Menu

អត្ថបទ

បើក្មេងឈាមច្រមុះ...អាចជាសញ្ញាណអ្វីឬទេ?

សំណួរ ៖ នាងខ្ញុំ អាយុ ២២ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ។ នាងខ្ញុំមានសំណួរមួយចង់សួរទៅកាន់លោកវេជ្ជបណ្ឌិត “ហេតុអ្វីបានជាកូនរបស់ខ្ញុំមានអាយុ  ៣ឆ្នាំ  តែងតែហូរឈាមច្រមុះនៅពេលដែលមេឃក្តៅខ្លាំង”? ចម្លើយ ៖ កុមារអាចឈាមច្រមុះនៅពេលអាកាសធាតុប្រែប្រួល ជាពិសេសខែក្តៅដោយសរសៃងាយនឹងផុយនៅអាយុប៉ុណ្ណេះ ។ យ៉ាងណាមិញ ប្រសិនការឈាមនោះមានភាពមិនប្រក្រតី និងកើតឡើងជាញឹកញាប់ អ្នកគួរធ្វើការពិនិត្យជាមួយអ្នកឯកទេសខាងផ្នែក ត្រចៀក ច្រមុះ បំពង់ក ដោយសារវាអាចជាប់ទាក់ទងទៅនឹងបញ្ហាសរសៃច្រមុះ ឬ ឫសដូងច្រមុះ ឬជំងឺកំណកឈាម ឬគ្រាប់ឈាម។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត លនទ្រីយ៍ ប៉ាទ្រិច ឯកទេសជំងឺកុមារ អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម និងទទួលបន្ទុកផ្នែកកុមារ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ត្រចៀក ច្រមុះ បំពង់ក ការចិញ្ចឹមកូន
តើក្មេងតូច អាចនឹឹងឆ្លងរបេង ពេលនៅក្បែរអ្នកជំងឺឬទេ?

សំណួរ ៖ នាងខ្ញុំ អាយុ ២៦ឆ្នាំ រស់នៅចោមចៅ។ នាងខ្ញុំមានសំណួរមួយចង់សួរទៅកាន់លោកវេជ្ជបណ្ឌិតថា កូនរបស់ខ្ញុំទើបតែមានអាយុ ៦ខែ ហើយប៉ុន្មានថ្ងៃមុន លោកតារបស់ប្តីខ្ញុំបានមកលេង ដោយគាត់មានជំងឺរបេងផង ហើយបានស្នាក់នៅជាមួយពួកយើងក្នុងរយៈពេល២ទៅ ៣ថ្ងៃ។ តើកូនរបស់ខ្ញុំអាចឆ្លងជំងឺនេះបាន ដែរឬទេ? ហើយនាងខ្ញុំគួរនាំកូនខ្ញុំ ទៅជួបពេទ្យ ដែរឬទេ? ចម្លើយ ៖ ករណីនេះពឹងផ្អែកលើស្ថានភាពពីរយ៉ាង ប្រសិនបើលោកតាមានបញ្ហាជំងឺរបេងកំពុងមានសកម្មភាពខ្លាំង (ពិនិត្យឃើញមេរោគរបេងក្នុងកំហាក) និងកំពុងទទួលបានការព្យាបាល អ្នកគួរនាំកូនរបស់អ្នកទៅពិភាក្សាជាមួយគ្រូពេទ្យមានជំនាញខាងផ្នែករបេង ដោយសារកុមារអាចប្រឈមទៅនឹងការឆ្លងខ្លាំងក្លា យ៉ាងណាមិញ ប្រសិនបើស្ថានភាពរបេងនោះបានព្យាបាលបានចប់សព្វគ្រប់ នោះការប្រឈមក៏អាចថយចុះ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត លនទ្រីយ៍ ប៉ាទ្រិច ឯកទេសជំងឺកុមារ អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម និងទទួលបន្ទុកផ្នែកកុមារ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ត្រចៀក ច្រមុះ បំពង់ក ការចិញ្ចឹមកូន
គួរចំណាយពេលថ្ងៃឈប់សម្រាកបែបណាខ្លះ ជាមួយកូនរបស់អ្នក?

ការចំណាយពេលនៅជាមួយគ្នាបានកាន់តែច្រើន រឹតតែមានឱកាសក្នុងការបង្កើននូវភាពស្និទ្ធស្នាល ភាពកក់ក្តៅ និងក្តីស្រឡាញ់នៅក្នុងរង្វង់គ្រួសារទៀត។ នាពេលបច្ចុប្បន្ននេះ វាហាក់ដូចជាឱកាសកម្រមួយសម្រាប់គ្រួសារទៅវិញដោយហេតុថាសមាជិកម្នាក់ៗជាក់ស្តែង គឺលោកឳពុកអ្នកម្តាយក្នុងវ័យធ្វើការរកស៊ីមិនសូវមានពេលទំនេរច្រើនឡើយសម្រាប់បុត្រធីតារបស់ខ្លួន។ ទោះបីជារវល់ម្តេចក្តី គ្រប់គ្នាត្រូវតែមានតុល្យភាពរវាងជីវិត និងការងារ មិនថាកាលវិភាគអ្នកមមាញឹកនឹងការសម្រេចនូវគោលដៅ ឬរកប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់អនាគតនៃគ្រួសារកម្រិតណានោះទេ សូមទុកពេលវេលាខ្លះសម្រាប់ក្រុមគ្រួសារ ដែលជាមនុស្សជាទីស្រឡាញ់របស់អ្នកផង។ ប្រសិនបើមិនអាចឆ្លៀតបានក្នុងថ្ងៃធម្មតាទេនោះ សូមកុំបណ្តោយឲ្យថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាករំលងផុតទៅដោយការមិនមានពេលវេលាជាមួយគ្នាឲ្យសោះ។ ហេតុនេះហើយ តើមានអ្វីខ្លះដែលអ្នកអាចធ្វើបាន ដើម្បីចំណាយពេលវេលានោះជាមួយកូនៗរបស់អ្នក? ខាងក្រោមនេះ ជាគំនិតខ្លះៗដែលលោកអ្នកអាចធ្វើការពិចារណាបាន… ការទស្សនាភាពយន្ត ឬកម្មវិធីកម្សាន្តជាមួយគ្នា ជ្រើសរើសភាពយន្ត ឬកម្មវិធីកម្សាន្តណាមួយដែលអ្នកគិតថា អ្នក និងក្រុមគ្រួសារអាចមើលបានជាមួយគ្នាដោយមានការពិភាក្សាគ្នាពីនេះពីនោះ ដើម្បីឲ្យពេលវេលានោះកាន់តែមានគុណភាពបន្ថែមទៀត។ស្របពេលជាមួយគ្នា អ្នកក៏អាចបង្រៀនអំពីមេរៀនជីវិតផ្សេងៗដែលមានបង្ហាញនៅក្នុងភាពយន្ត ឬកម្មវិធីនោះដល់កូនៗរបស់អ្នកថែមទៀតផង ដែលការធ្វើបែបនេះ គឺអាចចំណេញបានទាំងសុភមង្គល និងការអប់រំផងដែរ។ ការប្រកួតប្រជែងសមត្ថភាព អាចជាការប្រកួតគូរគំនូរ ផ្គុំរូប ឬសមត្ថភាពផ្សេងៗដែលរឹតតែប្រសើរ បើអ្នកអាចផ្តល់នូវរង្វាន់លើកទឹកចិត្តដល់ពួកគេផងដែរ។ សកម្មភាពមួយនេះក៏នឹងបង្កើននូវភាពច្នៃប្រឌិត ទម្លាប់ក្នុងការគិត និងប្រឹងប្រែងដោយសុចរិតក្នុងការប្រកួតប្រជែង ដែលអាចឲ្យពួកគេត្រៀមខ្លួនសម្រាប់ពេលដែលត្រូវប្រកួតប្រជែងនៅខាងក្រៅទៀតផង។ ការចម្អិនអាហារ ប្រសិនបើអាច អ្នកអាចស្នើសុំឲ្យកូនៗរបស់ អ្នកចូលរួមក្នុងការរៀបចំ ក៏ដូចជាចម្អិនអាហារ សម្រាប់ក្រុមគ្រួសាររបស់អ្នក ដែលតាមរយៈការ ធ្វើបែបនេះ អ្នកអាចនឹងបង្រៀនពួកគេអំពីស្មារតីក្នុងការជួយគ្នាសម្រេចនូវគោលដៅរួម។ ស្របពេលជាមួយគ្នាអ្នកក៏អាចបង្រៀនពួកគេអំពីបំនិនជីវិតដ៏សំខាន់ គឺការធ្វើម្ហូបនេះតែម្តង ដែលនឹងជាប្រយោជន៍ទៅថ្ងៃអនាគតរបស់គេ។ ម្យ៉ាងទៀត អ្នកអាចឲ្យគេជួយភ្លក្សនូវមុខម្ហូបទាំងនោះហើយក៏រួមគ្នាសម្រេចនូវរសជាតិដែលអ្នកប្រាថ្នាព្រមគ្នាតែម្តង។ ការជប់លៀងញ៉ាំសាច់អាំង ការអាំងសាច់ ជាសកម្មភាពដ៏ប្រសើរបំផុតក្នុង ចំណោមសកម្មភាពនៅខាងក្រៅ (outdoor) ដទៃទៀត ព្រោះថាមិនត្រឹមតែបានញ៉ាំអាហារជុំគ្នាប៉ុណ្ណោះទេ គឺអាចចំណាយពេលក្នុងការអាំងសាច់ បណ្តើរ និយាយជជែកគ្នាបណ្តើរទៀតផង។ ពេលវេលាដែលចំណាយក៏រឹតតែមានគុណភាពថែមមួយកម្រិតទៀត ប្រសិនបើមានអ្នកចូលរួមកាន់តែច្រើនដែលអាចជាការជុំគ្នារវាងគ្រួសាររបស់មិត្តភក្តិអ្នកផ្ទាល់ ឬគ្រួសាររបស់មិត្តភក្តិកូនអ្នកផ្ទាល់ផងដែរ។ ការសម្រាកលំហែនៅឆ្នេរសមុទ្រ យូរៗម្តង ការទៅកម្សាន្តនៅឆ្នេរសមុទ្រជាលក្ខណៈគ្រួសារពិតជាបង្កើតនូវភាពសប្បាយរីករាយដល់កូនៗរបស់អ្នក តាមរយៈសកម្មភាពកម្សាន្តសប្បាយជាច្រើនរួមមាន ការសូនរូបជាមួយនឹងដីខ្សាច់ ការមុជទឹកសមុទ្រលេង ការប្រមូលរើសសំបកខ្យងខ្ចៅ ការចាប់ក្តាម ជាដើម។អ្នកក៏អាចលេងល្បែងជុំគ្រួសារដូចជាការលេងបាល់ ឬការលេងដេញចាប់គ្នាផងដែរ។ ការទស្សនាសួនសត្វ សួនធម្មជាតិ ឬសួនសិប្បនិម្មិត មានកន្លែងកម្សាន្តជាច្រើនដែលអ្នកអាចកំដរកូនរបស់អ្នកទៅបាន អាស្រ័យលើចំណង់ចំណូលចិត្តរបស់ពួកគេ។ លោកអ្នកអាចធ្វើការសាកសួរចិត្ត របស់ពួកគេជាមុនសិន ដើម្បីឲ្យប្រាកដក្នុងចិត្តថា គេនឹងសប្បាយចិត្តក្នុងការចូលរួម មិនមែនទៅដោយសារការបង្ខំ ឬរៀបចំរបស់អ្នកឡើយ។ ការចំណាយពេលទៅខាងក្រៅ រីករាយជាមួយនឹងធម្មជាតិក៏នឹងអាចផ្លាស់ប្តូរអារម្មណ៍ និងបរិយាកាសសម្រាប់អ្នក និងជាពិសេសកូនជាទីស្រឡាញ់ផ្ទាល់។ ការបោះតង់ ឬជំរុំ បែបឯកជន មិនសំដៅដល់ការបោះតង់នៅព្រៃភ្នំ ឬមាត់សមុទ្រ អ្វីឡើយ…អ្នកអាចប្រើប្រាស់សម្ភារៈផ្សេងជំនួសឲ្យតង់ (អាចជាការក្រាលកម្រាលគេងនៅលើ វាលស្មៅ ដោយមានដំបូលស្តើងគ្របពីលើ) ហើយគេងក្បែរកូនរបស់អ្នកដោយរើសយករឿងនិទានណាមួយមកនិយាយជូនពួកគេស្តាប់ (អ្នកគួររើសយករឿងណា ដែលមានគំនិតអប់រំល្អៗ ឬទាក់ទិននឹងបំណិនជីវិត)។ ស្របពេលជាមួយគ្នា អ្នកក៏ អាចរីករាយនឹងខ្យល់អាកាស ព្រមទាំងសំឡេងធម្មជាតិនាពេលរាត្រីដែលប្រាកដណាស់ គឺមានផលវិជ្ជមានចំពោះសុខភាពផ្លូវចិត្តរបស់អ្នក។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

គន្លឹះសុខភាព ការចិញ្ចឹមកូន
បើក្មេងរលាកបំពង់ក គួរធ្វើបែបណាទៅ?

សំណួរ ៖ កូននាងខ្ញុំមានអាយុ ២ឆ្នាំ ៣ខែ បានផ្តាច់ដោះនៅអាយុ២០ខែ។ ក្រោយពេលផ្តាច់ដោះ ខ្ញុំសង្កេតឃើញថា កូនខ្ញុំឧស្សាហ៍រលាកបំពង់ក (២ ទៅ៣ខែរលាកម្តង) ហើយដាក់ថ្នាំត្រជាក់មិនអន់ក្តៅសោះ។ តើមកពីអ្វីទៅ? តើមានថ្នាំ ឬវិធីសាស្រ្តអ្វីដើម្បីជួយនៅពេលដាក់ថ្នាំអត់ត្រជាក់បែបនេះ? ម៉្យាងទៀតពេលកូនខ្ញុំដេកនៅពេទ្យគឺ ត្រជាក់ តែពេលយកថ្នាំមកបញ្ច្រកនៅផ្ទះ បែរជាមិនងាយត្រជាក់សោះ។ តើនេះមកពីអ្វី? មួយវិញទៀត កូនខ្ញុំមិនដែរឈឺអី្វក្រៅពីរលាកបំពង់កនេះទេ ខ្ញុំឆ្ងល់ថា ហេតុអ្វីក៏ក្មេងខ្លះងាយរលាកបំពង់ក ឯក្មេងខ្លះទៀតមិនងាយកើតទៅវិញ? ចម្លើយ ៖  ជាទូទៅ បញ្ហារលាកបំពង់ក ដែលកើតលើកុមារអាចបង្កពីកត្តាពីរយ៉ាង៖ ទីមួយ កុមារអាចកើតមិនគ្រប់ខែ ជាមូលហេតុធ្វើឲ្យប្រព័ន្ធភាពស៊ាំនៃរាងកាយមានសភាពខ្សោយដែលធ្វើឲ្យងាយមានបញ្ហារលាកបំពង់ក ម្យ៉ាងទៀតបរិយាកាស នៅជុំវិញអាចជាផ្សែងបារី ខ្យល់អាកាសមិនអំណោយផល គ្មានអនាម័យ ការប៉ះពាល់តាមរយៈថើបពីអ្នកមានជំងឺ ឬកុមាររស់នៅចំណោមមនុស្សច្រើនក្នុងទីតាំងតូចចង្អៀត ក៏ជាកត្តាប្រឈមធ្វើឲ្យកុមារទទួលរងបញ្ហារលាកបំពង់កផងដែរ។ ចំណែកបញ្ហាដែលការព្យាបាលនៅផ្ទះមិនធូរ អាចបណ្តាលមកពីការខ្វះការថែទាំ ការរករោគវិនិច្ឆ័យជាវីរុស ឬបាក់តេរីដូចក្នុងមន្ទីរពេទ្យ ដោយនៅមន្ទីរពេទ្យអ្នកអាចទទួលបានការណែនាំច្រើនពីវេជ្ជបណ្ឌិតក្នុងការថែទាំការរករោគវិនិច្ឆ័យកុមារអំឡុងពេលឈឺ ដូច្នេះអ្នកជាអាណាព្យាបាលគួរតែយកកូនទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញផែ្នកកុមារ ដើម្បីទទួលរករោគវិនិច្ឆ័យ ការព្យាបាល និងផ្តល់ដំបូន្មាន។ ការប្រើថ្នាំលើកុមារត្រូវមានកម្រិតដូសត្រឹមត្រូវ ដូច្នេះមានតែគ្រូពេទ្យជំនាញទេដែលដឹងចំនួនដងដែលប្រើ។ មាតាបិតាគួរតែមានទែម៉ូម៉ែត្រនៅផ្ទះងាយស្រួលតាមដានកម្តៅកូនរបស់ខ្លួន។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត លនទ្រីយ៍ ប៉ាទ្រិច ឯកទេសជំងឺកុមារ អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម និងទទួលបន្ទុកផ្នែកកុមារ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ត្រចៀក ច្រមុះ បំពង់ក ការចិញ្ចឹមកូន ការចិញ្ចឹមកូន
ជំងឺបាយភ្នែកអាចកើតមានលើកុមារដែរឬទេ?

