Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការរលាកទងសួត គឺជាប្រភេទជំងឺឆ្លងកើតមានឡើងញឹកញាប់ចំពោះក្មេងតូច និងទារក ដោយសារមានការរលាក និងស្ទះក្នុងទងសួត (Bronchiole) ដែលភាគច្រើនបង្កឡើងពីវីរុស។ ជាធម្មតារយៈពេលនៃជំងឺរលាកទងសួត គឺនៅអំឡុងខែត្រជាក់។ ជំងឺរលាកទងសួត ចាប់ផ្តើមជាមួយនឹងរោគសញ្ញាប្រហាក់ប្រហែលទៅនឹងជំងឺផ្តាសាយ ប៉ុន្តែវាអាចវិវឌ្ឍទៅជាក្អក ឮសំឡេងពេលដកដង្ហើម និងពេលខ្លះពិបាកដកដង្ហើម។  សញ្ញានៃការរលាកទងសួតអាចស្ថិតនៅពីច្រើនថ្ងៃទៅច្រើនសប្តាហ៍ ឬរហូតដល់មួយខែ។ កុមារភាគច្រើនបានធូរស្រាលដោយការសម្រាកព្យាបាលនៅផ្ទះ និងមានភាគរយតិចបំផុតដែលទាមទារឲ្យមានការព្យាបាលនៅមន្ទីរពេទ្យ។ លក្ខណៈនៃជំងឺ ការរលាកដែលប៉ះពាល់ផ្នែកនៃសួតត្រង់ bronchioles ត្រូវបានហៅថាជាជំងឺរលាកទងសួត។ Bronchioles មានលក្ខណៈតូច បំពង់មែកធាងដែលដឹកនាំខ្យល់ចេញចូលពីសួត។ នៅពេលបំពង់នេះ ត្រូវបានឆ្លងមេរោគ វាឡើងហើម និងពេញដោយស្លេស្ម ដែលធ្វើឲ្យពិបាកក្នុងការដកដង្ហើម។ ជំងឺរលាកទងសួតជាធម្មតាប៉ះពាល់ដល់ក្មេងអាយុក្រោម ២ឆ្នាំ ដែលអាចជាដោយខ្លួនឯងចំពោះក្មេងភាគច្រើន ប៉ុន្តែកុមារខ្លះដែលមានជំងឺនេះត្រូវការជួបប្រឹក្សាជាមួយគ្រូពេទ្យជាចាំបាច់។   ការចម្លងរោគ មូលហេតុចម្បងនៃការរលាកទងសួតគឺបណ្ដាលមកពីវីរុសមានឈ្មោះថា respiratory syncytial virus ឬ RSV។ វីរុសប្រភេទនេះរស់នៅក្នុងដំណក់ទឹកល្អិតៗ ដែលមាននៅក្នុងខ្យល់ពេលអ្នកជំងឺក្អក ឬកណ្តាស់ដែលអាចសាយភាយបានយ៉ាងងាយស្រួលពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀត។ រោគសញ្ញា ជាទូទៅ ការរលាកទងសួត ចាប់ផ្តើមដូចជាជំងឺផ្តាសាយដែរ ដែលកុមារតែងលេចឡើងនូវអាការៈដូចខាងក្រោម៖ • តឹងច្រមុះ ឬហៀរសម្បោរ • ក្អកដែលមានលក្ខណៈស្រាល • ក្តៅខ្លួនលើសពី៣៨ អង្សាសេ • ថយចុះចំណង់អាហារ។ នៅពេលការរលាកទងសួតកាន់តែវិវឌ្ឍធ្ងន់ធ្ងរ កុមារអាចលេចឡើងនូវសញ្ញាបន្ថែមរួមមាន៖ • ដកដង្ហើមញាប់ ឬមានបញ្ហាដង្ហើម៖ ចំពោះទារក សញ្ញាដំបូងអាចជាការផ្អាកដង្ហើមក្នុងរយៈពេលពី ១៥វិនាទី ឬ២០វិនាទី • ឮសំឡេងពេលដកដង្ហើម (ជាធម្មតាមានរយៈពេល៧ថ្ងៃ) • ក្អកធ្ងន់ធ្ងរ (រហូតដល់១៤ថ្ងៃ ឬយូរជាងនេះ) • មានបញ្ហាក្នុងការញ៉ាំ និងផឹក (ដោយសារសញ្ញាផ្សេងៗ)។ ការព្យាបាល ការព្យាបាលសំខាន់បំផុតនៃជំងឺរលាកទងសួត គឺត្រូវប្រាកដថាទារក ឬកូនរបស់អ្នកទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ដោយគ្រូពេទ្យ ឬគិលានុបដ្ឋាកត្រូវបឺតស្លេស្មចេញពីច្រមុះកូនអ្នក ឬផ្តល់ខ្យល់មានសំណើម ឬអុកស៊ីសែនសម្រាប់ការដកដង្ហើម។ គួរបញ្ជាក់ថាគ្រូពេទ្យនឹងមិនផ្តល់ថ្នាំអង់ទីប៊ីយ៉ូទិកទេ ព្រោះការរលាកទងសួតបង្កឡើងពីវីរុស ហើយអង់ទីប៊ីយ៉ូទិកមិនមានប្រសិទ្ធភាពសម្លាប់វីរុសបានឡើយ។ ការថែទាំទារក ជាការពិតណាស់ គន្លឹះមួយចំនួនដែលឪពុកម្តាយគួរអនុវត្តដើម្បីជួយដល់កូនៗពីជំងឺរលាកទងសួតនេះរួមមាន៖ • ត្រូវប្រាកដថាកូនអ្នកទទួលបានជាតិទឹកគ្រប់គ្រាន់ • ប្រើប្រាស់ឧបករណ៍ផ្តល់សំណើមក្នុងបន្ទប់គេងរបស់កូនអ្នក • បើកូនអ្នកមិនស្រួលដោយសារក្តៅខ្លួន អ្នកអាចព្យាបាលដោយប្រើប៉ារ៉ាសេតាម៉ុល ឬ Ibuprofen • ចៀសវាងការប្រើ Aspirin ចំពោះក្មេងអាយុតិចជាង ១៨ឆ្នាំ • សម្អាតច្រមុះកូនអ្នកជាមួយសូលុយស្យុងសេរ៉ូមប្រៃ • បើកូនអ្នកមានអាយុលើសពី១ឆ្នាំ អាចផ្តល់អាហារក្តៅឧណ្ហៗ សារធាតុរាវថ្លាដើម្បីសម្រួលបំពង់ក និងជួយកាត់បន្ថយស្លេស្ម • ឲ្យកូនអ្នកគេងកើយខ្នើយបើពួកគេអាយុលើសពីមួយឆ្នាំ (មិនត្រូវប្រើខ្នើយទេបើកូនអ្នកអាយុក្រោម ១ឆ្នាំ) • គួរគេងក្នុងបន្ទប់ជាមួយកូនអ្នក ដូច្នេះ អ្នកនឹងអាចដឹងភ្លាមៗប្រសិនពួកគេពិបាកដកដង្ហើម • មិនអនុញ្ញាតឲ្យមាននរណាម្នាក់ជក់បារីនៅក្បែរកូនអ្នកឡើយ។ ការការពារ អ្នកអាចកាត់បន្ថយឱកាសដែលកូនអ្នកនឹងកើតជំងឺរលាកទងសួតដោយ៖ • លាងសម្អាតដៃអ្នក និងដៃកូនរបស់អ្នកឲ្យបានញឹកញាប់ជាមួយសាប៊ូដុំ និងទឹក ឬប្រើអាល់កុលជូតដៃ • នៅឲ្យឆ្ងាយពីមនុស្សពេញវ័យ ឬក្មេងដែលឈឺ • ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយជាប្រចាំចំពោះអ្នក និងកូនតូចរបស់អ្នក។ ជំងឺរលាកទងសួតអាចលាប់ឡើងវិញ ហើយការបង្ករោគអាចកើតឡើងលើសពីម្តងអំឡុងពេលជាមួយគ្នាក្នុងរដូវកាលនៃជំងឺផ្លូវដង្ហើម ហើយអ្នកជំងឺខ្លះអាចមានការបង្ករោគពីវីរុសពីរផ្សេងគ្នាក្នុងពេលតែមួយ។ បន្ថែមពីនោះ គ្រប់អ្នកជំងឺរលាកទងសួតត្រូវរក្សាគម្លាតឲ្យនៅដាច់ដោយឡែកពីអ្នកជំងឺផ្សេងទៀតដែលមាន និងគ្មានជំងឺរលាកទងសួត។ ប្រសិនបើចាំបាច់ អ្នកជំងឺដែលបង្កពីវីរុសដូចគ្នាអាចនៅបន្ទប់ជាមួយគ្នា ទោះជាយ៉ាងណាក៏ដោយបម្រុងប្រយ័ត្នគួរតែត្រូវបានអនុវត្តជានិច្ច។ ការវិវឌ្ឍ គួរបញ្ជាក់ដែរថា កុមារដែលធ្លាប់មានជំងឺរលាកទងសួតអាចនឹងពិបាកដកដង្ហើម ឬដកដង្ហើមឮម្តងទៀតក្នុងកម្រិតតែ៥០% ប៉ុណ្ណោះ។ ម៉្យាងទៀតគេនៅមិនទាន់ច្បាស់ថា តើវីរុសអាចបង្កឲ្យមានជំងឺហឺតបន្ថែមទៀត ឬកុមារដែលមានជំងឺហឺតអាចប្រឈមខ្ពស់ទៅនឹងជំងឺរលាកទងសួតឬយ៉ាងណា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត វ៉ាន សុខជា ឯកទេសរោគកុមារ សញ្ញាបត្រពីប្រទេសបារំាងនិងអូស្ត្រាលី បម្រើការនៅមន្ទីរពេទ្យកុមារជាតិ និងជាប្រធានមន្ទីរសំរាកព្យាបាលរោគកុមារ ម៉ាក់ស៊ីឃែរ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

យោងតាម GLOBOCAN ២០១៨នេះ បានបង្ហាញថាអត្រានៃការកើតជំងឺមហារីកនៅទ្វីបអាស៊ីមានរហូតដល់ ៨៤.៦% ដែលជាអត្រាមួយច្រើនជាងគេ បើប្រៀបធៀបនឹងបណ្តាទ្វីបដទៃទៀតនៅលើសកលលោក។ ចំណែកនៅប្រទេសកម្ពុជាវិញ ដោយហេតុថា មិនទាន់មានការសិក្សាណាមួយអំពីជំងឺនេះ ដូច្នេះទិន្នន័យពិតប្រាកដទូទាំងប្រទេសក៏មិនទាន់មានដែរ។ប៉ុន្តែបើយោងតាមទិន្នន័យបានពីមន្ទីរពេទ្យមិត្តភាព​ខ្មែរ-សូវៀត ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ (២០១៦- ២០១៧) បានបង្ហាញថា ជំងឺមហារីកគល់ច្រមុះបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមជំងឺមហារីក​ ត្រចៀក ច្រមុះ បំពង់ក និងជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងផ្នែកជំងឺមហារីក។ ជំងឺមហារីកគល់ច្រមុះ ឬភាសាបច្ចេកទេសហៅ ថា Nasopharyngeal Cancer គឺជាប្រភេទជំងឺមហារីកដែលជាទូទៅ វាចាប់ផ្តើមកើតមាននៅទីតាំងក្រោយរន្ធច្រមុះ ខាងលើបំពង់ក និងនៅជាប់បាតខួរក្បាល បន្ទាប់មកវាអាចរីករាលដាល ទៅផ្នែកផ្សេងៗនៃរាងកាយ។ យើងសង្កេតឃើញថាជំងឺមហារីកគល់ច្រមុះមានច្រើនប្រភេទណាស់ប៉ុន្តែបើយោងតាមអង្គការសុខភាពពិភពលោកឆ្នាំ ២០០៣ បានបែងចែកជំងឺនេះជា ៣ ប្រភេទធំៗ ដោយក្នុងនោះមានតែ២ប្រភេទប៉ុណ្ណោះ ដែលជួបប្រទះច្រើនជាងគេនៅលើពិភពលោក គឺប្រភេទទី២ និងទី៣ ហើយប្រភេទទី៣នេះត្រូវបានគេឲ្យ ឈ្មោះថា Undifferentiated Carcinoma Nasopharyngeal Tumor (UCNT)។ មូលហេតុ និងកត្តាប្រឈម ទោះបីជំងឺមហារីកគល់ច្រមុះគ្មានមូលហេតុច្បាស់លាស់យ៉ាងណាក៏ដោយ ប៉ុន្តែវាមានកត្តាប្រឈមចម្បងផ្សេងទៀត ដែលរួមមាន៖ • ការបង្ករោគដោយវីរុសមួយប្រភេទឈ្មោះថា Epstein-Barr Virus (EBV)៖  វីរុសប្រភេទនេះអាចមានលទ្ធភាពបង្កឲ្យកើតជាដុំសាច់ និងធ្វើឲ្យដុំសាច់វិវឌ្ឍក្លាយជាសាច់មហារីក ដែលភាគច្រើននៃការវិវឌ្ឍនេះនឹងក្លាយជាជំងឺមហារីកប្រភេទទី ២ ឬ៣តែម្តង • របបអាហារ៖ ការចូលចិត្តបរិភោគអាហារផ្អាប់ឬអាហារខ្លោច • ការជក់បារី៖ ការសិក្សាមួយកាលពីឆ្នាំ ២០១៣បានបង្ហាញថាអ្នកជក់បារីមានអត្រាប្រឈមខ្ពស់ ចំពោះការកើតជំងឺនេះរហូតដល់ ៦០% ច្រើនជាងអ្នកមិនជក់បារី • តំណពូជ៖ មានភាគរយតិចតួចកើតមានផងដែរ ចំពោះបុគ្គលដែលមានសមាជិកគ្រួសារធ្លាប់បានកើតជំងឺមហារីកនេះពីមុន។ រោគសញ្ញា និងយន្តការ រោគសញ្ញាតែងតែស្តែងចេញទៅតាមការវិវឌ្ឍរបស់ដុំសាច់ មានន័យថា ពេលទំហំដុំសាច់ក្នុងរន្ធច្រមុះតូច នោះរោគសញ្ញាមានតិចតួច ផ្ទុយមកវិញ ប្រសិនបើដុំសាច់រីកកាន់តែធំ នោះរោគសញ្ញា អាចមានកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរ ដូចជា៖ • រោគសញ្ញាទាក់ទងនឹងច្រមុះ៖ ការហូរឈាមច្រមុះ ដែលអាចហៀរចេញមកខាងក្រៅ ឬអាច ធ្លាក់ទៅផ្នែកខាងក្រោយតាមបំពង់កវិញ • រោគសញ្ញាទាក់ទងនឹងត្រចៀក៖ អាចបណ្តាលឲ្យមានការរលាកត្រចៀកកណ្តាល ឈឺត្រចៀកហ៊ឹងត្រចៀក ឬមានទឹករងៃក្នុងត្រចៀក • រោគសញ្ញាទាក់ទងនឹងសរសៃវិញ្ញាណ៖ រោគសញ្ញាទាំងនេះអាចកើតមាន ករណីដែលដុំសាច់ រីករាលដាលដល់បាតខួរក្បាល ហើយអាចស្តែងជា ការធ្លាក់ភ្នែកមួយចំហៀង ការទាញភ្នែកមួយ ចំហៀង ស្ពឹកមុខ ឈឺក្បាលខ្លាំងជាដើម។ ម៉្យាងវិញទៀត ប្រសិនបើដុំនេះវិវឌ្ឍលឿនទៅកាន់តំបន់ជិតៗ ជាពិសេសត្រង់ទីតាំងកូនកណ្តុរនៅក វាអាចនឹងបង្កឲ្យមានការឡើងកូនកណ្តុរនៅនឹងក ដែលអាចមានទំហំខុសៗគ្នាចាប់ពី ១សង់ទីម៉ែត្រឡើងទៅ។ អ្វីដែលគួរឲ្យព្រួយបារម្ភទៀតនោះគឺការវិវឌ្ឍនៃជំងឺដល់ដំណាក់កាលចុងក្រោយយ៉ាងលឿន ទៅកាន់តំបន់ឆ្ងាយៗដូចជា​ ឆ្អឹង សួត និងថ្លើម ហើយអ្នកជំងឺអាចនឹងមាន ជាអាការៈ ឈឺឆ្អឹងកងខ្នងខ្លាំង ចុកជើងខ្លាំង ឈឺតាមសរសៃប្រសាទ ចាក់មកជើង ដង្ហក់ ហត់ ក្អកមានឈាមឬឡើងលឿងជាដើម។   ការធ្វើរោគវិនិច្ឆ័យ ដើម្បីអាចសន្និដ្ឋានបានថាវាពិតជាជំងឺមហារីក គល់ច្រមុះមែននោះ គ្រូពេទ្យជំនាញត្រូវធ្វើតាមដំណាក់កាលដូចខាងក្រោម៖ • ពិនិត្យសញ្ញាគ្លីនិក (Clinical Examination) មានដូចជា ការស្ទាបរកមើលកូនកណ្តុរនៅ ក​ ការសាកសួរពីរោគសញ្ញា ប្រវត្តិនៃការរស់នៅ របបអាហារ និងប្រវត្តិគ្រួសារ។ បន្ទាប់មក ប្រសិនបើមានករណីសង្ស័យ ត្រូវបញ្ជូនអ្នកជំងឺ ឲ្យទៅជួបគ្រូពេទ្យឯកទេស ត្រចៀក ច្រមុះ បំពង់ក ដើម្បីបន្តការពិនិត្យឆ្លុះរកមើលសាច់ដុះនៅតំបន់កនោះតែម្តង។ • ការថតស្កែន ឬMRI ពីសំណាក់គ្រូពេទ្យ​ឯកទេសរូបភាពវេជ្ជសាស្រ្ត ដើម្បីផ្តល់ជាព័ត៌មាន​បញ្ជាក់ថា មានដុំសាច់ ឬមិនមាន ក្នុងករណី​ដែលគ្រូពេទ្យឯកទេស ត្រចៀក ច្រមុះ បំពង់កមិនអាចពិនិត្យបាន។ ករណីមានដុះសាច់ អ្នកជំងឺត្រូវ​បញ្ជូនមកជួបគ្រូពេទ្យឯកទេស ត្រចៀក ច្រមុះ បំពង់កម្តងទៀត ដើម្បីពិនិត្យឡើងវិញ និងច្រឹបសាច់នោះយកទៅវិភាគ។ ម៉្យាង​វិញទៀតការថតស្កែនក៏អាចវាយតម្លៃពីទំហំនៃការ​រីករាលដាល​ដុំសាច់ទៅដល់ឆ្អឹងក្បាលផងដែរ។ • ការវិភាគសាច់៖ សាច់ដែលបានច្រឹបហើយនឹងត្រូវបញ្ជូនបន្តទៅកាន់មន្ទីរពិសោធន៍វិភាគសាច់ដើម្បីសន្និដ្ឋានថាជាប្រភេទសាច់ស្លូត ឬសាច់​កាច។ ការត្រៀមខ្លួនរបស់អ្នកជំងឺមុនពេលធ្វើរោគវិនិច្ឆ័យ អ្នកជំងឺធម្មតាដែលគ្មានជំងឺប្រចាំកាយ គឺមិនចាំ បាច់មានជាការត្រៀមខ្លួនអ្វីច្រើននោះទេ។ លើកលែងតែ អ្នកជំងឺមានបញ្ហាតម្រងនោម ជំងឺទឹកនោមផ្អែម ទើបតម្រូវឲ្យធ្វើការពិនិត្យមុខងារតម្រងនោមជាមុនសិន ដោយហេតុថាការថតស្កែនអាច​ប៉ះពាល់ដល់តម្រងនោមតាមរយៈការចាក់បញ្ចូល​សារធាតុមួយប្រភេទ ដើម្បីឲ្យរូបភាពស្កែនកាន់តែ​ច្បាស់។ ចំណែកអ្នកជំងឺបេះដូង សរសៃឈាមដែលតែងប្រើប្រាស់ថ្នាំប្រឆាំងកំណកឈាម តម្រូវឲ្យបញ្ឈប់ការប្រើប្រាស់ថ្នាំនេះ ក្នុងរយៈពេល៧២ម៉ោងមុន និងក្រោយការច្រឹបដុំសាច់។ ការព្យាបាល បន្ទាប់ពីបានដឹងថា អ្នកជំងឺពិតជាមានជំងឺមហារីកមែនហើយ ក្រុមគ្រូពេទ្យឯកទេសនឹងធ្វើការវាយតម្លៃអំពីដំណាក់កាលនៃជំងឺជាមុន ទើបធ្វើការ​សម្រេចចិត្តជ្រើសរើសវិធីសាស្ត្រយកមកព្យាបាលដែលការព្យាបាលត្រូវបានចែកជា២ប្រភេទធំៗ គឺវិធីសាស្ត្របញ្ចាំងកាំរស្មី និងការប្រើថ្នាំគីមី៖ • ដំណាក់ទី១៖ ជាដំណាក់កាលដែលដុំសាច់​មានទំហំតូច ដូច្នេះ ការព្យាបាលគឺប្រើប្រាស់ការបាញ់កាំរស្មីតែម៉្យាងគត់ ប្រសិនបើមិនមានការចេញជាកូនកណ្តុរក។ ប៉ុន្តែប្រសិនបើក្នុងរយៈពេលតាមដានក្រោយការបញ្ចាំងកាំរស្មីអ្នកជំងឺមានលេចឡើងជាដុំសាច់នៅត្រង់កូនកណ្តុរកទៀតគ្រូពេទ្យអាចនឹងធ្វើការវះកាត់ដុំសាច់នោះចេញ។ • ដំណាក់ទី២ និង៣៖ ជាដំណាក់កាលដែលដុំសាច់មានទំហំធំជាងមុន បូករួមជាមួយការរាលដាលមកកូនកណ្តុរក នោះការព្យាបាលតម្រូវឲ្យមានការបញ្ចូលវិធីសាស្ត្រ ២ គឺមានទាំងការប្រើ​ប្រាស់ថ្នាំដើម្បីជួយបង្កើនប្រសិទ្ធភាពរបស់ការបាញ់កាំរស្មី និងការបញ្ចាំងកាំរស្មី ដើម្បីកម្ចាត់ចោលនូវដុំសាច់មហារីកនេះតែម្តង។ • ដំណាក់ទី៤៖ ជាដំណាក់ចុងក្រោយ ឬជាដំណាក់យឺតយ៉ាវ ដែលដុំសាច់អាចរាលដាល ចូលខួរក្បាល ឆ្អឹងខ្នង សួត និងថ្លើម។ ការព្យា បាលសម្រន់ការឈឺចាប់ ដោយការចាក់ថ្នាំគីមី ជាជម្រើសតែមួយគត់ដែលអាចប្រើប្រាស់ចំពោះអ្នកជំងឺ ដើម្បីជួយពន្យារអាយុជីវិត និងបង្កើនគុណ ភាពជីរិតរបស់អ្នកជំងឺបានខ្លះ។ ប៉ុន្តែ ប្រសិនបើអ្នកជំងឺអាចឆ្លើយតបនឹងការព្យាបាលបែបថ្នាំគីមីនេះបានល្អ ដោយដុំសាច់ប្រែជាតូចជាងមុន បាត់អស់កន្លែងរាលដាលនៅ ឆ្អឹងខ្នង សួត និងថ្លើម គ្រូពេទ្យជំនាញអាចនឹងពិភាក្សាក្នុងការបញ្ចាំងកាំរស្មី បំបាត់ដុំសាច់ត្រង់គល់ច្រមុះនោះឲ្យគាត់បន្តទៀត។ ផលរំខាននៃការព្យាបាល អ្នកជំងឺអាចនឹងទទួលបាននូវផលរំខានមួយចំនួន ទៅតាមប្រភេទនៃការព្យាបាល ប៉ុន្តែវាមិនបង្ក ផលប៉ះពាល់ដល់អាយុជីវិតអ្នកជំងឺទេ គ្រាន់តែរំខានដល់ការរស់នៅរបស់គាត់ប៉ុណ្ណោះ៖ • ការប្រើប្រាស់កាំរស្មី៖ អាចបង្កឲ្យមានការខូចខាតក្រពេញទឹកមាត់ (Parotid gland) ជាហេតុធ្វើឲ្យក្រពេញមិនអាចផលិតទឹកមាត់បាន ហើយអ្នកជំងឺមានសភាពស្ងួតមាត់ខ្លាំង។ ក្រៅពីនេះ អ្នកជំងឺអាចមានការរលាកមាត់ ឈឺមាត់ ពិបាកទទួលទានអាហារ ការរលាកស្បែកខាងក្រៅត្រង់តំបន់ក នៅអំឡុងពេលព្យាបាលផងដែរ។ ប៉ុន្តែអាការៈនេះនឹងបាត់ទៅវិញទាំងស្រុង ឬ៥០%បន្ទាប់ពីបញ្ចប់ការព្យាបាល។ • ការប្រើប្រាស់ថ្នាំគីមី៖ អាចបណ្តាលឲ្យមានការក្អួត ចង្អោរ និងចំនួនគ្រាប់ឈាមថយចុះជាដើម។ ការត្រៀមខ្លួនរបស់អ្នកជំងឺ គ្រប់ដំណាក់កាល ទាំងមុនពេល អំឡុងពេល និងក្រោយពេលព្យាបាល អ្នកជំងឺត្រូវសហការជា មួយគ្រូពេទ្យនិងធ្វើការត្រៀមខ្លួនជាស្រេចដូចជា៖ • តមអាហារហឹរ ជូរខ្លាំង ក្តៅខ្លាំង និងចៀសវាងការប៉ះផ្ទាល់នឹងកម្តៅថ្ងៃ • បរិភោគអាហារដែលផ្តល់សុខភាពល្អ មានបន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ជាពិសេសពិសា ទឹកឲ្យបានច្រើន • អាចប្រើប្រាស់ទឹកខ្ពុរមាត់ដែលមានសូដ្យូមប៊ីកាបូណាត ដើម្បីកាត់បន្ថយមេរោគក្នុងមាត់ចំពោះអ្នកជំងឺមានបញ្ហារលាកមាត់ • លាបក្រែមប្រឆាំងការរលាកនៅតំបន់ដែល រលាកខ្លាំង។ គួរបញ្ជាក់ថា ការព្យាបាលជំងឺនេះមិនតម្រូវឲ្យមានការសម្រាកព្យាបាលនៅមន្ទីរពេទ្យឡើយ អ្នកជំងឺអាចត្រឡប់ទៅផ្ទះវិញបាន ព្រមទាំងអាចប្រកបរបរទទួលទានបានធម្មតា លើកលែងតែការប៉ះ កម្តៅថ្ងៃ។ ផលវិបាកនៃភាពយឺតយាវ ករណីអ្នកជំងឺមិនបានរួសរាន់មកទទួលការព្យាបាលឲ្យបានទាន់ពេលវេលា នោះអ្នកជំងឺអាចនឹងប្រឈមមុខនឹងការរីករាលដាលដុំសាច់ ទៅកាន់តំបន់សំខាន់ផ្សេងទៀត នៃរាងកាយមានដូចជា ឆ្អឹង សួតនិងថ្លើម ដែលបង្កឲ្យអ្នកជំងឺមានអាការៈកាន់តែ ធ្ងន់ធ្ងរ ជាពិសេសអាចនឹងបាត់បង់អាយុ ជីវិតទៀតផង។ វិធីសាស្រ្តការពារ នៅពេលបានដឹងអំពីកត្តាប្រឈម និងមូលហេតុ ដែលបង្កឲ្យមានជំងឺនេះហើយ យើងអាចកាត់បន្ថយអត្រានៃការកើតជំងឺនេះបានខ្លះតាមរយៈ វិធីសាស្ត្រការពារខ្លួន ដូចខាងក្រោម៖ • រក្សាអនាម័យក្នុងការរស់នៅ ដើម្បីកុំឲ្យឆ្លងមេរោគពីបរិយាកាស ក៏ដូចជាពីអ្នកដទៃ • បរិភោគតែអាហារផ្តល់សុខភាពល្អ និងចៀសវាងការបរិភោគអាហារផ្អាប់ អាហារខ្លោច ស្រា បារី ជាដើម។ ការសិក្សារបស់ប្រទេសហុងកុង រយៈពេល ២៥ ឆ្នាំ  ១៩៨៤-២០០៩ បានបង្ហាញថា អត្រាជំងឺមានការថយចុះរហូតដល់ ៥០%  ដោយ គ្រាន់តែបញ្ឈប់ការញ៉ាំអាហារផ្អាប់ និងខ្លោច • ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ ប្រសិនបើមានរោគសញ្ញាដូចរៀបរាប់ខាងលើ សូមអញ្ជើញទៅជួបគ្រូពេទ្យឯកទេសជាបន្ទាន់ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា មានប្រសិទ្ធភាព ចំណាយថវិកាតិច និងចំណេញពេលវេលា។ ម៉្យាងទៀត សូមបញ្ឈប់ការបរិភោគអាហារផ្អាប់ និងខ្លោច ឲ្យបានកាន់តែច្រើនកាន់ តែប្រសើរ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត រិទ្ធ សុភារិន ឯកទេសជំងឺមហារីក និងព្យាបាលដោយកាំរស្មី នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ចែករំលែក

មហារីកសួត ឬ Lung Cancer ជាមហារីកមួយប្រភេទបង្កឡើងនៅក្នុងកោសិកានៃសាច់សួត ហើយវាត្រូវបានគេចែកជា ២ប្រភេទធំៗ ដោយផ្អែកលើលក្ខណៈកោសិកា ការវិនិច្ឆ័យ និងព្យាបាលដែលរួមមាន Non-small Cell Lung Cancer (NSCLC) និង Small Cell Lung Cancer (SCLC)។ បច្ចុប្បន្ន ជំងឺមហារីកសួតមានការប្រែប្រួលកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ហើយច្រើនកើតមាននៅលើបុរសជាងស្រ្តី ដោយសារកត្តាបរិស្ថាន និងការជក់បារី។ គួរបញ្ជាក់ថា ជំងឺមហារីកសួតស្ថិតនៅលំដាប់ទី២ បន្ទាប់ពីជំងឺមហារីកថ្លើមចំពោះបុរស  និងលំដាប់ទី៤ចំពោះស្ត្រី ដែលមានអត្រាគ្រោះថ្នាក់ខ្លាំងបំផុត ក្នុងប្រទេសកម្ពុជា។ មូលហេតុ តាមរយៈការសិក្សាស្រាវជ្រាវ អ្នកវិទ្យាសាស្រ្តបានកំណត់នូវមូលហេតុបង្កជំងឺមហារីកសួតជាចម្បងបំផុតគឺផ្សែងបារី និងកត្តារួមផ្សំមួយចំនួនទៀតដូចជា កត្តាបរិស្ថាន និងការប្រឈមជាមួយសារធាតុពុលពេលដកដង្ហើមចូលជាដើម។ រោគសញ្ញា ជាទូទៅ មហារីកសួតស្តែងចេញជារោគសញ្ញាមានលក្ខណៈខុសគ្នាអាស្រ័យទៅលើកន្លែង ឬទីតាំង និងការរីករាលដាលនៃដុំសាច់ដែលរួមមានការក្អកធម្មតារ៉ាំរ៉ៃ ឬក្អកធ្លាក់ឈាម និងឈឺចាប់ក្នុងទ្រូង។ ករណីខ្លះអ្នកជំងឺដែលមកពិគ្រោះជាមួយគ្រូពេទ្យក្នុងដំណាក់កាលសង្គ្រោះបន្ទាន់ដោយសារដុំមហារីកសួតកាន់តែរីកធំ សង្កត់ផ្នែកមួយជិតបំពង់កធ្វើឲ្យហើម (Supraveina Cava Syndrome) និងលេចចេញជាសញ្ញាហត់ជាដើម។ យន្តការនៃជំងឺ ជំងឺមហារីកសួតកើតឡើងដោយសារមានការប្រែប្រួលខុសធម្មតានៃកោសិកាមួយរបស់សាច់សួតដោយសារមានការរលាក។ ការរលាកនេះ បណ្តាលមកពីការជក់បារីញឹកញាប់ ឬច្រើនដងក្នុងមួយថ្ងៃមានរយៈពេលយូរឆ្នាំ (លើសពី២០កញ្ចប់ក្នុងមួយឆ្នាំ) ជាលទ្ធផលបង្កឲ្យកោសិកាសាច់សួតរលាករុំារ៉ៃ និងមានបម្រែបម្រួលហ្សែន (Genemutation)យូរឆ្នាំ រហូតដល់ក្លាយជាកោសិកាមហារីក។ កោសិកាមហារីកនេះចាប់ផ្តើមរីករាលដាលធំឡើងៗ រហូតដល់រយៈពេលមួយដែលវាដុះសង្កត់ទៅលើទងសួត ធ្វើឲ្យអ្នកជំងឺលេចចេញជារោគសញ្ញាផ្សេងៗដូចរៀបរាប់ខាងលើ។ មិនខុសពីជំងឺមហារីកផ្សេងទៀត  មហារីកសួតក៏អាចរីករាលដាលទៅបំពង់រំលាយអាហារ ឆ្អឹង ខួរក្បាលនិងសរីរាង្គផ្សេងទៀតផងដែរ។ ការធ្វើរោគវិនិច្ឆ័យ និងព្យាបាល ករណីសង្ស័យ គ្រូពេទ្យនឹងតម្រូវឲ្យអ្នកជំងឺធ្វើការឆ្លុះទងសួត (Bronchoscopy) ដើម្បីច្រឹបយកកោសិកា (Biopsy) មហារីកសួតយកទៅពិនិត្យ។ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកអាចនឹងមានការប្រជុំរវាងគ្រូពេទ្យឯកទេសផ្សេងៗរួមមាន គ្រូពេទ្យឯកទេសមហារីកដោយបញ្ចាំងកាំរស្មី (Radiation Oncologist) គ្រូពេទ្យឯកទេសមហារីកដោយចាក់ថ្នាំគីមី (Medical Oncologist)គ្រូពេទ្យឯកទេសខាងសួត (Pneumologist)គ្រូពេទ្យឯកទេសខាងរូបភាពវេជ្ជសាស្ត្រ (Radiologist) និងគ្រូពេទ្យវះកាត់ផ្នែកសួត (ThoracicSurgeon) ដើម្បីពិភាក្សាគ្នារកយុទ្ធសាស្ត្រ​​ ក្នុងការព្យាបាលអ្នកជំងឺ។ ក្នុងការព្យាបាលនោះរួមមាន ការវះកាត់ដែលផ្តល់នូវប្រសិទ្ធភាពអាចជួយអ្នកជំងឺឲ្យជាសះស្បើយក្នុងកម្រិតខ្ពស់ ពិសេសនៅដំណាក់កាលដំបូង។ ការព្យាបាលដោយកាំរស្មី និងការប្រើថ្នាំគីមីជាការព្យាបាលមុន ឬបន្ថែមក្រោយវះកាត់ (Adjuvant ឬ Neo-adjuvant modalities) ឬជាការជ្រើសរើសដោយមិនមានការវះកាត់ដោយសារ  (exclusive treatment) ដំណាក់កាលជំងឺមិនអាចវះកាត់បាន (Non-resectable ឬ non-operable)។ គួរបញ្ជាក់ថាអ្នកជំងឺមហារីកសួតភាគច្រើន  (ជាង ៩០%) ដែលបានទទួលការព្យាបាល អត្រានៃការរស់រានមានជីវិតក្នុងរយៈពេល៥ឆ្នាំមានត្រឹម២០%ប៉ុណ្ណោះដោយសារតែការរកឃើញជំងឺនេះនៅពេលព្យាបាលស្ថិតនៅដំណាក់កាលខ្ពស់ (Late stage) រួមផ្សំនឹងការភ្ជាប់មកជាមួយនឹងស្ថានភាពចុះខ្សោយនៃមុខងារសួត និងសរីរាង្គសំខាន់ជាច្រើនទៀត (ដែលមូលហេតុជាច្រើនមកពីការជក់បារី)។ វិធីសាស្រ្តការពារ • បញ្ឈប់ការជក់បារី និងចៀសវាងការហិតផ្សែងបារី (Second hand smoker) • បញ្ឈប់ការផ្សព្វផ្សាយពីពាណិជ្ជកម្មបារីដែលជាកត្តាជំរុញឲ្យមានការជក់បារីកាន់តែច្រើន • ចៀសវាងការប៉ះសារធាតុគីមីពុល និងថ្នាំសម្លាប់សត្វល្អិត • តាមដាន និងពិនិត្យសុខភាពឲ្យបានទៀងទាត់។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

