Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការស្គាល់ពីការស្ត្រេសលើសកម្រិត ជីវិតយើងមិនថាក្នុងដំណាក់កាលណានោះទេ ទាំងវ័យសិក្សា ធ្វើការងារ និងធ្វើជំនួញ គឺពោរពេញទៅដោយបទពិសោធន៍ថ្មីៗ និងការស្រាវជ្រាវ ពេលកំណត់យកកិច្ចការ និងការទាមទារផ្សេងៗ។ ចំពោះបុគ្គលភាគច្រើន របៀបរស់នៅបែបនេះអាចធ្វើឲ្យមានអារម្មណ៍ថប់បារម្ភ និងស្ត្រេស។ ទោះជាយ៉ាងណាក៏ដោយស្ត្រេសមិនមែនតែងតែអាក្រក់នោះទេ។ ប្រសិនបើវាស្ថិតនៅក្នុងកម្រិតមួយតិច វាអាចជួយជម្រុញឲ្យអ្នកធ្វើអ្វីមួយឲ្យអស់ពីសមត្ថភាពស្របពេលដែលអ្នកស្ថិតនៅក្រោមសម្ពាធ។ ប៉ុន្តែនៅពេលដែលអ្នករស់នៅក្នុងភាពអាសន្នយូរ ចិត្ត និងរាងកាយរបស់អ្នកអាចរងការប៉ះពាល់ពីវា ហើយអ្នកអាចចាប់ផ្តើមបាត់បង់នូវភាពម្ចាស់ការលើខ្លួនឯង។ ស្ត្រេស គឺជាការប្រមូលផ្ដុំគ្នា។ សញ្ញាដំបូងនៃការស្ត្រេសអាចមានដូចជាឈឺក្បាល ឆាប់ខឹងធ្វើទុក្ខក្រពះ ឬការគេងមិនបានលក់ស្រួល។ នៅពេលអ្នករៀនសម្គាល់សញ្ញាដំបូងនៃភាពស្ត្រេស អ្នកនឹងដឹងថារោគសញ្ញាទាំងនេះ គឺជាវិធីមួយដែលរាងកាយព្យាយាមប្រាប់អ្នកឲ្យបន្ថយល្បឿន និងរកវិធីដើម្បីបំបាត់ការស្ត្រេស។ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ចំពោះសញ្ញាទាំងនេះទេ ស្រេ្តស និងជំងឺថប់បារម្ភរបស់អ្នកអាចបន្តកើតឡើង និងបណ្តាលឲ្យមានការរំខានយ៉ាងធ្ងន់ធ្ងរលើផ្លូវចិត្ត ផ្លូវកាយ ការសិក្សានិងសង្គម។ ស្ត្រេសអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នក សមត្ថភាពក្នុងការប្រមូលផ្តុំស្មារតី ឬការប្រាស្រ័យទាក់ទង ហើយវាអាចមានផលប៉ះពាល់អវិជ្ជមានដល់ប្រព័ន្ធភាពស៊ាំរបស់អ្នកដែលធ្វើឲ្យអ្នកងាយនឹងមានជំងឺ។ អ្វីដែលជាដំណឹងល្អនោះ គឺថា…អ្នកអាចការពារខ្លួនអ្នកបានដោយដឹងពីសញ្ញា និងរោគសញ្ញានៃស្ត្រេស និងការចាត់វិធានការ ដើម្បីកាត់បន្ថយផលប៉ះពាល់របស់វា។ ភាពខុសគ្នារវាងជំងឺថប់បារម្ភ និងស្ត្រេស ស្ត្រេស គឺជាភាពប្រក្រតីនៃការឆ្លើយតបខាងរាងកាយដែលអ្នកមាន នៅពេលអ្នកប្រឈមមុខនឹងបញ្ហាមួយ។ ជំងឺថប់បារម្ភ គឺជាការបញ្ចូលគ្នានៃលក្ខខណ្ឌផ្សេងៗ និងមានភាពស្រដៀងគ្នាទៅនឹងការភ័យខ្លាច។ ជារឿយៗ វាកើតឡើងភ្លាមៗដោយពុំអាចកំណត់ពីមូលហេតុបាន។ ចំពោះមនុស្សមួយចំនួន ការព្រួយបារម្ភ និងការថប់បារម្ភអាចនឹងក្លាយទៅជាបញ្ហាដ៏ធំធេង និងរំខានដល់គុណភាពនៃជីវិតរបស់ពួកគេ។ ការព្រួយបារម្ភច្រើនហួសប្រមាណ និងយូរអង្វែងអាចបង្ហាញពីជំងឺថប់បារម្ភ ហើយវានឹងទាមទារឲ្យមានការការព្យាបាលខុសៗគ្នា។ ផលប៉ះពាល់ទូទៅនៃការស្ត្រេស ស្ត្រេសអាចប៉ះពាល់ដល់គ្រប់ទិដ្ឋភាពនៃជីវិតរបស់យើង។ អ្នកអាចមានរោគសញ្ញាផ្នែកផ្លូវចិត្ត ផ្នែកឥរិយាបថ ផ្នែករាងកាយ និងផ្នែកអារម្មណ៍។ ខណៈពេលដែលរោគសញ្ញាទាំងនេះជាទូទៅច្រើនកើតមានក្នុងពេលដែលស្ត្រេស ប៉ុន្តែចំពោះអ្នកដែលមានជំងឺថប់បារម្ភអាចនឹងជួបប្រទះបញ្ហាទាំងនេះទោះបីជាគ្មានវត្តមានស្ត្រេសក៏ដោយ។ ទៅលើរាងកាយរបស់អ្នក៖ ឈឺក្បាល ឈឺសាច់ដុំ ឈឺទ្រូង អស់កម្លាំង ការផ្លាស់ប្តូរចំណង់ផ្លូវភេទ ឈឺក្រពះ បញ្ហានៃការគេង ឈឺជាញឹកញាប់។ ទៅលើអារម្មណ៍របស់អ្នក៖ ថប់បារម្ភ ការនៅមិនស្ងៀម ខ្វះការលើកទឹកចិត្ត ឬការផ្តោតអារម្មណ៍ ឆាប់ខឹង ភាពក្រៀមក្រំ ឬការធ្លាក់ទឹកចិត្ត ភ្លេចច្រើន អារម្មណ៍គ្មានសុវត្ថិភាព។ ទៅលើអាកប្បកិរិយារបស់អ្នក៖ ញ៉ាំច្រើន ឬមិនឃ្លាន ភាពងាយនឹងផ្ទុះកំហឹង ការប្រើប្រាស់គ្រឿងញៀនឬគ្រឿងស្រវឹង ការផ្ដាច់ខ្លួនពីសង្គម ការដេកច្រើនពេកឬតិចពេក មានបញ្ហាផ្នែកទំនាក់ទំនង ការយំចំពោះរឿងបន្តិចបន្តួច(ព្រោះពួកគេមិនអាចគ្រប់គ្រងខ្លួនឯងបាន) ការគេចវេសឬការព្យាយាមពន្យាពេលមិនព្រមធ្វើអ្វីមួយ។ វិធីគ្រប់គ្រងការស្ត្រេស ការគ្រប់គ្រងស្ត្រេស គឺជាជំនាញដ៏សំខាន់មួយ ហើយវាគឺមានតម្លៃក្នុងការចំណាយពេលវេលា ដើម្បីរកវិធីបន្ថយស្ត្រេសដែលល្អបំផុតសម្រាប់អ្នក។ ការយកចិត្តទុកដាក់លើគំនិត និងរាងកាយរបស់អ្នកអាចជួយអ្នកក្នុងការគ្រប់គ្រងកម្រិតស្ត្រេសរបស់អ្នក និងជួយអោយអ្នកមានម្ចាស់ការលើខ្លួនឯង។ ខាងក្រោមនេះ គឺជាការផ្តល់យោបល់មួយចំនួន៖ • ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ • បរិភោគអាហារដែលល្អសម្រាប់សុខភាព (ស្ករ និងអាហារកែច្នៃអាចធ្វើឲ្យស្ត្រេសកាន់តែអាក្រក់) • ហាត់ប្រាណឲ្យបានទៀងទាត់ អ្នកគួរធ្វើនូវការហាត់ប្រាណណាដែលអ្នកចូលចិត្តដែលអនុញ្ញាតឲ្យអ្នកបញ្ចេញភាពតានតឹងបាន • រៀនពីបច្ចេកទេសដកដង្ហើម ដើម្បីបំបាត់ភាពតានតឹង • យកចិត្តទុកដាក់លើគំនិតអវិជ្ជមានរបស់អ្នក • ការសមាធិ • រកទីកន្លែងស្ងប់ស្ងាត់ ដើម្បីសិក្សា • អនុវត្តការនិយាយថា «ទេ» ចំពោះស្ថានភាព និងអ្នកដែលបន្ថែមភាពស្ត្រេសទៅលើជីវិតរបស់អ្នក • ម៉ាស្សា • និយាយជាមួយមិត្តភក្តិ ឬនរណាម្នាក់ដែលអ្នកទុកចិត្ត • កំណត់ការទទួលជាតិកាហ្វេអ៊ីនរបស់អ្នក • ជៀសវាងការប្រើគ្រឿងស្រវឹង ឬគ្រឿងញៀនដទៃទៀត ដើម្បីកាត់បន្ថយភាពស្ត្រេសរបស់អ្នក • គ្រប់គ្រងពេលវេលា និងថាមពលរបស់អ្នក។ អ្នកអាចផ្តល់អាទិភាពការងារដែលអ្នកត្រូវធ្វើដោយមិនត្រឹមតែផ្អែកលើពេលវេលានោះទេ អ្នកត្រូវគិតពីថាមពលរបស់អ្នកសម្រាប់ភារកិច្ចនោះដែរ។ • សើច! មើលភាពយន្តកំប្លែង ឬព្យាយាមសាកល្បងLaugh Yoga។ • ចំណាយពេលវេលា ដើម្បីសំរាកលំហែកាយ ភាពសប្បាយ និងធ្វើអ្វីដែលជាចំណូលចិត្តរបស់អ្នក។  ការទទួលយកជំនួយ មនុស្សភាគច្រើនតែងតែមានអារម្មណ៍ថាពួកគេអាចមានលទ្ធភាពដោះស្រាយអ្វីគ្រប់យ៉ាង។ ប្រសិនបើការព្រួយបារម្ភ និងស្ត្រេសហួសកម្រិតអាចជះឥទ្ធិពលដល់គុណភាពនៃជីវិតរបស់អ្នក នោះវាគឺជាពេលដែលត្រូវទទួលយកជំនួយហើយ។ គ្រូពេទ្យផ្នែកសុខភាពផ្លូវចិត្តអាចផ្ដល់នូវជម្រើសនៃការព្យាបាលផ្សេងៗដែលអាចជួយអ្នកឲ្យមានការធូរស្បើយ។ វាមានឯកសារជាច្រើនដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីរបៀបដែលស្ត្រេស និងការថប់បារម្ភអាចប៉ះពាល់ដល់អ្នក។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