សំណួរ ៖ ក្មួយស្រីរបស់ខ្ញុំមានអាយុ ៨ឆ្នាំ កម្ពស់ ១ម៉ែត្រ ទម្ងន់ ៣៨គីឡូក្រាម សព្វថ្ងៃជាសិស្ស។ នាងមានជំងឺភ្នែកឡើងបាយ អស់រយៈពេល ១ឆ្នាំ ហើយមិនធ្លាប់ទទួលបានការព្យាបាលនោះទេ។ ខ្ញុំចង់សួរលោកវេជ្ជបណ្ឌិតថា តើចំពោះបញ្ហារបស់ក្មួយខ្ញុំ គួរតែធ្វើរបៀបណា? ចម្លើយ ៖ ចំពោះការព្យាបាលសម្រាប់អ្នកជំងឺមានជំងឺបាយភ្នែកគឺអាស្រ័យតាមលក្ខខណ្ឌរបស់អ្នកជំងឺក្នុងការបក ដូចជា កម្រិតភាពខ្សោយនៃគំហើញរបស់ក្មេង និងលទ្ធភាពនៃភាពភ្លឺច្បាស់វិញរបស់ភ្នែកដោយការពាក់វ៉ែនតា តែក្នុងករណីខ្លះ អ្នកជំងឺអាចនឹងតម្រូវឲ្យទទួលការវះកាត់បកបាយនោះចេញតែម្តង ព្រោះករណីបាយភ្នែកអាចមានទំនាក់ទំនងនឹងការបង្កទៅជាជំងឺភ្នែកខ្ជិលចំពោះក្មេងបាន ពោលគឺភ្នែកសុខភាពល្អ តែមិនធ្វើការ ឬមើលមិនសូវឃើញ បើពុំមានការព្យាបាលទាន់ពេលវេលា។ ក្នុងករណីនេះ ការព្យាបាលអាចទទួលបានលទ្ធផលល្អ ប្រសិនបើអ្នកជំងឺទទួលយកការព្យាបាលក្នុងដំណាក់កាលនេះ។ ទោះយ៉ាងណា ក្រោយពីការវះកាត់ អ្នកជំងឺចាំបាច់បំផុតត្រូវតាមដានសុខភាពភ្នែក និងគំហើញឲ្យបានជាប់លាប់ជាមួយវេជ្ជបណ្ឌិត ដើម្បីប្រាកដថាភ្នែករបស់ក្មេងមិនវិវឌ្ឍទៅជាជំងឺភ្នែកខ្ជិល ដោយក្នុងនោះផងដែរ អ្នកជំងឺអាចនឹងត្រូវណែនាំឲ្យប្រើប្រាស់វ៉ែនតាជំនួយគំហើញបន្ថែម។  បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត អ៊ុក សុខហៀន វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាវេជ្ជបណ្ឌិតព្យាបាល និងវះកាត់ផ្នែកចក្ខុរោគនៅមន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ត្រចៀក ច្រមុះ បំពង់ក ការចិញ្ចឹមកូន ភ្នែក
កាដូជូនកូនអ្នកមិនចាំបាច់តែជារបស់លេងនោះទេ

វាអាចជាការលំបាកមួយសម្រាប់មាតាបិតា ជាពិសេសសម្រាប់ថ្ងៃសំខាន់ៗរបស់កូន ឬក្រោយពេលដែលកូនសម្រេចបាននូវសមិទ្ធផលអ្វីមួយ អ្នកប្រហែលជាត្រូវគិត និងពិចារណាថាតើគួរផ្តល់ជាកាដូប្រភេទណាដល់កូនជាទីស្រឡាញ់ប្រាកដណាស់ ការផ្តល់កាដូ ឬអំណោយជារឿងល្អ និងអាចទុកជាអនុស្សាវរីយ៍សម្រាប់ពួកគេហើយក៏មិនប្រាកដថាចាំបាច់ត្រូវតែជារបស់លេងនោះដែរ។ដើម្បីជាការកាត់បន្ថយនូវចំនួនរបស់លេងរាយប៉ាយច្រើននៅក្នុងផ្ទះ លោកអ្នកក៏អាចផ្លាស់ប្តូរទៅជាការជូននូវអ្វីផ្សេងដែលអាចផ្តល់នូវគុណតម្លៃតាំងពីពេលជូនរហូតដល់ពួកគេធំពេញវ័យ… 1. ថ្នាក់រៀនបន្ថែម ៖  មិនដឹងថាមានក្មេងប៉ុន្មាននាក់ដែលពេញចិត្តនឹងកាដូនេះ តែគិតថាយ៉ាងហោចណាស់ ក៏មានខ្លះដែរ។ អ្នកអាចផ្តល់ការរៀនបន្ថែមលើការសិក្សានៅសាលារៀនដូចជា ថ្នាក់រៀនរាំ តន្ត្រី គំនូរជាដើម តែត្រូវប្រាកដថាជំនាញបន្ថែមនោះ ត្រូវនឹងចំណង់ចំណូលចិត្តរបស់ពួកគេ។ នេះជាវិធីសាស្ត្រដ៏ល្អមួយ ដើម្បីលើកទឹកចិត្តកូនៗក្នុងការទាញយកប្រយោជន៍ពីការសិក្សាថ្នាក់បន្ថែមនេះ និងជាទង្វើបង្ហាញឲ្យពួកគេអាចដឹងថា អ្នកមានការយកចិត្តទុកដាក់ចំពោះការចូលចិត្តរបស់ពួកគេ។ 2. ដំណើរកម្សាន្ត ៖  ភាពសប្បាយរីករាយនៅខាងក្រៅផ្ទះក៏ជាអំណោយមួយដ៏ល្អប្រសើរផងដែរ។ការទៅលេងទីកន្លែងកម្សាន្តផ្សេងៗដូចជា សួនសត្វ សារមន្ទីរវិទ្យាសាស្ត្រ  សួនកុមារ ជាដើម នឹងជួយផ្លាស់ប្តូរនូវអារម្មណ៍របស់ពួកគេ ដែលអាចបន្លប់ និងកាត់បន្ថយសម្ពាធពីការសិក្សា ហើយអ្នកក៏អាចបង្កើនភាពជិតស្និទ្ធក្នុងទំនាក់ទំនងជាមួយនឹងពួកគេទៀតផង។ 3. ព្រឹតិ្តការណ៍ផ្សេងៗ ៖  ព្រឹត្តិការណ៍នៅក្នុងសង្គមបច្ចុប្បន្នអាចផ្លាស់ប្តូរជីវិតស្មុគស្មាញពួកគេឲ្យក្លាយទៅជាស្រស់ស្រាយ និងបន្ថែមនូវការយល់ដឹងអំពីពិភពខាងក្រៅ ក្នុងនោះរួមមានដូចជាការទស្សនាភាពយន្ត ការប្រគុំតន្រ្តី ការប្រកួតកីឡា ការតាំងពិព័រណ៍។ល។ 4. សកម្មភាពកម្សាន្ត ៖  លោកអ្នកក៏អាចចំណាយពេលខ្លះចូលរួមលេងសកម្មភាពកម្សាន្តផ្សេងៗដូចជាការលេងកីឡាបាល់ទាត់ ការជិះកង់ ការរៀបចំសួនច្បារ ការមើលថែទាំសត្វចិញ្ចឹម សុទ្ធតែជាសកម្មភាពបង្កឲ្យមានភាពសប្បាយរីករាយក្នុងគ្រួសារ និងភាពរួបរួមគ្នា។ ក្មេងៗចូលចិត្តចំណាយពេលវេលាជាមួយមនុស្សពេញវ័យ ហើយពួកគេក៏ចង់ឃើញថា អ្នកអាចចំណាយពេលវេលាផ្ទាល់ខ្លួនសម្រាប់ពួកគេ និងមានការយកចិត្តទុកដាក់លើពួកគេ។ 5. ការចម្អិនអាហារ៖  ក្មេងៗខ្លះចូលចិត្តចម្អិនអាហារជាមួយក្រុមគ្រួសារ។ ការញ៉ាំអាហាររួមតុជាមួយពួកគេ  ឬការចម្អិនអាហាររួមគ្នា គឺជាពេលវេលាដ៏ល្អបំផុតនៃការរឹតចំណងមេត្រីភាព ហើយស្របពេលជាមួយគ្នា ក៏អាចរៀនអំពីបំណិនជីវិតផងដែរ។ យូរៗម្តង អ្នកគួរតែត្រៀមសម្ភារៈ និងគ្រឿងផ្សំក្នុងផ្ទះបាយ ហើយកំណត់កាលវិភាគសម្រាប់ការចម្អិនអាហារជាមួយគ្នា។ 6. ប្រតិទិន ឬសៀវភៅកំណត់ហេតុ៖  កុមារមួយចំនួនមានការចាប់អារម្មណ៍លើព្រឹត្តិការណ៍ពិសេសឬសកម្មភាពប្រចាំថ្ងៃ  (ថ្ងៃនេះជាថ្ងៃអ្វី? តើព្រឹត្តិការណ៍នេះចាប់ផ្តើមនៅពេលណា? រហូតដល់ពេលណា?) ឬមានទំនោរលើការរៀបចំផែនការផ្សេងៗទៀត។ កុមារនឹងអាចចេះតស៊ូ និងការព្យាយាមបំផុសគំនិតថ្មីៗក្នុងថ្ងៃនេះទៅអនាគតដោយមានទម្លាប់ក្នុងការគ្រប់គ្រងពេលវេលា និងមានផែនការជាប្រចាំ។ ការផ្តល់កាដូនេះ នឹងអាចឲ្យពួកគេកត់ត្រារាល់សកម្មភាព និងគម្រោងផ្ទាល់ខ្លួន ហើយវាអាចនឹងជាទម្លាប់ដ៏ល្អប្រសើរមួយដែលនឹងជាប្រយោជន៍សម្រាប់ការសិក្សា អាជីពការងារ ឬមុខជំនួញនាថ្ងៃអនាគត។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

