់ពេក។ធ្វើបែបនេះដើម្បីការពារការឆ្លងមេរោគទៅក្នុងជើង​របស់អ្នកហើយដើម្បីការពារការឈឺចាប់ អ្នកគួរដាក់សំឡីកប្បាសទោក្រោមក្រចកដែលកប់នោះ។ ៤.ប្រសិនបើពណ៌មេជើងអ្នកចាប់ផ្ដើមប្រែពណ៌ពីពណ៌ក្រហមទៅជាពណ៌ខៀវខ្មៅមានន័យថាជើងរបស់អ្នកឆ្លងមេរោគហើយ អ្នកគួរតែព្យាបាលដោយ ប្រើថ្នាំដែលមាន វេជ្ជបញ្ជាគ្រូពេទ្យត្រឹមត្រួវ។ ៥.ពេលដែលអ្នកនៅផ្ទះ គួរជៀសវាងការពាក់ស្រោមជើង​និងស្បែកជើង។ ជើររបស់អ្នកក៏ត្រូវការដកដង្ហើមដែរ។ ៦.ផ្លាស់ប្ដូរសំឡីដែលញាត់នៅក្នុងក្រចកយ៉ាងហោចណាស់ម្ដងក្នុងមួយថ្ងៃខណៈដែលស្ថានភាពក្រចកជើងរបស់អ្នកមិនទាន់ប្រសើរឡើង។អ្នកគួរតែព្យាយាមថែរក្សាអនាម័យក្រចកជើងរបស់អ្នកឲ្យបានខ្ពស់រយៈ២សប្តាហ៍នេះទំរាំក្រចកជើងថ្មីដុះមកវិញ៕ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ចែករំលែក

ប្រសិនបើភ្នែករបស់អ្នករមាស់ និងឡើងក្រហម ហូរទឹកភ្នែក ឬរលាក អ្នកប្រហែលជាអាល្លែកហ្ស៊ីភ្នែកហើយ។ មនុស្សភាគច្រើនគិតលើការព្យាបាលរោគសញ្ញាអាល្លែកហ្ស៊ីច្រមុះ តែព្រងើយកន្តើយនឹងភ្នែករមាស់​​ ក្រហម និងហូរទឹកភ្នែករបស់គាត់ ។  ខាងក្រោមនេះ ជាការណែនាំពីវិធីសាស្ត្រជួយបន្ថយជំងឺអាល្លែកហ្ស៊ីភ្នែក៖ ១. ស្អំរបស់ត្រជាក់លើភ្នែករបស់អ្នក ២.ដាក់ទឹកបន្តក់ភ្នែកក្នុងទូរទឹកកកឲ្យត្រជាក់សិនមុននឹងប្រើវា។អ្នកគួរប្រើទឹកបន្តក់ភ្នែកដែលមិនមានសារធាតុរក្សាគុណភាព។​ ៣.ជៀសវាងប្រើប្រាសថ្នាំបំបាត់ភ្នែកក្រហមជាប្រចាំ​ ព្រោះវាអាចធ្វើឲ្យភ្នែករបសអ្នកកាន់តែក្រហម នៅពេលកើតឡើងវិញ។ ៤.កុំប្រើក្រដាស់អនាម័យ ដុំសំឡី សំឡីលាងដំបៅ ឬរបស់ផ្សេងទៀត ទៅជូតទឹកភ្នែក។ ប្រើប្រាស់ទឹកបន្តក់ភ្នែក ដើម្បីលាងភ្នែកចេញ។ ៥.ពាក់វ៉ែនតាការពារកម្ដៅថ្ងៃដែលកោងអាចបិទជិតភ្នែកមិនឲ្យប៉ះនឹងធូលីដីឬកម្ទេចកម្ទីផ្សេងទៀតដែលមិនល្អចំពោះភ្នែក។ ប្រសិនបើរោគសញ្ញារបស់អ្នកមិនបានធូរស្បើយ អ្នកត្រូវទៅជួបអ្នកជំនាញភ្នែក ព្រោះវាអាចជាបញ្ហារលាកភ្នែក។​ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ចែករំលែក