   កិច្ចការងារមួយដែលនឹងសម្រេចទៅបានដោយជោគជ័យ ទាមទារជាចាំបាច់នូវការប្រមូលផ្តុំស្មារតីក្នុងការប្រកបការងារឲ្យមូល   ប៉ុន្តែវាមិនងាយដូចជាមាត់និយាយនោះទេ  ព្រោះថានៅជុំវិញខ្លួនមនុស្សយើងរាល់ថ្ងៃនេះ គឺពោរពេញទៅដោយកត្តាផ្សេងៗជាច្រើន ជាពិសេសសំឡេងរំខានដែលចាប់ទាញចំណាប់អារម្មណ៍របស់យើង ជាហេតុនាំឲ្យបែកអារម្មណ៍។   សម្រាប់អ្នកដែលមានការប្តេជ្ញាចិត្តមុតមាំ និងស្មារតីខ្ពស់ វាអាចនឹងជារឿងមួយងាយស្រួលសម្រាប់ពួកគេក្នុងការរក្សាស្មារតីឲ្យនៅមូលនឹងការងារ។ ចំណែកឯអ្នកដែលងាយនឹងត្រូវទទួលរងការរំខានវិញ វាប្រហែលជាកិច្ចការមួយពិបាកបន្តិច តែសូមកុំព្រួយបារម្ភអ្វី...សូមសាកល្បងធ្វើតាមគន្លឹះ១១យ៉ាងខាងក្រោមនេះ...   ១.បិទរាល់ឧបករណ៍ដែលបង្កសំឡេងរំខាន  មជ្ឈដ្ឋាននៅជុំវិញខ្លួនជាកត្តាសំខាន់បំផុត វាមានឥទ្ធិពលជាងគេទៅលើស្មារតីរបស់យើងម្នាក់ៗ ហេតុដូច្នេះហើយ ធ្វើយ៉ាងណាបរិយាកាសដែលអ្នកប្រកបកិច្ចការ ជាបរិយាកាសដែលស្ងប់ស្ងាត់ដោយមិនមានសំឡេងរំខានពីទូរទស្សន៍ វិទ្យុ ឬឧបករណ៍តន្រ្តីផ្សេងៗ។   ២.សរសេរ «អារម្មណ៍ស្ងប់» ហើយដាក់នៅជិតខ្លួន  សរសេរបែបនេះ ហើយដាក់ក្រដាសនោះនៅកន្លែងណាដែលងាយនឹងមើលឃើញជាងគេ។ រាល់ពេលដែលអ្នកក្រឡេកឃើញវា អ្នកត្រូវទម្លាក់ស្មាចុះ ដោយប្រាកដថាមាត់មិនមានទំពារអ្វី ហើយរក្សាការគិតឲ្យស្ងប់។   ៣.រៀបចំកន្លែងឲ្យមានសណ្តាប់ធ្នាប់ អ្វីដែលអ្នកមិនគួរមើលរំលង គឺការរៀបចំកន្លែងដែលអ្នកអង្គុយធ្វើការ។ សណ្តាប់ធ្នាប់ពីបរិយាកាសខាងក្រៅមាននាទីយ៉ាងសំខាន់ក្នុងការជួយបុគ្គលម្នាក់ៗឲ្យប្រមូលផ្តុំអារម្មណ៍ ដូច្នេះហើយ ត្រូវរៀបចំទីកន្លែងទាំងនោះឲ្យមានភាពទាក់ទាញ សណ្តាប់ធ្នាប់ ហើយអ្វីដែលមិនអាចខ្វះបាន គឺពន្លឺគ្រប់គ្រាន់។   ៤.កាត់បន្ថយការធ្វើកិច្ចការច្រើនក្នុងពេលតែមួយ កុំទម្លាប់ជឿជាក់ថា មនុស្សដែលឆ្លៀតធ្វើកិច្ចការងារច្រើនយ៉ាងក្នុងពេលតែមួយចំណេញឲ្យសោះ ថ្វីត្បិតថាអ្នកបានចំណេញពេលវេលាពិតមែន តែប្រសិទ្ធភាព និងគុណភាពនៃលទ្ធ-ផលការងារមិនដូចចិត្តឡើយ។ ដូចនេះហើយ អ្នកគួរចៀសវាងការធ្វើសកម្មភាពពីរក្នុងពេលតែមួយដូចជា កុំនិយាយទូរស័ព្ទស្របពេលលាងចាន ឬពិនិត្យអ៊ីម៉ែលស្របពេលស្តាប់ទូរស័ព្ទ ជាដើម។   ៥.បិទសំឡេងរោទិ៍ចេញពីទូរស័ព្ទ  សំឡេងដែលបន្លឺចេញពីទូរស័ព្ទដៃជាប្រភពដ៏ចម្បងមួយនៃការរំខាន ដែលងាយនឹងកើតឡើងជាងគេ ហើយវាក៏ជាដើមចងដែលធ្វើឲ្យអារម្មណ៍ច្រួលច្រាល និងមួរម៉ៅ។   ៦.ទុកពេលវេលាសម្រាប់ខ្លួនឯង វាជារឿងមួយល្អដែលអ្នកបានរៀបចំបញ្ជីនៃកិច្ចការងារដែលត្រូវធ្វើជាប្រចាំថ្ងៃ  ប៉ុន្តែអ្នកមិនគួរប្រញាប់ធ្វើវាទាំងអស់ក្នុងរយៈពេលមួយថ្ងៃពេញនោះទេ។ ខួរក្បាលមនុស្សក៏មិនខុសពីគ្រឿងអេឡិចត្រូនិចដែរ វាត្រូវការពេលសម្រាកខ្លះ ដើម្បីប្រមូលផ្តុំ ក៏ដូចជាបង្កើនថាមពលឡើងវិញ។   ៧.ប្រើប្រាស់អ៊ីនធឺណែតសម្រាប់តែក្នុងករណីចាំបាច់ អ្នកគួរតែប្រើប្រាស់អ៊ីនធឺណែតសម្រាប់តែការស្រាវជ្រាវរកព័ត៌មានសំខាន់ៗ ឬធ្វើការទំនាក់ទំនងចាំបាច់ប៉ុណ្ណោះ ហើយកុំព្យាយាមការចុចចូលបន្តពីតំណមួយទៅតំណមួយទៀត ឬការរកមើលនេះមើលនោះដោយគ្មានគោលដៅ។   ៨.បិទសារអេឡិចត្រូនិចពេលខ្លះ ប្រសិនបើអ្នកធ្វើការងារច្រើនជាមួយនឹងសារអេឡិចត្រូនិច អ្នកក៏គួរកាត់បន្ថយពេលវេលាខ្លះជាមួយនឹងវា។   ៩.បញ្ឈប់ការរាប់ចំនួន ចៀសវាងការសម្លឹងមើលនាឡិកា កិច្ចសន្យា របាយការណ៍ធនាគារ និងរបស់ផ្សេងៗជាច្រើនទៀតដែលពាក់ព័ន្ធនឹងចំនួន ដើម្បីឲ្យខួរក្បាល និងការគិតរបស់អ្នកបានផ្តោតលើកិច្ចការងារផ្សេងទៀត។   ១០.ធ្វើលំហាត់ប្រាណ វាជាការពិតដែលគេនិយាយតៗគ្នា ការសម្រាកជារឿយៗជួយឲ្យខួរ-ក្បាលស្រឡះល្អ និងអាចប្រមូលផ្តុំស្មារតីបានល្អ  ប៉ុន្តែវាក៏ត្រូវមានកម្រិតផងដែរ។   ១១.កុំផ្តោតតែលើការងារ មិនថាមានការងារសំខាន់ប៉ុណ្ណាត្រូវធ្វើនោះទេ អ្នកក៏ត្រូវមានចន្លោះ ពេលខ្លះសម្រាប់ធ្វើការងារខ្លះដើម្បីខ្លួនឯង ហើយរំដោះខ្លួនពីការខំប្រឹងប្រែងហួសកម្រិតនោះ។ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពការងារ អ្នកគួរមានភាពឆ្លាតវៃក្នុងការផ្លាស់ប្តូរការគិតរបស់ខ្លួនចំពោះរឿងណាដែលសំខាន់ និងមានប្រយោជន៍សម្រាប់ខ្លួន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

