Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជំងឺទឹកក្នុងស្រោមសួត(Pleural effusion) ជាជំងឺដែលបណ្ដាលមកពីមានវត្តមានទឹក(Liquide)ច្រើនខុសធម្មតានៅក្នុងចន្លោះសួត និងប្រអប់ទ្រូង(Visceral and Parietal pleura) ។ ជាធម្មតា នៅចន្លោះរវាង សួត និង ប្រអប់ទ្រូង (pleural space) តែងតែមានបរិមាណទឹកតិចតួច (10-20ml) សំរាប់ជាសំណើមជួយសម្រួល(Lubricate) នៅពេលសួត កកិតជាមួយប្រអប់ទ្រូងក្នុងកំឡុងពេលធ្វើចលនាដង្ហើម ប៉ុន្តែបរិមាណទឹកនេះអាចកើនឡើងខុសធម្មតានៅក្នុងករណីមួយចំនួន។ នៅពេលដែលបរិមាណទឹកនេះកើនឡើងច្រើនក្នុងកម្រិតណាមួយ វាអាចបណ្តាលអោយអ្នកជំងឺហត់ ពិបាកដកដង្ហើម ឈឺទ្រូង ក្អក និង រួមផ្សំជាមួយសញ្ញាមួយចំនួនទៀតប្រែប្រួលទៅតាមមូលហេតុរបស់វា។ ជាទូទៅ គេចែកប្រភេទទឹកនេះជា2ក្រុមធំៗ៖ -Transudative pleural effusion: ទឹកប្រភេទនេះអាចជាលទ្ធផលនៃការធ្លាក់ចុះប្រូតេអ៊ីនក្នុងឈាម ឬ កើនឡើងសំពាធក្នុងសរសៃឈាម ដែលលក្ខខណ្ឌ័ទាំង2នេះជំរុញអោយមានការជ្រាបទឹកពីសសៃឈាមចាក់ចូលទៅក្នងចន្លោះស្រោមសួត។ ជាធម្មតា បើគេវិភាគឃើញទឹកប្រភេទនេះ គេអាចសន្និដ្ឋានបានថាស្រោមសួតពុំមានជំងឺទេ មូលហេតុគឺមកពីជំងឺផ្សេង។ -exudative pleural effusion: ទឹកប្រភេទនេះភាគច្រើនជាផលនៃការរលាកស្រោមសួតផ្ទាល់ដោយមេរោគប្រភេទណាមួយ ឬ ដោយជំងឺមហារីក និងជំងឺមួយចំនួនទៀត។ គេអាចដឹងថាមានទឹកចូលក្នុងស្រោមសួតបាន ដំបូងតាមរយៈការថតសួតដោយកាំរស្មី (Chest X-ray) ហើយគេអាចបញ្ជាក់អោយបានកាន់តែច្បាស់លាស់នូវបរិមាណ ជំរៅ កំហាប់ទឹក និងភាពស្អិត (loculation) ដោយការធ្វើ Ultrasound និង Scan។ ការព្យាបាលជំងឺនេះអោយមានប្រសិទ្ធភាព ទាមទារជាមុន នូវការធ្វើរោគវិនិច្ឆ័យរកមូលហេតុអោយបានត្រឹមត្រូវច្បាស់លាស់ តាមរយៈការសិក្សាលើរោគសញ្ញារាងកាយ ការបូមទឹកស្រោមសួតទៅពិនិត្យវិភាគ (Thoracentesis) ហើយក្នុងករណីខ្លះ គឺតំរូវរហូតដល់ការច្រិបសាច់ស្រោមសួត(Pleural biopsy) យកទៅវិភាគទៀតផង។ ការបូមទឹកពីក្នុងស្រោមសួត ឬច្រិបសាច់សួត ត្រូវធ្វើដោយគ្រូពេទ្យជំនាញ ហើយក្នុងករណីខ្លះត្រូវទាមទារអោយមានការតម្រង់ទិស និងដៅចំណុចដែលត្រូវបូមអោយបានជាក់លាក់ ដើម្បីអោយការបូមមានប្រសិទ្ធភាព និងជៀសវាងនូវផលវិបាកផ្សេងៗ ដូចជា ខ្យល់ចូលក្នុងស្រោមសួត(Pneumothorax) ការហូរឈាមច្រើន និងចាក់ម្ចុលចំសរីរាង្គផ្សេង។ បកស្រាយដោយ វេជ្ជបណ្ឌិត អ៊ឹម វិសិដ្ឋ ឯកទេសជំងឺសួត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត លេខ ទូរស័ព្ទទំនាក់ទំនង(017 333 251) ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ដូចម្តេចដែលហៅថាជំងឺគ្រុនឈាម? គ្រុនឈាមជាជំងឺឆ្លងមួយប្រភេទ បង្កឡើងដោយវីរុសដាំង កើតជាពិសេសនៅរដូវភ្លៀង និងអាចប្រឈមចំពោះមនុស្សគ្រប់វ័យ ទាំងក្មេង និងមនុស្សចាស់។ ជាក់ស្តែង ជំងឺគ្រុនឈាមបង្កឡើងដោយមូសខ្លាញីមានផ្ទុកនូវមេរោគគ្រុនឈាមខាំ ដែលវាមានបែងចែកជា២ប្រភេទ៖ • Aedes aegypti ជាប្រភេទមូសខ្លាញី ខាំនៅក្នុងផ្ទះ • Aedes albopictus ជាប្រភេទមូសខ្លាញីខាំនៅក្រៅផ្ទះ។           បុគ្គលដែលមានកត្តាប្រឈមខ្លាំងជាមួយនឹងជំងឺគ្រុនឈាមខ្ពស់បំផុត រួមមាន ៖ • កុមារអាយុក្រោម១ឆ្នាំ • ហូរឈាមធ្ងន់ធ្ងរ • មានស្ហុករយៈពេលយូរ • កុមារដែលធាត់លើសទម្ងន់ • កុមារដែលមានជំងឺពីកំណើត • ស្ត្រីមានផ្ទៃពោះ • មនុស្សចាស់។          សញ្ញានៃក្មេងកើតជំងឺគ្រុនឈាមស្តែងឡើង ដូចជា៖ • មានក្តៅខ្លួន និងប្រវត្តិក្តៅខ្លួនខ្លាំង ពី៣៩-៤០អង្សា ក្នុងរយៈពេលពី២ទៅ៧ថ្ងៃ • មិនឆ្លើយតបនឹងថ្នាំប៉ារ៉ាសេតាម៉ុលដែលប្រើដើម្បីបញ្ចុះកម្តៅ • មានអាការៈសន្លឹម មិនលេង ញ៉ាំមិនបានអស់កម្លាំង ឈឺក្នុងពោះ ក្អួត ឈឺក្បាល ចុករួយគ្រាប់ភ្នែក  និងរង្វង់ភ្នែក ឈឺចុកចាប់រាងកាយ  កន្ទួលរោលលើស្បែក   និងមានសញ្ញានៃការហូរឈាមផ្សេងៗ។ គ្រុនឈាមចំពោះកុមារមានការវិវឌ្ឍ និងយន្តការដូចម្តេច? ដំបូង មូសខ្លាញីមិនមានមេរោគគ្រុនឈាមនោះទេប៉ុន្តែវាអាចចម្លងបានលុះត្រាតែវាបានខាំបឺតឈាមអ្នកជំងឺដែលមានផ្ទុកមេរោគគ្រុនឈាមក្នុងដំណាក់កាលក្តៅខ្លួន បន្ទាប់មករយៈពេលពី៧-១០ថ្ងៃក្រោយ ទើបវាអាចខាំចម្លងទៅកុមារមួយទៀតបាន ក្រោយមកទៀតរយៈពេលពី៥-៨ថ្ងៃ ទើបកុមារនោះមានស្តែងចេញនូវរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ។ ជំងឺគ្រុនឈាមមានយន្តការពីរសំខាន់គឺ បង្កឲ្យមានការជ្រាបចេញនៃប្លាស្មាពីក្នុងសរសៃឈាម និងមានការហូរឈាម ដែលអាចធ្វើឲ្យកុមារបាត់បង់ជាតិទឹកនៅក្នុងខ្លួន រហូតដល់មានស្ហុក (ជីពចរខ្សោយហើយញាប់  ត្រជាក់ចុងដៃចុងជើង បែកញើសស្អិត ការបំពេញសរសៃឈាមកាពីលែយូរលើសពី៣វិនាទី និងមានសម្ពាធឈាមធ្លាក់ទាប) ដែលងាយបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ ប្រសិនបើកុមារមានសញ្ញានេះយូរលើសចាប់ពី៤ម៉ោងទៅ នោះនឹងបង្កឲ្យកុមារប្រឈមនឹងការខ្សោយនូវសរីរាង្គមួយចំនួនមានដូចជា ថ្លើម សួត បេះដូង និងតម្រងនោមជាដើម ដែលអាចធ្វើឲ្យកុមារបាត់បង់អាយុជីវិតបាន។          តើធ្វើដូចម្តេច ដើម្បីដឹងថាជាជំងឺគ្រុនឈាម? ករណីសង្ស័យថាកុមារមានជំងឺគ្រុនឈាម គ្រូពេទ្យនឹងតម្រូវឲ្យកុមារពិនិត្យឈាម មើលលើអេម៉ូក្រាម និងតេស្តមួយទៀតហៅថា NS1 អាចមើលដឹងថាកុមារមានមេរោគគ្រុនឈាមបានលឿននៅដំណាក់កាល២-៥ថ្ងៃដំបូងដែលក្មេងក្តៅខ្លួនខ្លាំង ប៉ុន្តែមិនអាចបែងចែកចេញអំពីកម្រិត និងដំណាក់កាលរបស់ជំងឺនោះទេ។         តើធ្វើដូចម្តេច ដើម្បីដឹងពីស្ថានភាពធ្ងន់ធ្ងរនៃជំងឺគ្រុនឈាម? ជំងឺគ្រុនឈាមត្រូវបានបែងចែកចំណាត់ថ្នាក់ជា៤កម្រិតធំៗ អាស្រ័យលើរោគសញ្ញា និងដំណាក់កាលរបស់វា៖ • កម្រិតទី១៖ ស្តែងចេញជាសញ្ញាហូរឈាមដោយការធ្វើឡាសេតេស្តវិជ្ជមាន (កន្ទួលក្រហមក្រោមស្បែក) និង ជាំលើស្បែកដោយសារការចាក់ថ្នាំ • កម្រិតទី២៖ គ្រុនឈាមកម្រិតទី១ រួមផ្សំជាមួយសញ្ញានៃការហូរឈាមដោយឯងៗដូចជាឈាមច្រមុះ ឈាមអញ្ចាញធ្មេញ ក្អួតឈាម និងបន្ទោបង់ឈាម ជាដើម • កម្រិតទី៣៖ គ្រុនឈាមកម្រិតទី១ និងកម្រិតទី២ រួមផ្សំជាមួយនឹងកុមារមានជីពចរខ្សោយហើយញាប់ ត្រជាក់ចុងដៃចុងជើង បែកញើសស្អិត ការបំពេញសរសៃឈាមកាពីលែយូរលើសពី៣វិនាទីនិងមានសម្ពាធឈាមធ្លាក់ទាប • កម្រិតទី៤៖ ជីពចរ និង សម្ពាធឈាមកុមារយកមិនបាន។ តើកុមារគ្រុនឈាមត្រូវព្យាបាលរបៀបណា? រហូតដល់បច្ចុប្បន្ននេះ ពុំមានឱសថ ឬការព្យាបាលណាមួយជាក់លាក់ចំពោះកុមារដែលមានជំងឺគ្រុនឈាមនោះទេ ប៉ុន្តែជំងឺនេះអាចធ្វើការព្យាបាល តាមដំណាក់កាលនីមួយៗ និងរោគសញ្ញាដែលកើតមានឡើង។ ជាឧទាហរណ៍ ប្រសិនបើក្មេងក្តៅខ្លួន គ្រូពេទ្យនឹងផ្តល់ថ្នាំបញ្ចុះកំដៅ ឬបើកុមារមានក្អួតផ្តល់ថ្នាំបំបាត់ក្អួតជាដើម។ សំខាន់បំផុត ការព្យាបាលជំងឺគ្រុនឈាមត្រូវពឹងផ្អែក លើការធ្វើរោគវិនិច្ឆ័យ ប្រសិនបើធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា  នោះកុមារនឹងទទួលបានការព្យាបាលមួយត្រឹមត្រូវសមស្រប ហើយអត្រាស្លាប់ចំពោះកុមារមានជំងឺគ្រុនឈាមក៏ត្រូវបានកាត់បន្ថយដូចគ្នាផងដែរ។         ឱសថ និងអាហារអ្វីខ្លះ ត្រូវប្រើដោយប្រុងប្រយ័ត្ន ឬចៀសវាង? គួរបញ្ជាក់ថា បើកុមារមានអាការៈក្តៅខ្លួននៅរដូវភ្លៀង ឬជារដូវគ្រុនឈាម ហើយសង្ស័យថាកុមារមានជំងឺគ្រុនឈាម  អាណាព្យាបាល  ឬអ្នកថែទាំកុមារត្រូវចៀសវាងនូវការប្រើប្រាស់ថ្នាំ Aspirin ឬIbuprofen ព្រោះវាអាចបង្កផលវិបាកឲ្យកុមារមានហូរឈាមកាន់តែខ្លាំង  បើគាត់ពិតជាមានជំងឺគ្រុនឈាម។  ក្នុងអំឡុងពេលទទួលការព្យាបាលនេះ កុមារគួរទទួលទានអាហារទន់ៗ ហើយញ៉ាំតិចៗ និងច្រើនដង  ចៀសវាងហូបអាហារ ឬទឹកភេសជ្ជៈដែលមានពណ៌ក្រហម ឬក្រមៅ(ដោយហេតុថាពណ៌អាហារទាំងនេះអាចច្រឡំជាមួយនឹងឈាម)។ ធ្វើបែបណា ដើម្បីការពារកុមារពីជំងឺគ្រុនឈាម? • ឪពុកម្តាយ ឬអាណាព្យាបាលត្រូវជ្រើសរើសកន្លែងណាដែល កុមារដេក ឬលេង ឬរៀន ឬហូបអាហារ ដោយមិនឲ្យមូសខ្លាខាំបាន៖       -រក្សាកុមារតូចដេកនៅក្នុងមុងជានិច្ច       -ទីធ្លាកុមារលេងត្រូវមានខ្យល់ចេញចូល និងពន្លឺគ្រប់គ្រាន់។ • សម្អាតទីធ្លាជុំវិញផ្ទះ និងក្នុងផ្ទះឲ្យបានស្អាតជាពិសេសកន្លែងមានទឹកដក់ដែលអាចជាជម្រកនៃមូសខ្លា • ចិញ្ចឹមត្រីក្នុងពាងឲ្យស៊ីដង្កូវទឹក ឬគ្របពាងទឹកជាប្រចាំ ឬដាក់ថ្នាំអាបែតបើមាន • ស្លៀកសម្លៀកបំពាក់វែងៗឲ្យកុមារ • ប្រើស្រៃ្ពយ៍បាញ់លើស្បែកកុមារការពារមូសខាំ។ ប្រសិនបើមាតាបិតាគ្រប់រូបបានជួបនឹងរោគសញ្ញាសង្ស័យចំពោះកូនៗដូចរៀបរាប់ខាងលើ រួមមានអាការៈសន្លឹម មិនលេង   ញ៉ាំមិនបាន អស់កម្លាំង ឈឺក្នុងពោះ ក្អួត ឈឺក្បាល ចុករួយគ្រាប់ភ្នែក និងរង្វង់ភ្នែក ឈឺចុកចាប់រាងកាយ កន្ទួលរោលលើស្បែក និងមានសញ្ញានៃការហូរឈាមផ្សេងៗ  គួរប្រញាប់បញ្ជូនកូនទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុតឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ក្តាន់ យុវឌ្ឍនា ឯកទេសជំងឺឆ្លង និងគ្រុនឈាម នៃមន្ទីរពេទ្យកុមារជាតិ ©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ពក ក ជាការរីកធំនៃក្រពេញទីរ៉ូអ៊ីត។ កាលមុនគេសង្កេតឃើញពកក កើតមានចំពោះតែមនុស្សចាស់ភាគច្រើន តែឥឡូវពកក ឃើញកើតមានច្រើនផងដែរចំពោះក្មេងៗ ពិសេសគឺក្មេងខ្លះមានអាយុ ត្រឹម៩ឆ្នាំប៉ុេណ្ណាះ ក៏ឃើញមានជំងឺនេះដែរ។មូលហេតុដែលនាំឲ្យមានជំងឺពកក ៨០% បណ្តាលមកពី កង្វះជាតិអុីយ៉ូត។ មូលហេតុផ្សេងទៀតមានដូចជា តំណពូជប្រហែល៥% Grave's disease,Hashimoto's disease, មហារីកក្រពេញទីរ៉ូអ៊ីតរលាកក្រពេញទីរ៉ូអ៊ីត ស្រ្តីមានផ្ទៃពោះជាដើមសុទ្ធតែជាមូលហេតុដែលអាចបង្កជាជំងឺពកក។អ្នកមិនចូលចិត្តញ៉ាំអាហារសម្បូរជាតិអ៊ីយ៉ូត ឬអ្នកមានឳពុកម្តាយកើតជំងឺពកក សុទ្ធតែជាក្រុមដែលងាយប្រឈមនឹងជំងឺនេះជាងគេ។ សញ្ញាណាខ្លះកើតមានលើអ្នកជំងឺពកក? ភាគច្រើននៃអ្នកជំងឺពកកអាចសង្កេតឃើញសញ្ញាមួយចំនួនដូចជា៖ • ដុំហើមនៅនឹងកផ្នែកខាងក្រោម និងខាងមុខ • មានអារម្មណ៍តឹងក • អាចមានក្អក ពេលខ្លះស្អក • ពិបាកលេបអាហារ • ពិបាកដកដង្ហើម • ពេលលេបទឹកមាត់មានដុំឡើងចុះនៅនឹងកដែលអាចដឹងដោយដាក់ដៃលើចំណុចនោះ។ តើពកកត្រូវធ្វើរោគវិនិច្ឆ័យដូចម្តេច? អ្នកជំងឺអាចធ្វើរោគវិនិច្ឆ័យច្បាស់លាស់ដោយពឹងផ្អែកលើអេកូសាស្ត្រ(Echography) ដើម្បីអាចវាស់ទំហំ ចំនួនដុំ ឬក៏សមាសធាតុរបស់ដុំ ដែលអាចជា ទឹក ដុំសាច់រឹង និងអាចចម្រុះ។ ការថតអេកូសាស្ត្រក៏អាចឲ្យដឹងផងដែរថា ពកនេះជាប្រភេទធំ ស្មើសាច់ ឬមានដុំ រដិបរដុបមិនស្មើសាច់។ ចំពោះមុខ ជំងឺពកក ចាំបាច់ត្រូវពិនិត្យផងដែរដោយចៀសមិនផុតនូវកម្រិត T3 T4 និងTSH ។ ជំងឺពកកត្រូវព្យាបាលដោយរបៀបណា? ការព្យាបាលដ៏ត្រឹមត្រូវនៃអ្នកជំងឺពកក ធ្វើឡើងតាម២របៀប រួមមានដោយការវះកាត់ ឬប្រើប្រាស់ថ្នាំ។ ចំពោះការព្យាបាលដោយវះកាត់ អាចជួបផលវិបាកខ្លះៗ សម្រាប់ពេលមុនដូចជា អ្នកជំងឺ ស្អកថប់ស្ទះដង្ហើម ឬហូរឈាមក្រោយវះកាត់ជាដើម។ប៉ុន្តែ តាំងពីឆ្នាំ ២០០៧ រហូតដល់បច្ចុប្បន្ន ការវះកាត់ពុំដែលមានបញ្ហាទាំងអស់នេះកើតមានឡើងទៀតទេ តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាល្អ និងទាន់សម័យ។ ដើម្បីការពារ ឬកាត់បន្ថយការកើតមានជំងឺពកកគ្រប់គ្នាគប្បីបង្កើនការទទួលទានអាហារមានជាតិអ៊ីយ៉ូតតដូចជា អំបិលអុីយ៉ូត អាហារសមុទ្រ ឬបន្លែ ផ្លែឈើដុះតាមបណ្តោយឆ្នេរសមុទ្រ ដែលសម្បូរអ៊ីយ៉ូតច្រើន។ សូមកុំធ្វេសប្រហែស គួរអញ្ជើញទៅជួបគ្រូពេទ្យជំនាញឯកទេសច្បាស់លាស់ដើម្បីទទួលការព្យាបាលមួយល្អ ត្រឹមត្រូវ និងចៀសផុតពីផលវិបាកទាំងឡាយដែលអាចនឹងកើតមាន។ គួរបញ្ជាក់ផងដែរថា ជំងឺពកកមិនអាចព្យាបាលដោយការដុតនឹងប៉ុយ ឬធូបបាននោះទេ។ បកស្រាយដោយ ៖ សាស្រ្តាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ឯកទេសផ្នែក ត្រចៀក ច្រមុះ បំពង់ក វះកាត់ ក្បាល និង ក ព្រមទាំងជាអនុប្រធានមន្ទីរសំរាកព្យាបាលលុច្ស និងជាប្រធានសមាគមត្រចៀក ច្រមុះ បំពង់ក វះកាត់ក្បាល និង ក កម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើការឈឺចាប់ និងមានខ្ទុះតាមបាតជាសញ្ញាបញ្ជាក់ថាអាចកើតជំងឺបូសអន្ទង់ដែរឬទេ? ទៅតាមបទពិសោធន៍កន្លងមក អ្នកជំងឺតែងតែធ្វេសប្រហែសនឹងបញ្ហាមួយនេះ​ ដែលបណ្តាលឲ្យជំងឺនេះទៅជារ៉ាំរ៉ៃ និងលាប់ម្តងហើយម្តងទៀត។ ១).