សម្រាប់កុមារ ចក្ខុវិញ្ញាណត្រូវបានប្រើប្រាស់ច្រើនជារៀងរាល់ថ្ងៃជាពិសេសពេលទៅសាលារៀនដោយសារតែការរៀនសូត្រភាគច្រើនត្រូវការប្រើនេត្រាទាំងទ្វេជាប្រចាំ។ ហេតុនេះហើយ ក្នុងនាមជាឱពុកម្តាយ អ្នកត្រូវមានការយកចិត្តទុកដាក់ខ្ពស់លើសុខភាពភ្នែករបស់គេ។ ប្រសិនបើកុមារកើតមានបញ្ហាភ្នែកនោះ វាងាយនឹងរីករាលដាលចូលដល់ដំណាក់កាលធ្ងន់ធ្ងរ ដែលនឹងបង្កឲ្យប៉ះពាល់ដល់អនាគតរបស់ពួកគេ។ តែខាងក្រោមនេះជាភាពមិនប្រក្រតី៨យ៉ាងនៃភ្នែកកូនរបស់អ្នក ដែលអ្នកគួរតែមានការព្រួយបារម្ភ បើវាកើតមានចំពោះបុត្ររបស់អ្នក ៖ ·អង្គុយមើលទូរទស្សន៍ ឬកាន់សៀវភៅជិត និងយូរពេក ៖ ការដែលការអង្គុយមើលទូរទស្សន៍ជិតពេក ហើយចំណាយពេលយូរពេកនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពភ្នែក បានក្លាយជាពាក្យដែលគេនិយាយតៗគ្នារហូត ហើយវាក៏ក្លាយជាចំណុចដំបូងគេដែលគេនឹកឃើញដល់រាល់ពេលដែលនិយាយពីគុណវិបត្តិនៃការមើលទូរទស្សន៍។ ប្រសិនបើកូនរបស់អ្នកមិនអាចមើលរូបភាពផ្សេងៗពីដោយមិនខិតចូលជិតទេនោះ មានន័យថាគេមានបញ្ហាម្ញ៉ូបឆ្ងាយហើយ។ ·ការញីភ្នែកញឹកញាប់ ៖ កុមារញីឧស្សាហ៍ញីភ្នែក ពេលដែលមានអផ្សុក ឬមិនសប្បាយចិត្ត។ ប៉ុន្តែ បើសិនគេញីភ្នែកពេលដែលគេកំពុងលេងអ្វី ហើយកំពុងសម្លឹងព្យាយាមសម្លឹងមើលអ្វីមួយនោះ នោះក៏អាចជាសញ្ញាថាគេមានបញ្ហាភ្នែកដែរ។ ·ពិបាកកំណត់ទីតាំងពេលអាន ឬប្រើម្រាមដៃចង្អុលតាមជួរដែលត្រូវអាន ៖ ពេលចាប់ផ្តើមអានដំបូង គេត្រូវការរបស់អ្វីម្យ៉ាងជាពិសេសម្រាមដៃ ចង្អុលតាមជួរដើម្បីងាយស្រួលអាន។ តែបើគេនៅតែបន្តប្រើដៃចង្អុលទៀតនោះ សូមសាកល្បងប្រាប់គេឲ្យដកដៃចេញ ប្រសិនបើគេមិនអាចធ្វើបាន នោះបានន័យថាគេមានបញ្ហាចក្ខុហើយ។ ·ងាយមានប្រតិកម្មឆ្លើយតបនឹងពន្លឺ និងការហៀរទឹកភ្នែកច្រើនពេក ៖ តើកូនរបស់អ្នកងាយមានប្រតិកម្មជាមួយពន្លឺក្នុងផ្ទះ ពន្លឺព្រះអាទិត្យ ឬភ្លើងflash នៃកាមេរ៉ាទេ? ប្រសិនបើគេមានអាការៈបែបនេះ គេងាយនឹងឈឺក្បាល ហើយចង់ក្អួត។ ម្យ៉ាងវាក៏អាចជារោគសញ្ញានៃបញ្ហាភ្នែកជាច្រើនទៀតផងដែរ។ ·បិទភ្នែកមួយចំហៀង ពេលអាន ឬមើលទូរទស្សន៍ ៖ ការបិទភ្នែកមួយចំហៀងជាញឹកញាប់បង្ហាញពីភាពមិនប្រក្រតីនៃចំណាំងបែរ និងកែវយឹត ដែលប៉ះពាល់ដល់លទ្ធភាពនៃការធ្វើការរួមគ្នារវាងភ្នែកទាំងពីរ។ ការបិទភ្នែកមួយចំហៀងពេលអាន ឬយកចិត្តទុកដាក់ធ្វើការនៅតុការិយាល័យ ឬការងារជាមួយកុំព្យូទ័រ អាចជាសញ្ញាណនៃបញ្ហាភ្នែកដែលគេហៅថា Convergence Insufficiency ។ ·ទទួលបានលទ្ធផលទាបជាងប្រក្រតី ៖ ប្រសិនបើបុត្ររបស់អ្នកមានភាពលំបាកអាន ឬសម្លឹងមើលការសរសេររបស់លោកគ្រូអ្នកគ្រូនៅលើក្តារខៀន ដែលបណ្តាលមកពីសមត្ថភាពសម្លឹងមើលចុះខ្សោយ គេអាចនឹងលាក់បាំងជាមួយនឹងអ្នក។ ហើយជាលទ្ធផល ពិន្ទុរបស់គេក៏ចាប់ផ្តើមធ្លាក់ចុះ។ អ្វីដែលអ្នកគួរធ្វើ គឺនាំពួកគេទៅពិនិត្យសុខភាពភ្នែកជាមួយពេទ្យជំនាញ។ ·ចៀសវាងការប្រើប្រាស់កុំព្យូទ័រ ៖ ដោយសារតែការសម្លឹងមើលឧបករណ៍ឌីជីថល បណ្តាលឲ្យកើតមានជម្ងឺភ្នែកនោះ សូមធ្វើការណែនាំឲ្យកូនរបស់អ្នកសម្រាកភ្នែករយៈពេល២០នាទីម្តង ដើម្បីងាកទៅមើលអ្វីផ្សេងឲ្យបានយ៉ាងតិច២០វិនាទី។ ប្រសិនបើនៅតែមានបញ្ហារកាំភ្នែកទៀត សូមនាំគេទៅធ្វើការពិនិត្យភ្នែកម្តង។ ·ប្រឹងសម្លឹង ឬផ្អៀងក្បាល ដើម្បីមើលអ្វីមួយឲ្យកាន់តែច្បាស់ ៖ ដើម្បីចៀសវាងបញ្ហាភ្នែកនាពេលអនាគត អ្នកគួរតែជ្រើសរើសកន្លែងអង្គុយដែលនៅមិនសូវឆ្ងាយពីក្តារខៀនសម្រាប់កូនរបស់អ្នក ហើយសហការជាមួយនឹងលោកគ្រូអ្នកគ្រូរបស់គេ។ ដោយសូមឲ្យគាត់ធ្វើការរាយការណ៍ ប្រសិនបើកូនរបស់អ្នកមានលក្ខណៈអ្វីមិនប្រក្រតី។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីកុមារខ្លះមិនងាយនឹងមានជំងឺតែបែរជាកុមារមួយចំនួនតែងតែទទួលរងនូវជំងឺទូទៅជាញឹកញាប់ ដូចជាជំងឺផ្តាសាយជាដើម។ ជាទូទៅ កុមារដែលងាយទទួលការចម្លងពីជំងឺមួយផ្នែកអាចជាប់ទាក់ទងជាមួយនឹងប្រព័ន្ធភាពស៊ាំដែលទន់ខ្សោយតែម៉្យាងទៀត វាអាចបណ្តាលមកពីការធ្វេសប្រហែលរបស់អាណាព្យាបាលក្នុងការថែទាំ ក៏ដូចជាហ្វឹកហាត់ទម្លាប់របស់ពួកគេទាក់ទងនឹងការរស់នៅស្អាត។ ជំហានខាងក្រោមដែលនឹងលើកឡើងតាមរយៈអត្ថបទខាងក្រោម អាចជាជំនួយខ្លះៗសម្រាប់អាណាព្យាបាលក្នុងការគ្រប់គ្រងកុមារតូចៗពីជំងឺដែលអាចកើតជាញឹកញាប់។ 1- រក្សាអនាម័យដៃ ការលាងដៃជាប្រចាំ និងញឹកញាប់ អាចជួយកាត់បន្ថយការចម្លងនៃមេរោគផ្លូវដង្ហើម និងក្រពះពោះវៀន។ ទម្លាប់ឲ្យកូនរបស់អ្នកលាងដៃ ឬប្រើប្រាស់ទឹកលាងដៃ ជាពិសេសនៅរាល់ពេលចេញពីសាលា បន្ទាប់ពីការរត់លេង និងពេលញ៉ាំអាហារ ដែលការលាងគួរប្រើពេលពី ១៥ ទៅ ២០វិនាទី។ 2- ធ្វើសកម្មភាពជាប្រចាំ ការសិក្សាបានបង្ហាញថាការធ្វើលំហាត់ប្រាណជាប្រចាំ និងសមរម្យអាចជួយកាត់បន្ថយអត្រានៃជំងឺផ្តាសាយក្នុងកម្រិត ២៥% ទៅ ៥០% ព្រោះលំហាត់ប្រាណបានបង្កើននូវសមត្ថភាពរាងកាយក្នុងការទប់ទល់នឹងការចម្លង។ ដូច្នេះ កុមារត្រូវមានការណែនាំ និងគួរបានលើកទឹកចិត្តពីអាណាព្យាបាលសម្រាប់ហ្វឹកហាត់ខ្លួនឯងឲ្យចាប់យកលំហាត់ប្រាណជាចម្បងសម្រាប់ការរស់នៅប្រចាំថ្ងៃ។ 3- ទទួលដំណេកគ្រប់គ្រាន់ អ្នកត្រូវច្បាស់ថាកូន ឬកុមារតូចៗមានពេលវេលាគ្រប់គ្រាន់សម្រាប់ការគេង និងអនុវត្តឲ្យបានខ្ជាប់ខ្លួន ព្រោះការបាត់បង់ដំណេកជួយពន្លឿននូវហានិភ័យក្នុងការឆ្លងជំងឺផ្តាសាយដល់ទៅពីរដងចំពោះកុមារ។ ជាទូទៅ ទារកគួរគេងក្នុងពេលប្រមាណ ១៤ម៉ោងក្នុងមួយថ្ងៃ ចំណែកកុមារដែលឈានចូលវ័យសិក្សាគួរគេងពីចន្លោះ ១១ ទៅ ១៣ម៉ោងក្នុងមួយថ្ងៃ។   4- ចៀសវាងប៉ះពាល់ផ្ទាល់លើផ្ទៃមុខ មេរោគគ្រុនផ្តាសាយងាយនឹងឆ្លងចូលក្នុងរាងកាយតាមរយៈច្រមុះភ្នែក និងមាត់ ដូច្នេះ អ្នកគួរទម្លាប់កុមារឲ្យចៀសវាងដាក់ដៃលើតំបន់ផ្ទៃមុខនោះ។ វាអាចមានភាពពិបាកក្នុងការទប់ស្កាត់ ទើបការលាងដៃនៅតែជាវិធីសាស្រ្តដ៏ល្អ។ ម៉្យាងវិញទៀត អ្នកអាចបង្រៀនកុមារដោយមិនត្រូវទម្លាប់ប្រើប្រាស់ទុយោ កែវ ឬច្រាសដុសធ្មេញរួមគ្នានោះទេ។ 5- ញ៉ាំអាហារសុខភាព គួរចាប់ផ្តើមបញ្ចូលរបបអាហារដូចជា បន្លែ ផ្លែឈើ អាហារសម្បូរវីតាមីនសេ (ស្ពៃប្រូខូលី ផ្លែក្រូច) ពពួកវីតាមីនដេ (ត្រីធូណា ទឹកដោះគោ អាហារធញ្ញជាតិ)និងប្រភេទយ៉ាអួទៅក្នុងការញ៉ាំរបស់កុមារ ពីព្រោះវាជាប្រភពយ៉ាងសំខាន់ក្នុងការបង្កើនប្រព័ន្ធភាពស៊ាំសម្រាប់ការពាររាងកាយកុមារពីជំងឺទូទៅ។ 6- ចាក់វ៉ាក់សាំងការពារគ្រុនផ្តាសាយ កុមារតែងត្រូវបានណែនាំ និងតម្រូវឲ្យទទួលបានការចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយ ដូច្នេះ អ្នកពុំគួរមើលរំលងខកខានមិនបាននាំកូនអ្នកទៅទទួលវ៉ាក់សាំងនោះទេ ដោយហេតុថា វាជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពបំផុតក្នុងការការពារកុមារពីជំងឺ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