អត្រាធ្វើអត្តឃាតចំពោះមនុស្សវ័យក្មេងមានកើនឡើងខ្ពស់ជាងមនុស្សធម្មតា​ ព្រោះពួកគេច្រើនតែរស់នៅជាមួយនឹងបញ្ហាផ្លូវចិត្ត ដូច្នេះ ពួកគេគួរតែដឹង​អំពីរោគសញ្ញាប្រកាសអាសន្នរបស់វា និងអ្វីដែលត្រូវធ្វើ។ លោក ហឿ សេធុល អ្នកឯកទេសពិគ្រោះយោបល់ផ្លូវចិត្ត និងជាអ្នកចិត្តសាស្រ្ត បានផ្តល់កិតិ្តយស ដើម្បីបកស្រាយនូវសញ្ញាទូទៅ និងដំណោះស្រាយចំពោះការធ្វើអត្តឃាតដូចខាងក្រោម៖ អត្តឃាតកម្ម និងវ័យរបស់មនុស្សអាចប្រឈម អត្តឃាតកម្មមានន័យថា គឺជា«ទង្វើទាំងឡាយណាដែលបង្កឲ្យមានគ្រោះថ្នាក់ដល់បុគ្គលខ្លួនឯងដោយចេតនារហូតដល់បាត់បង់អាយុជីវិត ប្រសិនបើមិនមានអន្តរាគមន៍ពីក្រុមគ្រួសារ ឬមិត្តភក្តិ»។ តាមការសិក្សាស្រាវជ្រាវនៅប្រទេសកម្ពុជាយើង គេរកឃើញថា មនុស្សដែលប្រឈមនឹងការធ្វើអត្តឃាត ក្នុងកម្រិតច្រើនជាងគេគឺ​  វ័យមនុស្សជំទង់មានអត្រាច្រើនជាងមនុស្សចាស់។ ប្រសិនបើស្ថិតនៅប្រទេសកំពុងអភិវឌ្ឍមួយចំនួន ដូចជា ប៉ែកអឺរ៉ុប ជាដើម អត្រានៃការធ្វើអត្តឃាតខ្ពស់ភាគច្រើនជាមនុស្សចាស់។​ ដោយឡែក នៅក្នុងបរិបទប្រទេសកម្ពុជាយើងរកឃើញមនុស្សវ័យកណ្តាលចាប់ពីអាយុ ២០ឆ្នាំជាង រហូតដល់អាយុជាង៤០ឆ្នាំជាអត្រាដែលធ្វើអត្តឃាតខ្ពស់។ អាកប្បកិរិយាគួរកត់សម្គាល់នៃការធ្វើអត្តឃាត មនុស្សដែលងាយនឹងមានទំនោរចិត្តធ្វើអត្តឃាតបំផុត គឺមនុស្សដែលមានការធ្លាក់ទឹកចិត្ត នៅពេលរងសម្ពាធផ្នែកផ្លូវចិត្តធ្ងន់ធ្ងរ។ ម៉្យាងទៀត យើងមើលតាមការស្វែងយល់ពីលក្ខណៈនៃការធ្លាក់ទឹកចិត្តរបស់មនុស្សនោះ ដើម្បីឲ្យអាចដឹងថា គាត់មានអាកប្បកិរិយាបែបណាដែលងាយនឹងធ្វើអត្តឃាត។ មនុស្សមានការធ្លាក់ទឹកចិត្ត អាចបណ្តាលមកពីបញ្ហាមួយចំនួនដូចជា មានបញ្ហាទុក្ខកង្វល់អ្វីមួយក្នុងគ្រួសារ ជួបឧបសគ្គមួយធ្ងន់ធ្ងរក្នុងឆាកជីវិត ហើយ ពេលជួនបញ្ហា ដូច្នោះ គឺគាត់បង្ហាញឃើញអាការៈធ្លាក់ទឹកចិត្តមួយចំនួនដូចជា៖ · មានអារម្មណ៍ស្រុតចុះជាមួយនឹងភាពក្រៀមក្រំ សោកសៅ និងបង្ហាញពីភាពអស់សង្ឃឹម ដោយគិតថាជីវិតគ្មានន័យ · ពុំចាប់អារម្មណ៍ ពុំសប្បាយរីករាយនឹងអ្វីដែលខ្លួនធ្លាប់ចូលចិត្ត · ពុំសូវចងចាំបានល្អ ភ្លេចភ្លាំងច្រើន · ចូលចិត្តនៅឯកោ ជួនកាលមិនសូវចាប់អារម្មណ៍ក្នុងការថែទាំខ្លួនប្រាណ · អសកម្មក្នុងការសិក្សា ឬការងារផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ · ករណីធ្ងន់ធ្ងរបំផុតចំពោះអ្នកធ្លាក់ទឹកចិត្ត គឺច្រើនមានអារម្មណ៍ទុទិដ្ឋិនិយម អស់សង្ឃឹមក្នុងជីវិត ហើយប៉ុនប៉ងធ្វើអត្តឃាត។ មនុស្សមានទំនោរអត្តឃាតជាង ៧០%បង្ហាញអាកប្បកិរិយាឲ្យយើងដឹងមុន ដូច្នេះ យើងអាចការពារបានតាមរយៈការបង្ហាញខាងលើនោះ។ ហើយម៉្យាងទៀត គេអាចបង្ហាញឲ្យដឹងតាមរយៈពាក្យសម្តីថ្លោយមកកាន់យើង។ ផលប៉ះពាល់នៃមនុស្សធ្វើអត្តឃាតចំពោះកូនៗ យោងតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា មិនត្រឹមតែការធ្វើអត្តឃាតប៉ុណ្ណោះទេដែលជះឥទ្ធិពលដល់កូនៗ សូម្បីតែអំពើហឹង្សាក្នុងគ្រួសារក៏មានឥទ្ធិពលដែរ។ បើសិនជានៅក្នុងគ្រួសារមានសមាជិកណាម្នាក់ ធ្លាប់ធ្វើអត្តឃាត អ្នកជំនាន់ក្រោយក្នុងគ្រួសារ​ គឺមានទំនោរចិត្តក្នុងការធ្វើអត្តឃាតខ្ពស់។ ចំណុចនេះមិនមែនជាតំណពូជនោះទេ ប៉ុន្តែវាជាគំរូមិនល្អក្នុងគ្រួសារ។ វាហាក់ដូចជា អំពើហឹង្សាក្នុងគ្រួសារដែរ បើសិននៅក្នុងគ្រួសារហ្នឹង មានអ្នកណាម្នាក់ចូលចិត្ត​ ប្រើអំពើហឹង្សាក្នុងគ្រួសារ អ្នកជំនាន់ក្រោយក៏មានទំនោរចិត្តទៅរកអំពើហឹង្សាដែរ។ មូលហេតុនៃការធ្វើអត្តឃាត វាអាស្រ័យទៅលើបរិបទវប្បធម៌នៃប្រទេសនីមួយៗ។ ក្នុងន័យទូលំទូលាយ នៅក្នុងបរិបទប្រទេសមួយចំនួន ដូចជា ប្រទេស ជប៉ុន និងកូរ៉េ អត្រាធ្វើអត្តឃាត​ខ្ពស់ជាងគេក្នុងពិភពលោក ប៉ុន្តែមូលហេតុមានខុសៗគ្នា។ អ្នកដែលធ្វើអត្តឃាតភាគច្រើននៅប្រទេសជប៉ុន និងកូរ៉េ គឹទាក់ទងទៅនឹងកិតិ្តយស មុខមាត់​នៅក្នុងសង្គម មានន័យថាវប្បធម៌នៃប្រទេសទាំងពីរនេះឲ្យតម្លៃទៅលើកិតិ្តយស មុខមាត់ជាធំ។ ប្រសិនបើបានធ្វើអ្វីមួយដែលនាំឲ្យអាប់ឱនខ្លាំងដល់កិត្តិយសគ្រួសារ គេងាយ​នឹងធ្វើអត្តឃាត ដើម្បីបញ្ជាក់ថា គេមានទំនួលខុសត្រូវ។ ដោយឡែក នៅស្រុកខ្មែរយើង អ្នកដែលងាយធ្វើអត្តឃាតភាគច្រើន គឹដោយសារសម្ពាធគ្រួសារ និងកត្តាជីវភាព។ ម៉្យាងទៀត ក្នុងរយៈពេលចុងក្រោយនេះ យើងឃើញថាមានស្ត្រីមួយចំនួន​បានធ្វើអត្តឃាត ដោយសារស្វាមីរបស់ខ្លួនបង្កើតទំនាក់ទំនងស្នេហាជាមួយនារីដទៃ(ផិតក្បត់នាង)។ ប្រតិកម្មផ្លូវចិត្ត នៅពេលឃើញមនុស្សជាទីស្រឡាញ់ធ្វើអត្តឃាត បើយោងតាមបទពិសោធន៍នៃការសិក្សាយោបល់ផ្នែកផ្លូវចិត្ត លោកក៏បានមានប្រសាសន៍បន្ថែមថា «នៅពេលមនុស្សម្នាក់ បានឃើញមនុស្សជាទីស្រឡាញ់​របស់ខ្លួនបានធ្វើអត្តឃាតនៅនឹងមុខ មនុស្សនោះនឹងប្រឈមមុខការប៉ះពាល់ផ្លូវចិត្ត»។ ការប៉ះពាល់ផ្លូវចិត្ត អាចធ្វើឲ្យគាត់មានអារម្មណ៍បាក់ស្បាតទៅជាខ្លាច ទៅជាភ័យ។​​ ម៉្យាងទៀត គាត់ក៏អាចមានអារម្មណ៍សោកសង្រែង មានអារម្មណ៍ថាបាត់បង់អ្វីគ្រប់យ៉ាង ក្នុងជីវិតរបស់គាត់ ក៏ចាប់ផ្តើមដកថយក្នុងសង្គម៕ អត្ថបទដោយ៖​ ​លោក ​ហឿ សេថុល អ្នកឯកទេស ពិគ្រោះយោបល់ផ្លូវចិត្ត និងជាអ្នកចិត្តសាស្ត្រ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