អ្វីទៅជាជំងឺបូសអន្ទង់?  ជំងឺបូសអន្ទង់ ជាបញ្ហាមួយនៅក្នុងចំណោមជំងឺរន្ធបាតផ្សេងៗទៀត​ ដែលជំងឺនេះលេចចេញជារោគសញ្ញាមួយចំនួនដូចជា ៖ - ដុំបូសមួយនៅជិតរន្ធបាតដែលអាចមានខ្ទុះហូរចេញពីកន្លែងនោះ - ការឈឺចាប់​ និងរមាស់នៅរន្ធបាតផងដែរ វានឹង​បាត់ទៅវិញនៅពេលដែលបូសនោះបែកហើយហូរខ្ទុះអស់​ ប៉ុន្តែវានឹងកើតមានឡើងវិញនៅពេលបូសនោះជិតមុខមកវិញ។  ២).​បូសអន្ទង់បណ្តាលមកពីកត្តាអ្វីខ្លះ?  ទៅតាមការសិក្សាគេបានឲ្យនិយមន័យបូសអន្ទង់ថាជា «ការរលាកនៅផ្នែកខាងក្នុងនៃរន្ធបាតដែលវាបានបង្កើតជាផ្លូវសុីឆ្លងកាត់សាច់ដុំខ្ជឹបរបស់រន្ធបាតចេញមកខាងក្រៅ។» តាមរយៈរន្ធនេះ វាបានហូរនាំខ្ទុះមកជាមួយ​​ និងបង្កើតជាដុំមួយដែលមាន លក្ខណៈជាបូសនៅផ្នែកខាងក្រៅនៃបាត។  មានកត្តាកម្រមួយចំនួនផ្សេងទៀតដូចជា ៖ - ការប៉ះទង្គិចរបួសពេលសម្រាលកូន - ការបាញ់កាំរស្មីអុិចនៅម្តុំបាត​ - ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ Cronh disease។ ៣).​ ការព្យាបាលជំងឺបូសអន្ទង់ មធ្យោបាយល្អបំផុត(Gold standard)សម្រាប់ធ្វើការព្យាបាល បូសអន្ទង់គឺ ការវះកាត់យកផ្លូវដែលរលាកមានខ្ទុះនោះចេញ ដែលជាវិធីសាស្ត្រមួយមានប្រសិទ្ធភាពខ្ពស់ និងមិនមានផលវិបាកអ្វីដល់អ្នកជំងឺឡើយ។ ការវះកាត់មានរយៈពេលខ្លី និងមានការសម្រាកតែ១ថ្ងៃប៉ុណ្ណោះ។ បើបងប្អូនមានចម្ងល់ សូមទំនាក់ទំនងមកកាន់ គ្លីនិក អេគីប២ តាមរយៈទូរស័ព្ទលេខ ០៧០ ៥៥ ៣៣ ១៨ ឬ ០៧៨ ៥៥ ៣៣ ១៨ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជំនឿ ៖ ចាស់ៗគាត់តែងជឿថា «ការទទួលទានផ្លែកន្ទួត និងសរសេរអក្សរ « ខ្លា » ឬ « ជា » នឹងធ្វើឲ្យអ្នកជំងឺស្រឡទែនជាសះស្បេីយ» ។   ការពិត ៖ បេីទោះជាគ្មានការសរសេរពាក្យ « ខ្លា ឬ ជា» ឬ ទទួលទានផ្លែកន្ទួតក្តី វាក៏នឹងបាត់ទៅវិញជាធម្មតា ក្នុងអំឡុងពេល ៧ថ្ងៃ ទៅ ១០ ថ្ងៃក្រោយថ្ងៃផ្តេីមរោគសញ្ញា នេះ បេីយេីងមិនផ្តោតលេីការចេញជាផលវិបាក (Complications) នៃជំងឺបន្តទៀត តែផ្ទុយទៅវិញ ហាក់កាន់តែរំញោចលេីក្រពេញទឹកមាត់ (Parotid gland) ឲ្យបញ្ចេញបន្ថែម បេីអ្នកជំងឺទទួលទានរបស់ជូរៗ ហេីយរឹតតែធ្វេីឲ្យអ្នកជំងឺ គាត់ឈឺ ឬពឺតៗខ្លាំងជាងមុនលេីសដេីម ។  បេីទោះជាយ៉ាងណាក្តី មូលហេតុនៃជំងឺនេះ គឺកេីតឡេីងដោយសារមេរោគស្រឡទែន ប្រភេទវីរុសនៅក្រុមគ្រួសារ Paramyxoviridae ទៅចម្លងរោគលេីក្រពេញទឹកមាត់យេីងឲ្យទៅជាហេីម ។ មេរោគនេះបាចសាចការចម្លងតាមរយៈតំណក់ទឹកផ្លូវដង្ហេីម (Respiratory droplet) ដូចជាកណ្តាស ក្អក ការប៉ះផ្ទាល់អ្នកជំងឺដែលឆ្លងហេីយ និងជាពិសេសតាមរយៈទឹកមាត់អ្នកជំងឺ ។  ជាសរុបរួម បេីប្រជាជនយេីងមានបញ្ហានេះ យេីងមិនគួរបន្តទម្លាប់នេះទៀតទេ ពីព្រោះវាគ្មានប្រយោជន៍ក្នុងការព្យាបាលជំងឺស្រឡទែនឲ្យជាសះស្បេីយនោះឡេីយ ពោល គឺវានឹងជាទៅវិញដោយឯងៗ អំឡុងពេលប្រហែល ៧ ទៅ ១០ថ្ងៃ និងការព្យាបាលទៀតសោត ជាការព្យាបាលតាមរោគសញ្ញា ។  បកស្រាយដោយ ៖ ហេង សុធារិទ្ធ និស្សិតផ្នែកវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

ចែករំលែក

​តើអ្វីជាជំងឺឫសដូងបាត? ជំងឺឫសដូងបាត ជាជំងឺដែលតែងតែកើតមានជាញឹកញាប់ចំពោះប្រជាជនទូទៅ។ ជាធម្មតា មនុស្សគ្រប់រូបតែងតែមានសរសៃឫសដូងបាត ប៉ុន្តែយើងហៅថាជាជំងឺឫសដូងបាតនៅពេលដែលសរសៃទាំងនេះរីកប៉ោងធំខុសធម្មតា និងបង្កជារោគសញ្ញាផ្សេងៗ។​ រោគសញ្ញាជំងឺឫសដូងបាត ជំងឺឫសដូងបាតមានពីរប្រភេទ គឺឫសដូងបាតផ្នែកខាងក្នុង និងឫសដូងបាតផ្នែកខាងក្រៅ។រោគសញ្ញាទាំងនោះមានដូចជា៖ - ការធ្លាក់ឈាមក្រហមស្រស់តាមបាត - ការលានធ្លាក់សរសៃឫសដូង - ការមានដុំពកហើម និងឈឺនៅបាត។ ជំងឺឫសដូងបាតផ្នែកខាងក្នុងមាន៤កម្រិត៖ - កម្រិត១៖ សរសៃឫសដូងប៉ោងធំ បណ្ដាលឲ្យ ធ្លាក់ឈាមក្រហមស្រស់ពេលបន្ទោបង់ ប៉ុន្តែសរសៃនេះមិនលានចេញក្រៅទេ។ - កម្រិត២៖ សរសៃឫសដូងប៉ោងធំលានចេញ មកក្រៅពេលបន្ទោបង់ រួចលឹបចូលទៅក្នុងវិញ ដោយខ្លួនឯង និងអាចមានធ្លាក់ឈាមក្រហមស្រស់ពេលបន្ទោបង់។ - កម្រិត៣៖ សរសៃឫសដូងប៉ោងធំលានចេញមកក្រៅពេលបន្ទោបង់ រួចលឹបចូលទៅក្នុងវិញលុះត្រាតែរុញបញ្ចូល និងអាចមានធ្លាក់ឈាមក្រហមស្រស់ពេលបន្ទោបង់។ - កម្រិត៤៖ សរសៃឫសដូងប៉ោងធំលានចេញមកក្រៅរហូតមិនលឹបចូលទៅក្នុងវិញទេ ទោះបីជាព្យាយាមរុញបញ្ចូលក៏ដោយ និងអាចមានធ្លាក់ឈាមក្រហមស្រស់។ មូលហេតុសំខាន់ៗនៃជំងឺឫសដូងបាត - ការទល់លាមក ឬរាករ៉ាំរ៉ៃ - ប្រើពេលយូរក្នុងការបន្ទោបង់ម្ដងៗ - មុន និងក្រោយពេលសម្រាលកូន ។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យនៃជំងឺនេះនឹងត្រូវបានធ្វើឡើង បន្ទាប់ពីការពិគ្រោះសាកសួរនូវរោគសញ្ញា និងការពិនិត្យបាត ដោយឧបករណ៍ទំនើប ដែលមានភាពងាយស្រួល ឆាប់រហ័សដោយគ្មានការឈឺចាប់ និងគ្មានផលវិបាក ។ ការព្យាបាលជំងឺឫសដូងបាតនាពេលបច្ចុប្បន្ន វិធីព្យាបាលមានច្រើនប្រែប្រួលទៅតាមដំណាក់កាលនីមួយៗនៃសភាពជំងឺ និងអ្នកជំងឺ។​ ​គោលការណ៍រួមនៃការព្យាបាល គឺដោះស្រាយវិបត្តិ នៃការបន្ទោបង់។ ការព្យាបាលមានដូចជា៖ - ចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត១ និង ជំងឺឫសដូងបាតផ្នែកខាងក្រៅ យើងចាប់ផ្ដើមព្យាបាលដោយការប្រើថ្នាំលេប និងលាប។ ក្នុងករណីបរាជ័យជាមួយការប្រើថ្នាំការព្យាបាលឈានទៅរកការចងឫសដូងសម្រាប់ជំងឺឫសដូងបាតក្នុង​ និងការវះកាត់តូចសម្រាប់ជំងឺឫសដូងបាតក្រៅ។ - ចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត២ការព្យាបាលដោយការចងគួបផ្សំជាមួយថ្នាំលេបគឺជាជម្រើសដ៏ល្អប្រសើរ។ - ចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត៣យើងចាប់ផ្ដើមព្យាបាលដោយការចងគួបផ្សំជាមួយ​ថ្នាំលេប។ ប៉ុន្តែប្រសិនបើឫសដូងបាតនោះធំខ្លាំងការចងនិងលេបថ្នាំអាចទទួលបរាជ័យ នោះការវះកាត់ជាជម្រើសចុងក្រោយដែលប្រសើរបំផុត។ - ចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត៤ការវះកាត់គឺជាវិធីព្យាបាលតែមួយគត់ដែលមានប្រសិទ្ធភាព។ ផលប្រយោជន៍នៃការព្យាបាល ១- ការព្យាបាលដោយឧបករណ៍ ៖ ការចង ឫសដូងបាត ជាវិធីព្យាបាលដែលមានប្រសិទ្ធ ភាព ចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត១ ២និង៣ ដែលមិនចំណាយពេលយូរ គ្មានស្នាមរបួស មិនមានការឈឺចាប់ មិនត្រូវការចាក់ថ្នាំស្ពឹកមិនតម្រូវឲ្យសម្រាកពេទ្យ អ្នកជំងឺអាចត្រឡប់ទៅផ្ទះ និងធ្វើការងារប្រចាំថ្ងៃជាធម្មតាបានភ្លាមក្រោយពេលចង។ ការចងឫសដូងបាតមិនមែនជាការព្យាបាលជាដាច់មិនលាប់ឡើងវិញនោះទេ ប្រសិនបើអ្នកជំងឺមិនដោះស្រាយវិបត្តិនៃការបន្ទោបង់។ វិធីព្យាបាលមួយផ្សេងទៀតគឺការដុតដោយកំដៅ Infrarouge ដែលអាចមានប្រសិទ្ធភាពចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត១ ប៉ុន្តែបើប្រៀបធៀបជាមួយការចង គឺការចងមានប្រសិទ្ធភាពខ្ពស់ជាង។ ២- ការវះកាត់ ៖ មានបច្ចេកទេសផ្សេងៗជាច្រើនរួមមានការកាត់យកសរសៃឫសដូងខាងក្រៅ និងខាងក្នុងចេញ ជាបច្ចេកទេសតែមួយគត់ក្នុងពេលបច្ចុប្បន្ន ដែលត្រូវបានសកលលោកទទួលស្គាល់ថាជាបច្ចេកទេសដែលល្អមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺឫសដូងបាតឲ្យជាដាច់។  នៅក្នុងសម័យទំនើបនេះ ទោះបីជាមានស្នាមរបួស និងការឈឺចាប់ក្រោយវះ ក៏យើងមានថ្នាំ និងវិធីសាស្ត្រ ដើម្បីបំបាត់ការឈឺចាប់យ៉ាងមានប្រសិទ្ធភាពផងដែរ។ ជាទូទៅ ក្រោយពេលវះកាត់ តម្រូវឲ្យអ្នកជំងឺសម្រាកពេទ្យត្រឹមតែ១-២ថ្ងៃតែប៉ុណ្ណោះ។ ផលវិបាកដែលអាចជួបប្រទះមានដូចជា ការឈឺចាប់ដែលអាចគ្រប់គ្រងបាន ការធ្លាក់ឈាមក្រោយវះដែលមានដោយកម្រ ការពិបាកនោមដែលមាន រយៈពេលខ្លីក្រោយពេលវះថ្មីៗជាដើម ក៏ប៉ុន្តែទាំងនេះសុទ្ធតែជាផលវិបាកដែលអាចដោះស្រាយបាន។ ការរឹតបន្តឹងសរសៃឫសដូងខាងក្នុង (Stapled hemorrhoidopexy និង Hemorrhoidal arterial ligation)គឺជាបច្ចេកទេសផ្សេងទៀត វិធីនេះមិនមានស្នាមរបួស និងមានការឈឺចាប់ក្រោយវះតិចជាងការកាត់ឫសដូងចេញក៏ពិតមែន ក៏ប៉ុន្តែអត្រានៃការកើតមានជំងឺនេះឡើងវិញគឺខ្ពស់មិនមែនជាសះស្បើយដាច់នោះទេ រីឯតម្លៃវិញ គឺប្រហាក់ប្រហែលនឹងការកាត់ឫសដូងដែរ។ របបអាហារសម្រាប់អ្នកជំងឺឫសដូងបាត មិនតម្រូវឲ្យតមអាហារអ្វីទាំងអស់។ ចំណាំ ៖ ប្រជាជនទូទៅតែងតែប្រើពាក្យឫសដូងបាតនៅពេលដែលគាត់មានរោគសញ្ញាផ្សេងៗនៅបាត។ ក៏ប៉ុន្តែរោគសញ្ញាទាំងនេះអាចបណ្ដាលមកពីជំងឺផ្សេង ក្រៅពីឫសដូងបាត (ឧទាហណ៍៖ ការដាច់ក្រសាល់គូទ ដុំសាច់មហារីកនៅបាត និងបូស។ ដូច្នេះ ប្រសិនបើលោកអ្នកមានរោគសញ្ញា ផ្សេងៗនៅបាត លោកអ្នកគួរតែជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និង ព្យាបាលឱ្យបានត្រឹមត្រូវ។ គួរបញ្ជាក់ផងដែរថា គ្លីនិកអេគីប មានទស្សនៈវិស័យមួយ គឺបង្កើន ស្តង់ដារ ក៏ដូចជាសមត្ថភាព សេវាកម្ម ដើម្បីអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង រួមចំណែកក្នុងការលើកតម្កើងវិស័យសុខាភិបាល សេវាកម្មគ្លីនិកឯកជន និងសេវាសុខភាពក្នុងប្រទេសកម្ពុជាជូនដល់ប្រជាពលរដ្ឋក្នុងគោលបំណងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ និងកាត់បន្ថយការធ្វើចំណាកស្រុកទៅស្វែងរកសេវាសុខាភិបាលបរទេស។ បកស្រាយដោយ  ៖ វេជ្ជបណ្ឌិត ថាវ ស៊ីដានីន ឯកទេសផ្នែកថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃគ្លីនិកអេគីប ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការត្អូញត្អែរថាមើលឆ្ងាយមិនច្បាស់ដែលចាំបាច់ត្រូវទៅមើលជិតតែម្តង ឬការធ្វើភ្នែកព្រឹមៗនៅពេលចង់មើលអ្វីមួយច្បាស់ជាមួយនឹងអាការៈឈឺរោយជុំវិញក្រឡង់ភ្នែក (eyestrain) ដែលធ្វើឲ្យទទួលអារម្មណ៍ថាឈឺណែនក្បាលជាដើម អាចបង្ហាញថាជាសញ្ញានៃម៉្ញូប។ ថ្វីត្បិតថាម៉្ញូបកើតជាធម្មតាទៅហើយសម្រាប់មនុស្សសម័យថ្មីនេះ តែវាក៏ជាការពិតដែរ ដែលម៉្ញូបបានធ្វើឲ្យជីវិតអ្នកប្រែប្រួលមួយកម្រិតដែរ ដូចនេះការយកចិត្តទុកដាក់លើសុខភាពភ្នែករបស់អ្នកទាំងមុន និងក្រោយពេលម៉្ញូប គឺជារឿងដែលមិនគួរមើលរំលង។ ធ្វើយ៉ាងណាទើបដឹងថាអ្នកពិតជាម៉្ញូប? ការទៅពិគ្រោះជាមួយគ្រូពេទ្យខាងចក្ខុរោគ ឬក៏ហាងវាស់វ៉ែនតា (Optometry) ជារឿងដែលអ្នកគួរគិតដល់ ដើម្បីធ្វើការវាស់គំហើញ(VA)ជាមុន ដោយសារការវាស់នេះអាចឲ្យដឹងថា អ្នកគួរប្រើប្រាស់វ៉ែនតាប្រភេទភ្លឺ ឬមិនភ្លឺ។ បន្ទាប់មក គេធ្វើការវាស់ Pinhole ដែលតម្រូវឲ្យអ្នកមើលតាមចន្លោះតូចៗម្តង។ ក្រោយមកទៀត គ្រូពេទ្យនឹងធ្វើការវាស់ដឺក្រេតាម២របៀបបន្តបន្ទាប់គ្នាគឺ Subjective និង Objective ដែលការវាស់បែប Subjectiveត្រូវធ្វើជាមួយ Retinoscope ឬម៉ាស៊ីន Autorefractor  និងបន្ទាប់ពីនោះឲ្យអ្នកជំងឺសាកលវ៉ែនតាគំរូ (Trial lenses) ដែលនេះហៅថាការវាស់ដឺក្រេតាមបែប Objective ។ គួរបញ្ជាក់ថា​ការវាស់បែប Subjective និងobjective អាចមានភាពខុសគ្នា ដោយសារពេលខ្លះការវាស់ដោយម៉ាស៊ីន និងការសាកលវ៉ែនតាគំរូទៅតាមលទ្ធផលវាស់ដោយម៉ាស៊ីននោះ មិនត្រូវនឹងអ្នកជំងឺ ដូចនេះ តម្រូវឲ្យមានការកែតម្រូវដឺក្រេរហូតដល់អ្នកជំងឺទទួលយកបាន និងមើលច្បាស់ដែលមានន័យថា លទ្ធផលគឺផ្អែកលើ Objective តេស្តជាធំ។ ក្រៅពីនោះ គ្រូពេទ្យក៏អាចធ្វើការពិនិត្យបាតភ្នែកផងដែរ ដើម្បីរកផលវិបាកនៃជំងឺម៉្ញូប ប្រសិនបើគាត់មានម៉្ញូបខ្លាំង។ ពេលណាគួរមកពិគ្រោះជាមួយគ្រូពេទ្យ? វាអាស្រ័យលើស្ថានភាព និងមុខរបររបស់អ្នកជំងឺផ្ទាល់ ដែលក្នុងករណីស្រវាំងបន្តិចបន្តួច តែគាត់ជាអ្នកស្រែចំការដែលមិនសូវប្រើភ្នែកក្នុងការមើលរបស់តូចៗ ឬជិតៗច្រើននោះ គាត់មិនចាំបាច់មកជួបគ្រូពេទ្យក៏បាន។ ប៉ុន្តែអាការៈដដែលនេះ សម្រាប់អ្នកធ្វើការ ឬសិស្សនិស្សិត ដែលត្រូវការប្រើប្រាស់ភ្នែកជាចម្បងក្នុងការសម្លឹងមើលរបស់តូចៗរយៈពេលយូរ ដូចជាសៀវភៅ កុំព្យូទ័រ ក្តារខៀន ឬក៏ការបញ្ចាំងមេរៀនតាមស្លាយ (Slides show)ជាដើម គួរតែជាពេលដែលគាត់ត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកវាស់វ៉ែនតាហើយ។ មូលហេតុនៃការម៉្ញូប ភាពលូតលាស់មិនស្របគ្នារវាងកញ្ចក់ភ្នែក និងទំហំនៃគ្រាប់ភ្នែក (វាស់ពីមុខមកក្រោយ) ដែលវាកើតឡើងមកពីភ្នែកទៅជារីកធំខុសពីធម្មតា ឬកញ្ចក់ភ្នែកកោងខ្លាំងពេក ដែលកំណោងកញ្ចក់ភ្នែកធ្វើឲ្យមានការបត់កាំពន្លឺជាកំនុំរូបភាពនៅខាងមុខបាតភ្នែកជាមូលហេតុនៃការម៉្ញូប។ ជាទូទៅ គេចាត់ទុកប្រវែងធម្មតារបស់ភ្នែក គឺ២៤មីលីម៉ែត្រ ប្រសិនបើអង្កត់ផ្ចិតនេះធំខុសពីធម្មតានោះកញ្ចក់ភ្នែកធម្មតារបស់យើង នឹងធ្វើការបត់កាំពន្លឺនៅខាងមុខបាតភ្នែក ធ្វើឲ្យកាំពន្លឺដែលផ្តុំគ្នាជាកំនុំរូបភាពត្រូវនៅខាងមុខបាតភ្នែក។ សូមបញ្ជាក់ថា តាមការស្រាវជ្រាវមួយចំនួន គេឃើញថាពុំមានមូលហេតុច្បាស់លាស់ដែលបង្កឲ្យម៉្ញូបទេ តែ៩០%ត្រូវបានគេសន្និដ្ឋានថាបណ្តាលមកពីតំណពូជ ឬហ្ស៊ែន តែមិនទាន់ដឹងថាក្រូម៉ូសូមប្រាកដណាមួយ ជាអ្នកកំណត់ការម៉្ញូបទេ។ កត្តាអាចឲ្យអ្នកប្រឈមមុខនឹងម៉្ញូប កត្តាប្រឈមមុខមួយចំនួនក៏ត្រូវបានដឹងផងដែរថា អាចបណ្តាលឲ្យម៉្ញូបក្នុងនោះរួមមានបរិយាកាសរស់នៅ ឬធ្វើការ ដូចជាការធ្វើការនៅការិយាល័យដែលការងារតម្រូវឲ្យមើលតែរបស់ជិតៗខ្លួន មិនសូវមានពេលសម្លឹងទៅឆ្ងាយ ឬសម្រាកភ្នែកបានគ្រប់គ្រាន់ ការមើល ឬសម្លឹងរបស់ជិតៗដូចជា ការអានសៀវភៅ ឬប្រើប្រាស់ទូរស័ព្ទថេបប្លេតជាដើម។ គួរឲ្យដឹងផងដែរថា ករណីដែលភ្នែកមើលជិតជាង៦ម៉ែត្រភ្នែក យើងនឹងធ្វើការសម្របសម្រួលដោយសាច់ដុំភ្នែកឲ្យចាប់ផ្តើមធ្វើការដែលជាហេតុធ្វើឲ្យផ្តល់សម្ពាធដល់ភ្នែក តែបើយើងមើលលើសពី៦ម៉ែត្រ ភ្នែករបស់យើងស្ថិតនៅក្នុងសភាពសម្រាក។ អ្នកណាខ្លះអាចប្រឈមមុខនឹងការម៉្ញូប? តាមការសិក្សាមួយរបស់លោកសាស្ត្រាចារ្យ ងី ម៉េង នៅរាជធានីភ្នំពេញ និងនៅខេត្តកណ្តាលលើមនុស្សចំនួន៥,៥២៧នាក់ អាយុពី១២ទៅ១៤ឆ្នាំ ឃើញថាមាន៥,៥៧% ជាអ្នកមានកំហុសកំនុំ (Refractive error) ដែលរួមមានទាំងម៉្ញូប Hyperopia អាស្ទីម៉ាតដែលការស្រាវជ្រាវនោះ បង្ហាញថាអ្នករស់នៅទីក្រុង(១៣,៧%)មានអត្រាប្រឈមមុខខ្ពស់ជាងនៅជនបទ(២,៥%)។ មានការសិក្សាមួយទៀតនៅអាស៊ីអាគ្នេយ៍ ដោយសិក្សាទៅលើមនុស្សចំនួន២១៥ពាន់នាក់នៅលើ១០ប្រទេសពីអាយុទើបកើតដល់៩៦ឆ្នាំ ក្នុងនោះម៉្ញូបមានដល់ទៅ៩៦,៣% ដែលមួយផ្នែកធំគឺ ស្ថិតនៅវ័យ១៦ឆ្នាំ។ ម្យ៉ាងទៀត គេក៏សង្កេតឃើញផងដែរថា ករណីកំហុសកំនុំនៅកម្ពុជា គឺកើតមានតិចជាងនៅប្រទេសជឿនលឿនដទៃ ។ មានការព្យាបាលដែរឬទេសម្រាប់អ្នកភ្នែកម៉្ញូប? ករណីដែលម៉្ញូបទាក់ទងនឹងហ្ស៊ែននោះ ពុំមានវិធីក្នុងការបញ្ឈប់ការវិវឌ្ឍទៅរកភាពម៉្ញូប ឬឡើងដឺក្រេភ្នែកទេ។ ចំពោះម៉្ញូបដែលកើតមាននៅវ័យក្មេង ការវិវឌ្ឍនឹងមានសភាពលឿន ប៉ុន្តែវានឹងថយចុះវិញនៅក្រោយអាយុ១៩ឆ្នាំ ឬ២២ឆ្នាំ។ ក្នុងករណីដែលការម៉្ញូបរបស់គាត់ឈប់មានការវិវឌ្ឍមានន័យថា គាត់បានជោគជ័យក្នុងការព្យាបាល តែករណីដែលការវិវឌ្ឍនៅតែបន្តនោះការព្យាបាលនឹងត្រូវធ្វើជាបន្ត ហើយការពាក់វ៉ែនតា ឬធ្វើការវះកាត់បន្តទៀតក៏ត្រូវបានពិចារណាដដែល។ ដូចនេះ ការព្យាបាលដាច់ ឬក៏អត់ គឺអាស្រ័យនឹងការវិវឌ្ឍរបស់ម៉្ញូប។ ពុំមានថ្នាំណាមួយសម្រាប់បញ្ឈប់ការឡើងដឺក្រេបានទេ ហើយក៏ពុំមានការបញ្ជាក់ណាមួយពីប្រសិទ្ធភាពរបស់វាដែរ។ ការព្យាបាលដែលងាយបំផុត គឺពាក់វ៉ែនតាមុននឹងឈានដល់ដំណាក់កាលវះកាត់ ដែលជាទូទៅវ៉ែនតាប្រភេទដកត្រូវប្រើចំពោះអ្នកម៉្ញូប ឯ Hyperopia ត្រូវប្រើប្រាស់វ៉ែនតាបូក រីឯអាស្ទីម៉ាតអាចមានបូក និងដកទៅតាមការពិនិត្យ និងវាស់ឃើញជាក់ស្តែង ។ រីឯការវះកាត់លើកញ្ចក់ភ្នែកដូចជាការប្រើប្រាស់ឡាស៊ែរ ការបញ្ចូលកងទៅនឹងកម្រាស់កញ្ចក់ភ្នែក ដើម្បីធ្វើកំណោងកញ្ចក់ភ្នែកមានកំណោងមកធម្មតាវិញ។ សម្រាប់ដែលមានម៉្ញូបកម្រិតខ្ពស់ (២០ Diopters) អាចធ្វើការវះកាត់ដោយបញ្ចូលកញ្ចក់សិប្បនិម្មិតតម្រូវ នឹងភ្នែករបស់យើងជំនួសកញ្ចក់ភ្នែករបស់យើង។ គោលបំណងនៃការវះកាត់គឺ ដើម្បីឲ្យភ្នែករបស់យើងត្រលប់មកធម្មតាវិញ ប៉ុន្តែអ្នកជំងឺអាចប្រើប្រាស់វ៉ែនតាក្នុងកម្រិតស្រាលមួយ ដើម្បីមើលច្បាស់ ​ពីព្រោះការវះកាត់ជាក់ស្តែងអាចជួយអ្នកជំងឺបន្ថយដឺក្រេភ្នែកបានប៉ុន្តែមិនទាំងស្រុងទេ។ ការប្រឈមមុខនឹងផលវិបាកដោយសារការម៉្ញូប ករណីដែលមិនធ្វើការព្យាបាល ឬពាក់វ៉ែនតាជាជំនួយគឺ ដំបូងវានឹងជះឥទ្ធិពលមិនល្អដល់គុណភាពនៃជីវិតដោយការមើលឆ្ងាយមិនច្បាស់ដូចអ្នកដទៃ ធ្វើការងារផ្សេងៗដោយមិនសូវងាយស្រួល ព្រមទាំងរំខានដោយអាការៈនៃបញ្ហាម៉្ញូប ដូចជា ឈឺក្បាល តឹងគ្រាប់ភ្នែក ឈឺក្រឡង់ភ្នែក ហើយលើសពីនោះក៏ប្រឈមមុខនឹងជំងឺផ្សេងៗ ក្នុងករណីដែលម៉្ញូបកម្រិតខ្ពស់ដូចជា ជំងឺរបកបាតភ្នែក ដក់ទឹកក្នុងភ្នែកកោសិកាបាតភ្នែកហិនហោច ដែលជាទូទៅអាចកើតចំពោះអ្នកដែលម៉្ញូបខ្លាំងចាប់ពីកម្រិត៥ ឬ៦Diopters ឡើងទៅ។ «ចំពោះអ្នកដែលមានបញ្ហាភ្នែក ឬមានអាការៈដូចដែលបានរៀបរាប់ខាងលើ សូមទៅរកអ្នកផ្តល់សេវាកាត់វ៉ែនតា ឬទៅជួបគ្រូពេទ្យឲ្យបានត្រឹមត្រូវ ព្រោះការវាស់វ៉ែនតាខុសធ្វើឲ្យមានការខាតបង់មិនសំដៅដល់អាយុជីវិតផ្ទាល់ទេ តែសំដៅដល់ការខាតទាំងប្រយោជន៍ និងពេលវេលាដែលផ្ទុយពីការពាក់វ៉ែនតាត្រឹមត្រូវ ដែលផ្តល់នូវភាពងាយស្រួលពិតប្រាកដដល់ការរស់នៅជាងពេលមិនពាក់វ៉ែនតា។ ដោយឡែក ចំពោះជំនឿរបស់បងប្អូនយើងជាច្រើនមកដល់បច្ចុប្បន្នជាពិសេសមាតាបិតាដែលថា ការពាក់វ៉ែនតាធ្វើឲ្យភ្នែកកូនចេះតែឡើងដឺក្រេ និងមានអារម្មណ៍ថាកូនមិនល្អដូចអ្នកដទៃទៅវិញ គួរតែត្រូវបានពិចារណាឡើងវិញពីព្រោះការពិតវាពុំមែនជាបញ្ហាអ្វីធំដុំនោះទេ ហើយអ្វីដែលសំខាន់នោះ គឺគំហើញច្បាស់របស់កូនដែលអាចជួយឲ្យជីវិតពួកគេប្រសើរឡើងរួមទាំងការរៀនសូត្រ ការប្រកបការងារព្រមជាមួយនឹងគុណភាពជីវិតដ៏ល្អផងដែរ» នេះជាប្រសាសន៍ផ្តាំផ្ញើររបស់លោកវេជ្ជបណ្ឌិតប៉ោក ធន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះប៉ះពាល់ទៅលើស្ត្រីដែលមានគភ៌ប្រមាណ៦-៨%។ ជំងឺនេះសំដៅលើការកើនឡើងនៃសម្ពាធឈាមរហូតដល់ 140/90mmHg ឬខ្ពស់ជាងនេះ ក្រោយពីការពពោះបានរយៈពេល២០សប្ដាហ៍ ដោយមិនមានរោគសញ្ញាសំខាន់ៗនៃជំងឺបម្រុងក្រឡាភ្លើង។ ប្រសិនបើសម្ពាធឈាមនៅពេលមានផ្ទៃពោះកើនឡើងរឹតតែខ្ពស់ និងរយៈពេលនៃការកើតមាននេះកាន់តែឆាប់ នោះការប្រឈមនឹងបញ្ហាផ្សេងៗកើតមានកាន់តែខ្ពស់។  ម្នាក់ក្នុងចំណោម៤នាក់នៃអ្នកជំងឺលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះនឹងបន្តកើតជំងឺបម្រុងក្រឡាភ្លើង អំឡុងពេលមានផ្ទៃពោះ ពេលសម្រាល ឬបន្ទាប់ពីសម្រាល។ តើអ្វីខ្លះ ជាកត្តាជម្រុញឲ្យកើតមានជំងឺលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះ? កត្តាជម្រុញឲ្យមានជំងឺនេះនឹងមាន ប្រសិនបើអ្នក៖ -មានគភ៌ជាលើកដំបូង -ធាត់ជ្រុល -មានអាយុលើសពី៤០ឆ្នាំ -មានសញ្ជាតិជាអាមេរិកកាត់អាហ្រ្វិច -ធ្លាប់មានប្រវត្តិ ឬមានក្រុមគ្រួសារកើតជំងឺនេះ ឬជំងឺបម្រុងក្រឡាភ្លើង -មានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ឬជំងឺទឹកនោមផ្អែម -មានគភ៌ដែលកំពុងពពោះជាកូនភ្លោះ។ តើរោគសញ្ញានៃជំងឺលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះអាចមានអ្វីខ្លះ? រោគសញ្ញាសំខាន់ គឺសម្ពាធឈាមកើនឡើងពេលមានផ្ទៃពោះ ឯរោគសញ្ញាផ្សេងទៀតមានដូចជា ឈឺពោះ ឈឺក្បាលខ្លាំង បញ្ហាលើគំហើញ កម្រិតទឹកនោមថយចុះ ឬគ្មានតែម្ដង វត្តមានឈាមក្នុងទឹកនោម មានអារម្មណ៍ស្រាលក្បាល ឬអារម្មណ៏ក្អួតចង្អោរខ្លាំងជាដើម។  តើជំងឺលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះមានផលប៉ះពាល់អ្វីខ្លះ? ជំងឺនេះអាចធ្វើឲ្យឈាមដែលហូរទៅកាន់សុកថយចុះជាហេតុបង្កឲ្យទារកមានទម្ងន់ស្រាល។ បើទោះជាផលប៉ះពាល់ខាងក្រោមនេះមិនសូវមាន ប៉ុន្តែជំងឺលើសឈាមនៅពេលមានផ្ទៃពោះអាចឲ្យមានបញ្ហាដូចជា៖  -ការដាច់ចេញនៃសុក -ម្ដាយប្រកាច់ -ខ្សោយតម្រងនោមបណ្ដោះអាសន្ន -បញ្ហាទៅលើថ្លើម -បញ្ហាកំណកឈាម -ការសម្រាលកូនទាំងមិនទាន់គ្រប់ខែ។ តើជំងឺលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះអាចគ្រប់គ្រងបានដោយវិធីណាខ្លះ? ប្រសិនបើជំងឺនេះមានលក្ខណៈស្រាលទេ អ្នកអាចព្យាបាលនៅផ្ទះបានដោយការសម្រាកនៅក្នុងបរិយាកាសមួយដែលស្ងៀមស្ងាត់ កាត់បន្ថយសកម្មភាពផ្សេងៗដោយការសម្រាកបែបទៅខាងឆ្វេង និងអនុវត្តការបរិភោគអាហារតាមការណែនាំរបស់គ្រូពេទ្យ។ ប៉ុន្តែប្រសិនជាវាមានសភាពធ្ងន់ធ្ងរវិញ (សម្ពាធឈាមនៅត្រឹម 160/110mmHg ឬខ្ពស់ជាងនេះ) អ្នកជំងឺត្រូវបានឲ្យពិសាថ្នាំបញ្ចុះសម្ពាធឈាម និងត្រូវគេងពេទ្យដល់ពេលសម្រាល។  តើជំងឺលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះនឹងបាត់ទៅវិញ ក្រោយពេលសម្រាលដែរឬទេ ? ស្ត្រីដែលមានបញ្ហានេះតែងតែមានសម្ពាធឈាមប្រែមកពីធម្មតាវិញ ក្រោយពេលសម្រាល។ ប៉ុន្តែស្ត្រីមួយចំនួន សម្ពាធឈាមរបស់គាត់នៅខ្ពស់ដដែល។ ប្រសិនបើសម្ពាធឈាមអ្នកនៅតែខ្ពស់បន្ទាប់ពីសម្រាលបានយ៉ាងតិចណាស់៣ខែ ស្ថានភាពនេះហៅថា«ការលើសសម្ពាធឈាមរុំាំរ៉ៃ (chronic hypertension)»។ ដូច្នេះ ស្ត្រីមានផ្ទៃពោះគ្រប់រូបគួរតែអញ្ជើញទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើអ្នកកត់សម្គាល់នូវសភាពដូចជា ការថយចុះនៃចលនារបស់គភ៌ ការកន្ត្រាក់នៃស្បូន អារម្មណ៍ក្អួតចង្អោរដែលមិនអាចដោះស្រាយបាន មានការហូរឈាមតាមទ្វារមាស និងរោគសញ្ញាជាច្រើនទៀតដែលធ្វើឲ្យអ្នកបារម្ភ៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានកិត្តិយសសូមជម្រាបជូន លោក លោកស្រី អ្នកនាងកញ្ញា ជាមន្ត្រីរាជការមន្ទីរពេទ្យ និងប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា៖ គ្រូពេទ្យផ្នែក ប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រួមសហប្រតិបត្តិការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសបារាំង មានធ្វើការពិនិត្យជូនដោយឥតគិតថ្លៃដូចជា៖  -ធ្វើការពិនិត្យ-ពិគ្រោះ  -ព្យាបាលជំងឺរន្ធបាត (ឫសដូងបាត រហែកគូថ និងបូសអន្ទង់....) រយៈពេលចំនួន០៣ ថ្ងៃចាប់ពីថ្ងែទី៣០ ខែមេសា ដល់ថ្ងែទី០២ ខែឩសភា ឆ្នាំ២០១៨ ខាងមុខនេះ.... កាលបរិច្ឆេទ៖ ចាប់ពីថ្ងែទី៣០ ខែមេសា ដល់ថ្ងែទី០២ ខែឩសភា ឆ្នាំ២០១៨ -ព្រឹក ចាប់ពីម៉ោង ០៨:០០ ដល់ម៉ោង ១២:០០ ពិនិត្យនិងពិគ្រោះជំងឺ -រសៀល ចាប់ពីម៉ោង ១៣:៣០ ដល់ម៉ោង ១៧:៣០ ព្យាបាលដោយវះកាត់ អាស្រ័យហេតុដូចនេះ សូមប្រជាជនទាំងអស់ជ្រាបជាព័ត៌មាន៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

១. ដូចម្ដេចដែលហៅថាជំងឺរបើកបាតភ្នែក? វាជាការរបើកចេញពីគ្នារវាងកោសិកាស្រទាប់បាទភ្នែកដែលមានមុខងារក្នុងការចាប់រូបភាព និងការមើលឃើញ ដែលធ្វើឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងការមើលឃើញ ឬពិការភ្នែកបើមិនព្យាបាលទាន់ពេលវេលា។  ២. តើជំងឺរបើកបាតភ្នែកកើតឡើងដោយសារអ្វី ? ជំងឺរបើកបាតភ្នែកកើតឡើងដោយសារមូលហេតុជាច្រើនតាមប្រភេទរបស់ការរបើកដូចជា៖  -ជំងឺរបើកបាតភ្នែកដោយមានប្រហោង កើតឡើងដោយសារការប៉ះទង្គិចផ្ទាល់នូវភ្នែក ឬក្បាលដោយកត្តាណាមួយ។ ការដាច់ចេញនៃសារធាតុចាហួយបាតភ្នែក ដែលបង្កើតជាកម្លាំងទាញ។ ភាពម៉្ញូបដែលមានដឺក្រខ្ពស់ ឬការបើកដែលអាចកើតឡើងដោយឯកឯង។  -ជំងឺរបើកបាតភ្នែកដោយសារការគ្មានប្រហោងដែលកើតឡើងដោយសារជំងឺទឹកនោមផ្អែម ឬទារកកើតមិនគ្រប់ខែ។ -ជំងឺរបើកបាតភ្នែកដោយសារការរលាកបាតភ្នែក ដូចជាជំងឺរលាកបាតភ្នែករុំាំរ៉ៃ ការដុះដុំសាច់ ឬការដុះសរសៃឈាមថ្មីក្នុងបាតភ្នែក។  ៣.តើរោគសញ្ញារបស់ជំងឺរបើកបាតភ្នែកមានអ្វីខ្លះ?  អ្នកជំងឺរបើកបាតភ្នែកអាចគ្មានអាការៈអ្វីខុសធម្មតា នៅពេលដែលមានការរបើកមានប្រហោងតូច ឬនៅកម្រិតចាប់ផ្ដើម។  អ្នកជំងឺអាចមានថយចុះនៃគំហើញ និងពេលខ្លះអាចមានអារម្មណ៍ថា ដូចជាមានផ្ទាំងខ្មៅងងឹតមកបាំងនៅលើ ឬខាងក្រោមនៃភ្នែក អាស្រ័យទៅលើទីតាំងនៃកន្លែងរបើក។ អ្នកជំងឺក៏អាចមានអារម្មណ៍ថាមានដូច ជាភ្លើងផ្លេកបន្ទោរភ្លឺមួយពព្រិចភ្នែករួចបាត់រួចបាត់ទៅវិញបួករួមនឹងការមើលឃើញស្រមោលល្អិតៗដែលរត់កាត់មុខភ្នែក។ ៤.តើអ្នកណាខ្លះដែលប្រឈមនឹងជំងឺរបើកបាតភ្នែកនេះ ? អ្នកដែលប្រឈមនឹងជំងឺប្រភេទនេះមានដូចជាអ្នកដែលធ្លាប់ជួបការប៉ះទង្គិច។ អ្នកដែលមានដឺក្រេម៉្ញូបខ្ពស់លើសពី៦០០ ដឺក្រេ ឬធ្លាប់មានប្រវត្តិរបើកបាតភ្នែកនៅភ្នែកម្ខាងទៀត។ មនុស្សចាស់អាយុកលើសពី៥០ឆ្នាំ ឬមានរួមផ្សំជាមួយជំងឺប្រចាំកាយដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជំងឺភ្នែកដទៃទៀត។ ប៉ុន្តែពេលខ្លះជំងឺនេះអាចកើតមានដោយខ្លួនឯកឯងដោយមិនបាច់មានកត្តាប្រឈមទាំងនេះឡើយ។  ៥. តើអ្នកជំងឺរបើកបាតភ្នែកអាចព្យាបាលបានដែរឬទេ ? ចំពោះប្រហោងបាតភ្នែកនៅបាតភ្នែកដែលមិនទាន់ឈានទៅដល់ការរបើកបាតភ្នែកការបាញ់កាំរស្មីបិទប្រហោងជាវិធីបង្ការមួយដែលមានប្រសិទ្ធភាព និងអាចបញ្ជៀសមិនឲ្យមានការរបើកបាតភ្នែកទៅថ្ងៃក្រោយ។ចំពោះភ្នែកដែលឈានដល់ការរបើករួចហើយ ការវះកាត់គឺជាជម្រើសតែមួយគត់។ ការវះកាត់នេះតម្រូវឲ្យមានការដាក់បញ្ជូលហ្គាស ឬស៊ីលីកូនចូលក្នុងភ្នែកដើម្បីឲ្យមានការបិទជិតឲ្យបានល្អនៃបាតភ្នែកហើយពេលខ្លះក៏តម្រូវឲ្យមានការចាញ់កាំរស្មីបន្ថែមទៅលើស្នាមរហែកស្របពេលកំពុងវះកាត់ ដើម្បីបង្ការកុំឲ្យមានការរើឡើងវិញនៃជំងឺនេះ ៕ បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងី ម៉េង ឯកទេសចក្ខុរោគ និងជាប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធាននៃ គ្លីនិកភ្នែក ម៉េង រ័ត្ននីន ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បញ្ហាជំងឺអង្គែកើតមានច្រើននៅប្រទេសកម្ពុជាយើង ហើយវាស្ថិតនៅក្នុងជំងឺឈានមុខគេទាំង១០ដែលកើតចំពោះស្បែករបស់ប្រជាជនអាស៊ី។ អង្គែមិនមែនកើតតែលើសក់ក្បាលទេ តែវាកើតនៅគ្រប់កន្លែងមានមេរោគ ហើយក៏អាចកើតនៅលើស្បែកផងដែរ តែវាមានសភាពជាក្រម៉ដូ​ចស្បែកបែកស្រកា។ តាមពាក្យសាមញ្ញារបស់ប្រជាជន បញ្ហានេះគេហៅថា«អង្គែ» តែបើពាក្យបច្ចេកទេសគេហៅថា «Seborrheic dermatitis»អង្គែ ដែលកើតឡើងដោយសារការលើសជាតិប្រេង និងខ្លាញ់ច្រើនលើស្បែកក្បាលដែលនាំឲ្យរោកស្បែកក្បាល។​​ អង្គែគ្រាន់តែជាសញ្ញាជំងឺរលោកស្បែកស្រាលៗ។  អង្គែមានពីរប្រភេទផ្សេងគ្នា គឺអង្គែធម្មតា និងអង្គែដោយសារជំងឺ គឺកើតឡើងដោយសារស្ត្រេស គេងមិនលក់ ធុញថប់ក្នុងអារម្មណ៍ ផឹកស្រា និងមានសកម្មភាពផ្សេងទៀតដែលបណ្ដាលឲ្យស្បែកឡើងខ្លាញ់។ ការផ្អាប់ជាតិខ្លាញ់យូរនៅលើស្បែកក្បាលអាចឲ្យវារោលរលាកស្បែកក្បាលបាន។ ឯជំងឺមួយចំនួនទៀតក៏អាចបណ្ដាលឲ្យមានបញ្ហាអង្គែផងដែរដូចជា ជំងឺPsoriasis ឲ្យអង្គែដែលមានសភាពជាបន្ទះៗពណ៌ស ហើយក្រាស់។​​ ឯការព្យាបាលវិញ អ្នកខ្លះប្រើសាប៊ូថ្នាំបន្ថែមជាតិមានដូចជា សាប៊ូសម្រាប់ស្បែកអង្គែ សាប៊ូសម្រាប់ស្បែកប្រេង សាប៊ូសម្រាប់ស្បែកមានអង្គែក្រាស់ ឬសាប៊ូសម្រាប់ពង្រឹងគល់សក់អាចឲ្យបាត់អង្គែបាន តែបើមិនបាត់ គ្រូពេទ្យនឹងណែនាំឲ្យប្រើទឹកថ្នាំលាបសក់នៅកន្លែងដែលមានអង្គែ ប្រហែល១ទៅ២សប្ដាហ៍នឹងជា ។ យ៉ាងណាមិញ បញ្ហានេះងាយនឹងព្យាបាល តែវាក៏ងាយនឹងកើតមានវិញដែរ។  ដូចនេះ ដើម្បីបង្ការកុំឲ្យកើតមានអង្គែម្ដងទៀត អ្នកត្រូវគោរពតាមការណែនាំរបស់គ្រូពេទ្យពីប្រភេទសាប៊ូដែលត្រូវនឹងស្បែកក្បាលរបស់អ្នក ចៀសវាងផ្លាស់ប្ដូរសាប៊ូចង់បានក្លិនក្រអូប ឬចង់ប្ដូរពណ៍សក់តាមការកក់សាប៊ូ ដូចអ្នកមានសក់ក្បាលធម្មតា​។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិតសូមជម្រាបដល់អ្នកដែលមានបញ្ហាជំងឺអង្គែនេះថា អ្នកជំងឺអាចធ្វើការជ្រើសរើសប្រភេទសាប៊ូដែលត្រូវនឹងស្បែកក្បាលរបស់ខ្លួនមកសាកល្បងជាមុនប៉ុន្តែប្រសិនបើមិនទទួលបានប្រសិទ្ធភាពពីការប្រើប្រាស់សាប៊ូទេ លោកអ្នកត្រូវមកជួបនឹងគ្រូពេទ្យសើស្បែកដែលលោកអ្នកទុកចិត្តបាន​ ដើម្បីធ្វើការពិនិត្យ និងរកមធ្យាបាយដោះស្រាយ។  ជាទូទៅ ករណីអង្គែធម្មតា​លោកអ្នកអាចប្រើត្រឹមសាប៊ូបានអាចព្យាបាលបញ្ហានេះបាន ប៉ុន្តែករណីអង្គែខ្លាំងក្លា គ្រូពេទ្យនឹងណែនាំឲ្យប្រើប្រាស់សាប៊ូបូកជាមួយថ្នាំទឹកលាបលើស្បែកក្បាល។ មួយវិញទៀត សូមចៀសវាងការប្រើប្រាស់ផលិតផលដែលលោកអ្នកមិនស្គាល់ច្បាស់លាស់ ឬប្រើតាមគ្នា ឬទទួលការព្យាបាលដោយគ្មានជំនាញ ព្រោះអាចឲ្យលោកខាតទាំងថវិកា និងពេលវេលា។  បកស្រាយដោយ ៖  លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ជាអនុប្រធានមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត នឹងជាប្រធានកាដាវ គ្លីនិកសើស្បែក និងឡេសឺរ (វេជ្ជបណ្ឌិត ចាន់ វិចិត្រ) ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើអ្វីជាជំងឺឫសដូងបាត? ជំងឺឫសដូងបាត ជាជំងឺដែលតែងតែកើតមានជាញឹកញាប់ចំពោះប្រជាជនទូទៅ។ ជាធម្មតា មនុស្សគ្រប់រូបតែងតែមានសរសៃឫសដូងបាត ប៉ុន្តែយើងហៅថាជាជំងឺឫសដូងបាតនៅពេលដែលសរសៃទាំងនេះរីកប៉ោងធំខុសធម្មតា និងបង្កជារោគសញ្ញាផ្សេងៗ។​ រោគសញ្ញាជំងឺឫសដូងបាត ជំងឺឫសដូងបាតមានពីរប្រភេទ គឺឫសដូងបាតផ្នែកខាងក្នុង