គន្លឹះសុខភាព ការចិញ្ចឹមកូន
២ យ៉ាង ការពារកូនអ្នកពីជំងឺគ្រុនឈាម

គ្រុនឈាម ជាជំងឺមួយប្រភេទ ឆ្លងមកមនុស្សតាមរយៈមូសខ្លាញីមានផ្ទុកមេរោគគ្រុនឈាម ហើយមានហានិភ័យខ្ពស់ ពិសេសចំពោះក្មេងក្រោម៥ឆ្នាំ។ ដោយហេតុថាជំងឺនេះគ្មានវ៉ាក់សាំង និងមិនមានការព្យាបាលជាក់លាក់ ដូច្នេះមានតែការការពារ និងបំបាត់មូសខ្លាទេ ទើបជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព។ស្វែងយល់បន្ថែមជាមួយ ហេលស៍ថាមលើ២ចំណុចការពារកូនៗរបស់លោកអ្នក  និងខ្លួនអ្នកពីជំងឺគ្រុនឈាមដោយជោគជ័យ៖ រៀបចំផ្ទះ បរិវេណជុំវិញក៏ដូចជានៅក្នុងផ្ទះ ជារឿងចម្បងមិនគួរមើលរំលង។ អ្នកត្រូវប្រាកដថា ទីធ្លាត្រូវបានបោសសម្អាតជាប្រចាំ រាល់សំរាមផ្សេងៗគួរដុតចោលរាល់ថ្ងៃ។ ចំពោះទ្វារ ឬបង្អួច ត្រូវដាក់សំណាញ់ល្អិតៗឬកញ្ចក់ ដើម្បីចៀសវាងសត្វល្អិតផ្សេងៗ ជាពិសេសកុំឲ្យមូសចូល។  ក្រៅពីនេះ ត្រូវឧស្សាហ៍លាងសម្អាតវត្ថុដែលអាចដក់ទឹកបានរួមមាន ថូផ្កា ធុងទឹក ទឹកដក់នៅសំបកកង់ ទឹកថ្លុកនៅក្រោមផ្ទះ ឬជិតៗផ្ទះអ្នក និងត្រូវលាងពាងទឹកឲ្យបានស្អាតជានិច្ច ដើម្បីកុំឲ្យមានដង្កូវទឹក។ ប្រើឧបករណ៍ការពារ •មុង៖  ក្មេងតូចមិនអាចដឹងថាខ្លួនពួកគេមានមូសខាំ ឬយ៉ាងណាទេ ដូច្នេះទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់។ ទោះបីបរិស្ថានជុំវិញផ្ទះអ្នកស្អាត តែអ្នកក៏ត្រូវទម្លាប់ឲ្យកូនៗលោកអ្នកគេងនៅក្នុងមុងជានិច្ច និងត្រូវប្រាកដថាមុងមិនរហែកធ្លុះធ្លាយ ឬ ចន្លោះប្រហោង។ •សម្លៀកបំពាក់៖  ការស្លៀកពាក់ត្រឹមត្រូវជាការការពារមួយបន្ថែមទៀត ជ្រើសរើសសម្លៀកបំពាក់វែងៗ (ខោជើងវែង អាវដៃវែង)ហើយក្រាស់ៗ។ មិនតែប៉ុណ្ណោះ អាចប្រើ ស្រោមជើង និងស្រោមដៃ នៅពេលគេង ទោះនៅក្នុងមុងក៏ដោយ។ •ថ្នាំមូស៖   អាចប្រើថ្នាំបាញ់មូស ឬធូបមូសនៅក្នុងផ្ទះ បន្ទប់គេង ក្រោមគ្រែ និងទីកន្លែងងងឹតឬកន្លែងដែលអាចជាប្រភពនៃសត្វមូស។   គួរបញ្ជាក់ថា ថ្នាំមូសមិនត្រូវបាញ់នៅផ្នែកណាមួយនៃរាងកាយ ឬលើសម្លៀកបំពាក់ទេ។ •ជែល បន្ទះបិត ឬខ្សែដៃ៖  ដោយសារបច្ចេកវិទ្យាកាន់តែទំនើប រឹតតែការការពារកាន់តែមានជម្រើសច្រើន។ ជាក់ស្តែង ក្មេងៗអាចប្រើប្រាស់ជាជែលលាបលើរាងកាយ បន្ទះបិតលើសម្លៀកបំពាក់ ឬខ្លួន  និងខ្សែដៃមាននូវទឹកថ្នាំការពារមូសផងដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

គន្លឹះសុខភាព ការចិញ្ចឹមកូន ការចិញ្ចឹមកូន
ជំងឺស្ទះសរសៃឈាមសួតអាចត្រូវព្យាបាលមួយជីវិតឬទេ?

