Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

វីតាមីន ត្រូវបានគេទទួលស្គាល់ថាជាសារធាតុគីមីចម្បងមួយ ដែលដើរតួនាទីជាអង់ស៊ីមក្នុងការធ្វើមេតាបូលីស ការផលិត និងជួសជុលកោសិកា ក៏ដូចជាដំណើរការដទៃទៀតក្នុងរាងកាយ។ ការប្រើប្រាស់ វីតាមីនចម្រុះ ជាឱសថប្រើប្រាស់សម្រាប់ព្យាបាល ឬការពារការខ្វះខាតវីតាមីនបណ្តាលមកពី បញ្ហាកង្វះអាហារូបត្ថម្ភ ជំងឺមួយចំនួន ស្រ្តីមានផ្ទៃពោះ ស្រ្តីក្នុងវ័យអស់រដូវ ឬអ្នកជំងឺដែលកំពុងព្យាបាលដោយឱសថអង់ទីប៊ីយ៉ូទិក ហើយសម្រាប់តម្រូវការប្រភេទវីតាមីន ឬសារធាតុរ៉ែចាំបាច់ណាមួយ អាចមានការប្រែប្រួលទៅតាមបុគ្គលម្នាក់ៗ។ វីតាមីន C B1 B2 B3 B5 B6 B9 B12 biotin A E D2 (ឬ D3) K​​ ប៉ូតាស្យូម អ៊ីយ៉ូត សេលេញ៉ូម  ជាតិដែក កាល់ស្យូម ម៉ាញ៉េស្យូម..... សុទ្ធតែជាសារធាតុចម្បងនៅក្នុងវីតាមីនចម្រុះ ដែលកម្រិតអាចមានការប្រែប្រួលទៅតាមផលិតផលនីមួយៗ។ សកម្មភាពឱសថ វីតាមីន និងសារធាតុរ៉ែនៅក្នុងឱសថ មានសកម្មភាពផ្សេងៗគ្នាទៅតាមប្រភេទនីមួយៗ ដែលបង្កើតឲ្យបានជារបាំងការពាររាងកាយ រួមមាន៖ • វីតាមីនក្រុម B ជាសារធាតុចម្បងសម្រាប់ដំណើរការប្រព័ន្ធអង់ស៊ីមដែលរ៉ាប់រងដំណាក់កាលធ្វើមេតាបូលីស កាបូហាយដ្រេត ជាតិខ្លាញ់ និងប្រូតេអ៊ីន • វីតាមីន C រ៉ាប់រងក្នុងការជួសជុសកោសិកា និងបង្កើតកូឡាជែន • វីតាមីន A មានមុខងារសំខាន់សម្រាប់ដំណើរការរបស់ស្រទាប់រ៉េទីននៃភ្នែក និងការលូតលាស់របស់ជាលិកាស្បែក • វីតាមីន E ជាអង់ទីអុកស៊ីដង់ ដែលជួយរក្សាកោសិកាសំខាន់ៗ • វីតាមីន D ជួយបន្ថែមនូវសារធាតុ សម្រាប់ការលូតលាស់របស់ឆ្អឹង • ជាតិដែក និងសង្ក័សី ជាកាតាលីករក្នុងប្រព័ន្ធអង់ស៊ីម សម្រាប់ដំណើរការមុខងាររបស់កោសិកា • ប៉ូតាស្យូម និងកាល់ស្យូម មានសារសំខាន់សម្រាប់មុខងារជាលិកាសាច់ដុំ ជាពិសេសសាច់ដុំបេះដូង • អ៊ីយ៉ូត មានមុខងារសម្រាប់ការផលិត និងដំណើរការក្រពេញទីរ៉ូអ៊ីត។ល។ ក្រៅពីវីតាមីនខាងលើ ក៏នៅមានសារធាតុរ៉ែ និងវីតាមីនមួយចំនួនទៀតដែលសុទ្ធសឹងតែមានមុខងារផ្សេងៗគ្នាក្នុងដំណើរការសារពាង្គកាយ។ កម្រិតប្រើប្រាស់ ការប្រើប្រាស់ដែលល្អគួរត្រូវបានណែនាំពីសំណាក់វេជ្ជបណ្ឌិត ឬអ្នកជំនាញ ដែលកម្រិតទូទៅគឺ មួយគ្រាប់ក្នុងមួយថ្ងៃ សម្រាប់មនុស្សពេញវ័យ និងត្រូវប្រើប្រាស់ឱសថឲ្យបានទៀងទាត់ ដើម្បីទទួលបានប្រសិទ្ធភាពពេញលេញ។ ចំពោះឱសថទឹក ត្រូវប្រើប្រាស់ជាមួយរង្វាល់ឲ្យបានត្រឹមត្រូវ ចៀសវាងប្រើប្រាស់ដោយស្លាបព្រាធម្មតាហើយត្រូវក្រឡុកឲ្យបានសព្វមុនពេលលេប។ ផលរំខាន ផលរំខានទូទៅមួយចំនួនអាចនឹងលេចឡើងក្នុងដំណាក់កាលដំបូងនៃការប្រើប្រាស់ ហើយវានឹងបាត់ទៅវិញនៅពេលរាងកាយទទួលយកនូវសារធាតុរបស់ឱសថ រួមមាន ទល់លាមក រាក ឬវិបត្តិរំលាយអាហារ។ ក្នុងករណីរោគសញ្ញាបន្តកើតមាន ឬកាន់តែធ្ងន់ធ្ងរ នោះការស្វែងរកការព្យាបាលត្រូវធ្វើឡើងជាចាំបាច់។​ សម្រាប់ផលរំខានដោយប្រតិកម្មឱសថ អាចកើតមានឡើងក្នុងកម្រិតទាប តែអ្នកអាចសង្កេតមើលសញ្ញាមិនប្រក្រតីខ្លះៗ ដូចជា កន្ទួល រមាស់ ហើមពិសេសនៅលើ មុខ អណ្តាត ឬបំពង់ក អាការៈវិលមុខខ្លាំងក្លា ឬវិបត្តិដង្ហើម។ អន្តរកម្មឱសថ សារធាតុចម្បងៗដែលរួមផ្សំនៅក្នុងឱសថវីតាមីនចម្រុះ អាចនឹងមានអន្តរកម្មជាមួយឱសថផ្សេង ដោយអ្នកត្រូវសង្កេតមើលរួមមានឱសថដូចជា៖ • Antacids • Bisphosphonates (Alendronate) • Levodopa • Levothyroxine • អង់ទីប៊ីយ៉ូទិក (Tetracyclines, Quinolones, Ciprofloxacin)។ បម្រុងប្រយ័ត្ន ការប្រើប្រាស់ឱសថនេះ ក៏ត្រូវទាមទារឲ្យមានការប្រុងប្រយ័ត្ន និងត្រូវរាយការណ៍ទៅដល់វេជ្ជបណ្ឌិតជាបន្ទាន់ក្នុងករណីដូចជា៖ • មានប្រតិកម្មជាមួយសារធាតុសកម្មណាមួយនៅក្នុងឱសថ • កំពុងប្រើប្រាស់សារធាតុអាល់កុល  មានជំងឺថ្លើម វិបត្តិប្រព័ន្ធរំលាយអាហារ ឬជំងឺទឹកនោមផ្អែម • ចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន។ គួរបញ្ជាក់ផងដែរ ឱសថវីតាមីនចម្រុះដែលអាចរកបាននៅលើទីផ្សារមានឈ្មោះដូចជា VITACAP®,Centrum, Sunlife Multivitamin និងNature’s Bounty។ល។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ចែករំលែក

ផ្កាយសមុទ្រ ឬឈ្មោះវិទ្យាសាស្ត្រ “Asterias rubens Linnaeus” គឺជាសត្វសមុទ្រដែលស្ថិតក្នុងគ្រួសារ Asteriidae ដែលត្រូវបានគេនិយមប្រើប្រាស់ជាឱសថក្នុងការព្យាបាលជំងឺរលាកមួយចំនួនដូចជា ការឈឺចុកចាប់ ជំងឺរលាកសន្លាក់ឆ្អឹង និងតឹងច្រមុះ។ លើសពីនេះ វាក៏មានគុណសម្បត្តិក្នុងការកម្ចាត់បាក់តេរី និងវីរុស ដែលជាប្រភពបង្កជំងឺផ្សេងៗដល់មនុស្សផងដែរ។ ការស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើតេស្តរកសមាសធាតុឱសថ និងកំណត់នូវចំនួនឱសថដែលមាននៅក្នុងសារពាង្គកាយទាំងមូលនៃផ្កាយសមុទ្រមានប្រភពនៅក្នុងប្រទេសកម្ពុជា។ សារពាង្គកាយទាំងមូលនៃផ្កាយសមុទ្រស្ងួត ត្រូវបានយកមកពីហាងលក់ឱសថបុរាណក្នុងស្រុក ហើយត្រូវបានផ្ទៀងផ្ទាត់ជាមួយនឹងសំណាកសត្វសមុទ្រ (កូដៈ UPFOPMP-120002) ដែលតំកល់ទុកនៅក្នុង “តិណាល័យសាកលវិទ្យាល័យពុទ្ធិសាស្ត្រ” (UP-Herbarium)។ សារពាង្គកាយទាំងមូលនៃសេះសមុទ្រស្ងួតនេះ ត្រូវបានយកមកធ្វើការចម្រាញ់ដោយអង្គធាតុរំលាយអេតាណុលតាមរយៈវិធីសាស្ត្រចម្រាញ់ “Maceration Extraction (ME)” ដែលជាវិធីសាស្ត្រចម្រាញ់តាមរយៈការត្រាំ។ រូបធាតុចម្រាញ់ដែលទទួលបានត្រូវបានត្រៀមទុកសម្រាប់ធ្វើតេស្តគីមីឱសថ និងធ្វើតេស្តក្រូម៉ាតូក្រាបភីស្រទាប់ស្តើង។ ការធ្វើពិសោធន៍ត្រូវបានធ្វើឡើងក្នុងបន្ទប់ពិសោធន៍រូបធាតុឱសថ នៃមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ លទ្ធផលនៃការធ្វើតេស្តគីមីឱសថបានបង្ហាញថា សារពាង្គកាយទាំងមូលនៃផ្កាយសមុទ្រស្ងួត មានសមាសធាតុឱសថ Alkaloids, Saponins និង Resins ។ ចំណែកឯការវិភាគលើក្រូម៉ាតូក្រាបភីស្រទាប់ស្តើងនៃសារពាង្គកាយទាំងមូលនៃផ្កាយសមុទ្រស្ងួត នៅជំហានរលកចន្លោះពី 254-366 nm និង 10%-H2SO4 នៅក្នុងអង្គធាតុរំលាយ “Mobile Phase” Toluene:Ethanol (9:1) យើងញែកបានឱសថសរុបទាំងអស់ចំនួន 14 អង្គធាតុឱសថ ដែលមានតម្លៃ Rf ដូចតទៅ៖ 0.09, 0.11, 0.13, 016, 0.18, 0.20, 0.22, 0.24, 0.29, 0.31, 0.35, 0.44, 0.78 និង0.89។ ព័ត៌មាននៃសមាសធាតុឱសថដែលមាននៅក្នុងសារពាង្គកាយទាំងមូលនៃផ្កាយសមុទ្រស្ងួតនេះ បញ្ជាក់អំពីគុណសម្បត្តិឱសថ ដែលមាននៅក្នុងផ្កាយសមុទ្ររបស់កម្ពុជា។ មិនតែប៉ុណ្ណោះ វាគឺជាព័ត៌មានគ្រឹះសម្រាប់អ្នកវិទ្យាសាស្ត្រជំនាន់ក្រោយ ប្រសិនបើមានបំណងចង់បន្តការស្រាវជ្រាវ ពាក់ព័ន្ធនឹងការបំបែកសមាសធាតុឱសថចេញពីផ្កាយសមុទ្ររបស់កម្ពុជា។ អត្ថបទដោយ៖ កែវ សំអែល, អាន់ សុភ័ក្ត, អូន វួចឆេង, អុឹង ហ៊ុយឃីម, នី ច័ន្ទសីហា និង ជា ស៊ីន មហាវិទ្យាល័យឱសថសាស្ត្រ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បច្ចុប្បន្ន បញ្ហាភាពស៊ាំនៃបាក់តេរីពុំមែនគ្រាន់តែជាបញ្ហាក្តៅគគុកសម្រាប់ប្រទេសណាមួយឡើយ តែវាជាបញ្ហាសម្រាប់ពិភពលោកទាំងមូលតែម្តង ដោយសារតែមេរោគដែលស៊ាំនឹងថ្នាំផ្សះ អាចធ្វើការចម្លងបានទៅគ្រប់ទីកន្លែង ជាពិសេសតាមរយៈការធ្វើបន្លាស់ទីរបស់ប្រជាជននៅលើពិភពលោក។ ជាមួយគ្នានេះដែរ CDC របស់សហរដ្ឋអាមេរិកដែលជាអង្គភាពប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងបានធ្វើការរំឭកទៅកាន់ពិភពលោកទាំងមូលថា “នៅក្នុងឆ្នាំ ២០៥០ ប្រសិនបើគ្មានការធ្វើសកម្មភាពទប់ស្កាត់ការស៊ាំនៃបាក់តេរីទៅនឹងថ្នាំផ្សះពីសំណាក់បុគ្គលគ្រប់គ្នាទេនោះ  ជាលទ្ធផលនៅរៀងរាល់៣វិនាទី នឹងមានមនុស្សម្នាក់អាចត្រូវស្លាប់ដោយសារបាក់តេរីដែលស៊ាំទៅនឹងថ្នាំផ្សះ”។ អង្គការសហប្រជាជាតិក៏បានបង្កើតជារូបភាពតំណាងដែលបញ្ជាក់អំពីការព្រមាន និងការបារម្ភទៅលើបញ្ហាភាពស៊ាំនៃថ្នាំផ្សះចំពោះបាក់តេរី ដោយផ្តោតជាពិសេសទៅលើគុណវិបត្តិចំពោះក្មេងៗជំនាន់ក្រោយផងដែរ។ ជាមួយគ្នានេះ ស្ថាប័នពាក់ព័ន្ធជាច្រើនក៏បាន និងកំពុងចូលរួមយ៉ាងសកម្មដើម្បីកាត់បន្ថយនូវបញ្ហានេះ ជាពិសេសតាមរយៈការលើកកម្ពស់ការយល់ដឹងទៅលើការប្រើប្រាស់ថ្នាំផ្សះតែម្តង។ ស្វែងយល់អំពីឱសថអង់ទីប៊ីយូទិក (ឬថ្នាំផ្សះ)  អង់ទីប៊ីយូទិក ឬថ្នាំផ្សះ ជាឱសថមួយប្រភេទសម្រាប់ប្រឆាំងនឹងពពួកមីក្រុបដែលនៅក្រុមបាក់តេរី តែវាមិនមានឥទ្ធិពលប្រឆាំងពពួកមីក្រុបដទៃទៀតដូចជា វីរុស ផ្សិត និងប៉ារ៉ាស៊ីតឡើយ។ ដោយសារឱសថអង់ទីប៊ីយូទិកគឺជាឱសថប្រឆាំងនឹងបាក់តេរី ដូចនេះ វាត្រូវបានជ្រើសរើសសម្រាប់ការព្យាបាលចំពោះតែជំងឺឆ្លង ដែលបង្កឡើងដោយពពួកបាក់តេរីប៉ុណ្ណោះ។ ត្រង់ចំណុចនេះ យើងគួរបញ្ជាក់ផងដែរថា អាការៈផ្តាសាយដែលបង្កឡើងដោយវីរុស មិនត្រូវបានណែនាំឲ្យព្យាបាលដោយអង់ទីប៊ីយូទិកឡើយ។ សម្គាល់៖ លក្ខណៈនៃជំងឺឆ្លងដោយបាក់តេរីអាចនឹងត្រូវបានកំណត់ដោយវេជ្ជបណ្ឌិតតាមរយៈការពិនិត្យមើលរោគសញ្ញាគ្លីនិក និងវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យផ្សេងៗទៀត។ ភាពស៊ាំជាមួយនឹងឱសថអង់ទីប៊ីយូទិករបស់បាក់តេរី ការស៊ាំជាមួយនឹងឱសថអង់ទីប៊ីយូទិកសំដៅដល់ស្ថានភាពដែលបាក់តេរីមានភាពធន់នឹងឥទ្ធិពលប្រឆាំងរបស់ឱសថអង់ទីប៊ីយូទិកដែលធ្លាប់តែអាចសម្លាប់វាបាន។ ភាពស៊ាំរបស់អង់ទីប៊ីយូទិកត្រូវបានបែងចែកជា ២ ធំៗគឺ៖ -    ការស៊ាំនឹងឥទ្ធិពលរបស់ថ្នាំពីកំណើតរបស់បាក់តេរី (Résistance naturel)៖ ឧទាហរណ៍ពពួក Enterococcus ស៊ាំពីកំណើតនឹងឱសថ Cephalosporine។ -    ការស៊ាំថ្នាំដែលបង្កឡើងដោយការប្រើប្រាស់មិនបានត្រឹមត្រូវ (Résistance acquise)៖ ឧទាហរណ៍ Ceftriaxone ដែលត្រូវបានប្រើប្រាស់ជាញឹកញាប់ និងមិនសមស្របចំពោះមេរោគ E-Coli ធ្វើឲ្យមេរោគអាចមានបម្រែបម្រួលសេនេទិច និងមានសមត្ថភាពស៊ាំនឹងអង់ទីប៊ីយូទិកក្រុម betalactamine និងcephalosporine។ ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបណ្តាលមកពីភាពស៊ាំទៅនឹងឱសថអង់ទីប៊ីយូទិក ភាពស៊ាំរបស់មេរោគទៅនឹងថ្នាំផ្សះ ជាឃាតករលាក់មុខដែលអាចនាំនូវភាពមហន្តរាយយ៉ាងធ្ងន់ធ្ងរនៅពេលដែលពួកយើងគ្រប់គ្នាមិនបានមើលឃើញ ហើយជាអកុសលវាក៏បាន និងកំពុងកើតឡើងរួចទៅហើយ ព្រមទាំងអាចបង្កការគ្រោះថ្នាក់ដល់ថ្ងៃអនាគត និងមនុស្សជំនាន់ក្រោយទៀតផងដោយក្នុងនោះរួមមាន៖ -    ចំពោះអ្នកជំងឺ៖ ប្រសិនបើជួបបាក់តេរីដែលស៊ាំនឹងថ្នាំអាចធ្វើឲ្យគាត់ត្រូវបន្តព្យាបាលនៅមន្ទីរពេទ្យកាន់តែយូរ និងចំណាយថវិកាលើសពីធម្មតា រហូតដល់ច្រើនដង។ កាន់តែធ្ងន់ធ្ងរគឺ អ្នកជំងឺអាចប្រឈមនឹងការព្យាបាលជំងឺមិនបានជាសះស្បើយ ឬអាចគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតទៀតផង។ -    ចំពោះបុគ្គលិកសុខាភិបាល៖ អាចបាត់បង់នូវលទ្ធភាពក្នុងការផ្តល់ការព្យាបាល បាត់បង់ទំនុកចិត្ត និងកេរ្តិ៍ឈ្មោះ ត្រូវចំណាយពេលវេលា និងកម្លាំងកាន់តែច្រើនក្នុងការស្វែងរកការព្យាបាលសម្រាប់ជំងឺដដែល និងអាចប្រឈមនឹងការឆ្លងនឹងមេរោគដែលស៊ាំពីអ្នកជំងឺទៀតផង។ -    ចំពោះវិស័យសុខាភិបាល៖ អាចនឹងខាតបង់ថវិកាកាន់តែច្រើនក្នុងវិធានការនានាទាក់ទងនឹងបញ្ហាភាពស៊ាំរបស់មេរោគទៅនឹងឱសថអង់ទីប៊ីយូទិក។ -   ចំពោះវិស័យឧស្សាហកម្មឱសថ៖ ជួបផលលំបាកក្នុងការផលិតឡើងនូវរូបមន្តឱសថអង់ទីប៊ីយូទិកថ្មី ដែលជំរុញឲ្យជម្រើសឱសថអង់ទីប៊ីយូទិកនៅលើទីផ្សារកាន់តែមានចំនួនកំណត់។ FDA របស់សហរដ្ឋអាមេរិកបានប្រកាសថា តាំងពីឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន ពុំសូវមានឱសថអង់ទីប៊ីយូទិកថ្មីៗត្រូវបានបង្កើតឡើងឡើយ ខណៈដែលឱសថអង់ទីប៊ីយូទិកដែលមានប្រសិទ្ធភាពកាន់តែមានតិច ដោយសារអត្រានៃភាពស៊ាំដោយបាក់តេរីទៅនឹងថ្នាំផ្សះមានការកើនឡើងជាលំដាប់។ -    ចំពោះវិស័យវេជ្ជសាស្ត្រ៖ បច្ចេកទេសព្យាបាលទំនើបៗ និងថ្មីៗជាច្រើនក៏នឹងអាចក្លាយទៅជាលែងមានប្រយោជន៍ដូចគ្នា នៅដំណាក់កាលដែលលែងមានថ្នាំផ្សះសម្រាប់ប្រឆាំងនឹងបាក់តេរី។ ជាឧទាហរណ៍ ការព្យាបាលដោយកាំរស្មី ឬការវះកាត់ដោយប្រើគ្រឿងយន្តទំនើប ដែលអាចប្រឈមនឹងការឆ្លងរោគ នឹងមិនមានប្រយោជន៍ឡើយ នៅពេលដែលគ្មានថ្នាំផ្សះប្រើប្រាស់សម្រាប់ការពារ។ ការប្រើប្រាស់អង់ទីប៊ីយូទិកដោយមិនត្រឹមត្រូវតាមស្តង់ដា ការប្រើប្រាស់អង់ទីប៊ីយូទិកដោយមិនត្រឹមត្រូវតាមស្តង់ដាអាចកើតមានដោយសារកត្តាជាច្រើន ដោយក្នុងនោះ រាប់បញ្ចូលទាំងការយល់ដឹងអំពីការប្រើប្រាស់ឱសថអង់ទីប៊ីយូទិក នៅមានកម្រិតរបស់បុគ្គលិកសុខាភិបាលមួយចំនួន ក៏ដូចជាប្រជាជនទូទៅភាគច្រើនផងដែរ។ វិធានការចំពោះបញ្ហាស៊ាំនៃឱសថអង់ទីប៊ីយូទិក គោលការណ៍ជារួមសម្រាប់វិធានការទាក់ទងនឹងភាពស៊ាំនៃឱសថអង់ទីប៊ីយូទិកអាចចែកចេញជា ២៖ • ទី១ សម្រាប់ប្រជាពលរដ្ឋ៖ ប្រជាជនទាំងអស់មិនត្រូវចាត់ទុកថ្នាំផ្សះជាប្រភេទថ្នាំសម្រាប់ផ្សះរបួសឡើយហើយជំងឺដែលបង្កដោយមេរោគជាវីរុសដូចជា ផ្តាសាយ គ្រុនឈាម អ៊ុតស្វាយរលាកទងសួតដោយវីរុសជាដើម ក៏ពុំមែនជាជំងឺដែលត្រូវចាំបាច់ប្រើប្រាស់ថ្នាំផ្សះដែរ។ សូមបញ្ជាក់ថា មុខរបួសបន្តិចបន្តួចអាចត្រូវបានការពារការឆ្លងរោគតាមរយៈការលាងរបួសឲ្យបានត្រឹមត្រូវ ដែលអាចជួយឲ្យរបួសសះឯងៗ។ ម្យ៉ាងទៀត ប្រជាជនទាំងអស់ គួរចៀសវាងការសួររក ឬទទួលការផ្សំជាថ្នាំផ្សះដោយពុំមានវេជ្ជបញ្ជាពីគ្រូពេទ្យឡើយ។ • ទី២ សម្រាប់បុគ្គលិកសុខាភិបាល៖ ឱសថស្ថានត្រូវចៀសវាងផ្តល់ឱសថអង់ទីប៊ីយូទិកដល់អ្នកជំងឺប្រសិនពុំមានវេជ្ជបញ្ជា រីឯក្រុមគ្រូពេទ្យត្រូវផ្តល់វេជ្ជបញ្ជាជាថ្នាំផ្សះដោយមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រូវកំណត់មូលហេតុជំងឺឲ្យបានច្បាស់ (ថាបង្កពីបាក់តេរីមែនឬទេ) ទីតាំងនៃការឆ្លងរោគ ក៏ដូចជាប្រភេទនៃបាក់តេរីផងដែរ។ ក្រៅពីនោះ ក្រុមគ្រូពេទ្យក៏គួរចូលរួមក្នុងការប្រមូលសំណាក មុនផ្តល់ការប្រើប្រាស់ថ្នាំអង់ទីប៊ីយូទិកដល់អ្នកជំងឺ ដើម្បីអាចជួយរកឲ្យឃើញមេរោគបង្កជាមុន សម្រាប់ជាប្រយោជន៍ដល់ការប្រមូលទិន្នន័យ និងចងក្រងជាមគ្គទេសក៍ក្នុងការប្រើប្រាស់អង់ទីប៊ីយូទិកទៅថ្ងៃអនាគត។ ទាក់ទងនឹងវិធានការនេះផងដែរ ជាក់ស្តែង ក្រសួងសុខាភិបាលបានចាត់ចេញជាវិធានការក្នុងការទប់ស្កាត់បញ្ហាស៊ាំនៃឱសថអង់ទីប៊ីយូទិកនេះរួចមកហើយ ហើយក្រុមការងារផ្នែក AMR របស់ CDC កម្ពុជាក៏បាន និងកំពុងធ្វើចំណាត់ការផ្សេងៗដោយក្នុងនោះរួមទាំងការសហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធនានា ក្នុងការទប់ស្កាត់ការប្រើប្រាស់ថ្នាំផ្សះដែលមិនចាំបាច់ និងកាត់បន្ថយអត្រារីករាលដាលនៃបាក់តេរីដែលស៊ាំទៅនឹងថ្នាំផ្សះ។ យុទ្ធនាការផ្សព្វផ្សាយអំពីការយល់ដឹងពីភាពស៊ាំនៃថ្នាំផ្សះជាច្រើន ត្រូវបានធ្វើឡើងដើម្បីបញ្ជ្រាបការយល់ដឹងទៅកាន់ប្រជាពលរដ្ឋអំពីបញ្ហានេះផងដែរ។ ក្រៅពីនោះ ការអភិវឌ្ឍការយល់ដឹងការផ្តល់ដំណឹងដែលពាក់ព័ន្ធនានា ផ្អែកលើការប្រមូលឯកសារ និងទិន្នន័យអំពីបាក់តេរីដែលស៊ាំនឹងថ្នាំផ្សះ ក៏ដូចជាការចុះផ្សព្វផ្សាយបន្ថែមទៅកាន់ក្រុមគ្រូពេទ្យ និងអ្នកវិជ្ជាជីវៈសុខាភិបាល ត្រូវបានធ្វើឡើងមិនដែលខកខានឡើយ។ បច្ចុប្បន្ន មគ្គទេសក៍ថ្នាក់ជាតិស្តីអំពីការប្រើប្រាស់ឱសថអង់ទីប៊ីយូទិកទៅតាមស្តង់ដាត្រូវបានបង្កើតឡើង និងដាក់ឲ្យប្រើប្រាស់ (ដែលនឹងកំពុងពិភាក្សាបន្តពីសំណាក់ក្រុមការងារក្នុងធ្វើការបច្ចុប្បន្នភាព) ក្នុងគោលបំណងដើម្បីកាត់បន្ថយរូបភាពនៃការប្រើប្រាស់មិនសមស្រប ដែលបង្កឲ្យបញ្ហាស៊ាំថ្នាំផ្សះកាន់តែមានភាពធ្ងន់ធ្ងរផងដែរ។ គួរបញ្ជាក់ថាបញ្ហានេះទាមទារឲ្យមានការសហការជាអន្តរក្រសួងក្នុងចំណាត់ការផ្សេងៗ ទាក់ទងនឹងមូលហេតុនានា (មិនរួមបញ្ចូលមូលហេតុស៊ាំពីកំណើត) ដោយក្នុងនោះក្រៅពីក្រសួងសុខាភិបាល ក៏មានការចូលរួមផងដែរពីក្រសួងកសិកម្ម (ឧ.ចំណាត់ការលើការប្រើប្រាស់ថ្នាំផ្សះនៅក្នុងចំណីសត្វ ការឆ្លងមេរោគស៊ាំរវាងមនុស្ស និងសត្វ) និងក្រសួងបរិស្ថាន(ឧ. ចំណាត់ការលើបរិស្ថានសម្បូរដោយមេរោគក្នុងដី ក្នុងទឹកប្រើប្រាស់) ជាដើម។ សរុបមក គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ រាប់បញ្ចូលទាំងប្រជាជនទូទៅ សារព័ត៌មាន ក្រុមគ្រូពេទ្យ ត្រូវតែបន្តផ្តោតការយកចិត្តទុកដាក់លើបញ្ហាភាពស៊ាំនៃឱសថអង់ទីប៊ីយូទិកឲ្យបានកាន់តែខ្លាំង និងកាន់តែឆាប់រហ័សមុនពេលការខាតបង់ និងបញ្ហាដែលពិបាកនឹងគ្រប់គ្រងជាច្រើនទៀតកើតឡើងកាន់តែខ្លាំង និងរហូតមិនអាចធានាថាអាចដោះស្រាយបាន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធឯកទេសវេជ្ជសាស្រ្តទូទៅ និងជំងឺឆ្លងនៃមន្ទីរពេទ្យកាល់ម៉ែតសមាជិកក្រុមការងារ Antimicrobial Resistance នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក្រសួងសុខាភិបាល ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ចែករំលែក

អាការៈហត់អាចជាសញ្ញានៃជំងឺទូទៅណាមួយ ប៉ុន្តែ វាក៏អាចជាឃាតករលាក់មុខបណ្តាលមកពីជំងឺធ្លាក់ទឹកចិត្តផងដែរ។ អ្វីគួរដឹង? តាមការសិក្សាស្រាវជ្រាវភាគច្រើន បុគ្គលម្នាក់ក្នុងចំណោមពីរនាក់នៃជនជាតិបារាំង បានរងគ្រោះជាមួយអាការៈហត់ ដែលកើតមានឡើងជាញឹកញាប់ និងធម្មតា។ អាការៈហត់ដែលកើតមានឡើងបង្កប់នូវហេតុផល ២យ៉ាងខុសគ្នាដូចជា៖ ១. ក្នុងករណីកម្រ៖ ភាពហត់អាចបង្កមកពីស្ថានភាពជំងឺនៃរាងកាយ (Maladie Somatique) មួយចំនួន រួមមានជំងឺពាក់ព័ន្ធនឹងប្រព័ន្ធអង់ដូគ្រីន (ខ្សោយតម្រងនោម ឬក្រពេញទីរ៉ូអ៊ីត) ជំងឺថ្លើម (ក្រិនថ្លើម ឬរលាកថ្លើម) ជំងឺទាក់ទងសរសៃសាច់ដុំ ឬជំងឺបណ្តាលមកពីការចម្លងមេរោគ  (គ្រុនផ្តាសាយ)   ជាដើម។ ករណីទាំងនេះទាមទារការព្យាបាលពីសំណាក់វេជ្ជបណ្ឌិត ព្រោះការប្រើប្រាស់ថ្នាំដោយខ្លួនឯង មិនត្រូវបានណែនាំនោះទេ។ ២. ក្នុងអត្រា ៩០% ៖ អាការៈហត់ ហាក់លេចឡើងនៅក្នុងស្ថានភាពអាក្រក់ណាមួយដែលអ្នកកំពុងតែប្រឈមមុខទៅនឹងបញ្ហាដែលកើតមានឡើង