  ធ្មេញជាផ្នែកធំមួយនៃសម្រស់ធម្មជាតិរបស់់មនុស្សគ្រប់រូប ហើយពេលខ្លះវាពិតជាមានភាពទាក់ទាញចំពោះមនុស្សជុំវិញខ្លួន។ ដោយសារតែមានបញ្ហាតិចតួចនៃសុខភាពមាត់ធ្មេញ ទើបឲ្យមនុស្សមួយចំនួនពុំបានយកចិត្តទុកដាក់ទៅវិញ។ បញ្ហាធ្មេញដែលមនុស្សជាច្រើនបានជួបប្រទះគឺ បញ្ហាសឹកធ្មេញ។ បញ្ហាសឹកធ្មេញ កើតមានឡើងដោយសារតែការបាត់បង់នូវកាចាធ្មេញ ដែលជាជាលិកាដ៏រឹងមាំមួយ គ្របដណ្តប់ពីក្រៅភ្លុកធ្មេញ។ វាប្រៀបបានជាអាវក្រោះ សម្រាប់ការពារធ្មេញ។ ខាងក្រោមនេះកឺជាមូលហេតុចម្បងនានា ដែលជាសត្រូវនៃធ្មេញរបស់អ្នក នឹងបណ្តាលឲ្យមានការសឹកធ្មេញ៖ •ការទទួលទានភេសជ្ជៈ ដែលសម្បូរដោយអាស៊ីត Phosphoric និងអាស៊ីត Citric ច្រើនហួសប្រមាណ •ការទទួលទានទឹកផ្លែឈើ៖ ទឹកផ្លែឈើខ្លះមាននូវវត្តមាននៃអាស៊ីត អាចធ្វើឲ្យធ្មេញសឹកខ្លាំង តួយ៉ាងដូចជា អាស៊ីត Citric ដែលមាននៅក្នុងក្រូចឆ្មារ •របបអាហារ៖ ការចូលចិត្តទទួលទានអាហារផ្អែមខ្លាំង និងជាតិម្សៅ •បញ្ហាមាត់ស្ងួត៖ បណ្តាលមកពីទឹកមាត់បញ្ចេញតិច តួយ៉ាង អ្នកមានជំងឺស្ងួតមាត់ •បញ្ហាក្រពះពោះវៀន៖ ការច្រាលជាតិអាស៊ីតពីក្រពះ តាមរយៈការភើ ឬក្អួតចង្អោរ ក៏អាចជាដើមចមនៃការសឹកធ្មេញ •ការប្រើប្រាស់ថ្នាំ៖ ដូចជាពពួក Aspirin Antihistamines និងVitamin C ជាដើម •កត្តាតំណពូជ •កត្តាបរិស្ថាន៖ ដូចជា ការសង្កៀតធ្មេញពេលគេងលក់ ការប្រើប្រាស់ច្រាសដុសធ្មេញរឹងពេក និងអ្នកមានទុក្ខកង្វល់ច្រើន។ ជាចុងក្រោយ លោកទន្តបណ្ឌិត ហ៊ុយ ប៉ូលីន  ម្ចាស់មន្ទីរព្យាបាលធ្មេញ ឯកទេស បានមានប្រសាសន៍ណែនាំដល់បុគ្គលគ្រប់រូប គួរយកចិត្តទុកដាក់ឲ្យបានល្អក្នុងការទទួលទានអាហារ ពិសេសអាហារណាដែលងាយធ្វើឲ្យប៉ះពាល់ធ្មេញរបស់អ្នក ហើយការថែទាំ និងសម្អាតធ្មេញឲ្យបានទៀងទាត់ផងដែរ៕ ស្វែងយល់បន្ថែម៖ សឹកធ្មេញមិនខុសពីបាត់អាវក្រោះការពារធ្មេញនោះទេ... បកស្រាយដោយ ៖ លោកទន្តបណ្ឌិត ហ៊ុយ ប៉ូលីន  ម្ចាស់មន្ទីរព្យាបាលធ្មេញ ឯកទេស ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

Hepatic Encephalopathy គឺជាប្រជុំរោគសញ្ញាដែលទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទនិងផ្លូវចិត្ត (Neuropsychiatric) ដែលបណ្តាលមកពីការខូចថ្លើម ឬថ្លើមខ្សោយ។ ចំណែកជុំវិញបញ្ហាខ្សោយថ្លើមនោះទៀតសោត គេបានធ្វើការចែកចេញជាពីរប្រភេទ៖ • ខ្សោយថ្លើមស្រួចស្រាវ៖ ស្តែងឡើងពីការខូចខាតថ្លើមខ្លាំង និងមានលក្ខណៈភ្លាមៗ អាចធ្វើឲ្យអ្នកជំងឺសន្លប់ដោយសារជាតិពុល។ • ខ្សោយថ្លើមរ៉ាំរ៉ៃ៖ ជាការខូចមុខងារនៃសរីរាង្គថ្លើមបន្តិចម្តងៗ តួយ៉ាងដូចជាបញ្ហាក្រិនថ្លើម ដែលមិនអាចធ្វើឲ្យអ្នកជំងឺមានអាការៈសន្លប់ភ្លាមៗដូចទៅនឹងបញ្ហាខ្សោយថ្លើមស្រួចស្រាវនោះទេ។  Hepatic Encephalopathy ត្រូវបានចាត់ទុកជាបញ្ហាធ្ងន់ធ្ងរមួយ ដែលគេបានសន្និដ្ឋានថាមានអត្រា ៤០% សម្រាប់អ្នកដែលអាចរស់រានមានជីវិតបាន ១ឆ្នាំ និងក្នុងអត្រាតែ ១៥%-២០% ប៉ុណ្ណោះដែលអាចរស់បាន ៣ឆ្នាំ ដូច្នេះហើយអ្នកជំងឺថ្លើម គួរមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការកំណត់រោគសញ្ញានានាដែលនឹងអាចជាការលេចឡើងនៃជំងឺ Hepatic Encephalopathy។ វិធីសាស្រ្តការពារពី Hepatic Encephalopathy ៖ • ក្នុងលក្ខខណ្ឌអ្នកជំងឺពុំមានបញ្ហាខ្សោយថ្លើមភ្លាមៗ៖ ចៀសវាងប្រើប្រាស់ថ្នាំផ្តេសផ្តាស ដើម្បីការពារកុំឲ្យមានបញ្ហាពុលថ្លើម • សម្រាប់អ្នកជំងឺក្រិនថ្លើម៖ គួរចៀសវាង និងមិនត្រូវប្រើជាដាច់ខាតនូវពពួកថ្នាំងងុយគេង • សម្រាប់អ្នកមានជំងឺក្រិនថ្លើម ថែមទាំងជំងឺទឹកនោមផ្អែម៖ មិនត្រូវធ្វេសប្រហែសឲ្យខ្លួនប្រឈមទៅនឹងការកង្វះជាតិស្ករនោះទេ។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍ថា លោកអ្នកចាំបាច់ត្រូវប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើការវាយតម្លៃរាល់ដំណាក់កាលនៃការវិវឌ្ឍរបស់ជំងងឺថ្លើម និងទទួលបានការព្យាបាលមួយដែលសមស្របនិងមានប្រសិទ្ធភាព។ ស្វែងយល់បន្ថែម៖ បញ្ហាខួរក្បាលដែលអាចជួបប្រទះលើអ្នកជំងឺថ្លើម!  បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ ឯកទេសជំងឺ ថ្លើម ក្រពះ ពោះវៀន ឫសដូងបាត និងជានាយផ្នែក ជំងឺប្រព័ន្ធរំលាយអាហារនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សព្វថ្ងៃ ក្នុងគ្រួសារសម័យថ្មីនីមួយៗតែងមាននូវទូរ ឬក៏ប្រអប់បម្រុងថ្នាំមួយនៅផ្ទះសម្រាប់ប្រើប្រាស់ក្នុងករណីដែលមិនមានពេលវេលាគ្រប់គ្រាន់ទៅរកខាងក្រៅករណីត្រូវការបន្ទាន់ភ្លាមៗ ឬប្រើបណ្តោះអាសន្នមុនពេលទៅជួបជាមួយអ្នកជំនាញ និងកាន់តែសំខាន់ក្នុងករណីដែលពិបាកចេញទៅរកជំនួយ ដូចជាខណៈពេលមានបញ្ហានៅពាក់កណ្តាលយប់ជាដើម។ ជាការពិតណាស់ ទូបម្រុងថ្នាំពិតជាអាចបង្កភាពងាយស្រួល