តើអ្វីជា ការគេងស្រមុក? ស្រមុក គឺជារោគសញ្ញានៃវិបត្តិក្នុងការដកដង្ហើម មានន័យថាវាជាសញ្ញាមួយនៃជំងឺដែលឆ្លុះបញ្ចាំងពីការដកដង្ហើមចូលសួតមានការរំខានដោយការត្បៀតនៃផ្លូវដង្ហើម។​ ការត្បៀតនេះអាចមាននៅក្នុងច្រមុះ ឬ​បំពង់ក ដោយសារមានការរីកសាច់ ឬមានដុះសាច់ច្រមុះ បំពង់ក ឬការមិនផ្តល់សញ្ញាពីខួរក្បាល ដែលធ្វើឲ្យខ្យល់អុកស៊ីសែនចូលក្នុងសួតមិនបានគ្រប់គ្រាន់និងខ្យល់ដែលឆ្លងកាត់ផ្លូវតូចចង្អៀត បង្កជាការលាន់ស្រមុក។ សញ្ញានៃការស្រមុកនេះ អាចឈានដល់ជំងឺមួយហៅថា ស្ទះដង្ហើម​នៅពេលគេងយប់ ឬObstructive Sleep Apnea។ តាមការសិក្សាមួយចំនួនបាន រកឃើញថា ស្រមុកអាចជារោគសញ្ញា ដែលមានលក្ខណៈតពូជ ដែលវាអាចឆ្លងពីជំនាន់ មួយទៅជំនាន់មួយទៀត តាមរយៈហ្សែន រួមជាមួយកត្តាខាងក្រៅដូចជា ចំណីអាហារ បរិស្ថាន ពិសេសរូបរាង។ មូលហេតុ កត្តាដែលបង្កឲ្យមានការគេងស្រមុកមានច្រើន រួមមាន៖ •    ទម្រង់រូបរាងមាត់ ៖ ទម្រង់មាត់ខុសពីធម្មតាដូចជាចង្កាខើចខ្លី ឬករួញ ឬអ្នកធាត់អាចធ្វើឲ្យសាច់នៅក្នុងបំពង់ក ឬមាត់មានការរីកធំ ហើយនៅពេលគេង ធ្វើឲ្យសាច់នោះទៅបិទនៅផ្លូវដង្ហើមបង្កឲ្យរន្ធនៅផ្លូវដង្ហើមស្ទះបណ្តាលឲ្យគេងស្រមុក។ •    អ្នកទទួលទានស្រាច្រើន ៖ កាលណាផឹកនូវជាតិអាល់កុល ឬស្រាច្រើន បង្កឲ្យសាច់ដុំនៅត្រង់ បំពង់ក និងមាត់ទន់ ជាហេតុនាំឲ្យសាច់នោះអាចទៅបិទផ្លូវដង្ហើម។ •    បញ្ហាច្រមុះមាត់ ៖ ករណីមានដុះសាច់ច្រមុះ ឬបំពង់ក កាលណាវាវិវឌ្ឍកាន់តែធំទៅៗ វានឹង សង្កត់រន្ធច្រមុះ ធ្វើឲ្យពិបាកក្នុងការដកដង្ហើម ហើយបង្កឲ្យមានសំឡេងស្រមុកឡើង។ •    គេងមិនបានគ្រប់គ្រាន់ ៖ កាលណាគេងមិនបានគ្រប់គ្រាន់ធ្វើឲ្យសាច់ដែលស្ថិតនៅត្រង់បំពង់កមានលក្ខណៈទន់ ឬយឺត និងបង្កការរំខានដល់ផ្លូវដង្ហើម។ •    ទម្រង់នៃការគេង ៖ ចំពោះអ្នកធាត់ កាលណាគេងផ្ងារធ្វើឲ្យសាច់ធ្លាក់ទៅបិទផ្លូវដង្ហើម បង្កជាសំឡេងស្រមុក។ ការធ្វើរោគវិនិច្ឆ័យ •    ការសាកសួរប្រវត្តិអ្នកជំងឺ មើលលើទម្រង់រូបរាង ជំងឺប្រចាំកាយ ដូចជា ទឹកនោមផ្អែម ខ្សោយបេះដូង វិបត្តិចង្វាក់បេះដូង លើសសម្ពាធឈាម។ •    ការធ្វើតេស្តភាពរងៀម ឬចេះតែងងុយគេង ពេលថ្ងៃ ឆាប់មួម៉ៅ ខឹង ថប់ទ្រូង ឈឺក្បាល ពេលព្រឹក បត់ជើងតូចច្រើនពេលយប់ គេងមិន ស្កប់ស្កល់ និងឡើងទម្ងន់។ •    ការធ្វើតេស្តម៉្យាងហៅថា Polygraphy៖ ឃើញ Apnea Hypopnea Index (AHI)> ៥ដងក្នុងមួយម៉ោង នោះរោគវិនិច្ឆ័យជាជំងឺស្ទះដង្ហើមនៅពេលគេង។ ការព្យាបាល ជាទូទៅ ការព្យាបាលបញ្ហាស្រមុកដែលបង្កឲ្យមានការស្ទះដង្ហើមនៅពេលគេងយប់ អាស្រ័យទៅតាមប្រភេទនៃការស្ទះ រួមមាន៖ •    Central Sleep Apnea ៖ ជាការស្ទះដង្ហើម​នៅពេលគេងមានមណ្ឌលនៅខួរក្បាល មានន័យ​ថាការបញ្ជារបស់ខួរក្បាលលើផ្លូវដង្ហើមលែង​ដំណើរការជាហេតុនាំឲ្យចង្វាក់នៃការដកដង្ហើមត្រូវបានបាត់។ •    Obstructive Sleep Apnea ៖ ជាការ ស្ទះនៅបំពង់ក ដែលវាអាចមានមូលហេតុច្រើន ដូចបានរៀបរាប់ខាងលើ។ ដូចនេះ ប្រសិនបើស្ទះផ្លូវដង្ហើមនៅបំពង់ក ដោយមានសាច់ដុះ គ្រូពេទ្យនឹងអាចណែនាំឲ្យធ្វើការ កាត់សាច់នោះចេញ ឬធ្វើការពិចារណាលើការ ប្រើប្រាស់ម៉ាស៊ីនហៅថា CPAP ពាក់នៅពេល គេងយប់ និងវះកាត់ប្តូរទម្រង់ ប្រសិនបើអ្នកជំងឺមានសញ្ញាស្រមុកបង្កឲ្យស្ទះដង្ហើមដោយសារចង្កាខើចខ្លីជាដើម។ ផលវិបាក គួរបញ្ជាក់ថា អ្នកជំងឺនឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតដោយសារវិបត្តិចង្វាក់បេះដូង ខូចសាច់ដុំបេះដូង និងការដាច់សរសៃឈាមខួរក្បាល (Stroke) បើអាការៈស្រមុករបស់គាត់មានការស្ទះដង្ហើមនៅពេលគេងយប់ ហើយមិនបានទទួលការព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសឲ្យបានទាន់ពេលវេលា។ ក្រៅពីនេះ ការស្ទះដង្ហើមនៅពេលគេងយប់ អាចប៉ះពាលសកម្មភាពប្រចាំថ្ងៃ ដូចជា៖ •    គ្រោះថ្នាក់ចរាចរណ៍ •    កាន់តែលើសទម្ងន់ •    ប្រឈមការកើតជំងឺទឹកនោមផ្អែម ឬបន្ថយប្រសិទ្ធភាពព្យាបាល បើគាត់មានជំងឺទឹកនោមផ្អែមស្រាប់ •    ងាយប្រឈមនឹងការឡើងសម្ពាធឈាម​ ឬបន្ថយប្រសិទ្ធភាពព្យាបាលបើគាត់មានជំងឺលើសឈាម •    មានវិបត្តិផ្លូវចិត្ត បាក់ទឹកចិត្ត •    ឡើងខ្លាញ់ និងវិបត្តិមេតាបូលិក ជាដើម។ ការការពារ •    កាត់បន្ថយការទទួលទានគ្រឿងស្រវឹង •    ចៀសវាងការប្រើប្រាស់ថ្នាំងងុយគេងច្រើន •    ប្តូររបៀបរបបក្នុងការរស់នៅ ដើម្បីបន្ថយទម្ងន់ •    ប្រើប្រាស់ឧបករណ៍ជំនួយនៅពេលគេង (CPAP) •    ធ្វើការវះកាត់សាច់ដែលសល់នៅក្នុងមាត់។ ស្រមុក ជាសញ្ញាអាសន្នដែលអាចវិវឌ្ឍទៅរកការមានជំងឺស្ទះដង្ហើមនៅពេលគេងយប់ និងជាមូលហេតុនៃជំងឺធ្ងន់ធ្ងរជាច្រើនដែលគ្រប់គ្នាត្រូវប្រុងប្រយ័ត្ន។ ដូច្នេះ ប្រសិនមានសញ្ញាសង្ស័យគួរធ្វើការណាត់ជួបគ្រូពេទ្យ ដើម្បីធ្វើតេស្តស្រមុក រកបញ្ហានៃការស្ទះដង្ហើមពេលគេងយប់ និងធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ​ ៖ សាស្ត្រាចារ្យ មហាបរិញ្ញា វ៉ាន់ មិច ឯកទេសវេជ្ជសាស្ត្រទូទៅ និងជំងឺសួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសួត កម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជំងឺរលាកសួតកើតឡើងនៅពេលដែលមេរោគជ្រាតចូលតាមផ្លូវដង្ហើមទៅក្នុងសួត ហើយប្រព័ន្ធការពាររបស់ខ្លួនយើងមិនអាចទប់ទល់នឹងភាពកាចសាហាវរបស់វាបាន។ មេរោគនេះនឹងបង្កឲ្យមានការរលាកខូចខាតសាច់សួត និងធ្វើឲ្យមុខងារសួតថយចុះ។  នៅសហរដ្ឋអាមេរិច មានអ្នកជំងឺជាង ៦ម៉ឺននាក់បានស្លាប់ដោយសារជំងឺរលាកសួតនេះ។ ដោយឡែក នៅប្រទេសសិង្ហបុរី ជំងឺនេះបានដើរតួជាឃាតករទី២ដែលសំលាប់មនុស្សច្រើនជាងគេបន្ទាប់ពីជំងឺមហារីក។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ជារៀងរាល់ឆ្នាំមានអ្នកស្លាប់ដោយសារជំងឺនេះពី២៥ម៉ឺនទៅ៥លាននាក់។ ចំណែកឯនៅប្រទេសកម្ពុជាយើងវិញ ជំងឺរលាកសួតនេះក៏កំពុងតែសម្លាប់បងប្អូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃដែរ។ ១) រោគសញ្ញា - ក្តៅខ្លួន  - ក្អក  - ហត់  - ឈឺទ្រូង…។ ២) ការធ្វើរោគវិនិច្ឆ័យ អ្នកដែលប្រឈមមុខនឹងការកើតជំងឺរលាកសួតនេះ មានដូចជា៖ - មនុស្សចាស់ - អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយខ្សោយ(ជំងឺទឹកនោមផ្អែម ជំងឺខ្សោយតំរងនោម ជំងឺមហារីក ជំងឺអេដស៍...) - អ្នកជំងឺមានបញ្ហាត្បៀតទងសួត  