អ្វីជាជំងឺធ្លាក់ទឹកចិត្ត? - បុគ្គលគ្រប់រូបតែងតែមានអារម្មណ៍ស្រងូតស្រងាត់ ឬធ្លាក់ទឹកចិត្តក្នុងឱកាសណាមួយនៃដំណើរជីវិតរស់នៅ ប្រចាំថ្ងៃរបស់ពួកគេ ក៏ប៉ុន្តែសភាពបែបនេះនឹងបាត់ទៅវិញតែប៉ុន្មានថ្ងៃក្រោយមក។ នេះគ្រាន់តែជាប្រត្តិកម្មធម្មតា ប៉ុណ្ណោះ។ - ផ្ទុយទៅវិញ ជំងឺធ្លាក់ទឹកចិត្ត ជាជំងឺធ្ងន់ធ្ងរទាំងក្នុងផ្នែកវេជ្ជសាស្រ្ត និងចិត្តសាស្រ្ត។ វាមានរយ:ពេលយូរជាង ធម្មតា និងប៉ះពាល់ដល់អារម្មណ៍ ការគិត ដំណេក អាកប្បកិរិយា តួនាទីមុខងារក្នុងសង្គម​ និងជីវិតរស់នៅប្រចាំថ្ងៃរបស់ លោកអ្នក។ អ្វីខ្លះជារោគសញ្ញាជំងឺធ្លាក់ទឹកចិត្ត? អាការ:រាងកាយ - អស់កម្លាំងល្ហិតល្ហៃស្ទើរគ្រប់ពេលវេលា - វិបត្តិដំណេក ញុំាពុំបាន ស្រកទំងន់ - ឈឺក្បាល ឈឺចុកចាប់សាច់ដុំស្ទើរតែពេញខ្លួនប្រាណ - ឈឺចុកផ្សាលើចុងដង្ហើម ទល់លាមក - រដូវមិនទៀងទាត់។ អាការ:ផ្លូវចិត្ត - មានអារម្មណ៍ស្រងូតស្រងាត់ ឬធ្លាក់ទឹកចិត្តស្ទើររាល់ថ្ងៃ - បាត់ការចាប់អារម្មណ៍ និងសប្បាយស្ទើរគ្រប់សកម្មភាពក្នុងជីវិតរស់នៅប្រចាំថ្ងៃ - គ្មានទំនុកចិត្តលើខ្លួនឯង ពិបាកក្នុងការសម្រេចចិត្ត - ស្តីបន្ទោសខ្លួនឯង មានគំនិតមិនចង់រស់ ឬធ្លាប់ធ្វើសកម្មភាពសម្លាប់ខ្លួនម្តង ឬច្រើនដងរួចមកហើយ(អត្តឃាត)។ ការគិត - អ្វីៗជាកំហុសខ្ញុំទាំងអស់ - គ្មានអ្វីល្អសម្រាប់រូបខ្ញុំទេនៅលើលោកនេះ - ជីវិតខ្ញុំគ្មានន័យអ្វីទាំងអស់ - ខ្ញុំមិនចង់រស់។ អាកប្បកិរិយា - គ្មានចំណង់ចង់ចេញក្រៅ ឬធ្វើការ - ដកខ្លួនចេញពីគ្រួសារ មិត្តភក្តិ និងសង្គម - ឈានទៅរកការផឹកស្រា​ សេពគ្រឿងញៀន និងការប្រើប្រាស់ថ្នាំងងុយគេងដោយគ្មានវេជ្ជបញ្ជា។ ជំងឺធ្លាក់ទឹកចិត្តឃើញមានច្រើនដែរឬទេ? - ជំងឺធ្លាក់ទឹកចិត្ត គេសង្កេតឃើញស្រ្តីភេទមានពីរដងច្រើនជាងបុរស អាចមានទាំងកុមារ វ័យជំទង់ មនុស្សពេញ វ័យ និងមនុស្សចាស់។ ជំងឺធ្លាក់ទឹកចិត្តមាន បីកម្រិត ៖ ស្រាល មធ្យម និងធ្ងន់ធ្ងរ។ មូលហេតុនាំឲ្យកើតមានជំងឺធ្លាក់ទឹកចិត្ត - បញ្ហាគ្រួសារ សង្គម - ការខកចិត្ត សោកស្តាយ​ ការបាត់បង់អ្នកជាទីស្រឡាញ់ - បម្រែបម្រួលសារធាតុគីមីខាងក្នុងខ្លួន - ជំងឺផ្លូវកាយមួយចំនួន - ឱសថព្យាបាលមួយចំនួន - ការសេពសុរា គ្រឿងញៀន ការព្យាបាល - ការព្យាបាលដោយប្រើឱសថប្រឆាំងនឹងធ្លាក់ទឹកចិត្ត - ការព្យាបាលតាមបែបពុទ្ធិ អាកប្បកិរិយា - ការគាំទ្រផ្លូវចិត្ត ផ្តល់ប្រឹក្សា - លំហាត់ប្រាណ និងសំរាយកាយ ចិត្ត - ការធ្វើរបបអាហារឲ្យមានតុល្យភាព ការការពារ - ការប្រើប្រាស់បំណិនជីវិតក្នុងការដោះស្រាយ គេច កែប្រែ និងសម្របទៅនឹងស្ថានភាពតានតឹងក្នុងចិត្តដែលជួបប្រទះស្ទើរតែរាល់ថ្ងៃ​ ក្នុងជីវិតរស់នៅ។ - បញ្ឈប់ការសេពគ្រឿងស្រវឹង និងគ្រឿងញៀន - អនុវត្តតាមវេជ្ជបញ្ជាដោយពិសាថ្នាំឲ្យបានទៀងទាត់ - ផ្តល់ព័ត៌មានដល់គ្រូពេទ្យជាបន្ទាន់ ក្នុងករណីថ្នាំមានផលវិបាក។ អ្នកជំងឺ និងក្រុមគ្រួសារអ្នកត្រូវសហការជាមួយក្រុមគ្រូពេទ្យ ដើម្បីរៀនសូត្រអំពី ថាអ្វីទៅជាជំងឺធ្លាក់ទឹកចិត្ត?

ចែករំលែក

អ្វីទៅជាជំងឺថប់បារម្ភ? អ្នកតែងតែមានការថប់បារម្ភជាញយដង ក្នុងពេលវេលាណាមួយនៃជីវិតរស់នៅរបស់អ្នក ដូចជាសមាជិកណា ម្នាក់ក្នុងគ្រួសារមានជម្ងឺដង្កាត់ ឬក៏អ្នកត្រៀមខ្លួនបង្តើតមុខជំនួញអ្វីមួយ ប៉ុន្តែទាំងនេះ គ្រាន់តែជាលក្ខណ:ធម្មតា ប៉ុណ្ណោះ។ ជំងឺថប់បារម្ភមានសភាពខ្លាំងក្លាជាងនេះទៅទៀត មានរយ:ពេលយូរ និងប៉ះពាល់ដល់តួនាទី មុខងារ និងជីវិត ប្រចាំថ្ងៃរបស់អ្នក។ អ្វីខ្លះជារោគសញ្ញានៃជំងឺថប់បារម្ភ? 1. រោគសញ្ញាស្តែងមាននៅលើរាងកាយ ▪ បេះដូងដើរញាប់ ចង្វាក់ដង្ហើមខ្លីៗ ▪ វិលមុខ ស្រវាំងភ្នែក រោយកញ្ចឹងក ▪ ស្ងួតមាត់ ▪ បែកញើសហួសប្រមាណ ▪ ត្រជាក់ចុងដៃ ជើង ▪ រសេះរសោះ អស់កំលាំងល្ហិតល្ហៃ ▪ ចុកចាប់ តឹងណែនសាច់ដុំ ▪ ចង្អោរ ក្អួត ▪ នោមញឹក ▪ ឧស្សាហ៍កោសខ្យល់ ▪ ស្រឺត ▪ ពិបាកគេង គេងមិនលក់ 2. រោគសញ្ញាស្តែងមានលើផ្លូវចិត្ត ▪ ព្រួយបារម្ភ ភ័យខ្លាចគ្មានហេតុផល ▪ ភ័យខ្លាចស្លាប់ដោយគាំងបេះដូង ▪ អន្ទះសារពិបាកក្នុងការរង់ចាំ ▪ ពិបាកក្នុងការផ្ចង់អារម្មណ៍ ▪ មិនហ៊ានធ្វើដំណើរ ឬនៅតែឯង។ ជំងឺថប់បារម្ភឃើញមានច្រើនដែរឬទេ? ជំងឺថប់បារម្ភមានច្រើនជាងគេបង្អស់ក្នុងចំណោមជំងឺផ្លូវចិត្តឯទៀតៗ និងឃើញច្រើនលើស្រ្តី ភេទ។   មូលហេតុអ្វីខ្លះដែលនាំឲ្យមានជំងឺថប់បារម្ភ? ការទទួលបទពិសោធន៍អាក្រក់ម្តងហើយម្តងទៀតពីអតីតកាលដូចជា ការគំរាមសម្លាប់ ភ្លើងឆេះផ្ទះ សង្គ្រាម ការបែកបាក់ ករណីខ្លះមូលហេតុពុំមានលក្ខណ:ច្បាស់លាស់។   ➢ ការព្យាបាល ▪ ការព្យាបាលតាមបែបចិត្តសាស្រ្ត ▪ ការព្យាបាលដោយឱសថប្រឆាំងនឹងជំងឺថប់បារម្ភ ▪ ការសម្រាកកាយចិត្ត ▪ ការកំសាន្តនៅទីកន្លែង ឬការធ្វើសកម្មភាពដែលអ្នកពេញចិត្ត។ ➢ ការការពារ ▪ ប្រើប្រាស់បំណិនជីវិតក្នុងការដោះស្រាយ គេច កែប្រែ និងសំរបទៅនឹងស្ថានភាពតានតឹងក្នុង ចិត្តដែលជួបប្រទះស្ទើរតែរាល់ថ្ងៃ ក្នុងជីវិតរស់នៅ។ ▪ បញ្ឈប់ការសេពគ្រឿងញៀន និងគ្រឿងញៀន ▪ អនុវត្តន៍តាមវេជ្ជបញ្ជាដោយពិសារថ្នាំអោយបានទៀងទាត់ ▪ ផ្តល់ព័ត៌មានដល់គ្រូពេទ្យជាបន្ទាន់ក្នុងករណីថ្នាំមានផលវិបាក ▪ អ្នកជំងឺ និងក្រុមគ្រួសារអ្នកជម្ងឺត្រូវសហការណ៍ជាមួយគ្រូពេទ្យដើម្បីរៀនសូត្រអំពី ថាអ្វីទៅជាជំងឺថប់បារម្ភ?

