-
Mar 15, 2017
|
-
7 ឆ្នាំមុន
|
-
3.6K មើល
សំណួរ៖ នាងខ្ញុំអាយុ ១៨ឆ្នាំ សព្វថ្ងៃជាសិស្សថ្នាក់ទី ១២។ ខ្ញុំធ្លាប់ឃើញចាស់ៗច្របាច់ក្រូចឆ្មារចូលក្នុងភ្នែករបស់ទារកដែលទើបនឹងកើត។ ពួកគាត់និយាយថា វាអាចជួយឲ្យក្មេងនោះមិនឧស្សាហ៍ឈឺភ្នែកដូចអ្នកដទៃ។ តើការធ្វើបែបនេះត្រឹមត្រូវដែរឬទេ?
ចម្លើយ៖ ទម្លាប់ដែលបានរៀបរាប់ខាងលើ ជាការយល់ខុស។ ជាធម្មតា ភ្នែករបស់ក្មេងដែលទើបនឹងកើត មិនអាចបន្តក់ទឹកក្រូចឆ្មារចូលបានទេ ព្រោះនៅក្នុងក្រូចឆ្មារមានជាតិអាស៊ីត។ ដូចនេះ ពេលដាក់ចូលទៅក្នុងភ្នែក អាចឲ្យរលាកកញ្ចក់ភ្នែក ឬភ្នាសភ្នែក ដែលអាចធ្វើឲ្យក្មេងពិការភ្នែកបាន។ តាមពិតទៅ ក្មេងដែលទើបនឹងកើតមក ភ្នែករបស់គាត់ល្អស្អាត គ្មានបញ្ហាអ្វីទេ លើកលែងតែក្មេងដែលមានជំងឺតំណពូជប៉ុណ្ណោះ។ ប៉ុន្តែ ឆ្មបអាចនឹងប្រើថ្នាំបន្តក់ពពួកថ្នាំអង់ទីប៊ីយ៉ូទិចដើម្បីចៀសវាងការបង្ករោគ ក្នុងករណីដែលទារកអាចនឹងឆ្លងមេរោគពីម្តាយនៅពេលសម្រាលដូចជា ពពួកបាក់តេរី ឬមេរោគប្រមេះ។ តាមការសំណូមពររបស់គ្រូពេទ្យភ្នែក យើងបានធ្វើការណែនាំដល់ឆ្មបលើការពិនិត្យមើលលក្ខណៈភ្នែករបស់កុមារដូចជាមើលទៅលើភាពពេញលេញរបស់ភ្នែក ត្របកភ្នែក គ្រាប់ភ្នែក និងប្រស្រីភ្នែក។
បកស្រាយដោយ ៖ សាស្ត្រាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
ចែករំលែក