- Apr 25, 2017 |
- 7 ឆ្នាំមុន |
- 3.5K មើល
សកម្មភាពហ្វូម BENZOYL PEROXIDE ដែលអ្នកគួរដឹង
ប្រភេទហ្វូមលាងមុខម៉្យាងដែលមានសារធាតុសកម្មជា Benzoyl peroxide ត្រូវបានគេប្រើប្រាស់សម្រាប់សម្អាត និងព្យាបាលជំងឺមុនកម្រិតស្រាល និងមធ្យមដែលមាននៅលើផ្ទៃមុខ ហើយជាទូទៅវាត្រូវបានគេប្រើប្រាស់កំឡុងពេលព្យាបាលជំងឺមុនតាមវិធីសាស្រ្តផ្សេងទៀត។ ចំពោះប្រភេទខ្លះនៃហ្វូមនេះ គឺត្រូវការវេជ្ជបញ្ជាសម្រាប់ប្រើប្រាស់ និងមួយចំនួនទៀតអាចរកបានដោយខ្លួនឯងតាមឱសថស្ថាននានាដែលត្រូវពិនិត្យឲ្យច្បាស់លាស់ពីព័ត៌មានលើសម្បកប្រអប់ថ្នាំ ឬសុំការពិគ្រោះជាមួយឱសថការី។ សកម្មភាពរបស់ហ្វូម៖ ពពួក Benzoyl peroxide មានមុខងារប្រឆាំងនឹងពពួកបាក់តេរីប្រភេទ Propionibacterium ដែលបង្កជាជំងឺមុនរួមជាមួយសកម្មភាព ម៉្យាងទៀតដែលហៅថា Keratolytic (ធ្វើឲ្យស្បែកដែលមានមុនមានសភាពស្ងួត ហើយរបកចេញ)។ នៅពេលប្រើប្រាស់សារធាតុ Benzoylperoxide វាត្រូវបានស្រូបតាមស្បែក រួចមានការបំលែងទៅជា Benzoic acid និងបញ្ចេញចោលតាមរយៈទឹកនោមក្រោមទម្រង់ជា Benzoate។ ការប្រើប្រាស់ហ្វូម៖ • មុនប្រើប្រាស់ត្រូវក្រឡុកដបហ្វូមឲ្យសព្វ • ផ្សើមផ្ទៃមុខរបស់អ្នក ជាពិសេសតំបន់ដែលមានមុន • លាបហ្វូមក្នុងបរិមាណតិចតួច ទៅលើតំបន់ស្បែកដែលមានមុន រួចធ្វើការដុសដោយថ្នមៗរយៈពេល ១០ ទៅ ២០វិនាទី • ធ្វើការលាងចេញដោយទឹកក្តៅឧណ្ហៗ និងតប់ផ្ទៃមុខរហូតដល់ស្ងួត • អនុវត្តការប្រើប្រាស់ ម្តង ឬ ២ដង ក្នុងមួយថ្ងៃ។ ចំណាំ៖ • ពេលប្រើប្រាស់លើកទីមួយ អ្នកត្រូវធ្វើតេស្តដើម្បីដឹងថាស្បែកមុខអាចមានប្រតិកម្មជាមួយសារធាតុណាមួយនៃហ្វូម ដែលវាអនុញ្ញាតឲ្យអ្នកសម្រេចចិត្តថាតើគួរប្រើប្រាស់បន្តឬយ៉ាងណា។ ដោយត្រូវ សាកល្បងលាបហ្វូមលើតំបន់ដែលមានមុនខ្លះ ក្នុងរយៈពេល ៣ថ្ងៃ។ ប្រសិនបើសង្កេត ឃើញមានសញ្ញាប្រតិកម្មនានាដូចជា រលាក ឬស្បែកមុខឡើងក្រហម អ្នកត្រូវបញ្ឈប់ការប្រើប្រាស់។ • ចៀសវាងការប្រើប្រាស់ប៉ះពាល់ដល់ភ្នែក ច្រមុះ មាត់ និងស្បែកដែលមានរបួស ព្រោះវាអាចធ្វើឲ្យមានរលាក។ ប្រសិនករណីនេះកើតឡើងអ្នកគួរប្រញាប់លាងទឹកឲ្យបានឆាប់។ ផលរំខាន៖ • ផលរំខានដែលអាចកើតឡើងញឹកញាប់មានដូចជា របកស្បែកខ្លាំង រមាស់ រលាក និងស្បែកឡើងក្រហមដែលអាចកើតឡើងពេលប្រើដំបូង (អាចកាត់បន្ថយចំនួនថ្ងៃនៃការប្រើប្រាស់ ប្រសិនមានបញ្ហាទាំងនោះកើតឡើង)។ • ករណីកម្រអាចមានដូចជា កន្ទួលរមាស់ និងហើម (ជាពិសេសនៅនឹង មុខ អណ្តាត និងបំពង់ក)មានអាការៈវិលមុខខ្លាំង និងពិបាកដកដង្ហើម។ ការប្រុងប្រយ័ត្ន៖ • ចៀសវាងនៅក្រោមពន្លឺថ្ងៃរយៈពេលយូរព្រោះសារធាតុរបស់ហ្វូមអាចធ្វើឲ្យស្បែករបស់អ្នកមានប្រតិកម្ម។ អ្នកអាចការពារដោយប្រើប្រាស់ក្រែមការពារកម្តៅថ្ងៃ និងកាត់បន្ថយការប៉ះពាល់ពន្លឺថ្ងៃផ្ទាល់ ដោយពាក់អាវការពាររាល់ពេលចេញទៅខាងក្រៅ។ • មិនគួរត្រូវបានប្រើចំពោះស្រ្តីដែលមានផ្ទៃពោះបើក្នុងករណីចាំបាច់ ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិត។ • រាយការណ៍ពីប្រភេទឱសថដែលអ្នកកំពុង ប្រើប្រាស់ដល់វេជ្ជបណ្ឌិត ព្រោះវាអាចមានប្រតិកម្មជាមួយ Benzoyl peroxide បើទោះបីអន្តរកម្មរវាងថ្នាំទាំងនោះ មិនទាន់ត្រូវបានកំណត់ច្បាស់នៅឡើយ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
ចែករំលែក