ចែករំលែក

យ៉ាងហោចណាស់មានម្នាក់ក្នុងចំណោមយើងរាល់គ្នាដែលបានរងសម្ពាធពីបញ្ហាសតិអារម្មណ៍។ ក្រៅពីការទទួលស្គាល់នូវបញ្ហារបស់ពួកគេ អាការៈបែបនេះត្រូវបានចាត់ទុកថាមិនប្រក្រតី និងគួរឲ្យខ្មាសគេ ការស្រាវជ្រាវថ្មីមួយ ហើយក៏ដូចជាការស្រាវជ្រាវដទៃទៀតនៅជុំវិញពិភពលោកបានបង្ហាញថា «មនុស្សស្ទើរតែគ្រប់រូបនឹងមានជំងឺផ្លូវចិត្តយ៉ាងតិចមួយក្នុងជីវិតរបស់ពួកគេ» ដែលភាគច្រើនមិនបានទទួលយកការព្យាបាលទេ បន្ទាប់មកការទំនាក់ទំនង ការបំពេញការងារ និងភាពរីករាយនឹងជីវិតរបស់ពួកគេនឹងរងការប៉ះពាល់ជាមិនខាន។ ទន្ទឹមនឹងនេះ ក៏មានមនុស្សមួយចំនួនតូចដែលមិនមានបញ្ហាផ្លូវចិត្តសោះ ហើយពួកគេអាចនឹងចូលរួមផ្ដល់ជាការសិក្សាថ្មីមួយដែលអនុញ្ញាតឲ្យក្រុមអ្នកស្រាវជ្រាវផ្នែកចិត្តសាស្ត្រអាចស្វែងយល់ថាអ្វីទៅដែលធ្វើឲ្យមានភាពមិនប្រក្រតី ការជំនះនៃបញ្ហា និងធ្វើយ៉ាងណា ដើម្បីចៀសវាងពីបញ្ហាសុខភាពផ្លូវចិត្ត។ អ្នកឯកទេសផ្នែកអេពីដេមីសាស្ត្របានដឹងជាយូរមកហើយថាមានមនុស្សប្រហែលជា ២០ទៅ២៥% បានរងគ្រោះដោយសារជំងឺផ្លូវចិត្តនេះមានន័យថាពួកគេធ្លាប់មានបញ្ហាផ្លូវចិត្តក្នុងកម្រិតមួយដែលអាចនឹងប៉ះពាល់ដល់ការ សិក្សា ការបំពេញការងារ និងការប្រាស្រ័យទាក់ទងរបស់ពួកគេ។   ការសិក្សាថ្មីដែលបានបោះពុម្ពផ្សាយកាលពីដើមឆ្នាំនេះក្នុងទស្សនាវដ្តី The Journal of Abnormal Psychology (ដែលឈ្មោះរបស់ទស្សនាវដ្តីនេះមានន័យថាការយល់ដឹងពីជំងឺផ្លូវចិត្តមិនធម្មតា) បានប្រើវិធីសាស្ត្រផ្សេងគ្នាដើម្បីប៉ាន់ស្មានពីភាពធ្ងន់ធ្ងរនៃជំងឺ។ ជំនួសឲ្យការសួរនាំពីរឿងកាលពីអតីតកាល យើងបែរមកធ្វើការតាមដានទៅលើប្រជាជននូវែលសែឡង់មួយជំនាន់ដែលបានកើតក្នុងទីក្រុងដូចគ្នាចាប់តាំងពីពេលចាប់កំណើតរហូតដល់ពាក់កណ្ដាលជីវិត។ យើងបានធ្វើការសិក្សាស៊ីជម្រៅរៀងរាល់ពីរទៅបីឆ្នាំម្ដង ដើម្បីប្រមូលយកភស្តុតាងនៃជំងឺផ្លូវចិត្តដែលបានកើតឡើងក្នុងអំឡុងពេលនៃការតាមដាន ហើយបានរកឃើញថាប្រសិនបើអ្នកតាមដានពួកគេ និងពិនិត្យយ៉ាងទៀងទាត់ដោយប្រើវិធីសាស្ត្រសាមញ្ញ និងផ្អែកលើភស្តុតាងនោះភាគរយនៃមនុស្សដែលវិវឌ្ឍជាមានជំងឺផ្លូវចិត្តនៅក្នុងដំណាក់កាលណាមួយក្នុងជីវិតរបស់ពួកគេនឹងឡើងដល់ទៅ៨០%។   ក្នុងការស្រាវជ្រាវរបស់យើង មានត្រឹមតែ ១៧%នៃក្រុមអ្នកចូលរួមក្នុងការស្រាវជ្រាវនេះប៉ុណ្ណោះដែលមិនមានជំងឺផ្លូវចិត្តហើយពួកគេស្ថិតនៅក្នុងវ័យកណ្ដាល។ ដោយសារតែយើងមិនអាចធ្វើឲ្យប្រាកដថាពួកគេនៅតែមិនមានបញ្ហាផ្លូវចិត្តក្នុងអំឡុងពេលនៃការសិក្សា ដូចនេះសមាមាត្រពិតប្រាកដនៃអ្នកដែលមិនធ្លាប់មានជំងឺផ្លូវចិត្តអាចមានតូចជាងនេះទៅទៀត។ និយាយម្យ៉ាងទៀតគឺថាការស្រាវជ្រាវរបស់យើងបានបង្ហាញថា «អ្នកទំនងជាមានជំងឺផ្លូវចិត្តច្រើនជាងកាលដែលអ្នកអាចនឹងមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង ឬជំងឺមហារីកទៅទៀត»។ ការរកឃើញទាំងនេះត្រូវបានបញ្ជាក់ដោយទិន្នន័យដែលបានពីក្រុមមនុស្សស្រដៀងគ្នាផ្សេងទៀតនៅក្នុងប្រទេសនូវែលសេឡង់ស្វ៊ីស និងសហរដ្ឋអាមេរិក។   ការស្រាវជ្រាវថ្មីបំផុតបានបង្ហាញថា «ប្រសិនបើអ្នកធ្លាប់វិវឌ្ឍទៅជាមានជំងឺផ្លូវចិត្តនោះ អ្នកនឹងត្រូវបានសន្មតថានឹងមានវាអស់មួយជីវិត» គឺមិនពិតទេ។   លោក John Horwood អ្នកឯកទេសផ្នែកអេពីដេមីសាស្ត្រនៃជំងឺផ្លូវចិត្ត និងជាប្រធាននៃ Christchurch Health and Development Study ក្នុងប្រទេសនូវែលសេឡង់ បាននិយាយថា «សមាសធាតុសំខាន់នៃអ្វីដែលយើងពណ៌នាថាជា “Disorder” គឺជាទូទៅកើតមានក្នុងរយៈពេលខ្លី មិនសូវធ្ងន់ធ្ងរ ឬមានកម្រិត។» Horwood បានរកឃើញថាជិត ៨៥%នៃសមាជិកដែលចូលរួមក្នុងការសិក្សារបស់ Christchurch អាចនឹងមានជំងឺផ្លូវចិត្តនៅពាក់កណ្តាលជីវិតរបស់ពួកគេ។ នេះប្រហែលជាសារមួយដែលមានប្រយោជន៍ក្នុងការផ្សព្វផ្សាយ។   យោងទៅតាមលោក Jason Siegel ដែលលោកជាសាស្ត្រាចារ្យផ្នែកចិត្តសាស្ត្រសង្គមនៃសាកលវិទ្យាល័យ Claremont Graduate បាននិយាយថា មនុស្សមានទំនោរក្នុងយកចិត្តទុកដាក់និងជួយមិត្តភក្តិ ឬអ្នករួមការងាររបស់ពួកគេនៅពេលដែលពួកគេជឿថាបញ្ហាសុខភាពទាំងនោះ គឺគ្រាន់តែជាបញ្ហាបណ្ដោះអាសន្ន។ រីឯអ្នកដែលមានបញ្ហាផ្លូវចិត្តវិញត្រូវការការគាំទ្រនិងលើកទឹកចិត្តព្រោះថាទោះបីជាជំងឺរបស់ពួកគេកើតមានតែក្នុងរយៈពេលខ្លីក៏ដោយ ក៏អាចបំផ្លាញដល់ជីវិតរបស់ពួកគេដែរ។ លោក Horwood បាននិយាយថា ដើម្បីអាចចាត់ទុកថាជា Disorder បាន «បុគ្គលម្នាក់ជាទូទៅត្រូវតែមានរោគសញ្ញាមួយស្របតាមលក្ខខ័ណ្ឌដែលបានកំណត់យ៉ាងម៉ត់ចត់គឺវាចាំបាច់ត្រូវមានការខូចខាតនៃមុខងាររបស់រាងកាយ។»    លោក Paul Gionfriddo ប្រធាននៃ Mental Health America បានបញ្ចេញយោបល់ថា «រូបលោកមិនមាន ការភ្ញាក់ផ្អើលទេ ចំពោះការរកឃើញនេះ»។ អង្គការរបស់លោកបានចាត់ទុកថាជំងឺផ្លូវចិត្ត គឺជារឿងធម្មតា ប៉ុន្តែវាមិនមែនកើតមានរហូតទេ។ កាលពី ៣ឆ្នាំមុនអង្គការរបស់លោកបានដំណើរការកម្មវិធីមួយលើប្រព័ន្ធអ៊ីនធើណែតដែលអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាធ្វើការពិនិត្យរកមើលជំងឺផ្លូវចិត្តដោយខ្លួនឯង។  ចាប់ពីពេលនោះមកមានមនុស្សច្រើនជាង ២លាននាក់បានប្រើកម្មវិធីនោះ និងមានមនុស្សច្រើនជាង ៣០០០នាក់ក្នុងមួយថ្ងៃបានចុះឈ្មោះជាមួយកម្មវិធីនេះដើម្បីទទួលបានប្រយោជន៍ពីការព្យាបាល។ លោកបាននិយាយថា «នៅពេលដែលយើងបានទទួលស្គាល់សារៈសំខាន់នៃការធ្វើអន្តរាគមន៍ឲ្យបានឆាប់រហ័សចំពោះជំងឺមហារីក ជំងឺទឹកនោមផ្អែម ឬជំងឺបេះដូង ចុះហេតុអ្វីបានជាយើងនិយាយថាបញ្ហាសុខភាពផ្លូវចិត្ត គឺមិនមានអីទេ ហើយមិនចាំបាច់មានធ្វើការពិនិត្យ និងព្យាបាលឲ្យបានឆាប់រហ័សទេ?»    ផលវិបាកមួយទៀត គឺមកពីបុគ្គលដែលមិនធ្លាប់កើតមានជំងឺផ្លូវចិត្ត គឺជាក្រុមមនុស្សដែលយើងហៅថា «សុខភាពផ្លូវចិត្តយូរអង្វែង»។ ពួកគេទាំងនេះអាចមានសមភាពនៃសុខភាពផ្លូវចិត្តអស់មួយជីវិតហើយពួកគេអាចគ្រប់គ្រងសុខភាពផ្លូវចិត្តរបស់ពួកគេបានល្អជាងអ្វីដែលយើងរំពឹងទុកទៅទៀត។ វាអាចទៅរួចក្នុងការសិក្សាអំពីភាពខ្លាំង និងមានសុខភាពល្អនៃផ្លូវចិត្តដើម្បីផ្ដល់ជាការយល់ដឹងពីរបៀបដែលយើងអាចជួយមនុស្សកាន់តែច្រើនឲ្យរីករាយនឹងជីវិតរបស់ពួកគេ។ នៅក្នុងប្រទេសនូវែលសេឡង់ យើងបានរកឃើញថាអ្នកដែលមានសុខភាពផ្លវចិត្តយូរអង្វែង គឺមានចំណុច ២ដូចគ្នា៖ ទីមួយ គឺពួកគេពុំមានប្រវត្តិគ្រួសារដែលមានជំងឺផ្លូវចិត្ត និងទីពីរគឺពួកគេមានបុគ្គលិកលក្ខណៈមួយដែលយើងហៅថា “Advantageous Personalities”។   ការណែនាំដ៏សំខាន់ចុងក្រោយនៃការស្រាវជ្រាវថ្មីនេះគឺការព្រួយបារម្ភពីសុខភាពផ្លូវចិត្ត ដូច្នេះយើងគួរតែចាប់ផ្ដើមចាត់ទុកជំងឺផ្លូវចិត្តមានសារៈសំខាន់ដូចជាការបាក់ឆ្អឹង ការមានគ្រួសក្នុងតម្រងនោម ឬជំងឺផ្ដាសាយអីចឹងដែរ ព្រោះថាវាជាផ្នែកមួយដែលអាចកើតមាននិងបំផ្លាញជីវិតដូចគ្នា។ ការទទួលស្គាល់ជាលក្ខណៈសកលបែបនេះអាចឲ្យយើងមានធនធានគ្រប់គ្រាន់ ដើម្បីពិនិត្យមើល ព្យាបាល និងបង្ការជំងឺផ្លូវចិត្តនេះបាន។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។ 