និងឫសដូងបាតផ្នែកខាងក្រៅ។រោគសញ្ញាទាំងនោះមានដូចជា៖ - ការធ្លាក់ឈាមក្រហមស្រស់តាមបាត - ការលានធ្លាក់សរសៃឫសដូង - ការមានដុំពកហើម និងឈឺនៅបាត។ ជំងឺឫសដូងបាតផ្នែកខាងក្នុងមាន៤កម្រិត៖ - កម្រិត១៖ សរសៃឫសដូងប៉ោងធំ បណ្ដាលឲ្យ ធ្លាក់ឈាមក្រហមស្រស់ពេលបន្ទោបង់ ប៉ុន្តែសរសៃនេះមិនលានចេញក្រៅទេ។ - កម្រិត២៖ សរសៃឫសដូងប៉ោងធំលានចេញ មកក្រៅពេលបន្ទោបង់ រួចលឹបចូលទៅក្នុងវិញ ដោយខ្លួនឯង និងអាចមានធ្លាក់ឈាមក្រហមស្រស់ពេលបន្ទោបង់។ - កម្រិត៣៖ សរសៃឫសដូងប៉ោងធំលានចេញមកក្រៅពេលបន្ទោបង់ រួចលឹបចូលទៅក្នុងវិញលុះត្រាតែរុញបញ្ចូល និងអាចមានធ្លាក់ឈាមក្រហមស្រស់ពេលបន្ទោបង់។ - កម្រិត៤៖ សរសៃឫសដូងប៉ោងធំលានចេញមកក្រៅរហូតមិនលឹបចូលទៅក្នុងវិញទេ ទោះបីជាព្យាយាមរុញបញ្ចូលក៏ដោយ និងអាចមានធ្លាក់ឈាមក្រហមស្រស់។ មូលហេតុសំខាន់ៗនៃជំងឺឫសដូងបាត - ការទល់លាមក ឬរាករ៉ាំរ៉ៃ - ប្រើពេលយូរក្នុងការបន្ទោបង់ម្ដងៗ - មុន និងក្រោយពេលសម្រាលកូន ។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យនៃជំងឺនេះនឹងត្រូវបានធ្វើឡើង បន្ទាប់ពីការពិគ្រោះសាកសួរនូវរោគសញ្ញា និងការពិនិត្យបាត ដោយឧបករណ៍ទំនើប ដែលមានភាពងាយស្រួល ឆាប់រហ័សដោយគ្មានការឈឺចាប់ និងគ្មានផលវិបាក ។ ការព្យាបាលជំងឺឫសដូងបាតនាពេលបច្ចុប្បន្ន វិធីព្យាបាលមានច្រើនប្រែប្រួលទៅតាមដំណាក់កាលនីមួយៗនៃសភាពជំងឺ និងអ្នកជំងឺ។​ ​គោលការណ៍រួមនៃការព្យាបាល គឺដោះស្រាយវិបត្តិ នៃការបន្ទោបង់។ ការព្យាបាលមានដូចជា៖ - ចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត១ និង ជំងឺឫសដូងបាតផ្នែកខាងក្រៅ យើងចាប់ផ្ដើមព្យាបាលដោយការប្រើថ្នាំលេប និងលាប។ ក្នុងករណីបរាជ័យជាមួយការប្រើថ្នាំការព្យាបាលឈានទៅរកការចងឫសដូងសម្រាប់ជំងឺឫសដូងបាតក្នុង​ និងការវះកាត់តូចសម្រាប់ជំងឺឫសដូងបាតក្រៅ។ - ចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត២ការព្យាបាលដោយការចងគួបផ្សំជាមួយថ្នាំលេបគឺជាជម្រើសដ៏ល្អប្រសើរ។ - ចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត៣យើងចាប់ផ្ដើមព្យាបាលដោយការចងគួបផ្សំជាមួយ​ថ្នាំលេប។ ប៉ុន្តែប្រសិនបើឫសដូងបាតនោះធំខ្លាំងការចងនិងលេបថ្នាំអាចទទួលបរាជ័យ នោះការវះកាត់ជាជម្រើសចុងក្រោយដែលប្រសើរបំផុត។ - ចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត៤ការវះកាត់គឺជាវិធីព្យាបាលតែមួយគត់ដែលមានប្រសិទ្ធភាព។ ផលប្រយោជន៍នៃការព្យាបាល ១- ការព្យាបាលដោយឧបករណ៍ ៖ ការចង ឫសដូងបាត ជាវិធីព្យាបាលដែលមានប្រសិទ្ធ ភាព ចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត១ ២និង៣ ដែលមិនចំណាយពេលយូរ គ្មានស្នាមរបួស មិនមានការឈឺចាប់ មិនត្រូវការចាក់ថ្នាំស្ពឹកមិនតម្រូវឲ្យសម្រាកពេទ្យ អ្នកជំងឺអាចត្រឡប់ទៅផ្ទះ និងធ្វើការងារប្រចាំថ្ងៃជាធម្មតាបានភ្លាមក្រោយពេលចង។ ការចងឫសដូងបាតមិនមែនជាការព្យាបាលជាដាច់មិនលាប់ឡើងវិញនោះទេ ប្រសិនបើអ្នកជំងឺមិនដោះស្រាយវិបត្តិនៃការបន្ទោបង់។ វិធីព្យាបាលមួយផ្សេងទៀតគឺការដុតដោយកំដៅ Infrarouge ដែលអាចមានប្រសិទ្ធភាពចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត១ ប៉ុន្តែបើប្រៀបធៀបជាមួយការចង គឺការចងមានប្រសិទ្ធភាពខ្ពស់ជាង។ ២- ការវះកាត់ ៖ មានបច្ចេកទេសផ្សេងៗជាច្រើនរួមមានការកាត់យកសរសៃឫសដូងខាងក្រៅ និងខាងក្នុងចេញ ជាបច្ចេកទេសតែមួយគត់ក្នុងពេលបច្ចុប្បន្ន ដែលត្រូវបានសកលលោកទទួលស្គាល់ថាជាបច្ចេកទេសដែលល្អមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺឫសដូងបាតឲ្យជាដាច់។  នៅក្នុងសម័យទំនើបនេះ ទោះបីជាមានស្នាមរបួស និងការឈឺចាប់ក្រោយវះ ក៏យើងមានថ្នាំ និងវិធីសាស្ត្រ ដើម្បីបំបាត់ការឈឺចាប់យ៉ាងមានប្រសិទ្ធភាពផងដែរ។ ជាទូទៅ ក្រោយពេលវះកាត់ តម្រូវឲ្យអ្នកជំងឺសម្រាកពេទ្យត្រឹមតែ១-២ថ្ងៃតែប៉ុណ្ណោះ។ ផលវិបាកដែលអាចជួបប្រទះមានដូចជា ការឈឺចាប់ដែលអាចគ្រប់គ្រងបាន ការធ្លាក់ឈាមក្រោយវះដែលមានដោយកម្រ ការពិបាកនោមដែលមាន រយៈពេលខ្លីក្រោយពេលវះថ្មីៗជាដើម ក៏ប៉ុន្តែទាំងនេះសុទ្ធតែជាផលវិបាកដែលអាចដោះស្រាយបាន។ ការរឹតបន្តឹងសរសៃឫសដូងខាងក្នុង (Stapled hemorrhoidopexy និង Hemorrhoidal arterial ligation)គឺជាបច្ចេកទេសផ្សេងទៀត វិធីនេះមិនមានស្នាមរបួស និងមានការឈឺចាប់ក្រោយវះតិចជាងការកាត់ឫសដូងចេញក៏ពិតមែន ក៏ប៉ុន្តែអត្រានៃការកើតមានជំងឺនេះឡើងវិញគឺខ្ពស់មិនមែនជាសះស្បើយដាច់នោះទេ រីឯតម្លៃវិញ គឺប្រហាក់ប្រហែលនឹងការកាត់ឫសដូងដែរ។ របបអាហារសម្រាប់អ្នកជំងឺឫសដូងបាត មិនតម្រូវឲ្យតមអាហារអ្វីទាំងអស់។ ចំណាំ ៖ ប្រជាជនទូទៅតែងតែប្រើពាក្យឫសដូងបាតនៅពេលដែលគាត់មានរោគសញ្ញាផ្សេងៗនៅបាត។ ក៏ប៉ុន្តែរោគសញ្ញាទាំងនេះអាចបណ្ដាលមកពីជំងឺផ្សេង ក្រៅពីឫសដូងបាត (ឧទាហណ៍៖ ការដាច់ក្រសាល់គូទ ដុំសាច់មហារីកនៅបាត និងបូស។ ដូច្នេះ ប្រសិនបើលោកអ្នកមានរោគសញ្ញា ផ្សេងៗនៅបាត លោកអ្នកគួរតែជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និង ព្យាបាលឱ្យបានត្រឹមត្រូវ។ គួរបញ្ជាក់ផងដែរថា គ្លីនិកអេគីប មានទស្សនៈវិស័យមួយ គឺបង្កើន ស្តង់ដារ ក៏ដូចជាសមត្ថភាព សេវាកម្ម ដើម្បីអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង រួមចំណែកក្នុងការលើកតម្កើងវិស័យសុខាភិបាល សេវាកម្មគ្លីនិកឯកជន និងសេវាសុខភាពក្នុងប្រទេសកម្ពុជាជូនដល់ប្រជាពលរដ្ឋក្នុងគោលបំណងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ និងកាត់បន្ថយការធ្វើចំណាកស្រុកទៅស្វែងរកសេវាសុខាភិបាលបរទេស។ បកស្រាយដោយ  ៖ វេជ្ជបណ្ឌិត ថាវ ស៊ីដានីន ឯកទេសផ្នែកថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃគ្លីនិកអេគីប ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top