ជាមួយបុគ្គលជុំវិញខ្លួនដូចជា គ្រួសារ អ្នកជិតខាង ឬមិត្តរួមការងារជាដើម។ អ្នកនឹងអាចសង្កេតឃើញអាការៈហត់ក្នុងពេលវេលាបែបនេះមានលក្ខណៈដូចជា៖ • តែងកើតមានឡើងនៅពេលព្រឹក បង្អាក់អ្នកមិនអាចងើបពីដំណេកបាន • មិនបានធូរស្រាល ទោះបីជាបានសម្រាកហើយក៏ដោយ • អាការៈបន្តមានភាពប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ • ភ្ជាប់ជាមួយផងដែរនូវសញ្ញាប៉ះពាល់ដល់ការចងចាំ និងវិបត្តិក្នុងការទទួលទានអាហារ។ បន្ថែមពីនោះ អាការៈនេះក៏អាចស្តែងចេញជាសញ្ញាព្រមាននៃបញ្ហាផ្លូវចិត្ត ដែលអាចអូសទាញអ្នកឲ្យប្រឈមទៅនឹងជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរផងដែរ។ អ្វីគួរធ្វើ? ប្រសិនលក្ខខណ្ឌនេះកាន់តែអូសបន្លាយយូរ និងបង្ហាញពីភាពតានតឹងកាន់តែខ្លាំង នោះការស្វែងរកការប្រឹក្សាពីសំណាក់អ្នកជំនាញផ្នែកចិត្តសាស្រ្ត ជាដំណោះស្រាយដែលល្អបំផុត។ យ៉ាងណាមិញ មុនពេលទទួលបានការបឹ្រក្សា អ្នកជំងឺអាចប្រើប្រាស់ថ្នាំសម្រាប់ជាជំនួយសម្រួលដល់អាការៈហត់ផងដែរ រួមមាន៖ • ឱសថ Sulbutiamine៖ មានឈ្មោះថា Arcalion ដែលជាដេរីវេនៃវីតាមីន B1 (អាចប្រើប្រាស់ ៣តំណក់ក្នុងមួយថ្ងៃ)  ​• ឱសថក្នុងក្រុម Acides Aminés៖ ពពួក Arginine មានដូចជា៖    - Dynamisan (Norvatis)   - Sargénor (Sarget Pharma) ដែលអាចប្រើប្រាស់បាន ៣គ្រាប់ ឬ៣អំពូល ក្នុងមួយថ្ងៃ   - Acide acétylaminosuccinique ដែលមានឈ្មោះ Cogitum អាចប្រើបានចំនួន៣គ្រាប់ក្នុងមួយថ្ងៃ • ឱសថពពួក Diméthylaminoéthanol (Déanol) ដែលអាចប្រើបានរួមជាមួយ៖   - ម៉ាញ៉េស្យូម និងវីតាមីន C (Acti 5)   - ឬជាមួយ Heptaminol (Debrumyl) • ឱសថពពួក Glucuronamide ដែលរួមបញ្ចូលជាមួយវីតាមីន C និងជាតិកាហ្វេអ៊ីន មានឈ្មោះថា Guronsan (R.E.T.E.)។ កំណត់ចំណាំ • ស្ថានភាពហត់ ដែលកើតមានបន្ទាប់ពីការសម្រាលកូនឬស្រ្តីក្នុងវ័យក្រោយអស់រដូវ អាចជាជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ។  •​ ចំពោះអាការៈហត់បង្ហាញជាជំងឺបណ្តាលមកពីការឈឺចាប់ធ្ងន់ធ្ងរផ្នែកផ្លូវចិត្ត អាចឈានដល់ការសម្លាប់ខ្លួន។ ប្រភពយោង៖ Le vademecum de la Médication officinale ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

សេះសមុទ្រ ឬឈ្មោះវិទ្យាសាស្ត្រ “Hippocampus borboniensis Duméril” គឺជាសត្វសមុទ្រដែលស្ថិតក្នុងគ្រួសារ Syngnathidae ដែលត្រូវបានគេនិយមប្រើប្រាស់ជាឱសថជំនួយក្នុងការមានគភ៌ បណ្តុះសក់ និងប្រើប្រាស់ជាឱសថក្នុងការព្យាបាល ជំងឺហឺត និងជំងឺរលាកសន្លាក់។ ការស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើតេស្តរកសមាសធាតុឱសថនិងកំណត់ចំនួនឱសថដែលមាននៅក្នុងសារពាង្គកាយទាំងមូលនៃសេះសមុទ្រដែលមានប្រភពនៅក្នុងប្រទេសកម្ពុជា។ សារពាង្គកាយទាំងមូលនៃសេះសមុទ្រស្ងួតត្រូវបានយកមកពីហាងលក់ឱសថបុរាណក្នុងស្រុក ហើយត្រូវបានផ្ទៀងផ្ទាត់ជាមួយនឹងសំណាកសត្វសមុទ្រ (កូដៈ UPFOPMP-120001) ដែលតម្កល់ទុកនៅក្នុង “តិណាល័យសាកលវិទ្យាល័យពុទ្ធិសាស្ត្រ” (UP-Herbarium)។ សារពាង្គកាយទាំងមូលនៃសេះសមុទ្រស្ងួតត្រូវបានយកមកធ្វើការចម្រាញ់ដោយអង្គធាតុរំលាយអេតាណុល តាមរយៈវិធីសាស្ត្រចម្រាញ់ “Ultrasonication-Assisted Extraction (UAE)”។ រូបធាតុចម្រាញ់ដែលទទួលបាន ត្រូវបានត្រៀមទុកសម្រាប់ធ្វើតេស្តគីមីឱសថ និងធ្វើតេស្តក្រូម៉ាតូក្រាបភីស្រទាប់ស្តើង។ លទ្ធផលនៃការធ្វើតេស្តគីមីឱសថត្រូវបានរកឃើញថា សារពាង្គកាយទាំងមូលនៃសេះសមុទ្រស្ងួតមានសមាសធាតុឱសថ Alkaloids, Phenolic Compounds,Flavonoids និងEssential Oils ។ ចំណែកឯការវិភាគលើក្រូម៉ាតូក្រាបភីស្រទាប់ស្តើងនៃសារពាង្គកាយទាំងមូលនៃសេះសមុទ្រស្ងួត នៅជំហ៊ានរលកចន្លោះពី 254-366 nm និង 10%-H2SO4 នៅក្នុង “Mobile Phase” Toluene:Methanol (9:1) យើងបានញែកឱសថសរុបទាំងអស់ចំនួន ១០ អង្គធាតុឱសថ។ ព័ត៌មាននៃសមាសធាតុឱសថដែលមាននៅក្នុងសារពាង្គកាយទាំងមូលនៃសេះសមុទ្រស្ងួតនេះ បញ្ជាក់អំពីគុណសម្បត្តិឱសថដែលមាននៅក្នុងសេះសមុទ្ររបស់កម្ពុជា។ មិនតែប៉ុណ្ណោះ វាគឺជាព័ត៌មានគ្រឹះសម្រាប់អ្នកវិទ្យាសាស្ត្រជំនាន់ក្រោយ ប្រសិនបើមានបំណងចង់បន្តការស្រាវជ្រាវពាក់ព័ន្ធនឹងការបំបែកសមាសធាតុឱសថចេញពីសេះសមុទ្ររបស់កម្ពុជា។ អត្ថបទដោយ៖ កែវ សំអែល, ហេន ថារី, អេង ស៊ីវម៉ីយ, លី សុដាលីន, អ៊ឹង ហ៊ុយឃីម, នី ច័ន្ទសីហា និង ជា ស៊ីននិស្សិត និងសាស្ត្រាចារ្យមហាវិទ្យាល័យឱសថសាស្ត្រ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ការឈឺចាប់កម្រិតមធ្យម ឬខ្លាំងក្លា បណ្តាលមកពីជំងឺមួយចំនួនដូចជា មហារីក ការឈឺចាប់បន្ទាប់ពីការវះកាត់ ឬរបួសផ្សេងៗ ត្រូវបានគ្រប់គ្រងតាមរយៈឱសថ Morphine ស្ថិតនៅក្នុងប្រភេទ Opioid ដែលវាមានសមត្ថភាពផ្លាស់ប្តូរការឆ្លើយតបរបស់ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទទៅនឹងការឈឺចាប់។ សកម្មភាពឱសថ សកម្មភាពដំបូងរបស់ Morphine ធ្វើឡើងដោយឆ្លើយតបទៅនៃ mu-opioid រ៉េស៊ិបទ័រ ដែលជារ៉េស៊ិបទ័រមួយនៃប្រព័ន្ធសរសៃប្រសាទ រ៉ាប់រងឲ្យមានឥទ្ធិពលបំបាត់ការឈឺចាប់។ កម្រិតស្រូបចូលនៃឱសថ Morphine ត្រូវបានចែកចាយយ៉ាងលឿនទៅកាន់រាងកាយ និងខួរក្បាល ដែលកំហាប់ខ្ពស់បំផុតក្នុងផ្លាស្មា បន្ទាប់ពីការលេបឱសថគ្រាប់ធ្វើឡើងក្នុងរយៈពេល ៣០ ទៅ ៩០នាទី ហើយសម្រាប់ការប្រើប្រាស់ក្រោមទម្រង់ជាថ្នាំចាក់តាមស្បែក និងសាច់ដុំ គេឃើញមានកំហាប់កើនខ្ពស់បំផុតបន្ទាប់ពី ១៥ ទៅ ២០នាទី ចំណែកការបញ្ចេញចោលពាក់កណ្តាលត្រូវបានសង្កេតឃើញមាននៅក្នុងរយៈពេល ១ ទៅ២ម៉ោង។ ឱសថត្រូវរងការធ្វើមេតាបូលីសពីសរីរាង្គថ្លើមក្នុងអត្រា៤០% ទៅ ៥០% មុនពេលជ្រាបទៅដល់ប្រព័ន្ធសរសៃប្រសាទ ក្រោមប្រតិកម្ម glucuronidation បង្កើតឲ្យមានមេតាបូលីតជាចម្បងឈ្មោះ morphine-3-glucuronide (M3G) និង morphine-6-glucuronide (M6G) ដែលនឹងត្រូវបញ្ចេញចោលតាមរយៈទឹកនោម។ កម្រិត និងការប្រើប្រាស់ ចំពោះការប្រើប្រាស់ឱសថ Morphine ទាមទារការណែនាំពីឱសថការី ឬវេជ្ជបណ្ឌិត ដែលកម្រិតសម្រាប់មនុស្សពេញវ័យសង្កេតឃើញរួមមាន៖ • ឱសថទម្រង់គ្រាប់៖ អាចប្រើបាន ១៥ ទៅ ៣០មីលីក្រាម រៀងរាល់ ៤ម៉ោងម្តង • ឱសថទម្រង់សូលុយស្យុង៖ អាចប្រើបាន ១០ ទៅ ២០មីលីក្រាម ដែលប្រែប្រួលទៅតាមរយៈពេលនៃការវះកាត់ ឬកម្រិតនៃការឈឺចាប់។ ផលរំខាន រោគសញ្ញាដែលជាផលរំខានបណ្តាលមកពីឱសថអាចនឹងលេចឡើង និងគួរផ្តល់ជាព័ត៌មានទៅកាន់វេជ្ជបណ្ឌិតប្រសិនអាការៈកាន់តែធ្ងន់ធ្ងរដូចជា៖ • ធីងធោង • ឈឺចាប់ ឬរមួលក្នុងពោះ • ស្ងួតមាត់ • ឈឺក្បាល • ភ័យព្រួយ ឬអារម្មណ៍ផ្លាស់ប្តូរ • ប្រស្រីភ្នែករួមតូច • វិបត្តិក្នុងការបត់ជើងតូច។ល។ អន្តរកម្មឱសថ ការប្រឈមទៅនឹងឥទ្ធិពលនៃផលរំខានរបស់ឱសថMorphine នឹងកាន់តែកើនឡើង ក្នុងករណីអ្នកជំងឺប្រើប្រាស់រួមជាមួយប្រភេទឱសថដទៃផ្សេងទៀតដូចជា៖ • ឱសថបំបាត់ការឈឺចាប់ប្រភេទ Opioid ឬថ្នាំបំបាត់ក្អក (Codeine, Hydrocodone) • សារធាតុញៀន • ឱសថងងុយគេង (Alprazolam, Lorazepam) • ឱសថបន្ធូរសាច់ដុំ (Carisoprodol, Cyclobenzaprine) • ឱសថប្រឆាំងអាល្លែកហ្ស៊ី (Cetirizine, Diphenhydramine)។ បន្ថែមពីឱសថខាងលើ ក៏នៅមានឱសថមួយចំនួនទៀតដែលអាចបង្កជាអន្តរកម្មឱសថ ដូច្នេះអ្នកជំងឺគួរកត់សម្គាល់ ឬរក្សាទុកឱសថដែលធ្លាប់បានឬកំពុងប្រើប្រាស់ សម្រាប់ការផ្តល់ជាដំណឹងទៅដល់វេជ្ជបណ្ឌិតមុនពេលអាចចាប់ផ្តើមប្រើប្រាស់ឱសថ Morphine។ បម្រុងប្រយ័ត្ន ការប្រើប្រាស់ឱសថនេះ ក៏ត្រូវទាមទារឲ្យមានការប្រុងប្រយ័ត្នក្នុងលក្ខខណ្ឌមួយចំនួនដូចជា៖ • បញ្ហាអាល្លែកហ្ស៊ី៖ សារធាតុនៅក្នុង Morphine អាចបង្កជាប្រតិកម្មចំពោះអ្នកជំងឺ ហេតុនេះការពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញគួរអនុវត្តឡើងមុនពេលប្រើប្រាស់ • ប្រវត្តិមានជំងឺ៖ ប្រាប់ដំណឹងទៅដល់គ្រូពេទ្យជាមុន ប្រសិនអ្នកមានជំងឺទាក់ទងទៅនឹងសរីរាង្គក្បាល វិបត្តិដង្ហើម តម្រងនោម ថ្លើម ឬក្រពះ ពោះវៀនជាដើម • ហាមប្រើប្រាស់សារធាតុអាល់កុល ជាមួយគ្នានឹងឱសថ Morphine ដោយហេតុថាអ្នកជំងឺនឹងអាចប្រឈមទៅនឹងអាការៈធីងធោងកាន់តែធ្ងន់ធ្ងរ • ចំពោះស្រ្តីមានផ្ទៃពោះនិងស្រ្តីបំបៅដោះកូន៖អាចប្រើប្រាស់ឱសថនេះបាន ក្នុងករណីដែលចាំបាច់បំផុត ក្រោមការណែនាំរបស់វេជ្ជបណ្ឌិត។   គួរបញ្ជាក់ដែរថា ឱសថ Morphine កំពុងមាននៅលើទីផ្សារមានឈ្មោះដូចជា ArymoTM ER និង MORPHIGESIC-30 ដែលការប្រើប្រាស់ចាំបាច់ត្រូវធ្វើទៅតាមវេជ្ជបញ្ជា។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

ថ្មីៗនេះអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលមហារីក Dana-Farber បានរកឃើញម៉ូលេគុលដែលអាចព្យាបាលជំងឺមហារីកប្រភេទ Synovial Sarcoma និងmalignant rhabdoid tumors ដែលកម្រ និងពិបាកក្នុងការព្យាបាល។ ក្នុងនោះអ្នកវិទ្យាសាស្ត្របានបង្ហាញថា ការប្រើប្រាស់ថ្នាំនេះអាចបត់ដំណើរធាតុផ្សំនៃ ncBAF ដែលធ្វើឡើងអំពីប្រូតេអ៊ីនជាក់លាក់ផ្សេងៗជាច្រើន។ លោកបណ្ឌិត Cigall Kadoch នៃមជ្ឈមណ្ឌលមហារីក Dana-Farber និងជាអ្នកនិពន្ធនៃ Nature Cell Biology បាននិយាយថាវាជាការជំនួសជំហានដំបូង នៃការព្យាបាលប្រភេទមហារីកទាំង២ខាងលើហើយការរកឃើញ cancer specificagent អាចជួយដល់ការស្រាវជ្រាវបន្តទៀតនៃប្រភេទមហារីកដទៃ។   គួរបញ្ជាក់ថា Synovial Sarcoma ជាមហារីកដ៏កម្រនៃជាលិកាទន់ (soft tissue) ដែលច្រើនកើតឡើងលើមនុស្សពេញវ័យ ស្ថិតនៅដៃ ជើង ម្រាមដៃ ម្រាមជើង រីឯ malignant rhabdoid tumors វិញក៏ជាជំងឺមហារីកកម្រដូចគ្នា តែវាមានលក្ខណៈកាចសាហាវខ្លាំងជាង តែងកើតឡើងលើក្មេងក្រោមអាយុ២ឆ្នាំ វិវឌ្ឍរហូតទៅបំផ្លាញខួរក្បាល តម្រងនោម និងសរីរាង្គផ្សេងៗ។ តាមការសិក្សារបស់ក្រុម Kadoch បានបន្តការស្រាវជ្រាវដោយផ្តោតសំខាន់លើផ្នែក Chromatin Remodelling Complex ដើម្បីគ្រប់គ្រងជំងឺមហារីក ដែលត្រូវបានគេស្គាល់ថា SWI/SNF Family។ ពួកគេបានរកឃើញមានបីប្រភេទនៃ complexes រួមមាន cBAF, PBAF និងncBAF ក្នុងនោះ ncBAF គឺជាអ្នកដើរតួនាទីជាក់លាក់ក្នុងជំងឺមហារីក Synovial Sarcoma និងMalignant Rhabdoid Tumors ដើម្បីគ្រប់គ្រងការលូតលាស់ និងការបែងចែកកោសិកា។ Brittany Michel, Andrew D'Avino និងSeth Cassel ជាអ្នកចូលរួមសហការក្នុងការស្រាវជ្រាវនេះជាមួយ Kadoch បានលើកឡើងថា វាជាគោលដៅមិនបានរំពឹងទុកមួយ ដែលបានស្រាវជ្រាវ Pre-Clinically រួចរាល់ហើយ ដែរនៅក្នុងក្តីសង្ឃឹមនៃការព្យាបាលមហារីកដ៏កម្រទាំង២នេះ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជាមួយប្រសិទ្ធភាពបញ្ឈប់ការលូតលាស់របស់បាក់តេរីនៃឱសថ Levofloxacin ត្រូវបានចាត់ចូលនៅក្នុងក្រុមអង់ទីប៊ីយ៉ូទិក Fluoroquinolone សម្រាប់ប្រើប្រាស់ក្នុងការព្យាបាលការបង្ករោគពីបាក់តេរីជាច្រើនប្រភេទ ដោយឡែក ឱសថនេះគ្មានប្រសិទ្ធភាពសម្រាប់ការបង្ករោគដោយពពួកវីរុសដូចជា ជំងឺផ្តាសាយធម្មតា ឬគ្រុនផ្តាសាយនោះទេ។ ការប្រើប្រាស់ឱសថ Levofloxacin ត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលការចម្លងមេរោគពីពពួកបាក់តេរីដែលមាននៅលើ៖ • ស្បែក • ប្រហោងឆ្អឹងច្រមុះ ថ្ពាល់ និងថ្ងាស (Sinuses) • តម្រងនោម • ប្លោកនោម • ក្រពេញប្រូស្តាត • ជំងឺរលាកទងសួត ឬសួត ។ល។ សកម្មភាពរបស់ឱសថ ប្រសិទ្ធភាពសម្លាប់មេរោគរបស់ Levofloxacin ស័ក្តិសមចំពោះបាក់តេរីជាច្រើនប្រភេទ ដែលរួមបញ្ចូលទាំងប្រភេទក្នុងក្រុម Gram-positive និងGram-negative ដោយវាទៅធ្វើការបង្អាក់នូវសកម្មភាពរបស់ DNA gyrase និងTopoisomerase IV របស់បាក់តេរី។ Topoisomerase IV