ចែករំលែក

អ្នកប្រាកដជាបានលឺព័ត៌មានថ្មីៗនេះហើយអំពីការស្លាប់របស់តារាចម្រៀងដ៏ល្បីមួយរូប Chester Bennigton សមាជិកមួយនៃក្រុមតន្រ្តីLinkin Park ដែលគាត់ក៏ជាអាយដុលមួយរូបរបស់ខ្ញុំដែរ…ស្តាយណាស់!!!ចាប់ពីពេលនេះទៅ…លែងបានលឺសម្លេងផ្ទាល់របស់គាត់ទៀតហើយ នៅឡើយតែសម្លេងថតទុកនៃបទចម្រៀងដ៏មានអត្ថន័យជាច្រើនរបស់គាត់។ នេះពិតជាសោកនាដកម្មមួយសម្រាប់ប្រិយមិត្តអ្នកគាំទ្រជាច្រើនរួមទាំងខ្ញុំដែរ… ត្រលប់ទៅស្តាប់ចម្រៀងរបស់គាត់ភាគច្រើន ក៏អាចដឹងថាមានបញ្ហាជាច្រើននៅក្នុងជីវិតដែលគាត់ត្រូវប្រឈមដែរ។ ជាពិសេស គឺអាល់ប៊ុមចុងក្រោយបង្អស់ដែលទើបតែបានចេញថ្មីៗនេះ(One More Light 2017 មានបង្ហាញខាងក្រោមអត្ថបទនេះ) ដែលមានមនុស្សជាច្រើនគិតថាវាជា«លិខិតបណ្តាំនៃការស្លាប់»របស់គាត់។  សម្រាប់ការសម្រេចចិត្តចាកចេញដោយលែងត្រលប់នេះ ក៏បានក្លាយប្រធានបទក្តៅគគុកនៃការពិភាក្សាផងដែរ ដោយអ្នកខ្លះគិតថា វាជាជម្រើសល្អក្នុងការបញ្ចប់នូវជីវិតដែលមានតែភាពទុក្ខសោក និងភាពខ្មៅងងឹត ស្របពេលដែលអ្នកខ្លះក៏បានគិតថា គាត់ជាមនុស្សអាត្មានិយមដែលយករួចខ្លួនតែម្នាក់ឯងហើយទុកចោលនូវប្រពន្ធកូនរបស់ខ្លួនបែបនេះ។ តើអ្នកគិតយ៉ាងណាដែរ? សួរថានរណាដែលមិនធ្លាប់បាក់ទឹកចិត្ត និងអស់សង្ឃឹម? នរណាដែលមិនធ្លាប់យល់អារម្មណ៍មួយនេះ? ប្រហែលជាគ្មានទេ…រាល់ពេលដែលអារម្មណ៍មួយនោះកើតឡើងម្តងៗ គឺជាពេលដែលចាប់ផ្តើមគិតឃើញថា ជីវិតមានតែភាពស្មុគស្មាញ និងងងឹតតែម្តង។ ការគិតបែបអវិជ្ជមានក៏ផ្តើមចូលមកគ្របដណ្តប់ខួរក្បាល មិនថាក្រលេកមើលទៅជ្រុងណានៃពិភពលោកនោះទេ គឺមានអារម្មណ៍ថា មិនមែនជាកន្លែងសម្រាប់ខ្លួនឯងឡើយ។ អារម្មណ៍ឯកោក៏កើតមាន ស្របពេលដែលកម្លាំងចិត្ត និងកាយកាន់តែខ្សោយៗទៅរហូតដល់លែងថាមពល និងជំនឿចិត្តក្នុងរឿងគ្រប់យ៉ាង សូម្បីតែរឿងដែលមិនពាក់ព័ន្ធនឹងខ្លួនឯងសោះ។ ប្រសិទ្ធភាពការងារក៏ធ្លាក់ចុះ សុខភាពក៏ទ្រុឌទ្រោម ហើយក៏លែងចង់ធ្វើអ្វីៗទាំងអស់។ រឿងក្នុងចិត្តដែលកប់ជ្រៅនោះ ក៏មិនដឹងថាបើកបង្ហាញនរណា លាក់យូរទៅកាន់តែយូរទៅ រហូតដល់ដំណាក់កាលមួយដែលលែងមានសូម្បីតែកម្លាំងចិត្តក្នុងការរស់នៅបន្ត។ គិតត្រលប់ទៅវិញបន្តិច តើធ្លាប់គិតចង់សម្លាប់ខ្លួនប៉ុន្មានដងហើយមកដល់សព្វថ្ងៃនេះ? (ប្រាប់តាមត្រង់ចុះ…ខ្ញុំធ្លាប់មិនតិចដងនោះទេ ជាពិសេស គឺពេលយប់…កាន់តែគិត កាន់តែយល់ថា បើសិនជាទៅបាត់ ប្រហែលជាលែងអីហើយ) ប៉ុន្តែ…ខ្ញុំអរគុណខ្លួនឯង!!! អរគុណដែលមិនព្រមបណ្តោយឲ្យស្រមោលខ្មៅមួយនោះទាញយកអ្វីៗគ្រប់យ៉ាងចេញពីខ្ញុំ ជាពិសេសគឺកាដូជីវិតដែលមានតែមួយគត់នេះ…ចាំបានថា…ពេលនោះ បានអានអត្ថបទមួយពីអាយដុលម្នាក់ដែលខ្ញុំតែងតែស្ញប់ស្ញែង (អត្ថបទគាត់ គឺ បាក់ទឹកចិត្ត) ហើយអ្វីដែលខ្ញុំចងចាំជាងគេ គឺ គាត់បានបង្ហាញថា មិនថាមនុស្សជោគជ័យប៉ុណ្ណា រឹងមាំដូចជាគាត់ប៉ុណ្ណា គឺតែងតែមានពេលមួយដែលដូចយើងគ្រប់គ្នាដែរ គឺពេលដែលលែងមានទឹកចិត្តទាំងស្រុង និងគិតដល់ចង់គេចវេសពីបញ្ហាប្រឈមដោយការសម្លាប់ខ្លួន។ តែ…គាត់ក៏បានប្រាប់ដែរថា៖ «បើយើងដឹងហើយថា អ្នកណាក៏ចៀសមិនផុតពីបញ្ហាទៅហើយ ហេតុអីយើងមិនរៀនយកបញ្ហាធ្វើជាលំហាត់សាកល្បងសម្រាប់ជីវិតយើងវិញទៅ? ពេលជួបបញ្ហាទាំងឡាយ យើងគ្រាន់តែគិតថាយើងកំពុងហាត់សម ដើម្បីឲ្យក្លាយជាជើងខ្លាំងមួយរូប គិតថាយើងពិតជាមានសំណាងណាស់ដែលមានឱកាសជួបកាលទេសៈលំបាកបែបហ្នឹង អញ្ចឹងផុតដំណាក់កាលហ្នឹង ប៉ុន្មានឆ្នាំទៀតខ្ញុំនឹងខ្លាំងជាងនេះ។ វាមិនមែនជារឿងងាយទេ ដែលចង់កែប្រែការគិតពីបញ្ហាឲ្យទៅជាសំណាងវិញនោះ ក៏ប៉ុន្តែអ្នកត្រូវហាត់សមការគិតនេះជាប្រចាំពេលដែលអ្នកជួបបញ្ហា បន្តិចម្តងៗ អ្នកនឹងលែងសូវមានអារម្មណ៍តានតឹងខ្លាំង។ តែក៏មិនមែនថាអ្នកក្លាយជាមនុស្សលែងបារម្ភ លែងពិបាកចិត្តដែរ អ្នកនៅតែអាចយំ យំហើយ យំទៀត យំឲ្យធូរចិត្ត ហើយបន្តដំណើរទៅមុខទៀត។ គ្រាន់តែការហាត់សមចិត្តអ្នកបែបនេះ នឹងធ្វើឲ្យអ្នកពិបាកចិត្តក្នុងរយៈពេលខ្លី ហើយបន្តដំណើរទៅមុខដោយភាពរឹងមាំ និងមានទំនុកចិត្ត។» និយាយទៅ….ខ្ញុំក៏រន្ធត់ដែរ ដែលបានលឺពីដំណឹងមរណភាពរបស់អាយដុល Chester Bennington ដែលខំស្រលាញ់មកជាយូរ តែក៏សង្ឃឹមថា អ្នកគ្រប់គ្នានឹងយល់ថា…ការស្រាយបញ្ហាដោយការគេចវេសទៅដោយការលាចេញពីពិភពលោកនេះ អាចនឹងមិនមែនជាជម្រើសដែលត្រឹមត្រូវឡើយ!!!  សូមកុំលាក់ទុកវាបានទេ? រកនរណាម្នាក់ដែលអ្នកទុកចិត្ត ហើយនិយាយប្រាប់វាទៅកាន់គេ…មិនប្រាកដថាអាចជួយបាន តែយ៉ាងហោចណាស់ក៏គេនឹងជួយឲ្យអ្នកមានអារម្មណ៍ថា«អ្នកមិនឯកានោះឡើយ»។ គ្រប់គ្រងខ្លួនឯងឲ្យបានសិន រួចសឹមរកផ្លូវស្រាយបញ្ហាតាមក្រោយ ហើយត្រូវចាំថា «សេដបាន តែហាមសេដយូរ!!!»