និងដោះស្រាយនូវបញ្ហាសុខភាពស្រាលៗមួយចំនួនបានភ្លាមៗព្រមទាំងកាត់បន្ថយកត្តាហានិភ័យបានមួយកម្រិតផងដែរ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនទូបម្រុងទាំងអស់សុទ្ធតែអាចជួយអ្នកបានគ្រប់ពេលនោះទេដូចនេះអ្នកចាំបាច់ត្រូវដឹងចំណុចសំខាន់ៗមួយចំនួន ដើម្បីប្រាកដថាទូថ្នាំរបស់អ្នកតែងតែផ្តល់នូវសារប្រយោជន៍ដល់អ្នកនៅពេលដែលអ្នកត្រូវការ និងមិនបង្កផលរំខានណាមួយដល់អ្នក ឬគ្រួសារឡើយ។ តើទូបម្រុងថ្នាំរបស់អ្នកគួរមានផ្ទុកនូវអ្វីខ្លះ? ១.    សម្ភារៈសង្គ្រោះបឋមដូចជា បង់រុំ កំប្រេសបង់ស្អិត បង់បិទរបួស ដុំសំឡី បន្ទះសំឡីអាល់កុល សម្រាប់រំងាប់មេរោគ ឧបករណ៍ ឬស្បែកជុំវិញរបួស ទឹកថ្នាំលាងរបួសសម្លាប់មេរោគ ឬក្រែមសម្លាប់មេរោគ សេរ៉ូមប្រៃសម្អាតរបួស និងលាងភ្នែកច្រមុះក្រែមប្រឆាំងការរលាក កន្ត្រៃមុត។ • សម្រាប់ប្រើប្រាស់ករណីមានរបួសតូចៗល្មមការរលាកផ្សេងៗ ដែលអាចអនុវត្តការសង្គ្រោះដោយខ្លួនឯងបាន។ ២.    ថ្នាំប្រើប្រាស់ដោយគ្មានវេជ្ជបញ្ជាមួយចំនួនដែលកម្រិត និងទម្រង់ឱសថគួរតម្រូវទៅតាមវ័យរបស់សមាជិកក្នុងផ្ទះដូចជា ថ្នាំបញ្ចុះកំដៅ ថ្នាំបំបាត់ការឈឺចាប់  ថ្នាំបំបាត់អាការៈផ្តាសាយ ថ្នាំរាក ថ្នាំអាល្លែកហ្ស៊ី ថ្នាំបន្សាបអាស៊ីតក្រពះ ក្រែមសម្រាប់សត្វល្អិតខាំ ឬកន្ទួលរមាស់ផ្សេងៗម្សៅសម្រាប់លាយទឹកបង្រ្គប់ ជាតិទឹកនិងរ៉ែ ប្រេងខ្យល់ ប្រេងកូឡា ឬបំពង់ហឺត ស្ករបន្ថយអាការៈឈឺក និងក្អក។ គួរកត់សម្គាល់ថា អ្នកអាចបន្ថែមនូវផលិតផលធម្មជាតិមួយចំនួនសម្រាប់ព្យាបាលផងដែរដូចជា ទឹកឃ្មុំ និងប្រេងរុក្ខជាតិឱសថជាដើម។ • សម្រាប់សម្រួលអាការៈបន្តិចបន្តួច ដែលងាយនឹងកើតមានជាញឹកញាប់។ ៣.    សំភារៈបន្ទាប់បន្សំ • បន្ទះត្រជាក់ សម្រាប់បញ្ចុះកំដៅដែលងាយប្រើប្រាស់ ប្រើបានគ្រប់វ័យ និងគ្រប់ពេល •  ថង់ស្អំទឹកក្តៅ ឬត្រជាក់ និងកៅអៀកសម្រាប់កាត់បន្ថយការឈឺចាប់ ឬចុករោយ • ទែម៉ូម៉ែត្រដែលយកល្អគួរប្រើអេឡិចត្រូនិច ឬឌីជីថលជាជាងទែម៉ូមែត្របារត ចៀសវាងការបែកបាក់បង្ករបួស និងពិសេសគឺការប៉ះពាល់ជាមួយជាតិបារតដែលអាចបង្កមហន្តរាយដល់សុខភាពយ៉ាងខ្លាំង • ឧបករណ៍វាស់កម្រិតសម្ពាធឈាម ឬជាតិស្ករប្រសិនសមាជិកគ្រួសារមានជំងឺប្រភេទនេះ • ស៊ឺរ៉ាំង ឬឧបករណ៍សម្រាប់បឺតសំបោរប្រសិនមានក្មេងតូចៗ • ស្ព្រៃយន៍បាញ់ទឹករ៉ែដែលមានមុខងារច្រើនដូចជាបន្ថយការរលាក