មានតួនាទីក្នុងការបំបែកខ្លួនជាពីររបស់ DNA ចំណែក DNA gyrase រ៉ាប់រងក្នុងការភ្ជាប់គ្នាឡើងវិញនៃខ្សែ DNA របស់បាក់តេរី នោះសកម្មភាពបំបាត់ចោលនៃដំណើរការទាំងពីរនៃឱសថ Levofloxacin បានធ្វើឲ្យការបំបែកខ្លួនរបស់កោសិកាបាក់តេរីមិនអាចប្រព្រឹត្តទៅបាន។ ការស្រូបចូលរបស់ឱសថធ្វើឡើងបានយ៉ាងឆាប់រហ័សជាមួយនឹងកំហាប់ពេញលេញបន្ទាប់ពីការលេបដែលដូចគ្នាទៅនឹងការស្រូបចូលនៃឱសថតាមរយៈការចាក់ ក្នុងរយៈពេលបាន៦០នាទី។ឱសថបានធ្វើការចែកចាយទៅកាន់កោសិការបស់រាងកាយ ដែលកំហាប់បានជ្រាបទៅកាន់ស្បែកក្នុងរយៈពេល៣ម៉ោង បន្ទាប់ពីការលេប ចំណែករយៈពេលនៃការបញ្ចេញចោលពាក់កណ្តាល ធ្វើឡើងបន្ទាប់ពី៦ទៅ៨ម៉ោង តាមរយៈទឹកនោម។ កម្រិត និងរបៀបប្រើប្រាស់ ចំនួនកម្រិត ចន្លោះពេល និងរយៈពេលនៃការប្រើប្រាស់ឱសថ Levofloxacin ត្រូវផ្អែកលើស្ថានភាព និងប្រភេទជំងឺសម្រាប់បុគ្គលម្នាក់ៗ ដែលជាទូទៅ៖ • សម្រាប់មនុស្សពេញវ័យ៖ កម្រិតប្រើប្រាស់ចាប់ពី ២៥០មីលីក្រាម ទៅ ៧៥០ មីលីក្រាមក្នុងមួយថ្ងៃ • សម្រាប់កុមារ៖ ត្រូវមានការណែនាំពីសំណាក់វេជ្ជបណ្ឌិត។  គួរប្រើប្រាស់ឱសថឲ្យបានត្រឹមត្រូវទៅតាមវេជ្ជបញ្ជា និងទៀងទាត់ ទើបរោគសញ្ញាអាចចាប់ផ្តើមធូរស្រាល។ ផ្ទុយទៅវិញ ការប្រើប្រាស់ថ្នាំផ្សះមិនបានត្រឹមត្រូវ ឬមិនគ្រប់ចំនួន អាចបង្កឲ្យជំងឺបែរជាមានភាពស៊ាំទៅនឹងឱសថបាន។ ផលរំខានឱសថ ឱសថអាចបង្កជាផលរំខានទូទៅមួយចំនួនដូចជា ចង្អោរ ទល់លាមក រាក ឈឺក្បាល ឬធីងធោង ជាដើម ហើយម៉្យាងទៀតអ្នកគួរបញ្ឈប់ការប្រើប្រាស់ភ្លាមៗ ប្រសិនសង្កេតឃើញមានរោគសញ្ញា៖ • ឈឺពោះ ឬរាកខ្លាំង • ចង្វាក់បេះដូងញាប់ ដង្ហើមខ្លី • មានសញ្ញាកន្ទួលក្រហមលើស្បែក • ច្របូកច្របល់ រវើរវាយ ឬបាក់ទឹកចិត្ត • ឈឺសាច់ដុំ • មានបញ្ហាចង្វាក់ដង្ហើម • រាងកាយចុះខ្សោយភ្លាមៗ។ អន្តរកម្មឱសថ ឱសថមួយចំនួនអាចទៅបន្ថយប្រសិទ្ធភាពរបស់ Levofloxacin ក្នុងករណីប្រើប្រាស់ក្នុងពេលជាមួយគ្នាដូចជា៖ • ឱសថប្រឆាំងការចេញជាតិអាស៊ីត (Antacids) ដែលមានសារធាតុផ្សំពី ម៉ាញ៉េស្យូម ឬអាលុយមីញ៉ូម ដូចជា Maalox Mylanta ឬ Rolaids • ឱសថ Didanosine (Videx) ក្រោមទម្រង់ជាម្សៅ ឬគ្រាប់ដែលអាចទំពាបាន • ពពួកវីតាមីន ឬថ្នាំបំប៉នដែលមាន អាលុយមីញ៉ូម ដែក ម៉ាញ៉េស្យូម ឬស័ង្កសី ជាសារធាតុផ្សំ។ ក្នុងករណីប្រើប្រាស់ឱសថខាងលើក្នុងពេលជាមួយគ្នា អ្នកគួរលេបឱសថ Levofloxacin ២ ម៉ោងមុន ឬក្រោយ។ គួរបញ្ជាក់ផងដែរ ឱសថ Levofloxacin ដែលអ្នកអាចរកបាននៅលើទីផ្សារអាចមានឈ្មោះដូចជា Leflox ឬLevocin ជាដើម។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

  រុក្ខជាតិឱសថកម្ពុជាត្រូវបានប្រើប្រាស់ក្នុងការព្យាបាលជំងឺផ្សេងៗដូចជា ជំងឺសរសៃឈាម បេះដូង ជំងឺរលាក ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺអេដស៍។ ការសិក្សាស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីវិភាគគីមីឱសថរុក្ខជាតិ និងសមាសធាតុអង់ទីអុកស៊ីដង់ជាលក្ខណៈ in vitro ទៅលើដើមទាំងមូលកបិលភ័ស្ត (Bryophyllum pinnatum (Lam.) Kurz) សំបកភ្លូធំ (Dillenia ovata Wall. ex Hook. f. & Thomson) មើមប៉ប្រក Drynaria fortunei (Kunze ex Mett.) J. Sm. និងសំបកពាន់តាឡី (Lophopetalum wallichii Kurz.) ដែលមានប្រភពនៅកម្ពុជា។  រុក្ខជាតិទាំងអស់ត្រូវបានធ្វើការចម្រាញ់តាមរយៈវិធីសាស្ត្រត្រាំ (Maceration Extraction Method) ដោយអង្គធាតុរំលាយអេតាណុល។ បន្ទាប់មកសារធាតុចម្រាញ់ទាំងអស់នឹងត្រូវបានយកមកធ្វើការវិភាគគីមីឱសថរុក្ខជាតិ ដើម្បីរកសមាសធាតុ Alkaloids, Phenolic Compounds, Tannins, Flavonoids, Coumarins, Steroids, Terpenoids,Cardiac Glycosides, Essential Oils, Saponins និងResins តាមរយៈវិធីសាស្ត្រតេស្តពណ៌។ ការធ្វើតេស្តរកសមាសធាតុអង់ទីអុកស៊ីដង់ ត្រូវបានធ្វើឡើងតាមរយៈវិធីសាស្ត្រ DPPH Assay។ លទ្ធផលនៃការធ្វើតេស្តពណ៌រកសមាសធាតុគីមីឱសថរុក្ខជាតិបានបង្ហាញឲ្យឃើញថា សារធាតុចម្រាញ់អេតាណុលនៃដើមទាំងមូលកបិលភ័ស្ត សំបកភ្លូធំ មើមប៉ប្រក និងសំបកពាន់តាឡី មានសមាសធាតុឱសថ Alkaloids, Phenolic Compounds, Tannins, Flavonoids, Terpenoids, Cardiac Glycosides, Saponins និង Resins។ លើសពីនេះ សារធាតុចម្រាញ់អេតាណុលនៃដើមទាំងមូលកបិលភ័ស្ត សំបកភ្លូធំ និងមើមប៉ប្រក មានសមាសធាតុឱសថ Coumarins និងSteroids ហើយសំបកពាន់តាឡីមាន Essential Oils។ ការសិក្សាទៅលើសកម្មភាពអង់ទីអុកស៊ីដង់របស់រុក្ខជាតិក៏បានបង្ហាញឲ្យឃើញផងដែរថា ដើមទាំងមូលកបិលភ័ស្ត សំបកភ្លូធំ មើមប៉ប្រក និងសំបកពាន់តាឡី មានសមាសធាតុអង់ទីអុកស៊ីដង់ (សមាសធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី)។ ការសិក្សាស្រាវជ្រាវបង្ហាញឲ្យដឹងអំពីសក្តានុពលនៃប្រភពអង់ទីអុកស៊ីដង់ធម្មជាតិដែលមាននៅក្នុងដើមទាំងមូលកបិលភ័ស្ត សំបកភ្លូធំ មើមប៉ប្រក និងសំបកពាន់តាឡីរបស់ខ្មែរ។ អនុសាសន៍សម្រាប់ការសិក្សាស្រាវជ្រាវបន្ត គឺការបន្សុទ្ធចេញឲ្យបាននូវ Antioxidant Compounds ពីរុក្ខជាតិទាំងនេះ។ ប្រភពអត្ថបទដោយ និស្សិត និងសាស្ត្រាចារ្យនៃមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ប្រទេសកម្ពុជា និងដេប៉ាតឺម៉ង់គីមីឱសថសាស្ត្រ នៃសាកលវិទ្យាល័យខនកេន ប្រទេសថៃឡង់៖ កែវ សំអែល, លាង សុនីតា, នី ច័ន្ទសីហា, លឹម សុខានី, ជាន កុសលវល័ក្ខណ៍, អ៊ឹង ហ៊ុយឃីម, ជុថាម៉ាត មុនីណេត, យ៉ាវ៉ារេដ ឈុលីឃីត និងជា ស៊ីន  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