ចែករំលែក

មនុស្សមួយចំនួនធំមានបញ្ហាសុខភាពផ្លូវចិត្តក្រោយពីពិការភាព។  មានកត្តាជាច្រើនដែលបណ្តាលមានពិការភាពដោយការកាត់អវយវៈចេញពីរាងកាយដូចជា៖ គ្រោះថ្នាក់ចរាចរ គ្រោះថ្នាក់ការងារ រលាកភ្លើង ឆក់ខ្សែភ្លើង ពស់ចិក ដំបៅដោយសារជំងឺទឹកនោមផ្អែម រលាកធ្ងន់ធ្ងរ ជម្ងឺមហារីក ជម្ងឺសរសៃឈាម និងកក្តាផ្សេងៗទៀត ជាទួទៅ អ្នកជម្ងឺពិបាកទទួលយកការពិតនៅពេលគ្រូពេទ្យវៈកាត់ប្រាប់ថា​ អវយវៈរបស់គាត់មិនអាចទុកទៀត ត្រូវកាត់ចេញបើមិនដូច្នេះទេវានិងអាចធ្វើអោយមេរោគរាលដាលដល់ផ្នែកដ៏ទៃកាន់តែធ្ងន់ទៅរឺក៏អាចធ្វើអោយបាត់បង់។​​ អ្នកជម្ងឺភាគច្រើនមានបញ្ហាសុខភាពផ្លូវចិត្តបារម្មណ៏អំពីក្រោយពីការកាត់អវយវៈហើយគាត់និងជួបបញ្ហាជាច្រើនទាក់ទងនិង ដូចជា មិនអាចធ្វើអ្វីកើត ខ្មាស់អ្នកដ៏ទៃ ក្លាចមិត្តភក្រ័ រឺ សង្គមមិនទទួលយក ក្លាចមិនមានការងារធ្វើ​​ និងបារម្មថាទៅណាមកណាមិនកើត។​ ប៉ុន្តែការបារម្ភមិនមែនជាកំហុសរបស់អ្នកជំងឺទេដោយសារគាត់មិនដែលបានឃើញពីមុខថាមានអ្នកដ៏ទៃត្រូវបានគេកាត់អវយវៈចេញទេ។​ ហើយក៏មិនដែលដឹងថាតើក្រោយពីការកាត់អវយវៈហើយតើជីវិតរបស់អ្នកទាំងនៅនឹងទៅជាយ៉ាងណា។​ តាមពិតក្រោយពេលវេជ្ជបណ្ឌិតបានវាយតំលៃតាមបច្ចេកទេសវេជ្ជសាស្រ្តរួចហើយមានករណីជាច្រើនការកាត់អវយវៈចេញគឺជារឿងជៀសវាងមិនរួច។ ប៉ុន្តែការធ្វើដូច្នេះមិនមែនជារឿងផ្តល់ផលអវិជ្ជមានដល់អ្នកជំងឺទេផ្ទុយទៅវិញវាបានជួយសង្គ្រោះអ្នកជំងឺនិងផ្តល់ការសង្ឃឹមជាថ្មីដល់អ្នកជំងឺ។​ អវយវៈសិប្បនិម្មតមានតួរនាទីមួយចំនួនក្នុងការផ្តល់ក្តីសង្ឃឹមជាថ្មីដល់ជនពិការអ្នកពិការប្រហែល៩០%បន្ទាប់ពីគាត់ទទួលបានអវយវៈសិប្បនិម្មតនិងកម្មវិធីស្តារលទ្ធភាពពលកម្មរួចមក​គាត់អាចប្រកបមុខរបរ​ និងរស់នៅដូចកាលពីមិនទាន់ពិការដែរ។​​ រហូតដល់មានអ្នកពិការមួយចំនូនគាត់អាចមានលទ្ធភាពធ្វើការងារប្រសើរជាងកាលគាត់មិនទាន់ពិការទៀត។​ បើសិនជាលោក អ្នកជួបអ្នកជម្ងឺដែលពិបាកចិត្តក្នុងការសំរេចចិត្តទទួលយកការកាត់អវយវៈរឺក៏មិនទាន់មានអវយវៈសិប្បនិម្មិត សួមលោកអ្នកជួយផ្សព្វផ្សាយអត្ថបទនេះ។​ ហើយសូមអោយគាត់បានមើល វីដេអូក្លីបមួយចំនួន​ខាងក្រោមដែលទាក់ទងនឹងពិការភាព ដើម្បីផ្តល់ជាកម្លាំងទឹកចិត្តដល់គាត់។​ https://www.youtube.com/watch?v=HWwxjg3im-E https://www.youtube.com/watch?v=SScxAdM43nE https://www.youtube.com/watch?v=0bfAujmA2hQ&spfreload=1 https://www.youtube.com/watch?v=lSGBwUEcM6c នៅក្នុងប្រទេសកម្ពុជាមានមណ្ឌលស្តារលទ្ធភាពពលកម្មចំនួន១០កន្លែងផ្តល់អវយវៈសិប្បនិម្មិតនិងសេវាស្តារលទ្ធភាពពលកម្មជូនគាត់ដោយឥតគិតថ្លៃ មណ្ឌលស្តារលទ្ធភាពពលកម្មគៀនឃ្លាំង (ឆ្លងស្ពានជ្រោយចង្វា) មណ្ឌលស្តារលទ្ធភាពពលកម្មភ្នំពេញ (ផ្លូវឌួងងៀប ២) មណ្ឌលស្តារលទ្ធភាពពលកម្មខេត្តតាកែវ មណ្ឌលស្តារលទ្ធភាពពលកម្មខេត្តកំពង់ចាម មណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តកំពង់ស្ពឺ មណ្ឌលស្តារលទ្ធភាពពលកម្មខេត្តកំពង់ឆ្នាំង មណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តព្រៃវែង មណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តក្រចេះ មណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តសៀមរាប មណ្ឌលស្តារលទ្ធភាពពលកម្ម​ខេត្តបាត់ដំបង មណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តព្រះសីហនុ​ គ្លីនិកឯកជន (Exceed Prosthetics and Orthotics) , ក្រោយសាលា ណត ប្រឺដ (សំរាប់អតិថិជនមានលទ្ធភាពបង់សេវា) សំរាប់ព័ត៏មានពិគ្រោះបន្ថែមដោយឥតថ្លៃ សូមទាក់ទងទូរសព្ទ័ 086 30 75 75 ឬ 077 67 18 78 សរសេរអត្តបទដោយ ទៀប ឧត្តម ប្រធានសមាគមអ្នកបច្ចេកទេសអវយវៈសិប្បម្មិតនិងរណប​

ចែករំលែក

ការសិក្សាជាច្រើនបានវិភាគទៅលើទំនាក់ទំនងរវាងយោគៈ និងជំងឺបាក់ទឹកចិត្ត។ ឆ្លងតាមរយៈការសិក្សាជាច្រើនមកពីសាកលវិទ្យាល័យ  Harvard ផ្នែកជំងឺផ្លូវចិត្ត គេបានណែនាំថា ៖ យោគៈ អាចកាត់បន្ថយផលប៉ះពាល់នៃភាពតានតឹង យោគៈ អាចជួយព្យាបាលរោគថប់អារម្មណ៍ និងជំងឺធ្លាក់ទឹកចិត្ត យោគៈ ជាវិធីសាស្រ្តសម្រួលអារម្មណ៍ដូចជា ការសមាធិ ការស្មឹងស្មាត និងការហាត់ប្រាណ យោគៈ ជួយបង្កើនថាមពលដល់រាងកាយ។ គួរបញ្ជាក់ផងដែរថា យោគៈ គឺជាលំហាត់ប្រាណ ដែលទាក់ទងទៅនឹងកាយវិការផ្សេងៗគ្នា តិចនិកក្នុងការដកដង្ហើម និងការសមាធិ។ ការព្យាបាលមួយនេះមានប្រសិទ្ធភាពខ្ពស់ និងល្អបំផុត សម្រាប់អ្នកដែលមានជំងឺបាក់ទឹកចិត្ត និងរោគសញ្ញាផ្សេងៗទៀតដែលទាក់ទង ទៅនឹងការផ្តោតអារម្មណ៍ ឬបាត់បង់ថាមពលក្នុងរាងកាយ ដូចជា ៖ អ្នកមានបញ្ហាផ្លូវចិត្ត និងអារម្មណ៍ ដូចជាស្រ្តេស ការថប់អារម្មណ៍ និងបាក់ទឹកចិត្ត ឈឺខ្នង ឈឺចង្កេះ ឬបញ្ហាសាច់ដុំ ឈឺចាប់រ៉ាំរ៉ៃ បញ្ហាសុខភាពទូទៅ។ អ្នកអាចស្វែងរកថ្នាក់រៀនយោគៈ នៅតាមសណ្ឋាគារ កន្លែងហាត់ប្រាណ មន្ទីរពេទ្យ ឬមួយក៏អ្នកអាចទាញយកវាពី YouTube មកហាត់រៀនដោយខ្លួនឯងក៏បានដែរ៕   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ថ្វីត្បិតថាស្ត្រី និងបុរសសុទ្ធតែអាចមានការប្រឈមទៅនឹងបញ្ហាផ្លូវចិត្តដូចគ្នាក៏ពិតមែន តែអង្គការសុខភាពពិភពលោក បានបង្ហាញថា «ស្ត្រីប្រឈមនឹងជំងឺផ្លូវចិត្តច្រើនជាងបុរសដល់ទៅពីរដង ដែលបញ្ហាទាំងនោះអាចជាជំងឺបាក់ទឹកចិត្ត បញ្ហាទម្លាប់ក្នុងការទទួលទាន និងបញ្ហានៃការឈឺចាប់។ មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីមានទំនោរចង់សម្លាប់ខ្លួនជាងមនុស្សប្រុសដល់ទៅ២ ឬ៣ដង»។ រោគសញ្ញាដែលស្តែងចេញរួមមានទាំងការចុះខ្សោយនូវថាមពលផ្លូវកាយ និងផ្លូវចិត្ត ហើយមូលហេតុនៃវិបត្តិបាក់ទឹកចិត្តនេះក៏អាចបណ្តាលមកពីមូលហេតុជីវសាស្រ្ត និងអ័រម៉ូន  មូលហេតុផ្លូវចិត្ត និងមូលហេតុសង្គមផងដែរ។ ជាទូទៅ អ្នកជំងឺគួរតែស្វែងរកការព្យាបាលឲ្យបានទាន់ពេលវេលា ដើម្បីចៀសវាងបញ្ហាធ្ងន់ធ្ងរដែលមិនត្រឹមតែប៉ះពាល់ដល់អ្នកជំងឺផ្ទាល់នោះទេ គឺអ្នកនៅជុំវិញខ្លួនផងដែរ។ ស្វែងយល់បន្ថែមពីបញ្ហានេះ ស្ត្រីប្រឈមនឹងជំងឺផ្លូវចិត្តច្រើនជាងបុរសដល់ទៅពីរដង © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។ 