អ្វីជាជំងឺស្ទះសរសៃឈាមសួត? ជំងឺស្ទះសរសៃឈាមសួត គឺជាជំងឺដែលកើតឡើងដោយការស្ទះនៃផ្នែកណាមួយ ឬមែកធាងណាមួយរបស់សរសៃឈាមសួតដែលជាសរសៃឈាមមានមុខងារសម្រាប់នាំឈាមខ្មៅចេញពីថតបេះដូងខាងស្ដាំចូលទៅក្នុងសួត ដើម្បីធ្វើបណ្ដូរឧស្ម័ន។ មូលហេតុបង្ក ជាទូទៅ ជំងឺស្ទះសរសៃឈាមសួត បង្កឡើងដោយមូលហេតុធំៗមួយចំនួន រួមមាន៖ •ផលវិបាកនៃជំងឺរលាកសរសៃឈាមខ្មៅនៅជើង ឬហៅថា Deep venous thrombosis •ផលវិបាកដែលកើតឡើងក្រោយការវះកាត់ ជាពិសេសទៅលើការវះកាត់ជើង ត្រគាក ឬបាក់បែកឆ្អឹង •អ្នកជំងឺរ៉ាំរ៉ៃដែលគេងលើគ្រែ ឬកន្ទេលយូរ(bedridden patient ) បង្កឲ្យកើតមានជាកំណកឈាម រួចកំណកឈាមនោះអណ្ដែតចូលទៅក្នុងសួត •កើតឡើងក្រោយការសម្រាលកូន ទាំងការសម្រាលតាមបែបធម្មជាតិ ឬវះកាត់ •អ្នកដែលមានជំងឺមហារីក •អ្នកជំងឺដែលមានបញ្ហាកំណកឈាមពីកំណើត។ កត្តាប្រឈម មនុស្សមួយចំនួនអាចនឹងប្រឈម ប្រសិនបើគាត់៖ •ជក់បារី •ធាត់លើសទម្ងន់ •អ្នកពុំសូវធ្វើពលកម្ម ឬកីឡា •ទទួលទានសុរាច្រើន •ធ្វើដំណើរផ្លូវឆ្ងាយ ឬប្រើរយៈពេលអង្គុយយូរលើសពី៤ម៉ោង •មានតំណពូជ នៃជំងឺនេះ។ រោគសញ្ញា អ្នកជំងឺស្ទះសរសៃឈាមសួតអាចនឹងមានរោគសញ្ញាដូចជាហត់ភ្លាមៗ ចុកទ្រូង បេះដូងដើរញាប់ខុសប្រក្រតី អាចមានក្អកធ្លាក់ឈាម និងមានអាការៈដូចជាខ្យល់ចាប់ ងងឹតមុខ ឬឈានដល់ការសន្លប់បាត់ស្មារតីតែម្ដង។ ការធ្វើរោគវិនិច្ឆ័យ ក្រៅពីរោគសញ្ញាគ្លីនិកខាងលើ ការធ្វើរោគវិនិច្ឆ័យក៏ត្រូវពឹងផ្អែកទៅលើតេស្ដអមវេជ្ជសាស្ត្រមួយចំនួនដូចជា ការវាស់អគ្គីសនីបេះដូង (ECG) អេកូបេះដូងដែលបង្ហាញពីការរីកធំ ឬប៉ោងឡើង នៃថតបេះដូងខាងស្ដាំ រួមជាមួយការកើនឡើងនៃសម្ពាធឈាមសួត។ ការធ្វើអេកូសរសៃឈាមដែលអាចឲ្យឃើញពីការរលាក ឬស្ទះសរសៃឈាមខ្មៅជាពិសេសនៅជើង។ ពិនិត្យឈាមមើលទៅលើសម្ពាធខ្យល់ក្នុងសួត (Arterial Blood Gas) និងអង់ស៊ីមម៉្យាងឈ្មោះថា ដេឌីមែរ (D-Dimer enzyme) ដែលការកើនឡើងនៃអង់ស៊ីមនេះនាំឲ្យមានការសង្ស័យខ្ពស់ទៅលើជំងឺស្ទះសរសៃឈាមសួត ការថតសួត (Chest X-ray) សំខាន់លើសពីនេះ រូបភាពវេជ្ជសាស្រ្ដ ស៊ីធីស្គេន (CT-scan) គឺជាមធ្យោបាយបញ្ជាក់នូវរោគវិនិច្ឆ័យយ៉ាងជាក់លាក់បំផុត។  ការព្យាបាល ការព្យាបាលតម្រូវឲ្យអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ ដោយគ្រូពេទ្យនឹងប្រើប្រាស់ឱសថប្រភេទជាថ្នាំចាក់ និងថ្នាំគ្រាប់ពង្រាវឈាម ក៏ដូចជារំលាយកំណកឈាមដែលស្ទះនោះ។ អំឡុងពេលនៃការព្យាបាល អ្នកជំងឺត្រូវបានហាមមិនឲ្យងើប ឈរ ឬ ដើរ រហូតដល់គ្រូពេទ្យបញ្ជាក់ថាឈាមរាវល្អ ទើបអាចធ្វើចលនាបាន។ បន្ទាប់ពីចេញពីមន្ទីរពេទ្យ អ្នកជំងឺត្រូវបន្តប្រើប្រាស់ថ្នាំគ្រាប់ពង្រាវឈាមឲ្យបានទៀងទាត់ជាចាំបាច់គ្រប់រយៈពេល៦ខែ និងត្រឡប់មកតាមដានតាមការណាត់ជួបរបស់គ្រូពេទ្យ។ ប្រសិនបើមានការកើតសារជាថ្មីឡើងវិញ បន្ទាប់ពីការកើតលើកទីមួយអ្នកជំងឺនឹងត្រូវប្រើប្រាស់ថ្នាំមួយជីវិត។ ផលវិបាក ជំងឺស្ទះសរសៃឈាមសួត ត្រូវបានចែកចេញជាពីរកម្រិត៖ •កម្រិតធ្ងន់ (Massive pulmonary embolism) អ្នកជំងឺមានអត្រាស្លាប់ខ្ពស់ ។ •កម្រិតមធ្យម ឬ តិចតួច ភាពជោគជ័យនៃការព្យាបាល មានច្រើន ប៉ុន្តែ ដោយឡែកក្នុងករណីដែលអ្នកជំងឺមិនបានតាមដាន ឬទទួលការពិនិត្យត្រឹមត្រូវ វាអាចនឹងវិវឌ្ឍទៅរកការស្ទះសរសៃឈាមធ្ងន់ធ្ងរ ឫ ការខ្សោយបេះដូងផ្នែកខាងស្ដាំជាអចិន្ត្រៃយ៍ ឬការស្ទះសរសៃឈាមសួតរ៉ាំរ៉ៃដែលបណ្ដាលឲ្យមានការកើនឡើងសម្ពាធឈាមក្នុងសួតជាអចិន្ត្រៃយ៍ ( post embolic -pulmonary hypertension)។ វិធីបង្ការ វិធីសាស្រ្ដក្នុងការការពារ គឺគួរគប្បីលុបបំបាត់នូវកត្តាប្រឈម តួយ៉ាងដូចជា បញ្ឈប់ការជក់បារី ឬទទួលទានសុរា គ្រប់គ្រងលើតុល្យភាពទម្ងន់ក៏ដូចជាហាត់ប្រាណឲ្យបានទៀងទាត់ ត្រូវងើបធ្វើចលនារាល់ពីរទៅបួនម៉ោងម្ដង  ក្នុងពេលធ្វើដំណើរផ្លូវឆ្ងាយ រីឯអ្នកដែលទើបវះកាត់រួច ឫអ្នកមានជំងឺរុំារ៉ៃគេងនៅកន្ទេល (bedridden patient) គ្រូពេទ្យគួរឲ្យប្រើប្រាស់នូវថ្នាំការពារកំណកឈាម ។   សុខភាព ជារឿងសំខាន់ ដូចនេះ សូមធ្វើការថែរក្សាសុខភាព ដោយធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ កាត់បន្ថយការទទួលទានគ្រឿងស្រវឹង និងងាកមករករបបអាហារសុខភាពវិញ។ បើមានបញ្ហាសុខភាពណាមួយខុសប្រក្រតី គួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលខ្លួនទុកចិត្ត   មុនពេលដែលស្ថានភាពជំងឺវិវឌ្ឍទៅរកសភាពធ្ងន់ធ្ងរ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត  ពិត សារដ្ឋ ឯកទេសផ្នែកជំងឺបេះដូង និងសរសៃឈាមបម្រើការនៅមជ្ឈមណ្ឌលបេះដូងមន្ទីរពេទ្យកាល់ម៉ែត ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺផ្សេងៗ បេះដូង និងសរសៃឈាម ផ្លូវដង្ហើម និងសួត ការចិញ្ចឹមកូន បេះដូង និងសរសៃឈាម
បើកូនអ្នកមានវត្ថុសំណព្វអ្វីមួយ គេអាចទទួលបានកាដូ៧យ៉ាងនេះ…

ក្មេងតូចៗភាគច្រើនចូលចិត្តមានវត្ថុអ្វីម្យ៉ាងនៅក្បែរខ្លួនរបស់គេជាប្រចាំ ដែល​អាចផ្តល់នូវភាពកក់ក្តៅ និងស្និទ្ធស្នាលដល់ពួកគេ។ យ៉ាងណាមិញ ចំពោះអាយុ​ដែលអ្នកគួរផ្តល់នូវវត្ថុសំណព្វដល់គេ​នោះជាប្រធានបទមួយដែលមានការពិភាក្សាពីអ្នកជំនាញជាច្រើន អ្នកខ្លះណែនាំឲ្យចាំដល់កូនរបស់អ្នកមានអាយុ៦ ឬ៩ខែសិនអ្នកខ្លះក៏គិតថាគួរចាំដល់អាយុ១ឆ្នាំ ប៉ុន្តែអ្នកអាចធ្វើការសម្រេចចិត្តបាន អាស្រ័យលើសភាពរបស់កូនអ្នកផ្ទាល់ រួមផ្សំនឹង វត្ថុដែលអ្នកផ្តល់ឲ្យគេនោះ ថាតើវាអាច នឹងមានសុវត្ថិភាពសម្រាប់ការក្លាយជាម្ចាស់របស់វត្ថុនោះឬទេ សម្រាប់កូនរបស់ អ្នកក្នុងវ័យណាមួយនោះ? វត្ថុសំណព្វ ទាំងនោះអាចជាភួយ តុក្កតា របស់លេង ជាដើម ដែលសុទ្ធតែអាចផ្តល់នូវកាដូភ្ញាក់ផ្អើលដល់ទៅ៧យ៉ាងដែលអ្នកប្រហែលជាមិនធ្លាប់បាននឹកគិតពីមុនមក…   រៀនពីវិធីលួងលោមខ្លួនឯង ទារកខ្លះចូលចិត្តលួងលោមខ្លួនឯងដោយការបៀមមេដៃ ស្របពេលអ្នកខ្លះទៀតចូលចិត្តលេង ជាមួយនឹងវត្ថុសំណព្វរបស់ខ្លួន។ អ្នកជំនាញ ក៏បានបង្ហាញដែរថា វត្ថុនោះក៏អាចជាតំណាងនៃក្តីស្រឡាញ់ និងចំណងដ៏ជិតស្និទ្ធរវាងឳពុក ម្តាយ និងកូន ព្រោះថាក្មេងនឹងទទួលបានក្តីស្រឡាញ់ និងចំណាប់អារម្មណ៍ពីវត្ថុនោះនៅពេល ដែលប៉ាម៉ាក់របស់គេមិននៅក្បែរខ្លួន។   ឆាប់គេងលក់ ពេលដែលមានវត្ថុសំណព្វនៅក្បែរខ្លួនជាប្រចាំនឹងជួយឲ្យកូនរបស់អ្នកឆាប់គេងលក់។ ជាមួយនឹងវត្ថុដែលគេស្រឡាញ់ និងទុកចិត្តជាងគេនៅ ក្បែរខ្លួន គេអាចនឹងឆាប់គេង បើទោះជាពេលខ្លះមិនមានការលួងលោមពីប៉ាម៉ាក់របស់គេក៏ដោយ។ ពេលខ្លះ វាក៏អាចកាត់បន្ថយការយំពេល ភ្ញាក់ពីគេងមក ហើយមិនឃើញប៉ាម៉ាក់នៅក្បែរខ្លួនដែរ ដរាបណាមានវត្ថុនោះនៅក្បែរខ្លួនគេ។   ចេះយល់ចិត្តអ្នកដទៃ ការដែលមានវត្ថុសំណព្វនៅក្បែរខ្លួន នឹងផ្តល់ផលវិជ្ជមានដល់ផ្លូវប្រាជ្ញាស្មារតី និងសុខភាពផ្លូវចិត្តគឺធ្វើឲ្យក្មេងកាន់តែមានភាពច្នៃប្រឌិត មានការស្រមើស្រមៃខ្ពស់ កាត់បន្ថយស្ត្រេស និងក្តីបារម្ភទាំងឡាយ ហើយថែមទាំងបង្ការពីបញ្ហាថប់បារម្ភទៀតផង។ មិនតែប៉ុណ្ណោះ តាមរយៈការលួងលោមខ្លួនឯងដោយការប្រើប្រាស់ ឬលេងជាមួយនឹងវត្ថុនោះ គេក៏អាចរៀនយល់ពីចិត្ត និងអារម្មណ៍អ្នកដទៃទៀតផង។ មានទំនួលខុសត្រូវ ភាពជាម្ចាស់នៃវត្ថុសំណព្វរបស់ខ្លួន នឹងធ្វើឲ្យក្មេងមានទំនួសខុសត្រូវតាំងពីវ័យក្មេង ព្រោះគេនឹងព្យាយាមមើលថែទាំ និងរក្សាវាឲ្យនៅក្បែរ ខ្លួនជានិច្ច ដោយមិនចង់បាត់បង់នោះឡើយ។ ប្រាកដណាស់ គេអាចយល់ដឹងពីគុណតម្លៃរបស់ វាចំពោះខ្លួនឯងយ៉ាងច្បាស់ ហើយក៏នឹងធ្វើយ៉ាងណាមិនឲ្យវាខូចខាត ឬបាត់បង់ដោយងាយៗ នោះឡើយ។   មានឯករាជ្យភាព ពេលដែលគេជិតស្និទ្ធទៅនឹងវត្ថុនោះខ្លាំង គេក៏នឹង មានភាពឯករាជ្យដោយមិនមានត្រូវការវត្តមានរបស់អ្នកគ្រប់ពេលវេលានោះទេ ព្រោះថាវាជួយសម្រាលនូវអារម្មណ៍ភ័យខ្លាច និងថប់បារម្ភផ្សេងៗហើយផ្តល់មកវិញនូវទំនុកចិត្តដល់គេក្នុងការធ្វើអ្វីៗនិងទៅទីណាដោយមិនសូវខ្វល់ថានឹងមានវត្តមានរបស់អ្នកទៅជាមួយឬអត់។ រៀនពីវិធីគ្រប់គ្រងអារម្មណ៍ រឿងល្អមួយទៀតនោះ គឺគេអាចយល់ច្បាស់ពីអារម្មណ៍របស់ខ្លួនឯង និងចេះគ្រប់គ្រងវា តាមរយៈការក្លាយជាក្មេងម្នាក់ដែលកាន់តែរឹងមាំ និងមានទំនាក់ទំនងជ្រាលជ្រៅជាមួយនឹងអ្នកដទៃ ដូចទៅនឹងទំនាក់ទំនងដែលគេមានជាមួយនឹងវត្ថុសំណព្វរបស់គេដែរ។   រៀនពីវិធីទំនាក់ទំនងជាមួយអ្នកដទៃ កូនរបស់អ្នកប្រហែលជានិយាយ ឬទាក់ទងច្រើនជាមួយនឹងវត្ថុសំណព្វនោះ មិនថានៅក្នុងផ្ទះ ឬចេញក្រៅនោះទេ មិនខុសអ្វីពីមនុស្សធំបច្ចុប្បន្នដែលប្រាស្រ័យទាក់ទងតាមរយៈទូរស័ព្ទរបស់ខ្លួនជាប្រចាំឡើយ។ រាល់ពេលដែលអ្នកនាំគេចេញទៅក្រៅកុំភ្លេចនាំយកវត្ថុនោះទៅផងដើម្បីឲ្យគេមានអារម្មណ៍ថាមានសុវត្ថិភាព និងកក់ក្តៅហើយក៏រីករាយនឹងបើកចិត្តឲ្យទូលាយក្នុងការទាក់ទងជាមួយនឹងអ្នកដទៃបណ្តើរៗដែរ បើទោះបីជាដំបូងៗគេហាក់ដូចជាមិនសូវនិយាយច្រើនក៏ដោយ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

គន្លឹះសុខភាព ការចិញ្ចឹមកូន
ហេតុអ្វីគួរឲ្យកូនៗរបស់អ្នកជិះកង់?