ជាដើម។ យ៉ាងណាមិញ អ្នកមានសុខភាពបរិបូរណ៍ធម្មតា ក៏អាចកើតជំងឺរលាកសួតនេះបានដែរ។ ៣)ការព្យាបាល ជំងឺរលាកសួតជាជំងឺដែលអាចព្យាបាលជាសះស្បើយ ប្រសិនបើអ្នកជំងឺមកទទួលការព្យាបាលទាន់ពេលវេលា។ មេរោគដែលបង្កជំងឺនេះមានជាង១០០ប្រភេទ (រួមមានបាក់តេរី វីរុស ផ្សិត ប៉ារ៉ាស៊ីត ជាច្រើនប្រភេទ)។ ដូច្នេះដើម្បីសំគាល់អត្តសញ្ញាណមេរោគទាំងនេះ គ្រូពេទ្យនឹងអាចស្នើសុំ ការថតសួត ការពិនិត្យឈាម ការពិនិត្យកំហាក ការឆ្លុះទងសួតជាដើម ដើម្បីឈានដល់ការព្យាបាលប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា។ ៤) ការវិវឌ្ឍ ផលវិបាកនៃជំងឺនេះ ករណីមិនមានដំណោះស្រាយទាន់ពេលវេលា អាចធ្វើឲ្យមេរោគរីករាលដាលខ្លាំងឡើងៗ រហូតដល់អាចជ្រៀតចូលពេញសារពាង្គកាយទាំងមូល និងអាចធ្វើឲ្យអ្នកជំងឺស្លាប់បាន។ ៥) ការការពារ សព្វថ្ងៃ មានវ៉ាក់សាំងមួយចំនួនអាចកាត់បន្ថយការកើតជំងឺរលាកសួតនេះ ដែលត្រូវបានណែនាំអោយប្រើដូចជាវ៉ាក់សាំងផ្តាសាយInfluenza វ៉ាក់សាំងPneumococcus ជាដើម។ បកស្រាយដោយ  ៖ លោក វេជ្ជបណ្ឌិត ពៅ សុធា ឯកទេស ជំងឺប្រព័ន្ធដង្ហើមនៃមន្ទីរពេទ្យ ព្រះកុសមៈ និងមន្ទីរពេទ្យ សូរិយា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ចែករំលែក

ជំងឺទឹកក្នុងស្រោមសួត(Pleural effusion) ជាជំងឺដែលបណ្ដាលមកពីមានវត្តមានទឹក(Liquide)ច្រើនខុសធម្មតានៅក្នុងចន្លោះសួត និងប្រអប់ទ្រូង(Visceral and Parietal pleura) ។ ជាធម្មតា នៅចន្លោះរវាង សួត និង ប្រអប់ទ្រូង (pleural space) តែងតែមានបរិមាណទឹកតិចតួច (10-20ml) សំរាប់ជាសំណើមជួយសម្រួល(Lubricate) នៅពេលសួត កកិតជាមួយប្រអប់ទ្រូងក្នុងកំឡុងពេលធ្វើចលនាដង្ហើម ប៉ុន្តែបរិមាណទឹកនេះអាចកើនឡើងខុសធម្មតានៅក្នុងករណីមួយចំនួន។ នៅពេលដែលបរិមាណទឹកនេះកើនឡើងច្រើនក្នុងកម្រិតណាមួយ វាអាចបណ្តាលអោយអ្នកជំងឺហត់ ពិបាកដកដង្ហើម ឈឺទ្រូង ក្អក និង រួមផ្សំជាមួយសញ្ញាមួយចំនួនទៀតប្រែប្រួលទៅតាមមូលហេតុរបស់វា។ ជាទូទៅ គេចែកប្រភេទទឹកនេះជា2ក្រុមធំៗ៖ -Transudative pleural effusion: ទឹកប្រភេទនេះអាចជាលទ្ធផលនៃការធ្លាក់ចុះប្រូតេអ៊ីនក្នុងឈាម ឬ កើនឡើងសំពាធក្នុងសរសៃឈាម ដែលលក្ខខណ្ឌ័ទាំង2នេះជំរុញអោយមានការជ្រាបទឹកពីសសៃឈាមចាក់ចូលទៅក្នងចន្លោះស្រោមសួត។ ជាធម្មតា បើគេវិភាគឃើញទឹកប្រភេទនេះ គេអាចសន្និដ្ឋានបានថាស្រោមសួតពុំមានជំងឺទេ មូលហេតុគឺមកពីជំងឺផ្សេង។ -exudative pleural effusion: ទឹកប្រភេទនេះភាគច្រើនជាផលនៃការរលាកស្រោមសួតផ្ទាល់ដោយមេរោគប្រភេទណាមួយ ឬ ដោយជំងឺមហារីក និងជំងឺមួយចំនួនទៀត។ គេអាចដឹងថាមានទឹកចូលក្នុងស្រោមសួតបាន ដំបូងតាមរយៈការថតសួតដោយកាំរស្មី (Chest X-ray) ហើយគេអាចបញ្ជាក់អោយបានកាន់តែច្បាស់លាស់នូវបរិមាណ ជំរៅ កំហាប់ទឹក និងភាពស្អិត (loculation) ដោយការធ្វើ Ultrasound និង Scan។ ការព្យាបាលជំងឺនេះអោយមានប្រសិទ្ធភាព ទាមទារជាមុន នូវការធ្វើរោគវិនិច្ឆ័យរកមូលហេតុអោយបានត្រឹមត្រូវច្បាស់លាស់ តាមរយៈការសិក្សាលើរោគសញ្ញារាងកាយ ការបូមទឹកស្រោមសួតទៅពិនិត្យវិភាគ (Thoracentesis) ហើយក្នុងករណីខ្លះ គឺតំរូវរហូតដល់ការច្រិបសាច់ស្រោមសួត(Pleural biopsy) យកទៅវិភាគទៀតផង។ ការបូមទឹកពីក្នុងស្រោមសួត ឬច្រិបសាច់សួត ត្រូវធ្វើដោយគ្រូពេទ្យជំនាញ ហើយក្នុងករណីខ្លះត្រូវទាមទារអោយមានការតម្រង់ទិស និងដៅចំណុចដែលត្រូវបូមអោយបានជាក់លាក់ ដើម្បីអោយការបូមមានប្រសិទ្ធភាព និងជៀសវាងនូវផលវិបាកផ្សេងៗ ដូចជា ខ្យល់ចូលក្នុងស្រោមសួត(Pneumothorax) ការហូរឈាមច្រើន និងចាក់ម្ចុលចំសរីរាង្គផ្សេង។ បកស្រាយដោយ វេជ្ជបណ្ឌិត អ៊ឹម វិសិដ្ឋ ឯកទេសជំងឺសួត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត លេខ ទូរស័ព្ទទំនាក់ទំនង(017 333 251) ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

និយមន័យនៃអាល្លែកហ្ស៊ីផ្លូវដង្ហើម ជំងឺអាល្លែកហ្ស៊ីផ្លូវដង្ហើម គឺជាប្រតិកម្មដែលបង្កឡើងដោយពពួកអាល្លែកហ្សែនធ្វើឲ្យមានការហើម រលាកតាមផ្លូវដង្ហើម។ សម្រាប់ការអង្កេតនៅប្រទេសកម្ពុជាយើងគឺមានការកើនឡើង ជាក់ស្តែង នៅឆ្នាំ២០០៤ ការសិក្សានៅមន្ទីរពេទ្យព្រះអង្គឌួង ករណីអ្នកជំងឺដែលគាត់មកពិគ្រោះឃើញថាមានអាល្លែកហ្ស៊ី១៥% និងនៅឆ្នាំ២០១៥ការសិក្សានៅមន្ទីរពេទ្យព្រះកេតុមាលា ករណីជំងឺអាល្លែកហ្ស៊ីនេះមានការកើនឡើងរហូតដល់២៨%។  តាមទិន្នន័យនៅឆ្នាំ២០០៦ តំបន់នៃពិភពលោកដែលប្រឈមនឹងអាល្លែកហ្ស៊ីខ្ពស់ជាងគេ គឺអ៊ុយគ្រែន រហូតដល់៤០%។ មូលហេតុបង្កឲ្យមានអាល្លែកហ្ស៊ីផ្លូវដង្ហើម • កត្តាខាងក្រៅ     -ការផ្លាស់ប្តូរអាកាសធាតុ ដែលយើងហៅថាអាល្លែកហ្ស៊ីរដូវកាល វាកើតមានឡើងពេលប្តូរពីរដូវក្តៅទៅរដូវត្រជាក់  ឬពីរដូវត្រជាក់មករដូវក្តៅ ឬរដូវផ្ការីកដែលធ្វើឲ្យគាត់អាល្លែកហ្ស៊ីជាមួយលម្អងផ្កា     -ការបំពុលបរិស្ថាន ផ្សែងបារី ផ្សែងយានយន្តឬផ្សែងចេញពីរោងចក្រ     - គេហដ្ឋានមិនស្អាត មានផ្សិតនៅតោងជាប់ជញ្ជាំង ដោយសារជម្រាបទឹកផ្សេងៗ ផ្សិតដុះពីអាហារផ្អូម ឬផ្សិតពីកាកសំណល់ផ្សេងៗ     - សត្វចិញ្ចឹម ដែលមានរោមដូចជាសត្វឆ្កែ សត្វឆ្មា សត្វល្អិត ឬពពួកសត្វកន្លាត ទាំងលាមក ទាំងទឹកនោមរបស់វា     -Ascariens ជាសត្វល្អិតតូចបំផុតដែលរស់នៅជាប់កម្រាលព្រំ ភួយ មុង ខ្នើយ កន្ទេលជាដើម។ • កត្តាខាងក្នុង     - មកពីចំណីអាហារដូចជា គ្រឿងសមុទ្រ ស៊ុតទឹកដោះគោ អាហារផ្អាប់ និងសណ្តែកដី     - ថ្នាំពេទ្យ ថ្នាំបុរាណដែលមានការលាយផ្សំចូលគ្នាជាច្រើនមុខ។ បុគ្គលជាកម្មកររោងចក្រ រស់នៅ និងធ្វើការក្នុងបរិស្ថានមិនល្អ ឬធ្វើការក្នុងកសិដ្ឋានចិញ្ចឹមសត្វប្រឈមមុខខ្ពស់នឹងអាល្លែកហ្ស៊ីផ្លូវដង្ហើមបំផុត។ ចំពោះអ្នកអាល្លែកហ្ស៊ីច្រមុះស្រាប់មាន២០%កើតហឺត រីឯបុគ្គលដែលកើតហឺតមាន៥០%អាល្លែកហ្ស៊ីច្រមុះ។ រោគសញ្ញាជាក់ស្តែង មនុស្សម្នាក់អាចសន្និដ្ឋានថាមានជំងឺអាល្លែកហ្ស៊ីផ្លូវដង្ហើមបានផ្អែកលើរោគសញ្ញាដូចជា រមាស់ច្រមុះ តឹងច្រមុះ កណ្តាស់ ហៀរសំបោរ អាចដល់សួតគឺធ្វើឲ្យហត់ភ្លាមៗបន្ទាប់ពីសញ្ញាក្អកទៅតាមដំណាក់កាល។ រោគសញ្ញាបន្ទាប់បន្សំអាចរួមមានអស់កម្លាំង ឈឺក្បាល និងសញ្ញាលើស្បែក ហើយក៏អាចធ្វើឲ្យអ្នកជំងឺគេងមិនបានឬគេងភ្ញាក់ៗ ប៉ះពាល់ដល់ការសិក្សា ការងារ ក៏ដូចជាសង្គមជាតិទាំងមូល។ យន្តការនៃអាល្លែកហ្ស៊ីផ្លូវដង្ហើម ពេលដែលអាល្លែកហែ្សនចូលដល់ក្នុងខ្លួន  កោសិកាមួយហៅថាម៉ាក្រូហ្វាចាប់យកអាល្លែកហ្សែនដើម្បីបង្កើតបានជាអង់ទីក័រ។  នៅពេលអាល្លែកហ្សែនចូលលើកទី២ អង់ទីក័រចាប់យកអាល្លែកហ្សែននោះម្តងទៀត ហើយវាបញ្ចេញជាសារធាតុមួយឈ្មោះថាអ៊ីសស្តាមីន (Histamine)ជាហេតុនាំឲ្យមានការលេចចេញជារោគសញ្ញាអាល្លែកហ្ស៊ីផ្សេងៗ។ ការធ្វើរោគវិនិច្ឆ័យអាល្លែកហ្ស៊ីផ្លូវដង្ហើម ដំបូងត្រូវសាកសួរលម្អិតពីប្រវត្តិរបស់ជំងឺ កើតតាំងពីពេលណា តាំងពីកុមារភាព ឬទើបតែកើតមានឡើងថ្មីៗ ប្រវត្តិគ្រួសារ ដោយសារអាល្លែកហ្ស៊ីជាជំងឺតពូជ ប្រសិនបើឪពុក ឬម្តាយមានអាល្លែកហ្ស៊ី នោះកូនអាចប្រឈមនឹងបញ្ហានេះរហូតដល់៣០%។ មួយវិញទៀត ត្រូវសាកសួររហូតដល់ការរស់នៅរបស់គាត់ ដើម្បីរកមូលហេតុធ្វើឲ្យមានអាល្លែកហ្ស៊ី បរិស្ថានការងាររបស់គាត់ ជាកម្មកររោងចក្រ ធ្វើការនៅកន្លែងមួយគ្មានខ្យល់អាកាសឆ្លងកាត់ ឬហប់ កសិដ្ឋានចិញ្ចឹមសត្វ មុខងារ រួមនឹងបរិស្ថានដែលគាត់រស់នៅ។ បន្ទាប់មកតម្រូវឲ្យអ្នកជំងឺពិនិត្យគ្លីនិកដូចជា មើលច្រមុះ បំពង់ក ដើម្បីរកមើលកត្តាអាល្លែកហ្ស៊ី។ ក្រៅពីនេះ មានការធ្វើតេស្តឈាមដើម្បីសិក្សារក IgE specific រកមើលសារធាតុអាល្លែកហ្ស៊ី និងបច្ចេកទេសចុងក្រោយ គឺការធ្វើតេស្តលើស្បែក ហៅថា Skin Prick Testsដែលមានសារធាតុយកមកធ្វើតេស្តច្រើនយ៉ាង។ អាល្លែកហ្ស៊ីផ្លូវដង្ហើមត្រូវព្យាបាលរបៀបណា? ការព្យាបាលជារឿងមួយសំខាន់បំផុត ជាដំបូងត្រូវផ្អែកលើការសាកសួរអ្នកជំងឺ ប្រសិនបើគាត់មានអាល្លែកហ្ស៊ីជាមួយសារធាតុណាមួយ  ត្រូវចៀសសារធាតុនោះ។ ឧទាហរណ៍ បើគាត់ញ៉ាំទឹកដោះគោហើយបណ្តាលឲ្យគាត់ក្អក  រមាស់ក ឬកណ្តាស់ ត្រូវណែនាំឲ្យគាត់បញ្ឈប់ នោះគាត់នឹងមានភាពធូរស្រាល។ ដូចនេះ អ្នកជំងឺចាំបាច់ត្រូវធ្វើការអង្កេតខ្លួនឯងផ្ទាល់។ ម៉្យាងទៀត អ្នកជំងឺអាចតម្រូវឲ្យប្រើប្រាស់ថ្នាំប្រភេទប្រឆាំងនឹងអីុសស្តាមីន (Antihistaminic) ឬពពួក Corticoid ទាំងប្រភេទថ្នាំលេប និងថ្នាំបាញ់ទៅតាមសញ្ញាអាល្លែកហ្ស៊ីដែលគ្រូពេទ្យចេញវេជ្ជបញ្ជា។ ជាទូទៅការការពារ និងព្យាបាលជំងឺអាល្លែកហ្ស៊ីផ្លូវដង្ហើមត្រូវធ្វើឡើងទន្ទឹមគ្នា ដោយហាត់ប្រាណជាប្រចាំ ព្រោះវាអាចជួយឲ្យប្រព័ន្ធភាពស៊ាំកាន់តែមានភាពរឹងមាំ ហើយនៅពេលពួកគាត់ប៉ះជាមួយអាលែ្លកហ្សែនតិចតួចនឹងមិនចេញនូវសញ្ញាអាល្លែកហ្ស៊ីនោះទេ។ មួយវិញទៀត ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ផឹកស្អាត ហូបស្អាត រស់នៅស្អាត  និងត្រូវទម្លាប់ប្រើម៉ាស់ជាប្រចាំ  ឬអាចប្រើប្រាស់ថ្នាំការពារទុកជាមុន។ ប្រដាប់ដង្ហើមជាផ្នែកមួយដ៏សំខាន់នៃរាងកាយនៅពេលមានផលប៉ះពាល់ ឬហើម បុគ្គលនោះត្រូវជួបជាមួយបញ្ហា ទាំងសុខភាព ថវិកា ពេលវេលា ការរៀនសូត្រ ការងារ និងសង្គមទាំងមូល។ ជាក់ស្តែង ជាឧទាហរណ៍ស្រាប់នៅប្រទេសបារាំងឆ្នាំ២០០២ មានការខាតបង់បណ្តាលមកពីបញ្ហាអាល្លែកហ្ស៊ី រហូតដល់៩១៥លានអឺរ៉ូ។ ដូច្នេះគ្រប់គ្នាចាំបាច់ត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺអាល្លែកហ្ស៊ីនេះដោយយ៉ាងហោចណាស់ខិតខំសម្អាតទីក្រុងឲ្យបានស្អាត។ បញ្ជាក់ ៖ ទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺអាល្លែកហ្ស៊ីនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី២២ ដល់ ២៨ ខែមេសាឆ្នាំ២០១៨។ បកស្រាយដោយ ៖​ វេជ្ជបណ្ឌិត សុខ គួង ឯកទេស ត្រចៀក ច្រមុះ បំពង់ក មានតួនាទីជាអនុប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើអ្វីទៅជាអាល្លែកហ្ស៊ីស្បែក? រាល់សារធាតុទាំងឡាយ ដែលប៉ះទៅលើស្បែក ឬស្បែកប្រឈមជាមួយសារធាតុទាំងនោះ ហើយបង្កជាអាការៈ កន្ទួល ក្រហម រោល រមាស់គេហៅថា “អាល្លែកហ្ស៊ីស្បែក”។ ជាក់ស្តែង នៅប្រទេសកម្ពុជាយើងសព្វថ្ងៃ បញ្ហាអាល្លែកហ្ស៊ីស្បែកនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ដោយសារបរិស្ថាន ក៏ដូចជាភាពរីកចម្រើននៃប្រទេសជាតិ រួមនឹងឧស្សាហកម្មធំៗ។ មូលហេតុបង្កឲ្យមានអាល្លែកហ្ស៊ីស្បែក ការកើតមាននូវអាល្លែកហ្ស៊ីស្បែកអាចមានកត្តាផ្សេងៗចូលរួមដូចជា ផ្សែងពីរោងចក្រឧស្សាហកម្មធំៗ រថយន្តដែលបានបញ្ចេញសារធាតុពុលទៅក្នុងបរិយាកាស របស់របរប្រើប្រាស់ប្រចាំថ្ងៃដូចជាគ្រឿងសម្អាង ឡេ ទឹកអប់ សាប៊ូ ជាពិសេសម្ហូបអាហារ និងការប្រើប្រាស់ឱសថជាដើម។ នៅពេលមួយដែលសារធាតុបង្កអាល្លែកហ្ស៊ីប៉ះជាមួយស្បែក ឬចូលទៅក្នុងខ្លួន ប្រព័ន្ធភាពសុំាក្នុងរាងកាយមិនអាចទទួលយកបាន ពេលនោះប្រព័ន្ធភាពសុំាបានបញ្ចេញធាតុដើម្បីទៅទប់ទល់នឹងធាតុបង្កទាំងនោះ ហើយបង្កើតជាប្រតិកម្មដែលហៅថា អាល្លែកហ្ស៊ី។ មនុស្សសឹងតែគ្រប់គ្នាអាចប្រឈមនឹងបញ្ហាអាល្លែកហ្ស៊ីស្បែក តែអ្នកដែលប្រឈមខ្ពស់បំផុតគឺ អ្នកមានស្បែកងាយប្រតិកម្ម (Sensitive Skin) ពីកំណើត ឪពុកម្តាយ តាយាយ ឬក្រុមគ្រួសារធ្លាប់មានប្រវត្តិអាល្លែកហ្ស៊ី។ រោគសញ្ញានៃអាល្លែកហ្ស៊ីស្បែក រោគសញ្ញានៃការអាល្លែកហ្ស៊ីស្បែក មានចែកតាមកម្រិត៖ • កម្រិតស្រាល ៖ អាចចេញកន្ទួល រោល ក្រហម រមាស់ ស្ងួត ហើយអាចឈានដល់ការចេញទឹករងៃតិចៗ ប៉ោងនិងហើម។ • កម្រិតធ្ងន់ធ្ងរ ៖ អាចឡើងពងទឹក ក្រហាយ ខ្លះអាចឡើងជាំ ហើយខ្លះទៀតឡើងខ្មៅ ដោយសារការប្រើប្រាស់គ្រឿងក្រអូបផ្សេងៗជាដើម។ បញ្ហាអាល្លែកហ្ស៊ីស្បែក ជាបញ្ហាដែលគួរឲ្យបារម្ភ និងទាមទារការយកចិត្តទុកដាក់ខ្ពស់ ដោយហេតុថា វាកើតមាននៅលើមនុស្សគ្រប់វ័យ មិនថាក្មេងវ័យជំទង់ ឬមនុស្សចាស់ ហើយអាល្លែកហ្ស៊ីស្បែកមានច្រើនប្រភេទ និងមានលក្ខណៈខុសពីគ្នាទៅតាមប្រភេទស្បែក។ ការធ្វើរោគវិនិច្ឆ័យ គ្រូពេទ្យឯកទេសធ្វើរោគវិនិច្ឆ័យអាល្លែកហ្ស៊ីស្បែកអាស្រ័យទៅនឹង រោគសញ្ញាគ្លីនិកមើលឃើញផ្ទាល់ និងការសាកសួរពីប្រវត្តិដើមហេតុនៃការអាល្លែកហ្ស៊ីស្បែក (ទៅណា? ញ៉ាំអ្វី? ប្រើប្រាស់អ្វី? ប៉ះពាល់អ្វី?)។ សម្រាប់ប្រទេសរីកចម្រើនមួយចំនួន គ្រូពេទ្យធ្វើតេស្ត ដែលមាននូវសារធាតុសង្ស័យច្រើននាំឲ្យមានអាល្លែកហ្ស៊ី យកមកដាក់លើស្បែកអ្នកជំងឺ ពិសេសនៅលើខ្នងច្រើនចំណុច រួចគ្របរយៈពេលប្រហែលជា៤៨ ទៅ៩៦ម៉ោង ទើបបើកឡើងវិញ ប្រសិនបើអ្នកជំងឺអាល្លែកហ្ស៊ីជាមួយសារធាតុណាមួយ វានឹងឡើងកន្ទួលក្រហម ឬមានពងទឹក ដែលគេហៅថាការធ្វើ Patch Test ។ ក្រៅពីនេះ ការធ្វើតេស្តឈាមមិនសូវជាជួយណាស់ណានោះទេ គ្រាន់តែឃើញមានការកើនឡើងនូវពពួក IgE ដែលអាចបញ្ជាក់បានថាអ្នកជំងឺប្រឈមនឹងការងាយអាល្លែកហ្ស៊ីប៉ុណ្ណោះ។ ការព្យាបាលអាល្លែកហ្ស៊ីស្បែក អាល្លែកហ្ស៊ីស្បែក ងាយស្រួលក្នុងការព្យាបាល ដោយត្រូវចែកតាមកម្រិត៖ • កម្រិតស្រាល ៖ អ្នកជំងឺអាចលាបត្រឹមពពួកTopical Steroid បើរមាស់ អាចប្រើពពួក Antihistamine ។ • កម្រិតធ្ងន់ធ្ងរខ្លាំង ឬទីតាំងនៃការអាល្លែកហ្ស៊ីធំ ៖ អ្នកជំងឺនឹងតម្រូវឲ្យធ្វើការព្យាបាលដោយលាបផង រួមនឹងការញុំាថ្នាំក្នុងរយៈពេលខ្លី។ វិធីសាស្ត្រការពារខ្លួន ធ្វើយ៉ាងណាកុំឲ្យនរណាម្នាក់អាល្លែកហ្ស៊ីទៀត គឺជារឿងមួយពិបាក ដោយសារអ្នកអាល្លែកហ្ស៊ីនោះមិនមែនបញ្ចប់ត្រឹមការព្យាបាលឲ្យជានោះទេ គាត់ត្រូវរកមូលហេតុឲ្យឃើញថាគាត់អាល្លែកហ្ស៊ីជាមួយអ្វី ដើម្បីឲ្យចៀស។ ករណីអ្នកជំងឺចៀសបាន ថ្ងៃក្រោយគាត់នឹងអាចជាដាច់រហូត ផ្ទុយមកវិញ បើគាត់មិនអាចចៀសបានទេ នោះគាត់នឹងអាចអាល្លែកហ្ស៊ីទៀត ហើយត្រូវព្យាបាលបន្តទៀត។ ប្រជាជនមួយចំនួនពេលដែលមានអាល្លែកហ្ស៊ីស្បែក ច្រើនយល់ច្រឡំថា មកពីការឈឺថ្លើម មានសត្វល្អិតក្នុងឈាម ឬមេរោគក្នុងឈាម ប៉ុន្តែបើតាមបច្ចេកទេស វាមិនទាក់ទងនឹងការឈឺថ្លើម ឬបញ្ហាឈាមអ្វីនោះទេ ដោយសារតែរបស់មួយប៉ះខ្លួនអ្នកជំងឺ ហើយគាត់មិនអាចទទួលយកបាន។ ករណីនេះ ចាំបាច់ត្រូវជួបគ្រូពេទ្យជំនាញ ដើម្បីពិគ្រោះ និងព្យាបាល។ សូមកុំជ្រើសរើសថ្នាំចាក់ប្រភេទ Steroid ជាជម្រើសទី១ក្នុងការព្យាបាលបញ្ហាអាល្លែកហ្ស៊ី ព្រោះវាអាចបណ្តាលឲ្យមានគ្រោះថ្នាក់ និងមានផលវិបាកដូចជា ហើមមុខ បាយឆ្ងាញ់ ខូចតម្រងនោម គ្មានកម្លាំងជាដើម។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ចាន់ វិចិត្រ ឯកទេសផ្នែកសើស្បែក និងឡេសើរ មានតួនាទី ជានាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ ឪពុករបស់ខ្ញុំអាយុ ៤៣ឆ្នាំ កម្ពស់១,៦៧ម៉ែត្រ ទម្ងន់ ៧៤គីឡូក្រាម ជាអ្នកបើកបរ។  គាត់មានបញ្ហាគេងស្រមុក និងពេលខ្លះមានបាត់ដង្ហើមម្តងម្កាលដែលធ្វើឲ្យភ្ញាក់កន្ត្រាក់ផងដែរ។  គាត់ពុំមានប្រវត្តិជំងឺប្រចាំកាយឡើយ ក៏ប៉ុន្តែគាត់ធ្លាប់មានអារម្មណ៍ថាពិបាកដកដង្ហើមនៅពេលខ្លះ។ គាត់ពិសាស្រាញឹកញាប់ និងមិនសូវមានទម្លាប់ហាត់ប្រាណឡើយ។ តើបញ្ហានេះធ្ងន់ធ្ងរឬទេ?  តើគួរដោះស្រាយយ៉ាងដូចម្តេច? ចម្លើយ ៖  បញ្ហាស្រមុក គឺជាសំឡេងដែលកើតឡើងនៅនឹងផ្លូវដង្ហើមរបស់យើង ត្រង់ផ្នែកបំពង់ក។ ជាទូទៅ បំពង់កត្រូវបានបែងចែកជា៣ផ្នែក៖ ផ្នែកខាងលើ (Rhinopharynx) ផ្នែកកណ្តាល (Oropharynx) និងផ្នែកខាងក្រោម (Hypopharynx)។ ផ្នែកដែលធ្វើឲ្យមានសំឡេងស្រមុកនោះ គឺផ្នែកកណ្តាល (Oropharynx)។ ជាធម្មតា នៅពេលដកដង្ហើមចូល ខ្យល់ត្រូវបានធ្វើដំណើរឆ្លងកាត់បំពង់ក បើកាលណាសាច់ដុំរួមតូច នាំឲ្យវាត្បៀត។ ដើម្បីដោះស្រាយបញ្ហានេះបាន ត្រូវបែងចែកជា២ករណី៖  •ស្រមុកមិនមានស្ទះដង្ហើម មិនមានបញ្ហាអ្វីនោះទេ អ្នកជំងឺគ្រាន់តែបំបាត់មូលហេតុមួយចំនួន ដែលអាចបង្កឲ្យស្រមុក ដូចជាឈប់ញ៉ាំស្រា ព្រោះវាធ្វើឲ្យបំពង់ករីក ឈប់ជក់បារី ម៉្យាង គួរធ្វើលំហាត់ប្រាណដើម្បីសម្រកទម្ងន់ និងចៀសវាងប្រើថ្នាំងងុយគេង។ ម៉្យាងទៀត កាលណាអាយុកាន់តែច្រើន សាច់បំពង់កក៏ឡើងនៅពេលគេងផ្ងារ នោះសាច់គល់អណ្តាតនឹងទៅបិទលើបំពង់ក ដូចនេះ អ្នកជំងឺអាចប្តូរទម្រង់នៃការគេងមកគេងចំហៀងវិញ។  •គេងស្រមុក ហើយមានដាច់ដង្ហើម អ្នកជំងឺអាចតម្រូវឲ្យវាស់ដោយអុកស៊ីមេទ្រី(Oximetry)ដែលអាចវាស់ដោយខ្លួនឯងនៅផ្ទះ ឬប្រើ Poly-sonography ដែលវាស់នៅក្នុងមន្ទីរពេទ្យ ដើម្បីវិនិច្ឆ័យពីភាពគ្រោះថ្នាក់នេះបាន។ បកស្រាយដោយ ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ប្រាក់ ស៊ីថា ឯកទេសត្រចៀក ច្រមុះ បំពង់ក ជាប្រធានផ្នែក និងជាសាស្ត្រាចារ្យជំនួយផ្នែកត្រចៀក-ច្រមុះ-បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ ឬភាសាអង់គ្លេសហៅថា Chronic Obstructive Pulmonary Disease (COPD) ជាជំងឺបណ្ដាលមកពីមានការរំខានលំហូរខ្យល់ចេញចូលសួត ឆ្លងកាត់ទងសួតដែលមានទំហំរួមតូច ឬត្បៀតខុសធម្មតា។ មូលហេតុ ការរួមតូច ឬត្បៀតខុសធម្មតានេះ គឺជាផលវិបាកនៃការរលាកទងសួតរ៉ាំរ៉ៃដែលបណ្ដាលមកពីការប្រឈម ឬការហឺតស្រូបយកផ្សែងមិនល្អរយៈពេលយូរក្នុងបរិយាកាស ជាពិសេសផ្សែងបារី។ ចុងក្រោយវាអាចបណ្ដាលអោយមាន ការខូចខាតទ្រង់ទ្រាយ ទងសួតតូចៗ(Bronchiole) និងថង់ខ្យល់(Alveoli) ក្នុងសួតដែលនាំអោយមានការរំខានដល់ការផ្លាស់ប្ដូរអុកស៊ីសែន(O2)ក្នុងបរិយាកាស ទៅអោយសរីរាង្គ។ គេសង្កេតឃើញថា 80 ទៅ 90% នៃអ្នកជំងឺនេះ ជាអ្នកជក់បារី។ រោគសញ្ញា សញ្ញារាងកាយដំបូងរបស់ជំងឺនេះ គីការក្អកមានស្លេសរ៉ាំរ៉ៃ និងអាចវិវត្តទៅរកការពិបាកដកដង្ហើមស្រាល ឬធ្ងន់ទៅតាមកំរិតរបស់ជំងឺ។ ការការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យជំងឺជំងឺត្បៀតទងសួតរ៉ាំរ៉ៃ គឺពឹងផ្អែកលើការធ្វើ Pulmonary Function Test (Spirometry) ដើម្បីកំណត់បញ្ជាក់ពីភាពរំខាននៃលំហូរខ្យល់ចេញពីសួត(Airflow Limitation) ហើយtestនេះក៏អាចបញ្ជាក់ផងដែរអំពីកំរិតស្រាលរ ឬធ្ងន់របស់ជំងឺនេះ។ ការការពារ និងព្យាបាល ជំងឺប្រភេទនេះជាជំងឺដែលអាចការពារ និងព្យាបាលបាន។ ការការពារដ៏សំខាន់របស់វា គឺការមិនពិសារបារី ហើយចំពោះអ្នកជក់បារីដែលសង្ស័យថាមាន ជំងឺនេះត្រូវបញ្ឈប់ការពិសារបារីអោយបានរហ័សដើម្បីទប់ស្កាត់ការវិវត្តន៏នៃជំងឺនេះ។  ចំណែកឯគោលដៅសំខាន់នៃការព្យាបាល គឺការប្រើប្រាស់ថ្នាំទៅតាមកំរិតជំងឺ ដើម្បីកាត់បន្ថយភាពរលាកទងសួត និងធ្វើអោយទងសួតបង្កើនទំហំវិញ ដែលចូលរួមចំណែកសម្រួលដល់លំហូរខ្យល់ចេញ និងចូលសួត៕ បកស្រាយដោយលោកវេជ្ជបណ្ឌិត អ៊ឹម វិសិដ្ឋ ឯកទេសជំងឺសួត ឯកទេស វេជ្ជសាស្ត្រទូទៅ និងជំងឺសួត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត លេខ ទូរស័ព្ទទំនាក់ទំនង(017 333 251) ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

អ្វីជាជំងឺស្ទះសរសៃឈាមសួត? ជំងឺស្ទះសរសៃឈាមសួត គឺជាជំងឺដែលកើតឡើងដោយការស្ទះនៃផ្នែកណាមួយ ឬមែកធាងណាមួយរបស់សរសៃឈាមសួតដែលជាសរសៃឈាមមានមុខងារសម្រាប់នាំឈាមខ្មៅចេញពីថតបេះដូងខាងស្ដាំចូលទៅក្នុងសួត ដើម្បីធ្វើបណ្ដូរឧស្ម័ន។ មូលហេតុបង្ក ជាទូទៅ ជំងឺស្ទះសរសៃឈាមសួត បង្កឡើងដោយមូលហេតុធំៗមួយចំនួន រួមមាន៖ •ផលវិបាកនៃជំងឺរលាកសរសៃឈាមខ្មៅនៅជើង ឬហៅថា Deep venous thrombosis •ផលវិបាកដែលកើតឡើងក្រោយការវះកាត់ ជាពិសេសទៅលើការវះកាត់ជើង ត្រគាក ឬបាក់បែកឆ្អឹង •អ្នកជំងឺរ៉ាំរ៉ៃដែលគេងលើគ្រែ ឬកន្ទេលយូរ(bedridden patient ) បង្កឲ្យកើតមានជាកំណកឈាម រួចកំណកឈាមនោះអណ្ដែតចូលទៅក្នុងសួត •កើតឡើងក្រោយការសម្រាលកូន ទាំងការសម្រាលតាមបែបធម្មជាតិ ឬវះកាត់ •អ្នកដែលមានជំងឺមហារីក •អ្នកជំងឺដែលមានបញ្ហាកំណកឈាមពីកំណើត។ កត្តាប្រឈម មនុស្សមួយចំនួនអាចនឹងប្រឈម ប្រសិនបើគាត់៖ •ជក់បារី •ធាត់លើសទម្ងន់ •អ្នកពុំសូវធ្វើពលកម្ម ឬកីឡា •ទទួលទានសុរាច្រើន •ធ្វើដំណើរផ្លូវឆ្ងាយ ឬប្រើរយៈពេលអង្គុយយូរលើសពី៤ម៉ោង •មានតំណពូជ នៃជំងឺនេះ។ រោគសញ្ញា អ្នកជំងឺស្ទះសរសៃឈាមសួតអាចនឹងមានរោគសញ្ញាដូចជាហត់ភ្លាមៗ ចុកទ្រូង បេះដូងដើរញាប់ខុសប្រក្រតី អាចមានក្អកធ្លាក់ឈាម និងមានអាការៈដូចជាខ្យល់ចាប់ ងងឹតមុខ ឬឈានដល់ការសន្លប់បាត់ស្មារតីតែម្ដង។ ការធ្វើរោគវិនិច្ឆ័យ ក្រៅពីរោគសញ្ញាគ្លីនិកខាងលើ ការធ្វើរោគវិនិច្ឆ័យក៏ត្រូវពឹងផ្អែកទៅលើតេស្ដអមវេជ្ជសាស្ត្រមួយចំនួនដូចជា ការវាស់អគ្គីសនីបេះដូង (ECG) អេកូបេះដូងដែលបង្ហាញពីការរីកធំ ឬប៉ោងឡើង នៃថតបេះដូងខាងស្ដាំ រួមជាមួយការកើនឡើងនៃសម្ពាធឈាមសួត។ ការធ្វើអេកូសរសៃឈាមដែលអាចឲ្យឃើញពីការរលាក ឬស្ទះសរសៃឈាមខ្មៅជាពិសេសនៅជើង។ ពិនិត្យឈាមមើលទៅលើសម្ពាធខ្យល់ក្នុងសួត (Arterial Blood Gas) និងអង់ស៊ីមម៉្យាងឈ្មោះថា ដេឌីមែរ (D-Dimer enzyme) ដែលការកើនឡើងនៃអង់ស៊ីមនេះនាំឲ្យមានការសង្ស័យខ្ពស់ទៅលើជំងឺស្ទះសរសៃឈាមសួត ការថតសួត (Chest X-ray) សំខាន់លើសពីនេះ រូបភាពវេជ្ជសាស្រ្ដ ស៊ីធីស្គេន (CT-scan) គឺជាមធ្យោបាយបញ្ជាក់នូវរោគវិនិច្ឆ័យយ៉ាងជាក់លាក់បំផុត។  ការព្យាបាល ការព្យាបាលតម្រូវឲ្យអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ ដោយគ្រូពេទ្យនឹងប្រើប្រាស់ឱសថប្រភេទជាថ្នាំចាក់ និងថ្នាំគ្រាប់ពង្រាវឈាម ក៏ដូចជារំលាយកំណកឈាមដែលស្ទះនោះ។ អំឡុងពេលនៃការព្យាបាល អ្នកជំងឺត្រូវបានហាមមិនឲ្យងើប ឈរ ឬ ដើរ រហូតដល់គ្រូពេទ្យបញ្ជាក់ថាឈាមរាវល្អ ទើបអាចធ្វើចលនាបាន។ បន្ទាប់ពីចេញពីមន្ទីរពេទ្យ អ្នកជំងឺត្រូវបន្តប្រើប្រាស់ថ្នាំគ្រាប់ពង្រាវឈាមឲ្យបានទៀងទាត់ជាចាំបាច់គ្រប់រយៈពេល៦ខែ និងត្រឡប់មកតាមដានតាមការណាត់ជួបរបស់គ្រូពេទ្យ។ ប្រសិនបើមានការកើតសារជាថ្មីឡើងវិញ បន្ទាប់ពីការកើតលើកទីមួយអ្នកជំងឺនឹងត្រូវប្រើប្រាស់ថ្នាំមួយជីវិត។ ផលវិបាក ជំងឺស្ទះសរសៃឈាមសួត ត្រូវបានចែកចេញជាពីរកម្រិត៖ •កម្រិតធ្ងន់ (Massive pulmonary embolism) អ្នកជំងឺមានអត្រាស្លាប់ខ្ពស់ ។ •កម្រិតមធ្យម ឬ តិចតួច ភាពជោគជ័យនៃការព្យាបាល មានច្រើន ប៉ុន្តែ ដោយឡែកក្នុងករណីដែលអ្នកជំងឺមិនបានតាមដាន ឬទទួលការពិនិត្យត្រឹមត្រូវ វាអាចនឹងវិវឌ្ឍទៅរកការស្ទះសរសៃឈាមធ្ងន់ធ្ងរ ឫ ការខ្សោយបេះដូងផ្នែកខាងស្ដាំជាអចិន្ត្រៃយ៍ ឬការស្ទះសរសៃឈាមសួតរ៉ាំរ៉ៃដែលបណ្ដាលឲ្យមានការកើនឡើងសម្ពាធឈាមក្នុងសួតជាអចិន្ត្រៃយ៍ ( post embolic -pulmonary hypertension)។ វិធីបង្ការ វិធីសាស្រ្ដក្នុងការការពារ គឺគួរគប្បីលុបបំបាត់នូវកត្តាប្រឈម តួយ៉ាងដូចជា បញ្ឈប់ការជក់បារី ឬទទួលទានសុរា គ្រប់គ្រងលើតុល្យភាពទម្ងន់ក៏ដូចជាហាត់ប្រាណឲ្យបានទៀងទាត់ ត្រូវងើបធ្វើចលនារាល់ពីរទៅបួនម៉ោងម្ដង  ក្នុងពេលធ្វើដំណើរផ្លូវឆ្ងាយ រីឯអ្នកដែលទើបវះកាត់រួច ឫអ្នកមានជំងឺរុំារ៉ៃគេងនៅកន្ទេល (bedridden patient) គ្រូពេទ្យគួរឲ្យប្រើប្រាស់នូវថ្នាំការពារកំណកឈាម ។   សុខភាព ជារឿងសំខាន់ ដូចនេះ សូមធ្វើការថែរក្សាសុខភាព ដោយធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ កាត់បន្ថយការទទួលទានគ្រឿងស្រវឹង និងងាកមករករបបអាហារសុខភាពវិញ។ បើមានបញ្ហាសុខភាពណាមួយខុសប្រក្រតី គួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលខ្លួនទុកចិត្ត   មុនពេលដែលស្ថានភាពជំងឺវិវឌ្ឍទៅរកសភាពធ្ងន់ធ្ងរ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត  ពិត សារដ្ឋ ឯកទេសផ្នែកជំងឺបេះដូង និងសរសៃឈាមបម្រើការនៅមជ្ឈមណ្ឌលបេះដូងមន្ទីរពេទ្យកាល់ម៉ែត ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ផ្សែងបារី គឺជាមូលហេតុដ៏ចំបងដែលបានចូលរួមធ្វើអោយមានអត្រាមរណភាពខ្ពស់នៅលើសកលលោក។ គេបានរកឃើញសារធាតុប្រមាណជា4000ប្រភេទដែលមាននៅក្នុងផ្សែងបារី ហើយសាធាតុមួយចំនួនជាសារធាតុពុល (toxin) និងអាចបង្កឲ្យមានជំងឺមហារីកផ្សេងៗ (carcinogens)។ ដោយសារការញៀន(depen-dance)ភាពឆ្ងាញ់ពិសារ និងការកាត់បន្ថយភាពតានតឹងអារម្មណ៍ ធ្វើឲ្យអ្នកជក់បារីភាគច្រើនពុំបានអើពើអំពីផលប៉ះពាល់របស់ផ្សែងបារីលើសុខភាព។ មិនថាអ្នកជក់បារីផ្ទាល់ ( active smoking) ឬអ្នកដែលស្រូបយកផ្សែងបារីដោយប្រយោល (passive  smoking)នោះទេ សុទ្ធតែអាចទទួលផលប៉ះពាល់ពីផ្សែងបារីបានក្នុងកម្រិតណាមួយ។ ផលប៉ះពាល់ទៅលើសុខភាពកើនឡើងទៅតាមចំនួនបារីដែលជក់ប្រចាំថ្ងៃ និងទៅតាមពេលវេលាសរុបនៃការជក់បារី.ខាងក្រោមជាការពណ៌នាខ្លីៗអំពីជំងឺផ្លូវដង្ហើមដែលបណ្ដាលពីការជក់បារី ។ -ជំងឺមហារីកសួត ជំងឺមហារីកសួត ជាជំងឺដែលពិបាកទាំងក្នុងការធ្វើរោគវិនិច្ឆ័យទាំងក្នុងការព្យាបាល។អ្នកជក់បារីមានហានិភ័យកើតជំងឺមហារីកសួត ពី15ទៅ30ដងលើសមនុស្សធម្មតា(non smoker) ហើយតាមការសិក្សាបញ្ជាក់ថា90%នៃអ្នកជំងឺមហារីកសួត គឺអ្នកជក់បារី។យ៉ាងណាមិញការឈប់រឺការកាត់បន្ថយការជកបារីអាចកាត់បន្ថយហានិភ័យក្នុងការបង្កឲ្យមានជំងឺមហារីកសួតបាន។ -ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ (COPD)​ បារី គឺជាមូលហេតុទី1 ដែលបង្កឲ្យមានជំងឺត្បៀតទងសួតរ៉ាំរ៉ៃ។ នៅក្នុងផ្សែងបារី គេឃើញមានសារធាតុម៉្យាង(Acrolein) ដែលបណ្ដាលឲ្យមានការរលាកទងសួត ហើយការរលាករាំុរ៉ៃនឹងធ្វើឲ្យទងសួតត្បៀតបន្តិចម្ដងបន្តិចម្ដង។ ជាទូទៅ វាអាចស្ដែងចេញជា4 ដំណាក់កាល៖ ដំបូង គឺការក្អកមានកំហាករ៉ាំរ៉ៃ បន្ទាប់មកហត់​ បន្ទាប់មកទៀត គឺជំងឺខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃ​ និងចុងក្រោយឈាន ដល់ការបាត់បង់ជីវិត។ ការស្រាវជ្រាវបានបង្ហាញថា «ការឈប់ជក់បារី​ អាចបន្ថយល្បឿន​ នៃការវិវឌ្ឍនៃការត្បៀតទងសួត ក៏ដូចជាការធ្លាក់ចុះនៃតួនាទីប្រពន្ធ័ដង្ហើម​បាន»។ -ជំងឺហឺត(Asthma)​ ត្បិតថាការជក់បារីមិនមែនជាមូលហេតុផ្ទាល់ដែលបង្កឲ្យមានជំងឺហឺត ប៉ុន្តែគេបានសង្កេតឃើញថា អ្នកជំងឺហឺតដែលជាអ្នកជក់បារី ឬជាអ្នកដែលរស់នៅក្បែរអ្នកជក់បារី​ ច្រើនមានវិបត្តិជំងឺហឺត​(Asthma exacerbation)ញឹកញាប់ សញ្ញាគ្លីនិកធ្ងន់ធ្ងរ និងមានការឆ្លើយតបមិនសូវល្អទៅលើការព្យាបាលដោយថ្នាំ។ ក្រៅពីផលប៉ះពាល់ទៅលើប្រពន្ធ័ដង្ហើម ការជក់បារីក៏អាចធ្វើឲ្យមានផលប៉ះពាល់ទៅលើប្រព័ន្ធសសៃឈាមបេះដូង​ និងអាចបង្កឲ្យមានជំងឺមហារីកផ្សេងៗទៀត។ ហេតុដូចនេះ បងប្អូនគួរបោះបង់ការជក់បារី និង​ ជៀសឲ្យឆ្ងាយពីផ្សែងបារី ដើម្បីសុខភាពខ្លួនផ្ទាល់​ និងអ្នកនៅជុំវិញខ្លួន។ លើសពីនេះទៅទៀត បើបងប្អូនដែលជាអ្នកជក់បារីមានអាការៈដូចជា ក្អករ៉ាំរ៉ៃ ហត់ ឬថប់ពិបាកដកដង្ហើម សូមរួសរាន់រកការប្រឹក្សាពីគ្រូពេទ្យជំនាញ ដើម្បីធ្វើការរុករករោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និងទទួលការព្យាបាលដែលមានប្រសិទ្ធភាព៕ បកស្រាយដោយ ៖  វេជ្ជបណ្ឌិត អ៊ឹម វិសិដ្ធឯកទេស វេជ្ជសាស្ត្រទូទៅ និងជំងឺសួត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត  ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top