ចែករំលែក

ជំងឺផ្លូវចិត្តអាចប៉ះពាល់ចំពោះទាំងស្រ្តី និងបុរស ប៉ុន្តែជំងឺមួយចំនួនកើតមានឡើងជាទូទៅលើស្រ្តីច្រើនជាង ហើយស្តែងចេញនូវសញ្ញាផ្សេងៗពីគ្នា។ អ្នកវិទ្យាសាស្រ្ត កំពុងសិក្សាអំពីមូលហេតុនានា និងការជជែកវែកញ៉ែកអំពីកត្តាដែលបង្ករវាង កត្តាជីវសាស្រ្ត និងកត្តាចិត្តសាស្រ្ត ដែលបណ្តាលឲ្យកើតមានឡើងនូវជំងឺផ្លូវចិត្ត និងសុខភាពផ្លូវចិត្តក្នុងចំណោមស្រ្តី បុរសទាំងឡាយ ជាពិសេសការព្យាបាលជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល សម្រាប់មនុស្សស្រី។   អង្គការសុខភាពពិភពលោកបានបង្ហាញថា ស្ត្រីមានឱកាសប្រឈមនឹងជំងឺផ្លូវចិត្តច្រើនជាងបុរសដល់ទៅពីរដង ដែលបញ្ហាទាំងនោះអាចជាជំងឺបាក់ទឹកចិត្ត បញ្ហាទម្លាប់ក្នុងការទទួលទាន និងបញ្ហានៃការឈឺចាប់។ មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីមានទំនោរចង់សម្លាប់ខ្លួនជាងមនុស្សប្រុសដល់ទៅ២ ឬ៣ដង។ រោគសញ្ញា អាចនឹងមានការខុសគ្នារវាងមនុស្សប្រុស និងស្រី ដូចនេះ វាជារឿងសំខាន់ក្នុងការស្វែងយល់ពីកត្តាផ្សេងគ្នា ដែលបណ្តាលឲ្យមានជំងឺនីមួយៗ។ ខាងក្រោមនេះ ហេលស៍ថាម សូមលើកយកនូវវិបត្តិនៃការបាក់ទឹកចិត្តលើស្រ្តីជូនមិត្តអ្នកអាន.....   រោគសញ្ញានៃជំងឺបាក់ទឹកចិត្តមានដូចជា៖ • អារម្មណ៍បាក់ទឹកចិត្ត • ធ្លាក់ចុះនូវការចាប់អារម្មណ៍លើការរីករាយជាមួយសកម្មភាពផ្សេងៗ • អារម្មណ៍ខុសឆ្គង • អស់សង្ឃឹមនិងយល់ថាគ្មានតម្លៃ • គំនិតចង់សម្លាប់ខ្លួន • វិបត្តិក្នុងការគេង • ផ្លាស់ប្តូរទម្លាប់ក្នុងការទទួលទានអាហារ • ពិបាកក្នុងការផ្ចង់អារម្មណ៍ • ខ្សត់ថាមពល និងនឿយហត់។   មូលហេតុនៃវិបត្តិបាក់ទឹកចិត្តរបស់ស្រ្តី៖ ១. មូលហេតុជីវសាស្រ្ត និងអ័រម៉ូន o បញ្ហាមុនពេលមករដូវ o ការមានផ្ទៃពោះ និងអសមត្ថភាពក្នុងការមានផ្ទៃពោះ o ការបាក់ទឹកចិត្តក្រោយសម្រាល o រៀបនឹង និងក្រោយពេលអស់រដូវ o បញ្ហាសុខភាពផ្សេងៗ។ ២.​​ មូលហេតុផ្លូវចិត្ត o ការមានអារម្មណ៍អវិជ្ជមានជាប្រចាំ o ការទទួលរងសម្ពាធខ្លាំងក្នុងការងារ សាលា ឬផ្ទះ o ការមានរូបរាងដងខ្លួនមិនស្អាត។ ប្រសិនបើអ្នក ឬអ្នកនៅជិតអ្នក មានបញ្ហាទាំងនេះ សូមកុំរង់ចាំយូរអី ត្រូវប្រញាប់ស្វែងរកការព្យាបាលភ្លាមៗ។ ការដែលអ្នកយល់ថាវាមិនមែនជា ពេលវេលាត្រឹមត្រូវក្នុងការស្វែងរកការព្យាបាល ឬមានអារម្មណ៍ថាអៀនខ្មាស់ ឬខ្លាច វាអាចជារឿងមិនត្រឹមត្រូវ ព្រោះថាការរកឃើញមូលហេតុកាន់តែឆាប់ នឹងជួយសង្គ្រោះអ្នកមានបញ្ហាផ្លូវចិត្តបានរហ័ស​ និងមានប្រសិទ្ធភាព។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ភាពរីករាយ និងសេចក្តីសុខ គឺជាលទ្ធផលនៃសារធាតុគីមីនៅក្នុងរាងកាយរបស់អ្នក។ ខួរក្បាលរបស់មនុស្សយើងមានផ្ទុកទៅដោយសរសៃប្រសាទ រាប់ពាន់លាន ហើយវាមានទំនាក់ទំនងគ្នាតាមរយៈអ្នកបញ្ជូនសារ (សារធាតុគីមី)។ ពេលអ័រម៉ូន dopamine មានកម្រិតខ្ពស់ អ្នកអាចបង្កើតគម្រោងការ និងធ្វើវាបានយ៉ាងល្អ មិនថាការងារ ឬសេចក្តីស្នេហានោះទេ។ ប៉ុន្តែ ប្រសិនបើអ្នកកើតទុក្ខ ឬគ្មានអារម្មណ៍ក្នុងការធ្វើអ្វីនោះទេ សូមអានការពិតមួយចំនួន ដែលទាក់ទងទៅនឹងរបបអាហារ ដែលអ្នកគួរទទួលទាន។   ១ Dopamine ជាសារធាតុគីមី ដែលបញ្ចេញមកពី tyrosine ដូច្នេះ អ្នកអាចញ៉ាំអាហារដូចជា គ្រាប់ល្ពៅ ផ្លែឪឡឹក សណ្តែកខៀវ ផ្លែប៉ោម និងចេក ដើម្បីជួយឲ្យអារម្មណ៍របស់អ្នកស្រស់ស្រាយឡើងវិញ។ ២ ដើម្បីបង្កើនការផលិត dopamine នៅក្នុងរាងកាយរបស់អ្នក ចូរព្យាយាមទទួលទានសូកូឡា គ្រាប់អាល់ម៉ុន ផ្លែប័រ រមៀត និងបន្លែពណ៌បៃតង។ ៣ Dopamine ជួយឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយ ហើយការខ្វះសារធាតុមួយនេះ នឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនសុខ ឬស្ទាក់ស្ទើរក្នុងការធ្វើអ្វីមួយ។ ៤ ធ្វើដូចម្តេចទើបដឹងថា អ្នកខ្វះសារធាតុមួយនេះ? រោគសញ្ញាដូចជា មិនអាចផ្ចង់អារម្មណ៍ អស់សង្ឃឹម មិនចង់រួមភេទ ខ្វះការលើកទឹកចិត្ត​ អស់កម្លាំង ងងុយគេង គេងមិនលក់ និងខ្ជិល គឺជាសញ្ញាដែលបញ្ជាក់ថា អ្នកខ្វះសារធាតុមួយនេះហើយ។ ពេលខ្លះ អ្នកមិនចង់ញ៉ាំអាហារអ្វីនោះទេ។ ៥ ជាមួយគ្នានេះផងដែរ អ្នកដែលខ្វះសារធាតុមួយនេះ អាចប្រព្រឹត្តនូវអំពើមិនល្អមួយចំនួនរួមមានដូចជា ការរួមភេទ ប្រើប្រាស់ថ្នាំខុសច្បាប់ លេងល្បែង ដើរផ្សារទិញអីវ៉ាន់ និងផឹកស្រាជាដើម។ ៦ ជំនួសឲ្យការញ៉ាំអាហារគ្មានសុខភាពល្អ អ្នកគួរតែញ៉ាំទឹកដោះគោជូរ ឬអាហារសម្បូរប្រូប៊ីយូទិកដើម្បីជួយបង្កើនការផលិត dopamine។ ៧ រមៀត និងតែបៃតង ក៏ល្អសម្រាប់អ្នកខ្វះសារធាតុមួយនេះដែរ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក
Top