ការហាត់ប្រាណ ឬលេងកីឡាមួយចំនួន តែងផ្តល់ឲ្យអ្នកនូវសុខភាពល្អ មិនថាស្ថិតក្នុងវ័យណានោះទេ។ ដោយឡែក ការជិះកង់ជាលំហាត់ប្រាណមួយ ដែលត្រូវបានបង្ហាញថាស័ក្តិសមបំផុតសម្រាប់ក្មេង។ ដូចនេះ តាមរយៈអត្ថបទខាងក្រោម ហេលស៍ថាម នឹងបង្ហាញនូវគុណសម្បត្តិ៦ចំណុច ដែលមាតាបិតាគ្រប់រូបមិនគួរមើលរំលង៖ រក្សាឲ្យក្មេងសកម្ម ភាពអសកម្ម អាចនាំដល់បញ្ហាសុខភាពជាច្រើន មិនត្រឹមតែយុវវ័យនោះទេ តែក្មេងៗក៏ដូចគ្នា។ ឳពុកម្តាយមួយចំនួនច្រើនទម្លាប់កូន ជាមួយនឹងឧបករណ៍អេឡិចត្រូនិកនៅតែក្នុងផ្ទះ ឬនៅមួយកន្លែង ព្រោះតែបារម្ភពីសុវត្ថិភាពពួកគេ ជាលទ្ធផលវាអាចធ្វើឲ្យកូនរបស់អ្នកឡើងទម្ងន់ ដោយមិនដឹងខ្លួន ហើយអាចក្លាយជាក្មេងអសកម្ម។ គួរចាប់ផ្តើមបង្រៀនកូនរបស់អ្នកឲ្យជិះកង់ ហើយនាំពួកគេជិះ ជាជម្រើសល្អបំផុត ធ្វើឲ្យពួកគេរីករាយ កាន់តែជិះ កាន់តែធ្វើឲ្យពួកគេសកម្មឡើង។ ម៉្យាង វាក៏ត្រូវបានចាត់ជាទម្រង់ហាត់ប្រាណសមល្មមបំផុតដែលមានប្រសិទ្ធភាពខ្ពស់ចំពោះកូនៗរបស់អ្នក។ បង្កើនទំនាក់ទំនង តាមពិតទៅវាជាវិធីល្អបំផុតក្នុងការបង្កើនទំនាក់ទំនងរវាងឳពុកម្តាយ និងកូនៗ ល្អជាងការអង្គុយមើលទូរទស្សន៍ ឬធ្វើការងារលើតុមួយកន្លែង រឹតតែបង្កើនភាពរីករាយជាលក្ខណៈគ្រួសារដោយការជិះកង់រៀងៗខ្លួន។ អ្នកអាចជិះពេលទៅកម្សាន្តនៅមាត់សមុទ្រ ផ្តល់ឲ្យអ្នក និងកូនៗរបស់អ្នកនូវភាពរីករាយបង្កប់ជាមួយលំហាត់ប្រាណ។ មិន-ត្រឹមផ្តល់នូវលំហាត់ប្រាណប្រកបដោយប្រសិទ្ធភាព និងសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏បំពេញនូវពេលវេលាប្រកបដោយសំណើច  អនុស្សាវរីយ៍ល្អៗ និងធ្វើឲ្យសមាជិកគ្រួសារម្នាក់ៗរបស់អ្នកកាន់តែមានភាពស្និទ្ធស្នាល។ សម្រួលបេះដូង សរសៃឈាម និងសាច់ដុំ វាមិនលឿនពេកទេ ដែលចាប់ផ្តើមឲ្យកូនៗរបស់អ្នក មានចង្វាក់បេះដូងកើនឡើងបន្តិច ដើម្បីបង្កើនការច្របាច់ឈាមចេញទៅគ្រប់ផ្នែកផ្សេងៗនៃរាងកាយ។ នៅពេលជិះកង់ រាងកាយមានការចូលរួមពីក្រុមសាច់ដុំធំៗនៃប្រអប់ជើង បង្កើនចង្វាក់បេះដូង ខណៈពេលនោះ វាភ្ញោចឲ្យមានការបង្កើនសន្ទុះកម្លាំងកុមារឡើងវិញ។ ក្មេងដែលចូលរួមក្នុងការជិះកង់ជាទៀងទាត់ ត្រូវបានរកឃើញថា ការរក្សាថាមពលរបស់ពួកគេ គឺកាន់តែប្រសើរ បើប្រៀបធៀបទៅនឹងខណៈពេលដែលពួកគេហាត់កីឡាផ្សេងទៀត ដូចជាហែលទឹក និងបាល់ទាត់ជាដើម។ លើសពីនេះ វាក៏មានលទ្ធភាពបង្កើនឲ្យសាច់ដុំរឹងមាំ និងលូតលាស់បានយ៉ាងល្អផងដែរ។ បន្ថយការលើសខ្លាញ់ចំពោះកុមារ បច្ចុប្បន្ន ក្មេងធាត់ហួស ហាក់ក្លាយជាហានិភ័យចម្បងមួយសម្រាប់ឳពុកម្តាយភាគច្រើន ស្ទើរតែទូទាំងសកលលោក។ តាមការស្រាវជ្រាវ បានបង្ហាញថា ការជិះកង់គឺជាវិធីសាស្រ្តល្អបំផុត ដើម្បីប្រយុទ្ធនឹងបញ្ហានេះ ព្រោះវាអាចរក្សាឲ្យក្មេងសកម្មដោយគ្មានការធុញទ្រាន់។ កុមារភាគច្រើនអាចអនុវត្តកីឡានេះបានយ៉ាងងាយ ហើយវាមិនធ្វើឲ្យមានបញ្ហាទៅលើសន្លាក់ជង្គង់នោះឡើយ។ ការជិះកង់នេះ ក៏អាចអនុវត្តដើម្បីបន្ថយផ្នែកធាត់ខ្លះនៃរាងកាយបានផងដែរ។ បង្កើនស្មារតីប្រុងប្រយ័ត្ន អត្ថប្រយោជន៍ចំពោះសុខភាពផ្លូវចិត្ត ផ្តល់ដោយការជិះកង់ចំពោះកុមារ គឺជួយបង្កើនទំនុកចិត្តចំពោះខ្លួនឯង។ វាអនុញ្ញាតឲ្យក្មេងក្លាយជាជោគជ័យទៅលើខ្លួនពួកគេផ្ទាល់ ខណៈពេលដែលអារម្មណ៍មិនសូវមានភាពភ័យ ពីមិត្តភក្តិក៏ដូចជាកត្តាផ្សេងៗនៅជុំវិញខ្លួន។ ពិសេសការជិះកង់ធ្វើឲ្យកុមារចេះបែងចែកទីតាំង បង្កើននូវទំនុកចិត្ត និងស្មារតីប្រុងប្រយ័ត្នជានិច្ច ទោះពេលពួកគេស្ថិតក្នុងស្ថានភាពមិនច្បាស់ ក៏ពួកគេពិតជាអាចរកផ្លូវដ៏មានសុវត្ថិភាពត្រឡប់ទៅផ្ទះបាន។ អត្ថប្រយោជន៍ពីបរិយាកាសខាងក្រៅ ភាគច្រើនក្មេងៗចូលចិត្តចេញក្រៅបំផុត ពួកគេអាចទទួលបានពន្លឺធម្មជាតិដែលផ្តល់ឲ្យពួកគេនូវវីតាមីន D និងខ្យល់បរិសុទ្ធយ៉ាងច្រើន ជួយឲ្យក្មេងគេងលក់ស្រួលនៅពេលយប់។ ជាក់ស្តែង ការគេងលក់ស្រួលផ្តល់ឲ្យក្មេងនូវសុខភាពរាងកាយរឹងមាំ លូតលាស់បានល្អ និងបង្កើនប្រព័ន្ធភាពស៊ាំការពាររាងកាយកាន់តែរឹងមាំ។ ជិះកង់ជួយឲ្យពួកគេរៀនទទួលយកអ្វីៗនៅជុំវិញខ្លួនពួកគេ និងអាចឲ្យពួកគេទៅចំណាយពេលផ្ទាល់ខ្លួនបានយ៉ាងរីករាយ។ លើសពីនេះ ការជិះកង់នឹងធ្វើឲ្យកូនៗរបស់អ្នកស្គាល់ទីតាំងច្បាស់លាស់ និងអាចចូលរួមកាត់បន្ថយការបំពុលបរិស្ថានបានមួយផ្នែក។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

គន្លឹះសុខភាព ការចិញ្ចឹមកូន
ឪពុកម្តាយគួរត្រៀមអ្វីខ្លះសម្រាប់កូននៅមុនថ្ងៃចូលរៀនដំបូង?