Flunarizine dihydrochloride ជាឱសថត្រូវបានប្រើប្រាស់សម្រាប់ការពារពីជំងឺប្រកាំងដែលមានសភាពធ្ងន់ធ្ងរ និងកើតឡើងញឹកញាប់ ក្នុងករណីជំងឺហាក់មិនឆ្លើយតបទៅនឹងការព្យាបាលដោយឱសថដទៃទៀត។ ឱសថនេះក៏មានប្រសិទ្ធភាពផងដែរ សម្រាប់អាការៈធីងធោងដែលបង្កឡើងពីភាពមិនប្រក្រតីនៃផ្នែកខាងក្នុងត្រចៀក និងខួរក្បាល ធ្វើឲ្យមានអតុល្យភាពរវាងភ្នែក និងចលនា។ ចំពោះការប្រើប្រាស់ក្នុងគោលបំណងផ្សេងទៀត ក៏ត្រូវបានរាប់បញ្ចូលផងដែរតាមការណែនាំរបស់វេជ្ជបណ្ឌិត។   សកម្មភាពរបស់ឱសថ Flunarizine មានសកម្មភាពប្រឆាំងទៅនឹងការជ្រាបចូលរបស់កាល់ស្យូមទៅក្នុងកោសិកា ក៏ដូចជាប្រឆាំងនឹងសារធាតុអុីសស្តាមីន រារាំងរ៉េសិបទ័រសេរ៉ូតូនីន និងសកម្មភាពរារាំង Dopamine D2។ ឱសថ Flunarizine ធ្វើការស្រូបចូលបានយ៉ាងល្អនៅក្នុងរាងកាយជាមួយកំហាប់ក្នុងប្លាស្មាខ្ពស់បំផុតបន្ទាប់ពីការលេប ២ ទៅ ៤ម៉ោង។ ជាមួយកំហាប់ឱសថជាង ៩៩%នៅក្នុងប្លាស្មានោះ ការជ្រាបចូលឱសថទៅក្នុងប្រព័ន្ធខួរក្បាលមានភាពរហ័ស។ ឱសថត្រូវបានធ្វើមេតាបូលីសនៅក្នុងថ្លើម តាមរយៈអង់ស៊ីមឈ្មោះ CYP2D6 ចំណែកការបញ្ចេញចោលពាក់កណ្តាលគឺធ្វើឡើងបន្ទាប់ពីលេប ១៨ ទៅ ១៩ថ្ងៃ តាមរយៈទឹកប្រម៉ាត់ និងលាមក។ កម្រិត និងការប្រើប្រាស់ គួរប្រើប្រាស់ឱសថតាមការណែនាំពីសំណាក់វេជ្ជបណ្ឌិត ដោយកម្រិតជាទូទៅសម្រាប់មនុស្សពេញវ័យគឺ ៥ ទៅ ១០មីលីក្រាម លេបម្តងនៅពេលល្ងាច ជារៀងរាល់ថ្ងៃ។ ផលរំខានរបស់ឱសថ អាការៈធីងធោង ឡើងទម្ងន់ ចង្អោរ ក្តៅចុងដង្ហើម ស្ងួត និងអារម្មណ៍ព្រួយបារម្ភអាចនឹងកើតមានឡើង ដោយសាររាងកាយកំពុងតែសម្របទៅនឹងឱសថ ប៉ុន្តែ ប្រសិនអាការៈខាងលើនៅតែបន្តស្តែងចេញ និងផ្តល់ភាពរំខាន អ្នកគួរប្រាប់ដំណឹងទៅដល់វេជ្ជបណ្ឌិត។ មួយផ្នែកទៀត អ្នកក៏ត្រូវបឹ្រក្សាជាមួយអ្នកមានជំនាញសុខាភិបាលផងដែរ ប្រសិនអ្នកសង្កេតឃើញមាន៖ •    កន្ទួលរមាស់លើស្បែក •    ធ្លាក់ទឹកចិត្ត •    ឈឺសាច់ដុំ •    អាការៈញ័រ •    ពិបាកធ្វើចលនាជាដើម។ អន្តរកម្មឱសថ ត្រូវប្រាប់ទៅដល់គ្រូពេទ្យ ប្រសិនអ្នកកំពុងប្រើប្រាស់ ឱសថងងុយគេង ឱសថប្រឆាំងការព្រួយបារម្ភ ឱសថសម្រួលដល់សាច់ដុំ ឬឱសថប្រឆាំងការប្រកាច់ ម៉្យាងទៀត មិនត្រូវចាប់ផ្តើម ឬបញ្ឈប់ការប្រើប្រាស់ឱសថណាមួយដោយគ្មានការអនុញ្ញាតពីវេជ្ជបណ្ឌិតនោះទេ។   បម្រុងប្រយ័ត្ន •    ត្រូវប្រុងប្រយ័ត្នចំពោះអ្នកមាន ជំងឺថ្លើម ការធ្វើចលនាមិនប្រក្រតី អ្នកជំងឺ Parkinson អ្នកមានប្រវត្តិធ្លាក់ទឹកចិត្ត ឬជំងឺអាល្លែកហ្ស៊ីនានាជាដើម •    ចៀសវាងប្រើប្រាស់សារធាតុអាល់កុល អំឡុងពេលប្រើប្រាស់ឱសថ Flunarizine ចំពោះអ្នកដែលធ្វើការជាមួយម៉ាស៊ីន ដោយសារវាបណ្តាលឲ្យមានអាការៈធីងធោង •     ឱសថនេះត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន តែក្នុងករណីដែលចាំបាច់បំផុតប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរ ឱសថ Flunarizine dihydrochloride ដែលមានលក់នៅលើទីផ្សារមានឈ្មោះដូចជា Flunarine, Sibelium® និង Flunarid ជាដើម។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

មុននឹងទៅដល់ Antioxidants អ្នកត្រូវដឹងអំពីអ្វីទៅជារ៉ាឌីកាល់សេរី និងប្រភេទអុកស៊ីសែនប្រតិករជាមុនសិន។ ជាក់ស្តែង រ៉ាឌីកាល់សេរី និងប្រភេទអុកស៊ីសែនប្រតិករ ជាសារធាតុពុលដែលកើតឡើងនៅក្នុងខ្លួនមនុស្ស ដោយសារតែចលនាមេកានិច និងការធ្វើមេតាបូលីសឲ្យទៅជាកាកសំណល់។ រីឯ Antioxidants ជាប្រព័ន្ធការពារធម្មជាតិ ឬប្រៀបដូចជាកងទ័ពការពារសរីរាង្គមនុស្ស ដែលវាផលិតចេញពីចំណីអាហារ និងអាហារបំប៉នមួយចំនួន។ មូលហេតុនៃការកើនឡើងនូវរ៉ាឌីកាល់សេរីនៅក្នុងខ្លួនមនុស្សម្នាក់ៗចាំបាច់ត្រូវមានតុល្យភាពរវាង រ៉ាឌីកាល់សេរីពុលជាមួយនឹង Antioxidantsតែដោយសាររ៉ាឌីកាល់សេរីកើនឡើងច្រើននៅក្នុងខ្លួន ព្រោះរាងកាយត្រូវការថាមពលសម្រាប់បង្កើនបញ្ញាញាណ ស្មារតី រូបរាងកាយឲ្យរឹងមាំធំធាត់ ដូច្នេះសំណល់ទាំងនោះក៏កើនឡើងដូចគ្នា។ ម៉្យាង មានកត្តាខាងក្រៅជាច្រើនទៀតផងដែរដូចជា ស្រេ្តស កត្តាពន្លឺថ្ងៃក្តៅខ្លាំង ការជក់បារី ការផឹកស្រា កត្តាចំណីអាហារដែលមានផ្ទុកនូវសារធាតុលោហៈពុល មានជាតិគីមី គេងមិនលក់ គិតច្រើន និងការមានជំងឺប្រចាំកាយដូចជា  លើសឈាម មហារីក ពិសេសការព្យាបាលដោយការចាក់ថ្នាំគីមី និងវិទ្យុសកម្ម។ ដូច្នេះ ជាតិពុលទាំងនោះកាន់តែបង្កឲ្យមានការកើនឡើងនូវរ៉ាឌីកាល់សេរី និងក្រុមអុកស៊ីសែនប្រតិករនៅក្នុងខ្លួន។ នៅពេលដែលរ៉ាឌីកាល់សេរីកើនឡើងច្រើនធ្វើឲ្យលើសនូវ Antioxidants ធម្មជាតិ ដូចនេះហើយបានជានៅពេលអាយុកាន់តែច្រើន រ៉ាឌីកាល់សេរីកាន់តែច្រើន រីឯ Antioxidants កាន់តែថយចុះពិសេសមនុស្សចាស់ដែលមានជំងឺប្រចាំកាយ។ នេះបញ្ជាក់ថា វាបានបាត់បង់នូវតុល្យភាពរវាង រ៉ាឌីកាល់សេរី និង Antioxidants ដែលបណ្តាលឲ្យមានបញ្ហាមួយ គឺអុកស៊ីតកម្មកើនឡើង។ នៅពេលដែលអុកស៊ីតកម្មកើនឡើងកាន់តែច្រើនបង្កឲ្យមានស្រេ្តសអុកស៊ីតកម្ម ដែលវាជាបញ្ហាចម្បងមួយបំផ្លាញទៅលើកោសិកាDNA ប្រូតេអ៊ីន និងលីពីតក្នុងខ្លួន ជាលទ្ធផលបង្កឲ្យមានការប្រែប្រួល និងជាមូលហេតុមួយនៃការកើតជំងឺមហារីក។ កាលពីសម័យមុន Antioxidants សម្បូរ ព្រោះមិនសូវមានរ៉ាឌីកាល់សេរី គ្មាននូវសារធាតុពីក្រៅច្រើន និងមានសុខភាពល្អ តែដោយសារគ្មានអង់ទីប៊ីយ៉ូទិច នាំឲ្យជំងឺឆ្លងកើតមានច្រើន។ មកដល់បច្ចុប្បន្ន អង់ទីប៊ីយ៉ូទិចកើនឡើង ជំងឺឆ្លងធ្លាក់ចុះ ក៏ប៉ុន្តែផ្ទុយមកវិញ Antioxidants ធ្លាក់ចុះ បណ្តាលឲ្យរ៉ាឌីកាល់សេរីកើនឡើង ជាមូលហេតុដែលប្រជាជនភាគច្រើនប្រឈមមុខខ្ពស់ជាមួយនឹងជំងឺលើប្រព័ន្ធការពាររាងកាយ។ តាមរយៈការសិក្សាមួយទៅលើមនុស្សចាស់ដែលមានសុខភាពល្អចាប់ពីអាយុ១០០ឆ្នាំឡើង ឃើញថា Antioxidants របស់គាត់មានការកើនឡើងខ្ពស់ ជាពិសេស Antioxidants ម៉្យាងឈ្មោះ Glutathione គឺស្ទើរតែ១០០%ពេញ។ ដោយឡែក ចំពោះមនុស្សចាស់ដែលមានជំងឺប្រចាំកាយវិញ សង្កេតឃើញថា Antioxidants មានការថយចុះ ហើយស្រេ្តសអុកស៊ីតកម្មកើនឡើង។ ៤ប្រភេទនៃ Antioxidants និងមុខងារសំខាន់ៗ •    ក្រុមអង់ស៊ីម៖ ប្រភេទ Antioxidants ពីធម្មជាតិ រលាយនៅក្នុងឈាម ឬទឹកក្នុងរាងកាយ ដែលរួមមាន Superoxide dismutase, Catalase និង Glutathione peroxide។ អង់ស៊ីមទាំង៣ប្រភេទនេះ មានតួនាទីសំខាន់ក្នុងការបង្វែរនូវពពួក Oxide ឲ្យទៅជា Peroxide (អុកស៊ីសែនពុល) និងអុកស៊ីសែន។ ក្រោយពីរលាយក្រោមឥទ្ធិពលរបស់អង់ស៊ីម Superoxide dismutase និងCatalaseរួច វាបណ្តាលឲ្យទៅជា Peroxide ដែលត្រូវបានរំលាយបន្តដោយ Glutathione peroxidase(មានរូបមន្ត GSH) បង្កើតជាទឹក និងអុកស៊ីសែន។ •    Glutathione Reductase (L-GHS)៖ ជាប្រភេទមេបញ្ជាការចម្បងរបស់ក្រុម Antioxidantsផ្សេងទៀត ក្រៅពីប្រភេទដែលរលាយជាអង់ស៊ីម។ ជំហានដំបូង L-glutathione បានទៅបន្សាបរ៉ាឌីកាល់អ៊ីដ្រុកស៊ីត ដោយស្រូបយកអ៊ីយ៉ុងពុលពី DNA ឬសារធាតុដទៃទៀត។ លើសពីនេះទៀតវាបានបណ្តុះនូវពពួកវីតាមីនC ទម្រង់ Ascorbate ដែលជាវីតាមីនCខូចគុណភាព ឲ្យក្លាយជា Ascorbic Acid វិញ។ ជាក់ស្តែង ចំពោះ glutathione វាត្រូវបានរលាយក្នុងទឹកដោយសារចំណីអាហារពីខាងក្រៅដូចជាបន្លែ សាច់មាន់ ឬសាច់គោ តែត្រូវនៅក្រោម៦០ដឺក្រេ។ កត្តារួមផ្សំមួយទៀតគឺ L-Selenomethionine មាននាទីសម្រាប់ជួយបន្សាប Peroxide (អុកស៊ីសែនពុល) និង glutathione ពុល (GSSH) ដែលកើតក្រោយបន្សាបរ៉ាឌីកាល់សេរីពុល ឲ្យក្លាយទៅជា glutathione ដែលមានមុខងារជាអ្នកបន្សាបជាតិពុលវិញ។ •    Antioxidants ផ្សេងទៀត៖     -    វីតាមីនC៖ ជា Antioxidants ខ្លាំងមួយសិ្ថតក្រោមទម្រង់ Ascorbic Acid  ដោយបំផ្លាញរ៉ាឌីកាល់សេរីរលាយក្នុងទឹកឲ្យក្លាយជាអុកស៊ីតកម្ម។ លើសពីនេះ វីតាមីនCក៏មានមុខងារជួយបណ្តុះវីតាមីនE (Tocopherol ដែលត្រូវបានធ្វើអុកស៊ីតកម្ម ហើយបង្វែរឲ្យទៅជា Antioxidants វិញ​ ទម្រង់ Tocopheryl) ដែលធ្វើអុកស៊ីតកម្មហើយ មកជាវីតាមីនE មានគុណភាពវិញផងដែរ។     -    វីតាមីនE៖ មានមុខងារជួយរំលាយសារធាតុខ្លាញ់ដែលធ្វើអុកស៊ីតកម្មជាពិសេសពពួក LDL (Low Density Lipoproteins) មិនឲ្យទៅជាពុល។     -    B-carotene៖ វាមានតួនាទីបំផ្លាញពពួកអុកស៊ីសែនប្រតិករដែលកាចសាហាវ ពិសេសពពួក B-carotene មាននៅក្នុងស្បែក បេះដូង។     -    Ubiquinol៖ ប្រភេទ Antioxidants  បំផ្លាញនូវពពួកអុកស៊ីសែនទោល ពពួករ៉ាឌីកាល់អ៊ីដ្រុកស៊ីត ដែលមានច្រើនបំផុតនៅក្នុងបេះដូង។ •    អាហារបំប៉ន៖ ប្រទាលកន្ទុយក្រពើ រមៀត ឬផ្លែញ ក៏ត្រូវបានចាត់ទុកជា Antioxidants ដែលមានក្នុងចំណីអាហារប្រចាំថ្ងៃ។ Antioxidants ដែលមាននៅក្នុងខ្លួនស្រាប់ រួមជាមួយការញ៉ាំបញ្ចូលពីខាងក្រៅ ជួយការពាររាងកាយពីជំងឺផ្សេងៗ ធ្វើឲ្យមានភាពរឹងមាំ និងអាចរក្សាបាននូវតុល្យភាពរវាងរ៉ាឌីកាល់សេរី ប្រកបដោយប្រសិទ្ធភាព។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ហ៊ឹម គុយ ឯកទេសជំងឺទូទៅ ថ្លើម និងអាហារូបត្ថម្ភ មានតួនាទីជាអនុប្រធានមន្ទីរសុខាភិបាលកងទ័ពជើងគោក ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

Amlodipine ជាឱសថប្រើប្រាស់សម្រាប់គ្រប់គ្រងជំងឺលើសសម្ពាធឈាម (Hypertension) និងជំងឺទាក់ទងនឹងសរសៃឈាមអាទែរ (Coronary artery disease) ចំពោះអ្នកជំងឺមានរោគសញ្ញាចុកទ្រូង ដែលអាចកើតឡើងបន្ទាប់ពីការប្រើកម្លាំងខ្លាំង ការឈឺចាប់ជាប់លាប់ ប៉ុន្តែជាជំងឺមិនមានសញ្ញាខ្សោយបេះដូងនោះទេ។ វាអាចប្រើតែឯង ឬក្នុងពេលជាមួយគ្នានៃឱសថដទៃទៀត ដែលអាចប្រើបានចំពោះមនុស្សពេញវ័យ ឬកុមារដែលមានអាយុចាប់ពី ៦ ឆ្នាំឡើងទៅ។ សកម្មភាពរបស់ឱសថ ឱសថ Amlodipine ស្ថិតនៅក្នុងក្រុមប្រឆាំងនឹងការជ្រាបចូលនៃសារធាតុកាល់ស្យូម (Calcium channels blockers) ដោយធ្វើការរារាំងចលនាកាល់ស្យូមមិនឲ្យជ្រាបចូលក្នុងជាលិកា និងសរសៃអាទែរបេះដូង នាំឲ្យសរសៃឈាមស្ថិតក្នុងសភាពសម្រាក  កាត់បន្ថយការកន្រ្តាក់  ដែលនាំឲ្យលំហូរឈាមប្រព្រឹត្តទៅបានរលូនក្នុងបេះដូង។ សកម្មភាពរបស់ឱសថនេះ បានទៅបន្ថយសម្ពាធឈាម ដែលអាចកាត់បន្ថយការប្រឈមទៅនឹងជំងឺគាំងបេះដូង ឬដាច់សរសៃឈាម។ ការសិក្សាបានបង្ហាញថា ឱសថ Amlodipine ត្រូវបានស្រូបចូលយ៉ាងល្អតាមរយៈការលេប ដែលកម្រិតកំហាប់ក្នុងឈាមមានរហូតដល់ ៦០% ចំណែកការបញ្ចេញចោលពាក់កណ្តាលធ្វើឡើងបន្ទាប់ពីការលេបរយៈពេល ៣០ ទៅ ៥០ម៉ោង ដែលត្រូវបញ្ចេញចោលជាចម្បងតាមរយៈទឹកនោម។   កម្រិត និងរបៀបប្រើប្រាស់ ចំពោះមនុស្សពេញវ័យ កម្រិតនៃការប្រើប្រាស់ឱសថ Amlodipine គឺ៖ •    កម្រិតដំបូង៖ លេប ៥ មីលីក្រាម ម្តងជារៀងរាល់ថ្ងៃ •    កម្រិតជាប្រចាំ៖ អាចលេបម្តង ៥ ទៅ ១០ មីលីក្រាម ជារៀងរាល់ថ្ងៃ •    កម្រិតខ្ពស់បំផុត៖ អាចលេប ១០ មីលីក្រាមក្នុងមួយថ្ងៃ ចំពោះអ្នកជំងឺក្នុងវ័យក្មេង ឬទន់ខ្សោយ អាចចាប់ផ្តើមប្រើប្រាស់ក្នុងកម្រិត ២.៥ មីលីក្រាម ម្តងក្នុងមួយថ្ងៃដែលការប្រែប្រួលគឺអាស្រ័យលើការឆ្លើយតបទៅនឹងប្រសិទ្ធភាពរបស់ឱសថ។ ផលរំខានរបស់ឱសថ ត្រូវស្វែងរកការពិគ្រោះយោបល់ប្រសិនអ្នកមានសញ្ញាអាល្លែកហ្ស៊ីទៅនឹង Amlodipine ដូចជា ពិបាកដកដង្ហើម ហើមមុខ បបូរមាត់ អណ្តាត ឬបំពង់ក។ ក្នុងករណីកម្រ សម្រាប់ការប្រើប្រាស់ឱសថ Amlodipine អាចធ្វើឲ្យអាការៈចុកទ្រូងរបស់អ្នកកាន់តែមានសភាពធ្ងន់ធ្ងរ ឬឈានដល់ការគាំងបេះដូង ដូច្នេះត្រូវស្វែងរកការសង្គ្រោះបន្ទាន់ប្រសិនសង្កេតឃើញមានរោគសញ្ញាចុកទ្រូង ឬមានសម្ពាធ ការឈឺចាប់រាលដាលមកដល់ស្មា ចង្អោរ ឬបែកញើសជាដើម។ បន្ថែមពីនោះផលរំខានមួយចំនួនក៏អាចកើតមានឡើងដូចជា៖ •    ចង្វាក់បេះដូងលោតញាប់ •    ការចុកទ្រូងមានសភាពធ្ងន់ធ្ងរ •    ហើមម្រាមជើង ឬជង្គង់ •    មានអារម្មណ៍ស្រាលក្បាល •    វិលមុខ អស់កម្លាំង •    ឈឺពោះ ចង្អោរជាដើម។ គួរបញ្ជាក់ផងដែរ ឱសថ Amlodipine ក្នុងទម្រង់ជាគ្រាប់រួមមានឈ្មោះនៅលើទីផ្សារដូចជា Norvacs ​ និង Amlo-Denk ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក
Top