សម្លាប់មេរោគ កន្ទួលរោលនានា។ តើគួររក្សាទុកទូ ឬប្រអប់ថ្នាំនេះនៅកន្លែងណា? ការដាក់នៅកន្លែងត្រឹមត្រូវ គឺដើម្បីធានាបាននូវគុណភាពសម្ភារៈ និងថ្នាំដែលរក្សាទុកនៅក្នុងនោះ ក៏ដូចជាធានានូវសុវត្ថិភាពក្នុងការប្រើប្រាស់ហើយចៀសវាងគ្រោះថ្នាក់ដោយសារការលេងរបស់ក្មេង និងជាពិសេស ដើម្បីបង្កភាពងាយស្រួលក្នុងការទៅរកបានភ្លាមៗដោយមិនបាច់ចំណាយពេលរកយូរ។ ជាទូទៅ កន្លែងដែលរក្សាទុកទូ ឬប្រអប់សង្រ្គោះបន្ទាន់ គឺក្នុងផ្ទះបាយព្រោះជាកន្លែងដែលអាចមានបញ្ហាបង្ករបួសផ្សេងៗ ឬរលាកញឹកញាប់តែងាយប្រឈមនឹងកំដៅ និងសំណើម ដូចនេះ ត្រូវរកតំបន់ដែលមានសុវត្ថិភាព ចៀសផុតពីបញ្ហាទាំងនេះ ឬយកល្អអាចដាក់នៅកន្លែងសមរម្យណាមួយដែលងាយនឹងទៅដល់ដូចជាធ្នើក្នុងបន្ទប់គេងជាដើម។ លក្ខខណ្ឌក្នុងការទុកដាក់ទូរថ្នាំ អ្នកត្រូវប្រាកដថាវាស្ថិតនៅកន្លែងណាមួយជាក់លាក់មិនប្តូរចុះឡើងដើម្បីចៀសវាងការភ្លេច ឬច្រលំនាំឲ្យខាតពេលវេលាក្នុងការរកក៏ដូចជាការជួយសង្គ្រោះ។ ម្យ៉ាងទៀត វាត្រូវស្ថិតនៅកម្ពស់ផុតពីការឈោងដល់របស់ក្មេង ផុតពីពន្លឺថ្ងៃ និងសំណើមជាពិសេសត្រូវរក្សាភាពស្អាត និងគួរបន្ថែមរូបសញ្ញាបូក ឬអក្សរសសេរបញ្ជាក់ពីលើទូនោះ ដើម្បីឲ្យអ្នកគ្រប់គ្នាបានដឹង។ ដោយឡែក អ្នកត្រូវប្រាកដថាអ្នកបានចំណាយពេលគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យទូ ឬប្រអប់បម្រុងថ្នាំឲ្យទៀងទាត់ ដើម្បីដឹងថាតើរបស់ណាមួយដែលហួសការកំណត់ខូចខាត ឬមានការខ្វះខាតណាមួយ ដើម្បីធ្វើការបង្គ្រប់វិញ។ ជាជំនួយ អ្នកគួរបង្កើតជាបញ្ជីមួយសម្រាប់ផ្ទៀងផ្ទាត់ ដើម្បីឲ្យការត្រួតពិនិត្យមានប្រសិទ្ធភាពងាយស្រួល និងឆាប់រហ័ស។ ត្រូវចងចាំថាទូថ្នាំរបស់អ្នកអាចជួយអ្នកបាន ដរាបណាអ្នកយកចិត្តទុកដាក់លើចំនុចសំខាន់ៗខាងលើ ប៉ុន្តែវាអាចត្រឹមតែជួយឲ្យចៀសផុតពីបញ្ហាសុខភាពដែលមានកម្រិតស្រាលប៉ុណ្ណោះ។ ប្រសិនបើអ្នក ឬសមាជិកគ្រួសារមានបញ្ហាគ្រោះថ្នាក់ណាមួយដែលមានលក្ខណៈធ្ងន់ធ្ងរ ឬលើសពីការគ្រប់គ្រងរបស់អ្នក  អ្នកចាំបាច់ត្រូវប្រញាប់ទៅជួប ឬយ៉ាងហោចណាស់ទូរស័ព្ទទៅអ្នកជំនាញ ឬគ្រូពេទ្យជាបន្ទាន់ចៀសវាងការអនុវត្តណាមួយដែលមិនប្រកដប្រជាដោយខ្លួនឯង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top