មាតាមួយចំនួនហាក់បីដូចជាមានកង្វល់ក្នុងការត្រៀមខ្លួនឲ្យបុត្រាបុត្រីរបស់ខ្លូនសម្រាប់ការបើកទំព័រនៃការសិក្សាជាពិសេសចំពោះបុត្រដំបូងរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយលោកអ្នកមិនចាំបាច់ព្រួយបារម្ភច្រើននោះឡើយ អ្នកអាចធ្វើចិត្តឲ្យសប្បាយរីករាយ ហើយសាកល្បងជាមួយនឹងវិធីសាស្រ្តដូចខាងក្រោម ៖ -សាកសួរទឹកចិត្តកូន ៖ ដោយសារតែការចូលរៀនជាលើកដំបូងនឹងមានផលប៉ះពាល់ច្រើនទៅលើកូនរបស់អ្នក ដូច្នេះហើយអ្នកត្រូវធ្វើការសាកសួរពួកគេជាមុនសិនថាតើពួកគេបានត្រៀមចិត្តរួចឬនៅសម្រាប់ការទៅសាលារៀន? អ្នកអាចនិយាយលួងលោមពួកគេដោយរៀបរាប់ពីចំណុចល្អៗនៅក្នុងសាលារៀន ឬ ចែករំលែកបទពិសោធន៍ជាគម្រូដល់ពួកគេផងដែរ។ -ជ្រើសរើសសាលារៀន ៖ ប្រសិនបើបុត្ររបស់លោកអ្នកយល់ព្រមហើយ អ្នកអាចចាប់ផ្តើមធ្វើការស៊ើបរកមើលសាលារៀនណាដែលមានគុណភាពខ្ពស់ សុវត្ថិភាព និង ប្រកបដោយផាសុកភាពដែលអ្នកគិតថាកូនរបស់អ្នកនឹងអាចទទួលយកបាន ព្រោះថាទិដ្ឋភាពនៅក្នុងសាលាទីមួយរបស់គេអាចនឹងបន្សល់នូវសុបិន្តល្អ ឬ អាក្រក់នៅក្នុងការចងចាំរបស់ពួកគេ។ -ស្គាល់សាលារៀន ៖ អ្នក និងកូនគួរតែរៀនសូត្រពីស្ថានភាពក៏ដូច ជាស្គាល់ពីទីតាំងផ្សេងៗនៅក្នុងបរិវេណសាលាឲ្យហើយ។ -ត្រៀមសម្ភារៈសិក្សា ៖ លោកអ្នកចាំបាច់ត្រូវទិញសម្ភារៈសិក្សាឲ្យកូនឲ្យបានគ្រប់គ្រាន់ ដើម្បីចៀសវាងទម្លាប់មិនល្អទៅថ្ងៃក្រោយ ហើយអ្នកក៏គួរតែបង្រៀនពួកគេឲ្យស្គាល់ពីរបៀបប្រើ ប្រាស់ផងដែរ។ -ចាប់ផ្តើមកែប្រែទម្លាប់រស់នៅ ៖ ព្យាយាមផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃនៅក្នុងផ្ទះឲ្យស្រដៀងនឹងនៅក្នុងសាលារៀន ដើម្បីផ្សាំទៅនឹងស្ថានភាពជាក់ស្តែងដែលកូនអ្នកនឹងជួបប្រទះ។ អ្នកក៏ត្រូវបង្ហាត់បង្ហាញពួកគេអំពីកិច្ចការមួយចំនួនដែលគេត្រូវធ្វើដោយខ្លួនឯងដែរ ដូចជាការពាក់ ឬ ដោះស្បែកជើង ការបត់ជើងជាដើម។ -ធ្វើជាគម្រូល្អ ៖ ដោយសារតែលោកអ្នកជាមនុស្សដែលមានឥទ្ធិពលទៅលើពួកគេជាងគេ អ្នកត្រូវតែធ្វើជាគម្រូល្អដល់ពួកគេជានិច្ច មិនថាការនិយាយស្តី ការបរិភោគអាហារនោះឡើយ។ អ្នកត្រូវចាំក្នុងចិត្តថា ក្មេងប្រៀបបាននឹងក្រដាសសស្អាតមួយសន្លឹកអញ្ចឹង អ្នកគប្បីផ្តល់នូវ សោភ័ណភាពស្រស់ស្អាតនៅលើក្រដាសមួយនោះ។ -កុំដាក់សម្ពាធដល់កូន ៖ ដោយហេតុថាកូនរបស់អ្នកនៅក្មេងនៅឡើយ អ្នកមិនត្រូវរំពឹងថាគេអាចនឹងឆាប់សម្របខ្លួនទៅនឹងការផ្លាស់ប្តូរដ៏ធំនេះឡើយ។ ដូចគ្នាចំពោះការនិយាយណែនាំពួកគេផងដែរ ជំនួសឲ្យការនិយាយប្រដៅវែងឆ្ងាយ អ្នកគួរតែលើកយកឧទាហរណ៍នៅក្នុងសៀវភៅរឿងតុក្កតាផ្សេងៗ ហើយបញ្រ្ជាបគតិរឿងនោះដោយនិយាយដោយងាយៗ។ -បង្រៀនកូនបន្ថែម ៖ ប្រសិនបើអ្នកមានពេលវេលាគ្រប់គ្រាន់ ក្នុងនាមជាឪពុកម្តាយអ្នកអាចបង្កើតទម្លាប់ដ៏ល្អមួយ ដោយធ្វើការអានសៀវភៅអប់រំកុមារខ្លីៗដែលមានលាយឡំជាមួយនឹងរូបគំនូរដែលអាចឲ្យកូនអ្នកមើលយល់ទុកសម្រាប់ឲ្យកូនអ្នកស្តាប់នៅមុនពេលចូលគេង។ -បម្រុងប្រយ័ត្ន ៖ ចំពោះក្មេងសម័យបច្ចុប្បន្ន  ភាគច្រើនគឺ សុទ្ធតែចេះចុចទូរស័ព្ទទំនើបរបស់ឪពុកម្តាយរបស់ខ្លួនដោយយ៉ាងហោចណាស់ក៏ចេះលេងហ្គេមដែរ។ ចំពោះចំណុចនេះ អាចជារឿងល្អមួយដែលអាចបង្កើនភាពវៃឆ្លាតដល់កូនរបស់អ្នក ប៉ុន្តែអ្នកក៏មិនត្រូវបណ្តោយ ឲ្យគេប្រើប្រាស់ក្នុងរយៈពេលយូរពេកនោះដែរ។ -ផ្តល់កម្លាំងចិត្តដល់កូន ៖ ដើម្បីជាការលើកទឹកចិត្តដល់កូនរបស់អ្នក អ្នកអាចធ្វើការព្រមព្រៀងជាមួយពួកគេដូចជា ប្រសិនបើគេទទួលបានចំណាត់ថ្នាក់ល្អ អ្នកអាចនឹងជូនជាកាដូលើកទឹកចិត្តខ្លះៗ តាមដែលគេចង់បាន ឬ នាំគេទៅដើរកំសាន្តនៅរមណីយដ្ឋានក៏បាន។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

គន្លឹះសុខភាព ការចិញ្ចឹមកូន
តើកុមារគួរគេងប៉ុន្មានម៉ោងក្នុង១ថ្ងៃ?

សម្រាប់ស្ត្រីដែលទើបតែនឹងក្លាយជាម្ដាយគេលើកដំបូង ដូច្នេះ អ្នកម្ដាយគួរតែសិក្សាបន្ថែមពីរបបអាហារ របៀបថែទាំងកុមារ និងការគេង  ក៏ដូចជារយៈពេលគេងផងដែរ។ ហេលស៏ថាម សូមលើកយកពីរយៈពេលដែលកូនរបស់អ្នកត្រូវគេងមកបកស្រាយ។  ថ្វីត្បិតមានការព្រួយបារម្ភថាកុមារគេងមិនគ្រប់ អាចបណ្ដាលឲ្យមានបញ្ហាតាំងពីការប្រព្រឹត្តរហូតដល់សុខភាពក៏ដោយ តែរហូតមកទល់សព្វថ្ងៃនៅតែពុំទាន់មានភស្តុតាងគួរឲ្យទុកចិត្តអំពីរឿងកុមារថាតើគួរគេងប៉ុន្មានម៉ោងទើបគ្រាន់គ្រាន់សម្រាប់ក្មេង។ ឳពុកម្ដាយទាំងឡាយតែងតែជួបការលំបាកពេលឲ្យកូនរបស់ខ្លួនចូលគេងមិនតែប៉ុណ្ណោះ ពួកគេត្រូវប្រើវិធីល្បូងឲ្យគេឆាប់គេងលក់ដូចជា ការនិទានរឿង  ឬឲ្យពួកគេទទួលទានទឹកឲ្យ ដើម្បីឲ្យពួកគេចូលគេងងាយស្រួល ឬគេងគ្រប់គ្រាន់។   តាមការស្រាវជ្រាវមួយរបស់អ្នកវិទ្យាសាស្ត្រជនជាតិអាមេរិចបានបានធ្វើការសន្និដ្ឋានពាក់ព័ន្ធដល់បរិមាណពេលវេលាដំណេកចាំបាច់របស់កុមារក្នុងប្រទេសនោះ។ តាមលទ្ធផលស្រាវជ្រាវបានប្រកាសថា ទារកដែលទើបនឹងកើតដល់អាយុ ២ឆ្នាំ គេងជាមធ្យមពី ១២ ទី ១៤ ម៉ោងក្នុងមួយថ្ងៃ។ ចំពោះកុមារអាយុ ៤ ឆ្នាំត្រូវការពេល ១១ ម៉ោងដើម្បីគេង ហើយកុមារអាយុ ១០ ឆ្នាំគឺ ១០ ម៉ោង។ ដល់អាយុ១៦ឆ្នាំ ដំណេកជាមធ្យមរបស់ពួកគេគឺ ៩ ម៉ោងក្នុងមួយថ្ងៃ។ ការសន្និដ្ឋាននេះក៏ដូចគ្នានឹងការសន្និដ្ឋានរបស់មជ្ឃមណ្ឌលគ្រប់គ្រង និងបង្ការប្រឆាំងជំងឺរបស់អាមេរិក។ ទន្ទឹមនឹងនេះ ក្រុមអ្នកស្រាវជ្រាវក៏ធ្វើការព្រមានអំពីបញ្ហាទាំងឡាយនៃការប្រព្រឹត្តិរបស់កុមារ ឬការប្រឈមកើតជំងឺសរសៃឈាមបេះដូង ប្រសិនបើកុមារគេងមិនគ្រប់គ្រាន់។ យកល្អអាណាព្យាបាល ឬមាតាបិតាគួររឹតបន្តឹងទៅលើការកំណត់ពេលវេលានៃការគេងរបស់កូន ព្រមទាំងព្យាយាមហ្វឹកហាត់ឲ្យពួកគេចូលគេងតាមពេលវេលាឲ្យបានទៀងទាត់ផង។ ហើយផលអាក្រក់ដែលកុមារដេកបានតិច អាចធ្វើឲ្យពួកគេ ជួបនឹងបញ្ហាខាងផ្នែកអារម្មណ៏ដូចជា ឆាប់ក្រេវក្រាធ ឆាប់កើតទុក្ខ និងមានបញ្ហាភ័យខ្លាច។ ដូច្នេះ មាតាបិតាអាចរកវិធីទាក់ទាញ ឬបញ្ឆោតឲ្យគេចូលគេង ឬក៏នៅនិទានរឿងឲ្យគេស្ដាប់ ។ វិធីទាំងនោះ សុទ្ធសឹងតែមានប្រសិទ្ធភាពបំផុតឲ្យពួកគេឆាប់ចូលគេងបានយ៉ាងងាយ។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

គន្លឹះសុខភាព ការចិញ្ចឹមកូន